ផ្កាយNoVeLs*– អំណោយគ្រប់ប្រភេទដែលយើងប្រគល់ជូនគ្នា ឬដោះដូរគ្នាទៅវិញទៅមកក្នុងឱកាសផ្សេងៗ សុទ្ធតែមានអត្ថន័យខុសៗគ្នាទៅតាមប្រភេទរបស់វា។ គង់មិនមាននរណាដែលមិនធ្លាប់ជូនអំណោយដល់អ្នកដទៃ ឬមិនធ្លាប់ទទួលអំណោយពីអ្នកដទៃនោះទេ តែប្រិយមិត្តដឹងទេថា អំណោយនីមួយៗសុទ្ធតែមានអត្ថន័យបង្កប់នៅក្នុងនោះ។ ពិសេសអំណោយដែលប្រិយមិត្តទទួលបាន ក៏អាចទាយនិស្ស័យរបស់អ្នកជូនបានដែរ។
អ៊ីចឹងតោះចាំអីទៀត មកមើលទាំងអស់គ្នាមើល៍ថា អំណោយដែលអ្នកដទៃជូនយើង បង្ហាញពីនិស្ស័យអ្វីខ្លះរបស់ពួកគេ? ពិសេសអំណោយដែលយើងនឹងទទួលបានក្នុងថ្ងៃ១៤កុម្ភៈខាងមុខនេះ! 😉
១. តុក្កតា
ជានិមិត្តសញ្ញានៃមិត្តភាព និងបំណងល្អ។ អ្នកដែលចូលចិត្តទិញតុក្កតាជូនដល់អ្នកដទៃជាប្រចាំបង្ហាញថា គេជាមនុស្សដែលពោរពេញទៅដោយភាពទន់ភ្លន់នៅក្នុងខ្លួន មានគំនិតសុទិដ្ឋិនិយម ចូលចិត្តសម្លឹងលោកក្នុងផ្លូវល្អ ច្រើនមានអារម្មណ៍ស្រស់ថ្លារីករាយ តែក៏ពេលខ្លះក៏ចូលចិត្តង៉ក់ងរមិនចង់និយាយស្តី ដ្បិតអីម្តងម្កាលគេក៏ជាមនុស្សដែលយកតែចិត្តខ្លួនឯងដែរ។
២. បេះដូង
ជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់។ អ្នកដែលចូលចិត្តជូនអំណោយដល់អ្នកដទៃជារូបបេះដូងមិនថាជាបន្តោងខ្សែក ក្រវិល ខ្នើយ ប្រអប់ភ្លេង ឬសម្ភារៈ អ្វីក៏ដោយដែលមានរូបរាងជាបេះដូង បង្ហាញថាគេជាមនុស្សដែលមានភាពរ៉ូមែនទិកមិនធម្មតាទេ។ ពិសេស គេជាមនុស្សដែលផ្តល់ភាពសំខាន់ឲ្យសេចក្តីសេ្នហា និងការទំនាក់ទំនង ចូលចិត្តយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីអ្នកដទៃ ព្រមទាំងពូកែស្រមើស្រមៃសម្បើមណាស់។
៣. ទឹកអប់
ជានិមិត្តសញ្ញានៃមន្តស្នេហ៍ និងបំណងល្អ។ អ្នកដែលចូលចិត្តទិញទឹកអប់ជាអំណោយ ឬកាដូដល់អ្នកនៅជុំវិញខ្លួន ជាមនុស្សដែលមានរសនិយមល្អ មានមន្តស្នេហ៍ ចូលចិត្តសាងភាពទាក់ទាញដល់អ្នកដទៃ ចូលក្នុងចំណោមមនុស្សក្នុងសង្គមបានងាយ ស្រឡាញ់ភាពស្អាតស្អំ ចូលចិត្តតុបតែងខ្លួន មានអំនួតលើខ្លួនឯង តែមិនមែនជាមនុស្សដែលងាយចុះសម្រុងនឹងអ្នកដទៃប៉ុន្មានទេ និងចូលចិត្តខ្វាយខ្វល់ពីរូបសម្រស់របស់ខ្លួនឯងជានិច្ច។
៣. កូនឆ្កែ
ជានិមិត្តរូបនៃមិត្តភាព និងភាពស្មោះត្រង់ ភក្តី។ អ្នកដែលចូលចិត្តជូនកូនឆ្កែជាអំណោយដល់អ្នកដទៃ ច្រើនតែជាមនុស្សដែលមានទឹកចិត្តទន់ភ្លន់ និងទន់ជ្រាយខ្លាំងណាស់។ ចំណែកអ្នកដែលចង់បានកូនឆ្កែជាអំណោយក៏ដូចគ្នាដែរ អាចនិយាយបានថា ពួកគេនៅមាននិស្ស័យជាកូនក្មេងនៅក្នុងខ្លួននៅឡើយ ចូលចិត្តភាពសប្បាយ ចូលចិត្តឲ្យអ្នកដទៃមកតាមយកចិត្ត តែក៏ជាមនុស្សដែលចូលចិត្តខ្វាយខ្វល់ពីអ្នកដទៃ និងមិនអាត្មានិយមទេ។
៤. សូកូឡា
ជានិមិត្តសញ្ញា នៃសេចក្តីស្រឡាញ់ និងមិត្តភាព។ អ្នកដែលចូលចិត្តជូនសូកូឡា ជាអំណោយដល់អ្នកដទៃ បង្ហាញថា គេជាមនុស្សដែលមានអារម្មណ៍ល្អ មានគំនិតសុទិដ្ឋិនិយម គ្មានពុតត្បុត ឬពិសពុលដល់អ្នកដទៃ។ ថ្វីបើមើលពីខាងក្រៅជាមនុស្សសាមញ្ញធម្មតា ចូលចិត្តភាពសប្បាយ តែគេក៏ជាមនុស្សដែលមានសន្តានចិត្តល្អ និងមានទំនួលខុសត្រូវខ្ពស់ដែរ។ មនុស្សបែបនេះអាចជាព្រាននារី តែមិនសាវ៉ាទេ។
៥. គ្រឿងអលង្កា
ជានិមិត្តសញ្ញានៃភាពល្អប្រណីត និងជោគជ័យ។ អ្នកដែលចូលចិត្តជូនគ្រឿងអលង្កាដល់អ្នកដទៃមិនថាជា ក្រវឹល ចិញ្ចៀន កងដៃ ខ្សែដៃ ខ្សែជើង ឬខ្សែក បង្ហាញថា គេជាមនុស្សដែលពូកែសង្កេត ពូកែគិត ពូកែជ្រើសរើស ចូលចិត្តផ្តល់ចំណាប់អារម្មណ៍លើអាកប្បកិរិយាខាងក្រៅ ជាមនុស្សដែលមានរសនិយមល្អ ស្រឡាញ់ភាពស្រស់ស្អាត និងចូលចិត្តភាពលេចធ្លោ។
៦. ទៀនក្រអូប
ជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ និងអារម្មណ៍ធូរស្រាល។ អ្នកដែលចូលចិត្តប្រគល់ទៀនក្រអូបជាអំណោយដល់អ្នកដទៃ ភាគច្រើនជាមនុស្សដែលមានភាពរ៉ូមែនទិកមិនធម្មតាទេ ចូលចិត្តដើរលេង មើលកុនស្តាប់ចម្រៀង ចូលចិត្តស្រមើស្រមៃ។ ថ្វីបើមើលពីខាងក្រៅដូចជាទន់ភ្លន់ណាស់ តែការពិតក៏ជាមនុស្សដែលរឹងរូស និងយកតែចិត្តខ្លួនឯងមិនធម្មតាទេ។
៧. នំឃុកគី
ជានិមិត្តសញ្ញានៃសេចក្តីសុខ និងបំណងល្អ។ អ្នកដែលចូលចិត្តជូនឃុកគីជាអំណោយដល់អ្នកដទៃ មិនថាធ្វើដោយខ្លួនឯង ឬក៏ទិញមកចែកក៏ដោយ ភាគច្រើនជាមនុស្សដែលចូលចិត្តជជែកកម្សាន្តដើម្បីផ្លាស់ប្តូរយោបល់គ្នាជាមួយអ្នកដទៃ។ ភាគច្រើនជាមនុស្សស្រស់ស្រាយ ចូលចុះជាមួយអ្នកដទៃបានងាយ មិនចូលចិត្តជម្លោះទាស់ទែង មិនឈ្លានពានអ្នកដទៃ តែជាមនុស្សពូកែតូចចិត្តបន្តិច និងមិនសូវល្អិតល្អន់បានគ្រប់ជ្រុងជ្រោយប៉ុន្មានទេ។
៨. បន្តោងព្រះ ឬពុទ្ធបដិមារ
ជានិមិត្តសញ្ញានៃភាពត្រជាក់ត្រជុំ។ អ្នកដែលចូលចិត្តជូនអំណោយដល់អ្នកដទៃ នូវរូបបដិមាករ ឬបន្តោងខ្សែកព្រះ ជាមនុស្សដែលស្រឡាញ់ផ្ទះ ស្រឡាញ់គ្រួសារ ស្រឡាញ់កិត្តិយសកេរ្តិ៍ឈ្មោះ ចូលចិត្តឲ្យអ្នកដទៃគោរពកោតសរសើរ។ មិនតែប៉ុណ្ណោះក៏ជាមនុស្សដែលមានលក្ខណៈជាអ្នកដឹកនាំ ម៉ឺងម៉ាត់ល្អិតល្អន់ ចិត្តល្អ ចេះជួយយកអាសារអ្នកដទៃ មិនចូលចិត្តភាពអ៊ូអរគគ្រឹកគគ្រេង ពិសេសស្រឡាញ់ធម្មជាតិនិងភាពស្ងប់ស្ងាត់។
៩. អាល់ប៊ុមរូបថត
ជានិមិត្តរូបនៃអនុស្សាវរីយ៍ និងការចងចាំផ្សេងៗ។ អ្នកដែលចូលចិត្តជូនអាល់ប៊ុមរូបថតជាអំណោយដល់អ្នកដទៃ ភាគច្រើនជាមនុស្សដែលយកចិត្តទុកដាក់នឹងសម្ព័ន្ធភាពជាមួយអ្នកដទៃជានិច្ច ជាមនុស្សល្អិតល្អន់គួរសម។ មនុស្សបែបនេះមិនសូវមានសណ្តាប់ធ្នាប់ប៉ុន្មានទេ តែក៏មិនមែនគ្មានរបៀបដែរ ជាមនុស្សដែលចេះយកចិត្តទុក្ខដាក់នឹងអ្នកដទៃ មានគំនិតច្នៃប្រឌិតខ្ពស់ ចូលចិត្តគិតដល់រឿងល្អៗដែលជាប្រយោជន៍ច្រើនជាងរឿងមិនបានការ។
១០. បាច់ផ្កា
ជានិមិត្តសញ្ញានៃសេចក្តីស្នេហា និងបំណងល្អ។ អ្នកដែលចូលចិត្តជូនបាច់ផ្កាជាអំណោយដល់អ្នកដទៃ ភាគច្រើនជាមនុស្សដែលមានម្ចាស់ការលើខ្លួនឯងខ្ពស់ និងរ៉ូមែនទិកមិនធម្មតាឡើយ។ តែទន្ទឹមនឹងនេះគេក៏ជាព្រាននារីម្នាក់ដែលមិនអន់ដែរ។ ក្រៅពីជាមនុស្សដែលរៀបរយល្អិតល្អន់ហើយ ក៏នៅមានបង្កប់ដោយភាពចចេសរឹងរូស និងអំនួតនៅក្នុងខ្លួនយ៉ាងស្ងាត់ៗទៀតផង។
១១. នំខេក
ជានិមិត្តរូបនៃសេចក្តីសុខ និងអំណរសាទរ។ អ្នកដែលចូលចិត្តជូននំខេកជាអំណោយដល់អ្នកដទៃ ភាគច្រើនជាមនុស្សដែលមានទឹកចិត្តទន់ភ្លន់ និងសន្តានចិត្តល្អ។ មិនមែនជាមនុស្សរៀបរយល្អិតល្អន់ប៉ុន្មានទេ មិនចូលចិត្តគិតច្រើន តែចូលចិត្តឲ្យអ្នកដទៃសរសើរ ពិសេសជាមនុស្សដែលគោរពខ្លួនឯងខ្លាំងណាស់។
១២. សម្លៀកបំពាក់
ជានិមិត្តរូបនៃសោភ័ណភាព។ អ្នកដែលចូលចិត្តជូនសម្លៀកបំពាក់ជាអំណោយដល់អ្នកដទៃ បង្ហាញថា គេជាមនុស្សដែលគោរពខ្លួនឯង ចូលចិត្តគិត ចូលចិត្តរៀបចំផែនការ ចូលចិត្តសង្កេត ជាមនុស្សដែលមានទឹកចិត្តមេត្រីភាព។ មើលពីខាងក្រៅ ឃើញជាមនុស្សដែលសាមញ្ញធម្មតា តែការពិតជាមនុស្សដែលខ្វាយខ្វល់ពីរឿងកិត្តិយសកេរ្តិ៍ឈ្មោះខ្លាំងហួសហេតុ។
១៣. ពែងតែ ពែងកាហ្វេ
ជានិមិត្តរូបនៃមិត្តភាព។ អ្នកដែលចូលចិត្តជូនពែងតែ ពែងកាហ្វេ ជាអំណោយដល់អ្នកដទៃ បង្ហាញថា គេជាមនុស្សដែលសម្របខ្លួននឹងអ្នកដទៃបានងាយ ស្រឡាញ់ទំនាក់ទំនង និងភាពកក់ក្តៅ។ ថ្វីបើមិនមែនជាមនុស្សល្អិតល្អន់ជ្រាលជ្រៅប៉ុន្មាន តែក៏ចូលចិត្តស្រមើស្រមៃ ស្រឡាញ់ឥស្សរភាព ស្រឡាញ់មិត្តភក្តិ ស្រឡាញ់ភាពសាមញ្ញធម្មតា ច្រើនជាងរបៀបរបបបែបពិធីការ។
១៤. សម្ភារៈកីឡា
ជានិមិត្តរូបនៃថាមពលជីវិត និងភាពនឹងធឹងនៃអារម្មណ៍ផ្លូវចិត្ត។ អ្នកដែលចូលចិត្តជូនសម្ភារៈកីឡាជាអំណោយដល់អ្នកដទៃមិនថាជាកូនបាល់តូចៗ ស្បែកជើងកីឡា ដងវាយតឺនីស ឬអ្វីក៏ដោយដែលពាក់ព័ន្ធនឹងកីឡា បង្ហាញថា គេជាមនុស្សដែលស្រឡាញ់ខ្លួនឯង មិនរំជើបរំជួលឬរំភើបងាយៗ មានគោលដៅជីវិត ស្មោះត្រង់ តែមិនសូវបើកចំហរឿងក្នុងចិត្តប្រាប់អ្នកដទៃ។
១៥. មួក
ជានិមិត្តរូបនៃភាពលេចធ្លោ និងភាពប្រយ័ត្នប្រយែង។ អ្នកដែលចូលចិត្តជូនមួកជាអំណោយដល់អ្នកដទៃ ច្រើនតែជាមនុស្សដែលមើលពីខាងក្រៅ ឃើញសាមញ្ញធម្មតា ជឿជាក់លើខ្លួនឯង តែការពិតជាគេជាមនុស្សដែលពូកែអៀនខ្លាំងណាស់ ហើយក៏មិនសូវមានជំនឿចិត្តលើខ្លួនឯងប៉ុន្មានដែរ។ ក្រៅពីនេះគេស្រឡាញ់ឥស្សរភាព ចចេសរឹងរូសបន្តិច និងមិនចូលចិត្តធ្វើអ្វីដូចអ្នកដទៃទេ។
១៦. ប៊ិក
ជានិមិត្តរូបនៃជ័យជម្នះ។ អ្នកដែលចូលចិត្តជូនប៊ិកជាអំណោយដល់អ្នកដទៃ ច្រើនតែជាមនុស្សដែលស្រឡាញ់អត្តសញ្ញាណរបស់ខ្លួនឯងខ្លាំងបំផុត ជាមនុស្សពូកែគិត ពូកែសង្កេត និងពូកែជ្រើសរើសខ្លាំងណាស់ សូម្បីតែរឿងល្អិតល្អោចតូចតាច ក៏គេមិនងាយមើលរំលងដែរ។ ពិសេសគេជាមនុស្សមានអំណួត ស៊ីជោរនឹងខ្លួនឯងបន្តិច តែស្មោះត្រង់ខ្លាំងណាស់។
១៧. ស៊ុមរូបថត
ជានិមិត្តរូបនៃគំនិតប្រាជ្ញា និងការចងចាំ។ អ្នកដែលចូលចិត្តជូនស៊ុមរូបថត ជាអំណោយដល់អ្នកដទៃ បង្ហាញថា គេជាមនុស្សដែលចូលចិត្តចងចាំរឿងរ៉ាវផ្សេងៗដែលកន្លងផុតទៅហើយ ជាមនុស្សដែលមានគំនិតប្លែកៗ ថ្មីៗ ចូលចិត្តការងារសិល្បៈ ចូលចិត្តការតុបតែង។ ថ្វីបើមនុស្សប្រភេទនេះចចេសរឹងរូសបន្តិច តែក៏ចេះខ្វាយខ្វល់ពីអ្នកដទៃខ្លាំងណាស់ដែរ។ ពិសេសជាមនុស្សទន់ភ្លន់ តែមិនទន់ជ្រាយ។
(ស្រាវជ្រាវនិងប្រែសម្រួលដោយ៖ ផ្កាយNoVeLs*)
Please click on this link : http://khmarket.wordpress.com/