jump to navigation

យូ សុភា អ្នកនិពន្ធដែលទទួលពានរង្វាន់ច្រើនជាងគេនៅកម្ពុជា ខែ វិច្ឆិកា 9, 2009

Posted by ផ្កាយ​Novels in អ្នកនិពន្ធ, អ្នក​និពន្ធខ្មែរ.
3 comments

U-Sophea1

U-Sophea

ក្នុងចំណោម​អ្នកនិពន្ធ​វ័យក្មេង​របស់ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ននេះ​លោក យូ សុភា គឺជា ​អ្នកនិពន្ធ​មួយរូប​ដែលមាន​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​វិស័យ​តែង​និពន្ធ​ស្នារ​ដៃ​អក្សរសិល្ប៍​ផ្នែក​ប្រលោមលោក។ ដោយ​គិត​ចាប់​តាំងពី​ឆ្នាំ២០០២មកដល់​ឆ្នាំ២០០៩ នេះ​លោក​យូ សុភា បានទទួល​ពានរង្វាន់​និង​រង្វាន់​ចំនួន៩ស្នាដៃ​មានដូចជា​ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះបាទ​អង្គឌួង ឧកញ៉ា​សុត្ដ​ន្ដ​ប្រីជា​ឥន្ទ្រ    នូហាច។ល។

កាលពី​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៩នេះ លោក​យូ សុភា ក៏បាន​ទទួល​ពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួន​ណាត ជោ​ត្ដ​ញ្ញា​ណោ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្រោម​ប្រធានបទ «អក្សរសាស្ដ្រ​សង្គ្រោះ​មនុស្ស​ឱ្យ​ផុតពី​ភាពល្ងង់ខ្លៅ» ដោយ​លោក​ទទួលបាន​នូវ​លំដាប់​ពិន្ទុ​ខ្ពស់​​ជាងគេ​ក្នុងចំណោម​បេក្ខជន ​ដែល​បាន​ចូលរួម​ប្រលងប្រជែង។ ប៉ុន្ដែ​ទោះបីជា​ដូច្នេះ​ក្ដី​ក៏​ស្នាដៃ​ប្រលោមលោក​យូ សុភា រឿង “ទោះ​សុរិយា​នៅតែ​រះ” ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​និង​ជូន​ចំណាត់ថ្នាក់​ត្រឹម​លេខ២ប៉ុណ្ណោះ ហើយ​ពុំមាន​បេក្ខជន​រឺ​បេ​ក្ខ​នារី​ណា ទទួលបាន​ចំណាត់ថ្នាក់​លេខ១ឡើយ ព្រោះ​ប្រធានបទ​មាន​លក្ខណៈ​ធំ​ទូលាយ​ពេក​ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកនិពន្ធ​មានការ​លំបាក​ក្នុងការ       ​សរសេរ​ឱ្យដល់ចំណុចកំពូល ​និង​គ្រប់​ជ្រុងជ្រោយ​ដែល​ក្រសួង​ចង់បាន។

ទាក់ទង​ជាមួយ​ស្នាដៃ​ប្រលោមលោក​និង​រឿង​ខ្លី លោក​យូ សុភា មាន​ស្នាដៃ​ចំនួន​បីដែល​បានចេញ​ផ្សាយ​រួចមកហើយ​ គឺមាន​រឿងបរិញ្ញាបត្រ​ខ្ញុំ ចេញផ្សាយ​ពី​សមាគម​អក្សរសិល្ប៍នូហាច កញ្ញា​ម្ទេសខ្មាំង បើ​បេះដូង​ជាប់​ឈាម ចេញផ្សាយ​ពី​សមូហកម្ម​ស្លាប​ប៉ា​កា យូ សុភា ដែល​លោក​ជា​អ្នកបង្កើត​ដោយផ្ទាល់ ។ តាមរយៈ​រឿង​ទាំងបី​នេះ​បានធ្វើឱ្យ​លោក យូ សុភា ទទួលបាន​នូវ​ភាព​ល្បី​ក្នុង​ស្រទាប់​ប្រិ​យ​មិ​ត្ដ​ដែល​និយម​អាន​រឿង​ប្រលោមលោក​ក្នុងស្រុក ហើយ​បាន​សាយភាយ​ទៅដល់​បងប្អូន​ប្រជាជន​ខ្មែរ​មួយចំនួន​ដែល​រស់​នៅឯ​បរទេស​ផងដែរ ដែល​ពួកគាត់​បានទូរស័ព្ទ​និង​ផ្ញើរអ៊ីម៉េលសម្ដែង​នូវ​ការ​កោតសរសើរ​អំពី​ទឹកដៃ​របស់លោក​ដោយ​ក្ដី​ស្មោះស និង​រាប់អាន។ រឿង​ទាំងបី​ខាងលើនេះ​ក៏ត្រូវ​បាន​និស្សិត​នៅ តាម​មហាវិទ្យាល័យ​មួយចំនួន​ជ្រើស​រើសយក​ទៅធ្វើជា​ប្រធានបទ​ក្នុង​កិច្ចការ​សរសេរ​របស់​ពួកគេ​ទៀតផង ។

ក្រៅពី​មាន​អាជីព​ជា​សាស្ដ្រ​ចា​រ្យ​អក្សរសាស្ដ្រ​ខ្មែរ លោក​យូ សុភា​ក៏​ជា​គណៈកម្មការ​កំណែរ​រឿង​ខ្លី​មួយរូប​នៅ​សមូហកម្ម​អក្សរសិល្ប៍ នូ ហាច ផងដែរ។ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក ខូ តារា​ឬ​ទ្ធិ ដែលជា​នាយក​គ្រប់គ្រង​សមាគម​អក្សរសិល្ប៍ នូ ហាច លោក​យូ សុភា ត្រូវបាន​បណ្ដា​អ្នកនិពន្ធ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​សមាគមភែ​ន​កម្ពុជាដែលជា​សមាគម​អន្ដរជាតិ​មាន​ទីតាំង​ធំ​នៅទីក្រុង​ឡុង​ដ៍ប្រទេស​អង់គ្លេស​ ដែល​បច្ចុប្បន្ននេះ​មាន​សមាជិក​ប្រមាណ​ជា១០០ប្រទេស ។ នៅ​ថ្ងៃ​អនាគតប្រសិន បើ​សមាគម​ភែ​ន​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ទាំង​ជាតិ​និង​អន្ដរជាតិ​នោះ លោក​យូ សុភា មាន​គោលការណ៍​ជាច្រើន​ទាក់ទង​ជាមួយនឹង​វិស័យ​តែង​និពន្ធ​ និង​ការបោះពុម្ពផ្សាយ។ លោក​យូ សុភា ក៏មាន​ក្រុម​អ្នកនិពន្ធ​សម្រាប់​ទទួល​សរសេរ​អត្ថបទ​រឿង​ប្រលោមលោក អត្ថបទ​ភាពយន្ដរឿង​អប់រំ​ខ្លីទំនុកច្រៀង ឈុត​ផ្សាយពាណិជ្ជកម្ម។ល។ ក្នុង​តម្លៃថោក​សមរម្យ​ផងដែរ។ សកម្មភាព​នេះ​នឹង​បាន​ចូលរួមចំណែក​មួយផ្នែក​ក្នុងការ​ផ្ដល់ឱកាស ការងារក៏ដូចជា​ការផ្ដល់​តម្លៃ​ដល់​ក្រុម​អ្នកនិពន្ធ​កម្ពុជា។ លោក​យូ សុភា ស្វាគមន៍​ចំពោះ​ប្រិ​យ​មិ​ត្ដ​អ្នកអាន​និង​អស់លោក លោកស្រី ទាំងអស់​ដែលមាន​បំណង​ទាក់ទង​ក្រុម​អ្នកនិពន្ធ​របស់លោក​ក្នុង​វិស័យ​តែង​និពន្ធ​ដោយ​រីករាយ ។

ទោះបីជា​លោក យូ សុភា ទទួលបាន​នូវ​ជោគជ័យ​ច្រើន​ក្នុងការ​តែង​និពន្ធ​ ហើយ​ទទួលបាន​នូវ​កិ​ត្ដិ​យស​ និង​កេរ្ដិ៍ឈ្មោះ​ដ៏​ប្រពៃ​ក៏ដោយ ក៏​លោក​នៅតែ​បន្ដ​ហ្វឹកហាត់​បន្ថែមទៀត    ​ទៅលើ​ស​ម​ត្ថ​ភាពដែលមាន​ស្រាប់​តាមរយៈ​ការអាន​សៀវភៅ​ឱ្យបាន​ច្រើន​   រួមទាំងការសិក្សា​ស្វែងយល់​អំពី​រឿងរ៉ាវ​ដែល​កើតមាន​នៅក្នុង​សង្គម ព្រោះ​ចំណុច​ទាំងនេះ​គឺជា​គន្លឹះ​មួយ​ដ៏​ពិសិដ្ឋ​សម្រាប់​លោក​ក្នុងការបង្កើត​គោល​គំនិត​ឆ្ពោះទៅរក​ការសរសេរ​អត្ថបទ​ប្រលោមលោក​បានល្អ ៕ សីហា

ប្រភពអត្ថបទ ទស្សនវដ្តី​អាថ៌កំបាំង 

ឧយ្យោជន៍ឆ្កួត! ខែ កក្កដា 22, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, រៀននិពន្ធរឿង, អ្នកនិពន្ធ.
4 comments

Brainstoming

ពីរ​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​ទំនេរ​ក្រោ​យ​ពីការ​ប្រឡង​បញ្ចប់ហ្វាយណាល! ពីរ​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​បណ្តោយ​​​ឲ្យ​ពេល​វេលាកន្លង​ទៅ ដោយ​គ្មាន​បានទទួល​អ្វីពីកា​រ​បាត់​បង់​ពេល​វេលា​នោះមក​វិញ​។ មិន​មែន​​ខ្ញុំ​ចង់​នោះទេ តែ​ខួរ​ក្បាល​ខ្ញុំ វា​មិន​ព្រម​ធ្វើការ​សោះ! គ្រប់​ពេល​ដែលខ្ញុំ​ទំនេរ គឺ​ខ្ញុំ​មិន​ដែល​មាន​ឧយ្យោជន៍​ដើម្បីសរសេរ​រឿង​សោះ! តែគ្រប់​ពេលដែលខ្ញុំរវល់ គ្រប់​ពេលដែលខ្ញុំ​មមាញឹក គ្រប់​ពេល​ដែល​ខ្ញុំ​វីវក់​នឹងកិច្ច​ការ​ងារ​ផ្សេងៗ​ ឧយ្យោជន៍​នោះស្រាប់​តែហូរ​ចេញមក​ដូច​ទឹក​ធ្លាក់​ពីលើ​ភ្នំ។

          ពីរ​អាទិត្យ​កន្លង​​មក​នេះ​ ដែល​ជាអាទិត្យ​ត្រូវ​ប្រឡងហ្វាយណល តែ​ខ្ញុំ​មិន​ដែលយក​ភ្នែក​ទៅ​មើល​សៀវភៅ​ម្តង​ណា​ឡើយ​ គឺ​ខ្ញុំ​គិត​តែ​ពីមុជ​ក្បាល​ងប់​នឹងកុំ​ព្យូទ័រ​ មិន​ព្រម​ងើប​ទៅណាសោះ ព្រោះ​គំនិត​​នៃ​ការ​សរសេរ​រឿងរបស់ខ្ញុំ​ហូរ​ចេញ​មក​ឥត​ឈប់​ រក​តែ​ពេល​ឲ្យ​ខ្ញុំ​ដក​ដង្ហើម​សឹងតែ​មិនទាន់។ ពីរ​អាទិត្យ​​នេះ​ខ្ញុំ​អង្គុយ​ទល់​ៗ​ភ្លឺ ហើយ​មួយ​ថ្ងៃ​ញ៉ាំ​បាយ​តែ​ម្តង​ក៏​មាន។ ខ្ញុំ​មិន​ហ៊ាន​ងើប​ទៅណា​ឆ្ងាយ​ចេញ​ពី​កុំ​ព្យូទ័រទេ ព្រោះ​បើ​ឲ្យ​តែ​ហ៊ាន​ដក​ខ្លួន​ចេញ​បន្តិច​ គំនិត​ទាំង​នោះនឹង​រលុប​វិញ​បាត់អស់។​​​​

ពីរ​អាទិត្យ​ដ៏​មមាញឹក​នេះ ខ្ញុំ​បញ្ចប់​រឿង​ខ្លី​បាន​៥រឿង​យ៉ាងងាយ​ស្រួល គឺ​រឿង​ខ្លីបែប​សុទ្ធ​ប៉ូលីន​ឬបែប​លោក​វង់​ផឿង​៣រឿង រឿង​ខ្លីបែបអាថ៌កំបាំង​មួយ​រឿង រឿង​ខ្លីបែបហ្គេហ៍លាយ​ខ្មោច​មួយរឿង។​ ;)

»»» ក្លាយ​ជាសត្វទីទុយ^^

វ៉ាកង​ធំ​ចូល​មក​ដល់ហើយ!

ពេល​ដែល​វិស្សមកាល​ចូល​មក​ដល់ ​គឺ​ជាពេលវេលា​មួយ​ដែលខ្ញុំ​ត្រូវ​ប្រែ​ភេទ​​ជាសត្វទីទុយ។ គឺ​ខ្ញុំ​ប្តូរ​ពេល​វេលា​សម្រាប់​ដេក​មក​ជា​ពេល​ថ្ងៃ​ ហើយ​យក​ពេលយប់​មក​ធ្វើ​ជាពេល​ធ្វើ​ការ​វិញ​ម្តង។ គ្រប់​វិស្សមកាល​ទាំង​អស់ ខ្ញុំ​តែង​តែ​ធ្វើ​បែ​ប​នេះ! ព្រោះ​ខ្ញុំ​ធុញ​ទ្រាន់​នឹង​សំឡេង​រំខាន​នៅ​ពេល​ថ្ងៃ​ខ្លាំ​ង​ពេក ចង់​សរសេរ​អ្វី គិត​អ្វី​ក៏​មិន​ចេញ​ដែរ ណា​មួយ​ភាគ​ច្រើន​នៃ​ឧយ្យោជន៍របស់​​ខ្ញុំ គឺ​ចេញ​មក​នៅ​ពេល​យប់ បើ​មាន​ពេល​យប់​២៤​ម៉ោង​ ខួរ​ក្បាល​ខ្ញុំ​ប្រហែល​ជាមិន​បានសម្រាក​ទេ។​ :P

ដូច្នេះ​បើ​នរណា​មក​រក​ខ្ញុំ​នៅ​ពេល​ថ្ងៃ​ គឺ​យ៉ាប់​បន្តិចហើយ ព្រោះ​ជាពេលដែលខ្ញុំ​ត្រូវ​ដេក។ ជា​ធម្មតា​​ខ្ញុំ​ចូល​ដេក​នៅម៉ោង​៦ព្រឹក​ ហើយ​ក្រោក​នៅម៉ោង​១ឬដល់​ម៉ោង​៣​រសៀល​ ដើម្បីរក​បាយញ៉ាំ​និង​ឆ្លៀត​មក​ឆែក​អ៊ីនធើណេត​ខ្លះៗ។​ តែ​សម្រាប់​ឆ្នាំ​នេះ កាល​វិភាគ​ដេក​ដូចជាត្រូវ​បានដូរ​ខ្លះៗ…^^ ព្រោះត្រូវ​ឆ្លៀត​ជ្រើស​រើស​យក​ម៉ោង​ណា​មួយ​ក្នុងចន្លោះពី​ម៉ោង​៨ព្រឹក​ដល់ម៉ោង​១២​ថ្ងៃ​ត្រង់​ដើម្បី​​ឈែត​​​​​ជាមួយ​អូនសម្លាញ់​ :D ។ សុំទោស​! ថ្ងៃ​ខ្លះ​អត់​បាន​មក​ឈែ​ត​ទាន់​ពេល​វេលាព្រោះដេកខក។ :lol: :lol:

មិនគ្រប់​ប្រាំ! ខែ កក្កដា 20, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ប្រលោមលោក, សៀវភៅផ្សេងៗ, សៀវភៅល្អៗ, អ្នកនិពន្ធបរទេស.
10 comments

Minkrob5

«មិន​គ្រប់ប្រាំ» គឺ​ជា​ចំណង​ជើងរឿង​ជប៉ុន​បែបស្វ័យ​ជីវប្រវត្តិ​មួយ របស់​អ្នក​និពន្ធអូតូតៈកិ ហ៊ីរ៉ូតៈដៈ​ (Ototake Hirotada)។ រឿង​នេះ​មាន​ភាព​ល្បីល្បាញ​ណាស់​នៅប្រទេស​ជប៉ុន ហើយ​ត្រូវ​បានបក​ប្រែ​ជាច្រើន​ភាសា។ សៀវភៅ​ដែល​ខ្ញុំ​ជួប​ប្រទះហើយ​បានអាន​ខ្លះៗ​ហើយ​នោះ គឺ​មាន​ច្បាប់​ជា​ភាសាថៃ​និងភាសាលាវ។ មិន​ដឹង​ថា សៀវភៅ​នេះ​មាន​បក​ប្រែ​ហើយ​ឬនៅ​ជាភាសាខ្មែរ?

រូប​រាង​ស្រស់​សង្ហាណាស់ ហេតុ​អី្វ​មិន​គ្រប់ប្រាំ? តាម​ជំនឿ​របស់​ជនជាតិ​ជប៉ុន​ រូប​រាងសម្បទា​សម​ប្រកប​គ្រប់​លក្ខណៈ​របស់មនុស្ស​ម្នាក់​ ត្រូវ​មាន​អវយវៈគ្រប់​ប្រាំ​គឺ ក្បាល ក ដង​ខ្លួន ដៃ​ និងជើង។ ចុះ​អ្នក​និពន្ធ​ដ៏​សង្ហា​ម្នាក់​នេះ មាន​ចំណុច​ខ្វះ​ខាត​ត្រង់​ណា ដែល​នាំ​ឲ្យ​មិ​នគ្រប់ប្រាំ?

ឃើញ​ត្រឹម​តែ​រូប​ថត​កុំ​ទាន់​ប្រញាប់​សន្និដ្ឋាន។ តាម​ពិត​បុរស​ម្នាក់​នេះ​ មាន​តែ​ក្បាល​និង​ដង​ខ្លួន​ប៉ុណ្ណោះ គ្មានដៃ​គ្មាន​ជើង​អីទេ។ អូតូតាកិ ជាមនុស្ស​ម្នាក់​ដែលពិការ​តាំង​ពី​នៅក្នុង​ផ្ទៃ​ម្តាយ​ម្ល៉េះ តែ​ទោះយ៉ាង​នេះក្តី ក៏គេ​នៅមាន​សមត្ថភាព​រៀន​ និង​ក្លាយ​ជាអ្នក​និពន្ធ​ម្នាក់ដ៏ល្បីល្បាញ​បាន។ តាម​រឿង​ដែលអូតូតាកិសរសេរ គេ​ជាមនុស្ស​អំនួត​ខ្លាំងណាស់!

គេ​គ្មានដៃគ្មាន​ជើង​ តែ​គេ​នៅហ៊ាន​ក្លាហាន​តតាំង​​ជាមួយ​មិត្ត​ភក្តិ​របស់​ខ្លួន។ ពេល​គេ​ឈ្លោះ​ជាមួយ​មិត្ត​ភក្តិ គេ​ហក់​លោត​ដូច​ដុំ​បាល់​ទៅរុញ​តុ​ដែល​មិត្ត​ខ្លួន​ឈរ​​ឲ្យ​ដួល។ គេ​គ្មាន​ដៃ​ជើង តែ​គេ​ប្រើ​មាត់​ខាំ​ឲ្យ​គូសត្រូវ​ស្រែកយំសុំ​ចុះចាញ់​បាន។

គេ​គ្មាន​ដៃ​គ្មាន​ជើង តែគេ​បបួល​មិត្ត​ភក្តិ​លេង​បាល់​ទាត់ បាល់​បោះ និង​លោត​អន្ទាក់។ គេ​ជា​មនុស្ស​អំនួត​ណាស់! ដោយ​សារ​តែ​ភាព​អំនួត​របស់គេ ទើប​គេ​មិន​ដែលចាញ់​នរណា ព្រោះបើ​អួត​ហើយ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន។ ដោយ​សារ​តែគេ​ពូកែ​អួត​ទើប​គេ​មាន​ថ្ងៃនេះ!

និយាយ​ពីសៀវភៅ​នេះ​ ច្បាប់​ភាសា​ថៃ​ខ្ញុំ​ខ្ចី​ពី​បណ្ណាល័យ​ ឯ​ច្បាប់​ភាសា​លាវ​ខ្ញុំ​ទិញ​មួយ​ឆ្នាំ​ជាង​ហើយ! គឺ​ទិញ​នៅ​ថ្ងៃទី១៦ខែមិថុនា២០០៨ បើ​គិត​មក​ដល់​ថ្ងៃ​នេះ​ គឺ១ឆ្នាំ​១ខែ​៤ថ្ងៃ​ហើយ តែ​ខ្ញុំ​នៅ​មិន​ទាន់​អាន​ចប់​សោះ! គឺ​ទិញ​យក​មក​ទុក​ចោល ទើប​តែ​មាន​ពេល​អាន​ប៉ុន្មាន​ថ្ងៃ​មុន​នេះឯង។ ;)

ធ្វើ​ជា​អ្នក​និពន្ធគឺ​មិន​ត្រូវ​មើល​រំលង​សៀវភៅ​ល្អៗ ឬសៀវភៅ​ដែលគេ​ល្បី​គ្រប់គ្នាទូទាំង​ពិភព​លោក​​នោះទេ ព្រោះ​ក្រៅ​ពីផ្តល់​ចំណេះដឹងនិងបទពិសោធន៍ល្អៗ​ដល់​យើងហើយ គឺ​នៅ​ផ្តល់​មុខ​មាត់​និងកិត្តិយស​ក្នុង​ចំណោម​អ្នក​និពន្ធ​គ្នាឯង​ទៀត​ផង។

ហេតុ​អីបាន​ជាខ្ញុំ​ថាដូច្នេះ? ព្រោះគ្រប់ពេល​ដែល​ខ្ញុំ​ជួប​អ្នក​និពន្ធ​ទាំង​ខ្មែរ​ទាំង​បរទេស​ គេ​តែង​និយាយគ្នាអំពីឈ្មោះសៀវភៅ​និង​ឈ្មោះអ្នក​និពន្ធ​ដែល​ល្បី​ៗ ហើយ​ដែលអ្នកអាន-អ្នក​និពន្ធ​ភាគ​ច្រើន​ស្គាល់។ ដូច​ជាអ្នក​និពន្ធ​ខ្លះ​សួរ​ថា ធ្លាប់​អាន​រឿងរបស់​អ្នក​និពន្ធ​អង់គ្លេសរូប​នេះ បារាំង​រូប​នោះ ជប៉ុន ឥណ្ឌា រូស្សី ឬអាមេរិច… រូបនេះ​រូប​​នោះទេ? បើ​អត់​ស្គាល់​សោះ ពិត​ជាបាក់​មុខ​កណ្តាល​ចំនោម​គេ​ហើយ!

ឆ្លៀត​ឱកាស​នេះ​ សុំ​ប្រាប់​ពីឈ្មោះអ្នក​និពន្ធ​ទាំង​ខ្មែរ​និង​បរទេស ដែលខ្ញុំ​ចូលចិត្ត​អាន​និង​ស្រឡាញ់​​បែប​បទការ​សរសេរ​របស់​ពួកគាត់​ម្តង… ក្រែង​លោ​មាន​អ្នក​ណាពេញ​ចិត្ត​អ្នក​និពន្ធ​តែមួយ​ដូ​ច​ខ្ញុំ​ដែរ^^ ៖

អ្នក​និពន្ធ​ខ្មែរ៖ លោក នូ ហាច។

អ្នក​និពន្ធអង់គ្លេស៖ លោក ជែនប្រោន(Emily Jane Bronte)

អ្នក​និពន្ធជប៉ុន៖ លោក អូតស៊ឹអ៊ិជិ (Otsuichi​​​) ឬឈ្មោះពិត Hirotaka Adachi (安達 寛高,)

អ្នក​និពន្ធថៃ៖ លោក ស្រ៊ីប៊ូរះផា(ศรีบูรพา) ឬឈ្មោះពិត កុលាប សាយប្រតិដ្ឋ(กุหลาบ สายประดิษฐ์)

អ្នក​និពន្ធលាវ៖ គ្មាន​(បែប​មិន​ទាន់​កើត​ទេដឹង!)​​ :P !

ស្វែង​រក​ កន្យា ប៉ុបអែណេ ខែ មិថុនា 19, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងផ្សេងៗ, អត្ថបទសាកល្បង, អ្នក​និពន្ធខ្មែរ.
17 comments

​ខ្ញុំ​មិន​ដឹង​ថា រវាងខ្ញុំ​ និង​ ក​ន្យា​ ប៉ុប​អែណេ មាន​និស្ស័យ​អ្វី​នឹងគ្នា​នោះទេ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​រឿង​របស់​គេ​ភ្លាម ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំនិងគេ​​ហាក់​ដូចជា​ធ្លាប់​ស្គាល់​គ្នា​តាំង​ពីពេល​ណា​មក​ក៏​មិន​ដឹង?

          ​រឿង​របស់​គេ ដែល​ខ្ញុំ​បាន​អាន​នោះ មាន​ចំណង​ជើងថា «ព្យាបាល​បេះ​ដូង​ក្នុងទ្រូង​ចាស់»។ តាម​អារម្ភកថា និងក្រប​ខាងមុខ​ បាន​​ឲ្យ​ដឹង​ថា រឿង​នេះ​និពន្ធ​និង​បោះ​ពុម្ព​ផ្សាយ(ច្បាប់ហ្វូតូកូពីធម្មតា​ប៉ុណ្ណោះ) នៅ​ឆ្នាំ២០០៣។

មិន​មែន​ព្រោះ​រឿងនេះ​សរសេរ​ល្អ ឬ​ក៏​សរសេរ​ត្រូវ​ចិត្ត​ខ្ញុំ​នោះ​ទេ ព្រោះវាគ្រាន់​តែ​ជាបទ​និពន្ធថ្មោង​ថ្មី​មួយ​ របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់ ដែល​មាន​និស្ស័យ​ចូលចិត្ត​ការ​សរសេរ ឬ​ក៏​ព្រោះ​ចង់​ឈោងចាប់​យក​អាជីព​ជា​អ្នក​និពន្ធ​ក៏​មិន​ដឹង?

ដំណើរ​រឿង​បាន​រៀប​រាប់​អំពី អនុស្សាវរីយ៍​ស្នេហាក្នុងវ័យ​កុមារ។ តួអង្គ​ជាអ្នក​ខេត្ត​បាត់​ដំបង​ ហើយ​បាន​មក​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ក្រុងភ្នំពេញ​។ ក្នុង​វ័យ​សិក្សា ​ស្នេហា​ពួក​គេ​ពិត​ជាផ្អែម​ល្ហែម​ណាស់(​មិន​ខុស​​អី​ពី​ខ្ញុំ​និងរ៉េនណា​ទេ! :-D )។ នៅ​ក្រោម​ទស្សនីយ​ភាព​​​​ដ៏​ត្រ​ជាក់​ភ្នែក​ របស់​ខេត្ត​​បាត់​ដំបង​ តួអង្គ​ឯក​ទាំង​ពីរ​ក៏​សារ​ភាព​ស្នេហ៍​ប្រាប់គ្នា។

កន្យា ប៉ុប​អែណេ គឺ​ជា​អ្នក​និពន្ធ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង។ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ដឹង​ព័ត៌មាន​នេះ​តាមរយៈ​ណា​ទេ តែ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ដូច្នេះ! ឬ​មួយ​មាន​ផ្នែក​ណា​មួយ​នៃ​សៀវភៅ​ បាន​បញ្ជាក់​ប្រាប់​ក៏​មិន​ដឹង ព្រោះ​ខ្ញុំ​អាន​រឿង​នេះយូរ​ហើយ គឺ​តាំង​ពី​ខ្ញុំ​​ស្គាល់​សមាគម​អ្នក​និពន្ធ​ខ្មែរ​​ដំបូង​ៗ​ម្ល៉េះ។ កាល​នោះ​ ក្រោយ​ពី​បាន​​ទទួល​សិទ្ធិ​ជាសមាជិក​ របស់​សមាគម​ពេញ​លេញ​ហើយ ខ្ញុំ​ក៏​ចូល​ចិត្ត​ខ្ចី​សៀវភៅ​​ដែល​មាន​នៅ​ក្នុងសមាគម​មក​អាន។ ប៉ុន្តែ​មាន​តែ​សៀវភៅ​របស់​ កន្យា ប៉ុប​អែណេ​ តែ​មួយ​ប៉ុណ្ណោះ ដែល​ក្រោយ​ពី​ខ្ញុំ​អាន​ហើយ​ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ស្គាល់​អ្នក​និពន្ធ​។

ខ្ញុំ​នៅ​ចាំ​បាន​ថា ​នៅ​ទំព័រ​ខាង​ក្រោយ​របស់​សៀវភៅ​នោះ ​មាន​ដាក់​រូប​ថត​គេ​មួយ​ជំហរ​ខ្លួន​ផង​ដែរ។ គេ​ជា​យុវជន​ម្នាក់​ដែល​អាច​និយាយ​បាន​ថាមាន​រូប​រាង​​សង្ហា ហើយ​ញញឹម​មាន​ប្រជាប្រិយ​ណាស់។ បើ​តាម​ឆ្នាំ​នៃ​ការ​និពន្ធ​ និង​ពេល​វេលា​ដែល​ខ្ញុំ​បាន​អាន គេ​និង​ខ្ញុំ​អាច​នឹងមាន​អាយុ​ប្រហាក់​ប្រហែល​គ្នា។​

ដំបូង​ អាច​មក​ពី​ឈ្មោះ​របស់​គេ​ប្លែក​ទេដឹង? «ប៉ុបអែណេ»! មាន​ន័យ​ថាម៉េចទៅ? ជាភាសា​អ្វី? ខ្ញុំ​មិន​យល់ទេ! ហេតុ​អ្វី​គេ​ដាក់​ឈ្មោះចម្លែក​យ៉ាងនេះ? ប៉ុន្តែ​សម្រាប់​ខ្ញុំ ឈ្មោះ​នេះ​ហាក់​ដូច​ជា​ធ្លាប់​ឮ​ និងស៊ាំ​សម្រាប់​ខ្ញុំ​ណាស់! ខ្ញុំ​មិន​ដឹង​ថា ធ្លាប់ឮ​ឈ្មោះ​នេះនៅទីណា កន្លែង​ណា ហើយ​តាំង​ពី​ពេលណា​មក​នោះ​ទេ? ហេតុអ្វី​ ខ្ញុំ​ហាក់​ដូច​ជាមាននិស្ស័​យ​នឹងឈ្មោះ​នេះ​ម្ល៉េះ?

មាន​នរណា​ធ្លាប់​ស្គាល់​គេ​ឬទេ? ចុះ​មាន​ធ្លាប់​ឮ​ឈ្មោះ​នេះ​ដែរឬអត់? នៅ​ពេល​នេះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា គេ​មិន​បា​នរស់​នៅ​ស្រុក​ខ្មែរ​នោះទេ… គេ​អាច​​នឹងកំពុងរស់​នៅ​ក្នុងប្រទេស​​ណាមួយ​ក្នុង​ទ្វីប​អឺរ៉ុប​ជា​មិន​ខាន​ ហើយ​ដែល​ខ្ញុំ​ច្បាស់​ក្នុងចិត្តនោះ គឺ​ប្រទេស​បារាំង!

ខ្ញុំ​ក៏​ឆ្ងល់​នឹងខ្លួន​​ឯងដែរ ហេតុ​អី​ ខ្ញុំ​កើត​មាន​អារម្មណ៍​បែប​នេះ​ទៅរួច? ខ្ញុំ​និង​គេ​មិន​ធ្លាប់​ស្គាល់​គ្នា​​សោះ ហេតុ​អី​ទំនាក់​ទំនង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​និងគេ ហាក់​ដូចជា​ចង​ភ្ជាប់​គ្នា​យ៉ាងដូច្នេះ? តើ​ខ្ញុំ​ដឹង​ដោយ​របៀប​ណា​ ថា​ពេ​លនេះ​គេមិន​បាន​នៅ​ស្រុក​ខ្មែរ? ហើយ​ម៉េច​ក៏​ខ្ញុំ​ច្បាស់​ក្នុងចិត្ត​​ ថាពេល​នេះ​ គេកំពុង​រស់​​នៅ​​ប្រទេស​បារាំង? ខ្ញុំ​មិន​យល់​ពិត​មែន! មិន​យល់សោះ​ ថា​ព្រោះ​ហេតុអ្វី?

បទពិសោធនិពន្ធប្រលោមលោក របស់លោកជំទាវ ប៉ិច សង្វាវ៉ាន ខែ មិថុនា 16, 2009

Posted by ផ្កាយ​Novels in រៀននិពន្ធរឿង, អត្ថបទសាកល្បង, អ្នកនិពន្ធ, អ្នក​និពន្ធខ្មែរ.
21 comments
លោកជំទាវ ប៉ិច សង្វាវ៉ាន ក្នុង​ឱកាសបង្រៀន​វគ្គ​និពន្ធរឿង នៅ​សមាគម​អក្សរសិល្ប៍​នូហាច

លោកជំទាវ ប៉ិច សង្វាវ៉ាន ក្នុង ឱកាសបង្រៀន វគ្គ និពន្ធរឿង នៅ សមាគម អក្សរសិល្ប៍ នូហាច

ខាង​ក្រោម​ គឺ​ជាអត្ថបទដែលបង្ហាញ​ពីបទ​ពិសោធ​ផ្ទាល់​ខ្លួន ក្នុង​ការ​តែងនិពន្ធ​ប្រលោម​លោក​របស់​​លោក​ជំទាវ ​ប៉ិច សង្វាវ៉ាន អ្នក​និពន្ធ​ខ្មែរ​នៅ​ប្រទេស​បារាំង​ និង​ជា​អ្នក​អាន​សារព័ត៌មាន​ដ៏​ចំណាន​ ប្រចាំ​វិទ្យុបារាំង​អន្តរជាតិ​RFI​​។ អត្ថបទ​ទាំង​មូល​ត្រូវ​បាន​សម្រង់​ចេញ​ពី​សៀវភៅ «សមូហកម្ម​​អក្សរ​សិល្ប៍​​​នូហាច» លេខ៣ ចេញ​ផ្សាយ​ឆ្នាំ​២០០៦។

          ដូច្នេះ​បណ្តា​ប្រិយ​មិត្ត​អ្នក​អាន​ទាំង​អស់ ដែល​មាន​ចំណាប់​អារម្មណ៍​នឹងការ​តែង​និពន្ធ អាច​ធ្វើ​ការ​សិក្សា​ស្វែង​យល់បាន ពីបទ​ពិសោធ​របស់​លោក​ជំទាវ​ ដើម្បី​ទុក​ជា​មេរៀន​ដ៏​ពិសិដ្ឋ​​សម្រាប់​ជំនួយ​ដល់​ការ​ចាប់​ផ្តើម​សរសេរ​ និង​ដើម្បី​ត្រៀម​​ខ្លួនក្លាយ​ជា​អ្នក​និពន្ធម្នាក់​៖

          យើងមិន​អាច​ក្លាយ​ទៅជា​អ្នក​និពន្ធ​បានទេ បើ​មិន​ចូលចិត្តសរសេរ។ តែ​បើ​ចូលចិត្ត​សរសេរ​ហើយ​បែរ​ជា​គ្មាន​ទេពកោសល្ល ក៏​ពិបាក​នឹង​សាង​ខ្លួន​ឲ្យ​ទៅ​ជាអ្នក​និពន្ធបាន​ដែរ។ មាន​មូល​ហេតុ​ជា​ច្រើន​ ដែល​ជំរុញ​ឲ្យ​យើងទៅ​ជា​អ្នក​និពន្ធ​បាន។ ក្នុង​ការតែង​​និពន្ធ​ទៀត​សោត​ អ្នក​និពន្ធ​ម្នាក់ៗ​ពិត​ជា​បានឆ្លង​កាត់​នូវ​ការ​ពិសោធផ្សេង​ៗ​គ្នា។ ខ្ញុំ​ផ្ទាល់​ខ្ញុំ​បាន​សរសេរ​រឿង​ដំបូង​នៅឆ្នាំ១៩៦៦។ រឿង​នោះ​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចូលក្នុង​សាច់​រឿងរបស់គេ​ផ្សាយ​តាម​វិទ្យុជាតិ ដែល​មិន​មាន​ឈ្មោះ​ខ្ញុំ។ ដូច្នោះ​កាល​នោះ​ ខ្ញុំមិន​ទាន់​មាន​ឈ្មោះជា​អ្នក​និពន្ធ​នៅឡើយ​ទេ។

​ឈ្មោះ​ជា​អ្នក​និពន្ធ ខ្ញុំ​ទទួល​បានពេល​ដែលខ្ញុំ​សរសេរ​រឿង​ «នេះ​ឬចិត្តប្រុស​?» ផ្សាយ​តាម​សារព័ត៌​មាន​កោះ​សន្តិភាព​​​​​នាឆ្នាំ១៩៦៦-១៩៦៧ និង​ផ្សាយ​នៅ​វិទ្យុ​ជាតិ​នាឆ្នាំ១៩៦៨ តាម​ការ​ស្នើ​សុំ​ពី​លោក​ម៉ៅ ប៊ុនថន។

ខ្ញុំ​បាន​ទទួល​លិខិត​សរសើរ​លើ​ក​ទឹក​ចិត្តជាច្រើន ដែល​ផ្ញើ​ចេញ​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ស្តាប់​​ទូទាំង​ប្រទេស​កម្ពុជា ពី​ព្រោះ​គេ​យល់ឃើញ​​ថា ជា​រឿង​ដែល​មាន​ឧត្តមគតិ​និង​អប់​រំ។ ប្រតិ​កម្ម​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មាន​តែ​ពីរ​ឬបី​ប៉ុណ្ណោះ ដែល​សុំ​ឲ្យ​ខ្ញុំ​និពន្ធ​រឿង​ នេះឬ​ចិត្ត​ស្រី​ ម្តង ដោយ​ហេតុ​ថា ស្រី​ខ្លះ​ក៏​មាន​ចិត្ត​ទុយ៌សដូច​បុរស ឬ​ជាង​បុរស​ផង។ លិខិត​មួយ​ទៀត​ទិតៀន​ខ្ញុំ​ជាអ្នក​និពន្ធ​ផ្ទាល់​តែ​ម្តង​ថា ខ្ញុំ​អាច     ​សរសេរ​រឿង​នេះឬ​ចិត្ត​ប្រុស​បាន មក​ពី​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​វិបត្តិ​ទាំង​នេះ។ ពាក្យ​ទាម​ទារ​នេះខ្ញុំ​ពិបាក​ទ្រាំ​ទ្រ​ណាស់​ ព្រោះ​ប្រាស​ចាក​ពី​ការ​ពិត​ទាំង​ស្រុង។ ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​លិខិត ដែល​ជា​សិស្ស​វិទ្យាល័យ​មួយ​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ថា អ្នក​និពន្ធ​ជំនាន់​ដើម​អាច​ប្រឌិតរឿង​យក្ស​ រឿង​សត្វ​ចេះនិយាយ គឺ​បាន​សេចក្តី​ថា៖ អ្នក​និពន្ធអាចប្រឌិត​រឿងទៅតាម​ការ​ស្រមៃសព្វ​បែប​យ៉ាង ដោយ​ពុំ​ចាំ​បាច់​ឃើញ​យក្ស​ឬ​បាន​ឃើញ​ថា សត្វ​ចេះ​និយាយ​ភាសា​មនុស្ស​ ទើប​អាច​យក​ម​ក​សរសេរ​បាន​ឡើយ​។ ក្នុងនាម​ជា​អ្នក     ​និពន្ធ​​ក្រមុំ​ ដែល​ទើប​តែ​ឈាន​ជើង​បាន​មួយ​ជំហាន​ ក្នុង​ឆាក​អក្សរសាស្ត្រ​ជាតិ លិខិត​ទិតៀន​មួយ​ឬពីរ​នេះ​ បានធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ និង​តូចចិត្ត​ខ្លាំង​ណាស់ តែ​ពុំ​មែនជា​ឧបសគ្គ​រារាំង​បន្ទុច​បង្អាក់​ខ្ញុំ មិន​ឲ្យ    ​និពន្ធ​តទៅ​ទៀត​ទេ។

ខ្ញុំ​ចាំ​ថា លោក​ម៉ៅ​ ប៊ុន​ថន ដែល​ជា​អ្នក​ចាត់​ចែងផ្សាយ​រឿង​ នេះឬ​ចិត្ត​ប្រុស​? បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ថា៖ គប្បីខ្លួនខ្ញុំតាំងចិត្តជាអ្នកកីឡា។ ការ​ទូន្មាន​នេះ​ជា​មេរៀន​ដ៏​ល្អបំផុត​សម្រាប់​ខ្ញុំ ដែល​ចង់​សាង​កិត្តិនាម​ជាអ្នក​និពន្ធ​មួយ​រូប​ក្នុងអនាគត​កាល។

ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា កាល​នោះ​ ក្នុងការ​និពន្ធ​រឿង ខ្ញុំ​មិន​ហ៊ាន​ប្រើ​ឈ្មោះ​ពិត​របស់​ខ្ញុំ​ឡើយ។ ព្រោះ​ខ្ញុំ​ខ្លាចលោក​ប៉ា​របស់​ខ្ញុំ​ជ្រាប​ដឹងស្តី​បន្ទោស។ លោក​ប៉ា​ពុំ​ចង់​ឲ្យ​ខ្ញុំ​បែកគំនិត​ ធ្វើអ្វី​ផ្សេងក្រៅពី​មូល​គំនិត​ខិត​ខំ​សិក្សា ក្រេប​យក​ចំណេះ​វិជ្ជា​ឲ្យ​បាន​ខ្ពង់​ខ្ពស់។ ម្យ៉ាង​ទៀត​ជំនាន់​នោះ​ ខ្មែរយើងមិន​សូវ​ផ្តល់​តម្លៃ​ឲ្យ​អក្សរសាស្ត្រ ឬ​អ្នក​និពន្ធ​អ្វី​ប៉ុន្មាន​ឡើយ។ ពិសេស​អ្នក​និពន្ធ​ជាស្រ្តី។ ហេតុ​នេះ​ដើម្បី​ចៀសវាង​ការ​ស្តី​បន្ទោស​ពី​លោក​ប៉ា ខ្ញុំ​បានសម្រេចចិត្ត​ដាក់​រហស្សនាម​ថា ព្រហ្ម សុទ្ធ​ធីតា ដោយ​គ្រាន់​តែ​ទុក​នាម​​ត្រកូល​របស់​ខ្ញុំ​ប៉ុណ្ណោះ​។ ជោគ​ជ័យ​លើក​ទី១ ក្នុងការ​និពន្ធ​រឿង «នេះឬ​ចិត្ត​ប្រុស​?» គឺ​ជា​ឱសថ​ទិព្វ​ និង​ជាកម្លាំង​ពិសេសជម្រុញ​ឲ្យ​ខ្ញុំ ឈាន​មួយ​ជំហាន​ទៀតក្នុងមាគ៌ាអក្សរសាស្ត្រ​ ដែល​ខ្ញុំ​សែន​ស្រឡាញ់​​​ ដើម្បី​សាង​ឈ្មោះ​ជា​អ្នក​និពន្ធ​ និង​ជាសមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ​ លុះ​បាន​សម្រេច​ដូច​បំណង​។

ពេល​វិស្សមកាល​ឆ្នាំ១៩៦៧ ខ្ញុំ​បាន​និពន្ធ​ប្រលោមលោក​ខ្នាត​វែងមួយ​រឿង​ មាន​ចំណង​ជើង​ថា ថ្ងៃ៤កក្តដា។ រឿង​នេះ​បាន​ផ្សាយ​ក្នុងសារព័ត៌មាន​ដំណឹង​ចុង​ក្រោយ ដែល​មាន​លោក ​ជុំ កែម​ ជា​ចាងហ្វាង។ បន្ទាប់​ពីរឿង​នេះ​ផ្សាយ​ចប់ ខ្ញុំ​ទទួល​បាន​ការសរសើរ​ពីលោក ជុំ កែម ហើយ​លោក​បាន​ផ្តល់​កម្រៃ​ជាប្រាក់​មួយពាន់​រៀល(ស្មើនឹង​១/៣នៃតម្លៃ​មាស​មួយ​តម្លឹង) ឲ្យ​ខ្ញុំ ដោយ​មាន​ប្រសាសន៍​ថា៖ ប្រាក់​បន្តិច​បន្តួច​នេះ​ ពុំសក្តិ​សម​នឹង​ការ​ខិតខំ​តែង​និពន្ធ​រឿងនេះឡើយ ហើយ​ថា លោក​ប៉ា​របស់​ខ្ញុំ ប្រហែល​ជាមាន​មោទនភាព​ដោយសារ​ខ្ញុំ​ណាស់។

រឿង​ថ្ងៃ៤កក្តដា ផ្សាយមួយ​ឬពីរវគ្គ ស្រាប់​តែ​មាន​លោក​ម្នាក់ នៅខេត្ត​ព្រៃវែង​ មក​ជួប​ខ្ញុំ​ដល់     ​ផ្ទះ​។ លោក​ប្រាប់​ខ្ញុំ​ថា គាត់​មក​នេះ​មានមូលហេតុ​ពីរយ៉ាង​គឺ៖

ទី១ គាត់​មិន​សប្បាយ​ចិត្ត​ថា ខ្ញុំ​សរសេរ​រឿង​ចំអក​ឲ្យ​គាត់។

ទី២ គាត់​ថា តាំង​ពីបាន​ស្តាប់​រឿង​ នេះឬចិត្តប្រុស? ផ្សាយ​តាម​វិទ្យុ​ជាតិ​ គាត់​បាន​ស៊ើប​សួរ​រក​ខ្ញុំ​ និង​ផ្ទះ​ខ្ញុំ។ គាត់​ទូរស័ព្ទ​ទៅវិទ្យុជាតិ គេ​មិន​ព្រម​ប្រាប់។ គាត់​ទើប​តែ​រក​ខ្ញុំ​ឃើញ គាត់​ក៏មក​រក​ខ្ញុំ​ភ្លាម។ គាត់​ត្រូវ​តែ​មក​ជួប​ខ្ញុំដើម្បីសរសើរ​ផង និង​ដើម្បី​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា គាត់​ខឹ​ង​ខ្ញុំ​ណាស់ ដែល​បាន​យក​រឿង​គាត់​មក​សរសេរ​ជាតួអង្គ​មួយ​ក្នុង​រឿង នេះឬចិត្តប្រុស? ។ ខ្ញុំ​បាន​ឆ្លើយ​ថា៖ លោក​និង​ខ្ញុំ​ពុំ​ដែល​ស្គាល់​គ្នា ធ្វើ​ដូចម្តេច​ខ្ញុំ​អាច​លើក​យក​រឿងលោក​មកសរសេរ​កើត…?​ ខ្ញុំ​ប្រាប់​ហេតុ​ផល​សព្វគ្រប់ គាត់​ស្តាប់​បាន​ ក៏​ព្រម​ត្រឡប់​ទៅវិញ។

ខ្ញុំ​លើក​យកបញ្ហា​នេះ​មក​ គ្រាន់​តែ​ចង់​បង្ហាញ​ថា ជីវិត​អ្នក​និពន្ធ​ពុំ​មែន​បានទទួល​តែការ​សរសើរ​ឬចូលចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួប​ប្រទះ​នូវ​រឿងចម្លែក​ខ្លះៗ ដែល​យើង​ពុំ​ធ្លាប់គិត​ ឬនឹក​ឃើញដែរ។ បញ្ហា​ម្តង​ម្កាល​ ឬញឹក​ញាប់​នេះ ជា​រឿង​ធម្មតា​ក្នុងជីវិត​ជា​អ្នក​និពន្ធ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ខំ​ជម្នះ​លើ​បញ្ហា និង​ឧប្បត្តិហេតុ​​ទាំង​ពួង​ឲ្យ​ទាល់​តែបាន ទើប​ខ្ញុំ​អាច​បន្ត​ការ​និពន្ធ​តទៅ​ទៀត​បាន មិន​ត្រូវ​ឲ្យ​បញ្ហា​មិន​ល្អ​ទាំង​នោះ ជិះជាន់​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​ទម្លាក់​ប៉ាកកា​ចោលទេ។ ខ្ញុំ​គិត​ថា បើ​មិន​ជួប​ប្រទះ​បញ្ហា​ខ្លះនៅក្នុង​ជីវិត​​ទេ ប្រហែល​ជា​ពុំ​ងាយសាង​កិត្តិនាម ជា​អ្នក​និពន្ធបាន​ងាយៗ​ឡើយ។ ម្យ៉ាង​ទៀត បើ​ខ្ញុំ​ពុំ​មែន​ជា​អ្នក​ចូលចិត្ត​សង្កេត​ ខ្ញុំ​ក៏​ពុំ​សម្បូរគំនិត​សរសេរ​រឿងដែរ។​

ខ្ញុំ​ជា​មនុស្ស​ម្នាក់​ចូលចិត្ត​និយាយ ចូល​ចិត្ត​ស្តាប់​ ចូលចិត្តដោះ​ស្រាយ និង​វិភាគ​បញ្ហា​ វិភាគ​ចិត្ត​​មនុស្ស​ ជា​ពិសេស​ចូលចិត្ត​សរសេរ និង​អានសៀវភៅ​ ទាំង​នេះ​ជា​អំណោយ​ទាន​ ជាទេពកោសល្ល ដែល​​មាន​ពី​ធម្មជាតិ។

ខ្ញុំ​ពុំ​ដែល​បាន​សិក្សា​អំពី វិធីសាស្ត្រ​តែង​និពន្ធ​ម្តង​ណាសោះ។ ប៉ុន្តែ​ការ​ចូលចិត្ត​អាន​រឿង​       ប្រលោក​លោក​​ច្រើន​ ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជ្រួត​ជ្រាប​ដោយ​ឯង​ៗ​ ពី​សិល្បៈ​នៃ​ការ​តែងនិពន្ធ វណ្ណ​កម្ម​របស់​អ្នក​ និពន្ធ​ទាំង​ឡាយ​ ដែល​ខ្ញុំបាន​អាន ជា​គ្រូ​បាធ្យាយ​ បណ្តុះ​បណ្តាល​ខ្ញុំ​ឲ្យ​ចេះ​សរសេរ រហូត​ដល់​បច្ចុប្បន្ន​។​​ ពាក្យ​ពេចន៍​ ឃ្លា​ប្រយោគ​ល្អៗ និងពិរោះៗ​ក្នុង​រឿង​ទាំងប៉ុន្មាន​ ដែ​លខ្ញុំ​បាន​អាន ជាមេរៀន​ដ៏​សំខាន់​ ប្រៀប​បីដូច​ជាសាស្ត្រាចារ្យ​ដ៏​ចំណាន បង្រៀ​ន​ខ្ញុំ​ឲ្យ​ចេះ​ចាំ​ សម្បូរវាក្យស័ព្ទ អាច​ធ្វើ​ឲ្យ​ខ្ញុំសរសេរ​បាន​ងាយ រអិល​រលូន​ មិន​បាច់​គិត​ច្រើន​ ឬ​មិន​បាច់​ធ្វើ​គម្រោង​ជាមុន​ក៏​មាន។ ចំណង​ជើង​រឿងប្រលោម​លោក​នីមួយៗ ជាសេចក្តី​សង្ខេប​នៃ​សាច់​រឿង​។ ចំណង​ជើង​រឿង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ ព្រោះ​ទាក់​ទាញ​ខ្ញុំ​មិន​ឲ្យ​សរសេរ​ប្រាស​ចាក​ខ្លឹមសារ​ ដែល​ខ្ញុំ​ចង់​បញ្ចេញ​ឲ្យ​អ្នក​អាន​យល់ ពីគោល​គំនិត​របស់​ខ្ញុំ។ ចំនួន​តួអង្គ​ពីដំបូង​ ជួន​កាល​មាន​តែ​បួន​ប្រាំនាក់​ ជួន​កាល​អាច​បំបែក​បន្ថែម​ទៀត​ក៏​មាន។ អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំគឺ​ឃ្លា​ទីមួយ។ បើ​ឃ្លា​ទី​មួយចេញ​ហើយ គំនិត​ដ៏​ច្រើន​ លេច​ហូរ​ចេញ​មក​ទប់​មិន​ឈ្នះ ឬ​ដូច​ទឹក​ហូរ​​ពី​លើ​ទី​ខ្ពស់​អ៊ីចឹង។

លោកជំទាវ​ ប៉ិច សង្វាវ៉ាន ថត​រូបអនុស្សាវរីយ៍​ជាមួយ​សិក្ខាកាម

លោកជំទាវ ប៉ិច សង្វាវ៉ាន ថត រូបអនុស្សាវរីយ៍ ជាមួយ សិក្ខាកាម

រឿង​ដែល​ខ្ញុំ​សរសេរ​ទាំង​ប៉ុន្មាន​ ជា​ប្រលោម​លោក​ផ្នែក​មនោសញ្ចេត​នា។ សាច់​រឿង​នីមួយៗ​សុទ្ធ​តែ​បង្កប់​ការ​អប់​រំ។ ខ្ញុំ​ចង់​បញ្ចេញ​និង​បង្ហាញ​គំនិត​ខ្ញុំ ឲ្យ​អ្នក​អាន​ដឹង​ដោ​យ​មាន​ជំនឿ​ជានិច្ច​ថា គំនិត​និងឧត្តម​គតិ​របស់​ខ្ញុំ និង​មាន​អ្នក​ស្រប​តាម​មិន​ខាន។ ខ្ញុំ​ដឹង​ខ្លួន​ឯងច្បាស់​ថា ខ្ញុំ​ពុំ​អាច​សរសេរ​រឿង​ណា​​មួយ ដែលគ្មាន​ការ​អប់​រំឡើយ ពីព្រោះ​ខ្ញុំយល់ថាអក្សរសិល្ប៍​បម្រើ​ឲ្យ​មនុស្ស​ បម្រើ​ឲ្យ​សង្គម និង​​រួមចំណែក​ជួយ​កែច្នៃសង្គម ឬ​ជួយ​រំឮក​ដាស់​តឿន​​កែ​ប្រែ​ចិត្ត​មនុស្ស​ទៅរក​ផ្លូវ​ល្អ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ប្រលោម​លោក​ដែល​ជាមែក​ធាង​នៃ​អក្សរសិល្ប៍​ តែង​តែ​មាន​ឥទ្ធិពល​​តិច ឬ​ច្រើ​ន​លើ​ចិត្ត​មនុស្ស​ និងសង្គម​មនុស្ស។ ការ​អប់​រំ​ក្នុងប្រលោម​លោក​ មាន​លក្ខណៈ​សោភ័ណ​​ ដែល​ប្រលោម​ចិត្ត​ និងអារម្មណ៍​មនុស្ស​ ឲ្យ​ងាយ​ទទួល​យក​បាន​ជាង​ការ​អប់​រំ ដោយ​សម្តី​ឬ​វាចា​ត្រង់​ៗ។

តាំ​ង​ពី​នៅ​ក្នុងស្រុក​ខ្មែរ​ រហូត​ដល់ខ្ញុំ​រស់​នៅ​ប្រទេស​បារាំង​ ប្រលោក​លោក​ទាំង​ខ្លី​ទាំង​វែង​របស់​ខ្ញុំ​ ពុំ​ដែល​ប្រាស​ចាក​ការ​អប់​រំទេ បើ​មាន​ប្លែក​គ្នាខ្លះ គឺ​ប្លែក​សង្គម​បរិយាកាសនិងកាល។ រឿង​ដែល​ខ្ញុំ​តែង​និងផ្សាយ​រួច​មក​មាន៖ រឿងនេះឬចិត្តប្រុស?,​ ថ្ងៃ៤កក្កដា, រឿងជើងមេឃថ្មី, រឿងស្រមោលស្នេហ៍, រឿងខ្យល់សមុទ្រ, រឿងព្រោះតែអ្នក, រឿងថ្ងៃណា?ថ្ងៃណា?, រឿងម្តាយក្មេកទំនើប, រឿងបាច់ផ្កា, រឿងកម្មករសេរី។ល។ រឿង​មួយ​ចំនួន​ធំ ខ្ញុំ​បាន​និពន្ធ​នៅ​ក្នុង​ប្រទេស​បារាំង។

​រឿង​ដែល​ខ្ញុំ​បាននិពន្ធ​នៅក្នុងប្រទេស​បារាំង តួអង្គ​ខ្លះ​នៅ​ក្នុងរឿង មាន​ទឹក​ចិត្ត​ឬ​ពុទ្ធិប្រភាព​ទៅ​តាម​វប្បធម៌​អឺរ៉ុប ខុស​ពីវប្ប​ធម៌​ទំនៀម​ទម្លាប់​ខ្មែរ​យើង​ ខ្ញុំដោះ​ស្រាយ​បញ្ហាក្នុងរឿងក៏​ប្លែក​ខ្លះ ពុំដូច​កាល​ដែល​ខ្ញុំ​រស់​នៅ​ក្នុងមាតុ​ប្រទេស​ទេ។ ម្យ៉ាង ពេលវេលា​និងសម័យ​កាល​ ក៏​បាន​ប្តូរផ្លាស់​​ច្រើន របប​នយោបាយ​ អ្វីៗ​ក្នុងលោក​ក៏​មាន​ការ​វិវត្តិ។ យ៉ាងណា​មិញ​ចិត្ត​គំនិត​របស់​មនុស្ស ក៏​រមែងតែង​មានការ​ផ្លាស់​ប្តូរ​ ទៅតាមពេលវេលា​ដូច្នោះ​ដែរ។

អាស្រ័យ​ហេតុ​នេះ ប្រលោម​លោក​ ដែល​ឆ្លុះ​បញ្ចាំងពី​សម័យ​កាល​នីមួយៗ​ ដែល​រូប​ខ្ញុំ​ធ្លាប់បាន​រស់​នៅ និង​ឆ្លង​កាត់​នោះ ខ្ញុំ​ពិត​ជា​ពុំ​អាច​បំភ្លៃឬភូត​ភរ​បាន​ឡើយ។

ពាក្យ​មួយ​ឃ្លា​ ដែល​ខ្ញុំ​តែង​តែ​ប្រទះ​ឃើញក្នុង​ប្រទេស​បារាំង ហើយ​ដែល​ខ្ញុំ​យល់ថាពិត​ជា​ត្រូវ​គឺ​៖ បើអ្នកចង់ក្លាយជាអ្នកនិពន្ធ អ្នកត្រូវអានវណ្ណកម្មឬស្នាដៃរបស់គេសិន។​​​​

អាន​ស្នាដៃ​របស់គេ​ ដោយស្រឡាញ់​ជក់ចិត្ត ពិត​ជាកត្តា​សំខាន់​បណ្តុះ​រូប​ខ្ញុំ ដោ​យ​មិន​ដឹងខ្លួន ឲ្យ​ចេះ​វិជ្ជា​សរសេរ​ប្រលោម​លោក​។ ខ្ញុំ​ក៏​មានឈ្មោះ​ជា​អ្នក​និពន្ធ​ចាប់​ពី​ឆ្នាំ​១៩៦៨​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

លោកជំទាវ ប៉ិច សង្វាវ៉ាន