ឈន់ សុភា!
រយៈពេលយូរឆ្នាំហើយដែលយើងបែកគ្នា សុភា! បើខ្ញុំចាំមិនខុសទេ នេះជាឆ្នាំទី១០ហើយដែលយើងបែកគ្នា។ ថ្វីបើយើងជួបគ្នាស្គាល់គ្នាតែមួយឆ្នាំ តែខ្ញុំនៅតែចងចាំអនុស្សាវរីយ៍ល្អៗរវាងយើងទាំងពីរមិនដែលភ្លេច។ សុភាគឺជាមិត្តស្រីម្នាក់ដែលចងចិត្តខ្ញុំមិនឲ្យបំភ្លេចបាន។ ការតស៊ូព្យាយាមរបស់សុភាដែលត្រលប់ជាគ្មានប្រយោជន៍ ធ្វើឲ្យខ្ញុំខូចចិត្តជំនួសសុភាមិនតិចទេ ហើយនេះជាហេតុផលសំខាន់ដែលខ្ញុំមិនអាចបំភ្លេចសុភាបាន។
ចាំបានថា ថ្ងៃដំបូងដែលយើងជួបគ្នា សុភានិងខ្ញុំដូចឆ្កែនិងឆ្មាអ៊ីចឹង! យើងជាគូប្រជែងនៅក្នុងថ្នាក់! ជាគូប្រជែងដណ្តើមប្រជាប្រិយភាពនិងតំណែងលេខ១នៅក្នុងថ្នាក់ទី៧F ក៏ដូចជាជួរខ្សែថ្នាក់ទី៧ទាំងអស់។ ឃើញសុភាដំបូងធ្វើឲ្យខ្ញុំអត់ទ្រាំមិនបាន ដើម្បីស៊ើបពីប្រវត្តិការសិក្សារបស់សុភានោះទេ ព្រោះបើស្គាល់ប្រវត្តិច្បាស់ខ្ញុំនឹងងាយស្រួលក្នុងការត្រៀមខ្លួន និងយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងសុភា។ ទីបំផុតខ្ញុំក៏ដឹងថាសុភា គឺជាសិស្សពូកែប្រចាំសាលារបស់ខ្លួន ហើយទើបតែផ្លាស់មករៀននៅវិទ្យាល័យសម្តេចម៉ែព្រោះតែសាលានោះគ្មានថ្នាក់រៀន។ និយាយតាមត្រង់ទៅចុះ! ពេលនោះខ្ញុំគ្មានអារម្មណ៍ព្រឺរោមបន្តិចទេ ទោះបីជាដឹងថាសុភាគឺជាសិស្សពូកែប្រចាំសាលារបស់ខ្លួនក៏ដោយ ព្រោះខ្ញុំគិតថាសាលា របស់សុភាគ្រាន់តែជាសាលាដ៏តូចតាចមួយប៉ុណ្ណោះ ដូច្នេះកម្រិតអប់រំពិតជាចាញ់ខ្ញុំជាមិនខាន ម្យ៉ាងទៀតខ្ញុំជាមនុស្សដែលមានអំនួត និងមោទនភាពលើខ្លួនឯងស្រាប់ទៅហើយ មាននរណាម្នាក់ដែលខ្ញុំធ្លាប់ខ្លាច? កុំថាឡើយគ្រូបង្រៀនប្រចាំថ្នាក់!
ប៉ុន្តែលុះពីបានរៀនជាមួយគ្នាមួយខែមក ខ្ញុំក៏ដឹងថាសុភាគឺជាគូប្រកួតប្រជែងដ៏មិនធម្មតាមួយ ដែលធ្វើឲ្យខ្ញុំកាន់តែប្រឹងរៀនបន្ថែមទៀត ព្រោះខ្ញុំពិតជាមិនព្រមចាញ់សុភាដោយងាយៗនោះទេ។ ដោយសារតែចង់ឈ្នះចង់ចាញ់សុភា ខ្ញុំក៏បានក្លាយជាសិស្សពូកែម្នាក់ដែលមិនត្រឹមតែពូកែនៅក្នុងថ្នាក់ តែជាម្នាក់ដែលមានពិន្ទុឆមាសល្អឥតខ្ចោះលើសសិស្សនានានៅក្នុងសាលា។ មួយដំណាច់ឆ្នាំសិក្សាខ្ញុំទទួលបានលេខ១រហូតដែលលទ្ធផលនេះធ្វើឲ្យសុភាពាក់មុខយក្សដាក់ខ្ញុំមិនលែង។
តែដឹងទេ? ខ្ញុំចូលចិត្តឃើញសុភាខឹងបែបនេះ ព្រោះកាន់តែខឹងកាន់តែស្រស់ កាន់តែខឹងកាន់តែធ្វើឲ្យខ្ញុំក្នាញ់ ហេតុដូច្នេះហើយ ទើបខ្ញុំតែងតែរករឿងអាក្រក់ៗមកនិយាយនឹងសុភា ដើម្បីឲ្យសុភាខឹងហើយខ្ញុំបានសប្បាយចិត្ត។ ចាំបានថា ពេលនោះបើខ្ញុំមិនបានឈ្លោះគ្នាជាមួយសុភាទេ ខ្ញុំពិតជាញ៉ាំបាយមិនឆ្ងាញ់ពិតមែន។ សុភាធ្វើឲ្យខ្ញុំចង់មកសាលាដើម្បីមានគ្នាឈ្លោះជាមួយ សុភាធ្វើឲ្យខ្ញុំដើរញញឹម ដេកញញឹមនៅពេលនឹកឃើញមុខយក្ស ដែលចាញ់គេហើយនៅតែប្រកែកយកឈ្នះ។
តែគួរឲ្យសោកស្តាយ ព្រហ្មលិខិតហាក់ដូចជាធ្វើបាបមនុស្សលោកណាស់។ មនុស្សដែលចង់រៀន ព្យាយាមហើយពុះពារដើម្បីការសិក្សាត្រលប់ជាគ្មានវាសនារៀនទៅវិញ។ ដើមឆ្នាំសិក្សាថ្នាក់ទី៨យើងបានរៀនជាមួយគ្នាទៀត គឺពេលនោះយើងរៀននៅថ្នាក់ទី៨គ ដែលជាថ្នាក់គំរូ។ មិនបានមួយខែពេញលេញផងក្រោយពីបាត់សុភាទៅមួយអាទិត្យ ស្រាប់តែសុភាត្រលប់មកវិញជាមួយនឹងសៀវភៅខ្ចីរបស់សាលា ដោយយកសៀវភៅទាំងនោះមកសងសាលាវិញ ព្រោះសុភាលែងមានវាសនាបានរៀនទៀតហើយ។ ពេលនោះខ្ញុំនឹកស្ងើចសុភាមែនទែន ព្រោះខ្ញុំឃើញច្រើនគ្នាមកហើយដែលឈប់រៀនទៅមិនដែលនឹកចង់យកសៀវភៅមកសងសាលាវិញទេ គឺមានតែស៊ីដាច់ហើយខ្លះទៅទារដល់ផ្ទះហើយក៏មិនឲ្យទៀត។ តែសុភាជាមនុស្សមានមនសិការខ្ពស់ ឈប់រៀនតែមិនចង់ឲ្យអ្នកដទៃគ្មានសៀវភៅរៀនទើបយកសៀវភៅមកសងសាលាវិញ។ ថ្ងៃនោះជាថ្ងៃដែលខ្ញុំគ្រាំគ្រាចិត្តខ្លាំងណាស់ ជាថ្ងៃដែលខ្ញុំបាត់គូប្រជែងម្នាក់ទៅ ជាថ្ងៃដែលសត្រូវការសិក្សារបស់ខ្ញុំលែងមានឈ្មោះនៅលើសមរភូមិទៀត។ បើសុភាទៅតើនៅមាននរណាឈ្លោះជាមួយខ្ញុំទៀត? សុភាទៅ មាននរណាដណ្តើមឆ្លើយសំណួរគ្រូជាមួយខ្ញុំ? ខ្ញុំរលីងរលោងទឹកភ្នែកនៅពេលដែលឃើញសុភាយំលាមិត្តភក្តិ… លើកទី១ដែលខ្ញុំឃើញសុភាបង្ហាញភាពទន់ជ្រាយនៅចំពោះមុខខ្ញុំ! ខ្ញុំធ្លាប់តែឃើញសុភារឹងមាំ ធ្លាប់តែឃើញសុភារឹងប៉ឹងប្រកែកតតាំង ដណ្តើមយកឈ្នះខ្ញុំ តែពេលនេះភាពទន់ជ្រាយរបស់សុភាធ្វើឲ្យបេះដូងខ្ញុំស្ទើរតែគាំងឈប់ដើរនៅមួយកន្លែង។ ហេតុអ្វីសុភាឃ្លាតទៅឆាប់យ៉ាងនេះ? ខ្ញុំពិតជាស្តាយក្រោយណាស់ ដែលមិនបាននិយាយល្អៗជាមួយសុភាក្រៅពីសម្តីទ្រគោះបោះបោក ចាក់ដោតបង្អាប់យកឈ្នះយកចាញ់… តែដឹងទេ? ខ្ញុំមិនដែលស្អប់ខ្ពើមសុភាម្តងណាទេ! យើងជាសត្រូវក្នុងការសិក្សា តែជាមនុស្សដែលជិតស្និទ្ធនឹងគ្នាបំផុតនៅក្នុងន័យមិត្តភាព! ក្នុងជម្រៅចិត្តជ្រៅៗ… យើងគឺជាកល្យាណមិត្ត!!
ហេតុផលដែលសុភាឃ្លាតទៅ គឺព្រោះតែជីវភាពនៅក្នុងគ្រួសារ។ ឪពុកម្តាយសុភាត្រូវទៅធ្វើស្រែបាត់ៗគ្មាននរណានៅមើលផ្ទះថែទាំប្អូននិងជីដូនចាស់ជរា។ ដូច្នេះសុភាត្រូវទទួលភារៈនេះដោយខានមិនបាន។ ក្នុងនាមខ្ញុំជាមិត្ត តើខ្ញុំអាចជួយអ្វីបាន? ខ្ញុំពិតជាចង់ជួយណាស់ តែក្មេងវិទ្យាល័យថ្នាក់ទី៨ម្នាក់ តើមានលទ្ធភាពទៅជួយអ្វីកើត? ក្រៅពីសន្តានចិត្ត គំនិតយោបល់ គឺខ្ញុំពិតជាគ្មានអ្វីពិតមែន… សុំទោស! សុំទោសណាមិត្តសម្លាញ់!!
ខ្ញុំសន្យាថាថ្ងៃណាមួយដែលខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ ខ្ញុំនឹងតាមរកសុភារួមទាំងមិត្តចាស់ៗដទៃទៀតឲ្យទាល់តែជួប!
ពីខ្ញុំ
សួងម៉ាក់
សំបុត្រផ្ញើជូនមិត្តសម្លាញ់”ឈន់ សុភា”
ខែមិថុនា 30, 2010 ដោយ ផ្កាយ NoVeLs
និយាយអញ្ចឹង! វាធ្វើឲ្យខ្ញុំនឹកដល់អនុស្សាចាស់ៗជាមួយមិត្តភក្តិកាលពីនៅរៀន…..
មែនហើយ! បងតែងតែនឹកដល់មិត្តភក្តិចាស់ៗជានិច្ច។ ហើយបងនឹងប្រើប្រាស់ទំព័រនេះ ផ្ញើសំបុត្រជូនពួកគេជានិច្ច ទោះបីជាពួកគេមិនបានទទួលក៏ដោយ… បាននិយាយគឺបានធូរអារម្មណ៍ហើយ!
ចុះបងមានគម្រោងទៅរកនាងនៅឯណាទៅ? តែទោះជាយ៉ាងណា ខ្ញុំសូមជូនពរបងឲ្យរកមិត្តបងឃើញឆាប់ៗណា!!! ស៊ូ! ស៊ូ! 😉
គឺនៅស្រុកកំណើតរបស់បងនោះអី! នាងនៅភូមិក្បែរបង ធ្លាប់ទៅលេងម្តងដែរពេលនាងឈប់រៀន។ មកដល់ពេលនេះភ្លេចផ្លូវបាត់ទៅហើយ តែទៅខ្វល់អី ព្រោះផ្លូវនៅនឹងមាត់! 😉
នឹកពីណានឹង ហេហេ កុំថានឹងអ្នក X អោយសោះ 😀
ជាមិត្តភក្តិទេ កុំយល់ច្រឡំអី!
តែជាមិត្តភក្តិពិសេស ទោះដល់ថ្ងៃស្លាប់ក៏ចង់ចាំ! 😀
រឿងនេះម៉េចដូចរឿងក្នុងថ្នាក់រៀនខ្ញុំម៉្លេះ។ ខ្ញុំមានមិត្តប្រុសម្នាក់ស្រីម្នាក់។ ពីរនាក់នោះជាគូប្រជែងក្នុងថ្នាក់។ ម្នាក់ៗ សុទ្ធតែស៊ើបរកចំនុចខ្លាំងចំនុចខ្សោយរបស់គ្នាទៅវិញទៅមកដើម្បីរៀនឈ្នះគ្នា។ ទីបំផុតថ្ងៃខាងស្រី យំ។ នាងយំព្រោះឪពុកនាងមានស្រីថ្មី។ ក្រោយមកនាងក៏ឈប់រៀនទៅ។
ជារឿងធម្មតាទេជីវិតនៅវិទ្យាល័យភាគច្រើនគឺដូចៗគ្នាបែបនេះ។ ចូលចិត្តប្រកួតប្រជែងគ្នា បែបកូនក្មេងបរិសុទ្ធស្អាតស្អំ មិនពិសពុលដូចក្នុងសង្គមមនុស្សចាស់ទេ។ ហើយខ្ញុំតែងតែនឹកដល់ជីវិតសម័យរៀនវិទ្យាល័យជានិច្ច! ប្រកួតប្រជែងគ្នាតែពួកយើងមិនមែនជាសត្រូវនឹងគ្នា ស្រលាញ់គ្នា មានអីចែកគ្នា រួសរាយរាក់ទាក់ ជួយទុក្ខធុរៈគ្នា… នឹកឡើងពេលណាចង់តែត្រលប់ទៅរកជីវិតនៅវិទ្យាល័យម្តងទៀត។ 😦
ជាការបញ្ចេញអារម្មណ៍មួយយ៉ាងពុះកញ្ច្រោលចំពោះមិត្តភាពដ៏ជ្រាលជ្រៅ!! ខ្ញុំសូមគាំទ្រ សំបុត្រនៅទំព័របន្ទាប់ជានិច្ច!
សរសេរប្រុងដាក់ចូលរឿងHigh School Again មែនទេបង!! ចង់អាន!! រំលឹកអតីតកាលដែលកន្លងផុតទៅ! ជាបទពិសោធ…
និយាយពីរឿងខាងលើ ខ្ញុំនឹកគ្រាកាលនៅវិទ្យាល័យណាស់….គ្មានអ្វីដែលសប្បាយជាងពេលនោះទេ!
ចង់ឲ្យពេលនោះកើតឡើងម្តងទៀត!
អូ!ភ្លិចឈ្មោះ ឈុន សុភា ឈ្មោះដូចមិត្តខ្ញុំម្នាក់រៀនជាមួយគ្នា កាលឆ្នាំទី១!
នឹកដល់វិទ្យាល័យ… នឹកដល់ឆ្នាំមាស…
ប៉ុន្តែខ្ញុំឆ្ងល់ណាស់ ហេតុអ្វីជាហេតុផលប៉ុណ្ណឹង ត្រូវបង្ខំចិត្តឈប់រៀន? ខ្ញុំក៏ធ្លាប់មានមិត្តភក្កឈប់រៀនដែរ តែហេតុផលគេគឺអាចទទូលយកបាន ម្យ៉ាងគេរៀនដល់មហាវិទ្យាល័យ រួចគេអាចមានការងារធ្វើ។ ដូច្នេះគេត្រូវទៅធ្វើការ ដើម្បីជីវភាពគ្រួសារ។ តែពិបាកថាដែរ ដោយសារតែពេលខ្លះគេអាចនឹងពិបាកជាងអ្វីដែលខ្ញុំមើលឃើញ។
ខ្ញុំមានមិត្តភក្កម្នាក់ឈ្មេាះស្រដៀងគ្នា ស្ទើរតែដូចគ្នាទៅហើយ។ គេឈ្មេាះ Chhun Sophea សរសេរជាខ្មែរប្រហែលជា ឈុន សុភា បើខ្ញុំចាំមិនខុសទេ។ គេនៅកំពង់ចាមដែរ តែទាស់តែគេនៅចំការលើ។ តិចម្នាក់ណឹងទៅ? តែខ្ញុំថាមិនមែនទេ ដោយជិវភាពគ្រូសារគេគ្រាន់បើ ហើយគេប្រហែលជារៀនមុន អាចម៏ផ្កាយឯង គេបាក់ឌុប ២០០២។
Sophea: នៅតំបន់ខ្ញុំនោះភាគច្រើនជាកូនកម្មករចម្ការកៅស៊ូ គ្រួសារខ្លះធ្វើស្រែចម្ការ ឬដំណាំបន្លែផ្សេងៗ.. ខ្ញុំគិតថាជីវភាគគេពេលនោះមិនធូរធារទេ ថែមទាំងមានភារៈត្រូវមើលជីដូនចាស់និងប្អូនតូចទៀត។ ខ្ញុំចាំបានថា គឺផ្ទះនាងគ្មានអ្នកដាំបាយឲ្យប្អូនៗនិងជីដូន ព្រោះឪពុកម្តាយទាល់តែយប់ៗបានមកវិញ។ ម្យ៉ាងជំនាន់នោះ(តំបន់ខ្ញុំ)កូនស្រីក៏គេមិនចង់ឲ្យរៀនច្រើនដែរ ភាគច្រើនឈប់ហើយរៀបការយកប្តី ខ្លះទៅធ្វើការនៅរោងចក្រ ខ្លះក៏រកស៊ីលក់ដូរនៅផ្ទះ… អ៊ីចឹងហេតុផលនេះខ្ញុំគិតថាក៏ពិបាកសម្រាប់នាងដែរ។
និយាយពីរឿងឈ្មោះវិញ ខ្ញុំក៏មិនប្រាកដដែរព្រោះបែកគ្នាយូរហើយ មិនដឹងថាសរសេរ«ឈន់ សុភា», «ឈុន សុភា» ឬក៏ «ឈួន សុភា» ទេ គឺប្រហែលៗបីឈ្មោះនេះឯង។ សម្រាប់មិត្តភក្តិរបស់ភា(ឈុន សុភា) ប្រហែលមិនមែនទេមើលទៅ ព្រោះខ្ញុំទើបតែចប់បាក់ឌុប២០០៥ប៉ុណ្ណោះ ហើយបើទោះជានាងផ្លាស់ទីលំនៅ ហើយចូលរៀនជាថ្មីក៏មិនអាចទៅរួចដែរ។ មិត្តខ្ញុំនេះមានសម្បុរខ្មៅស្រអែមណា ហៅថាខ្មៅស្រស់ក៏បាន! 😀
ពេលនេះខ្ញុំមិនដឹងថានាងរស់នៅទីណា? ផ្ទះដដែលឬក៏អត់? មានជីវិតរស់នៅបែបណា?… តែសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងតាមរកនាង រួមទាំងមិត្តភក្តិចាស់ៗដទៃទៀត!
សង្ឃឹមថាតាមរកគាត់ឃើញចុះ!! មាននិស្ស័យប៉ុណ្ណេះហើយ គង់នឹងជួបគ្នាវិញ!! មាននិស្ស័យបានជួបគ្នា!! ជាដំណើរវែងឆ្ងាយ ព្រោះដំណើរស្វែងរកស្រអែម ស្រអែមខ្មៅស្រស់ នោះអី:D