ផ្កាយNoVeLs*– ពីមុនខ្ញុំមិនធ្លាប់គិតថា ខ្ញុំនឹងមានប្អូនប្រុសថែមម្នាក់ទៀតនោះទេ តែព្រហ្មលិខិតពិតជាតម្រូវឲ្យយើងមកជួបគ្នា ស្គាល់គ្នា ហើយរាប់អានគ្នាជាបងប្អូន។ ខ្ញុំជឿថា និស្ស័យគឺជាបច្ច័យសំខាន់នៅក្នុងរឿងនេះ។ បើគ្មាននិស្ស័យទោះដើរបុកគ្នាក៏មិនស្គាល់គ្នាដែរ។
ខាងក្រោម គឺជាលិខិតរបស់ប្អូនប្រុសពៅរបស់ខ្ញុំ ឈ្មោះ ហេង ឧត្តម ដែលបានសរសេរអ៊ីមែលផ្ញើមកកាន់ខ្ញុំ បន្ទាប់ពីគេបានទៅលេងក្រុមគ្រួសារខ្ញុំនៅឯស្រុក។ កាលនោះយើងពុំទាន់ក្លាយជាក្រុមគ្រួសារតែមួយនៅឡើយទេ តែបន្ទាប់ពីលិខិតនេះ ទំនាក់ទំនងយើងគឺមិនមែនត្រឹមតែជាមនុស្សស្គាល់គ្នា។
គ្រួសារមិនចាំបាច់តែជាមនុស្សដែលជាប់សាច់ឈាមគ្នានោះទេ ត្រឹមតែយើងស្រលាញ់គេ ហើយគេស្រលាញ់យើងវិញ គឺគ្រប់គ្រាន់ហើយ…
ថ្ងៃទី ០៥ មករា ២០១០
សួស្តីបងប្រុស បងម៉ាក់ បងមករា!
ប្អូនមិនដឹងជាចាប់ផ្តើមនិយាយរៀបរាប់ប្រាប់បង ពីត្រឹមណាមកនោះទេ ព្រោះមិនបានព្រាងទុកផង ណាមួយមិននឹកស្មានថា អាចបានខ្ចីcomputerមិត្តភក្តិបានផងនៅយប់នេះ។ ហេតុនេះប្អូនសូមប្រាប់បងត្រួសៗសិនចុះ ជាគោលៗច្បោលៗណា… តែប្អូននឹងរៀបរាប់ពីទឹកចិត្តដោយស្មោះរបស់ប្អូនខាងក្រោម…
ប្អូនបានទៅលេងស្រុករបស់បងហើយ ចូលរួមពិធីរៀបការរបស់បងជា។ ប្អូនពិតជាសប្បាយរីករាយមែនទែន ចំពោះទឹកចិត្តស្វាគមន៍ដ៏កក់ក្តៅរបស់ក្រុមគ្រួសាររបស់បង។ ពួកគាត់ពិតជាយកចិត្តទុកដាក់ទទួលរាក់ទាក់ពួកប្អូន(មានមិត្តរបស់បងតុលាទៅម្នាក់ដែរ គឺសុភាព)។ ប្អូនខ្លាចចិត្តពួកគាត់ណាស់ ពីដំបូងប្អូនឡើងរឹងខ្លួនមែនទែន តែដល់ស្នាក់នៅបានមួយថ្ងៃប្អូនអាចចូលយ៉ាងចុះសម្រុងជាមួយពួកគាត់… ជាពិសេសម្តាយរបស់បង គាត់បាននិយាយពីការតស៊ូរៀនសូធ្យរបស់បង ឱ្យប្អូនស្តាប់ ប្អូនរំភើបខ្លាំងណាស់ អ៊ំនិយាយថាគាត់មានមោទនភាពណាស់ ចំពោះការខិតខំប្រឹងប្រែងរបស់កូន… គាត់រំលឹកពីការទៅប្រលងនៅសៀមរាប… ពេលខ្លះគាត់យកក្រមាឆ្នូតក្រហមមកជូតភ្នែកគាត់ម្តងៗ… ខ្ញុំដឹងថាគាត់កំពុងយំ… សំឡេងគាត់ស្អកៗ… ។ បងដឹងទេខ្ញុំឧស្សាហ៍ដណ្តឹងសួររឿងបងពីគាត់ណាស់ រាល់ពេលគាត់រំលឹក ព្រមទាំងប្រាប់ពីជីវភាពគ្រួសារ… ក្នុងកំឡុងពេលប្រាំថ្ងៃមកនេះ ប្អូនមិនដឹងយ៉ាងម៉េចទេ ចេះតែរកកលចង់យំម្តងៗ ប្អូនរលីងរលោងទឹកភ្នែកច្រើនសាណាស់…
ល្ងាច និង ព្រឹកព្រហាមថ្ងៃទីមួយនៃថ្ងៃទៅដល់ដំបូង ប្អូនបានអង្គុយមើលអ៊ំស្ល សម្រាប់លក់ ប្អូនបានជួយបុកគ្រឿងគាត់ខ្លះដែរ តែគាត់ថាមិនអីទេ ទុកឱ្យអ៊ំបានហើយ ទៅរៀនចុះ ពូកែអានសៀវភៅអ៊ីចឹង… ប្អូនមានទៅពូកែអានឯណាធំដុំនោះ គឺគ្រាន់តែអានប្រលោមលោកតែប៉ុណ្ណោះ… ទោះបីជាគាត់មិនចង់ឱ្យជួយក៏ដោយ ក៏ប្អូននៅតែទទូចសុំជួយគាត់ដែរ តាមតែអាចជួយបាន… ព្រឹកឡើងប្អូនជួយយួរទឹកសម្លទៅលក់… ប្អូនបានបរិភោគស្នាដៃនំបញ្ចុករបស់គាត់ជាលើកដំបូង មិនបញ្ជោរទេ ពិតជាឆ្ងាញ់មែន… ប្អូនចង់ញ៉ាំឱ្យច្រើនដែរតែខ្លាចខាត… ដឹងទេ! សូម្បីតែមួយចាននេះផងប្អូនមិនទាំងហ៊ានផង ខ្លាចចិត្តគាត់ ខ្លាចខាត… តែដោយចង់ភ្លក្សផង និង ត្រូវបងតុលាបង្គាប់ ព្រមទាំងគាត់ដួសដាក់នៅនឹងមុខទៅហើយ ប្អូនក៏ចាប់ផ្តើមស្រស់ស្រូប ប្អូនញ៉ាំទាល់តែអស់ពីចាន សូម្បីតែទឹកសម្លក៏ប្អូនត្រូវហុតអស់ទៀត… ពិតជាឆ្ងាញ់មែន។ សូមសរសើរថ្វីដៃរបស់អ៊ំពិតមែន…
និយាយមែនទែនទៅបើពេលនោះ ប្អូនអាចមិនហូបបាន ប្អូនមិនហូបនោះទេ ប្អូនអាណិតគាត់ណាស់ គ្រាន់តែប្អូនអង្គុយមួយសន្ទុះ មានគេមកទារលុយជាច្រើន… បងតុលាបានប្រាប់ថា គាត់មិនដែលហ៊ានហូបអីឆ្ងាញ់ៗ ទិញចំណីគេទេ គាត់ហូបតែនំបញ្ចុកខ្លួនឯងទេ គាត់ខំសន្សំលុយកាក់តាំងតែពីប្រាំរយ ម៉ាពាន់ទៅ… មែនបងអើយ! គាត់ហូបតិចណាស់ សូម្បីតែថ្ងៃខ្ញុំទៅដំបូង គាត់អត់ចូលហូបជុំគ្នាទេ មានម្ហូបឆ្ងាញ់ ដល់ថ្ងៃបន្តិច គាត់សុខចិត្តហូប ត្រសក់ត្រាំ និង ពងទាចៀនសល់… ពេលខ្ញុំទៅផឹកទឹក បន្ទាប់ពីអានសៀវភៅ ខ្ញុំឃើញបែបនេះ ខ្ញុំអួលដើមក… នឹកឈ្វេងយល់… ហើយចាប់ផ្តើមសង្កេតតាំងតែពីពេលនោះមកម្ល៉េះ…
អ៊ំស្រីគាត់គិតគូរកូនណាស់ ប្អូនឃើញគាត់យកចិត្តទុកដាក់នឹងបងតុលាខ្លាំងណាស់…គ្រប់សព្វ… បើនឹងយកមកនិយាយពេលនេះមិនអស់ឡើយ ក្នុងពេលប្រាំថ្ងៃនោះពិតជាច្រើន… គិតគូរតាំងពី កន្លែងដេក ខោអាវ ទឹកផឹកក្តៅត្រជាក់… ដណ្តប់ភួយឱ្យ… កោសខ្យល់… ព្រួយបារម្ភពីកូនសព្វគ្រប់បែបយ៉ាង… ស្តីប្រដៅទូន្មាន… គិតទៅចង់ច្រណែននឹងបងទាំងពីរដល់ហើយ! ដែលមានម្តាយដ៏ល្អយកចិត្តយកទុកដាក់ចំពោះកូនៗ ស្រឡាញ់ថ្នាក់ថ្នម អប់រំទូន្មាន ចិញ្ចឹមបីបាច់ថែរក្សា មើលការខុសត្រូវ ផ្តល់ភាពកក់ក្តៅ…
ខ្ញុំគោរពស្រឡាញ់គាត់ដូចជាម្តាយបង្កើតរបស់ខ្ញុំដែរ ពេលដែលខ្ញុំបានជួយគាត់ទោះបីតិចតួចក៏ដោយ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តមែនទែន… តួយ៉ាងគ្រាន់តែជួយបុកគ្រឿង ជួយលើកនេះលើកនោះ ចាក់ទឹកក្រូចជូនគាត់ពីសា ច្របាច់ជើងជូនគាត់… ខ្ញុំសប្បាយចិត្តណាស់ទៅហើយ…
ស្តាយណាស់ ដោយមិនបានអាចមានឱកាសសរសេររៀបរាប់ឱ្យបានច្រើន ពីសកម្មភាព និង ទឹកចិត្តដែលពុះកញ្ជ្រោលជាច្រើនទៀត ព្រោះមិត្ត គេត្រូវការប្រើcomputer វិញហើយ។ ប្អូនបញ្ចប់បន្តិចទៀត យ៉ាងណា ចាំពេលក្រោយចុះ តែមិនសង្ឃឹមឆាប់នោះទេ… មេដាយរបស់បងដែលបងដំណាលសួរអ៊ំស្រី គាត់រកឃើញហើយ គាត់ថតរូបឱ្យបងមើលដែរ តែប្អូននឹងរៀបចំផ្ញើរូបទៅ បងនៅពេលឆាប់ៗខាងមុននេះ ជាមួយរូបថតដែលបងរក (គឺរូបអ៊ំស្រីអ៊ំប្រុសថតជុំគ្នា រូបបងកាលពីក្មេង…) ប្អូននឹងយកទៅស្កែនហើយផ្ញើជូនបង ព្រមទាំងរូបមួយចំនួនដែលមិត្តសុភាពបានថតក្នុងទូរស័ព្ទ…
ឆ្លៀតឱកាសនេះ ប្អូនសូមអភ័សទោសពីបងដោយបានសុំអ៊ំស្រី និងបងតុលារើយកឯកសារមួយចំនួន ដើម្បីសិក្សា ទាំងនោះមានប្រធានតែងសេចក្តី… កំណាព្យប៉ុន្មានអត្ថបទ សៀវភៅសិក្សាប៉ុន្មានទៀត និង រឿងខ្លីខ្លះ… ដោយពុំបានសូមការអនុញ្ញាតពីបងដោយផ្ទាល់។ សង្ឃឹមថាបងមិនខឹងទេណា តែទោះបីជាយ៉ាងណា ប្អូនសូមសន្យានឹងរក្សាឯកសារទាំងនោះឱ្យបានល្អ ហើយនឹងប្រគល់ជូនបងវិញពេលបងត្រូវការ។
…. លាសិនហើយ លាទាំងអាល័យណាបងប្រុស…
ខ្ញុំស្រឡាញ់អ៊ំស្រី ខ្ញុំចាត់ទុកដូចជាម្តាយបង្កើតរបស់ខ្ញុំដែរ…
សូមចូលរួមរីករាយផង…!!
បានប្អូនម្នាក់ទៀតបាត់ 😀
មោទនភាពរបស់ឪពុកម្តាយគឺជាទង្វើររបស់កូន!!