បែកដើម្បីជួប… ឃ្លាតដើម្បីនឹក…
នៅពេលមានអ្វីមួយចាប់ផ្តើម… អ្វីមួយទៀតក៏កំពុងតែឃ្លាតទៅ…
ភ្លៀងចាប់ផ្តើមធ្លាក់ម្តងទៀត!
បងចោលខ្សែភ្នែក សម្លឹងទៅក្រៅបង្អួចមើលទៅឆ្ងាយផុតជើងមេឃ។ គ្មានអ្វីមករារាំងខ្សែភ្នែកនឹងទិដ្ឋភាពនៅចំពោះមុខ ប្រើអារម្មណ៍រាប់តំណក់ភ្លៀងដែលធ្លាក់ចុះមកសន្សឹមៗស្រោចស្រពលើភពផែនដី ដោយបញ្ជ្រាបមនោសញ្ចេតនា ទៅក្នុងតំណក់ភ្លៀងយ៉ាងយូរសែនយូរ។
ភ្លៀងដើមរដូវនៅក្រៅបង្អួចកំពុងប្រាប់បងថា…
រដូវភ្លៀងមកដល់ហើយ!
ជួនកាលការទន្ទឹងរង់ចាំអ្វីម្យ៉ាងដែលសំខាន់ មិនបានធ្វើឲ្យយើងទទួលអារម្មណ៍ឯកោកណ្តោចកណ្តែងនោះទេ។ ផ្ទុយមកវិញ នៅចន្លោះពេលនោះ នឹងធ្វើឲ្យយើងបានស្វែងយល់ ពីអារម្មណ៍សំខាន់ដែលអាចគ្មានថ្ងៃបានយល់អស់មួយជីវិត។
អារម្មណ៍… ដែលសូម្បីតែសេចក្តីស្នេហាក៏មិនអាចឲ្យយើងបាន ប្រសិនបើយើងនៅតែចាំឃ្លាំមើល និងស្វែងរកវាគ្រប់ពេលវេលា។
សម្រាប់សេចក្តីស្រលាញ់… សេចក្តីស្រលាញ់របស់បងប្រៀបដូចភ្លៀងកក់ខែ ដែលរសាត់ចូលមកម្តងម្កាលក្នុងជីវិត។ គ្រប់ពេលដែលយើងនៅជិតគ្នា អូនប្រៀបដូចតំណក់ភ្លៀង ដែលស្រក់ចុះពីលើមេឃគ្រប់រដូវកាល។ អូនចូលចិត្តប្រាប់ថា វត្ថុនៅក្នុងតំណក់ភ្លៀងនោះ គឺសេចក្តីស្នេហា ស្នេហាដែលធ្លាក់មកលើផែនដីដូចរូបបង ផែនដីដែលស្ងួតប្រេះបែកក្រហែង តែងតែត្រូវការសំណើមត្រជាក់ពីទឹកភ្លៀងជានិច្ច។
ប្រៀបដូចសេចក្តីស្នេហារបស់អូន ដែលជ្រាបចូលក្នុងបេះដូងរបស់បងរហូតមក។
ផ្តល់ភាពត្រជាក់ត្រជុំ មនោរម្យ ស្រស់ថ្លា និងមានសេចក្តីសុខ។
គ្រប់ពេលវេលា ចំពោះអ្វីដែលយើងហៅថា «ស្នេហា» តំណក់ភ្លៀងពីលំហមេឃរបស់អូនបានប្រោះព្រំសេចក្តីស្រលាញ់ មកលើបងគ្រប់ពេលវេលា ក្លាយពីភ្លៀងកក់ខែ ប្រែជារដូវកាលដ៏យូរអង្វែង។ ស្នេហាកើតឡើងដោយមិនអាចហាមឃាត់ចិត្តបាន។ នៅក្នុងភាពជិតដិតដែលបំផ្លាញកំផែងនៃភាពឯកោនោះ រយៈចម្ងាយរវាងជើងមេឃនិងផែនដី ស្នេហាដែលចង់នៅជិតគ្នារាល់ថ្ងៃ ក៏ប្រៀបដូចតំណក់ភ្លៀងដែលធ្លាក់មករាល់ថ្ងៃ រាល់ថ្ងៃ រាល់ថ្ងៃ ដដែលៗ ម្តងហើយម្តងទៀត។
បងចាំបានច្បាស់ថា រាល់ថ្ងៃដែលមានភ្លៀងធ្លាក់ ក្រោយពីបងបានត្រេកត្រអាលជាមួយនឹងតំណក់ភ្លៀងហើយ ពេលភ្លៀងរាំងមេឃបើកថ្ងៃ ទិដ្ឋភាពក្រោយភ្លៀងនឹងបង្ហាញភាពស្រស់បំព្រងមកឲ្យឃើញជានិច្ច។ តែពេលខ្លះដែលភ្លៀងធ្លាក់យូរពេក ភាពត្រជាក់ត្រជុំក៏ប្រែក្លាយជាភាពសើមប៉ប៉ាច់ប៉ប៉ោច ហើយរង់ចាំឲ្យមេឃរាំងភ្លៀងយ៉ាងអន្ទះអន្ទែង។ អំឡុងពេលដែលនៅជាមួយគ្នាលើសពីភាពសមល្មម និងច្រើនហួសហេតុពេក នឹងធ្វើឲ្យបងចាប់ផ្តើមនឹកដល់ពន្លឺថ្ងៃដែលចាំងឆ្លុះពីលើផ្ទៃមេឃ។
ជួនកាលតំណក់ភ្លៀងត្រជាក់ ក្លាយជាព្យុះព្យោមានៅក្នុងភាពមិនចេះស្គាល់ការលំហែអារម្មណ៍ ប្រមូលអារម្មណ៍ដែលមានទុក ពីត្រជាក់ក្លាយជារងាញ័រញាក់ ជាមួយនឹងអ្វីម្យ៉ាងដែលមានច្រើនហួសហេតុ និងនៅជិតគ្នាយូរពេក។
ថ្វីបើនៅក្នុងតំណក់ភ្លៀង មានសេចក្តីស្រលាញ់បង្កប់ទុកនៅក្នុងនោះ តែវាប្រហែលជាច្រើនលើសចំណុះប្រសិនបើយើងគិតតែជួបគ្នារាល់ថ្ងៃ។ ប្រហែលជារឿងដែលគួរឲ្យសោកស្តាយ បើមេឃមិនបើកថ្ងៃឲ្យឃើញពន្លឺក្រោយភ្លៀងធ្លាក់ឲ្យយើងបានឃើញខ្លះ។
ជីវិតមានច្រើនរសជាតិ ពេលវេលាមានច្រើនរដូវកាល មិនខុសអ្វីពីរសជាតិរបស់ជីវិត ដែលត្រូវការភាពសម្បូរបែបដែលលាក់ទុកក្នុងភាពសមល្មម មិនច្រើនពេកមិនតិចជ្រុល។
ជឿទេថា ពេលយើងនៅជិតអ្វីមួយច្រើនជ្រុលពេក យើងនឹងកាន់តែឃ្លាតឆ្ងាយពីអ្វីនោះដោយមិនដឹងខ្លួន ព្រោះនៅពេលកាន់តែជិត ទោះជាធ្វើឲ្យយើងមើលឃើញរបស់នោះ តែវាក៏គង់នឹងគ្មានថ្ងៃមើលឃើញច្បាស់ ហើយយើងនឹងស្រពិចស្រពិលមើលរំលងវា។
អ្វីៗគ្រប់បែបយ៉ាង សុទ្ធតែត្រូវការភាពសមល្មម ដែលសមស្របទៅតាមធម្មជាតិរបស់វា ហើយរាល់លើកដែលយើងមើលរំលងភាពសមល្មម និងយកតែចិត្តខ្លួនឯងជ្រុលពេក ធម្មជាតិនឹងក្លាយជារឿងដែលមិនមែនជាធម្មជាតិ ដូចភ្លៀងខុសរដូវដែលគ្មានថ្ងៃរាំង ដំបូងៗយើងអាចនឹងចូលចិត្ត តែយូរៗទៅយើងនឹងចង់រត់គេចពីវាឲ្យឆ្ងាយបំផុត។
បងជឿថាសេចក្តីស្រលាញ់ គឺជាអ្វីដែលយើងកំពុងមើលរំលងនោះ ខណៈដែលយើងនាំគ្នាព្យាយាមខិតចូលទៅជិតវាឲ្យបានច្រើនបំផុតដោយមិនដែលភ្លេចខ្លួន។
ហើយសម្រាប់បង សេចក្តីស្រលាញ់ និងភាពជិតដិត គឺជារឿងមួយដែលធ្វើឲ្យទទួលអារម្មណ៍ល្អ តែបើវាក្លាយជារឿងវិលវល់ច្រំដែលៗ នៅជិតគ្នាច្រើនពេក រហូតធ្វើឲ្យកើតអារម្មណ៍តានតឹង រឿងល្អៗក៏អាចធ្វើឲ្យយើងស្អប់អ្វីដែលយើងស្រលាញ់បន្តិចម្តងៗដោយមិនដឹងខ្លួន។
បង ចូលចិត្ត រដូវ ភ្លៀង … តែ បង ក៏ មិន ចង់ ឲ្យ មាន ភ្លៀង ធ្លាក់ រាល់ ថ្ងៃ ដែរ …
នៅពេលអ្វីម្យ៉ាងចាប់ផ្តើមឡើង… អ្វីមួយទៀតក៏កំពុងឃ្លាតទៅ… តែបើអ្វីមួយនោះគ្មានថ្ងៃឃ្លាតទៅ អ្វីមួយទៀតក៏មិនអាចចាប់ផ្តើមឡើងបានដែរ។
ភ្លៀងកំពុងរាំង។
បងដកខ្សែភ្នែក ដែលសម្លឹងទៅឆ្ងាយក្នុងលំហមេឃ ត្រលប់មកក្នុងពិភពនៃការពិតវិញម្តង ទាញអារម្មណ៍ដែលលេចលង់រសាត់ទៅឆ្ងាយឲ្យត្រលប់មកវិញ។
ភ្លៀងរាំងធ្វើឲ្យបងនឹកដល់ទិដ្ឋភាពល្អៗក្នុងពេលភ្លៀងកំពុងធ្លាក់។
បងស្រលាញ់តំណក់ភ្លៀង និងរដូវភ្លៀងកាន់តែខ្លាំងជាងមុន ក្រោយពីបងបានយល់ច្បាស់ពីការរង់ចាំ និងភាពឃ្លាតឆ្ងាយ ដើម្បីរង់ចាំពេលវេលាបានជួបគ្នាជាថ្មីម្តងទៀត ក្នុងពេលមិនយូរពេលបេះដូងនៅជិតគ្នា។
ជួនកាលភាពឃ្លាតឆ្ងាយ ក៏ធ្វើឲ្យយើងបានស្វែងយល់អ្វីៗកាន់តែច្បាស់លើសដើម ហើយបងជឿថាយើងនឹងបានស្គាល់ខ្លួនឯងថា សេចក្តីស្រលាញ់បានកើតឡើងចំពោះយើងមែនឬអត់ ក៏លុះត្រាមានរយៈពេលខ្លីមួយនៅឲ្យឆ្ងាយពីអ្វីដែលជួបញឹកញាប់ ដើម្បីឲ្យការឃ្លាតឆ្ងាយនោះ ជួយបណ្តាលចិត្តឲ្យកើតមានសេចក្តីនឹករឭកចំពោះគ្នាវិញ។
ភ្លៀងដែលធ្លាក់រៀងរហូត មិនបានធ្វើឲ្យយើងមើលឃើញពីគុណតម្លៃរបស់តំណក់ភ្លៀង ច្រើនស្មើនឹងថ្ងៃដែលគ្មានភ្លៀងធ្លាក់នោះទេ ហើយភពផែនដីដែលចាប់ផ្តើមប្រេះបែកក្រហែង នឹងទន្ទឹងរង់ចាំពេលវេលានៃការត្រលប់មកវិញរបស់តំណក់ភ្លៀង។
ការទន្ទឹងរង់ចាំបង្កើតឲ្យមានសេចក្តីនឹករឭក។
សេចក្តីនឹករឭកដែលប្រៀបបាននឹងរយៈចម្ងាយ ត្រង់ចំណុចផ្តោតពន្លឺ(focus)ដែលចាប់យករូបភាពនៃសេចក្តីស្រលាញ់ឲ្យកាន់តែច្បាស់ឡើង ក្នុងថ្ងៃដែលស្នេហាធ្វើឲ្យភ្នែកយើងស្រវាំង។
ប្រៀបដូចមេឃក្រោយភ្លៀង…
ស្រលះភ្លឺថ្លាហើយល្វឹងល្វើយ
និងធ្វើឲ្យយើងបាននឹករឭកដល់គ្នា
ទន្ទឹងរង់ចាំការវិលត្រលប់មកវិញ របស់តំណក់ភ្លៀងជាថ្មីម្តងទៀត យ៉ាងជ្រាលជ្រៅ និងមានគុណតម្លៃ។ ក្នុងពេលដែលថ្ងៃខ្លះយើងនៅឆ្ងាយពីគ្នា ថ្ងៃនោះទោះបីនៅឆ្ងាយប៉ុណ្ណាក៏ដោយ សេចក្តីនឹករឭកនឹងមើលថែរក្សាស្នេហារបស់យើងជារៀងរហូត…
និពន្ធបានល្អណាស់សំឡាញ់… ខ្ញុំពេញចិត្តខ្លាំងណាស់ 🙂