ក្នុងចំណោមអ្នកនិពន្ធវ័យក្មេងរបស់ប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះលោក យូ សុភា គឺជា អ្នកនិពន្ធមួយរូបដែលមានភាពលេចធ្លោខ្លាំងក្នុងវិស័យតែងនិពន្ធស្នារដៃអក្សរសិល្ប៍ផ្នែកប្រលោមលោក។ ដោយគិតចាប់តាំងពីឆ្នាំ២០០២មកដល់ឆ្នាំ២០០៩ នេះលោកយូ សុភា បានទទួលពានរង្វាន់និងរង្វាន់ចំនួន៩ស្នាដៃមានដូចជា ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ព្រះបាទអង្គឌួង ឧកញ៉ាសុត្ដន្ដប្រីជាឥន្ទ្រ នូហាច។ល។
កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៩នេះ លោកយូ សុភា ក៏បានទទួលពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួនណាត ជោត្ដញ្ញាណោ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមប្រធានបទ «អក្សរសាស្ដ្រសង្គ្រោះមនុស្សឱ្យផុតពីភាពល្ងង់ខ្លៅ» ដោយលោកទទួលបាននូវលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោមបេក្ខជន ដែលបានចូលរួមប្រលងប្រជែង។ ប៉ុន្ដែទោះបីជាដូច្នេះក្ដីក៏ស្នាដៃប្រលោមលោកយូ សុភា រឿង “ទោះសុរិយានៅតែរះ” ត្រូវបានគណៈកម្មការវាយតម្លៃនិងជូនចំណាត់ថ្នាក់ត្រឹមលេខ២ប៉ុណ្ណោះ ហើយពុំមានបេក្ខជនរឺបេក្ខនារីណា ទទួលបានចំណាត់ថ្នាក់លេខ១ឡើយ ព្រោះប្រធានបទមានលក្ខណៈធំទូលាយពេក ដែលជាហេតុធ្វើឱ្យអ្នកនិពន្ធមានការលំបាកក្នុងការ សរសេរឱ្យដល់ចំណុចកំពូល និងគ្រប់ជ្រុងជ្រោយដែលក្រសួងចង់បាន។
ទាក់ទងជាមួយស្នាដៃប្រលោមលោកនិងរឿងខ្លី លោកយូ សុភា មានស្នាដៃចំនួនបីដែលបានចេញផ្សាយរួចមកហើយ គឺមានរឿងបរិញ្ញាបត្រខ្ញុំ ចេញផ្សាយពីសមាគមអក្សរសិល្ប៍នូហាច កញ្ញាម្ទេសខ្មាំង បើបេះដូងជាប់ឈាម ចេញផ្សាយពីសមូហកម្មស្លាបប៉ាកា យូ សុភា ដែលលោកជាអ្នកបង្កើតដោយផ្ទាល់ ។ តាមរយៈរឿងទាំងបីនេះបានធ្វើឱ្យលោក យូ សុភា ទទួលបាននូវភាពល្បីក្នុងស្រទាប់ប្រិយមិត្ដដែលនិយមអានរឿងប្រលោមលោកក្នុងស្រុក ហើយបានសាយភាយទៅដល់បងប្អូនប្រជាជនខ្មែរមួយចំនួនដែលរស់នៅឯបរទេសផងដែរ ដែលពួកគាត់បានទូរស័ព្ទនិងផ្ញើរអ៊ីម៉េលសម្ដែងនូវការកោតសរសើរអំពីទឹកដៃរបស់លោកដោយក្ដីស្មោះស និងរាប់អាន។ រឿងទាំងបីខាងលើនេះក៏ត្រូវបាននិស្សិតនៅ តាមមហាវិទ្យាល័យមួយចំនួនជ្រើសរើសយកទៅធ្វើជាប្រធានបទក្នុងកិច្ចការសរសេររបស់ពួកគេទៀតផង ។
ក្រៅពីមានអាជីពជាសាស្ដ្រចារ្យអក្សរសាស្ដ្រខ្មែរ លោកយូ សុភាក៏ជាគណៈកម្មការកំណែររឿងខ្លីមួយរូបនៅសមូហកម្មអក្សរសិល្ប៍ នូ ហាច ផងដែរ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ខូ តារាឬទ្ធិ ដែលជានាយកគ្រប់គ្រងសមាគមអក្សរសិល្ប៍ នូ ហាច លោកយូ សុភា ត្រូវបានបណ្ដាអ្នកនិពន្ធបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមភែនកម្ពុជាដែលជាសមាគមអន្ដរជាតិមានទីតាំងធំនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដែលបច្ចុប្បន្ននេះមានសមាជិកប្រមាណជា១០០ប្រទេស ។ នៅថ្ងៃអនាគតប្រសិន បើសមាគមភែនកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការទាំងជាតិនិងអន្ដរជាតិនោះ លោកយូ សុភា មានគោលការណ៍ជាច្រើនទាក់ទងជាមួយនឹងវិស័យតែងនិពន្ធ និងការបោះពុម្ពផ្សាយ។ លោកយូ សុភា ក៏មានក្រុមអ្នកនិពន្ធសម្រាប់ទទួលសរសេរអត្ថបទរឿងប្រលោមលោក អត្ថបទភាពយន្ដរឿងអប់រំខ្លីទំនុកច្រៀង ឈុតផ្សាយពាណិជ្ជកម្ម។ល។ ក្នុងតម្លៃថោកសមរម្យផងដែរ។ សកម្មភាពនេះនឹងបានចូលរួមចំណែកមួយផ្នែកក្នុងការផ្ដល់ឱកាស ការងារក៏ដូចជាការផ្ដល់តម្លៃដល់ក្រុមអ្នកនិពន្ធកម្ពុជា។ លោកយូ សុភា ស្វាគមន៍ចំពោះប្រិយមិត្ដអ្នកអាននិងអស់លោក លោកស្រី ទាំងអស់ដែលមានបំណងទាក់ទងក្រុមអ្នកនិពន្ធរបស់លោកក្នុងវិស័យតែងនិពន្ធដោយរីករាយ ។
ទោះបីជាលោក យូ សុភា ទទួលបាននូវជោគជ័យច្រើនក្នុងការតែងនិពន្ធ ហើយទទួលបាននូវកិត្ដិយស និងកេរ្ដិ៍ឈ្មោះដ៏ប្រពៃក៏ដោយ ក៏លោកនៅតែបន្ដហ្វឹកហាត់បន្ថែមទៀត ទៅលើសមត្ថភាពដែលមានស្រាប់តាមរយៈការអានសៀវភៅឱ្យបានច្រើន រួមទាំងការសិក្សាស្វែងយល់អំពីរឿងរ៉ាវដែលកើតមាននៅក្នុងសង្គម ព្រោះចំណុចទាំងនេះគឺជាគន្លឹះមួយដ៏ពិសិដ្ឋសម្រាប់លោកក្នុងការបង្កើតគោលគំនិតឆ្ពោះទៅរកការសរសេរអត្ថបទប្រលោមលោកបានល្អ ៕ សីហា
ប្រភពអត្ថបទ៖ ទស្សនវដ្តីអាថ៌កំបាំង
Great. Is he a son of Lok Grou You Bo?
គាត់មិនមែនជាកូនរបស់លោកគ្រូ យូ បូ ទេ គ្រាន់តែមានឈ្មោះត្រកូលដូចគ្នាប៉ុណ្ណោះ។
ខ្ញុំចូលចិត្ត រឿង បរិញ្ញាប័ត្រខ្ញុំ ណាស់… រឿងនោះជាងអ្នកជំរុញចិត្តខ្ញុំអោយ សរសេរប្រលោមលោកចេញជារូបរាងសាច់ការ… (ធ្លាប់សរសេរប្រលោមលោក ដំបូងឆ្នាំ២០០១ តែគ្មានការតស៊ូរ រឺ មិនសូវចាប់អារម្មណ៍រឿងហ្នឹងគ្មានថ្ងៃចប់ទៅ)
អ្នកនៅក្មេងសោះតែបានបង្កើតស្នាដៃច្រើនបែបនេះ ពិតជាយុវជនឈានមុខមែន
ខ្ញុំសូមសរសើរដោយស្មោះ