យន្តហោះដែលខ្ញុំជិះធ្លាក់!!! មនុស្សដំបូងដែលខ្ញុំខលទៅគឺមិត្តភក្តិដ៏ល្អម្នាក់។ តែគេបានបដិសេធព្រោះពេលនេះគេនៅតាមខេត្ត ពិសេសគេមិនដឹងថា មានរឿងអ្វីកើតឡើង។ ទឹកភ្នែកខ្ញុំស្រក់ច្រោកៗ ទូរស័ព្ទធ្លាក់ពីដៃ ហើយរត់ទៅជួយសង្រ្គោះមិត្តភក្តិដទៃទៀត ដែលមានរបួសធ្ងន់ ជាមួយឪពុកម្តាយរបស់ពួកគេ និងបុគ្គលិកបម្រើការលើយន្តហោះ។
យន្តហោះដែលខ្ញុំជិះ ជាក្រុមហ៊ុនអាកាសចរណ៍របស់ខ្មែរ ដែលហោះដោយផ្ទាល់ពីសហរដ្ឋអាមេរិក។ មុនពេលចុះ យន្តហោះមានសភាពល្អធម្មតា តែក្រោយពីដាក់ខ្ញុំចុះនៅវាលយន្តហោះ វិទ្យាល័យសម្តេចម៉ែ(Sic) យន្តហោះក៏ធ្វើការហោះក្រឡឹងមួយជុំទៀតជាបន្ទាន់។ យន្តហោះបាត់ទៅអស់មួយសន្ទុះធំ ខ្ញុំនិងឪពុកម្តាយរបស់មិត្តភក្តិជាច្រើនទៀត កំពុងរង់ចាំយ៉ាងអន្ទះសារ។ មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញផ្សែងហុយទ្រលោមចេញពីកណ្តាលចម្ការកៅស៊ូក្បែរនោះ។ ខ្ញុំ និង ប្រជាជននៅក្បែរនោះ តក់ស្លុតយ៉ាងខ្លាំង ប្រញាប់នាំគ្នារត់សំដៅកន្លែងកើតហេតុ។
ពេលទៅដល់ ខ្ញុំឃើញអ្នកបម្រើតាមយន្តហោះ កំពុងគ្រាអ្នកដែលរបួសខ្លាំងចេញពីសាកសពយន្តហោះដែលបាក់ស្លាបមួយចំហៀង។ អ្នកខ្លះដាច់ដៃម្ខាង អ្នកខ្លះកំបុតជើង អ្នកខ្លះទៀតក៏បាត់បង់ជីវិត។ គេឮសូរតែសំឡេងយំថ្ងួចថ្ងូរយ៉ាងទ្រហឹង ដោយការឈឺចាប់ និងភាពតក់ស្លុត។ តែអ្វីដែលគួរឲ្យឈឺចាប់ជាងនេះទៅទៀតនោះ អ្នកខ្លះដែលរបួសស្រាល ស្រាប់តែនាំគ្នាទៅផ្ទះអស់ មិនរវីរវល់នឹងអ្នកដែលរបួសធ្ងន់ និងអ្នកដែលសន្លប់បាត់ស្មារតី។ គេឃើញមានតែអ្នកបម្រើតាមយន្តហោះប៉ុណ្ណោះ ដែលខំខ្នះខ្នែងធ្វើការយ៉ាងសស្រាក់សស្រាំតាមតួនាទីរបស់ខ្លួន។
ពេលនោះខ្ញុំឈឺចិត្តខ្លាំងណាស់ ដែលឃើញមិត្តភក្តិអាត្មានិយមទាំងនោះ នាំគ្នាត្រឡប់ទៅផ្ទះដោយមិនអើពើនឹងមិត្តភក្តិរួមដំណើរដទៃទៀត ខណៈដែលឪពុកម្តាយរបស់ពួកគេទើបតែមកដល់ និង យំគគ្រូកឱបរាងកាយគ្មានវិញ្ញាណរបស់កូន ដែលស្លាប់ទៅព្រោះគ្មានការយកចិត្តទុកដាក់ និងជួយសង្រ្គោះបន្ទាន់ពីគ្រូពេទ្យ។ ឃើញសភាពនេះ ខ្ញុំក៏នឹកឃើញដល់មិត្តភក្តិម្នាក់ ហើយប្រញាប់ខ្ចីទូរស័ព្ទអ្នកដទៃខលទៅ តែអ្វីដែលខ្ញុំបានទទួល គឺគេបដិសេធ ព្រោះពេលនេះគេទៅធ្វើការនៅតាមខេត្តឆ្ងាយ។ ខ្ញុំស្រក់ទឹកភ្នែកច្រោកៗ ទូរស័ព្ទជ្រុះពីដៃដោយមិនដឹងខ្លួន ហើយរត់ទៅមើលអ្នករងគ្រោះដទៃទៀត ដែលកំពុងដេកថ្ងូររង់ចាំការជួយសង្រ្គោះ។ ម្ចាស់ទូរស័ព្ទដែលមុននេះ បម្រុងគេចយកតែអាយុះខ្លួន ក៏រត់មកជួយតាមខ្ញុំដែរ…
បណ្តាញទូរទស្សន៍គ្រប់ប៉ុស្តិ៍ទាំងអស់ ចុះផ្សាយពីហេតុការណ៍ដ៏អាក្រក់នេះ។ អ្នកធ្វើដំណើរទាំងក្នុងនិងក្រៅស្រុក នឹងអស់ទំនុកចិត្តលើអាកាសចរណ៍ខ្មែរ ដែលមានតែយន្តហោះចាស់ៗ ហួសអាយុប្រើប្រាស់។ ការស្លាប់របស់អ្នកដំណើរទាំងអស់ ភាគច្រើនគឺបណ្តាលមកពី ការមិនអើពើរបស់ក្រុមគ្រូពេទ្យដែលរង់ចាំការមកដល់របស់ឪពុកម្តាយអ្នករងគ្រោះ ទើបធ្វើការពិនិត្យព្យាបាល។ ពួកគេនឹងមានជីវិតរស់ ប្រសិនបើបានទទួលការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់…
នេះជាការយល់សប្តិដ៏អាក្រក់មួយ ដែលធ្វើឲ្យខ្ញុំតក់ស្លុត និង ភ័យខ្លាចចំពោះការហោះហើរដ៏វែងឆ្ងាយមួយនេះ។ សូមឲ្យវាត្រឹមតែជាការយល់សប្តិចំពោះខ្ញុំ និង អ្នករួមដំណើរដទៃទៀតប៉ុណ្ណោះបានហើយ៕
ធ្លាក់យន្តហោះ!!!
ខែតុលា 10, 2012 ដោយ ផ្កាយ NoVeLs
ថាមែនៗ យល់សប្តិ ៗ មែន! ហា ហា………
ធ្លាក់ពីលើគ្រែដូចជឿខ្លះ
អានដំបូងភ័យក្នុងចិត្តស្មានតែមែនទែន!!!
ទៅស្រោចទឹកចេញទៅ… យល់សប្តិឣត់ល្ឣ
ដូចគិតមែន។
បើយន្តពិតជាធ្លាក់មែននោះពិតជាអស្ចារ្យណាស់ ព្រោះ VN 840 នេះខ្ញុំជិតមិនតិចជាង១៥ ត្រឡប់ទេ សម្រាប់ខ្មែរ-ឡាវ-ខ្មែរ។
អរគុណដែលមិនមែនជាវា!
គ្រាន់បើមែន ដែលអាចបំភាន់អារម្មណ៏យើងបាន!