Feeds:
ប្រកាស
មតិ

Archive for the ‘ចំណេះដឹងទូទៅ’ Category


ផ្កាយNoVeLs*– ខ្ញុំ​ជឿថា យុវវ័យ​មិនតិចទេ ដែលចូលចិត្តណាត់​គ្នា​ទៅ​មើល​កុន​ក្នុង​ថ្ងៃ date ដំបូង​របស់ខ្លួន​​។ បញ្ហា​ចោទ​គឺ​ស្ថិត​ត្រង់ថា តើ​ការ​​នាំ​គ្នា​ទៅ​មើល​កុន​ក្នុង​​ថ្ងៃdate​ដំបូង ពិតជារឿងល្អ​មែនឬ? ដ្បិត​​មនុស្ស​ដែល​ទើប​តែ​ស្គាល់​គ្នា ក៏​គួរ​តែអង្គុយ​ជជែក​​គ្នា​ ឬ​ធ្វើអ្វីរួម​គ្នាឲ្យ​បាន​ច្រើន​ ជាជាង​ទៅ​អង្គុយស្ងៀម​ស្ងាត់​នៅ​ក្នុង​រោង​កុន​។ តែ​ខ្ញុំ​មាន​ហេតុ​ផល៦​យ៉ាង​​ដែលបញ្ជាក់​ថា ការ​នាំគ្នាទៅ​មើល​កុនក្នុង​ថ្ងៃdate​ដំបូង គឺ​ជា​រឿង​ល្អ​មួយ​។ ចង់​ដឹង​ថា ​ហេតុ​អ្វី​នោះ តោះ​ទៅ​អាន​ទាំង​អស់គ្នា! 😉

១. បង្កើន​ភាពស្និទ្ធស្នាល​

នេះ​​ជា​រឿង​ដែល​បដិសេធ​មិន​បាន ព្រោះ​​បើ​អ្នក​ទាំង​ពីរ​ជា​មនុស្សដែល​ខ្មាស​​អៀនច្រើន​​ ពេល​ស្ថិត​នៅ​​កណ្តាល​ចំណោម​ខ្សែ​ភ្នែក​អ្នក​ដទៃ អ្នក​អាច​ជ្រើស​រើស​ទៅ​អង្គុយ​នៅក្នុង​​រោង​កុន ​បើ​ទោះ​ជា​មាន​មនុស្ស​ច្រើន​អង្គុយ​ក្បែរ តែ​​អ្នក​អាច​មាន​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត​ខ្លះ​។ អ្នក​អាច​អង្គុយ​ទស្សនា​រឿង​បណ្តើរ ញ៉ាំពោត​លីង​បណ្តើរ អង្គុយ​ក្តោប​ដៃ​គ្នា ឬ​ផ្អែក​ស្មា​គ្នា​ទៅ​វិញ​ទៅ​មក។ ពិសេស​ប្រសិន​​បើ​រឿង​នោះ​ជា​រឿង​ភ័យ​រន្ធត់ ឬ​កំប្លែង អ្នក​នឹង​កាន់​តែ​បង្កើន​ភាពស្និទ្ធស្នាល​ជាង​មុ​ន​ទៀត តាម​រយៈការ​សើច​សប្បាយ​ព្រមៗ​គ្នា ឬ​ផ្តល់​ភាព​កក់​ក្តៅ​បន្ថែម​តាម​រយៈ​ការក្រសោប​ស្មា ឬ​ការ​ផ្តេក​ក្បាល​លើ​ដើម​ទ្រូង​ដ៏​សែន​កក់​ក្តៅ​របស់គេ។

២. អាច​ស្វែង​រក​​ប្រធាន​បទ​ថ្មីៗ​យក​មក​ជជែក​​បន្ត​

មុន​នឹង​បបួល​គ្នា​ទៅ​មើល​កុន ជឿ​ថា​យើងក៏​​បាន​ជជែក​​គ្នា​ខ្លះៗពីមុនដែរហើយ​ រហូត​ពេល​ខ្លះ​អស់​រឿង​និយាយ​ ហើយ​ជួន​កាល​​ប្រធាន​បទ​ដែល​លើក​មក​និយាយហាក់​​ដដែលៗ​​ ដូចជា រឿង​មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើ​ការ ម្ហូបដែលចូលចិត្ត កន្លែង​ដើរ​លេង​​ មិត្ត​ភក្តិ​ដែលធ្លាប់​រៀន​ជាមួយ​គ្នា ជាដើម។ ដូច្នេះ​ការ​​នាំគ្នា​ទៅ​អង្គុយ​សម្រាក​យ៉ាង​ស្ងៀម​ស្ងាត់​១ម៉ោង​២ម៉ោង​ក្នុង​រោង​កុន​ ក៏​​ចាត់​ទុក​ជា​ជម្រើសមួយ​​ដ៏​ល្អ​ដែរ​ ព្រោះ​យើងអាច​​នឹង​បាន​ប្រធាន​បទ​ថ្មីៗ​យក​មក​និយាយ​គ្នា​បន្ត ​ក្រោយ​​ពី​មើល​រឿង​ចប់ ដូចជា ការយល់​ឃើញ​ចំពោះ​រឿងដែល​ទើប​តែ​មើលរួច ចំណាប់​អារម្មណ៍​លើ​តួសម្តែង ខ្លឹមសាររឿង​ និង​ចំណុច​ផ្សេងៗ​​ជាច្រើន​ទៀត​​។

៣. សង្កេត​មើលនិស្ស័យ និង​ឥរិយាបថពេលកំពុង​មើល​កុន​

ក្រៅ​ពី​​អង្គុយ​មើល​កុន​យ៉ាង​ស្ងៀម​ស្ងាត់​ យើង​ក៏​អាច​ឆ្លៀត​ឱកាស​​សង្កេត​មើល​អាកប្បកិរិយា​របស់​​គេ​ពេល​កំពុង​មើល​រឿង​ដែរ​។​ តើ​គេ​មាន​សុជីវធម៌ និង​​ចេះ​គោរពសិទ្ធិ​អ្នក​ដទៃ​ពេល​កំពុង​មើល​កុន​ដែរឬទេ? ឬគេមាត់ឮ? គិតតែបបួលជជែក? តើ​គេ​អង្គុយ​ដូចម្តេច? កំពុង​ជក់ចិត្តមើល​រឿង ឬ​គេង​លក់​បាត់​ទៅហើយ?

៤. បង្ហាញ​ភាព​ជាសុភាពបុរស សុភាពនារី

លុយសំខាន់ តែទំនាក់ទំនងសំខាន់ជាងនេះ! ដូច្នេះ​តើ​នរណា​ជា​អ្នក​ចេញ​លុយ​ក្នុង​ថ្ងៃ Date ដំបូង? ត្រង់​ចំណុចនេះ គ្មានច្បាប់​ណា​​កំណត់ថាត្រូវ​ឬខុសនោះទេ ព្រោះអ្នក​ខ្លះ​​អាច​មាន​ផ្នត់​គំនិត​ថា មនុស្ស​ប្រុស​​ត្រូវ​តែ​ជា​អ្នកប៉ាវ ឬ​​ចេញ​លុយ ពេល​ណាត់ស្រីៗ​ជួប​គ្នា​​។ តែ​ទន្ទឹម​នឹង​​នេះ ​មនុស្ស​ស្រីខ្លះ​​អាច​នឹង​បាន​សប្បាយចិត្ត​ជាង ​ប្រសិន​បើ​នាង​អាច​ជួយចេញ​ប្រាក់​ពាក់​កណ្តាល។ និយាយ​ទៅ​រឿង​លុយ​ជា​រឿង​សំខាន់​ បើ​យើង​ពិត​ជា​ចង់​ទាក់​ទង​គ្នា​យូរ​អង្វែង​គួរ​តែ​និយាយ​គ្នា​ឲ្យ​ច្បាស់។ ជាក់ស្តែង​ការណាត់​គ្នា​ទៅ​មើល​កុន បើ​ខាង​ប្រុសជា​អ្នក​ទិញ​សំបុត្រ​ ខាង​ស្រី​អាច​ជាអ្នក​ចេញ​លុយ​ទិញ​ពោត​លីង ឬ​ភេសជ្ជៈ​ញ៉ាំ ប្រហែលអាច​ជា​ការល្អ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍រអៀសខ្លួន ឬ​ក្រែង​ចិត្ត​ចំពោះ​គ្នា​និង​គ្នា។

៥.  សង្កេត​រសនិយមដែល​ធ្វើ​ឲ្យ​ដៃគូញញឹម ឬសើចពេលកំពុងមើលកុន

បើ​អ្នក​ជ្រើស​រើស​មើល​រឿង​ដែល​មិន​មែន​ជា​រឿងកំប្លែង​ រឿងភាគច្រើន​ក៏​នៅ​តែ​មានឈុត​ខ្លះៗ​ដែល​​ធ្វើ​ឲ្យ​អ្នក​មើលផ្ទុះសំណើចចេញ​មក​ខ្លះៗ​ដែរ។ នេះ​អាច​មិនមែន​ជារឿង​សំខាន់​ណាស់ណា​ទេ តែ​បើ​យើង​បាន​សង្កេតថា ​មាន​ចំណុច​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ដៃគូ​របស់​យើង​​សើច ឬ​ញញឹម​ចេញ​មក​នោះ ក៏​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ចំណង់ចំណូលចិត្ត​របស់ដៃគូ ហើយ​បើ​មាន​ចំណុច​ដូច​គ្នា​នឹង​យើង​ ក៏​អាច​ជួយ​ឲ្យ​ទំនាក់​ទំនងមួយ​នេះ​​កាន់​តែ​រលូន​ទៅ​មុខ​មួយ​កម្រិត​ទៀត​ដែរ​។

៦. បង្កើត​អនុស្សាវរីយ៍ផ្អែមល្ហែមរួម​គ្នា

ការពិតខ្ញុំ​ក៏​យល់​ឃើញ​ថា ការមើល​កុន​មិនមែន​ជាជម្រើសដែល​ល្អ​បំផុត ​សម្រាប់ date ​ដំបូង​នោះ​ទេ តែ​វា​ក៏​មិន​មែន​ជា​ជម្រើសដែលគួរ​មើល​រំលង​ដែរ ព្រោះ​ការ​បាន​ទៅ​មើល​កុន​ជាមួយ​គ្នា​ ក៏​អាច​បង្កើត​បាន​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា ហើយ​ប្រសិន​បើ​រឿងនោះ​ជា​រឿង​​ដែល​ដៃ​គូ​ទាំង​សង​ខាង​ស្រឡាញ់​ពេញ​ចិត្ត​ដូចៗ​គ្នា ថ្ងៃ​ក្រោយ​ពេល​នឹកឃើញ​​ដល់​រឿង​នេះ​ វា​នឹងធ្វើ​ឲ្យ​យើង​​​នឹក​ដល់​អនុស្សាវរីយ៍​ចាស់ៗ​ដែលធ្លាប់​សាង​​មក​ជាមួយ​គ្នាក្នុង​ថ្ងៃ​នោះ​ដែរ​។

Read Full Post »


12576278_10207686976507974_553370729_n

ព្រះវិហារកាតូលិក Notre Dame Cathedral ស្ថិត​នៅ​ចំកណ្តាល​បេះដូង​នៃ​ក្រុង​ហូជីមិញ

ផ្កាយNoVeLs*– បច្ចុប្បន្ន​ ទំនោរ​ដើរ​លេង​ក្រៅ​ប្រទេស​​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ មាន​កត្តា​ជាច្រើន​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ទេស​ចរក្នុង​ស្រុក​​ទៅកាន់​ប្រទេស​ក្រៅ។ ចំពោះ​ខ្ញុំ​ការ​សម្រេច​ចិត្ត​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​ដោយ​សារតែ​សេវា​កម្ម​នៅ​ក្រៅ​​ប្រទេស​ល្អ​ជាង ងាយ​ស្រួល​ជាង មិន​ស្មុគ​ស្មាញ ពិសេស​​មិន​មាន​ការ​តម្លើង​ថ្លៃ​​ក្នុង​ឱកាស​បុណ្យ​ទាន​ម្តង​ៗ មិន​ថា ផ្ទះសំណាក់ សណ្ឋាគារ ចំណី​អាហារ​ ក៏ដូចជា​​មធ្យោបាយ​ធ្វើ​ដំណើរ។

បន្ទាប់​ពីដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ វិស្សមកាល​ចុង​​ឆ្នាំ២០១៥នេះ​ ខ្ញុំ​ក៏សម្រេច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​ព្រៃ​នគរ ដែល​មនុស្ស​ខ្មែរ​បច្ចុប្ប​ន្ន​នាំ​គ្នា​ហៅពេញ​ៗ​មាត់​ថា ហូជីមិញ ឬ​សៃហ្គន។ ខ្ញុំ​សម្រេច​ចិត្ត​ទៅ​កាន់​អតីតក្រុងខ្មែរ​​មួយ​នេះ​ក៏​ព្រោះ​តែ​ ថ្ងៃ​ឈប់​សម្រាក​តិច ចំណាយ​ក៏​មាន​កំណត់​ ណាមួយ​ចង់​អនុវត្ត​ភាសា​វៀត​ណាម​ដែល​ទើប​តែ​រៀន​ចេះ​បាន​តិច​តួច​ផង​ដែរ។ 😉

12591936_10207686972467873_748945461_o

ផ្លូវ​មួយ​កណ្តាល​ក្រុងព្រៃនគរ ឬ​ហូជីមិញ។ ទោះ​បី​មាន​អគារខ្ពស់ៗ​លូត​លាស់​ដូច​ផ្សិត តែ​ព្រៃ​ឈើ​នៅ​តែ​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ​។

ចាំ​បាន​ថា កាល​នៅ​តូចៗ​ធ្លាប់​ឮ​អ្នក​ជិត​ខាង​និយាយ​គ្នាថា៖ «ថ្ងៃ​នេះ​​ប៉ាវាទៅ​ព្រៃ​នគរ​ គ្មាន​អ្នក​មក​ជួយ​លក់​ទេ។» ខ្លះថា «អូ! ឪអាវ៉ានាំ​ម៉ែ​​ទៅ​មើល​ជំងឺ​នៅ​ព្រៃ​នគរ។» ឬ​ក៏ថា​ «អាទិត្យ​ក្រោយ​ខ្ញុំ​ឡើង​ទៅ​យក​អីវ៉ាន់​នៅ​ព្រៃនគរ​ហើយ ព្រោះ​អស់​អី​លក់​ហើយ!» ជាដើម។ តាម​ឡានក្រុង ឬ​ឡាន​ឈ្នួល​នៅ​សម័យ​នោះ​ ខ្ញុំ​ក៏​ឃើញ​គេ​សរសេរ​ដាក់​បិទ​នឹង​ឡាន​ថា «ភ្នំពេញ-ព្រៃនគរ» «កំពង់ចាម-ព្រៃនគរ» «សួង-ព្រៃនគរ» ជាដើម។ ប៉ុន្តែ​បច្ចុប្បន្ន​ឈ្មោះ «ព្រៃ​នគរ» លែង​មាន​ទៀត​ហើយ! លែង​មាន​អ្នក​ហៅ​ហើយ! លែង​មាន​អ្នក​ស្គាល់​ហើយ! ម្នាក់ៗ​ហៅ​ និង​ស្គាល់តែ «ហូជីមិញ» ឬ «សៃហ្គន» ទៅវិញ។ តាម​ឡានក្រុង ឬ​ឡាន​ឈ្នួល​នានា​ក៏​សរសេរ​តែ «ភ្នំពេញ-ហូជីមិញ​(សៃហ្គន)»… អស់វិញដែរ។ តើ​អនាគតឈ្មោះនេះអាច​នឹង​លែង​មាន​ចារ សូម្បី​តែ​ក្នុង​ក្រាំងប្រវត្តិសាស្ត្រ​ដែរឬទេ? 😥

សៀវភៅ​មគ្គុទ្ទេសក៍ ជំនួយការ​ពិសេស​សម្រាប់​ដំណើរ​កម្សាន្ត​លើក​នេះ។ ;)

សៀវភៅ​មគ្គុទ្ទេសក៍ ជំនួយការ​ពិសេស​សម្រាប់​ដំណើរ​កម្សាន្ត​លើក​នេះ។ 😉

ឈប់​និយាយ​ពី​ប្រវត្តិសាស្ត្រ​ ងាកមកដំណើរ​កម្សាន្ត​វិញ​ម្តង! ខ្ញុំ​ចូលចិត្ត​ដើរ​លេង​ដោយ​ឯក​ឯង អត់​ចូលចិត្ត​ដើរ​លេង​តាម​ធួរ​ទេ ទោះ​អត់​ធ្លាប់​ស្គាល់​ អត់​ចេះ​ភាសា ព្រោះ​ដើរ​លេង​ដោយ​ខ្លួន​ឯង​មាន​ឯករាជ្យ​ជាង។ ចង់​ទៅណា​ ដើរ​ទៅ​នោះ! ដៃ​ម្ខាង​កាន់​សៀវភៅ​ ដៃ​ម្ខាង​កាន់ផែន​ទី។ ដើរ​បណ្តើរ​ អាន​បណ្តើរ មើល​ផែន​ទី​បណ្តើរ។ ហ៊ឺម… មាន​សេចក្តីសុខ​អ្វីម្ល៉េះ! 😉

សៀវភៅ​ដែល​ខ្ញុំ​អាន​ពេល​ធ្វើ​ដំណើរ​គឺ​ជា​សៀវភៅ​មគ្គុទ្ទេសក៍ ឬ​ជា​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​និយាយ​អំពី​ទីកន្លែង​នោះ​។ ធ្វើ​ដំណើរ​បណ្តើរ​អាន​សៀវភៅ​បណ្តើរ​គឺ​ជា​សេចក្តីសុខ​យ៉ាង​ចម្លែក​ ដែល​ពិបាក​នឹង​រក​សេចក្តីសុខ​ឯណា​មក​ប្រដូច​បាន​។ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀត​ណាម​លើក​នេះ​ ខ្ញុំ​យក​សៀវភៅ​ចំនួន​២​ក្បាល​ដាក់​តាម​ខ្លួន​។ មួយ​ជា​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​​ជាភាសា​ថៃ​និយាយ​អំពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង មាន​ហូជីមិញ មុយណេ ញ៉ាត្រាង និង​ដាឡាត់។ មួយ​ក្បាល​ទៀត​ជា​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ជា​ភាសា​ខ្មែរ​ដែល​គ្រឹះស្ថាន​បោះ​ពុម្ព​ខ្មែរ​យើង​ប្រែ​ចេញ​ពី​ភាសា​ថៃ​ដែរ។ សៀវភៅ​នេះ​មាន​ចំណង​ជើង​ថា «១០០រឿង​ស្វែង​យល់​អំពី​ប្រទេស​វៀតណាាម»។ ថ្វី​បើ​មិន​បាន​និយាយ​អ្វី​លម្អិត​ពិស្តារ​អំពី​ប្រទេស​នេះ តែ​សៀវភៅ​នេះ​ក៏​ជួយ​យើងឱ្យ​បាន​យល់​ដឹង​អំពីរឿង​រ៉ាវ​ជា​ច្រើន​ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។ ការ​ស្វែង​យល់​អំពី​ប្រទេស​ ឬ​ទីកន្លែង​ដែល​យើង​នឹង​ត្រូវ​ទៅ​ដល់ ក្រៅ​ពី​ផ្តល់​ចំណេះ​ដឹង វា​ក៏​ផ្តល់​នូវ​​ទំនុកចិត្ត​ និង​សេចក្តីក្លាហាន​ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ។

សៀវភៅ​មួយ​ក្បាល​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​វៀតណាម។

សៀវភៅ​មួយ​ក្បាល​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​វៀតណាម។

ព្រៃ​នគរ… ​នៅ​តែ​ស័ក្តិ​សម​សម្រាប់​ឈ្មោះ​មួយ​នេះ ព្រោះ​រដ្ឋាភិបាល​គេ​ខិត​ខំ​ថែរក្សា​ និង​អភិរក្ស​​ព្រៃ​ឈើ ទន្លេ​បឹងអូរ នៅ​កណ្តាល​ក្រុង​យ៉ាងច្រើន។ សួន​ច្បារ​គេ​ធំៗ ដើរ​ហត់​ ទោះ​គ្មាន​មួក ឆត្រ ឬ​ឡេ​ការពារ​កម្តៅថ្ងៃ ក៏​មិន​ខ្លាច​ខូច​ស្បែក​ ព្រោះ​នៅ​ទី​ណា​ក៏​​មាន​ម្លប់​។ កម្តៅ​ព្រះអាទិត្យ​គ្មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​បំផ្លាញ​ម្លប់​ព្រឹក្សា​ទាំង​នោះ​បានឡើយ…

 

Read Full Post »


 

រូបភាព​ពី Google

រូបភាព​ពី Wiki

ផ្កាយ​NoVeLs*–ក្នុងថ្ងៃឆ្លងឆ្នាំកន្លងទៅនេះខ្ញុំនិងមិត្តភក្តិបានធ្វើដំណើរកម្សាន្តទៅ កាន់​ទឹក​ដី ព្រៃនគរអតីតដែនដីខ្មែរដែលត្រូវលេបត្របាក់ដោយប្រទេសជិតខាង ដែល​អាណា​ព្យាបាល​យើង​នៅតែចាត់ទុកជាមហាមិត្តម៉ឺនឆ្នាំគ្មានថ្ងៃសាបរលាប។

ដំណើរកម្សាន្តលើកនេះ គឺជាដំណើរកម្សាន្តសុទ្ធសាធ។ មិនមែនជាទស្សនកិច្ចសិក្សា មិន​មែន​ជា​ការស្រាវជ្រាវ តែជាដំណើរទស្សនាចរណ៍ជាមួយសៀវភៅមគ្គុទ្ទេសក៍ ប៉ុន្មាន​ក្បាល​ដែល​ខ្ញុំ​ដាក់​ជាប់​តាមខ្លួនជាមួយដើម្បីសិក្សាស្វែងយល់ អំពីភូមិប្រវត្តិរបស់ទីកន្លែងនីមួយៗដែលខ្ញុំនឹងទៅដល់។

អាចជារឿងចៃដន្យ ឬសំណាង មិត្តភក្តិបរទេសម្នាក់របស់ខ្ញុំដែលដឹងដំណឹងថា ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់ដែនដីរបស់អ៊ំហូក្នុងឆ្នាំថ្មីនេះ បានជូនកាដូសំបុត្រយន្តហោះពីរសន្លឹកមកឲ្យខ្ញុំ។ ដំបូងឡើយ ខ្ញុំគិតថានឹងធ្វើដំណើរតាមរថយន្តទេ ព្រោះ​ជា​ដំណើរ​កម្សាន្ត​លើក​ដំបូង​ទៅ​កាន់​ប្រទេស​នោះ ​ទើប​ចង់​    ឃើញទេសភាព និងជីវភាពប្រជាជនដែលរស់នៅតាមដងផ្លូវឲ្យបានច្រើន។

ខ្ញុំសូមផ្អាកនិយាយពីរឿងការធ្វើដំណើរត្រឹមនេះសិន ព្រោះអត្ថបទនេះខ្ញុំចង់ផ្តោត សំខាន់​លើ​វត្ត​ចន្ទរង្សី​ដែល​ជា​វត្តខ្មែរមួយស្ថិតនៅកណ្តាលក្រុងព្រៃនគរ។ បន្ទាប់ពីអត្ថបទនេះ បើ​សិន​ជា​មាន​ពេល​ ខ្ញុំ​នឹង​និយាយ​លម្អិតបន្ថែមពីការធ្វើដំណើរ របស់ខ្ញុំ ឬជា Travel Review ដើម្បី​អាច​ប្រើ​​ជា​​ប្រយោជន៍​​ខ្លះៗ​​សម្រាប់​​អ្នក​​ដែល​ចង់​ធ្វើ​ដំណើរទៅកាន់អតីតក្រុងខ្មែរមួយនេះ។

ថត​រូប​អនុស្សាវរីយ៍​នៅខាង​មុខ​ខ្លោង​ទ្វារ​វត្ត​

ថត​រូប​អនុស្សាវរីយ៍​នៅខាង​មុខ​ខ្លោង​ទ្វារ​វត្ត​

នៅថ្ងៃចុងក្រោយនៃដំណើរកម្សាន្តនេះ ខ្ញុំបានឆ្លៀតពេលដើម្បីដើរស្វែងរកវត្ត ចន្ទរង្សី​ដែល​ខ្ញុំ​ធ្លាប់​ដឹង​ឮ​ប្រវត្តិខ្លះៗពីមុនរួចមកហើយ។ ខ្ញុំស្គាល់អាសយដ្ឋានវត្តនេះច្បាស់ណាស់​ ព្រោះបានស្វែងរកតាម Google Map តាំងពីនៅស្រុកខ្មែរម្ល៉េះ។ ប៉ុន្តែ​ពេល​មក​ដល់​ហូជីមិញ ខ្ញុំ​មិន​គិត​ថា​នឹង​មាន​ពេល​ដើម្បី​ទៅ​រក​វត្ត​នេះ​ទេ ព្រោះនៅមានកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត ដែលខ្ញុំពុំទាន់បានទៅ។ តែ​ចិត្ត​មួយ​ក៏​គិត​ថា បំណាច់​​ជា​​មក​ដល់​​​ទៅ​​​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ឱ្យ​ដល់​វត្ត​នេះ។

ដោយគ្មានគម្រោងច្បាស់លាស់ ទើបការធ្វើដំណើរដោយថ្មើរជើងទៅកាន់ វត្ត​នេះ​ត្រូវ​ប្រើ​ពេល​មួយ​ទ្វេ​ជា​បី ព្រោះខ្ញុំនិងមិត្តភក្តិធ្លាប់ដើរក្រវែលៗ​វត្តនេះប៉ុន្មានដងដែរ តែ​មិន​នឹក​ភ្នក​សោះ​ថា​ខ្លួន​បាន​ដើរ​មក​ដល់​ជិត​វត្ត​នេះ។ លុះដើរចេញ ឆ្ងាយពីវត្តនេះហើយ ទើប​នឹក​ឃើញ​មើល​ផែ​ន​ទី ហើយ​​​ដើរ​​ត្រឡប់​​មក​​កាន់​​ទី​តាំង ដែល​ធ្លាប់​ដើរឆ្លងកាត់ជាថ្មី។

ចន្ទរង្សី គឺជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមមួយ ស្ថិតនៅចំកណ្ដាលរដ្ឋធានី ព្រៃនគរ ត្រូវ​បាន​កកើត​ឡើង​ដោយព្រះតេជព្រះគុណ ឡឹម ឯម នា ព. ស. ២៤៩១ គ. ស. ១៩៤៧ មកដល់ឆ្នាំ ២០១៥ នេះ មានអាយុ កាល ៦៨ ឆ្នាំហើយ។ បច្ចុប្បន្ន វត្តចន្ទរង្សី មាន អាសយដ្ឋាន លេខ 164/235 វិថី ត្រឹងវ៉ឹកថាវ សង្កាត់ទី ៣ ទីក្រុង ព្រៃនគរ (Số 164/235 quốc lộ Trần Quốc Thảo Quận 3 thành phố Hồ Chí Minh)។

IMG_9530

វត្តខ្មែរនៅកម្ពុជាក្រោម មិនមានសិទ្ធិសេរីភាពពេញលេញដូចវត្តខ្មែរ ឬ​បុរាណ​ដ្ឋាន ផ្សេងៗ​ទៀត​នៅ​ខេត្ត​សុរិន្ទ ក្នុងប្រទេសថៃសព្វថ្ងៃនោះទេ។ តាមអ្វីដែលខ្ញុំបានឃើញជាក់ស្តែង ទិដ្ឋ​ភាព​វត្ត​ខ្មែរ​មួយ​នេះ ស្ទើរ​តែ​បាត់​បង់​អត្តសញ្ញាណដើមទៅ​ហើយ។ ដើម្បី​រក្សា​អត្ថិភាព​របស់​ខ្លួន នៅ​តាម​ខ្លោង​ទ្វារ​វត្ត​ត្រូវ​សរសេរ​ដាក់​ថា «សមាគម​ពុទ្ធសាសនាវៀតណាម»។ ភាសា​ដែល​ប្រើ​នៅ​តាម​សេចក្តី​ប្រកាស​នានា ក្នុង​បរិវេណ​វត្ត​គឺ​ប្រើភាសាយួន។ មិនតែប៉ុណ្ណោះ នៅ​តាម​កុដិ​ខ្លះ​មាន​ឧបាសក ឧបាសិកា​​ពាក់​​មួក​​ដួន​​រស់​​នៅ​ ហាក់​ក្លាយ​ទៅជារឿងធម្មតាទៅហើយ។ ព្រះសង្ឃកំលោះៗខ្លះលែងខ្លួនទទេ​ខណៈ​ដែល​មាន​ឧបាសិកា​វ័យ​នៅ​ខ្ចីៗ រស់​​នៅ​​ឡូក​ឡំ។

រឿងមួយទៀតដែលគួរឲ្យសង្វេគជាទីបំផុតនោះ ដែល​ខ្ញុំ​ក៏​មិន​ដឹង​ថា​ជា​ចេតនា​របស់​រដ្ឋា​ភិបាល​វៀត​ណាម ឬ​ក៏​ជា​ការ​​ធ្វេស​​ប្រហែស​​របស់​​ពុទ្ធ​បរិស័ទនៅទីនោះ ក៏ទេដែរ… គឺ​គេ​បាន​យក​ព្រះ​ពុទ្ធ​រូប​វៀត​ណាម មក​​ដាក់​​ពាំង​បាំង​​ពី​​មុខ​​ព្រះពុទ្ធរូបខ្មែរ ព្រម​ទាំង​តម្កល់​ឱ្យ​មានកម្ពស់ខ្ពស់ជាងទៀត ដែល​ទង្វើ​នេះ​ហាក់​មាន​ចេតនា​លេប​ត្របាក់​អត្ត​សញ្ញាណ​ដើម​របស់​វត្ត​ខ្មែរ​បន្តិច​ម្តងៗ រហូត​នៅ ថ្ងៃ​ណា​មួយ​ វត្ត​នេះ​នឹង​គ្រប​ដណ្តប់​ទៅ​ដោយអត្តសញ្ញាណសិល្បៈ វប្បធម៌ និងសាសនារបស់វៀតណាមទៅវិញ។

សង្ឃឹមថា បងប្អូនខ្មែរកម្ពុជាក្រោមនៅទីនោះ នឹងមិនព្រងើយកន្តើយចំពោះចេតនា មិន​ល្អ​ណា​មួយ​របស់​រដ្ឋាភិបាលវៀតណាម ក៏ដូចជាប្រជាជនដែលរស់នៅតាមចំណុះជើងវត្តនៅទីនោះទេ៕

**រូបភាព​ទាំង​អស់​នេះ​ថតដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ ដូច្នេះ​គុណ​ភាព​មិន​ជា​ច្បាស់​ល្អ​នោះ​ទេ៖

IMG_9536

បម្រាម និង​ប្រកាស​ផ្សេងៗ​ដែល​សរសេរ​ជាភាសាវៀតណាម

IMG_9530

ព្រះពុទ្ធរូបវៀតណាមដែលគេយក​មកតម្កល់​ពាំងពីមុខព្រះពុទ្ធរូបខ្មែរ។ បើមើលពីក្រោយ ឬបានឃើញ​ជាក់ស្តែង​នឹង​ឃើញ​ថាព្រះពុទ្ធរូបខាងមុខ​នេះ​ គេតម្កល់​ឲ្យ​ខ្ពស់​ជាង​ព្រះពុទ្ធរូបខ្មែរ​កម្រិត​ណា…

IMG_9535

IMG_9532

រូបសំណាក​ព្រះ​មាតាព្រះពុទ្ធ​ក្នុង​រចនាបថវៀតណាម និង​បណ្ណាល័យ​នៅខាងក្រោយ

IMG_9534

ព្រះពុទ្ធរូបវៀតណាមនៅពាំងពីមុខ​ព្រះពុទ្ធរូបខ្មែរ និង​ដាក់តម្កល់ខ្ពស់​ជាង

IMG_9531

បណ្ណាល័យ

Read Full Post »


ផ្កាយ​NoVeLs*– កាហ្វេ​ប្រៀប​បាន​នឹង​និម្មិតសញ្ញា​នៃ​ភាព​ចាស់​ទុំ​។ អ្នក​ដែល​ឈាន​ចូល​ដល់​វ័យ​ធ្វើ​ការ​ តែង​តែ​សាក​ល្បង​ក្រេប​រសជាតិ​កាហ្វេដើម្បី​បំបាត់​នូវ​ភាព​តប់​ប្រមល់​ផ្សេងៗ​​ តែ​សម្រាប់​​អ្នក​ធ្វើ​ការថ្មោង​​ថ្មី​ដែល​ទើប​តែ​ចាប់​ផ្តើម​ផឹក​កាហ្វេ​ដំបូងៗ​ ពេល​ឈាន​ជើង​ចូល​ក្នុង​ហាង​កាហ្វេ​ហើយ អាច​នឹង​វិល​មុខ​ជាមួយ​បញ្ជី​ឈ្មោះ​​កាហ្វេ​​ដែល​មាន​ច្រើន​មុខ​ស្ទើរ​រាប់​មិ​នអស់​បាន​​។ ដូច្នេះ ​អ្នក​និពន្ធ​វ័យ​ក្មេង​ដែល​មាន​បទ​ពិសោធ​ក្រាស់​ក្រែល​គួរ​សមពាក់​ព័ន្ធ​រសជាតិ​កាហ្វេ ​ បាន​ស្វែង​រក​វិធី​ក្រេប​រស​ជាតិ​កាហ្វេ​ប្រភេទ​ផ្សេងៗ​មក​ផ្ញើ​ប្រិយ​មិត្ត​អ្នក​អាន​ឲ្យ​បាន​ភ្លក្ស​នូវ​រស​ជាតិ​ផ្អែម​ល្វីង​ឲ្យ​បាន​​ត្រូវ​មាត់​ត្រូវ​ចិត្ត​ម្តង​។ 😉

វិធី​ផឹក​ អេស្ព្រេសសូ (ESPRESSO)

    ពពុះ​ពណ៌​មាស​ដែល​អណ្តែត​ត្រានេះ​​​បញ្ជាក់​ពី​គុណភាព​របស់​កាហ្វេ​

ពពុះ​ពណ៌​មាស​ដែល​អណ្តែត​ត្រានេះ​​​បញ្ជាក់​ពី​គុណភាព​របស់​អេស្ព្រេសសូ

ដោយ​ការប្រើ​កម្លាំង​បិត​ចំហាយ​ទឹក​ ឬ​ទឹក​ក្តៅ​​ឲ្យ​ឆ្លង​កាត់​គ្រាប់​កាហ្វេ​​លីង ហើយ​យក​មក​​​កិន​ឲ្យ​ម៉ដ្ឋ​ ទើប​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​អេស្ព្រេសសូ​ក្លាយ​ជា​កាហ្វេ​មួយ​ប្រភេទ​ ដែល​មាន​​​រស​ជាតិ​ល្វីង​ និងចាស់​ខ្លាំង​បំផុត​។ ការ​ឆុង​កាហ្វេ​ប្រភេទ​នេះ​ គឺ​ឆុង​ជាshot ដែល​មាន​​បរិមាណ​ប្រហែល​ ៣០-៥០ក្រាម​។

អេស្ព្រេសសូដែល​ល្អ​ នឹង​មាន​ពពុះ​ពណ៌​មាស​គ្រប​ដណ្តប់​ពេញ​កែវ​ ហើយ​ដែល​សំខាន់​គឺ​អេស្ព្រេសសូ​​គ្មាន​ប្រភេទ​ត្រជាក់​ទេ។ ចំពោះ​វិធី​ផឹក​ គឺ​​គួរ​ផឹក​មួយ​ក្អឹក​​ឲ្យ​អស់​ ឬ​មិន​គួរ​ទុក​ចោល​​​​លើស​ពី​៥​នាទី​ឡើយ​​​ បើ​មិន​ដូច្នោះ​នឹង​បាត់​រស​ជាតិ​។ ក្បួនខ្លះ​ប្រាប់ថាការ​​បៀម​អេស្ព្រេស​សូ​​ទុក​មួយ​សន្ទុះ​ ហើយ​លេប​ចូល​បន្តិច​ម្តងៗដូច​ស្រាក្រហម​​ នឹង​ធ្វើ​ឲ្យ​យើង​ជ្រួត​ជ្រាប​នូវ​រសជាតិ​ពិសេស​របស់​អេស្ព្រេស​សូ​បាន​កាន់​តែជ្រាល​ជ្រៅ​​។

វិធី​ផឹក​កាពូជីណូ(CAPPUCCINO)

សំណល់​បាត​កែវ​បែប​នេះ​ ក៏​បញ្ជាក់​ពី​គុណភាព​របស់​កាពូជីណូដែរ​

សំណល់​បាត​កែវ​បែប​នេះ​ ក៏​បញ្ជាក់​ពី​គុណភាព​របស់​កាពូជីណូដែរ​

កាពូជីណូ​មាន​អត្រាគ្រឿង​ផ្សំ​របស់​អេស្ព្រេសសូ ១/៣ ​ទឹក​ដោះគោ​ស្ទីម(ទឹក​ដោះគោស្រស់​​ក្តៅ​ឆ្លង​កាត់​ចំហាយ​ទឹក​)​ ១/៣ និង​ទឹក​ដោះ​វាយ​ឲ្យ​ឡើង​ពពុះ​អណ្តែត​ពី​លើ​ ១/៣​ទៀត​។ ក្រៅ​​ពី​នេះ​មាន​រោយ​ម្សៅ​ស៊ីនណាម៉ន ឬ​ម្សៅ​កាកាវ​ពី​លើ​តិច​ៗ​ផង​។

ដោយ​កាពូជីណូ មាន​លក្ខណៈ​លេច​ធ្លោ​ត្រង់​ពពុះ​ទឹក​ដោះ​គោ ដូចនេះ​ពេល​ដួស​ពពុះ​ទឹក​​ដោះ​គោ​ឡើង​​ ហើយ​ផ្កាប់​ស្លាប​ព្រាចុះ​ ពពុះ​ទឹក​ដោះ​គោ​ដែល​ល្អ​នឹង​មិន​ស្រក់​ចេញ​ពី​ស្លាប​ព្រា​ទេ ហើយ​ត្រូវ​ក្រាស់​ ម៉ដ្ឋ​ល្អិត​ និង​ទន់​ល្មើយ​​ជា​ទីបំផុត​។ ចំពោះ​ការ​ទទួល​ទាន​ដែល​ត្រឹម​ត្រូវ​ គឺ​ត្រូវ​លើក​​ពែង​កាហ្វេ​ផឹក ដោយ​​ឲ្យ​ទឹក​កាហ្វេ​ហូរ​កាត់​ពពុះ​ទឹក​ដោះ​គោ ​ចូល​ក្នុង​មាត់​​សន្សឹមៗ​។ សង្កេត​​បាន​ថា ពេល​ផឹក​កាហ្វេ​អស់​​ នឹង​មាន​ពពុះ​ទឹក​ដោះ​គោ និង​ម្សៅ​ដែល​រោយ​ពី​លើ​នោះ​នៅ​​សល់​ជាប់​នឹង​បាត​កែវ​។

វិធី​ផឹក​ម៉ូកា(Mocha)

ហាម​កូរ​ពពុះ​ក្រេមខាង​លើ​នេះ​​ចូល​ជាមួយ​កាហ្វេដាច់ខាត​

ហាម​កូរ​ពពុះ​ក្រេមខាង​លើ​នេះ​​ចូល​ជាមួយ​កាហ្វេដាច់ខាត​

កាហ្វេ​ម៉ូកាមាន​ពណ៌​ និង​ក្លិន​ដូច​សូកូឡា ថ្វី​បើ​ពេល​ខ្លះ​​គ្មាន​សូកូឡា​ក្នុង​គ្រឿង​ផ្សំ​របស់​ម៉ូកា​ក៏​ដោយ។ នៅ​តាម​ហាង​នានា ​ចូលចិត្ត​ធ្វើ​ម៉ូកា​ដោយ​ដាក់​អេស្ព្រេសសូ ផ្សំ​ជាមួយ​កាកាវ​ មាន​​ទាំង​ប្រភេទ​ក្តៅ​ និង​ត្រជាក់​ ព្រោះ​គ្មាន​ពពុះ​ទឹក​ដោះ​គោ ដែលល្ងាន់​​​ខ្លាំង​ណាស់ពេល​ទទួល​ទាន​លាយ​ទឹក​កក។ ដូចនេះ​អ្នក​ដែល​ចង់​ផឹក​កាពូជីណូ​ទឹក​កក អាច​​ងាក​មក​សាកល្បង​​ម៉ូកា​ទឹក​កក​​វិញ​ចុះ នឹង​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ប្លែក​ជាប់​ចិត្ត​មិន​ខាន​។

ម៉ូកាជាកាហ្វេ​ដែលគេដាក់​ពពុះ​ក្រេម(Whip Cream)ពីលើ​ ដូច្នេះ​ពេល​ផឹក​ សូម​កុំ​វឹក​ ក្រេម​ចូល​ជាមួយ​កាហ្វេ តែ​ឲ្យ​ដួស​ម្តង​មួយម៉ាត់ៗ​ញ៉ាំ​ជាមួយ​កាហ្វេ​វិញ​ បើ​មិន​ដូច្នោះ​នឹង​ធ្វើ​ឲ្យ​បាត់​​រសជាតិ​មិន​ខាន។ ម្យ៉ាង​ទៀត​… ម៉ូកា​មិន​ចាំបាច់​ថែម​ស្ករ​ទេ ព្រោះ​សូកូឡា​មាន​រសជាតិ​ផ្អែម​​ស្រាប់​ហើយ​។ បើ​ផឹក​កាហ្វេ​ម៉ូកា​ កុំ​ភ្លេច​កម្មង់​ ​Brownie ឬខេកសូកូឡា ញ៉ាំ​ជាមួយ​គ្នា គឺ​ឆ្ងាញ់​រក​លេខ​ដាក់​គ្មានទេ​! 😀

វិធី​ផឹកអាមេរិកាណូ(Americano)

អាមេរិកាណូ​ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​ឈ្មោះ​កាហ្វេ​ខ្មៅ

អាមេរិកាណូ​ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​ឈ្មោះ​កាហ្វេ​ខ្មៅ

មនុស្ស​ភាគ​ច្រើន​ ប្រហែលជា​ស្គាល់​អាមេរិកាណូ​តាម​រយៈ​ឈ្មោះ​ «កាហ្វេ​ខ្មៅ» ដែល​កើត​​ឡើង​ពី​ការ​បន្ថែម​ទឹក​ក្តៅ​ ផ្សំ​ជាមួយ​អេស្ព្រេសសូ ដែល​ធ្វើ​ឲ្យ​អាមេរិកាណូ​មាន​រសជាតិ​ល្វីង​​ចត់​ដូច​កាហ្វេ​ធម្មតា​ តែ​មាន​រសជាតិ​ចាស់​ និង​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់​ពី​អេស្ព្រេសសូ។ អាមេរិកាណូ​ ស័ក្តិ​សម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ខ្មៅ តែ​មិន​ចាស់ និង​ល្វីង​ដូច​អេស្ព្រេសសូ​ពេក​។ ដើម្បី​បាន​ជ្រួត​ជ្រាប​នូវ​រស​ជាតិ​កាហ្វេ​​​​ពិត​ ដែល​មិន​​ដូច​កាហ្វេ​ដទៃ​ទៀត​នោះ ​គេ​​និយម​ផឹក​អាមេរិកាណូ​ដោយ​មិន​លាយ​ជាមួយ​ទឹក​ដោះ​គោ ឬ​ស្ករនោះ​​ទេ៕

ថ្ងៃ​នេះ​ជូន​ប៉ុណ្ណឹង​សិន ថ្ងៃ​ក្រោយ​មាន​បន្ថែម​ទៀត! 😉

 

Read Full Post »


cold

ផ្កាយ​NoVeLs*– កក្តឹក​​ធ្លាក់​ខ្យល់!! គ្រប់​គ្នា​ប្រហែល​ជា​បាន​ប៉ះ​ពាល់​ និង ​ទទួល​យក​ខ្យល់​ត្រជាក់ៗ​ខ្លះ​ហើយ​មែនទេ? ទោះ​បី​ជា​អាកាស​ធាតុ​ល្អ​បែប​ណា​ក៏​ដោយ​ សូម​កុំ​ភ្លេច​ខ្លួន ​ទៅឈរ​​​យក​ខ្យល់​អាកាស​​ត្រជាក់ៗ​ រហូត​ក្លាយ​​ជា​ផ្តាសាយ​ឲ្យ​សោះ ប្រយ័ត្ន​ឈឺ​ធ្ងន់​ខាន​បាន​ដើរ​លេង​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ!

ដើម្បី​កុំ​ឲ្យ​រដូវ​រំហើយ​​នេះ​ ក្លាយ​ជា​បញ្ហា​ដល់​សុខ​ភាព​លោក​អ្នក​ ​ដោយ​រវល់​​តែ​អង្គុយ​ជូតសម្បោរ​​ទាល់​តែ​​ក្រហមច្រមុះ​ ​ ឬ​គិតតែ​សម្ងំ​គេង​បន្ទុំ​ជំងឺ​នៅ​តែ​ក្នុង​ផ្ទះ​ សូម​មក​ត្រៀម​ខ្លួន​ថែ​រក្សា​​​​សុខ​ភាព​ឲ្យ​ល្អ​ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​ទាំង​អស់​គ្នា​ល្អ​ជាង ដើម្បី​បានត្រេក​ត្រអាល​​ជា​មួយ​​ជំនោរ​កក្តឹក​បាន​យ៉ាង​ពេញ​ទំហឹង!

១. កុំ​បណ្តោយ​ឲ្យ​ស្បែក​ស្ងួត៖ អាកាស​ធាតុ​​ត្រជាក់​ស្ងួត​​ ច្រើន​តែ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ស្ងួត​​​ក្រៀម ឬ​ប្រេះ​បែក​ស្រកា​ ដូច្នេះ​ឡេ​លាប​ស្បែក​សំខាន់​ណាស់​ សម្រាប់​រដូវ​នេះ​។ សូម​ជ្រើស​​រើស​​ប្រភេទ​ឡេ​ ដែល​មាន​សារធាតុ​ផ្សំ​ពី​ ម៉យ​ឆឹរ៉ាយហ្សឺ (moisturizer) ខ្ពស់​ ឬ​មាន​ជាតិ​ប្រេង​​តិច​តួច​។ ឡេ​បែប​នេះ​ ​ជួយ​ផ្ទុក និង ​បន្ថែម​សំណើម​ដល់​ស្បែក ​ក្នុង​រដូវធ្លាក់​ខ្យល់​បាន​យ៉ាង​ពិសេស​។ ចំពោះ​ក្មេង​តូច​ៗ​អាច​ប្រើ​ Baby Oil លាប​ស្បែក​ក្រោយ​ងូត​ទឹក​រួច​ គឺ​ល្អ​ណាស់​ ព្រោះ​មិន​ធ្វើ​ឲ្យ​ក្រហាយ​ស្បែក​។ ចំណែក​លោក​អ្នក​ជា​ឪពុក​ម្តាយ​ក៏​អាច​ប្រើ​បាន​ដែរ​។

២. យក​ចិត្ត​ទុក​ដាក់​រឿង​ចំណី​អាហារ​៖ មែន​ហើយ​ រងាៗ​ ត្រជាក់ៗ​ បែប​នេះ​ គឺ​ត្រូវ​​គ្នានឹង​ចំណី​អាហារ​ក្តៅៗ​ ឧណ្ហៗ ខ្លាំង​ណាស់​ ដូច្នេះ​គួរ​ជ្រើស​រើស​ទទួល​ទាន​អាហារ​ក្តៅ ដើម្បី​រក្សា​​សីតុណ្ហភាពរាងកាយ។​ ចំណែក​អ្នក ​ដែល​ចូល​ចិត្ត​ទទួល​ទាន​របស់​ត្រជាក់ៗ ​ដូច​ជា         ​ការ៉េម ទឹក​កក​ ឬ​ទឹក​ត្រជាក់ៗ​ សូម​កាត់​បន្ថយ​ខ្លះ​ទៅ បើ​មិន​ចង់​ផ្តាសាយ​ ឬ​ឈឺ​ពោះ​ ព្រោះក្រពះ​ និង​ សាច់​ដុំ​ ងាយ​នឹង​មាន​អាការៈ​​​ស្វិត​រួញ​យ៉ាង​ឆាប់​រហ័ស​។

៣. សម្អាត​បន្ទប់​គេង​៖ រឿង​នេះ​សំខាន់​ណាស់ ព្រោះ​រដូវ​រងា​បែប​នេះ​យើង​ចូលចិត្ត​​ឃ្លុំ​ភួយ​សម្ងំ​នៅ​តែ​កន្លែង​គេង​​ប៉ុណ្ណោះ​។ ប៉ុន្តែ​ធ្លាក់​ខ្យល់​បែប​នេះ​ ពូក ភួយ​ ខ្នើយ​ ​របស់​យើង​ច្រើន​តែ​មាន​ល្អង​ធូលី​កក​ជាប់ និង​ ​មាន​ក្លិន​អាប់​ ដូច្នេះ​សូម​ឧស្សាហ៍​យក​សម្ភារៈគេង​​ទាំង​អស់​នេះ​ទៅ​​បោក​គក់​ហាល​ថ្ងៃ​ ឬ​ ដាក់​សំដិល​ថ្ងៃ​ឲ្យ​បាន​ញឹក​ញាប់​ ព្រោះ​រដូវ​រំហើយ ​ស្បែក​យើង​ស្ងួត​ស្រាប់​ហើយ ​យើង​អាចងាយ​នឹង​​ចាញ់​ល្អង​ធូលី​នៅ​កន្លែង​គេង ដែល​បណ្តាល​​ឲ្យ​កើត​អាការៈ​ស្កៀប​រមាស់​​រហូត​ក្លាយ​ជា​ដំបៅ​ ឬ​មាន​ជំងឺ​សើ​ស្បែក​​បន្ថែម​ទៀត​ក៏​ថា​បាន​។

៤. ប្រយ័ត្ន​ជំងឺ​រដូវ​រងា​​ផ្សេងៗ​៖  មិន​ថា ផ្តាសាយ​តូច​ ផ្តាសាយ​ធំ ហើម​សួត​ កញ្ជ្រឹល រាករូស រួម​ទាំង​អាការៈ​រោល​រមាស់ ឈឺ​ក្បាល​ ប្រកាច់ ។ល។ បើ​សង្កេត​ថា​មាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ ​ដូច​ជា​ ក្តៅ​ខ្លួន​​មិន​ឈប់​ រាក​រូស​ជា​បន្ត​បន្ទាប់ ឬ​ស្បែក​មាន​សភាព​ខុស​ពីធម្មតា​ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជា​បន្ទាន់​។

៥. កុំ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាស៖ បើ​ឈឺ​ដោយ​ឥត​ព្រាង​ទុក​​ ដូច​ជា​​កណ្តាស់​មិន​ឈប់ សម្បោរ​​ហៀ​ដូច​ទឹក ស្បែក​កើត​រមាស់ ឬ​ក្រៀម​ប្រេះ​ស្រកា​ខ្លាំង​ រហូត​មាន​សភាព​ឈឺ​ចាប់​ ឬ​ក្រហាយ​​ចេញ​​ឈាម​ សូម​កុំ​រក​ថ្នាំ​មក​ប្រើ​ដោយ​ខ្លួន​ឯង​ឲ្យ​សោះ​ គួរ​ទៅឲ្យ​ពេទ្យ​ពិនិត្យ​មើល​រោគ​សញ្ញា​សិន រួច​សឹម​ផ្សំ​ថ្នាំ​លេប​តាម​វេជ្ជបញ្ជា​ ព្រោះ​ថ្នាំ​ដូច​គ្នា​មិនមែន​សុទ្ធ​តែ​​ប្រើ​ត្រូវ​គ្រប់​គ្នា​នោះ​ទេ ទោះ​បី​ជា​ប្រភេទ​ជំងឺ​ដូច​គ្នា​ក៏​ដោយ​។

៦. សម្លៀក​បំពាក់​៖ មិន​ថា​អាវ​រងា អាវ​ដៃ​វែង​ កន្សែង​បង់​ក​ ស្រោម​ជើង​ ឬ​សូម្បីតែ​ស្រោម​​ដៃ​​ របស់​អស់​ទាំង​នេះ​គួរ​តែ​ត្រៀម​ទុក​ជានិច្ច​។ ជា​ពិសេស​ពេល​យប់ បើ​អាកាស​ធាតុ​ត្រជាក់​​ខ្លាំង ​គួរ​តែ​ពាក់​ស្រោម​ជើង​គេង​រហូត​ ព្រោះ​បរិវេណចុង​​ជើង​របស់​យើង​ ងាយ​នឹង​ទទួល​​ភាព​ត្រជាក់​បំផុត​ និង ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស ​រហូត​ធ្វើ​ឲ្យ​មាន​ជំងឺ​បាន​។

៧. ហាត់​ប្រាណ​កុំ​ខាន​៖ ធ្លាក់​ខ្យល់​រងា​បែប​នេះ​ សូម​កុំ​ឆ្លៀត​ឱកាសខ្ជិល​ឲ្យ​សោះ​​។ កាន់​តែ​រងា​ កាន់​តែ​ត្រូវ​ហាត់​ប្រាណ​ ដើម្បី​ឲ្យ​រាង​កាយ​បាន​កក់​ក្តៅ​ និង​ រឹង​មាំ​ជា​និច្ច​ ព្រោះ​បើ​យើង​គិត​​តែ​ពីឃ្លុំ​​ភួយ​សម្ងំ​គេង​​​បែប​រំភើយ ភាព​ធាត់​ឡើង​ទម្ងន់​នឹង​រត់​មក​រក សាច់​ដុំ​ក៏​ចុះ​ខ្សោយ​ និង​ធ្វើ​ឲ្យ​ឆាប់​ហត់​នឿយ​ទៀត​ផង​។ ដូច្នេះ​កុំ​ភ្លេច​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ណ៎ា!

៨. រក្សា​អនាម័យ​ខ្លួន​ប្រាណ​៖ ចំណុច​នេះ​មិន​ត្រូវ​ភ្លេច​ទេ ទោះ​ជា​រងា​ដល់​កម្រិត​ណា​ ក៏​ត្រូវ​​ងូត​ទឹក​ដែរ​ ព្រោះខ្លួន​ប្រាណ​​យើង​ បាន​ទៅប៉ះពាល់​នឹង ​បរិយាកាស​កខ្វក់​ច្រើន​ណាស់​។ វា​អាច​​ប្រមូល​​យក​មេរោគ​តាម​ខ្លួន​មក​ជាមួយ ហើយ​អាច​​ធ្វើ​ឲ្យ​ឈឺ​បាន​។ តែ​បើ​រងា​រហូត​ទ្រាំ​មិន​បាន​​ពិត​មែន​ សូមណែនាំ​ឲ្យ​យក​ទឹក​ក្តៅ​​ឧណ្ហៗ ផ្សំ​​នឹង​ទឹក​​ថ្នាំ​សម្លាប់​មេរោគ ​ដែល​ប្រើ​សម្អាត​រាង​កាយ​ ហើយយក​កន្សែង​ពោះ​គោ​​ ជ្រលក់​ជូត​ខ្លួន​ជំនួស​​សិន​ក៏​បាន​ តែ​កុំ​ញឹក​ញាប់​ពេក​ ព្រោះ​វិធីដែល​​ល្អ​បំផុត​គឺ​ត្រូវ​ងូត​ទឹក​ឲ្យ​ស្អាត​។

ប៉ុណ្ណេះ​ មិន​ពិបាក​ពេក​​ទេ មែនទេ? មិន​ថា​អនុវត្ត​​បាន​គ្រប់​ចំណុច​ ឬធ្វើ​បានតែ​​​ចំណុច​ខ្លះៗ​​ ក៏​សូម​ជូន​ពរ​​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​អ្នក ​រស់​នៅដោយ​​ភាព​កក់​ក្តៅ​ ប្រកប​ដោយ​សុខ​ភាព​​ល្អ​ពេញ​មួយ​រដូវ​រងា​នេះ​៕

(ប្រែ​សម្រួល​ដោយ៖​សួង ម៉ាក់)

Read Full Post »


ផ្កាយ​NoVeLs*– សួ​ស្តី​ប្រិយ​មិត្ត​អ្នក​​និពន្ធ​វ័យ​ក្មេង​ទាំង​អស់​។ មួយ​​រយៈ​នេះ​ យើងដូច​ជា​បែក​គ្នា​យូរ​ក្នុង​ទំព័រ​វិជ្ជា​ធ្វើ​ម្ហូប​។ ហាសហា នេះ​ក៏​ដោយ​សារ​ពេល​នេះ​ អ្នក​និពន្ធ​វ័យ​ក្មេង​លែង​រស់​នៅ​ម្នាក់​​ឯង​ដូច​មុន​ហើយ! រាល់​​មុខ​ម្ហូប​ទាំង​អស់​ អ្នក​ម្តាយ​ខ្ញុំ​ជា​អ្នក​ទទួល​រ៉ាប់​រង​វិញ​ម្តង​។ ទោះ​យ៉ាង​ណា​ ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ការ​ធ្វើ​ម្ហូប​ ដូច្នេះ​ខ្ញុំ​​នឹង​មិន​ទុក​ឲ្យ​ទំព័រ​នេះនៅ​ឯកោ​យូរ​ទេ។ ដូច្នេះ​ថ្ងៃ​នេះ​ ខ្ញុំ​សូម​ណែ​នាំ​បាយ​ឆា​មួយ​មុខ​ដែល​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ​​ នោះ​គឺ​ បាយ​ឆា​តុមយ៉ាំ​គ្រឿង​សមុទ្រ​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​១

ចង់​ដឹង​ថា ដើម្បី​ទទួល​បាន​បាយ​ឆា​នេះ​​មួយយ​ចាន ​គេ​ធ្វើ​ដូច​ម្តេច​ខ្លះ​នោះ សូម​មក​តាម​ដាន​ជាមួយ​ខ្ញុំ​ទាំង​អស់​គ្នា​!

  • គ្រឿង​ផ្សំ​

១. បាយ​ស​, ២. មឹក, ៣. បង្គា​, ៤. គ្រែង​(គ្រំសមុទ្រ), ៥. ផ្សិត​ចំបើង​, ៦. រំដេង​, ៧. គល់​ស្លឹក​គ្រៃ, ៨. ស្លឹក​ក្រូច​សើច​, ៩. ខ្ទឹម​ចិញ្រ្ចាំ​, ១០. ម្ទេស​ចង្អុល​មេឃ​ហាន់​, ១១. ម្ទេស​ចិញ្ច្រាំ​ឆា​​, ១២. ទឹក​ត្រី​, ១៣. ស្ករស, ១៤. ប្រេង​ឆា​, ១៥. បន្លែ​បន្ថែម៖ ក្រូច​ឆ្មារ​, ជីរ​នាង​វង​,​សាលាដ។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​២

  • វិធី​ធ្វើ​

ដំបូង​ដាក់​​ខ្ទះ​ឲ្យ​ក្តៅ​ ចាក់​​ប្រេង​ឆា ​និង​ខ្ទឹម​ចិញ្ច្រាំចូល​​។ លីង​ខ្ទឹម​ឲ្យ​ឈ្ងុយ​ រួច​យក​គ្រឿង​សមុទ្រ​មក​ឆា​ មាន​ដូច​ជា​ មឹក បង្គា​ ​និង​គ្រែង។ ឆា​ពីរ​បី​ត្រឡប់​​ ដាក់​ផ្សិត​ចំបើង​ រំដេង​ គល់​ស្លឹក​គ្រៃ​ ស្លឹក​ក្រូច​សើច​ចូល​។ បន្ទាប់​មក​ឆា​ត្រឡប់​ទាល់​តែ​ផ្សិត​ចំបើង​ឆ្អិន​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​

បន្ថែម​រសជាតិ​ ដល់​បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​ដោយ ​ម្ទេស​ចិញ្ចាំ​ឆា​។ ផ្សំ​រស​ជាតិ​ដោយ​ទឹក​ត្រី និង​ស្ករ​ស​ ឲ្យ​សម​ល្មម​តាម​ចំណង់​ចំណូលចិត្ត​ រួច​ឆា​ត្រឡប់​ឲ្យ​ចូល​រស​ជាតិ​​គ្នា​។ ចុង​ក្រោយ​ចាក់​បាយ​ស​​ចូល​ រួច​ឆា​ត្រឡប់​ឲ្យ​ចូល​គ្នា​ ដាក់​ម្ទេស​ចង្អុល​មេឃ​ដែល​បាន​​ហាន់​ទុក​​ចូល​​ជា​ការ​ស្រេច​។ ត្រូវ​ចាំ​ថា បាយ​ឆា​ដែល​ឆ្ងាញ់​ ត្រូវ​ប្រើ​បាយ​ត្រជាក់​ ឬ​បាយ​ដែល​ច្រក​​ក្លាស្សេ​​ទុក​មួយ​យប់​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​(សិល្បៈ)

​បន្ទាប់​ពី​បាយ​ឆ្អិន​ បិទ​ភ្លើង​ ដួស​ដាក់​ចាន​ រួច​រៀប​លម្អ​បន្ថែម​សោភ័ណ​ភាព​ដោយ​ក្រូច​ឆ្មារ​ ​ស្លឹក​ខ្ទឹម​ ជីរ​នាង​វង ​និង​សាលាដ​។​ ឥឡូវ​យើង​បាន​បាយ​ឆា​តុមយ៉ាំ​គ្រឿង​សមុទ្រ​ហើយ តើ​គ្រប់​គ្នា​ត្រៀម​ខ្លួន​ដើម្បី​ភ្លក្ស​ហើយ​ឬនៅ?? 😛

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​៩

Read Full Post »


សួង ម៉ាក់៖ កុំ​គិត​ថា​ ទៅ​សិក្សា​នៅ​ឡាវ​ខ្លាច​អត់​ការងារ​ធ្វើ

និស្សិត​ខ្មែរ​ភាគ​ច្រើន​មិន​ចង់​បាន អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ស្មើ​ ឬ​ទាប​ជាង​​​កម្ពុជានោះ​​ទេ​ ដោយ​គេ​គិត​ថា​សញ្ញាប័ត្រ​ចេញ​ពី​ប្រទេស​នោះ​នឹង​មិន​សូវ​មាន​តម្លៃ​ នាំ​ឲ្យ​ពិបាក​រក​ការងារ​ធ្វើ។ ប៉ុន្តែ​យុវជន​ សួង​ ម៉ាក់ ​អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ ទើប​ត្រឡប់​មក​ដល់​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​​ពី​ចំណាយ​ពេល​សិក្សា​អក្សរ​សាស្ត្រ​ឡាវ​ នៅ​សាកល​វិទ្យាល័យ​ជាតិ​ឡាវ​ (National University of Laos) អស់​រយៈពេល​៥​ឆ្នាំ​បាន​ច្រានចោល​ទស្សនៈ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ តើ​សញ្ញាប័ត្រ​មក​ពី​ប្រទេស​ឡាវ​​អាច​ឲ្យ ​សួង​ ម៉ាក់ ​រក​បាន​ការងារ​អ្វី​ធ្វើ​ហើយ ឬ​នៅ? ថ្ងៃ​នេះ​ គេហទំព័រ​ Sabay​ បាន​សាក​សួរ​យុវជន​រូប​នេះ​ ដែល​មាន​ក្នុង​បទ​សម្ភាសន៍​ដូច​តទៅ៖

Sabay៖ តើ​ ម៉ាក់​ ដឹង​ដំណឹង​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដោយរបៀប​​ណា? ហើយ​ធ្វើ​ម៉េច​ទើប​ទទួល​បាន​អាហារូបករណ៍​នេះ?
សួង ម៉ាក់៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​កន្លែង​ផ្ដល់​ដំណឹង​ទាក់​ទង​នឹង​អាហារូបករណ៍។ ខ្ញុំ​ដឹង​ដំណឹង​អាហារូបករណ៍​នេះ​ពី​មិត្ត​ខ្ញុំ​មក។

ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ ​និស្សិត​ត្រូវ​​ប្រឡង​លើ​មុខ​វិជ្ជា​ពីរ​វិញ្ញាសា​ គឺ​​អក្សរ​សាស្ត្រ​ខ្មែរ​ និង​​ចំណេះ​ដឹង​វប្បធម៌​ទូ​ទៅ។ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​របស់​យើង​ជា​អ្នក​រៀប​ចំ​ ដោយ​​ជ្រើស​រើស​តែ​៦​នាក់​ទេ​ ហើយ​អ្នក​ជាប់​ត្រូវ​រៀន​អក្សរ​សាស្ត្រ​ឡាវ​​ កាល​នោះ។ បច្ចុប្បន្ន​ក្រសួង​រើស​ដល់​ទៅ​​១០​នាក់​ ហើយ​បេក្ខជន​​អាច​ជ្រើស​រើស​រៀន​ សេដ្ឋកិច្ច​ គណនេយ្យ​ វិស្វករ​ ឬ​កុំព្យូទ័រ​បាន​ តែ​​ក្រសួង​ក៏​បាន​បន្ថែម​មុខ​វិជ្ជា​ប្រឡង​ដែរ​ ដូច​ជា​ គណិតវិទ្យា និង​ភាសា​អង់គ្លេស​ជា​ដើម។

Sabay៖ មុន​ពេល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ តើ​ ម៉ាក់​ កំពុង​ធ្វើ​អ្វី?
សួង ម៉ាក់៖ ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​ឆ្នាំ​ទី​មួយ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រួច​ទៅ​ហើយ​ ដូច្នេះ​អាហារូបករណ៍​នោះ ​គឺ​ត្រូវ​នឹង​ជំនាញ​ខ្ញុំ​ស្រាប់។

Sabay៖ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ ខណៈ​និស្សិត​ជា​ច្រើន​ប្រាថ្នា​ចង់​​ទៅ​សិក្សា​នៅ​ប្រទេស​អភិវឌ្ឍ​ច្រើន​ជាង?
សួង​ ម៉ាក់៖ តាម​ពិត​ទៅ​ ខ្ញុំ​ស្រឡាញ់​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ដែល​ខ្ញុំ​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ណាស់​ ប៉ុន្តែ​ដោយសារ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​រ៉ាប់​រង​​ការ​ចាយ​វាយ​ផ្សេង​ៗ​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នោះ​តែ​ម្ដង​ ដើម្បី​បន្ធូរ​បន្ទុក​ក្នុង​គ្រួសារ​ខ្ញុំ ​ឯ​ខេត្ត​កំពង់​ចាម។

Sabay៖ តើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ឡាវ​​យ៉ាង​ម៉េច​ដែរ? 
សួង ម៉ាក៖ នៅ​ប្រទេស​លាវ ​និស្សិត​បរទេស​ត្រូវ​រៀន​៦​ឆ្នាំ​ ដោយ​រាប់​ទាំង​រៀន​​ត្រៀម​​ភាសា​លាវ​មួយ​ឆ្នាំ​ផង​ ព្រោះ​បរិញ្ញាបត្រ​នៅ​ស្រុក​ឡាវ​​ និស្សិត​ត្រូវ​រៀន​៥​ឆ្នាំ។ បច្ចុប្បន្ន​ ឡាវ​បាន​ប្ដូរ​មក​រៀន​៤​ឆ្នាំ​ដូច​ខ្មែរ​ដែរ​ ដូច្នេះ​និស្សិត​ដែល​ទៅ​​រៀន​នៅ​ទី​នោះ​ ត្រូវ​រៀន​តែ​៥​ឆ្នាំ​ រាប់​ទាំង​រៀន​ត្រៀម​ភាសា​ឡាវ​ផង។

Sabay៖ ចុះ​សម្រាប់​ការ​រស់​នៅ​ប្រទេស​ឡាវ​​វិញ​ មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ?
សួង​ ម៉ាក់៖ នៅ​ប្រទេស​ឡាវ​ ប្រជាជន​រួសរាយ​រាក់​ទាក់​ និង​មាន​ប្រពៃណី​ របៀប​របប​រស់​នៅ​ដូច​ខ្មែរ​យើង​ដែរ​ ហើយ​សន្តិសុខ​ទៀត​សោត​ក៏​ល្អ​ ដូច្នេះ​ខ្ញុំ​អាច​សម្រប​ខ្លួន​រស់​នៅ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ទី​នោះ។

Sabay៖ ក្រោយ​ពី​ត្រឡប់​មក​ពី​ឡាវ​​វិញ​ តើ​ជំនាញ​ដែល​រៀន​នៅ​ទី​នោះ​ជួយ​ធ្វើ​ឲ្យ​ ម៉ាក់​ ស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​ទេ?
សួង ម៉ាក់៖ ជំនាញ​ដែល​ខ្ញុំ​សិក្សា​នៅ​ប្រទេស​ឡាវ​​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ណាស់។ ពេល​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​ ខ្ញុំ​ត្រូវ​បាន​គេ​ទាក់​ទង​ផ្ដល់​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ភ្លែត។ បច្ចុប្បន្ន​ ខ្ញុំ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ O | Orange ដែល​ផ្ដល់​សេវា​រៀប​ចំ​កម្ម​វិធី​ ទទួល​ថត​ស្ពត​ ថត​កុន​ខ្នាត​ខ្លី ឬ​ចម្រៀង​ជា​ដើម​ ក្នុង​តួនាទី​ជា​ Copywriter។ ខ្ញុំ​បាន​ប្រើ​ប្រាស់​ភាសា​ឡាវ​​ សម្រាប់​បក​ប្រែក​ឯកសារ​​ផ្សេង​ៗ​ជា​ភាសា​ថៃ​ ក្នុង​កិច្ច​ការងារ​បច្ចុប្បន្ន​របស់​ខ្ញុំ។

Sabay៖ ចុះ​បើ​និស្សិត​ខ្មែរ​ណា​ចង់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដូច​អ្នក​ដែរ​ តើ​អ្នក​មាន​អ្វី​ជា​ការ​ណែ​នាំ​ទេ?

សួង ម៉ាក់៖ ខ្ញុំ​​មិន​​មាន​បទ​ពិសោធន៍​ ចំពោះ​​ការ​ដាក់​ពាក្យ​សុំ អាហារូបករណ៍ ​ទៅ​សិក្សា​សហរដ្ឋ​អាមេរិក នោះ​ទេ​ ប៉ុន្តែ​ជា​យោបល់​រួម​របស់​ខ្ញុំ​ អាហារូបករណ៍​ទៅ​ប្រទេស​ណា​ក៏​ដោយ​ សាមី​ខ្លួន​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ​​ខ្លួន​ឯង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ហើយ ​ឬ​នៅ​ ដើម្បី​ដាក់​អាហារូបករណ៍​នោះ។ បើ​មិន​ទាន់​មាន​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។ នៅ​ពេល​​ពង្រឹង​សមត្ថភាព​បាន​គ្រប់​គ្រាន់​ហើយ​(3.00/4.00 GPA, 6-6.5 IELTS, 550-570​TOEFL) និង​ជឿ​ជាក់​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ ទោះ​ជា​អាហារូបករណ៍​ប្រទេស​ណា​ក៏​ដោយ​ នឹង​មិន​ជា​ការ​ពិបាក​ទេ។

ចំពោះ​អាហារូបករណ៍​ទៅ​ប្រទេស​ឡាវ​ក៏​ដូច​គ្នា។ ដំបូង​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​លើ​អ្វី​ដែល​ក្រសួង​ត្រូវ​ការ។ មុខ​វិជ្ជា​ណា​ដែល​​ក្រសួង​តម្រូវ​ឲ្យ​ប្រឡង​ ត្រូវ​​ខិត​ខំ​រៀន​ ​រម្លឹក​ និង​ស្វែង​យល់​​ពី​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​ ឬ​ស្វះ​ស្វែង​រក​វិញ្ញា​សា​ដែល​ធ្លាប់​ប្រឡង​ចេញ​ឆ្នាំ​មុន​ៗ ដើម្បី​ត្រៀម​ខ្លួន​​បាន​កាន់​តែ​ងាយ​ស្រួល​។ នៅ​ពេល​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​ហើយ​ និង​ជឿ​ជាក់​ថា​ ខ្លួន​ឯង​ពិត​ជា​អាច​​ធ្វើ​បាន​ អ្វី​ៗ​នឹង​ដំណើរ​​ការ​យ៉ាង​ស្រួល៕

អត្ថបទ៖ មាស រ័ត្ន

ប្រភព៖ http://news.sabay.com.kh/articles/436623

 

Read Full Post »

Older Posts »