រលកខ្យល់សមុទ្រ ដែលស្ងប់ស្ងាត់ក្នុងថ្ងៃនេះ ធ្វើឲ្យម៉ារៀធូរស្បើយក្នុងអារម្មណ៍ និងមានសេចក្តីសុខយ៉ាងខ្លាំង រហូតពិបាកក្នុងការរឭកដល់បណ្តាំរបស់ម្តាយ តែនាងក៏មិនដែលភ្លេចវាម្តងណាដែរ។ ក្នុងខេត្តជាប់សមុទ្រមួយនេះ មានមនុស្សចូលចិត្តបើកកាណូតលំហែកាយច្រើនណាស់ ពិសេសប៉ះចំថ្ងៃឈប់សម្រាកចុងសប្តាហ៍ដូច្នេះផង មនុស្សម្នាជាច្រើននាំគ្នាមកគយគន់ទេសភាព យ៉ាងត្រជាក់ភ្នែកត្រជាក់ចិត្ត មិនខុសអ្វីពីនាងនិងសុមេធ ដែលកំពុងតែធ្វើនេះឡើយ។ សុមេធប្រាប់នាងថា មិនប៉ុន្មាននាទីខាងមុខទៀត គេនឹងនាំនាងចេញទូកទៅឲ្យឆ្ងាយពីគេឯងបន្តិច។
«យើងនឹងរស់នៅដេកស៊ីលើកាណូតនេះ ពីរបីថ្ងៃណាប្រពន្ធសម្លាញ់!» គេស្រែកប្រាប់ដោយអារម្មណ៍ស្រស់ថ្លាពីក្នុងកាប៊ីនបើកបរ។ ស្រីស្រស់អង្គុយគយគន់ ភាពស្រស់ស្អាតរបស់ទឹកសមុទ្រ ដោយអារម្មណ៍ភ្លើតភ្លើន នៅលើដំបូលកាណូតយ៉ាងមានសេចក្តីសុខ និងមិននឹកចង់ត្រឡប់ទៅវិញក្នុងពេលដ៏ខ្លីនេះសោះ។ នាងគិតដូច្នេះពិតមែន តែក៏ត្រូវជឿសម្តីម្តាយរបស់ខ្លួន ព្រោះបើនៅយូរពេក នាងខ្លួនឯងទេដែលជាអ្នកពិបាក។
ពេលយប់ នាងនិងសុមេធនាំគ្នាស្រស់ស្រូបអាហារ នៅលើយ៉កាណូតយ៉ាងក្សេមសុខ រួមទាំងស្រាក្រហម ដែលសុមេធទិញដឹកជញ្ជូនយកមក ប្រៀបដូចត្រូវរស់នៅលើសមុទ្រនេះរាប់ខែ។ គុណវិបត្តិរបស់សុមេធ គឺចូលចិត្តផឹក ហើយផឹកច្រើនណាស់ រហូតនាងនិងអ្នកដែលស្គាល់ តែងតែនឹកព្រួយបារម្ភពេលគេផឹកស្រវឹងម្តងៗ។ រឿងនេះបង្កភាពកង្វល់ដល់នាងច្រើនណាស់ តាំងពីនាងបានឃើញសុមេធស្រវឹងចោលពិធីមង្គលការរបស់ខ្លួន និងរូបនាងមក។ គេស្រវឹងរហូតត្រូវឲ្យអ្នកកំដរកូនកំលោះជួយសែងដាក់ក្នុងបន្ទប់ផ្សំដំណេក។
តែណ្ហើយ បន្តិចទៀតគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ! នាងគិត។ បែបនេះ ល្អទៅវិញតើ! ម្តាយនាងប្រាប់ដូច្នេះ… ឯនាងក៏ជឿម្តាយជាងស្រាប់ទៅហើយ។ ម្តាយរបស់នាងជាមនុស្សស្រីដែលពូកែ និងវៃឆ្លាតខ្លាំងណាស់។ ចំពោះរឿងនេះ នាងអត់ស្ងើចសរសើរនឹងម្តាយរបស់ខ្លួនមិនបាន ឬរឿងណាផ្សេងក៏ដោយ ម្តាយម្នាក់នេះតែងតែជួយនាងបានគ្រប់យ៉ាង។ នាងគ្មានឪពុក ហើយក៏មិនដែលឃើញមុខឪពុកនោះ យ៉ាងម៉េចដែរ តែនាងក៏មិនខ្ចីខ្វល់ ព្រោះនាងមានម្តាយ ដែលអាចប្រគល់អ្វីៗដល់នាងបានគ្រប់យ៉ាង និងច្រើនហូរហៀទៀតផង។
ដូចដែលម៉ារៀធ្លាប់ដឹង ក្រោយពេលស្រវឹងសុមេធនឹងដេកស្រមុកលែងដឹងខ្លួន ដោយឥទ្ធិពលស្រា ដែលគេផឹកចូលទៅយ៉ាងច្រើនលើសចំណុះ។ ពីរដបម្នាក់ឯងធ្វើឲ្យសុមេធដេកស្តឹកដូចខ្មោចឆ្កែនៅត្រង់យ៉កាណូត។ ឥឡូវដល់ពេលបោសសម្អាតហើយ! នាងចាត់ការចំពោះវត្ថុតាង ដែលមិនចាំបាច់យ៉ាងងាយៗ និងរហ័សរហួនបំផុត។ កណ្តាលយប់ នាកណ្តាលសមុទ្រដ៏ធំល្វឹងល្វើយដូច្នេះ គ្រប់យ៉ាងមានសភាពស្ងប់ស្ងាត់និងងងឹតសូន្យឈឹង។ គេឃើញមានតែហ្វូងផ្កាយប៉ុណ្ណោះ ដែលនៅចោលរស្មីព្រិចៗពីចម្ងាយឯនាយជើងមេឃ។ ក្នុងសភាពបែបនេះ ពិតជាមិនអាចធ្វើឲ្យកាណូតផ្សេងៗ ដែលមើលឃើញតាមរយៈភ្លើង អំពូលផ្លុងៗនោះ សង្កេតដឹងថា កាណូតដ៏ប្រណីតមួយនេះ មានហេតុការណ៍អ្វីកើតឡើងឡើយ។ ម៉ារៀ ទាញយុថ្កាឡើងលើគោក ទុកឲ្យកាណូតអណ្តែតតាមរលកសមុទ្រ ដែលកំពុងបោកបក់យ៉ាងគគុកនៅខាងក្រោម។ នាងចុះមកប្តូរសម្លៀកបំពាក់ជាឈុតរាត្រីពណ៌កុលាបស្តើងឆ្លុះឃើញសាច់។ សក់ដែលចងក្តោបឡើងលើពេញមួយថ្ងៃហើយនោះ ក៏ទម្លាក់ចុះរសាយមកក្រោមយ៉ាងរំភើយ។ នាងគួរតែដេកលក់មួយស្រឡេតសិន។ គិតដូច្នេះហើយ ម៉ារៀក៏ដាក់នាឡិកាឲ្យរោទិ៍មួយម៉ោងក្រោយបន្ទាប់ពីនោះ។
សំឡេងចុចកុងតាក់កាណូត ឮបន្តជាប់គ្នារដឹក។ បន្ទាប់មក ភ្លើងអំពូលគ្រប់កន្លែងក៏ភ្លឺចិញ្ចាចឡើង។ វិទ្យុទាក់ទងលើកាណូតបញ្ចេញសំឡេងខ្យល់អ៊ូអែ មុននឹងមានសំឡេងមនុស្សនិយាយទាក់ទងមក។
«Mayday! Mayday! តើមានអ្វីកើតឡើង? នេះជាភ្នាក់ងារសន្តិសុខប្រចាំឆ្នេរសមុទ្រ!! បើបានឮសូមឆ្លើយ! មេយ៍ដេយ៍! មេយ៍ដេយ៍!»
ម៉ារៀ យំអណ្តឺតអណ្តកនិយាយភ័យតតាក់តតុបឆ្លើយទៅវិញ «ជួយផង! ជួយខ្ញុំផង! ខ្ញុំមិនដឹងថានៅទីណាទេ? សុមេធប្តីខ្ញុំក៏មិនឃើញ មកជួយខ្ញុំផង!!!»
នារីកម្សត់យំខ្សឹកខ្សួលយ៉ាងស្បើយកម្លាំង។ មើលតាមសភាពដូចមិនបានដេកពួនរបស់នាង ធ្វើឲ្យឆ្មាំសមុទ្រទាំងឡាយ នាំគ្នាផ្តល់កម្លាំងកាយកម្លាំងចិត្តដល់នាងយ៉ាងពេញទំហឹង ដើម្បីជួយនាងតាមរកស្វាមីដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង។
«គេផឹកច្រើនទេ លោកស្រី?… យ៉ាងម៉េច… ឮខ្ញុំសួរទេលោកស្រី ម៉ារៀ?» នាយប៉ូលីសរូបសង្ហាមិនចង់សួរសំណួរនេះចំពោះទងវង ដែលកំពុងភ័យបាត់ព្រលឹងនៅចំពោះមុខនេះទេ។ នាងទាំងស្អាតទាំងនៅក្មេង ហើយទន់ភ្លន់ប្រៀបដូចបុប្ផាដែលទើបតែបើកស្រទាប់។ អាយុដែលមិនលើសពី២៥ឆ្នាំរបស់នាង កាន់តែធ្វើឲ្យប៉ូលីសកំលោះរូបនេះ នឹកអាណិតនាងជាប់ចិត្ត។ នាងទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងនេះសោះ។ ការមកហាន់នីមូនរបស់នាង បែរជាធ្វើឲ្យនាងបាត់បង់ស្វាមីទី២ដោយគ្មានស្លាកស្នាម សូម្បីតែសាកសពរបស់គេក៏អាចរកមិនឃើញផង។
«ច៎ាស… បងសុមេធផឹកស្រា តែខ្ញុំមិនដឹងថា គាត់ផឹកច្រើនប៉ុណ្ណាទេ។» ចម្លើយរបស់នាងធ្វើឲ្យគេដកដង្ហើមធំដោយការយល់ចិត្ត។ ពិតមែនហើយ សុមេធចូលចិត្តផឹក ហើយថែមទាំងផឹកច្រើនទៀតផង។ ដបស្រា និងម្ហូបអាហារដែលនៅសល់ក្នុងចាននោះ បញ្ជាក់យ៉ាងច្បាស់ថា សុមេធច្បាស់ជាអង្គុយបង្អកស្រាយ៉ាងឆ្ងាញ់មាត់មិនខាន មិនមែនត្រឹមតែក្រេបនោះទេ។ ដូចយ៉ាងថ្ងៃរៀបអាពាហ៍ពិពាហ៍នោះអី ដែលគេ និងមិត្តភក្តិដទៃទៀតនាំគ្នាសែងសុមេធឡើងទៅដេក ខណៈដែលម៉ារៀអង្គុយលើកៅអីសម្លឹងមើលអនាគតស្វាមីដែលស្រវឹងបាត់ស្មារតីដូចសាកសព។ កំលោះនៅចាំទឹកមុខហួសចិត្តរបស់នាងក្នុងរាត្រីនោះបានយ៉ាងច្បាស់។
«កុំគិតច្រើនពេកលោកស្រី ពួកយើងនឹងប្រឹងប្រែងជួយ ឲ្យអស់ពីសមត្ថភាព។» គេនិយាយត្រឹមប៉ុណ្ណេះ មុននឹងដើរចេញទៅត្រួតពិនិត្យស្លាកស្នាមដែលសន្និដ្ឋានថា អាពួកម៉ាកប្រមឹកម្នាក់នេះរមៀលធ្លាក់ចូលទៅក្នុងសមុទ្របានយ៉ាងដូចម្តេច ហើយប្រហែលជាពិបាករកមិនលេងសើចទេ។ ហ៊ឹះ!… ចេះបើក កាណូតលេងមិនទម្លាក់យុថ្កាដូច្នេះទៅកើត! ធ្លាក់អណ្តែតទៅខាងណាក៏មិនដឹង។
«យ៉ាងម៉េចហើយ បាត់ភ័យហើយឬនៅកូន?» ម៉ាក់របស់ម៉ារៀសួរ បន្ទាប់ពីពិធីបុណ្យសពរបស់សុមេធកន្លងផុតទៅបានពីរសប្តាហ៍។
«ច៎ាសម៉ាក់! ម៉ាក់និយាយត្រូវ បងសុមេធចំជាល្ងង់ពិតមែន!» ម៉ារៀនិយាយបណ្តើរ ក្រេបតែក្លិនម្លិះរសជាតិប្រណីតបណ្តើរ។
«ម៉ាក់ដកលុយចេញមកមើលហើយ មានដល់ទៅ៩ម៉ឺនដុល្លារឯនោះ! កាត់ថ្លៃកាណូតដែលម៉ាក់ចេញឲ្យធ្វើដើមទុន២ម៉ឺន ឯងនៅសល់លុយដែលអាចរស់នៅបានមួយជាតិយ៉ាងស្រួល!» ស្រ្តីជាម្តាយ ញញឹមយ៉ាងពេញចិត្ត មុននឹងសម្លឹងមុខកូនស្រី ហើយសួរបន្ត «បន្ទាប់ពីនេះឯងគិតចង់ធ្វើអីទៀត? ម៉ាក់សម្លឹងឃើញប៉ូលីសម្នាក់នោះ ក៏មានទ្រព្យមិនធម្មតាដែរ ហើយដូចជាមានចិត្តមកលើឯងផង!»
ម៉ារៀ ឬម៉ារីយ៉ា ដកដង្ហើមធំ នឹកទើសទាល់ក្នុងចិត្តដែលម្តាយដ៏ប៉ិនប្រសប់របស់នាងចូលចិត្តរក«ការងារថ្មី» ឲ្យនាងធ្វើឆាប់រហ័សពេក។
«ហ៊ឺយ… ម៉ាក់!! ឲ្យកូនបានសម្រាកខ្លះផង យើងមានប្រាក់មិនខ្វះចាយទៅហើយ ឯប្រាក់ដែលបានមកពីបងសុមេធ និងបងប្រមោទ្យ ក៏យើងអាចរស់ដេកស៊ីស្រួលបានមួយជាតិដែរ! ពេលនេះកូនហត់នឿយខ្លាំងណាស់ កូនចង់សម្រាក!»
១៧ កុម្ភៈ ២០១២
Came across your blog via Roth Meas’s story in the Phnom Penh Post. Your work is amazing to inspire some other youngsters. Keep up the great works!
Oohh good job!!!
Earned more $$$ in short time…
នាងជាអ្នកសម្លាប់ប្តី?
ពិតមែនហើយ។ 🙂 តែម៉េចក៏អានអត់ដឹងចឹង? 😦
បើតាមអាំន ឃើញម្នាក់ស្រីនឹងដូចរៀបគម្រោងសម្លាប់ប្តិ? តែដូចជ្រុលពេក ទើបសួរបញ្ជាក់ 😦
រឿងនេះដូចម៉េចទេ ប៉ូលីសអត់មានអង្កេតក្តីអីទេ ឃើញស្រីស្អាតក៏អាណិត
ម៉េចគេហៅថា មាយាស្រី?!! ហើយម្យ៉ាងក៏ព្រោះប៉ូលីសសង្ហាម្នាក់នេះ ជាមុខសញ្ញាថ្មីរបស់ម្តាយកូនពីរនាក់នេះនោះអី!! 😛 រឿងនេះចប់.. តែពិសពុលរបស់ ម៉ារៀ ឬម៉ារីយ៉ា មិនទាន់សាបរលាបទេ! ហាសហា…
ពីរនាក់ហ្នឹងត្រូវការតែដុល្លារទេ… ប៉ុន្តែគ្មានសេចក្តីសុខក្នុងគ្រួសារប្តីប្រពន្ធផង។
ហេតុអីបានត្រូវធ្វើបែបហ្នឹង?
យកប្តីអ្នកមាន ក៏រស់ស្រួល មានលុយចាយពេញដៃស្រាប់…
សំលាប់បានប្រយោជន៏អីបង?
ប្រាប់បានទេ?
សម្លាប់ដើម្បីបានទទួលមរតកនោះអី បើប្តីនៅរស់ទ្រព្យសម្បត្តិទាំងមូលគឺប្តីជាអ្នកក្តោបក្តាប់។ ដូច្នេះមានតែ… ហុហុហុ!!! 😀
អូ! ជាទូទៅប្រពន្ធអ្នកកាន់លុយតើ…
ហេហេ ប៉ុន្តែក៏ម៉ាយ៉ាងដែរ លុយនឹងក្លាយជាកម្មសិទ្ធផ្តាច់មុខ
🙂