យូ សុភា អ្នកនិពន្ធដែលទទួលពានរង្វាន់ច្រើនជាងគេនៅកម្ពុជា ខែ វិច្ឆិកា 9, 2009
Posted by ផ្កាយNovels in អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ.4 comments
ក្នុងចំណោមអ្នកនិពន្ធវ័យក្មេងរបស់ប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះលោក យូ សុភា គឺជា អ្នកនិពន្ធមួយរូបដែលមានភាពលេចធ្លោខ្លាំងក្នុងវិស័យតែងនិពន្ធស្នារដៃអក្សរសិល្ប៍ផ្នែកប្រលោមលោក។ ដោយគិតចាប់តាំងពីឆ្នាំ២០០២មកដល់ឆ្នាំ២០០៩ នេះលោកយូ សុភា បានទទួលពានរង្វាន់និងរង្វាន់ចំនួន៩ស្នាដៃមានដូចជា ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ព្រះបាទអង្គឌួង ឧកញ៉ាសុត្ដន្ដប្រីជាឥន្ទ្រ នូហាច។ល។
កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៩នេះ លោកយូ សុភា ក៏បានទទួលពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួនណាត ជោត្ដញ្ញាណោ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមប្រធានបទ «អក្សរសាស្ដ្រសង្គ្រោះមនុស្សឱ្យផុតពីភាពល្ងង់ខ្លៅ» ដោយលោកទទួលបាននូវលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោមបេក្ខជន ដែលបានចូលរួមប្រលងប្រជែង។ ប៉ុន្ដែទោះបីជាដូច្នេះក្ដីក៏ស្នាដៃប្រលោមលោកយូ សុភា រឿង “ទោះសុរិយានៅតែរះ” ត្រូវបានគណៈកម្មការវាយតម្លៃនិងជូនចំណាត់ថ្នាក់ត្រឹមលេខ២ប៉ុណ្ណោះ ហើយពុំមានបេក្ខជនរឺបេក្ខនារីណា ទទួលបានចំណាត់ថ្នាក់លេខ១ឡើយ ព្រោះប្រធានបទមានលក្ខណៈធំទូលាយពេក ដែលជាហេតុធ្វើឱ្យអ្នកនិពន្ធមានការលំបាកក្នុងការ សរសេរឱ្យដល់ចំណុចកំពូល និងគ្រប់ជ្រុងជ្រោយដែលក្រសួងចង់បាន។
ទាក់ទងជាមួយស្នាដៃប្រលោមលោកនិងរឿងខ្លី លោកយូ សុភា មានស្នាដៃចំនួនបីដែលបានចេញផ្សាយរួចមកហើយ គឺមានរឿងបរិញ្ញាបត្រខ្ញុំ ចេញផ្សាយពីសមាគមអក្សរសិល្ប៍នូហាច កញ្ញាម្ទេសខ្មាំង បើបេះដូងជាប់ឈាម ចេញផ្សាយពីសមូហកម្មស្លាបប៉ាកា យូ សុភា ដែលលោកជាអ្នកបង្កើតដោយផ្ទាល់ ។ តាមរយៈរឿងទាំងបីនេះបានធ្វើឱ្យលោក យូ សុភា ទទួលបាននូវភាពល្បីក្នុងស្រទាប់ប្រិយមិត្ដដែលនិយមអានរឿងប្រលោមលោកក្នុងស្រុក ហើយបានសាយភាយទៅដល់បងប្អូនប្រជាជនខ្មែរមួយចំនួនដែលរស់នៅឯបរទេសផងដែរ ដែលពួកគាត់បានទូរស័ព្ទនិងផ្ញើរអ៊ីម៉េលសម្ដែងនូវការកោតសរសើរអំពីទឹកដៃរបស់លោកដោយក្ដីស្មោះស និងរាប់អាន។ រឿងទាំងបីខាងលើនេះក៏ត្រូវបាននិស្សិតនៅ តាមមហាវិទ្យាល័យមួយចំនួនជ្រើសរើសយកទៅធ្វើជាប្រធានបទក្នុងកិច្ចការសរសេររបស់ពួកគេទៀតផង ។
ក្រៅពីមានអាជីពជាសាស្ដ្រចារ្យអក្សរសាស្ដ្រខ្មែរ លោកយូ សុភាក៏ជាគណៈកម្មការកំណែររឿងខ្លីមួយរូបនៅសមូហកម្មអក្សរសិល្ប៍ នូ ហាច ផងដែរ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ខូ តារាឬទ្ធិ ដែលជានាយកគ្រប់គ្រងសមាគមអក្សរសិល្ប៍ នូ ហាច លោកយូ សុភា ត្រូវបានបណ្ដាអ្នកនិពន្ធបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមភែនកម្ពុជាដែលជាសមាគមអន្ដរជាតិមានទីតាំងធំនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដែលបច្ចុប្បន្ននេះមានសមាជិកប្រមាណជា១០០ប្រទេស ។ នៅថ្ងៃអនាគតប្រសិន បើសមាគមភែនកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការទាំងជាតិនិងអន្ដរជាតិនោះ លោកយូ សុភា មានគោលការណ៍ជាច្រើនទាក់ទងជាមួយនឹងវិស័យតែងនិពន្ធ និងការបោះពុម្ពផ្សាយ។ លោកយូ សុភា ក៏មានក្រុមអ្នកនិពន្ធសម្រាប់ទទួលសរសេរអត្ថបទរឿងប្រលោមលោក អត្ថបទភាពយន្ដរឿងអប់រំខ្លីទំនុកច្រៀង ឈុតផ្សាយពាណិជ្ជកម្ម។ល។ ក្នុងតម្លៃថោកសមរម្យផងដែរ។ សកម្មភាពនេះនឹងបានចូលរួមចំណែកមួយផ្នែកក្នុងការផ្ដល់ឱកាស ការងារក៏ដូចជាការផ្ដល់តម្លៃដល់ក្រុមអ្នកនិពន្ធកម្ពុជា។ លោកយូ សុភា ស្វាគមន៍ចំពោះប្រិយមិត្ដអ្នកអាននិងអស់លោក លោកស្រី ទាំងអស់ដែលមានបំណងទាក់ទងក្រុមអ្នកនិពន្ធរបស់លោកក្នុងវិស័យតែងនិពន្ធដោយរីករាយ ។
ទោះបីជាលោក យូ សុភា ទទួលបាននូវជោគជ័យច្រើនក្នុងការតែងនិពន្ធ ហើយទទួលបាននូវកិត្ដិយស និងកេរ្ដិ៍ឈ្មោះដ៏ប្រពៃក៏ដោយ ក៏លោកនៅតែបន្ដហ្វឹកហាត់បន្ថែមទៀត ទៅលើសមត្ថភាពដែលមានស្រាប់តាមរយៈការអានសៀវភៅឱ្យបានច្រើន រួមទាំងការសិក្សាស្វែងយល់អំពីរឿងរ៉ាវដែលកើតមាននៅក្នុងសង្គម ព្រោះចំណុចទាំងនេះគឺជាគន្លឹះមួយដ៏ពិសិដ្ឋសម្រាប់លោកក្នុងការបង្កើតគោលគំនិតឆ្ពោះទៅរកការសរសេរអត្ថបទប្រលោមលោកបានល្អ ៕ សីហា
ប្រភពអត្ថបទ៖ ទស្សនវដ្តីអាថ៌កំបាំង
ស្វែងរក កន្យា ប៉ុបអែណេ ខែ មិថុនា 19, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ដំណឹងផ្សេងៗ, អត្ថបទសាកល្បង, អ្នកនិពន្ធខ្មែរ.17 comments
ខ្ញុំមិនដឹងថា រវាងខ្ញុំ និង កន្យា ប៉ុបអែណេ មាននិស្ស័យអ្វីនឹងគ្នានោះទេ។ ខ្ញុំគ្រាន់តែដឹងថា នៅពេលដែលខ្ញុំបានអានរឿងរបស់គេភ្លាម ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំនិងគេហាក់ដូចជាធ្លាប់ស្គាល់គ្នាតាំងពីពេលណាមកក៏មិនដឹង?
រឿងរបស់គេ ដែលខ្ញុំបានអាននោះ មានចំណងជើងថា «ព្យាបាលបេះដូងក្នុងទ្រូងចាស់»។ តាមអារម្ភកថា និងក្របខាងមុខ បានឲ្យដឹងថា រឿងនេះនិពន្ធនិងបោះពុម្ពផ្សាយ(ច្បាប់ហ្វូតូកូពីធម្មតាប៉ុណ្ណោះ) នៅឆ្នាំ២០០៣។
មិនមែនព្រោះរឿងនេះសរសេរល្អ ឬក៏សរសេរត្រូវចិត្តខ្ញុំនោះទេ ព្រោះវាគ្រាន់តែជាបទនិពន្ធថ្មោងថ្មីមួយ របស់អ្នកនិពន្ធវ័យក្មេងម្នាក់ ដែលមាននិស្ស័យចូលចិត្តការសរសេរ ឬក៏ព្រោះចង់ឈោងចាប់យកអាជីពជាអ្នកនិពន្ធក៏មិនដឹង?
ដំណើររឿងបានរៀបរាប់អំពី អនុស្សាវរីយ៍ស្នេហាក្នុងវ័យកុមារ។ តួអង្គជាអ្នកខេត្តបាត់ដំបង ហើយបានមករៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ។ ក្នុងវ័យសិក្សា ស្នេហាពួកគេពិតជាផ្អែមល្ហែមណាស់(មិនខុសអីពីខ្ញុំនិងរ៉េនណាទេ!
)។ នៅក្រោមទស្សនីយភាពដ៏ត្រជាក់ភ្នែក របស់ខេត្តបាត់ដំបង តួអង្គឯកទាំងពីរក៏សារភាពស្នេហ៍ប្រាប់គ្នា។
កន្យា ប៉ុបអែណេ គឺជាអ្នកនិពន្ធដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ខ្ញុំមិនដឹងថា ខ្ញុំដឹងព័ត៌មាននេះតាមរយៈណាទេ តែខ្ញុំទទួលអារម្មណ៍ថាដូច្នេះ! ឬមួយមានផ្នែកណាមួយនៃសៀវភៅ បានបញ្ជាក់ប្រាប់ក៏មិនដឹង ព្រោះខ្ញុំអានរឿងនេះយូរហើយ គឺតាំងពីខ្ញុំស្គាល់សមាគមអ្នកនិពន្ធខ្មែរដំបូងៗម្ល៉េះ។ កាលនោះ ក្រោយពីបានទទួលសិទ្ធិជាសមាជិក របស់សមាគមពេញលេញហើយ ខ្ញុំក៏ចូលចិត្តខ្ចីសៀវភៅដែលមាននៅក្នុងសមាគមមកអាន។ ប៉ុន្តែមានតែសៀវភៅរបស់ កន្យា ប៉ុបអែណេ តែមួយប៉ុណ្ណោះ ដែលក្រោយពីខ្ញុំអានហើយ ធ្វើឲ្យខ្ញុំចង់ស្គាល់អ្នកនិពន្ធ។
ខ្ញុំនៅចាំបានថា នៅទំព័រខាងក្រោយរបស់សៀវភៅនោះ មានដាក់រូបថតគេមួយជំហរខ្លួនផងដែរ។ គេជាយុវជនម្នាក់ដែលអាចនិយាយបានថាមានរូបរាងសង្ហា ហើយញញឹមមានប្រជាប្រិយណាស់។ បើតាមឆ្នាំនៃការនិពន្ធ និងពេលវេលាដែលខ្ញុំបានអាន គេនិងខ្ញុំអាចនឹងមានអាយុប្រហាក់ប្រហែលគ្នា។
ដំបូង អាចមកពីឈ្មោះរបស់គេប្លែកទេដឹង? «ប៉ុបអែណេ»! មានន័យថាម៉េចទៅ? ជាភាសាអ្វី? ខ្ញុំមិនយល់ទេ! ហេតុអ្វីគេដាក់ឈ្មោះចម្លែកយ៉ាងនេះ? ប៉ុន្តែសម្រាប់ខ្ញុំ ឈ្មោះនេះហាក់ដូចជាធ្លាប់ឮ និងស៊ាំសម្រាប់ខ្ញុំណាស់! ខ្ញុំមិនដឹងថា ធ្លាប់ឮឈ្មោះនេះនៅទីណា កន្លែងណា ហើយតាំងពីពេលណាមកនោះទេ? ហេតុអ្វី ខ្ញុំហាក់ដូចជាមាននិស្ស័យនឹងឈ្មោះនេះម្ល៉េះ?
មាននរណាធ្លាប់ស្គាល់គេឬទេ? ចុះមានធ្លាប់ឮឈ្មោះនេះដែរឬអត់? នៅពេលនេះខ្ញុំទទួលអារម្មណ៍ថា គេមិនបានរស់នៅស្រុកខ្មែរនោះទេ… គេអាចនឹងកំពុងរស់នៅក្នុងប្រទេសណាមួយក្នុងទ្វីបអឺរ៉ុបជាមិនខាន ហើយដែលខ្ញុំច្បាស់ក្នុងចិត្តនោះ គឺប្រទេសបារាំង!
ខ្ញុំក៏ឆ្ងល់នឹងខ្លួនឯងដែរ ហេតុអី ខ្ញុំកើតមានអារម្មណ៍បែបនេះទៅរួច? ខ្ញុំនិងគេមិនធ្លាប់ស្គាល់គ្នាសោះ ហេតុអីទំនាក់ទំនងផ្លូវចិត្តរបស់ខ្ញុំនិងគេ ហាក់ដូចជាចងភ្ជាប់គ្នាយ៉ាងដូច្នេះ? តើខ្ញុំដឹងដោយរបៀបណា ថាពេលនេះគេមិនបាននៅស្រុកខ្មែរ? ហើយម៉េចក៏ខ្ញុំច្បាស់ក្នុងចិត្ត ថាពេលនេះ គេកំពុងរស់នៅប្រទេសបារាំង? ខ្ញុំមិនយល់ពិតមែន! មិនយល់សោះ ថាព្រោះហេតុអ្វី?
បទពិសោធនិពន្ធប្រលោមលោក របស់លោកជំទាវ ប៉ិច សង្វាវ៉ាន ខែ មិថុនា 16, 2009
Posted by ផ្កាយNovels in រៀននិពន្ធរឿង, អត្ថបទសាកល្បង, អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ.21 comments
ខាងក្រោម គឺជាអត្ថបទដែលបង្ហាញពីបទពិសោធផ្ទាល់ខ្លួន ក្នុងការតែងនិពន្ធប្រលោមលោករបស់លោកជំទាវ ប៉ិច សង្វាវ៉ាន អ្នកនិពន្ធខ្មែរនៅប្រទេសបារាំង និងជាអ្នកអានសារព័ត៌មានដ៏ចំណាន ប្រចាំវិទ្យុបារាំងអន្តរជាតិRFI។ អត្ថបទទាំងមូលត្រូវបានសម្រង់ចេញពីសៀវភៅ «សមូហកម្មអក្សរសិល្ប៍នូហាច» លេខ៣ ចេញផ្សាយឆ្នាំ២០០៦។
ដូច្នេះបណ្តាប្រិយមិត្តអ្នកអានទាំងអស់ ដែលមានចំណាប់អារម្មណ៍នឹងការតែងនិពន្ធ អាចធ្វើការសិក្សាស្វែងយល់បាន ពីបទពិសោធរបស់លោកជំទាវ ដើម្បីទុកជាមេរៀនដ៏ពិសិដ្ឋសម្រាប់ជំនួយដល់ការចាប់ផ្តើមសរសេរ និងដើម្បីត្រៀមខ្លួនក្លាយជាអ្នកនិពន្ធម្នាក់៖
យើងមិនអាចក្លាយទៅជាអ្នកនិពន្ធបានទេ បើមិនចូលចិត្តសរសេរ។ តែបើចូលចិត្តសរសេរហើយបែរជាគ្មានទេពកោសល្ល ក៏ពិបាកនឹងសាងខ្លួនឲ្យទៅជាអ្នកនិពន្ធបានដែរ។ មានមូលហេតុជាច្រើន ដែលជំរុញឲ្យយើងទៅជាអ្នកនិពន្ធបាន។ ក្នុងការតែងនិពន្ធទៀតសោត អ្នកនិពន្ធម្នាក់ៗពិតជាបានឆ្លងកាត់នូវការពិសោធផ្សេងៗគ្នា។ ខ្ញុំផ្ទាល់ខ្ញុំបានសរសេររឿងដំបូងនៅឆ្នាំ១៩៦៦។ រឿងនោះត្រូវបានគេយកទៅបញ្ចូលក្នុងសាច់រឿងរបស់គេផ្សាយតាមវិទ្យុជាតិ ដែលមិនមានឈ្មោះខ្ញុំ។ ដូច្នោះកាលនោះ ខ្ញុំមិនទាន់មានឈ្មោះជាអ្នកនិពន្ធនៅឡើយទេ។
ឈ្មោះជាអ្នកនិពន្ធ ខ្ញុំទទួលបានពេលដែលខ្ញុំសរសេររឿង «នេះឬចិត្តប្រុស?» ផ្សាយតាមសារព័ត៌មានកោះសន្តិភាពនាឆ្នាំ១៩៦៦-១៩៦៧ និងផ្សាយនៅវិទ្យុជាតិនាឆ្នាំ១៩៦៨ តាមការស្នើសុំពីលោកម៉ៅ ប៊ុនថន។
ខ្ញុំបានទទួលលិខិតសរសើរលើកទឹកចិត្តជាច្រើន ដែលផ្ញើចេញពីគ្រប់មជ្ឈដ្ឋានអ្នកស្តាប់ទូទាំងប្រទេសកម្ពុជា ពីព្រោះគេយល់ឃើញថា ជារឿងដែលមានឧត្តមគតិនិងអប់រំ។ ប្រតិកម្មដែលគួរឲ្យកត់សម្គាល់មានតែពីរឬបីប៉ុណ្ណោះ ដែលសុំឲ្យខ្ញុំនិពន្ធរឿង នេះឬចិត្តស្រី ម្តង ដោយហេតុថា ស្រីខ្លះក៏មានចិត្តទុយ៌សដូចបុរស ឬជាងបុរសផង។ លិខិតមួយទៀតទិតៀនខ្ញុំជាអ្នកនិពន្ធផ្ទាល់តែម្តងថា ខ្ញុំអាច សរសេររឿងនេះឬចិត្តប្រុសបាន មកពីខ្ញុំធ្លាប់ឆ្លងកាត់វិបត្តិទាំងនេះ។ ពាក្យទាមទារនេះខ្ញុំពិបាកទ្រាំទ្រណាស់ ព្រោះប្រាសចាកពីការពិតទាំងស្រុង។ ខ្ញុំបានឆ្លើយតបទៅម្ចាស់លិខិត ដែលជាសិស្សវិទ្យាល័យមួយ នៅក្នុងខេត្តកំពង់ឆ្នាំងថា អ្នកនិពន្ធជំនាន់ដើមអាចប្រឌិតរឿងយក្ស រឿងសត្វចេះនិយាយ គឺបានសេចក្តីថា៖ អ្នកនិពន្ធអាចប្រឌិតរឿងទៅតាមការស្រមៃសព្វបែបយ៉ាង ដោយពុំចាំបាច់ឃើញយក្សឬបានឃើញថា សត្វចេះនិយាយភាសាមនុស្ស ទើបអាចយកមកសរសេរបានឡើយ។ ក្នុងនាមជាអ្នក និពន្ធក្រមុំ ដែលទើបតែឈានជើងបានមួយជំហាន ក្នុងឆាកអក្សរសាស្ត្រជាតិ លិខិតទិតៀនមួយឬពីរនេះ បានធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត និងតូចចិត្តខ្លាំងណាស់ តែពុំមែនជាឧបសគ្គរារាំងបន្ទុចបង្អាក់ខ្ញុំ មិនឲ្យ និពន្ធតទៅទៀតទេ។
ខ្ញុំចាំថា លោកម៉ៅ ប៊ុនថន ដែលជាអ្នកចាត់ចែងផ្សាយរឿង នេះឬចិត្តប្រុស? បានលើកទឹកចិត្តខ្ញុំថា៖ គប្បីខ្លួនខ្ញុំតាំងចិត្តជាអ្នកកីឡា។ ការទូន្មាននេះជាមេរៀនដ៏ល្អបំផុតសម្រាប់ខ្ញុំ ដែលចង់សាងកិត្តិនាមជាអ្នកនិពន្ធមួយរូបក្នុងអនាគតកាល។
ខ្ញុំសូមបញ្ជាក់ដែរថា កាលនោះ ក្នុងការនិពន្ធរឿង ខ្ញុំមិនហ៊ានប្រើឈ្មោះពិតរបស់ខ្ញុំឡើយ។ ព្រោះខ្ញុំខ្លាចលោកប៉ារបស់ខ្ញុំជ្រាបដឹងស្តីបន្ទោស។ លោកប៉ាពុំចង់ឲ្យខ្ញុំបែកគំនិត ធ្វើអ្វីផ្សេងក្រៅពីមូលគំនិតខិតខំសិក្សា ក្រេបយកចំណេះវិជ្ជាឲ្យបានខ្ពង់ខ្ពស់។ ម្យ៉ាងទៀតជំនាន់នោះ ខ្មែរយើងមិនសូវផ្តល់តម្លៃឲ្យអក្សរសាស្ត្រ ឬអ្នកនិពន្ធអ្វីប៉ុន្មានឡើយ។ ពិសេសអ្នកនិពន្ធជាស្រ្តី។ ហេតុនេះដើម្បីចៀសវាងការស្តីបន្ទោសពីលោកប៉ា ខ្ញុំបានសម្រេចចិត្តដាក់រហស្សនាមថា ព្រហ្ម សុទ្ធធីតា ដោយគ្រាន់តែទុកនាមត្រកូលរបស់ខ្ញុំប៉ុណ្ណោះ។ ជោគជ័យលើកទី១ ក្នុងការនិពន្ធរឿង «នេះឬចិត្តប្រុស?» គឺជាឱសថទិព្វ និងជាកម្លាំងពិសេសជម្រុញឲ្យខ្ញុំ ឈានមួយជំហានទៀតក្នុងមាគ៌ាអក្សរសាស្ត្រ ដែលខ្ញុំសែនស្រឡាញ់ ដើម្បីសាងឈ្មោះជាអ្នកនិពន្ធ និងជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ លុះបានសម្រេចដូចបំណង។
ពេលវិស្សមកាលឆ្នាំ១៩៦៧ ខ្ញុំបាននិពន្ធប្រលោមលោកខ្នាតវែងមួយរឿង មានចំណងជើងថា ថ្ងៃ៤កក្តដា។ រឿងនេះបានផ្សាយក្នុងសារព័ត៌មានដំណឹងចុងក្រោយ ដែលមានលោក ជុំ កែម ជាចាងហ្វាង។ បន្ទាប់ពីរឿងនេះផ្សាយចប់ ខ្ញុំទទួលបានការសរសើរពីលោក ជុំ កែម ហើយលោកបានផ្តល់កម្រៃជាប្រាក់មួយពាន់រៀល(ស្មើនឹង១/៣នៃតម្លៃមាសមួយតម្លឹង) ឲ្យខ្ញុំ ដោយមានប្រសាសន៍ថា៖ ប្រាក់បន្តិចបន្តួចនេះ ពុំសក្តិសមនឹងការខិតខំតែងនិពន្ធរឿងនេះឡើយ ហើយថា លោកប៉ារបស់ខ្ញុំ ប្រហែលជាមានមោទនភាពដោយសារខ្ញុំណាស់។
រឿងថ្ងៃ៤កក្តដា ផ្សាយមួយឬពីរវគ្គ ស្រាប់តែមានលោកម្នាក់ នៅខេត្តព្រៃវែង មកជួបខ្ញុំដល់ ផ្ទះ។ លោកប្រាប់ខ្ញុំថា គាត់មកនេះមានមូលហេតុពីរយ៉ាងគឺ៖
ទី១ គាត់មិនសប្បាយចិត្តថា ខ្ញុំសរសេររឿងចំអកឲ្យគាត់។
ទី២ គាត់ថា តាំងពីបានស្តាប់រឿង នេះឬចិត្តប្រុស? ផ្សាយតាមវិទ្យុជាតិ គាត់បានស៊ើបសួររកខ្ញុំ និងផ្ទះខ្ញុំ។ គាត់ទូរស័ព្ទទៅវិទ្យុជាតិ គេមិនព្រមប្រាប់។ គាត់ទើបតែរកខ្ញុំឃើញ គាត់ក៏មករកខ្ញុំភ្លាម។ គាត់ត្រូវតែមកជួបខ្ញុំដើម្បីសរសើរផង និងដើម្បីប្រាប់ឲ្យខ្ញុំដឹងថា គាត់ខឹងខ្ញុំណាស់ ដែលបានយករឿងគាត់មកសរសេរជាតួអង្គមួយក្នុងរឿង នេះឬចិត្តប្រុស? ។ ខ្ញុំបានឆ្លើយថា៖ លោកនិងខ្ញុំពុំដែលស្គាល់គ្នា ធ្វើដូចម្តេចខ្ញុំអាចលើកយករឿងលោកមកសរសេរកើត…? ខ្ញុំប្រាប់ហេតុផលសព្វគ្រប់ គាត់ស្តាប់បាន ក៏ព្រមត្រឡប់ទៅវិញ។
ខ្ញុំលើកយកបញ្ហានេះមក គ្រាន់តែចង់បង្ហាញថា ជីវិតអ្នកនិពន្ធពុំមែនបានទទួលតែការសរសើរឬចូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួបប្រទះនូវរឿងចម្លែកខ្លះៗ ដែលយើងពុំធ្លាប់គិត ឬនឹកឃើញដែរ។ បញ្ហាម្តងម្កាល ឬញឹកញាប់នេះ ជារឿងធម្មតាក្នុងជីវិតជាអ្នកនិពន្ធ ប៉ុន្តែខ្ញុំត្រូវខំជម្នះលើបញ្ហា និងឧប្បត្តិហេតុទាំងពួងឲ្យទាល់តែបាន ទើបខ្ញុំអាចបន្តការនិពន្ធតទៅទៀតបាន មិនត្រូវឲ្យបញ្ហាមិនល្អទាំងនោះ ជិះជាន់ចិត្តខ្ញុំ ហើយខ្ញុំទម្លាក់ប៉ាកកាចោលទេ។ ខ្ញុំគិតថា បើមិនជួបប្រទះបញ្ហាខ្លះនៅក្នុងជីវិតទេ ប្រហែលជាពុំងាយសាងកិត្តិនាម ជាអ្នកនិពន្ធបានងាយៗឡើយ។ ម្យ៉ាងទៀត បើខ្ញុំពុំមែនជាអ្នកចូលចិត្តសង្កេត ខ្ញុំក៏ពុំសម្បូរគំនិតសរសេររឿងដែរ។
ខ្ញុំជាមនុស្សម្នាក់ចូលចិត្តនិយាយ ចូលចិត្តស្តាប់ ចូលចិត្តដោះស្រាយ និងវិភាគបញ្ហា វិភាគចិត្តមនុស្ស ជាពិសេសចូលចិត្តសរសេរ និងអានសៀវភៅ ទាំងនេះជាអំណោយទាន ជាទេពកោសល្ល ដែលមានពីធម្មជាតិ។
ខ្ញុំពុំដែលបានសិក្សាអំពី វិធីសាស្ត្រតែងនិពន្ធម្តងណាសោះ។ ប៉ុន្តែការចូលចិត្តអានរឿង ប្រលោកលោកច្រើន ធ្វើឲ្យខ្ញុំបានជ្រួតជ្រាបដោយឯងៗ ពីសិល្បៈនៃការតែងនិពន្ធ វណ្ណកម្មរបស់អ្នក និពន្ធទាំងឡាយ ដែលខ្ញុំបានអាន ជាគ្រូបាធ្យាយ បណ្តុះបណ្តាលខ្ញុំឲ្យចេះសរសេរ រហូតដល់បច្ចុប្បន្ន។ ពាក្យពេចន៍ ឃ្លាប្រយោគល្អៗ និងពិរោះៗក្នុងរឿងទាំងប៉ុន្មាន ដែលខ្ញុំបានអាន ជាមេរៀនដ៏សំខាន់ ប្រៀបបីដូចជាសាស្ត្រាចារ្យដ៏ចំណាន បង្រៀនខ្ញុំឲ្យចេះចាំ សម្បូរវាក្យស័ព្ទ អាចធ្វើឲ្យខ្ញុំសរសេរបានងាយ រអិលរលូន មិនបាច់គិតច្រើន ឬមិនបាច់ធ្វើគម្រោងជាមុនក៏មាន។ ចំណងជើងរឿងប្រលោមលោកនីមួយៗ ជាសេចក្តីសង្ខេបនៃសាច់រឿង។ ចំណងជើងរឿងសំខាន់បំផុតសម្រាប់ខ្ញុំ ព្រោះទាក់ទាញខ្ញុំមិនឲ្យសរសេរប្រាសចាកខ្លឹមសារ ដែលខ្ញុំចង់បញ្ចេញឲ្យអ្នកអានយល់ ពីគោលគំនិតរបស់ខ្ញុំ។ ចំនួនតួអង្គពីដំបូង ជួនកាលមានតែបួនប្រាំនាក់ ជួនកាលអាចបំបែកបន្ថែមទៀតក៏មាន។ អ្វីដែលសំខាន់សម្រាប់ខ្ញុំគឺឃ្លាទីមួយ។ បើឃ្លាទីមួយចេញហើយ គំនិតដ៏ច្រើន លេចហូរចេញមកទប់មិនឈ្នះ ឬដូចទឹកហូរពីលើទីខ្ពស់អ៊ីចឹង។
រឿងដែលខ្ញុំសរសេរទាំងប៉ុន្មាន ជាប្រលោមលោកផ្នែកមនោសញ្ចេតនា។ សាច់រឿងនីមួយៗសុទ្ធតែបង្កប់ការអប់រំ។ ខ្ញុំចង់បញ្ចេញនិងបង្ហាញគំនិតខ្ញុំ ឲ្យអ្នកអានដឹងដោយមានជំនឿជានិច្ចថា គំនិតនិងឧត្តមគតិរបស់ខ្ញុំ និងមានអ្នកស្របតាមមិនខាន។ ខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្ញុំពុំអាចសរសេររឿងណាមួយ ដែលគ្មានការអប់រំឡើយ ពីព្រោះខ្ញុំយល់ថាអក្សរសិល្ប៍បម្រើឲ្យមនុស្ស បម្រើឲ្យសង្គម និងរួមចំណែកជួយកែច្នៃសង្គម ឬជួយរំឮកដាស់តឿនកែប្រែចិត្តមនុស្សទៅរកផ្លូវល្អ។
ទោះជាយ៉ាងណាក៏ដោយ ប្រលោមលោកដែលជាមែកធាងនៃអក្សរសិល្ប៍ តែងតែមានឥទ្ធិពលតិច ឬច្រើនលើចិត្តមនុស្ស និងសង្គមមនុស្ស។ ការអប់រំក្នុងប្រលោមលោក មានលក្ខណៈសោភ័ណ ដែលប្រលោមចិត្ត និងអារម្មណ៍មនុស្ស ឲ្យងាយទទួលយកបានជាងការអប់រំ ដោយសម្តីឬវាចាត្រង់ៗ។
តាំងពីនៅក្នុងស្រុកខ្មែរ រហូតដល់ខ្ញុំរស់នៅប្រទេសបារាំង ប្រលោកលោកទាំងខ្លីទាំងវែងរបស់ខ្ញុំ ពុំដែលប្រាសចាកការអប់រំទេ បើមានប្លែកគ្នាខ្លះ គឺប្លែកសង្គមបរិយាកាសនិងកាល។ រឿងដែលខ្ញុំតែងនិងផ្សាយរួចមកមាន៖ រឿងនេះឬចិត្តប្រុស?, ថ្ងៃ៤កក្កដា, រឿងជើងមេឃថ្មី, រឿងស្រមោលស្នេហ៍, រឿងខ្យល់សមុទ្រ, រឿងព្រោះតែអ្នក, រឿងថ្ងៃណា?ថ្ងៃណា?, រឿងម្តាយក្មេកទំនើប, រឿងបាច់ផ្កា, រឿងកម្មករសេរី…។ល។ រឿងមួយចំនួនធំ ខ្ញុំបាននិពន្ធនៅក្នុងប្រទេសបារាំង។
រឿងដែលខ្ញុំបាននិពន្ធនៅក្នុងប្រទេសបារាំង តួអង្គខ្លះនៅក្នុងរឿង មានទឹកចិត្តឬពុទ្ធិប្រភាពទៅតាមវប្បធម៌អឺរ៉ុប ខុសពីវប្បធម៌ទំនៀមទម្លាប់ខ្មែរយើង ខ្ញុំដោះស្រាយបញ្ហាក្នុងរឿងក៏ប្លែកខ្លះ ពុំដូចកាលដែលខ្ញុំរស់នៅក្នុងមាតុប្រទេសទេ។ ម្យ៉ាង ពេលវេលានិងសម័យកាល ក៏បានប្តូរផ្លាស់ច្រើន របបនយោបាយ អ្វីៗក្នុងលោកក៏មានការវិវត្តិ។ យ៉ាងណាមិញចិត្តគំនិតរបស់មនុស្ស ក៏រមែងតែងមានការផ្លាស់ប្តូរ ទៅតាមពេលវេលាដូច្នោះដែរ។
អាស្រ័យហេតុនេះ ប្រលោមលោក ដែលឆ្លុះបញ្ចាំងពីសម័យកាលនីមួយៗ ដែលរូបខ្ញុំធ្លាប់បានរស់នៅ និងឆ្លងកាត់នោះ ខ្ញុំពិតជាពុំអាចបំភ្លៃឬភូតភរបានឡើយ។
ពាក្យមួយឃ្លា ដែលខ្ញុំតែងតែប្រទះឃើញក្នុងប្រទេសបារាំង ហើយដែលខ្ញុំយល់ថាពិតជាត្រូវគឺ៖ បើអ្នកចង់ក្លាយជាអ្នកនិពន្ធ អ្នកត្រូវអានវណ្ណកម្មឬស្នាដៃរបស់គេសិន។
អានស្នាដៃរបស់គេ ដោយស្រឡាញ់ជក់ចិត្ត ពិតជាកត្តាសំខាន់បណ្តុះរូបខ្ញុំ ដោយមិនដឹងខ្លួន ឲ្យចេះវិជ្ជាសរសេរប្រលោមលោក។ ខ្ញុំក៏មានឈ្មោះជាអ្នកនិពន្ធចាប់ពីឆ្នាំ១៩៦៨ រហូតមកដល់សព្វថ្ងៃនេះ។
លោកជំទាវ ប៉ិច សង្វាវ៉ាន
អ្នកនិពន្ធរឿងហ្គេហ៍ ក៏ជាហ្គេហ៍ដែរ? ខែ ឧសភា 2, 2009
Posted by ផ្កាយNovels in ទស្សនៈសង្គម, ពីនេះពីនោះ, រយពាន់យោបល់, រៀននិពន្ធរឿង, អ្នកនិពន្ធខ្មែរ.11 comments
មួយរយៈដែលបានទៅលេងស្រុកខ្មែរ ខ្ញុំបានទទួលអ្វីៗដែលថ្មីហើយប្លែកៗចម្លែកចិត្តជាច្រើន តែចំណុចមួយដែលខ្ញុំចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាងគេនោះ គឺរឿងហ្គេហ៍។
ហ្គេហ៍ត្រូវបានអ្នកនិពន្ធវ័យក្មេងស្រករៗក្រោយចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកំពុងនាំគ្នាបន្តការស្រាវជ្រាវនិងតាមដានពីបញ្ហានេះយ៉ាងក្តៅគគុក ដើម្បីប្រមូលបានទិន្នន័យយកមកចងក្រងសរសេរជារឿងខ្លី ឬប្រលោមលោកស្នេហាភេទដូចគ្នា។
ថ្មីៗនេះ អ្នកស្រីពាន់ ភួងបុប្ផា និងអ្នកស្រីប៉ុល ពិសី បានរួមសហការគ្នាផលិតខ្សែភាពយន្តថ្មីមួយ មានចំណងជើងថា «ខ្ញុំជាអ្នកណា?» ដែលជាប្រភេទរឿងស្រីស្រឡាញ់ស្រី(lesbian)។ ខ្ញុំក៏បានទៅមើលដែររឿងនេះ ហើយចាប់អារម្មណ៍ឃើញថា មានទស្សនិកជនជាច្រើនចាប់អារម្មណ៍ទៅមើលយ៉ាងកុះករ។
មិនចំពោះតែភាពយន្តទេ! ខ្ញុំបានទទួលដំណឹងទៀតថា បើសៀវភៅឬទស្សនាវដ្តីណាដែលនិយាយពីរឿងស្នេហាភេទដូចគ្នានេះ ឃើញថាលក់ដាច់បំផុត។ នៅស្រុកខ្មែរឃើញទស្សនាវដ្តីពីរដែលចូលចិត្តនិយាយពីរឿងនេះគឺ ទស្សនាវដ្តីព្រះចន្រ្ទ ដែលលេចធ្លោជាងគេ និងបន្ទាប់មកគឺ ទស្សនាវដ្តីអាថ៌កំបាំង ដែលដើរបន្ទាប់ពីព្រះចន្ទ្រ។
ហាងលក់ស៊ីឌី/ឌីវីឌីនានាក្នុងទីក្រុងភ្នំពេញ បានប្រាប់ដំណឹងឲ្យដឹងថា ឲ្យតែមានខ្សែភាពយន្តរឿងហ្គេហ៍ចេញថ្មី គឺមិនចាំបាច់បានទុកក្នុងហាងបានមួយថ្ងៃទេ គឺមានគេមកទិញទៅអស់ៗ។ ពិសេសរឿងហ្គេហ៍ដែលកំពុងលក់ដាច់ជាងគេ នៅស្រុកខ្មែរពេលនេះ គឺរឿង«Bangkok Love Story» ដែលជាខ្សែភាពយន្តរឿងហ្គេហ៍ថ្មីមួយរបស់ថៃ។
ដោយសង្កេតឃើញថារឿងហ្គេហ៍គឺជារឿង ដែលកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងដូច្នេះ ទើបក្រុមយុវអ្នកនិពន្ធខ្មែរ បាននាំគ្នាងាកមកចាប់អារម្មណ៍សរសេររឿងប្រភេទនេះវិញ។ ក្នុងនោះចាន់ផលបានបោះជំហានដើរមុនគេ… រឿង«ស្នេហាសុភាពបុរស» មាន១០% មាននិន្នាការមកខាងនេះ។ រ៉េនណានិងនិមល ក៏កំពុងមមាញឹកនឹងរឿងប្រភេទនេះដូចគ្នា។ ចំណែកខ្ញុំ ក៏កំពុងញាប់ដៃញាប់ជើងដើម្បីបញ្ចប់រឿង«សង្សារប្រុស»ដែរ។
ទន្ទឹមនឹងការនាំគ្នាផ្អើលមកសរសេររឿងបែបនេះ មតិសាធារណជនទូទៅក៏បានផ្តល់ការចាប់អារម្មណ៍មួយថា អ្នកនិពន្ធរឿងហ្គេហ៍ឬរឿងឡេហ្សបៀនទាំងអស់ ក៏សុទ្ធតែជាហ្គេហ៍និងឡេហ្សបៀនដូចគ្នា។ នៅប្រទេសចិន អ្នកនិពន្ធសៀវភៅនិងអ្នកដឹកនាំរឿងប្រភេទអស់ទាំងនេះ គឺពិតជាហ្គេហ៍និងឡេហ្សបៀនពិតមែន។ ឯនៅប្រទេសថៃក៏មិនខុសគ្នាដែរ អ្នកដឹកនាំរឿងប្រភេទនេះភាគច្រើនគឺជាហ្គេហ៍។ ចុះនៅស្រុកខ្មែរ? តើអ្នកស្រីពាន់ ភួងបុប្ផា និងអ្នកស្រី ប៉ុល ពិសី គឺជាឡេហ្សបៀនឬ? ចុះពួកខ្ញុំវិញ ក៏ជាហ្គេហ៍ហើយនឹងឡេហ្សបៀនដែរទេ? (^_^)
បន្តិចទៀតខ្សែភាពយន្តវីដេអូខ្មែរ រឿង«វិថីតារា»ដែលជាប្រភេទរឿងស្នេហាភេទដូចគ្នា(ស្រីស្រឡាញ់ស្រី និង ប្រុសស្រឡាញ់ប្រុស ក្នុងរឿងតែមួយ) នឹងមានចាក់បញ្ចាំងជូនទស្សនាតាមរយៈ បណ្តាញស្ថានីយ៍ទូរទស្សន៍ខ្មែរCTN ឆាប់ៗនេះហើយ…
- រូបភាពក្របសៀវភៅរឿង «ស្នេហាសុភាពបុរស»

- ឈុតក្នុងរឿង «ខ្ញុំជាអ្នកណា?»
បក្សីសប៉ៃលិនចង់ស្នងអ្នកនិពន្ធទន្សាយនៅភ្នំពេញ ខែ កុម្ភៈ 19, 2009
Posted by ផ្កាយNovels in អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ.14 comments

កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស

ភ្នំពេញៈ អ្នកស្រីម៉ៅ សំណាងហៅទន្សាយ ជាអ្នកនិពន្ធស្រីមានកេរ្តិ៍ឈ្មោះល្បី ហើយវណ្ណកម្មរឿងប្រលោមលោករបស់អ្នកស្រី មានទីផ្សារទូលំទូលាយ និងទទួលបានការគាំទ្រជាងគេនៅបច្ចុប្បន្ននេះ។ ឥឡូវមានយុវអ្នកនិពន្ធស្រីវ័យក្មេង មានរហស្សនាមបក្សីសមកពីប៉ៃលិន កំពុងមានទេពកោសល្យលេចធ្លោ ហើយស្នាដៃមនោសញ្ចេតនារបស់នាងកំពុងទទួលការសរសើរពីប្រិយមិត្តអ្នកអាន ហើយបានប្រាប់ថា ក្រៅពីចង់ក្លាយជាអ្នកសេដ្ឋកិច្ច អនាគតនាងចង់ស្នងអ្នកនិពន្ធរៀមច្បងទន្សាយ…។
កញ្ញានួន ពេជ្រស៊ូដេននី មានវ័យ១៨ឆ្នាំប៉ុណ្ណោះ តែមានកេរ្តិ៍ឈ្មោះលេចធ្លោមួយរូបក្នុងបណ្តាអ្នកនិពន្ធស្រករក្រោយហើយមានវ័យក្មេងនោះ ដោយស្នាដៃនិពន្ធរឿងប្រលោមលោកបែបមនោសញ្ចេតនាចំនួន៤រឿង ដែលបានចេញលក់នៅទីផ្សារគ្រប់ខេត្តក្រុង ហើយត្រូវបានអ្នកអានគាំទ្រ និងលើកសរសើរពីទេពកោសល្យរបស់នាង។ នាងជាកូនទី២ ក្នុងបណ្តាបងប្អូន៣នាក់ ស្រី២នាក់ ដោយមានឪពុកឈ្មោះ នួន ឫទ្ធីយ៉ា និងម្តាយឈ្មោះ ឆេង ម៉ាលី ជាអាជីវករនៅភូមិអូរពឺត ឃុំទួលល្វា ស្រុកនិងខេត្តប៉ៃលិន។
រឿងប្រលោមលោកដែលត្រូវបានបោះពុម្ពលក់នៅតាមទីផ្សារដំបូងបំផុតគឺរឿង «ផ្កាយរះពេលថ្ងៃ» ដែលនាងនិពន្ធតាំងពីសិក្សានៅថ្នាក់ទី៩ ហើយបានបោះពុម្ពនៅថ្ងៃទី០១ធ្នូឆ្នាំ២០០៦។ បន្ទាប់មកគឺរឿង«ដីកោះកំណើតស្នេហ៍» រឿង«ស្រមោលស្នេហ៍ក្បែរភ្លើងគំនុំ» និងរឿង«គូប្រជែងបេះដូង» ដែលរឿងទាំងបីនេះបេះពុម្ពនៅថ្ងៃទី០១ខែមីនាឆ្នាំ២០០៨ ហើយដែលនាងនិពន្ធខណៈពេលសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត។

សៀវភៅរឿង «គួប្រជែង បេះ ដូង »ដែល ទទួល បាន ការ ពេញ និយម
ជួបជាមួយសារព័ត៌មានខ្មែរស្ថាបនា នៅសមាគមអក្សរសិល្ប៍នូហាច នាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កាលពីថ្ងៃទី១៩មករាឆ្នាំ២០០៩កន្លងទៅនេះ កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស ដែលមានសម្បុរសដូចរហស្សនាមផងនោះ បាននិយាយដោយសម្តីសុភាពទន់ភ្លន់ថា នាងទើបប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០០៨ ហើយពេលនេះជានិស្សិតត្រៀមផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកម្ពុជា នៅភ្នំពេញនេះ។ សព្វថ្ងៃនាងខំចិញ្ចឹមចិត្តតស៊ូខិតខំយ៉ាងណាឲ្យសម្រេចមហិច្ឆតាចំនួនពីរគឺ អាចធ្វើការនៅក្រុមហ៊ុនសហគ្រាស ឬធនាគារណាឲ្យមានស្ថេរភាព និងក្លាយជាអ្នកនិពន្ធល្បីមានកេរ្តិ៍ឈ្មោះបោះសំឡេង ដូចរៀមច្បង មានអ្នកស្រីម៉ៅ សំណាង ហៅទន្សាយ អ្នកស្រីប៉ាល់ វណ្ណារីរក្ស ឬក៏លោកញ៉ុក ថែម លោកនូ ហាច ជាដើម។ អមជាមួយស្នាមញញឹមដ៏ស័ក្តិសម និងជាអ្នកមានសុទិដ្ឋិនិយមនៅក្នុងជីវិតនោះ កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស បន្តថា កញ្ញាមិនធ្លាប់សិក្សាវគ្គអ្នកនិពន្ធ ឬតែងនិពន្ធណាមួយនៅឡើយទេ ប៉ុន្តែឧបនិស្ស័យនៃការតែងនិពន្ធនេះ មានតាំងពីកុមារភាពមកម្ល៉េះ។ នៅថ្នាក់ទី៣កញ្ញាចូលចិត្តអានរឿងគ្រប់ប្រភេទ មកដល់ថ្នាក់ទី៧ផ្តើមវិភាគតួអង្គ និងសាច់រឿង ព្រមទាំងធ្វើការវិភាគលើស្នាដៃរៀមច្បងនានា។ ដល់ថ្នាក់ទី៩ និងចូលវិទ្យាល័យ កញ្ញាចាប់ផ្តើមនិពន្ធរឿង និងតែងកំណាព្យដាក់បិទក្នុងថ្នាក់ ដាក់វិទ្យុប៉ៃលិន ដូចឪពុកនិង កំណាព្យស្តីអំពីបរិស្ថាន។ កំណាព្យមានដូចជា ឯកអប្សរាគុណឪពុកម្តាយ ។ល។
កញ្ញានួន ពេជ្រស៊ូដេននី បញ្ជាក់ថា «ក្រោយពីបោះពុម្ពស្នាដៃលក់នៅលើទីផ្សារ មានប្រិយមិត្តអ្នកអាននៅតាមបណ្តាខេត្ត រួមមានទាំងបាត់ដំបង សៀមរាប កំពង់ចាម ព្រៃវែងបានទូរស័ព្ទគាំទ្រ និងលើកទឹកចិត្ត ហើយកត្តានេះជម្រុញឲ្យនាងខ្ញុំខំបង្កើនទេពកោសល្យ និងស្រាវជ្រាវពីសិល្ប៍វិធីតែងនិពន្ធថ្មីៗទៀត ដើម្បីបម្រើបំណងប្រិយមិត្តអ្នកអានគ្រប់ស្រទាប់បាន។ អនាគតបើទោះបីនាងខ្ញុំ មានការងារធ្វើមានស្ថេរភាពក្តី ក៏ខ្ញុំនៅតែបន្តអាជីពតែងនិពន្ធនេះដដែល»។
ទាក់ទិននឹងការលើកឡើងពីស្នាដៃតែងនិពន្ធនៅកម្ពុជា ហាក់ដូចជាមានទីផ្សារចង្អៀតបន្តិចនោះ កញ្ញានួន ពេជ្រស៊ូដេននីនិយាយដោយរាក់ទាក់និងទន់ភ្លន់ថា «តាមពិតនាងខ្ញុំដឹងថា ថវិកាបានមកពីការតែងនិពន្ធ ហាក់តិចតួចស្តួចស្តើងមែន តែចំណង់ចំណូលចិត្តខ្ញុំនៅតែស្រឡាញ់គំនិតតែងនិពន្ធ ហើយជឿថាអ្នកអាននៅតែគាំទ្រ។ ម្យ៉ាងនាងខ្ញុំចង់ចូលរួមលើកស្ទួយវិស័យតែងនិពន្ធ ក៏ដូចជាអក្សរសាស្ត្រ អត្តសញ្ញាណជាតិខ្មែរ និងអាចចែករំលែកគំនិតទស្សនៈសង្គមបច្ចុប្បន្ន និងអប់រំតាមរយៈស្នាដៃផង ព្រោះថាអក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គមមនុស្សផង។»
ទោះបីជាមានចំណង់ចំណូលចិត្តតែងនិពន្ធប្រលោមលោកក្តី កម្រងកំណាព្យក្តី ក៏កញ្ញានួន ពេជ្រស៊ូដេននី បានឲ្យដឹងថា មិនភ្លេចការសិក្សាជាការងារស្នូលនោះដែរ ហើយតាំងពីបឋមរហូតដល់វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត គឺនាងរៀនបានចំណាត់ថ្នាក់ភាគច្រើនលេច១ ហើយបើយ៉ាងហោចណាស់ក៏ក្រោមលេខ៥ដែរ។
ទន្ទឹមនឹងការប្តេជ្ញាចិត្តតែងនិពន្ធរឿងប្រលោមលោក និងរឿងខ្លីដើម្បីដាក់ស្នាដៃចូលរួមប្រកួតប្រជែងតែងនិពន្ធនានា និងការសរសេររឿងខ្លីស្តីពីការអប់រំ ព្រមទាំងបោះពុម្ពលក់តាមទីផ្សារនោះ កញ្ញានួន ពេជ្រស៊ូដេននី បានសូមផ្តាំផ្ញើឲ្យបងប្អូនកូនខ្មែរ ស្នេហាការតែងនិពន្ធនេះ ព្រោះអាចនឹងមានកេរ្តិ៍ឈ្មោះមិនសាបសូន្យ ហើយសូមឲ្យប្រជាពលរដ្ឋទូទៅត្រូវចូលចិត្តអានសៀវភៅឲ្យបានច្រើន ដើម្បីស្វែងយល់និងបណ្តុះគំនិត លើកស្ទួយពនជ្រុំឲ្យទឹកដមជីវិតកាន់តែមានរសជាតិ ព្រមទាំងបានចូលរួមចំណែកលើកស្ទយវិស័យអក្សរសាស្ត្រវប្បធម៌ជាតិខ្មែរផង។
ដោយៈ ធីវ សុមុនី
ប្រភពៈ សារព័ត៌មានខ្មែរស្ថាបនា ចេញផ្សាយឆ្នាំទី២លេខទី១៩២













