ផ្កាយNoVeLs*– ល្ងាចថ្ងៃម្សិលមិញ ក្រោយពីបានចិញ្ចឹមចិត្តថានឹងមើលរឿង Maleficent តាំងពីយប់ម្សិលម្ង៉ៃ ខ្ញុំក៏បានទៅមើលរឿងតាមភាពល្បីតៗគ្នាពីមាត់មួយទៅមាត់មួយ។ ម្សិលមិញភ្លៀងខ្លាំងណាស់ តែខ្ញុំពុំមានក្តីព្រួយបារម្ភថា នឹងខកខានពុំបានមើលនោះទេ ព្រោះកន្លែងធ្វើការនៅជិតលេជេន ស៊ីធីម៉លស្រាប់ ហើយម្យ៉ាងខ្ញុំជឿថា មនុស្សសំខាន់ម្នាក់ដែលនឹងត្រូវមកអង្គុយមើលកុនទន្ទឹមខ្ញុំ នឹងមកមើលដែរ បើទោះបីជាត្រូវជិះម៉ូតូកាត់ភ្លៀង កាត់ទឹកស្ទះលូ យ៉ាងណាក៏ដោយ។ 😀
ភ្លៀងពុំធ្លាប់ជាឧបសគ្គសម្រាប់ខ្ញុំតាំងពីណាពីណីមកទៅហើយ។ ផ្ទុយទៅវិញ ថ្ងៃណាដែលមានភ្លៀង គឺជាថ្ងៃដែលព្រះអាទិទេពប្រោះព្រំពរជ័យដល់ខ្ញុំ។ ឡើងជណ្តើរយន្តបណ្តើរ ខ្ញុំផ្ញើសារសួររកដៃគូបណ្តើរ មិនដឹងថាគេមកដល់ហើយឬនៅ? ម៉ោងជិត៧ល្មម កុនជិតចាប់ផ្តើមបញ្ចាំងហើយ តែខ្ញុំនៅតែរកអ្នកដែលត្រូវមកមើលជាមួយខ្ញុំមិនឃើញ។ មិនតែប៉ុណ្ណោះនៅឆ្លៀតផ្ញើសារដែលឃើញហើយចង់តែខោកមួយក្រញរថា [Want to find me?] ហាសហា… កំពុងតែត្រហេបត្រហបដកដង្ហើមមិនចង់ដល់គ្នាផង នៅឆ្លៀតមកនាំឯងលេងបិទពួនទៀត! ឡុលលលល…
និយាយដូចជាក្រៅសាច់រឿងពេកហើយ ឥឡូវចូលដល់រឿងស៊ីជម្រៅវិញម្តង។ សំបុត្រកុន ១សន្លឹកតម្លៃ ៥$ ព្រោះជាប្រភេទរឿង 3D គ្មាន 2D លក់ទេ(ចេះរកស៊ីគ្រាន់បើ ព្រោះដឹងថា អ្នកមើលភាគច្រើននឹងរើសយក 2D បើមានជម្រើស) ដូច្នេះ២សំបុត្រ តម្លៃ ១០$ តែមានកាតATMរបស់ធនាគារ បញ្ចុះ១០% ដូច្នេះសំបុត្រមើលម្សិលមិញគឺអស់៩$។ ទិញសំបុត្របណ្តើរ គិតក្នុងចិត្តបណ្តើរថា បើមានសំបុត្រ2D ពិតជាចំណេញលុយបានច្រើន។ តែខ្ញុំសូមបញ្ជាក់នៅត្រង់នេះឲ្យហើយថា ខ្ញុំពុំមានចិត្តនឹកស្តាយសូម្បីតែមួយសេន ក្រោយពីទស្សនារឿងនេះចប់!
ភាពយន្តរឿង Maleficent គឺជាការដកស្រង់យកផ្នែក ឬចម្រៀកដ៏តូចមួយនៃទេវកថារឿង Sleeping Beauty មកនិទានឡើងវិញ។ ចំណុចនេះបង្ហាញថា ភាពយន្ត និងប្រលោមលោក ឬអក្សរសិល្ប៍រឿង គឺមានវិវឌ្ឍន៍ដូចគ្នា ដោយគ្រាន់តែយើងចេះច្នៃ និងប្រឌិតអ្វីដែលថ្មីប្លែកមិនឲ្យដូចអ្នកដទៃ។ Sleeping Beauty រឿងដើម អ្នកនិពន្ធប្រើ POV (Point of View) លើតួអង្គ ព្រះនាង អារ៉ូរ៉ា(Aurora) ឬ ព្រះនាង Sleeping Beauty ប៉ុន្តែរឿង Maleficent អ្នកនិពន្ធប្រើ POV ផ្តោតលើតួអង្គ មេមត់ ម៉ាលីហ្វីស្ហិន (Maleficent)។ តាមរយៈសិល្ប៍វិធីនេះ បង្ហាញថា តួអង្គនៅក្នុងរឿងប្រឌិត គឺប្រៀបដូចនឹងជីវិតក្នុងសង្គមមនុស្សជាក់ស្តែងដែរ ពោលគឺនរណាៗក៏មានសិទ្ធិសម្រេច និងកំណត់គោលដៅជីវិតរបស់ខ្លួនឯងបានដូចៗគ្នា បានន័យថា នរណាៗក៏អាចក្លាយជាតួឯកបាន ដោយគ្រាន់តែខ្លួនយើងផ្តល់តម្លៃឲ្យខ្លួនយើង ឬ ខ្លួនយើងធ្វើខ្លួនឲ្យអ្នកដទៃផ្តល់តម្លៃឲ្យ។ មើលចុះ សូម្បីតែតួស្រីមេមត់ចិត្តអាក្រក់ក្នុងរឿង Sleeping Beauty ក៏អាចក្លាយជាតួឯកបាន ចុះទម្រាំមនុស្សគ្រប់គ្នា ហេតុអ្វីធ្វើមិនបាន? 😀
និយាយទៅនិយាយមក មានអារម្មណ៍ថា ដូចជាក្រៅសាច់រឿងដដែល 😛 ។ តែសូមបញ្ជាក់ថា កថាខណ្ឌខាងលើ មានអត្ថប្រយោជន៍ចំពោះប្រិយមិត្តណាដែលចង់ក្លាយជាអ្នកនិពន្ធ។ ជាថ្មីម្តងទៀត ភាពយន្តរឿង Maleficent និយាយពីអាថ៌កំបាំងនៅពីក្រោយខ្នងនៃភាពសាហាវព្រៃផ្សៃរបស់ស្រីមេមត់នៅក្នុងរឿង Sleeping Beauty ពីមូលហេតុដែលនាំឲ្យនាងក្លាយជាមនុស្សចិត្តអាក្រក់ គ្មានបេះដូង ស្អប់ ហើយចងគំនុំនឹងក្មេងស្រី អារ៉ូរ៉ា(Aurora) បុត្រីរបស់ស្តេច ស្តេហ្វិន(Stephan) ។ មិនចង់និយាយច្រើនទេ តែដើម្បីមើលរឿងនេះងាយយល់ គ្រប់គ្នាគួរតែស្វែងរករឿង Sleeping Beauty ជាគំនូរជីវចលមើលសិនក៏បាន ទោះបីមិនបានប្រាប់អ្វីច្រើន តែនឹងធ្វើឲ្យការទស្សនារឿង Maleficent កាន់តែជក់ចិត្ត និងមិនមានចម្ងល់ពេលកំពុងមើល។
ចំណុចមួយដែលធ្វើឲ្យខ្ញុំរំជួលចិត្តនៅក្នុងរឿងនេះគឺ ពេលដែលតួស្រីមេមត់ Maleficent និយាយថា [យើងសុំដកបណ្តាសាវិញ…] ពាក្យនេះតារាសម្តែង អែនជូលីណា ជូលី និយាយដោយអួលដើមក រំជួលចិត្តរកថ្លែងពុំបាន ហើយបើនិយាយពីទឹកមុខ សម្តីសំដៅការសម្តែង មិនបាច់និយាយទេ តារាលំដាប់កំពូលពិភពលោករូបនេះ ពុំមានចំណុចឆ្គាំឆ្គងសូម្បីតែ០,០១% ។ គ្រាន់តែឮពាក្យនេះភ្លាម(យើងសុំដកបណ្តាសា!) ខ្ញុំភ្ញាក់ក្រញាង រំជួលចិត្តផង រំភើបផង ហើយទឹកភ្នែកក៏ហូរចេញមកតិចៗ។ មិនមែនកម្សត់ មិនមែនអ្វីទាំងអស់ តែជាអារម្មណ៍រំជួល រំភើបមួយដែលរកអ្វីមកថ្លែងពុំបាន។ បន្ទាប់ពីសម្តីនេះចប់ បណ្តាសាក្នុងអតីតកាលក៏ឮរណ្តំក្នុងត្រចៀកនាងជាថ្មី [បណ្តាសានេះនឹងស្ថិតនៅជានិរន្តរ៍!] សំឡេងនេះ ធ្វើឲ្យមេធ្មប់ចិត្តកំណាចទប់ទឹកភ្នែកខ្លួនឯងមិនបាន ហើយពេលនោះយើងឃើញថា បេះដូងរបស់ស្រីចិត្តឃោឃៅនេះប្រែក្លាយជាទន់ជ្រាយស្ទើររលាយជាផេះផង់។
នាងចាំថា បណ្តាសារបស់នាងអាចដោះបានលុះត្រាតែ ព្រះនាងអារ៉ូរ៉ា(Aurora) បានទទួលការជម្ពិតថើបពីស្នេហ៍ពិត។ តែលើលោកនេះមានស្នេហាពិតមកពីណា? នេះជាសេចក្តីបារម្ភរបស់នាង។ សេចក្តីសង្ឃឹមតែមួយ គឺស្នាមថើបពីព្រះរាជបុត្រហ្វីលីព(Phillip) ដែលយើងធ្លាប់ដឹងតាមរយៈរឿង Sleeping Beauty រួចមកហើយថា នៅពេលដែលព្រះរាជបុត្រថើប ព្រះនាងនឹងភ្ញាក់ដឹងខ្លួនឡើងវិញនៅចុងបញ្ចប់រឿង។តែសាច់រឿងថ្មីនេះមិនចប់ត្រឹមនេះទេ ហើយខុសពីមុនដូចបាតដៃ និងខ្នងដៃ… នៅពេល Maleficent នាំព្រះរាជបុត្រទៅឲ្យថើបព្រះនាង អារ៉ូរ៉ា(Aurora) នាងនៅតែមិនដឹងខ្លួនដដែល។ ខ្ញុំជឿថា ប្រិយមិត្តខ្លះមិនសូវចាប់អារម្មណ៍ទេ ហើយក៏មិនដឹងដែរថា ហេតុអ្វីបានជារឿងនេះដូរសាច់រឿងទៅជាដូច្នេះ? តាមពិតចុងបញ្ចប់របស់រឿងបានបញ្ជាក់ច្បាស់ណាស់ តែទស្សនិកជនភាគច្រើនធ្វើប្រហែស ព្រោះវាជាសម្តីចុងក្រោយ ដែលម្នាក់ៗគិតថា មិនសំខាន់។ តើនោះជាអ្វី? ខ្ញុំនឹងប្រាប់នៅប្រយោគចុងក្រោយ! 😀
បន្ទាប់ពីព្រះអង្គម្ចាស់ហ្វីលីព(Phillip)ថើបហើយ ព្រះនាងអារ៉ូរ៉ា(Aurora) នៅតែមិនតើនភ្ញាក់ដដែល។ ស្រីមេមត់ Maleficent សោយសោកយ៉ាងខ្លាំង តែក៏ពុំបានសុំឲ្យអារ៉ូរ៉ាអភ័យទោសឲ្យដែរ។ កំហុសគ្រប់យ៉ាងកើតឡើងដោយសារតែចិត្តលោភលន់របស់មនុស្ស ដោយស្នេហាបោកប្រាស់ ក្បត់ចិត្ត និងគំនុំសងសឹក។ ចុងក្រោយ Maleficen ក៏ជម្ពិតថើបព្រះនាង អារ៉ូរ៉ា(Aurora) ដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ លាយឡំដោយវិប្បដិសារីក្នុងនាមជាម្តាយចិញ្ចឹម(តាមមើលថែពីចម្ងាយ) តាំងពីថ្ងៃនាងកើតរហូតដល់អាយុ១៦ឆ្នាំ។ បន្តិចក្រោយមក ព្រះនាងអារ៉ូរ៉ា(Aurora)ក៏ភ្ញាក់ដឹងខ្លួន ហើយនេះបញ្ជាក់ឲ្យឃើញថា ស្នាមថើបដែលកើតចេញពីសេចក្តីស្រឡាញ់ពិត(ស្នេហ៍ពិត) គឺជាសេចក្តីស្រឡាញ់របស់ម្តាយចំពោះកូន ទោះបីជាមិនមែនជាម្តាយ និងកូនបង្កើតក្តី។
ចំពោះមន្ទិលចុងក្រោយ តើហេតុផលអ្វីបានជាភាពយន្តរឿង Maleficent ប្តូរសាច់រឿងរបស់ទេវកថាល្បីឈ្មោះ Sleeping Beauty ដោយប្តូរឲ្យការថើបរបស់ព្រះរាជបុត្រ ក្លាយជារបស់ស្រីមេមត់ Maleficent វិញ? ហាសហា… នេះជាភាពយន្ត Twist Ending មួយដែលអ្នកមិនចាប់អារម្មណ៍គឺមិនដឹង… ព្រោះចុងក្រោយ អ្នកនិទានរឿង(ដែលធ្លាប់និយាយពេលបើកឆាករឿងដំបូងថា កាលពីព្រេងនាយ…ប្លា… ប្លា…) បានបញ្ជាក់យ៉ាងច្បាស់ថា៖ [រឿង Maleficent ប្រហែលជាមិនដូចរឿងនិទាន ដែលលោកអ្នកធ្លាប់បានស្តាប់តាមការនិយាយតៗគ្នាពីមុនមកនោះទេ ព្រោះរឿងថ្មីនេះ ខ្ញុំដែលជាតួអង្គព្រះនាង Sleeping Beauty ពីមុន ជាអ្នកប្រឌិតឡើងដោយខ្លួនឯង! ] 😀
P.S: រឿងនេះខ្ញុំជូនពិន្ទុ ៩/១០ ៕
ចង់មើលដល់ហើយ គ្រាន់តែអានការវិភាគក៏រំជួលចិត្តដែរ បើរឿងនេះអ្នកនិពន្ធដាក់ពិន្ទុ ៩/១០ ចឹងដាក់ពិន្ទុអោយអ្នកសរសេរវិញថា ១០/១០ ហាហាហា…
មើលtrailerក្នាញ់maleficentពេលមើលfull movieក្នាញ់ស្តេចវិញ =D
ជម្ពិត អានចេញតែ ជំទិត -_-
៩/១០ គិតថា ភាគ៩/១០ តាមពិតពិន្ទុ៩លើ១០ ចឹងបានប្រកាសអត់មានភាគផ្សេង ពិតជាអ្នកអានច្រឡំ