Feeds:
ប្រកាស
មតិ

Archive for the ‘បំនិន​ជីវិត​’ Category


ផ្កាយ​NoVeLs*– កាហ្វេ​ប្រៀប​បាន​នឹង​និម្មិតសញ្ញា​នៃ​ភាព​ចាស់​ទុំ​។ អ្នក​ដែល​ឈាន​ចូល​ដល់​វ័យ​ធ្វើ​ការ​ តែង​តែ​សាក​ល្បង​ក្រេប​រសជាតិ​កាហ្វេដើម្បី​បំបាត់​នូវ​ភាព​តប់​ប្រមល់​ផ្សេងៗ​​ តែ​សម្រាប់​​អ្នក​ធ្វើ​ការថ្មោង​​ថ្មី​ដែល​ទើប​តែ​ចាប់​ផ្តើម​ផឹក​កាហ្វេ​ដំបូងៗ​ ពេល​ឈាន​ជើង​ចូល​ក្នុង​ហាង​កាហ្វេ​ហើយ អាច​នឹង​វិល​មុខ​ជាមួយ​បញ្ជី​ឈ្មោះ​​កាហ្វេ​​ដែល​មាន​ច្រើន​មុខ​ស្ទើរ​រាប់​មិ​នអស់​បាន​​។ ដូច្នេះ ​អ្នក​និពន្ធ​វ័យ​ក្មេង​ដែល​មាន​បទ​ពិសោធ​ក្រាស់​ក្រែល​គួរ​សមពាក់​ព័ន្ធ​រសជាតិ​កាហ្វេ ​ បាន​ស្វែង​រក​វិធី​ក្រេប​រស​ជាតិ​កាហ្វេ​ប្រភេទ​ផ្សេងៗ​មក​ផ្ញើ​ប្រិយ​មិត្ត​អ្នក​អាន​ឲ្យ​បាន​ភ្លក្ស​នូវ​រស​ជាតិ​ផ្អែម​ល្វីង​ឲ្យ​បាន​​ត្រូវ​មាត់​ត្រូវ​ចិត្ត​ម្តង​។ 😉

វិធី​ផឹក​ អេស្ព្រេសសូ (ESPRESSO)

    ពពុះ​ពណ៌​មាស​ដែល​អណ្តែត​ត្រានេះ​​​បញ្ជាក់​ពី​គុណភាព​របស់​កាហ្វេ​

ពពុះ​ពណ៌​មាស​ដែល​អណ្តែត​ត្រានេះ​​​បញ្ជាក់​ពី​គុណភាព​របស់​អេស្ព្រេសសូ

ដោយ​ការប្រើ​កម្លាំង​បិត​ចំហាយ​ទឹក​ ឬ​ទឹក​ក្តៅ​​ឲ្យ​ឆ្លង​កាត់​គ្រាប់​កាហ្វេ​​លីង ហើយ​យក​មក​​​កិន​ឲ្យ​ម៉ដ្ឋ​ ទើប​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​អេស្ព្រេសសូ​ក្លាយ​ជា​កាហ្វេ​មួយ​ប្រភេទ​ ដែល​មាន​​​រស​ជាតិ​ល្វីង​ និងចាស់​ខ្លាំង​បំផុត​។ ការ​ឆុង​កាហ្វេ​ប្រភេទ​នេះ​ គឺ​ឆុង​ជាshot ដែល​មាន​​បរិមាណ​ប្រហែល​ ៣០-៥០ក្រាម​។

អេស្ព្រេសសូដែល​ល្អ​ នឹង​មាន​ពពុះ​ពណ៌​មាស​គ្រប​ដណ្តប់​ពេញ​កែវ​ ហើយ​ដែល​សំខាន់​គឺ​អេស្ព្រេសសូ​​គ្មាន​ប្រភេទ​ត្រជាក់​ទេ។ ចំពោះ​វិធី​ផឹក​ គឺ​​គួរ​ផឹក​មួយ​ក្អឹក​​ឲ្យ​អស់​ ឬ​មិន​គួរ​ទុក​ចោល​​​​លើស​ពី​៥​នាទី​ឡើយ​​​ បើ​មិន​ដូច្នោះ​នឹង​បាត់​រស​ជាតិ​។ ក្បួនខ្លះ​ប្រាប់ថាការ​​បៀម​អេស្ព្រេស​សូ​​ទុក​មួយ​សន្ទុះ​ ហើយ​លេប​ចូល​បន្តិច​ម្តងៗដូច​ស្រាក្រហម​​ នឹង​ធ្វើ​ឲ្យ​យើង​ជ្រួត​ជ្រាប​នូវ​រសជាតិ​ពិសេស​របស់​អេស្ព្រេស​សូ​បាន​កាន់​តែជ្រាល​ជ្រៅ​​។

វិធី​ផឹក​កាពូជីណូ(CAPPUCCINO)

សំណល់​បាត​កែវ​បែប​នេះ​ ក៏​បញ្ជាក់​ពី​គុណភាព​របស់​កាពូជីណូដែរ​

សំណល់​បាត​កែវ​បែប​នេះ​ ក៏​បញ្ជាក់​ពី​គុណភាព​របស់​កាពូជីណូដែរ​

កាពូជីណូ​មាន​អត្រាគ្រឿង​ផ្សំ​របស់​អេស្ព្រេសសូ ១/៣ ​ទឹក​ដោះគោ​ស្ទីម(ទឹក​ដោះគោស្រស់​​ក្តៅ​ឆ្លង​កាត់​ចំហាយ​ទឹក​)​ ១/៣ និង​ទឹក​ដោះ​វាយ​ឲ្យ​ឡើង​ពពុះ​អណ្តែត​ពី​លើ​ ១/៣​ទៀត​។ ក្រៅ​​ពី​នេះ​មាន​រោយ​ម្សៅ​ស៊ីនណាម៉ន ឬ​ម្សៅ​កាកាវ​ពី​លើ​តិច​ៗ​ផង​។

ដោយ​កាពូជីណូ មាន​លក្ខណៈ​លេច​ធ្លោ​ត្រង់​ពពុះ​ទឹក​ដោះ​គោ ដូចនេះ​ពេល​ដួស​ពពុះ​ទឹក​​ដោះ​គោ​ឡើង​​ ហើយ​ផ្កាប់​ស្លាប​ព្រាចុះ​ ពពុះ​ទឹក​ដោះ​គោ​ដែល​ល្អ​នឹង​មិន​ស្រក់​ចេញ​ពី​ស្លាប​ព្រា​ទេ ហើយ​ត្រូវ​ក្រាស់​ ម៉ដ្ឋ​ល្អិត​ និង​ទន់​ល្មើយ​​ជា​ទីបំផុត​។ ចំពោះ​ការ​ទទួល​ទាន​ដែល​ត្រឹម​ត្រូវ​ គឺ​ត្រូវ​លើក​​ពែង​កាហ្វេ​ផឹក ដោយ​​ឲ្យ​ទឹក​កាហ្វេ​ហូរ​កាត់​ពពុះ​ទឹក​ដោះ​គោ ​ចូល​ក្នុង​មាត់​​សន្សឹមៗ​។ សង្កេត​​បាន​ថា ពេល​ផឹក​កាហ្វេ​អស់​​ នឹង​មាន​ពពុះ​ទឹក​ដោះ​គោ និង​ម្សៅ​ដែល​រោយ​ពី​លើ​នោះ​នៅ​​សល់​ជាប់​នឹង​បាត​កែវ​។

វិធី​ផឹក​ម៉ូកា(Mocha)

ហាម​កូរ​ពពុះ​ក្រេមខាង​លើ​នេះ​​ចូល​ជាមួយ​កាហ្វេដាច់ខាត​

ហាម​កូរ​ពពុះ​ក្រេមខាង​លើ​នេះ​​ចូល​ជាមួយ​កាហ្វេដាច់ខាត​

កាហ្វេ​ម៉ូកាមាន​ពណ៌​ និង​ក្លិន​ដូច​សូកូឡា ថ្វី​បើ​ពេល​ខ្លះ​​គ្មាន​សូកូឡា​ក្នុង​គ្រឿង​ផ្សំ​របស់​ម៉ូកា​ក៏​ដោយ។ នៅ​តាម​ហាង​នានា ​ចូលចិត្ត​ធ្វើ​ម៉ូកា​ដោយ​ដាក់​អេស្ព្រេសសូ ផ្សំ​ជាមួយ​កាកាវ​ មាន​​ទាំង​ប្រភេទ​ក្តៅ​ និង​ត្រជាក់​ ព្រោះ​គ្មាន​ពពុះ​ទឹក​ដោះ​គោ ដែលល្ងាន់​​​ខ្លាំង​ណាស់ពេល​ទទួល​ទាន​លាយ​ទឹក​កក។ ដូចនេះ​អ្នក​ដែល​ចង់​ផឹក​កាពូជីណូ​ទឹក​កក អាច​​ងាក​មក​សាកល្បង​​ម៉ូកា​ទឹក​កក​​វិញ​ចុះ នឹង​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ប្លែក​ជាប់​ចិត្ត​មិន​ខាន​។

ម៉ូកាជាកាហ្វេ​ដែលគេដាក់​ពពុះ​ក្រេម(Whip Cream)ពីលើ​ ដូច្នេះ​ពេល​ផឹក​ សូម​កុំ​វឹក​ ក្រេម​ចូល​ជាមួយ​កាហ្វេ តែ​ឲ្យ​ដួស​ម្តង​មួយម៉ាត់ៗ​ញ៉ាំ​ជាមួយ​កាហ្វេ​វិញ​ បើ​មិន​ដូច្នោះ​នឹង​ធ្វើ​ឲ្យ​បាត់​​រសជាតិ​មិន​ខាន។ ម្យ៉ាង​ទៀត​… ម៉ូកា​មិន​ចាំបាច់​ថែម​ស្ករ​ទេ ព្រោះ​សូកូឡា​មាន​រសជាតិ​ផ្អែម​​ស្រាប់​ហើយ​។ បើ​ផឹក​កាហ្វេ​ម៉ូកា​ កុំ​ភ្លេច​កម្មង់​ ​Brownie ឬខេកសូកូឡា ញ៉ាំ​ជាមួយ​គ្នា គឺ​ឆ្ងាញ់​រក​លេខ​ដាក់​គ្មានទេ​! 😀

វិធី​ផឹកអាមេរិកាណូ(Americano)

អាមេរិកាណូ​ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​ឈ្មោះ​កាហ្វេ​ខ្មៅ

អាមេរិកាណូ​ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​ឈ្មោះ​កាហ្វេ​ខ្មៅ

មនុស្ស​ភាគ​ច្រើន​ ប្រហែលជា​ស្គាល់​អាមេរិកាណូ​តាម​រយៈ​ឈ្មោះ​ «កាហ្វេ​ខ្មៅ» ដែល​កើត​​ឡើង​ពី​ការ​បន្ថែម​ទឹក​ក្តៅ​ ផ្សំ​ជាមួយ​អេស្ព្រេសសូ ដែល​ធ្វើ​ឲ្យ​អាមេរិកាណូ​មាន​រសជាតិ​ល្វីង​​ចត់​ដូច​កាហ្វេ​ធម្មតា​ តែ​មាន​រសជាតិ​ចាស់​ និង​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់​ពី​អេស្ព្រេសសូ។ អាមេរិកាណូ​ ស័ក្តិ​សម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ខ្មៅ តែ​មិន​ចាស់ និង​ល្វីង​ដូច​អេស្ព្រេសសូ​ពេក​។ ដើម្បី​បាន​ជ្រួត​ជ្រាប​នូវ​រស​ជាតិ​កាហ្វេ​​​​ពិត​ ដែល​មិន​​ដូច​កាហ្វេ​ដទៃ​ទៀត​នោះ ​គេ​​និយម​ផឹក​អាមេរិកាណូ​ដោយ​មិន​លាយ​ជាមួយ​ទឹក​ដោះ​គោ ឬ​ស្ករនោះ​​ទេ៕

ថ្ងៃ​នេះ​ជូន​ប៉ុណ្ណឹង​សិន ថ្ងៃ​ក្រោយ​មាន​បន្ថែម​ទៀត! 😉

 

Read Full Post »


ផ្កាយ​NoVeLs*– សួ​ស្តី​ប្រិយ​មិត្ត​អ្នក​​និពន្ធ​វ័យ​ក្មេង​ទាំង​អស់​។ មួយ​​រយៈ​នេះ​ យើងដូច​ជា​បែក​គ្នា​យូរ​ក្នុង​ទំព័រ​វិជ្ជា​ធ្វើ​ម្ហូប​។ ហាសហា នេះ​ក៏​ដោយ​សារ​ពេល​នេះ​ អ្នក​និពន្ធ​វ័យ​ក្មេង​លែង​រស់​នៅ​ម្នាក់​​ឯង​ដូច​មុន​ហើយ! រាល់​​មុខ​ម្ហូប​ទាំង​អស់​ អ្នក​ម្តាយ​ខ្ញុំ​ជា​អ្នក​ទទួល​រ៉ាប់​រង​វិញ​ម្តង​។ ទោះ​យ៉ាង​ណា​ ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ការ​ធ្វើ​ម្ហូប​ ដូច្នេះ​ខ្ញុំ​​នឹង​មិន​ទុក​ឲ្យ​ទំព័រ​នេះនៅ​ឯកោ​យូរ​ទេ។ ដូច្នេះ​ថ្ងៃ​នេះ​ ខ្ញុំ​សូម​ណែ​នាំ​បាយ​ឆា​មួយ​មុខ​ដែល​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ​​ នោះ​គឺ​ បាយ​ឆា​តុមយ៉ាំ​គ្រឿង​សមុទ្រ​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​១

ចង់​ដឹង​ថា ដើម្បី​ទទួល​បាន​បាយ​ឆា​នេះ​​មួយយ​ចាន ​គេ​ធ្វើ​ដូច​ម្តេច​ខ្លះ​នោះ សូម​មក​តាម​ដាន​ជាមួយ​ខ្ញុំ​ទាំង​អស់​គ្នា​!

  • គ្រឿង​ផ្សំ​

១. បាយ​ស​, ២. មឹក, ៣. បង្គា​, ៤. គ្រែង​(គ្រំសមុទ្រ), ៥. ផ្សិត​ចំបើង​, ៦. រំដេង​, ៧. គល់​ស្លឹក​គ្រៃ, ៨. ស្លឹក​ក្រូច​សើច​, ៩. ខ្ទឹម​ចិញ្រ្ចាំ​, ១០. ម្ទេស​ចង្អុល​មេឃ​ហាន់​, ១១. ម្ទេស​ចិញ្ច្រាំ​ឆា​​, ១២. ទឹក​ត្រី​, ១៣. ស្ករស, ១៤. ប្រេង​ឆា​, ១៥. បន្លែ​បន្ថែម៖ ក្រូច​ឆ្មារ​, ជីរ​នាង​វង​,​សាលាដ។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​២

  • វិធី​ធ្វើ​

ដំបូង​ដាក់​​ខ្ទះ​ឲ្យ​ក្តៅ​ ចាក់​​ប្រេង​ឆា ​និង​ខ្ទឹម​ចិញ្ច្រាំចូល​​។ លីង​ខ្ទឹម​ឲ្យ​ឈ្ងុយ​ រួច​យក​គ្រឿង​សមុទ្រ​មក​ឆា​ មាន​ដូច​ជា​ មឹក បង្គា​ ​និង​គ្រែង។ ឆា​ពីរ​បី​ត្រឡប់​​ ដាក់​ផ្សិត​ចំបើង​ រំដេង​ គល់​ស្លឹក​គ្រៃ​ ស្លឹក​ក្រូច​សើច​ចូល​។ បន្ទាប់​មក​ឆា​ត្រឡប់​ទាល់​តែ​ផ្សិត​ចំបើង​ឆ្អិន​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​

បន្ថែម​រសជាតិ​ ដល់​បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​ដោយ ​ម្ទេស​ចិញ្ចាំ​ឆា​។ ផ្សំ​រស​ជាតិ​ដោយ​ទឹក​ត្រី និង​ស្ករ​ស​ ឲ្យ​សម​ល្មម​តាម​ចំណង់​ចំណូលចិត្ត​ រួច​ឆា​ត្រឡប់​ឲ្យ​ចូល​រស​ជាតិ​​គ្នា​។ ចុង​ក្រោយ​ចាក់​បាយ​ស​​ចូល​ រួច​ឆា​ត្រឡប់​ឲ្យ​ចូល​គ្នា​ ដាក់​ម្ទេស​ចង្អុល​មេឃ​ដែល​បាន​​ហាន់​ទុក​​ចូល​​ជា​ការ​ស្រេច​។ ត្រូវ​ចាំ​ថា បាយ​ឆា​ដែល​ឆ្ងាញ់​ ត្រូវ​ប្រើ​បាយ​ត្រជាក់​ ឬ​បាយ​ដែល​ច្រក​​ក្លាស្សេ​​ទុក​មួយ​យប់​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​(សិល្បៈ)

​បន្ទាប់​ពី​បាយ​ឆ្អិន​ បិទ​ភ្លើង​ ដួស​ដាក់​ចាន​ រួច​រៀប​លម្អ​បន្ថែម​សោភ័ណ​ភាព​ដោយ​ក្រូច​ឆ្មារ​ ​ស្លឹក​ខ្ទឹម​ ជីរ​នាង​វង ​និង​សាលាដ​។​ ឥឡូវ​យើង​បាន​បាយ​ឆា​តុមយ៉ាំ​គ្រឿង​សមុទ្រ​ហើយ តើ​គ្រប់​គ្នា​ត្រៀម​ខ្លួន​ដើម្បី​ភ្លក្ស​ហើយ​ឬនៅ?? 😛

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​៩

Read Full Post »


សួង ម៉ាក់៖ កុំ​គិត​ថា​ ទៅ​សិក្សា​នៅ​ឡាវ​ខ្លាច​អត់​ការងារ​ធ្វើ

និស្សិត​ខ្មែរ​ភាគ​ច្រើន​មិន​ចង់​បាន អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ស្មើ​ ឬ​ទាប​ជាង​​​កម្ពុជានោះ​​ទេ​ ដោយ​គេ​គិត​ថា​សញ្ញាប័ត្រ​ចេញ​ពី​ប្រទេស​នោះ​នឹង​មិន​សូវ​មាន​តម្លៃ​ នាំ​ឲ្យ​ពិបាក​រក​ការងារ​ធ្វើ។ ប៉ុន្តែ​យុវជន​ សួង​ ម៉ាក់ ​អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ ទើប​ត្រឡប់​មក​ដល់​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​​ពី​ចំណាយ​ពេល​សិក្សា​អក្សរ​សាស្ត្រ​ឡាវ​ នៅ​សាកល​វិទ្យាល័យ​ជាតិ​ឡាវ​ (National University of Laos) អស់​រយៈពេល​៥​ឆ្នាំ​បាន​ច្រានចោល​ទស្សនៈ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ តើ​សញ្ញាប័ត្រ​មក​ពី​ប្រទេស​ឡាវ​​អាច​ឲ្យ ​សួង​ ម៉ាក់ ​រក​បាន​ការងារ​អ្វី​ធ្វើ​ហើយ ឬ​នៅ? ថ្ងៃ​នេះ​ គេហទំព័រ​ Sabay​ បាន​សាក​សួរ​យុវជន​រូប​នេះ​ ដែល​មាន​ក្នុង​បទ​សម្ភាសន៍​ដូច​តទៅ៖

Sabay៖ តើ​ ម៉ាក់​ ដឹង​ដំណឹង​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដោយរបៀប​​ណា? ហើយ​ធ្វើ​ម៉េច​ទើប​ទទួល​បាន​អាហារូបករណ៍​នេះ?
សួង ម៉ាក់៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​កន្លែង​ផ្ដល់​ដំណឹង​ទាក់​ទង​នឹង​អាហារូបករណ៍។ ខ្ញុំ​ដឹង​ដំណឹង​អាហារូបករណ៍​នេះ​ពី​មិត្ត​ខ្ញុំ​មក។

ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ ​និស្សិត​ត្រូវ​​ប្រឡង​លើ​មុខ​វិជ្ជា​ពីរ​វិញ្ញាសា​ គឺ​​អក្សរ​សាស្ត្រ​ខ្មែរ​ និង​​ចំណេះ​ដឹង​វប្បធម៌​ទូ​ទៅ។ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​របស់​យើង​ជា​អ្នក​រៀប​ចំ​ ដោយ​​ជ្រើស​រើស​តែ​៦​នាក់​ទេ​ ហើយ​អ្នក​ជាប់​ត្រូវ​រៀន​អក្សរ​សាស្ត្រ​ឡាវ​​ កាល​នោះ។ បច្ចុប្បន្ន​ក្រសួង​រើស​ដល់​ទៅ​​១០​នាក់​ ហើយ​បេក្ខជន​​អាច​ជ្រើស​រើស​រៀន​ សេដ្ឋកិច្ច​ គណនេយ្យ​ វិស្វករ​ ឬ​កុំព្យូទ័រ​បាន​ តែ​​ក្រសួង​ក៏​បាន​បន្ថែម​មុខ​វិជ្ជា​ប្រឡង​ដែរ​ ដូច​ជា​ គណិតវិទ្យា និង​ភាសា​អង់គ្លេស​ជា​ដើម។

Sabay៖ មុន​ពេល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ តើ​ ម៉ាក់​ កំពុង​ធ្វើ​អ្វី?
សួង ម៉ាក់៖ ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​ឆ្នាំ​ទី​មួយ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រួច​ទៅ​ហើយ​ ដូច្នេះ​អាហារូបករណ៍​នោះ ​គឺ​ត្រូវ​នឹង​ជំនាញ​ខ្ញុំ​ស្រាប់។

Sabay៖ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ ខណៈ​និស្សិត​ជា​ច្រើន​ប្រាថ្នា​ចង់​​ទៅ​សិក្សា​នៅ​ប្រទេស​អភិវឌ្ឍ​ច្រើន​ជាង?
សួង​ ម៉ាក់៖ តាម​ពិត​ទៅ​ ខ្ញុំ​ស្រឡាញ់​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ដែល​ខ្ញុំ​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ណាស់​ ប៉ុន្តែ​ដោយសារ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​រ៉ាប់​រង​​ការ​ចាយ​វាយ​ផ្សេង​ៗ​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នោះ​តែ​ម្ដង​ ដើម្បី​បន្ធូរ​បន្ទុក​ក្នុង​គ្រួសារ​ខ្ញុំ ​ឯ​ខេត្ត​កំពង់​ចាម។

Sabay៖ តើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ឡាវ​​យ៉ាង​ម៉េច​ដែរ? 
សួង ម៉ាក៖ នៅ​ប្រទេស​លាវ ​និស្សិត​បរទេស​ត្រូវ​រៀន​៦​ឆ្នាំ​ ដោយ​រាប់​ទាំង​រៀន​​ត្រៀម​​ភាសា​លាវ​មួយ​ឆ្នាំ​ផង​ ព្រោះ​បរិញ្ញាបត្រ​នៅ​ស្រុក​ឡាវ​​ និស្សិត​ត្រូវ​រៀន​៥​ឆ្នាំ។ បច្ចុប្បន្ន​ ឡាវ​បាន​ប្ដូរ​មក​រៀន​៤​ឆ្នាំ​ដូច​ខ្មែរ​ដែរ​ ដូច្នេះ​និស្សិត​ដែល​ទៅ​​រៀន​នៅ​ទី​នោះ​ ត្រូវ​រៀន​តែ​៥​ឆ្នាំ​ រាប់​ទាំង​រៀន​ត្រៀម​ភាសា​ឡាវ​ផង។

Sabay៖ ចុះ​សម្រាប់​ការ​រស់​នៅ​ប្រទេស​ឡាវ​​វិញ​ មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ?
សួង​ ម៉ាក់៖ នៅ​ប្រទេស​ឡាវ​ ប្រជាជន​រួសរាយ​រាក់​ទាក់​ និង​មាន​ប្រពៃណី​ របៀប​របប​រស់​នៅ​ដូច​ខ្មែរ​យើង​ដែរ​ ហើយ​សន្តិសុខ​ទៀត​សោត​ក៏​ល្អ​ ដូច្នេះ​ខ្ញុំ​អាច​សម្រប​ខ្លួន​រស់​នៅ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ទី​នោះ។

Sabay៖ ក្រោយ​ពី​ត្រឡប់​មក​ពី​ឡាវ​​វិញ​ តើ​ជំនាញ​ដែល​រៀន​នៅ​ទី​នោះ​ជួយ​ធ្វើ​ឲ្យ​ ម៉ាក់​ ស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​ទេ?
សួង ម៉ាក់៖ ជំនាញ​ដែល​ខ្ញុំ​សិក្សា​នៅ​ប្រទេស​ឡាវ​​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ណាស់។ ពេល​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​ ខ្ញុំ​ត្រូវ​បាន​គេ​ទាក់​ទង​ផ្ដល់​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ភ្លែត។ បច្ចុប្បន្ន​ ខ្ញុំ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ O | Orange ដែល​ផ្ដល់​សេវា​រៀប​ចំ​កម្ម​វិធី​ ទទួល​ថត​ស្ពត​ ថត​កុន​ខ្នាត​ខ្លី ឬ​ចម្រៀង​ជា​ដើម​ ក្នុង​តួនាទី​ជា​ Copywriter។ ខ្ញុំ​បាន​ប្រើ​ប្រាស់​ភាសា​ឡាវ​​ សម្រាប់​បក​ប្រែក​ឯកសារ​​ផ្សេង​ៗ​ជា​ភាសា​ថៃ​ ក្នុង​កិច្ច​ការងារ​បច្ចុប្បន្ន​របស់​ខ្ញុំ។

Sabay៖ ចុះ​បើ​និស្សិត​ខ្មែរ​ណា​ចង់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដូច​អ្នក​ដែរ​ តើ​អ្នក​មាន​អ្វី​ជា​ការ​ណែ​នាំ​ទេ?

សួង ម៉ាក់៖ ខ្ញុំ​​មិន​​មាន​បទ​ពិសោធន៍​ ចំពោះ​​ការ​ដាក់​ពាក្យ​សុំ អាហារូបករណ៍ ​ទៅ​សិក្សា​សហរដ្ឋ​អាមេរិក នោះ​ទេ​ ប៉ុន្តែ​ជា​យោបល់​រួម​របស់​ខ្ញុំ​ អាហារូបករណ៍​ទៅ​ប្រទេស​ណា​ក៏​ដោយ​ សាមី​ខ្លួន​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ​​ខ្លួន​ឯង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ហើយ ​ឬ​នៅ​ ដើម្បី​ដាក់​អាហារូបករណ៍​នោះ។ បើ​មិន​ទាន់​មាន​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។ នៅ​ពេល​​ពង្រឹង​សមត្ថភាព​បាន​គ្រប់​គ្រាន់​ហើយ​(3.00/4.00 GPA, 6-6.5 IELTS, 550-570​TOEFL) និង​ជឿ​ជាក់​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ ទោះ​ជា​អាហារូបករណ៍​ប្រទេស​ណា​ក៏​ដោយ​ នឹង​មិន​ជា​ការ​ពិបាក​ទេ។

ចំពោះ​អាហារូបករណ៍​ទៅ​ប្រទេស​ឡាវ​ក៏​ដូច​គ្នា។ ដំបូង​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​លើ​អ្វី​ដែល​ក្រសួង​ត្រូវ​ការ។ មុខ​វិជ្ជា​ណា​ដែល​​ក្រសួង​តម្រូវ​ឲ្យ​ប្រឡង​ ត្រូវ​​ខិត​ខំ​រៀន​ ​រម្លឹក​ និង​ស្វែង​យល់​​ពី​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​ ឬ​ស្វះ​ស្វែង​រក​វិញ្ញា​សា​ដែល​ធ្លាប់​ប្រឡង​ចេញ​ឆ្នាំ​មុន​ៗ ដើម្បី​ត្រៀម​ខ្លួន​​បាន​កាន់​តែ​ងាយ​ស្រួល​។ នៅ​ពេល​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​ហើយ​ និង​ជឿ​ជាក់​ថា​ ខ្លួន​ឯង​ពិត​ជា​អាច​​ធ្វើ​បាន​ អ្វី​ៗ​នឹង​ដំណើរ​​ការ​យ៉ាង​ស្រួល៕

អត្ថបទ៖ មាស រ័ត្ន

ប្រភព៖ http://news.sabay.com.kh/articles/436623

 

Read Full Post »


Face_health_Archphkai

ផ្កាយNoVeLs*– សព្វ​ថ្ងៃ​នេះ​ មិន​មែន​មាន​តែ​នារី​​ប៉ុណ្ណោះ​ទេ ​ដែល​ផ្តល់​ភាព​សំខាន់​លើ​​ការ​ថែរក្សា​ស្បែក​​ និង​ ផ្ទៃ​មុខ​​​​ជា​រឿង​​​ចម្បង​​ ព្រោះ​បច្ចុប្បន្ន​នេះ ​​​បុរស​​ភាគ​ច្រើន​ក៏​បាន​ងាក​មក​យក​ចិត្ត​ទុក​ដាក់​​​នឹង​រឿង​នេះ​កាន់​តែ​ច្រើន​ឡើង​ៗ​​​ដែរ​​។ សាក​សួរ​គ្នា​មើល​ចុះ​ថា​ តើ​នៅ​មាន​នរណា​ទៀត ​ដែល​​​ប្រើ​ដុំ​សាប៊ូ​​ដុស​ខ្លួន ​​មក​​លាង​សម្អាត​ផ្ទៃ​មុខ​​?

តែនិយាយ​ទៅ​ មាន​ឈ្មោះ​​ជា​មនុស្ស​ប្រុស​ តើ​ឲ្យ​ដឹង​វិធី​​លាង​សម្អាត​​ផ្ទៃ​​មុខ​​បាន​ត្រឹមត្រូវ​ ​ស្អាត និង​​​​មា​ន​ប្រយោជន៍​​ដល់​ស្បែក​​មុខ​ខ្លួន​ឯង​​​ដូចម្តេច​កើត​​ ​បើ​ទោះ​ជា​​ចំណាយ​​ប្រាក់​កាស​ទិញ​ហ្វូម​​លាង​មុខ​ដែល​​​ល្អ​ផុត​លេខ​ មក​ទុក​ក្នុង​បន្ទប់​ទឹក​ក៏​ដោយ​​​ចុះ​។ រឿង​បែប​នេះ​ អាច​និយាយ​បាន​ថា សូម្បី​តែ​មនុស្ស​ស្រី​​​ក៏​មាន​​ចំនួន​តិច​ដែរ ដែល​​ដឹង​វិធី​លាង​សម្អាត​ផ្ទៃ​មុខ​បាន​យ៉ាងត្រឹម​ត្រូវ​បំផុត​​នោះ​។

ដើម្បី​​​​មាន​ផ្ទៃ​មុខ​កាន់​តែ​ភ្លឺ​ថ្លា​ ​ជា​ការ​ប្រសើរ​បើ​លោក​អ្នក​ព្រម​ចំណាយ​ពេល ​​បន្ថែម​​ដំណាក់​ការ​លាង​សម្អាត​ ​​និង​​​​ប្រុង​ប្រយ័ត្ន​​ថែម​បន្តិច​ទៀត​ ប្រហែល​មិន​ធ្វើ​ឲ្យ​ព្រឹក​ថ្ងៃ​ថ្មី​របស់​លោក​អ្នក​កើត​​ភាព​ចលាចល​​នោះ​ទេ​។ សូម​បោះ​បង់​​​ជំនឿ​ និង​ទម្លាប់​ចាស់​ចោល​ច​ុះ​​ ហើយ​ងាក​មក​​ប្រើ​ការ​លាង​សម្អាត​​ផ្ទៃ​មុខ​ដែល​ត្រឹម​ត្រូវ ​ដែល​នឹង​ជួយ​ឲ្យ​លោក​អ្នកលែង​ពិបាក​ ​ក្នុង​ការ​ប្រើ​ក្រេម​រក្សា​ស្បែក​​មុខ​ប្រភេទ​ផ្សេងៗ​​បាន​យ៉ាង​ច្រើន​។

​មុន​ដំបូង​​ ចាប់​ផ្តើម​ដោយ​ទឹក​ដែល​ប្រើ​សម្រាប់​លាង​​សម្អាត​មុខ។​​ ​ក្បួន​តម្រា​ជា​ច្រើន​​​បាន​ប្រាប់​ថា​ ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ល្អ​។ ខ្លះ​​ថា​ប្រើ​ទឹក​ត្រជាក់​កាន់​តែ​ពិសេស​​ ឬ​ខ្លះ​ទៀត​ក៏​ថា​ប្រើ​រួម​គ្នា​ទាំង​ពីរ ​​​ទឹក​ក្តៅ​ឧណ្ហ​ៗ​មុន​ ហើយ​ទឹក​ត្រជាក់​តាម​ក្រោយ​ទើប​កាន់​តែ​អស្ចារ្យ…​​ ណែ​នាំ​គ្នា​នូវ​វិធី​ផ្សេងៗ​ជា​ច្រើន​ តែ​ជឿ​ចុះ​ថា​ គ្រាន់​តែ​ប្រើ​ទឹក​ស្អាត​ធម្មតា​ៗ​ តាម​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​ទឹក​ គឺ​ល្អ​បំផុត​ហើយ​​​​​​​ ព្រោះ​ក្រៅ​ពី​មិន​បាច់​ពិបាក​ត្រៀម​ទឹក​ឲ្យ​រញ៉េរញ៉ៃ​​រហូត​ធ្វើ​ឲ្យ​​ស្មុគ​ស្មាញ​ក្នុង​ចិត្ត​ ទឹក​ធម្មតា​​នឹង​មិន​​​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​​ ​​ប្តូរ​សីតុណ្ហ​ភាព​ទៅ​មក​ញឹក​ញាប់​ពេក​ ព្រោះ​ការ​លាង​មុខ​ដោយ​ទឹក​ក្តៅ​​នឹង​ធ្វើ​ឲ្យ​រន្ធ​រោម​ចំហ​ងាយ​​ ទោះ​ជា​អាច​សម្អាត​បាន​​ដល់​​ផ្ទៃ​ខាង​ក្នុង​​ក៏​ដោយ​​​ តែ​ក៏​ធ្វើ​ឲ្យ​ប្រហោង​នៅ​លើ​ផ្ទៃ​មុខ​បើក​ធំ ​​និង​ឃើញ​កាន់​តែ​ច្បាស់​ដែរ​​។ ចំណែក​ទឹក​ត្រជាក់​ពេក​​ ទោះ​ជា​ធ្វើ​ឲ្យ​រន្ធ​រោម​​បិទ​ជិត ស្បែក​មុខ​​​តឹង​ណែន តែ​​ស្បែក​​អាច​ស្ពឹក​​នឹង​ភាព​ត្រជាក់​ រហូត​បាត់​បង់​តុល្យភាព​បាន។​ ដូចនេះ​ ​ទឹក​ធម្មតា​នេះ​ហើយ ​ដែល​ល្អ​បំផុត​​។ បន្ទាប់​មក ​ចូរ​ធ្វើ​តាម​ដំណាក់​ការ​ខាង​ក្រោម​នេះ​យ៉ាង​យឺតៗ​ សន្សឹមៗ​៖

Men_health_Archphkai

១. ចាត់​ចែង​សក់​នៅ​បរិវេណ​ផ្ទៃ​មុខ​​ឲ្យ​ស្រឡះ​​ បើ​សក់​​វែង​​ គឺ​ចង​តែ​ម្តង​ទៅ​​ ឬ​រក​អ្វី​កៀប​​​ការ​ពារ​សក់​ធ្លាក់​មក​បិទ​មុខ​ពេល​កំពុងធ្វើ​ការ​សម្អាត​។

២. យក​ទឹក​មក​លាប​លើ​​មុខ​ម្តង​សិន​​ ដើម្បី​​ឲ្យ​ស្បែក​មុខ​សម្រប​​ខ្លួន​តាម​សីតុណ្ហភាព​ទឹក​ និង​​ដើម្បី​ឲ្យ​ស្បែក​មុខ​មាន​សំណើម​​​​​ ​ស្បែក​​រីក ​​ងាយ​ស្រួល​ដល់​ការ​សម្អាត​។

៣. ច្របាច់​ផលិត​ផល​លាង​មុខ​​ដែល​ត្រូវនឹង​ស្បែក​ ដាក់​ក្នុង​បាតដៃ​​ទំហំ​​ប៉ុន​គ្រាប់​ពោត​​២​​​​​ដុំ​។

៤. បន្តក់​ទឹក​ពីរ​បី​តំណក់​លើ​បាត​ដៃ​ ហើយ​ប្រើ​ដៃ​ម្ខាង​ទៀត ​ដុស​ថ្នម​ៗ​ប្រមាណ​​១០-១៥​វិនាទី​ ឲ្យ​ចេញ​ពពុះ ​​​រហូត​ទាល់​តែ​​អស់​​ម្សៅ​ហ្វូម​ ​(បើ​សល់​អាច​ធ្វើ​ឲ្យ​​បិទ​រន្ធ​រោម​​)​។ ហាម​ច្របាច់​ហ្វូម​ លាប​លើ​ផ្ទៃ​មុខតែ​ម្តង ​​ដោយ​មិន​ដុស​ឲ្យ​ចេញ​ពពុះ​​សិន​ ព្រោះម្សៅ​​ហ្វូម​​​ដែល​មិន​ទាន់​រលាយ​​អាច​ចូល​ទៅ​បិទ​រន្ធ​រោម​​ ហើយ​បើ​លាង​ចេញ​មិន​អស់​​ អាច​នឹង​ក្លាយ​ជា​សារធាតុ​ជាប់​កក​​កើត​ក្លាយ​ជា​​មុន​បាន​។​

៥. យក​ពពុះ​ហ្វូម​នៅ​លើ​បាត​ដៃ​ទាំង​ពីរ ​(បើ​ជា​ផលិត​ផល​ដែល​​មាន​ពពុះ​តិច​សូម​កុំ​ភ្ញាក់​ផ្អើល​អី​) លាង​សម្អាត​ឲ្យ​ពេញ​ផ្ទៃ​មុខ​​យ៉ាង​ស្រាល​ដៃ​ជា​ទីបំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ (កុំ​ប្រើ​កម្លាំង​​ដុស​ដាច់​ខាត​ ព្រោះ​​នេះ​ជា​ស្បែក​មុខ​មិន​មែន​ជា​ការ៉ូ​បន្ទប់​ទឹក​ទេ​) ដោយ​ចាប់​ផ្តើម​ពី​​​​ផ្នែក​​កណ្តាល​ ទៅ​​ផ្ទៃ​ខាង​ៗតាម​ដំណាក់​ការ ​និង​ទិស​ដៅ​ដែល​បាន​​ណែ​នាំ​។

៦. ធ្វើ​ចុះ​ឡើង​ដដែល​ៗ​​ប្រមាណ​២-៣​នាទី  ហើយ​ប្រើ​ទឹក​ទទេ​លាង​ពពុះ​ចេញ​​ឲ្យ​អស់ ​រហូត​ផ្ទៃ​មុខ​​ជ្រះ​​អស់​។

៧. ប្រើ​កន្សែង​ពោះ​គោ​«ផ្តិត» ទឹក​ចេញ​យ៉ាង​យឺតៗ​រហូត​ស្ងួត​។ សូមបញ្ជាក់​ថា ​គ្រាន់​តែ​ «ផ្តិត» ប៉ុណ្ណោះ​ ព្រោះ​​បើ​​ជូតកន្សែង​​​នឹងកកិត​​ស្បែក​មុខ​ ​ធ្វើ​ឲ្យ​​កោសិកា​ស្បែក​​ដែល​ស្តើង​​ត្រូវ​បំផ្លាញ​ដោយ​ងាយ​៕

Read Full Post »


 

… is coming soon!!! (ឥឡូវ​ម្ចាស់ប្លក់​អត់​ទាន់​ដើរ​រួច​ទេ… 😥 )

Read Full Post »


តុលា និង តារាចម្រៀង ព្រាប សុវត្ថិ ពេលចុះថតនៅសៀមរាប

ផ្កាយNoVeLs*– ថ្ងៃនេះទំនេរ និង ដោយសារជាថ្ងៃអាទិត្យ ទើបមិនចង់យកវគ្គរឿងថ្មីមកផ្សាយ ព្រោះជាថ្ងៃឈប់សម្រាក ដូច្នេះចង់ឆ្លៀតឱកាសនេះ ណែនាំប្អូនប្រុសខ្ញុំ ដែលជា Cameraman និង Graphic Designer ដ៏វ័យក្មេងបំផុតនៅស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV ដល់អ្នកភូមិវ៉ើតប្រែសបានស្គាល់ខ្លះៗ។

គ្រួសារខ្ញុំមានសមាជិកតែបីនាក់ប៉ុណ្ណោះ គឺខ្ញុំ, ម្តាយខ្ញុំ, និង សួង តុលា ដែលជាប្អូនប្រុសតែម្នាក់គត់របស់ខ្ញុំ។ តុលា គឺជានិស្សិតទេសចរណ៍ ឆ្នាំទីបី នៅសាកលវិទ្យាល័យធនធានមនុស្ស ហើយបានចូលធ្វើការនៅហង្សមាស HDTV បួនប្រាំខែហើយ គឺចាប់តាំងពីស្ថានីយ៍ទូរទស្សន៍នេះចាប់ផ្តើមដំណើរការ។នៅហង្សមាស តុលា កាន់តួនាទីពីរយ៉ាង។ ការងារគ្រឹះ គឺជាអ្នកក្រាហ្វិកឌីហ្សាញ និង ការងារបន្ទាប់បន្សំ គឺជាអ្នកកាមេរ៉ា។

លោកអ្នកប្រហែលជាធ្លាប់ឃើញ ស្លាកសញ្ញាផ្សាយពាណិជ្ជកម្មស្អាតៗ ពេលពិធីករឃោសនាអ្នកឧបត្ថម្ភកម្មវិធី ជាមិនខាន ឬមិនអ៊ីចឹងក៏ឈ្មោះរបស់តារាចម្រៀង ឬពិធីករដែលលេចឡើងនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែរ… ហើយនោះគឺជាស្នាដៃរបស់ សួងតុលា(+ team) អ្នកឌីហ្សាញដ៏ក្មេងខ្ចីនៅហង្សមាស។ មួយវិញទៀត លោកអ្នកក៏ប្រហែលជាធ្លាប់ឃើញបទចម្រៀងខារ៉ាអូខេក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ ឬក៏ប្លង់ថតនៅក្នុងកម្មវិធី វិមានសុបិន, តន្ត្រីលើទឹក, តំបន់យុវវ័យ, Special Concert… ដែរ ហើយនោះក៏ជាស្នាដៃរបស់ សួងតុលា(+ team) អ្នកកាមេរ៉ាដែលក្មេងជាងគេនៅហង្សមាសដែរ។

ប្អូនប្រុសខ្ញុំ សំណាងជាងខ្ញុំ ដែលមិនចាំបាច់រត់ចោលស្រុកខ្មែរ ដើម្បីគេចវេះពីឧបសគ្គផងទាំង     ពួងនៅក្នុងជីវិតដូចខ្ញុំ ព្រោះគេអាចមានការងារធ្វើ និងដោះស្រាយបញ្ហារៀនសូត្រ បានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើម៉ែ ដែលកាន់តែចាស់ទៅៗ។ ពេលនេះ យើងទាំងពីរនាក់ កំពុងប្រឡងប្រជែងគ្នា ថាតើក្នុងប្រាំខែខាងមុខទៀត នរណាមានប្រាក់ខែខ្ពស់ជាងគេ និងអាចជូនប្រាក់ដល់ម៉ែបានច្រើនជាងគេ???

ហើយពេលនេះប្រាក់ខែរបស់គេកំពុងឡើងស្រឺតៗ ប្រទាញប្រទង់ជាមួយខ្ញុំយ៉ាងប្រផិតប្រផើយ… 😉

Read Full Post »


៤ក្បាលខែមុន+១០ក្បាលខែនេះ 😀

ផ្កាយNoVeLs*– ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅខ្លាំងណាស់។ គ្មានមិត្តភក្តិ យ៉ាងហោចណាស់ក៏មានស្រមោល និងសៀវភៅនេះហើយ គ្រាន់កំដរគ្នាពេលអផ្សុក 😀 ។ តោះ! ឥឡូវមកមើលទាំងអស់គ្នាថា សៀវភៅដែលខ្ញុំត្រូវអានប្រចាំខែនេះមានអ្វីខ្លះ ដើម្បីកុំឲ្យប្រិយមិត្តខ្លះ ចេះតែឆ្ងល់ថា តើអ្នកនិពន្ធធ្វើស្អីខ្លះពេលទំនេរ? បើអានសៀវភៅ តើអានសៀវភៅប្រភេទណា?

ដោយសារខ្ញុំចង់សាងកេរ្តិ៍ឈ្មោះឲ្យល្បី ជាអ្នកនិពន្ធផ្នែក រឿងក្តីចារកម្ម ឃាតកម្ម ឬស៊ើបអង្កេត ដូច្នេះខ្ញុំក៏តែងតែប្រមូលទិញសៀវភៅប្រភេទនេះ មកអានឲ្យច្រើនបំផុតតាមដែលអាចធ្វើបាន ព្រោះបើមិនបានល្បីដូច Stephen King របស់អាមេរិក ក៏សុំត្រឹម វង់ ផឿង បិតារបស់កំពូលបុរស អច្ឆរិយា ក.០០៥ ក៏បាន!! (ស្រមៃខ្ពស់ណាស់ អ្នកនិពន្ធនេះ!! 😛 )

សៀវភៅដែលខ្ញុំទិញសម្រាប់ខែនេះមានចំនួន ១០ក្បាល អស់លុយ ៧០ដុល្លារត្រឹម គឺអស់ប្រាក់ខែនិស្សិតជិតពាក់កណ្តាល! អូយយយ… ម៉ែអើយ ខែនេះកូនច្បាស់ជាញ៉ាំមីកញ្ចប់ទៀតហើយ!! 😥

«ឃិនដៈអ៊ីជិ, កំពូលអ្នកស៊ើបអង្កេត» ជាស្នាដៃនិពន្ធរបស់ យ៉ូកូមិស៊ុ សេឈិ(横溝正史 Yokomizo Seishi ?) គឺជាស៊េរីរឿងស៊ើបអង្កេតរបស់ជប៉ុនដ៏ល្បីល្បាញមួយ ដែលអ្នកចូលចិត្តអានរឿងប្រភេទនេះ នៅលើពិភពលោកភាគច្រើន គឺសុទ្ធតែស្គាល់ទាំងអស់។ រឿងនេះមានច្រើនភាគណាស់! ធ្វើអ្នកអាន តែដេញតាមមិនទាន់អ្នកបោះពុម្ពគឺគួរឲ្យក្តៅចិត្តមែនទែន! ខែមុនខ្ញុំទិញអានបាន៤ភាគហើយ ខែនេះតាមបាន១០ភាគទៀត និងសង្ឃឹមថាខែក្រោយ អាចតាមបាន១១ទៀតទៅចុះ ដើម្បីតាមឲ្យទាន់រោងពុម្ពតែម្តង!! (ស៊េរីរឿងនេះ មាន៧៧រឿងក្តី, និងទើបតែបោះពុម្ពជាភាសាថៃបាន ២៥ភាគ ប៉ុណ្ណោះ)។

ឥឡូវនាំគ្នាមកស្គាល់ «ឃិនដៈអ៊ីជិ» ទាំង១៤ភាគជាមួយខ្ញុំ!

១. រឿងក្តីឃាតកម្មក្នុងត្រកូល អ៊ិនុង៉ាមិ ((「犬神家の一族」, Inūgamike nō Ichizōkū, 犬神家の一族?)) ជាភាគទី១នៃប្រលោមលោកស៊ើបអង្កេតរឿង ឃិនដៈអ៊ីជិ កំពូលអ្នកស៊ើបអង្កេត ដែលទទួលបានការសរសើរពីសំណាក់អ្នកអានទូទៅថា ជាភាគមួយដែលល្អបំផុត។

២. រឿង ភូមិផ្នូរប្រាំបី(八つ墓村 ?) ជាភាគទី២នៃស៊េរី ដែលចាប់ផ្តើមនិយាយពី ថៈសឹយៈ ត្រឡប់ទៅភូមិកំណើត ឈ្មោះភូមិ ផ្នូរប្រាំបី ដើម្បីទៅទទួលមរតក ប៉ុន្តែពេល ថៈសឹយៈ ទៅដល់ស្រាប់តែកើតមានរឿងឃាតកម្មកើតឡើងជាបន្តបន្ទាប់ រហូតអ្នកភូមិនាំគ្នាសង្ស័យលើរូបគេ ព្រោះឪពុករបស់ ថៈសឹយៈ ធ្លាប់បង្ករឿងសោកនាដកម្មសម្លាប់មនុស្សបរិសុទ្ធដល់ទៅ ៣២នាក់ ហើយក៏គេចខ្លួនបាត់ទៅ។ ថៈសឹយៈ ព្យាយាមពិសោធថា ខ្លួនឯងជាមនុស្សបរិសុទ្ធ ប៉ុន្តែរឿងរ៉ាវកាន់តែរីកធំទៅៗ រហូតអ្នកស៊ើបអង្កេត ឃិនដៈអ៊ីជិ មកដល់ភូមិនេះ ទើបរកឃើញសារហេតុដែលនាំឲ្យកើតរឿងរ៉ាវទាំងនោះឡើង។

៣. រឿង ចម្រៀងបិសាច(悪魔が来りて笛を吹く ?) គឺជាភាគ៣នៃស៊េរី ដែលចាប់ផ្តើមពីការបាត់ខ្លួនរបស់ ស៊ុបាគិ ហ៊ិដេះស៊ុកិ ហើយក៏មានមនុស្សប្រទះឃើញសាកសពរបស់គេនៅក្នុងព្រៃ ថាស្លាប់ដោយសារជាតិពុលមួយប្រភេទ ដែលជាប្រភេទតែមួយនឹងជាតិពុល ដែលឧក្រិដ្ឋជនប្រើក្នុងការប្លន់ហាងពេជ្រកាលពីប៉ុន្មានឆ្នាំមុន។ ហេតុការណ៍កាន់តែស្មុគស្មានឡើងនៅពេលស៊ើបដឹងថា ហ៊ិដេះស៊ុកិ ធ្លាប់ជាជនសង្ស័យនៅក្នុងរឿងក្តីប្លន់ហាងពេជ្រ។ ក្រៅពីនេះ មិនិកុ កូនស្រីរបស់គេ ក៏មិនជឿថា សាកសពនោះជាឪពុករបស់នាង ព្រោះមុខមាត់បានផ្លាស់ប្តូរដូចមនុស្សផ្សេងគ្នា ទើបមិនិកុមកស្នើសុំឲ្យ ឃិនដៈអ៊ីជិ ជួយស្វែងរកការពិត។ ពេលកំពុងធ្វើការស៊ើបអង្កេតមានរឿងហេតុការណ៍ជាច្រើនកើតឡើង ដោយគ្រប់រឿងសុទ្ធតែពាក់ព័ន្ធនឹង «បិសាច» មិនថាសំឡេងផ្លុំខ្លុយដែលលាន់ឮដោយឯកឯង មានមនុស្សស្លាប់ក្នុងបន្ទប់ជាប់សោ ដោយមានត្រាបិសាចនៅក្បែរខ្លួនសាកសព ជាដើម ហើយគ្រប់យ៉ាងដែលទាក់ទងនឹងបិសាចទាំងនេះ សុទ្ធតែពាក់ព័ន្ធនឹង ហ៊ិដេះស៊ុកិ ទាំងអស់។

៤. រឿង គ្រូខ្មោចមរណៈ(迷路の花嫁 ?) គឺជាភាគទី៤ នៃស៊េរី មានចំហាយក្លិននៃសិល្បិ៍សាស្ត្រអូមអាម របស់ជប៉ុន មកបង្កបរិយាកាសឲ្យរឿងកាន់តែព្រឺរោម គួរឲ្យភ័យរន្ធត់ថែមមួយកម្រិតទៀត។ រឿងក្តីនេះចាប់ផ្តើមដោយគ្រូសិល្ប៍ម្នាក់ឈ្មោះ អ៊ុង៉ាក់ជិន ខុសឹរិកុ ដេកស្លាប់នៅក្នុងផ្ទះ មានស្នាមកាំបិតឆូតពេញរាងកាយ និងឆ្មា៥ក្បាលកំពុងដើរលិឍឈាមទៅមកជុំវិញសាកសព ហើយឆ្កែនៅក្នុងផ្ទះមានគេដាក់ថ្នាំបំពុលសម្លាប់។ នៅក្នុងការស្លាប់ដ៏គួរឲ្យព្រឺរន្ធត់លើកនេះ មានជនសង្ស័យជាច្រើននាក់មិនថាជា ថាថេបិ ថៈមុង គ្រូសិល្ប៍ដែលប្រើឥទ្ធិពលរបស់ខ្លួនបង្គាប់ឲ្យគ្រូសិល្ប៍ស្រីនៅក្នុងក្រុម តបស្នងសេចក្តីសុខជូន ធ្វើឲ្យគ្រូសិល្ប៍ស្រីផ្សេងៗទៀតនាំគ្នាច្រណែនឈ្នានីស រួមទាំងកូនក្រមុំជិតរៀបការ ថាឃិង៉ាវ៉ាក់ ខៀវកុ ដែលមានគេប្រទះឃើញនាងនៅក្បែរកន្លែងកើតហេតុ។ តើនរណាគឺជាឃាតករពិត? ឬចុងក្រោយរឿងក្តីនឹងក្រឡាប់ចាក់ ដូចរឿងក្តីផ្សេងៗទៀតដែល ឃិនដៈអ៊ីជិ ធ្លាប់ស៊ើបអង្កេតមក?

៥. ភាគ៥ រឿង ក្តីឃាតកម្មលើកោះ កុគុម៉ុន(獄門島 ?)

៦. ភាគ៦ រឿង ចេតិយកំពូលបី(三つ首塔 ?)

៧. ភាគ៧ រឿង ក្តីឃាតកម្មបទចម្រៀងកូនបាល់បិសាច(悪魔の手毬唄 ?)

៨. ភាគ៨ រឿង កុំចេញដើរពេលកណ្តាលអធ្រាត្រ(夜歩く ?)

៩. ភាគ៩ រឿង ក្នុងបន្ទប់បិទចោល(本陣殺人事件 ?)

១០. ភាគ១០ រឿង ភូមិគ្រឹះគិរីបព៌ត(迷路荘の惨劇 ?)

១១. ភាគ១១ រឿង បុរសវិញ្ញាណ(幽霊男 ?)

១២. ភាគ១២ រឿង មេអំបៅជញ្ជក់ឈាម(吸血蛾 ?)

១៣. ភាគ១៣ រឿង មេអំបៅអមតៈ(不死蝶 ?)

១៤. ភាគ១៤ រឿង ស្តេចមេឃ្មុំ(女王蜂 ?)

          ***ព័ត៌មានលម្អិត សូមរង់ចាំតាមដានភាគបន្តបន្ទាប់ទៀត ក្រោយពេលអ្នកនិពន្ធអានចប់!! 😀

Read Full Post »


ផ្កាយ​NoVeLs*– អំណោយ​គ្រប់​ប្រភេទ​​ដែល​យើង​ប្រគល់​ជូន​គ្នា​​ ​ ឬ​ដោះ​​ដូរ​គ្នាទៅវិញ​ទៅមក​ក្នុង​ឱកាស​​​ផ្សេង​ៗ​ សុទ្ធ​តែ​មាន​អត្ថន័យ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ​របស់​វា​​។ គង់​មិន​​​មាន​នរណា​ដែល​មិន​​ធ្លាប់​​ជូន​អំណោយ​ដល់​អ្នក​ដទៃ ឬ​មិន​ធ្លាប់​ទទួល​អំណោយ​ពី​អ្នក​ដទៃ​​នោះទេ​ តែ​​ប្រិយ​មិត្ត​​ដឹង​ទេ​ថា អំណោយ​នីមួយៗ​​​សុទ្ធ​តែ​មាន​អត្ថន័យ​បង្កប់​នៅ​ក្នុង​នោះ​​។ ​ពិសេស​អំណោយ​ដែល​​ប្រិយ​មិត្ត​​ទទួល​បាន ​​ក៏​អាច​ទាយ​និស្ស័យ​របស់​អ្នក​ជូន​បាន​ដែរ។

អ៊ីចឹង​តោះ​ចាំ​អី​ទៀត​ មក​មើល​ទាំង​អស់​គ្នា​មើល៍ថា ​អំណោយ​ដែល​​អ្នក​ដទៃ​ជូន​យើង ​បង្ហាញ​ពី​និស្ស័យ​អ្វី​ខ្លះ​របស់​ពួកគេ? ពិសេស​អំណោយ​ដែល​យើង​នឹង​ទទួល​បាន​ក្នុង​ថ្ងៃ​១៤កុម្ភៈខាង​មុខ​នេះ​! 😉

. តុក្កតា

​ជា​និមិត្ត​សញ្ញា​នៃ​មិត្ត​ភាព​ និង​​បំណង​ល្អ​​។ អ្នក​ដែល​ចូលចិត្ត​​ទិញ​​តុក្កតា​ជូន​ដល់​អ្នក​ដទៃ​ជា​ប្រចាំ​បង្ហាញ​ថា​ គេ​​ជាមនុស្ស​ដែល​​​ពោរពេញ​ទៅ​ដោយ​​​ភា​ព​ទន់​ភ្លន់​​នៅ​ក្នុង​ខ្លួ​​​​ន​ ​​មាន​គំនិត​សុទិដ្ឋិនិយម ​ចូល​ចិត្ត​សម្លឹង​លោក​ក្នុង​ផ្លូវ​ល្អ​​ ច្រើន​មាន​អារម្មណ៍​ស្រស់​ថ្លា​រីករាយ​ តែ​ក៏​​ពេល​ខ្លះ​ក៏​ចូល​ចិត្ត​ង៉ក់​ងរ​​មិន​​ចង់​និយាយ​ស្តី​ ដ្បិត​អី​ម្តង​ម្កាល​គេ​ក៏​ជា​មនុស្សដែល​​យក​តែ​ចិត្ត​ខ្លួន​ឯង​ដែរ​​។

. បេះដូង

ជា​និមិត្ត​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​​។ អ្នក​ដែល​ចូលចិត្ត​ជូន​អំណោយ​ដល់​អ្នក​ដទៃ​ជា​រូប​បេះដូង​​មិន​ថា​ជា​​បន្តោង​ខ្សែ​ក​​ ក្រវិល​ ខ្នើយ​ ប្រអប់​ភ្លេង​ ឬ​សម្ភារៈ អ្វី​ក៏​ដោយ​ដែល​មាន​រូប​រាងជា​បេះ​ដូង​ បង្ហាញ​ថា​គេ​ជា​មនុស្ស​ដែល​​មាន​ភាព​​រ៉ូមែន​ទិក​មិន​ធម្មតា​ទេ។ ពិសេស​ គេ​​ជា​មនុស្ស​ដែល​ផ្តល់​ភាព​សំខាន់​ឲ្យ​សេចក្តី​សេ្នហា និង​​ការ​ទំនាក់​​ទំនង​ ចូលចិត្ត​យក​ចិត្ត​ទុកដាក់​ និងខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​ ព្រម​ទាំង​​ពូកែ​ស្រមើ​ស្រមៃ​​សម្បើម​ណាស់​។

. ទឹកអប់

ជា​និមិត្ត​សញ្ញា​នៃ​មន្ត​ស្នេហ៍​ ​និង​បំណង​ល្អ​​។ អ្នក​ដែល​ចូលចិត្ត​ទិញ​ទឹក​អប់​ជាអំណោយ​ ឬ​កាដូ​​ដល់​​អ្នក​​នៅ​ជុំ​វិញ​ខ្លួន ​​ជា​មនុស្ស​ដែល​មាន​រស​និយម​ល្អ​​ មាន​មន្ត​ស្នេហ៍​ ចូល​ចិត្ត​​សាង​​ភាព​ទាក់​​ទាញ​ដល់​អ្នក​ដទៃ​​​ ចូល​ក្នុង​ចំណោម​មនុស្ស​ក្នុង​សង្គម​បាន​ងាយ​ ស្រឡាញ់​ភាព​ស្អាត​​ស្អំ ចូលចិត្ត​តុប​តែង​ខ្លួន ​មាន​អំនួត​លើ​ខ្លួន​ឯង​ តែ​មិន​មែន​ជា​មនុស្សដែល​​​ងាយ​​ចុះ​សម្រុង​​នឹង​អ្នក​ដទៃ​ប៉ុន្មាន​ទេ និង​ចូលចិត្ត​ខ្វាយ​ខ្វល់​ពី​រូប​សម្រស់​​របស់​ខ្លួន​ឯង​​ជានិច្ច​។

. កូនឆ្កែ

ជានិមិត្ត​រូប​នៃ​មិត្ត​​ភាព​ និង​ភាព​ស្មោះ​ត្រង់​ ភក្តី​។ អ្នកដែល​ចូលចិត្ត​​ជូន​កូន​ឆ្កែ​ជា​អំណោយ​ដល់​អ្នក​ដទៃ ​​​ច្រើន​តែ​ជា​មនុស្ស​​ដែល​មា​នទឹក​ចិត្ត​ទន់​ភ្លន់​ និង​ទន់​ជ្រាយ​​ខ្លាំង​ណាស់​​។ ចំណែក​អ្នក​ដែល​ចង់​បាន​កូន​ឆ្កែ​ជា​អំណោយ​​ក៏​ដូច​គ្នា​ដែរ​ អាច​និយាយ​បាន​ថា ពួកគេ​​នៅ​មាន​និស្ស័យ​ជា​កូន​ក្មេង​នៅ​ក្នុង​ខ្លួន​​នៅ​ឡើយ​ ចូលចិត្ត​​ភាព​សប្បាយ​ ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​មកតាម​យកចិត្ត​ តែ​ក៏​​ជា​​មនុស្ស​​ដែល​ចូលចិត្ត​ខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​ ​និង​​មិន​អាត្មា​និយម​ទេ។

. សូកូឡា

ជានិមិត្ត​សញ្ញា​​ នៃ​សេចក្តី​ស្រឡាញ់​​ និង​មិត្ត​ភាព​។​ អ្នក​ដែល​ចូលចិត្ត​​ជូន​សូកូឡា​ ជា​អំណោយ​ដល់​អ្នក​ដទៃ​ បង្ហាញ​ថា​ គេ​ជា​មនុស្ស​​ដែល​មាន​អារម្មណ៍​ល្អ​ ​មាន​គំនិត​សុទិដ្ឋិនិយម​ គ្មាន​ពុត​ត្បុត​ ឬ​ពិស​ពុល​ដល់​អ្នក​ដទៃ​។ ថ្វី​បើ​​មើល​​ពី​ខាង​ក្រៅ​​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ ចូលចិត្ត​ភាព​សប្បាយ​ តែគេ​​ក៏​ជា​មនុស្ស​ដែល​មាន​សន្តាន​ចិត្ត​ល្អ​ និង​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ដែរ​។​ ​​មនុស្ស​បែប​នេះ​អាច​ជា​ព្រាន​នារី​ តែ​មិន​សាវ៉ា​ទេ។

. គ្រឿងអលង្កា

ជានិមិត្ត​សញ្ញា​នៃ​ភាព​​ល្អ​ប្រណីត​ ​និង​ជោគ​ជ័យ​។ អ្នក​ដែល​ចូលចិត្ត​ជូន​គ្រឿងអលង្កា​ដល់​អ្នក​ដទៃ​​មិន​ថា​ជា​ ក្រវឹល​ ចិញ្ចៀន​ កង​ដៃ​ ខ្សែ​ដៃ​ ខ្សែ​ជើង​ ​ឬ​ខ្សែ​ក​ បង្ហាញ​ថា ​គេជា​មនុស្ស​ដែល​ពូកែ​សង្កេត​ ពូកែ​គិត​ ពូកែ​ជ្រើស​រើស​ ​ចូលចិត្ត​​ផ្តល់​​ចំណាប់​​អារម្មណ៍​លើ​​អាកប្បកិរិយា​ខាង​ក្រៅ​​ ជាមនុស្ស​​ដែល​មាន​រស​និយម​ល្អ​ ស្រឡាញ់​ភាព​ស្រស់​ស្អាត​ ​និង​ចូលចិត្ត​ភាព​លេច​ធ្លោ​។

. ទៀនក្រអូប

ជា​និមិត្ត​សញ្ញា​​​នៃ​​សេចក្តី​ស្រឡាញ់​ និង​អារម្មណ៍​ធូរ​ស្រាល​។ អ្នក​ដែល​ចូលចិត្ត​ប្រគល់​ទៀន​ក្រអូប​​​ជា​អំណោយ​ដល់​អ្នក​ដទៃ ភាគ​ច្រើន​​​ជា​មនុស្ស​ដែល​មាន​ភាព​រ៉ូមែនទិក​មិន​ធម្មតាទេ​​​ ចូល​ចិត្ត​ដើរ​លេង​ មើល​កុន​ស្តាប់ចម្រៀង​​ ចូលចិត្ត​​ស្រមើ​ស្រមៃ។​ ថ្វី​បើ​មើលពី​ខាងក្រៅ​ដូច​ជា​ទន់​ភ្លន់​ណាស់ ​តែ​ការពិត​​ក៏​ជា​មនុស្ស​ដែល​រឹង​រូស ​និង​យក​តែ​ចិត្ត​ខ្លួន​ឯង​មិន​​ធម្មតា​​ទេ។

. នំឃុកគី

ជានិមិត្ត​សញ្ញា​នៃ​សេចក្តីសុខ​ និង​បំណង​ល្អ​​។ អ្នក​ដែលចូល​ចិត្ត​ជូន​ឃុកគី​ជា​អំណោយ​ដល់​អ្នក​ដទៃ​​ មិន​ថា​ធ្វើ​ដោយ​ខ្លួ​ន​ឯង​ ឬ​ក៏​ទិញ​មក​ចែក​ក៏ដោយ​ ​ភាគ​ច្រើន​ជា​មនុស្ស​ដែល​ចូលចិត្ត​ជជែក​កម្សាន្ត​ដើម្បី​​ផ្លាស់​ប្តូរ​យោបល់​គ្នា​ជាមួយ​អ្នក​ដទៃ។ ភាគ​ច្រើន​ជា​មនុស្ស​ស្រស់​ស្រាយ​ ចូល​ចុះ​ជាមួយ​អ្នក​ដទៃ​បាន​ងា​យ​ មិន​ចូលចិត្ត​​ជម្លោះ​ទាស់​ទែង​ មិន​ឈ្លាន​ពាន​អ្ន​កដទៃ​ តែ​ជាមនុស្ស​ពូកែ​តូចចិត្ត​បន្តិច​ និង​មិន​សូវ​ល្អិត​ល្អន់​​បាន​គ្រប់​ជ្រុង​ជ្រោយ​ប៉ុន្មាន​ទេ។

. បន្តោងព្រះ ឬពុទ្ធបដិមារ

ជានិមិត្ត​សញ្ញា​នៃភាព​ត្រជាក់​ត្រជុំ​​។ អ្នក​ដែល​ចូលចិត្ត​ជូន​អំណោយ​ដល់​អ្នក​ដទៃ ​នូវ​រូប​បដិមាករ​ ឬ​បន្តោង​ខ្សែ​ក​ព្រះ ជាមនុស្ស​ដែល​ស្រឡាញ់​ផ្ទះ ស្រឡាញ់​គ្រួសារ​ ស្រឡាញ់​កិត្តិយស​កេរ្តិ៍​ឈ្មោះ ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​គោរព​​កោត​សរសើរ។​ មិន​តែ​ប៉ុណ្ណោះ​ក៏​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​អ្នក​ដឹក​នាំ​ ម៉ឺង​ម៉ាត់​ល្អិត​ល្អន់​ ចិត្ត​ល្អ ចេះ​ជួយ​យក​អាសា​រ​អ្នក​ដទៃ​ មិន​ចូលចិត្ត​ភាព​អ៊ូអរ​គគ្រឹក​គគ្រេង​ ​ពិសេស​ស្រឡាញ់​ធម្មជាតិ​និង​ភាព​ស្ងប់ស្ងាត់​។

. អាល់ប៊ុមរូបថត

ជានិមិត្ត​រូប​នៃ​អនុស្សាវរីយ៍​​ និង​ការ​ចង​ចាំ​ផ្សេង​ៗ​។ អ្នក​ដែល​ចូលចិត្ត​ជូន​អាល់​ប៊ុម​រូប​ថត​​ជា​អំណោយ​​ដល់​អ្នក​ដទៃ​​ ​ភាគ​ច្រើន​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​​នឹង​សម្ព័ន្ធ​ភាព​ជាមួយ​​អ្នក​ដទៃ​ជា​និច្ច​ ជា​មនុស្ស​ល្អិត​ល្អន់​គួរ​សម។ មនុស្ស​​បែប​នេះ​មិន​សូវ​មាន​សណ្តាប់​ធ្នាប់​ប៉ុន្មាន​ទេ តែ​ក៏​មិន​​មែន​គ្មាន​របៀប​ដែរ ជា​មនុស្ស​ដែល​ចេះ​យក​ចិត្ត​ទុក្ខ​ដាក់​នឹងអ្នក​ដទៃ​ មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ ចូលចិត្ត​គិត​ដល់​រឿង​ល្អៗ​ដែល​ជា​ប្រយោជន៍​​ច្រើន​ជាង​រឿង​មិន​បាន​ការ​។

១០​. បាច់ផ្កា

ជា​និមិត្ត​សញ្ញា​នៃ​សេចក្តី​ស្នេហា​ និង​បំណង​ល្អ​។ អ្នក​ដែល​ចូលចិត្ត​ជូនបាច់​​ផ្កា​​ជា​អំណោយ​ដល់​អ្នក​​ដទៃ​​​ ភាគច្រើន​ជា​មនុស្ស​ដែល​មាន​​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ខ្ពស់​ និង​រ៉ូមែនទិក​មិន​ធម្មតា​ឡើយ​។ តែ​ទន្ទឹម​នឹង​នេះ​គេ​​ក៏​ជា​ព្រាន​នារី​​ម្នាក់​ដែល​មិន​អន់​ដែរ​​។ ក្រៅ​ពី​ជា​ម​នុស្ស​ដែល​​រៀប​រយ​ល្អិត​ល្អន់​​ហើយ​​ ក៏​នៅ​​មាន​បង្កប់​​ដោយ​ភាព​ចចេស​រឹង​រូស​ និង​អំនួត​នៅ​ក្នុង​ខ្លួន​យ៉ាង​ស្ងាត់​ៗ​ទៀត​ផង​។

១១. នំខេក

ជា​និមិត្ត​រូប​នៃ​សេចក្តី​សុខ និង​​អំណរ​សាទរ​។ អ្នក​ដែល​ចូលចិត្ត​ជូន​នំ​ខេក​ជាអំណោយ​ដល់​អ្នក​ដទៃ​ ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​ទន់​ភ្លន់​ និង​សន្តាន​ចិត្ត​ល្អ។​​ ​មិន​មែន​ជា​មនុស្ស​រៀប​រយ​ល្អិត​ល្អន់​ប៉ុន្មាន​ទេ មិន​​​ចូលចិត្ត​គិត​ច្រើន​ តែ​ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​​សរសើរ​ ពិសេស​ជា​មនុស្ស​ដែល​គោរព​ខ្លួន​ឯង​ខ្លាំង​ណាស់។

១២. សម្លៀក​បំពាក់​

ជា​និមិត្ត​រូប​នៃ​សោភ័ណ​ភាព​​។ អ្នក​ដែល​​ចូលចិត្ត​ជូន​សម្លៀក​បំពាក់​ជា​អំណោយ​ដល់​អ្នក​ដទៃ​​ បង្ហាញ​​ថា ​​គេ​ជាមនុស្ស​ដែល​គោរព​ខ្លួន​ឯង​ ចូលចិត្ត​គិត​ ចូលចិត្ត​​រៀប​ចំ​ផែន​ការ​ ចូលចិត្ត​សង្កេត ជាមនុស្ស​ដែល​មាន​ទឹក​ចិត្ត​​មេត្រី​ភាព។ ​មើល​ពីខាងក្រៅ ​ឃើញ​ជា​មនុស្ស​ដែល​សាមញ្ញ​ធម្មតា​ តែ​ការពិត​ជា​មនុស្ស​ដែល​ខ្វាយ​ខ្វល់​ពី​រឿង​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ខ្លាំង​​ហួស​ហេតុ​។

១៣. ពែង​តែ​ ពែង​កាហ្វេ​

ជា​និមិត្ត​រូប​នៃ​មិត្ត​ភាព​​។ អ្នក​ដែល​ចូលចិត្ត​ជូន​ពែង​តែ​ ​ពែង​កាហ្វេ ​​ជា​អំណោយ​ដល់​អ្នក​ដទៃ​​ បង្ហាញ​ថា​ គេ​ជាមនុស្ស​ដែល​​សម្រប​ខ្លួន​នឹង​អ្នក​ដទៃ​បាន​ងាយ​ ស្រឡាញ់​​​ទំនាក់​ទំនង ​និង​ភាព​កក់​ក្តៅ។​ ថ្វី​បើ​​មិន​មែន​ជាមនុស្ស​​ល្អិត​ល្អន់​ជ្រាល​ជ្រៅ​ប៉ុន្មាន​ តែ​ក៏​ចូលចិត្ត​ស្រមើ​ស្រមៃ​ ស្រឡាញ់​ឥស្សរភាព ស្រឡាញ់​មិត្ត​ភក្តិ​ ស្រឡាញ់​​​​​ភាព​​​សាមញ្ញ​ធម្មតា ច្រើន​ជាង​​របៀប​របប​បែប​ពិធី​​ការ​​។

១៤. សម្ភារៈ​កីឡា

ជានិមិត្ត​រូប​នៃ​ថាម​ពល​ជីវិត​ និង​ភាព​នឹង​ធឹង​នៃ​អារម្មណ៍​ផ្លូវ​ចិត្ត​។ អ្នក​ដែល​ចូលចិត្ត​​ជូន​សម្ភារៈ​កីឡា​​ជាអំណោយ​ដល់​អ្នក​ដទៃ​មិន​ថា​ជាកូន​បាល់​តូចៗ ស្បែក​ជើង​កីឡា​ ដង​វាយ​តឺនីស​ ឬ​អ្វី​ក៏​​ដោយ​ដែល​​ពាក់​ព័ន្ធ​​នឹង​កីឡា​ បង្ហាញ​ថា​ គេ​ជាមនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ឯង​ មិន​រំជើប​រំជួល​ឬ​រំភើប​​​ងាយៗ មាន​គោល​ដៅ​ជីវិត​ ស្មោះ​ត្រង់​ តែ​មិន​សូវ​បើក​ចំហ​រឿង​ក្នុង​ចិត្ត​ប្រាប់​អ្នក​ដទៃ​។

១៥. មួក​

ជា​និមិត្ត​រូប​នៃ​ភាព​លេច​ធ្លោ​​ និង​ភាព​ប្រយ័ត្ន​ប្រយែង​។ អ្ន​កដែល​ចូលចិត្ត​ជូន​មួក​ជា​អំណោយ​ដល់​អ្នក​ដទៃ​ ច្រើន​តែ​ជា​មនុស្ស​​ដែល​មើល​ពី​ខាង​ក្រៅ ឃើញ​សាមញ្ញ​ធម្មតា​ ជឿ​ជាក់​លើ​ខ្លួន​ឯង​ តែ​ការពិត​ជា​​គេ​ជា​មនុស្ស​​ដែល​ពូកែ​អៀន​ខ្លាំង​ណាស់​​ ហើយ​ក៏​​មិន​សូវ​​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​​ប៉ុន្មាន​ដែរ។ ក្រៅ​ពី​នេះ​​គេ​ស្រឡាញ់​ឥស្សរភាព ចចេសរឹង​រូសបន្តិច​ និង​មិន​ចូលចិត្ត​ធ្វើ​អ្វី​ដូច​អ្នក​ដទៃ​ទេ​​។

១៦. ប៊ិក​

ជា​និមិត្ត​រូ​​ប​នៃ​ជ័យ​ជម្នះ​។ អ្នក​ដែល​ចូលចិត្ត​ជូន​ប៊ិក​ជាអំណោយ​ដល់​អ្នក​ដទៃ​ ច្រើន​តែ​ជា​មនុស្ស​ដែល​ស្រឡាញ់​អត្តសញ្ញាណ​របស់​ខ្លួន​ឯង​ខ្លាំង​បំផុត​ ជាមនុស្ស​ពូកែគិត​ ពូកែ​សង្កេត​ និង​ពូកែ​ជ្រើស​រើស​ខ្លាំងណាស់ សូម្បី​តែ​រឿង​ល្អិត​ល្អោច​តូច​តាច​ ក៏​​គេ​មិន​ងាយ​​មើល​រំលង​ដែរ។ ពិសេស​គេ​ជាមនុស្ស​មាន​អំណួត​ ស៊ីជោរ​នឹង​ខ្លួន​ឯង​បន្តិច​ តែ​ស្មោះ​ត្រង់​​ខ្លាំង​ណាស់។

១៧. ស៊ុម​រូប​ថត​

ជានិមិត្ត​រូប​នៃ​គំនិត​​ប្រាជ្ញា​ និងការ​ចង​ចាំ​។ អ្នក​ដែល​ចូលចិត្ត​ជូន​ស៊ុមរូប​ថត ​​ជាអំណោយ​ដល់​អ្នក​ដទៃ​ បង្ហាញ​​ថា​ គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចង​ចាំ​រឿង​រ៉ាវ​ផ្សេងៗ​​ដែល​កន្លង​ផុត​ទៅ​ហើយ ជាមនុស្ស​ដែល​មាន​គំនិត​ប្លែកៗ​ ថ្មីៗ ចូលចិត្ត​ការងារ​​​សិល្បៈ​ ចូលចិត្ត​ការ​តុប​តែង។ ថ្វី​បើ​មនុស្ស​ប្រភេទ​នេះ​​ចចេស​រឹង​រូស​បន្តិច​ តែ​ក៏​ចេះ​ខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​ខ្លាំង​ណាស់​ដែរ។​ ពិសេស​ជា​មនុស្ស​ទន់​ភ្លន់​ តែ​មិន​ទន់​ជ្រាយ​។

(ស្រាវ​ជ្រាវ​និង​ប្រែ​សម្រួល​ដោយ៖ ផ្កាយ​NoVeLs*)

Read Full Post »


ផ្កាយ​NoVeLs*– កាត​​ជូន​ពរ​​ គឺ​ជា​ការ​​​បង្ហាញ​​​នូ​វ​​មនោសញ្ចេតនា​​ដែល​ខ្លួន​​មាន​​ ចំពោះ​មនុស្ស​ដែលខ្លួន​ស្រឡាញ់​ ​និង​និយម​​ជូន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​​​ ក្នុង​ឱកាស​ផ្សេង​ៗ​ដូច​ជា ថ្ងៃ​​បុណ្យ​ណូអែល ​ឬ​ថ្ងៃ​​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ជា​ដើម​​។

ថ្ងៃ​នេះ​ អ្នក​និពន្ធ​វ័យ​ក្មេង​ នឹង​នាំ​យក​​វិធី​ធ្វើ​កាត​ជូន​ពរ​ឆ្នាំ​ថ្មី​ មក​ណែ​នាំ​ឲ្យ​ប្រិយ​មិត្ត​បាន​សាក​ល្បង​​​ធ្វើ​ដោយ​ខ្លួន​ឯង ​​ហើយ​យក​ទៅ​ជូន​​អ្នក​ដែល​ខ្លួន​​ស្រឡាញ់​​ក្នុង​​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស​ ឬ​ថ្ងៃ​ឆ្លង​​ឆ្នាំថ្មី​ ​ខាង​មុខ​។ ក្រៅ​ពី​ទទួល​​បាន​មោទនភាព​ត្រឡប់​មក​វិញ​ ​វា​ថែម​ទាំង​ជា​ការ​សន្សំ​សំ​ចៃ​ប្រាក់​​ក្នុង​ហោប៉ៅ​​បាន​​​​​មួយ​កម្រិត​​ដែរ​​។

អ៊ីចឹង​ តោះ!​ ​មក​សាក​​ល្បង​ធ្វើ​ទាំង​អស់​គ្នា!! 😉

  • ឧបករណ៍និងសម្ភារៈដែលប្រើ​​តុបតែងកាតជូនពរ

១. ក្រដាស​រឹង​

២. ក្រដាស​​​ពណ៌​ស្តើង​ៗ​

៣. ស្រោម​

៤. កាវ​​ស្ងួត​​

៥. ប្រដាប់​ចោះ​ក្រដាស​​(ឧបករណ៍​នេះ​មិន​ចាំ​បាច់​​ទេ,​ ​​មាន​តែ​​ម្ជុល​ធំៗ​ ឬ​ម្ជុលចោះ​រង្វង់ ​​​ប្រើ​ជំនួស​​ក៏​បាន)

៦. កាំ​បិត​​កាត់​

៧. កន្ត្រៃ​

៨. ​ខ្សែ​​​ក្រចៅ​ ឬ​ខ្សែ​សរសៃ​ធំៗ​​​ដែល​ធ្វើ​ពី​ក្រដាស​

៩. ​បូ

១០. ​អំបោះសូត្រ​​ពណ៌​​ផ្លេក​ៗ​

១១. ឡេវ​​ថោកៗ ឡេវ​សល់ ​​កុំ​បោះ​ចោល​​ មាន​ប្រយោជន៍​គឺ​ពេល​នេះ​ឯង​​។

១២. ចំរៀក​​កំណាត់​, គឺ​កាត់​សាច់​កំណាត់​ជា​រាង​បួន​ជ្រុង​ ឬ​បី​ជ្រុង​តូច​ៗ​ ទំហំ​ប្រមាណ​២ ឬ​៣សង់​ទី​ម៉ែត្រ។​ កាត់​ចុះ​ ប៉ុន​គ្នា​ខ្លះ មិន​ប៉ុន​គ្នា​ខ្លះក៏​បាន ​ព្រោះ​​សិល្បៈ​គ្មាន​​ព្រំ​ដែន​ទេ​ 😉 ។

  • វិធីធ្វើកាតជូនពរឆ្នាំថ្មី

១. ចាប់​ផ្តើម​កាត់​ក្រដាសរឹង​​តាម​ខ្នាត​ដែល​ត្រូវ​ការ​ សរសេរ​​អ្វី​បន្តិច​បន្តួច​នៅ​លើ​ក្រដាស​នោះ​ក៏​បាន​​ អាច​ជា​​​ឈ្មោះ​ខ្លួន​ឯង​​​​ ឬ​ក៏​ព្រីន​​យក​តែ​ម្តង​ក៏បាន​​​(តែ​បើ​ធ្វើ​មិន​ប៉ុន្មាន​​សន្លឹក​ទេ​ សរសេរ​ដៃ​ខ្លួន​ឯង​​ទើប​គួរ​ឲ្យ​ស្រឡាញ់​ជាង​ គេ​នឹង​​ដឹង​ថា កាត​មួយ​សន្លឹក​នេះ យើង​ខំ​​ធ្វើ​​ដោយ​ទឹក​ចិត្ត​! 🙂 )

២. បន្ទាប់​មក​ចាប់​ផ្តើម​សរសេរពាក្យ​ជូន​ពរ​​ ​ដោយ​ប្រើ​ក្រដាស​ពណ៌​ស្តើង​ៗ​។ ចង់​ជូន​ពរ​បែប​ម៉េច​​ក៏​សរសេរ​បែប​នោះ​ទៅ អាច​សរសេរ​ដៃ​ ឬព្រី​ន​ក៏​បាន​។ តាម​រូប​នេះ​ គឺ​គេ​​ព្រីន​យក​ ដោយ​​អាច​ប្រើ​កម្មវិធី​ហ្វូតូសប​បន្ថែម​សោភ័ណ​ ​រើស​ពណ៌​តួ​អក្សរ​ និង​​​រៀប​ចំ​ខ្លឹម​សារ​​ពាក្យ​ជូន​ពរ​តាម​ទម្រង់​ផ្សេង​ៗ​។ ក្រដាស​A4 អាច​ធ្វើ​បាន​ច្រើន​គួរ​សម​ដែរ​ តែ​បើ​ពាក្យ​ជូន​ពរ​វែង​ បន្ថែម​​ឈ្មោះ​និង​នាម​ត្រកូល រួម​ទាំង​អាសយដ្ឋាន​​ទៀត ក៏​បាន​ប្រមាណ​៣​សន្លឹក​ដែរ​​។ នៅ​ពេល​​ព្រីន​ចេញ​មក​ហើយ ក៏​យក​កន្ត្រៃ ឬ​កាំ​បិត​កាត់​ក៏​បាន​ តាម​តែ​ភាព​ងាយ​ស្រួល​។

៣. ពេល​នេះ ​ដល់​ពេល​ដែល​ត្រូវ​តុប​តែង​ក្រដាស​របស់​យើង​ហើយ​​ ឯ​ជំនួយ​ការ​ដែល​សំខាន់​សម្រាប់​រឿង​នេះ​ គឺ​​ចម្រៀក​កំណាត់​ កាត់​ជា​៣​ជ្រុង ឬ​៤​ជ្រុង​ក៏​បាន​តាម​ចិត្ត​​ បន្ទាប់​មក​យក​​កាវ​មក​លាបជាយ​​ៗ​​ឲ្យ​សព្វ​ ​រួច​បិទ​នៅ​កន្លែង​ដែល​ត្រូវ​ការ​។

៤. មើល​ផ្នែក​ខាង​មុខ​ ហើយ​រក​កន្លែង ​ដែល​ស័ក្តិ​សម​សម្រាប់​ដោត​បូ​។​ ប្រើ​កាំ​បិត​កាត់​(cutter)​ ចោះ​​ស្នាមយក​​តូច​ៗ​ឲ្យ​ល្ម​ម​ដោត​បូ​ចូល​បាន​។

៥. ដោត​បូ​ចូល​តាម​ស្នាម​ដែល​យើង​បាន​ចោះ។

៦. យក​ចុង​ទាំង​សង​ខាង​​​មក​ចង​ធ្វើ​បូ​​ផ្នែក​ខាង​មុខ​។ បើ​អ្នក​ណា​មិន​ពូកែ​ចង​បូ​ទេ ឲ្យ​​ចង​គួច​ទុក​សិន​​ ដែល​ចាស់​ៗ​ចូល​ចិត្ត​ហៅ​ថា ចង​សម្លាប់​មុខ​នោះ​​អី! បន្ទាប់​ពី​ចង​បែប​នោះ​ហើយ​ ​​សឹម​មក​​ចង​​ចាប់​​​បូតាម​ក្រោយ ដែល​អាច​នឹង​ងាយ​ជាង​ ​ដោយ​យក​ចុង​​​ទាំង​​​សង​ខាង​​មក​ចង​ធ្វើ​បូ​នៅ​​​ផ្នែក​ខាង​មុខ​។

៧. បើ​នៅ​មិន​ទាន់​អស់​ចិត្ត​ទេ អាច​បន្ថែម​បូ​មួយ​ជាន់​​ទៀត​កាន់​តែ​ល្អ​ ដោយ​យក​អំបោះ​សូត្រ​ពណ៌​ផ្លេក​​មក​ចង​​ពី​លើ​ដូច​​ចង​ខ្ចប់​កាដូ។

៨. ពេល​ចង​រួច​នឹង​ចេញ​មក​បែប​នេះ។ អំបោះ​សូត្រ​ពណ៌​ផ្លេក​​មិន​បាច់​ចោះ​ក្រដាស​ទេ ព្រោះ​ក្រដាស​​​​មាន​ក្រប​បត់​​​ជា​​ពីរ​ ដូច្នេះ​គ្រាន់​តែ​​ចង​វាបណ្តោយ​តាម​​ក្រប​ខាង​លើ​ គឺ​បាន​ហើយ​។

៩. បន្ទាប់​​មក​​ក៏​​ប្រើ​​ឡេវ​​តុប​​តែង​​បន្ថែម​​ដោយ​​ប្រើ​​កាវ​ស្ងួត​​​ដដែល​​។

១០. ​ផ្នែក​ខាង​ក្នុង​របស់​កាត​​ ត្រូវ​យក​ក្រដាស​ពណ៌​​​​ដែល​​បាន​​សរសេរ​ពាក្យ​ជូន​ពរ​រួច ​មក​ដាក់​ពី​លើ​​ផ្នែក​ម្ខាង​ទៀត​​នៃកាត​​ រួច​ចោះប្រហោង​​​តូច​ៗ​ចំនួន​​ពី​រ​។

១១. ប្រហោង​​ដែល​ចោះ​​​នោះ​ ជា​រន្ធ​សម្រាប់​ចង​អំបោះ​សូត្រ​ ដើម្បី​​ភ្ជាប់​ក្រដាស​ជូន​ពរ​នឹង​កាត​រឹង​​​​ជំនួស​​ការ​​បិទ​កាវ​​។

១២. កម្ទេច​កំណាត់​តូច​ៗ​ស្អាត​ៗ បើ​បោះ​​ចោល​គួរ​ឲ្យ​ស្តាយ​​ណាស់​ ដូច្នេះបើ​​យក​វា​មក​បិទ​ឆ្លាស់​គ្នា​បន្ថែម​ ក៏​អាច​បង្កើន​សម្រស់​ឲ្យ​កាត​ជូន​ពរ​កាន់​តែ​​ស្អាត​ប្លែក​ដែរ​។

១៣. បើ​ចង់​ប្តូរ​មក​ចង​បូ​បែប​នេះ ឬ​ចង​បែប​នេះ ឬ​ក៏​ចង់​ចោះ​រន្ធ​​ចង​បូ​​តូច​ៗ​​បែប​នេះ ត្រូវ​ចោះ​​ក្រដាស​​ជា​ពីរ​ជួរ មួយ​ជួរ​មាន​បី​រន្ធ​​ បន្ទាប់​មក​ក៏ក្រង​អំបោះសូត្រ​ឲ្យ​​​ដូច​ចង​ខ្សែ​ស្បែក​ជើង​​ជា​ការ​ស្រេច​។

១៤. កាត់​កំណាត់​ដែល​នៅ​សល់ ឬ​ឡេវ​ដែល​ប្រើ​មិន​អស់​ មក​បិទ​បន្ថែម​​ត្រង់​កន្លែង​ណា​ដែល​យល់​ថា​ស័ក្តិ​សម​ ហើយ​ធ្វើ​ឲ្យ​កាត​ជូន​ពរ​របស់​យើង​កាន់​តែ​ស្រស់​ស្អាត​។

ទំនេរ​ៗ ​សូម​​សាក​ល្បង​ធ្វើ​ណ៎ា!

បំណង​ល្អ​ពី អ្នក​និពន្ធ​វ័យ​ក្មេង​!! (^_^)

Read Full Post »