វគ្គ១០
សញ្ញាមរណៈ
ពន្លឺព្រះអាទិត្យ ក្នុងពេលព្រឹកចាប់ផ្តើមលេចឡើងនៅបូព៌ាទិស។ ដំណក់ទឹកសន្សើមដែលដក់ជាប់នៅតាមស្លឹកឈើ ចុងស្មៅ ចាប់ផ្តើមរលាយ និងរុះរោយទៅលើដី។ សត្វពពេចយំចេចចាចនៅក្នុងសម្បុក ដើម្បីត្រៀមចេញរកចំណីចិញ្ចឹមជីពជន្ម។ ជំនោរត្រជាក់ក្នុងពេលព្រឹកបក់ត្រសៀកៗ តាមពេលវេលា ដែលកំពុងដើរយ៉ាងយឺតៗ ប្រៀបដូចទ្រនិចនាឡិកាមិនកម្រើកទៅមុខ។ កែវភ្ញាក់ក្រញាងពីសុបិនអាក្រក់។ សំឡេងអ៊ូអរយ៉ាងចម្លែក លាន់ឡើងនៅក្នុងផ្ទះរបស់នាង…
«សំឡេងអ្វីអ៊ីចែស?» នាងរអ៊ូដូចយាយចាស់ មុននឹងឈ្ងោកទៅមើលឃើញមនុស្សម្នាយ៉ាងច្រើនដែលកំពុងរោមមើលអ្វីម្យ៉ាង។ កែវភ្នែករបស់តូចតន់ ចាប់ផ្តើមបើកធំៗ នៅពេលឃើញរថយន្តប៉ូលីស និង ក្រុមភ្នាក់ងារពីរបីរូប កំពុងសែងថង់ប្លាស្ទិកពណ៌សចេញពីក្នុងផ្ទះរបស់នាង។
ជើងរបស់ស្រស់ស្រី ចាប់ផ្តើមត្របាញ់ចេញពីក្នុងបន្ទប់យ៉ាងរហ័ស។ ឈុតគេងពណ៌ទឹកសមុទ្រ មានក្បាច់ផ្កាល្អិតៗ បក់រវិចទៅមកតាមចង្វាក់រត់។ ទឹកមុខដែលងោកងុយមុននេះចាប់ផ្តើមប្រែជាស្លេកស្លាំង ប្រៀបដូចមនុស្សខ្វះអុកស៊ីសែន។ មិនបាច់ប្រាប់ក៏ដឹងថា នៅផ្ទះរបស់នាងមានរឿងធំកើតឡើងដែរ… ច្បាស់ជាមាននរណានៅក្នុងផ្ទះ មានបញ្ហាអ្វីមិនខាន។
នាងបើកទ្វារផ្ទះ ស្ទុះរត់ទៅរកអាណាព្យាបាល។ ស្រ្តីជាម្តាយ គិតតែយំដូចមនុស្សវង្វេងស្មារតី ចំណែកលោកប៉ាដែលជាមេគ្រួសារ បានត្រឹមតែឈរឱបភរិយា មិននិយាយអ្វី។ ហេតុការណ៍ចំពោះមុខបង្កភាពងឿងឆ្ងល់ចំពោះនាងយ៉ាងខ្លាំង។
«ប៉ា… ម៉ាក់…» សំឡេងនាងញ័រ មុននឹងសម្លឹងទៅមើលរាងកាយនៅក្នុងថង់ប្លាស្ទិកសស្អាត ប៉ុន្តែប្រឡាក់ប្រឡូសទៅដោយ កំណកឈាមរបស់មនុស្សគ្មានវិញ្ញាណដែលដេកស្តូកស្តឹងនៅក្នុងនោះ។
នៅពេលមិនបានចម្លើយ ពីអ្នកមានគុណទាំងពីរ ស្រីកែវសម្រេចចិត្តដើរកាត់ហ្វូងមនុស្សទាំងឡាយទៅកាន់រថយន្តនោះ មុននឹងខ្សែភ្នែកក្រឡេកទៅឃើញចម្លើយ ដែលនាងកំពុងសង្ស័យ។ រាងកាយដែលដេកនៅក្រោមកំណាត់ស បិទភ្នែកជិតឈឹងដោយក្តីសុខដែលអ្នកដទៃមើលមិនយល់។
«បងភក្ត្រ!!!» តូចតន់ស្ទើរតែបាត់ស្មារតី។ នាងប្រញាប់ស្ទុះទៅឱបបងប្រុសដែលពេលនេះបានក្លាយជាសាកសពទៅហើយ តែក្រុមភ្នាក់ងារប៉ូលីសបានឃាត់នាងទុក ព្រោះខ្លាចប៉ះពាល់ដល់ការធ្វើការរបស់ពួកគេ។ ដៃជើងរបស់នាងញ័រទទ្រើក តែក៏ប្រឹងរើបំរះពីក្រុម ប៉ូលីសដូចមនុស្សវិកលចរិត។ កែវភ្នែកដែលដិតដាមដោយក្រាមទឹកភ្នែកនៃភាពសោកសៅ បានត្រឹមតែសម្លឹងមើលរាងកាយរបស់បងប្រុសពីចម្ងាយ។
នាងធ្វើបានត្រឹមតែប៉ុណ្ណោះពិតមែន។
«កែវ…!!» សំឡេងដែលនាងធ្លាប់ស្គាល់លាន់ឮពីក្រោយខ្នង។ ស្រស់ស្រីប្រញាប់ងាកទៅរកមួយរំពេច ហើយរើខ្លួនចេញពីក្រុមប៉ូលីស រត់ទៅឱបម្ចាស់សំឡេងនោះយ៉ាងណែន។
«ចន្ទ… បងភក្ត្រ… បងភក្រ្តស្លាប់ហើយ…!» សំឡេងដែលញ័ររញ្ជួយរបស់នាង ស្ទើរតែធ្វើឲ្យដួងចន្ទស្រក់ទឹកភ្នែកយំដែរ។ ដួងចន្ទ បានត្រឹមតែយកដៃអង្អែលសក់កែវទៅមកដោយមិននិយាយអ្វី។ អាវនិស្សិតដែលនាងតាំងចិត្តថាស្លៀកពាក់ទៅរៀនក្នុងពេលព្រឹក ពេលនេះសើមជោកដោយទឹកភ្នែករបស់មិត្តសម្លាញ់។
វិនាទីនោះផែនដីទាំងមូលស្ទើរតែឈប់ដើរ។ កែវចង់ឲ្យពេលវេលាត្រឡប់ថយក្រោយវិញ… ប្រសិនបើអាចធ្វើទៅបានដូចនាងគិត នាងនឹងធ្វើល្អចំពោះបងប្រុសឲ្យបានច្រើនជាងនេះ។ នាងនឹងយកពេលទំនេរចូលទៅជិតបងប្រុសឲ្យបានច្រើនជាងនេះ ហើយព្យាយាមធ្វើល្អដូចដើម។ នាងបានត្រឹមតែគិតប៉ុណ្ណោះ ព្រោះនៅក្នុងលោកសត្យានុម័តិ ពេលវេលាមិនធ្លាប់ដើរថយក្រោយទេ… សំឡេងយំសោករបស់នាង នៅតែបន្តឮដូច្នោះ រហូតទាល់តែខ្លួននាងសន្លប់បាត់ស្មារតី…
១៨. ០០
ពន្លឺចេញពីអំពូលភ្លើងពណ៌សពងមាន់ ធ្វើឲ្យកែវភ្នែករបស់កែវ ភ្លឺច្បាស់បន្តិចម្តងៗបន្ទាប់ពីបើកភ្នែកបានមួយសន្ទុះ។ នាងដោលខ្លួនក្រោកចេញពីគ្រែយឺតៗ។ ឈុតគេងពណ៌ទឹកសមុទ្រ នៅតែស្ថិតលើរាងកាយរបស់នាងដដែល។ ផ្ទះទាំងមូលស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ដែលទំនងជាគ្មាននរណានៅផ្ទះទេ។
«តើខ្ញុំគេងលក់យូរប៉ុណ្ណាហើយ?» នាងទន្ទេញសួរក្នុងចិត្ត។
ខណៈនោះ ខ្សែភ្នែករបស់នាងក្រឡេកទៅឃើញ ស៊ុមរូបថតនៅលើក្បាលដំណេក… រូបថតរបស់នាង និង លក្ខណ៍ ដែលញញឹមយ៉ាងមានសេចក្តីសុខបំផុតនៅក្នុងពេលនោះ។ ប៉ុន្តែពេលនេះ មនុស្សដែលនាងស្រឡាញ់បំផុតទាំងពីរនាក់ លែងនៅលើលោកនេះទៀតហើយ មិនថាមិត្តសម្លាញ់ស្លាប់រស់ដូចលក្ខណ៍ និង សុភក្ត្រ បងប្រុសតែម្នាក់ដែលនាងគោរពស្រឡាញ់បំផុត។
ជើងទាំងពីររបស់នាងប្រឹងទប់ខ្លួនឈរ ដើម្បីដើរចុះទៅខាងក្រោម។ កូនសំបុត្រតូចមួយរបស់ប៉ាម៉ាក់នាង សរសេរបិទទុកនៅលើទូទឹកកក។ ដៃវៀវវែងទាញក្រដាសនោះចេញមកដើម្បីអានខ្លឹមសារដែលលោកទាំងពីរផ្តាំផ្ញើ។
«កែវ, ប៉ានិងម៉ាក់នាំគ្នាទៅបុណ្យសពរបស់កូននៅឯវត្ត… កូនមិនស្រួលខ្លួន សម្រាកនៅផ្ទះសិនចុះ ចាំយប់បន្តិច ប៉ានិងម៉ាក់ នឹងប្រញាប់មកវិញ ក្រោយពីចាត់ចែងកិច្ចការរួច។ ម្ហូបអាហារនៅក្នុងទូទឹកកក បើកូនឃ្លានដាក់កម្តៅញ៉ាំចុះ មិនបាច់ចាំប៉ាម៉ាក់ទេ។»
«បងភក្រ្ត…» ទឹកភ្នែកនៃសេចក្តីសោកស្តាយចាប់ផ្តើមហូរមកម្តងទៀត។ នាងស្រុតខ្លួនចុះអង្គុយក្បែរទូទឹកកក។ ដៃក្តាប់ក្រដាសមូរខ្ញុកខ្ញូវ។ នាងអង្គុយឱបជង្គង់ខ្លួនឯង មុននឹងឈ្ងោកមុខជ្រប់លើក្បាលជង្គង់។ សំឡេងយំខ្សឹកខ្សួលលាន់រងំនៅក្នុងផ្ទះ តែគ្មាននរណាដឹងឮពីអារម្មណ៍របស់នាងនៅពេលនេះ។
នាងត្រូវតែដឹងឲ្យបានថា តើនរណាដែលធ្វើឲ្យបងប្រុសរបស់នាងក្លាយជាបែបនេះ? បើចាប់បានថា នរណាជាជនដៃដល់នៅក្នុងរឿងព្រៃផ្សៃទាំងអស់នេះ នាងពិតជាមិនព្រមលែងដាច់ខាត…
គំនិតផ្សេងៗ ចាប់ផ្តើមលេចឡើងតាមឥន្ទ្រិយារម្មណ៍ទាំងប្រាំរបស់នាង។ រំពេចនោះស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំង ផ្ទប់បង្អួចដែលបើកចោល ធ្វើឲ្យរបស់អ្វីម្យ៉ាងធ្លាក់បែកខ្ចាយខ្ទរមកដល់ក្រោម។
ប្រាវ!!!
ស្រស់ស្រីភ្ញាក់ពីអារម្មណ៍រវើរវាយដោយក្តីតក់ស្លុត។ នាងប្រញាប់ស្ទុះក្រោកឡើងទៅមើលក្នុងបន្ទប់តាមសំឡេងធ្លាក់។ សំឡេងនេះច្បាស់ជាចេញពីបន្ទប់គេងរបស់នាង ហើយរបស់ដែលធ្លាក់បែកនោះគ្មានអ្វីក្រៅពី…។ កែវបញ្ឈប់ការសន្និដ្ឋាននៅត្រង់នេះ មុននឹងរុញទ្វារបន្ទប់ចូលទៅ។ កម្ទេចកញ្ចក់ស៊ុមរូបថត បែកខ្ចាត់ខ្ចាយពេញកម្រាលបន្ទប់។ ស្រីកែវឈរភ្លឹកភ្លាំងសម្លឹងទៅកាន់រូបថត ដែលមានអម្បែងកញ្ចក់រាយពីលើ។ នាងដើរយឺតៗយ៉ាងប្រយ័ត្នប្រយែងដើម្បីកុំឲ្យមុតអម្បែងកញ្ចក់ ហើយឈ្ងោកទៅរើសរូបថតមកកាន់នៅក្នុងដៃ។រូបភាពរបស់ក្មេងស្រីទាំងប្រាំមួយនាក់ ដែលថតរូបជាមួយគ្នាកាលរៀននៅថ្នាក់ទីប្រាំ ដោយមានទេសភាពខាងក្រោយ ជាសាលាបឋមសិក្សាដីក្រហម។ រូបភាពរបស់ក្មេងស្រីម្នាក់នៅក្នុងក្រុម ធ្វើឲ្យនាងរវើរវាយនិយាយប្រយោគមួយចេញមកតិចៗ។
«សង្ឃឹមថាមិនមែនជាឯងទេ… លក្ខណ៍!»
…
មនុស្សម្នា ចាប់ផ្តើមចូលមកក្នុងបរិវេណ ពិធីបុណ្យសពរបស់សុភក្ត្រ កាន់តែច្រើនឡើងៗ បន្ទាប់ពីពិធីចាប់ផ្តើមបានប្រហែលកន្លះម៉ោង។ យានយន្តចាប់ផ្តើមរកកន្លែងចតយ៉ាងវីវក់។ ដោយសារប៉ាម៉ាក់របស់សុភក្ត្រ និង ស្រីកែវ ជាមន្ត្រីរាជការក្នុងក្រសួងអប់រំ ទើបធ្វើឲ្យស្គាល់បណ្តាលោកគ្រូអ្នកគ្រូ និងសាស្ត្រាចារ្យនានាមកពីសាលាផ្សេងៗជាច្រើន ហើយភ្ញៀវដែលមកពិធីបុណ្យសពនេះភាគច្រើន សុទ្ធសឹងជាមន្ត្រីរាជការទាំងអស់។ គ្រប់គ្នាសុទ្ធតែស្លៀកពាក់ស និងខ្មៅដើម្បីឲ្យស័ក្តិសមនឹងពិធីដ៏សែនក្រៀមក្រំមួយនេះ។
មិនមែនមានតែមន្ត្រីរាជការដែលជាមិត្តភក្តិ និង អ្នកស្គាល់គ្នារបស់អាណាព្យាបាលប៉ុណ្ណោះទេ នៅមានមិត្តភក្តិរបស់សុភក្ត្រកាលរៀននៅថ្នាក់ទី៩ និងមិត្តរបស់កែវដែលមកក្នុងពិធីបុណ្យសពនេះដែរ។ សំឡេងស្មូតទួញយំអណ្តឺតអណ្តក លាន់រងំពេញបរិវេណវត្តទាំងមូល។ ភាពសោកសៅ ការសោកស្តាយ ចំពោះការចាកចេញទៅយ៉ាងតក់ក្រហល់របស់សុភក្ត្រ ធ្វើឲ្យគ្រប់គ្នាមិនអាចត្រៀមកាយត្រៀមចិត្ត ចំពោះហេតុការណ៍នេះបានទេ។ មិននឹកស្មានថា សុភក្ត្រគិតខ្លី ធ្វើរឿងឆ្កួតៗដោយវិធីសម្លាប់ខ្លួន របស់មនុស្សកម្សាក បែបនេះសោះ។
«មិនដឹងអាភក្រ្តវាគិតយ៉ាងម៉េច បានជានៅសុខៗ ក្រោកមកយកកាំបិទ ចាក់សម្លាប់ខ្លួនឯងបែបនេះ!» កំលោះសក់រួញអង្គាដីម្នាក់ និយាយជ្រែកកាត់សំឡេងសូត្រធម៌របស់ព្រះសង្ឃនៅក្នុងវត្ត ប៉ុន្តែសំឡេងនោះនិយាយខ្សឹបៗដើម្បីស្តាប់ឮតែគ្នាឯងប៉ុន្មាននាក់ប៉ុណ្ណោះ។
«ប្រហែលជាវាខូចចិត្តរឿងស្រីលក្ខណ៍ហើយ! ចុះឯងចាំបាច់សង្ស័យអីណាស់ណាម្ល៉េះចម្រុង?» បុរសមុខឌឺម្នាក់ទៀតងាកមកខ្សឹបដាក់មិត្តភក្តិដែលអង្គុយនៅក្បែរគ្នា។
ថ្ងៃនេះ ជាថ្ងៃដំបូងដែលអតីតមិត្តភក្តិថ្នាក់ទី៩ មកជួបជុំគ្នាច្រើនបំផុត តែមកជួបគ្នាខុសកម្មវិធីបន្តិច…
ទើបតែមកជួបជុំគ្នានៅថ្ងៃបុណ្យសពមិត្តភក្តិ!
ការនិយាយគ្នាស្ងាត់ៗ បែបលាក់លៀមរបស់កំលោះទាំងពីរ លែងក្លាយជាការសន្ទនារបស់មនុស្សពីរនាក់ទៀតហើយ នៅពេលមានអ្នកមកចូលរួមស្តាប់ការសន្ទនានោះ ដោយចៃដន្យ រហូតធ្វើឲ្យនាងដែលជាមនុស្សឆាប់ភ័យឆាប់ខ្លាច យកទៅគិតផ្តេសផ្តាសកាន់តែវែងឆ្ងាយ។
«ប្រាកដជាលក្ខណ៍មែនហើយ… លក្ខណ៍ពិតជាអ្នកសម្លាប់បងភក្រ្តច្បាស់ណាស់…!» សំឡេងញាប់ញ័រ ដោយក្តីភ័យខ្លាចរបស់មយូរ៉ា លាន់ឡើងតិចៗ លាយឡំនឹងទឹកភ្នែកដែលហូរចុះមកគ្រប់ពេលវេលា ខណៈដែលព្រះសង្ឃកំពុងសូត្រមន្ត បន្ទាប់ពីនាងបានឮការសន្ទនារបស់សិស្សច្បងទាំងពីរ។ មិត្តនារីដែលអង្គុយនៅក្បែរនោះ មិនបាននិយាយអ្វីទេក្រៅពីអង្អែលសក់ខ្មៅរលោងរបស់នាងទៅមកយ៉ាងទន់ភ្លន់។
«កុំគិតច្រើនអី មយូរ៉ា តើលក្ខណ៍មកសម្លាប់បងភក្ត្រម្តេចទៅ បើនាងបាត់ខ្លួនតាំងពីដប់ឆ្នាំមុន ហើយក៏គ្មានហេតុផលអ្វី ដែលលក្ខណ៍ត្រូវមកសម្លាប់ បងភក្ត្រដែរ!» ដួងចន្ទព្យាយាមរម្ងាប់អារម្មណ៍របស់ មយូរ៉ា ដែលកំពុងភ័យខ្លាចនឹងអ្វីដែលមើលមិនឃើញ។
រំពេចនោះ ប្រធានបទដែលពួកនាងនិយាយគ្នានៅឯមន្ទីរពេទ្យ ក៏លេចឡើងនៅក្នុងក្បាល។ រឿងដែលថា លក្ខណ៍នឹងត្រឡប់មកគិតបញ្ជីចាស់ជាមួយមិត្តភក្តិតាមពាក្យសន្យាលេងសើច ដែលធ្លាប់និយាយជាមួយកែវ។ ប៉ុន្តែពេលនេះ បែរជាមិនទាន់មាននរណាហ៊ានគិតពីរឿងដែលនិយាយគ្នានៅមន្ទីរពេទ្យ ព្រោះជួនកាលពួកនាងអាចនឹងស្មានខុស ពីរឿងរបស់លក្ខណ៍ក៏ថាបាន។
«គ… គ្នាទៅបន្ទប់ទឹកសិនណ៎ា…» សំឡេងអូសកៅអីនៅក្នុងរោងបុណ្យលាន់ឡើង។ ម្ចាស់កៅអីសម្លឹងមុខមិត្តភក្តិឆ្លាស់គ្នាទៅមក គ្រាប់ញើសធំៗ ចាប់ផ្តើមលេចឡើងនៅលើផ្ទៃមុខ។ នាងលេបទឹកមាត់ មុននឹងប្រញាប់ដើរចេញទៅ។
«ចំប៉ា… កើតអីម្នាក់ទៀតហើយនៀក!» ដួងចន្ទនិយាយ ព្រមទាំងតាមសម្លឹងមើលអាកប្បកិរិយាចម្លែកៗរបស់មិត្តភក្តិដែលដើរលេចបាត់ទៅក្រោយកុដិលោក។
«ចំប៉ា ច្បាស់ជាគិតរឿងរបស់លក្ខណ៍… មិនខានទេ!» មយូរ៉ា មិនអាចគិតរឿងអ្វីផ្សេងទៀត ក្រៅពីរឿងរបស់មិត្តភក្តិដែលបាត់ខ្លួនទៅកាលពីនៅតូចៗ។ នាងជឿស៊ប់ថា លក្ខណ៍គឺជាដើមហេតុ នៃអំពើឃាតកម្មរបស់សាកសពទាំងពីរ ទាំងសពរបស់អាំ និងសពរបស់ សុភក្ត្រ។
«ពួកនាងទាំងពីរ ស្គាល់លក្ខណ៍ដែរឬ?» ចប់សម្តីរបស់មយូរ៉ា សំឡេងខ្សឹបៗរបស់នរណាម្នាក់ក៏លាន់ឡើង រហូតនារីទាំងពីរងាកទៅមើលស្ទើរតែភ្លាមៗ…
សូមរង់ចាំអានវគ្គបន្ត!
អ៊ូយ ខ្លីៗដល់ហើយ ជួយដាក់ឲ្យបានវែងជាងនេះបន្តិចបានហេ? វគ្គនេះដូចអត់មានហេតុការណ៍អីដែលធ្វើឲ្យរន្ធត់នៅឡើយទេ។ 😦
សូមជួយផូសរឿង សាកសពក្រោមគ្រែ វគ្គបញ្ចប់ផង
សូមអភ័យទោស រឿងនេះត្រៀមចេញផ្សាយក្នុងសៀវភៅ «ច្យុតិ» ឆាប់ៗនេះហើយ ដូច្នេះមិនអាចផ្សាយឡើងវិញបានទេ។ សូមរង់ចាំជាវសៀវភៅ.. 😛
តិចលោ កែវ ជាឃាតករទេៅ? ហាហា លេងសើចទេ!!
រង់ចាំអានវគ្គបន្តរ! 😉
ប្រហែលបងរ៉ាវីអើយ! ប៉ុន្តែវគ្គនេះមិនបាច់រត់ពួនទេ ព្រោះអត់ប៉ះរោម!!