Some calls are best left unanswered…
វគ្គ១
«ទីត!… ទីត!…»
សំឡេងទូរស័ព្ទដៃលាន់ខ្ទររន្ថើនជាចង្វាក់ ឮជ្រែកស្នូរទឹកភ្លៀង ដែលចាប់ផ្តើមបង្អុរធ្លាក់តាំងពីក្បាលព្រលប់ រហូតមកដល់ពេលនេះ ម៉ោងជិត៨ទៅហើយនៅតែគ្មានសញ្ញាថានឹងឈប់ធ្លាក់សោះ។
«ទីត!… ទីត!…»
ចង្វាក់ដដែលនៅតែបន្តឮឥតឈប់ រំខានដល់សោតប្បសាទ ដែលកាន់តែយូរកាន់តែនាំឲ្យកើតក្តីមួម៉ៅ។
«ទូរស័ព្ទរបស់បងណ៎ា!» សំឡេងធុញថប់របស់នារី ដែលអង្គុយក្បែរកាយ លាន់ ឡើង។ ខ្សែភ្នែកដែលសម្លឹងមក ហាក់ចង់ទិតៀនថា ហេតុអ្វីមិនទទួល?
«ខ្ញុំឮហើយ!»
«ទីត!… ទីត!…»
«ចុះហេតុអីមិនទទួលទៅ?»
ភាគីបុរសនៅស្ងៀមឥតកម្រើក ធ្វើដូចស្តាប់មិនឮ។ ទីបំផុតអ្នកអង្គុយក្បែរខ្លួនអត់ទ្រាំមិនបាន ក៏ឆក់យកទូរស័ព្ទដៃរាងតូចច្រឡឹង នៅក្នុងហោប៉ៅខោរបស់គេ។ ដៃដ៏រហ័សនោះ ធ្វើឲ្យម្ចាស់ទូរស័ព្ទភ្ញាក់ក្រញាង ដ្បិតនឹកស្មានមិនដល់។ អ្នកកំលោះបើកភ្នែកធំៗ ដកខ្សែភ្នែកចេញពីផ្លូវថ្នល់ព្រាលៗនៅពីមុខចង្កូតរថយន្ត ហើយមុននឹងបានធ្វើអ្វីលើសពីនេះ ទូរស័ព្ទម្ចាស់កម្ម ក៏ត្រូវម្រាមដៃទន់ស្រឡូនប្រដាប់ដោយចិញ្ចៀនពេជ្រ ចុចទទួលយកមកស្តាប់ក្បែរត្រចៀក។ សំឡេងខ្សាវៗដូចសញ្ញាណទូរស័ព្ទដាច់ លាន់អូសយ៉ាងវែងមួយដង្ហើមខ្យល់ មុននឹងសំឡេងស្រាលត្រជាក់ស្រឹបរបស់នរណាម្នាក់ រសាត់មកល្វើយៗ ស្តាប់ហើយធ្វើឲ្យព្រឺក្បាលខ្ញាកៗ។
«ជ… ជួយផង…!»
វិនាទីបន្ទាប់មក សំឡេងស្រែកខ្ទរញ័ររណ្តំលាន់ចេញពីនារីអង្គុយក្បែរនោះ។ កំលោះសម្លឹងតាមម្រាមដៃចង្អុល ដែលនាំខ្សែភ្នែកទៅឃើញរូបភាពនៅពីមុខរថយន្ត ដែលនៅបន្តបើកបរលឿនស្លេវទៅមុខ។
ភ្លើងហ្វារថយន្ត ជះពន្លឺជារង្វង់ទៅលើរាងកាយនារីម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ផ្ទៃមេឃ ដែលកំពុងស្រឡាំងកាំងងាកមកមើលរថយន្ត ហើយរីកមាឌធំឡើងៗតាមរយៈចម្ងាយផ្លូវដែលកាន់តែចូលទៅជិត ហើយត្រឹមមួយដង្ហើមនោះ សំឡេង «ប៉ាំង! គ្រាំង!!» ក៏ផ្ទុះឡើងខណៈដែលរថយន្តទាំងមូលក៏គ្រលែងខ្លួនញ័ររញ្ជួយស្ទើរហើបកង់ពីដី។
រាងកាយតូចច្រឡឹង ខ្ទាតផ្លោងមកលើកញ្ចក់រថយន្ត ទឹកភ្លៀងហូរស្រោចប្រែក្លាយជាពណ៌ឈាម។ វិនាទីចុងក្រោយ អ្នកកំលោះមើលឃើញបបូរមាត់ក្រហមច្រាលនោះកម្រើកញ័រតិចៗ ដង្ហើមខ្យល់ចុងក្រោយនៃជីវិតប្រកបអានបានជាពាក្យ… ដែលសំឡេងនោះបែរជាឮចេញពីទូរស័ព្ទនៅក្បែរត្រចៀកទៅវិញ។
«ជ… ជួយផង…!»
***
[17 June: 02: 05 AM]
«ទីត!… ទីត!…»
ភាណុ ភ្ញាក់ក្រញាងស្ទើរតែផ្កាប់មុខនឹងកញ្ចក់រថយន្ត ប្រសិនបើខ្សែក្រវាត់មិនបានធ្វើការតាមតួនាទីរបស់វាទេនោះ។ ភ្នែកបើកធំៗ ព្រមគ្នានឹងប្រព័ន្ធប្រសាទទាំងមូលរឹងស្តូក ដៃញ័រក្តាប់ណែនលើចង្កូត រហូតរថយន្តទាំងមូលញ័ររញ្ជួយតាម។
«នែ៎ បង!!»
សំឡេងគំហក ចេញពីមាត់ភរិយា ដែលអង្គុយក្បែរនោះលាន់ឡើង។ ពេលដេកពួនដែលត្រូវរំខានដោយសំឡេងទូរស័ព្ទ ធ្វើឲ្យ សុខារី កើតក្តីមួម៉ៅក្តៅក្រហាយក្នុងចិត្ត។
«ឆ្កួតអីនៀក! ទូរស័ព្ទរោទ៍រាប់ម៉ោងហើយ ម៉េចក៏មិនទទួល? ថ្លង់ណាស់ មនុស្សកំពុងដេក!!»
សំឡេងរអ៊ូរទាំ ស្ទើរបែកក្រដាសត្រចៀកនោះ ដាស់អារម្មណ៍ភ្លឹកភ្លាំងរបស់ភាណុឲ្យត្រឡប់មកវិញ។ វិនាទីដំបូងដែលភ្ញាក់ដឹងខ្លួន… ភាណុ ឃើញថា រាងកាយទាំងមូលរបស់ខ្លួន សើមជោកដោយញើស ទាំងដែលសីតុណ្ហភាពនៅក្នុងរថយន្ត ត្រជាក់ស្រឹបស្ទើរក្លាយជារងា។ សំឡេងបាចសាច ឆា!… ឆា!… របស់គ្រាប់ភ្លៀងលាន់ឮប្រណាំងនឹងសំឡេង ទីត!… ទីត!… របស់ទូរស័ព្ទ ដែលលាក់ខ្លួននៅកន្លែងណាមួយ។ ខាងមុខ គឺជាពន្លឺភ្លើងហ្វាពណ៌លឿងទុំ ដែលបញ្ចាំងឆ្លុះមើលផ្លូវរអិលខ្មៅរលោង។
ស្លាប់ហើយ… នេះគេភ្លេចខ្លួនដេក ពេលកំពុងបើកឡានដូច្នេះឬ?…
«ហើយចាំពេលណាបានទទួល?»
សំឡេងក្ងួរក្នុងបំពង់កលាន់ឮម្តងទៀត តែលើកនេះ មិនគ្រាន់តែធ្វើមុខធុញថប់ព្រងើយៗនោះទេ សុខារី ឈ្ងោកខ្លួនឆក់យកទូរស័ព្ទដៃពីក្នុងហោប៉ៅខោស្វាមីយ៉ាងរហ័សដូចផ្លេកបន្ទោរ។
«កុំ!»
មួយរំពេចដែលភាណុស្រែក បេះដូងរបស់គេកន្ត្រាក់ភឹបៗ នៅពេលរូបភាពការពិត ត្រូវបានរូបភាពក្នុងសុបិនដែលគេភ្លឹកលក់មុននេះបន្តិច ចូលមកជំនួស។ សុខារី កំពុងតែចុចទូរស័ព្ទទទួល។ ចំហាយក្លិននៃហាយនភាព បានដុតសាយភាយឲ្យដឹងពីប្រផ្នូលអាក្រក់ ដែលកំពុងសម្រុកចូលមកដល់។
មួយប៉ប្រិចភ្នែកនោះ អ្នកកំលោះក៏ឆក់យកទូរស័ព្ទ ពីម្រាមដៃស្រឡូនរបស់ភរិយា ដែលនៅរក្សាទឹកមុខក្រញែក្រញូវដដែល ហើយដោយស្វ័យប្រវត្តិ នៅពេលវត្ថុដែលខ្លួនចង់បាននៅក្នុងកណ្តាប់ដៃខ្លួនហើយ កញ្ចក់បង្អួចរថយន្តនៅក្បែរនោះ ក៏ចុចបើកយ៉ាងរហ័ស។ ភាណុគ្រវែងទូរស័ព្ទមច្ចុរាជ ចោលទៅក្រៅដោយមិនបង្អង់។
ភាពស្ងប់ស្ងាត់ នៅកណ្តាលភាពគគ្រឹកគគ្រេងរបស់ព្យុះភ្លៀង។ មិនដល់មួយនាទី សំឡេងស្រែកជំទាលរបស់ភរិយាក្រមុំក៏លាន់ឮម្តងទៀតដូចកាំរន្ទះ។
«បងឯងធ្វើនេះ បានន័យថាម៉េច?!! ការពិត… ការពិត… យ៉ៃៗៗ!!!» សំឡេងអូសវែងនិយាយផុតផើយៗ ហើយទោះបីជាមិនបានងាកទៅមើល ក៏ ភាណុ ស្ទើរតែឃើញរូបភាពម្ចាស់សំឡេង កំពុងបើកភ្នែកធំៗលើកដៃចង្អុលមកកាន់រូបគេដែរ។
«មនុស្សប្រុសហេងស៊យ!!» នៅពេលគិតស្មានតែខ្លួនឯងសព្វគ្រប់ សុខារី ក៏លោតសង្គ្រប់វាយតប់ស្វាមីមិនបង្អន់ដៃ។
«លួចទៅមានថ្មីទៀតហើយ មែនទេ? មីស្រីមួយណាខលមក បានជាបងឯងមិនហ៊ានទទួលនៅចំពោះមុខខ្ញុំបែបនេះ? ថោកទាបមែន! ប្តីអីក៏ចោរម្សៀតយ៉ាងនេះ!!!»
«នែ៎អូន!» នៅទីបំផុត ភាពអត់ធន់ក៏អស់។ ភាណុ ប្រើដៃម្ខាងចាប់ក្តោបកដៃភរិយាទាំងសងខាងជាប់ រួចរុញចេញទាល់តែរាងកាយនោះខ្ទាតទៅប៉ះទ្វាររថយន្តម្ខាងទៀតយ៉ាងខ្លាំង។ ប្រតិកម្មនឹកស្មានមិនដល់របស់ស្វាមីធ្វើឲ្យ សុខារី បើកភ្នែកធំៗហាមាត់ភាន់ភាំង។
«ល្មមឈប់ធ្វើខ្លួនគួរឲ្យធុញទ្រាន់បែបនេះទៀតទៅ!»
សំឡេងគំហកលាន់ខ្ទររណ្តំ ធ្វើឲ្យរាងតូចស្តើង ដែលស្ថិតក្នុងសម្លៀកបំពាក់ដំណេកនៅឡើយរំជើបរំជួលក្នុងចិត្ត។
«ជិតស្លាប់ទាំងពីរនាក់ហើយ នៅមិនទាន់ដឹងខ្លួនទៀត!!»
ច្រើននាទីបន្ទាប់មក បន្ទាប់ពីចប់ប្រយោគនោះកណ្តាលព្យុះភ្លៀង និងសំឡេងផ្គរគំរាម សុខារី ក៏ជ្រប់មុខយំខ្សឹកខ្សួលលើផ្ទៃកញ្ចក់បង្អួចរថយន្ត។
***
សូមរង់ចាំអានវគ្គបន្ត!
,,,សំឡេងគំហក ចេញពីមាត់ភរិយាក្រមុំ ដែលអង្គុយក្បែរនោះលាន់ឡើង។,,, ភរិយាក្រមុំ?
ក្រមុំ មិនសំដៅតែនារីបរិសុទ្ធអត់ប្តី គ្រប់បរិបទទេបាទ.. ~d~
ទូរស័ព្ទអន្ទងព្រលឹង ក្លាយជា ទូរស័ព្ទចងអាឃាត
ហ្នឹងហើយ! ដូរចំណងជើងថ្មី ក្រោយការផ្អាកផ្សាយអស់ពេលដ៏យូរ.. 😀