មិនគ្រប់ប្រាំ! ខែ កក្កដា 20, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ប្រលោមលោក, សៀវភៅផ្សេងៗ, សៀវភៅល្អៗ, អ្នកនិពន្ធបរទេស.10 comments
«មិនគ្រប់ប្រាំ» គឺជាចំណងជើងរឿងជប៉ុនបែបស្វ័យជីវប្រវត្តិមួយ របស់អ្នកនិពន្ធអូតូតៈកិ ហ៊ីរ៉ូតៈដៈ (Ototake Hirotada)។ រឿងនេះមានភាពល្បីល្បាញណាស់នៅប្រទេសជប៉ុន ហើយត្រូវបានបកប្រែជាច្រើនភាសា។ សៀវភៅដែលខ្ញុំជួបប្រទះហើយបានអានខ្លះៗហើយនោះ គឺមានច្បាប់ជាភាសាថៃនិងភាសាលាវ។ មិនដឹងថា សៀវភៅនេះមានបកប្រែហើយឬនៅជាភាសាខ្មែរ?
រូបរាងស្រស់សង្ហាណាស់ ហេតុអី្វមិនគ្រប់ប្រាំ? តាមជំនឿរបស់ជនជាតិជប៉ុន រូបរាងសម្បទាសមប្រកបគ្រប់លក្ខណៈរបស់មនុស្សម្នាក់ ត្រូវមានអវយវៈគ្រប់ប្រាំគឺ ក្បាល ក ដងខ្លួន ដៃ និងជើង។ ចុះអ្នកនិពន្ធដ៏សង្ហាម្នាក់នេះ មានចំណុចខ្វះខាតត្រង់ណា ដែលនាំឲ្យមិនគ្រប់ប្រាំ?
ឃើញត្រឹមតែរូបថតកុំទាន់ប្រញាប់សន្និដ្ឋាន។ តាមពិតបុរសម្នាក់នេះ មានតែក្បាលនិងដងខ្លួនប៉ុណ្ណោះ គ្មានដៃគ្មានជើងអីទេ។ អូតូតាកិ ជាមនុស្សម្នាក់ដែលពិការតាំងពីនៅក្នុងផ្ទៃម្តាយម្ល៉េះ តែទោះយ៉ាងនេះក្តី ក៏គេនៅមានសមត្ថភាពរៀន និងក្លាយជាអ្នកនិពន្ធម្នាក់ដ៏ល្បីល្បាញបាន។ តាមរឿងដែលអូតូតាកិសរសេរ គេជាមនុស្សអំនួតខ្លាំងណាស់!
គេគ្មានដៃគ្មានជើង តែគេនៅហ៊ានក្លាហានតតាំងជាមួយមិត្តភក្តិរបស់ខ្លួន។ ពេលគេឈ្លោះជាមួយមិត្តភក្តិ គេហក់លោតដូចដុំបាល់ទៅរុញតុដែលមិត្តខ្លួនឈរឲ្យដួល។ គេគ្មានដៃជើង តែគេប្រើមាត់ខាំឲ្យគូសត្រូវស្រែកយំសុំចុះចាញ់បាន។
គេគ្មានដៃគ្មានជើង តែគេបបួលមិត្តភក្តិលេងបាល់ទាត់ បាល់បោះ និងលោតអន្ទាក់។ គេជាមនុស្សអំនួតណាស់! ដោយសារតែភាពអំនួតរបស់គេ ទើបគេមិនដែលចាញ់នរណា ព្រោះបើអួតហើយ ត្រូវតែធ្វើឲ្យបាន។ ដោយសារតែគេពូកែអួតទើបគេមានថ្ងៃនេះ!
និយាយពីសៀវភៅនេះ ច្បាប់ភាសាថៃខ្ញុំខ្ចីពីបណ្ណាល័យ ឯច្បាប់ភាសាលាវខ្ញុំទិញមួយឆ្នាំជាងហើយ! គឺទិញនៅថ្ងៃទី១៦ខែមិថុនា២០០៨ បើគិតមកដល់ថ្ងៃនេះ គឺ១ឆ្នាំ១ខែ៤ថ្ងៃហើយ តែខ្ញុំនៅមិនទាន់អានចប់សោះ! គឺទិញយកមកទុកចោល ទើបតែមានពេលអានប៉ុន្មានថ្ងៃមុននេះឯង។
ធ្វើជាអ្នកនិពន្ធគឺមិនត្រូវមើលរំលងសៀវភៅល្អៗ ឬសៀវភៅដែលគេល្បីគ្រប់គ្នាទូទាំងពិភពលោកនោះទេ ព្រោះក្រៅពីផ្តល់ចំណេះដឹងនិងបទពិសោធន៍ល្អៗដល់យើងហើយ គឺនៅផ្តល់មុខមាត់និងកិត្តិយសក្នុងចំណោមអ្នកនិពន្ធគ្នាឯងទៀតផង។
ហេតុអីបានជាខ្ញុំថាដូច្នេះ? ព្រោះគ្រប់ពេលដែលខ្ញុំជួបអ្នកនិពន្ធទាំងខ្មែរទាំងបរទេស គេតែងនិយាយគ្នាអំពីឈ្មោះសៀវភៅនិងឈ្មោះអ្នកនិពន្ធដែលល្បីៗ ហើយដែលអ្នកអាន-អ្នកនិពន្ធភាគច្រើនស្គាល់។ ដូចជាអ្នកនិពន្ធខ្លះសួរថា ធ្លាប់អានរឿងរបស់អ្នកនិពន្ធអង់គ្លេសរូបនេះ បារាំងរូបនោះ ជប៉ុន ឥណ្ឌា រូស្សី ឬអាមេរិច… រូបនេះរូបនោះទេ? បើអត់ស្គាល់សោះ ពិតជាបាក់មុខកណ្តាលចំនោមគេហើយ!
ឆ្លៀតឱកាសនេះ សុំប្រាប់ពីឈ្មោះអ្នកនិពន្ធទាំងខ្មែរនិងបរទេស ដែលខ្ញុំចូលចិត្តអាននិងស្រឡាញ់បែបបទការសរសេររបស់ពួកគាត់ម្តង… ក្រែងលោមានអ្នកណាពេញចិត្តអ្នកនិពន្ធតែមួយដូចខ្ញុំដែរ^^ ៖
អ្នកនិពន្ធខ្មែរ៖ លោក នូ ហាច។
អ្នកនិពន្ធអង់គ្លេស៖ លោក ជែនប្រោន(Emily Jane Bronte)
អ្នកនិពន្ធជប៉ុន៖ លោក អូតស៊ឹអ៊ិជិ (Otsuichi) ឬឈ្មោះពិត Hirotaka Adachi (安達 寛高,)
អ្នកនិពន្ធថៃ៖ លោក ស្រ៊ីប៊ូរះផា(ศรีบูรพา) ឬឈ្មោះពិត កុលាប សាយប្រតិដ្ឋ(กุหลาบ สายประดิษฐ์)
អ្នកនិពន្ធលាវ៖ គ្មាន(បែបមិនទាន់កើតទេដឹង!)
!
«ស្តាយ»សំណោកវិប្បដិសារីថ្ងៃបុណ្យសង្សារ ចេញលក់ថ្ងៃនេះ! ខែ កុម្ភៈ 9, 2009
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, ប្រលោមលោក, សៀវភៅផ្សេងៗ, សៀវភៅល្អៗ.11 comments

- ក្របសៀវភៅប្រលោមលោក«ស្តាយ»
រឿងរ៉ាវរបស់យុវវ័យកើតឡើងគជើងលើគ្នាឲ្យតែដល់ថ្ងៃ១៤កុម្ភៈ, ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឬដែលយុវវ័យនិយមហៅថា ថ្ងៃបុណ្សសង្សារ។ នៅថ្ងៃនោះអាចមានតែស្នាមញញឹម តែបន្ទាប់ពីថ្ងៃនោះ តើគេបន្សល់ទុកអ្វីខ្លះ? យ៉ាងណាៗសូមកុំឲ្យ១៤កុម្ភៈក្លាយជា១ថ្ងៃនៃក្តីស្រឡាញ់ ១ជីវិតនៃភាពសោកស្តាយឲ្យសោះ។
[...] «លីនីកូន!កូនរៀបចំខ្លួនទៅណាហ្នឹង?អត់ទៅរៀនទេមើលទៅ» (ម៉ែសួរបែបចង់ឃាត់ខ្ញុំ)។
«ម៉ាក់! ថ្ងៃនេះ ជាថ្ងៃ១៤ កុម្ភៈ ណាម៉ាក់!»
«ហើយចុះវាយ៉ាងម៉េច… ថ្ងៃ១៤ ក៏១៤ទៅ។»
«ជាថ្ងៃបុណ្យសង្សារណាម៉ាក់។»
«កូនម៉ែ!កូនមានសង្សារហើយអី?ម៉ែឲ្យកូនទៅរៀនម៉េចក៏ផ្តេសផ្តាសបែបនេះទៅវិញ? នែ៎! កូនទើបតែអាយុ១៧ឆ្នាំទេណា» (អ្នកម៉ាក់បែបចង់ខឹងនឹងខ្ញុំទាំងព្រឹក)
«ម៉ាក់,កូនគ្មានសង្សារអីទេ!តែកូនទៅដើរលែងជាមួយមិត្តភក្តិដែលរៀនជាមួយគ្នាទេតើ។»
«កូនស្រីម៉ែយើងជាខ្មែរមិនមែនអឺរ៉ុបទេកុំទៅអបអរជាមួយថ្ងៃបុណ្យនេះអីពេក…»
ម៉ាក់និយាយមិនទាន់ចប់ស្រួលបួលផង ខ្ញុំកាត់សម្តីគាត់៖
«អបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់មានអីមិនល្អម៉ាក់ កូនមិនបានទៅប្រព្រឹត្តអីផ្តេសផ្តាសញៀនថ្នាំដើរតាមបងតូចបងធំ ឬគេចមិនចូលសាលាឯណា!»
«ម៉ែមិនដឹងថាគ្រូឯងបង្រៀនឯងយ៉ាងណាទេបានជាកូនស្រីម៉ាក់មើលទៅមិនដូចខ្មែរសោះ តមាត់ឲ្យប៉ប៉ោច។ អឺ! នែ៎កូន បើកូនចង់អបអរបុណ្យនៃក្តីស្រឡាញ់ មានប៉ាមានម៉ាក់ចាំបាច់ទៅណាកូន។»
«ម៉ាក់!សម័យកាលរបស់ម៉ាក់ខុសពីសព្វថ្ងៃសង្គមនេះគឺវាអ៊ីចឹង សូមម៉ាក់អធ្យាស្រ័យឲ្យកូនផង កុំតឹងតែងដាក់កូនពេក។ លោកប៉ាអ្នកម៉ាក់ កូនពិតជាស្រឡាញ់ ពិតជាគោរពហើយ តែកូនចង់ទៅកម្សានលម្ហែជាមួយមិត្តភ័ក្រ នៅខាងក្រៅខ្លះ មានអីមិនល្អអ្នកម៉ាក់»(ខ្ញុំនិយាយបណ្តើរសារេស្បែកជើងកែងចោទបណ្តើរ)។
«ដើរលែងមិនអាក្រក់ទេតែកូនត្រូវមើលពេលវេលាផង ថ្ងៃនេះមិនមែនថ្ងៃអាទិត្យ ឬថ្ងៃបុណ្យជាតិខ្មែរយើងឯណា ទៅសាលារៀនទៅកូន។»
«កូនជម្រាបម៉ាក់ហើយ ថាគេមិនរៀនទេ…»
«បើគេមិនរៀន កូនត្រូវនៅផ្ទះ អានសៀវភៅ មើលមេរៀនទៅ គេចផ្ទះ គេចសាលា គ្មានបានចំណេញអីទេកូនស្រីម៉ែ។» [...]
-
មានលក់ហើយ នៅតាមតូបលក់សៀវភៅនិងបណ្ណាគារនានា ក្នុងប្រទេសកម្ពុជា!!!
ឬអាចទំនាក់ទំនងទិញបានតាមរយៈ អ្នកគ្រូ ចេង គុយសៀង(Miss.Cheng KuSieng), ទូរស័ព្ទៈ 012 468 966។
គំរូសៀវភៅរបស់យ.អ.ខ ខែ ធ្នូ 29, 2007
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, សៀវភៅផ្សេងៗ.6 comments
រូបគំរូសៀវភៅៈឆ្េវងក្របមុខ,ស្តាំក្របក្រោយ
រឿងស្នេហា រឿងកំប្លែង រឿងជីវិត…
ជាមួយនឹងអ្នកនិពន្ធជាច្រើនរូប ដើម្បីអ្នកអានគ្រប់គ្នា
បើសិនជាខ្ញុំជាដើមឈើដូចជាឯង ម្ល៉េះសមខ្ញុំមិនបាច់ឃ្លាតឆ្ងាយពីឯងទេ
ហើយបើឯងគឺជាមនុស្សមានជើងដើរដូចជាខ្ញុំ ពួកយើងពិតជាអាចទៅណា
មកណាជាមួយគ្នាបានហើយ។ រស់នៅជាមនុស្សពិតជាពិបាកណាស់! មិន
អាចធ្វើអ្វីតាមតែចិត្តនឹកឃើញឡើយ។ ខ្ញុំគ្រាន់តែចង់ដេកផ្អែកឯង អានរឿង
និទានឲ្យឯងស្តាប់… ក៏វាជារឿងខុសឆ្គងដែរឬ? ខ្ញុំត្រូវតែទៅរៀនបន្តដើម្បីថ្ងៃ
អនាគត ប៉ុន្តែខ្ញុំហាក់ដូចជាកំពុងបោះបង់ចោលសុភមង្គលមួយនៅក្នុងដៃខ្ញុំ
ចោលទៅវិញ។ ឳ! បើពេលវេលាចេះតែរសាត់ទៅមុខមិនឈប់យ៉ាងនេះ …
ហើយខ្ញុំក៏មិនបានរស់នៅក្បែរឯងទៀត តើពេលវេលាដែលពួកយើងនៅជា
មួយគ្នាកាន់តែតិចទៅៗហើយមែនទេ? ខ្ញុំមិនចង់ប្រលងប្រណាំងនឹងពេល
វេលាទេ ខ្ញុំគ្រាន់តែចង់ឲ្យពេលវេលាអាណិតកុំដើរលឿនពេក នៅពេលដែល
ខ្ញុំនៅជាមួយមិត្តសម្លាញ់របស់ខ្ញុំ។












