អ្នកនិពន្ធរឿងហ្គេហ៍ ក៏ជាហ្គេហ៍ដែរ? ខែ ឧសភា 2, 2009
Posted by ផ្កាយNovels in ទស្សនៈសង្គម, ពីនេះពីនោះ, រយពាន់យោបល់, រៀននិពន្ធរឿង, អ្នកនិពន្ធខ្មែរ.11 comments
មួយរយៈដែលបានទៅលេងស្រុកខ្មែរ ខ្ញុំបានទទួលអ្វីៗដែលថ្មីហើយប្លែកៗចម្លែកចិត្តជាច្រើន តែចំណុចមួយដែលខ្ញុំចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាងគេនោះ គឺរឿងហ្គេហ៍។
ហ្គេហ៍ត្រូវបានអ្នកនិពន្ធវ័យក្មេងស្រករៗក្រោយចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកំពុងនាំគ្នាបន្តការស្រាវជ្រាវនិងតាមដានពីបញ្ហានេះយ៉ាងក្តៅគគុក ដើម្បីប្រមូលបានទិន្នន័យយកមកចងក្រងសរសេរជារឿងខ្លី ឬប្រលោមលោកស្នេហាភេទដូចគ្នា។
ថ្មីៗនេះ អ្នកស្រីពាន់ ភួងបុប្ផា និងអ្នកស្រីប៉ុល ពិសី បានរួមសហការគ្នាផលិតខ្សែភាពយន្តថ្មីមួយ មានចំណងជើងថា «ខ្ញុំជាអ្នកណា?» ដែលជាប្រភេទរឿងស្រីស្រឡាញ់ស្រី(lesbian)។ ខ្ញុំក៏បានទៅមើលដែររឿងនេះ ហើយចាប់អារម្មណ៍ឃើញថា មានទស្សនិកជនជាច្រើនចាប់អារម្មណ៍ទៅមើលយ៉ាងកុះករ។
មិនចំពោះតែភាពយន្តទេ! ខ្ញុំបានទទួលដំណឹងទៀតថា បើសៀវភៅឬទស្សនាវដ្តីណាដែលនិយាយពីរឿងស្នេហាភេទដូចគ្នានេះ ឃើញថាលក់ដាច់បំផុត។ នៅស្រុកខ្មែរឃើញទស្សនាវដ្តីពីរដែលចូលចិត្តនិយាយពីរឿងនេះគឺ ទស្សនាវដ្តីព្រះចន្រ្ទ ដែលលេចធ្លោជាងគេ និងបន្ទាប់មកគឺ ទស្សនាវដ្តីអាថ៌កំបាំង ដែលដើរបន្ទាប់ពីព្រះចន្ទ្រ។
ហាងលក់ស៊ីឌី/ឌីវីឌីនានាក្នុងទីក្រុងភ្នំពេញ បានប្រាប់ដំណឹងឲ្យដឹងថា ឲ្យតែមានខ្សែភាពយន្តរឿងហ្គេហ៍ចេញថ្មី គឺមិនចាំបាច់បានទុកក្នុងហាងបានមួយថ្ងៃទេ គឺមានគេមកទិញទៅអស់ៗ។ ពិសេសរឿងហ្គេហ៍ដែលកំពុងលក់ដាច់ជាងគេ នៅស្រុកខ្មែរពេលនេះ គឺរឿង«Bangkok Love Story» ដែលជាខ្សែភាពយន្តរឿងហ្គេហ៍ថ្មីមួយរបស់ថៃ។
ដោយសង្កេតឃើញថារឿងហ្គេហ៍គឺជារឿង ដែលកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងដូច្នេះ ទើបក្រុមយុវអ្នកនិពន្ធខ្មែរ បាននាំគ្នាងាកមកចាប់អារម្មណ៍សរសេររឿងប្រភេទនេះវិញ។ ក្នុងនោះចាន់ផលបានបោះជំហានដើរមុនគេ… រឿង«ស្នេហាសុភាពបុរស» មាន១០% មាននិន្នាការមកខាងនេះ។ រ៉េនណានិងនិមល ក៏កំពុងមមាញឹកនឹងរឿងប្រភេទនេះដូចគ្នា។ ចំណែកខ្ញុំ ក៏កំពុងញាប់ដៃញាប់ជើងដើម្បីបញ្ចប់រឿង«សង្សារប្រុស»ដែរ។
ទន្ទឹមនឹងការនាំគ្នាផ្អើលមកសរសេររឿងបែបនេះ មតិសាធារណជនទូទៅក៏បានផ្តល់ការចាប់អារម្មណ៍មួយថា អ្នកនិពន្ធរឿងហ្គេហ៍ឬរឿងឡេហ្សបៀនទាំងអស់ ក៏សុទ្ធតែជាហ្គេហ៍និងឡេហ្សបៀនដូចគ្នា។ នៅប្រទេសចិន អ្នកនិពន្ធសៀវភៅនិងអ្នកដឹកនាំរឿងប្រភេទអស់ទាំងនេះ គឺពិតជាហ្គេហ៍និងឡេហ្សបៀនពិតមែន។ ឯនៅប្រទេសថៃក៏មិនខុសគ្នាដែរ អ្នកដឹកនាំរឿងប្រភេទនេះភាគច្រើនគឺជាហ្គេហ៍។ ចុះនៅស្រុកខ្មែរ? តើអ្នកស្រីពាន់ ភួងបុប្ផា និងអ្នកស្រី ប៉ុល ពិសី គឺជាឡេហ្សបៀនឬ? ចុះពួកខ្ញុំវិញ ក៏ជាហ្គេហ៍ហើយនឹងឡេហ្សបៀនដែរទេ? (^_^)
បន្តិចទៀតខ្សែភាពយន្តវីដេអូខ្មែរ រឿង«វិថីតារា»ដែលជាប្រភេទរឿងស្នេហាភេទដូចគ្នា(ស្រីស្រឡាញ់ស្រី និង ប្រុសស្រឡាញ់ប្រុស ក្នុងរឿងតែមួយ) នឹងមានចាក់បញ្ចាំងជូនទស្សនាតាមរយៈ បណ្តាញស្ថានីយ៍ទូរទស្សន៍ខ្មែរCTN ឆាប់ៗនេះហើយ…
- រូបភាពក្របសៀវភៅរឿង «ស្នេហាសុភាពបុរស»

- ឈុតក្នុងរឿង «ខ្ញុំជាអ្នកណា?»
បក្សីសប៉ៃលិនចង់ស្នងអ្នកនិពន្ធទន្សាយនៅភ្នំពេញ ខែ កុម្ភៈ 19, 2009
Posted by ផ្កាយNovels in អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ.13 comments

កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស

ភ្នំពេញៈ អ្នកស្រីម៉ៅ សំណាងហៅទន្សាយ ជាអ្នកនិពន្ធស្រីមានកេរ្តិ៍ឈ្មោះល្បី ហើយវណ្ណកម្មរឿងប្រលោមលោករបស់អ្នកស្រី មានទីផ្សារទូលំទូលាយ និងទទួលបានការគាំទ្រជាងគេនៅបច្ចុប្បន្ននេះ។ ឥឡូវមានយុវអ្នកនិពន្ធស្រីវ័យក្មេង មានរហស្សនាមបក្សីសមកពីប៉ៃលិន កំពុងមានទេពកោសល្យលេចធ្លោ ហើយស្នាដៃមនោសញ្ចេតនារបស់នាងកំពុងទទួលការសរសើរពីប្រិយមិត្តអ្នកអាន ហើយបានប្រាប់ថា ក្រៅពីចង់ក្លាយជាអ្នកសេដ្ឋកិច្ច អនាគតនាងចង់ស្នងអ្នកនិពន្ធរៀមច្បងទន្សាយ…។
កញ្ញានួន ពេជ្រស៊ូដេននី មានវ័យ១៨ឆ្នាំប៉ុណ្ណោះ តែមានកេរ្តិ៍ឈ្មោះលេចធ្លោមួយរូបក្នុងបណ្តាអ្នកនិពន្ធស្រករក្រោយហើយមានវ័យក្មេងនោះ ដោយស្នាដៃនិពន្ធរឿងប្រលោមលោកបែបមនោសញ្ចេតនាចំនួន៤រឿង ដែលបានចេញលក់នៅទីផ្សារគ្រប់ខេត្តក្រុង ហើយត្រូវបានអ្នកអានគាំទ្រ និងលើកសរសើរពីទេពកោសល្យរបស់នាង។ នាងជាកូនទី២ ក្នុងបណ្តាបងប្អូន៣នាក់ ស្រី២នាក់ ដោយមានឪពុកឈ្មោះ នួន ឫទ្ធីយ៉ា និងម្តាយឈ្មោះ ឆេង ម៉ាលី ជាអាជីវករនៅភូមិអូរពឺត ឃុំទួលល្វា ស្រុកនិងខេត្តប៉ៃលិន។
រឿងប្រលោមលោកដែលត្រូវបានបោះពុម្ពលក់នៅតាមទីផ្សារដំបូងបំផុតគឺរឿង «ផ្កាយរះពេលថ្ងៃ» ដែលនាងនិពន្ធតាំងពីសិក្សានៅថ្នាក់ទី៩ ហើយបានបោះពុម្ពនៅថ្ងៃទី០១ធ្នូឆ្នាំ២០០៦។ បន្ទាប់មកគឺរឿង«ដីកោះកំណើតស្នេហ៍» រឿង«ស្រមោលស្នេហ៍ក្បែរភ្លើងគំនុំ» និងរឿង«គូប្រជែងបេះដូង» ដែលរឿងទាំងបីនេះបេះពុម្ពនៅថ្ងៃទី០១ខែមីនាឆ្នាំ២០០៨ ហើយដែលនាងនិពន្ធខណៈពេលសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត។

សៀវភៅរឿង «គួប្រជែង បេះ ដូង »ដែល ទទួល បាន ការ ពេញ និយម
ជួបជាមួយសារព័ត៌មានខ្មែរស្ថាបនា នៅសមាគមអក្សរសិល្ប៍នូហាច នាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កាលពីថ្ងៃទី១៩មករាឆ្នាំ២០០៩កន្លងទៅនេះ កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស ដែលមានសម្បុរសដូចរហស្សនាមផងនោះ បាននិយាយដោយសម្តីសុភាពទន់ភ្លន់ថា នាងទើបប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០០៨ ហើយពេលនេះជានិស្សិតត្រៀមផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកម្ពុជា នៅភ្នំពេញនេះ។ សព្វថ្ងៃនាងខំចិញ្ចឹមចិត្តតស៊ូខិតខំយ៉ាងណាឲ្យសម្រេចមហិច្ឆតាចំនួនពីរគឺ អាចធ្វើការនៅក្រុមហ៊ុនសហគ្រាស ឬធនាគារណាឲ្យមានស្ថេរភាព និងក្លាយជាអ្នកនិពន្ធល្បីមានកេរ្តិ៍ឈ្មោះបោះសំឡេង ដូចរៀមច្បង មានអ្នកស្រីម៉ៅ សំណាង ហៅទន្សាយ អ្នកស្រីប៉ាល់ វណ្ណារីរក្ស ឬក៏លោកញ៉ុក ថែម លោកនូ ហាច ជាដើម។ អមជាមួយស្នាមញញឹមដ៏ស័ក្តិសម និងជាអ្នកមានសុទិដ្ឋិនិយមនៅក្នុងជីវិតនោះ កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស បន្តថា កញ្ញាមិនធ្លាប់សិក្សាវគ្គអ្នកនិពន្ធ ឬតែងនិពន្ធណាមួយនៅឡើយទេ ប៉ុន្តែឧបនិស្ស័យនៃការតែងនិពន្ធនេះ មានតាំងពីកុមារភាពមកម្ល៉េះ។ នៅថ្នាក់ទី៣កញ្ញាចូលចិត្តអានរឿងគ្រប់ប្រភេទ មកដល់ថ្នាក់ទី៧ផ្តើមវិភាគតួអង្គ និងសាច់រឿង ព្រមទាំងធ្វើការវិភាគលើស្នាដៃរៀមច្បងនានា។ ដល់ថ្នាក់ទី៩ និងចូលវិទ្យាល័យ កញ្ញាចាប់ផ្តើមនិពន្ធរឿង និងតែងកំណាព្យដាក់បិទក្នុងថ្នាក់ ដាក់វិទ្យុប៉ៃលិន ដូចឪពុកនិង កំណាព្យស្តីអំពីបរិស្ថាន។ កំណាព្យមានដូចជា ឯកអប្សរាគុណឪពុកម្តាយ ។ល។
កញ្ញានួន ពេជ្រស៊ូដេននី បញ្ជាក់ថា «ក្រោយពីបោះពុម្ពស្នាដៃលក់នៅលើទីផ្សារ មានប្រិយមិត្តអ្នកអាននៅតាមបណ្តាខេត្ត រួមមានទាំងបាត់ដំបង សៀមរាប កំពង់ចាម ព្រៃវែងបានទូរស័ព្ទគាំទ្រ និងលើកទឹកចិត្ត ហើយកត្តានេះជម្រុញឲ្យនាងខ្ញុំខំបង្កើនទេពកោសល្យ និងស្រាវជ្រាវពីសិល្ប៍វិធីតែងនិពន្ធថ្មីៗទៀត ដើម្បីបម្រើបំណងប្រិយមិត្តអ្នកអានគ្រប់ស្រទាប់បាន។ អនាគតបើទោះបីនាងខ្ញុំ មានការងារធ្វើមានស្ថេរភាពក្តី ក៏ខ្ញុំនៅតែបន្តអាជីពតែងនិពន្ធនេះដដែល»។
ទាក់ទិននឹងការលើកឡើងពីស្នាដៃតែងនិពន្ធនៅកម្ពុជា ហាក់ដូចជាមានទីផ្សារចង្អៀតបន្តិចនោះ កញ្ញានួន ពេជ្រស៊ូដេននីនិយាយដោយរាក់ទាក់និងទន់ភ្លន់ថា «តាមពិតនាងខ្ញុំដឹងថា ថវិកាបានមកពីការតែងនិពន្ធ ហាក់តិចតួចស្តួចស្តើងមែន តែចំណង់ចំណូលចិត្តខ្ញុំនៅតែស្រឡាញ់គំនិតតែងនិពន្ធ ហើយជឿថាអ្នកអាននៅតែគាំទ្រ។ ម្យ៉ាងនាងខ្ញុំចង់ចូលរួមលើកស្ទួយវិស័យតែងនិពន្ធ ក៏ដូចជាអក្សរសាស្ត្រ អត្តសញ្ញាណជាតិខ្មែរ និងអាចចែករំលែកគំនិតទស្សនៈសង្គមបច្ចុប្បន្ន និងអប់រំតាមរយៈស្នាដៃផង ព្រោះថាអក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គមមនុស្សផង។»
ទោះបីជាមានចំណង់ចំណូលចិត្តតែងនិពន្ធប្រលោមលោកក្តី កម្រងកំណាព្យក្តី ក៏កញ្ញានួន ពេជ្រស៊ូដេននី បានឲ្យដឹងថា មិនភ្លេចការសិក្សាជាការងារស្នូលនោះដែរ ហើយតាំងពីបឋមរហូតដល់វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត គឺនាងរៀនបានចំណាត់ថ្នាក់ភាគច្រើនលេច១ ហើយបើយ៉ាងហោចណាស់ក៏ក្រោមលេខ៥ដែរ។
ទន្ទឹមនឹងការប្តេជ្ញាចិត្តតែងនិពន្ធរឿងប្រលោមលោក និងរឿងខ្លីដើម្បីដាក់ស្នាដៃចូលរួមប្រកួតប្រជែងតែងនិពន្ធនានា និងការសរសេររឿងខ្លីស្តីពីការអប់រំ ព្រមទាំងបោះពុម្ពលក់តាមទីផ្សារនោះ កញ្ញានួន ពេជ្រស៊ូដេននី បានសូមផ្តាំផ្ញើឲ្យបងប្អូនកូនខ្មែរ ស្នេហាការតែងនិពន្ធនេះ ព្រោះអាចនឹងមានកេរ្តិ៍ឈ្មោះមិនសាបសូន្យ ហើយសូមឲ្យប្រជាពលរដ្ឋទូទៅត្រូវចូលចិត្តអានសៀវភៅឲ្យបានច្រើន ដើម្បីស្វែងយល់និងបណ្តុះគំនិត លើកស្ទួយពនជ្រុំឲ្យទឹកដមជីវិតកាន់តែមានរសជាតិ ព្រមទាំងបានចូលរួមចំណែកលើកស្ទយវិស័យអក្សរសាស្ត្រវប្បធម៌ជាតិខ្មែរផង។
ដោយៈ ធីវ សុមុនី
ប្រភពៈ សារព័ត៌មានខ្មែរស្ថាបនា ចេញផ្សាយឆ្នាំទី២លេខទី១៩២
អ្នកស្រីប៉ាល់វណ្ណារីរក្សនិងបទពិសោធន៍និពន្ធ(២) ខែ កុម្ភៈ 17, 2009
Posted by ផ្កាយNovels in រៀននិពន្ធរឿង, អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ.4 comments
កាលពីលើកមុន យើងបានស្គាល់មកហើយពីប្រវត្តិត្រួសៗរបស់អ្នកស្រី ប៉ាល់ វណ្ណារីរក្ស នៅពេលនេះសូមបន្តមកស្វែងយល់ទាំងអស់គ្នាអំពី បទពិសោធន៍ក្នុងការនិពន្ធប្រលោមលោករបស់អ្នកស្រីវិញម្តង៖
- បង្កើតគំនិតស្រមៃសាច់រឿងលើបញ្ហាអ្វីមួយឲ្យច្បាស់ (អាចប្តូរបាន)
- បង្កើតចំណុចលំអិតនៃរឿង (អាចប្តូរបាន)
- បង្កើតចំណងជើង (អាចប្តូរបាន)
(ក).
- ផ្ទៃរឿងត្រូវតែមានការអប់រំ តែមិនចំពោះត្រង់ៗទេ
- អាចជារឿងដែលទិតៀននរណាម្នាក់? ទិទៀនសង្គម?
- អាចជារឿងដែលសរសើរនរណាម្នាក់? សង្គមណាមួយ?
- ជារឿងដើម្បីបង្ហាញប្រាប់អ្វីមួយដល់អ្នកអាន
- ជារឿងដែលអ្នកនិពន្ធមើលឃើញសភាពការណ៍សង្គមនាពេលអនាគត «អ្នកនិពន្ធត្រូវនៅលើមនុស្ស មើលឃើញអ្វីវែងឆ្ងាយជាងមនុស្សធម្មតា»
(ខ).
- អាចសរសេរជារឿងបែបស្រមើស្រមៃ មានយក្ស ទេវតា សត្វ…
- អាចសរសេរពីរឿងតថភាពក្នុងសង្គម ពីជីវិតពិតនាពេលបច្ចុប្បន្ន
(គ). ការតម្លើងរឿងមានៈ
- ការពណ៌នាដោយសរសេរឃ្លាប្រយោគឲ្យមានភាពរលូន ណែងណង ពិរោះស្តាប់ អាចប្រើពាក្យបែបមិនសាមញ្ញខ្លះៗ តែកុំច្រើនពេកព្រោះប្រលោមលោកមិនមែនអានដោយត្រូវបើកវចនានុក្រមមើលទេ(គំនិតអ្នកស្រី)។ ឧ. ព្រះទិនករ ជលវារី នទី…
- ការពណ៌នាមិនត្រូវវែងពេកទេ ប្រហែលមួយទំព័រ ឬមួយទំព័រកន្លះក្នុងវគ្គណាមួយ។
- ត្រូវចេះយកពាក្យមានការប្រៀបធៀប ឬពាក្យសុភាសិតមកបញ្ចូលក្នុងការសន្ទនា ឬពណ៌នា។ ឧ. សម្តីផ្អែមដូចទឹកឃ្មុំ ចិត្តដូចពិសពស់វែក ជីវិតក្រៀមស្រពោនដូចស្លឹកចេករងកំដៅថ្ងៃ…
- វគ្គកំសត់ អាចពណ៌នាពីធម្មជាតិឬពីសភាវៈអ្វី ដែលមើលទៅកំសត់។ ឧ. ព្រះអាទិត្យក្តៅហែងដុតកម្លោចសត្តនិករលើផែនដី ផ្កាក្នុងសួនស្រពោនរញ៉មព្រោះគ្មានជាតិទឹក ស្មៅមានពណ៌លឿងខ្លោចចុងក្រហមប៉ប្រឹម
- ឬអាចពណ៌នាធម្មជាតិ ឬបរិយាកាសជុំវិញជាបែបសប្បាយ បែបល្អស្អាត ដើម្បីធ្វើឲ្យអណ្តែតភាពកំសត់កាន់តែកំសត់ឡើង។ ឧ. រលកបោកច្រាំងបាចផ្កាត្រែងសក្បុសដូចផ្កាទឹកកក ផ្ទៃមេឃមានពណ៌ខៀវស្រងាត់លាយស បង្កើតជារូបភាពដែលប្លែកៗមិនអាចគូរដោយវិចិត្រករដៃឯកណាបាន ខ្យល់ផាត់ដុំពពកអណ្តែតគ្រឿនៗ ព្រះពាយបក់ផាត់មកបបោសអង្អែលចិត្តមនុស្សដែលឈរនៅទីនេះ តែយុវជនម្នាក់នេះមិនចាប់អារម្មណ៍ពីលំអជុំវិញខ្លួនសោះ មុខរបស់គេមានភាពជូរចត់ ខោអាវរបស់គេខ្ទេចខ្ទីសក់ក្បាលកន្ទ្រីងកន្ទ្រើង… សម្រាប់គេ ដូចជាផែនដីទាំងមូលសោះសូន្យគ្មានអ្វីឡើយ។
- ការផ្តើមរឿង«វគ្គទី១»សំខាន់បំផុត ព្រោះជាការទាញអារម្មណ៍អ្នកអានដើម្បីឲ្យចង់អាន។
- វគ្គបញ្ចប់សំខាន់ណាស់ដែរ ព្រោះបន្ទាប់ពីគេអានចប់ត្រូវបន្សល់ការជាប់ចិត្តដិតអារម្មណ៍សម្រាប់គេ នាពេលឈប់អានសៀវភៅយើង(មិនមែនមានន័យថា វគ្គដទៃមិនសំខាន់ទេ តែវគ្គកណ្តាលរឿងអាចអន់បន្តិចជាងវគ្គទាំងពីរ តែបើល្អដូចគ្នាជាការពិសេសបំផុត)
- ដំណើរសាច់រឿងអាចចៀសឲ្យផុតពីការបង្កភាពធុនទ្រាន់ដល់អ្នកអាន គឺសាច់រឿងត្រូវតែបង្កបញ្ហាឡើងៗ តឹងតែងឡើងៗមិនធូរស្រាលទេ។
- បង្កើតចម្ងល់ឬបញ្ហាជាបន្តបន្ទាប់ ជាបញ្ហាតូចៗតែត្រូវមានបញ្ហាធំមួយដែលនឹងត្រូវស្រាយនៅពេលដែលបញ្ចប់រឿងតែប៉ុណ្ណោះ។ រាល់ចម្ងល់ឬបញ្ហាតូច កុំដោះស្រាយភ្លាមៗបន្ទាប់ពីចងបញ្ហា(បើជារឿងមានទំហំ៣០០ទំព័រ ត្រូវចងបញ្ហាទី១នៅទំព័រទី៤ឬទី៥ នឹងត្រូវស្រាយនៅទំព័រទី៤០យ៉ាងតិច មិនមែនចងបញ្ហានៅតំព័រទី៤ឬទី៥ រួចស្រាយនៅទំព័រទី១០ឬទី១៥នោះទេ។
- ចម្ងល់មួយហើយមួយទៀត បង្កើតមួយហើយបង្កើតមួយទៀតជាបន្តបន្ទាប់។
- (តួ) បើអាចចៀសវាងបានកុំបង្កើតតួច្រើនពេក
- រាល់គ្រប់តួអង្គរងទាំងអស់ ត្រូវតែមានទំនាក់ទំនងជាមួយតួឯកជាចាំបាច់
- សកម្មភាពតួរងមិនត្រូវឲ្យមានទំហំស្មើតួឯកទេ។ ចំណុចគុណសម្បត្តិរបស់តួរង ចាំបាច់ត្រូវអន់ជាងតួឯក។
- បុគ្គលិកលក្ខណៈតួនីមួយៗ ត្រូវតែកំណត់ឲ្យច្បាស់(កាច ចិត្តល្អ មានល្បិច ស្លូតត្រង់…) បើមានការផ្លាស់ប្តូរលុះត្រាតែមានការជួបនឹងហេតុការណ៍ធំណាស់ក្នុងជីវិត
- ឈ្មោះតួអង្គគួរជាខ្មែរ(គំនិតអ្នកស្រី) ហើយគិតពីបរិយាកាសរបស់តួដែលរស់នៅ ឧ. អ្នកស្រែមិនមែនឈ្មោះ បុប្ផាទេវីទេ។
(ឃ).
- សរសេរពីពេលវេលាឲ្យច្បាស់ ឧ. ស្រូវទុំខែណា ភ្លៀងធ្លាក់ខែណា រៃយមថ្មើរណា ផ្កាណាគ្រីក្រអូបពេលណា
- ពាក្យនិយាយត្រូវសរសេរឲ្យត្រូវតាមសម័យកាល
- សម្ភារៈប្រើប្រាស់ ខោអាវ ឈ្មោះស្រុកភូមិ ឲ្យត្រូវសម័យកាល
- បើសរសេរពីជំនាញអ្វី ត្រូវស្រាវជ្រាវជំនាញនោះ ឧ. ច្បាប់ ពេទ្យ អេដស៍…
- ត្រូវស្គាល់ពីពិធីបុណ្យប្រពៃណីជាតិ បុណ្យអន្តរជាតិ ។ល។
- ត្រូវសរសេររឿងកុំឲ្យហួសពីជីវិតពិតពេក បើជារឿងតថភាព។
ក្រោយពីបានសិក្សាស្វែងយល់ពីសិល្ប៍វិធីតែងនិពន្ធរបស់អ្នកស្រី ប៉ាល់ វណ្ណារីរក្ស រួចមក ខ្ញុំសង្ឃឹមថាបណ្តាប្រិយមិត្តដែលចាប់អារម្មណ៍នឹងការសរសេររឿងខ្លីៗឬប្រលោមលោកនោះ ពិតជាបានយល់ជ្រាបច្បាស់ពី បែបបទមួយចំនួនដែលយើងត្រូវអនុវត្តតាមក្នុងការសរសេររឿង។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធម្នាក់ៗតែងតែមានយុទ្ធសាស្ត្រពិសេសដោយឡែកផ្ទាល់ខ្លួន ដែលគ្មាននរណាអាចមកកែប្រែ ឬបង្គាប់អ្នកនិពន្ធរូបនោះឲ្យផ្លាស់ប្តូរសិល្ប៍វិធីដែលជាអត្តសញ្ញាណរបស់ខ្លួនបានឡើយ។
អ្នកស្រីប៉ាល់ វណ្ណារីរក្ស និង បទពិសោធន៍និពន្ធ(១) ខែ កុម្ភៈ 7, 2009
Posted by ផ្កាយNovels in អ្នកនិពន្ធខ្មែរ.4 comments
អ្នកស្រីប៉ាល់ វណ្ណារីរក្ស គឺជាអ្នកនិពន្ធខ្មែរម្នាក់ ដែលមានឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ក្នុងការតាក់តែងនិពន្ធ មិនធម្មតាឡើយ។ នៅតាមទីផ្សារលក់សៀវភៅនានា សៀវភៅអ្នកស្រី ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់ និង មានអ្នកអាននិយមទិញច្រើនជាងគេ។ តាមការធ្វើស្ថិតិផ្ទាល់មាត់ជាមួយអ្នកអាន ក៏ដូចជាអ្នកលក់សៀវភៅទូទៅ ស្នាដៃរបស់អ្នកស្រីអាចស្ថិតនៅក្នុងលំដាប់ទី២ បន្ទាប់ពីអ្នកស្រី ម៉ៅ សំណាង។ នេះបើនិយាយពីសៀវភៅប្រលោមលោក ដែលមានអ្នកអានច្រើនជាងគេ និងលក់ដាច់ជាងគេ ក្នុងទីផ្សារសៀវភៅនៅកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់មានតួរលេខច្បាស់លាស់ណាមួយ ស្តីអំពីភាពខុសគ្នានេះដែរ។
ដើម្បីស្វែងយល់ពីជីវិតនិពន្ធរបស់អ្នកស្រី ក៏ដូចជាបទពិសោធន៍ល្អៗក្នុងការតាក់តែងរឿង ជូនចំពោះអ្នកនិពន្ធវ័យក្មេង ដែលចង់សិក្សាស្រាវជ្រាវ ពីការងារនេះ អាចម៍ផ្កាយសូមបង្វែរអារម្មណ៍មិត្តអ្នកអាន មកជួបជាមួយអ្នកស្រី តាមរយៈជីវប្រវត្តិ និងបទពិសោធន៍ ក្នុងការសរសេរប្រលោមលោកដូចខាងក្រោម។
I. ប្រវត្តិរូបសង្ខេប
-ឈ្មោះ ប៉ាល់ វណ្ណារីរក្ស
-ភេទ ស្រី
-ឆ្នាំកំណើត ២៣ ខែ វិច្ឆិកា ឆ្នាំ១៩៥៤
-ស្រុកកំណើត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង
-មុខរបរ អ្នកនិពន្ធ និង ជាមន្ត្រីនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ
-អាសយដ្ឋាន ផ្ទះលេខ១៦ អឺហ្សេរ៉ូ ផ្លូវលេខ ៤១០ សង្កាត់បឹងត្របែក ខណ្ឌចំការមន
-ទូរស័ព្ទ ០១២ ៨៨ ៣០ ១០ / ០១១ ៣០ ២០ ៣៨
-ស្ថានភាពគ្រួសារ មេម៉ាយ(មានកូន៣នាក់) ប្រុស២ ស្រី១

អ្នកស្រីប៉ាល់វណ្ណារីរក្ស ក្នុង ឱកាសទទួលរង្វាន់ស៊ីរ៉ៃនៅប្រទេសថៃ
· ការសិក្សា
-១៩៦៨-១៩៧៤ បញ្ចប់មធ្យមសិក្សាភាគទី២(BacII)
· បទពិសោធន៍
-១៩៦៩ និពន្ធប្រលោមលោក១រឿង «រឿងឯណាទៅស្នេហ៍ខ្ញុំ»
-១៩៨៥-២០០៦ និពន្ធប្រលោមលោក ១០៥រឿង
កំណាព្យ ២៥អត្ថបទ
អត្ថបទចម្រៀង ២២៥បទ
អត្ថបទវីដេអូ ៣១រឿង
អត្ថបទវីដេអូភាគ ១១រឿង(២៧៥ភាគ)
សរសេរប្រវត្តិមនុស្សសំខាន់ៗ ៤នាក់
អត្ថបទរឿងល្ខោន ១រឿង
សរសេរអត្ថបទស្រាវជ្រាវ «ស្ថានភាពអ្នកនិពន្ធប្រលោមលោក និង អ្នកនិពន្ធភាពយន្ត ឬវីដេអូខ្មែរ» សម្រាប់ចូលរួម ក្នុងសន្និសីទជាតិស្តីពីការអភិរក្សអភិវឌ្ឍន៍វប្បធម៌ និងសិល្បៈខ្មែរលើកទី២ នៅរាជបណ្ឌិត្យសភាកម្ពុជា។
· ស្នាដៃសំខាន់ៗ
-រឿងរនោចផុតហើយ រង្វាន់លេខ១ ឆ្នាំ១៩៨៨
-រឿងជើងមេឃថ្មីនៃក្តីសង្ឃឹម រង្វាន់លេខ២ ឆ្នាំ១៩៨៨
-រឿងរលកឥតខ្យល់ រង្វាន់ពិសេស (មានលក្ខណៈល្អជាងលេខ១) ឆ្នាំ១៩៨៩
-រឿងភ្លៀងមួយមេ រង្វាន់ពិសេស (មានលក្ខណៈល្អជាងលេខ១) ឆ្នាំ១៩៨៩
-រឿងបំភ្លេចមិនបាន រង្វាន់លេខ១ ឆ្នាំ១៩៩៥
-រឿងបើផ្កាមានទឹក រង្វាន់លេខ៣ ឆ្នាំ២០០០
-រឿងស្ត្រី និងទីលំនៅ រង្វាន់លេខ១ ឆ្នាំ២០០១ (ល្ខោននិយាយ)
· ស្នាដៃដែលទទួលការបកប្រែជាភាសាបរទេស
-៩អត្ថបទកំណាព្យ បកប្រែជាភាសាស៊ុយអែត
-៤អត្ថបទកំណាព្យ បកប្រែជាភាសាជប៉ុន
-៤អត្ថបទចម្រៀង បកប្រែជាភាសាជប៉ុន
-រឿងរនោចផុតហើយ បកប្រែជាភាសាជប៉ុន
-រឿងបំភ្លេចមិនបាន បកប្រែជាភាសាថៃដើម្បីសរសេរជាសារណាសម្រាប់និស្សិតថៃបញ្ចប់ថ្នាក់អនុបណ្ឌិត អក្សរសាស្រ្តខ្មែរ និង កំពុងបកប្រែជាភាសាបារាំង
-អត្ថបទចម្រៀង ១បទ បកប្រែជាភាសាអង់គ្លេស
· ការងារបរទេស
-១៩៩៧ សហការជាមួយអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដើម្បីទៅប្រទេសថៃ ក្នុងការផលិតខ្សែវីដេអូ អំពីការជួញដូរស្ត្រី និងកុមារ
-២០០២ ចូលរួមមហោស្រពកំណាព្យពិភពលោក នៅប្រទេសស៊ុយអែត ២០០២
-២០០៣ ទទួលការអញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធីកម្រងឧទ្ទេសនាម អ្នកអក្សរសិល្ប៍នៅអាស៊ី (Asian Writers Lecture Series) នៅថ្ងៃទី ៣១ ខែ ១០ ឆ្នាំ ២០០៣។
-០៤.១០.០៦ ទទួលរង្វាន់អ្នកនិពន្ធក្របខណ្ឌអាស៊ាន(The SEA Writer Award) នៅប្រទេសថៃ។
· សកម្មភាពផ្សេងៗ
-១៩៩៤-១៩៩៥ សមាជិកស្ថាបនិក និងធ្លាប់ជាអនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ
-១៩៩៦ ចូលរួមសរសេរលក្ខន្តិកៈ និងជាអគ្គលេខាធិការសមាគម អ្នកភាពយន្ត និងវីដេអូខ្មែរ
-២០០២-សព្វថ្ងៃ សមាជិកស្ថាបនិកនៃសមាគមអក្សរសិល្ប៍កម្ពុជា-ស៊ុយអែត
-២០០៣-២០០៤ គណៈកម្មាធិការហិរញ្ញវត្ថុ នៃសហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅ កម្ពុជា
-២០០៣ គណៈកម្មាធិការកំណែករប្រឡងប្រលោមលោកស្តីពីរបបកម្ពុជាប្រជាធិបតេយ្យនៃ មជ្ឈមណ្ឌលឯកសារកម្ពុជា
-២០០៤-សព្វថ្ងៃ គណៈកម្មាធិការរដ្ឋបាល នៃសហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅកម្ពុជា
-២០០៤-២០០៥ គណៈកម្មធិការកំណែរឿងខ្លីនៃសមូហកម្មអក្សរសិល្ប៍នូហាច
-២០០៦-សព្វថ្ងៃ ស្នងការគណនេយ្យ នៃសមាគមអ្នកនិពន្ធខ្មែរ។
សូមរង់ចាំអានបទពិសោធន៍របស់អ្នកស្រីក្នុងការនិពន្ធប្រលោមលោកបន្តទៀត!!!
«កតញ្ញូ និង វណ្ណលី» ខែ កុម្ភៈ 2, 2009
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, ភាពយន្តវីដេអូ, អ្នកនិពន្ធខ្មែរ.1 comment so far
ខ្ញុំមិនដឹងថា ការដែលផលិតកម្មខេមប្រូបញ្ជាក់ថា រឿង«កតញ្ញូ» ជារឿងជីវិតពិតរបស់កុមារី សុខ ច័ន្ទមល្លិកានោះ គឹជាការពិតឬគ្រាន់តែជាការបន្លំភ្នែកទស្សនិកជននោះទេ ព្រោះមានរឿងមួយទៀតដែលផលិតកម្មនេះចម្លងមកពីរឿងថៃដែរនោះ ក៏បានបញ្ជាក់ថាជារឿងពិតរបស់ខ្មែរនៅខេត្តបាត់ដំបងនាអំឡុងឆ្នាំ១៨០០ផងដែរ។ នោះគឺរឿង«នាងនាថ» ដែលយកលំនាំតាមរឿង«នាងណាត»របស់ថៃ។ ប៉ុន្តែតាមការបញ្ជាក់ប្រាប់របស់ប្រិយមិត្តយើងម្នាក់ គឺបងចាន់រឿយ គាត់បានប្រាប់ថាគាត់ធ្លាប់មើលរឿងកតញ្ញូនេះតាំងពីសង្គមចាស់ម្ល៉េះ ដូច្នេះតើថៃឬ ដែលជាអ្នកលួចចម្លងយើង? ម្យ៉ាងនៅពេលដែលផលិតកម្មខេមប្រូចាប់ផ្តើមថតរឿង«កតញ្ញូ»នេះដំបូង មានសារព័ត៌មានជាច្រើនបានចុះផ្សាយពីកុមារីសុខ ច័ន្ទមល្លិកា ដែលជាតួអង្គពិតរបស់រឿងកតញ្ញូ។ នៅពេលនោះខ្ញុំផ្ទាល់ក៏បានតាមដានរឿងរ៉ាវរបស់កុមារីនេះ ព្រមជាមួយសកម្មភាពថតរឿងរបស់ផលិតកម្មខេមប្រូដែរ។
កាលនោះខ្ញុំបានអានទស្សនាវដ្តីប្រជាប្រិយ គេនិយាយថា ឪពុករបស់មល្លិកាមិនមែនជាមនុស្សល្អដូចសាច់រឿងទេ ឪពុកនាងជាទាហាននិងចូលចិត្តផឹកស្រាស្រវឹងវាយបាបប្រពន្ធកូនរាល់ថ្ងៃ។ ជីវិតពិត ម្តាយនាងមិនទាន់ស្លាប់ទេ គឺគ្រាន់តែកំពុងដេកឈឺនៅលើកន្ទេលប៉ុណ្ណោះ។ តាមទស្សនាវដ្តី គេបានថតរូបនាង ម្តាយនាង និង នាយកសាលា បង្ហាញដែរ។ បើខ្ញុំចាំមិនច្រឡំទេ ខ្ញុំឃើញទាំងអ្នកស្រីម៉ៅ សំណាង កំពុងសម្ភាសន៍ពីជីវិតនាងទៀត។ ត្រង់ចំណុចនេះហើយដែលនៅ ជាបញ្ហាដែលថា តើរឿង«កតញ្ញូ»នេះ មានចំណែករបស់អ្នកស្រី ម៉ៅសំណាង ឬមួយក៏អត់។ នេះគឺជាប្រវត្តិខ្លះៗដែលនិយាយពី ជីវិតពិតរបស់តួអង្គ«កតញ្ញូ»ខ្មែរ(ខ្វះឯកសារស្រាវជ្រាវ) តទៅនេះគឺជាប្រវត្តិរបស់វណ្ណលី តួអង្គ«កតញ្ញូ»ថៃ។

សៀវភៅ ដែល ចុះ ផ្សាយ ពី ភាព កតញ្ញូរបស់ វណ្ណលី
តាមសៀវភៅប្រលោមលោកពីជីវិតពិតរបស់វណ្ណលី ក្មេងស្រីតោកយ៉ាកកំពូលកតញ្ញូដែលធ្វើឲ្យមាតារាប់លាននាក់ស្រក់ទឹកភ្នែកនោះ បានធ្វើឲ្យខ្ញុំស្គាល់ឈ្មោះពេញរបស់នាង។ នាងមានឈ្មោះថា«វណ្ណលី នរង្គវេទយ៍» (วัลลี ณรงค์เวทย์) កើតនៅផ្ទះលេខ៣៧ ក្រុមទី៥ ឃុំបានប្រុក ស្រុកមឿង ខេត្តសាមុតសុងក្រាម។ ម្តាយនាងឈ្មោះថា វិល័យ នរង្គវេទយ៍ (วิไล ณรงค์เวทย์) ចំណែកឪពុកឈ្មោះ មាណព នរង្គវេទយ៍ (มานพ ณรงค์เวทย์) ទាំងអស់គ្នាមានរបរស៊ីឈ្នួលគេ(ឪពុកស៊ីឈ្នួលបេះផ្លែដូង, ម្តាយស៊ីឈ្នួលលក់ការ៉េម)។
នៅពេលដែលឪពុករបស់នាងបាត់បង់ការងារធ្វើ និងស្វះស្វែងរកការងារផ្សេងទៀតធ្វើមិនបានឪពុកនាងក៏គេចទៅបួសបាត់ទៅ។ ចំណែកវិល័យ នរង្គវេទយ៍ ម្តាយរបស់នាង ដោយសារធ្វើការធ្ងន់ធ្ងរនិងបូមឈាមលក់ច្រើនពេក ក៏ធ្លាក់ខ្លួនទៅជាពិការខ្វិនខ្វង់(ស្លាប់មួយចំហៀងខ្លួន) ហើយក៏ទទួលមរណភាពនៅថ្ងៃទី១៩ ឧសភា ១៩៨២។
នៅពេលដែលជីវិតរបស់កុមារីវណ្ណលី ស្ថិតនៅក្នុងសភាពគ្មានទីពឹង អ្នកគ្រូ ស្វាង ចន្រ្ទចម្រើន (ครูสว่าง จันทร์เจริญ) ក៏ក្លាយជាអាណាព្យាបាលថ្មីរបស់នាង។ វណ្ណលីអាចបន្តការសិក្សាបានដោយសារប្រាក់ឧបត្ថម្ភ ដែលសប្បុរសជនបរិច្ចាគចំពោះភាពកតញ្ញូរបស់នាង។ មិនតែប៉ុណ្ណោះនាងបានទទួលរង្វាន់ជីវិតជាច្រើន ពីមជ្ឈដ្ឋាននានា រហូតបានទទួលរង្វាន់ពីរាជបុត្រីស្តេចថៃថែមទៀត។ នៅឆ្នាំ១៩៨៥ រឿងរ៉ាវជីវិតរបស់នាងក៏ត្រូវបានផលិតកម្ម ផលស្យាមភាពយន្តយកមកថត ជាខ្សែភាពយន្តជីវិតពិត។

វណ្ណលីពិតនិង អ្នកគ្រូស្វាង ចន្រ្ទចម្រើន
ដោយសារភាពកតញ្ញូរបស់ខ្លួន វណ្ណលីអាចបន្តការសិក្សាបានខ្ពស់បន្តទៀត តាមតែចិត្តខ្លួនចង់។ នាងរៀនរហូតបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យបច្ចេកទេសសាមុតសុងក្រាម ហើយបានចូលបម្រើការងារនៅធនាគារថៃពាណិជ្ជ សាខាខេត្តសាមុតសុងក្រាម។ ឆ្នាំ១៩៩២ វណ្ណលីបានរៀបការជាមួយលោក ថៈណាផ័តន៍ ប៊ុនសេង (ธนพัฒน์ บุญเส็ง) ដែលជាតម្រួតដ៏មានយសសក្តិម្នាក់។
ក្រោយពីធ្វើការនៅធនាគារថៃពាណិជ្ជបាន៨ឆ្នាំ វណ្ណលីក៏បានលាឈប់ពីការងារ ហើយប្តូរមុខរបរមកបើកហាងលក់អង្ករ ក្រោយមកក៏លក់អាហារសមុទ្រ និង ឆ្លៀតលក់គុយទាវនៅ ពេលល្ងាចទៀត។ សព្វថ្ងៃ(២០០៩)វណ្ណលីមានអាយុ៤១ឆ្នាំហើយ និងមានកូនចំនួន០២នាក់ ប្រុសម្នាក់ស្រីម្នាក់។

វណ្ណលី ក្នុងវ័យ ចំណាស់









