បន្ទាប់មក ម៉ារៀ ក៏ចេញមកជំទើតតោងរបងផ្ទះរបស់ ម៉ាដាម ចេស៊ីកា។ ផ្ទះនេះក៏ដូចគ្នា ចូលចិត្តធ្វើអ្វីច្រំដែលៗ ដែលមនុស្សដូចយ៉ាងចក្រាវុធអាចនឹងគិតថាគ្មានប្រយោជន៍។ ម៉ាដាម ចេស៊ីកា ចូលចិត្តចេញមករវល់តែនឹងផើងផ្កាកុលាបរបស់ខ្លួន នៅវេលាថ្មើរនេះជានិច្ច។
«ហេ៎! លោកស្រី… តើលោកស្រី មានសណ្តែកនៅសល់ទេ?» ម៉ារៀស្រែកសួរ ដោយទឹកមុខ ញញឹមញញែម។
«ច៎ាស មានតើ! តាមមើលលោកស្រី ប្រហែលជាត្រូវទិញទុកបន្ថែមច្រើនទៀតហើយ ព្រោះមើលទៅដូចជានៅសល់ពេលមួយអាទិត្យទៀតឯនោះមែនទេ?»
ស្រីចង្រៃ!!… ម៉ារៀគិតក្នុងចិត្ត។ ចូលចិត្តដឹងឮរឿងរបស់អ្នកស្រុកអ្នកភូមិណាស់!! រឿងរបស់នរណាក៏ដោយដែលរស់នៅម្តុំនេះ នាងម្នាក់នេះដឹងទាំងអស់។ ម៉ារៀនៅចាំខ្សែភ្នែកដែល ម៉ាដាម ចេស៊ីកា ឈ្ងោកមើលពេលផ្ទះរបស់នាងកំពុងធ្វើបន្ទប់ក្លាស្សេអាហារ… គឺជាខ្សែភ្នែកដែលចង់ដឹងចង់ឮរឿងរបស់អ្នកដទៃខ្លាំងណាស់។
«ច៎ាស! ពិតមែនហើយ សល់មួយអាទិត្យទៀត ទើបបងវុធទៅទិញម្ហូបថ្មី តែចៃដន្យថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ ទើបខ្ញុំចង់អញ្ជើញមិត្តភក្តិស្និទ្ធស្នាលមកញ៉ាំអាហារពេលល្ងាចជាមួយ អ៊ីចឹងលោកស្រីនិងស្វាមី កុំភ្លេចមកចូលរួមផងណ៎ា យើងមានជើងពពែដុត ញាំសាលាដ រួមទាំងសង់ខ្យាបារាំងផង។»
«អូហូ… រីករាយខ្លាំងណាស់ដែលដឹងថា លោកស្រីកើតថ្ងៃនេះ ខ្ញុំនិងស្វាមីពិតជាទៅមិនខាន។» នេះគឺជាឱកាសល្អបំផុតរបស់ ម៉ាដាម ចេស៊ីកា ដែលនឹងបានចូលទៅមើលផ្ទះរបស់គ្រួសារនេះ បានយ៉ាងពេញភ្នែក។ មាដាម ចេស៊ីកា កំពុងគិតដូច្នេះ។
ម៉ារៀ បញ្ចេញកាយវិការប្រុងដើរចេញមក តែក៏ងាកត្រឡប់ទៅវិញនិយាយដោយមានគំនួចថា៖
«លោកស្រីគិតថា យើងគួរតែមានស្រាក្រហម ឬសំប៉ាញខ្លះល្អទេ?» ម៉ារៀសួរ។
«ច៎ាស! ត្រូវតែមាន… ចាំខ្ញុំ និងស្វាមីយកទៅក៏បានដែរ។» លោកស្រី ចេស៊ីកាឆ្លើយ។
«ច៎ាស! បើលោកស្រីត្រូវការបែបនេះ។ តែខ្ញុំគិតចង់ទៅមើលហាងលក់ភេសជ្ជៈនៅក្បែរៗនេះសិន ដើម្បីទិញទុកសាគួខ្លះ។» និយាយហើយ ម៉ារៀក៏ដើរចេញពីក្លោងទ្វារធំមុខផ្ទះ ទុកឲ្យម៉ាដាម ចេស៊ីកា នៅគិតគ្នាន់ក្នាញ់ក្នុងចិត្តថា ស្រីម្នាក់នេះចំជាម៉ៅស្វិតមែន គ្រាន់តែស្រាក្រហមមួយដប ក៏នៅមកនិយាយបែបប្រយោលៗឲ្យនាងយកទៅដែរ!
នៅហាងលក់ភេសជ្ជៈមានស្រាច្រើនប្រភេទឲ្យជ្រើសរើស។ ម៉ារៀប្រើពេលជ្រើសរើសយ៉ាងយូរជិតកន្លះម៉ោង ទីបំផុតនាងក៏បានស្រាក្រហមមួយដប។ តែទោះជាបែបនោះ ក៏នាងនៅអែអង់មើលដបស្រា សំប៉ាញផ្សេងៗទៀតជិត២០នាទី រហូតម្ចាស់ហាងសួរយកអាសារជួយរកជូន។
«ច៎ាស! ខ្ញុំមិនចូលចិត្តផឹកប៉ុន្មានទេ តែខ្ញុំចង់បានអ្វីដែលអាចញ៉ាំជាមួយពពែដុតបាន។» ម៉ារៀតបទៅវិញ។ ម្ចាស់ហាងញញឹមស្រស់ ទំនងជាមនុស្សមានសន្តានចិត្តល្អ ហើយក៏ជួយម៉ារៀដើររកមើលស្រាយ៉ាងយូរ។ មើលទៅពួកគេទាំងពីរ ដូចជានិយាយត្រូវដងត្រូវផ្លែគ្នាខ្លាំងណាស់។ ពេលម៉ារៀដើរចេញពីហាងមកវិញ បុរសម្ចាស់ហាងដ៏សង្ហានេះ ក៏និយាយជូនពរនាងដោយខ្សែភ្នែកស្រទន់។
«រីករាយថ្ងៃកំណើត!»
ម៉ារៀដើរចេញពីហាងដោយទឹកមុខញញឹមញញែម។ យូរប៉ុណ្ណាហើយ ដែលនាងមិនបានញញឹមបែបនេះ? តទៅ… នាងនឹងញញឹមបែបនេះរហូត! ម៉ារៀគិតយ៉ាងមានទំនុកចិត្ត។ ស្រាប់តែរំពេចនោះ ទូរស័ព្ទដៃ ដែលនាងយកមកជាប់តាមខ្លួន មុនចេញពីផ្ទះក៏រោទិ៍ឡើង។ លីនណា បងស្រីធម៌របស់នាងទូរស័ព្ទមក។ បងលីនណាប្រហែលជាមកដល់ហើយ! ម៉ារៀ គិតក្នុងចិត្ត។ នាងបានអញ្ជើញបងស្រីម្នាក់នេះព្រមទាំងស្វាមីរបស់គាត់ មកទទួលទានអាហារពេលល្ងាចនៅផ្ទះនេះដែរ។ ម៉ារៀបង្ហើរសំឡេងរាក់ទាក់ដោយអារម្មណ៍ស្រស់ថ្លា តែអ្វីដែលនាងបានឮ ត្រឡប់ជាធ្វើឲ្យនាងបះរោមច្រាង…
រង់ចាំអានវគ្គបញ្ចប់ណ៎ា!! ^^
អូ!! ម៉ារៀរឿងមុនមានលុយច្រើនណាស់ ប៉ុន្តែភាគនេះធ្វើដូចយ៉ាប់ម៉្លេះ??
បើប្តីមិននាំទៅផ្សារ ក៏មិនអាចទិញបាន???
រឺនេះជាល្បិចអ្វីម្យាង??
មិនមែនម៉ារៀគ្មានលុយទិញទេ តែនេះជាទម្លាប់ប្រចាំគ្រួសារ។ ៦ខែទើបទៅផ្សារម្តង ព្រោះផ្ទះនេះមានបន្ទប់ក្លាស្សេអាហារពិសេស។ ម្យ៉ាងព្រោះ ចក្រាវុធ ជាមនុស្សសោះកក្រោះ មុខមិនឲ្យក្រោយមិនហៅ.. សូម្បីតែមុខប្រពន្ធមិនមើលផង រឿងអីត្រូវចេញទៅក្រៅញឹកញាប់?
កំពុងចាំ សង្ស័យផ្ទះគាត់ឆេះម៉ងមើលទៅ 🙂
អ្នកនិពន្ធតែងតែអង្គុយលួចសើចម្នាក់ឯង ពេលឃើញអ្នកអាននាំគ្នាទាយខុស! ហាសហា.. 😀
អញ្ជឹងហើយបានអ្នកនិពន្ធអាយុវែង ហើយមានកម្លាំងចិត្តនិពន្ធឲ្យអ្នកអាន អានត 😀
ហូយអ្នកនិពន្ធអីក៏ឃោរឃៅម៉្លេះ!
ចាំបាច់លួចសើច…
ញុំចង់ទាយថា អាបិះមុខងាប់ហ្នឹងប្រាកដជាបានដេកក្នុងបន្ទប់ក្លាសេពិសេសហ្នឹងហើយ…
កុំសើចញុំណា! ញុំខ្មាស់គេ….