គីមបាប់(김밥) គឺជាបាយរុំសារាយមួយប្រភេទរបស់កូរ៉េ ដែលគេនិយមរុំវែងៗ ហើយហាន់ជាដុំតូចៗល្មមដាក់មួយម៉ាត់ចូល។ ចំពោះវិធីទទួលទាន គឺគេជ្រលក់ជាមួយ សូយុ ជប៉ុន ឬ វ៉ាសាប៊ិ ក៏បាន។ អាហារនេះមានលក្ខណៈស្រដៀងគ្នានឹងស៊ូស៊ិជប៉ុនដែរ តែខុសគ្នាត្រង់ គីមបាប់ប្រើប្រេងល្ងក្រឡុកជាមួយបាយជំនួសទឹកខ្មេះ ឬទឹកសាច់ជូរ។។ នៅក្នុងភោជនីយដ្ឋានកូរ៉េមួយចំនួន អាចមានទឹកជ្រលក់ដែលគេឆាយ៉ាងពិសេស ដើម្បីយកមកជ្រលក់ ឬច្រូចពីលើគីមបាប់។ លក្ខណៈគ្រាប់បាយរបស់កូរ៉េស្រដៀងនឹងគ្រាប់បាយខ្មែរដែរ តែគ្រាប់គេវែងនិងស្អិតជាងយើង ហើយទន់ឆ្ងាញ់ណាស់។
- គ្រឿងផ្សំ
បាយដាំឆ្អិន(ជាមួយសារាយក្រអូប)
សារាយបន្ទះ
ការ៉ុត
ត្រសក់
ស្រាក្រអូប(ឬទឹកខ្មេះ)
ប្រេងល្ង
ល្ង(ស)លីង
គីមជិ
ឫសស្ពៃក្រហម(ជ្រក់)
ស៊ុត(ពងទា)
ត្រីធូណា(ត្រីកំប៉ុង)
សាច់ក្រក
បន្ទះឫស្សីសម្រាប់រុំ
- វិធីធ្វើ
១. ដួសបាយដែលដាំឆ្អិនជ្រោយឲ្យត្រជាក់ រួចដាក់ប្រេងល្ង ស្រាក្រអូប ល្ង(ស)លីង អំបិលច្របល់ចូលគ្នាឲ្យសព្វល្មមបានក្លិន។
២. ស៊ុត(ពងទា)គោះវឹកឲ្យឡើង ហើយចៀនជាបន្ទះស្តើងៗ។ ពេលឆ្អិនយកមកកាត់ជាចំណិតវែងៗ។
៣. ការ៉ុតនិងត្រសក់ចិតជាសរសៃតូចវែងៗ ហើយយកមកឆាពីរបីត្រលប់នឹងប្រេងល្ង កុំឲ្យឆ្អិនពេក រួចដួសទុកឲ្យត្រជាក់មួយអន្លើ។
៤. លាបន្ទះឫស្សី ហើយយកសារាយបន្ទះមកដាក់ពីលើ។ ដួសបាយមកដាក់ពង្រាយលើបន្ទះសារាយឲ្យល្មម ដោយទុកចន្លោះខាងលើនិងខាងក្រោមឲ្យសល់ប្រហែលមួយសង់ទីម៉ែត្រ។
៥. ដាក់ស្នូលផ្សេងៗ ដែលបានត្រៀមទុក( ពងទា ការ៉ុត ត្រសក់ ឫសស្ពៃ គីមជិ សាច់ក្រក ត្រីធូណា)ពីលើបាយតាមលំដាប់លំដោយដោយឲ្យត្រីធូណា(ឬជំនួសដោយសាច់ក្តាម)នៅពីលើគេ។
៦. មូរបន្ទះឫស្សីឡើងលើថ្នមៗឲ្យបានរាងមូលទ្រវែង។ បន្ទាប់មកកាត់វាជាដុំៗល្មមមួយម៉ាត់ជាការស្រេច៕
- រូបភាពបង្ហាញពីវិធីធ្វើតាមដំណាក់កាលនីមួយៗ៖
ហិហិ ប្រកួតម្ហូបខ្មែរហ៊ាន ដល់លេងសុទ្ធតែ ម្ហូបកូរ៉េ ជប៉ុន អញ្ចឹង សុំលើកទង់ជ័យ ស (ចុះចាញ់ហើយ)!!
សង្កេតឃើញចំណុចមួយ គួរអោយសរសើរខ្លាំងមែនទែន គឺកូនគេធ្វើម្ហូបប្រកបដោយអនាម័យ (ពាក់ស្រោមដៃ)!!!
ធម្មតាអត់ពាក់ទេ តែថ្ងៃនោះ មានមិត្តភក្តិអង្គុយរហង់ចាំមើល និងចូលរួមញ៉ាំជាមួយ ដូច្នេះបើធ្វើដៃទទេខ្លាចគេលេបមិនចូល! ហិហិ.. បើនៅម្នាក់ឯង កំបាំងពីភ្នែកគេ ប្រើម្រាមដៃដប់នេះឯង ស្រួលបំផុត! 😀