jump to navigation

ឧយ្យោជន៍ឆ្កួត! ខែ កក្កដា 22, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, រៀននិពន្ធរឿង, អ្នកនិពន្ធ.
4 comments

Brainstoming

ពីរ​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​ទំនេរ​ក្រោ​យ​ពីការ​ប្រឡង​បញ្ចប់ហ្វាយណាល! ពីរ​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​បណ្តោយ​​​ឲ្យ​ពេល​វេលាកន្លង​ទៅ ដោយ​គ្មាន​បានទទួល​អ្វីពីកា​រ​បាត់​បង់​ពេល​វេលា​នោះមក​វិញ​។ មិន​មែន​​ខ្ញុំ​ចង់​នោះទេ តែ​ខួរ​ក្បាល​ខ្ញុំ វា​មិន​ព្រម​ធ្វើការ​សោះ! គ្រប់​ពេល​ដែលខ្ញុំ​ទំនេរ គឺ​ខ្ញុំ​មិន​ដែល​មាន​ឧយ្យោជន៍​ដើម្បីសរសេរ​រឿង​សោះ! តែគ្រប់​ពេលដែលខ្ញុំរវល់ គ្រប់​ពេលដែលខ្ញុំ​មមាញឹក គ្រប់​ពេល​ដែល​ខ្ញុំ​វីវក់​នឹងកិច្ច​ការ​ងារ​ផ្សេងៗ​ ឧយ្យោជន៍​នោះស្រាប់​តែហូរ​ចេញមក​ដូច​ទឹក​ធ្លាក់​ពីលើ​ភ្នំ។

          ពីរ​អាទិត្យ​កន្លង​​មក​នេះ​ ដែល​ជាអាទិត្យ​ត្រូវ​ប្រឡងហ្វាយណល តែ​ខ្ញុំ​មិន​ដែលយក​ភ្នែក​ទៅ​មើល​សៀវភៅ​ម្តង​ណា​ឡើយ​ គឺ​ខ្ញុំ​គិត​តែ​ពីមុជ​ក្បាល​ងប់​នឹងកុំ​ព្យូទ័រ​ មិន​ព្រម​ងើប​ទៅណាសោះ ព្រោះ​គំនិត​​នៃ​ការ​សរសេរ​រឿងរបស់ខ្ញុំ​ហូរ​ចេញ​មក​ឥត​ឈប់​ រក​តែ​ពេល​ឲ្យ​ខ្ញុំ​ដក​ដង្ហើម​សឹងតែ​មិនទាន់។ ពីរ​អាទិត្យ​​នេះ​ខ្ញុំ​អង្គុយ​ទល់​ៗ​ភ្លឺ ហើយ​មួយ​ថ្ងៃ​ញ៉ាំ​បាយ​តែ​ម្តង​ក៏​មាន។ ខ្ញុំ​មិន​ហ៊ាន​ងើប​ទៅណា​ឆ្ងាយ​ចេញ​ពី​កុំ​ព្យូទ័រទេ ព្រោះ​បើ​ឲ្យ​តែ​ហ៊ាន​ដក​ខ្លួន​ចេញ​បន្តិច​ គំនិត​ទាំង​នោះនឹង​រលុប​វិញ​បាត់អស់។​​​​

ពីរ​អាទិត្យ​ដ៏​មមាញឹក​នេះ ខ្ញុំ​បញ្ចប់​រឿង​ខ្លី​បាន​៥រឿង​យ៉ាងងាយ​ស្រួល គឺ​រឿង​ខ្លីបែប​សុទ្ធ​ប៉ូលីន​ឬបែប​លោក​វង់​ផឿង​៣រឿង រឿង​ខ្លីបែបអាថ៌កំបាំង​មួយ​រឿង រឿង​ខ្លីបែបហ្គេហ៍លាយ​ខ្មោច​មួយរឿង។​ ;)

»»» ក្លាយ​ជាសត្វទីទុយ^^

វ៉ាកង​ធំ​ចូល​មក​ដល់ហើយ!

ពេល​ដែល​វិស្សមកាល​ចូល​មក​ដល់ ​គឺ​ជាពេលវេលា​មួយ​ដែលខ្ញុំ​ត្រូវ​ប្រែ​ភេទ​​ជាសត្វទីទុយ។ គឺ​ខ្ញុំ​ប្តូរ​ពេល​វេលា​សម្រាប់​ដេក​មក​ជា​ពេល​ថ្ងៃ​ ហើយ​យក​ពេលយប់​មក​ធ្វើ​ជាពេល​ធ្វើ​ការ​វិញ​ម្តង។ គ្រប់​វិស្សមកាល​ទាំង​អស់ ខ្ញុំ​តែង​តែ​ធ្វើ​បែ​ប​នេះ! ព្រោះ​ខ្ញុំ​ធុញ​ទ្រាន់​នឹង​សំឡេង​រំខាន​នៅ​ពេល​ថ្ងៃ​ខ្លាំ​ង​ពេក ចង់​សរសេរ​អ្វី គិត​អ្វី​ក៏​មិន​ចេញ​ដែរ ណា​មួយ​ភាគ​ច្រើន​នៃ​ឧយ្យោជន៍របស់​​ខ្ញុំ គឺ​ចេញ​មក​នៅ​ពេល​យប់ បើ​មាន​ពេល​យប់​២៤​ម៉ោង​ ខួរ​ក្បាល​ខ្ញុំ​ប្រហែល​ជាមិន​បានសម្រាក​ទេ។​ :P

ដូច្នេះ​បើ​នរណា​មក​រក​ខ្ញុំ​នៅ​ពេល​ថ្ងៃ​ គឺ​យ៉ាប់​បន្តិចហើយ ព្រោះ​ជាពេលដែលខ្ញុំ​ត្រូវ​ដេក។ ជា​ធម្មតា​​ខ្ញុំ​ចូល​ដេក​នៅម៉ោង​៦ព្រឹក​ ហើយ​ក្រោក​នៅម៉ោង​១ឬដល់​ម៉ោង​៣​រសៀល​ ដើម្បីរក​បាយញ៉ាំ​និង​ឆ្លៀត​មក​ឆែក​អ៊ីនធើណេត​ខ្លះៗ។​ តែ​សម្រាប់​ឆ្នាំ​នេះ កាល​វិភាគ​ដេក​ដូចជាត្រូវ​បានដូរ​ខ្លះៗ…^^ ព្រោះត្រូវ​ឆ្លៀត​ជ្រើស​រើស​យក​ម៉ោង​ណា​មួយ​ក្នុងចន្លោះពី​ម៉ោង​៨ព្រឹក​ដល់ម៉ោង​១២​ថ្ងៃ​ត្រង់​ដើម្បី​​ឈែត​​​​​ជាមួយ​អូនសម្លាញ់​ :D ។ សុំទោស​! ថ្ងៃ​ខ្លះ​អត់​បាន​មក​ឈែ​ត​ទាន់​ពេល​វេលាព្រោះដេកខក។ :lol: :lol:

បទពិសោធនិពន្ធប្រលោមលោក របស់លោកជំទាវ ប៉ិច សង្វាវ៉ាន ខែ មិថុនា 16, 2009

Posted by ផ្កាយ​Novels in រៀននិពន្ធរឿង, អត្ថបទសាកល្បង, អ្នកនិពន្ធ, អ្នក​និពន្ធខ្មែរ.
21 comments
លោកជំទាវ ប៉ិច សង្វាវ៉ាន ក្នុង​ឱកាសបង្រៀន​វគ្គ​និពន្ធរឿង នៅ​សមាគម​អក្សរសិល្ប៍​នូហាច

លោកជំទាវ ប៉ិច សង្វាវ៉ាន ក្នុង ឱកាសបង្រៀន វគ្គ និពន្ធរឿង នៅ សមាគម អក្សរសិល្ប៍ នូហាច

ខាង​ក្រោម​ គឺ​ជាអត្ថបទដែលបង្ហាញ​ពីបទ​ពិសោធ​ផ្ទាល់​ខ្លួន ក្នុង​ការ​តែងនិពន្ធ​ប្រលោម​លោក​របស់​​លោក​ជំទាវ ​ប៉ិច សង្វាវ៉ាន អ្នក​និពន្ធ​ខ្មែរ​នៅ​ប្រទេស​បារាំង​ និង​ជា​អ្នក​អាន​សារព័ត៌មាន​ដ៏​ចំណាន​ ប្រចាំ​វិទ្យុបារាំង​អន្តរជាតិ​RFI​​។ អត្ថបទ​ទាំង​មូល​ត្រូវ​បាន​សម្រង់​ចេញ​ពី​សៀវភៅ «សមូហកម្ម​​អក្សរ​សិល្ប៍​​​នូហាច» លេខ៣ ចេញ​ផ្សាយ​ឆ្នាំ​២០០៦។

          ដូច្នេះ​បណ្តា​ប្រិយ​មិត្ត​អ្នក​អាន​ទាំង​អស់ ដែល​មាន​ចំណាប់​អារម្មណ៍​នឹងការ​តែង​និពន្ធ អាច​ធ្វើ​ការ​សិក្សា​ស្វែង​យល់បាន ពីបទ​ពិសោធ​របស់​លោក​ជំទាវ​ ដើម្បី​ទុក​ជា​មេរៀន​ដ៏​ពិសិដ្ឋ​​សម្រាប់​ជំនួយ​ដល់​ការ​ចាប់​ផ្តើម​សរសេរ​ និង​ដើម្បី​ត្រៀម​​ខ្លួនក្លាយ​ជា​អ្នក​និពន្ធម្នាក់​៖

          យើងមិន​អាច​ក្លាយ​ទៅជា​អ្នក​និពន្ធ​បានទេ បើ​មិន​ចូលចិត្តសរសេរ។ តែ​បើ​ចូលចិត្ត​សរសេរ​ហើយ​បែរ​ជា​គ្មាន​ទេពកោសល្ល ក៏​ពិបាក​នឹង​សាង​ខ្លួន​ឲ្យ​ទៅ​ជាអ្នក​និពន្ធបាន​ដែរ។ មាន​មូល​ហេតុ​ជា​ច្រើន​ ដែល​ជំរុញ​ឲ្យ​យើងទៅ​ជា​អ្នក​និពន្ធ​បាន។ ក្នុង​ការតែង​​និពន្ធ​ទៀត​សោត​ អ្នក​និពន្ធ​ម្នាក់ៗ​ពិត​ជា​បានឆ្លង​កាត់​នូវ​ការ​ពិសោធផ្សេង​ៗ​គ្នា។ ខ្ញុំ​ផ្ទាល់​ខ្ញុំ​បាន​សរសេរ​រឿង​ដំបូង​នៅឆ្នាំ១៩៦៦។ រឿង​នោះ​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចូលក្នុង​សាច់​រឿងរបស់គេ​ផ្សាយ​តាម​វិទ្យុជាតិ ដែល​មិន​មាន​ឈ្មោះ​ខ្ញុំ។ ដូច្នោះ​កាល​នោះ​ ខ្ញុំមិន​ទាន់​មាន​ឈ្មោះជា​អ្នក​និពន្ធ​នៅឡើយ​ទេ។

​ឈ្មោះ​ជា​អ្នក​និពន្ធ ខ្ញុំ​ទទួល​បានពេល​ដែលខ្ញុំ​សរសេរ​រឿង​ «នេះ​ឬចិត្តប្រុស​?» ផ្សាយ​តាម​សារព័ត៌​មាន​កោះ​សន្តិភាព​​​​​នាឆ្នាំ១៩៦៦-១៩៦៧ និង​ផ្សាយ​នៅ​វិទ្យុ​ជាតិ​នាឆ្នាំ១៩៦៨ តាម​ការ​ស្នើ​សុំ​ពី​លោក​ម៉ៅ ប៊ុនថន។

ខ្ញុំ​បាន​ទទួល​លិខិត​សរសើរ​លើ​ក​ទឹក​ចិត្តជាច្រើន ដែល​ផ្ញើ​ចេញ​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ស្តាប់​​ទូទាំង​ប្រទេស​កម្ពុជា ពី​ព្រោះ​គេ​យល់ឃើញ​​ថា ជា​រឿង​ដែល​មាន​ឧត្តមគតិ​និង​អប់​រំ។ ប្រតិ​កម្ម​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មាន​តែ​ពីរ​ឬបី​ប៉ុណ្ណោះ ដែល​សុំ​ឲ្យ​ខ្ញុំ​និពន្ធ​រឿង​ នេះឬ​ចិត្ត​ស្រី​ ម្តង ដោយ​ហេតុ​ថា ស្រី​ខ្លះ​ក៏​មាន​ចិត្ត​ទុយ៌សដូច​បុរស ឬ​ជាង​បុរស​ផង។ លិខិត​មួយ​ទៀត​ទិតៀន​ខ្ញុំ​ជាអ្នក​និពន្ធ​ផ្ទាល់​តែ​ម្តង​ថា ខ្ញុំ​អាច     ​សរសេរ​រឿង​នេះឬ​ចិត្ត​ប្រុស​បាន មក​ពី​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​វិបត្តិ​ទាំង​នេះ។ ពាក្យ​ទាម​ទារ​នេះខ្ញុំ​ពិបាក​ទ្រាំ​ទ្រ​ណាស់​ ព្រោះ​ប្រាស​ចាក​ពី​ការ​ពិត​ទាំង​ស្រុង។ ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​លិខិត ដែល​ជា​សិស្ស​វិទ្យាល័យ​មួយ​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ថា អ្នក​និពន្ធ​ជំនាន់​ដើម​អាច​ប្រឌិតរឿង​យក្ស​ រឿង​សត្វ​ចេះនិយាយ គឺ​បាន​សេចក្តី​ថា៖ អ្នក​និពន្ធអាចប្រឌិត​រឿងទៅតាម​ការ​ស្រមៃសព្វ​បែប​យ៉ាង ដោយ​ពុំ​ចាំ​បាច់​ឃើញ​យក្ស​ឬ​បាន​ឃើញ​ថា សត្វ​ចេះ​និយាយ​ភាសា​មនុស្ស​ ទើប​អាច​យក​ម​ក​សរសេរ​បាន​ឡើយ​។ ក្នុងនាម​ជា​អ្នក     ​និពន្ធ​​ក្រមុំ​ ដែល​ទើប​តែ​ឈាន​ជើង​បាន​មួយ​ជំហាន​ ក្នុង​ឆាក​អក្សរសាស្ត្រ​ជាតិ លិខិត​ទិតៀន​មួយ​ឬពីរ​នេះ​ បានធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ និង​តូចចិត្ត​ខ្លាំង​ណាស់ តែ​ពុំ​មែនជា​ឧបសគ្គ​រារាំង​បន្ទុច​បង្អាក់​ខ្ញុំ មិន​ឲ្យ    ​និពន្ធ​តទៅ​ទៀត​ទេ។

ខ្ញុំ​ចាំ​ថា លោក​ម៉ៅ​ ប៊ុន​ថន ដែល​ជា​អ្នក​ចាត់​ចែងផ្សាយ​រឿង​ នេះឬ​ចិត្ត​ប្រុស​? បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ថា៖ គប្បីខ្លួនខ្ញុំតាំងចិត្តជាអ្នកកីឡា។ ការ​ទូន្មាន​នេះ​ជា​មេរៀន​ដ៏​ល្អបំផុត​សម្រាប់​ខ្ញុំ ដែល​ចង់​សាង​កិត្តិនាម​ជាអ្នក​និពន្ធ​មួយ​រូប​ក្នុងអនាគត​កាល។

ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា កាល​នោះ​ ក្នុងការ​និពន្ធ​រឿង ខ្ញុំ​មិន​ហ៊ាន​ប្រើ​ឈ្មោះ​ពិត​របស់​ខ្ញុំ​ឡើយ។ ព្រោះ​ខ្ញុំ​ខ្លាចលោក​ប៉ា​របស់​ខ្ញុំ​ជ្រាប​ដឹងស្តី​បន្ទោស។ លោក​ប៉ា​ពុំ​ចង់​ឲ្យ​ខ្ញុំ​បែកគំនិត​ ធ្វើអ្វី​ផ្សេងក្រៅពី​មូល​គំនិត​ខិត​ខំ​សិក្សា ក្រេប​យក​ចំណេះ​វិជ្ជា​ឲ្យ​បាន​ខ្ពង់​ខ្ពស់។ ម្យ៉ាង​ទៀត​ជំនាន់​នោះ​ ខ្មែរយើងមិន​សូវ​ផ្តល់​តម្លៃ​ឲ្យ​អក្សរសាស្ត្រ ឬ​អ្នក​និពន្ធ​អ្វី​ប៉ុន្មាន​ឡើយ។ ពិសេស​អ្នក​និពន្ធ​ជាស្រ្តី។ ហេតុ​នេះ​ដើម្បី​ចៀសវាង​ការ​ស្តី​បន្ទោស​ពី​លោក​ប៉ា ខ្ញុំ​បានសម្រេចចិត្ត​ដាក់​រហស្សនាម​ថា ព្រហ្ម សុទ្ធ​ធីតា ដោយ​គ្រាន់​តែ​ទុក​នាម​​ត្រកូល​របស់​ខ្ញុំ​ប៉ុណ្ណោះ​។ ជោគ​ជ័យ​លើក​ទី១ ក្នុងការ​និពន្ធ​រឿង «នេះឬ​ចិត្ត​ប្រុស​?» គឺ​ជា​ឱសថ​ទិព្វ​ និង​ជាកម្លាំង​ពិសេសជម្រុញ​ឲ្យ​ខ្ញុំ ឈាន​មួយ​ជំហាន​ទៀតក្នុងមាគ៌ាអក្សរសាស្ត្រ​ ដែល​ខ្ញុំ​សែន​ស្រឡាញ់​​​ ដើម្បី​សាង​ឈ្មោះ​ជា​អ្នក​និពន្ធ​ និង​ជាសមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ​ លុះ​បាន​សម្រេច​ដូច​បំណង​។

ពេល​វិស្សមកាល​ឆ្នាំ១៩៦៧ ខ្ញុំ​បាន​និពន្ធ​ប្រលោមលោក​ខ្នាត​វែងមួយ​រឿង​ មាន​ចំណង​ជើង​ថា ថ្ងៃ៤កក្តដា។ រឿង​នេះ​បាន​ផ្សាយ​ក្នុងសារព័ត៌មាន​ដំណឹង​ចុង​ក្រោយ ដែល​មាន​លោក ​ជុំ កែម​ ជា​ចាងហ្វាង។ បន្ទាប់​ពីរឿង​នេះ​ផ្សាយ​ចប់ ខ្ញុំ​ទទួល​បាន​ការសរសើរ​ពីលោក ជុំ កែម ហើយ​លោក​បាន​ផ្តល់​កម្រៃ​ជាប្រាក់​មួយពាន់​រៀល(ស្មើនឹង​១/៣នៃតម្លៃ​មាស​មួយ​តម្លឹង) ឲ្យ​ខ្ញុំ ដោយ​មាន​ប្រសាសន៍​ថា៖ ប្រាក់​បន្តិច​បន្តួច​នេះ​ ពុំសក្តិ​សម​នឹង​ការ​ខិតខំ​តែង​និពន្ធ​រឿងនេះឡើយ ហើយ​ថា លោក​ប៉ា​របស់​ខ្ញុំ ប្រហែល​ជាមាន​មោទនភាព​ដោយសារ​ខ្ញុំ​ណាស់។

រឿង​ថ្ងៃ៤កក្តដា ផ្សាយមួយ​ឬពីរវគ្គ ស្រាប់​តែ​មាន​លោក​ម្នាក់ នៅខេត្ត​ព្រៃវែង​ មក​ជួប​ខ្ញុំ​ដល់     ​ផ្ទះ​។ លោក​ប្រាប់​ខ្ញុំ​ថា គាត់​មក​នេះ​មានមូលហេតុ​ពីរយ៉ាង​គឺ៖

ទី១ គាត់​មិន​សប្បាយ​ចិត្ត​ថា ខ្ញុំ​សរសេរ​រឿង​ចំអក​ឲ្យ​គាត់។

ទី២ គាត់​ថា តាំង​ពីបាន​ស្តាប់​រឿង​ នេះឬចិត្តប្រុស? ផ្សាយ​តាម​វិទ្យុ​ជាតិ​ គាត់​បាន​ស៊ើប​សួរ​រក​ខ្ញុំ​ និង​ផ្ទះ​ខ្ញុំ។ គាត់​ទូរស័ព្ទ​ទៅវិទ្យុជាតិ គេ​មិន​ព្រម​ប្រាប់។ គាត់​ទើប​តែ​រក​ខ្ញុំ​ឃើញ គាត់​ក៏មក​រក​ខ្ញុំ​ភ្លាម។ គាត់​ត្រូវ​តែ​មក​ជួប​ខ្ញុំដើម្បីសរសើរ​ផង និង​ដើម្បី​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា គាត់​ខឹ​ង​ខ្ញុំ​ណាស់ ដែល​បាន​យក​រឿង​គាត់​មក​សរសេរ​ជាតួអង្គ​មួយ​ក្នុង​រឿង នេះឬចិត្តប្រុស? ។ ខ្ញុំ​បាន​ឆ្លើយ​ថា៖ លោក​និង​ខ្ញុំ​ពុំ​ដែល​ស្គាល់​គ្នា ធ្វើ​ដូចម្តេច​ខ្ញុំ​អាច​លើក​យក​រឿងលោក​មកសរសេរ​កើត…?​ ខ្ញុំ​ប្រាប់​ហេតុ​ផល​សព្វគ្រប់ គាត់​ស្តាប់​បាន​ ក៏​ព្រម​ត្រឡប់​ទៅវិញ។

ខ្ញុំ​លើក​យកបញ្ហា​នេះ​មក​ គ្រាន់​តែ​ចង់​បង្ហាញ​ថា ជីវិត​អ្នក​និពន្ធ​ពុំ​មែន​បានទទួល​តែការ​សរសើរ​ឬចូលចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួប​ប្រទះ​នូវ​រឿងចម្លែក​ខ្លះៗ ដែល​យើង​ពុំ​ធ្លាប់គិត​ ឬនឹក​ឃើញដែរ។ បញ្ហា​ម្តង​ម្កាល​ ឬញឹក​ញាប់​នេះ ជា​រឿង​ធម្មតា​ក្នុងជីវិត​ជា​អ្នក​និពន្ធ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ខំ​ជម្នះ​លើ​បញ្ហា និង​ឧប្បត្តិហេតុ​​ទាំង​ពួង​ឲ្យ​ទាល់​តែបាន ទើប​ខ្ញុំ​អាច​បន្ត​ការ​និពន្ធ​តទៅ​ទៀត​បាន មិន​ត្រូវ​ឲ្យ​បញ្ហា​មិន​ល្អ​ទាំង​នោះ ជិះជាន់​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​ទម្លាក់​ប៉ាកកា​ចោលទេ។ ខ្ញុំ​គិត​ថា បើ​មិន​ជួប​ប្រទះ​បញ្ហា​ខ្លះនៅក្នុង​ជីវិត​​ទេ ប្រហែល​ជា​ពុំ​ងាយសាង​កិត្តិនាម ជា​អ្នក​និពន្ធបាន​ងាយៗ​ឡើយ។ ម្យ៉ាង​ទៀត បើ​ខ្ញុំ​ពុំ​មែន​ជា​អ្នក​ចូលចិត្ត​សង្កេត​ ខ្ញុំ​ក៏​ពុំ​សម្បូរគំនិត​សរសេរ​រឿងដែរ។​

ខ្ញុំ​ជា​មនុស្ស​ម្នាក់​ចូលចិត្ត​និយាយ ចូល​ចិត្ត​ស្តាប់​ ចូលចិត្តដោះ​ស្រាយ និង​វិភាគ​បញ្ហា​ វិភាគ​ចិត្ត​​មនុស្ស​ ជា​ពិសេស​ចូលចិត្ត​សរសេរ និង​អានសៀវភៅ​ ទាំង​នេះ​ជា​អំណោយ​ទាន​ ជាទេពកោសល្ល ដែល​​មាន​ពី​ធម្មជាតិ។

ខ្ញុំ​ពុំ​ដែល​បាន​សិក្សា​អំពី វិធីសាស្ត្រ​តែង​និពន្ធ​ម្តង​ណាសោះ។ ប៉ុន្តែ​ការ​ចូលចិត្ត​អាន​រឿង​       ប្រលោក​លោក​​ច្រើន​ ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជ្រួត​ជ្រាប​ដោយ​ឯង​ៗ​ ពី​សិល្បៈ​នៃ​ការ​តែងនិពន្ធ វណ្ណ​កម្ម​របស់​អ្នក​ និពន្ធ​ទាំង​ឡាយ​ ដែល​ខ្ញុំបាន​អាន ជា​គ្រូ​បាធ្យាយ​ បណ្តុះ​បណ្តាល​ខ្ញុំ​ឲ្យ​ចេះ​សរសេរ រហូត​ដល់​បច្ចុប្បន្ន​។​​ ពាក្យ​ពេចន៍​ ឃ្លា​ប្រយោគ​ល្អៗ និងពិរោះៗ​ក្នុង​រឿង​ទាំងប៉ុន្មាន​ ដែ​លខ្ញុំ​បាន​អាន ជាមេរៀន​ដ៏​សំខាន់​ ប្រៀប​បីដូច​ជាសាស្ត្រាចារ្យ​ដ៏​ចំណាន បង្រៀ​ន​ខ្ញុំ​ឲ្យ​ចេះ​ចាំ​ សម្បូរវាក្យស័ព្ទ អាច​ធ្វើ​ឲ្យ​ខ្ញុំសរសេរ​បាន​ងាយ រអិល​រលូន​ មិន​បាច់​គិត​ច្រើន​ ឬ​មិន​បាច់​ធ្វើ​គម្រោង​ជាមុន​ក៏​មាន។ ចំណង​ជើង​រឿងប្រលោម​លោក​នីមួយៗ ជាសេចក្តី​សង្ខេប​នៃ​សាច់​រឿង​។ ចំណង​ជើង​រឿង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ ព្រោះ​ទាក់​ទាញ​ខ្ញុំ​មិន​ឲ្យ​សរសេរ​ប្រាស​ចាក​ខ្លឹមសារ​ ដែល​ខ្ញុំ​ចង់​បញ្ចេញ​ឲ្យ​អ្នក​អាន​យល់ ពីគោល​គំនិត​របស់​ខ្ញុំ។ ចំនួន​តួអង្គ​ពីដំបូង​ ជួន​កាល​មាន​តែ​បួន​ប្រាំនាក់​ ជួន​កាល​អាច​បំបែក​បន្ថែម​ទៀត​ក៏​មាន។ អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំគឺ​ឃ្លា​ទីមួយ។ បើ​ឃ្លា​ទី​មួយចេញ​ហើយ គំនិត​ដ៏​ច្រើន​ លេច​ហូរ​ចេញ​មក​ទប់​មិន​ឈ្នះ ឬ​ដូច​ទឹក​ហូរ​​ពី​លើ​ទី​ខ្ពស់​អ៊ីចឹង។

លោកជំទាវ​ ប៉ិច សង្វាវ៉ាន ថត​រូបអនុស្សាវរីយ៍​ជាមួយ​សិក្ខាកាម

លោកជំទាវ ប៉ិច សង្វាវ៉ាន ថត រូបអនុស្សាវរីយ៍ ជាមួយ សិក្ខាកាម

រឿង​ដែល​ខ្ញុំ​សរសេរ​ទាំង​ប៉ុន្មាន​ ជា​ប្រលោម​លោក​ផ្នែក​មនោសញ្ចេត​នា។ សាច់​រឿង​នីមួយៗ​សុទ្ធ​តែ​បង្កប់​ការ​អប់​រំ។ ខ្ញុំ​ចង់​បញ្ចេញ​និង​បង្ហាញ​គំនិត​ខ្ញុំ ឲ្យ​អ្នក​អាន​ដឹង​ដោ​យ​មាន​ជំនឿ​ជានិច្ច​ថា គំនិត​និងឧត្តម​គតិ​របស់​ខ្ញុំ និង​មាន​អ្នក​ស្រប​តាម​មិន​ខាន។ ខ្ញុំ​ដឹង​ខ្លួន​ឯងច្បាស់​ថា ខ្ញុំ​ពុំ​អាច​សរសេរ​រឿង​ណា​​មួយ ដែលគ្មាន​ការ​អប់​រំឡើយ ពីព្រោះ​ខ្ញុំយល់ថាអក្សរសិល្ប៍​បម្រើ​ឲ្យ​មនុស្ស​ បម្រើ​ឲ្យ​សង្គម និង​​រួមចំណែក​ជួយ​កែច្នៃសង្គម ឬ​ជួយ​រំឮក​ដាស់​តឿន​​កែ​ប្រែ​ចិត្ត​មនុស្ស​ទៅរក​ផ្លូវ​ល្អ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ប្រលោម​លោក​ដែល​ជាមែក​ធាង​នៃ​អក្សរសិល្ប៍​ តែង​តែ​មាន​ឥទ្ធិពល​​តិច ឬ​ច្រើ​ន​លើ​ចិត្ត​មនុស្ស​ និងសង្គម​មនុស្ស។ ការ​អប់​រំ​ក្នុងប្រលោម​លោក​ មាន​លក្ខណៈ​សោភ័ណ​​ ដែល​ប្រលោម​ចិត្ត​ និងអារម្មណ៍​មនុស្ស​ ឲ្យ​ងាយ​ទទួល​យក​បាន​ជាង​ការ​អប់​រំ ដោយ​សម្តី​ឬ​វាចា​ត្រង់​ៗ។

តាំ​ង​ពី​នៅ​ក្នុងស្រុក​ខ្មែរ​ រហូត​ដល់ខ្ញុំ​រស់​នៅ​ប្រទេស​បារាំង​ ប្រលោក​លោក​ទាំង​ខ្លី​ទាំង​វែង​របស់​ខ្ញុំ​ ពុំ​ដែល​ប្រាស​ចាក​ការ​អប់​រំទេ បើ​មាន​ប្លែក​គ្នាខ្លះ គឺ​ប្លែក​សង្គម​បរិយាកាសនិងកាល។ រឿង​ដែល​ខ្ញុំ​តែង​និងផ្សាយ​រួច​មក​មាន៖ រឿងនេះឬចិត្តប្រុស?,​ ថ្ងៃ៤កក្កដា, រឿងជើងមេឃថ្មី, រឿងស្រមោលស្នេហ៍, រឿងខ្យល់សមុទ្រ, រឿងព្រោះតែអ្នក, រឿងថ្ងៃណា?ថ្ងៃណា?, រឿងម្តាយក្មេកទំនើប, រឿងបាច់ផ្កា, រឿងកម្មករសេរី។ល។ រឿង​មួយ​ចំនួន​ធំ ខ្ញុំ​បាន​និពន្ធ​នៅ​ក្នុង​ប្រទេស​បារាំង។

​រឿង​ដែល​ខ្ញុំ​បាននិពន្ធ​នៅក្នុងប្រទេស​បារាំង តួអង្គ​ខ្លះ​នៅ​ក្នុងរឿង មាន​ទឹក​ចិត្ត​ឬ​ពុទ្ធិប្រភាព​ទៅ​តាម​វប្បធម៌​អឺរ៉ុប ខុស​ពីវប្ប​ធម៌​ទំនៀម​ទម្លាប់​ខ្មែរ​យើង​ ខ្ញុំដោះ​ស្រាយ​បញ្ហាក្នុងរឿងក៏​ប្លែក​ខ្លះ ពុំដូច​កាល​ដែល​ខ្ញុំ​រស់​នៅ​ក្នុងមាតុ​ប្រទេស​ទេ។ ម្យ៉ាង ពេលវេលា​និងសម័យ​កាល​ ក៏​បាន​ប្តូរផ្លាស់​​ច្រើន របប​នយោបាយ​ អ្វីៗ​ក្នុងលោក​ក៏​មាន​ការ​វិវត្តិ។ យ៉ាងណា​មិញ​ចិត្ត​គំនិត​របស់​មនុស្ស ក៏​រមែងតែង​មានការ​ផ្លាស់​ប្តូរ​ ទៅតាមពេលវេលា​ដូច្នោះ​ដែរ។

អាស្រ័យ​ហេតុ​នេះ ប្រលោម​លោក​ ដែល​ឆ្លុះ​បញ្ចាំងពី​សម័យ​កាល​នីមួយៗ​ ដែល​រូប​ខ្ញុំ​ធ្លាប់បាន​រស់​នៅ និង​ឆ្លង​កាត់​នោះ ខ្ញុំ​ពិត​ជា​ពុំ​អាច​បំភ្លៃឬភូត​ភរ​បាន​ឡើយ។

ពាក្យ​មួយ​ឃ្លា​ ដែល​ខ្ញុំ​តែង​តែ​ប្រទះ​ឃើញក្នុង​ប្រទេស​បារាំង ហើយ​ដែល​ខ្ញុំ​យល់ថាពិត​ជា​ត្រូវ​គឺ​៖ បើអ្នកចង់ក្លាយជាអ្នកនិពន្ធ អ្នកត្រូវអានវណ្ណកម្មឬស្នាដៃរបស់គេសិន។​​​​

អាន​ស្នាដៃ​របស់គេ​ ដោយស្រឡាញ់​ជក់ចិត្ត ពិត​ជាកត្តា​សំខាន់​បណ្តុះ​រូប​ខ្ញុំ ដោ​យ​មិន​ដឹងខ្លួន ឲ្យ​ចេះ​វិជ្ជា​សរសេរ​ប្រលោម​លោក​។ ខ្ញុំ​ក៏​មានឈ្មោះ​ជា​អ្នក​និពន្ធ​ចាប់​ពី​ឆ្នាំ​១៩៦៨​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

លោកជំទាវ ប៉ិច សង្វាវ៉ាន

អ្នកនិពន្ធរឿងហ្គេហ៍ ក៏ជាហ្គេហ៍ដែរ? ខែ ឧសភា 2, 2009

Posted by ផ្កាយ​Novels in ទស្សនៈសង្គម, ពីនេះពីនោះ, រយពាន់យោបល់, រៀននិពន្ធរឿង, អ្នក​និពន្ធខ្មែរ.
11 comments

មួយ​រយៈ​ដែល​បាន​ទៅ​លេង​ស្រុក​ខ្មែរ​ ​ ខ្ញុំ​បាន​ទទួល​អ្វីៗ​ដែល​ថ្មី​ហើយ​ប្លែកៗ​ចម្លែក​ចិត្ត​ជា​ច្រើន​ តែ​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​និង​ភ្ញាក់​ផ្អើល​ជាង​គេ​នោះ គឺ​រឿង​ហ្គេហ៍។

          ហ្គេហ៍​ត្រូវ​បាន​អ្នក​និពន្ធ​វ័យ​ក្មេងស្រករៗ​ក្រោយ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​កំពុង​នាំ​គ្នា​បន្ត​ការ​ស្រាវ​ជ្រាវ​និង​តាម​ដាន​ពីបញ្ហា​នេះ​យ៉ាង​ក្តៅ​គគុក ដើម្បី​ប្រមូល​បាន​ទិន្នន័យ​យក​មក​ចង​ក្រង​សរសេរ​ជា​រឿង​ខ្លី ឬ​ប្រលោម​លោក​ស្នេហា​ភេទ​ដូច​គ្នា​។

          ថ្មី​ៗ​នេះ​ អ្នក​ស្រី​ពាន់​ ភួង​បុប្ផា និង​អ្នកស្រី​ប៉ុល ពិសី បាន​រួម​សហការ​គ្នា​ផលិត​ខ្សែ​ភាព​យន្ត​ថ្មី​មួយ​ មាន​ចំណង​ជើង​ថា​ «ខ្ញុំ​ជាអ្នកណា?» ដែល​ជា​ប្រភេទ​រឿង​ស្រី​ស្រឡាញ់​ស្រី(lesbian)។ ខ្ញុំ​ក៏​បាន​ទៅ​មើល​ដែរ​រឿងនេះ​ ហើយ​ចាប់​អារម្មណ៍​ឃើញ​ថា មាន​ទស្សនិក​ជន​ជាច្រើន​​ចាប់​អារម្មណ៍​ទៅ​មើល​យ៉ាង​កុះករ។

          ​មិន​ចំពោះ​តែ​ភាពយន្ត​ទេ​! ខ្ញុំ​បាន​ទទួល​ដំណឹងទៀត​ថា​ បើ​សៀវភៅ​ឬទស្សនាវដ្តី​ណា​ដែល​និយាយ​ពី​រឿង​ស្នេហា​ភេទ​ដូច​គ្នា​នេះ​ ឃើញថា​លក់​ដាច់បំផុត។ នៅ​ស្រុក​ខ្មែរ​ឃើញ​ទស្សនាវដ្តី​ពីរ​ដែល​ចូល​ចិត្ត​និយាយ​ពីរឿង​នេះ​គឺ ទស្សនាវដ្តី​ព្រះចន្រ្ទ ដែល​លេច​ធ្លោ​ជាង​គេ និង​បន្ទាប់​មក​គឺ ទស្សនាវដ្តីអាថ៌កំបាំង ដែល​ដើរ​បន្ទាប់​ពីព្រះចន្ទ្រ។

          ហាង​លក់​ស៊ីឌី/ឌីវីឌីនានាក្នុង​ទីក្រុង​ភ្នំ​ពេញ​ បាន​ប្រាប់​ដំណឹងឲ្យ​ដឹង​ថា ឲ្យ​តែ​មាន​ខ្សែភាពយន្ត​រឿង​ហ្គេហ៍​ចេញ​ថ្មី គឺ​មិន​ចាំ​បាច់​បាន​ទុក​ក្នុង​ហាង​បាន​មួយ​ថ្ងៃ​ទេ គឺ​មាន​គេ​មក​ទិញ​ទៅ​អស់ៗ។ ពិសេស​រឿង​ហ្គេហ៍​ដែល​កំពុង​លក់​ដាច់​ជាង​គេ ​នៅស្រុក​ខ្មែរ​ពេល​នេះ​ គឺ​រឿង​«Bangkok Love Story» ដែល​ជាខ្សែភាពយន្ត​រឿង​ហ្គេហ៍​​ថ្មី​មួយ​របស់​ថៃ។

          ដោយ​សង្កេត​ឃើញ​ថា​រឿង​ហ្គេហ៍​គឺ​ជា​រឿង​ ដែល​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដូច្នេះ​​ ទើបក្រុមយុវអ្នកនិពន្ធ​ខ្មែរ បាន​​នាំ​គ្នា​ងាកមក​ចាប់​អារម្មណ៍​សរសេរ​​រឿង​ប្រភេទ​នេះ​​វិញ។ ក្នុង​នោះ​ចាន់​ផល​បាន​បោះ​ជំហាន​ដើរ​មុន​គេ… រឿង​«ស្នេហាសុភាពបុរស» មាន​១០% មាន​និន្នាការ​មក​ខាង​នេះ។ រ៉េនណា​និង​និមល​ ក៏​កំពុងមមាញឹក​នឹង​រឿង​ប្រភេទ​នេះ​ដូច​គ្នា។ ចំណែក​ខ្ញុំ ក៏​កំពុងញាប់ដៃ​ញាប់​ជើង​ដើម្បី​បញ្ចប់​រឿង​«សង្សារប្រុស​»ដែរ។

          ​ទន្ទឹម​នឹង​ការ​នាំ​គ្នាផ្អើល​មក​សរសេររឿង​បែបនេះ មតិ​សាធារណជន​ទូទៅ​ក៏​បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​មួយថា អ្នក​និពន្ធ​រឿង​ហ្គេហ៍​ឬរឿង​ឡេហ្សបៀនទាំង​អស់ ក៏​សុទ្ធ​តែ​ជា​ហ្គេហ៍​និង​ឡេហ្សបៀន​ដូច​គ្នា។ នៅប្រទេស​ចិន អ្នក​និពន្ធ​សៀវភៅ​និង​​អ្នកដឹកនាំ​​រឿង​ប្រភេទ​​អស់​ទាំង​នេះ​ គឺ​ពិត​ជា​ហ្គេហ៍​និង​ឡេហ្សបៀន​ពិត​មែន។ ឯនៅ​ប្រទេស​ថៃ​ក៏​មិន​ខុស​គ្នា​ដែរ អ្នក​ដឹក​នាំរឿង​ប្រភេទ​នេះ​ភាគច្រើន​គឺ​ជាហ្គេហ៍។ ចុះ​នៅ​ស្រុក​ខ្មែរ? តើអ្នកស្រី​ពាន់ ភួងបុប្ផា និង​អ្នក​ស្រី ប៉ុល ពិសី គឺ​ជាឡេហ្សបៀនឬ? ចុះពួក​ខ្ញុំវិញ ក៏​ជាហ្គេហ៍​ហើយ​នឹង​ឡេហ្សបៀន​ដែរទេ? (^_^)

បន្តិចទៀតខ្សែភាពយន្តវីដេអូខ្មែរ រឿង«វិថីតារា»ដែល​ជាប្រភេទរឿង​ស្នេហាភេទដូច​គ្នា(ស្រីស្រឡាញ់ស្រី និង ប្រុសស្រឡាញ់ប្រុស ក្នុង​រឿង​តែមួយ) នឹង​មាន​ចាក់​បញ្ចាំង​ជូន​ទស្សនា​តាមរយៈ បណ្តាញស្ថានីយ៍ទូរទស្សន៍​ខ្មែរCTN ឆាប់ៗ​នេះ​ហើយ…

  • រូបភាព​ក្រប​សៀវភៅ​រឿង​ «ស្នេហាសុភាពបុរស»

gentlemens-love1

  • ឈុតក្នុង​រឿង «ខ្ញុំជាអ្នកណា?»

អ្នកស្រីប៉ាល់វណ្ណារីរក្សនិងបទពិសោធន៍និពន្ធ(២) ខែ កុម្ភៈ 17, 2009

Posted by ផ្កាយ​Novels in រៀននិពន្ធរឿង, អ្នកនិពន្ធ, អ្នក​និពន្ធខ្មែរ.
4 comments

កាល​ពីលើក​មុន​ យើង​បាន​ស្គាល់​មក​ហើយ​ពី​ប្រវត្តិត្រួសៗ​របស់​អ្នក​ស្រី ប៉ាល់ វណ្ណារីរក្ស នៅ​ពេល​នេះ​សូម​បន្ត​មក​ស្វែង​យល់​ទាំង​អស់​គ្នា​អំពី បទ​ពិសោធន៍​ក្នុង​ការ​និពន្ធ​ប្រលោម​លោក​របស់​អ្នក​ស្រីវិញ​ម្តង៖

  • បង្កើត​គំនិត​ស្រមៃ​សាច់​រឿង​លើ​បញ្ហា​អ្វី​មួយ​ឲ្យ​ច្បាស់ (អាច​ប្តូរបាន)
  • បង្កើត​ចំណុច​លំអិតនៃ​រឿង​ (អាច​ប្តូរបាន)
  • បង្កើតចំណង​ជើង​ (អាច​ប្តូរបាន)

(ក).

  • ផ្ទៃ​រឿង​ត្រូវ​តែ​មាន​ការអប់រំ តែ​មិន​ចំពោះ​ត្រង់ៗ​ទេ
  • អាច​ជា​រឿង​ដែល​ទិតៀននរណាម្នាក់? ទិទៀនសង្គម?
  • អាច​ជា​រឿង​ដែល​សរសើរ​នរណា​ម្នាក់?​ សង្គមណាមួយ?
  • ជា​រឿង​ដើម្បី​បង្ហាញ​ប្រាប់​អ្វី​មួយដល់​អ្នកអាន
  • ជា​រឿង​ដែល​អ្នក​និពន្ធ​មើល​ឃើញ​សភាពការណ៍​សង្គមនាពេល​អនាគត «អ្នក​និពន្ធ​ត្រូវ​នៅ​លើ​មនុស្ស​ មើល​ឃើញអ្វី​វែង​ឆ្ងាយ​ជាង​មនុស្ស​ធម្មតា»

(ខ).

  • អាច​សរសេរ​ជា​រឿង​បែប​ស្រមើស្រមៃ​ មាន​យក្ស ទេវតា សត្វ…
  • អាច​សរសេរ​ពីរឿងតថភាព​ក្នុង​សង្គម ពីជីវិត​ពិត​នាពេល​បច្ចុប្បន្ន

(គ). ការតម្លើង​រឿង​មានៈ

  • ការពណ៌នាដោយ​សរសេរ​ឃ្លាប្រយោគឲ្យ​មាន​ភាព​រលូន​ ណែង​ណង​ ពិរោះ​ស្តាប់ អាច​ប្រើ​ពាក្យ​បែបមិន​សាមញ្ញ​ខ្លះ​ៗ តែ​កុំ​ច្រើន​ពេកព្រោះ​ប្រលោមលោក​មិនមែន​អាន​ដោយ​ត្រូវ​បើក​វចនានុក្រមមើល​ទេ(គំនិតអ្នក​ស្រី)។ ឧ. ព្រះទិនករ ជលវារី នទី…
  • ការពណ៌នា​មិន​ត្រូវ​វែង​ពេក​ទេ ប្រហែល​មួយ​ទំព័រ ឬមួយ​ទំព័រ​កន្លះ​ក្នុង​វគ្គណាមួយ។
  • ត្រូវ​ចេះ​យក​ពាក្យ​មាន​ការ​ប្រៀប​ធៀប​ ឬ​ពាក្យ​សុភាសិត​មក​បញ្ចូល​ក្នុង​ការ​សន្ទនា ឬពណ៌នា។ ឧ. សម្តី​ផ្អែម​ដូច​ទឹកឃ្មុំ ចិត្ត​ដូច​ពិស​ពស់​វែក ជីវិត​ក្រៀម​ស្រពោន​ដូច​ស្លឹកចេករង​កំដៅថ្ងៃ…
  • វគ្គកំសត់​ អាច​ពណ៌នាពី​ធម្មជាតិឬពី​សភាវៈអ្វី​ ដែល​មើល​ទៅ​កំសត់។ ឧ. ព្រះអាទិត្យក្តៅ​ហែង​ដុត​កម្លោចសត្តនិករ​លើ​ផែន​ដី​ ផ្កា​ក្នុង​សួន​ស្រពោន​រញ៉មព្រោះ​គ្មាន​ជាតិ​ទឹក ស្មៅ​មាន​ពណ៌​លឿង​ខ្លោចចុង​ក្រហម​ប៉ប្រឹម
  • ឬអាច​ពណ៌នា​ធម្មជាតិ ឬបរិយាកាស​ជុំវិញ​ជាបែប​សប្បាយ បែប​ល្អស្អាត ដើម្បី​ធ្វើ​ឲ្យ​អណ្តែត​ភាពកំសត់​កាន់​តែ​កំសត់​ឡើង។ ឧ. រលក​បោក​ច្រាំង​បាចផ្កា​ត្រែង​សក្បុស​ដូច​ផ្កា​ទឹកកក ផ្ទៃ​មេឃមាន​ពណ៌​ខៀវ​ស្រងាត់​លាយ​ស បង្កើត​ជា​រូបភាពដែលប្លែកៗ​មិន​អាច​គូរ​ដោយ​វិចិត្រ​ករ​ដៃ​ឯក​ណា​បាន ខ្យល់​ផាត់​ដុំ​ពពកអណ្តែត​គ្រឿនៗ ព្រះពាយ​បក់​ផាត់​មក​បបោស​អង្អែលចិត្ត​មនុស្ស​ដែល​ឈរ​នៅ​ទីនេះ តែ​យុវជន​ម្នាក់​នេះមិន​ចាប់​អារម្មណ៍​ពី​លំអជុំ​វិញ​ខ្លួន​សោះ មុខ​របស់​គេ​មាន​ភាព​ជូរ​ចត់​ ខោអាវ​របស់​គេ​ខ្ទេច​ខ្ទីសក់​ក្បាល​កន្ទ្រីង​កន្ទ្រើង​… សម្រាប់​គេ​ ដូច​ជា​ផែន​ដី​ទាំង​មូល​សោះសូន្យ​គ្មាន​អ្វី​ឡើយ។​
  • ការ​ផ្តើម​រឿង«វគ្គទី១»សំខាន់​បំផុត ព្រោះ​ជាការ​ទាញ​អារម្មណ៍​អ្នក​អានដើម្បី​ឲ្យ​ចង់​អាន។
  • វគ្គ​បញ្ចប់​សំខាន់​ណាស់​ដែរ ព្រោះ​បន្ទាប់​ពី​គេ​អាន​ចប់ត្រូវ​បន្សល់​ការ​ជាប់​ចិត្ត​ដិត​អារម្មណ៍​សម្រាប់​គេ នាពេល​ឈប់​អាន​សៀវភៅ​យើង(មិន​មែន​មាន​ន័យ​ថា វគ្គ​ដទៃ​មិន​សំខាន់​ទេ តែ​វគ្គ​កណ្តាល​រឿង​អាច​អន់​បន្តិច​ជាង​វគ្គទាំង​ពីរ​ តែ​បើ​ល្អ​ដូច​គ្នា​ជា​ការ​ពិសេស​បំផុត)
  • ដំណើរ​សាច់​រឿង​អាច​ចៀស​ឲ្យ​ផុត​ពី​ការ​បង្ក​ភាព​ធុន​ទ្រាន់ដល់​អ្នក​អាន គឺ​សាច់​រឿង​ត្រូវ​តែ​បង្ក​បញ្ហាឡើង​ៗ តឹងតែង​ឡើង​ៗ​មិន​ធូរ​ស្រាល​ទេ។
  • បង្កើត​ចម្ងល់​ឬបញ្ហា​ជា​បន្ត​បន្ទាប់ ជា​បញ្ហា​តូចៗតែ​ត្រូវ​មាន​បញ្ហា​ធំ​មួយ​ដែល​នឹង​ត្រូវ​ស្រាយ​នៅ​ពេល​ដែល​បញ្ចប់​រឿង​តែ​ប៉ុណ្ណោះ។ រាល់​ចម្ងល់​ឬបញ្ហា​តូច​ កុំ​ដោះ​ស្រាយ​ភ្លាមៗបន្ទាប់​ពី​ចង​បញ្ហា(បើ​ជា​រឿង​មាន​ទំហំ​៣០០ទំព័រ ត្រូវ​ចងបញ្ហា​ទី១នៅ​ទំព័រ​ទី៤ឬទី៥ នឹង​ត្រូវ​ស្រាយ​នៅ​ទំព័រទី៤០យ៉ាង​តិច​ មិន​មែន​ចងបញ្ហា​នៅ​តំព័រ​ទី៤ឬទី៥​ រួច​ស្រាយ​នៅ​ទំព័រទី១០ឬទី១៥​នោះ​ទេ។
  • ចម្ងល់​មួយ​ហើយ​មួយ​ទៀត​ បង្កើត​មួយ​ហើយ​បង្កើត​មួយ​ទៀត​ជាបន្ត​បន្ទាប់។
  • (តួ) បើ​អាច​ចៀសវាង​បាន​កុំ​បង្កើត​តួ​ច្រើន​ពេក
  • រាល់​គ្រប់​តួអង្គ​រង​ទាំង​អស់ ត្រូវ​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​តួឯក​ជា​ចាំ​បាច់
  • សកម្មភាព​តួរង​មិន​ត្រូវ​ឲ្យ​មាន​ទំហំ​ស្មើ​តួឯក​ទេ។ ចំណុច​គុណ​សម្បត្តិ​របស់​តួរង​ ចាំ​បាច់​ត្រូវ​អន់​ជាង​តួឯក។
  • បុគ្គលិកលក្ខណៈតួនីមួយៗ​ ត្រូវ​តែ​កំណត់​ឲ្យ​ច្បាស់(កាច​ ចិត្ត​ល្អ​ មាន​ល្បិច ស្លូតត្រង់…) បើ​មានការផ្លាស់​ប្តូរ​លុះត្រា​តែ​មាន​ការ​ជួបនឹង​ហេតុ​ការណ៍​ធំណាស់ក្នុង​ជីវិត
  • ឈ្មោះ​តួអង្គគួរ​ជា​ខ្មែរ(គំនិត​អ្នក​ស្រី) ហើយ​គិត​ពីបរិយាកាសរបស់​តួដែល​រស់​នៅ ឧ. អ្នក​ស្រែ​មិន​មែន​ឈ្មោះ​ បុប្ផាទេវី​ទេ។

(ឃ).

  • សរសេរ​ពី​ពេលវេលា​ឲ្យ​ច្បាស់ ឧ. ស្រូវ​ទុំ​ខែ​ណា ភ្លៀង​ធ្លាក់​ខែ​ណា រៃ​យមថ្មើរ​ណា ផ្កា​ណាគ្រី​ក្រអូប​ពេល​ណា
  • ពាក្យ​និយាយ​ត្រូវ​សរសេរឲ្យ​ត្រូវ​តាម​សម័យ​កាល
  • សម្ភារៈប្រើប្រាស់ ខោអាវ ឈ្មោះ​ស្រុកភូមិ ឲ្យ​ត្រូវ​សម័យ​កាល
  • បើ​សរសេរ​ពី​ជំនាញ​អ្វី ត្រូវ​ស្រាវ​ជ្រាវ​ជំនាញ​នោះ ឧ. ច្បាប់ ពេទ្យ អេដស៍…
  • ត្រូវ​ស្គាល់ពីពិធីបុណ្យប្រពៃណីជាតិ បុណ្យ​អន្តរជាតិ ។ល។
  • ត្រូវ​សរសេរ​រឿង​កុំ​ឲ្យ​ហួស​ពី​ជីវិត​ពិត​ពេក បើ​ជា​រឿង​តថភាព។

ក្រោយ​ពី​បាន​សិក្សា​ស្វែង​យល់​ពី​សិល្ប៍​វិធី​តែង​និពន្ធ​របស់​អ្នក​ស្រី ប៉ាល់ វណ្ណារីរក្ស ​រួច​មក ​ ខ្ញុំ​សង្ឃឹម​ថា​បណ្តាប្រិយ​មិត្ត​ដែល​ចាប់​អារម្មណ៍​នឹង​ការ​សរសេរ​រឿង​ខ្លីៗ​ឬ​ប្រលោមលោក​នោះ ​ពិត​ជា​បាន​យល់​ជ្រាប​ច្បាស់​ពី បែប​បទ​មួយ​ចំនួន​ដែល​យើង​ត្រូវ​អនុវត្ត​តាម​ក្នុង​ការ​សរសេរ​រឿង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​និពន្ធ​ម្នាក់​ៗ​តែង​តែ​មាន​យុទ្ធ​សាស្ត្រ​ពិសេស​ដោយ​ឡែក​ផ្ទាល់ខ្លួន​ ដែល​គ្មាន​នរណាអាច​​មក​កែ​ប្រែ ឬបង្គាប់​អ្នក​និពន្ធ​រូប​នោះ​ឲ្យ​ផ្លាស់ប្តូរ​សិល្ប៍​វិធី​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្លួន​បាន​ឡើយ។

យុទ្ធសាស្រ្ត​របស់​ស្មេរ​(ត) ខែ មិថុនា 22, 2008

Posted by ផ្កាយ​Novels in រៀននិពន្ធរឿង.
add a comment

អានភាគមុន

២. សរសេរដោយសេរី(Free writing)

សរសេរ​ដោយ​សេរី​នេះ​ ស្រដៀង​គ្នា​នឹង​ឧយ្យោជន៍​ដែរ​ វា​គឺ​ជា​វិធី​សាស្ត្រ​មួយ​សម្រាប់​កំចាត់​នូវ​ភាព​ទាល់​ច្រក​ ភាព​គាំង​ស្តូក​ មិន​ដឹង​និយាយ​អំពី​អ្វី​។ វិធី​នេះ​គឹ​យើង​ត្រូវ​សរសេរ​ ដោយ​ឥត​ឈប់​ក្នុង​រយៈពេល​ពី​១៥ទៅ​២០នាទី ដោយ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​សំណេរ​របស់​យើង​វាមាន​លក្ខណៈជាឃ្លា​ ជា​ល្បះ ជា​អត្ថបទ។​ វាខុស​ពី​Brainstoming ព្រោះ​ថាBrainstoming គឺ​ជា​ការ​សរសេរ​បញ្ជី។ ក្នុង​ការ​សរសេរ​ដោយ​សេរី​នេះ​ ក៏​យើង​មិន​ចាំ​បាច់​ត្រូវ​ គិត​អំ​ពី​វេយ្យាករណ៍​ ឬ​ក៏​អក្ខរាវិរុទ្ធ​ឡើយ​ ឬ​ក៏​ថា​វា​ត្រឹម​ត្រូវ​តាម​រចនាបថ​ក៏​ទេ​ដែរ​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​សំណេរ​របស់​យើង​នេះ​ វាហូរ​ចាប់​រហូត​នៅ​លើ​ក្រដាស​។ ការ​សរសេរ​ដោយ​សេរី​វា​អាច​បំ​ភ្លឺ​គំនិត​របស់​យើង​ឲ្យ​ឃើញ​ថា​ តើ​យើង​មាន​អ្វី​ខ្លះ​ត្រូវ​សរសេរ​ ហើយ​វា​អាច​បំ​ផុស​ឲ្យ​ចេញនូវ​គំនិត​ ដែល​យើង​ចង់​សរសេរ​។

ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​ដែល​យើង​អាច​អនុវត្តៈ

ក. សរសេរ​មួយ​ល្បះ​ ឬ​ពីរ​ល្បះ​នូវ​គំនិត​ដែល​យើង​ចង់​ពង្រី​ក។

ខ. យើង​ត្រូវ​ព្យាយាមសរសេរ​ឲ្យ​បាន​រយៈពេល​១០នាទី គឺ​ត្រូវ​សរសេរ​ឲ្យ​អស់​នូវ​អ្វី​ដែល​មាន​ក្នុង​គំនិត​របស់​យើង​។ ទោះ​បី​ជា​យើងគ្មានគំនិត​អ្វី​ ដែល​ត្រូវ​នឹង​ប្រធាន​បទ​ក៏​ដោយ ក៏​យើង​អាច​សរសេរ​ថា​ ខ្ញុំ​មិន​ចង់​សរសេរ​អំពី​អ្វី​ទេ ព្រោះថា​ខ្ញុំ​គ្មាន​អ្វី​នឹង​និយាយ​» ប្រសិនបើយើងគ្មានគំនិត​ចូរ​សរសេរ​ថា​ ខ្ញុំ​គ្មាន​គំនិត​ទេ ខ្ញុំ​គ្មាន​យោបល់​ទេ ខ្ញុំ​មិនដឹង​បន្ត​ទៅ​ណា​ទៀត​ទេ» យើង​​សរសេរ​បែប​នេះ​ រហូត​ដល់​គំនិត​ថ្មី​វាបានផុសឡើង រួចទើប​យើង​ចាប់​ផ្តើមស​រសេរ​វាបន្ត​ទៅទៀត។

គ. កុំ​ចាប់​ពិរុទ្ធ​ខ្លួន​ឯងៈ នៅ​ពេល​ដែល​យើង​ ចាប់​ផ្តើម​សរសេរ​ទោះបី​ជា​ វាសរសេរ​ខុស​ក៏​យើង​ពុំ​ត្រូវគូសឬ​ខ្វែង​ចោល​ដែរ​ ហើយ​ទោះជា​ពេល​សរសេរ​ គំនិត​របស់​យើង​នៅខ្វះ​ចន្លោះ វាមិនអី​ទេ​ គឺ​វាអច​ជួស​ជុល​បាន នៅ​ពេល​ដែល​យើង​អាន​វាឡើង​វិញ​ ហើយ​ពាក្យ​ណាដែល​ស្រពិចស្រពិល យើងអាចដាក់សញ្ញាសួរ​?» ដើម្បី​ងាយ​ស្រួល​ពិនិត្យ។

ឃ. ត្រូវមានអារម្មណ៍ដោយសេរី​ ក្នុងការរុករកគំនិត​។ ប្រយោគដែល​យើង​សរសេរ ទោះបី​ជាមាន​ភាពរដិប​រដុប​​ខ្លះ ក៏វាពុំ​មែន​ជាឧបសគ្គ សម្រាប់រារាំងគំនិត​របស់​យើងឡើយ។ អ្នកនិពន្ធ​ខ្លះ​គិត​ថា​ គេអាច​ចំនាយ​ពេល​២ឬ៣នាទី ដើម្បីគិតបណ្តើរៗ នៅពេលដែលគេកំពុងសរសេរ។

ចំណុចទី៣ ដែលយើងត្រូវលើកមកនិយាយ គឹការរក្សាទុកនូវកំណត់ត្រាទាំងឡាយ។

នៅមានត…