ផ្កាយNoVeLs*– ក្នុងវគ្គនេះ លោក ប្រេម ម៉ាកសែល បានលើកយកល្បែងលួងកូនក្មេងមួយមកបញ្ជ្រាបក្នុងសាច់រឿង ដែលកាន់តែធ្វើឲ្យរឿងមានរសជាតិប្លែកមួយកម្រិតទៀត។ នោះគឺការលេងសុំបាយសម្លពីលោកខែ ដែលចាស់ៗចំណាំយកមកល្បួងក្មេងពេលវាយំ ឬពេលចង់ឲ្យវាសើចសប្បាយ។ ពេលអានមកដល់វគ្គនេះ ធ្វើឲ្យខ្ញុំនឹកដល់អនុស្សាវរីយ៍កាលនៅពីក្មេង ដែលម៉ែចូលចិត្តនាំដេកមើលព្រះខែក្រោមដើមខ្នុរមុខផ្ទះ ហើយសុំបាយសម្លឲ្យខ្ញុំ។ ជឿជាក់ថា អ្នកអានគ្រប់គ្នានឹងរឭកដល់រឿងចាស់ៗ ដែលធ្វើឲ្យខ្លួនឯងញញឹមបិទមាត់មិនជិតដូចខ្ញុំដែរ។
វគ្គ៣
គ្រួសារសម្ងាត់
ពេលត្រលប់មកពីកំពង់វិញ ព្រះអាទិត្យពួនក្រោយបឋវីទៅហើយ។ ផ្លូវធ្លាច្រហធ្លូ ឥតមានរទេះសេះ ឬរទេះគោឡើយ។ អ្នកភូមិដើមដូងចូលផ្ទះគ្រប់គ្នា។ សល់តែក្មេងក្មាងមួយៗ ដែលភ្លេចបាយទឹក ប៉ប៉ុកលេងដីខ្សាច់។
លម្អងងងឹតឈ្លានពានគេហដ្ឋាន ដែលគ្មានមនុស្សនៅ។ មិនាឈរទ្រឹងនៅជិតរោងស្បូវ រេភ្នែករំពៃ ស្លុតចិត្ត ហើយងឿងឆ្ងល់ផង។ ថ្មើរណេះទៅហើយ ម្ដេចឡើយឪពុកម្ដាយមិនទាន់មកទៀត?
វិទូនាំប្អូនឡើងលើផ្ទះមុន លាតកន្ទេលក្រាល និងអុជចង្កៀងដាក់ចំកណ្ដាល។ នាងដើរទៅក្រោយ ត្រដាងហាលសំពត់ ហើយត្រឡប់មករារង់នៅមុខជណ្ដើរ។ មួយសន្ទុះប៉ុណ្ណោះ កុមារីស្រែកហៅរកកល់រំអុក៖
_ បងង៉ា ឡើងមក៍! ខ្ញុំខ្លាចខ្មោចណាស់!
ក្នុងផ្ទះស្ងាត់ច្រៀប គ្របស្លុបដោយសាណិយាខ្មៅ។ ប្អូនឱបកជាប់ ក្រាញកៀវចង្កេះ។ ស្រីតុះគំនិត ភាន់ដៃភាន់ជើង ចាប់នេះរបេះ តោងនោះរបូត ពុំដឹងធ្វើអ្វីក្រៅពីរង់ចាំ ហើយនិងមើលមុខបុរសប្លៀកៗ។
យប់កាន់តែយន់។ ពន្លឺភ្លឹមៗបំភ្លឺព្រោងព្រាចពីគ្រប់លំនៅ។ នារីអង្គុយនៅមុខចង្កៀង លើកដៃញញ័រ ជូតភ្នែកម្ដងៗ។ ឃើញមុខមិនល្អ វិទូច្រាស់ច្រាល់ រហាល់ចុះដី អន្ទះសាអន្ទាលោង ប៉ុនប៉ងស៊ើបសួរពីអ្នកជិតខាង។
បាត់រូបមាណព ពោះបុកភឹបៗ មាត់ភ្លយស្រែកហៅដោយឯកឯងថា៖
_ បងទៅណាហ្នឹង?
_ ខ្ញុំទៅដណ្ដឹងគេ!
_ ទៅដណ្ដឹងអ្នកណា?
_ ជីតាសាឡួន!
_ ស្រែយើងនៅឯត្បូង! ស្រែគាត់នៅឯជើង! ធ្វើម្ដេចនឹងដឹង?
_ ក្រែងគាត់បានដឹងពីអ្នកដទៃ!
_ កុំទៅអីបង!
អាណិតសម្ដីពេក កំលោះឡើងមកវិញ បោះដៃសុំប្អូនជួយរក្សាម្ដង។ ទារិកាឈ្មៀតចូលក្នុងទ្រូងឥត្ថី។
នាងសុខចិត្ដទ្រាំ ប្រើតែដៃម្ខាង ឆ្លៀតបង្កាត់ភ្លើងកម្ដៅអាហារ លៃលកយ៉ាងណាកុំឱ្យវាយំ នាំតែបង្ក កង្វល់ថែមទៀត។
មួយស្របក់ក្រោយ ស្នូររទេះង៉េតៗបរចូលក្នុងរបង។ ផ្ទៃមុខពួកគេចាប់មានលម្អគ្រាន់បើឡើងវិញ។ ឮមាត់រញ៉ាល់ កាំជណ្ដើររណ្ដំទាំៗ មិនាស្បើយទុក្ខ។
មីងថេតអើតដល់ពន្លឺ នៅហត់គឃូស។ គាត់អង្គុយភ្លាម កូនតូចរត់ប្រឹប ននៀលលើភ្លៅ។
វិទូសួរថា៖
_ ម៉េចយូរម៉្លេះមីង?
_ ចង្រៃវាយក៍! រទេះបាក់ភ្លៅ!
_ នៅឆ្ងាយអ្ហីមីង?
_ នៅមុខម៉ុងចិន ជិតវត្តឫស្សីហ្នឹងហ្នា៎!. . . បើកុនកណ្ដាលព្រៃ ប្រហែលជាខ្មែរក្រហមញ៉ឹងត្រចៀក បាត់ទៅហើយ!
_ ខ្ញុំខ្លាចអ៊ីចឹងដែរ!
_ អាទូអ្ហ៎ា! ពូឯងល្វើយណាស់! ឯងចុះទៅជួយបោះកណ្ដាប់ផង!
_ បាទមីង!
បានវិទូជំនួសដៃ ឪពុកម្ដាយ ពូមីងឡើងមកជួបជុំ និយាយគ្នារញ៉។ មិនាជញ្ជូនចានឆ្នាំង ដួសបាយ សម្លតម្រៀបលើកន្ទេល ហើយអញ្ជើញមីង៖
_ មីងខ្ញុំរៀបរួចហើយ!
ថេតមិនបង្អង់ បបួលញាប់មាត់៖
_ មក៍! មក៍! ឯងអើយ! ខ្ញុំឃ្លានបាយណាស់!
មិនាប្រាប់ទៀត៖
_ មីអូនញ៉ាំរួចហើយ! ឱ្យវាមកខ្ញុំ!
_ ចុះឯង?
_ ពិសាមុនទៅ!
_ អត់ពីអាទូ! បាយមិនឆ្ងាញ់ទេអ្ហី?
_ អ៊ីះ! . . . ខ្ញុំយកមីអូន កុំឱ្យវារំខាន!
_ ប្រែខ្វែអីនាង!
ជាមួយមីងយើង បើតវ៉ាច្រើន រឿងរឹតតែវែង នាងចុះដល់ដី លើកដៃចង្អុលមេឃ៖
_ ផ្កាយច្រើនណាស់ហ្ន៎! . . . អូនឯងចង់ឃើញផ្កាយកូនមាន់ទេ?
_ ចង់!
_ ទីនេះកំបាំងនឹងដើមទឹកដោះ! យើងទៅលានស្រូវ ទើបឃើញច្បាស់ល្អ!
_ ខ្ញុំខ្លាចខ្មោចលង!
_ ខ្លាចអី? បងទូនៅឯនោះដែរអីតើ!
_ បងទូនៅតែម្នាក់ឯង?
_ ហ្នឹងហើយ!
_ អាណិតបងទូណាស់! បងឯងអាណិតទេ?
_ អ៊ឺ!. . .
ខែរះព្រឹមៗ។ មិនាឈោងដៃ៖
_ ខែអើយសុំបាយ! ផ្កាយអើយសុំសម្ល មកឱ្យប្អូនខ្ញុំ!. . . ចាក់ក្រឡេកៗៗ!
_ ហ៊ីស! ហ៊ីស! ៗៗ . . . ទៀត!
មាណវីធ្វើតាមបណ្ដោយ ពីរបីដងទៀត។ វិទូបោះកណ្ដាប់រួចហើយ ឮសូរសំណើច ក៏ដើរមកជិត។ នាងតូចបង្គាប់នាយម្ដង៖
_ បងទូ សុំបាយសម្ល!
កំលោះធ្វើត្រាប់ ឱ្យក្មេងសប្បាយ។ នាងនៅទទូច៖
_ បងទូ! សុំឱ្យបងង៉ាផង!
_ លោកខែឱ្យតែក្មេងតូចៗទេ!
_ ចុះក្មេងធំៗ?
_ ហូបបាយនៅផ្ទះ!
_ គេអត់ចាក់ក្រឡេកក្មេងធំៗទេ?
_ អត់ទេ!
ចាស់ៗអស់កម្លាំងពេក ឆាប់ចូលសម្រាក។ មិនានាំប្អូនចូលដំណេក ហើយក៏ប្រញាប់វិលមកទីភោក្ដា រៀបចានស្លាបព្រា ជាថ្មីម្ដងទៀត។
ក្រោមដំបូលនេះ ច្រើនខែកន្លង រាល់ពេលថ្ងៃត្រង់ ភត្តការិនីតែងគ្របអាហារទុក សម្រាប់អ្នកសិក្សា ហូបតែម្នាក់ឯង។ លុះវេលាល្ងាច ទើបគ្រួសារមួយបរិភោគមូលគ្នា។
យប់នេះ នារីអង្គុយបត់ជើងកន្ដឹម ដួសបាយបម្រើ ហាក់ដូចពេញចិត្ដឥតបីឃ្នើសឃ្នង នឹងសម្ដែងជា បរិចារិកា។ ជួបមុខព្រឹកល្ងាច ពុំដែលលស់ថ្ងៃ មិនដែលគាំងដៃ អៀនមាត់ម្ដងសោះ លុះអាស្រ័យបាយ មួយទល់នឹងមួយ វិទូមិនាទាស់អធ្យាស្រ័យ។
វិទូរឹងខ្លួន ភ័យអរផ្អឹកៗ។
មើលមុខញយៗ ឃើញគេញើបៗ នាងពោលអញ្ជើញ៖
_ ម៉េចទេ! មិនឃ្លានទេអ្ហី?
ចុងភៅដឹងច្បាស់រសជាតិម្ហូបហើយ តែចង់ភ្លក្សមើលទឹកចិត្តមនុស្សប្រុស ជិបសម្លមួយម៉ាត់ ធ្វើមាត់ អូចៗ រួចក៏បន្ទោសស្នាដៃខ្លួនឯង៖
_ សម្លថ្ងៃនេះ មិនត្រូវមាត់សោះ!
កំលោះគោលោតដួសពេញស្លាបព្រា ហុតហើយសរសើរ មិនថាសាបប្រៃ៖
_ ឆ្ងាញ់ណាស់!
នារីបូញមាត់ មិនសូវជឿចិត្ត៖
_ បញ្ជោរទេដឹង? ត្រីឆ្អើររាល់ថ្ងៃ ម៉េចនឹងឆ្ងាញ់ទៅកើត?
_ ពិតមែនណា៎!. . . ចុះបើដាំស្លរាល់តែថ្ងៃហើយ តើខ្ញុំបញ្ជោរដើម្បីអ្វីទៀត?
_ បើសិនពិតមែន ហូបឱ្យច្រើនទៅ!
បតនីក្នុងក្ដីស្រមៃថែមបាយសម្ល តជាលំដាប់មិនឱ្យអស់ទាន់។ ឃើញចានរលស់ នាងដាក់បំពោរ។
លុះឆ្អែតមែនទែន ពោះឡើងច្រអាង វិទូយកដៃខ្ទប់ពីលើចាន។ នារីសុំថែមមួយវែកចុងក្រោយ កុំទុក បាតឆ្នាំងកកាតអាក្រក់៖
_ ដកចេញ! ប្រយ័ត្នខ្ញុំដាក់ពីលើដៃណា៎!
_ ដាក់ក៏ដាក់ទៅ!
មាណពគ្រវីក្បាលប្រកែក មាណវីទទូចយកឈ្នះ។ ភ្នែករត់រកភ្នែក។ ផ្កាញញឹមរីក . . .
មីងថេតមកទាន់ លាន់មាត់ចំអន់៖
_ អូ! អ៊ីចឹងទេអ្ហី! បាត់គ្នីគ្នាគេ បាយអត់ឆ្ងាញ់មែន!… មានអី សមគ្នាណាស់អីតើ!
និយាយប៉ុណ្ណឹងអ្នកមីងចុះបាត់ ប្រាកដជាទៅបត់ជើងឯក្រោយផ្ទះ។
វិទូជួយលើកចាន ហើយរៀបរបលាង។ នាងស្ដីបន្ទោសកំលោះចិត្តបាន៖
_ មើ!… ទុកត្រង់ហ្នឹងហើយ!
_ មិនអីទេ!
_ ថាកុំ! កុំ!
_ ខ្ញុំជួយធ្វើខ្លះមិនបានទេអ្ហី?
_ មិនកើតទេ!
_ ម៉េចថាមិនកើត! កាលខ្ញុំនៅវត្ត លាងចានរាល់ថ្ងៃ!
_ ខ្ញុំសែនស្អប់ណាស់! ប្រុសណាចេះត្រួតអំបិលប្រហុក!
កំលោះក្រមុំដណ្ដើមចានគ្នា ប្រភើចប្រទាញ… ផាត់ដៃ… ចាប់ដៃ…
មីងថេតឡើងលើផ្ទះវិញ ឃើញច្បាស់នឹងភ្នែក លាន់មាត់ម្ដងទៀត៖
_ អូ! គេចេះយកចិត្តយកថ្លើមគ្នាណាស់!… កាលនៅថ្មីថ្មោង វាអ៊ីចឹងហើយ!
ចៃដន្យបានវែកវាំងននលជ្ជី។ ល្ងាចៗពេលសិស្សចេញពីសាលា មិនានាំប្អូនលេងនៅជិតរោងស្បូវ។
ថ្ងៃមួយ វិទូមកយឺតខុសពីចំណាំ ធ្វើឱ្យក្រមុំអន្ទះអន្ទែង។ លុះឃើញឡឹមៗអំពីចម្ងាយ នាងឱនខ្សឹប ដាក់ត្រចៀកអ្នកនាំសារ ប្រាប់ឱ្យទន្ទេញកុំភ្លេចមួយម៉ាត់។ កង់មកដល់ភ្លាម ទារិកាស្ទុះរត់ ទៅស្ទាក់ពីមុខ ឈរបង់ចំទែង ជ្រែងស្ទឹមចង្កេះ ចង្អុលមុខប្លៀវៗ៖
_ បងឯងទើបមកពីណា បានជាយូរម៉្លេះ… បងឯងដើររកស្រីៗ មែនទេ? ហ៊ឺស!
វិទូបានឮភាសាចម្លែក លើកក្មេងចំណាប់ដាក់លើកែបកង់ បិចថ្ពាល់លោមសួរឱ្យនិយាយត្រង់ ពាក្យ ល្អម៉្លឹងៗ តើអ្នកណាប្រាប់៖
_ មានគេបង្គាប់អូនឯង តើមែនឬទេ?
_ អត់ទេ!
_ កុំកុហកបង! ប្រយ័ត្នបាបណា៎!
ស្រីតូចស្ទាក់ស្ទើរ បែរមើលមិនា រួចធ្វើសញ្ញាឱ្យផ្អឹបត្រចៀក៖
_ បងង៉ាឱ្យថាអ៊ីចឹង!
_ អូនឯងទៅប្រាប់បងង៉ាវិញថា៖ បងទូអត់មានស្រីតាមផ្លូវទេ! បងទូស្រឡាញ់តែស្រីម្នាក់គត់ ដែល នៅមើលផ្ទះ!… ចាំហើយឬនៅ?
_ ចាំ!
នាងនាំយកដំណឹងទៅជូនបងស្រី៖
_ បងទូថា… ថា… ស្រឡាញ់… តែបងង៉ាមួយគត់!
មិនាខ្សឹបផ្ដាំ៖
_ ព្រាននារី!
ជើងសារ រត់ត្រុយ៖
_ បងង៉ាថា… ព្រាន… ព្រាន… ព្រានឮ…
វិទូចាំយូរពេក ក៏ជួយបង្ហើយ៖
_ ព្រានព្រៃ!
_ ហ្នឹងហើយ!… ហ៊ីសៗ! ៗ!
តមក មីងថេតលែងសូវហត់ជើងទៀតហើយ។ វិទូជួលរទេះរុញទឹកដាក់ពាងពេញៗជានិច្ច។ មិនា ទន្ទឹងថ្ងៃសៅរ៍អាទិត្យ ឬរសៀលទំនេរ ន្អាលនឹងបបួលអ្នកជូនដំណើរទៅងូតទឹកស្ទឹង និងបោកខោអាវ មុន ពេលដាំស្ល។
ស្នានស្ថានក្លាយជាកំពង់រីករាយ។ ដងស្ទឹងដូនទ្រីប្រែឈ្មោះទៅជា “ដងស្ទឹងស្នេហា”។
កំលោះក្រមុំដែលបណ្ដោយតាមសភាវគតិនៃវយបត្តិ តែងញៀននឹងល្បែងប្ដីប្រពន្ធណាស់ បានលេង ម្ដងហើយ ញ៉ាមតទៅទៀត។ ថ្ងៃត្រង់ មិនាលេបបាយម្នាក់ឯងលែងចូល។ នាងចាំបរិភោគជុំគ្នាបីនាក់ កំបាំងពីភ្នែកមីងមា ពុកម៉ែ ជញ្ជក់រសជាតិអង្ករស្រូវថ្មី ដែលមានក្លិនឆ្ងាញ់ ដូចផ្កាញញឹម។
ពន្លកវិជាតិគ្រួសារតូចមួយ បានផ្ដួចផ្ដើមហើយដុះដោយស្ងាត់ៗ ក្នុងគ្រួមួយទៀត ដែលគ្មានប្រយ័ត្ន ព្រលឹមចេញបាត់ ព្រលប់ទើបដល់។
ពាក្យពិបាកក្នុងវគ្គ
បថវី ន. ប្រថពី , ផែនដី។
តុះ កិ. ទាល់ , ទញ់ , គិតអ្វីមិនចេញ។
សាណិយា ន. វាំងនន។
យន់ កិ. ដាបចុះ។
រហាល់ កិ. កិវិ. ច្រាស់ច្រាល់។
អន្ទះសាអន្ទាលោង កិ. អន្ទះសារត់ទន់លោងដោយមានការប្រញាប់ ព្រោះមានគ្រោះអាសន្ន។
ភ្លយមាត់ កិ. របូតមាត់និយាយដោយមិនបានគិតទុកជាមុន។
ឈ្មៀត កិ. ជ្រៀត។
ឥត្ថី ន. ស្ត្រី , ស្រី។
ប្រែខ្វែ កិ. ប្រែ ។
ភត្តការ ភត្តការី ន. បើស្ត្រីជា ភត្តការិកា ឬ ភត្តការិនី ។
ទាស់អធ្យាស្រ័យ កិ. ទាស់អារម្មណ៍។
អង្គុយកន្តឹម គឺអង្គុយក្រញិម។
បរិចារិកា ន. ស្រីអ្នកបម្រើ។
គោលោត ព. ប្រ. គុ ឆោត; ឡើងបញ្ជោរ ។
បតនី ន. ប្រពន្ធ។
ប្រភើច «ភើច កិ. ចាប់ទាញឱ្យដោយមក» ប្រភើច កិ. ភើចទៅ ភើចមក។
លជ្ជី គុ. ដែលមានការខ្មាស។
ន្អាល និ. នឹងបាន , ប្រយោជន៍នឹង។
ជើងសា ន. អ្នកនាំសារ។
ស្នានស្ថាន ន. កន្លែងងូតទឹក (ស្ទឹង…)។
សភាវគតិ ន. អ្វីដែលកើតឡើងឯងៗ តាមដោយធម្មជាតិ ( instinct ) ។
វយបត្តិ ន. ភាពពេញកំលោះ ក្រមុំ។
វិជាតិ គុ. ដែលកើតហើយ។
គ្រួ ន. ប្រជុំមនុស្សមួយក្រុម ដែលមានមាតាបិតា និងកូនចៅរួមរស់នៅជាមួយគ្នា។
រប ប. ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រៀប ថា៖ រៀបរប ប្រារព្ធ, រៀបផ្តើម, តាំងផ្តើម៖ កំពុងរៀបរបធ្វើ, រៀបរបនឹងទៅ។
សូមរង់ចាំអានវគ្គបន្ត!
អានហើយមានអារម្មណ៍ថាចូលចិត្តរឿងនេះខ្លាំងណាស់ ពាក្យសម្តី និង អារម្មណ៍ក្នុងរឿងនេះ ខុសពីរឿងផ្សេងៗ។
អរគុណឌីយ៉ា ដែលមានអារម្មណ៍ដូចបង។ 😉
រឿងនេះបកប្រែពីគេ ? តើចំណងជើងដើមអ្វីដែរ ? សូមដាក់តំណរភ្ជាប់ ២ វគ្គមុនផង ។ សូមអរគុណ !
រឿងនេះជារឿងខ្មែរ និពន្ធដោយអណិកជនខ្មែរនៅស្រុកបារាំង នាម ប្រេម ម៉ាកសែល។ ចុចទីនេះដើម្បីអានវគ្គមុន៖
វគ្គ១៖ https://archphkai.wordpress.com/2011/10/02/%e1%9e%94%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%84%e1%9e%84%e2%80%8b%e1%9e%9f%e1%9e%9f%e1%9e%b6%e1%9e%84%e1%9f%92%e1%9e%80%e2%80%8b%e1%9f%a1/
វគ្គ២៖ https://archphkai.wordpress.com/2011/10/10/%e1%9e%94%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%84%e1%9e%84%e1%9e%9f%e1%9e%9f%e1%9e%b6%e1%9e%84%e1%9f%92%e1%9e%80%e1%9f%a2/
អរគុណច្រើន