ផ្កាយNoVeLs*– ស៊ិនចៀយូអ៊ី ស៊ិននីហួតឆៃ 😀 ជិតដល់ថ្ងៃចូលឆ្នាំថ្មីរបស់ជនជាតិចិនហើយ ជឿថាបងប្អូនភាគច្រើនដែលជាប់ខ្សែស្រឡាយចិន ច្បាស់ជារំភើបត្រេកអរមិនតិចទេ ព្រោះរយៈពេលនេះគឺជា រយៈពេលដែលម្នាក់ៗ អាចបានជួបជុំញាតិមិត្តបងប្អូន ដែលមិនបានជួបគ្នាពេញមួយឆ្នាំកន្លងមក។ ពិសេសអ្នកខ្លះ ក៏អាចនឹងបានទទួលអាំងប៉ាវ ឬអំណោយឆ្នាំថ្មីពីចាស់ទុំជាទីគោរពរបស់ខ្លួនផងដែរ។ តែដោយនេះគឺជាថ្ងៃចូលឆ្នាំរបស់ជនជាតិចិន ដូច្នេះគង់នឹងមានទំនៀមទម្លាប់ប្រតិបត្តិ និងតំណមខ្លះៗដែលបន្សល់ទុកតាំងពីសម័យដូនតាមក ដោយថ្ងៃនេះអ្នកនិពន្ធវ័យក្មេងនឹងនាំទាំងអស់គ្នាទៅមើលថា តើមានតំណមអ្វីខ្លះដែលមិនគួរធ្វើនៅក្នុងថ្ងៃចូលឆ្នាំចិន។
១. ហាមបោសសម្អាតផ្ទះ
ជនជាតិចិនមានជំនឿថា ការបោសសម្អាតផ្ទះសម្តែង និងការយកសំរាមទៅចោលក្នុងថ្ងៃចូលឆ្នាំ គឺជាការបោសសម្អាតយកលាភសក្ការៈ មាសប្រាក់ចេញពីផ្ទះ បើទោះជាផ្ទះក្នុងថ្ងៃចូលឆ្នាំកខ្វក់ក៏ដោយ។ ចំពោះអ្នកខ្លះ ដែលចាំបាច់ត្រូវតែបោសសម្អាតផ្ទះនោះ ក៏គេបោសប្រមូលតែល្អងធូលី ហើយយកទៅដាក់នៅកន្លៀតជ្រុងណាមួយនៃផ្ទះសិនប៉ុណ្ណោះ ថ្ងៃបន្ទាប់មក ទើបគេយកវាទៅចោល។ ហេតុដូច្នេះហើយ ទើបនៅថ្ងៃចូលឆ្នាំចិន មិនសូវមាននរណាបោសសម្អាតផ្ទះសម្បែងទេ គឺមានតែសម្អាតទុកមុនថ្ងៃចូលឆ្នាំប៉ុណ្ណោះ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងទទួលភ្ញៀវពន្លឺដែលមកលេង។
២. ហាមកក់សក់ ឬកាត់សក់
ជនជាតិចិន មិននិយមកក់សក់ ឬកាត់សក់នៅថ្ងៃចូលឆ្នាំថ្មីទេ។ អ្នកខ្លះមិនកក់សក់បីថ្ងៃក្រោយចូលឆ្នាំ ដោយហេតុថា ពាក្យ «សក់» ជាពាក្យដែលមានសូរស័ព្ទ និងរូបស័ព្ទដូចគ្នានឹងពាក្យ «គង់វង្ស»។ ហេតុដូច្នេះ ការកក់សក់ ឬកាត់សក់នៅថ្ងៃចូលឆ្នាំ គឺប្រៀបដូចជាការនាំយក ភាព គង់រង្ស រីកចម្រើន ចេញទៅដូច្នេះដែរ។
៣. ហាមនិយាយពាក្យអសុរស និងឈ្លោះទាស់ទែងគ្នា
នៅថ្ងៃចូលឆ្នាំចិន ជនជាតិចិនតែងតែចៀសវាង ការនិយាយស្តីដោយប្រើ ពាក្យអសុរស មិនពីរោះ និង រឿងមិនល្អ ដូចជាការនិយាយពី សេចក្តីស្លាប់ ឬខ្មោចជាដើម ព្រោះមានជំនឿថា ការនិយាយរឿងមិនល្អនៅថ្ងៃនេះ នឹងនាំសំណាងអាក្រក់មកឲ្យពេញមួយឆ្នាំ។ ក្រៅពីនេះ ជនជាតិចិនក៏មិននិយាយពីលេខ៤ដែរ ព្រោះលេខ៤ នៅក្នុងភាសាចិន បញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យពាក្យថា «ស្លាប់»។ ហេតុដូចនេះ ទើបជនជាតិចិនភាគច្រើនចៀសវាងមិននិយាយ ឬប្រើប្រាស់អ្វីដែលពាក់ព័ន្ធនឹងលេខ៤នៅក្នុងថ្ងៃចូលឆ្នាំ។
៤. ហាមទទួលទានបបរ ឬសាច់សត្វ
ជនជាតិចិនច្រើនតែមិនបរិភោគបបរនៅព្រឹកថ្ងៃចូលឆ្នាំ ព្រោះជឿថា អ្នកក្រ គឺជាអ្នកដែលចូលចិត្តបរិភោគបបរនៅពេលព្រឹក។ ហេតុដូចនេះ ការទទួលទានបបរក្នុងព្រឹកថ្ងៃចូលឆ្នាំចិន គឺប្រៀបដូចជាការរារាំងមិនឲ្យខ្លួនឯងមានបាន និងធ្វើខ្លួនដូចជាអ្នកក្រ។ ទាំងនេះរាប់ទាំងការមិនបរិភោគសាច់សត្វផងដែរ ព្រោះជឿថាទេវតាដែលចុះមកនៅក្នុងព្រឹកថ្ងៃចូលឆ្នាំនោះ គឺជា មំសៈវិរតិ ដែលមិនបរិភោគសាច់។
៥. ហាមបោកគក់ខោអាវ
ជនជាតិចិនជឿថា អារក្សទឹកកើតនៅក្នុងថ្ងៃចូលឆ្នាំ ដូច្នេះការបោកគក់ខោអាវនៅថ្ងៃចូលឆ្នាំ គឺប្រៀបដូចជាការប្រមាថមើលងាយដល់ព្រះអង្គ។
៦. ហាមស្លៀកពាក់ស ឬខ្មៅ
សម្លៀកបំពាក់ ដែលមានពណ៌សឬខ្មៅ គឺជានិមិត្តសញ្ញានៃសេចក្តីស្លាប់។ ហេតុដូច្នេះ ការស្លៀកពាក់ពណ៌សឬខ្មៅក្នុងថ្ងៃចូលឆ្នាំ គឺតំណាងឲ្យប្រផ្នូលមិនល្អ ទើបភាគច្រើននៃជនជាតិចិន ចូលចិត្តនាំគ្នាស្លៀកពាក់ឈុតពណ៌ក្រហម ព្រោះជឿថា ពណ៌ក្រហម គឺជាពណ៌ដែលនាំលាភសក្ការៈមកឲ្យពួកគេ។
ក្រៅពីលុយ ជនជាតិចិនមួយចំនួនអាចមានតំណមមិនឲ្យខ្ចីទាំងរបស់របរផ្សេងៗទៀតផង ដោយមានជំនឿថា បើឲ្យគេខ្ចីលុយនៅថ្ងៃនេះ នឹងមានមនុស្សមកសុំខ្ចីលុយពេញមួយឆ្នាំ។ ក្រៅពីនេះអ្នកដែលជំពាក់លុយគេ ក៏គួរតែសងគេឲ្យអស់មុនថ្ងៃចូលឆ្នាំដែរ ព្រោះជឿថា បើជំពាក់លុយនរណានៅថ្ងៃចូលឆ្នាំហើយ នឹងមានបំណុលជាប់ខ្លួនមិនចេះចប់មិនចេះហើយពេញមួយឆ្នាំ។
៨. ហាមធ្វើឲ្យរបស់បែកបាក់
ជនជាតិចិនជឿថា ការធ្វើឲ្យរបស់បែកបាក់ដូចជា កែវ ចាន កញ្ចក់ បែកក្នុងថ្ងៃចូលឆ្នាំនោះ គឺជាប្រផ្នូលអាក្រក់ថា គ្រួសារនឹងបែកបាក់គ្នា ឬមានមនុស្សស្លាប់នៅក្នុងគ្រួសារ។ ហេតុដូច្នេះ នៅថ្ងៃនេះគួរតែប្រយ័ត្នប្រយែងជាពិសេស ហាមមិនឲ្យរបស់របរក្នុងផ្ទះបែក ឬវិនាសហិនហោច។ តែបើចៃដន្យធ្វើឲ្យរបស់បែកបាក់ដោយមិនបានតាំងចិត្តនោះ ក៏មានវិធីរំដោះគ្រោះដោយនិយាយថា «luo di ka hua» ដែលប្រែថា ផ្កានឹងរីកស្រស់បំព្រងពេលធ្លាក់ទៅដល់ដី។
៩. ហាមទិញស្បែកជើងថ្មី
ជនជាតិចិនប្រកាន់គំនិតមួយគឺ មិនទិញស្បែកជើងថ្មីក្នុងខែដំបូងនៃថ្ងៃចូលឆ្នាំទេ ដោយហេតុថា ពាក្យ «ស្បែកជើង» ក្នុងភាសាចិនបញ្ចេញសំឡេងថា «Hai» ដែលពាក្យ «Hai» នេះមានសំឡេងដូចការដកដង្ហើមធំ ដែលជនជាតិចិនជឿថា នោះគឺជានិមិត្តសញ្ញានៃការចាប់ផ្តើមឆ្នាំថ្មីដែលមិនល្អសោះឡើយ៕
ចំពោះបងប្អូនជនជាតិចិន ឬខ្មែរជាប់ខ្សែស្រឡាយចិនទាំងឡាយ បើបានអានហើយ សូមកុំភ្លេចយកទៅប្រតិបត្តិផងណ៎ា ដើម្បីបានទទួលលាភសក្ការៈ មាសប្រាក់ និងសំណាងល្អ ចាប់តាំងពីថ្ងៃចូលឆ្នាំចិននេះ រហូតដល់ពេញមួយឆ្នាំតែម្តង! 😀
(ស្រាវជ្រាវ និងប្រែសម្រួលដោយ ផ្កាយNoVeLs*)
តំណមពេកទេដឹង។
ចំនុចទាំងអស់នេះ ខ្ញុំអនុវត្តន៍រាល់តែឆ្នាំ លើកលែងតែចំនុចទី៤ 🙂
ចំនុចទី២. គេហាមតែកាត់សក់ទេ តែមិនហាមកក់សក់ទេ
ចំនុចទី៤ គេញ៉ាំហាកាវ និងស៊ីវម៉ៃ ជាមួយនំប៉ាវ និងតែ
ចំនុចទី៨ អាចាស់មិនទៅ អាថ្មីក៏មិនកដែរ ចិនហុងកុងប្រាប់ញ៉ុមចឹង
បងផ្កាយប្រលោម ជួយប្រាប់តំណរដែលបងបានស្រាវជ្រាវទៅមើល ដើម្បីឲ្យខ្ញុំបានចូលទៅមើលដែរ! អរគុណបាទ
អូ! គឺបងស្រាវជ្រាវមកពីវេបសាយថ៍ច្រើនកន្លែងណាស់ ចាំមិនអស់ទេ កន្លែងខ្លះមានតំណមពីរ កន្លែងខ្លះមានបី ច្រើនតិចជាងគ្នាជាធម្មតា ហើយបងក៏សរុប និងសង្ខេបបញ្ចូលគ្នាបាន៩តំណមនេះឯង។
ចំនុចទី៨ អាចាស់មិនទៅ អាថ្មីក៏មិនមកដែរ
ត្រង់ចំនុចដៃលថាហាមមិនអោយបរិភោគសាច់សត្វ ដែលបងអាច់ផ្កាយមានន័យចំពោះសត្វអី្វរឺយ៉ាងម៉េច? ព្រោះថាក្នុងនាមខ្ងុំជាគ្រួសារចិនហុកគៀន តាំងពីជំនាន់អាណានិគម មក គ្មាននរណាគេតមមិនហូបសាច់សត្វទេ (សំដៅលើ មាន់ ទា ជ្រូក គោ) ក្រៅពីអ្នកបួស ហើយសូម្បីតែគូដណ្តឹង បងជីដូនមួយខ្ងុំជាចិនសុទ្ធ មកពីខេត្តអឺណាន ក៌គាត់នៅតែបរិភោគសាច់សត្វពេលចូលឆ្នាំ ដែរ ! ពិសេសទំាងប្រជាជនចិនដីគោក ចិនម៉ាកាវ និងចិនហុងកុង សុទ្ធតែបរិភោគសាច់ នៅតែដែលខ្ងុំទៅលេងប្រទេសចិន ហុងកុង ម៉ាកាវ ពេលបុណ្យចូលឆ្នាំចិន។ មួយទៀតចំពោះការស្រាវជ្រាវរបស់ខ្ងុំចំពោះបុណ្យចូលឆ្នាំចិន ខ្ងុំមិន ឃើញមានចំនុចទី5 និងចំនុចទី2កនែ្លងកក់សក់ទេ។
មិនមែនចំនុចទី5ទេ។ ខ្ងុំមានន័យចំពោះចំនុចទី4។
你說很好, lol ចំនែកទី៣ ឲ្យតែពេលចាញ់បៀរ ចាញ់ឡូតូម្ដងៗ ជេរឡើងហុយៗ 🙂
ប្អូនសំណាង បាត់មុខយូរដល់ហើយហ្ន៎ រីករាយចំពោះការវិលត្រឡប់មកវិញ(មិនដឹងមកមែនអត់? 😀 ) គឺ ចំណុចដែលគេហាមមិនឲ្យបរិភោគសាច់សត្វនេះ មិនមែនគេមិនឲ្យបរិភោគពេញមួយរយៈពេលចូលឆ្នាំទេ គឺគ្រាន់តែឲ្យតមមិនបរិភោគក្នុងព្រឹកចូលឆ្នាំ(គឺតែពេលព្រឹកថ្ងៃដំបូងប៉ុណ្ណោះ) ព្រោះគេជឿថា ទេវតាដែលចុះមកនោះ ជាទេវតាដែលមិនបរិភោគសាច់សត្វជាអាហារ(មំសៈវិរតិ)។ ទិន្នន័យទាំងអស់ខាងលើ បងនិយាយតាមតែឯកសារ និងវេបសាយថ៍ដែលបងបានស្រាវជ្រាវមកប៉ុណ្ណោះ ដូច្នេះខុសឬត្រូវក៏បងមិនដឹងដែរ ព្រោះបងពុំមានជាប់ខ្សែស្រឡាយចិនបន្តិចឡើយ (តែក៏មិនប្រាកដថា ឲ្យតែចិនគឺដឹងនោះទេ)។ 😀
🙂
សួស្តី បងអាច់ផ្កាយ!ខ្ងុំគ្រាន់តែឆ្លៀតពេលមកមើលនេះមើលនោះ ក្នុង wordpress ព្រោះតែមានពេលទំនេរខ្លះប៉ុណ្ណេះ បន្ទាប់ពីរៀនមហាវិទ្យាល័យ។ អរគុណចំពោះការឆ្លើយតប តើបងអាចអោយ Link មកខ្ងុំ ចំពោះវេបសាយដែលបងរកឃើញ ចំនុចតំណមទំាងនោះបានទេ។ សូមអរគុណ។