ស្វែងរក កន្យា ប៉ុបអែណេ ខែ មិថុនា 19, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ដំណឹងផ្សេងៗ, អត្ថបទសាកល្បង, អ្នកនិពន្ធខ្មែរ.17 comments
ខ្ញុំមិនដឹងថា រវាងខ្ញុំ និង កន្យា ប៉ុបអែណេ មាននិស្ស័យអ្វីនឹងគ្នានោះទេ។ ខ្ញុំគ្រាន់តែដឹងថា នៅពេលដែលខ្ញុំបានអានរឿងរបស់គេភ្លាម ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំនិងគេហាក់ដូចជាធ្លាប់ស្គាល់គ្នាតាំងពីពេលណាមកក៏មិនដឹង?
រឿងរបស់គេ ដែលខ្ញុំបានអាននោះ មានចំណងជើងថា «ព្យាបាលបេះដូងក្នុងទ្រូងចាស់»។ តាមអារម្ភកថា និងក្របខាងមុខ បានឲ្យដឹងថា រឿងនេះនិពន្ធនិងបោះពុម្ពផ្សាយ(ច្បាប់ហ្វូតូកូពីធម្មតាប៉ុណ្ណោះ) នៅឆ្នាំ២០០៣។
មិនមែនព្រោះរឿងនេះសរសេរល្អ ឬក៏សរសេរត្រូវចិត្តខ្ញុំនោះទេ ព្រោះវាគ្រាន់តែជាបទនិពន្ធថ្មោងថ្មីមួយ របស់អ្នកនិពន្ធវ័យក្មេងម្នាក់ ដែលមាននិស្ស័យចូលចិត្តការសរសេរ ឬក៏ព្រោះចង់ឈោងចាប់យកអាជីពជាអ្នកនិពន្ធក៏មិនដឹង?
ដំណើររឿងបានរៀបរាប់អំពី អនុស្សាវរីយ៍ស្នេហាក្នុងវ័យកុមារ។ តួអង្គជាអ្នកខេត្តបាត់ដំបង ហើយបានមករៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ។ ក្នុងវ័យសិក្សា ស្នេហាពួកគេពិតជាផ្អែមល្ហែមណាស់(មិនខុសអីពីខ្ញុំនិងរ៉េនណាទេ!
)។ នៅក្រោមទស្សនីយភាពដ៏ត្រជាក់ភ្នែក របស់ខេត្តបាត់ដំបង តួអង្គឯកទាំងពីរក៏សារភាពស្នេហ៍ប្រាប់គ្នា។
កន្យា ប៉ុបអែណេ គឺជាអ្នកនិពន្ធដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ខ្ញុំមិនដឹងថា ខ្ញុំដឹងព័ត៌មាននេះតាមរយៈណាទេ តែខ្ញុំទទួលអារម្មណ៍ថាដូច្នេះ! ឬមួយមានផ្នែកណាមួយនៃសៀវភៅ បានបញ្ជាក់ប្រាប់ក៏មិនដឹង ព្រោះខ្ញុំអានរឿងនេះយូរហើយ គឺតាំងពីខ្ញុំស្គាល់សមាគមអ្នកនិពន្ធខ្មែរដំបូងៗម្ល៉េះ។ កាលនោះ ក្រោយពីបានទទួលសិទ្ធិជាសមាជិក របស់សមាគមពេញលេញហើយ ខ្ញុំក៏ចូលចិត្តខ្ចីសៀវភៅដែលមាននៅក្នុងសមាគមមកអាន។ ប៉ុន្តែមានតែសៀវភៅរបស់ កន្យា ប៉ុបអែណេ តែមួយប៉ុណ្ណោះ ដែលក្រោយពីខ្ញុំអានហើយ ធ្វើឲ្យខ្ញុំចង់ស្គាល់អ្នកនិពន្ធ។
ខ្ញុំនៅចាំបានថា នៅទំព័រខាងក្រោយរបស់សៀវភៅនោះ មានដាក់រូបថតគេមួយជំហរខ្លួនផងដែរ។ គេជាយុវជនម្នាក់ដែលអាចនិយាយបានថាមានរូបរាងសង្ហា ហើយញញឹមមានប្រជាប្រិយណាស់។ បើតាមឆ្នាំនៃការនិពន្ធ និងពេលវេលាដែលខ្ញុំបានអាន គេនិងខ្ញុំអាចនឹងមានអាយុប្រហាក់ប្រហែលគ្នា។
ដំបូង អាចមកពីឈ្មោះរបស់គេប្លែកទេដឹង? «ប៉ុបអែណេ»! មានន័យថាម៉េចទៅ? ជាភាសាអ្វី? ខ្ញុំមិនយល់ទេ! ហេតុអ្វីគេដាក់ឈ្មោះចម្លែកយ៉ាងនេះ? ប៉ុន្តែសម្រាប់ខ្ញុំ ឈ្មោះនេះហាក់ដូចជាធ្លាប់ឮ និងស៊ាំសម្រាប់ខ្ញុំណាស់! ខ្ញុំមិនដឹងថា ធ្លាប់ឮឈ្មោះនេះនៅទីណា កន្លែងណា ហើយតាំងពីពេលណាមកនោះទេ? ហេតុអ្វី ខ្ញុំហាក់ដូចជាមាននិស្ស័យនឹងឈ្មោះនេះម្ល៉េះ?
មាននរណាធ្លាប់ស្គាល់គេឬទេ? ចុះមានធ្លាប់ឮឈ្មោះនេះដែរឬអត់? នៅពេលនេះខ្ញុំទទួលអារម្មណ៍ថា គេមិនបានរស់នៅស្រុកខ្មែរនោះទេ… គេអាចនឹងកំពុងរស់នៅក្នុងប្រទេសណាមួយក្នុងទ្វីបអឺរ៉ុបជាមិនខាន ហើយដែលខ្ញុំច្បាស់ក្នុងចិត្តនោះ គឺប្រទេសបារាំង!
ខ្ញុំក៏ឆ្ងល់នឹងខ្លួនឯងដែរ ហេតុអី ខ្ញុំកើតមានអារម្មណ៍បែបនេះទៅរួច? ខ្ញុំនិងគេមិនធ្លាប់ស្គាល់គ្នាសោះ ហេតុអីទំនាក់ទំនងផ្លូវចិត្តរបស់ខ្ញុំនិងគេ ហាក់ដូចជាចងភ្ជាប់គ្នាយ៉ាងដូច្នេះ? តើខ្ញុំដឹងដោយរបៀបណា ថាពេលនេះគេមិនបាននៅស្រុកខ្មែរ? ហើយម៉េចក៏ខ្ញុំច្បាស់ក្នុងចិត្ត ថាពេលនេះ គេកំពុងរស់នៅប្រទេសបារាំង? ខ្ញុំមិនយល់ពិតមែន! មិនយល់សោះ ថាព្រោះហេតុអ្វី?
បទពិសោធនិពន្ធប្រលោមលោក របស់លោកជំទាវ ប៉ិច សង្វាវ៉ាន ខែ មិថុនា 16, 2009
Posted by ផ្កាយNovels in រៀននិពន្ធរឿង, អត្ថបទសាកល្បង, អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ.21 comments
ខាងក្រោម គឺជាអត្ថបទដែលបង្ហាញពីបទពិសោធផ្ទាល់ខ្លួន ក្នុងការតែងនិពន្ធប្រលោមលោករបស់លោកជំទាវ ប៉ិច សង្វាវ៉ាន អ្នកនិពន្ធខ្មែរនៅប្រទេសបារាំង និងជាអ្នកអានសារព័ត៌មានដ៏ចំណាន ប្រចាំវិទ្យុបារាំងអន្តរជាតិRFI។ អត្ថបទទាំងមូលត្រូវបានសម្រង់ចេញពីសៀវភៅ «សមូហកម្មអក្សរសិល្ប៍នូហាច» លេខ៣ ចេញផ្សាយឆ្នាំ២០០៦។
ដូច្នេះបណ្តាប្រិយមិត្តអ្នកអានទាំងអស់ ដែលមានចំណាប់អារម្មណ៍នឹងការតែងនិពន្ធ អាចធ្វើការសិក្សាស្វែងយល់បាន ពីបទពិសោធរបស់លោកជំទាវ ដើម្បីទុកជាមេរៀនដ៏ពិសិដ្ឋសម្រាប់ជំនួយដល់ការចាប់ផ្តើមសរសេរ និងដើម្បីត្រៀមខ្លួនក្លាយជាអ្នកនិពន្ធម្នាក់៖
យើងមិនអាចក្លាយទៅជាអ្នកនិពន្ធបានទេ បើមិនចូលចិត្តសរសេរ។ តែបើចូលចិត្តសរសេរហើយបែរជាគ្មានទេពកោសល្ល ក៏ពិបាកនឹងសាងខ្លួនឲ្យទៅជាអ្នកនិពន្ធបានដែរ។ មានមូលហេតុជាច្រើន ដែលជំរុញឲ្យយើងទៅជាអ្នកនិពន្ធបាន។ ក្នុងការតែងនិពន្ធទៀតសោត អ្នកនិពន្ធម្នាក់ៗពិតជាបានឆ្លងកាត់នូវការពិសោធផ្សេងៗគ្នា។ ខ្ញុំផ្ទាល់ខ្ញុំបានសរសេររឿងដំបូងនៅឆ្នាំ១៩៦៦។ រឿងនោះត្រូវបានគេយកទៅបញ្ចូលក្នុងសាច់រឿងរបស់គេផ្សាយតាមវិទ្យុជាតិ ដែលមិនមានឈ្មោះខ្ញុំ។ ដូច្នោះកាលនោះ ខ្ញុំមិនទាន់មានឈ្មោះជាអ្នកនិពន្ធនៅឡើយទេ។
ឈ្មោះជាអ្នកនិពន្ធ ខ្ញុំទទួលបានពេលដែលខ្ញុំសរសេររឿង «នេះឬចិត្តប្រុស?» ផ្សាយតាមសារព័ត៌មានកោះសន្តិភាពនាឆ្នាំ១៩៦៦-១៩៦៧ និងផ្សាយនៅវិទ្យុជាតិនាឆ្នាំ១៩៦៨ តាមការស្នើសុំពីលោកម៉ៅ ប៊ុនថន។
ខ្ញុំបានទទួលលិខិតសរសើរលើកទឹកចិត្តជាច្រើន ដែលផ្ញើចេញពីគ្រប់មជ្ឈដ្ឋានអ្នកស្តាប់ទូទាំងប្រទេសកម្ពុជា ពីព្រោះគេយល់ឃើញថា ជារឿងដែលមានឧត្តមគតិនិងអប់រំ។ ប្រតិកម្មដែលគួរឲ្យកត់សម្គាល់មានតែពីរឬបីប៉ុណ្ណោះ ដែលសុំឲ្យខ្ញុំនិពន្ធរឿង នេះឬចិត្តស្រី ម្តង ដោយហេតុថា ស្រីខ្លះក៏មានចិត្តទុយ៌សដូចបុរស ឬជាងបុរសផង។ លិខិតមួយទៀតទិតៀនខ្ញុំជាអ្នកនិពន្ធផ្ទាល់តែម្តងថា ខ្ញុំអាច សរសេររឿងនេះឬចិត្តប្រុសបាន មកពីខ្ញុំធ្លាប់ឆ្លងកាត់វិបត្តិទាំងនេះ។ ពាក្យទាមទារនេះខ្ញុំពិបាកទ្រាំទ្រណាស់ ព្រោះប្រាសចាកពីការពិតទាំងស្រុង។ ខ្ញុំបានឆ្លើយតបទៅម្ចាស់លិខិត ដែលជាសិស្សវិទ្យាល័យមួយ នៅក្នុងខេត្តកំពង់ឆ្នាំងថា អ្នកនិពន្ធជំនាន់ដើមអាចប្រឌិតរឿងយក្ស រឿងសត្វចេះនិយាយ គឺបានសេចក្តីថា៖ អ្នកនិពន្ធអាចប្រឌិតរឿងទៅតាមការស្រមៃសព្វបែបយ៉ាង ដោយពុំចាំបាច់ឃើញយក្សឬបានឃើញថា សត្វចេះនិយាយភាសាមនុស្ស ទើបអាចយកមកសរសេរបានឡើយ។ ក្នុងនាមជាអ្នក និពន្ធក្រមុំ ដែលទើបតែឈានជើងបានមួយជំហាន ក្នុងឆាកអក្សរសាស្ត្រជាតិ លិខិតទិតៀនមួយឬពីរនេះ បានធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត និងតូចចិត្តខ្លាំងណាស់ តែពុំមែនជាឧបសគ្គរារាំងបន្ទុចបង្អាក់ខ្ញុំ មិនឲ្យ និពន្ធតទៅទៀតទេ។
ខ្ញុំចាំថា លោកម៉ៅ ប៊ុនថន ដែលជាអ្នកចាត់ចែងផ្សាយរឿង នេះឬចិត្តប្រុស? បានលើកទឹកចិត្តខ្ញុំថា៖ គប្បីខ្លួនខ្ញុំតាំងចិត្តជាអ្នកកីឡា។ ការទូន្មាននេះជាមេរៀនដ៏ល្អបំផុតសម្រាប់ខ្ញុំ ដែលចង់សាងកិត្តិនាមជាអ្នកនិពន្ធមួយរូបក្នុងអនាគតកាល។
ខ្ញុំសូមបញ្ជាក់ដែរថា កាលនោះ ក្នុងការនិពន្ធរឿង ខ្ញុំមិនហ៊ានប្រើឈ្មោះពិតរបស់ខ្ញុំឡើយ។ ព្រោះខ្ញុំខ្លាចលោកប៉ារបស់ខ្ញុំជ្រាបដឹងស្តីបន្ទោស។ លោកប៉ាពុំចង់ឲ្យខ្ញុំបែកគំនិត ធ្វើអ្វីផ្សេងក្រៅពីមូលគំនិតខិតខំសិក្សា ក្រេបយកចំណេះវិជ្ជាឲ្យបានខ្ពង់ខ្ពស់។ ម្យ៉ាងទៀតជំនាន់នោះ ខ្មែរយើងមិនសូវផ្តល់តម្លៃឲ្យអក្សរសាស្ត្រ ឬអ្នកនិពន្ធអ្វីប៉ុន្មានឡើយ។ ពិសេសអ្នកនិពន្ធជាស្រ្តី។ ហេតុនេះដើម្បីចៀសវាងការស្តីបន្ទោសពីលោកប៉ា ខ្ញុំបានសម្រេចចិត្តដាក់រហស្សនាមថា ព្រហ្ម សុទ្ធធីតា ដោយគ្រាន់តែទុកនាមត្រកូលរបស់ខ្ញុំប៉ុណ្ណោះ។ ជោគជ័យលើកទី១ ក្នុងការនិពន្ធរឿង «នេះឬចិត្តប្រុស?» គឺជាឱសថទិព្វ និងជាកម្លាំងពិសេសជម្រុញឲ្យខ្ញុំ ឈានមួយជំហានទៀតក្នុងមាគ៌ាអក្សរសាស្ត្រ ដែលខ្ញុំសែនស្រឡាញ់ ដើម្បីសាងឈ្មោះជាអ្នកនិពន្ធ និងជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ លុះបានសម្រេចដូចបំណង។
ពេលវិស្សមកាលឆ្នាំ១៩៦៧ ខ្ញុំបាននិពន្ធប្រលោមលោកខ្នាតវែងមួយរឿង មានចំណងជើងថា ថ្ងៃ៤កក្តដា។ រឿងនេះបានផ្សាយក្នុងសារព័ត៌មានដំណឹងចុងក្រោយ ដែលមានលោក ជុំ កែម ជាចាងហ្វាង។ បន្ទាប់ពីរឿងនេះផ្សាយចប់ ខ្ញុំទទួលបានការសរសើរពីលោក ជុំ កែម ហើយលោកបានផ្តល់កម្រៃជាប្រាក់មួយពាន់រៀល(ស្មើនឹង១/៣នៃតម្លៃមាសមួយតម្លឹង) ឲ្យខ្ញុំ ដោយមានប្រសាសន៍ថា៖ ប្រាក់បន្តិចបន្តួចនេះ ពុំសក្តិសមនឹងការខិតខំតែងនិពន្ធរឿងនេះឡើយ ហើយថា លោកប៉ារបស់ខ្ញុំ ប្រហែលជាមានមោទនភាពដោយសារខ្ញុំណាស់។
រឿងថ្ងៃ៤កក្តដា ផ្សាយមួយឬពីរវគ្គ ស្រាប់តែមានលោកម្នាក់ នៅខេត្តព្រៃវែង មកជួបខ្ញុំដល់ ផ្ទះ។ លោកប្រាប់ខ្ញុំថា គាត់មកនេះមានមូលហេតុពីរយ៉ាងគឺ៖
ទី១ គាត់មិនសប្បាយចិត្តថា ខ្ញុំសរសេររឿងចំអកឲ្យគាត់។
ទី២ គាត់ថា តាំងពីបានស្តាប់រឿង នេះឬចិត្តប្រុស? ផ្សាយតាមវិទ្យុជាតិ គាត់បានស៊ើបសួររកខ្ញុំ និងផ្ទះខ្ញុំ។ គាត់ទូរស័ព្ទទៅវិទ្យុជាតិ គេមិនព្រមប្រាប់។ គាត់ទើបតែរកខ្ញុំឃើញ គាត់ក៏មករកខ្ញុំភ្លាម។ គាត់ត្រូវតែមកជួបខ្ញុំដើម្បីសរសើរផង និងដើម្បីប្រាប់ឲ្យខ្ញុំដឹងថា គាត់ខឹងខ្ញុំណាស់ ដែលបានយករឿងគាត់មកសរសេរជាតួអង្គមួយក្នុងរឿង នេះឬចិត្តប្រុស? ។ ខ្ញុំបានឆ្លើយថា៖ លោកនិងខ្ញុំពុំដែលស្គាល់គ្នា ធ្វើដូចម្តេចខ្ញុំអាចលើកយករឿងលោកមកសរសេរកើត…? ខ្ញុំប្រាប់ហេតុផលសព្វគ្រប់ គាត់ស្តាប់បាន ក៏ព្រមត្រឡប់ទៅវិញ។
ខ្ញុំលើកយកបញ្ហានេះមក គ្រាន់តែចង់បង្ហាញថា ជីវិតអ្នកនិពន្ធពុំមែនបានទទួលតែការសរសើរឬចូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួបប្រទះនូវរឿងចម្លែកខ្លះៗ ដែលយើងពុំធ្លាប់គិត ឬនឹកឃើញដែរ។ បញ្ហាម្តងម្កាល ឬញឹកញាប់នេះ ជារឿងធម្មតាក្នុងជីវិតជាអ្នកនិពន្ធ ប៉ុន្តែខ្ញុំត្រូវខំជម្នះលើបញ្ហា និងឧប្បត្តិហេតុទាំងពួងឲ្យទាល់តែបាន ទើបខ្ញុំអាចបន្តការនិពន្ធតទៅទៀតបាន មិនត្រូវឲ្យបញ្ហាមិនល្អទាំងនោះ ជិះជាន់ចិត្តខ្ញុំ ហើយខ្ញុំទម្លាក់ប៉ាកកាចោលទេ។ ខ្ញុំគិតថា បើមិនជួបប្រទះបញ្ហាខ្លះនៅក្នុងជីវិតទេ ប្រហែលជាពុំងាយសាងកិត្តិនាម ជាអ្នកនិពន្ធបានងាយៗឡើយ។ ម្យ៉ាងទៀត បើខ្ញុំពុំមែនជាអ្នកចូលចិត្តសង្កេត ខ្ញុំក៏ពុំសម្បូរគំនិតសរសេររឿងដែរ។
ខ្ញុំជាមនុស្សម្នាក់ចូលចិត្តនិយាយ ចូលចិត្តស្តាប់ ចូលចិត្តដោះស្រាយ និងវិភាគបញ្ហា វិភាគចិត្តមនុស្ស ជាពិសេសចូលចិត្តសរសេរ និងអានសៀវភៅ ទាំងនេះជាអំណោយទាន ជាទេពកោសល្ល ដែលមានពីធម្មជាតិ។
ខ្ញុំពុំដែលបានសិក្សាអំពី វិធីសាស្ត្រតែងនិពន្ធម្តងណាសោះ។ ប៉ុន្តែការចូលចិត្តអានរឿង ប្រលោកលោកច្រើន ធ្វើឲ្យខ្ញុំបានជ្រួតជ្រាបដោយឯងៗ ពីសិល្បៈនៃការតែងនិពន្ធ វណ្ណកម្មរបស់អ្នក និពន្ធទាំងឡាយ ដែលខ្ញុំបានអាន ជាគ្រូបាធ្យាយ បណ្តុះបណ្តាលខ្ញុំឲ្យចេះសរសេរ រហូតដល់បច្ចុប្បន្ន។ ពាក្យពេចន៍ ឃ្លាប្រយោគល្អៗ និងពិរោះៗក្នុងរឿងទាំងប៉ុន្មាន ដែលខ្ញុំបានអាន ជាមេរៀនដ៏សំខាន់ ប្រៀបបីដូចជាសាស្ត្រាចារ្យដ៏ចំណាន បង្រៀនខ្ញុំឲ្យចេះចាំ សម្បូរវាក្យស័ព្ទ អាចធ្វើឲ្យខ្ញុំសរសេរបានងាយ រអិលរលូន មិនបាច់គិតច្រើន ឬមិនបាច់ធ្វើគម្រោងជាមុនក៏មាន។ ចំណងជើងរឿងប្រលោមលោកនីមួយៗ ជាសេចក្តីសង្ខេបនៃសាច់រឿង។ ចំណងជើងរឿងសំខាន់បំផុតសម្រាប់ខ្ញុំ ព្រោះទាក់ទាញខ្ញុំមិនឲ្យសរសេរប្រាសចាកខ្លឹមសារ ដែលខ្ញុំចង់បញ្ចេញឲ្យអ្នកអានយល់ ពីគោលគំនិតរបស់ខ្ញុំ។ ចំនួនតួអង្គពីដំបូង ជួនកាលមានតែបួនប្រាំនាក់ ជួនកាលអាចបំបែកបន្ថែមទៀតក៏មាន។ អ្វីដែលសំខាន់សម្រាប់ខ្ញុំគឺឃ្លាទីមួយ។ បើឃ្លាទីមួយចេញហើយ គំនិតដ៏ច្រើន លេចហូរចេញមកទប់មិនឈ្នះ ឬដូចទឹកហូរពីលើទីខ្ពស់អ៊ីចឹង។
រឿងដែលខ្ញុំសរសេរទាំងប៉ុន្មាន ជាប្រលោមលោកផ្នែកមនោសញ្ចេតនា។ សាច់រឿងនីមួយៗសុទ្ធតែបង្កប់ការអប់រំ។ ខ្ញុំចង់បញ្ចេញនិងបង្ហាញគំនិតខ្ញុំ ឲ្យអ្នកអានដឹងដោយមានជំនឿជានិច្ចថា គំនិតនិងឧត្តមគតិរបស់ខ្ញុំ និងមានអ្នកស្របតាមមិនខាន។ ខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្ញុំពុំអាចសរសេររឿងណាមួយ ដែលគ្មានការអប់រំឡើយ ពីព្រោះខ្ញុំយល់ថាអក្សរសិល្ប៍បម្រើឲ្យមនុស្ស បម្រើឲ្យសង្គម និងរួមចំណែកជួយកែច្នៃសង្គម ឬជួយរំឮកដាស់តឿនកែប្រែចិត្តមនុស្សទៅរកផ្លូវល្អ។
ទោះជាយ៉ាងណាក៏ដោយ ប្រលោមលោកដែលជាមែកធាងនៃអក្សរសិល្ប៍ តែងតែមានឥទ្ធិពលតិច ឬច្រើនលើចិត្តមនុស្ស និងសង្គមមនុស្ស។ ការអប់រំក្នុងប្រលោមលោក មានលក្ខណៈសោភ័ណ ដែលប្រលោមចិត្ត និងអារម្មណ៍មនុស្ស ឲ្យងាយទទួលយកបានជាងការអប់រំ ដោយសម្តីឬវាចាត្រង់ៗ។
តាំងពីនៅក្នុងស្រុកខ្មែរ រហូតដល់ខ្ញុំរស់នៅប្រទេសបារាំង ប្រលោកលោកទាំងខ្លីទាំងវែងរបស់ខ្ញុំ ពុំដែលប្រាសចាកការអប់រំទេ បើមានប្លែកគ្នាខ្លះ គឺប្លែកសង្គមបរិយាកាសនិងកាល។ រឿងដែលខ្ញុំតែងនិងផ្សាយរួចមកមាន៖ រឿងនេះឬចិត្តប្រុស?, ថ្ងៃ៤កក្កដា, រឿងជើងមេឃថ្មី, រឿងស្រមោលស្នេហ៍, រឿងខ្យល់សមុទ្រ, រឿងព្រោះតែអ្នក, រឿងថ្ងៃណា?ថ្ងៃណា?, រឿងម្តាយក្មេកទំនើប, រឿងបាច់ផ្កា, រឿងកម្មករសេរី…។ល។ រឿងមួយចំនួនធំ ខ្ញុំបាននិពន្ធនៅក្នុងប្រទេសបារាំង។
រឿងដែលខ្ញុំបាននិពន្ធនៅក្នុងប្រទេសបារាំង តួអង្គខ្លះនៅក្នុងរឿង មានទឹកចិត្តឬពុទ្ធិប្រភាពទៅតាមវប្បធម៌អឺរ៉ុប ខុសពីវប្បធម៌ទំនៀមទម្លាប់ខ្មែរយើង ខ្ញុំដោះស្រាយបញ្ហាក្នុងរឿងក៏ប្លែកខ្លះ ពុំដូចកាលដែលខ្ញុំរស់នៅក្នុងមាតុប្រទេសទេ។ ម្យ៉ាង ពេលវេលានិងសម័យកាល ក៏បានប្តូរផ្លាស់ច្រើន របបនយោបាយ អ្វីៗក្នុងលោកក៏មានការវិវត្តិ។ យ៉ាងណាមិញចិត្តគំនិតរបស់មនុស្ស ក៏រមែងតែងមានការផ្លាស់ប្តូរ ទៅតាមពេលវេលាដូច្នោះដែរ។
អាស្រ័យហេតុនេះ ប្រលោមលោក ដែលឆ្លុះបញ្ចាំងពីសម័យកាលនីមួយៗ ដែលរូបខ្ញុំធ្លាប់បានរស់នៅ និងឆ្លងកាត់នោះ ខ្ញុំពិតជាពុំអាចបំភ្លៃឬភូតភរបានឡើយ។
ពាក្យមួយឃ្លា ដែលខ្ញុំតែងតែប្រទះឃើញក្នុងប្រទេសបារាំង ហើយដែលខ្ញុំយល់ថាពិតជាត្រូវគឺ៖ បើអ្នកចង់ក្លាយជាអ្នកនិពន្ធ អ្នកត្រូវអានវណ្ណកម្មឬស្នាដៃរបស់គេសិន។
អានស្នាដៃរបស់គេ ដោយស្រឡាញ់ជក់ចិត្ត ពិតជាកត្តាសំខាន់បណ្តុះរូបខ្ញុំ ដោយមិនដឹងខ្លួន ឲ្យចេះវិជ្ជាសរសេរប្រលោមលោក។ ខ្ញុំក៏មានឈ្មោះជាអ្នកនិពន្ធចាប់ពីឆ្នាំ១៩៦៨ រហូតមកដល់សព្វថ្ងៃនេះ។
លោកជំទាវ ប៉ិច សង្វាវ៉ាន
ស្នាមញញឹម…? ខែ មីនា 25, 2008
Posted by ផ្កាយNovels in អត្ថបទសាកល្បង.11 comments
អ្នកញញឹម… ត្រជាក់… ប្រកបដោយលក្ខណៈគួរឲ្យគេទូទៅ ចង់ចូលជិត។ អ្នកសុភាព ស្ងប់និងស្ងៀម ស្លូតទូលាយ ជ្រៅនិងនឹង។ អ្នកតែងព្យាយាមសញ្ជឹង ថ្លឹងនិងគិតដោះស្រាយ រឿងរ៉ាវលំបាកវេទនាសព្វបែបយ៉ាងរបស់មនុស្ស។ អ្នកពិតជាមានមេត្តាធម៌ និងមនុស្សធម៌ដល់កំពូល បើអត់អ្វីបាយនិងអំបិលក៏បានដែរ ត្រង់ឲ្យធ្វើបាបគេ គឺមិនធ្វើទេ។
អ្នកលាចាកភពលោកយូរណាស់ហើយ តែឃើញនៅរស់ជានិច្ច។ ខ្ញុំស្រឡាញ់អ្នកណាស់… ហើយជនណាមានត្រចៀក ច្រមុះ មាត់ ថ្ងាស ចិញ្ចើម និងភ្នែកដូចអ្នក ជននោះខ្ញុំស្រឡាញ់រហូតខ្ញុំស្លាប់ ព្រោះបើមិនដល់ថ្នាក់ជាម្លប់ដ៏ត្រជាក់ដូចអ្នក ហោចណាស់ក៏ជននោះខំលះបង់ការធ្វើបាបគេសព្វបែបយ់ាង ហើយខំសាងសុខឲ្យអ្នកផងទាំងពួងបន្តិចបន្តួចដែរ។
អ្នកមិនជាប់ជំពាក់នឹងមាសពេជ្រ កែវកងស្រីស្នំឆ្វេងស្តាំ វិមានល្វឹងល្វើយ សេនាហែហម ឬពាក្យលើកតម្កើងហួសពិតជាដាច់ខាត… បើលោភក៏មិនលន់ដែរ គឺគ្រាន់តែជក់ចិត្តក្នុងការចង់ឲ្យគេគ្រប់គ្នាបានសុខ បានជា បានបាយ បានផ្ទះនៅ បានពេទ្យថែ បានជួបជុំក្រុមញាតិ និងឃ្លាតសង្គ្រាម ឃ្លាតទាត់ធាក់កាប់ចាក់ បង្ហូរឈាម ស្លាប់មុនអាយុប៉ុណ្ណោះ។
ជីវិតអ្នកមានប្រយោជន៍ណាស់ចំពោះផែនដី ហើយពេលនេះទៀត បើមិនបានធ្វើក៏បានត្រឹមខ្ញុំនិងគេឯទៀតខ្លះ ស្រឡាញ់អ្នកយ៉ាងស្មោះ នឹកអ្នកយ៉ាងស្មោះ និងដកចិត្តពីអ្នកពុំរួចនោះដែរ។ អ្នកអស់គ្រឿងសៅហ្មងពីក្នុងខ្លួនហើយ… អ្នកឈ្នះខ្លួនឯងហើយ… អ្នកជ្រះនិងថ្លាដូចទឹកច្រោះឬទឹកជ្រោះ ក្នុងពិភពលោកនេះ ពេលនេះមានគេថាអ្នកអាក្រក់កើតទេ មានជាងណាចេះតែងថ្មឲ្យល្អមុខដូចនេះទេ… ហើយពេលណាទើបធម្មជាតិផ្តល់លក្ខណៈឥតខ្ចោះឥតខ្ចកទាំងអស់នេះ ឲ្យមនុស្សទូទៅ?
ទាំងអស់គ្នាសាកល្បងទាយទៅមើល តើនេះជាស្នាមញញឹមអ្វី?
អច្ឆរិយាក.០០៥ ជានរណា? ខែ មីនា 6, 2008
Posted by ផ្កាយNovels in អត្ថបទសាកល្បង.22 comments
៚ក្នុងពិភពចារកម្ម អន្ធពាលតែងចាត់ទុក «អច្ឆរិយា» ជាស្តេចមច្ចុរាជ មានថ្វីដៃពីឋានសួគ៌ មានសម្ផស្សដូចទេវតា មានរាងសង្ហាដូចរាជសីហ៍ ។
លក្ខណៈពិសិដ្ឋនៃ «អច្ឆរិយា» គឺដៃឯក ភ្នែកឥន្រ្ទី ជើងរន្ទះ បេះដូងថ្ម គំនិតប្រតិកម្ម ប្រកបដោយដើមទ្រូងស្រាល តែត្រគាកធ្ងន់ ស្រីណាក៏ដោយ(លើកលែងតែកាមទេព ០៧៧ចេញ) ឲ្យតែបានជ្រកក្រោមផែនទ្រូង អច្ឆរិយា សូម្បីតែមួយវិនាទី ច្បាស់ជាយល់សូងឃើញទៅគាល់ព្រះឥន្ទ្រាធិរាជនាឋានតុសិតមិនខាន ។
រហូតមកទល់ពេលនេះ អច្ឆរិយា មិនដែលសុំទិដ្ឋាការ(Visa) លិខិតឆ្លងដែនទៅឋាននរកម្តងណាឡើយ ។និយាយពីរឿងបាញ់ត្រង់ «អច្ឆរិយា» និយាយមិនអួតទេ ប្រសិនបើផ្កាយបន្ទាបខ្លួនចុះក្រោមតែបន្តិច អច្ឆរិយា នឹងបាញ់ទម្លាក់ចុះមកដី ហើយរើសមកដាក់ក្នុងហោប៉ៅមិនខាន ។
ប៉ុន្តែ អច្ឆរិយា ចុះចាញ់ និងគោរព បុគ្គលតែម្នាក់គត់ គឺ «នាងកាមទេព០៧៧» ៕៚
អ្នកទាំងអស់គ្នាដឹងទេ?… តើ«អច្ឆរិយាក.០០៥» ជានរណា?











