ក្នុងទីកន្លែងដែលមានតែភ្លើងពណ៌ កកកុញ ណែនណាន់ តាន់តាប់ ទៅដោយមនុស្សម្នានៅពេញបន្ទប់តូចៗទាំងអស់ក្នុងទីកន្លែងនេះ មានទាំងស្រាបៀរ ថ្នាំ និងមនុស្សស្រវឹង… ទាំងដែលវាគួរតែជាកន្លែងគ្រោះថ្នាក់សម្រាប់កូនបក្សីតូចដូចរជ្ជនី… តែនាងបែរជាទទួលអារម្មណ៍ថា វាជាពិភពលោកថ្មីមួយដែលសាងឡើងជាពិសេស សម្រាប់មនុស្សមានទុក្ខដូចនាង…
រង្គសាល… ទីកន្លែងដ៏សែនមនោរម្យ ក្សេមសុខ សម្រាប់បណ្តាយុវវ័យទាំងឡាយ។
«បងរៈ! អរគុណបងរៈខ្លាំងណាស់ដែលធ្វើឲ្យនីបានឃើញពិភពលោកថ្មីៗច្រើនយ៉ាងនេះ!» នាងតូចញញឹមដាក់សង្សារកំលោះដោយក្តីស្នេហា។
តាំងពីនាងរត់ចេញពីផ្ទះមកនៅទីនេះ វីរៈមើលថែនាងយ៉ាងល្អ។ ទង្វើកំលោះធ្វើឲ្យនាងក្រមុំជឿជាក់ ទុកចិត្ត ហើយបានត្រៀមកាយត្រៀមចិត្តជាស្រេច ដើម្បីប្រគល់បេះដូងទាំងដួងផ្ញើនឹងគេ។ តែនាងអាចដឹងពីភាពខិលខូចរបស់មនុស្សក្រុមនេះឬអត់…
«បងពេញចិត្តធ្វើដើម្បីអូននីគ្រប់យ៉ាងទាំងអស់… បងស្រលាញ់អូននីខ្លាំងណាស់!» គេបាញ់ប្រយោគផ្អែមត្រជាក់ដាក់ត្រចៀកតូចតន់មិនបន្ធូរដៃ។
«បងរៈចូលចិត្តនិយាយបែបនេះដាក់នីរហូត អត់ដឹងទេឬថានីអៀន!» នាងធ្វើជាបូញមាត់ដាក់សង្សារគួរឲ្យស្រលាញ់ដាក់។
«អូននី! យ៉ាងណាយើងក៏ស្គាល់គ្នាយូរមកហើយ បងមានអ្វីចង់ឲ្យអូនជួយបន្តិច!» វីរៈធ្វើជាលូកហោប៉ៅយករបស់ម្យ៉ាងចេញមក។
វាជាគ្រាប់ថ្នាំ…
រជ្ជនី សួរជាបន្ទាន់ «ថ្នាំអីគេបងរៈ? ហេតុអីចាំបាច់ធ្វើលឹបលដល់ថ្នាក់នេះ?»
«វីតាមីនស៊ី!» គេកុហក «គឺបងប្អូនរបស់បងបង្កើត ក្រុមហ៊ុន ផលិតវីតាមីនស៊ី ហើយផ្ញើបងឲ្យជួយលក់… ពិសេសពេលនេះបានផលចំណេញខ្ពស់ណាស់! នីជួយយកទៅចែកចាយឲ្យម៉ូយគ្រប់គ្នា តាមក្រដាសនេះបានទេ?» គេហុចក្រដាសបញ្ជីឈ្មោះមួយសន្លឹកឲ្យ «បងជាប់រវល់មិនអាចបញ្ជូនវីតាមីនស៊ីទៅឲ្យគេបានទាន់ពេលទេ!»
នាងក្រមុំសម្លឹងយ៉ាងរិះគិត មុននឹងសម្រេចចិត្តឆ្លើយយល់ព្រម ព្រោះសេចក្តីទុក ចិត្ត។
រជ្ជនី ចាប់ផ្តើមចេញចែកចាយគ្រាប់ថ្នាំក្នុងនាមជាវីតាមីនស៊ី ទៅគ្រប់ទីកន្លែងតាមអាសយដ្ឋាននៅក្នុងបញ្ជីឈ្មោះនោះរៀងរាល់ថ្ងៃ។ នាងមិនធ្លាប់សង្ស័យ ឬនឹកឆ្ងល់អ្វីឡើយថាថ្នាំនេះមិនមែនជាវីតាមីនស៊ី។
ម៉ូយដែលកម្មង់ទិញវីតាមីនស៊ី ភាគច្រើនសុទ្ធតែមានរូបរាងស្គមស្គាំង ទឹកមុខស្លក់ខ្មៅ ភ្នែកស្រអាប់… ផ្ទុយពីនាងមិនសង្ស័យថា ហេតុអ្វីទើបដូច្នោះ បែរជាគិតថា បើពួកគេទិញវីតាមីនស៊ីទៅលេបជាប្រចាំ ប្រហែលជាអាចធ្វើឲ្យរាងកាយរឹងមាំឡើងវិញបាន ទើបនាងលក់ផងថែមឲ្យផង ដោយមិនខកខានមួយពេលណាឡើយ។
***
ច្រើនថ្ងៃបន្ទាប់មក…
«លោកប៉ូលីសមានបានទទួលតម្រុយអ្វីពីកូនស្រីរបស់ខ្ញុំខ្លះទេ ក្មេងស្រីដែលឈ្មោះរជ្ជនីនោះអី?» លោកប្រសិទ្ធិ៍រត់ចូលទៅសួរក្នុងទីស្នាក់ការប៉ូលីសដោយក្តីអន្ទះអន្ទែង។
ច្រើនថ្ងៃមកហើយដែលជីវិតរបស់គាត់ប្រែប្រួលតាំងពីគ្មានកូន… ប្រែពីធ្លាប់ជេរប្រទេចកូនរាល់ថ្ងៃព្រឹកល្ងាច ត្រលប់មកជាអង្គុយធ្វើមុខសោកសៅម្នាក់ឯង យ៉ាងស្ងៀមស្ងាត់នៅក្នុងផ្ទះ។
ទោះបីជាខំតាមរករជ្ជនីទាំងយប់ទាំងថ្ងៃ រហូតស្ទើរតែមិនបានស៊ីមិនបានដេក… ក៏គាត់នៅតែមិនបានជួបរជ្ជនីម្តងណាសោះ… ទង្វើរបស់គាត់នៅយប់នោះ បានត្រលប់ចូលមកញ៉ាំញីផ្លូវចិត្តគាត់ម្តងហើយម្តងមិនឈប់ឈរ… ភារកិច្ចការងារ ឋានៈតំណែងមុខមាត់ក្នុងសង្គមក៏ស្រកស្រុតចុះជាលំដាប់។ គាត់គ្មានពេលសូម្បីតែឈាងចូលទៅមើល មូលនិធិក្មេងកំព្រារបស់ខ្លួន។
«ពេលនេះប៉ូលីសទទួលបានតម្រុយមកថា នាងអាចនឹងកំពុងស្នាក់នៅជាមួយបក្សពួកជួញដូរគ្រឿងញៀនរបស់នាយវីរៈ ដែលជាមុខសញ្ញាចាស់របស់ប៉ូលីស!» ប៉ូលីសនិយាយចេញមកដោយក្តីតានតឹង «ខ្ញុំគិតថា… ជួនកាលកូនស្រីរបស់លោកកំពុងរស់នៅជាមួយនាយវីរៈក៏ថាបាន!»
លោកប្រសិទ្ធិ៍ បើកភ្នែកធំៗញញឹមដោយក្តីត្រេកអរ «ពិតឬលោកប៉ូលីស?… ចុះលោកប៉ូលីសអាចប្រាប់បានទេថា នាយវីរៈម្នាក់នោះជានរណា? ហើយពេលនេះស្នាក់នៅឯណា?… ខ្ញុំចង់បានកូនស្រីរបស់ខ្ញុំត្រលប់មកវិញពេញទំហឹងហើយ!»
«ធ្វើចិត្តឲ្យត្រជាក់សិនទៅលោក ទុកតួនាទីនេះឲ្យខាងប៉ូលីសជាអ្នកដោះស្រាយចុះបើចិត្តក្តៅពេកក៏មិនបានជួយអ្វីឲ្យល្អប្រសើរដែរ!»
គាត់ស្ងប់អារម្មណ៍។ សម្តីរបស់ប៉ូលីស ធ្វើឲ្យគាត់នឹកឃើញហេតុការណ៍យប់នោះម្តងទៀត… បើគាត់មិនចិត្តក្តៅ រឿងបែបនេះក៏ប្រហែលជាមិនកើតឡើងដែរ។
យប់នេះ ខាងប៉ូលីសមានគម្រោងសម្រុកចូលរង្គសាលងងឹតនោះ យ៉ាងសម្ងាត់។
សូមរង់ចាំអានវគ្គបន្ត!
ឆ្លើយតប