jump to navigation

ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ខែ មិថុនា 24, 2008

Posted by អាចម៍ផ្កាយ in ប្រវត្តិសាស្ត​.
47 comments

ប្រាសាទ​ព្រះ​វិហារ​ជា​បូជនីយ​ដ្ឋាន​ដ៏​វិចិត្រ​មួយ​ ដែល​ស្ថិត​នៅ​យ៉ាង​ខ្ពស់ត្រដែត​លើ​ខ្ពង់​រាប​ស្មើ នៃ​ភ្នំ​ដង​រែក​ក្នុង​ខេត្ត​ព្រះ​វិហារ។​ប្រាសាទ​ព្រះ​វិហារ​បាន​សាង​ឡើង​ដំ​បូង​បង្អស់​ដោយ​ ព្រះ​បាទ​យសោវរ្ម័ន​ក្នុង​ចុង​សតវត្ស​ទី​៩។ លក្ខណៈ​គ្រប់​បែប​នៃ​ប្រាសាទ​នេះ​ តាំង​ពី​ទម្រង់​ផែន​ការ​ របៀប​សំណង់​​ ឬ​ក្បូរ​ក្បាច់​រចនា​ផ្សេងៗ​ ជា​របស់​សិល្បៈ​ខ្មែរ​សុទ្ធ​សាធ​ សូម្បី​នៅ​តាម​សិលាចារឹក​ក៏​ឃើញ​តែ​អក្សរ​ខ្មែរ​ និង​សំស្ក្រឹត​ប៉ុណ្ណោះ។ ភស្តុតាង​ទាំង​នេះ បាន​បញ្ជាក់​យ៉ាង​ប្រត្យក្សថា «ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ពិត​​​ប្រាកដ»

សម័យ​អាណា​និគម​បារាំង ប្រាសាព្រះវិហារ​បានធ្លាក់​ក្រោមការ​ត្រួតត្រា​ របស់​​ប្រទេស​សៀម​ទៅ​វិញ រហូ​ត​​ខ្មែរ​​​​យើង​បាន ឯករាជ្យ​ហើយ ក៏នៅ​តែ​ពុំ​ទាន់​មកឲ្យវិញដែរ។​ ជាងនេះ​ទៅទៀតសៀមបានប្រើឧបាយមិច្ឆាចារ​ រំលោភបំពានដោយ​ប្រកាន់​ថាជារបស់ខ្លួន។ ទើបតែ​ក្នុង​ឆ្នាំ១៩៦២ដោយមានតុលាការអន្តរជាតិវិនិច្ឆ័យជា​ឯកច្ឆន្ទថា «ប្រាសាទ ព្រះវិហារ ជារបស់ ខ្មែរ»

ដំណឹងដ៏សែនរីករាយនេះ បានធ្វើឲ្យខ្មែរទាំងអស់​ក្រោកឡើង ស្រែកជ័យ​ឃោសអបអរសាទរទទួល​ប្រាសាទ​នេះ​ ដែល បាន វិល​​ត្រលប់​មក​ជា​សម្បត្តិរបស់​ខ្មែរ​ដូចដើម​វិញ។ ដើម្បីជាសក្ខីភាព សម្តេច​ព្រះ​ប្រមុខរដ្ឋ ទ្រង់​យាង​ទៅធ្វើទស្សនកិច្ចជា​ផ្លូវការ​នៅ​​ប្រាសាទ​ព្រះវិហារ​ ជា​និមិត្តរូប​នៃមរតក​ជាតិ​ខ្មែរ នៅថ្ងៃ​ទី៥ ខែមករា ឆ្នាំ​១៩៦៣

អក្សរថៃត្រូវបានលុបចោល(វាត្រូវតែចឹង :-P )

ថ្ងៃ​ទី១៦ មករា ឆ្នាំ២០០៣ មានព្រឹត្តិ​ការណ៍សំខាន់​មួយគឺ ការរឹតចំណង​សម្ព័ន្ធមេត្រីភាព រវាង​រាជធានីភ្នំពេញ​ជាមួយ​ខេត្ត​ព្រះវិហារ។ អ្នក​ផ្តួច​ផ្តើម​និង​ដោះស្រាយ​នូវ​បញ្ហានេះ​គឺ ឯកឧត្តម ជា សុផារ៉ា ប្រតិភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុក​រាជធានី​ភ្នំពេញ​​​ ដោយ​មានការអនុញ្ញាត​ពីសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនផង។ គោលការណ៍​សំខាន់​គឺអភិវឌ្ឍ​តំបន់​ប្រាសាទ​ព្រះវិហារ​​ ក៏ដូចជា​ខេត្តព្រះវិហារ​ឲ្យ​ក្លាយ​ជា​ តំបន់ទេសចរណ៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ដោះស្រាយ​ដោយ​ការ​ឧបត្ថម្ភ​គ្រប់​រូប​ភាព​ ទាំង​ស្មារតី​និង​សំភារៈដល់​រាស្ត្រ​តំបន់នោះ។

តែ​គួរ​​ឲ្យ​សោក​ស្តាយ ក្រោយ​កុបកម្ម​ដុត​ស្ថានទូត​ថៃនាថ្ងៃ​ទី២៩ មករា ២០០៣ បានធ្វើឲ្យ​ឯកឧត្តមជា សុផារ៉ា ត្រូវ​គេ​ដក​ចេញ​ពីតំណែង ហើយគម្រោង​អភិវឌ្ឍតំបន់ព្រះវិហារ​ ក៏​ត្រូវ​បានបញ្ចប់​តាំង​ពីពេលនោះ​មក។

យុទ្ធសាស្រ្ត​របស់​ស្មេរ​(ត) ខែ មិថុនា 22, 2008

Posted by អាចម៍ផ្កាយ in រៀននិពន្ធរឿង.
add a comment

អានភាគមុន

២. សរសេរដោយសេរី(Free writing)

សរសេរ​ដោយ​សេរី​នេះ​ ស្រដៀង​គ្នា​នឹង​ឧយ្យោជន៍​ដែរ​ វា​គឺ​ជា​វិធី​សាស្ត្រ​មួយ​សម្រាប់​កំចាត់​នូវ​ភាព​ទាល់​ច្រក​ ភាព​គាំង​ស្តូក​ មិន​ដឹង​និយាយ​អំពី​អ្វី​។ វិធី​នេះ​គឹ​យើង​ត្រូវ​សរសេរ​ ដោយ​ឥត​ឈប់​ក្នុង​រយៈពេល​ពី​១៥ទៅ​២០នាទី ដោយ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​សំណេរ​របស់​យើង​វាមាន​លក្ខណៈជាឃ្លា​ ជា​ល្បះ ជា​អត្ថបទ។​ វាខុស​ពី​Brainstoming ព្រោះ​ថាBrainstoming គឺ​ជា​ការ​សរសេរ​បញ្ជី។ ក្នុង​ការ​សរសេរ​ដោយ​សេរី​នេះ​ ក៏​យើង​មិន​ចាំ​បាច់​ត្រូវ​ គិត​អំ​ពី​វេយ្យាករណ៍​ ឬ​ក៏​អក្ខរាវិរុទ្ធ​ឡើយ​ ឬ​ក៏​ថា​វា​ត្រឹម​ត្រូវ​តាម​រចនាបថ​ក៏​ទេ​ដែរ​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​សំណេរ​របស់​យើង​នេះ​ វាហូរ​ចាប់​រហូត​នៅ​លើ​ក្រដាស​។ ការ​សរសេរ​ដោយ​សេរី​វា​អាច​បំ​ភ្លឺ​គំនិត​របស់​យើង​ឲ្យ​ឃើញ​ថា​ តើ​យើង​មាន​អ្វី​ខ្លះ​ត្រូវ​សរសេរ​ ហើយ​វា​អាច​បំ​ផុស​ឲ្យ​ចេញនូវ​គំនិត​ ដែល​យើង​ចង់​សរសេរ​។

ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​ដែល​យើង​អាច​អនុវត្តៈ

ក. សរសេរ​មួយ​ល្បះ​ ឬ​ពីរ​ល្បះ​នូវ​គំនិត​ដែល​យើង​ចង់​ពង្រី​ក។

ខ. យើង​ត្រូវ​ព្យាយាមសរសេរ​ឲ្យ​បាន​រយៈពេល​១០នាទី គឺ​ត្រូវ​សរសេរ​ឲ្យ​អស់​នូវ​អ្វី​ដែល​មាន​ក្នុង​គំនិត​របស់​យើង​។ ទោះ​បី​ជា​យើងគ្មានគំនិត​អ្វី​ ដែល​ត្រូវ​នឹង​ប្រធាន​បទ​ក៏​ដោយ ក៏​យើង​អាច​សរសេរ​ថា​ ខ្ញុំ​មិន​ចង់​សរសេរ​អំពី​អ្វី​ទេ ព្រោះថា​ខ្ញុំ​គ្មាន​អ្វី​នឹង​និយាយ​» ប្រសិនបើយើងគ្មានគំនិត​ចូរ​សរសេរ​ថា​ ខ្ញុំ​គ្មាន​គំនិត​ទេ ខ្ញុំ​គ្មាន​យោបល់​ទេ ខ្ញុំ​មិនដឹង​បន្ត​ទៅ​ណា​ទៀត​ទេ» យើង​​សរសេរ​បែប​នេះ​ រហូត​ដល់​គំនិត​ថ្មី​វាបានផុសឡើង រួចទើប​យើង​ចាប់​ផ្តើមស​រសេរ​វាបន្ត​ទៅទៀត។

គ. កុំ​ចាប់​ពិរុទ្ធ​ខ្លួន​ឯងៈ នៅ​ពេល​ដែល​យើង​ ចាប់​ផ្តើម​សរសេរ​ទោះបី​ជា​ វាសរសេរ​ខុស​ក៏​យើង​ពុំ​ត្រូវគូសឬ​ខ្វែង​ចោល​ដែរ​ ហើយ​ទោះជា​ពេល​សរសេរ​ គំនិត​របស់​យើង​នៅខ្វះ​ចន្លោះ វាមិនអី​ទេ​ គឺ​វាអច​ជួស​ជុល​បាន នៅ​ពេល​ដែល​យើង​អាន​វាឡើង​វិញ​ ហើយ​ពាក្យ​ណាដែល​ស្រពិចស្រពិល យើងអាចដាក់សញ្ញាសួរ​?» ដើម្បី​ងាយ​ស្រួល​ពិនិត្យ។

ឃ. ត្រូវមានអារម្មណ៍ដោយសេរី​ ក្នុងការរុករកគំនិត​។ ប្រយោគដែល​យើង​សរសេរ ទោះបី​ជាមាន​ភាពរដិប​រដុប​​ខ្លះ ក៏វាពុំ​មែន​ជាឧបសគ្គ សម្រាប់រារាំងគំនិត​របស់​យើងឡើយ។ អ្នកនិពន្ធ​ខ្លះ​គិត​ថា​ គេអាច​ចំនាយ​ពេល​២ឬ៣នាទី ដើម្បីគិតបណ្តើរៗ នៅពេលដែលគេកំពុងសរសេរ។

ចំណុចទី៣ ដែលយើងត្រូវលើកមកនិយាយ គឹការរក្សាទុកនូវកំណត់ត្រាទាំងឡាយ។

នៅមានត…

«អមរាវត្តី»វណ្ណកម្មល្អឯករបស់លោកគង្គប៊ុនឈឿន ខែ មិថុនា 19, 2008

Posted by អាចម៍ផ្កាយ in ប្រលោមលោក, សៀវភៅល្អៗ.
9 comments

«អមរាវត្តី» គឺ​ជា​ប្រលោមលោកតាម​លំនាំ​ប្រវត្តិសាស្រ្ត​ ដែល​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក​គង្គ ប៊ុនឈឿន វរអ្នក​និពន្ធ​ខ្មែរ​ដ៏​ល្បីល្បាញ។

«អមរាវត្តី» មិន​មែន​ជា​ប្រលោមលោក​ពាក្យ​រាយ​ធម្មតា​នោះទេ​ តែ​ជា​ប្រលោម​លោក​ដែល​សរសេរ​ជា​កំណាព្យ​កាព្យ​ឃ្លោង​ ពិរោះ​ណែង​ណង​តាំង​ពី​ដើម​ដល់​ចប់​។

«អមរាវត្តី» ឆ្លុះ​បញ្ចាំងពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​នា​សម័យ​លង្វែក ដែល​កាល​នោះ​ខ្មែរ​បាន​ចាញ់​សង្គ្រាម​ជា​មួយ​សៀម​ ហើយ​ត្រូវ​សៀមចាប់​កៀរ​​ប្រជាជន​ អ្នក​ប្រាជ្ញ ទ្រព្យ​សម្បត្តិ​ ក្បួន​ច្បាប់​សាស្ត្រា​ និង​សិល្បៈវប្បធម៌ពីខ្មែរទៅ​យ៉ាង​ច្រើន​។

[...]ជា​រឿង​ព្រាត់​ប្រាស់​កំសត់​ស្នេហ៍

តាម​ប្រវត្តិ​ខ្មែរ​ពិត​ជាក់​ស្តែង

សូម​ញាតិ​អភ័យ​កវី​ថ្លែង

ពាក្យ​ពិត​ចារ​ចែង​ក្រែង​មិន​សម។

ឆ្នាំ​នេះ​ជា​ឆ្នាំ​ពីពាន់​មួយ

ចិត្ត​ខ្ញុំ​រញ្ជួយ​ព្រួយ​ក្រៀម​ក្រំ

នឹក​ស្រុក​នឹក​ទេស​និវេសន៍​គមន៍

ដោយ​សារ​ខ្លួន​ខ្ញុំ​ព្រាត់​ឃ្លាត​ឆ្ងាយ​។

ភ្លៀងធ្លាក់​រ៉ែ​ៗ​ខែ​មិថុនា

ទាញ​ស្លាបប៉ាកកា​មក​អធិប្បាយ

នាថ្ងៃ​ទី​ដប់​រៀបរាប់​ស្តាយ

នឹក​ញាតិ​មិត្ត​ឆ្ងាយ​ម្ខាង​ព្រំ​ដែន​។[...]

និយា​យ​តាម​ត្រង់​ ខ្ញុំ​មិន​សូវ​ជា​ចូល​ចិត្ត​អាន​ ប្រលោមលោក​បែប​កំណាព្យ​ប៉ុន្មាន​ទេ ព្រោះ​វា​ពិបាក​យល់​។ តែ​សម្រាប់ «អមរាវត្តី»មិន​ដូច្នោះ​ទេ​ អ្នក​និពន្ធ​បាន​សរសេរ ​ប្រកប​ដោយ​ទឹក​ដៃ​ និង​សិល្បិវិធី​ខ្ពស់​ ធ្វើ​ឲ្យ​អ្នក​អាន​ជក់​ចិត្ត​ងាយ​យល់​ អាន​ហើយ​មិន​ចង់​ឈប់​ ជាក់​ស្តែង​សម្រាប់​ខ្ញុំ​ផ្ទាល់​ គឺ​អាន​ភ្លេច​បាយ​ភ្លេច​ទឹក​ អាន​រហូត​ទាល់​តែ​ចប់​ក្នុង​រយៈពេលតែ​​មួយ​ថ្ងៃ​។

កាល​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ ក្របនិង​ចំណង​ជើង​រឿង​នេះ​បាន​ទាក់​ទាញ​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង​ តែ​នៅ​ពេល​ខ្ញុំ​បើក​មើល​ខាង​ក្នុង​ ឃើញ​សរសេរ​ជា​កំណាព្យ​ ខ្ញុំ​ក៏​លែង​ចង់​អាន​ភ្លាម។ រហូត​ដល់​ពេល​មួយ​… គឺ​ពេល​ដែល​ខ្ញុំ​ឮ​អ្នក​ដែល​បាន​អាន​រឿង​នេះ​ នាំ​គ្នា​សរសើរ​តៗ​គ្នា​ពី​វណ្ណ​កម្ម​ឯក​នេះ​​ ទើប​ខ្ញុំ​ទៅ​រក​មើល​សៀវ​ភៅ​នេះ​មក​អាន​វិញ។

សូម​បញ្ជាក់​ថា​ ទឹក​ដៃ​ក្នុង​ការ​សរសេរ​កំណាព្យ​នេះ​ ពិត​ជា​ល្អ​មែន​ គឺ​ល្អ​មិន​ចាញ់​រឿង «ទុំទាវ»ប៉ុន្មាន​ទេ ហើយ​ខ្ញុំ​សង្ឃឹម​និង​ជឿជាក់​ថា​ មិន​យូរ​មិន​ឆាប់​រឿង «អមរាវត្តី» នឹង​ត្រូវ​បាន​ក្រសួង​អប់រំ​លើក​យក​ទៅ​បញ្ចូល​​ ក្នុង​កម្មវិធី​សិក្សាជាក់​ជា​មិន​ខាន។​ ប្រសិន​បើ​បង​ប្អូនណា​មិន​ទាន់​បាន​អាន​រឿង​នេះ​ ហើយ​​ចង់​ជ្រាប​ថា​ រឿង​នេះ​ល្អ​យ៉ាង​ណា​នោះ​ សូម​អញ្ជើញ​ទៅ​រក​ទិញ​យក​មក​អាន​ចុះ ព្រោះ​មាន​លក់​នៅ​គ្រប់​ទីកន្លែង​ ហើយ​តម្លៃ​ក៏​មិន​ថ្លៃ​ដែរ​។

នាដើម​សតវត្ស​ទី​ដប់​ប្រាំ​មួយ

លង្វែក​រញ្ជួយ​ដោយ​ភ្លើង​សង្គ្រាម

ខ្មាំង​ចូល​លុក​លុយ​ច្បាំង​បង្ហូរ​ឈាម

ខ្មែរ​ចាញ់​សង្គ្រាម​សៀម​កៀរ​ដូច​គោ។

គ្រិស្ត​សករាជ​មួយពាន់​ប្រាំ​រយ​ពីរ

នៅ​ស្រុក​គិរី​អមរិន្ទ្រ​បូរណ៍

ខេត្ត​កំពង់​ឆ្នាំង​ក្បែរ​ល្អាង​ភ្នំ​ពោធិ៍

មាន​ជាង​ឆ្លាក់​ថ្ម​ដ៏​ល្បី​ល្បាញ​ម្នាក់​។

នាម​​ឈ្មោះ​មានន្ទ​ប្រពន្ធ​ឈ្មោះ​ពៅ

ចរិយាត្រឹមត្រូវ​ដូច​ស្រី​គ្រប់​លក្ខណ៍

តាំង​ពី​បាន​គ្នារក​ស៊ី​កើន​ជាក់

នាង​ពៅ​ចេះ​លាក់​ទុក​ដាក់​សន្សំ​។

មាន​គោ​ក្របី​ដី​ចំការ​ស្រែ

ផ្ទះ​តូច​ក៏​ប្រែ​ក្លាយ​ជា​ផ្ទះ​ធំ

ព្រោះ​មានន្ទ​ល្បី​ល្បាញ​គ្រប់​ខេត្ត​ឃុំ

អ្នក​ជាវ​ចោម​ជុំ​មក​សុំ​ជួល​ឆ្លាក់​។[...]

បើ​មាន​ឱកាស​ខ្ញុំ​នឹង​ដាក់​ផ្សាយ​ជូន​ទាំង​អស់ ;-)

អាចរក​អាន​បាននៅ​ក្នុង​ប្លក់ លោកកូនខ្មែរ

ម្ចាស់​សំណេរ​មក​ពី​នាយ​សមុទ្រ ខែ មិថុនា 15, 2008

Posted by អាចម៍ផ្កាយ in អ្នកនិពន្ធ, អ្នក​និពន្ធខ្មែរ.
10 comments

អ្នកស្រី កែវ ច័ន្ទបូរណ៍ និង លោក ជា សំណាង ក្នុងកម្មវិធីសៀវភៅល្អៗ

ថ្វី​បើ​រស់​នៅ​សហរដ្ឋអាមេរិក​ ឆ្ងាយ​រាប់​ម៉ឺន​គីឡូ​ម៉ែត្រ​ពី​មាតុភូមិ​ក៏​ដោយ​ ក៏​បេះដូង​ អារម្មណ៍​ ចិត្ត​គំនិត​អ្នក​ស្រី​កែវ​ ចន្ទ​បូរណ៍​ នៅ​កៀក​កិត​ជិត​ប្រជាពលរដ្ឋ​​ខ្មែរ​ជានិច្ច​ ហើយ​ព្យាយាម​បញ្ជូន​អ្វី​ៗ​ទាំងអស់​នោះ​តាម​រយៈ​សំណេរ​ក្នុង​ប្រលោម​លោក​ និង​កំណាព្យ​មក​ទឹក​ដី​កំណើត​មិន​ឈប់ឈរ។ គិត​មក​ទល់​ពេល​នេះ​ក្នុង​រយៈពេល​៣​ឆ្នាំ​អ្នក​ស្រី​បា​ន​ផ្ញើ​ប្រលោម​លោក​ និង​កំណាព្យ​មក​បោះ​ពុម្ព​នៅ​កម្ពុជា​បាន​ចំនួន​១៧​ហើយ​ នេះ​មិន​ទាន់​គិត​ប្រលោម​លោក​ខ្លី​ និង​វែង​ អត្ថបទ​សិក្សា​ ព្រម​ទាំង​អត្ថបទ​កំណាព្យ​ ដែល​អ្នក​ស្រី​បាន​សរសេរ​ហើយ​ចែក​ផ្សាយ​នៅ​សហរដ្ឋអាមេរិក​ និង​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ខាវអ៊ីដាង​រាប់​សិប​ទៀត​ផង។ ដើម្បី​បាន​ស្គាល់​ច្បាស់​អ្នក​ស្រី​និង​ស្នាដៃ​ មជ្ឈមណ្ឌល​សម្លេង​ស្ត្រី​ខ្មែរ​បាន​ជួប​សម្ភាស​អ្នក​ស្រី​ពេល​អ្នក​ស្រី​មក​ ប្រទេស​ខ្មែរ​ និង​ជួប​ជា​មួយ​អ្នក​អាន​ស្នាដៃ​អ្នក​ស្រី​ ព្រម​ទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ទៀត​ផង។

ជា​ស្ត្រី​ខ្លាំង​ម្នាក់

“គេ​ច្រើន​និយាយ​ថា​មាន​តែ​បុរស​ទេ​ដែល​ធ្វើ​ការ​ខ្លាំង​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​អ្នក​ស្រី​កែវ​ ចន្ទ​បូរណ៍​ខ្លាំង​ជាង​បុរស​ទៅ​ទៀត ​ព្រោះ​គាត់​ធ្វើ​ការ​គ្រប់​៨​ម៉ោង​ហើយ​នៅ​តែ​មាន​ឱកាស​ឆ្លៀត​និពន្ធ​បាន​ រីឯ​ស្នាដៃ​នោះ​ទៀត​សោត ​ក៏​ច្រើន​ហើយ​មាន​គុណ​ភាព​ខ្ពស់ ​នេះ​មក​ពី​គាត់​សំបូរ​គំនិត​ហើយ​ចេះ​យក​គំនិត​ទាំង​នោះ​ទៅ​ច្នៃប្រឌិត​បាន​ យ៉ាង​លឿន ​ប្រកប​ដោយ​ទេពកោសល្យ​ទៀត​ផង” នេះ​ជា​សំដី​របស់​លោក​ ខូ​ តារាឬទ្ធិ​ នាយក​សមាគម​អក្សរសិល្ប៍​នូ​ហាច។ លោក​បន្ត​ទៀត​ថា​ អ្វី​ដែល​ធ្វើ​អោយ​លោក​សរសើរ​បំផុត​នោះ​គឺ​អ្នក​ស្រី​កែវ​ ចន្ទបូរណ៍​រស់នៅ​ឯ​បរទេស​សោះ ​តែ​អាច​សរសេរ​ពី​ស្រុក​ខ្មែរ​បាន​យ៉ាង​ល្អ។ ចំណែក​ឯ​និស្សិត​ រឿត​ សុខុន​ ដែល​កំពុង​រៀន​នៅ​ដេប៉ាម៉ង់​អក្សរ​ខ្មែរ​ មហា​វិទ្យាល័យ​មនុស្ស​ និង​ សង្គម​សាស្ត្រ​ក៏​បាន​សំដែង​ការ​សរសើរ​ដែរ​ថា ​អ្នក​ស្រី​មិន​ដែល​រៀន​ផ្នែក​អក្សរ​សាស្ត្រ​សោះ​តែ​អាច​សរសេរ​បាន​ល្អ។

វិជ្ជមាន​ហើយ​អហិង្សា

បើ​និយាយ​ពី​ឧត្ដម​គតិ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ជំរុញ​អោយ​អ្នក​ ស្រី​សរសេរ​ទាំង​លោក​ខូ​ តារាឬទ្ធិ​ ទាំង​និស្សិត​ដែល​បាន​អាន​ស្នាដៃ​អ្នក​ស្រី​លើក​ឡើង​ដូច​ៗ​គ្នា​ថា ​អ្នក​ស្រី​មាន​បំណង​ចង់​អប់រំ​សង្គម​ ជា​ពិសេស​ដាស់​តឿន​យុវជន​ និង​ស្ត្រី​អោយ​ក្លាហាន​ ប្រើ​ប្រាជ្ញា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ដោយ​ជៀស​វាង​ហិង្សា។ ចំណុច​មួយ​ទៀត​ដែល​អ្នក​អាន​មើល​ឃើញ​គ្រប់​គ្នា​ដែរ​នោះ ​គឺ​ដំណោះ​ស្រាយ​ក្នុង​រឿង​របស់​អ្នក​ស្រី​ច្រើន​តែ​វិជ្ជមាន​ ពោល​គឺ​ធ្វើ​អោយ​តួ​អង្គ​អាក្រក់​ដឹង​កំហុស​ខ្លួន​ហើយ​កែ​ទៅ​ជា​មនុស្ស​ល្អ​ រីឯ​តួអង្គ​ល្អ​តែងតែ​អត់​អោន​សន្ដោស​ប្រណី​ដល់​អ្នក​ធ្វើ​ខុស​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ពេល​គេ​កែ​ខ្លួន។ គេ​កម្រ​ឃើញ​ណាស់​តួ​អង្គ​អាក្រក់​ត្រូវ​ដាក់​ទោស​ដោយ​ជេរ​ស្ដី ​ឬ​វាយ​ដំ ​ឬ​សម្លាប់​ចោល។ ដោយ​ឡែក​ចំពោះ​ស្ត្រី​ដែល​សង្គម​ធ្លាប់​វាយ​តម្លៃ​ថា​ជា​មនុស្ស​ទន់ខ្សោយ​ អ្នក​ស្រី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស។ ប្អូន​ប្រុស​ សំ​ អេង​លាង​ រឿត​ សុខុន​ បញ្ជាក់​ពី​ចំណុច​នេះ​ថា​ “អ្នក​និពន្ធ​កែវ​ ចន្ទបូរណ៍​ ច្រើន​លើក​ដំកើង​តួ​ស្ត្រី​ជា​តួ​មាន​ប្រាជ្ញា​ មាន​ចំណេះ​វិជ្ជា​ ក្លាហាន​ តស៊ូ ហ៊ាន​ប្រឈមមុខ​​នឹង​បញ្ហា​មិន​រាថយ​ ហើយ​ដោះ​ស្រាយ​បញ្ហា​ដោយ​អហិង្សា​ “អ្នក​ទាំង​ពីរ​បន្ថែម​ថា​ នេះ​បញ្ជាក់​ថា​អ្នក​និពន្ធ​មាន​បំណង​ចង់​បំផុស​អោយ​ស្ត្រី​យក​គំរូ​តាម​តួ​ អង្គ​ក្នុង​រឿង។

បាន​មក​ពី​លោក​ឪពុក​និង​ការងារ

អ្នក​ស្រី​កែវ​ ចន្ទបូរណ៍​ទទួល​ថា​អ្នក​ស្រី​ពិត​ជា​មាន​គំនិត​នេះ​មែន​ ហើយ​ក៏​គឺ​ជា​គំនិត​ដែល​ជំរុញ​អោយ​អ្នក​ស្រី​ចង​ក្រង​ស្នាដៃ​ទាំងអស់​នោះ​ ដែរ។ អ្នក​ស្រី​បាន​បញ្ជាក់​ពី​មូលហេតុ​ដោយ​រំលឹក​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ ថា​ “តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ លោក​ឪពុក​ខ្ញុំ​តែង​ណែនាំ​ថា​ កូន​ត្រូវ​ធ្វើ​អោយ​គេ​ខ្លាច​ហើយ​ចង់​ធ្វើ​អ្វីៗ​តាម​បំណង​យើង ​ទោះ​ពេល​នេះ​គេ​មិន​បាន​នៅ​ជាមួយ​យើង​ក៏​ដោយ”។ អ្នក​ស្រី​បន្ថែម​ថា ​អ្នក​ស្រី​មាន​បំណង​ជួយ​ប្រទេស​ជាតិ​តាម​រយៈ​បណ្ដុះ​ចំណេះ​ដឹង​ដល់​អ្នក​ អាន។ ក្នុង​ចំណុច​ដដែល​នេះ​អ្នក​និពន្ធ​កែវ​ ចន្ទបូរណ៍​លើក​ឡើង​ឥទ្ធិពល​របស់​ការងារ​បច្ចុប្បន្ន​របស់​អ្នក​ស្រី​ដែល​នាំ ​អោយ​ឈាន​ដល់​គោល​ដៅ​នេះ។ អ្នក​ស្រី​រៀបរាប់​ថា​អ្នក​ស្រី​ធ្វើ​ការ​នៅ​ក្រសួង​ការពារ​សិទ្ធិ​កុមារ​ ដែល​ជា​ផ្នែក​មួយ​របស់​តុលាការ​ ក្នុង​រដ្ឋ​មីនី​សូ​តា​សហរដ្ឋអាមេរិក​ក្នុង​តួ​នាទី​ជា​អ្នក​ធ្វើ​របាយការណ៍ ​ស្ដី​ពី​សកម្មភាព​អប់រំ​របស់​តុលាការ​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ខុស​មាន​ មាតាបិតា​ យុវជន​និង​កុមារ​ និង​ស្ដី​ពី​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​អប់រំ​នោះ​ផង​ដែរ។ ការងារ​នេះ​ធ្វើ​អោយ​អ្នក​ស្រី​ចេះ​វិធីសាស្ត្រ​ក្នុង​ការ​អប់រំ​មនុស្ស​អោយ ​កែ​ខ្លួន​ដោយ​ប្រើ​អហិង្សា។ ម៉្យាង​ទៀត​នោះ​អ្នក​ស្រី​មាន​សញ្ញាប័ត្រ​អនុ​បណ្ឌិត​២​គឺ​ទី​មួយ​ខាង​ វិទ្យាសាស្ត្រ​អប់រំ​គ្រួសារ​ និង​ទី​២​ខាង​សង្គម​សង្គ្រោះ។

ក្រោយ​ពី​បាន​អាន​ លែង​គិត​ដូច​មុន

ជា​លទ្ធផល​នៃ​ការ​ប្រឹងប្រែង​នេះ​លោក​ខូ​ តារាឬទ្ធិ​ លើក​ឡើង​ថា​ មាន​អ្នក​មាន​វិបត្តិ​ម្នាក់​ចង់​លោត​ទឹក​សម្លាប់​ខ្លួន​ ក្រោយ​ពី​បាន​អាន​ប្រលោម​លោក​អ្នកស្រី​ហើយ​ ក៏​ប្រែ​គំនិត​លែង​គិត​ដូច​មុន​ទៅ​វិញ​ ហើយ​បាន​ទូរស័ព្ទ​ ទៅ​ជម្រាប​អ្នកស្រី​អំពី​រឿង​នេះ។ អ្នក​ស្រី​កែវ​ ចន្ទបូរណ៍​ រំលឹក​បន្ថែម​ពី​ឥទ្ធិពល​នៃ​ស្នាដៃ​អ្នក​ស្រី​ថា​ “មាន​អ្នក​អាន​ម្នាក់​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា​ ចៅហ្វាយ​នាយ​គេ​មិន​សូវ​និយាយ​ស្ដី​ មិន​ងាយ​ញញឹម​មុខ​ក្រញូវ​គ្រប់​ពេល​ ប៉ុន្តែ​តាំង​ពី​បាន​អាន​ប្រលោម​លោក​របស់​អ្នកស្រី​មក​គាត់​រូស​រាយ​ និង​ចេះ​ញញឹម​ជាង​មុន”។

ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​អ្នក​អាន

អ្នកស្រី​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ក្នុង​មួយ​ថ្ងៃ​ទទួល​អ៊ីមែល​យ៉ាង​ តិច​២០​ និយាយ​ពី​ចំណាប់​អារម្មណ៍​របស់​គេ​ចំពោះ​ស្នាដៃ​អ្នក​ស្រី​ ហើយ​ក៏​ទទួល​ទូរស័ព្ទ​រៀងរាល់​ថ្ងៃ​ពី​អ្នក​អាន​ដែរ។ នាង​ម៉េង​ ធីតា​ប្អូន​ថ្លៃ​អ្នកស្រី​ និង​ជា​អ្នក​ជួយ​បោះពុម្ព​សៀវភៅ​លើក​ឡើង​ថា​បាន​ទទួល​ទូរស័ព្ទ​ជា​ច្រើន​ជា​ ពិសេស​គ្រូ​ និង​សិស្ស​សំដែង​ការ​សរសើរ​ ហើយ​ផ្ដាំ​អោយ​ផ្ញើ​ការ​សរសើរ​នោះ​ទៅ​អ្នក​និពន្ធ​ផង។ និស្សិត​សំ​ អេងលាង​ ក៏​និយាយ​ពី​ចំណាប់​អារម្មណ៍​របស់​និស្សិត​ភាគ​ច្រើន​ដែរ​ថា​ ពួក​គេ​ពេញ​​ចិត្ត​នឹង​គំនិត​អប់រំ​ ព្រម​ទាំង​សិល្ប៍​វិធី​សរសេរ​ប្រទាក់​សាច់​រឿង​ក្នុង​ប្រលោម​លោក​របស់​ អ្នកស្រី​ណាស់។ ក្រៅ​ពី​នេះ​អ្នក​ស្រី​បាន​ទទួល​សំណៅ​រឿង​ពី​ស្រុក​ខ្មែរ​ចំនួន​៧០​ ចង់​អោយ​សរសេរ​ទៅ​ជា​ប្រលោមលោក​ អ្នក​ស្រី​បាន​ពិនិត្យ​៣០​ទៅ​៤០​រឿង​ហើយ​ ឃើញ​រៀបរាប់​តែ​ការ​ឈឺ​ចាប់​ តែ​ពុំ​ឃើញ​មាន​ដំណោះ​ស្រាយ​សោះ។ អ្នកស្រី​បាន​កែ​សម្រួល​សាច់​រឿង​ដល់​ទៅ​​៨០%​ដើម្បី​សរសេរ​អោយ​ទៅ​ជា​ ប្រលោមលោក។ ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ស្រី​បាន​ទទួល​លិខិត​សុំ​សិទ្ធិ​ចុះ​ផ្សាយ​ប្រលោម​លោក​រួម​ទាំង​ កំណាព្យ​ក្នុង​កាសែត ​និង​ព្រឹត្តិបត្រ​នានា។

សំណេរ​មាន​សិល្ប៍

រាល់​អត្ថបទ​ ជា​ពិសេស​អក្សរសិល្ប៍​ ទោះ​បី​មាន​អត្ថន័យ​ខ្លឹមសារ​ល្អ​យ៉ាង​ណា​ក៏​ដោយ​តែ​បើ​អ្នក​និពន្ធ​មិន​ចេះ ​របៀប​សរសេរ​អោយ​ទាក់​ទាញ​ចិត្ត​ទេ​នោះ​ នោះ​អត្ថន័យ​ខ្លឹមសារ​ពុំ​អាន​បាន​ទេ​ ពោល​គឺ​គេ​មិន​ចង់​អាន​ អាន​ហើយ​មិន​ជក់​បោះបង់​លែង​អាន​ ឫ​ក៏​អាន​ហើយ​មិន​រំភើប​ចិត្ត​ មិន​មាន​ឥទ្ធិពល​អ្វី​មក​បញ្ជ្រាប​ចិត្ត​គំនិត​គេ​អោយ​ចង់​ធ្វើ​តាម​​ការ​ អប់រំ​របស់​អ្នក​និពន្ធ​ ប៉ុន្តែ​ស្នាដៃ​របស់​អ្នក​ស្រី​ កែវ​ ចន្ទបូរណ៍​ សុទ្ធ​តែ​ត្រូវ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​អាន​ថា​ ជា​សំណេរ​មាន​សិល្ប៍។ និស្សិត​ សំ​ អេងលាង​ ដែល​ពេញ​ចិត្ត​ជាង​គេ​រឿង​សំនៀង​ស្នេហ៍​កវី​ និស្សិត​​ ណន់​ ពៅចាន់ណារិន​ ដែល​ពេញ​ចិត្ត​ជាង​គេ​រឿង​អប្សរា​ និង​ រឿត​ សុខុន​ និយាយ​ដូច​ៗ​គ្នា​ថា​អ្នកស្រី​ កែវ​ ចន្ទបូរណ៍​ ប្រើ​ពាក្យ​សាមញ្ញ​ក្នុង​សំណេរ​គាត់​ធ្វើ​អោយ​ងាយ​យល់​ហើយ​គាត់​ចេះ​រៀប​ សាច់​រឿង​អោយ​ប្រទាក់​គ្នា​ អ្នក​អាន​ជក់​ចិត្ត​ចង់​តាមដាន​រហូត​ដល់​ចប់។ ប្អូន​ប្រុស​ សំ​ អេងលាង លើក​បន្ថែម​ពី​សិល្ប៍​វិធី​របស់​អ្នក​និពន្ធ​ថា​ “ការ​សរសេរ​របស់​គាត់​ប្លែក​ពី​ការ​សរសេរ​របស់​អ្នក​និពន្ធ​ដទៃ​ គឺ​គាត់​មិន​សូវ​មាន​ការ​រៀបរាប់​ទេ​ តែ​ក៏​អាច​ធ្វើ​អោយ​អ្នក​អាន​មើល​ឃើញ​ដឹង​យល់​ពី​ទិដ្ឋភាព​អ្វី​មួយ​តាម​រយៈ ​ការ​សន្ទនា​របស់​តួ​អង្គ​តែ​ម្ដង”។ ចំណែក​ប្អូន​ រឿត​ សុខុន​បញ្ជាក់​បន្ថែម​ត្រង់​ចំណុច​នេះ​ថា​ “អាន​សំណេរ​គាត់​ហាក់​ដូច​ឃើញ​អ្វីៗ​នឹង​ភ្នែក ​ទោះ​បី​មិន​មាន​ការ​រៀបរាប់​ក៏​ដោយ ខ្ញុំ​យល់​ថា​ទាំង​នេះ​ដោយ​សារ​អ្នក​និពន្ធ​ប្រើ​វិញ្ញាណ​ទាំង​១០​ដូច​ដែល​ បាន​ចែង​ក្នុង​មេរៀន​របស់​គាត់​គឺ​ដោយ​សារ​សិល្ប៍​វិធី​ដែល​មាន​ក្នុង​សំណេរ ​នេះ​ហើយ ​ដែល​បណ្ដាល​អោយ​អ្នក​អាន​រំភើប​ចិត្ត​ហើយ​ចង់​កែ​ខ្លួន​ ឬ​ចង់​ធ្វើ​តាម​តួ​អង្គ​ល្អ​ក្នុង​រឿង”។

មិន​គិត​បញ្ហា​លុយ​កាក់​ជា​ធំ

“ខ្ញុំ​យល់​ថា​អ្នក​ស្រី​ កែវ​ ចន្ទបូរណ៍​ខិតខំ​សរសេរ​នេះ​ មិន​​មែន​ដើម្បី​លុយ​ឡើយ​ គឺ​ដើម្បី​ផ្សព្វផ្សាយ​គំនិត​គាត់​ប៉ុណ្ណោះ។ បាន​ជា​ហ៊ាន​ថា​ដូច្នេះ​ មក​ពី​គាត់​ទូលាយ​ណាស់​ក្នុង​ការ​ចែកចាយ​សៀវភៅ​ជួនកាល​អោយ​គេ​ដល់​ទៅ​៥០០​ ក្បាល​ក៏​មាន” នេះ​ជា​សំដី​របស់​លោក​ ខូ​ តារាឬទ្ធិ។ ចំណែក​នាង​ម៉េង​ ធីតា​ ប្អូន​ថ្លៃ​របស់​អ្នក​ស្រី​ជា​អ្នក​ទទួល​បន្ទុក​ជួយ​បោះពុម្ព​សៀវភៅ​អះអាង​ ដូច​ជា​លោក​តារាឬទ្ធិ​ដែរ​ អំពី​ដៃ​ទូលាយ​ក្នុង​ការ​ចែក​ចាយ​សៀវភៅ​ នាង​បញ្ជាក់​បន្ថែម​អំពី​គុណ​សម្បត្តិ​នេះ​ថា​ “បង​មន្តបូរណ៍​ ​មិន​ដែល​យក​លុយ​ដែល​លក់​ចំណេញ​ទៅ​វិញ​ទេ​ គាត់​អោយ​ខ្ញុំ​ទាំងអស់​ ហើយ​បើ​គាត់​យក​ទៅ​ចែក​គេ​ប៉ុន្មាន​ គាត់​បន្ថែម​លុយ​សម្រាប់​ទុក​អោយ​ខ្ញុំ​បោះពុម្ព​ទៀត។ តាំង​ពី​ឆ្នាំ​២០០៤​ ដែល​គាត់​ចាប់​ផ្ដើម​អោយ​ខ្ញុំ​បោះពុម្ព​សៀវភៅ​ជូន​គាត់​ គាត់​ដំកល់​លុយ​៥០០០​ដុល្លារ​ទុក​អោយ​ខ្ញុំ”។ និស្សិត​សំ​ អេងលាង​ ក៏​បាន​លើក​ឡើង​ដែរ​ពី​ចិត្ត​ទូលាយ​នេះ​ ដែល​មិន​ត្រឹម​តែ​ចំពោះ​លុយ​កាក់ ​និង​ការ​ចែក​ចាយ​សៀវភៅ​ប៉ុណ្ណោះ​ទេ​ អ្នកស្រី​មិន​ដែល​ខ្វល់​ពី​ការ​លួច​ចម្លង​ឡើយ អ្នក​ស្រី​គិត​តែ​ធ្វើ​យ៉ាង​ណា​អោយ​បាន​ផ្សព្វផ្សាយ​ស្នាដៃ​គាត់​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ​គេ​ឃើញ​អ្នកស្រី​ កែវ​ ចន្ទបូរណ៍​ មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​លំបាក​​ ឬ​ក្រីក្រ​កម្សត់​ទៀត​ផង។ លោក​ ខូ​ តារាឬទ្ធិ​រៀបរាប់​ពី​កាយវិការ​សប្បុរស​របស់​អ្នកស្រី​ថា​ នៅ​ក្នុង​ឱកាស​ចែក​រង្វាន់​ជ័យ​លាភី​អក្សរសិល្ប៍​នូ​ ហាច​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០០៧​នេះ​ អ្នក​ស្រី​បាន​អោយ​លុយ​៥០​ដុល្លារ​ដល់​សិស្ស​ប្រុស​ម្នាក់​ដែល​ខំ​ធាក់​កង់​ តាំង​ពី​ខេត្ត​ព្រៃវែង​មក​ភ្នំពេញ​ ដើម្បី​ចូល​រួម​ប្រជុំ​ដោយ​សារ​តែ​គ្មាន​លុយ​ជិះ​ឡាន​ឈ្នួល។ឥឡូវ​នេះ​ អ្នកស្រី​កែវ​ ចន្ទបូរណ៍​កំពុង​ចង់​សង្គ្រោះ​សិស្ស​នារី​ម្នាក់ ​ដែល​រៀន​ផង​ដាំ​ត្រកួន​ចិញ្ចឹម​បងប្អូន​ចំនួន​៨​នាក់​ផង។ អ្នក​ស្រី​ចង់​ជួយ​អោយ​នាង​បាន​រៀន​បន្ត​នៅ​មហាវិទ្យាល័យ។ អ្នក​ស្រី​បាន​ដឹង​រឿង​នេះ​ដោយ​សារ​សិស្ស​នារី​នោះ​ចូលចិត្ត​ការ​និពន្ធ​ហើយ ​បាន​មក​ជួប​អ្នកស្រី​នៅ​សមាគម​អក្សរសិល្ប៍​នូ​ ហាច។ ចំនែក​នាង​ ម៉េង​ ធីតា​ ជា​ប្អូន​ថ្លៃ​ក៏​ពោល​សរសើរ​អ្នក​ស្រី​ដែរ​ថា​អ្នក​ស្រី​បាន​ជួយ​ឧបត្ថម្ភ​ អ្នក​ក្រ​ និង​អ្នក​ពិការ​ជា​ញយ​ដង​ មួយ​ដង​អោយ​លុយ​១០០.០០០​រៀល។ក្រៅ​ពី​នេះ​គាត់​តែង​ចែក​ចាយ​លុយ​ដល់​ក្មេងៗ​ លក់​នំ​នៅ​តាម​តំបន់​ទេសចរណ៍​ទៀត​ផង។

ចេះ​និពន្ធ​តាំង​ពី​អាយុ​៩​ឆ្នាំ

“ខ្ញុំ​ចេះ​និពន្ធ​តាំង​ពី​អាយុ​៩​ឆ្នាំ​ រឿង​ខ្លី​ដែល​ខ្ញុំ​តែង​ដំបូង​គឺ​រឿង​យក្ស​ធាត់​យក្ស​ស្គម” អ្នកស្រី​កែវ​ ចន្ទបូរណ៍​រំលឹក​ពី​ការ​និពន្ធ​ក្នុង​វ័យ​កុមារ​របស់​អ្នកស្រី ​ដោយ​ទឹក​មុខ​ញញឹម​ទៀត​ថា​ ក្នុង​១​ខែ​​អ្នកស្រី​និពន្ធ​រឿង​ទាំង​នោះ​ត្រូវ​បាន​ចែក​ចាយ​អោយ​បងប្អូន​ មើល​កម្សាន្ត។ អ្នកស្រី​ធ្វើ​បែប​នេះ​រហូត​ដល់​អាយុ​១១​ឆ្នាំ​ ទើប​បែក​គំនិត​ចេះ​រក​កម្រៃ​ពី​ការ​និពន្ធ។ អ្នកស្រី​នៅ​ចាំ​ច្បាស់​ចំណុច​នេះ​ថា ​បន្ទាប់​ពី​អ្នកស្រី​បាន​មើល​កុន​រឿង​ “លា​ហើយ​ដួង​តារា” មក​ ដោយ​មាន​ពួក​ម៉ាក​ចង់​អោយ​និយាយ​រឿង​នេះ​អោយ​អាន​១​នាក់​តម្លៃ​៥​កាក់។ បន្ទាប់​មក​ក៏​បែក​គំនិត​យក​រឿង​របស់​គេ​ស្រាប់​ មក​តែង​ដោយ​កែ​ចំណុច​ណា​ទុទ្ទិដ្ឋិនិយម​ទៅ​ជា​សុទិដ្ឋិនិយម​ និង​កែ​ចំណុច​ណា​ដែល​ខ្លួន​មិន​ស្រលាញ់​អោយ​មក​តាម​ចិត្ត​របស់​ខ្លួន​វិញ។ រឿង​ទាំងអស់​នេះ​ត្រូវ​យុវតី​ កែវ​ ចន្ទបូរណ៍​ ជួល​អោយ​សិស្ស​រៀន​នៅ​ថ្នាក់​ជាមួយ​ និង​ថ្នាក់​ដទៃ​អាន​ក្នុង​តម្លៃ​៥​កាក់​មួយ​នាក់។ ក្រោយ​មក​កាន់​តែ​បែក​គំនិត​ក៏​យក​រឿង​ទាំង​នោះ​ទៅ​អូស​ដោយ​ម៉ាស៊ីន​រ៉ូណេអូ ​១​រឿង​៥០​ច្បាប់​ ហើយ​យក​ទៅ​ផ្ញើ​នឹង​អ្នក​លក់​បបរ​បាញ់កាញ់​ ដើម្បី ទុក​អោយ​គេ​ជួល​មើល។ រឿង​ទាំង​នេះ​មាន​ពី​១០​ទៅ​១៥​ទំព័រ។ យុវតី​ធ្វើ​បែប​នេះ​រហូត​ដល់​អាយុ​១៤​ឆ្នាំ​ទើប​ចាប់​ផ្ដើម​សរសេរ​ដោយ​គំនិត ​ខ្លួន​ឯង។ គឺ​ជា​សំណេរ​ដៃ​ដែល​មាន​ប្រមាណ​៧០​ទំព័រ​ក្នុង​រឿង​នីមួយ​ៗ។ ពេល​នោះ​គឺ​ជា​សម័យ​លន់នល់។ ម្ដង​នេះ​រឿង​ត្រូវ​បាន​ដាក់​នៅ​តាម​តូប​ផ្សារ​អ្នក​អាន​ត្រូវ​អង្គុយ​អាន​ នៅ​តូប​មិន​អោយ​យក​ទៅ​ផ្ទះ​ទេ​ខ្លាច​បាត់។ អ្នកស្រី​សរសេរ​រឿង​បែប​នេះ​បាន​៤៣​រឿង​។ លុយ​ដែល​បាន​ពី​ការ​ជួល​ត្រូវ​សន្សំ​ទុក​រហូត​ដល់​បាន​៣០០០​រៀល​ អ្នកស្រី​ក៏​ទិញ​ម៉ូតូ​ធុន​សូឡិច​មួយ​គ្រឿង។ គឺ​ពេល​នោះ​ហើយ​ដែល​ឪពុក​អ្នកស្រី​បាន​ដឹង​រឿង​នេះ។ អ្នកស្រី​ កែវ​ ចន្ទបូរណ៍​រំលឹក​ពី​ជំហរ​របស់​ឪពុក​ថា​ “លោក​ឪពុក​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ចូលចិត្ត​អាន​នឹង​និពន្ធ​ គាត់​មិន​ហាមឃាត់​ទេ​ តែ​មិន​អោយ​អាន ​និង​និពន្ធ​រឿង​​ណា​និយាយ​ពី​ស្នេហា​ឡើយ​ ធ្វើ​តាម​ការ​ណែនាំ​នេះ​ខ្ញុំ​អាន​សៀវភៅ​គតិ​លោក ​ប៉ុន្តែ​ក៏​លួច​អាន​សៀវភៅ​ប្រលោម​លោក​ដោយ​រូបភាព​ជា​ភាសា​បារាំង​ឈ្មោះ​ “Nous deux” ផង​ដែរ។ នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​​អោយ​ខ្ញុំ​បែក​គំនិត​ក្នុង​ការ​សរសេរ​កាន់​តែ​ ច្រើន។ “អ្នកស្រី​ កែវ​ ចន្ទ​បូរណ៍​ បន្ត​រៀប​រាប់​រឿង​និពន្ធ​របស់​អ្នក​ស្រី​នៅ​សម័យ​ប៉ុល ពត​ថា ​នៅ​ពេល​នោះ​អ្នកស្រី​ជួប​ការ​លំបាក​វេទនា​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ​ ប៉ុន្តែ​នៅ​តែ​អាច​ឆ្លៀត​និទាន​រឿង​អោយ​ពួក​ឈ្លប​ស្ដាប់​ ដើម្បី​ដូរ​យក​ត្រីងៀត​ ហើយ​អ្នកស្រី​បាន​លួច​សរសេរ​ទំនុក​ច្រៀង​បាន​២០​បទ។ លុះ​ដល់​ឆ្នាំ​១៩៧៩​ ជា​ជន​ភៀស​ខ្លួន​នៅ​ជំរំ​ខាវអ៊ីដាង​ អ្នកស្រី​បាន​និពន្ធ​ប្រលោម​លោក​៤​រឿង​និង​ល្ខោន​និយាយ​៤​រឿង​ហើយ​ជួល​អោយ​ គេ​មើល​តម្លៃ​១​ដង​១​បាត។ ក្នុង​មួយ​ខែ​អ្នកស្រី​រក​បាន​ពី​២០០​ទៅ​៣៥០​បាត។ ចាប់​ពី​ឆ្នាំ​១៩៨០​ក្រោយ​ពេល​មក​ដល់​សហរដ្ឋអាមេរិក​ អ្នកស្រី​​ឈប់​និពន្ធ​អស់​រយៈពេល​២​ឆ្នាំ​ដោយ​ជាប់​រៀន​ នៅ​និពន្ធ​តែ​កំណាព្យ​ខ្លី​ៗ​ប៉ុណ្ណោះ។ ចាប់​ពី​ឆ្នាំ​១៩៨២​អ្នកស្រី​​ចាប់​ផ្ដើម​​សរសេរ​ឡើង​វិញ។មក​ទល់​ពេល​នេះ​ អ្នកស្រី​សរសេរ​បាន​១៣៧​រឿង​ប្រលោម​លោក​ កំណាព្យ​៥០០​ និង​អត្ថបទ​សិក្សា​ខ្លី​ៗ​មួយ​ចំនួន។ អ្នកស្រី​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ក្នុង​១​ខែ ​អ្នកស្រី​អាច​សរសេរ​បាន​ប្រលោម​លោក​មួយ។ អត្ថបទ​ទាំង​នោះ​មាន​ចុះ​ក្នុង​ព្រឹត្តិបត្រ​សមាគម​ខ្មែរ​ ព្រឹត្តិបត្រ​ទស្សនៈ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ និង​កាសែត​កោះ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា។

និយាយ​ពី​ការ​ផ្សព្វផ្សាយ​ស្នាដៃ​ទាំង​នោះ​វិញ​ នៅ​សហរដ្ឋអាមេរិក​ចាប់​ពី​ឆ្នាំ​២០០២​មក​ អ្នកស្រី​ផ្សាយ​តាម​អ៊ីនធឺណិត​ ក្រោយ​ពី​ទទួល​ពាក្យ​សុំ​ទិញ​ហើយ​អ្នកស្រី​ផ្ញើ​រឿង​តាម​ប្រៃសណីយ៍​ លក់​ក្នុង​តម្លៃ​១០​ដុល្លារ។ សៀវភៅ​ទាំង​នោះ​បោះ​ពុម្ព​ដោយ​ខ្លួន​ឯង។ ដោយ​អ្នក​អាន​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​ទាមទារ​ ចាប់​ពី​ឆ្នាំ​២០០៤​មក​អ្នកស្រី​ក៏​ផ្ញើ​សំណៅ​អោយ​ប្អូន​ថ្លៃ​បោះពុម្ព​នៅ​ ស្រុក​ខ្មែរ។ ​ក្នុង​ចំណុច​នេះ​នាង​ ម៉េង​ ធីតា​ ជា​ប្អូន​ថ្លៃ​ ហើយ​ជា​អ្នក​ជួយ​យក​សៀវភៅ​ទៅ​បោះពុម្ព​ និង​ដាក់​លក់​បាន​បញ្ជាក់​ថា​ចំនួន​បោះពុម្ព​មាន​ពី​១.០០០​ ទៅ​១.៥០០​ច្បាប់​ក្នុង​១​រឿង​ ហើយ​មាន​ប្រលោម​លោក​៣​រឿង​ បាន​បោះពុម្ព​លើក​ទី​២​ គឺ​រឿង​ផ្កាយ​វង្វេង​មេឃ​ ក្លិន​ផ្កា​នារតី​ និង​និស្ស័យ​ស្នេហ៍។ នាង​និយាយ​ថា​សៀវភៅ​របស់​អ្នក​ស្រី​លក់​ដាច់​ជាង​មុន​ តូប​សៀវភៅ​ខ្លះ​សុំ​ទិញ​បន្ថែម។

សាមញ្ញ​ហើយ​រួសរាយ

ជា​មួយ​គ្នា​នឹង​កិត្តិសព្ទ​ល្អ​ដែល​អ្នក​ផង​ផ្ដល់​ជូន​អ្នក​ស្រី​តាម​ រយៈ​ស្នាដៃ​និពន្ធ​អ្នក​ស្រី​កែវ​ ចន្ទបូរណ៍​ នៅ​មាន​គុណ​សម្បត្តិ​មួយ​ទៀត​ដែល​អ្នក​ផង​សរសើរ​ថា​ គឺ​ជា​ស្ត្រី​សាមញ្ញ​ទាំង​ឫកពា​ ទាំង​សំលៀកបំពាក់ ​ហើយ​មាន​សំដី​រូស​រាយ​រាក់​ទាក់​ទៀត​ផង។ កញ្ញា​ ណន់​ ពៅចាន់ណារិន​ លាន់​មាត់​ថា​ “គាត់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចែក​ចាយ​ចំណេះ​ដឹង​ដល់​គេ​ណាស់​ ក្នុង​ពេល​គាត់​ផ្ដល់​មេ​រៀន​ស្ដី​ពី​វិញ្ញាណ​ទាំង​១០​ នៅ​ដើម​ខែ​កក្កដា​ ទៅ​ពុទ្ធ​សាសន​បណ្ឌិត​ ខ្ញុំ​ឃើញ​ថា​គាត់​រីក​រាយ​នឹង​សំនួរ​របស់​សិស្ស​ណាស់​ ហើយ​ខិតខំ​ពន្យល់​អោយ​ទាន់​អ្នក​សួរ​ ខ្ញុំ​រំភើប​ចិត្ត​ចំពោះ​សីលធម៌​និង​គុណធម៌​របស់​គាត់​ជា​ពន់​ពេក”។ និស្សិត​រឿត​ សុខុន​និយាយ​ពី​ទំនាក់ទំនង​ជាមួយ​អ្នក​ និពន្ធ​ កែវ​ ចន្ទបូរណ៍​ ថា​ “ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​ស្រី​ទេ​ ដោយ​សារ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ស្នាដៃ​គាត់ ​ខ្ញុំ​បាន​ផ្ញើ​អ៊ីមែល​ទៅ​ គាត់​ក៏​ទូរស័ព្ទ​មក​ខ្ញុំ​និយាយ​ស្និទ្ធស្នាល​ហាក់​ដូច​ស្គាល់​គ្នា​យូរ​ ហើយ​ គាត់​ហៅ​ខ្ញុំ​ថា​កូន​ៗ​ ហើយ​ទូរស័ព្ទ​ម្ដង​១​ម៉ោង​ក៏​មាន​ដែរ”។

ព្រោះ​តែ​សរសេរ​ពី​ទី​ឆ្ងាយ​ និង​ធ្វើ​ការ​តែ​ម្នាក់​ឯង

ទន្ទឹម​នឹង​ទទួល​ការ​កោត​សរសើរ ​អ្នក​ស្រី​ក៏​ទទួល​ការ​ទិតៀន​មួយ​ចំនួន​ដែរ។ លោក​ខូ​ តារាឬទ្ធិ​និយាយ​ថា​ “ដោយ​សារ​សរសេរ​ពី​ទី​ឆ្ងាយ​ មាន​អន្លើ​ខ្លះ​អ្នក​ស្រី​បង្ហាញ​មិន​ទាន់​ដល់​ស្ថានភាព​ពិត​នៃ​ប្រទេស​ ខ្មែរ​ទេ​ ហើយ​ក៏​មាន​ចំណុច​ខ្លះ​ សរសេរ​មិន​ត្រូវ​នឹង​ស្ថានភាព​សង្គម​ខ្មែរ​ដែរ”។ ចំណែក​កញ្ញា ណន់​ ពៅចាន់ណារិន​ និស្សិត​មហា​វិទ្យាល័យ​ មនុស្ស​សាស្ត្រ​ និង​សង្គម​សាស្ត្រ​ក៏​មាន​យោបល់​ដូច​លោក​ ខូ​ តារាឬទ្ធិ​ដែរ​នាង​បន្ថែម​ថា​ រឿង​ខ្លះ​អ្នក​និពន្ធ​បង្ហាញ​សង្គម​ខ្មែរ​មិន​ច្បាស់​ ហើយ​ជួន​កាល​ដំណោះ​ស្រាយ​មិន​សូវ​សម​ទៀត​ផង។ ត្រង់​ចំណុច​ “មិន​សូវ​សម” នេះ​និស្សិត​ សំ​ អេងលាង​ លើក​ឧទាហរណ៍​បញ្ជាក់​ថា​ “ដូច​ជា​ក្នុង​រឿង​ អំបែង​អណ្ដែត​ អ្នក​និពន្ធ​សរសេរ​មិន​សម​ត្រង់​កន្លែង​ធ្វើ​បាប​តួ​ដែល​ធ្លាប់​ជា​តួ​កាច​ ឆ្នាស​ឆើតឆាយ​ដែរ​នោះ​ បែរ​ជា​មិន​ឃើញ​តួ​នោះ​រើ​បម្រាស់​អ្វី​សោះ​ ម្យ៉ាង​ទៀត​ក្នុង​រឿង​ដដែល​បង​បង្កើត​មិន​ស្គាល់​ប្អូន​របស់​ខ្លួន​ ដោយ​គ្រាន់​តែ​ប្អូន​នោះ​ត្រូវ​កាត់​សក់​និង​កែ​ប្រែ​មុខ​មាត់​រូប​រាង​ បន្តិចបន្តួច​ប៉ុណ្ណោះ”។ ក្នុង​រឿង​អំបែង​អណ្ដែត​ដដែល​ និស្សិត​ រឿត​ សុខុន​ ក៏​ចង់​បង្ហាញ​ពី​ចំណុច​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ដែរ​ថា​ ក្រៅ​ពី​ការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ខ្លះ​ក្នុង​រឿង​នេះ​អ្នក​និពន្ធ​ បង្អាប់​បុរស​ពេក​ ធ្វើ​អោយ​តួ​អង្គ​នេះ​មិន​មាន​​ប្រាជ្ញា​សោះ​ ប្រើ​តែ​កម្លាំង​បាយ​សុទ្ធសាធ។ ក្នុង​ផ្នែក​អត្ថ​រូប​វិញ​ និស្សិត​​ សំ​ អេងលាង​ និង​រឿត​ សុខុន​ និយាយ​ពី​អត្ថបទ​កំណាព្យ​ថា​ “កំណាព្យ​របស់​អ្នក​ស្រី​ខ្លី​ មាន​ខ្លឹមសារ​ទូលាយ​ក្នុង​ការ​ទិតៀន​សង្គម​ ប៉ុន្តែ​គួរ​អោយ​ស្ដាយ​ ដោយ​ល្បះ​ខ្លះ​មាន​ចុង​ជួន​មិន​ត្រូវ​ដែល​អាច​ផ្ដល់​ជា​គំរូ​អាក្រក់”។ ចំណែក​ កញ្ញា ​ណន់​ ពៅចាន់ណារិន​វិញ​ ទន្ទឹម​និង​ការ​កោត​សរសើរ​ល្បឿន​នៃ​ការ​សរសេរ​ នាង​មាន​យោបល់​ថា​ បន្ទាប់​ពី​ពេល​សរសេរ​ហើយ​ ប្រសិន​បើ​អ្នក​ស្រី​កែ​លំអ​អត្ថបទ​អោយ​បាន​ច្រើន​ដង​ ប្រហែល​ជា​ស្នាដៃ​អាច​បាន​ល្អ​ជាង​នេះ។ និស្សិត​ អេងលាង​ ក៏​ចង់​អោយ​អ្នក​ស្រី​បង្អន់​ល្បឿន​សរសេរ​បន្តិច​ដែរ​ ដោយ​មាន​យោបល់​ថា​ ការ​សរសេរ​លឿន​របស់​អ្នក​ស្រី​ ជួន​កាល​ធ្វើ​អោយ​ឃ្លា​ខ្លះ​មិន​សូវ​ពីរោះ​ហើយ​ជាន់​គ្នា​ផង​ក៏​មាន​ដែរ។ ចំពោះ​ការ​ទិតៀន​នេះ​ អ្នក​ស្រី​បាន​ពោល​ថា​ អ្នក​ស្រី​នឹង​ទទួល​ហើយ​ខិតខំ​កែ​លំអ​ ព្រោះ​នោះ​គឺ​ជា​ការ​ចំណេញ​មួយ​ទៀត។ អ្នក​ស្រី​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ​ក្រៅ​ពី​បាន​ឱកាស​ជួយ​មាតុ​ភូមិ​តាម​រយៈ​ការ​បណ្ដុះ​ចំណេះ​ដឹង​ដោយ​ប្រើ​ សិល្ប៍​វិធី ​​អ្នក​ស្រី​បាន​ចំណេញ​ច្រើន​ពី​ការ​សរសេរ​នេះ​គឺ​បាន​សប្បាយ​សម្រាប់​ខ្លួន ​ឯង​ ដោយ​បាន​ធ្វើ​អ្វី​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ បាន​ហាត់​គំនិត​ប្រាជ្ញា​ទន្ទឹម​គ្នា​នឹង​ការ​ហាត់​ប្រាណ​ ហើយ​ក៏​បាន​ប្រាក់​សម្រាប់​ចិញ្ចឹម​ក្រុម​គ្រួសារ​នៅ​ឯ​ប្រទេស​ខ្មែរ​ផង​ ដែរ។ គឺ​ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ស្រី​គិត​ថា ​ត​ទៅ​អនាគត​អ្នកស្រី​នឹង​បន្ត​ការ​និពន្ធ​ដោយ​ខំ​រក​គំនិត​ប្លែក​រហូត​ គឺ​រឿង​មួយ​ឧត្ដមគតិ​មួយ។

ចំពោះ​ការ​ខ្វះ​ខាត​នេះ​ជា​យោបល់​រួម​លោក​ ខូ​ តារាឬទ្ធិ​ អះអាង​ថា​ជា​រឿង​តិច​តួច​ប៉ុណ្ណោះ​ ព្រោះ​ក្នុង​ការ​បោះពុម្ព​អ្នក​ស្រី​ម្នាក់​ឯង​ធ្វើ​ជា​អ្នក​និពន្ធ​ផង​ រៀបរៀង​ផង​និង​ពិនិត្យ​អក្ខរាវិរុទ្ធ​ផង​មិន​អាច​បាន​គ្រប់​ជ្រុង​ជ្រោយ​ ឡើយ។ លោក​បញ្ជាក់​ថា​ជា​ធម្មតា​លុះ​ត្រា​តែ​មាន​ទាំង​៣​ផ្នែក​នេះ​ ទើប​រាល់​ស្នាដៃ​ពេល​បោះពុម្ព​ចេញ​ទៅ​បាន​ល្អ។

ចំពោះ​រាល់​យោបល់​អ្នក​អាន​ អ្នក​ស្រី​និយាយ​ថា​ ប្រសិន​បើ​ជា​ការ​សរសើរ​នោះ​គឺ​ជា​ការ​លើក​ចិត្ត​ តែ​បើ​ជា​ការ​ទិតៀន​ប្រាប់​ពី​ចំណុច​ខ្សោយ​វិញ​នោះ​អ្នក​ស្រី​ពេញ​ចិត្ត​ ទទួល​ដើម្បី​កែ​លំអ។

ប្រភពៈ ទស្សនាវដ្តីសម្លេងស្ត្រីខ្មែរ ចេញផ្សាយ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨

«ព្រះ​អង្គម្ចាស់​តូច​» ជា​រឿង​សម្រាប់​កុមារ? ខែ មិថុនា 12, 2008

Posted by អាចម៍ផ្កាយ in សៀវភៅល្អៗ, អក្សរសិល្ប៍, អក្សរសិល្ប៍​បរទេស.
21 comments

«ព្រះ​អង្គ​ម្ចាស់​តូច» ច្បាប់​ជា​ភាសាខ្មែរ,ថៃ​,ឡាវ​ និង​ភូមា

នរណា​ថា​ រឿង​«​ព្រះ​អង្គ​ម្ចាស់​តូច​» ជា​រឿង​សម្រាប់​កុមារ?

សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​យល់​ស្រប​ជា​មួយ​ទេ ព្រោះ​តាម​ការ​ស្ទាប​ស្ទង់​របស់​ខ្ញុំ​ ជា​មួយ​អ្នក​អាន​ខ្មែរ​និង​បរទេស សុទ្ធ​តែ​ប្រាប់​ថា​ ដំបូង​ពួក​គេ​​អា​ន​មិន​យល់​សោះ​ តែ​លុះ​បាន​អាន​លើក​ទី២, ទី​៣ និង​បន្ត​បន្ទាប់​ ទើប​គេ​យល់​ពី​គំនិត​របស់​អ្នក​និពន្ធ​។

កាល​ពី​ឆ្នាំ​ទៅ​ ខ្ញុំ​បាន​ទៅ​លេង​ស្រុក​ខ្មែរ​ ពេល​នោះ​ខ្ញុំ​ក៏​បាន​ឮពី​ភាព​ល្បី​ល្បាញ​ របស់​រឿង​«ព្រះ​អង្គម្ចាស់​តូច​»។​ ខ្ញុំ​​បាន​ទៅ​ទិញ​​​សៀវភៅនេះ​ ហើយ​ក៏​បាន​អាន​។ អាន​បណ្តើ​រ​ឆ្ងល់​បណ្តើរ​ តើរឿង​នេះ​ល្អ​ត្រង់​ណា​ទៅ? អាន​ជិត​ចប់​ហើយ​ មិន​ឃើញ​មាន​អី​ល្អ​សោះ​!!!

អាន​ចប់​លើក​ទី​១ ខ្ញុំ​មិនយល់​សោះ​ ថា​រឿង​នេះ​ចង់​និយាយ​ពី​អ្វី​? ហើយ​ល្អ​ត្រង់​ណា? លុះ​អាន​ចប់​លើក​ទី​២,ទី​៣​ ទើប​ដឹង​ថា​ រឿង​នេះ​មិន​មែន​​សម្រាប់​កុមារ​ទេ ហើយ​ពិត​ជា​សៀវភៅ​​ដែល​មាន​តម្លៃ​ល្អ​ កាត់​ថ្លៃ​ពុំ​បាន​មែន។ ដូច្នេះ​សូម​មិត្ត​ៗ​ទាំង​អស់​គ្នា​​ស្វែង​រក​រឿង​នេះ​មក​អាន​ចុះ ហើយ​ព្យាយាម​អាន​ឲ្យ​បាន​ច្រើន​សារ​ ពេល​នោះ​អ្នក​ទាំង​អស់​គ្នា​ នឹង​បាន​យល់​ពី​តម្លៃ​របស់​វា​។

«អ្វី​ដែល​សំ​ខាន់ គឺ​យើង​មើល​មិនឃើញ​ទេ»

«ព្រះ​អង្គម្ចាស់​តូច​» ច្បាប់​ភាសា​ផ្សេងៗ(អង់គ្លេស,បារាំង,ចិន,ជប៉ុន,កូរ៉េ,វៀតណាម)