វគ្គ២
ស្រីស្រស់ងូតទឹកស្រវន្តី
នៅរដូវនេះ កសិករទាំងឡាយចេញពីព្រលឹម ទៅបញ្ចេញពលកម្មសស្រាក់សស្រាំ ឯក្នុងវាលស្រែ ទុកភូមិដ្ឋានចោលឱ្យស្ងាត់ជ្រងំ ស្រពាប់ស្រពោន ពេញៗមួយថ្ងៃ។
លំនៅនីមួយៗបិទទ្វារសំងំ ក្រៀមក្រោះសោះសា។ ម្ដងម្កាល មេមាន់លបខ្តត ពីច្បារស៊ុបទ្រុប ពញ្ញាក់ រហោភាព។ ជួនកាលសម្រែកទារកទួញយំអណ្ដឺតអណ្តក អមជម្នះដោយចម្រៀងបំពេគ្រលួច។
រសៀលក្ដៅហែង ស្បែកក្រហល់ក្រហាយ។ ប៉ុន្តែ រុក្ខច្ឆាយាគាំពារមនុស្សសត្វ។ ម្លប់ត្រជាក់រហឹមយឹតត្របកភ្នែកឱ្យទន់ដាបចុះ ចង់តែងុយងោក។
មហយ្យកោ មហយ្យកា អាវាសិក អាវាសិកា ដោះអាវ លែងខ្លួនហែលលើក្ដារងឿ ឬទម្រេតខ្នងក្នុង អង្រឹងក្រចៅ ឆ្លៀតឱកាសក្រេបយកធាតុសុភសិន មុននឹងរពឹសដៃចាប់ធ្វើចិបចុបលហុភារៈខ្លះ ដែលមិនចាំបាច់ ខ្លាំងណាស់ណាទេ។
គេហដ្ឋានមីងថេតក៏ស្ងប់ស្ងាត់ដែរ ទ្វារចំហធ្លុង ដូចសត្វក្រពើដែលដេកហាលថ្ងៃ។ ក្នុងផ្ទះ ឥតមានព្រលឹងរុយមួយហើរចេញចូលសោះ ឯខាងក្រោមវិញ ស្រមោលព្រឹលៗ ប៉េលប៉ាលៗ ភើយទៅភើយមក ដោយសារស្នាដៃក្មេងស្រីឧស្សាហ៍។
មិនាអង្គុយលើកន្ទេលផ្ដៅ ត្រមង់ត្រមោចពីមុខចង្អេរ វែករកដុំក្រួស គ្រាប់សសិតល្អិតល្អោច ឬក្បាលអង្កាម ហើយច្បិចគ្រវាត់ចោលម្ដងមួយៗ។ ដៃជាប់រវល់ គ្រវាសស្រាល់យកតែអង្ករល្អ។
គ្រានោះ ទារិកាភ្ងារពីដំណេក រមួលខ្លួនមូរនបក្រឡាប់ផ្កាប់ផ្ងារ។ នាងទាញខ្សែតឹងឱ្យអង្រឹងយោល ព្រមទាំងគ្រហឹមរហឹមរហែម។ ក្មេងតូចទទូចទធាក់ជើងយំ។ ស្រីមុំទ័លច្រក ស្រែកច្រៀងលួងលោម។
អាងថាផ្ទះឯងនៅដាច់ពីគេ ក្រមុំបង្អោតសូររនស្រួយស្រែស។ សំនៀងតរុណអណ្ដែតឆ្លងផ្លូវ ល្មមតែឮ ច្បាស់ដល់ត្រចៀកអ្នកដើរ។
ចម្រៀងលន្លង់លន្លោច ទំនុកជាភាសាមនោវិក័ត ឥតអ្នកណាកាត់យល់ន័យបានទេ។ នាងច្រៀងបំពេ ប្អូន។ នាងច្រៀងកំដរទិវាវែងៗ ហើយដដែលៗផង។ ស្ដាប់យូរៗទៅ តាមស្មានមើលទៅ នារីសារទុក្ខ ស្រណោះខ្លួនឯង៖
_ កុកសហើរហួស លែងចុះចាប់ ត្រីចង្វាស្លាប់ បឹងបួហួតហែង
ថ្ងៃបណ្ដើរកូន ជើងមេឃបែកផ្សែង រៃយំក្ដែងៗ ច្រំដែលពេកកូវ។
_ រសៀលក្ដៅភាយយាយពិសាស្លា ក្រោមម្លប់រុក្ខា ក្បែរៗលានស្រូវ
ខ្យល់កួចម្ដងៗ ឆ្លងកាត់ផ្លូវ អូនអើយគេងទៅ គេងឱ្យស្រណុក។
_ រូបបងក្មេងវ័យ ស្រីនៅឯកោ ខ្លាចខ្មោចខ្លាចចោរ រំពៃក្រោយមុខ
ច្រៀងលេងតិចៗ ម្ដេចបាត់អផ្សុក ទ្រូងអើយកើតទុក្ខ ស្រុកស្ងាត់ជ្រងំ។
_ ចាមពុនសម្ពាយ ចូលមកសុំទឹក បងភ័យសន្ធឹក មើលមុខមិនចំ
មាន់ផ្អើលដកក ពីក្រោមដើមម្រុំ អូនអើយកុំយំ ម៉ែយើងទៅច្រូត។
តម្អូញកម្សត់រសាត់បាត់ទៅ កុមារីដែលគេងស្កប់ស្កល់រួចហើយ កិកកុកនឹកម្ដាយមិនព្រមនៅស្ងៀម។ ស្រីតូចឆ្លាតណាស់ ចេះសំងំស្ដាប់ កាលណាច្រៀងចប់ ទធាក់ជើងទៀត។
រុញចោលចង្អេរទុកមួយអន្លើ ធាត្រីលើកប្អូនដាក់លើចង្កេះ គ្រលែងរលាក់ អេះក្បាល អង្អែលខ្នង នាំលេងនេះនោះ បន្លែបន្លប់។
នារីលើកដៃចង្អុលផ្លូវលំ បញ្ឆោតឱ្យមើល ពេលរទេះសេះបោលមកម្ដងៗ ធ្វើឱ្យដីហុយទ្រលោម។ ជួនកាលមានអ្នកដំណើរចូលជ្រក នៅក្រោមម្លប់រោង សិតទឹកពីក្អមហើយក្រេបក្អឹកៗ សម្រន់សម្រេក។ មុននឹងចាកចេញបន្តដំណើរ ពួកគាត់មិនភ្លេច លើកដៃជូនពរ ញ៉ាំងចិត្តក្រមុំ ម្ចាស់សទ្ធាទាន អប់ងំទៅ ដោយគន្ធពិដោរ។
លុះដល់ពេលដែល សិស្សានុសិស្សចេញពីសាលា កសិករចាប់ផ្ដើមចូលផ្ទះមួយៗ។ ភូមិយើងក៏មានសកម្មភាពឡើងវិញ។
នាងឈរកំបាំងក្រោយគុម្ពមាលតី សម្លឹងតាមមើលហ្វូងសិស្សកុមារ ដែលប្រឡែងគ្នារវាត់រវាម ទាត់ ឈើ ទាត់ព្រៃ តាមដោយដងផ្លូវ។
តើបន្ទាប់ពីរសៀលអផ្សុកដ៏វែងអន្លាយ នាងពួនទន្ទឹងមើលផ្លូវអ្វីហ្ន៎?
ម៉ោងបួនកន្លះ សិស្សវិទ្យាល័យម្នាក់បរកង់មកដល់។ អ្នកទាំងពីរប្រទះភ្នែកគ្នាបន្ដិចបន្តួច។ នាងល្អិត ចុះពីដៃប្លិច រត់តាមបងថ្មី។ វិទូពប្អូនឡើងទៅលើផ្ទះ នាំដេកប្រនៀល ប្រលែងប្រឡូកនៅលើប៉ៅអ៊ី។ ក្រមុំកណ្ដៀតអង្ករតាមក្រោយ ហើយចូលទៅក្នុងផ្ទះបាយ។
នៅវេលាថ្ងៃ ក្មេងស្រីស្រុកស្រែមិនទម្លាប់ភ្នែក ឱ្យធ្មេចមួយស្រឡេតឡើយ ចប់ពីធុរៈមួយ ចាប់មួយ ទៀតភ្លាម។ គ្មានទេអន្តិមកិច្ច រវល់ជានិច្ចប្រៀបបានពីងពាងដែលត្បាញសំបុក។ អាស្រ័យដោយសេចក្ដី ពេញចិត្តនឹងធម្មជាតិខ្លួនជាស្រីខ្មែរម្នាក់ មិនាមិនតូចចិត្តនឹងប្រតិបាទន៍ចំពោះប្រពៃណី កាន់តាមអនុសារ ចាស់ព្រឹទ្ធាចារ្យ រស់តាមចំណាររបស់ព្រហ្មលិខិត។ ទើបតែឆ្លងផុតពីតរុណវ័យ មានម្ដាយដឹកដៃជាប្រចាំនៅឡើយ នាងមិនទាន់ដែលដើរជាន់បន្លា តាមដងមាគ៌ានៃជីវិតឡើយ . . .
មួយរយៈធំក្រោយ គ្របឆ្នាំងរណ្ដំក្រិកៗ។ អង្ករស្រូវថ្មីភាយក្លិនប្រហើរ។ បាយងំ សម្លឆ្អិន សុបិនរាយមាយក្បែរជើងចង្ក្រាន ក៏បានបញ្ចប់សព្វគ្រប់អស់ដែរ។
ខណៈនោះ ស្នូរជើងតុបៗប្រដេញគ្នាលំគេញ នៅពីក្រោយខ្នង។ នាងបែរទៅរកម្ចាស់សំឡេងភ្លាម ឃើញហើយ ហក់ស្ទុះទៅចាប់កុំឱ្យដួលទាន់។ ស្រីលើកត្រកងដោយដៃទាំងពីរ ផ្អឹបជាប់បេះដូងដែលលោត រន្ថាន់ ព្រោះតែភ័យខ្លាចសាច់ខ្ចីមួយដុំ ជ្រុលខ្លួនជ្រមុញធ្លាក់ចូលភ្នក់ភ្លើង។
កុមារីចូលចិត្តប្រឡែងនឹងវិទូណាស់ ម្ដេចក៏ចាកចេញងាយៗយ៉ាងហ្នឹង?
មិនាអើតមើលពីជាយចង្ក្រាន លុះឃើញជាក់ហើយ ដកដង្ហើមវែងៗ។ ព្រះម្ចាស់ថ្លៃអើយ ដេកទទឹង គាង យកសៀវភៅគ្របមុខ ក្មេងចុះពីអង្កាល់ក៏មិនដឹងផង!
ថ្ងៃគងមាត់ព្រៃ មាតាក្រមុំស្រូបបាយឱ្យប្អូន ដោយស្នេហាស្និទ្ធ បីដូចកូនពិតកើតពីឧទរ។ នាងបញ្ចុក ផង សំភីតឿនក្រើនឱ្យឆាប់លេបផង ហើយក៏មិនភ្លេចចោលភ្នែកញយៗ ឃ្លាំមើលអ្នកដេក។
ហូបរួចកាលណា ធីតាលុបមុខ ជូតមាត់លាងដៃ និងពចុះជណ្តើរមកនៅខាងក្រោម ដើម្បីចាំមើលផ្លូវ ម្ដាយ។
ធម្មតាថ្មើរហ្នឹង ពួកគាត់តែងតែត្រឡប់មកវិញ។ ប្លែកណាស់ ថ្ងៃនេះ ម្ដេចក៏យឹតយូរគួរឱ្យបារម្ភ។
រាល់ពេលព្រលប់ មីងថេតការគ្រួទៅងូតទឹកស្ទឹង ព្រោះនៅតាមផ្លូវ កំលោះព្រើលៗលបល លែប ខាយ ពីមុខពីក្រោយ។ បើដើរម្នាក់ឯង ហើយមាននិស្ស័យមូរមុខអៀនប្រៀន ក្មេងស្រីស្រុកលើ ច្បាស់ជារឹងខ្លួន ឈានជើងពុំរួច។
ចាំយូរៗទៅ មិនាអន្ទះសាខ្លាំងឡើងៗ។ បន្តិចទៀតយប់ជ្រុល ខកពេលទៅស្ទឹងជាមិនខានទេ។ នាង ឡើងមកឈរក្បែរវិទូវិញ។ សៀវភៅរមៀលចោលម្ចាស់ទៅហើយ។ អ្នកលង់ដំណេកទន់ករងៀក។ អាត្ម័នមិននៅក្នុងអាត្មាឡើយ។
នាងមាណវីឱបប្អូនពីមុខ យោលខ្លួនយឺតៗ សម្លឹងពព្រឹមបុរសដេកលក់ ដែលអវេទយិតនឹងខ្សែនេត្រា ប្លែកៗទាំងឡាយ . . . លួចមើលមុខមាត់គេឥតដឹងខ្លួន គឺជាការក្បត់មួយ នឹងអភិចរិយារួចស្រេចទៅហើយ។
ថ្វីបើរស់រួមគ្រួសារជាមួយ វិទូ និង មិនា ពុំដែលប្រកួតកែវភ្នែកឱ្យចំ បានយូរម្ដងឡើយ។ ម្នាក់ៗញញើតខ្លាចបរាជិតតែរៀងៗខ្លួន។ កំឡោះក្រមុំប្រាស្រ័យរកគ្នាដោយពាក្យខ្លីៗ។
ដឹងថាវិទូមិនងាយភ្ញាក់ទេ នាងក៏ដើរចូលទៅក្នុងផ្ទះវិញ សម្រូតប្អូនចុះ ហើយឱនខ្សឹបដាក់ត្រចៀក។ នាងតូចឮហើយក៏រត់តាំងៗ តោងឡើងប៉ៅអ៊ី លោតទ្រោបពីលើ ពន្លែងជាច្រើនដៃ វាយក្ដិចល្អោចសាច់ និងទូន្មានដោយសិសុភាសា៖
_ ងើប! ងើប! ប្រយ័ត្នគ្រុនណា!
វិទូភ្ញាក់ក្រញាង បះដៃបះជើង៖
_ អេ! ម៉េចក៏វាយបង ខ្លាំងៗម៉្លេះៗ?
_ បងង៉ាឱ្យដាស់!
_ អូនឯងទៅសួរទៀតមើល! តើគេដាស់បងមានការអ្វីដែរ!
នាងរត់បកក្រោយសំដៅមិនា ដែលញញិមខ្ជឹប ពួនស្ដាប់ក្រោយទ្វារ។ គេខ្សឹបខ្សៀវគ្នាជាថ្មីម្ដងទៀត។ បាតជើងតូចៗត្រឡប់ក្រោយបែរ នាំទាំងបណ្ដាំមកជាមួយផង៖
_ បងង៉ាថា . . . ថា . . . ថាឱ្យបងទូ . . . ជូនទៅហែលទឹក!
_ អូ! អ៊ីចឹងទេអ្ហី! . . . បងចង់ឮគេប្រាប់ផ្ទាល់មាត់វិញ!
ក្មេងអ្នកនាំសារកំពុងវក់រត់ត្រឹងចុះត្រឹងឡើង សប្បាយនឹងបូរបាច់វៀចមាត់វៀចក ត្រូវបងឃាត់ជាប់ ទុកមួយសន្ទុះ នៅក្នុងបន្ទប់។
ដៃម្ខាងនាងកៀកកប្អូន ម្ខាងទៀតកណ្ដៀតបង្វេចសំពត់អាវបម្លាស់ មិនាចេញមកឈរប្របជណ្ដើរ ចោលភ្នែកទៅក្រៅ ធ្វើដូចមិនដឹង។
វិទូសសៀរចូលជិត ញញិមញញែម សង្ឃឹមបានស្ដាប់វាចាអនវ៉ន។
នារីធ្វើជើយដដែល មិនខ្ចីអង្វរលោមទោម ។ ប៉ុន្តែផ្ទៃមុខឡើងក្រហមប្រឿង។ ធាតុក្ដៅរោលដាលរង្គំក្នុងខ្លួន។ ស្រីសែនពិបាកលៃលកឥរិយា បើគេនៅជិតស្អិតល្មួតម្ល៉ឹងៗ។
ចាំនាងនាំពាអស់ពេលដ៏យូរ នាយចាញ់អំណត់ សួររាក់ទាក់ដោយសុភាពរាបសា៖
_ បងស្រីជូនកូនទៅងូតទឹកអ្ហី?
ស្រីក្មេងព្រមាននឹងកន្ទុយភ្នែក។ កំលោះពព្រើមយកដៃបាំងមុខ ស្រងៀវប្រស្រីឱ្យឡើងសល្អក់ សម្លក់ សាំទាំតាមចង្វែកម្រាម ដែលញែកធំៗ។
នារីខាំមាត់ គ្នាន់ក្នាញ់ ដោលពោះខ្លះផង ចង់អស់សំណើច៖
_ ស្អប់ណាស់! . . . តោះអូន! យប់ហើយយើង!
ក្មេងស្រីដោយដៃ ចុះដីតាមបង ជើងឈាន ក្បាលបែរស្រែកដង្ហោយហៅ៖
_ បងទូម៍! . . . បងទូម៍!
_ គេអត់បបួលផង បងម៉េចនឹងហ៊ាន!
នាងបង្គាប់ស្រីតូចឱ្យឆ្លើយជំនួស៖
_ បងឯងមាយាណាស់!
_ អីយើ! អូនឯងចេះនិយាយណាស់វ៉ី!
នាយឆ្លៀតឱកាសចាស់ៗមិននៅ លួចល្បក់ចាក់ថ្នោលស្ទង់ទឹកទេដឹង? ខំបន្លាយវេលា លងល លួង លោមឱ្យសារិកាសើច ពិតជាដើម្បីសុំមើលជើងធ្មេញ។ ឥឡូវនេះ សម្លលាប់គ្រឿងលេញ្ជាសារិកា ឱ្យហើរ ចោលបាត់។ ប៉ុន្តែ តាមមើលទំនង ដូចជាមិនខឹងទេ។
មិនាបណ្ដើរប្អូន ឈានជើងខ្លីៗ។ ដល់ដើមអំពិលខាងកើត ចម្ការចេកបាំងបាត់ដំបូលផ្ទះមីង។ នាង ឈរអែអង់ កំពុងគិតថា បើសិនគ្មានគ្នា នាងនឹងត្រឡប់ទៅក្រោយមិនខាន។ លុះក្បាលវិទូលេចឡើងក្រឡឺម ចេញក្រៅរបង ទើបកញ្ញាហ៊ានដើរទៅមុខទៀត។
នាយរត់ត្រឹកៗ តាមទាន់កាលណា ជួយកាន់ដៃប្អូន។
ចៃដន្យអ្វីម៉្លេះ! វាយោឡែឡប់បក់នាំមនុស្សម្នាក់ដែលចូលចិត្តស្ដីរឡេះរឡោះ តាមផ្លូវនេះដែរ។ មិត្ត រួមថ្នាក់នោះឈ្មោះ អ៊ីង – គន្ធា បរកង់មកដល់ជួនពេលល្អណាស់។ យុវតីមានរូបរាងខ្ពស់ស្រឡះ មាំមួន អង់អាច ចូលចិត្តអត្តពលកម្មពិតៗ ជាអ្នកកីឡាប្រចាំវិទ្យាល័យ។
ចក្រយានិកធ្វើមុខពព្រាយ បន្ថយល្បឿនហើយ បន្ថុចពីមុខ។ មិនាមិនហ៊ាននៅក្បែរគេទេ ដឹកដៃ កុមារី ទៅមុនតិចៗ។
គន្ធាចុះឈរ ជ្រែងពីមុខកែប ពោបលើដៃកង់ មិចភ្នែកដាក់នាយ មុននឹងនិយាយរំជែតាមក្រោយ៖
_ វិទូឯងរៀបការពីអង្កាល់? ម្ដេចក៏មិនប្រាប់ឱ្យយើងដឹងផង?
_ អត់ទេ! អត់ទេ!
_ កូនទ្រើសណាស់ហើយ លាក់មិនជិតទេ!
_ គឺប្អូនរបស់ . . .!
_ នែ៎! ពួកយើងស្គាល់គ្នាច្រើនឆ្នាំមកហើយ! ឯងគ្មានប្អូនទេ! កុំកុហកអី!
_ អុះ! ខ្ញុំច្រឡំមាត់! គឺក្មួយម្ចាស់ផ្ទះ!
មិនឆ្ងាយពីនោះ មិនាឈប់ចាំ។ ចិន្ដាចង់ដើរទៅឆ្ងាយបន្តិច កុំឱ្យរំខានគេនិយាយគ្នា។ តែអារម្មណ៍ ចម្លែកបង្អង់ដំណើរ។ ភ្នែកលួចគ្រលៀស ម្ដងហើយ ម្ដងទៀត ហាក់មានអ្វីមួយបង្ខំចិត្តស្រី។ នាងលួច សរសើររូបរាងសង្ហានៃសិស្សនារី ដែលចេះតែងខ្លួន គ្មានទាស់ភ្នែកសោះ។ អាវសសម្លុះក្នុងខោពណ៌ខៀវ មើលពីក្រោយទៅ ឃើញសំយាបគូទឡើងកន្ធួកៗ។
ពួកគេស្និទ្ធស្នាលនឹងគ្នាណាស់ហ្ន៎!
ស្ដាប់ខ្លឹមសារពាក្យសន្ទនាមិនឮ មើលទៅឃើញតែកាយវិការស្មោះងា។ ជួនកាល កញ្ញារូបនោះយក ចង្អុលដៃចុចស្មាវិទូ ថែមទាំងឱនខ្សឹបដល់ត្រចៀកផង។
នៅទីបំផុត នាងឱនឈ្ងោកដី ហាក់តូចចិត្តណាស់នឹងរូបនៃខ្លួន ដែលគ្មានអ្វីផ្ទឹមនឹងផ្កាទីក្រុង។
ឱស្បៃរឿងអើយ កុំតូចចិត្តអី! ឥត្ថីកល្យាណមិនអាចសន្យា ផ្ដល់សុខក្រិយាដល់នាងបានទេ!
មុននឹងបែកគ្នា គន្ធាផ្ដាំថា៖
_ នែ៎! មុខមាត់ម្នាក់ហ្នឹងប្រកបដោយសមានចិត្ត មែនណា៎!
ព្រះសុរិយាបាញ់ព្រួញអង្សុមាលា តាមប្រឡោះស្លឹកវាំងននឫស្សី។ ដងស្ទឹងដូនទ្រីមីរដេរដាសដោយ ក្មេងចាស់ប្រុសស្រី។ សត្វហើយនិងមនុស្សចុះជម្រះកាយ។
ក្រៅពីស្រះធំៗតាមវត្តអារាម ឥតមានទីណាអាចធន់ទ្រាំនឹងភាពស្ងួតហួតហែង នារដូវនេះទេ។ អាង ស្ទឹងធានាទឹកបានដោយសារទំនប់នៅឯភូមិជ្រៃ។
គ្រប់ៗកំពង់និងធោវនដ្ឋាន ស្នូរហក់ស្នាមហែល និងសូរសម្រែកលាន់កងរំពង អធិកអធម ដូចគេធ្វើ បុណ្យ។ ទម្លាប់ស្រុកទេសរក្សាទុកនៅ គួរជឿមួយភ្លែតថា ប្រទេសយើងមានសន្តិភាពល្អ។
អ្នកខ្លះទើបមកពីស្រែចម្ការ ដឹកគោចុះស្ទឹង បាចទឹកលាងខ្លួន សម្អាតស្បែកឱ្យ។ ខ្លះទៀតរែកប៉ោត ដងយកទឹកនោះ ប្រើប្រាស់ អាស្រ័យតាមក្ដីត្រូវការ។
ត្រង់នេះ ធោវិកាបោកគក់សម្លៀកបំពាក់។ ត្រង់នោះ ពពួកនារីងូតទឹកដោយក្រុម ចោមពុងត្រឹមក្លៀក ត្រាំពាក់កណ្ដាលខ្លួន លើកហត្ថស្រឡូនល្អដូចនាគទន្ត ដុះក្អែលអង្អែលទ្រូង កៀកកិតគ្នាគេ គួរឱ្យស្រមៃ ដល់ហ្វូងវរវណ្ណិនី នាឋានកៃលាសដែលក្រសាលស្រះស្រង់។
រីពួកយុពាលិចកំពង់លង់ទ្រនេស ហែលគោករដឹកតាមជម្រាលច្រាំង រាយរនងខ្សែភ្នែក ស្ទូចស្រមោល សុភាង្គ ដែលហែបប្រលែងនឹងរលកទឹកធារ. . .
ស្រីស្រស់មួយរូបឈរប្របមាត់ទឹក លើកដៃជ្រោងសក់ ហើយកួចជាផ្នួង។ រំដោះស្រឡះកញ្ចឹងកម៉ដ្ឋ ល្បាយពណ៌បិតជាតិ ដែលធ្លាប់តែឃើញពន្លឺតិចតួច។ លោមារ៉ើងៗមានរង់មានឆ្មារ ពនរាបចូលគ្នា រត់ជួរ រមេញ។ ជើងសក់រលូនពើបជោតិនៃទិវ័ន អឹមអៀនសែងត្វ័ន ដែលចោមចែងចាំង។
នាងហ៊ុមក្រមា ប្រឡេះអាវធំ បន្លិចអាវតូច ប្រិតប្រៀងមធ្យ័តប្រយ័ត្នឆ្គាំឆ្គង ក្ដោបជាប់លាក់ជិតក្នុង កណ្ដាប់ដៃ ហើយញាត់យ៉ាងស្ងាត់ក្នុងទីកំបាំង។ ជនិករច្រើនណាស់ កាយវិការនេះ ច្បាស់គេចមិនផុត អំពីខ្សែភ្នែកអតិរេកឡើយ។ ម៉្លោះហើយ ក្រមុំព្រហ្មចារី ក្រោមក្ដីអៀនខ្មាស ព្យាយាមបែរភក្ត្រ ចៀសវាង ទាក់វាក់នឹងមនុស្សភេទផ្ទុយ។
ចោមពុងស្រេចបាច់កាលណា នាងពកុមារីច្រកកៀវពីមុខ ចុះស្ទឹងសន្សឹមត្រឹមស្មើចង្កេះ រួចសម្រុត កាយជូនដៃគង្គា។ . . .ទឹកស្រវន្តីជ្រាបដល់គល់ទ្រូង។
នាងឈ្មុលច្រមុះ ញីក្បាលពោះក្មេងឱ្យសើចកខឹក។ ត្រីក្រឹមត្រូវទឹកសប្បាយក្រិចៗ ក្ដិចនេះ ក្ដិចនោះ អង្អែលចង្កា បិចថ្ពាល់ ស្ទាបទ្រូង . . . ហើយប៉ះសុដន់។
ក្រមុំគ្រហឹមហាមដៃរពឹស និងផ្អឹបត្រចៀក ជបស្ងាត់ៗថា៖
_ ហៅបងចុះមក៍!
នាងតូចបោយដៃ៖
_ បងទូ! ចុះមក៍! ចុះមក៍!
មុននឹងផ្ទេរប្អូនឱ្យទៅប្រលែងជាមួយកំលោះ នាងដុះសាប៊ូ និងលាងជម្រះខ្លួនប្រាណយ៉ាងស្អាត។
នារីបែរខ្នង ប៉ប្រងលុបមុខ។ តំណក់ទឹកធ្លាក់ ស្រក់ចាកចិញ្ចើម ចុះចំទើលើរោមភ្នែកងខ្ទីត នេត្រា រសើបធ្មេចបើកព្រឹមៗ។ ម្រាមដៃរគងច្បូតថ្ពាល់ត្រយង់ បន្សល់ស្នាមក្បៀស លើផែនក្រពុំ។ បបូរមាត់ រលមញញិមតិចៗ ប៉ប្រិមផ្សំស្រេច លនជាតិហិង្គុល. . .
សំពត់ជាំទឹកក្បេតក្ដាប់ជាប់ស្បែក បង្ហាញស្ទើរច្បាស់ ពន្យល់ត្រួសៗ បំបាំងទុកខ្លះ ពីទ្រង់ទ្រាយពិត លីលាវតី។ គន់មើលពីក្រោយ រាងទយបន្តិច។ សាច់ខ្ចីទ្រលន់ស្រើបស្រៀវធាតុស្រេង។ ចង្អួរលលៃ រលែកថ្នាលខ្នង ញែកថ្ពាល់ត្រគាក ទ្រមាកថ្លោសៗ។
មាណវីដុះក្អែលអង្អែលស្រាលៗ ពីលើទ្រូងពើងដដែលៗ។ ទង្គិចខ្លះៗថនាតូចក្បំ ដែលដោរកំពុង ដោលទូលស្នានព័ស្ត្រ។ កាលណាស្រីឱនក្បង់ទឹកម្ដងៗ ផ្នត់សំពត់ហើប បង្ហាញមួយភ្លែតខ្ពង់ផ្ទៃទ្រមម ស្រលន រលោករលាំ ស្រយម កប់ល្បាក់ទេសភាពដងភ្លៅ . . .
ព្រះគង្គាសម្អាតកាយស្ត្រីឱ្យល្អហ្មត់ហ្មង។ ព្រះគង្គាប្លែងភាពឥត្ថីភាវរូប បានច្រើនប្រភេទ។ មើលម្ដង ឃើញនាងកំពុងលួចសើច។ ក្រឡេកម្ដងទៀត ឃើញនាងកំពុងសោកា។ នេះឬ អាមិសរបស់យោសិតា មាតាលោកីយ៍?
ទោះបីស្រីល្អយ៉ាងណា ក៏គង់នៅចាញ់ស្រីនោះ កំពុងងូតទឹកសវន្តីដែរ!
រាងទាបទ្រនាប់ សាច់ស្រអែមស្រស់ គន់យូររឹតតែល្អឡើងៗ។ មិនាល្អល្មម សមជាអនង្គគាប់ចិត្ត។
ទាំងបីអាត្មាស្លៀកពាក់រួចរាល់។ មិនាស្ទួយសំពត់ដើរពីខាងមុខ។ វិទូព្រនរប្អូន លយតាមពីក្រោយ។ អ្នកទាំងពីររកឃើញសភាគារម្មណ៍។ ជួនកាល គេបោះជំហ៊ានស្ទើរទឹមស្មាគ្នា ត្រឡប់មកកាន់គេហដ្ឋានវិញ។
បើកុំតែ ម្នាក់ៗមានវ័យនៅក្មេងខ្ចីពេក ម៉្លេះសមអ្នកផងនឹងច្រឡំថា ជាប្ដីប្រពន្ធមែនទែនមិនខាន។
ពាក្យពិបាកក្នុងវគ្គ
ស្រវន្តី ឬសវន្តី ន. នទី , ស្ទឹង។
សោះសា កិវិ. ពេញលេញ , មែនទែន។
រុក្ខច្ឆាយា ន. ម្លប់ឈើ។
រហោភាព « រហោ ន. គុ. ស្ងាត់ , កំបាំង , ទីស្ងាត់ , ទីកំបាំង» ភាវៈស្ងាត់ ឬកំបាំង។
មហយ្យកា , មហយ្យកោ ន. ជីតាទួត , ជីដូនទួត។
អាវាសិក , អាវាសិកា ន. អ្នកចាំផ្ទះ។
សុភ គុ. ប្រពៃ , ស្អាត , មានសេចក្ដីសុខ។
លហុភារៈ « លហុ គុ. ស្រាល , ឆាប់ , រប៉ិចរប៉ី» លហុភារៈ ន. ភារៈស្រាល។
ស្រាល់ កិ. សម្រាំង។
ទារិកា ន. ក្មេងស្រីតូច។
មូរនប កិវិ. ដែលមានអាកាមូរហើយមូរទៀត , មូរដូចក្នុងនប (នប ន. ស្នប កន្ទេល សម្រាប់ ចូល ដេកកណ្ដាលវាល កុំឱ្យមូសខាំ ឬត្រូវទឹកសន្សើម)។
រហឹមរហែម គុ. កិវិ. ដែលផ្អែមល្ហែម , ពីរោះ , យ៉ាងពីរោះ។
តរុណ គុ. ដែលនៅក្មេង , ដែលនៅខ្ចី។
រន គុ. ដែលលាន់សូរស័ព្ទចេញរន្ថាន់ផ្ទួនៗរឿយៗ
បង្អោត កិ. បំពង ។
មនោវិក័ត ន. គំនិតរវើរវាយ , ទំនើងចិត្ត។ ( fantaisie )
ធាត្រី ន. មេដោះ , ស្រីជាបងរក្សា។
ប្រតិបាទន៍ ន. ការលះបង់សិទ្ធឱ្យអ្នកណាម្នាក់ ។
អន្តិមកិច្ច ន. កិច្ចជាចុងក្រោយ។
អនុសារ ន. ដំណែល , ទំនៀម។
តរុណវ័យ « តរុណ គុ. ដែលនៅក្មេង , ដែលនៅខ្ចី។» តរុណវ័យ ន. វ័យនៅក្មេង , កំលោះ , ក្រមុំ។
លំគេញ កិ. វិ. ឬ គុ. ដែលញាប់រមេញ។
អាត្ម័ន ន. ព្រលឹង។
មាណវី , មាណព ន. ក្រមុំ , កំលោះ។
អវេទយិត គុ. ដែលមិនដឹងដោយវិញ្ញាណ , ស្ពឹក ( insnsible ) ។
អភិចរិយា ន. ចរិយាថ្លៃថ្នូរ ( noblesse )។
បរាជិត គុ. ដែលបរាជ័យ ( vaincu ) ផ្ទុ. អបរាជិត។
សិសុ ន. ក្មេងតូច , លំពង់។ គុ. តូច , ដូចជាកូនក្មេង។» សិសុពាក្យ , សិសុភាសា។
នាំពា កិ. យកចិត្តទុកដាក់។ ឧ. នៅស្ងៀមពុំនាំពា គឺនៅស្ងៀមមិននិយាយស្ដី មិនអើពើ។
អនវ៉ន កិ. អង្វរ។
រង្គំ គុ.កិវិ. ដែលនៅឆេះងំ , ដែលនៅឆេះគគុល។
សម្លលាប់គ្រឿង គឺសម្លដែលដាក់គ្រឿងជ្រុល។
លេញ្ជា កិ. រំជែលេងសាំទាំច្រំដែលនាំឱ្យខឹង។ ឧ. លេញ្ជាឱ្យខឹង។
បន្ថុច កិ. ធ្វើឱ្យទុច។
រំជែ កិ. និយាយចំអែចំអន់ថានាយថាអាយជែពព្រែចំពោះរឿងមនុស្សដែលនៅៗមុខ ដើម្បីសើច លេងសប្បាយ។
ស្មោះងារ កិវិ. គុ. តាមតែរួចពីដៃ , តាមតែប្រទះ , ថាឱ្យតែរួចពីមាត់។
ឥត្ថីកល្យាណ ន. លម្អរបស់ស្ត្រី។
សុខកិរិយា ឬ សុខក្រិយា ណ. ការធ្វើឲ្យបានសុខ, ឲ្យបានស្រួល ។
អង្សុមាលា ន. កម្រងរស្មី។
ជននិករ ន. ប្រជុំជន , ពួកជន។
ធោវនដ្ឋាន ន. កំពង់ទឹកសម្រាប់បោកគក់។
ធោវកៈ ធោវិកា ន. អ្នកបោកគក់លាងជម្រះសម្អាតគ្រឿងសម្លៀកបំពាក់ជាដើម។
នាគទន្ត ន. ភ្លុកដំរី , ដៃកែវសម្រាប់ពាក់ខោអាវ។ ឧ. ព្យួរអាវនឹងនាគទន្ត។
វរវណ្ណិនី ន. ស្ត្រីមានសម្បុរល្អ , នាងឆោមឆាយ។
យុពា ន. កំលោះទាំងឡាយ។
លង់ទ្រនេស កិ.កិវិ. ដួលដេកជាប់ ក្រោកទៅណាពុំរួច។
សុភាង្គ ឬសុភង្គ ន. រូបល្អ ( មើលពាក្យ សុភ )។
បិតជាតិ ន. ជាតិលឿងរបស់ស៊ុត។
នួន គុ. ផូរផង់ , បំព្រង , ហ្មត់ហ្មង។
ពន កិ. សំពះ , ថ្វាយបង្គំ។
អតិរេក គុ. ច្រើនក្រៃ។ កិ. ទាមចំណែក។
លីលាវតី ន. ស្រីមានរូបល្អ។
ជោតិ ន. ពន្លឺ។
ទិវ័ន ន. ថ្ងៃ។
សែងត្វ័ន ន. ពន្លឺព្រះអាទិត្យ។
ជប កិ. ខ្សឹប។
ប៉ប្រង កិ. ដួស, ដង, កោយ យកទឹកតែខាងលើដោយថ្នមៗតិចៗ មិនឲ្យល្អក់ ឬមិនឲ្យដោយសម្រាម។
ត្រយង់ គុ.ល្អប៉ប្រៃ , ស្រស់បំព្រង។
លនជាតិហិង្គុល កិ. លាបជាតិហិង្គុល។
វយស្ថា ន. នាងក្រមុំ។
ថនា ន. សុដន់ , ដោះ។
ស្នានព័ស្ត្រ ន. សំពត់សម្រាប់ផ្លាស់ងូតទឹក។
ទ្រមម គុ. ដែលមានសាច់ពេញ : មុខទ្រមម, ថ្ពាល់ទ្រមម ។
ស្រលន ឬ ស្រឡន ( អានថា សៈហ៎្លន ) គុ. ស្រឡួតស្រឡះ , ទ្រលុក , ស្រស់បស់ , ធំល្មម។
រលោក គុ ដែលជ្រាយពពុលខ្លាំងដោយបៀមទឹក : ដីរលោក ។ រលោករលាំ រលោក ជោកជាំ នៅ យូរ។
ស្រយម គុ.កិវិ. ដែលសំយាកសំយុងចុះស្រួល។
ឥត្ថីភាវរូប ន. រូបស្ត្រី។
អមិស ន. នុយ , គ្រឿងទាក់ចិត្ត , សម្រស់នៃសត្រី។
យោសិតា ន. ស្ត្រី។
សភាគារម្មណ៍ ន. អារម្មណ៍ត្រូវរ៉ូវគ្នា , ស្របចិត្តគ្នា។
អនង្គ ( អៈនង់ ឬ អៈណុង ) ន. ស្ត្រីមានរូបល្អ, នាងមានលំអ, នាងឆើតឆោម។
សូមរង់ចាំអានវគ្គបន្ត!
ឆ្លើយតប