jump to navigation

តោះរៀនធ្វើភាពយន្តទាំងអស់គ្នា! ខែ មីនា 5, 2008

Posted by ផ្កាយ​Novels in រៀនធ្វើកុន.
26 comments

archphkaifilm.png

កើតមក​មួយជាតិនេះ មិនដឹង​ជាជំពាក់កម្មអ្វី​នឹង​វិស័យ​ភាព​យន្ត​ទេ ព្រោះ​តាំង​ពី​តូច​ម្ល៉េះ​ ទោះ​អត់​លុយ​យ៉ាង​ណា​ក៏​ដោយ​ ក៏​បេះ​ពីមាត់​បេះពី​ក​ដែរ ។​មិនហ៊ាន​ទិញ​នំ​ស៊ី​ទេ គឺ​ខំសន្សំ​ទុក ទុក​ធ្វើ​អី? ទុក​ចូល​មើល​កុន ។​មិន​គ្រាន់​តែ​ប៉ុណ្ណឹង​ទេ​ ហ៊ាន​ទៅ​​ដល់​លួច​ខ្វេះកូន​ជ្រូក​ម៉ែ យក​ទៅមើល​កុន​ទៀត ។​ម៉ែ​វ៉ៃ​ម្តង​ជាពីរ​ដង​មិន​រាង រហូត​ដល់​ថ្ងៃ​មួយ ម៉ែ​ទៅ​ផ្សារ​បាត់​លួច​ខ្វេះ​ទៀត… បាន​លុយ​ភ្លាម​ញាត់​កាប៉ាវខោ(ហោប៉ៅ) រត់​ត្រុយ​ទៅ​រោង​កុន ។​នេះ​បានគេ​ថាទេវតាមាន​ភ្នែក កូន​កំហូច​ហ៊ាន​លួច​លុយ​ម៉ែ មក​មើល​កុន ទេវតាណា​ជួយ?… អរពេក​បានលុយ​មក​មើល​កុន រត់​ឆ្លង​ថ្នល់​មិន​មើល​ឡាន ឡាន​បុក​ជិត​ងាប់​ម្តង​ទៅ!

ណ្ហើយ! ឈប់​និយាយ​រឿង​អកុសលនេះ​ទៀតហើយ និយាយរឿង​អកុ​អស់វិញ​ម្តង! អស់​អី?… គឺ​អស់​ភាព​រី​កចម្រើន អស់​​ភាព​ទៅ​មុខ​នឹង​គេ​ហើយ«វិស័យ​ភាព​យន្ត​ខ្មែរ»​! បើ​យើង​ម្នាក់ៗ​នាំ​គ្នាបាន​តែ​រអ៊ូ បានតែ​ថ្ងូរ ថាអន់​ថា​មិនកើត តែ​មិន​ព្រម​នាំ​គ្នាជួយ នាំ​គ្នា​ចូក​ចែវ​ ឬ​រុញ​ចម្លង​ទូក​នេះ​ឲ្យ​ដល់​ត្រើយ​នឹង​គេ​ ។

ឥឡូវ​ខ្ញុំ​បាន​សម្រេច​ចិត្តហើយ​ថា ទោះ​ខ្ញុំ​មិន​ធ្លាប់​រៀន​ឬ​ធ្វើ​កុន​នេះ​ពីមុន​មក​ក៏ដោយ ក៏​ខ្ញុំ​នឹង​ខំតស៊ូ​ព្យាយាមស្រាវ​ជ្រាវ​រក​ឯកសារ​ មក​សិក្សា​និង​រៀន​បន្ថែម​ពី​វិស័យ​នេះ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ភាព​យន្ត​ខ្លះ​ៗ ជូន​ដល់​អ្នក​ដែលចាប់​អារម្មណ៍ និង​ដើម្បី​អនាគត​ត្រៀម​ខ្លួន​ក្លាយ​ជា អ្នក​និពន្ធ​សេណារីយោឬអ្នក​ដឹក​នាំ​រឿង​តាម​បំណង​ប្រា​ថ្នា ។

ដូច្នេះ​សូម​កុំ​ភ្លេចណា៎!… ចូល​មក​ជាមួយខ្ញុំ ហើយ​ចាប់​ដៃ​គ្នាកសាង ​វិស័យ​ភាព​យន្ត​យើង​ឲ្យ​រីក​ចម្រើនឡើង ។
ឆាប់ៗ​នេះ​ហើយ!!!