អ្នកនិពន្ធទាំងឡាយចូលចិត្តនិយាយថា ការបង្កើតគំនិតក្នុងការសរសេររឿងអាចកើតឡើងបានគ្រប់ពេលគ្រប់ទីកន្លែង មិនថានៅកន្លែងណាឬពេលណានោះទេ គំនិតរបស់ពួកគាត់ហាក់ដូចជាហូរចេញមកដោយឯកឯងដោយមិនចាំបាច់ប្រើពេលច្រើន។ ដូច្នេះសម្រាប់អ្នកនិពន្ធអាជីពដូចពួកគាត់ មិនសូវជាមានបញ្ហាចោទអំពីការរករឿងមកសរសេរនោះទេ។
ចុះសម្រាប់អ្នកនិពន្ធថ្មីដែលទើបតែរៀនសរសេរ តើយើងត្រូវចាប់ផ្តើមពីចំណុចណា? ហើយគំនិតសរសេររឿងចេញមកពីណា?
មានការនិយាយគ្នាថា រឿងរ៉ាវផ្សេងៗអាចច្នៃប្រឌិតមកពីគំនិតដ៏សែនធម្មតាៗ ពីពាក្យតែមួយម៉ាត់ ពីចំណងជើងកាសែត ឬសូម្បីតែទំនុកច្រៀងមួយឃ្លា។ រឿងកំប៉ិចកំប៉ុកតូចតាចនៅក្នុងជីវិតប្រចាំថ្ងៃ ក៏អាចជួយបង្កើតគំនិតសម្រាប់សរសេររឿងបានដែរ។ អ្វីដែលសំខាន់គឺយើងត្រូវបើកចិត្តឲ្យទូលាយរង់ចាំទទួលអ្វីៗទាំងអស់នោះ ដោយមិនខ្វល់ថាវាជារឿងបែបណា។
ប៉ុន្តែបើអ្នកជួបបញ្ហាកប់គំនិត ឬជួបផ្លូវទល់ក្នុងការស្វែងរកគំនិតល្អៗ មកផ្តើមសរសេររឿងថ្មីរបស់អ្នក ខាងក្រោមនេះគឺជាប្រភពគំនិត២៥ចំណុចដែលអាចជាពន្លឺក្នុងការស្វែងរកគំនិតមកសរសេររឿងថ្មីបាន។
១. សម្លឹងមើលទីផ្សារ
ទីផ្សារគឺជាបញ្ហាសំខាន់មួយ ក្នុងការជម្រុញទឹកចិត្តលោកអ្នក ឲ្យមានគំនិតនឹកឃើញប្រភេទរឿងដែលត្រូវសរសេរ។ មានន័យថាបើលោកអ្នកដឹងច្បាស់ថា អ្នកអានកំពុងចូលចិត្តអ្វី នោះគំនិត សរសេររឿងមិនចាំបាច់ងាកទៅណាឆ្ងាយ ក្រៅពីសរសេរសំដៅការចង់បាន របស់អ្នកអានទៅជាការ ស្រេច។ រកឲ្យឃើញថា អ្នកអានបច្ចុប្បន្នចូលចិត្តអានរឿងបែបណា? ស៊ើបអង្កេត? ស្នេហា? អភិនីហារ ឬរឿងខ្មោច? នោះជាការងាយបំផុតសម្រាប់លោកអ្នក ថាខ្លួនឯងគួរសរសេររឿងបែបណា?
មួយទៀតការអានទស្សនាវដ្តីផ្សេងៗឲ្យបានច្រើន មិនថាប្រភេទណាក៏ដោយ ពិតជាជំនួយដ៏សំខាន់សម្រាប់តម្រូវតាមទីផ្សារដែលកំពុងទាមទារ។ សង្កេតថាតាមទស្សនាវដ្តីទាំងនោះមានអ្វីខ្លះជាទីចាប់អារម្មណ៍ដល់អ្នកអាន? រឿងខ្មោច អបិយជំនឿឬវិទ្យាសាស្ត្រ? ជំលោះនយោបាយខ្មែរ-ថៃ ប្រាសាទព្រះវិហារ? ពេលនោះលោកអ្នកប្រហែលជាដឹងហើយ ថាខ្លួនត្រូវសរសេរអ្វី?
២. តាមដានកម្មវិធីទូរទស្សន៍
អ្នកណាក៏មើលទូរទស្សន៍ដែរ តែសម្រាប់អ្នកនិពន្ធគួរជ្រើសរើសមើលកម្មវិធីបែបណា? តាមដានគ្រប់កម្មវិធីភាពយន្តទាំងទូរទស្សន៍ធម្មតានិងទូរទស្សន៍ខ្សែកាប។ សរុបអត្ថន័យរបស់ភាពយន្តទុកមួយកថាខណ្ឌ យកមកវិភាគសិក្សាថាមានអ្វីកើតឡើងខ្លះនៅក្នុងរឿង? អ្វីដែលធ្វើឲ្យរឿងនេះទទួលបានជោគជ័យ? ចុះលោកអ្នកវិញអាចបង្កើតផ្លត់រឿង(plot)ផ្ទាល់ខ្លួន ដែលមានលក្ខណៈបង្កប់អាថ៌កំបាំងឬលាក់សាច់រឿងដូចភាពយន្តរបស់គេបានឬអត់? បើបានគួរតែចាប់ផ្តើមពីពេលនេះហើយ! តែបើមិនទាន់បាន លោកអ្នកគួរតែរៀនពីភាពយន្តទាំងនោះ!
៣. លិខិតជូនពរ ឬកាតប៉ុស្កាល់
លិខិតជូនពរឬកាតប៉ុស្កាល់ផ្សេងៗ មានទិសដៅសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនារវាងគ្នានិងគ្នា… ហើយនរណាទៅដឹងថាត្រឹមកាតមួយសន្លឹក អាចបង្កឲ្យមានសេចក្តីរំភើបផ្សេងៗដល់អ្នកទទួលបាន? បើអ្នកកំពុងគិតចង់សរសេររឿងស្នេហា លោកអ្នកអាចជ្រើសរើសយកកាតឬលិខិតដែលទាក់ទងនឹងស្នេហាមកអាន តែបើអ្នកនឹកចង់សរសេររឿងកំប្លែង សូមទៅរកមើលកាតឬលិខិតដែលនិយាយពីអារម្មណ៍សប្បាយៗ នោះលោកអ្នកនឹងអាចប្រើវាជាស្នូលរឿងរបស់ខ្លួនបាន។
៤. សៀវភៅទំព័រលឿង
ជឿឬទេថា សៀវភៅទំព័រលឿងមួយក្បាលពោរពេញទៅដោយគំនិតច្នៃប្រឌិតយ៉ាងមហាសាលដែលអាចធ្វើឲ្យលោកអ្នកមានគំនិតសរសេររឿងថ្មីបាន។ ឈ្មោះក្រុមហ៊ុន ឬសេវាកម្មផ្សេងៗដែលសរសេរលើទំព័រនោះ អាចបណ្តាលចិត្តលោកអ្នកឲ្យនឹកឃើញគ្រោងឆ្អឹងរឿងថ្មី ចំណងជើងរឿង ឈ្មោះតួអង្គ ឬឈ្មោះទីកន្លែងបានយ៉ាងងាយ។
៥. អត្ថបទកាសែត–ទស្សនាវដ្តី
អានទាំងអស់មិនថាជាអត្ថបទអ្វីទេ ហើយត្រលប់មកគិតសាជាថ្មីឡើងវិញថា យើងអាចប្រែក្លាយអត្ថបទទាំងនោះឲ្យទៅជាសាច់រឿងថ្មីបានដែរឬទេ? រឿងរ៉ាវផ្សេងៗនៅក្នុងជីវិតពិត គឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់រឿងប្រលោមលោក ព្រោះវាគឺជារឿងជីវិតដែលប្រដូចទៅនឹងល្ខោនជីវិតដែលមានទាំងអារម្មណ៍ មនោសញ្ចេតនា និងសកម្មភាពរបស់តួអង្គចម្រុះនៅក្នុងនោះ។ ម្យ៉ាងទៀតចំណងជើងទំព័រមុខធំៗនៅលើទំព័រកាសែតទាំងនោះ អាចជួយបណ្តាលចិត្តឲ្យយើងអាចសរសេរចំណងជើងរឿងបានល្អទៀតផង។
សូមរង់ចាំអាន២០ចំណុចបន្តទៀត…
ល្អណាស់!!!
កុមារកាមទេព… ម៉ែចតូវ អាល្អណាស់ ?
បន្ថែម ៖ ទីផ្សារ… សម្រាប់អ្នកអាជីព ត្រូវតែគិតពីទីផ្សារ… ទីផ្សារពេលនេះ ដូចបាន បញ្ជាក់ពីលើអីចឹង មិនមែនសំដៅដល់កន្លែងដល់សៀវភៅ ឬបណ្ណាល័យទេ តែសំដៅដល់ ក្រុមគោលដៅ ដែលអ្នកនិពន្ធ ត្រូវយើងវាយ ប្រហារ ព្រោះការនិពន្ធអាជីព ត្រូវការស្របចិត្តអ្នកមើល តែជូនកាលអាចស្របតាម រសនិយមរបស់អ្នកនិពន្ធ ដែលចង់បញ្ចូលមនោគមន៍ ទៅដល់អ្នកអានក៏មានដែរ…
ក្មេងៗចូលចិត្តមើលរឿងខ្មោច អ្នកនិពន្ធរៀននិពន្ធរឿងខ្មោច… យ៉ាងហោចណាស់ លក់បាន ២០០០០ រៀល (មួយទំព័រ) ពីអ្នកផលិតសៀវភៅ ខ្មោចលងពិតដែរ…
ល្អណាស់មកពីខ្ញុំអត់ទាន់បានមើលរបស់បងផ្កាយអីតិចសោះ!!!
ព្រោះកំពុងតែគិត ពីការសរសេររឿងលក់!!!
ក្មេងមិនចូលចិត្តរឿងខ្មោចទេ តែគេចូលចិត្តមើលរូបជាងអានអក្សរ!!!
ចំនែកក្មេង អាយុ១២ ទៅ ១៤ឆ្នាំ គេចូលចិត្តមានមិត្តចង់ឃើញអ្វីដែលប្លែកៗ ហើយថ្មី!………….។
អត់ដឹងនិយាយអីផង!!!!
ថ្វីត្បិតតែញ៉ុមជាអ្នកអាយធីតែញ៉ុមក៏ចង់ដឹងវិធីសាស្រ្តបង្កើតគំនិតសរសេររឿងដែរ!!!
មិនដឹងទុកធ្វើអី? មិនដាក់ឲ្យអស់ទៅបងផ្កាយ? គិតថានឹងទៅយកសៀវភៅមកកត់ផង តែសល់២០ទៀត ខ្ជិលកត់ណាស់ 😛
😀 មានដាក់ទៀតទេបង!!
[…] […]