នំបញ្ចុកក្នុងផ្នត់គំនិតខ្មែរ ខែ កក្កដា 13, 2009
Posted by ផ្កាយNovels in ចំណេះដឹងទូទៅ, វប្បធម៌ប្រពៃណី, អាហារខ្មែរ.4 comments
ក្នុងបំណងជួយផ្សព្វផ្សាយវប្បធម៌ជាតិ
«នំបញ្ចុក» គឺជាមុខម្ហូបមួយប្រភេទ កើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ សម្រាប់ស៊ីចុកបន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃ ប្រកបដោយរសជាតិប្លែក មានជីរជាតិសំខាន់ច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀត មានទឹកសម្ល និងរបោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និងតាមតំបន់នីមួយៗ។
នំបញ្ចុកផលិតចេញពីម្សៅអង្ករ ដែលបានមកពីរុក្ខជាតិមួយប្រភេទ ហៅថា«ស្រូវ»។ តាមជំនឿជាប្រពៃណីពីបុរាណ របស់ប្រជាជនកម្ពុជាដែលបានចាត់ទុក«ស្រូវ» ជាវត្ថុមានគុណបំណាច់ខ្ពស់ក្នុងការចិញ្ចឹមមនុស្សលោក រហូតប្រសិទ្ធិឈ្មោះផ្សេងទៀតថា «ព្រះមេរុ ឬប្រពៃស្រព» ហើយដើម្បីជាការរំឭកដល់គុណប្រយោជន៍នៃវត្ថុដ៏ថ្លៃថ្លានេះ ទើបប្រជាជនខ្មែរចូលចិត្តយកចំណីចំណុកជាកត្តាសំខាន់ក្នុងការប្រគេនភត្តាហារចំពោះព្រះសង្ឃ និងជាអាហារសម្រាប់លាងភ្ញៀវនៅក្នុងឱកាសបុណ្យ«ដារលាន» ដែលជាពិធីរំឭកគុណព្រះអគ្គី ព្រះធរណី ព្រះគង្គា និងព្រះពាយផងដែរ ក្រោយពីការច្រូតកាត់ប្រមូលផលស្រូវទុកដាក់រួចរាល់ហើយ។
ទន្ទឹមនឹងនេះ ចំណីនំបញ្ចុកក៏បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ សឹងជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្តងម្កាលថែមទៀតផង។ មិនតែប៉ុណ្ណោះនំបញ្ចុកកាន់តែបានទទួលនូវការនិយមជាទូទៅ និងខ្លាំងឡើងទៀតក្នុងគ្រប់ស្រទាប់ប្រជាជន ដែលបានកែច្នៃគ្រឿងផ្សំសម្រាប់ស៊ីចុកបានជាច្រើនមុខថែមទៀត ដូចជាទទួលទានជាមួយសម្លខ្ទិះ(ការី) ផ្ទាប់ជាមួយសាច់ផ្សេងៗដែលអមទៅដោយទឹកគ្រឿងជាដើម។ ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបបានជា«ការធ្វើនំបញ្ចុក» ក្លាយជាមុខរបរមួយដ៏ប្រសើរប្រចាំជីវភាពគ្រួសារ ព្រោះជារបរមួយសាមញ្ញ ប្រើប្រាស់នូវឧបករណ៍ធម្មតា ដែលជួនកាលគេអាចកែច្នៃធ្វើដោយខ្លួនឯងបានដូចជា៖ ប៉ែន កញ្ជ្រែង កញ្ជើ កន្ត្រង ត្បាល់បុក ត្បាល់ជាន់ ត្បាល់កិនជាដើម។ ម្យ៉ាងទៀតពុំចាំបាច់មានចំណេះវិជ្ជាជ្រៅជ្រះផងទេ គឺប្រើប្រាស់ត្រឹមកម្លាំងកាយ និងការអំណត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ ធ្វើផ្ទាល់ជាមួយអ្នកចេះតែបីបួនដងប៉ុណ្ណោះ។
អំពីជំនឿទាក់ទងនឹងការធ្វើនំបញ្ចុក
ដូចបានជម្រាបខាងលើរួចមកហើយថា ប្រជាជាតិកម្ពុជាមានវប្បធម៌អរិយធម៌ខ្ពង់ខ្ពស់ សម្បូរទំនៀមទម្លាប់និងប្រពៃណីផ្សេងៗ។ យ៉ាងណាមិញរាល់ការសាងសង់ បង្កើតផលិតនូវអ្វីមួយសុទ្ធសឹងមានវិធីផ្តើម ឬតំណមខ្លះៗជាដរាប។ ក្នុងការផលិតនំបញ្ចុកក៏មានពិធីបន្តិចបន្តួច និងតំណមខ្លះៗដែរ ដែលទន្ទឹមនឹងការប្រើប្រាស់កម្លាំងសមត្ថភាពរបស់រូប គឺនៅមានពឹងលើកម្លាំងខាងក្រៅផងដែរ។ មុននឹងចាប់ផ្តើម អ្នកផលិតតែងអុជទៀនធូប អមដោយដង្វាយជាសំណែនបន្តិចបន្តួច មាននំនែកផ្លែឈើស្លាបារី បន់ស្រន់ចំពោះទេវតា អ្នកតា ឬម្ចាស់ទឹកដី សុំឲ្យជួយថែរក្សាសុំឲ្យបានសេចក្តីសុខចម្រើនក្នុងមុខរបររបស់ខ្លួន។
ចំពោះតំណមអ្នកធ្វើនំបញ្ចុក បានប្រកាន់ជំនឿខ្លះៗទៅតាមចំណាំរៀងៗខ្លួន រហូតដល់គេអះអាងថា មានភាពសក្តិសិទ្ធទៀតផង។ គឺនៅពេលកំពុងធ្វើគេតមមិនឲ្យមានឈ្លោះប្រកែកគ្នា មិនឲ្យយកភ្លើងពីជើងក្រានបន្តទៅក្រៅឬអុជបារី យកអ្វីមកដុតអាំងចម្អិននៅក្នុងជើងក្រាននោះជាដើម។ ប្រសិនបើប្រព្រឹត្តកន្លងប្រការណាមួយនោះ នឹងនាំបណ្តាលឲ្យមានបាតុភូតផ្សេងៗដូចជា នំធ្វើពុំបានល្អ ម្សៅជ្រាយជ្រុល ឬសរសៃនំផុយដាច់ៗជាដើម។
សម្លប្រហើរនំបញ្ចុក
*គ្រឿងផ្សំ
ត្រីឆ្អើរ ឬសាច់ត្រីស្រស់ស្ងោរឆ្អិន ប្រហុក ស្លឹកគ្រៃ ខ្ទឹមស ខ្ជាយ រមៀត អំបិល ស្ករ។
*វិធីស្ល
១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះយកសាច់ឲ្យល្អិតៗ។
២. ស្លឹកគ្រៃហាន់ល្អិតៗបុកឲ្យម៉ត់ ដាក់ខ្ទឹមស ខ្ជាយ រមៀត បុកលាយជាមួយគ្នា។
៣. យកសាច់ត្រីដែលបេះរួចមកបុកលាយជាមួយគ្រឿង។
៤. ដាំទឹកឲ្យពុះ ជ្រុំប្រហុក រួចបង់សាច់ត្រី ដែលបុកលាយជាមួយគ្រឿង។
៥. ដាំ២-៣អំពុះទើបបង់អំបិល ស្ករ ភ្លក្សតាមចូលចិត្តជាការស្រេច។
*សម្លប្រហើររបៀបនេះសម្រាប់ញ៉ាំជាមួយនំបញ្ចុក។
សេចក្តីសន្និដ្ឋាន
សិល្បៈនៃការដាំស្លធ្វើម្ហូបអាហារ សម្រាប់ទ្រទ្រង់ជីវិតរបស់ជនជាតិខ្មែរ មានដើមកំណើតតាំងពីយូរយារណាស់មកហើយ គឺបានដើរទន្ទឹមគ្នា នឹងការកកើតវប្បធម៌ដើមមកម្ល៉េះ ហើយដោយការរីកលូតលាស់ខ្ពស់ខាងបញ្ញាស្មារតីរួមផ្សំ និងកត្តាឧស្សាហ៍ព្យាយាមរបស់ជនជាតិខ្មែរ នាំឲ្យការច្នៃប្រឌិតជីវភាពរស់នៅក៏កាន់តែប្រសើរឡើង ជាលំដាប់រហូតរៀងមកបច្ចុប្បន្ន។
(យោងឯកសាររបស់លោក ចាន់ ភក្តី)
ប្រវត្តិនំឆាខ្វៃ ខែ ឧសភា 8, 2009
Posted by ផ្កាយNovels in ចំណេះដឹងទូទៅ, អាហារខ្មែរ.1 comment so far

ឆាខ្វៃគឺជានំចិនមួយប្រភេទ ដែលខ្មែរយើងនិយមទទួលទានជាមួយបបរ ទឹកដោះគោ កាហ្វេ ឬទទួលទានទទេក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ សម្រាប់ខ្ញុំ ក៏ចូលចិត្តនំប្រភេទមួយនេះខ្លាំងណាស់ដែរ តែមិនដឹងថានំនេះមានដើមកំណើតមកពីណា ហើយហេតុអ្វី បានជាឈ្មោះឆាខ្វៃនោះដែរ។ រហូតមកដល់ថ្ងៃមួយ ពេលបើកវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត មកដល់ទំព័រ៩៤៩ក៏បានប្រទះពាក្យ«យ៉ាវឆាខ្វៃ» ដែលជាឈ្មោះពេញរបស់នំនេះ។
វចនានុក្រមដដែលនេះ បានពន្យល់ទៀតថា «យ៉ាវឆាខ្វៃ» ជាពាក្យចិនផ្សំឡើងដោយបីពាក្យគឺ យ៉ាវ«ខ្លាញ់» + ឆា«ចម្រាញ់» + ខ្វៃ«មនុស្សក្បត់ឈ្មោះខ្វៃ» > យ៉ាវឆាខ្វៃ។ យ៉ាវឆាខ្វៃគឺឈ្មោះជានំចិនមួយបែប ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់ នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះខ្វៃ ដែលរាជការសឹកចិនបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្មដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល កុំឲ្យជនឯទៀតៗយកតម្រាប់តាម, គេឲ្យធ្វើនំមួយបែបទុកជាភស្តុតាង ដើម្បីឲ្យបច្ឆាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក, គេឲ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ«នំចម្រាញ់ខ្លាញ់អាខ្វៃ»។
ចិននៅប្រទេសកម្ពុជា ពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ! , អ្នកខ្លះទៀតហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅនំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ។ ចំណែករូបថ្មអាខ្វៃនោះ មាននៅប្រទេសចិន ដរាបមកដល់សព្វថ្ងៃនេះ៕
ប្រវត្តិនំផ្លែអាយ ខែ មីនា 25, 2009
Posted by ផ្កាយNovels in ចំណេះដឹងទូទៅ, ពីនេះពីនោះ, វប្បធម៌ប្រពៃណី, អាហារខ្មែរ.14 comments

នំផ្លែអាយដែល ខ្ញុំ ធ្វើ ញ៉ាំនៅប្រទេសលាវ(ខ្វះវត្ថុធាតុដើម)
នៅស្រុកគេយូរ ពេលខ្លះមានអារម្មណ៍នឹកឃើញអ្វីៗជាច្រើនដែលមានលក្ខណៈខ្មែរៗ មិនថាជាសិល្បៈដូរតន្ត្រី ភាពយន្ត ឬបុណ្យប្រពៃណីជាតិនោះទេ ចំណីអាហារគឺជាចំណុចចាប់អារម្មណ៍សំខាន់មួយដែលម្នាក់ៗមិនអាចបំភ្លេចបាន ហើយតែងតែនឹកចង់ភ្លក្សរសជាតិនោះឡើងវិញ បើទោះជាគេទៅដល់គ្រហែងប្រទេសណាក៏ដោយ។
ដូចជារូបខ្ញុំអ៊ីចឹងដែរ នៅថ្ងៃមួយដោយអត់ទ្រាំនឹកឃ្លាននំផ្លែអាយខ្លាំងពេក ក៏ចាត់ចែងធ្វើដោយខ្លួនឯង។ ផ្លែអាយគឺជានំខ្មែរមួយប្រភេទដែលគេធ្វើពីម្ស៉ៅដំណើប និងមានស្ករត្នោតជាស្នូរកណ្តាល។ ប៉ុន្តែក៏មានបងប្អូនខ្មែរយើងខ្លះ នៅមិនស្គាល់ថានំផ្លែអាយនោះ មានរូបរាងយ៉ាងណាទេ។ នំនេះខ្ញុំក៏មិនឃើញមានប្រទេសណាគេមាននោះដែរ វាគឺជានំដែលមានលក្ខណៈខ្មែរពិតៗ ដូច្នេះនៅតាមហាងអាហារឬភោជនីយដ្ឋានតំបន់ទេសចរណ៍ខ្មែរណាមួយគួរតែមាននំនេះ ដោយច្នៃប្រឌិតយ៉ាងណាឲ្យមានលក្ខណៈទាក់ទាញខ្ពស់ ដើម្បីដាក់បម្រើជូនដល់ភ្ញៀវបរទេសនានានូវអ្វីដែលយើងមាន ហើយប្លែក ឆ្ញាញ់ និងប្រទេសដទៃទៀតគ្មាន… ជឿថាពិតជាបានកម្រៃកាក់កប និងការលើកទឹកចិត្តពីអតិថិជនទាំងជាតិនិងអន្តរជាតិមិនខាន។

នំ ផ្លែ អាយ ដែល កញ្ចប់ ខ្ទោង ត្រឹមត្រូវ











