បេះដូងបរិសុទ្ធពីរ ដែលជួបគ្នាដោយបាដិហារិយ៍…
ចុចយកអាននៅទីនេះ សម្រាប់អ្នកគ្មានពេលវេលាគ្រប់គ្រាន់!
ពេលវេលាកន្លងទៅយឺតៗនៅក្នុងលោករបស់មនុស្សពីរនាក់ ដែលមានមនោសញ្ចេតនាចំពោះគ្នាយ៉ាងជ្រាលជ្រៅ។ ក្មេងប្រុសឈប់រឹងទទឹងនឹងការមកមន្ទីរពេទ្យទៀត ផ្ទុយមកវិញគេបែរជាទទួលអារម្មណ៍ចូលចិត្តទីនេះកាន់តែខ្លាំង… ព្រោះមិត្តថ្មីដែលគួរឲ្យស្រលាញ់ប្រៀបដូចកូនតុក្កតាបានធ្វើឲ្យរឿងរ៉ាវល្អៗច្រើនយ៉ាងកើតឡើងបន្ថែមពេញបេះដូងរបស់គេ។ កុមារទាំងពីរប្រើពេលវេលានៅជាមួយគ្នាយូរសែនយូរ។ កុមារីចាប់ផ្តើមមានសេចក្តីសង្ឃឹមឡើងវិញ… យ៉ាងហោចណាស់នាងក៏ត្រូវថែរក្សាខ្យល់ដង្ហើមទុកសម្រាប់ថ្ងៃស្អែកនេះ ដើម្បីបានមកជួបក្មេងប្រុសនៅវាលស្មៅទៀត… នាងចាប់ផ្តើមមានកម្លាំងចិត្តដើម្បីតស៊ូជាមួយនឹងជំងឺដ៏កាចសាហាវ ដែលកំពុងតាមយាយីយកខ្យល់ដកដង្ហើមរបស់នាងគ្រប់ពេលវេលា។ តែក្នុងពេលជាមួយគ្នានោះ… អារម្មណ៍មួយទៀតក៏ចាប់ផ្តើមភ័យខ្លាចសេចក្តីស្លាប់ឡើងមកភ្លាមៗដិតជាប់ក្នុងថ្លើមប្រមាត់របស់នាង។
បើត្រូវឃ្លាតទៅកាន់ពិភពលោកមួយទៀតដែលនៅឆ្ងាយសែនឆ្ងាយ… ក៏ប្រហែលជាលែងបានជួបគ្នាទៀតហើយ។
គ្រាន់តែគិត ក៏ឈឺចុកចាប់ពន់ពេកប្រមាណ…
រាងកាយតូចៗរបស់កុមារានិងកុមារី កំពុងអង្គុយបញ្ឈរជង្គង់មើលលំហមេឃដ៏ធំល្វឹងល្វើយ។ ពេលនេះ អ្នកជំងឺព្រមពាក់អាវដៃវែងចុះមកពីបន្ទប់ហើយ ព្រោះមិនត្រូវការឲ្យក្មេងប្រុសត្រូវមករងាដោយសារការលះបង់អាវមកដណ្តប់ឲ្យខ្លួនឯងនោះទេ។
«បើចេញពីមន្ទីរពេទ្យរួចហើយ ខ្ញុំនឹងនាំនាងទៅលេងសមុទ្រ នាំទៅមើលភ្នំខ្ពស់ នាំទៅមើលផ្កានៅក្នុងសួនដែលស្អាតជាងនេះ នាំទៅ…»
«យើងប្រហែលជាគ្មានខ្យល់ដកដង្ហើមទៅដល់ថ្ងៃនោះទេ ហើយក៏ប្រហែលជាគ្មានថ្ងៃបានទៅទីនោះដែរ… ហេតុដូច្នេះឯងមិនបាច់និយាយទេ!»
កុមារីប្រឹងរម្ងាប់អារម្មណ៍បញ្ជាក់ប្រាប់គេដោយសំឡេងខ្សោះខ្សោយ។ គ្រាន់តែធ្វើអ្វីប្រឆាំងនឹងចង្វាក់បេះដូងបន្តិច នាងនឿយហត់ស្ទើរតែដកដង្ហើមមិនដល់គ្នាទៅហើយ គ្មានថ្ងៃដែលនឹងអាចទៅដល់ទីកន្លែងទាំងអស់នោះបានទេ… ទាំងភាពទន់ខ្សោយទាំងជំងឺកាចសាហាវ ពិតជាគ្មានផ្លូវបើកឱកាសឲ្យនាងយ៉ាងប្រាកដ។
«ខ្ញុំជឿជាក់ថានាងនឹងបានជាសះស្បើយ… ហើយថ្ងៃណាមួយយើងនឹងទៅទីកន្លែងទាំងនោះជាមួយគ្នា!» ក្មេងប្រុសពោលឡើងយ៉ាងប្រាកដប្រជា។
«ឯងនឹងមិនបោះបង់យើងចោល ដូចប៉ាម៉ាក់ដែលទុកយើងចោលនៅទីនេះទេឬ?»
«បើនៅមានខ្យល់ដកដង្ហើម ខ្ញុំគ្មានថ្ងៃបណ្តោយឲ្យនាងនៅកណ្តោចកណ្តែង និងគ្មានថ្ងៃបោះបង់ចោលនាងនោះទេ!»
«បើយើងត្រូវស្លាប់… តើអាចសុំឲ្យយើងអស់ខ្យល់ដកដង្ហើមនៅក្បែរៗឯងបានឬទេ? បើយើងត្រូវឃ្លាតទៅនៅពិភពលោកមួយដែលកណ្តោចកណ្តែង សូមឲ្យយើងចងចាំឯងទុកជាការចងចាំចុងក្រោយ។» នាងឈ្ងោកមុខចុះនៅពេលនិយាយចប់ប្រយោគ។
គេប្រហែលជាមិនដឹងទេ ថានាងវេទនាប៉ុណ្ណាដែលត្រូវមានជីវិតរស់នៅរាល់ថ្ងៃនេះ។ យប់ខ្លះដែលសុបិនអាក្រក់ ភ្ញាក់ឡើងកណ្តាលអធ្រាត្រ មិនឃើញនរណាម្នាក់សោះ។ ប៉ាម៉ាក់នៅឯផ្ទះជាមួយប្អូនប្រុសតែម្នាក់របស់នាង។ លោកទាំងពីរជួលគិលានុបដ្ឋាយិកាពិសេស ដើម្បីមកមើលថែរក្សានាង។ គ្រប់យ៉ាងល្អទាំងអស់ តែវានឹងមានប្រយោជន៍អ្វីទៅ ព្រោះអ្វីដែលនាងត្រូវការមិនមែនអត្ថន័យដែលលុយអាចរកទិញមកបាននោះទេ គឺត្រឹមតែសេចក្តីស្រលាញ់… ត្រឹមតែការលួងលោមពីអ្នកដែលបង្កើតខ្លួនមកប៉ុណ្ណោះឯង។ នាងកើតមកដើម្បីបង្កការលំបាកឲ្យគ្រួសារ… រូបភាពដែលនាងឃើញប៉ាម៉ាក់ សម្តែងសេចក្តីស្រលាញ់ និងយកចិត្តចំពោះប្អូនប្រុស ធ្វើឲ្យនាងទទួលអារម្មណ៍ថា ខ្លួនឯងជាមនុស្សកាកសំណល់។ តាមពិតទៅ នាងមិនគួរនឹងកើតមកសោះ!
ពិភពលោករបស់នាងក្នុងនាទីនេះ គឺមានតែគេប៉ុណ្ណោះ គឺតែម្នាក់ពិតមែនដែលធ្វើឲ្យទទួលអារម្មណ៍ថានាងមិនមែនមានតែខ្លួនមួយ។ បើត្រូវស្លាប់ក្នុងថ្ងៃខាងមុខណាមួយ… ក៏ប្រហែលជាល្អបើបានស្លាប់នៅក្បែរៗគេ។ យ៉ាងហោចណាស់… ខ្យល់ដង្ហើមចុងក្រោយនឹងបានចងចាំរូបរបស់គេទុក ដើម្បីជួយលួងលោមខ្លួនឯង ពេលចាកចេញទៅហើយ ឆ្ងាយសែនឆ្ងាយ។
«ឈប់និយាយរឿងសេចក្តីស្លាប់ទៀតទៅ… ខ្ញុំគ្មានថ្ងៃព្រមបណ្តោយឲ្យនាង កើតក្តីអន្តរាយឡើយ…» ក្មេងប្រុសបន្ទោសសំឡេងមាំ តែពេលឃើញកែវភ្នែកមូលក្រឡង់នោះ ជោរជន់ដោយទឹកភ្នែកក៏បន្ទាបសំឡេងចុះវិញ។ ដៃតូចលូកទៅចាប់ដៃឆ្មារៗអង្អែលតិចៗ ដើម្បីផ្តល់ភាពកក់ក្តៅនិងកម្លាំងចិត្ត។
«សុំទោសដែលខ្ញុំឆេវឆាវបន្តិច ព្រោះទទួលអារម្មណ៍ឈឺចុកចាប់ពេក នៅពេលគិតថាថ្ងៃស្អែកនេះ… គ្មាននាងនៅក្បែរ។»
«មិនប៉ុន្មានថ្ងៃទៀត លោកយាយរបស់ឯងនឹងត្រលប់ទៅផ្ទះវិញហើយ… ហើយក៏ប្រហែលជាលែងបានមកលេងយើងទៀតដែរមែនទេ… តើឯងនឹងត្រលប់មករកយើងវិញទេ?» កុមារីផ្តោតភ្នែកសម្លឹងមើលគេ។ នៅក្នុងក្រសែភ្នែកនោះរំជើបរំជួលនឹងចម្លើយតបយ៉ាងខ្លាំង។
«ប្រាកដណាស់… វាត្រូវតែដូច្នោះស្រាប់ហើយ សុំសន្យាដាក់ជីវិត!»
កុមារាហុចម្រាមកូនដៃជំនួសឲ្យពាក្យសន្យា។ បន្តិចមក ស្រីតូចក៏ប្រើកូនដៃរបស់ខ្លួនឯងថ្ពក់ជាប់… ទទួលយកពាក្យសន្យានោះ។
«ចាំទុកណា បើនៅមានខ្យល់ដកដង្ហើម ខ្ញុំនឹងគ្មានថ្ងៃបោះបង់ចោលនាងជាដាច់ខាត… ដោយជីវិតរបស់មនុស្សម្នាក់… សន្យាថានឹងចាំមើលថែរក្សាការពារនាងរហូតទៅ!»
***
មិនប៉ុន្មានថ្ងៃក្រោយមក ប្រុសតូចប្រញាប់រត់ចុះមកពីបន្ទប់សម្រាករបស់លោកយាយនៅពេលកុមារីទូរស័ព្ទទៅប្រាប់ថា នាងកំពុងត្រៀមខ្លួនត្រលប់ទៅផ្ទះឯបាត់ដំបងវិញហើយ។ គេរត់បុកអ្នកនេះអ្នកនោះតាមផ្លូវរហូត ទាំងនឹកខឹងនិងតូចចិត្តដែលនៅសុខៗក៏ឃ្លាតទៅ ធ្វើដូចជាគេនោះគ្មានតម្លៃអ្វីសោះឡើយ។
រាងតូចស្តើងឈរនៅកណ្តាលវាលស្មៅពណ៌បៃតងខ្ចី នាងងាកត្រលប់មកមើលមិត្តដែលទើបមកដល់យឺតៗ។ រស្មីស្រទន់របស់ព្រះអាទិត្យដែលចាំងចុះមក ធ្វើឲ្យស្នាមញញឹមនៅលើផ្ទៃមុខស្រស់ផូរផង់នោះសោកសៅគួរឲ្យចង់ខឹង។
«គិតថាខ្លួននេះជានរណា គិតចង់ទៅក៏ទៅដោយងាយៗយ៉ាងនេះឬ?»
ពាក្យដំបូងផ្ទុះចេញមកដោយសំឡេងគ្រោតគ្រាត។
«សុំទោសផងដែលមិនបានប្រាប់ជាមុន រឿងវាទាន់ហន់ពេក ព្រោះលោកអ៊ំពេទ្យត្រលប់មកពីបរទេសលឿនជាងថ្ងៃកំណត់មុនមួយអាទិត្យ ទើបយើងត្រូវប្រញាប់ត្រលប់ទៅបាត់ដំបងវិញ។»
តាមពិតនាងខ្លួនឯងដែលជាអ្នករំអុកចង់ត្រលប់ទៅផ្ទះ ព្រោះមួយរយៈនេះបេះដូងរបស់នាងចុះខ្សោយជាលំដាប់ ឯសុបិនអាក្រក់ក៏មកលងបន្លាចឥតឈប់ឈរ ខ្លួនប្រាណប្រែជាត្រជាក់ស្រេបដូចមនុស្សជិតស្លាប់ ខ្លាចក្រែងថានៅទីនេះតទៅទៀត ក្មេងប្រុសអាចនឹងឃើញគេស្លាប់នៅចំពោះមុខ គេប្រហែលជាទទួលយកការឈឺចាប់នេះមិនបានទេ ហេតុដូច្នោះទើបត្រូវប្រញាប់ចាកចេញទៅមុន បើត្រូវស្លាប់គេក៏មិនគួរដឹងឮដែរ ចង់ឲ្យពិភពលោករបស់គេនោះមានរូបនាងជារៀងរហូត មិនចង់ឲ្យក្មេងប្រុសដឹងថានាងមិនបាននៅលើលោកនេះតទៅទៀតទេ។
«ខ្ញុំមិនចង់ឲ្យនាងឃ្លាតទៅសោះ… បាត់ដំបងឆ្ងាយណាស់សម្រាប់ឲ្យក្មេងៗធ្វើដំណើរទៅដល់បាន!»
«នេះជាបេះដូងរបស់យើង ឯងជួយមើលថែរក្សាផងណា៎!»
ស្រីតូចហុចប្រអប់តន្ត្រីបួនជ្រុង ដែលធ្វើអំពីឈើឆ្លាក់ជាក្បាច់រចនាយ៉ាងប្រណីត ឲ្យទៅមិត្តតែម្នាក់ដែលកំពុងមាន មុននឹងប្រាប់គេពីអត្ថន័យរបស់វា។
«នេះជារបស់ដែលយើងស្រលាញ់បំផុត! ប្រអប់តន្រ្តីនេះធ្វើឲ្យបេះដូងយើងលោតបានដោយមិនបាច់ឈប់ធ្វើការ។ នៅពេលឈឺធ្ងន់ម្តងៗ លុះបានឮសំឡេងភ្លេងនេះ យើងនឹងមានកម្លាំងកំហែងបើកភ្នែកឡើងមកតស៊ូជាមួយនឹងភាពឈឺចុកចាប់តទៅទៀតបាន។»
«បើដូច្នោះគួរតែរក្សាទុកដោយខ្លួនឯង… ព្រោះវាមានន័យសំខាន់ខ្លាំងណាស់!»
គេមិនហ៊ានទទួលទុក ខ្លាចថាបើនាងឈឺនឹងមិនអាចស្តាប់ភ្លេងចេញពីវាបានទៀត ហើយនឹងក្លាយជាទន់ខ្សោយគ្មានកម្លាំងចិត្តដើម្បីតស៊ូនឹងជំងឺកាចសាហាវ។
«របស់សំខាន់ក៏ត្រូវតែរក្សាទុកនៅជាមួយមនុស្សសំខាន់! ចាប់តាំងពីពេលនេះតទៅសូមជួយមើលថែរក្សាបេះដូងយើងផង។»
«អ្នកនាងតូចលោកប៉ាអ្នកម៉ាក់ឲ្យមកតាម ព្រោះត្រូវប្រញាប់ចេញទៅពីព្រឹកផង!»គិលានុបដ្ឋាយិកាពិសេសស្រែកហៅមកពីចម្ងាយ ព្រោះដល់ពេលវេលាដែលត្រូវចេញដំណើរហើយ។
«យើងត្រូវទៅហើយ… និយាយអ៊ីចឹង ឯងឈ្មោះអ…»
«ចាំមួយភ្លែត… មិនដល់ប៉ុន្មានវិនាទីទេ!»
ក្មេងប្រុសមិនបានឮសំណួរនោះ អ្វីដែលគេបានឮគឺសំឡេងបេះដូងរបស់ខ្លួនឯង។ ប្រុសតូចងាកមើលជុំវិញខ្លួន មុននឹងបញ្ឈប់ខ្សែភ្នែកត្រង់កំលោះក្រមុំមួយគូ ភាគីស្រីនោះជាអ្នកជំងឺ នាងអង្គុយនៅលើរទេះរុញ នៅក្នុងដៃមានផ្កាពណ៌សមួយបាច់ធំ ឯភាគីបុរសនៅឈរមើលថែក្បែរកាយដោយក្តីព្រួយបារម្ភ។ នៅពេលឃើញដូចនោះ ក្មេងប្រុសក៏ប្រឹងរត់អស់កម្លាំងជើងទៅកាន់គូស្នេហ៍នោះភ្លាម មុននឹងពោលចេញមកដោយសំឡេងប្រាកដប្រជា។
«បងស្រី! មិត្តរបស់ខ្ញុំកំពុងត្រលប់ទៅផ្ទះដែលនៅឆ្ងាយពីទីនេះខ្លាំងណាស់ ហើយមិនដឹងថានៅពេលណាយើងនឹងបានជួបគ្នាវិញទេ នាងឲ្យរបស់នេះជាកាដូសម្រាប់ខ្ញុំ» ក្មេងប្រុសហុចប្រអប់តន្ត្រីឈើឲ្យនារីលើរទេះរុញដែលកំពុងសម្លឹងមើលយ៉ាងចម្លែកចិត្ត «តែខ្ញុំបែរជាគ្មានអ្វីឲ្យនាងសោះ អឺ… តើខ្ញុំអាចសុំផ្កាមួយទងពីរបានឬទេ? ផ្កានេះប្រហែលជាមានអត្ថន័យ សម្រាប់ពួកបងៗទាំងពីរខ្លាំងណាស់… ហើយក៏ប្រហែលជាមានន័យសំខាន់សម្រាប់ពួកខ្ញុំដូចគ្នា!»
«បានតើប្រុសតូច!» នាងញញឹមចេញមកយ៉ាងអាណិតស្រលាញ់មុននឹងទាញយកផ្កាកុលាបសដែលរៀបចំជាបាច់យ៉ាងស្រស់ស្អាតហុចឲ្យមួយទង។
«បើសន្យាអ្វីហើយ… កុំភ្លេចធ្វើតាមសន្យាផងណា!» ជាសម្តីរបស់បុរសម្ចាស់បាច់ផ្កាដ៏ស្រស់ស្អាតនោះឯង។ ជារឿងធម្មតាសម្រាប់មនុស្សដែលត្រូវបែកគ្នា តែងចូលចិត្តនិយាយពាក្យសន្យា ឯក្មេងប្រុសម្នាក់នេះក៏ប្រហែលជាមិនខុសគ្នាដែរ។
«បាទ! ខ្ញុំសូមឲ្យបងៗទាំងពីរស្រលាញ់គ្នារហូតទៅ អរគុណពួកបងខ្លាំងណាស់!» នៅពេលបានផ្កាហើយទើបប្រញាប់រត់ត្រលប់មកវិញជាបន្ទាន់។
«នេះក៏ជាបេះដូងរបស់ខ្ញុំដូចគ្នា!» គេហុចផ្កាឲ្យក្មេងស្រី។
«យើងនឹងរក្សាវាទុករហូតតទៅ!»
«នាងត្រូវថែរក្សាខ្លួនឯងឲ្យបានល្អ! នៅពេលធំឡើងខ្ញុំនឹងតាមរកនាងដោយខ្លួនឯង នាំមកនៅជាមួយគ្នានៅផ្ទះរបស់ពួកយើង នឹងមិនបណ្តោយឲ្យនាងយល់សប្តិអាក្រក់ ឬយំយ៉ាងកណ្តោច កណ្តែងតទៅទៀតទេ។»
កែវភ្នែកពណ៌ត្នោតចាស់របស់ក្មេងប្រុស មើលទៅរឹងប៉ឹងម៉ឺងម៉ាត់ដូចភ្នំព្រះសុមេរុ។ គេក្តាប់ប្រអប់តន្ត្រីជាប់យ៉ាងហួងហែងព្រោះវាជាបេះដូងរបស់កុមារី។
«យើងនឹងរង់ចាំ… ចាំរហូតដល់ថ្ងៃចុងក្រោយ!»
ស្រីតូចសម្លឹងគេយ៉ាងអាលោះអាល័យ។ ខ្យល់ត្រជាក់ផាត់មក… ធ្វើឲ្យទទួលអារម្មណ៍ស្រងេះស្រងោចកប់យ៉ាងជ្រៅនៅក្នុងចិត្ត។
កែវភ្នែករបស់ពួកគេទាំងពីរ ឆ្លើយឆ្លងរកគ្នាយ៉ាងយូរសែនយូរ… ជាពាក្យសន្យាដែលទទួលដឹងឮទាំងអស់គ្នាដោយបេះដូងទាំងគូ។
***
សូមរង់ចាំអានវគ្គបន្ត!
ពេលណាដាក់រឿង អាសមុទ្រអត់ខ្សាច់ឲ្យខ្ញុំមើលទៅ? ចាំយូរណាស់ហើយណា ចាំទាំងត្រដរ ^_^
ស្រីនិច
គួរអោយអាណិចកុមារទាំងពីរនេះណាស់។ ខ្មុំចង់ស្រស់ទឹកភ្នែកណាស់ ចំពោះប្រវត្តិរបស់កុមារីែដលមិនបានទទួលភាពកក់ក្តៅពីឪពុកម្តាយ ។
តាមពិតទៅបងធ្លាប់ដាក់វគ្គ១០ម្តងដែរហើយ តែមានបញ្ហាព្រោះមិនដឹងយ៉ាងម៉េច គ្រប់ប្រកាសដែលផ្សាយពីរឿងនោះ គឺសរសេរខំមិន មិនបាន។ ដូច្នេះនឹងព្យាយាមដាក់ផ្សាយម្តងទៀត… ភាគច្រើនរឿងនេះនឹងផ្សាយនៅរៀងរាល់ចុងសប្តាហ៍! អរគុណដែលមានម្នាក់រង់ចាំអាន!
មិនមែនមានតែម្នាក់ដែលរងចាំអានទេគឺពេលនេះមានខ្ញុំម្នាក់ទៀតហើយដែលរងចាំអានរឿងនេះតទៀត!!!ហិហិហិចូលចិត្តរឿងនេះណាស់អរគុណលោកផ្កាយច្រើនៗហើយណា!!”)
អូយ!! កំសត់ដល់ហើយពួកគេត្រូវបែកគ្នាហើយ!! :”(
កំសត់ណាស់