ផ្កាយNoVeLs*–ក្នុងថ្ងៃឆ្លងឆ្នាំកន្លងទៅនេះខ្ញុំនិងមិត្តភក្តិបានធ្វើដំណើរកម្សាន្តទៅ កាន់ទឹកដី ព្រៃនគរអតីតដែនដីខ្មែរដែលត្រូវលេបត្របាក់ដោយប្រទេសជិតខាង ដែលអាណាព្យាបាលយើងនៅតែចាត់ទុកជាមហាមិត្តម៉ឺនឆ្នាំគ្មានថ្ងៃសាបរលាប។
ដំណើរកម្សាន្តលើកនេះ គឺជាដំណើរកម្សាន្តសុទ្ធសាធ។ មិនមែនជាទស្សនកិច្ចសិក្សា មិនមែនជាការស្រាវជ្រាវ តែជាដំណើរទស្សនាចរណ៍ជាមួយសៀវភៅមគ្គុទ្ទេសក៍ ប៉ុន្មានក្បាលដែលខ្ញុំដាក់ជាប់តាមខ្លួនជាមួយដើម្បីសិក្សាស្វែងយល់ អំពីភូមិប្រវត្តិរបស់ទីកន្លែងនីមួយៗដែលខ្ញុំនឹងទៅដល់។
អាចជារឿងចៃដន្យ ឬសំណាង មិត្តភក្តិបរទេសម្នាក់របស់ខ្ញុំដែលដឹងដំណឹងថា ខ្ញុំនឹងត្រូវធ្វើដំណើរកម្សាន្តទៅកាន់ដែនដីរបស់អ៊ំហូក្នុងឆ្នាំថ្មីនេះ បានជូនកាដូសំបុត្រយន្តហោះពីរសន្លឹកមកឲ្យខ្ញុំ។ ដំបូងឡើយ ខ្ញុំគិតថានឹងធ្វើដំណើរតាមរថយន្តទេ ព្រោះជាដំណើរកម្សាន្តលើកដំបូងទៅកាន់ប្រទេសនោះ ទើបចង់ ឃើញទេសភាព និងជីវភាពប្រជាជនដែលរស់នៅតាមដងផ្លូវឲ្យបានច្រើន។
ខ្ញុំសូមផ្អាកនិយាយពីរឿងការធ្វើដំណើរត្រឹមនេះសិន ព្រោះអត្ថបទនេះខ្ញុំចង់ផ្តោត សំខាន់លើវត្តចន្ទរង្សីដែលជាវត្តខ្មែរមួយស្ថិតនៅកណ្តាលក្រុងព្រៃនគរ។ បន្ទាប់ពីអត្ថបទនេះ បើសិនជាមានពេល ខ្ញុំនឹងនិយាយលម្អិតបន្ថែមពីការធ្វើដំណើរ របស់ខ្ញុំ ឬជា Travel Review ដើម្បីអាចប្រើជាប្រយោជន៍ខ្លះៗសម្រាប់អ្នកដែលចង់ធ្វើដំណើរទៅកាន់អតីតក្រុងខ្មែរមួយនេះ។
នៅថ្ងៃចុងក្រោយនៃដំណើរកម្សាន្តនេះ ខ្ញុំបានឆ្លៀតពេលដើម្បីដើរស្វែងរកវត្ត ចន្ទរង្សីដែលខ្ញុំធ្លាប់ដឹងឮប្រវត្តិខ្លះៗពីមុនរួចមកហើយ។ ខ្ញុំស្គាល់អាសយដ្ឋានវត្តនេះច្បាស់ណាស់ ព្រោះបានស្វែងរកតាម Google Map តាំងពីនៅស្រុកខ្មែរម្ល៉េះ។ ប៉ុន្តែពេលមកដល់ហូជីមិញ ខ្ញុំមិនគិតថានឹងមានពេលដើម្បីទៅរកវត្តនេះទេ ព្រោះនៅមានកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត ដែលខ្ញុំពុំទាន់បានទៅ។ តែចិត្តមួយក៏គិតថា បំណាច់ជាមកដល់ទៅហើយ ខ្ញុំត្រូវតែទៅឱ្យដល់វត្តនេះ។
ដោយគ្មានគម្រោងច្បាស់លាស់ ទើបការធ្វើដំណើរដោយថ្មើរជើងទៅកាន់ វត្តនេះត្រូវប្រើពេលមួយទ្វេជាបី ព្រោះខ្ញុំនិងមិត្តភក្តិធ្លាប់ដើរក្រវែលៗវត្តនេះប៉ុន្មានដងដែរ តែមិននឹកភ្នកសោះថាខ្លួនបានដើរមកដល់ជិតវត្តនេះ។ លុះដើរចេញ ឆ្ងាយពីវត្តនេះហើយ ទើបនឹកឃើញមើលផែនទី ហើយដើរត្រឡប់មកកាន់ទីតាំង ដែលធ្លាប់ដើរឆ្លងកាត់ជាថ្មី។
ចន្ទរង្សី គឺជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមមួយ ស្ថិតនៅចំកណ្ដាលរដ្ឋធានី ព្រៃនគរ ត្រូវបានកកើតឡើងដោយព្រះតេជព្រះគុណ ឡឹម ឯម នា ព. ស. ២៤៩១ គ. ស. ១៩៤៧ មកដល់ឆ្នាំ ២០១៥ នេះ មានអាយុ កាល ៦៨ ឆ្នាំហើយ។ បច្ចុប្បន្ន វត្តចន្ទរង្សី មាន អាសយដ្ឋាន លេខ 164/235 វិថី ត្រឹងវ៉ឹកថាវ សង្កាត់ទី ៣ ទីក្រុង ព្រៃនគរ (Số 164/235 quốc lộ Trần Quốc Thảo Quận 3 thành phố Hồ Chí Minh)។
វត្តខ្មែរនៅកម្ពុជាក្រោម មិនមានសិទ្ធិសេរីភាពពេញលេញដូចវត្តខ្មែរ ឬបុរាណដ្ឋាន ផ្សេងៗទៀតនៅខេត្តសុរិន្ទ ក្នុងប្រទេសថៃសព្វថ្ងៃនោះទេ។ តាមអ្វីដែលខ្ញុំបានឃើញជាក់ស្តែង ទិដ្ឋភាពវត្តខ្មែរមួយនេះ ស្ទើរតែបាត់បង់អត្តសញ្ញាណដើមទៅហើយ។ ដើម្បីរក្សាអត្ថិភាពរបស់ខ្លួន នៅតាមខ្លោងទ្វារវត្តត្រូវសរសេរដាក់ថា «សមាគមពុទ្ធសាសនាវៀតណាម»។ ភាសាដែលប្រើនៅតាមសេចក្តីប្រកាសនានា ក្នុងបរិវេណវត្តគឺប្រើភាសាយួន។ មិនតែប៉ុណ្ណោះ នៅតាមកុដិខ្លះមានឧបាសក ឧបាសិកាពាក់មួកដួនរស់នៅ ហាក់ក្លាយទៅជារឿងធម្មតាទៅហើយ។ ព្រះសង្ឃកំលោះៗខ្លះលែងខ្លួនទទេខណៈដែលមានឧបាសិកាវ័យនៅខ្ចីៗ រស់នៅឡូកឡំ។
រឿងមួយទៀតដែលគួរឲ្យសង្វេគជាទីបំផុតនោះ ដែលខ្ញុំក៏មិនដឹងថាជាចេតនារបស់រដ្ឋាភិបាលវៀតណាម ឬក៏ជាការធ្វេសប្រហែសរបស់ពុទ្ធបរិស័ទនៅទីនោះ ក៏ទេដែរ… គឺគេបានយកព្រះពុទ្ធរូបវៀតណាម មកដាក់ពាំងបាំងពីមុខព្រះពុទ្ធរូបខ្មែរ ព្រមទាំងតម្កល់ឱ្យមានកម្ពស់ខ្ពស់ជាងទៀត ដែលទង្វើនេះហាក់មានចេតនាលេបត្របាក់អត្តសញ្ញាណដើមរបស់វត្តខ្មែរបន្តិចម្តងៗ រហូតនៅ ថ្ងៃណាមួយ វត្តនេះនឹងគ្របដណ្តប់ទៅដោយអត្តសញ្ញាណសិល្បៈ វប្បធម៌ និងសាសនារបស់វៀតណាមទៅវិញ។
សង្ឃឹមថា បងប្អូនខ្មែរកម្ពុជាក្រោមនៅទីនោះ នឹងមិនព្រងើយកន្តើយចំពោះចេតនា មិនល្អណាមួយរបស់រដ្ឋាភិបាលវៀតណាម ក៏ដូចជាប្រជាជនដែលរស់នៅតាមចំណុះជើងវត្តនៅទីនោះទេ៕
**រូបភាពទាំងអស់នេះថតដោយប្រើទូរស័ព្ទដៃប៉ុណ្ណោះ ដូច្នេះគុណភាពមិនជាច្បាស់ល្អនោះទេ៖
ដាច់ស្រីក្មេងនៅឡូកឡំជាចេតនាពង្វក់ព្រះសង្ឃហេីយ តែមិនថាតែនៅទីនោះទេ នៅស្រុកយើងផ្ទាល់ក៏មានខ្លះៗដែរ ជាពិសេសវត្តដែលមានសាលារៀន មានក្មេងៗស្រីត្រូវដើរកាត់ ព្រះសង្ឃខ្លះមិនគោរពវិន័យ មានច្រៀងចំអក មានហួចជាដើម
“ចន្ទរង្សី វត្តខ្មែរដែលលាបពណ៌ដោយអត្តសញ្ញាណវៀតណាម”លាបពណ៌ម៉េចបានជាអត្តសញ្ញាណខ្មែរ