Feeds:
ប្រកាស
មតិ

បានដាក់ប្លាក ប្រកាស ‘កាសែត’


មែនហើយ ភ្លេចៗខ្លួន តាមពិតខ្ញុំបានចូលអានក្នុងប្លក់របស់បង ប្រហែលមួយឆ្នាំហើយ! «ប្លក់​អាចម៍​​ផ្កាយ» ជា​ប្លក់​មួយ​ដំបូង​គេដែលខ្ញុំបានស្គាល់ ក្នុងបណ្តាញទំនាក់ទំនងសង្គម វ៉ឺត​ប្រែស។ ខ្ញុំ​បាន​ស្គាល់​ប្លក់របស់បងដំបូង គឺតាម​រយៈ​កាសែត​ក្នុង​ស្រុកមួយដែលគេបានចុះផ្សាយថា «និស្សិតខ្មែរ​វ័យ​ក្មេង​នៅ​ឡាវកំពុង​ប្រើប្រលោមលោករិះគន់សង្គម»។ អាន​អត្ថបទ​កាសែត​​នោះដំបូង គឺខ្ញុំចង់សរសើរបងដែល​បាន​ខិតខំសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សាដល់ឡាវ។ ទី​ពីរ​គឺ​ពេញ​ចិត្តនឹងអត្ថបទដកស្រង់ ពីរឿង «ទេពច្យុតិ» ។ «ទេពច្យុតិ» ជាចំណងជើងរឿងមួយដែលពិតជាពីរោះខ្លាំងណាស់! អត្ថបទរឿងខ្លី ដែល​ដកស្រង់នោះ​ទៀតសោត​ គឺអ្វីឲ្យខ្ញុំចម្លែក​មែនទែន តួអង្គមិនមែនជាមនុស្ស។ ខ្ញុំអានផងឆ្ងល់ផង ដល់​អាន​យូរៗទៅទើបដឹងថាបងចង់សំដៅលើអ្វី! ក្នុងអត្ថបទកាសែតនោះ គេមានបង្ហាញពីគេហទំព័រ របស់​បងផងដែរ (http://archphkai.wordpress.com)​​​ ដូច្នេះហើយទើបខ្ញុំបានស្គាល់។ ពេលខ្ញុំអាន អត្ថបទកាសែតនោះចប់ភ្លាម ខ្ញុំ​ក៏​បាន​សាកល្បងចូលក្នុងប្លក់របស់បងសាកមើល។

មិនខុសចិត្តឡើយ គ្រាន់តែចូលភ្លាមឃើញមានប្រកាសរឿងជាច្រើន ដែលចំណងជើងសុទ្ធតែ​ចាប់អារម្មណ៍ គួរ​ឲ្យ​ចង់​អាន​។​ ក្នុង​ពេលនោះខ្ញុំបានគិតក្នុងចិត្តថា ហេសហេ តែប៉ុណ្ណេះផ្អែមមាត់ហើយ ហាហាហា កំពុង​តែ​ចូល​ចិត្ត​អាន​រឿង​ផង ដល់​ចូល​មកប៉ះប្លក់ប្រលោមលោកទៀត ហេសហេ ចាំមើល អានឲ្យ​អស់!! កាលណុងអរណាស់ គឺ​អរ​ដល់​ថ្នាក់​ដូច​ពាក្យ​កំប្លែង​ដែល​គេនិយាយតគ្នាថា នេះពិតជារក អុស ប្រទះចង្រ្កានហ្គាស​​ពិតមែន​។  ក្នុង​​យប់ដែលខ្ញុំបានចូលមើលដំបូងនោះ គឹ​ជា​ថ្ងៃ​ដែលបងប្រកាស​រឿង​ខ្មោច។ ហ៊ឹស! ចូល​មក​មើល​ដំបូង​បាន​រឿងខ្មោចស្វាគមន៍ ហេសហេ ចង់បះសក់ដែលហ្នឹងណា គឺ​បះ​សក់នឹងរូបភាពខ្មោចតែម្តង ដ្បិត​មិន​ទាន់​បានអានសាច់រឿងពេញក៏ដោយ។ តាម​ពិត​រូប​ភាព​មួយ​នោះ​អាក្រក់​ខ្លាំង​ណាស់​ ខ្ញុំ​ចង​ចាំ​មក​ដល់​ឥឡូវ តែមិនចាំថាជារឿងអ្វីទេ។ កាលនោះពិតជាភ្ញាក់ខ្លាំងមែនទែន ខ្ញុំ​អានកណ្តាលអធ្រាត យប់​ស្ងាត់​ បិទ​​ភ្លើងងងឹតឈឹង អូសចុះ ហើយអូសចុះទៀតៗៗ ដើម្បីអាន មិន​នឹក​ស្មាន​ថាមានរូបថតខ្មោច អី​អាក្រក់​បែប​នេះទេ ភ្ញាក់​ព្រោះមិនដែលបានត្រៀមចិត្ត ម្យ៉ាង​មិន​ដែល​គិត​ថា​ប្លក់​នេះ ប្រកាស​រឿង​ខ្មោច​អម​ដោយ​រូប​ភាពសោះ ខ្ញុំ​ភ្ញាក់​ព្រើត​ឡើង​ចង់គ្រវែងទូរស័ព្ទចោល (និយាយ​មែន​ទែន​គ្មានបំភ្លើស​ទេ)។ ហាហាហា ដឹង​ទេខ្ញុំខ្លាច រូបភាពក្នុងរឿងនោះណាស់ តែ​ក៏​ចង់មើលដែរ ដូច្នេះ​ខ្ញុំ​បានយកដៃម្ខាងបិទ​ភ្នែក ហើយ​អូស​ចុះ​តិចៗ លបមើលយឺតៗម្តងទៀត ហាហាហា តែ​ការ​ព្យាយាម​​លប​មើល លើកទីពីរនេះ​ ក៏​នៅ​តែ​ភ្ញាក់​ដដែល ទ្រាំមិនបានក៏ចូលដេកហ្មង​ទៅ តែ​ពោះ​នៅ​បុក​ភឹបៗ​នៅ​ឡើយ​ទេ!! ចាប់​​តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម ចូលអានរឿងក្នុងប្លក់ របស់បងជាប្រចាំរហូត មកដល់សព្វថ្ងៃ!   ជាក់​ស្តែង​មក​ដល់​ឥឡូវ​អាន​​បាន​ច្រើនគួរសមហើយ តែបើទំនេរនឹងស្វែងរកមកអានបន្តថែមទៀត!

ក្នុងពេលមួយរយៈ ដែលខ្ញុំបានចូលអាន ក្នុងប្លក់របស់បង គឺខ្ញុំពេញចិត្តនឹង ស្នាដៃ​និពន្ធ​រឿង​របស់​បង​ណាស់ ពេញ​ចិត្ត​ស្ទើរ​គ្រប់រឿងតែម្តង ពិសេសគឺប្រភេទរឿងខ្លី តែថាទៅវែងក៏ចូលចិត្តដែរ ដូចជារឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និង​រឿង «ប្រស្នាឃាតកម្ម» អីជាដើម!  មាន​អត្ថបទ​រឿង​ខ្លះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កម្សត់​ ចូលតួ ស្រក់ទឹកភ្នែក  និង​អត្ថ​បទ​ខ្លះ​រំភើប​ផង​ដែរ គឺមានគ្រប់រសជាតិនៃជីវិត។ ប្លក់​របស់​បង​មាន​បាវចនារបស់​ខ្លួន​ថា «បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​» ឬ «បង្រៀន​លោកអ្នកឲ្យចេះ សរសេររឿងខ្លី និងប្រលោមលោក ដើម្បីឲ្យលោកអ្នកត្រៀមខ្លួនក្លាយជាអ្នកនិពន្ធ»​  ដូច្នេះ​ពិសេស​​​ណាស់​សម្រាប់ អ្នក​ណា​ដែលមានបំណងចង់ក្លាយខ្លួនជាអ្នកនិពន្ធ គឺប្លក់របស់បង នឹង​ក្លាយ​ជា​ចំណែក​មួយ​ដើម្បី​ជួយ​​ពួកគេ។ សូម្បីតែខ្ញុំដែលមិនចេះ និងមិនសូវចូលចិត្តសរសេរអ្វីសោះនោះឡើយ ដល់ឥឡូវបានផ្លាស់ប្តូរ បើចង់ត្រឹម សរសេរ​អត្ថបទលេងៗមួយទំព័រ ឬ​ពីរទំព័រអី ស្លាប់ហើយ គឺស្រួលល្ហុយ ហូរដូចទឹក ហាហាហា (តែ​មិន​ធានា​ថា​សរសេរ​ហើយ​ បងអានយល់ឬអត់នោះទេ ហាហាហា) ;-)

និយាយដោយស្មោះត្រង់ តាំង​តែ​ពីខ្ញុំចូលអានប្លក់បងមក គឺពិតជាចេះដឹងច្រើនគួរសមមែន មាន​ទាំង​វិធីសាស្ត្រ​តែងនិពន្ធ វិធី​ធ្វើម្ហូប ចំណេះដឹងទូទៅផ្សេងៗ និងជីវៈប្រវត្តិ បំនិនជីវិតផ្ទាល់ខ្លួនរបស់បង  (ហេស​ហេពិសេសគឺរឿងស្នេហា ហា​ហា​ហា) :-P ។ អត្ថបទរឿងភាគច្រើនដែលខ្ញុំបានអាន គឺ​ខ្ញុំ​តែង​តែ​បញ្ចេញ​មតិ ព្រោះ​ខ្ញុំ​យល់​ថា​មតិ​នេះ​ហើយ គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត​ដល់​បង​ដែល​បាន​ខិត​ខំ​ចំណាយ​ពេល ដ៏មានតម្លែ របស់​បង​មក​សរសេរ និងយកមកប្រកាស ចែក​ជូន​អ្នក​គ្រប់គ្នាអានដោយសេរី (តែ​អត្ថបទមួយចំនួន ​ខ្ញុំ​ប​អាន​ហើយ តែក៏មិនបានបញ្ចេញជាមតិក៏មានដែល ព្រោះ​ពេល​ខ្លះ​ គឺ​ខ្ញុំ​ក្តៀន​យោបល់​ដែរ)។ ខ្ញុំ​យល់​ពី​ចិត្ត​របស់​ម្ចាស់​ប្លក់​គ្រប់គ្នាថា បើមានគេចូលអានច្រើន ឬបញ្ចេញមតិច្រើន នោះ​គឺ​បង​នឹងមានទឹកចិត្តក្នុងការសរសេរ​ឬ​ប្រកាសរឿងថ្មីជាបន្តបន្ទាប់ ដោយគ្មានគិតការនឿយហត់អ្វីឡើយ ទោះ​ជា​តម្រូវ​ឲ្យ​បង​ សរសេរ​រឿង​ដល់​យប់​ជ្រៅ ដល់ថ្នាក់ភ្នែករូង និងខ្មៅភ្នែកដូចខ្លាឃ្មុំ Panda (លែង​សង្ហា) ក៏ដោយ ហាហាហា។ យូនីកូត ក៏​​ជា​ចំណេះដឹងដែលខ្ញុំចេះដោយសារតែប្លក់នេះដែរ កាល​មុន​ចេះ​តែ​ហ្វុន​លីម៉ូនទេ។ ឆ្លៀត​ក្នុង​ពេល​នេះ​ផង​ដែរ ខ្ញុំ​ក៏​ចង់​សុំ​ទោស​បងផងដែរ ព្រោះរយៈពេលដែលកន្លងមក មតិរបស់ខ្ញុំដែលបានបញ្ចេញ គឺពិតជា មាន​កំហុស​ខាង​អក្ខរា​វិរុទ្ធ​ខ្លាំង​ណាស់ តែបងតែងតែជួយកែតម្រូវ និងនៅតែអនុញ្ញាត ទទូល​យក​នូវ​រាល់​មតិ​របស់ខ្ញុំ! សូមទោសផងដែរ រាល់​មតិ​ទាំង​ឡាយ​ណា ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់អារម្មណ៍របស់បង ព្រោះ​ជួន​កាលជាការលេងសើចជ្រុល និង​ជួន​កាល​ជា​ការ​ប្រើ​ពាក្យ​ឆ្គាំ​ឆ្គង  តែ​សូមជម្រាបដោយស្មោះត្រង់ថា ខ្ញុំ​ពិត​ជាគ្មានចេតនាទេ។

ជា​ចុងក្រោយ សូមជូនពរឲ្យបងផ្កាយ មានសុខភាពល្អ បញ្ញាវាង​វៃ រូបរាងកាន់តែសង្ហារ ជីវិត​ស្រស់​​ថ្លា មានសំណាងល្អ (ពិសេស​គឺរឿងស្នេហា)  :-D ។ សូមឲ្យប្លក់របស់បងក្លាយជាប្លក់មួយដែល ទទួល​បាន​នូវការគាំទ្រកាន់តែខ្លាំង ពី​សំណាក់​អ្នក​អានជារៀងដរាប។

***សំណូមពរពិសេសពីខ្ញុំ និងមិត្តអ្នកអាន គឺចង់ឃើញបងសប្បាយចិត្ត និងញញឹម។ សូម​ញញឹម​ដូច​ថ្ងៃ​ដែល​ពួក​យើង​បាន​ជួបគ្នា គឺពិតជាពិសេសក្រៃលែងណាស់ ចង់បានតែប៉ុណ្ណឹងទេ លែង​ចង់​បាន​អីទៀតហើយ! ពេលឃើញបងពិបាកចិត្ត ពួក​ខ្ញុំក៏មិនសប្បាយចិត្តដែរ!

ភ្នំពេញ, ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១២

ពីមិត្តអ្នកអានសំណប់

P.S: បងផ្កាយអ្ហើយ តាមពិតខ្ញុំធ្លាប់សរសេអត្ថបទបែបនេះផ្ញើទៅបងម្តងតាំងពីរយូរហើយ តែ​កាល​ហ្នុង​មិន ដឹងម៉េចទេ ប្រហែល​ខ្ញុំ​សែវ​មិន​បានត្រឹមត្រូវ បិទ​កំព្យូទ័រ ដល់បើកមកអត់ឃើញមានអ្វីសោះ គឺ​អត់​ជាប់ (ភ្លាមៗនោះខ្ជិលសរសេរឡើងវិញណាស់) នេះ​ទើប​តែ​នឹក​ឃើញ​សរសេរឡើង វិញសាថ្មីទេ បើ​មាន​ទាស់​ខុសអ្វី សុំអភ័យទោសផង ព្រោះមិនបានត្រួតពិនិត្យអីច្រើនទេ ឥឡូវងងុយហើយ!! អរគុណ​បង    :-D​

1:25 am

Read Full Post »

តាមដាន

Get every new post delivered to your Inbox.

Join 2,356 other followers