Feeds:
ប្រកាស
មតិ

Archive for the ‘វប្បធម៌ប្រពៃណី’ Category


ផ្កាយ​NoVeLs*– ថ្ងៃ​ទី​ ០១​ មេសា​ គឺ​ជា​ថ្ងៃ​លើក​លែង​​ពិសេស​មួយ​​ ព្រោះ​នរណា​ៗក៏​អាច​លេង​សើច​ ឬ​លេង​ភូត​កុហក​​ជាមួយ​​សមាជិក​​នៅ​ក្នុងគ្រួសារ​ អ្នក​ជិត​ខាង មិត្ត​រួម​ការងារ​ មិត្ត​ភក្តិ​ស្និទ្ធ​ស្នាល​ ឬ​សូម្បី​តែ​សត្រូវ​​ក៏​អាច​លេង​​បាន​ដែរ ដោយ​គ្មាន​​នរណា​មក​​​ចាប់​​ទោស​អូសដំណើរ​ ឬ​ខឹង​ថ្នាំ​ង​ថ្នាក់​នឹង​គ្នា​អ្វីទេ​ ​មិន​ថា​ការ​លេង​​​សរសេរ​ក្រដាស​​យក​ទៅ​បិទ​នឹងខ្នង​នរណា​ម្នាក់​ដាក់​​​​ថា «​សូម​អញ្ជើញ​ទាត់​មួយ​សេរី!»​ ឬ​ក៏​លេង​ភូត​ភរ​បោក​​កុហក​​​ផ្សេងៗ​ទៀត​​ក៏​មិន​មាន​បញ្ហា​​ទាំង​អស់​។

ចុះ​នៅ​រង់​ចាំ​អី​ទៀត?!! 😀

  • ប្រវត្ថិ​មិន​ច្បាស់​ការ​

​​ទោះ​បី​ជា​​អ្នក​​ជំនាញ​ការ​ផ្នែក​ខែ​មេសា​ មាន​ទស្សនៈ​យល់​ឃើញ​មិន​សូវ​ស្រប​គ្នាក៏​ដោយ​​ តែ​ភាគ​ច្រើន​ជឿ​ថា ​ថ្ងៃ​ភូ​ត​កុហក​ ឬ​ដែល​បារាំង​ហៅ​ថា April Fool’s Day​ នេះ​មាន​ដើម​កំណើត​មុន​គេ​​​នៅ​​ប្រទេស​បារាំ​ង​តាំង​​ពី​​គ្រិស្ត​សតវត្ស​ទី​១៦​ម្ល៉េះ​​​។ នៅពេល​ព្រះ​អង្គម្ចាស់​សន្តិវង្ស​​​ប៉ាប៉ា​ក្រេ​កហ្គូរី​ទី​១៣​ (Pope Gregory the 13th) បាន​ចេញ​ព្រះរាជ​បញ្ជា​​ឲ្យ​ប្រារព្ធ​ធ្វើ​ពិធី​​ឆ្លង​ឆ្នាំ​ថ្មី​​នៅ​ក្នុង​ថ្ងៃ​ទី ០១​ មករា​ ជំនួស​ប្រពៃ​ណី​ដើម​ដែល​តែង​ប្រារព្ធ​ធ្វើ​នៅ​​​ចុង​ខែ​មីនា​​​​​។ ចំពោះ​​អ្នក​ដែល​មិន​បាន​ប្រតិបត្តិ​តាម​ប្រតិទិន​ថ្មី​​នេះ​​នឹង​ត្រូវ​ហៅ​ថា «​​ហ្វូង​ត្រី​ខែ​មេសា​»​ (ពួក​​អឺ​រ៉ុប​ប្រៀប​ធៀប​មនុស្ស​ល្ងង់​ខ្លៅ​​ទៅ​នឹង​សត្វ​ត្រី​)​។ ​មាន​អ្ន​ក​ដែល​ដឹង​ពីរឿង​នេះ​​មួយ​ក្រុម​ទៀត​​បាន​អះអាង​ថា ថ្ងៃ​ភូត​កុហក​​មាន​ដើម​កំណើត​មក​ពី​​ពិធី​បុណ្យ​ក្នុង​រដូវ​កាល​​ផ្ការីក​នា​​សម័យ​បុរាណ​ ដែល​មាន​ការ​លេង​សើច​នឹង​​គ្នា​បែបអាក្រក់​អាក្រី​បំផុត​។​

ថ្ងៃ​ភូត​កុហក​នៅ​លាវ​(…)

រង់​ចាំ​អាន​បន្ត​វគ្គ​ក្រោយ​… 😛

Read Full Post »


‘Boung Soung’ (Khmer for ‘Prayers to the King’) is a collection of images of the overwhelming days following the final return home of Cambodia’s King Father. A memorable and historic display of mourning, celebration and reverence where thousands of people joined together in one last prayer to their King.

Photographs by Erika Piñeros, Nick Sells and Nicolas Axelrod

Drinks and canapés from 6pm-8pm
The Plantation #28 St. 184, Phnom Penh.

»»» សកម្ម​ភាព​ថ្ងៃ​នោះ​៖

Read Full Post »


ផ្កាយ​NoVeLs*– បុក​ល្ហុង​លាវ​​ មាន​រស​ជាតិ និង​ លក្ខណៈ​ប្លែកៗ​គ្នា ​ទៅតាម​តំបន់​ ក្នុង​​បណ្តាខេត្ត​នានា​របស់​ប្រទេស​។

បុក​ល្ហុង​នៅ​​ខេត្ត​ហ្លួង​ព្រះ​បាង ​ឬ​ភាគ​ខាង​ជើង​នៃ​ប្រទេស ​​ចូលចិត្ត​ប្រើ​ប្រហុក​ឆៅ​ ឬ​ប្រហុក​សាច់​ទាំង​មូល​ៗ ចំណែក​ចំនួន​ម្ទេស​ដែល​ដាក់​គឺ​រាប់​តាម​ចំនួន​អាយុ​អ្នក​បរិភោគ​។ ចំពោះ​​ល្ហុង​ដែលគេ​​ប្រើ​បុក​ មិន​និយម​​សាប់​ ឬ​ឈូស​ល្អិត​ៗ​ទេ គឺ​គេ​ចិត​ជា​បន្ទះ​ស្តើង​ៗ​ស្រដៀង​នឹង​ការ​ចិត​ដាក់​ម៉ាំ​ ឬ​ផ្អក​ត្រី​ល្អិត​នៅ​ស្រុកខ្មែរ​យើង​។

បុក​ល្ហុង​នៅ​ហ្លួង​ព្រះ​បាង​

បុក​ល្ហុង​នៅ​ភាគ​កណ្តាល​ ឬ​នៅ​​​ក្រុង​វៀង​ចន្ទ​ន៍​ ចូលចិត្ត​ប្រើ​ទឹក​ត្រី​ ឬ​ប្រហុក​ស្ងោ​ឆ្អិន​ដែល​​ផ្សំ​គ្រឿង​ទេស​ជា​ស្រេច​ មាន​លក្ខណៈរាវ​ខាប់​ស្រដៀង​ទឹកកាប៉ិ​នៅ​ស្រុក​ខ្មែរ​។ ល្ហុង​ដែល​ប្រើ​បុក​​ត្រូវ​សាប់​ថ្មី​ៗ​ដោយ​ប្រើ​កាំ​បិត​ មិន​និយម​ឈូស​សរសៃ​ស្តើង​វែងៗ​ដូច​ខ្មែរ​។ បើ​ចង់​ទទួល​ទាន​បុក​ល្ហុង​ឆ្ងាញ់​នៅ​វៀងចន្ទន៍​ ត្រូវ​ប្រាប់​គេ​មុន​ថា បុក​បែប​លាវ បើ​មិន​ដូច្នោះ ​នៅពេល​គេឃើញ​យើងជា​ជន​បរទេស​ គេ​នឹង​បុក​(បែប​ជន​បរទេស​) ដោយ​ដាក់​តែ​ទឹក​ត្រីសុទ្ធ​​ ហើយ​រស​ជាតិ​ដូចញាំ​អ៊ីចឹង​ មិនឆ្ងាញ់​ទេ​។

បុក​ល្ហុង​នៅ​ករុង​វៀង​ចន្ទន៍​

បុកល្ហុង​នៅ​ភាគ​ខាង​ត្បូង​ ឬ​​ក្នុង​ក្រុង​ប៉ាក​សេ ខេត្ត​​ចម្ប៉ាសាក់ ដែល​នៅ​ជាប់​​ព្រំដែន​ខ្មែរ​ និយម​ដាក់​ក្តាម​ប្រៃ​ និង​សណ្តែក​ដី​ដូច​ខ្មែរ​ដែរ។ ល្ហុង​ដែលបុក អាច​​សាប់ ឬ​ឈូស​តាម​ការ​និយម​ចូលចិត្ត​របស់ម្នាក់ៗ​។

បុក​ល្ហុង​សម្រាប់​ជន​បរទេស(ដាក់​ទឹក​ត្រី)

ប្រជាជន​លាវ​ មិន​និយម​​ឈូស​ល្ហុង​ក្លាស្សេ​ទុក​ដូច​ខ្មែរ​ទេ ព្រោះ​គេ​ជឿ​ថា ធ្វើ​ដូច្នោះ​នឹងធ្វើ​ឲ្យ​រស​ជាតិ​ល្ហុង​ដែល​បុក​​ថយ​ចុះ​ មិន​ឆ្ងាញ់ ​និង​ស្រស់​ ដូច​សាប់​ឬ​ឈូស​ថ្មីៗទេ​​។ ដូច្នេះ​នៅពេល​មាន​មនុស្ស​ទៅទិញ​​បុក​ល្ហុង​ ទើប​គេ​ចាប់​ផ្តើម​សាប់ និង​ឈូសក្នុង​ពេល​នោះ​តែ​ម្តង​។​ បុក​ល្ហុង​លាវ​ ចូលចិត្ត​ដាក់​ផ្លែ​ពោន​​(ស្រដៀង​ផ្លែ​ម្កាក់, លាវ​ហៅ​ថា ម្កាក់​គោក​ ឯ​ម្កាក់​ដែល​យើង​បរិភោគ​​ជា​ម្ជូរ​សព្វ​ថ្ងៃ​ ​ហៅ​ថា​ ម្កាក់​ទឹក​) និង ​ត្រប់​ក្អែក​(?, ត្រប់​លឿង​តូចៗ​ ​មាន​រស​ជាតិ​ជូរ និង​គ្រាប់​ច្រើន​) ដែល​មិន​ឃើញ​មាន​ដាក់​នៅ​ក្នុង​បុកល្ហុង​ខ្មែរ​។ រស​ជាតិ​ជូរ​ចត់ របស់​ផ្លែ​ពោន​ និង ត្រប់​ក្អែក(?) ធ្វើ​ឲ្យ​បុក​ល្ហុង​លាវ​មាន​រស​ជាតិ​ឆ្ងាញ់​ប្លែក​ខុស​ពី​បុក​ល្ហុង​ខ្មែរ​។

ខ្ញុំ​ជឿ​ និង​ហ៊ាន​អះអាង​ថា បុក​ល្ហុង​លាវ​ គឺ​ជា​ដើម​កណើត​នៃ​បុក​ល្ហុង​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​​នេះ​ ពិសេស​​ ខ្មែរ​ និង​ ​ថៃ​។

Read Full Post »


ផ្កាយ​NoVeLs*– មុន​នឹង​​សរសេរ​រឿង​ប្រលោម​លោក រឿង​ «​ខ្មោច​លាក់​សាក​សព» ដែល​​មាន​ទំនាក់​ទំនង​ទៅ​នឹង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ គឺ «ល្បែង​បិទ​ពួន​» ខ្ញុំ​បាន​សិក្សា​ស្រាវ​ជ្រាវ​ខ្លះៗ​ពី​ល្បែង​នេះ​ ដើម្បី​ភ្ជាប់​សាច់​រឿង​ ទៅ​នឹង​វប្បធម៌​ និង​ អបិយ​ជំនឿ​ក្នុង​ផ្នត់​គំនិត​ខ្មែរ​។ ដូច្នេះ​ ដើម្បី​​ចែក​រម្លែក​ចំណេះ​ដឹង​នេះ​ ដល់​ប្រិយ​មិត្ត​អ្នក​អាន​ បាន​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា ពិសេស​ដើម្បី​គេច​ខ្លួន​ពួន​​អាត្មា​នឹង​ការ​តាម​ចាប់​របស់​នាង​លក្ខណ៍,​ អ្នក​និពន្ធ​វ័យ​ក្មេង​​សូម​ជូន​អត្ថបទ​ «​ល្បែង​បិទ​ពួន​» ដែល​ចម្លង​មក​ទាំង​ស្រុង​ពី​វ៉ិប​សាយ​ CEN ដូច​ត​ទៅ​៖

​ល្បែង​បិទពួន ជា​ល្បែង​មួយ​យ៉ាង​ដែល​ពួក​កុមារា កុមារី​ជំទង់ៗ​តែង​លេង​កំសាន្ត សប្បាយៗ​នៅ​ពេល​រាត្រី​ខែ​ភ្លឺ ។ ល្បែង​នេះ​គេ​លេង​គ្មាន​កំណត់ ខែ​ណា រដូវ​ណា​ទេ នៅ​ខែ​ណា រដូវ​ណា​ក៏​បានឲ្យតែ​មាន​ពេល​លំហែរ ហើយ​គ្មាន​កំណត់​ចំនួន​មនុស្ស​ឡើយ ។ វិធានការ​នៃ​ល្បែង​នេះ គឺ​ពួក​ម្ខាង​អ្នក​ពួន ពួក​ម្ខាង​ទៀត​អ្នក​ដើររក​, ការ​រក​ឃើញ​គេ​ដេញ​ចាប់​ពួក​អ្នក​ពួក​ ដើម្បី​ញៀច (​មូល​ស្លឹកត្រចៀក​) ។​
​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​ ៖

​     ​របៀប​លេង​ : ​មុន​ដំបូង​គេ​បបួល​កុមារា កុមារី ដែល​មាន​អាយុ​ស្រ​បាលៗ​គ្នា ឲ្យបាន​ច្រើន​ប្រមាណ ៥ ឬ ១០ នាក់​ឡើងទៅ ស្រេច​តែ​មាន​គ្នា​តិច​ ឬ​ច្រើនចែកជា ២ ផ្នែក​ស្មើគ្នា ស្រី​ម្ខាង ប្រុស​ម្ខាង ឬ​លាយ​ចម្រុះ​គ្នា​ទាំងស្រី​ទាំងប្រុស ឬ​ក៏​សុទ្ធតែ​ប្រុស សុទ្ធតែ​ស្រី​ក៏បាន ។ គេ​កំណត់​កន្លែង​ណាមួយ ដែល​មាន​ភាព​ដី​ស្រឡះ ឲ្យឈ្មោះ​ថា ‹​ទី​› ហើយ​គេ​ឲ្យ​ពួក​ម្ខាង​ទៅ​ពួន នៅ​ទី​ដទៃ គឺ​ត្រូវ​ពួន​របៀប​ណា កុំ​ឲ្យ​ពួក​ម្ខាង​ទៀត​រកឃើញ​បាន​ដោយ​ងាយ ពួក​ម្ខាង​ទៀត​ឈរ​ធ្មិចភ្នែក​ ឬ​បិត​ភ្នែក​នៅ​ក្នុង​ទី ។ ត្រណម​របស់​ពួក​នេះ​នៅត្រង់​ធ្មិចភ្នែក គឺ​គេ​សន្យា​គ្នា​ថា អ្នក​ណា​លួច​មើល​ពួក​គេ​អ្នក​ពួនឲ្យដឹងថា គេ​ពួន​ត្រង់នេះ ត្រង់​នោះ និង​ត្រូវ​ស្អុយ​ភ្នែក ។ ចំនួន ២-៣ នាទី ទើប​ពួក​អ្នក​នៅ​ក្នុង​ទី បើកភ្នែក​ឡើង​ស្រែកថា ‹​បើកគ្រប​បាយ កំ​កាយរក អ្នក​ណា​មិន​មក អញ​រក​ឃើញ​› ហើយ​ក៏​ចាប់​ម្នាក់​រើស​រក​អ្នក​ណា​មាន​មាឌ​មាំ​បន្តិច ក្នុង​បណ្ដា​ពួក​អ្នក​នៅចាំ​ទីនោះ ឲ្យនៅ​ចាំទី​ការពារ កុំ​ឲ្យ​ពួក​អ្នក​ទៅ​ពួន​រត់​មក​ចូល​ទី​បាន សល់​ប៉ុន្មាន ឲ្យ​ដើររក​គ្រប់​ទីកន្លែង​ដែល​កំបាំងៗ ។ បើ​អ្នកណា​មួយ ឃើញ​អ្នក​ពួន​ណា​ម្នាក់​ក៏​នាំគ្នា​ដេញ​ចាប់​ញៀច បើ​ដេញ​ញៀច​បាន ឈ្មោះថា ស្អុយ បើ​មិន​បាន អ្នក​ពួន​នោះ​រត់​ចូល​ទី​បាន ឈ្មោះថា បាន​រួចខ្លួន មិន​ត្រូវ​ដេញ​ញៀច​គេ​ទៀត​ទេ​, ប៉ុន្តែ​អ្នក​ពួន​នោះ បើ​ចូល​ទី ហើយ​ត្រូវ​ស្រែក​ឲ្យ​ខ្លាំងៗ​ថា ‹​ចូល​ទី​› បើ​មិន​ស្រែក​ទេ​គេ​មាន​អំណាច​ញៀច​បាន​ទៀត ។ លុះ​អ្នកដើរ រក​ឃើញ​ពួក​អ្នក​ពួន​អស់ហើយ ឬ​បើ​មិនទាន់​ឃើញ​អស់គេ​ខំ​ដើរ​រក​ឲ្យ​ទាល់តែ​ឃើញ ទោះបី​ញៀច​បាន​ក៏ដោយ មិន​បាន​ក៏​ដោយ មកជួបជុំ​ហើយ គេ​ក៏​និយាយ​ប្រាប់​អ្នក​ទាំង​គ្នា (​ទាំង​ពីរ​ផ្នែក​) ថា ពួកគេ​ញៀច​បាន​ប៉ុណ្ណេះ​អ្នក ប៉ុណ្ណោះ​អ្នក តាមតែ​គេ​ញៀច​បាន រួច​ហើយ​ពួក​អ្នក​នៅ​ចាំទី​មុន​នោះ ទៅ​ពួន​វិញ ,​ឯ​ពួក​អ្នក​ពួន​មុន​ត្រូវ​នៅ​ក្នុង​ទី ហើយ​ដើររក​គេ​ផ្លាស់ប្ដូរ​គ្នា​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់​លេង ។​
​    ​ក្នុង​ការផា្លស់ប្ដូរ​នេះ គឺ​ទៅ​ពួន​ម្ដង​មួយផ្នែក រួច​ហើយ​បើ​ពួក​ខាង​ម្ខាង​ញៀច​គេ​បាន ៣-៤ នាក់ ដល់​ពួក​ម្ខាង​ទៀត​ញៀច​គេ​វិញ​បាន​តែ ២-៣ នាក់​ពួក​នោះ​ឈ្មោះ​ថា ចាញ់​គេ ។​
​     ​តាមរបៀប​អ្នកស្រុក​ខ្លះ គេ​លេង​ប្លែក​ពី​នេះ​បន្តិច គឺ​គេ​ប្រមូល​អ្នក​ស្ម័គ្រ​លេង​ទាំង​ប៉ុន្មាន​ម​ក​ឈរ​ដំ​កង់ ហើយ​មា្ន​ក់​ផ្ដើម​សូត្រ​ថា ‹​ត្រៃ​ត្រក ត្រៃ​ត្រេន​› ឬថា ‹​កាច់​ស្លឹក​ឫស្សី សំដី​ល្ង ខែ​ចែ​ត្រ​ពេញ​បូណ៌ លោក​ឲ្យ​លេង​ពួន លេង​ខែ​ណា លេង​ខែ​ដូង​ព្រះ កាច់​សន្ទះ​មហា​ទង់ដែង អញ្ចែង​អញ្ចាប់ អញ្ចែង​ចង្វាក់ អ​អឺត​អន្ទង អំ​ពង​អំ​ពួន ប្រពន្ធ​ចៅហ្វាយ​› ។ ក្នុង​ការសូត្រ​ពាក្យ​ទាំងនេះ គេ​ចង្អុល​បណ្ដើរ​ទៅ​ចំ​ខ្លួន​មនុស្ស​មា្ន​ក់ៗ គឺ​មួយ​មាត់​ចង្អុល​ម្នាក់ៗ បើ​អស់​ចំ​ទៅលើ​រូប​អ្នកណា អ្នកនោះ​ត្រូវ​រត់​ទៅ​រក​កន្លែង​ពួន រួច​ធ្វើ​ដូច​មុន​ទៀត​រហូត​ដល់​សល់​តែ​ម្នាក់​ក្រោយ​គេ​ទុក​ជា​អ្នក​នៅ​ ចាំទី ។ កាលណា​អ្នក​ទៅ​ពួន​ស្រែកថា ‹​រួច​› អ្នក​ចាំ​ទៀ​ដើរ​តាមរក​ញៀច បើ​ញៀច​បាន​នរណា​មួយ ត្រូវ​ប្ដូរ​អ្នក​នោះ​មក​ចាំទី​ម្ដង ឯ​ចាំទី​មុន ត្រឡប់​ទៅ​ពួន​វិញ តែ​ញៀច​ម្ដង បាន​តែ​មួយ​នាក់​ទេ ទោះ​ជា​គេ​ពួន​នៅ​ជិត​គ្នា​ក៏​ដោយ ហើយ​បើ​ខុស​ពី​ត្រណម​នេះ គេ​ទុក​ជា​ស្អុយ គេ​រៀបចំ​លេង​សារជាថ្មី​ម្ដងទៀត ធ្វើ​តែ​យ៉ាង​នេះ​បន្តៗ​ទៅ ។ ប្រសិនជា យូរ​ពេល​ហើយ​នរណា​មួយ​គេ​ខ្សិល​ពួន អាច​រត់គេច​ពី​ភ្នែក​អ្នកចាំទី មក​អង្គុយ​ត្រង់​ទី​ក៏បាន ចាំ​គេ​ញៀច​បាន​នរណា​ថ្មី​ទៀត​សឹមរ​ត់ទៅ​ពួន​ម្ដងទៀត​កាលណា អ្នកណាម្នាក់ ចង់​ឈប់​លេង​ត្រូវ​ស្រែក​គ្នា​រហូត​ថា ‹​បើក​បាយ​ក្រហាយ​ទឹក អ្នក​ណា​មិន​ឈប់​លេង​› បើ​គេ​ស្រែក​ដូច្នេះ​រួច អ្នកចាំទី​គ្មាន​សិទ្ធ​ញៀច​គេ​ទៀត​ទេ ។​
​    ​ល្បែង​នេះ​ជា​ល្បែង​អាច​ចាត់​ចូល​ក្នុង​ពួក​កីឡា​ហាត់ប្រាណ​បាន ត្រង់​ការ​រត់​ការ​ស្ទុះ ការ​លោត ការដេញ ៕

Read Full Post »


ដូចអាចារ្យអ៊ីចឹង! 😉

ផ្កាយNoVeLs*– ព្រឹកមិញថ្ងៃកំណើតមិត្តភក្តិ គេបបួលទៅដាក់បាត្រ ក៏ទៅដាក់នឹងគេ។ គ្រប់យ៉ាងមិត្តភក្តិលាវរៀបចំឲ្យទាំងអស់ គ្រាន់តែចាំដាក់បាត្រប៉ុណ្ណោះ។ គ្រឿងប្រដាប់សម្រាប់ដាក់បាត្រដែលគេរៀបចំឲ្យមានដូចជា ជើងពានមួយដែលចំណុះទៅដោយ បាយដំណើបមួយស្នុក ទឹកមួយកូនដប នំជាងដប់កញ្ចប់ និងកន្សែងពានាមួយ។

គ្រឿងប្រដាប់ដែលមិត្តភក្តិលាវរៀបចំឲ្យដាក់បាត្រ

ការដាក់បាត្រនៅលាវ គេទម្លាប់ក្រាលកន្ទេលចាំព្រះសង្ឃនៅលើដងផ្លូវ។ នៅពេលឃើញព្រះសង្ឃនិមន្តមកពីចម្ងាយ គេនឹងលើកជើងពានដែលជាធម្មតាមាន បាយដំណើបមួយស្នុក នំកញ្ចប់ និងក្រដាសប្រាក់ប្រាំរយគីបមួយចំនួន លើកផ្សងឧទ្ទិសមគ្គផលជូនដល់បុព្វការីជន។ ពេលព្រះសង្ឃនិមន្តមកដល់ក៏ចាប់ផ្តើមពូតបាយដំណើបដាក់នៅក្នុងបាត្រលោក ព្រមជាមួយនំចំណីនិងម្ហូបអាហារ(កម្រឃើញមានដាក់ម្ហូបព្រមជាមួយគ្នាណាស់)។

ក្រាលកន្ទេលចាំព្រះសង្ឃ

ក្រោយពេលដាក់បាត្ររួច ព្រះសង្ឃអង្គនីមួយៗ នឹងគង់ចាំអង្គផ្សេងៗទៀត លុះត្រាតែទទួលចង្ហាន់បានគ្រប់អង្គ ទើបចាប់ផ្តើមសូត្រធម៌ព្រមគ្នា ដែលមានរយៈចម្ងាយប្រហែលមួយម៉ែត្រពីអ្នកដាក់បាត្រ រួចទើបនិមន្តចាកចេញទៅ។ ចំណែកអ្នកដាក់បាត្រ ពេលព្រះសង្ឃកំពុងសូត្រធម៌ ដៃឆ្វេងលើកសំពះ ឯដៃស្តាំលើកកូនដបច្រូចទឹកទៅលើដី។ ក្រោយពេលព្រះសង្ឃចាកចេញទៅ គេនឹងយកបាយដំណើបដែលនៅសល់ ពូតជាដុំតូចៗ ហើយយកទៅបិទនឹងដើមឈរធំនៅក្បែរបរិវេណនោះ រួចយកទឹកច្រូចគល់ឈើជាកិច្ចបង្ហើយការដាក់បាត្រ។ ឯវំ៚ 😀

តាដាំ(នេត្រាខ្មៅ) មិត្តភក្តិដែលមានថ្ងៃខួបកំណើតថ្ងៃនេះ

ពំនូតបាយដំណើបដែលបិតនឹងដើមឈើ

ពំនូតបាយដំណើបជាប់នឹងដើមឈើ ជាទស្សនីយភាពដ៏គួរឲ្យចាប់ចិត្តមួយនៅលាវ

ច្រូចទឹកនៅគល់ឈើ ក្រោយពីដាក់បាត្រ និងបិទបាយដំណើបតាមដើមឈើរួច

»»» អត្ថបទទាក់ទង៖ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ

Read Full Post »


សូកូឡា អំណោយដ៏ពេញនិយមក្នុងថ្ងៃនៃក្តីស្រឡាញ់

ផ្កាយ​NoVeLs*– នៅពេល​និយាយ​ដល់​ថ្ងៃ​វ៉ាលិន​ថាញ​ ​អំណោយ​ដែល​ចាត់​ទុក​​ជា​គូ​​នឹង​គ្នា​បន្ទាប់​ពីផ្កាកុលាប​ ​ស្ករ​សូកូឡា​ក៏​ជា​អំណោយ​មួយ​ប្រភេទ​ទៀត ​​ដែល​យុវវ័យ​​ចូល​ចិត្ត​ប្រគល់​​ជូន​គ្នា​​​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ថ្ងៃ​វ៉ាលិន​ថាញ​ ដោយ​សូកូឡា​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា​ ជាភាសា​នៃ​​ការ​សារភាព​ស្នេហ៍​ម្យ៉ាង​។ គេ​ច្រើន​ប្រទះ​ឃើញ​ថា ​នៅពេល​ជិត​ដល់​ថ្ងៃ​វ៉ាលិន​ថាញ​ ស្រី​ៗ​ភាគ​ច្រើន​តែង​តែ​​មមាញឹក​នឹង​ការ​ធ្វើ​សូកូ​ឡា​ ដើម្បី​ត្រៀម​យក​ទៅ​ប្រគល់​​ជូន​​បុរស​​ដែល​ខ្លួន​កំពុង​លួច​ស្រឡាញ់​។

ថ្ងៃ​នេះ​អ្នក​និពន្ធ​វ័យ​ក្មេង​នឹង​មក​ប្រាប់​ថា តើ​​សូកូឡា​ចូល​មក​ពាក់​ព័ន្ធ​នឹង​ថ្ងៃ​វ៉ាលិន​ថាញ​បាន​ដោយ​របៀប​ណា​? រួម​ទាំង​គន្លឹះ​នៃ​​វិធី​ធ្វើ​​ស្ករ​សូកូឡា​បែប​ងាយៗ​ មក​ចែក​ចាយ​​ជូន​​ប្រិយ​មិត្ត​បាន​សាក​ល្បង​ធ្វើ​ទៀត​ផង​។ 😉

  • ប្រវត្តិសូកូឡា និងថ្ងៃវ៉ាលិថា

ថ្វី​បើ​វប្បធម៌​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ ១៤​កុម្ភៈ​ ឬ​ថ្ងៃ​វ៉ាលិន​ថាញ ចាប់​ផ្តើម​នៅ​ប្រទេស​លោក​ខាង​លិច​តាំង​ពី​ជិត​ពីរ​ពាន់​ឆ្នាំ​មុន​​ក៏​ដោយ​ តែ​មក​ដល់​ថ្ងៃ​នេះ​ មនុស្ស​ទូទាំង​ពិភព​លោក​បាន​នាំ​គ្នា​អប​អរ​សាទរ​នឹង​ថ្ងៃ​​ដ៏​ពិសិដ្ឋ​នេះ​យ៉ាង​ចេញ​មុខ​ចេញ​មាត់​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រជាជន​ខ្មែរ​យើង​ផង​​ដែរ​។ ម្យ៉ាង​បើ​ទោះ​ជា​អត្ថន័យ​នៃ​ថ្ងៃ​វ៉ាលិន​ថាញ​ ​មិន​បាន​កំណត់​ត្រឹម​តែ​សេចក្តី​​ស្នេហា​រវាង​បុរស​​និង​នារី​​ តែ​ក៏​គ្មាន​នរណា​បដិសេធ​ថា ស្នេហា​បែប​កំលោះ​ក្រមុំ​ ឬ​ Romantic Love ជា​ចំណែក​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​បំផុត​នោះ​ដែរ​។ នៅ​ថ្ងៃ​វ៉ាលិន​ថាញ​​ អំណោយ​ដ៏​ពេញ​និយម​ដែល​​យុវវ័យ​​ចូលចិត្ត​ជូន​ចំពោះគ្នា​ទៅវិញ​ទៅ​មក​គឺ ស្ករ​សូកូឡា​រូប​បេះ​ដូង​។

សូកូឡា​ផលិត​មក​ពី​គ្រាប់​កាកាវ​។ កាល​ពី​បុរាណកាល​ ដើម​កាកាវ​​ជា​រុក្ខជាតិ​ប្រចាំ​តំបន់​​ក្នុង​ភូមិ​ភាគ​អាមេរិក​កណ្តាល​​ និងអាមេរិក​ខាង​ត្បូង​។ តែ​បច្ចុប្បន្ន​ កាកាវ​ជា​រុក្ខជាតិ​ដែល​មានដាំ​​​​ពាស​ពេញ​ក្នុង​ប្រទេស​​ក្តៅ និង​ច្រើន​បំផុត​ក្នុងអាហ្វ្រិច​ខាង​លិច​។

ជន​ជាតិ​ម៉ាយ៉ាន់​បុរាណ​ជឿ​ថា សូកូឡាគឺ​ជា​​អាហារ​របស់​ព្រះអាទិទេព​​។ ក្រោយ​មក​ជន​ជាតិ​អាហ្សតិក​(AZTEC)ក្នុង​ប្រទេស​ម៉ិច​ស៊ីកូ​ជឿ​ថា សូកូឡា​ជា​អាហារ​បង្កើន​ថាម​ពល​ និង​អារម្មណ៍​ផ្លូវ​ភេទ។ នៅ​ពេលជន​ជាតិ​អឺរ៉ុប​ដំបូងគេ គឺ​​​​អេស្ប៉ាញ​ ចូល​មក​​ត្រួត​ត្រា​ប្រទេស​​ម៉ិច​ស៊ីកូ​ ​ពួក​គេ​ក៏​បាន​​ទទួល​យក​ជនឿ​រឿង​ថាម​ពល​​ពិសេស​ខាង​ផ្លូវ​ភេទ​​(Aphrodisiac) ​របស់​សូកូឡា​ពី​ជន​ជាតិ​អាហ្សតិក​មក​ផង​ ហើយ​ជំនឿ​​នេះ​ក៏​រីក​សាយ​ភាយ​ពាស​ពេញ​អឺរ៉ុប​។

​ផ្អែក​តាម​​វិទ្យាសាស្ត្រ​ ​បើ​ទោះ​ជា​ស្ករ​​សូកូឡា​​មិន​អាច​​ជួយ​បង្កើន​ថាម​ពល​ផ្លូវភេទ​​បាន​យូរ​អង្វែង​ តែ​នៅ​ក្នុង​សូកូឡា​មាន​សារជាតុ​ជំនួយ​ច្រើន​​ប្រភេទ​ ជា​ពិសេស​ភីអ៊ីអេ(PEA)នៅ​ក្នុង​សូកូឡា​ខ្មៅ(Black Chocolate) ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​កើត​ចំណង់​ផ្លូវ​ភេទ​ឡើង​​នៅ​ក្នុង​រយៈ​ពេល​ខ្លី​បាន​។ ដោយ​ហេតុ​ផល​នេះ ទើប​សូកូឡា​ក្លាយ​ជា​អំណោយ​ដ៏ពេញ​និយម​មួយ​បន្ទាប់​ពី​ផ្កាកុលាប​ដែល​គូស្នេហ៍​ចូល​ចិត្ត​ប្រគល់​ជូន​គ្នា​ក្នុង​ថ្ងៃ​វ៉ាលិន​ថាញ​។

  • វិធី​ធ្វើ​ស្ករ​សូកូឡា​​ក្នុង​ថ្ងៃ​វ៉ាលិន​ថាញ​ងាយ​ៗដោយ​ខ្លួន​ឯង

វិធី​ងាយៗ​ដំបូង​គឺ​ទៅរក​ទិញ​ស្ករ​សូកូឡា​ដែល​ផលិត​ស្រាប់​​(ជា​ដុំ​ស្ងួត​ ឬ​វែង​) តាម​ផ្សារ​ទំនើប​ឬ​មីនីម៉ាត​នានា​​។ នៅពេល​ទិញ​បាន​ហើយ សូម​យក​សូកូឡា​នោះ​មក​រំលាយ​។

១. ត្រៀម​ទឹក​ក្តៅ​ដែល​មាន​សីតុណ្ហភាព​៥៥​អង្សារ​សេ។ យក​សូកូឡា​ដាក់​ក្នុង​​កែវ​ រួច​​ដាក់​ត្រាំ​ក្នុង​​ទឹក​ក្តៅ​​ទាល់​តែ​សូកូឡា​រលាយ​អស់​។

២. ​យក​កែវ​ចេញ​ឲ្យ​សីតុណ្ហភាព​នៅ​សល់​ត្រឹម​ ២៨​ អង្សារ​សេ​។

៣. បន្ទាប់​មក​យក​សូកូឡា​ចាក់​ចូល​ក្នុង​​ពុម្ព​​​​ដែល​ត្រៀម​ទុក។

៤. ទុក​ចោល​ប្រមាណ​បី​នាទី ​សឹម​ឆ្កឹះ​សូកូឡាចេញ​ពី​ពុម្ព។ ពេល​នោះ​យើងនឹងបាន​ស្ករ​សូកូឡា​ដែល​មាន​រូប​រាង​ផ្សេង​ៗ​គ្នា​តាម​សេចក្តី​ត្រូវ​ការ​​មិន​ខាន(បើ​ទុក​​សូកូឡា​ចោល​​លើស​ពី​៥​នាទី​ស្ករ​សូកូឡា​នឹង​មាន​​រូប​រាង​​មិន​ស្អាត​ទេ)​​​។

យ៉ាង​ម៉េច​ដែរ… ត្រៀម​លុយ​ទៅ​ផ្សារ​ដើម្បី​ទិញ​ស្ករ​សូកូឡា​សម្រាប់​គូ​ស្នេហ៍​ហើយ​ឬនៅ???

Read Full Post »


ផ្កាយ​NoVeLs*– រដូវ​កាល​ចូល​ឆ្នាំ​ចិន​ បាន​មក​ដល់​ហើយ សង្កេត​ឃើញ​ថា នៅ​​កម្ពុជា​ក៏​ដូចជា​បណ្តា​ប្រទេស​នានា​លើ​លោក​ ដែល​មាន​ជនជាតិ​ចិន​រស់​នៅ បាន​និង​កំពុង​ត្រៀម​ខ្លួន ​រីករាយ​ស្វាគមន៍​​ថ្ងៃ​ចូល​​ឆ្នាំ​ពណ៌​ក្រហម​នេះ​យ៉ាង​គគ្រឹក​គគ្រេង​។ អ្នក​ខ្លះ ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ​ដ្បិត​នៅ​​រដូវ​កាល​នេះ​តែង​តែ​បាន​ទទួល​អាំ​ង​ប៉ាវ​កញ្ចប់​​ក្រហមៗ​​​ពី​ចាស់​ទុំ​មិន​ដែល​ដាច់។​ ពិសេសតំបន់​ខ្លះ ​ដែល​មាន​ជន​ជាតិ​ចិន​រស់​នៅ​កុះ​ករ​ ក៏​មាន​ការ​​ដុត​ផាវ​ និង​លោត​ម៉ុង​សាយលេង​យ៉ាង​អធិកអធម​​។

អេ… ចុះ​មាន​ឆ្ងល់​ទេ ហេតុ​អ្វី​ជន​ជាតិ​ចិន​​ចាំ​បាច់​ត្រូវ​ដុត​ផាវ និង​លោត​ម៉ុង​សាយ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ? ថ្ងៃ​នេះ​អ្នក​និពន្ធ​វ័យ​ក្មេង​ សូម​លើក​យក​ប្រពៃ​ណី​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ចិន​​ មក​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា​ ដើម្បី​កុំ​ឲ្យ​ចេះ​តែ​មាន​ទស្សនៈ​បុរេនិច្ឆ័យ​ថា ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ!​ 😀

. ការលេងដុតផាវ

ការ​លេង​ដុត​ផាវ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ មាន​ប្រវត្តិ​មក​ថា​ ក្នុង​អតីតកាល​មាន​​បុគ្គល​ម្នាក់​​ មាន​គំនិត​វៃ​ឆ្លាត​​​ចេះ​យក​​រំសេវ​​ដាក់​ក្នុង​​បំពង់​ឫស្សី​តូចៗ​​ ហើយ​ដុត​ភ្លើង​រហូត​កើតជា​​សំឡេង​ផ្ទុះ​ខ្ទរ​​ខ្ទារ​​ឡើង​។ គ្រា​នោះ​​នៅ​ពេល​​​​ក្មេង​​ក្មាង​ណា​​បាន​ឮ​​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ​អឺង​អាប់​​ ឆ្កែ​ឆ្មា​​ សត្វ​ចិញ្ចឹម​ទាំង​ឡាយ ​ក៏​នាំ​គ្នា​​ផ្អើល​រត់​ ​ឆ្លេឆ្លា​ពេញ​ស្រុក​ភូមិ​ ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​​គិត​ថា​ សំឡេង​ផ្ទុះ​ផាវ​​ប៉ូង​ប៉ាំង​នោះ ប្រហែល​ជា​អាច​ដេញ​សត្វ​​សាហាវ​​ឈ្មោះ​ «​ហ្នៀន​» បាន​។

          ចំពោះ​សត្វ​ «​ហ្នៀន​» នេះ ជនជាតិ​ចិន​មាន​ជំនឿ​ថា ជា​សត្វ​សាហាវ​មួយ​ប្រភេទ​ ដែល​មាន​មាឌ​ធំ​មាំ​ មាន​រូប​រាង​ស្រដៀង​នឹង​គោ​ផ្សំ​​រមាស​ ថែម​ទាំង​មាន​និស្ស័យ​កាច​សាហាវ​ និង​ចូលចិត្ត​ចេញ​រក​ស៊ី​នៅ​ពេល​​យប់​ក្នុង​ថ្ងៃ​ដែល​មាន​អាកាស​ធាតុរងា ដោយ​ហេតុ​ថា​ ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​រងានោះ អ្នក​ភូមិ​​​​តែង​តែ​នាំ​គ្នា​ចេញ​មក​អង្គុយ​អាំង​ភ្លើង​​ ឬ​អាំង​សាច់​​ចម្អិន​អាហារ​បរិភោគ​ជុំ​គ្នា​នៅ​កណ្តាល​ភូមិ​ ហើយ​នៅពេល​សត្វ​ «​ហ្នៀន​» ដ៏​កាច​សាហាវ​នោះ​ឃើញ​​ វា​នឹង​ហក់​ចូល​មក​ដណ្តើម​យក​អាហារ​របស់​អ្នក​ភូមិ។​ តែ​មួយ​រំពេច​នោះ ​ភ្នក់​ភ្លើង​ដែល​ធ្វើ​​ពីបំពង់​ឫស្សី​ ក៏​កើត​ចេញ​ជាផ្កា​ភ្លើង​​ផ្ទុះ​លាន់​ប៉ូង​ប៉ាំង​ ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ «ហ្នៀន​»​ ចង្រៃ​ ភ័យ​ខ្លាច​ ហើយ​រត់​គេច​បាត់​​ទៅ។​ ចំណែក​អ្នក​ភូមិមួយ​ចំនួន​​​ក៏​ជឿ​ថា សត្វ​ «​ហ្នៀន​» ខ្លាច​ពណ៌​ក្រហម​របស់​ភ្លើង​ ទើប​នាំ​គ្នា​យក​ក្រណាត់​​ក្រហម និង​ក្រដាស​​ក្រហម ​​មក​សរសេរ​អក្សរ​ដោយ​​ពាក្យ​ដែល​មាន​សិរី​មង្គល​​បិទ​តាម​ជញ្ជាំង​ផ្ទះ ​​និង​អគារ​ផ្សេង​ៗ ដើម្បី​ឲ្យ​​ «​ហ្នៀន​» ឃើញ​ហើយ មិន​ហ៊ាន​ចូល​មក​ជិត​​​។ ហេតុ​ផល​នេះ​ ធ្វើ​ឲ្យ​ការ​សរសេរ​ក្រដាស​​ក្រហម ​ក្លាយ​ជា​​ទី​និយម​ និង​ជា​មរតក​វប្បធម៌​បន្សល់​​ទុក​​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ក្រៅ​ពី​ជន​ជាតិ​ចិន​ជឿ​ថា «​ហ្នៀន» ជា​សត្វ​សាហាវ​ហើយ ពាក្យ​ «ហ្នៀន» នៅ​មាន​សំឡេង​ដូច​​គ្នា​នឹង​ពាក្យ​ដែល​មាន​ន័យ​ថា «​ឆ្នាំ​» ​ទៀត​ផង​ ដែល​ជន​ជាតិ​ចិន​ជឿ​ថា រយៈ​ពេល​នៃ​ការដាច់​ឆ្នាំ​ចាស់​នោះ អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ណាស់ មនុស្ស​មិន​សូវ​​បាន​ស្រួល​កាយ​សប្បាយ​ចិត្ត​ ព្រោះ​សត្វ​ «​ហ្នៀន​» ​ចេញ​មក​អុក​ឡុក​ខ្លាំង​​ពេក​​​។ ដូច្នេះ​ការ​ដុត​ផាវ​​ឲ្យ​ផ្ទុះ​ខ្លាំងៗ ប្រហែល​ជា​អាច​ដេញ​​សត្វ​ «​ហ្នៀន» ចង្រៃ​ និងភាព​​អពមង្គល​ទាំង​ឡាយ​បាន​។ ចំណែក​ជន​ជាតិចិន​​ខ្លះ​ជឿ​ថា ការ​ដុត​ផាវ​នោះ គឺ​ជា​ការ​ហៅ​ លាភ​សំណាង​​ចូល​​ផ្ទះ ឯ​ខ្លះ​ទៀត​ក៏​ថា ជា​ការ​ដុត​ដើម្បី​ឲ្យ​ទេវតា​បាន​ឮ ព្រះ​អង្គ​នឹង​បាន​ចុះ​មក​ជួយ​ឃុំ​គ្រង​ថែរក្សា​ឲ្យ​ជនជាតិ​ចិន​រស់​នៅ​បាន​​ត្រជាក់​ត្រជុំ​សុខ​សប្បាយ​។

. ការលោតម៉ុងសាយ

ការ​លោត​ម៉ុង​សាយ ឬ​ដែល​ជនជាតិ​ចិន​​ហៅ​ថា «​សៃ​ជឺប៊ូ» នោះ​ រាប់​​ទុក​ថា​ជា​ល្បែង​កម្សាន្ត​​មួយ​​​ប្រភេទ​ដែល​ជា​និមិត្តរូប​ប្រចាំ​​ថ្ងៃ​ចូល​ឆ្នាំ​ចិន​តែ​ម្តង​ ជា​ពិសេស​ គឺ​ជន​ជាតិ​ចិន​​នៅ​ភាគខាង​ជើង ​និងភាគ​ខាង​​ត្បូង​​​ដែល​ចូលចិត្ត​លេង​ម៉ុង​សាយ​​នេះ នៅ​ថ្ងៃ​ដែល​​មាន​​ពិធី​ដង្ហែ​អ្ន​កតា ឬ​​ពិធី​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​ជា​ដើម​​។

ចំពោះ​ប្រវត្តិ​​ដែល​ជន​ជាតិ​ចិន​ ចាំ​បាច់​ត្រូវ​លោត​ម៉ុង​សាយ​​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នោះ​ មានការ​កត់​ត្រា​ទុក​នៅ​ក្នុង​កំណត់​ហេតុ​ របស់​រាជវង្ស​​​​ភាគ​ខាង​ជើង ​និង​ភាគ​ខាងត្បូង​ នៅ​ចន្លោះ ​ព.ស​. ៨៥០ – ព.ស.​១១៣២ បាន​សរសេរ​ថា អ្នក​ភូមិ​បាន​យក​ក្បាល​​តោ​មក​ពាក់​ ហើយ​លោត​​ញញាក់​ញញ័រ​ដើម្បី​ដេញ​ខ្មោច​ព្រាយ​បិសាច ដែល​អ្នក​ភូមិ​នាំ​គ្នា​ជឿ​ថា នឹង​ចេញ​មក​ស៊ី​មនុស្ស​ប្រុស​និង​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ភូមិ​​ ទើប​ធ្វើ​ឲ្យ​មាន​ជំនឿ​ថា បើ​ពាក់​ក្បាល​តោ​លោត​កញ្ឆេង​ហើយ ​នឹង​អាច​ដេញ​ខ្មោច​ព្រាយ​បិសាច​បាន​ ហើយ​ក៏​នាំ​គ្នា​ប្រតិបត្តិ​តាម​ជា​ទំនៀម​ទម្លាប់​​​ប្រពៃ​ណី​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

​ការ​លោត​ម៉ុង​សាយ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ គឺ ​តែង​​មាន​​បុរស​មួយ​ក្រុម​​រូប​រាង​មាំ​មួន ​​ដើរ​លោត​ម៉ុង​សាយ​​​ដើម្បី​សុំ​លុយ​​បរិច្ចាគពី​អ្នក​ភូមិ​ ​ដោយ​ក្នុង​នោះ​​មាន​​បែង​ចែក​ជា​ ក្រុមលេងភ្លេងកំដរ​ ​ក្រុមពាក់​ក្បាល​តោ ​ស្លៀក​​ឈុត​តោ​ និង​មនុស្ស​ពាក់​មុខ​តាប៉ិ​ញញឹម​​កាន់ផ្លិត​។ បន្ទាប់​មក​ក៏​នាំ​គ្នា​​ដើរ​តាមដង​ផ្លូវ​នានា​​ក្នុង​ភូមិ​ស្រុក​​។ លុះ​អ្នក​ភូមិ​បាន​ឮ​សំឡេង​ស្គរ​ នឹង​​នាំ​គ្នា​ចេញ​មក​ដោយ​យក​ស្រោមសំបុត្រ​​អាំង​ប៉ាវ​​ ទៅ​​ចង​នៅ​លើ​បង្គោល​ឈើ​ខ្ពស់​ៗ​​ ដើម្បី​ឲ្យ​ក្រុម​អ្នក​លោត​ម៉ុង​សាយ​​ឡើង​ទៅយក​ ដែល​នេះ​គឺ​​​ជា​ទំនៀម​ទម្លាប់​មួយ​​ដ៏​សែន​រីក​រាយ​ និង​គួរ​ឲ្យ​រំភើប​ជាទីបំផុត​៕

          (ស្រាវជ្រាវ និងប្រែសម្រួលដោយផ្កាយ​NoVeLs*)

Read Full Post »

Older Posts »