«ទូរស័ព្ទឆ្លងភព» ធ្លាប់ផ្សាយម្តងហើយក្រោមចំណងជើងថា «ទូរស័ព្ទនិម្មិត»។ នេះជារឿង Re-Write ពីខ្សែភាពយន្តជប៉ុនរឿង Calling You…
វគ្គ១
នៅក្នុងសាលារៀនមួយនេះ ខ្ញុំប្រហែលជាសិស្សវិទ្យាល័យតែម្នាក់គត់ ដែលគ្មានទូរស័ព្ទប្រើ។ ក្រៅពីគ្មានទូរស័ព្ទ ខ្ញុំក៏មិនធ្លាប់ទៅមើលកុន ឬទៅថតរូបកម្សាន្តលេង តាមផ្សារទំនើបនានាដែលមិត្តរួមថ្នាក់ កំពុងពេញនិយមនោះដែរ។ យូរៗទៅ ខ្ញុំអង្គុយគិតតែម្នាក់ឯងថា មនុស្សដូចខ្ញុំ ប្រហែលជាខុសគេ នៅក្នុងយុគសម័យថ្មីនេះ។ ទោះបីសាលារៀនមានច្បាប់ ហាមប្រាមមិនឲ្យប្រើទូរស័ព្ទ នៅក្នុងថ្នាក់រៀនក៏ដោយ ក៏ម្នាក់ៗនៅតែដាក់ទូរស័ព្ទ មកបង្អួតគ្នាជានិច្ចកាល។
«គ្រឺង!… គ្រឺង!…» សំឡេងទូរស័ព្ទរបស់នរណាម្នាក់រោទ៍ឡើង។
«របស់នរណា!!!???» លោកគ្រូងាកមករកប្រភពសំឡេង សួរដោយទឹកមុខមាំ។
«ច៎ាស! របស់ខ្ញុំលោកគ្រូ… សុំទោសៗ!!!» សិស្សស្រីម្នាក់ ដែលអង្គុយរំលងពីតុខ្ញុំមួយងើបឈរឡើងតបទាំងភិតភ័យ។ លោកគ្រូឲ្យខ្នង ដៃសរសេរចំណងជើងមេរៀនញាប់ស្អេកនៅលើក្តារខៀន ហើយព្រលយពាក្យគំរាមតិចៗ តែមានន័យដាច់ខាត៖
«កុំឲ្យមានលើកទីពីរឲ្យសោះ!!! នេះជាវិន័យសាលា… »
ជាការពិត រាល់លើកដែលខ្ញុំឃើញមិត្តភក្តិ ដកយកទូរស័ព្ទមកចុចលេងក្នុងថ្នាក់រៀន ខ្ញុំតែងមានអារម្មណ៍លួចច្រណែន លាយឡំនឹងភាពខ្មាសអៀន អន្ទះអន្ទែងស្ទើរស្ទះដង្ហើមម្តងៗ។ កាលបើសំឡេងភ្លេងទូរស័ព្ទហៅចូល របស់នរណាម្នាក់លាន់ឮឡើង ខ្ញុំក៏ចាប់ផ្តើមទទួលអារម្មណ៍ថា ខ្លួនឯងហាក់ដូចជា ត្រូវគេបោះបង់ចោល ឲ្យនៅពិភពមួយផ្សេងទៀត ដាច់ដោយឡែកពីគេអ៊ីចឹង។ កាន់តែឃើញទិដ្ឋភាពដែលម្នាក់ៗជជែកគ្នា តាមរយៈឧបករណ៍ទំនាក់ទំនងតូចៗទាំងនោះ កាន់តែញាំញីអារម្មណ៍របស់ខ្ញុំឲ្យគិតថា ខ្លួនឯងជាមនុស្សគ្មានតម្លៃ គ្មានមិត្តភក្តិ គ្មានអ្នកយល់ចិត្ត និងគ្មានអ្នកជជែកលេងជាមួយ។ គ្រប់ៗគ្នាដែលរៀនជាមួយខ្ញុំ តែងប្រាស្រ័យទាក់ទងគ្នាដោយប្រើទូរស័ព្ទដៃដែលប្រៀបបាននឹងសំណាញ់ពីងពាង ចងភ្ជាប់ពួកគេមិនឲ្យឃ្លាតឆ្ងាយពីគ្នា។ តែនៅក្នុងនោះ បែរជាគ្មានរូបខ្ញុំចូលរួមជាមួយពួកគេទៅវិញ។ ខណៈដែលគ្រប់គ្នាកំពុងឈរជំនុំគ្នាលេង និងសើចសប្បាយយ៉ាងមានសេចក្តីសុខ ខ្ញុំបែរជាទទួលអារម្មណ៍ថា មានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះ ដែលកំពុងដើរទាត់សម្បកកំប៉ុង នៅខាងក្រៅចំណោមពួកគេ។
និយាយលាក់បាំងអី ខ្ញុំពិតជាចង់មានទូរស័ព្ទដៃប្រើ ដូចគេឯងណាស់។ តែនៅពេលគ្មានអ្នកទូរស័ព្ទចូល ទើបខ្ញុំសម្រេចចិត្តថា មិនប្រើល្អជាង។ គួរឲ្យខ្មាសអៀនទេ បើមានទូរស័ព្ទប្រើនឹងគេដែរ តែបែរជាគ្មានសំឡេងរោទ៍ទៅវិញនោះ? គ្មាននរណាម្នាក់និយាយជាមួយខ្ញុំទេ ទោះបីជាខ្ញុំនិងគេគ្មានអ្វីខុសប្លែកគ្នាក៏ដោយ។ នេះហើយ ជាមូលហេតុដែលខ្ញុំមិនចង់ទៅមើលកុន ឬទៅថតរូបលេង ព្រោះខ្ញុំគ្មានមិត្តភក្តិទៅជាមួយ!!! ជីវិតខ្ញុំមួយថ្ងៃៗកាន់តែគ្មានន័យទៅៗ ព្រោះពិភពលោកទាំងមូលហាក់ដូចជាគ្មានកន្លែងសម្រាប់ឲ្យខ្ញុំទៅសោះ។
«អ្នកបន្ទាប់ទៀត អានមេរៀនត… ចិន្តនា!»
«…»
«ចិន្តនា!!!… ឮគ្រូហៅទេ???» លោកគ្រូផ្ទួនសម្តីខ្លាំងៗ។ ខ្ញុំភ្ញាក់ក្រញាងពីការស្រមើស្រមៃ …មុននេះលោកគ្រូបានហៅឈ្មោះខ្ញុំ។
«ច៎ាស…???»
«អានមេរៀនតឲ្យខ្លាំងៗ!»
ខ្ញុំចាប់បើកសៀវភៅអានតាមចំណងជើងដែលមាននៅលើក្តារខៀន។ អានមិនទាន់បានប៉ុន្មានផង លោកគ្រូក៏ដើរមកជិតខ្ញុំ ហើយសង្កត់ពាក្យធ្ងន់ៗសួរ៖
«ចិន្តនា?… យល់ភាសាគ្រូនិយាយទេ?!? គ្រូប្រាប់ថាអានឲ្យខ្លាំងៗ!!! អារម្មណ៍បែបមិននៅក្នុងខ្លួនទេ បានជានិយាយស្តាប់គ្នាមិនបានសោះ??? បានហើយ! អ្នកខាងមុខអានត…»
សិស្សក្នុងថ្នាក់សើចលាន់គឹល… ខ្ញុំភ័យមិនប៉ុន្មានទេ តែខ្មាសមិត្តរួមថ្នាក់ឡើងខ្មៅមុខទៅ ហើយ។ បើអាចជ្រែកដីបាន ខ្ញុំនឹងជ្រែកគេចពីភាពអាម៉ាសនេះមិនខាន។
ខ្ញុំជាមនុស្សមិនសូវមាត់ក។ គ្រប់ពេលដែលមាននរណាមកសួរនាំលេង ខ្ញុំតែងតែតក់ស្លុតបាត់ស្មារតីជានិច្ច ព្រោះខ្លាចគេលួចសើចចំអកពីក្រោយខ្នង។ ដូច្នេះនៅពេលមានគេមកជជែកលេងជាមួយ ខ្ញុំតែងតែឲ្យខ្នងគេជានិច្ច ហើយឆ្លើយតបទៅវិញយ៉ាងសោះអង្គើយ។ មិនមែនខ្ញុំជាមនុស្សឆ្មើងឆ្មៃទេ តែខ្ញុំមិនដឹងថាខ្លួនឯង គួរឆ្លើយតបដូចម្តេច និងដើម្បីកុំឲ្យអ្នកដទៃទៀតអាក់អន់ចិត្ត ខ្ញុំក៏សម្រេចចិត្តឈប់និយាយជាមួយនរណាទាំងអស់។
ខ្ញុំធ្លាប់សាកល្បង មកគិតសាជាថ្មីថា ហេតុអ្វីក៏ខ្លួនខ្ញុំក្លាយជាមនុស្សបែបនេះ? ចម្លើយដែលទទួលបាន គឺប្រហែលមកពីខ្ញុំជាមនុស្សត្រង់ពេក ចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនចេះភូតកុហក។ បើគ្រាន់តែសួរនាំគ្នាលេងទូទៅធម្មតាៗ ក៏ខ្ញុំមិនពិបាកឆ្លើយដែរ។ តែនៅពេលដឹងថា អ្នកនោះនិយាយមិនស្មោះត្រង់ ឬគ្រាន់តែនិយាយតាមសុជីវធម៌មនុស្ស សម្តីខ្ញុំនឹងឡើងមកស្ទះត្រង់បំពង់ក ហើយនិយាយលែងចេញភ្លាមៗ។ ខ្ញុំចូលចិត្តនិយាយស្មោះត្រង់ និងពោលពាក្យពិតជាមួយអ្នកដទៃ។ ប៉ុន្តែទម្រាំដឹងខ្លួនថា អ្នកដទៃនោះ គ្រាន់តែនិយាយដើម្បីជាការលេងសើច ក៏នៅពេលឃើញគេទប់សំណើចលែងបានទៅហើយ។
«សក់ទុកម៉ូតបែបនេះ ស្អាតណាស់ ហើយគួរឲ្យស្រឡាញ់ទៀត!»
កាលរៀននៅបឋមសិក្សា មានមិត្តស្រីម្នាក់សរសើរខ្ញុំ ពេលឃើញខ្ញុំកាត់សក់ខ្លីដូចស្រីជប៉ុន។ ពេលឮដូច្នោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ រហូតសម្រេចចិត្តថា នឹងទុកម៉ូតសក់នេះពីរឆ្នាំ តទៅមុខទៀត។ ទម្រាំនឹងខ្ញុំដឹងថា គេម្នាក់នោះគ្រាន់តែនិយាយបញ្ជោរលេង គឺយឺតពេលទៅហើយ ព្រោះខ្ញុំបានរក្សាម៉ូតសក់នេះទុកបានពីរឆ្នាំល្មម។ កាលនោះ ក្រោយពេលយើងចូលរៀននៅវិទ្យាល័យ សិស្សស្រីដដែលនោះ បានកេះមិត្តភក្តិនាងឲ្យចូលទៅជិតខ្លួន ហើយងាកមកមើលខ្ញុំមួយភ្លែត មុននឹងខ្សឹបខ្សៀវប្រាប់គ្នីគ្នា៖
«ហា៎ស!… ហា៎ស!… មើលនាងម្នាក់នោះចុះ ឃើញទុកម៉ូតសក់បែបនេះ តាំងពីយូរមកហើយ មិនឃើញស្អាតត្រង់ណាផង!»
ទោះខ្ញុំមិនចង់ឮ តែពាក្យនេះបានរសាត់មកប៉ះត្រចៀកខ្ញុំទៅហើយ។ ខ្ញុំឧស្សាហ៍ចាញ់បោក ពាក្យបញ្ចើចបញ្ចើបែបនេះ ច្រើនលើកច្រើនសាមកហើយ គឺពូកែផុតលេខតែម្តង អារឿងល្ងង់ៗៗ!!! ពេលត្រូវគេឆលេងបែបនេះម្តងហើយម្តងទៀត ខ្ញុំក៏ក្លាយទៅជាមនុស្សមិនសូវចេះនិយាយស្តី ហើយឆាប់ភ័យតក់ស្លុត ពេលជួបនិយាយជាមួយនរណាម្តងៗ។
តាំងពីមករៀននៅវិទ្យាល័យនេះ ខ្ញុំមិនទាន់ស្គាល់មិត្តភក្តិណាម្នាក់ឡើយ។ ទីបំផុតខ្ញុំក៏ក្លាយជាមនុស្សម្នាក់ ដែលខុសប្លែកពីគេឯងគ្រប់ៗគ្នា។ ថ្វីបើខ្ញុំកំពុងអង្គុយនៅក្នុងថ្នាក់រៀន តែខ្ញុំបែរជាមានអារម្មណ៍ថា ខ្លួនឯងកំពុងអង្គុយនៅខាងក្រៅថ្នាក់ តែម្នាក់ឯងទៅវិញ។ ជាពិសេសពេលឈប់សម្រាកចេញលេង ជាពេលដ៏ចង្អៀតចង្អល់បំផុតចំពោះខ្ញុំ ព្រោះនៅពេលដែលមិត្តរួមថ្នាក់ អង្គុយចាប់ក្រុមជជែកគ្នាយ៉ាងសប្បាយរីករាយ ខ្ញុំបែរជាត្រូវមកអង្គុយយ៉ាងស្ងៀមស្ងាត់ម្នាក់ឯងទៅវិញ។ បើសភាពនៅក្នុងថ្នាក់រៀនកាន់តែអ៊ូអរខ្លាំងប៉ុណ្ណា អារម្មណ៍ឯកោកណ្តោចកណ្តែងជុំវិញខ្លួនខ្ញុំ ក៏កាន់តែកើនទ្វេឡើងទៅតាមនោះដែរ។
ខ្ញុំធ្លាប់គិតថា សម័យនេះទៅហើយ បើនរណាគ្មានទូរស័ព្ទប្រើ គឺហាក់ដូចជាបញ្ជាក់ប្រាប់ថា មនុស្សម្នាក់នោះ ជាមនុស្សដែលគ្មានគេរាប់រក ពោលគឺគ្មានមិត្តភក្តិ។ បញ្ហានេះធ្វើឲ្យខ្ញុំគិតហើយគិតទៀត… រឿងដែលខ្ញុំមិនអាចនិយាយជាមួយអ្នកដទៃបានដូចគេឯងទូទៅ គឺជាភាពខុសប្រក្រតីខាងផ្លូវចិត្តមួយប្រភេទ ដែលធ្វើឲ្យខ្ញុំគិតថា ខ្លួនឯងគឺជាមនុស្សដែលមិនសូវគ្រប់ទឹក។ ជានិច្ចកាលពេលនៅក្នុងថ្នាក់រៀន បើគ្មាននរណាមកនិយាយលេងជាមួយក្តី ក៏ខ្ញុំតែងតែក្លែងធ្វើជាមិនចាប់អារម្មណ៍ បើទោះជានៅក្នុងចិត្តតែងគិតជានិច្ចថា ប្រសិនបើខ្ញុំអាចមិនអើពើនឹងរឿងនេះបានពិតមែន មិនដឹងជាល្អយ៉ាងណាទេ។ ក្រៅពីនេះនៅពេលឃើញមិត្តរួមថ្នាក់ស្រីៗ កាន់ទូរស័ព្ទដែលមានបន្តោងភ្លើងភ្លឺភ្លឹបភ្លែតៗ គួរឲ្យស្រឡាញ់ និងមានស្ទីកកឺស្អាតៗបិទយ៉ាងប្រណីតគួរឲ្យទាក់ភ្នែក ខ្ញុំតែងមានអារម្មណ៍ជ្រួលច្រាលគ្រប់ពេល ស្ទើរតែទប់ចិត្តខ្លួនឯងមិនបាន។ ខ្ញុំចូលចិត្តគិតជានិច្ចថា មិត្តរួមថ្នាក់ស្រីៗទាំងនោះ ប្រាកដជាមានមិត្តភក្តិច្រើនមិនខាន ហើយប្រហែលជាពួកគេបានកត់លេខទូរស័ព្ទ របស់មិត្តភក្តិដទៃទៀតទុកច្រើនណាស់ហើយមើលទៅ។ គិតបែបនេះពេលណា ខ្ញុំស្ទើរតែស្រែកយំចេញមកគ្រប់ពេល ព្រោះតែសេចក្តីច្រណែន និងការតូចចិត្តចំពោះខ្លួនឯង។
នៅចន្លោះម៉ោងសម្រាកថ្ងៃត្រង់ ខ្ញុំតែងតែទៅបណ្ណាល័យជានិច្ច ព្រោះនៅក្នុងថ្នាក់រៀនគ្មានកន្លែងសម្រាប់ខ្ញុំទេ។ នៅក្នុងវិទ្យាល័យនេះ ប្រហែលជាមានតែបណ្ណាល័យមួយកន្លែងប៉ុណ្ណោះ ដែលចាំបើកដៃទទួលស្វាគមន៍ខ្ញុំ។ បណ្ណាល័យដ៏សែនស្ងប់ស្ងាត់នេះ មានបង្អួចបួនបើកចំហជានិច្ច ដើម្បីឲ្យខ្យល់អាកាសចេញចូលស្រួល។ ខ្ញុំចូលចិត្តរើសកន្លែងអង្គុយ ដែលគ្មានបង្អួចនៅជិត ព្រោះខ្ញុំជាមនុស្សចាញ់អាកាសធាតុណាស់។ ខ្ញុំអាចនឹងគ្រុនផ្តាសាយបានយ៉ាងងាយ ប្រសិនបើខ្ញុំអង្គុយនៅមាត់បង្អួច ដែលស្ថិតនៅក្នុងរដូវមានភ្លៀង ឬរដូវធ្លាក់ខ្យល់រងារ។ តុដែលខ្ញុំជ្រើសរើសសម្រាប់អង្គុយអាន ភាគច្រើននៅកៀនជ្រុងទូសៀវភៅដែលងងឹតៗ មិនសូវមានមនុស្សដើរឆ្លងកាត់ច្រើន។ ក្នុងរយៈពេលជាងមួយម៉ោង មុននឹងចូលរៀនពេលរសៀល ខ្ញុំចូលចិត្តអង្គុយអានរឿងខ្លីៗ និងប្រលោមលោកផ្សេងៗ ដែលសុទ្ធសឹងជារឿងធ្លាប់អានអស់ជាច្រើនចប់ទៅហើយ។ ខ្ញុំអានវាច្រំដែលៗ មួយចប់ហើយមួយចប់ទៀត ឬបើមិនអាន ក៏ខ្ញុំទ្រាំអង្គុយងោកផ្ងក់ៗ ដើម្បីស៊ីពេលវេលាឲ្យអស់ទៅទទេៗដែរ។
មានថ្ងៃមួយនោះ នៅពេលបិទភ្នែកមួយស្រឡេត ខ្ញុំក៏ចាប់ផ្តើមសាកល្បងគិតទៅដល់រូបរាងទូរស័ព្ទដែលខ្លួនឯងប្រាថ្នាចង់បាន។ ប្រសិនបើខ្ញុំមានសិទ្ធិ អាចទិញទូរស័ព្ទប្រើដូចអ្នកដទៃ តើខ្ញុំគួរយកបែបណាល្អ?… មួយរយៈនេះ ខ្ញុំគិតដល់រឿងដដែលៗនេះ ញឹកញាប់ណាស់។ តែវាក៏មិនបានសាងភាពក្តៅក្រហាយដល់នរណាដែរ ព្រោះវាគ្រាន់តែជាការស្រមើស្រមៃផ្ទាល់ខ្លួន របស់ខ្ញុំប៉ុណ្ណោះ។ ក្រៅពីនោះ អ្វីៗក៏ដំណើរការទៅតាមមនោគតិរបស់ខ្ញុំទាំងអស់។ ខ្ញុំមិនចាំបាច់ខ្វាយខ្វល់ឡើយថានឹងមានភាពខុសប្រក្រតីណាមួយកើតឡើងទេ។
«យកពណ៌សល្អជាង! ទំហំតូចល្មមបានហើយ។ ឯរូបរាងនិងផ្ទៃខាងក្រៅ គួរតែរាបស្មើ ហើយភ្លឺរលោងស្អាតទើបល្អ…»
ខ្ញុំស្រាប់តែចាប់ផ្តើមមានក្តីសុខ នឹងភាពរវើរវាយឃើញទូរស័ព្ទដៃ ដែលខ្លួនចង់បាន រហូតពេលខ្លះអត់ទ្រាំញញឹមម្នាក់ឯងមិនបាន។ ការប្រើមនោរម្មណ៍បែបនេះ មានភាពសំខាន់ខ្លាំងណាស់ចំពោះជីវិតខ្ញុំ។
ជារៀងរាល់ថ្ងៃ ពេលផុតម៉ោងរៀន ខ្ញុំតែងតែបាត់ខ្លួនពីក្នុងថ្នាក់លឿនបំផុត។ មិនមែនមានន័យថា ខ្ញុំដើរលឿនជាងគេនោះទេ តែព្រោះខ្ញុំមិនបាននៅជំនុំគ្នាលេងជាមួយមិត្តភក្តិ ដូចគេឯងឯ ទៀតៗ។ ណាមួយមកពីគ្មានអ្នកលេងជាមួយផង ទើបឲ្យតែចេញពីរៀនភ្លាម ខ្ញុំក៏ប្រញាប់ដើរឱបដៃឈ្ងោកមុខសំដៅមកផ្ទះតែឯកឯងជារឿយៗ។
ថ្ងៃនោះ តាមផ្លូវមកផ្ទះ ខ្ញុំបានឆៀងចូលហាងលក់ទូរស័ព្ទដៃមួយកន្លែង ដើម្បីចូលយកក្រដាសឃោសនាលក់ទូរស័ព្ទថ្មីៗ ជាច្រើនសន្លឹកត្រឡប់មកផ្ទះជាមួយផង។ តាមផ្លូវលើរថយន្តក្រុង ខ្ញុំគិតតែពីផ្តោតអារម្មណ៍សម្លឹងមើលទូរស័ព្ទថ្មីៗទំនើបៗ លើផ្ទាំងក្រដាសទំាំងនោះដោយមិនដាក់ភ្នែក។ សំនួនឃោសនាពីរោះៗ ដែលអធិប្បាយទាក់ទាញអតិថិជន ធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយរវល់តែភ្លើតភ្លើន ដិតអារម្មណ៍នឹងភាពទាន់សម័យរបស់ទូរស័ព្ទទាំងនោះ ខ្ញុំអង្គុយរហូតភ្លេចខ្លួនទៅហើយថា ឡានក្រុងបានរត់មកដល់គោលដៅ ដែលខ្ញុំត្រូវចុះទៅហើយ។ តាមផ្លូវទៅកាន់ផ្ទះខ្ញុំ ត្រូវឆ្លងកាត់សួនកុមារសាធារណៈមួយ ដែលជាទូទៅពេលល្ងាចដូច្នេះ តែងមានក្មេងៗមកលេងកម្សាន្តនៅទីនេះយ៉ាងកុះករមិនសូវដាច់។ ប៉ុន្តែដោយមុននេះភ្លៀងទើបតែធ្លាក់ហើយថ្មីៗ ហើយដីក៏នៅមិនទាន់បាត់សើមទៀតនោះ ទើបសភាពស្ងាត់ជ្រងំ បានចូលមកគ្របដណ្តប់សួនទាំងមូល ឲ្យនៅកណ្តោចកណ្តែងតែម្នាក់ឯង។ ក្រៅពីសូរសម្រឹបជើងរបស់ខ្ញុំ គ្មានឮសំឡេងអ្វីទៀតទេ ប៉ុន្តែភ្លាមនោះ…
«ទីត!… ទីត!… ទីត!… ទីត!…»
សំឡេងទូរស័ព្ទមួយបានរោទ៍ឡើង។ តើជារបស់នរណា? របស់ខ្ញុំ? ទេ! មិនមែនទេ ទោះបីទីនេះមានតែខ្ញុំម្នាក់ឯងក៏ដោយ។ ដំណើរខ្ញុំបានផ្អាក សូរសម្រឹបជើងខ្ញុំក៏បាត់ឮ។ ប៉ុន្តែសំឡេងទូរស័ព្ទនោះ នៅតែលាន់ឮឥតឈប់។ ខ្ញុំក៏សម្រេចចិត្តដើររកប្រភពសំឡេង។
«ឃើញហើយ!!! អ្ហ៎ា!… ទូរស័ព្ទដែលខ្ញុំតែងស្រមៃចង់បាន!!»
ខ្ញុំប្រទះឃើញទូរស័ព្ទមួយ កំពុងរោទ៍ចោលគ្មានអ្នកលើក នៅក្បែរបង្គោលទោងក្មេងលេង។ ទូរស័ព្ទនោះរាងតូចច្រឡឹងសស្អាត ដូចគ្រប់យ៉ាងនឹងទូរស័ព្ទដែលខ្ញុំតែងលួចប្រាថ្នាចង់ប្រើ។
«គួរឲ្យស្រឡាញ់ណាស់! នរណាហ្ន៎… ធ្វើឲ្យជ្រុះ?»
ខ្ញុំគិតនៅក្នុងចិត្ត នៅពេលរើសវាមកមើល។ ទម្ងន់វាស្រាលល្មមខ្ញុំប្រើបាន។ ប៉ុន្តែនៅពេលខ្ញុំចាប់វាបើកបម្រុងចុចទទួល ខ្ញុំក៏ដឹងថា វាគ្រាន់តែជារបស់ក្មេងលេងប៉ុណ្ណោះ។ នៅពេលមើលគ្រប់ទិសទី មិនឃើញមាននរណានៅក្បែរនោះ ដែលសម្គាល់ថាជាម្ចាស់របស់ទូរស័ព្ទនេះ ខ្ញុំក៏រើសយកវាមកទុក។
ប៉ានិងម៉ាក់តែងត្រឡប់មកផ្ទះយប់ៗរាល់ថ្ងៃ ហើយខ្ញុំក៏ជាកូនទោលតែម្នាក់ ដូច្នេះពេលបើកទ្វារចូលដល់ក្នុងផ្ទះកាលណា ភាពឯកាកណ្តោចកណ្តែងតែងនៅរង់ចាំខ្ញុំជានិច្ច។ ខ្ញុំដើរសំដៅទៅបន្ទប់ផ្ទាល់ខ្លួន ហើយទុកទូរស័ព្ទជ័រនោះនៅលើតុ។ នៅពេលផ្តោតភ្នែកមើលទៅកូនទូរស័ព្ទនោះ ខ្ញុំក៏នឹកស្រមៃទៅដល់ទូរស័ព្ទដែលខ្លួនចង់បាន ដូចពេលធ្វើនៅក្នុងបណ្ណាល័យ។ ខ្ញុំសាកល្បងប្រើមនោគតិឲ្យទូរស័ព្ទដែលនិម្មិតឃើញនោះ ដូចរបស់ពិតគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន។ ទូរស័ព្ទនោះហាក់ដូចជាកំពុងស្ថិតនៅនឹងមុខខ្ញុំ។ វាជាទូរស័ព្ទដៃខ្នាតតូច លើអេក្រង់មាននាឡិកាឌីជីថលប្រាប់ម៉ោងដូចទូរស័ព្ទពិតៗគ្រប់ប្រការ ហើយថែមទាំងមានភ្លើងពណ៌ខៀវលេចឡើងលើផ្ទៃអេក្រង់ សម្រាប់ទុកមើលពេលនៅទីងងឹតទៀតផង។ ខ្ញុំចុចយកភ្លេងហៅចូល ជាភ្លេងក្នុងសម័យសង្គមចាស់ ដ៏ល្បីល្បាញ ប្រកបដោយទំនុកយ៉ាងពីរោះរណ្តំ។ សំឡេងម៉ាក់ទើបតែត្រឡប់មកពីធ្វើការ បានដាស់អារម្មណ៍ខ្ញុំឲ្យត្រឡប់ចូលពិភពពិតវិញ។ ទូរស័ព្ទកូនក្មេងដែលខ្ញុំទើបតែរើសបាននោះ មិនដឹងជារត់មកស្ថិតនៅក្នុងដៃខ្ញុំ តាំងពីថ្មើរណា? មុននេះ ខ្ញុំទុកវានៅលើតុសោះ ហេតុអ្វីពេលនេះវាមកនៅក្នុងដៃខ្ញុំទៅវិញ? ចម្លែកណាស់! តើខ្ញុំយកវាមកកាន់លេងតាំងពីពេលណា??? …នៅពេលលើកដៃមើលនាឡិកា ទើបដឹងថា ខ្ញុំរវល់នឹងការស្រមើស្រមៃអំពីរឿងទូរស័ព្ទ អស់រយៈពេលពីរម៉ោងដោយមិនដឹងខ្លួន។
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំប្រើមនោគតិគិតទៅដល់ ទូរស័ព្ទដៃរបស់ខ្ញុំគ្រប់ពេលវេលា មិនថាជាពេលរៀន ឬពេលសម្រាកញ៉ាំបាយនោះទេ។ វាជាទូរស័ព្ទដៃខ្នាតតូចពណ៌ស រូបរាងច្រឡឹងស្រស់ស្អាត ផ្ទៃខាងក្រៅរលោងភ្លឺ បើបានសាកចាប់កាន់មើលនឹងដឹងថា ទម្ងន់ស្រាលហួសពីការស្មាន ហើយថែមទាំងងាយកាន់ថ្នឹកដៃទៀតផង។ ប៉ុន្តែទោះបីជាខ្ញុំឃើញស្តែងនឹងភ្នែកបែបនេះក៏ដោយ ក៏វានៅតែជា ទូរស័ព្ទដែលនិម្មិតឃើញក្នុងអារម្មណ៍ដដែល។ ខ្ញុំមិនអាចចាប់កាន់វា យកមកប្រើទាក់ទងគ្នា ដូចរបស់ពិតបានឡើយ។ នេះគ្រាន់តែជាការគិតមួយប៉ុណ្ណោះ… ប៉ុន្តែបើខ្ញុំសាកល្បង លូកដៃទៅកាន់ទូរស័ព្ទ ដែលស្ថិតនៅក្នុងមនោគតិនោះសាកមើល តើខ្ញុំនឹងទទួលអារម្មណ៍យ៉ាងណា?
នៅទីបំផុត ខ្ញុំក៏ចាប់ផ្តើមទទួលអារម្មណ៍ថា ទូរស័ព្ទមួយគ្រឿងនោះ ស្ថិតនៅក្នុងប្រអប់ក្បាលរបស់ខ្ញុំគ្រប់ពេល មិនថាពេលដេកលក់ ឬភ្ញាក់ទេ។ ថ្វីបើភ្នែកកំពុងសម្លឹងមើលរបស់ផ្សេង តែរូបភាពនៅក្នុងចិត្ត នៅដិតជាប់ជារូបទូរស័ព្ទពណ៌សនោះដដែល។ ខ្ញុំផ្ទាល់ក៏ប្រាប់មិនត្រូវដូចគ្នា ថាខ្លួនឯងចាប់ផ្តើមមានអារម្មណ៍ មើលឃើញទូរស័ព្ទមួយគ្រឿងនោះ មានរូបរាងច្បាស់ឡើងៗតាំងពីពេលណាមកដែរ។ សង្ស័យនៅពេលរើសបានទូរស័ព្ទមួយនោះទេដឹង? ព្រោះវាដូចគ្នាខ្លាំងណាស់ទៅនឹងទូរស័ព្ទដែលខ្ញុំនឹកស្រមៃរាល់ថ្ងៃ។ គ្រាន់តែថាវាប្រើមិនបានដូចទូរស័ព្ទរបស់គេរាល់គ្នាតែប៉ុណ្ណោះ។
តាមធម្មតាខ្ញុំចូលចិត្តនៅម្នាក់ឯង ស្ទើរតែគ្រប់ពេលវេលាទៅហើយ ដែលជាហេតុបង្កឲ្យខ្ញុំងាយស្រួលក្នុងការមមៃមើលទូរស័ព្ទ ដែលខ្លួនឯងនិម្មិតឡើងដោយគ្មាននរណាមករំខាន។ ខ្ញុំអត់ទ្រាំសប្បាយចិត្តមិនបានគ្រប់ពេល កាលបើគិតថា វាជាទូរស័ព្ទរបស់ខ្ញុំតែម្នាក់គត់ ហើយថែមទាំងជាស៊េរី ដែលគ្មាននរណាមានដូចទាំងអស់។ ខ្ញុំស្ទាបអង្អែលផ្ទៃរលោងខាងក្រៅរបស់វា ច្រើនលើកច្រើនសានៅក្នុងមនោរម្មណ៍… ថ្មមានគ្រប់គ្រាន់មិនចាំបាច់សាក អេក្រង់ភ្លឺរហូតមិនចាំបាច់យកដៃទៅចុចនាំតែ ប្រលាក់ ចំណែកចលនាលេខនាឡិកា ក៏នៅធ្វើការជាប់ជានិច្ច ហើយដើរយ៉ាងទៀងទាត់ពេលវេលា។ នៅក្នុងខួរក្បាលរបស់ខ្ញុំ ទូរស័ព្ទមួយគ្រឿងនេះ ហាក់ដូចជារបស់ពិតខ្លាំងណាស់ រហូតខ្ញុំលែងនឹកគិតទៀតថា វាគ្រាន់តែជារបស់ដែលនិម្មិតឡើងមកប៉ុណ្ណោះ។
ព្រឹកថ្ងៃមួយ នៅក្នុងខែតុលា…
ថ្ងៃនោះ អាកាសធាតុត្រជាក់ស្រឹប ទិដ្ឋភាពនៅខាងក្រៅបង្អួចស្ងប់ស្ងាត់ ផ្ទៃមេឃស្រទុំគ្មាន ពន្លឺ។ ថ្ងៃដែលមេឃអាប់រស្មីមួយថ្ងៃទៀត កំពុងនឹងរំកិលខ្លួនមកដល់ហើយ។ សំឡេងទូរស័ព្ទរោទ៍បានដាស់ខ្ញុំឲ្យភ្ញាក់ងើបចេញពីគ្រែ។ ខ្ញុំប្រញាប់ប្រញាល់រកមើលប្រភពទូរស័ព្ទ ដែលរោទ៍នោះ។ នៅលើតុទូរស័ព្ទសតូចច្រឡឹងមួយ កំពុងរោទ៍បញ្ចេញភ្លើងហ្វាភ្លឹបភ្លែតៗ។ រំពេចនោះនាឡិការោទ៍ក៏លាន់ឮ ដែរ។ ខ្ញុំប្រញាប់បិទវាភ្លាមៗ ដើម្បីកុំឲ្យប្រជែងរោទ៍នឹងសំឡេងទូរស័ព្ទ។ ស្រាប់តែសំឡេងនាឡិកាស្ងាត់ សំឡេងទូរស័ព្ទក៏ដាច់ដែរ។ ខ្ញុំក្រឡេកមើលទៅលើតុ ទូរស័ព្ទនោះស្រាប់តែបាត់ទៅណាក៏មិន ដឹង។ ឬមួយខ្ញុំច្រឡំសំឡេងនាឡិការោទ៍ ថាជាសំឡេងទូរស័ព្ទ? បើដូច្នោះមែន តើទូរស័ព្ទដែលខ្ញុំរើសបាននោះ បាត់ទៅណាដែរ?…
ខ្ញុំប្រញាប់រៀបចំខ្លួនងូតទឹកស្លៀកពាក់ ទាំងនៅមមើមមាយ លក់ពាក់កណ្តាលភ្ញាក់ពាក់ កណ្តាល។ អាកាសធាតុនៅក្នុងបន្ទប់ ត្រជាក់ស្រេបដូចទឹកកក រហូតមានចំហាយពណ៌សអណ្តែតចេញមកភាយៗជាមួយខ្យល់ដង្ហើម។ ខណៈដែលរាងកាយញ័រចំប្រប់ ដោយសារភាពរងារនេះ ខ្ញុំក៏ព្យាយាមរាវរកមើលទូរស័ព្ទ តាមគំនរសៀវភៅក្បែរៗគ្រែទាំងសងខាងផងដែរ។ លុះដល់ពេលត្រូវចុះទៅញ៉ាំអាហារនៅខាងក្រោម ខ្ញុំក៏នៅតែរកទូរស័ព្ទដៃនោះមិនឃើញដដែល។
មានសំឡេងជើងរបស់នរណាម្នាក់ កំពុងឡើងជណ្តើរដើរមក។ ខ្ញុំដឹងថាជាសំឡេងជើងរបស់អ្នកម៉ាក់។
«ចិន្តនា! ព្រឹកហើយណាកូន ភ្ញាក់ឡើង?»
«ច៎ាស… បន្តិចទៀតកូននឹងចុះទៅហើយ! កូនកំពុងរកទូរស័ព្ទណាម៉ាក់ មិនដឹងថាកូនភ្លេចដៃទុកនៅឯណាទេ រកមិនឃើញសោះ…» ខ្ញុំតបទៅម៉ាក់ នៅពេលគាត់គោះទ្វារបន្ទប់ហៅ។
«អ្ហ៎ា!???… កូនទិញទូរស័ព្ទតាំងពីពេលណា ម៉េចក៏ម៉ាក់មិនដឹងសោះអ៊ីចឹង?» សំឡេងបង្កប់ភាពសង្ស័យរបស់ម៉ាក់ បានដាស់សតិរបស់ខ្ញុំ ដែលមិនទាន់ភ្ញាក់ឲ្យភ្លឺស្វាងដូចថ្ងៃរះ។
មែនហើយ! តើខ្ញុំកំពុងរកអ្វី!???… តើខ្ញុំបានទូរស័ព្ទមកពីណា? ខ្ញុំភ្លេចឲ្យឈឹងទៅហើយថា ទូរស័ព្ទដែលខ្ញុំកំពុងរកនោះ គ្រាន់តែជារបស់ដែលនិម្មិតឃើញ តាមការរវើរវាយប៉ុណ្ណោះ។ ធាតុពិតខ្ញុំគ្មានទូរស័ព្ទប្រើទេ! ចុះទូរស័ព្ទដែលខ្ញុំរើសបាននោះ? អម្បាញ់មិញខ្ញុំឃើញវារោទ៍ច្បាស់ណាស់ គឺ រោទ៍នៅលើតុដាក់សៀវភៅនេះ! ចុះឥឡូវបាត់ទៅណាហើយ? ឬមួយហេតុការណ៍ដែលខ្ញុំរើសបានទូរស័ព្ទនោះ ក៏គ្រាន់តែជាការស្រមើស្រមៃដែរ???
ខ្ញុំមិនមែនជាមនុស្សពូកែភ្លេចទេ តែមិនដឹងថាដោយសារហេតុផលអ្វី ទើបធ្វើឲ្យរឿងរ៉ាវបែបនេះកើតឡើងចំពោះខ្ញុំបាន។ មិនតែប៉ុណ្ណោះ នៅល្ងាចថ្ងៃដដែលនោះ ស្រាប់តែមានរឿងស្រដៀងគ្នានេះកើតឡើងម្តងទៀត…
«ចិន្តនា! ថ្ងៃនេះ កូនមិនពាក់នាឡិកាទៅរៀនទេ? ចុះពេលឈរចាំឡានក្រុងម្តងៗ មិនពិបាកស្លាប់ហើយកូន?» ប៉ាម៉ាក់សួរខ្ញុំភ្លាមៗ ពេលពួកគាត់ត្រឡប់មកពីធ្វើការវិញ។
«ច៎ាស! ថ្ងៃនេះកូនភ្លេចពាក់ទៅមែន!???» ខ្ញុំឧទានឡើង បែបតបបន្តិចសួរបន្តិច។
ខ្ញុំស្ទាបកដៃមើល… នាឡិកាខ្ញុំមិនបានពាក់ទៅទេ ប៉ុន្តែពេញមួយថ្ងៃនេះ ខ្ញុំបែរជាមិនបានខ្វាយខ្វល់សូម្បីបន្តិចពីរឿងពេលវេលា។ គួរឲ្យចម្លែកណាស់ដែរ… ព្រោះខ្ញុំហាក់ដូចជាគ្មានការពិបាកអ្វីទាំងអស់ អំពីម៉ោងពេលចាំឡានក្រុង ឬម៉ោងពេលចេញចូលរៀន។ ហេតុអ្វីហ្ន៎?… ខ្ញុំនឹកសង្ស័យ ភ្លាមៗ។ តែមួយដង្ហើមបន្ទាប់មក ខ្ញុំក៏បានចម្លើយ។ គឺព្រោះខ្ញុំមើលម៉ោងតាមអេក្រង់ទូរស័ព្ទ នៅក្នុងមនោគតិរបស់ខ្ញុំនោះអី! ខណៈដែលកំពុងភាន់ភាំងនោះ ខ្ញុំក៏សាកល្បងពិនិត្យមើលម៉ោងតាមទូរស័ព្ទដៃនោះម្តងទៀត។ តើឧបករណ៍ដែលត្រូវបានសាងឡើងមកដោយកម្លាំងមនោមយិទ្ធិ អាចនឹងប្រាប់ពេលវេលា បានត្រឹមត្រូវទេ? នៅលើអេក្រង់ទូរស័ព្ទបានបង្ហាញលេខម៉ោង [8:12] នាទីយប់ យ៉ាងច្បាស់ក្រឡែត។ នៅពេលខ្ញុំងាកទៅមើលនាឡិកា ដែលជារបស់ពិតព្យួរនៅលើជញ្ជាំង ទ្រនិចក៏កំពុងវាត់មកចំម៉ោង [8:12] នាទីល្មម។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបសាកល្បងប្រើម្រាមដៃក្នុងមនោគតិ ចុចប៊ូតុងលើផ្ទៃរលោងរបស់ទូរស័ព្ទនៅក្នុងក្បាលសាកមើល។ សំឡេងលាន់ទីត!!… ទីតៗៗ!… ឮរណ្តំខ្សាវៗនៅក្នុងក្បាលរបស់ខ្ញុំ ហើយវានៅតែបន្តបង្អូសសំឡេងវែងៗ ឆ្ងាយទៅៗ រហូតលែងឮអ្វីសោះ…
***
នៅលើរថយន្តក្រុងតាមផ្លូវត្រឡប់មកផ្ទះ មានសំឡេងទូរស័ព្ទរបស់នរណាម្នាក់ លាន់ឮឡើង។ សំឡេងនោះស្រដៀងគ្នា នឹងសំឡេងនាឡិការោទ៍។ ក្មេងប្រុសម្នាក់ដែលអង្គុយនៅខាងមុខខ្ញុំ ប្រញាប់រាវរកប្រភពសំឡេងនៅក្នុងកាតាបរបស់ខ្លួន។ នៅពេលប្រទះដៃនឹងរបស់ផ្ទុកសំឡេងនោះហើយ គេក៏យកវាមកចុច ហើយដាក់ក្បែរត្រចៀកនិយាយ។ នៅខាងក្រៅរថយន្ត ភ្លៀងធ្លាក់ខ្ជោកៗដូចគេចាក់ ទឹក។ សរសៃទឹកភ្លៀងពណ៌ប្រាក់ ស្រក់បន្តគ្នាបង្កើតបានជាចំហាយអ័ព្ទពណ៌សក្បុស ដែលមិនអាចឲ្យអ្នកដែលជិះក្នុងរថយន្ត មើលឃើញទិដ្ឋភាពខាងក្រៅបាន។ ខ្ញុំសម្លឹងមើលទៅអ្នកជិះជុំវិញខ្លួនយ៉ាងអណ្តែតអណ្តូង ហើយគិតរវើរវាយបណ្តើរ។ អ្នកធ្វើដំណើរនៅក្នុងរថយន្ត ក្រៅពីរូបខ្ញុំ និងក្មេងប្រុសម្នាក់នោះ មានត្រឹមតែអ៊ំស្រីចំណាស់ម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងអង្គុយឱបកន្ត្រកដាក់ឥវ៉ាន់នៅកៅអីខាងក្រោយ។ គាត់ធ្វើមុខធុញទ្រាន់មើលទៅក្មេងប្រុស ដែលកំពុងនិយាយទូរស័ព្ទ។ ខ្ញុំមានអារម្មណ៍វិលវល់ស្មុគស្មាញណាស់ ជាមួយនឹងសុជីវធម៌ ក្នុងការប្រើទូរស័ព្ទនៅតាមទីសាធារណៈ។ មិនថានៅលើរថយន្តក្រុង ឬនៅតាមហាងលក់ទំនិញផ្សេងៗទេ ការប្រើសំឡេងខ្លាំងហួសកម្រិត ក្នុងការនិយាយទូរស័ព្ទ នឹងក្លាយជាការរំខានដល់អ្នកដទៃ។ តែស្របពេលនឹងការគិតឃើញបែបនេះ គំនិតមួយទៀតក៏នឹកឃើញភ្លាមៗថា ខ្លួនឯងធ្លាប់ដេកយល់សប្តិចង់ធ្វើទង្វើបែបនេះ មកយូរណាស់ហើយ។ ខ្ញុំគិតរហូតដេកលង់លក់អស់មួយស្រឡេត ព្រោះអាកាសធាតុនៅក្នុងរថយន្ត ត្រជាក់ស្រួលពេក។ បន្ទាប់មកក៏មានសំឡេងទូរស័ព្ទលាន់ឡើងទៀត។ ដំបូងខ្ញុំគិតថាប្រហែលជាសំឡេងទូរស័ព្ទរបស់ក្មេងប្រុសនោះទៀតហើយ ទើបខ្ញុំមិនចាប់អារម្មណ៍ហើយបិទភ្នែកសម្ងំដេកបន្ត។ តែមិនទាន់បានប៉ុន្មាននាទីផង ខ្ញុំបែរជាមកចាប់អារម្មណ៍នឹងសំឡេងទូរស័ព្ទនោះវិញ។ អារម្មណ៍ងោកងុយទាំងប៉ុន្មានក៏រលាយបាត់អស់… ទ្រនិចនាឡិកាលើដៃខ្ញុំចង្អុលម៉ោង [4:50] នាទី។
សំឡេងទូរស័ព្ទដែលឮឡើងលើកនេះ ខុសប្លែកពីសំឡេងទូរស័ព្ទដែលឮនៅគ្រាមុន។ វាមានទំនុកភ្លេងពីរោះទន់ភ្លន់ ហើយផ្អែមល្ហែមរកថាមិនត្រូវ។ គឺជាបទចម្រៀងពីសម័យសង្គមចាស់ ដែលដកស្រង់ចេញពីខ្សែភាពយន្តដ៏ល្បីល្បាញមួយ ហើយដែលខ្ញុំនៅចាំបានថាធ្លាប់បានឮពីមុនមក។ មែនហើយ!… គឺជាបទចម្រៀងតែមួយ ដែលខ្ញុំបានរក្សាទុកនៅក្នុងទូរស័ព្ទ ដែលខ្ញុំបានស្រមើស្រមៃឡើងនោះឯង។ ចម្លែកណាស់!… វាគឺជាសំឡេងហៅចូល ដែលមានក្នុងទូរស័ព្ទនិម្មិតរបស់ខ្ញុំតើ! ម៉េចក៏…???
«ទូរស័ព្ទនរណាគេអ៊ីចែស???…»
ខ្ញុំសម្លឹងរកមើលមនុស្សនៅក្នុងរថយន្ត ដែលគួរតែមានទូរស័ព្ទប្រើ។ តៃកុងឡាន ក្មេងប្រុស អ៊ំស្រី… ក្រៅពីរូបខ្ញុំហើយ នៅក្នុងរថយន្តមានគ្នាត្រឹមតែបីនាក់នេះប៉ុណ្ណោះ។ តែមើលទៅពួកគេហាក់ដូចជាគ្មាននរណាម្នាក់ កម្រើកខ្លួន ឬធ្វើកាយវិការធុញទ្រាន់នឹងសំឡេងរំខាន ដែលកំពុងលាន់ឮរងំ មិនដាច់សូរនេះសោះ។
«លោកអ៊ំមានឮសំឡេងទូរស័ព្ទរោទ៍ទេ?» ខ្ញុំងាកទៅសួរអ៊ំស្រី ដែលអង្គុយនៅកៅអីខាងក្រោយ ។
«អត់ទេមីនាង…»
មិនអាចទៅរួចទេ ដែលថាពួកគេមិនបានឮ សំឡេងទូរស័ព្ទនេះ។ ខ្ញុំនឹកប្លែកក្នុងចិត្តយ៉ាងខ្លាំង ហើយជាមួយគ្នានោះ អារម្មណ៍មិនស្រួលក៏លេចប្រាកដឡើង។ ខ្ញុំចាប់ផ្តើមនឹកពិភាល់ក្នុងចិត្តភ្លាមៗ… ខ្ញុំមិនដឹងខ្លួនសោះថា ខ្លួនឯងយកដៃទៅចាប់ឱបកាតាបយ៉ាងណែន ដោយក្តីភ័យខ្លាចតាំងពីពេលណាមកទេ។ លុះត្រាតែចង្កោមសោ រូបបន្តោងដូរេម៉ុនដែលព្យួរភ្ជាប់នឹងកាតាប ប៉ះទង្គិចគ្នាលាន់ ក្រិកក្រកៗ… ទើបខ្ញុំភ្ញាក់ស្មារតីដឹងខ្លួន។
ខ្ញុំចាប់ផ្តើមពិនិត្យមើលទូរស័ព្ទដៃ នៅក្នុងមនោគតិរបស់ខ្លួន ដោយសេចក្តីហ៊ានផងខ្លាចផង លាយឡំគ្នា។ ដូចដែលខ្ញុំបានគិតទុកមែន! ទូរស័ព្ទដៃពណ៌សដែលខ្ញុំបាននិម្មិតឡើង មើលទៅហាក់ដូចជាកំពុងទទួលសញ្ញាហៅចូល ហើយបន្តបញ្ជូនសំឡេងរោទ៍មកក្នុងក្បាលរបស់ខ្ញុំ ដើម្បីតឿនប្រាប់ឲ្យដឹងថា មានគេកំពុងទូរស័ព្ទចូលមកហើយ!!!
***
សូមរង់ចាំអានវគ្គបន្ត!
អស្ចារ្យមែនរឿងនេះបង ចាំអានភាគបន្តសិន ហិហិ
ចង់ដឹងថា មនោគតិ ឬ កម្លាំងមនោមយិទ្ធ នឹងមានមែនរឺអត់? ព្រោះឃើញមានសៀវភៅចុះផ្សាយលក់ទៀតអារឿងមនោមយិទ្ធអីនឹង 🙂