Feeds:
ប្រកាស
មតិ

Archive for the ‘អបិយ​ជំនឿ​’ Category


u're-die-1

ម្រឹត្យូវ​

មាន​គេ​ខ្សឹប​ប្រាប់​ឲ្យ​ទៅសម្លាប់​ខ្លួន​..

ខណៈ​ដែល​ខ្ញុំ​​កំពុង​អង្គុយ​រង់ចាំ​​ឲ្យ​នាឡិកា​ដើរ ​​រហូត​ទ្រនិច​​វែង​​ចង្អុល​​លេខ​១២​ និង​ទ្រនិច​ខ្លី​ចង្អុល​លេខ​៥​ ​គឺ​ជា​ពេល​វេលា​មួយ​​ដែល​យឺត​យូរ​ខ្លាំង​ណាស់។​ ​អាច​ព្រោះ​មុន​នេះ​ ជីវិត​ខ្ញុំ​​គួរ​ឲ្យ​ធុញ​ទ្រាន់​ហៅ​មិន​ឮ​​​ ក្រោក​ពី​ព្រលឹម​ ងូត​ទឹក​ តុប​តែង​ខ្លួន​ ទៅធ្វើ​ការ​​អង្គុយ​​កែ​​អក្ខរាវិរុទ្ធ​​របស់​អ្នក​និពន្ធ ​​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​តិច​តួច​បំផុត។​ តែ​បើ​មើល​នៅ​ក្នុង​​ផ្លូវ​វិជ្ជមាន​ ខ្ញុំ​គឺ​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​បាន​អាន​ស្នាដៃ​​សំណៅ​​ដើម​របស់​អ្នក​និពន្ធ​​មុន​នរណា​ទាំង​អស់​ ដែល​បើ​ជា​រឿង​ល្អ​មើល​ក៏​​គ្រាន់​បើ​​ តែ​​អ្នក​និពន្ធ​ខ្លះ​ ខ្ញុំ​នៅ​នឹក​​ឆ្ងល់​ថា​ តើ​ពួក​គេ​ប្រើ​អ្វី​សរសេរ?

ទី​បំផុត​​ម៉ោង​ប្រាំ​ល្ងាច​ក៏​ចូល​មក​ដល់​។ ខ្ញុំ​រៀប​ចំ​កាតាប​ចេញ​ពី​ការិយាល័យ​​ធ្វើ​ការ​ជា​បន្ទាន់​ ដោយ​មិន​បាច់​រង់​ចាំ​ឲ្យ​នរណា​មក​ប្រាប់​ទេ​។ ការ​ពិត​​ពួក​គេ​ក៏​មិ​ន​បាន​​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​​​ដែរ​ តែ​​ម្នាក់​ៗ​សុទ្ធ​តែ​ដឹង​រៀង​ៗ​ខ្លួន​ហើយ ​នៅ​ពេល​មើល​ទៅ​អ្នក​ជុំ​វិញ​ ​ឃើញ​​​នរណា​ៗ​ក៏​រៀប​ចំ​ខ្លួន ដើម្បី​​ចេញ​​​ទៅ​​​ដោយ​​មិន​បាច់​​ណាត់​ទុក​ជាមុន​។ ខ្ញុំ​ញញឹម​​បែប​អស់​សំណើចតិច​ៗ ​​នៅពេល​​ឃើញ​គ្រប់​គ្នា​​មាន​ចិត្ត​ស្រប​គ្នា​។

ផ្លូវ​ដោយ​ថ្មើរ​ជើង​ ​ពី​កន្លែង​ធ្វើ​ការ​មក​កាន់​​បន្ទប់​ជួល​ ​ ប្រើ​ពេល​​មួយ​ម៉ោង​ល្មម​។ ហេតុ​អ្វី​មិន​ជិះ​  ម៉ូតូ​? មាន​អ្នក​ខ្លះ​ធ្លាប់​សួរ​ខ្ញុំ​អ៊ីចឹង​។ តែ​តើ​មាន​ប្រយោជន៍​អ្វី​ បើ​ពេល​​ទៅ​ដល់​បន្ទប់​ជួល​ក៏​មិន​ខុស​អ្វី​ពី​​​ពេល​​​កំពុង​ធ្វើ​ការ​​? ការ​បាន​​​​ឃើញ​មនុស្ស​ម្នា​ដើរ​ទៅមក​​នៅ​តាម​​ដង​ផ្លូវ​ ​​​​ធ្វើ​ឲ្យ​ខ្ញុំ​​​គ្រាន់​​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​រស់​នៅ​ក្នុង​សង្គម​ច្រើន​ជាង​​។ ការ​មើល​មនុស្ស​ដើរ​ឆ្លង​កាត់​ទៅ​មក​​ គឺ​ជា​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ​​ក្នុង​ពេល​ដើរ​ត្រឡប់​​មក​ផ្ទះ​។

ព្រោះ​ជួន​កាល​មនុស្ស​អស់​នោះ​​ មាន​រឿង​កំប្លែង​ៗ​ដែល​​មិន​បាច់​​រក​ទិញ​នៅ​ទី​ផ្សារ​​ឲ្យ​ខ្ញុំ​មើល​​ ដូច​ជា​អ្នក​ខ្លះ​ធ្វើ​ម៉ូដ​សក់​មិន​សម​នឹង​រូប​រាង​​ខ្លួន​សោះ ឬ​អ្នក​ខ្លះ​​មុខ​មាត់​មើល​មិន​បាន ​តែ​​​មាន​​សង្សារ​ស្អាត​​ដូច​តួ​កុន​​។ លោក​អ្នក​ស្តាប់​ហើយ​ប្រហែល​ជា​​​គិត​​​ថា​ ​គ្មាន​អី​​​កំប្លែង​ត្រង់​ណា​​ផង​! តែ​សម្រាប់​ខ្ញុំ… ​វា​កំប្លែង​ខ្លាំង​ណាស់​។

«​ទៅ​ងាប់​ទៅ!»

​រំពេច​នោះ​ ស្រាប់​តែ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ បាន​ឮ​សំឡេង​​អ្វី​ម្យ៉ាង​។ វា​ប្រៀប​ដូច​ជា​សំឡេងខ្សឹប​ក្បែរ​​ៗ​ត្រចៀក​​។ ខ្ញុំ​ព្រិច​ភ្នែក​ចុះ​ឡើង​​ពីរ​បី​ដង​ ស្រាប់​តែ​​ឃើញ​ខ្លួន​ឯង​មក​ឈរ​នៅ​កណ្តាល​ថ្នល់​ ដោយ​មាន​យាន​យន្ត​បើក​​​កាត់​​ទៅ​មក​យ៉ាង​លឿន​​ស្លេវ​។ មាន​មនុស្ស​បើក​កញ្ចក់​​ស្រែក​​ជេរ​បន្ត​កន្ទុយ​គ្នា​​ ពេល​ពួក​គេ​​បើក​រថយន្ត​​គេច​​ពី​​ខ្ញុំ​។

«​​អា​ចង្រៃ​! ​ចង់​ងាប់​ឬ​យ៉ាង​ម៉េច ​បាន​មក​ឈរ​នៅ​កណ្តាល​ថ្នល់​​!!!»

នរណា​ប្រាប់​ថា​ខ្ញុំ​ចង់​​ងាប់​ ខ្ញុំ​មិន​ចង់​ងាប់​ទេ ​តែ​ហេតុ​អ្វី​ខ្ញុំ​មក​ឈរ​នៅ​ត្រង់​នេះ? តែ​ពេល​នេះ ​មិន​មែន​ជា​ពេល​ដែលខ្ញុំ​ត្រូវ​​មក​គិត​ថា ​ហេតុ​អ្វី​នោះទេ តែ​គួរ​គិត​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ខ្ញុំ​ចេញ​ពី​កណ្តាល​ថ្នល់​មច្ចុ​រាជ​​​នេះ​។ ខួរ​ក្បាល​ខ្ញុំ​បញ្ជា​មួយ​រំពេច​។

«​បែរ​ខ្នង​ត្រឡប់​​ទៅវិញ​ទៅ​!»

ខ្ញុំ​ងាក​មើល​ឆ្វេង​ស្តាំ ​មុន​នឹង​ឆ្លង​ថ្នល់​ត្រឡប់​​ទៅ​កន្លែងដើម​ ​ដែល​ខ្លួន​ឯង​ធ្លាប់​ដើរ​មុន​នឹង​មក​ឈរ​នៅ​កន្លែង​​នេះ​។ ក្រោយ​ពី​ខ្ញុំ​ឆ្លង​មក​ដល់​ចិញ្ចើម​ថ្នល់​​មិន​ដល់​មួយ​វិនាទី​ផង​ ក៏​ឃើញ​រថយន្ត​កុង​តឺន័រ​​បើក​កាត់​កណ្តាល​ថ្នល់​មួយ​រំពេច​។ រោម​គ្រប់​កន្លែង​បះ​ច្រាង​​ភ្លាម​ៗ​​ នៅពេល​នឹក​ឃើញ​ថា ​បើ​ខ្ញុំនៅ​ឈរ​កន្លែង​​នោះ​​ រាង​កាយ​ខ្ញុំ​មិន​ដឹង​ជា​ត្រូវ​កិន​ល្អិត​​ដល់​កម្រិត​ណា​ទេ​។ ខួរ​ក្បាល​របស់​ខ្ញុំ​គិត​ចុះ​​គិត​​ឡើង​​នឹង​ហេតុ​ការណ៍​អម្បាញ់​មិញ ​រហូត​មិន​បាន​​ចាប់​អារម្មណ៍​ថា​ ជើង​របស់​ខ្លួន​ឯង​​បាន​នាំ​រាង​កាយ​មក​ដល់​បន្ទប់​ជួល​​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង​។

បន្ទប់​​នេះ​មាន​​ទំហំ​ស្មើ​នឹងខ្លួន​ខ្ញុំ​ត​គ្នា​បី​ដង​។ ខាង​ក្នុង​មាន​សភាព​​​មិន​ខុស​អ្វី ​​​ពី​​បន្ទប់​ជួល​ទូទៅទេ មាន​ តុ​ ទូ​ខោ​អាវ​ កុំ​ព្យូទ័រ​​ ​និង​ ទូរទស្សន៍​​ដែល​ដាក់​នៅ​លើ​តុ​ជប៉ុន​ខ្នាត​តូច​មួយ​​។ មាន​ថូ​លាង​ចាន​ និង​បន្ទប់​ទឹក​នៅ​ខាង​ក្រៅ​បន្ទប់​។ ខ្ញុំ​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ស្វែង​រក​ចម្ងល់ ​នឹង​ហេតុ​ការណ៍​ដែល​កើត​ឡើង​​តាម​​អ៊ីន​ធើណេត​​​​ ដោយ​វាយ​​ពាក្យ​ងាយ​ៗ​​ដូច​ជា​ ​«បាត់​ស្មារតី​»​ ក្នុង​គេហទំព័រ​Google។ លទ្ធផល​ទាក់​ទង​នឹងពាក្យ «​​បាត់​​​ស្មារតី​»​ បង្ហាញ​ឲ្យ​ឃើញ​ពី​វេបសាយថ៍​មួយ​​ ដែល​និយាយ​ពី​​បឋម​​​ព្យាបាល​​​​ចំពោះ​មនុស្ស​​ខ្យល់​គ​​។ ខ្ញុំ​អេះ​ក្បាល ​មុន​នឹង​លុប​ពាក្យ​ចាស់​ចេញ​ហើយ​គិត​រក​ពាក្យ​ថ្មី​សរសេរ​ជំនួស​។ ​ពេល​នោះ​​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ​ក៏​លាន់​ឡើង ​តែដោយ​​ដឹង​ថា​​នរណា​​ចុច​​មក​ ទើប​ខ្ញុំ​ចុច​បិទ​វិញ​ហើយ​ផ្តោត​ស្មារតី​​​ទៅ​​នឹង​អេ​ក្រង់​កុំ​ព្យូទ័រ​​បន្ត​។

សាក​ល្បង​​សរសេរ​ពាក្យ​ «បាត់​ស្មារតី​»​ និង​ ពាក្យ​ «កិន​ងាប់»​ ដាក់​ជាមួយគ្នា​សាក​មើល​។ ខ្ញុំ​សរសេរ​ហើយ​ចុច​ Enter​។ លទ្ធ​ផល​តាម​វេបសាយថ៍​ជា​ច្រើន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនុស្ស​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​​តាំង​ពី​រាប់​សិប​ឆ្នាំ​មក​ហើយ​។

«​ហេតុ​អី​ក៏​ពិបាកម្ល៉េះ​​? គិត​មិន​ចេញ​សោះ!»

រំពេច​នោះ​ ស្រាប់​តែ​មាន​ពាក្យ​មួយ​លេច​ឡើង​នៅ​ក្នុង​ប្រអប់​ Search របស់ ​Google ជំនួស​ពាក្យ​ដែល​សរសេរ​មុន​នេះ​។

«​ទៅ​ងាប់​ទៅ!»                    

ខ្ញុំ​បាត់​ស្មារតី​មួយ​រំពេច​ តែ​ជា​​រយៈ​​ពេល​មួយ​ខ្លី​ប៉ុណ្ណោះ។ នៅពេល​មាន​ខ្យល់​បក់​មក​ប៉ះ​មុខខ្ញុំ​ ត្របក​​​ភ្នែកខ្ញុំ​ក៏​បើក​ឡើង​វិញ​។

«ហ៊ឺយ! ហេតុ​​អី​ខ្ញុំ​មក​នៅ​ត្រង់​នេះ​ទៅវិញ? នរណា​ក៏​បានជួយ​ខ្ញុំ​ផង!!»

ខ្ញុំ​សម្លឹងទៅខាង​មុខ ឃើញ​តែ​លំហ​ល្វឹង​ល្វើយ​នៅ​ចំពោះ​មុខ​។ នៅពេល​សម្លឹង​ទៅខាង​ក្រោម​ ក៏​ឃើញ​ថា​ ខ្លួន​ឯង​​កំពុង​​ឈរ​នៅ​លើ​គែម​​យ៉​មុខ​បន្ទប់​ គឺ​បើ​ហ៊ាន​តែ​ឈាន​ជើង​មួយ​ជំហាន​ទៀត​ រាង​កាយ​របស់​ខ្ញុំ​នឹង​ធ្លាក់​​ចុះពី​ជាន់​ទី​២០​នេះ​មិន​ខាន​។ មិន​បាច់​គិត​ទេ​ថា​នៅ​រស់​ឬ​អត់​ ជួន​កាល​ធ្លាក់​ទៅ​​មិន​ដឹង​ថា​ឈឺ​ផង​។

ឈាន​ជើង​ចុះ​មក​វិញ​ ជា​អ្វី​ដែល​ខួរ​ក្បាល​ខ្ញុំ​បញ្ជា ​​ក្រោយ​ពី​ខ្លួន​ឯង​ដឹង​ស្មារតី​ឡើង​វិញ​។ ទី​បំផុត​ជើង​ខ្ញុំ​ក៏​បាន​​មក​​ជាន់​​លើ​​បន្ទប់​វិញ​ដូច​ដើម​។ បេះ​ដូង​ខ្ញុំ​លោត​ញ័រ​ឥត​ឈប់​ ដូច​គេ​កំពុង​ទូង​ស្គរ​​គ្រប់​ពេល​វេលា​។ វា​ជា​យប់​ដែល​គួរ​ឲ្យ​​ព្រឺ​​រន្ធត់​ខ្លាំងណាស់​។ ខ្ញុំ​មិន​អាច​ដេក​លក់​បាន​ទេ ក្រៅ​ពី​ប្រើ​ថ្នាំ​ជំនួយ​ ហើយ​ភាព​ងងឹត​ ក៏​គ្រប​ដណ្តប់​រាង​កាយ​ខ្ញុំ​ឲ្យ​ឆ្លង​ផុត​មួយ​ថ្ងៃទៀត​។

ព្រឹក​ស្អែក​ឡើង​ បន្ទាប់​ពី​ព្រះអាទិត្យ​ចាំង​ឆ្លុះ​តាម​បង្អួច​មក​ប៉ះ​មុខ​ ខ្ញុំ​ក៏​ភ្ញាក់​ទាំង​មមិង​មមាំង​​ព្រម​ជាមួយ​រឿង​ពី​ម្សិល​មិញ​ដែល​នៅ​ដក់​ជាប់​​ក្នុង​ខួរ​ក្បាល​។​ ខ្ញុំ​​ច្បាស់​ក្នុង​ចិត្ត​ថា ​វា​មិន​មែន​ជា​រឿង​យល់​សប្តិ​ទេ​ តែ​ក៏​គិត​មិន​ចេញ​ថា​វា​ជា​អ្វី​? និង​មិន​ដឹង​ទៅ​ប្រឹក្សា​ជាមួយ​​អ្នក​ណា? បើ​ទៅ​រក​ពេទ្យ​ ខ្ញុំ​នឹក​ឃើ​ញ​រូប​ភាព​រួច​ទៅហើយ​ថា​ ពេទ្យ​ច្បាស់​ជា​សើច​ ហើយ​ចាប់​ខ្ញុំ​ចាក់​ថ្នាំ​មិន​ខាន​ ហើយ​ខ្ញុំ​ក៏​​លាក់​ទុក​​រឿង​ហេតុ​ដែល​កើត​ឡើង​ពី​ម្សិល​មិញ​​ទាំង​អស់​​ទុក​ក្នុង​ថត​តុ​​ ហើយ​បើ​អាច​ទៅ​រួច​សូម​កុំ​ឲ្យ​ខ្ញុំ​អាច​បើក​វា​ចេញ​ម្តង​ទៀត​ឲ្យ​សោះ។

ការ​ងារ​កែ​អក្ខរាវិរុទ្ធ​របស់​ខ្ញុំ​នៅ​​ថ្ងៃ​​នេះ​​ ចាត់​ទុក​ថា​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាក្រក់​បំផុត​។ ខ្ញុំ​រក​ពាក្យ​ខុស​​យឺត​ខុស​ពី​ថ្ងៃ​ធម្មតា​​។ វា​អាច​មក​ពី​រឿង​​ម្សិល​មិញ​​ ដែល​ខ្ញុំ​ព្យាយាម​លាក់​ទុក​នៅ​ក្នុង​ថត​​ខួរ​ក្បាល​​​​​កំពុង​​​រើ​បំរះ​ខ្លួន​​ចេញ​មក​រត់​​​ឆ្លេ​ឆ្លា ​​​ពេញ​​ប្រអប់​ខួរ​​គ្រប់​ពេល​វេលា​។ លោក​អ្នក​ធ្លាប់​​លាក់​​ទុក​អាថ៌​កំបាំង​អ្វី​ម្យ៉ាង​ ហើយ​មាន​អារម្មណ៍​ថា​​​តឹង​​​​ទ្រូង​ទេ? ខ្ញុំ​ក៏​ដូច្នេះ​ដែរ។ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​រក​នរណា​ម្នាក់។ នរណា​ក៏​បាន​ដែល​ស្តាប់​ខ្ញុំ​​​និយាយ បើ​មិន​ដូច្នោះ​ខ្ញុំ​ច្បាស់​ជា​​ប្រេះ​​ទ្រូង​ស្លាប់​មិន​ខាន​។

លីន​ដា​!

នាង​ជា​អ្នក​កែ​អក្ខរាវិរុទ្ធ​ម្នាក់​ទៀត​នៅ​ក្នុង​រោង​ពុម្ព​​​​​ តែ​ខ្ញុំ​ចូលចិត្ត​ហៅ​នាងថា​អ្នក​កែ​គំនិត​ច្រើន​ជាង​​ ព្រោះ​ក្រៅ​ពី​​កែ​ពាក្យ​ខុស​ហើយ​ ជួន​កាល​នាង​​ឃាត់​អា​​​និស្ស័យ​នៅ​មិន​សុខ​របស់​ខ្លួន​ឯង​មិន​បាន​ ហើយ​លួច​​​កែ​​​សំនួន​​ពាក្យ​​របស់​អ្នក​និពន្ធ​​ថែម​ទៀត​ រហូត​ធ្វើ​ឲ្យ​នាង​ស្ទើរ​តែ​ត្រូវ​ដេញ​ចេញ​ជា​ច្រើន​លើក​ច្រើន​សា។ ខ្ញុំងាក​​មើល​នាង​ជា​ច្រើន​ដង​មុន​នឹង​សម្រេចចិត្ត​​​ដើរ​ទៅ​រក​នាង​។

«​លីន​ដា!»

ខ្ញុំ​ហៅ​នាងខណៈ​ដែល​នាង​កំពុង​អង្គុយ​អាន​​សៀវភៅ​ថ្មី​ដែល​កំពុង​កែ​។

«​អឺ! មាន​រឿង​អី?»

នាង​តប​ខ្លី​ៗ​តែ​ខ្សែ​ភ្នែក​របស់​នាង​នៅ​ផ្តោត​លើ​ការ​​ងារ​ដដែល​​។

«​ខ្ញុំ​មាន​រឿង​ចង់​ប្រឹក្សា​ ​ជួយ​​ស្តាប់​បន្តិច​​បាន​ទេ?»

«​វែង​ទេ?»

លីន​ដា​សួរ​ដោយ​សំឡេង​នឿយ​ណាយ​​។ នាង​​មើល​មក​​ខ្ញុំ​ដូច​​កំពុងចង់​​ប្រាប់​ថា​ ទាល់​តែ​រឿង​នោះ​សំខាន់​ណាស់ ​ទើប​នាង​ព្រម​ដក​ដៃ​ពី​ការ​ងារ​មក​ស្តាប់​បាន​។ បន្ទាប់​មក ​ខ្ញុំ​ក៏​និយាយ​រឿង​ដែល​កើត​ឡើង​ពី​ម្សិល​មិញ​ឲ្យ​លីន​ដា​ស្តាប់​យ៉ាង​លម្អិត​​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ លីន​ដា​​ស្តាប់​ខ្ញុំ​បាន​បន្តិច ​​ក៏​ងាក​ទៅ​​ធ្វើ​ការ​​វិញ​​។

«​ស្តាប់​ខ្ញុំ​សិន​មើល៍!»

«​​ស្តាប់តើ​!​ និយាយ​បន្ត​ទៅ កំពុង​ស្តាប់​!»

ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា​ សំឡេង​របស់​ខ្ញុំ​ទម្លុះ​ចេញ​​ពី​ត្រចៀក​នាង​​​​​​​យូរ​ណាស់​ហើយ​ ទើប​ខ្ញុំ​ឈប់​និយាយ​ ហើយ​នាង​ក៏​មិន​បាន​​ទទូច​ឲ្យ​ខ្ញុំ​និយាយ​បន្ត​ដែរ​ ​ទើប​​ធ្វើ​ឲ្យ​ដឹង​ថា លីន​ដា​ប្រហែល​ជា​ចង់​​​បន្ត​ការ​ងារ​​​លួច​កែ​​សំនួន​និង​គំនិត​​របស់​អ្នក​និពន្ធ​ច្រើន​ជាង​។

ម៉ោង​៥​ល្ងាច ​គ្រប់​គ្នា​ក៏​ប្រមូល​សម្ភារៈ​​ទុក​ដាក់ ​​ហើយ​ចាក​ចេញ​ពី​ការិយាល័យ​យ៉ាង​រហ័ស​​។ តែ​លើក​នេះ ​នៅ​​សល់​តែ​ខ្ញុំ​ម្នាក់​​ឯង​ដែល​នៅ​អង្គុយ​ទីនេះ​។ ខ្ញុំ​សាក​ល្បង​ស្រាវ​ជ្រាវ​នៅ​ក្នុង​ Google ម្តង​ទៀត​ តែ​លើក​នេះ​ខ្ញុំ​ខំ​រើស​ពាក្យណា​​ដែល​ពាក់​ព័ន្ធ​ខ្លាំង​បំផុត​ដូច​ជា​ ភ្លឹក​ ពិភព​​ចម្លែក​​​​ ហ៊ឹង​ត្រចៀក​ វង្វេង​ស្មារតី​សរសៃ​ប្រសាទ​…។ ខ្ញុំ​​ប្រទះ​​ឃើញ​​វេបសាយថ៍​មួយ ​​ដែល​និយាយ​ពី​អាការៈ​ដែល​ខ្ញុំ​កំពុង​កើត​​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ វា​និយាយ​ថា ​​អ្វី​ទាំង​អស់​នេះ ​​អាច​រួប​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​រោគ​សញ្ញា​មួយ​ដែល​ហៅ​ថា «​ភ្លឹក​»។ តែ​ក្រោយ​ពី​សរសេរ​ពាក្យ ​«​ភ្លឹក​»​ ​ស្រាវ​ជ្រាវ​លម្អិត​បន្ថែម​នៅ​ក្នុង​ Google ​​ក៏​មិន​ប្រទះ​ឃើញ​​នរណា​ដែល​មាន​អាការៈ​ដូច​ខ្ញុំ​​សោះ​។​ គ្មាន​នរណា​ភ្លឹក ហើយ​ស្លាប់​ដោយសារ​​រថយន្ត​បុក​ ឬ​លោត​​ពី​លើ​អគារ​​ទេ។ បើ​មាន​គឺ​មាន​តែ​ភ្លឹក​ហើយ​ដេក​លក់​​លែង​ដឹង​ខ្លួន​ជា​រៀង​រហូត​ ឬ​មិន​អ៊ីចឹង​គឺ​សម្លាប់​ខ្លួន​ឯង​ដោយ​ផ្ទាល់​។ ជួន​កាល​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ខ្ញុំ​ គឺ​ជា​ការ​បញ្ជា​របស់​ប្រព័ន្ធ​ប្រសាទ​ណា​មួយ​ដែល​ឈប់​ដំណើរ​ការ​ ឬ​ធ្វើ​ការ​ខុស​ប្រក្រតី​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែ​ឮ​សំឡេង​មនុស្ស​ខ្សឹប​ឲ្យ​ទៅ​សម្លាប់​ខ្លួន​។

«​សរសៃ​ប្រសាទ!»

ខ្ញុំ​ស្រែក​ឡើង​​ខ្លាំង​ៗ​ព្រម​ទាំង​លើក​ដៃ​គោះ​ Keyboard ពេញ​មួយ​ទំហឹង​ដើម្បី​កម្ចាត់​ចោល​គំនិត​​​ឆ្កួត​ៗ​គ្មាន​ប្រយោជន៍​របស់​ខ្លួន​ឯង។​ តែ​រំពេច​នោះ ​​ក្នុង​គេហទំព័រ​​​របស់​ Google ដែល​ខ្ញុំ​កំពុង​ស្រាវ​ជ្រាវ​ក៏​លេច​ពាក្យ​​ក្រហម​ដិត​មួយ​ដែល​មុន​នេះ​ខ្ញុំ​មិន​បាន​ឃើញ​ ឬ​មួយ​វា​ទើប​តែ​លេច​ឡើង​?

«​ម្រឹត្យូវ!»

u're-die-2

       ខ្ញុំ​យក​​ Mouse ចុច​លើ​ពាក្យ​នោះ​។ មាន​វេបសាយថ៍​ជា​ច្រើន​​និយាយ​អំពីអាការៈ​របស់​មនុស្ស​ដែល​កើត​ «​ម្រឹត្យូវ​»​ ពិសេស​វេបសាថយ៍​សារព័ត៌​មាន​អំពី​​ជីវិត​សង្គម​និងអបិយ​ជំនឿ​។ វា​ជា​រឿង​ហេតុ​ដែល​កើត​មានជា​​ហូរ​ហែ​នៅ​ក្នុង​សង្គម​កម្ពុជា​។ អ្នក​ខ្លះ​ឡើង​ទៅ​ដេក​លើ​ចុង​ត្នោត​អស់​​ពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ស្រែក​ឆោឡោ​ឲ្យ​គេ​ឯង​ជួយ​។ ខ្លះ​ផឹក​ស្រា​ស្រវឹង​ ​រួច​យក​កាំ​បិទ​អា​រ​ក​ខ្លួន​ឯង​។ ខ្លះ​ប្រាប់​ថា​មាន​គេ​នាំ​ទៅចង​ក​សម្លាប់​ខ្លួន​។ ប្រជា​ជន​ខ្មែរ​​មួយ​ចំនួន​ជឿ​ថា​ ពួក​គេ​ទាំង​នោះ​ត្រូវ​ខ្មោច​កំបុត​ក្បាល​នាំ​។​ ភាគ​ច្រើន​នៃ​អ្នក​ដែល​​គេ​​ជួយ​សង្គ្រោះ​​បាន​ សុទ្ធ​តែ​ប្រាប់​ថា​ មិន​ដឹង​ខ្លួន​ថា​បាន​ធ្វើ​អ្វី​ខ្លះ​ តែ​ចម្លើយ​ដែល​ស្រប​គ្នា​គឺ​ មាន​គេខ្សឹប​ឲ្យ​ទៅ​សម្លាប់​ខ្លួន​!

ថ្ងៃ​នេះជា​​ថ្ងៃ​ដំបូង​ ដែល​ខ្ញុំ​​ធ្វើ​ដំណើរ​ត្រឡប់​​មក​​បន្ទប់​ជួល ​​ដោយ​ជិះ​តាក់​ស៊ី​វាស់​ម៉ែត្រ។​ ថ្វី​បើ​​វា​មាន​តម្លៃ​ថ្លៃ ​តែ​ជីវិត​ខ្ញុំ​ថ្លៃ​ជាង​​។ ខ្ញុំ​គិត​ដូច្នេះ​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​ គឺ​វា​ប្រើ​ពេល​​ប្រហែល​មួយ​ម៉ោង​ដូច​ខ្ញុំ​ដើរ​ដែរ​។ ខ្ញុំ​ប្រញាប់​រត់​ឡើង​ជណ្តើរ​យន្ត​ជា​បន្ទាន់​។ នៅពេល​ឃើញ​ទ្វារ​បន្ទប់ ​ខ្ញុំ​ប្រញាប់​រត់​ទៅ​​ចាក់​សោ​បើក​ទ្វារ​យ៉ាង​ញញីញញ័រ​ ហើយ​ប្រញាប់​រត់​ចូល​ទៅក្នុង​បន្ទប់ ​បិទ​ទ្វារ​ជា​បន្ទាន់​។

ខ្ញុំ​មិន​ដឹង​ថា​អា​សំឡេង​ «​ទៅងាប់​ទៅ!» វា​នឹង​ឮ​ពេល​ណា​ទៀត​ទេ​ តែ​វា​នឹងធ្វើ​ឲ្យ​ខ្ញុំ​ឆ្កួត​នៅពេល​ណា​មួយ​មិន​ខាន​។ រំពេច​នោះ ​រូប​ភាព​​របស់​ពុក​និង​ម៉ែ ​ក៏​រសាត់​​​ចូល​មក​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​។

«​​ម៉ែ​ជួយ​កូន​ផង!»

តែ​ក្រោយ​ពេល​ខ្ញុំ​កំពុង​ចុច​ទូរស័ព្ទ​​ទៅ​អ្នក​ផ្ទះ រូប​ភាព​ក្នុង​អតីតកាល​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​មួយ​រំពេច​។ ខ្ញុំ​ញញឹម​ដាក់​មហាកិត្តិយស​ដ៏​ឆ្កួត​លីលារបស់​ខ្លួន​ឯង​​មុន​នឹង​ទម្លាក់​ទូរស័ព្ទ​ចុះ។

«​បើ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​អ្នក​និពន្ធ​អា​ជីព​ទេ ខ្ញុំ​នឹង​មិន​ត្រឡប់​​មក​ផ្ទះ​នេះ​​វិញ​ជា​ដាច់​ខាត!»

ខ្ញុំ​យំ​​ខ្សឹក​ខ្សួល ​នឹក​ទៅ​ដល់​រឿង​រ៉ាវ​នៅ​ក្នុង​អតីតកាល ​ស្រប​ពេល​ដែល​​សំឡេង​ទូរស័ព្ទ​របស់​ខ្ញុំ​លាន់​ឡើង​។ ម៉ែ​ទូរស័ព្ទមក​ តែ​ខ្ញុំ​ចុច​បិទ​វិញ​។ ពេល​នេះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ ខ្លួន​ឯង​ទន់​ជ្រាយ​ខ្លាំង​ណាស់​។ ​ខ្ញុំ​​​សម្រេច​ចិត្ត​ទទួល​ទូរស័ព្ទ​។

«​ម៉ែ…»

«​ទៅ​ងាប់​ទៅ!!!»

រំពេច​នោះ​ខ្ញុំ​​ក៏​បាត់​ស្មារតី​​លែង​ដឹង​​អ្វី​ទាំង​អស់​។ ខ្ញុំ​បើក​ភ្នែក​ឡើង។​ រូប​ភាព​ដំបូង​ដែលខ្ញុំ​ឃើញ​បែរ​ជា​ខុស​ប្លែក​ពី​រាល់​ដង​។ វា​​មិន​មែនជា​​​រូប​ភាពនៅ​កណ្តាល​ថ្នល់​ ឬ​នៅ​លើ​អគារ​កម្ពស់​២០​ជាន់​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ស្លាប់​នោះទេ តែ​ជា​រូប​ភាព​របស់​គ្រួសារ​ខ្ញុំ​។ ពួក​គេ​កំពុងយំ​សោក​។

«​ខ្ញុំ​ពេល​នេះ​គ្រាន់​​តែ​ជាអ្នក​កែ​អក្ខរាវិរុទ្ធឲ្យ​គេ​​ប៉ុណ្ណោះ តែ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ឲ្យ​បាន​ ខ្ញុំ​សន្យា​ម៉ែ!»

ចប់​សម្តី​ខ្ញុំ​សឹង​មិន​ទាន់​ រូប​ភាព​របស់​ពុក​ម៉ែ​ខ្ញុំ ​ក៏​​រលាយ​ក្លាយ​ជា​លម្អង​​ខ្យល់​​​មួយ​រំពេច​។ បន្ទាប់​ពី​នោះ​ខ្ញុំ​ស្ទើរ​តែ​ស្លុត​ស្មារតី​​ប្រកាច់​​ភ្លាម​ៗ​នៅ​នឹងកន្លែង​ ព្រោះ​រូប​ភាព​ក្នុង​​ពិភព​​ពិត​នៅ​ចំពោះ​មុខ​ខ្ញុំ​​​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​​ខ្យល់​ចាប់​ស្លាប់​​។

ខ្ញុំ​ឡើង​ទៅឈរ​​លើ​ចុង​អង់​តែន​ទូរស័ព្ទ​​តាំង​ពីពេល​ណា​ក៏​មិន​ដឹង​។ សម្លឹង​ចុះ​មក​ក្រោម​មាន​សុទ្ធ​តែ​​មនុស្ស​កក​កុញ​កំពុង​​ផ្អើល​ឆោឡោ​មើល​ខ្ញុំ​។ អ្នក​ខ្លះ​​​ស្រែក​ឃាត់​​ខ្ញុំ​ អ្នក​ខ្លះ​​​​ឡូឡា​​​ចលាចល ​​​ហៅ​គេ​ឯង​ឲ្យ​ជួយ​​។ នៅលើ​ផ្ទៃ​មេឃ​ពពក​ខ្មៅ​រសាត់​ខ្មួល​ខ្មាញ់​ ផ្លេក​បន្ទោរ​​​ជះ​ពន្លឺ​ឆ្វេច​ឆ្វាច​​ប្រណាំង​​កាំ​រន្ទះ​​ ផ្គរ​លាន់​គ្រហឹម​​​ក្អឹល​ៗ​ ដូច​​​សំឡេង​មច្ចុរាជ​កំពុង​ស្រែក​គំរាម​យក​ជី​វិត​​ខ្ញុំ​​ពី​ក្នុង​លំ​ហ​មេឃ​។ ខ្ញុំ​ញ័រ​ដៃ​ជើង ​បែក​ញើស​ជោក​ពេញ​ខ្លួន​។

«​​ក្មួយ​អើយ​ក្មួយ​​ កុំ​ប្រញាប់​​គិត​ខ្លី​អី ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ៗ​សិន​ណ៎ា​!»

សំឡេង​អ៊ំ​ស្រី​ម្នាក់​ពី​ខាង​ក្រោម​ស្រែក​​ប្រាប់​ខ្ញុំ​។ ខ្ញុំ​ទទួល​អារម្មណ៍​ថា ​មាន​អ្វី​ម្យ៉ាង​កំពុង​ជ្រាប​ចេញ​​តាម​ខោ​​។ ឯទឹក​ភ្នែក​ក៏​ហូរ​ចេញ​ម​ក​ដោយ​ក្តី​ភ័យ​ខ្លាច។​ ​ខ្ញុំ​មិន​ទាន់​ចង់​ស្លាប់​ទេ!

«​នរណា​ក៏​បានជួយ​ខ្ញុំ​ផង!»

ដៃ​និងជើង​របស់​ខ្ញុំ​​ខំ​ប្រឹង​តោង​អង់​តែ​នទូរស័ព្ទ​យ៉ាង​ណែន​។

«​ខ្ញុំ​មិន​ទាន់​ចង់​ស្លាប់​ទេ!»

«​ចុះ​ឯង​ឡើង​ទៅ​ធ្វើ​អី​ បើ​មិន​ចង់​ងាប់​!»

មែន​ហើយ តើ​ខ្ញុំ​ឡើង​មក​ធ្វើ​អី​បើ​មិន​ទាន់​ចង់​ស្លាប់​ផង?​ ហើយ​ម្យ៉ាង​ទៀត​បើ​ខ្ញុំ​រួច​ជីវិត​តើ​នរណា​នឹង​ជឿ​ថា​ខ្ញុំ​ឡើង​មក​ទីនេះ​ ​ព្រោះ​មាន​សំឡេង​បញ្ជា​ឲ្យ​ឡើង? ចំ​ជា​ល្ងី​ល្ងើ​មែន!

«​សាក​វា​រ​ចុះ​មើល​ទេ?»

ជា​គំនិត​ដែល​រត់​ចូល​មក​ក្នុង​ខួរ​ក្បាល​ខ្ញុំ​​ក្នុង​រំពេច​នោះ។ ខ្ញុំ​ឈាន​ជើង​ចុះ​សន្សឹម​ៗ​ មួយ​កាំ​ម្តង​ៗ​។ ជើង​របស់​ខ្ញុំ​ដូច​​របូត​ចេញ​ពី​សសរ​អង់​តែន​​ តែ​ក៏​​នៅ​​តោង​យឹត​បាន ​ទោះ​បី​ជា​មិន​សូវ​​ជាប់​លាប់​ប៉ុន្មាន​ក៏​ដោយ​។

«​កុំ​វារ​ចុះ​មក​អី គ្រោះ​ថ្នាក់​ខ្លាំង​ណាស់!»

សំឡេង​មនុស្ស​​នៅខាង​ក្រោម​ ស្រែក​តឿន​ប្រាប់​ខ្ញុំ​។

ប្រសិន​បើ​រឿង​នេះលេច​ឮ​​ទៅ​ដល់​ត្រចៀក​ប៉ូលីស​ ឬ​ក៏​អ្នក​កាសែត​ពេល​ណា ច្បាស់​ជា​កើត​​រឿង​ធំ​​ជា​មួយ​នឹង​​​ការ​ងារ​ខ្ញុំ​មិន​ខាន ទើប​ខ្ញុំ​សម្រេច​ចិត្ត​វារចុះ​យ៉ាង​រហ័ស​បំផុត​។ តែ​វា​មិន​ងាយ​ស្រួល​ដូច​គិត​ទេ ខ្ញុំ​ត្រូវ​វារ​ចុះ​យ៉ាង​យឺតៗ​ម្តង​មួយ​កាំៗ​រហូត​​មក​ដល់​ដី​នៅទី​បំផុត​។ គួរ​ឲ្យ​អស់​សំណើច​ ពួក​​ភ្នាក់​ងារ​ពន្លត់​អគ្គិសភ័យ ​ដែល​​​អ្នក​​នៅ​ខាង​ក្រោម​តាម​ឲ្យ​មក​ជួយ​ខ្ញុំ​ក៏​នៅ​មិនទាន់​មក​ដល់។​ តែខ្ញុំ​ក៏​មិន​រង់​ចាំ​ឲ្យ​ដល់​ពេល​នោះ​ទាន់​ដែរ​។ ​ខ្ញុំ​ប្រញាប់​រត់​គេច​ពី​ហ្វូង​មនុស្ស​ដែល​កំពុង​នាំ​គ្នា​ងឿង​ឆ្ងល់​ចំពោះ​​​ទង្វើរបស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិន​ត្រូវ​ការ​ពន្យល់​អ្វីឲ្យ​ច្រើន​ដែរ​​ថា​ហេតុ​អ្វី ព្រោះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិន​​អាច​ឆ្លើយ​បាន​ដែរ​ថា ​ខ្លួន​ឯង​កើត​អី?

«​ឯង​គិត​ថា​វា​សប្បាយ​ណាស់​​ឬ​ ដែល​ឡើង​ទៅលើ​ចុង​អង់​តែន​នោះ?»

អ្នក​​ចោម​រោម​មើល​​ម្នាក់​ស្រែក​ជេរខ្ញុំ​ តែខ្ញុំ​មិន​ចាប់​អារម្មណ៍​ ហើយ​ប្រញាប់​ហៅ​តាក់​ស៊ី​ឲ្យ​ជូន​ទៅ​បន្ទប់​ជួល​ដូច​​​ដើម​។

ខ្ញុំ​មិន​និយាយ​អ្វី​ទាំង​អស់​ក្រៅ​ពី​លាក់​ខ្លួន​នៅ​ស្ងាត់​ៗ​។ ភ្នែក​របស់​ខ្ញុំ​បញ្ឈរ​ទល់​ភ្លឺ​។ តើ​នរណា​ទៅ​ដេក​លក់​បាន​? រំពេច​នោះ​សំឡេង​ទូរស័ព្ទ​ដៃ​ខ្ញុំ​ក៏​លាន់​ឡើង​។ ខ្ញុំ​សម្លឹង​មើល​លើ​អេក្រង់​ថា​នរណា​ទូរស័ព្ទ​មក​ ក៏​ឃើញ​លេខ​របស់​ម៉ែ​ខ្ញុំ​។ ទឹក​ភ្នែកខ្ញុំ​​ហូរ​ចេញ​មក​​សន្សឹម​ៗ​។ ខ្ញុំ​បោះ​បង់​គំនិត​​ទុទិដ្ឋិ​ចេញ​​ហើយ​ប្រញាប់​ចុច​ទទួល​ទូរស័ព្ទ​ភ្លាម​។ ខ្ញុំ​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ជាមួយ​ម្តាយ​ខ្លួន​ឯងទេ។ ប្រាំ​ឆ្នាំ​ហើយ​ដែលខ្ញុំ​ផ្តាច់​ការ​ទាក់​ទង​ជាមួយ​គាត់។​ មិន​ដឹង​ថា​គួរ​ចាប់​ផ្តើម​ជាមួយ​ប្រយោគ​អ្វី​ល្អ​។

«​អាឡូ! ម៉ែ​ឬ?»

«​នេះ​ពូ​ដែន​​ទេ​!»

«​បាទ…»

«​គ្រួសារ​ឯង​ត្រូវ​ចោរ​ប្លន់​ហើយ​!»

អារម្មណ៍​ខ្ញុំ​ពេល​នោះ ​ជ្រួត​​ជ្រាប​ដល់​សម្តី​បន្ទាប់​ដែល​ពូ​ខ្ញុំ​នឹង​ប្រាប់​។ ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​ស្តាប់​ឬ​ក៏​អត់​នោះទេ?…

«​ពុក​និង​ម៉ែ​ឯង​ គាត់​…»

​សំឡេង​​ពូដែន​បាត់​សូរ​អស់​មួយ​សន្ទុះធំ​ ​តែ​ជំនួស​មកវិញ​ដោយ​សំឡេង​ខ្សឹក​ខ្សួល។

«​ពុក​ម៉ែ​ឯង​​ត្រូវ​ចោរ​សម្លាប់​អស់​ហើយ ឯង​ត្រឡប់​​មក​វិញ​មក!»

ខ្ញុំ​មិន​ទាន់​បាន​ស្តាប់​ថាពូដែន​និយាយ​អ្វី​បន្ត​ទេ។ រំពេច​នោះ​រូប​ភាព​ក្នុង​អតីតកាល ​ក៏​ត្រឡប់​​​មក​រក​ខ្ញុំ​ម្តង​ទៀត​។ វា​ច្បាស់​ខ្លាំង​ណាស់ ច្បាស់​ដូច​អង្គុយ​មើល​កុន 3D ​អ៊ីចឹង​​។

«​ហេតុ​អ្វី​​ក៏​កូន​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​​​ខ្លាំង​ម្ល៉េះ​? បើ​គ្រាន់​តែ​​ទុក​​ជា​ការងារ​កែ​​​កម្សាន្ត​មិន​បាន​​ឬ?»

«​ម៉ែ​មិន​យល់ចិត្ត​ខ្ញុំ​ទេ!»

ខ្ញុំ​និយាយ​បណ្តើរ​​រៀប​ចំ​វ៉ាលី​បណ្តើរ ​​ដោយ​មិន​ងាក​មក​​មើល​មុខ​​ពុក​និង​ម៉ែ ដែល​កំពុង​ឈរ​​សម្លឹង​ខ្ញុំ​​យ៉ាង​ស្ងៀម​ស្ងាត់​។

«​ខ្ញុំ​សន្យា​ថា ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ដែល​ល្បី​ឈ្មោះ​ឲ្យ​ទាល់​តែ​បាន​ បើ​ខ្ញុំ​មិន​ទាន់​​សម្រេច​បំណង​ ខ្ញុំ​នឹង​មិន​ត្រឡប់​​មក​ជាន់​ទីនេះ​ជា​ដាច់ខាត​!»

ម៉ែ​យំ​ខ្សឹក​ខ្សួល​តែ​ក៏មិ​នអាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​​ឈរ​ឱប​ពុក​​យ៉ាង​ណែន​។

«​កូន​វា​​ធំ​ហើយ​ម៉ែ​វា​ ថ្ងៃ​ណា​មួយ​វាគង់​តែ​ចាក​ចេញ​​ពី​យើង​​ទេ!»

ពុ​ក​សម្លឹង​​ខ្ញុំ​ ព្រម​ទាំង​ទះ​ស្មា​តិច​ៗ​ ហើយ​ញាត់​លុយ​ចូល​ហោប៉ៅ​ខ្ញុំ​។

«​ហត់​នឿយ​ពេល​ណា ត្រឡប់​​មក​វិញ​ចុះ ពុក​និង​ម៉ែ​រង់​ចាំ​ឯង​ជានិច្ច​!»

បាន​ប៉ុណ្ណេះ​ ស្មារតី​របស់​ខ្ញុំ​ក៏​ត្រឡប់​​មក​កាន់​ពិភព​​ពិត​វិញ​។ រឿង​នេះ​គ្រាន់​តែ​ជា​សុបិន​ទេ​ មែនទេ? ខ្ញុំ​សួរ​ខ្លួន​ឯង​ម្តង​ហើយ​ម្តង​ទៀត​។ ខ្ញុំ​កំពុង​យល់​សប្តិ​!

រំពេច​នោះសំឡេង​បិសាចដែលតាម​បំផ្លាញ​ជីវិត​ខ្ញុំ​ក៏​លាន់​ឡើង​។ វាខ្សឹប​តិច​ៗ​ក្បែរ​ត្រចៀក​ខ្ញុំ​។

អ្នក​និពន្ធ​… អ្នក​និពន្ធ…

ខ្ញុំ​ទន្ទេញ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​ មុន​នឹង​​​ស្មារតី​​រលត់​សូន្យ​សុង​​​ទៅ ព្រោះ​យ៉ាង​ហោច​ណាស់​វា​គឺ​​ជា​កម្លាំង​ចិត្ត​ចុង​ក្រោយ​​បំផុត​របស់​ខ្ញុំ​ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ​។

«​ទៅ​ងាប់​ទៅ!!!»

២៥ កក្កដា ២០១១

 

Read Full Post »


‘Boung Soung’ (Khmer for ‘Prayers to the King’) is a collection of images of the overwhelming days following the final return home of Cambodia’s King Father. A memorable and historic display of mourning, celebration and reverence where thousands of people joined together in one last prayer to their King.

Photographs by Erika Piñeros, Nick Sells and Nicolas Axelrod

Drinks and canapés from 6pm-8pm
The Plantation #28 St. 184, Phnom Penh.

»»» សកម្ម​ភាព​ថ្ងៃ​នោះ​៖

Read Full Post »


ផ្កាយ​NoVeLs*– មុន​នឹង​​សរសេរ​រឿង​ប្រលោម​លោក រឿង​ «​ខ្មោច​លាក់​សាក​សព» ដែល​​មាន​ទំនាក់​ទំនង​ទៅ​នឹង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ គឺ «ល្បែង​បិទ​ពួន​» ខ្ញុំ​បាន​សិក្សា​ស្រាវ​ជ្រាវ​ខ្លះៗ​ពី​ល្បែង​នេះ​ ដើម្បី​ភ្ជាប់​សាច់​រឿង​ ទៅ​នឹង​វប្បធម៌​ និង​ អបិយ​ជំនឿ​ក្នុង​ផ្នត់​គំនិត​ខ្មែរ​។ ដូច្នេះ​ ដើម្បី​​ចែក​រម្លែក​ចំណេះ​ដឹង​នេះ​ ដល់​ប្រិយ​មិត្ត​អ្នក​អាន​ បាន​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា ពិសេស​ដើម្បី​គេច​ខ្លួន​ពួន​​អាត្មា​នឹង​ការ​តាម​ចាប់​របស់​នាង​លក្ខណ៍,​ អ្នក​និពន្ធ​វ័យ​ក្មេង​​សូម​ជូន​អត្ថបទ​ «​ល្បែង​បិទ​ពួន​» ដែល​ចម្លង​មក​ទាំង​ស្រុង​ពី​វ៉ិប​សាយ​ CEN ដូច​ត​ទៅ​៖

​ល្បែង​បិទពួន ជា​ល្បែង​មួយ​យ៉ាង​ដែល​ពួក​កុមារា កុមារី​ជំទង់ៗ​តែង​លេង​កំសាន្ត សប្បាយៗ​នៅ​ពេល​រាត្រី​ខែ​ភ្លឺ ។ ល្បែង​នេះ​គេ​លេង​គ្មាន​កំណត់ ខែ​ណា រដូវ​ណា​ទេ នៅ​ខែ​ណា រដូវ​ណា​ក៏​បានឲ្យតែ​មាន​ពេល​លំហែរ ហើយ​គ្មាន​កំណត់​ចំនួន​មនុស្ស​ឡើយ ។ វិធានការ​នៃ​ល្បែង​នេះ គឺ​ពួក​ម្ខាង​អ្នក​ពួន ពួក​ម្ខាង​ទៀត​អ្នក​ដើររក​, ការ​រក​ឃើញ​គេ​ដេញ​ចាប់​ពួក​អ្នក​ពួក​ ដើម្បី​ញៀច (​មូល​ស្លឹកត្រចៀក​) ។​
​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​ ៖

​     ​របៀប​លេង​ : ​មុន​ដំបូង​គេ​បបួល​កុមារា កុមារី ដែល​មាន​អាយុ​ស្រ​បាលៗ​គ្នា ឲ្យបាន​ច្រើន​ប្រមាណ ៥ ឬ ១០ នាក់​ឡើងទៅ ស្រេច​តែ​មាន​គ្នា​តិច​ ឬ​ច្រើនចែកជា ២ ផ្នែក​ស្មើគ្នា ស្រី​ម្ខាង ប្រុស​ម្ខាង ឬ​លាយ​ចម្រុះ​គ្នា​ទាំងស្រី​ទាំងប្រុស ឬ​ក៏​សុទ្ធតែ​ប្រុស សុទ្ធតែ​ស្រី​ក៏បាន ។ គេ​កំណត់​កន្លែង​ណាមួយ ដែល​មាន​ភាព​ដី​ស្រឡះ ឲ្យឈ្មោះ​ថា ‹​ទី​› ហើយ​គេ​ឲ្យ​ពួក​ម្ខាង​ទៅ​ពួន នៅ​ទី​ដទៃ គឺ​ត្រូវ​ពួន​របៀប​ណា កុំ​ឲ្យ​ពួក​ម្ខាង​ទៀត​រកឃើញ​បាន​ដោយ​ងាយ ពួក​ម្ខាង​ទៀត​ឈរ​ធ្មិចភ្នែក​ ឬ​បិត​ភ្នែក​នៅ​ក្នុង​ទី ។ ត្រណម​របស់​ពួក​នេះ​នៅត្រង់​ធ្មិចភ្នែក គឺ​គេ​សន្យា​គ្នា​ថា អ្នក​ណា​លួច​មើល​ពួក​គេ​អ្នក​ពួនឲ្យដឹងថា គេ​ពួន​ត្រង់នេះ ត្រង់​នោះ និង​ត្រូវ​ស្អុយ​ភ្នែក ។ ចំនួន ២-៣ នាទី ទើប​ពួក​អ្នក​នៅ​ក្នុង​ទី បើកភ្នែក​ឡើង​ស្រែកថា ‹​បើកគ្រប​បាយ កំ​កាយរក អ្នក​ណា​មិន​មក អញ​រក​ឃើញ​› ហើយ​ក៏​ចាប់​ម្នាក់​រើស​រក​អ្នក​ណា​មាន​មាឌ​មាំ​បន្តិច ក្នុង​បណ្ដា​ពួក​អ្នក​នៅចាំ​ទីនោះ ឲ្យនៅ​ចាំទី​ការពារ កុំ​ឲ្យ​ពួក​អ្នក​ទៅ​ពួន​រត់​មក​ចូល​ទី​បាន សល់​ប៉ុន្មាន ឲ្យ​ដើររក​គ្រប់​ទីកន្លែង​ដែល​កំបាំងៗ ។ បើ​អ្នកណា​មួយ ឃើញ​អ្នក​ពួន​ណា​ម្នាក់​ក៏​នាំគ្នា​ដេញ​ចាប់​ញៀច បើ​ដេញ​ញៀច​បាន ឈ្មោះថា ស្អុយ បើ​មិន​បាន អ្នក​ពួន​នោះ​រត់​ចូល​ទី​បាន ឈ្មោះថា បាន​រួចខ្លួន មិន​ត្រូវ​ដេញ​ញៀច​គេ​ទៀត​ទេ​, ប៉ុន្តែ​អ្នក​ពួន​នោះ បើ​ចូល​ទី ហើយ​ត្រូវ​ស្រែក​ឲ្យ​ខ្លាំងៗ​ថា ‹​ចូល​ទី​› បើ​មិន​ស្រែក​ទេ​គេ​មាន​អំណាច​ញៀច​បាន​ទៀត ។ លុះ​អ្នកដើរ រក​ឃើញ​ពួក​អ្នក​ពួន​អស់ហើយ ឬ​បើ​មិនទាន់​ឃើញ​អស់គេ​ខំ​ដើរ​រក​ឲ្យ​ទាល់តែ​ឃើញ ទោះបី​ញៀច​បាន​ក៏ដោយ មិន​បាន​ក៏​ដោយ មកជួបជុំ​ហើយ គេ​ក៏​និយាយ​ប្រាប់​អ្នក​ទាំង​គ្នា (​ទាំង​ពីរ​ផ្នែក​) ថា ពួកគេ​ញៀច​បាន​ប៉ុណ្ណេះ​អ្នក ប៉ុណ្ណោះ​អ្នក តាមតែ​គេ​ញៀច​បាន រួច​ហើយ​ពួក​អ្នក​នៅ​ចាំទី​មុន​នោះ ទៅ​ពួន​វិញ ,​ឯ​ពួក​អ្នក​ពួន​មុន​ត្រូវ​នៅ​ក្នុង​ទី ហើយ​ដើររក​គេ​ផ្លាស់ប្ដូរ​គ្នា​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់​លេង ។​
​    ​ក្នុង​ការផា្លស់ប្ដូរ​នេះ គឺ​ទៅ​ពួន​ម្ដង​មួយផ្នែក រួច​ហើយ​បើ​ពួក​ខាង​ម្ខាង​ញៀច​គេ​បាន ៣-៤ នាក់ ដល់​ពួក​ម្ខាង​ទៀត​ញៀច​គេ​វិញ​បាន​តែ ២-៣ នាក់​ពួក​នោះ​ឈ្មោះ​ថា ចាញ់​គេ ។​
​     ​តាមរបៀប​អ្នកស្រុក​ខ្លះ គេ​លេង​ប្លែក​ពី​នេះ​បន្តិច គឺ​គេ​ប្រមូល​អ្នក​ស្ម័គ្រ​លេង​ទាំង​ប៉ុន្មាន​ម​ក​ឈរ​ដំ​កង់ ហើយ​មា្ន​ក់​ផ្ដើម​សូត្រ​ថា ‹​ត្រៃ​ត្រក ត្រៃ​ត្រេន​› ឬថា ‹​កាច់​ស្លឹក​ឫស្សី សំដី​ល្ង ខែ​ចែ​ត្រ​ពេញ​បូណ៌ លោក​ឲ្យ​លេង​ពួន លេង​ខែ​ណា លេង​ខែ​ដូង​ព្រះ កាច់​សន្ទះ​មហា​ទង់ដែង អញ្ចែង​អញ្ចាប់ អញ្ចែង​ចង្វាក់ អ​អឺត​អន្ទង អំ​ពង​អំ​ពួន ប្រពន្ធ​ចៅហ្វាយ​› ។ ក្នុង​ការសូត្រ​ពាក្យ​ទាំងនេះ គេ​ចង្អុល​បណ្ដើរ​ទៅ​ចំ​ខ្លួន​មនុស្ស​មា្ន​ក់ៗ គឺ​មួយ​មាត់​ចង្អុល​ម្នាក់ៗ បើ​អស់​ចំ​ទៅលើ​រូប​អ្នកណា អ្នកនោះ​ត្រូវ​រត់​ទៅ​រក​កន្លែង​ពួន រួច​ធ្វើ​ដូច​មុន​ទៀត​រហូត​ដល់​សល់​តែ​ម្នាក់​ក្រោយ​គេ​ទុក​ជា​អ្នក​នៅ​ ចាំទី ។ កាលណា​អ្នក​ទៅ​ពួន​ស្រែកថា ‹​រួច​› អ្នក​ចាំ​ទៀ​ដើរ​តាមរក​ញៀច បើ​ញៀច​បាន​នរណា​មួយ ត្រូវ​ប្ដូរ​អ្នក​នោះ​មក​ចាំទី​ម្ដង ឯ​ចាំទី​មុន ត្រឡប់​ទៅ​ពួន​វិញ តែ​ញៀច​ម្ដង បាន​តែ​មួយ​នាក់​ទេ ទោះ​ជា​គេ​ពួន​នៅ​ជិត​គ្នា​ក៏​ដោយ ហើយ​បើ​ខុស​ពី​ត្រណម​នេះ គេ​ទុក​ជា​ស្អុយ គេ​រៀបចំ​លេង​សារជាថ្មី​ម្ដងទៀត ធ្វើ​តែ​យ៉ាង​នេះ​បន្តៗ​ទៅ ។ ប្រសិនជា យូរ​ពេល​ហើយ​នរណា​មួយ​គេ​ខ្សិល​ពួន អាច​រត់គេច​ពី​ភ្នែក​អ្នកចាំទី មក​អង្គុយ​ត្រង់​ទី​ក៏បាន ចាំ​គេ​ញៀច​បាន​នរណា​ថ្មី​ទៀត​សឹមរ​ត់ទៅ​ពួន​ម្ដងទៀត​កាលណា អ្នកណាម្នាក់ ចង់​ឈប់​លេង​ត្រូវ​ស្រែក​គ្នា​រហូត​ថា ‹​បើក​បាយ​ក្រហាយ​ទឹក អ្នក​ណា​មិន​ឈប់​លេង​› បើ​គេ​ស្រែក​ដូច្នេះ​រួច អ្នកចាំទី​គ្មាន​សិទ្ធ​ញៀច​គេ​ទៀត​ទេ ។​
​    ​ល្បែង​នេះ​ជា​ល្បែង​អាច​ចាត់​ចូល​ក្នុង​ពួក​កីឡា​ហាត់ប្រាណ​បាន ត្រង់​ការ​រត់​ការ​ស្ទុះ ការ​លោត ការដេញ ៕

Read Full Post »


ដូចអាចារ្យអ៊ីចឹង! 😉

ផ្កាយNoVeLs*– ព្រឹកមិញថ្ងៃកំណើតមិត្តភក្តិ គេបបួលទៅដាក់បាត្រ ក៏ទៅដាក់នឹងគេ។ គ្រប់យ៉ាងមិត្តភក្តិលាវរៀបចំឲ្យទាំងអស់ គ្រាន់តែចាំដាក់បាត្រប៉ុណ្ណោះ។ គ្រឿងប្រដាប់សម្រាប់ដាក់បាត្រដែលគេរៀបចំឲ្យមានដូចជា ជើងពានមួយដែលចំណុះទៅដោយ បាយដំណើបមួយស្នុក ទឹកមួយកូនដប នំជាងដប់កញ្ចប់ និងកន្សែងពានាមួយ។

គ្រឿងប្រដាប់ដែលមិត្តភក្តិលាវរៀបចំឲ្យដាក់បាត្រ

ការដាក់បាត្រនៅលាវ គេទម្លាប់ក្រាលកន្ទេលចាំព្រះសង្ឃនៅលើដងផ្លូវ។ នៅពេលឃើញព្រះសង្ឃនិមន្តមកពីចម្ងាយ គេនឹងលើកជើងពានដែលជាធម្មតាមាន បាយដំណើបមួយស្នុក នំកញ្ចប់ និងក្រដាសប្រាក់ប្រាំរយគីបមួយចំនួន លើកផ្សងឧទ្ទិសមគ្គផលជូនដល់បុព្វការីជន។ ពេលព្រះសង្ឃនិមន្តមកដល់ក៏ចាប់ផ្តើមពូតបាយដំណើបដាក់នៅក្នុងបាត្រលោក ព្រមជាមួយនំចំណីនិងម្ហូបអាហារ(កម្រឃើញមានដាក់ម្ហូបព្រមជាមួយគ្នាណាស់)។

ក្រាលកន្ទេលចាំព្រះសង្ឃ

ក្រោយពេលដាក់បាត្ររួច ព្រះសង្ឃអង្គនីមួយៗ នឹងគង់ចាំអង្គផ្សេងៗទៀត លុះត្រាតែទទួលចង្ហាន់បានគ្រប់អង្គ ទើបចាប់ផ្តើមសូត្រធម៌ព្រមគ្នា ដែលមានរយៈចម្ងាយប្រហែលមួយម៉ែត្រពីអ្នកដាក់បាត្រ រួចទើបនិមន្តចាកចេញទៅ។ ចំណែកអ្នកដាក់បាត្រ ពេលព្រះសង្ឃកំពុងសូត្រធម៌ ដៃឆ្វេងលើកសំពះ ឯដៃស្តាំលើកកូនដបច្រូចទឹកទៅលើដី។ ក្រោយពេលព្រះសង្ឃចាកចេញទៅ គេនឹងយកបាយដំណើបដែលនៅសល់ ពូតជាដុំតូចៗ ហើយយកទៅបិទនឹងដើមឈរធំនៅក្បែរបរិវេណនោះ រួចយកទឹកច្រូចគល់ឈើជាកិច្ចបង្ហើយការដាក់បាត្រ។ ឯវំ៚ 😀

តាដាំ(នេត្រាខ្មៅ) មិត្តភក្តិដែលមានថ្ងៃខួបកំណើតថ្ងៃនេះ

ពំនូតបាយដំណើបដែលបិតនឹងដើមឈើ

ពំនូតបាយដំណើបជាប់នឹងដើមឈើ ជាទស្សនីយភាពដ៏គួរឲ្យចាប់ចិត្តមួយនៅលាវ

ច្រូចទឹកនៅគល់ឈើ ក្រោយពីដាក់បាត្រ និងបិទបាយដំណើបតាមដើមឈើរួច

»»» អត្ថបទទាក់ទង៖ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ

Read Full Post »


Nong Yosui ក្មេងចម្លែកមានភ្នែកដូចឆ្មាអាចមើលឃើញនៅទីងងឹត

ផ្កាយ​NoVeLs*– មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ​ក្មេង​ម្នាក់​នេះ​មាន​កម្លាំង​ពិសេស​ដូច​ Super Hero ជាប់​ខ្លួន​​មក​តាំងពី​កំណើត​ ដោយ​កែវ​ភ្នែក​ពណ៌​ផ្ទៃ​មេឃ​​​ទាំងគូ​របស់​គេ​ អាច​មើល​ឃើញ​នៅ​ទីងងឹត​បាន​ដូច​សត្វ​​ឆ្មា​។

រឿង​រ៉ាវ​របស់​ក្មេង​ប្រុស​ចិន​ដែល​មាន​ឈ្មោះ​ថា Nong Yosui ត្រូវបាន​​ផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៅ​​លើប្រព័ន្ធអ៊ីនធើណេតដោយសារតែកែវភ្នែកពណ៌ផ្ទៃមេឃចម្លែកដូចសត្វឆ្មាមួយគូនោះ​​ ​ធ្វើឲ្យគេមានសមត្ថភាពពិសេសអាចមើលឃើញ​​វត្ថុផ្សេងនៅទីងងឹតបាន

តាមការរាយការណ៍របស់​ ​Alien Disclosure Group គ្រូពេទ្យបានចាប់ផ្តើមសង្កេតឃើញពណ៌កែវភ្នែក​​របស់ក្មេងម្នាក់នេះតាំងពីគេមាន​​ទើបតែមានអាយុពីរខែម្ល៉េះបន្ទាប់ពីNong Shihua ឪពុករបស់ក្មេងម្នាក់នេះបានសាកសួរថា កែវភ្នែករបស់កូនខ្លួនខុសប្រក្រតីទេ? នៅខណៈនោះគ្រូពេទ្យបានអះអាងថាមិន​​បាច់ព្រួយបារម្ភទេ ព្រោះពណ៌របស់កែវភ្នែកនឹងត្រឡប់មកដូចធម្មតាវិញនៅពេលក្មេងមានអាយុកាន់តែច្រើនឡើង

ពេលវេលាកន្លងទៅ Yosui ចាប់ផ្តើម​​ធំធាត់ កែវភ្នែករបស់គេ​​ ក៏ចាប់ផ្តើមបង្ហាញ​​​​សមត្ថភាពពិសេស​​ចេញមកធ្វើឲ្យការមើលឃើញនៅពេលថ្ងៃចាប់ផ្តើមមានបញ្ហា គ្រូប្រចាំថ្នាក់របស់គេសង្កេតឃើញថាពេលដែល Yosui នៅក្រៅថ្នាក់រៀនចូលចិត្តព្រិចភ្នែកញឹកញាប់​​ហើយរអ៊ូ​​ថាមើល​​ឃើញ​​វត្ថុផ្សេងយ៉ាង​​ពិបាកខណៈដែលក្មេង​​ផ្សេងទៀតគ្មានបញ្ហាអ្វី

  • ទស្សនា​វីដេអូ​ដែល​និយាយ​ពី​ក្មេង​ចម្លែក​នេះ

ថ្វីបើការប្រើជីវិតក្នុងពេលថ្ងៃមានការពិបាកបន្តិចមែនតែនៅក្នុងពេលយប់​ Yosui បែរជាអាចមើលឃើញវត្ថុផ្សេងនៅក្នុងទីងងឹតបានយ៉ាងច្បាស់​​ គេអាចចាប់ចង្រិតបានដោយមិនបាច់ប្រើ​​ភ្លើងពិល​​​ដូចអ្នកដទៃ នៅពេលព័ត៌មាននេះ បានលេចទៅដល់ស្ថានីយ៍ទូរទស្សន៍Heng County នៅក្នុងក្រុងគុយលីញពួកគេក៏​​ធ្វើពិសោធឲ្យ​​ Yosui បំពេញ​​បែបបទក្នុងបញ្ជីមួយនៅទីងងឹត ហើយគេក៏អាច​​ធ្វើបានដោយគ្មានបញ្ហា​​

ចុះអ្វីដែលជាមូលហេតុធ្វើឲ្យកែវភ្នែករបស់ក្មេងម្នាក់នេះ មានលក្ខណៈពិសេសដូច្នេះ? មួយនេះគឺជាការវិវឌ្ឍន៍​​របស់មនុស្ស​​ក្នុងដំណាក់ការថ្មីមួយនៃ​​ជីវិតសត្វលោក​​​? ជាតំណពូជពង្សថ្មីមួយជាទណ្ឌកម្មរបស់​​ធម្មជាតិ? ទោះយ៉ាងណាក៏ដោយមកដល់ពេលនេះក៏មិនទាន់មានចម្លើយតបណាមួយដែលច្បាស់លាស់ដែរ

Nong Yousui សរសេរ អក្សរ នៅ ទី ងងឹត

ភ្នែក របស់ ក្មេង ប្រុស បញ្ចេញ ពន្លឺ ពេលនៅ ទីងងឹត

Read Full Post »


ផ្កាយ​NoVeLs*– រដូវ​កាល​ចូល​ឆ្នាំ​ចិន​ បាន​មក​ដល់​ហើយ សង្កេត​ឃើញ​ថា នៅ​​កម្ពុជា​ក៏​ដូចជា​បណ្តា​ប្រទេស​នានា​លើ​លោក​ ដែល​មាន​ជនជាតិ​ចិន​រស់​នៅ បាន​និង​កំពុង​ត្រៀម​ខ្លួន ​រីករាយ​ស្វាគមន៍​​ថ្ងៃ​ចូល​​ឆ្នាំ​ពណ៌​ក្រហម​នេះ​យ៉ាង​គគ្រឹក​គគ្រេង​។ អ្នក​ខ្លះ ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ​ដ្បិត​នៅ​​រដូវ​កាល​នេះ​តែង​តែ​បាន​ទទួល​អាំ​ង​ប៉ាវ​កញ្ចប់​​ក្រហមៗ​​​ពី​ចាស់​ទុំ​មិន​ដែល​ដាច់។​ ពិសេសតំបន់​ខ្លះ ​ដែល​មាន​ជន​ជាតិ​ចិន​រស់​នៅ​កុះ​ករ​ ក៏​មាន​ការ​​ដុត​ផាវ​ និង​លោត​ម៉ុង​សាយលេង​យ៉ាង​អធិកអធម​​។

អេ… ចុះ​មាន​ឆ្ងល់​ទេ ហេតុ​អ្វី​ជន​ជាតិ​ចិន​​ចាំ​បាច់​ត្រូវ​ដុត​ផាវ និង​លោត​ម៉ុង​សាយ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ? ថ្ងៃ​នេះ​អ្នក​និពន្ធ​វ័យ​ក្មេង​ សូម​លើក​យក​ប្រពៃ​ណី​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ចិន​​ មក​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា​ ដើម្បី​កុំ​ឲ្យ​ចេះ​តែ​មាន​ទស្សនៈ​បុរេនិច្ឆ័យ​ថា ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ!​ 😀

. ការលេងដុតផាវ

ការ​លេង​ដុត​ផាវ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ មាន​ប្រវត្តិ​មក​ថា​ ក្នុង​អតីតកាល​មាន​​បុគ្គល​ម្នាក់​​ មាន​គំនិត​វៃ​ឆ្លាត​​​ចេះ​យក​​រំសេវ​​ដាក់​ក្នុង​​បំពង់​ឫស្សី​តូចៗ​​ ហើយ​ដុត​ភ្លើង​រហូត​កើតជា​​សំឡេង​ផ្ទុះ​ខ្ទរ​​ខ្ទារ​​ឡើង​។ គ្រា​នោះ​​នៅ​ពេល​​​​ក្មេង​​ក្មាង​ណា​​បាន​ឮ​​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ​អឺង​អាប់​​ ឆ្កែ​ឆ្មា​​ សត្វ​ចិញ្ចឹម​ទាំង​ឡាយ ​ក៏​នាំ​គ្នា​​ផ្អើល​រត់​ ​ឆ្លេឆ្លា​ពេញ​ស្រុក​ភូមិ​ ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​​គិត​ថា​ សំឡេង​ផ្ទុះ​ផាវ​​ប៉ូង​ប៉ាំង​នោះ ប្រហែល​ជា​អាច​ដេញ​សត្វ​​សាហាវ​​ឈ្មោះ​ «​ហ្នៀន​» បាន​។

          ចំពោះ​សត្វ​ «​ហ្នៀន​» នេះ ជនជាតិ​ចិន​មាន​ជំនឿ​ថា ជា​សត្វ​សាហាវ​មួយ​ប្រភេទ​ ដែល​មាន​មាឌ​ធំ​មាំ​ មាន​រូប​រាង​ស្រដៀង​នឹង​គោ​ផ្សំ​​រមាស​ ថែម​ទាំង​មាន​និស្ស័យ​កាច​សាហាវ​ និង​ចូលចិត្ត​ចេញ​រក​ស៊ី​នៅ​ពេល​​យប់​ក្នុង​ថ្ងៃ​ដែល​មាន​អាកាស​ធាតុរងា ដោយ​ហេតុ​ថា​ ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​រងានោះ អ្នក​ភូមិ​​​​តែង​តែ​នាំ​គ្នា​ចេញ​មក​អង្គុយ​អាំង​ភ្លើង​​ ឬ​អាំង​សាច់​​ចម្អិន​អាហារ​បរិភោគ​ជុំ​គ្នា​នៅ​កណ្តាល​ភូមិ​ ហើយ​នៅពេល​សត្វ​ «​ហ្នៀន​» ដ៏​កាច​សាហាវ​នោះ​ឃើញ​​ វា​នឹង​ហក់​ចូល​មក​ដណ្តើម​យក​អាហារ​របស់​អ្នក​ភូមិ។​ តែ​មួយ​រំពេច​នោះ ​ភ្នក់​ភ្លើង​ដែល​ធ្វើ​​ពីបំពង់​ឫស្សី​ ក៏​កើត​ចេញ​ជាផ្កា​ភ្លើង​​ផ្ទុះ​លាន់​ប៉ូង​ប៉ាំង​ ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ «ហ្នៀន​»​ ចង្រៃ​ ភ័យ​ខ្លាច​ ហើយ​រត់​គេច​បាត់​​ទៅ។​ ចំណែក​អ្នក​ភូមិមួយ​ចំនួន​​​ក៏​ជឿ​ថា សត្វ​ «​ហ្នៀន​» ខ្លាច​ពណ៌​ក្រហម​របស់​ភ្លើង​ ទើប​នាំ​គ្នា​យក​ក្រណាត់​​ក្រហម និង​ក្រដាស​​ក្រហម ​​មក​សរសេរ​អក្សរ​ដោយ​​ពាក្យ​ដែល​មាន​សិរី​មង្គល​​បិទ​តាម​ជញ្ជាំង​ផ្ទះ ​​និង​អគារ​ផ្សេង​ៗ ដើម្បី​ឲ្យ​​ «​ហ្នៀន​» ឃើញ​ហើយ មិន​ហ៊ាន​ចូល​មក​ជិត​​​។ ហេតុ​ផល​នេះ​ ធ្វើ​ឲ្យ​ការ​សរសេរ​ក្រដាស​​ក្រហម ​ក្លាយ​ជា​​ទី​និយម​ និង​ជា​មរតក​វប្បធម៌​បន្សល់​​ទុក​​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ក្រៅ​ពី​ជន​ជាតិ​ចិន​ជឿ​ថា «​ហ្នៀន» ជា​សត្វ​សាហាវ​ហើយ ពាក្យ​ «ហ្នៀន» នៅ​មាន​សំឡេង​ដូច​​គ្នា​នឹង​ពាក្យ​ដែល​មាន​ន័យ​ថា «​ឆ្នាំ​» ​ទៀត​ផង​ ដែល​ជន​ជាតិ​ចិន​ជឿ​ថា រយៈ​ពេល​នៃ​ការដាច់​ឆ្នាំ​ចាស់​នោះ អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ណាស់ មនុស្ស​មិន​សូវ​​បាន​ស្រួល​កាយ​សប្បាយ​ចិត្ត​ ព្រោះ​សត្វ​ «​ហ្នៀន​» ​ចេញ​មក​អុក​ឡុក​ខ្លាំង​​ពេក​​​។ ដូច្នេះ​ការ​ដុត​ផាវ​​ឲ្យ​ផ្ទុះ​ខ្លាំងៗ ប្រហែល​ជា​អាច​ដេញ​​សត្វ​ «​ហ្នៀន» ចង្រៃ​ និងភាព​​អពមង្គល​ទាំង​ឡាយ​បាន​។ ចំណែក​ជន​ជាតិចិន​​ខ្លះ​ជឿ​ថា ការ​ដុត​ផាវ​នោះ គឺ​ជា​ការ​ហៅ​ លាភ​សំណាង​​ចូល​​ផ្ទះ ឯ​ខ្លះ​ទៀត​ក៏​ថា ជា​ការ​ដុត​ដើម្បី​ឲ្យ​ទេវតា​បាន​ឮ ព្រះ​អង្គ​នឹង​បាន​ចុះ​មក​ជួយ​ឃុំ​គ្រង​ថែរក្សា​ឲ្យ​ជនជាតិ​ចិន​រស់​នៅ​បាន​​ត្រជាក់​ត្រជុំ​សុខ​សប្បាយ​។

. ការលោតម៉ុងសាយ

ការ​លោត​ម៉ុង​សាយ ឬ​ដែល​ជនជាតិ​ចិន​​ហៅ​ថា «​សៃ​ជឺប៊ូ» នោះ​ រាប់​​ទុក​ថា​ជា​ល្បែង​កម្សាន្ត​​មួយ​​​ប្រភេទ​ដែល​ជា​និមិត្តរូប​ប្រចាំ​​ថ្ងៃ​ចូល​ឆ្នាំ​ចិន​តែ​ម្តង​ ជា​ពិសេស​ គឺ​ជន​ជាតិ​ចិន​​នៅ​ភាគខាង​ជើង ​និងភាគ​ខាង​​ត្បូង​​​ដែល​ចូលចិត្ត​លេង​ម៉ុង​សាយ​​នេះ នៅ​ថ្ងៃ​ដែល​​មាន​​ពិធី​ដង្ហែ​អ្ន​កតា ឬ​​ពិធី​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​ជា​ដើម​​។

ចំពោះ​ប្រវត្តិ​​ដែល​ជន​ជាតិ​ចិន​ ចាំ​បាច់​ត្រូវ​លោត​ម៉ុង​សាយ​​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នោះ​ មានការ​កត់​ត្រា​ទុក​នៅ​ក្នុង​កំណត់​ហេតុ​ របស់​រាជវង្ស​​​​ភាគ​ខាង​ជើង ​និង​ភាគ​ខាងត្បូង​ នៅ​ចន្លោះ ​ព.ស​. ៨៥០ – ព.ស.​១១៣២ បាន​សរសេរ​ថា អ្នក​ភូមិ​បាន​យក​ក្បាល​​តោ​មក​ពាក់​ ហើយ​លោត​​ញញាក់​ញញ័រ​ដើម្បី​ដេញ​ខ្មោច​ព្រាយ​បិសាច ដែល​អ្នក​ភូមិ​នាំ​គ្នា​ជឿ​ថា នឹង​ចេញ​មក​ស៊ី​មនុស្ស​ប្រុស​និង​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ភូមិ​​ ទើប​ធ្វើ​ឲ្យ​មាន​ជំនឿ​ថា បើ​ពាក់​ក្បាល​តោ​លោត​កញ្ឆេង​ហើយ ​នឹង​អាច​ដេញ​ខ្មោច​ព្រាយ​បិសាច​បាន​ ហើយ​ក៏​នាំ​គ្នា​ប្រតិបត្តិ​តាម​ជា​ទំនៀម​ទម្លាប់​​​ប្រពៃ​ណី​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

​ការ​លោត​ម៉ុង​សាយ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ គឺ ​តែង​​មាន​​បុរស​មួយ​ក្រុម​​រូប​រាង​មាំ​មួន ​​ដើរ​លោត​ម៉ុង​សាយ​​​ដើម្បី​សុំ​លុយ​​បរិច្ចាគពី​អ្នក​ភូមិ​ ​ដោយ​ក្នុង​នោះ​​មាន​​បែង​ចែក​ជា​ ក្រុមលេងភ្លេងកំដរ​ ​ក្រុមពាក់​ក្បាល​តោ ​ស្លៀក​​ឈុត​តោ​ និង​មនុស្ស​ពាក់​មុខ​តាប៉ិ​ញញឹម​​កាន់ផ្លិត​។ បន្ទាប់​មក​ក៏​នាំ​គ្នា​​ដើរ​តាមដង​ផ្លូវ​នានា​​ក្នុង​ភូមិ​ស្រុក​​។ លុះ​អ្នក​ភូមិ​បាន​ឮ​សំឡេង​ស្គរ​ នឹង​​នាំ​គ្នា​ចេញ​មក​ដោយ​យក​ស្រោមសំបុត្រ​​អាំង​ប៉ាវ​​ ទៅ​​ចង​នៅ​លើ​បង្គោល​ឈើ​ខ្ពស់​ៗ​​ ដើម្បី​ឲ្យ​ក្រុម​អ្នក​លោត​ម៉ុង​សាយ​​ឡើង​ទៅយក​ ដែល​នេះ​គឺ​​​ជា​ទំនៀម​ទម្លាប់​មួយ​​ដ៏​សែន​រីក​រាយ​ និង​គួរ​ឲ្យ​រំភើប​ជាទីបំផុត​៕

          (ស្រាវជ្រាវ និងប្រែសម្រួលដោយផ្កាយ​NoVeLs*)

Read Full Post »


ផ្កាយ​NoVeLs*– ស៊ិន​ចៀ​យូអ៊ី ស៊ិន​នី​ហួត​ឆៃ 😀 ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​ជាតិ​ចិន​ហើយ ជឿ​ថា​បង​ប្អូន​ភាគ​ច្រើន​ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន ​​ច្បាស់​ជា​រំភើប​ត្រេក​អរ​មិន​តិច​ទេ ព្រោះ​រយៈ​ពេល​នេះគឺ​ជា​   រយៈ​ពេល​ដែល​​​ម្នាក់​ៗ ​អាច​បាន​ជួប​ជុំ​​ញាតិ​មិត្ត​បង​ប្អូន ដែល​មិន​បាន​ជួប​គ្នាពេញ​មួយ​ឆ្នាំ​កន្លង​មក​។​ ពិសេស​​​​អ្នក​ខ្លះ​​ ក៏​អាច​នឹង​បាន​ទទួល​អាំង​ប៉ាវ ​​ឬ​អំណោយ​ឆ្នាំ​ថ្មី​ពី​ចាស់ទុំ​​ជា​ទីគោរព​របស់​ខ្លួន​ផង​ដែរ​។ តែ​ដោយ​នេះ​គឺ​ជា​ថ្ងៃ​ចូល​ឆ្នាំរបស់ជន​ជាតិ​ចិន​ ដូច្នេះ​​គង់​នឹង​មាន​​ទំនៀម​ទម្លាប់​​ប្រតិបត្តិ​ និង​តំណម​ខ្លះៗ​​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​ដូន​តាម​ក ដោយ​ថ្ងៃ​នេះ​អ្នក​និពន្ធ​វ័យ​ក្មេង​នឹង​នាំ​​ទាំង​អស់​គ្នា​ទៅ​មើល​​ថា តើ​មាន​តំណម​អ្វី​ខ្លះ​ដែល​​​មិន​គួរ​ធ្វើ​នៅ​ក្នុង​​​ថ្ងៃ​ចូល​ឆ្នាំ​ចិន​។

. ហាមបោសសម្អាតផ្ទះ

ជន​ជាតិ​ចិន​មាន​ជំនឿ​ថា ការ​បោស​សម្អាត​ផ្ទះ​សម្តែង​ និង​​​ការយក​​សំរាម​ទៅ​ចោល​​​​​ក្នុងថ្ងៃ​ចូល​ឆ្នាំ​ គឺ​ជា​ការ​បោស​សម្អាត​យក​លាភ​សក្ការៈ​ មាស​ប្រាក់​ចេញ​ពី​ផ្ទះ​ បើ​ទោះ​​ជា​ផ្ទះ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​កខ្វក់​ក៏​ដោយ​​។ ចំពោះ​អ្នក​ខ្លះ​ ដែល​ចាំ​បាច់​ត្រូវ​តែ​​បោស​សម្អាត​ផ្ទះ​នោះ​ ក៏​គេ​បោស​​ប្រមូល​តែ​ល្អ​ង​ធូលី​​ ហើយ​យក​ទៅ​ដាក់​នៅ​​កន្លៀត​​ជ្រុង​ណា​មួយ​​នៃ​ផ្ទះ​សិន​​ប៉ុណ្ណោះ​ ថ្ងៃ​បន្ទាប់​មក​ ទើប​គេ​យក​វា​ទៅចោល។ ហេតុ​ដូច្នេះ​ហើយ​ ទើប​​​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​មិន​សូវ​មាន​នរណា​បោស​សម្អាត​ផ្ទះ​សម្បែង​ទេ​ គឺ​មាន​តែ​សម្អាត​​ទុក​មុន​​ថ្ងៃ​​ចូល​ឆ្នាំ​ប៉ុណ្ណោះ​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ​និង​ទទួល​ភ្ញៀវ​ពន្លឺ​ដែល​មក​លេង​។

. ហាមកក់សក់ ឬកាត់សក់

ជន​ជាតិ​ចិន​ មិន​និយម​កក់​សក់​ ឬ​កាត់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ទេ។ ​អ្នក​ខ្លះ​មិន​កក់​សក់​​​បី​ថ្ងៃ​ក្រោយ​ចូល​ឆ្នាំ​ ដោយ​ហេតុ​ថា ពាក្យ​ «​សក់» ជា​ពាក្យ​ដែល​​​មាន​សូរស័ព្ទ​ និង​រូបស័ព្ទ​​ដូច​គ្នា​នឹង​ពាក្យ​ «​គង់​វង្ស»​។ ហេតុ​ដូច្នេះ​ ការ​កក់​សក់​ ឬ​កាត់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ គឺ​ប្រៀប​ដូច​ជា​ការ​នាំ​យក ​ភាព​ គង់​រង្ស រីក​ចម្រើន​ ចេញ​ទៅ​ដូច្នេះ​ដែរ​។

. ហាមនិយាយពាក្យអសុរស និងឈ្លោះទាស់ទែងគ្នា

នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ជន​ជាតិ​ចិន​​តែ​ង​តែ​ចៀស​វាង ​ការ​និយាយ​ស្តី​ដោយ​ប្រើ​ ពាក្យ​អសុរស​ ​​​មិន​ពីរោះ និង​ រឿង​មិន​ល្អ​ ដូចជា​ការ​​និយាយ​ពី ​សេចក្តី​ស្លាប់ ឬ​ខ្មោច​ជា​ដើម​ ព្រោះ​មាន​ជំនឿ​ថា ការ​និយាយ​រឿង​មិន​ល្អ​នៅ​ថ្ងៃ​នេះ នឹង​នាំ​សំណាងអាក្រក់​មក​ឲ្យ​ពេញ​មួយ​ឆ្នាំ​​។ ក្រៅ​ពី​នេះ​ ជន​ជាតិ​ចិន​ក៏​មិន​និយាយ​​ពី​លេខ​៤​ដែរ ព្រោះ​​លេខ​៤ នៅ​ក្នុង​ភាសាចិន បញ្ចេញ​​សំឡេង​ស្រដៀង​គ្នា​នឹង​ពាក្យ​ពាក្យ​ថា «​ស្លាប់​»​។ ហេតុ​ដូច​នេះ​ ទើប​ជន​ជាតិ​ចិន​ភាគ​ច្រើន​ចៀស​វាង​មិន​និយាយ ​ឬ​ប្រើ​​ប្រាស់​អ្វី​ដែល​ពាក់​ព័ន្ធ​​នឹង​លេខ​៤​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​។

. ហាមទទួលទានបបរ សាច់សត្វ

ជន​ជាតិ​ចិន​​ច្រើនតែ​​មិន​បរិភោគ​បបរ​នៅព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​​​​ ព្រោះ​​ជឿ​ថា អ្នក​​ក្រ​ គឺ​ជា​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​បបរ​នៅ​ពេល​ព្រឹក​។ ហេតុ​ដូច​នេះ ​ការ​ទទួល​ទាន​បបរ​ក្នុង​ព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ គឺ​ប្រៀប​ដូច​ជា​ការ​រារាំង​​មិន​ឲ្យ​ខ្លួន​ឯង​មាន​បាន​ និង​ធ្វើ​ខ្លួន​ដូច​ជា​អ្នក​ក្រ​​។ ទាំង​នេះ​រាប់​ទាំង​ការ​មិន​​បរិភោគ​សាច់​សត្វ​​ផង​ដែរ​ ព្រោះ​​ជឿ​ថា​ទេវតា​ដែល​ចុះ​មក​នៅ​ក្នុង​ព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​​នោះ​ គឺជា ​មំសៈវិរតិ ដែល​មិន​បរិភោគ​សាច់​។

. ហាមបោកគក់ខោអាវ

ជន​ជាតិ​ចិន​ជឿ​ថា ​អារក្ស​ទឹក​កើត​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ដូច្នេះ​ការ​បោក​គក់​ខោ​អាវ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ គឺ​ប្រៀប​​ដូច​ជា​ការ​ប្រមាថ​​មើល​ងាយ​ដល់​​ព្រះអង្គ​។

. ហាមស្លៀកពាក់ស ឬខ្មៅ

សម្លៀក​បំពាក់​ ដែល​មាន​ពណ៌​ស​ឬ​ខ្មៅ​ គឺ​ជា​និមិត្ត​សញ្ញា​នៃ​សេចក្តីស្លាប់។​ ហេតុ​ដូច្នេះ​ ការ​ស្លៀក​ពាក់​ពណ៌​ស​ឬ​ខ្មៅ​ក្នុង​ថ្ងៃ​ចូលឆ្នាំ គឺ​តំណាង​ឲ្យ​ប្រផ្នូល​​មិន​ល្អ ទើប​ភាគ​ច្រើន​នៃ​​ជន​ជាតិ​ចិន ​ចូល​ចិត្ត​នាំ​គ្នា​ស្លៀក​ពាក់ឈុត​​ពណ៌​ក្រហម​ ព្រោះ​ជឿ​ថា ពណ៌​ក្រហម​ គឺ​ជាពណ៌​ដែល​​​នាំ​​លាភ​សក្ការៈ​មក​ឲ្យ​ពួកគេ​​។

. ហាមមិនឲ្យ​​គេខ្ចីលុយ

​ក្រៅ​ពីលុយ ជនជាតិ​ចិន​មួយ​ចំនួន​អាច​មាន​តំណម​មិន​ឲ្យ​ខ្ចី​​​ទាំង​​របស់​របរ​ផ្សេងៗ​​ទៀត​ផង​ ដោយ​មាន​ជំនឿ​ថា បើ​ឲ្យ​គេខ្ចី​លុយ​នៅ​ថ្ងៃ​នេះ​ នឹង​មាន​មនុស្ស​​មកសុំ​​ខ្ចី​លុយ​ពេញ​មួយ​ឆ្នាំ​។ ក្រៅ​ពី​នេះ​អ្នក​ដែល​ជំពាក់​លុយ​គេ ក៏​គួរ​តែ​សង​គេ​ឲ្យ​អស់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ដែរ​​ ព្រោះ​ជឿ​ថា បើ​ជំពាក់​លុយ​នរណា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ហើយ នឹង​​មាន​បំណុល​ជាប់​ខ្លួន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ពេញ​មួយ​ឆ្នាំ​។

. ហាមធ្វើឲ្យរបស់បែកបាក់

ជន​ជាតិ​ចិន​ជឿ​ថា ការ​ធ្វើ​ឲ្យរបស់​បែក​បាក់ដូចជា​ កែវ​ ចាន​ កញ្ចក់​ បែក​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ គឺ​ជា​ប្រផ្នូល​​អាក្រក់​ថា គ្រួសារ​នឹង​បែក​បាក់​គ្នា​ ឬ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​គ្រួសារ​។ ហេតុ​ដូច្នេះ ​នៅ​ថ្ងៃ​នេះគួរ​តែ​ប្រយ័ត្ន​ប្រយែងជាពិសេស​​ ហាម​មិន​ឲ្យ​របស់​របរ​ក្នុង​ផ្ទះ​បែក​ ឬ​វិនាស​ហិន​ហោច។​ ​តែ​បើ​ចៃ​ដន្យ​ធ្វើ​ឲ្យ​របស់​បែក​បាក់​ដោយ​មិន​បាន​តាំង​ចិត្ត​​នោះ ក៏​មាន​វិធី​រំដោះ​គ្រោះ​ដោយ​និយាយ​ថា «luo di ka hua» ដែល​ប្រែ​ថា ផ្កា​នឹង​រីក​ស្រស់​បំព្រង​ពេល​ធ្លាក់​ទៅ​ដល់​ដី។

. ហាមទិញស្បែកជើងថ្មី

ជន​ជាតិ​ចិន​ប្រកាន់​គំនិត​មួយ​គឺ​ មិន​​ទិញ​ស្បែក​ជើង​ថ្មី​ក្នុង​ខែ​ដំបូង​នៃ​ថ្ងៃ​ចូល​ឆ្នាំទេ ដោយ​ហេតុ​ថា ពាក្យ​ «​ស្បែក​ជើង​» ក្នុង​ភាសា​ចិន​បញ្ចេញ​សំឡេង​ថា «Hai» ដែល​ពាក្យ​ «Hai» នេះ​​មាន​សំឡេង​ដូច​ការ​ដក​ដង្ហើម​ធំ ដែល​ជន​ជាតិ​ចិន​ជឿ​ថា នោះ​គឺ​ជា​និមិត្ត​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​ដែល​មិ​នល្អ​សោះ​ឡើយ​៕

ចំពោះ​​បង​ប្អូន​ជន​ជាតិ​ចិន ឬ​​ខ្មែរ​ជាប់​ខ្សែ​​ស្រឡាយ​ចិន​ទាំង​ឡាយ​ បើ​បាន​អាន​ហើយ សូម​​កុំ​ភ្លេច​យក​ទៅ​ប្រតិបត្តិ​ផង​ណ៎ា​ ដើម្បី​បាន​ទទួល​លាភ​សក្ការៈ មាស​ប្រាក់​ និងសំណាង​ល្អ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ​ រហូត​​​ដល់​ពេញ​មួយ​ឆ្នាំ​តែ​ម្តង​! 😀

(ស្រាវជ្រាវ និងប្រែសម្រួលដោយ ផ្កាយ​NoVeLs*)

Read Full Post »


​​

ផ្កាយ​NoVeLs*– ប្រិយ​មិត្ត​មាន​ដឹង​ទេ ថា​ថ្ងៃ​សុក្រ​កាល​ពី​៧​ថ្ងៃ​មុន​ ប៉ះ​ចំ​លើ​ថ្ងៃ​ទី១៣? បើ​ថ្ងៃ​សុក្រ​ទី១៣​ តើ​វា​យ៉ាង​ម៉េច? មាន​ហេតុ​ផល​មួយ​ចំនួន ​ដែល​ខ្ញុំ​មិន​ដាក់​ផ្សាយ​​អត្ថបទ​នេះ ​កាល​ពី​ថ្ងៃ​សុក្រ​​សប្តាហ៍​កន្លង​ទៅ។

ជំនឿ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​តាំង​ពី​តូចៗ​មក​ថា ថ្ងៃ​សុក្រ​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ជា​ថ្ងៃ​មិន​ល្អ ជា​ប្រផ្នូល​​​អាក្រក់​ និង​ជា​ថ្ងៃ​​ដែលមាន​​ខ្មោចដើរ​​ចេញ​ មក​រាត​ត្បាត​លង​បន្លាច​មនុស្ស​លោក​ ដែល​ជំនឿ​បែប​នេះ​​​កើតមាន​នៅ​ក្នុង ​បណ្តា​ប្រទេស​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ទាំង​អស់​​ ​តាម​រយៈ​​​ការ​និយាយ​​ត​​គ្នាពី​មាត់​មួយ​ទៅមាត់​មួយ​ និង​តាម​រយៈ​ភាព​យន្តរឿង​ខ្មោច​ផ្សេងៗ​(Friday 13 th)។ មិន​តែ​ប៉ុណ្ណោះ​ អគារ​​​ធំៗ​ខ្ពស់​ៗ​ជា​ច្រើន​កន្លែង​​​លើ​ពិភព​លោក​​ បែរ​ជា​មិនសូវ​មាន​​​ជាន់​ទី១៣​ទៅវិញ​​​ គឺ​មាន​ត្រឹម​​ជាន់​ទី១២​ ហើយ​ក៏​ ផ្លោះ​ទៅ​ដល់​ជាន់​ទី១៤​តែ​ម្តង​។ តែ​មនុស្ស​ភាគ​តិច​ណាស់​ដែល​បាន​ដឹង​ពី​ហេតុ​ផល​នៃ​រឿង​នេះ​ ហើយ​ក៏​មិន​សូ​វ​មាន​នរណា​ដឹង​ពី​អត្ថន័យ​ពិត​របស់​ថ្ងៃ​សុក្រ​ទី១៣ដែរ ថា​វា​​ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ខ្លាច ​ដូច​ពាក្យ​ចចាមអារាម​នេះ​ឬ​អត់?

​ប្រភព​នៃ​ជំនឿ​រឿង​ថ្ងៃ​សុក្រ​ទី១៣​នេះ ទាក់​ទង​ទៅ​នឹង​ជំនឿ​ដែល​ថា មាន​មនុស្ស​១៣​នាក់​ចូល​រួម​ទទួល​​ទាន​អាហារ​ថ្ងៃ​ចុង​ក្រោយ​ជាមួយ​ព្រះ​យេស៊ូគ្រិស្ត​(The Last Supper)មុន​នឹង​ព្រះ​អង្គ​ត្រូវ​នាំ​ខ្លួន​ទៅ​ចង​ស្នឹង​នៅ​លើ​​ឈើ​ឆ្កាង​​ក្នុង​​ថ្ងៃ​សុក្រ​ដ៏​បវរ​(Good​ Friday) ដោយ​មនុស្ស​មាន​ជំនឿ​តៗ​គ្នា​ តាំង​ពី​ពេល​នោះ​​មក​ថា ថ្ងៃ​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​មនុស្ស​១៣​នាក់​ បរិភោគ​អាហារ​រួម​​តុ​គ្នា​ ​អ្នក​ដែល​ក្រោក​​ចេញ​មុន​គេ​នោះ គឺ​ជា​មនុស្ស​ដំបូង​ដែល​ត្រូវ​ស្លាប់​។

នេះ​ចាត់​ទុក​​ជា​រឿង​​មួយ ​ដែល​មនុស្ស​ភាគ​ច្រើន​បាន​​ដឹង​ឮ​ ពី​ប្រភព​នៃ​​ការ​ជឿ​រឿង ​ថ្ងៃ​សុក្រ​ទី១៣​ ដែល​មើល​ទៅ​ដូច​ជា​មិន​ពាក់​ព័ន្ធ​អ្វី​នឹង​ហេតុ​​ផល​ដែលថា​​ មាន​ខ្មោច​ចេញ​មក​រាត​ត្បាត​លង​បន្លាច​មនុស្ស​លោក​ ឬ​ជីវិត​នឹង​ជួប​សំណាង​អាក្រក់​នៅ​ក្នុង​ថ្ងៃ​នេះ​ក៏​ទេ​ដែរ​។ តែ​ទោះ​ជឿ​ឬ​មិន​ជឿ​ គឺ​​អាស្រ័យ​ទៅ​​លើ​វិចារណញ្ញាណ​របស់​ម្នាក់ៗ​ ព្រោះ​​អ្នក​ស្រាវ​ជ្រាវ​​ផ្នែក​ចិត្ត​វិទ្យា​បាន​រក​ឃើញ​ថា អ្នក​ខ្លះ​ដែល​ច្រើន​តែ​ឈឺ​ ឬ​ជួប​គ្រោះ​ថ្នាក់​​នៅ​ក្នុង​ថ្ងៃ​សុក្រ​ទី១៣​នេះ គឺ​បណ្តាល​មក​ពី​អ្នក​នោះ​​​​មាន​អារម្មណ៍​រវើ​រវាយ​ និង​ភ័យ​ខ្លាច​​ជ្រុល​ពេក ​​រហូត​​កើត​ជា​ស្លន់​ស្លោ​ធ្វើ​អ្វី​មិន​ត្រូវ នៅពេល​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ប្រឈម​ក្នុង​ថ្ងៃ​គ្រោះ​អាក្រក់​ ឬ​ថ្ងៃ​អថ័ន​បែប​នេះ។

ត្រឡប់​មក​មើល​ប្រទេស​ថៃ ​ដែល​ជា​​ប្រទេស​ជិត​ខាង​របស់​យើង​វិញ​ ក៏​បាន​ទទួល​ឥទ្ធិពល​នៃ​ជំនឿ​នេះ​ដែរ​។ ប៉ុន្តែ​យុវវ័យ​ភាគ​ច្រើ​នបែរ​ជា​ចាត់​ទុក​ថ្ងៃ​សុក្រ​ទី​១៣​​នេះ ​ជា​ថ្ងៃ​​លេង​កម្សាន្ត​​ដ៏​សែន​សប្បាយ​រីក​រាយ​​ទៅវិញ​។ ពួក​គេ​តែង​យក​ថ្ងៃ​គ្រោះ​អាក្រក់​​នេះ​​​មក​បន្លាច​គ្នា​លេង​ តាម​រយៈ​ការ​ដើរ​កម្សាន្ត​ផ្សង​ព្រេង​នៅ​តាម​​សំណង់​បាក់​បែក​ ឬ​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល​ ឬ​កន្លែង​ដែល​ល្បី​ថា​​មាន​ខ្មោច​លង​សាហាវ​ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ​នៅតាម​ស្ថានីយ៍​វិទ្យុ​ និង​ទូរទស្សន៍​ផ្សេង​ៗ​ ក៏​មាន​ការ​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​​​អបិយ​ជំនឿ​រឿង​​វិញ្ញាណ​ មក​​ចែក​រម្លែក​​​បទ​ពិសោធន៍​របស់​ខ្លួន ​ដល់​ទស្សនិក​ជន​ដែរ​។ ក្រៅ​ពី​នេះ​​ នៅ​តាម​តំបន់​ទេសចរណ៍​ផ្សេង​ៗ​ ក៏​មាន​ការ​រៀប​ចំ​បោះ​ជំរុំ​​ ដោយ​​ឲ្យ​​អ្នក​ចូល​រួម​តែង​ខ្លួន​ធ្វើ​ខ្មោច ​​មក​ប្រកួត​ប្រជែង​គ្នា​យក​រង្វាន់​ទៀត​ផង​។

លេខ​១៣ មិន​មែន​​​សុទ្ធ​តែ​ជា​លេខ​គ្រោះ​អាក្រក់ ​សម្រាប់​ជន​ជាតិទាំង​អស់​​ នៅ​លើ​ពិភព​លោក​នោះទេ​ ព្រោះ​​​ជនជាតិ​អេស៊ីប​ជឿ​ថា​ លេខ​​១៣​ជា​លេខ​​នាំ​លាភ​​របស់​ពួក​គេ​។ តាមរយៈ​​​រឿង​និទាន​ក្នុង​សម័យ​​ផារ៉ាអុង ជឿ​​ថា ជីវិត​និងវិញ្ញាណ​មាន​​បែង​ចែក​ជា​​ជាន់​ ជា​ថ្នាក់​ គឺ​បែង​ចែក​ចេញ​​ជា​​១២​ថ្នាក់ ដោយ​ថ្នាក់​ទី១៣​នោះ​ ជា​ជីវិតដែល​អមតៈ​​ក្រោយ​ពេល​ស្លាប់។ ​​​ជំនឿ​នេះ​​ជា​កុសល​ឧបាយ​របស់​ជនជាតិ​អេស៊ីប​ដើម្បី​កុំ​ឲ្យ​មនុស្ស​មើល​ឃើញ​សេចក្តី​ស្លាប់ ​ថា​ជា​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ និង​គ្រប់​ជីវិត​ទាំង​អស់​មិន​អាច​គេច​​ផុត​ពី​សេចក្តី​ស្លាប់​បាន​ទេ​។

លេខ​១៣​ ជា​លេខ​អថ័ន​ ឬ​មិន​មែន​នោះ គ្មាន​នរណា​អាច​ពិសោធ​បាន​ទេ តែ​មនុស្ស​ភាគ​ច្រើន​មាត់​និយាយ​ថា​មិ​នជឿ តែ​បើ​ឲ្យ​ទៅ​ជួល​ផ្ទះ​ល្វែង​ ឬ​​ដេក​ក្នុង​សណ្ឋាគារ​ដែល​មាន​ជាន់​ទី១៣ ​នោះ ត្រឡប់​ជា​មិន​ហ៊ានទៅវិញ​ 😀 ​៕

Read Full Post »


ផ្កាយ​NoVeLs*– ដោយ​សារ​នេះ​ជា​រដូវ​កាល​ ហាឡូវីន (Halloween)​ ទើប​​មួយ​រយៈ​នេះ​ ខ្ញុំ​ចូល ចិត្ត​លើក​​យក​រឿងរ៉ាវ ​ដែល​ពាក់​ព័ន្ធ​​នឹង​ខ្មោច​-ខ្មោច​ មក​ចែក​រម្លែក​ដល់​បង​ប្អូន​ មិន​ថា​​ជា​​ខ្សែ​ភាព​យន្ត​ រឿងប្រឌិត​វែង​ខ្លី​ ឬ​បញ្ហា​​អបិយ​ជំនឿ​ផ្សេង​ៗនោះ​ទេ​​។ ចំណែក​រឿងដែល​ខ្ញុំ​នឹង​លើក​មក​និយាយ​នៅ​ថ្ងៃ​នេះ​ គឺ​ជា​​បញ្ហា​​ជំនឿ​​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ប៉ុណ្ណោះ​​ ដូច្នេះ​មុន​នឹង​អាន ឬ​ធ្វើ​ពិសោធ​ ​សូម​ប្រើ​វិចារណញ្ញាណ​ផង​។

 

វិធី​មើល​ឃើញ​ខ្មោច​៨យ៉ាង​

គ្រប់​វិធី​ទាំង​អស់​​ត្រូវ​ធ្វើ​នៅ​ចន្លោះ​​ពី​ម៉ោង ​​១០ ​ទៅ​​ម៉ោង​ ១២ ពាក់​កណ្តាល​អធ្រាត្រ​ និង​មិន​ត្រូវ​ឲ្យ​ហួស​​ពី​ពាក់​កណ្តាល​អធ្រាត្រ​ទេ​​ ព្រោះ​ចាត់​ទុក​ថាឆ្លង​ចូល​ថ្ងៃ​ថ្មី​​ហើយ​។ គ្រប់​វិធី​ហាម​ប្រើ​ព្រះ​ លើក​លែង​តែ​វិធី​ទី​៨​។ ថ្ងៃ​ដែល​ធ្វើ​ ហើយ​មាន​ឱកាស​​មើល​ឃើញ​ច្រើន​បំផុត​គឺ​ ថ្ងៃ​ពុធ​ និង​ថ្ងៃ​អាទិត្យ​។ មនុស្ស​ដែល​មាន​ឱកាស​បាន​​ឃើញ​​ងាយ​​បំផុត​គឺ​ អ្នក​ដែល​កើត​ថ្ងៃ ​ពុធ​ សុក្រ​ និង​ថ្ងៃ​អាទិត្យ​។ គ្រប់​វិធី​អាច​ឲ្យ​អ្នក​ផ្សេង​នៅ​ជា​មួយ​​ក៏​បាន លើក​លែង​វិធី​ដែល​បញ្ជាក់​ថា ត្រូវ​ធ្វើ​ម្នាក់​ឯង​។ គ្រប់​វិធី​ត្រូវ​បិទ​ភ្នែក​ បើ​​ប្តូរ​​ចិត្ត​​លែង​ចង់​ឃើញ​ ឲ្យ​យក​វត្ថុ​គ្រប់​យ៉ាង​ចេញ​ឲ្យ​អស់​​ ​ហើយ​​សឹម​បើក​ភ្នែក​។

  • វិធីទី១៖ ឈ្ងោក​​មើលតាមចន្លោះជើងទាំងពីរ

១. រើស​​ស្លឹក​ឈើ​ដែល​ជ្រុះ​ពី​ដើម​មួយ​ណា​ក៏​បាន​​ តែ​ត្រូវ​ប្រាកដ​ថា​ ជា​ស្លឹក​​របស់​ដើម​នោះ​ពិត​មែន​ និង​ជ្រុះ​មិន​ឆ្ងាយ​ពី​ដើមពេក​​ បើ​នៅ​ជិត​ឫស​កាន់​តែ​ល្អ​។

២. ឈរ​នៅ​កន្លែង​​ស្រឡះ​​ដែល​អាច​មើល​ឃើញ​ព្រះ​ចន្ទ​។​​ ​បែរ​មុខ​ទៅ​កាន់​ទិសខាង​កើត​​ ដើម្បី​ពេល​​​ឈ្ងោក​មុខចុះ​​ បាន​​បែរ​មុខ​ទៅ​​ទិស​ខាង​លិច​​។

៣. យក​ស្លឹក​ឈើ​ដែល​រើស​មក​នោះ ​ទុក​នៅ​​ក្នុង​​បាត​ដៃ​។ ចង់​ធ្វើ​ដៃ​បែប​ណា​ក៏​បាន តែ​ហាម​សំពះ​​ដាច់​ខាត​។

៤. បង្វិល​ខ្លួន​តាម​ទិស​ទ្រនិច​នាឡិកា​(បង្វិល​ទៅខាង​ឆ្វេង)យឺតៗ។ នៅ​ពេល​មក​ដល់​ចំណុច​ដើម​(ទិស​ខាង​​កើត​ដែល​បែរ​មុខ​​តាំង​ពី​ដំបូង​) ឲ្យ​ទន្ទេញ​ថា «​ពុទ្ធោធាយៈ» ចំនួន​បី​ចប់​ និង​ធ្វើ​ដដែល​ៗ​ចំនួន​​បី​ដង​។

៥. បិទ​ភ្នែក​នឹក​ទៅដល់​ស្លឹក​ឈើ​​នៅ​ក្នុងដៃ​ និង​ដើម​ឈើ​ម្ចាស់​ស្លឹក​ ហើយ​ឲ្យ​គិត​ថា​ ស្លឹក​ឈើ​នៅ​ក្នុង​ដៃ​ គឺ​ជា​ថាម​ពល​ម្យ៉ាង​ដែល​​អាច​​ហៅ​វិញ្ញាណ​មក​បាន​ ហើយ​ឲ្យ​​គិត​ទៀត​​ថា ស្លឹក​ឈើ​នេះ​បាន​ងាប់​ទៅ​ហើយ​ ទើប​ដាច់​ចេញ​ពី​ដើម​ ហេតុ​ដូច្នេះ​យើង​អាចទាក់​ទងនឹងវិញ្ញាណ​បាន​ ដូច​ដែល​​ទាក់​ទង​នឹងស្លឹក​ឈើ​​ងាប់​​​​​មួយ​នេះ​​ដែរ​។

៦. ឈ្ងោក​មុខ​ចុះ​យឺតៗ ​(ចន្លោះ​ពេល​នេះ​ហាម​បើក​ភ្នែក​ដាច់​ខាត)។ នៅពេល​ឈ្ងោក​រួច​​ និង​ត្រៀម​​ខ្លួន​​គ្រប់​​លក្ខណៈ​ហើយ​ ចូរ​តាំង​ស្មារតី​ឲ្យ​ល្អ​ រួច​បើក​ភ្នែក​។

៧. ខ្មោច​នឹង​ចេញ​មក​ឲ្យ​ឃើញ​។

»»» បើ​ឃើញ​អ្វី​ក៏​ដោយ​​ សូម​កុំ​រត់​ឲ្យ​សោះ ទោះ​​នៅ​ឆ្ងាយ​ ឬ​នៅ​ជិតកៀក​​​នឹងមុខ​​ក៏​ដោយ​ ​គឺ​ត្រូវ​ធ្វើ​តាម​​ការ​ណែ​នាំ​នេះ​សិន​៖

១. ងើប​មុខ​ឡើង រួច​បោះ​ស្លឹក​ឈើ​ចោល​ទៅ​ដី​។

២. បង្វិល​ខ្លួន​បញ្ច្រាស​ទិស​ទ្រនិច​នាឡិកា​ (គឺ​បង្វិល​​ត្រលប់​ទៅទិស​​ខាង​ស្តាំ​វិញ​​) ៣​ជុំ​ ដោយ​មិន​បាច់​​​សូត្រ​អ្វីទាំង​អស់​​។

៣.​នៅ​ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ​ ត្រូវ​លុប​មុខ​៣​ដង​ មុនលុប​​ត្រូវ​​ទន្ទេញ​ថា «​ពុទ្ធោ» ហើយ​ផ្លុំ​ខ្យល់​ចូល​ទឹក​​ ទើប​លុប​មុខ​តាម​ក្រោយ​​(ធ្វើ​បែប​នេះ​បី​ដង​)។

  • វិធីទី២៖ កាត់ក្រចកពេលយប់

សូម​បញ្ជាក់​ថា វិធី​នេះ​​ត្រូវ​ធ្វើ​ចន្លោះ​ពី​ម៉ោង​១០​ ដល់​​​ម៉ោង១២​យប់​​ ព្រោះ​មិន​ចង់​ឲ្យ​​យឺត​យ៉ាវ ឬ​ចូល​​ដល់​ថ្ងៃ​ថ្មី​។

១. កាត់​តែ​ក្រចក​ដៃ​ប៉ុណ្ណោះ ​ដោយ​​ចាប់​ផ្តើម​ពី​ដៃ​ខាង​​ស្តាំ​មក​មុន ហើយ​ផ្តើមកាត់​​ពី​​កូន​ដៃ​, មេដៃ​,​ ដៃ​នាង​, ចង្អុលដៃ​ និង​ ​ម្រាម​កណ្តាល​​ (គឺ​កាត់​ពី​ក្រៅ​ចូល​ក្នុង​រឿយ​ៗ​) ហើយ​ធ្វើ​បែប​នេះ​ដូច​គ្នា​នឹងដៃ​ខាង​ឆ្វេង​ដែរ​។

»»» ក្រចក​ដែល​កាត់​ហាម​ឲ្យ​ដាច់​ ឬ​បាក់​ឲ្យ​សោះ ត្រូវ​រក្សា​រាង​កោង​តាម​ទម្រង់​​ក្រចក​ បើ​មិន​ដូច្នោះ​​នឹង​មិន​បានផល​ទេ។

២.​ យក​កម្ទេច​​ក្រចក​ដែល​កាត់​​ហើយ​ ខ្ចប់​ក្នុង​កំណាត់​អ្វី​ក៏​បាន​ តែ​ត្រូវ​ជា​ពណ៌​ខ្មៅ​ និង​​ធ្លាប់​ប្រើ​ពី​មុន​មក​​(មិន​មែន​កំណាត់​ថ្មី)។

៣. យក​ក្រចក​​ដែល​ខ្ចប់​ហើយ​ ទៅ​ទុក​នៅ​ទិស​ខាងលិច​​នៃ​កន្លែង​ស្នាក់​នៅ​។

៤. នៅ​ពេល​ចូល​ដេក​មិន​យូរ​​ប៉ុន្មាន​ នឹង​មាន​គេ​​មក​កាត់​ក្រចក​​នៅ​ខាង​ចុង​ជើង ​ដែល​អ្នក​ដេក​ដោយ​​ឮ​សំឡេង ​កឹក! កឹក!… គឺ​ជា​សំឡេង​ដែល​គេកាត់​ក្រចក​យក​មក​សង​អ្នក​វិញ​។

៥​. បើ​ចង់​ឃើញ​ត្រូវ​បើក​ភ្នែក​ឡើង​ តែ​ហាម​ស្រែក​ឆោឡោ​​ឲ្យ​សោះ ព្រោះ​គេ​នឹង​ចាក​ចេញ​ទៅ​វិញ​ ហើយ​​អ្នក​ច្បាស់​ជាស៊យ​ធំ​មិន​ខាន (ព្រោះ​គេ​មក​ល្អ​ ដោយ​គិត​ថា ​យើង​យក​ក្រចក​ទៅដូរ ឬ​ទៅលេងជា​មួយ​​គេ​ ទើប​គេ​យក​របស់​គេ​​មក​ដូរ​វិញ​)។

៦​. នៅពេល​អ្នក​ភ្ញាក់​ក្នុង​ពេល​ព្រឹក​ សូម​ទៅកន្លែង​ដែល​អ្នក​យក​ក្រចក​​ទុក​ ហើយ​លា​កំណាត់​ចេញ​ នោះ​នឹងឃើញ​ក្រចក​របស់​អ្នក​ដទៃ​ ​ដែល​មិន​មែន​ជា​​របស់​អ្នក។

៧. សូម​និយាយ​ខ្សឹប​​ៗ​ថា «​អរគុណ» ហើយ​យក​ទៅ​កប់​ចោល​នៅ​កន្លែង​ណា​ក៏​បាន​ មិនចាំ​​បាច់​តែ​នៅ​កន្លែង​ស្នាក់​នៅ​​ទេ (តែ​ហាម​បោះ​ចោល ឬ​ដុត​ជាដាច់​ខាត)។

  • វិធីទី៣៖ បែរខ្នងដាក់កញ្ចក់ហើយលេបទឹកមាត់

វិធី​នេះ​ត្រូវធ្វើ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​និង​​ធ្វើ​ឲ្យ​បាន​មុន​ពាក់​កណ្តាល​អធ្រាត្រ​​៦​នាទី ដោយ​ប្រើ​នាឡិកា​​​ដែល​ខ្លួន​ឯង​ប្រើ​​ជាឧបករណ៍​វាស់​ ហើយ​អាច​ជ្រើស​រើស​ធ្វើ​នៅ​ក្នុង​​ផ្ទះ​ណា​មួយក៏​បាន​។

១. ឈរ​បែរ​ខ្នង​ដាក់​កញ្ចក់​(លើក​នេះ​ទិស​ណា​ក៏​បាន​) នៅ​ម៉ោង​១១ និង​ ៥៤​នាទី​យប់។

២. លេប​ទឹក​មាត់​ម្តង​រៀង​រាល់​មួយ​នាទី។

៣. លុះ​​គ្រប់​៦​នាទី បាន​ន័យ​ថា អ្នក​បាន​លេប​ទឹក​មាត់​ ៦​ដង​ ហើយ​ និង​ដល់​ពេល​ពាក់​កណ្តាល​អធ្រាត្រ​ល្មម​។

៤. បិទ​ភ្នែក​ ហើយ​ងាក​ទៅ​រក​កញ្ចក់​(ងាក​ទៅខាង​ឆ្វេង​ ឬ​ខាង​ស្តាំ​ក៏​បាន​ តែ​ត្រូវ​យឺតៗ​) ហើយ​លេប​ទឹក​មាត់​ម្តង​ទៀត​ គម្រប់​៧​ដង​ ហើយ​បើក​ភ្នែក នោះ​ខ្មោច​នឹង​ចេញ​មក​ឲ្យ​ឃើញ​។

៥. បើ​ចង់​បញ្ឈប់​ពិធី​ សូម​​បិទ​ភ្នែក ហើយ​លេប​ទឹក​មាត់​ម្តង​ទៀត​ ជា​ការ​បញ្ចប់​ពិធី។

  • វិធីទី៤៖ ផ្ទាត់គ្រាប់ក្បាច់គិតលេខពេលកណ្តាលអធ្រាត្រ

​គ្រាប់​ក្បាច់​គិត​លេខ​ដែល​ប្រើ ​គឺ​ប្រើ​តែ​​គ្រាប់​ដែល​នៅ​ក្នុងសង្កាត់​ ដែល​វែង​បំផុត​​ប៉ុណ្ណោះ​។ ត្រូវ​នៅ​ម្នាក់​ឯង​ ព្រោះ​​ត្រូវ​ប្រើ​សមាធិ​ខ្ពស់​ក្នុងការ​ផ្ទាត់​។

១. ដាក់​ឲ្យ​គ្រាប់​ក្បាច់​​​ទាំង​អស់​នៅ​​គ្រប់​ចុង​សង្កាត់​​ដែល​​បែរ​មក​រក​យើង​។

២. ​ផ្ទាត់​គ្រាប់​ក្បាច់​​ឡើង​​លើ ដោយ​ឲ្យ​គ្រាប់​ក្បាច់​ចេញ​ពី​ខ្លួន​យើង​ម្តង​មួយៗ ​(ត្រូវ​ប្រើ​សមាធិ​ខ្លាំង​ណាស់) ដោយ​ដេញ​តាំង​ពី​សង្កាត់​ដំបូង​ រហូត​ដល់​សង្កាត់​ចុង​ក្រោយ​។

៣. តាំង​សមាធិ​ឲ្យ​បាន​ល្អ​ ហើយ​ចាប់​​បញ្ឈរ​​​ស្នូក​ក្បាច់ ឲ្យ​គ្រាប់​ក្បាច់​​ទាំង​អស់​រត់​​ចុះ​មក​កន្លែង​ដើម​វិញ​។

៤. មើល​តាម​ចន្លោះ​ប្រហោង​ក្បាច់ ​​ក្នុង​សង្កាត់​ណា​មួយ​ក៏​បាន​ ពេល​នោះ​ខ្មោច​នឹង​ចេញ​មកឲ្យ​ឃើញ​។

៥. ក្រោយ​ពី​ធ្វើ​រួចរាល់​អស់​ហើយ​ ត្រូវ​គ្រវែង​ក្បាច់​គិត​លេខ​នោះ​ចោល​ភ្លាម​ៗ ហើយ​ហាម​យក​មក​ប្រើ​ទៀត​ដាច់​ខាត។

  • វិធីទី៥៖ យកមុងឃ្លុំក្បាលពេលកណ្តាលអធ្រាត្រ

១. យក​មុង​មក​គ្រប​ក្បាល​ ដោយ​បិទ​ភ្នែក​តាំង​ពី​មុន​ឃ្លុំ​។

២. ទន្ទេញ​ពាក្យ​ «​មៈ-អៈ-អុ» ៧​ចប់​ (កុំ​ភ្លេច​បិទ​ភ្នែក)។

៣. បើក​ភ្នែក ពេល​នោះ ខ្មោច​នឹង​ចេញ​មក​ឲ្យ​ឃើញ​។

  • វិធី​ទី​៦៖ ពាក់​អាវបញ្ច្រាស​ ហើយ​ដេក​​សំយ៉ុង​ក្បាល​

ត្រូវធ្វើ​ម្នាក់​ឯង​។

១. ពាក់​អាវ​​បញ្ច្រាស​ ដោយយក​ខាង​ក្រោយ​មក​ធ្វើ​ខាង​មុខ ​(បើ​អាវ​មាន​ឡេវ គឺ​ដាក់​ឡេវ​នៅ​​ខាង​ក្រោយ​)។

២. ដេក​លើ​គ្រែ​ដែល​ខ្ពស់​ជាង​​ដី​ ហើយ​សំយ៉ុង​ក្បាលចុះ​មើល​ (ដូច​ងើយ​មុខ)។

៣. បន្ទាប់​ពី​នោះ​ខ្មោច​នឹង​ចេញមក​ឲ្យ​ឃើញ​។

  • វិធីទី៧៖ ងើយមុខមើលត្រង់ជណ្តើរ

ត្រូវ​ធ្វើ​ម្នាក់​ឯង​។

១. អង្គុយ​លើ​ជណ្តើរ​ត្រង់​កាំ​លើ​គេ​ ហើយ​ចុះ​មក​ម្តង​មួយ​កាំ​ៗ​ទាំង​កំពុង​អង្គុយ​ (គឺ​ប្រើ​គូទ​ចុះ​ជណ្តើរ)។

២. នៅពេល​ដល់​កាំ​ចុង​ក្រោយ​ ឲ្យ​អង្គុយ​នៅ​កាំ​ក្រោម​នោះ​ដដែល​ រួច​​ងើយ​មុខ​សម្លឹង​ទៅ​មើល​​កាំ​ដែល​នៅ​ខាង​លើ​បំផុត​។

៣. ពេល​នោះ​ខ្មោច​នឹង​ចេញ​មក​ឲ្យ​ឃើញ​។

  • វិធី​ទី​៨៖ ពាក់​​ខ្សែ​ក​ព្រះ​ត្រលប់​ក្រោយ​

ត្រូវធ្វើ​ម្នាក់​ឯង​។

១. ពាក់​ខ្សែ​ក​ដោយ​ព្យួរ​បន្តោង​ព្រះ​ទៅ​ក្រោយ​ (ដាក់​ព្រះ​​ឲ្យ​ដូច​ពេល​ពាក់​ខាង​មុខ)។

២. លា​ដៃ​ឆ្វេង​ទៅម្ខាង​ ​ហើយ​ធ្វើ​​មុំ​​ដោយ​ដាក់​​កណ្តាប់​ដៃ​​បុក​ទៅ​លើ​ដី​ និង​​ឲ្យ​កែងដៃ​​បញ្ឈរ​​ឡើង​លើ​។

៣. ឆ្លុះ​មើល​តាម​ចន្លោះ​ប្រហោង​ដៃ​ នោះ​នឹងឃើញ​ខ្មោច​មិន​ខាន​៕

ហិហិ… បង​ប្អូន​ចង់​ឃើញ​ខ្មោច​ទេ? បើ​ចង់​ សាក​ល្បង​មើល​ទៅ! ពិសេស​អ្នក​ដែល​មិន​ជឿ​ថា​មាន​ខ្មោច។ តែ​សុំ​​រម្លឹក​មុន​ឲ្យ​ហើយ​ណ៎ា… បើ​មាន​បញ្ហា​អី អ្នក​និពន្ធ​វ័យ​ក្មេង​ មិន​ទទួល​ខុ​ស​ត្រូវទេ!! ហុហុ… 😀

Read Full Post »


ផ្កាយ​NoVeLs*– ថ្ងៃ​ទី ៣១ ​តុលា ជា​ថ្ងៃ​ដែល​ជន​ជាតិ​ ខេល​ ​(Celt) ជឿ​ថា ពិភព​របស់​​​មនុស្ស​ស្លាប់​​ និង​​​​មនុស្ស​រស់​​ត​ភ្ជាប់​គ្នា​ ហើយ​វិញ្ញាណ​របស់​អ្នក​ដែល​ស្លាប់​​​ក្នុង​ឆ្នាំ​កន្លង​មក​ នឹង​ដើរ​រក​​​រាង​កាយ​របស់​មនុស្ស​រស់​​​ដើម្បីចូល​សណ្ឋិត​។ ​នេះ​ជា​ជំនឿ​មួយ​​ដែល​នាំ​ឲ្យ​កើត​ ​ពិធី​បុណ្យ​ ហាឡូវីន​។ ដូច្នេះ​ដើម្បី​ដឹង​ថា ថ្ងៃ​ហាឡូវីន​ មាន​ន័យ​ដូច​ម្តេច​ និងប្រវត្តិ​យ៉ាង​ណា​នោះ​ សូម​អញ្ជើញ​តាម​ដាន​ទាំងអស់​គ្នា។

  • ពាក្យថា ហាឡូវីន Halloween

មនុស្ស​ភាគ​ច្រើន​​ចូលចិត្ត​ហៅ​ ថ្ងៃ​ហាឡូវីន ​ជាប់ៗ​​មាត់​ថា​ ថ្ងៃដោះលែងខ្មោច​។ ក្នុង​ថ្ងៃ​​​ដែល​ពោល​​មក​នេះ ​​​តែង​មាន​ការ​តុប​តែង​ផ្ទះ​សម្បែង​ ហាង​ទំនិញ ​​ដោយ​ដាក់​ផ្លែ​ល្ពៅ​​​ឆ្លាក់​​ជា​រូប​ខ្មោច​ ឬ​ប្រើ​វត្ថុ​​​ផ្សេង​ៗ​​ច្នៃ​ជា​រូប​ខ្មោច​ ឬ​គូរ​មុខ​​ខ្លួន​​ឯង​ឲ្យ​មានរូប​រាងដូច​ខ្មោច​ ដើម្បី​បង្ក​បរិយាកាស​រីក​រាយ​នៅ​ក្នុង​​ពិធី​បុណ្យ​កម្សាន្ត​។ ថ្ងៃ​ ហាឡូវីន​ មាន​ប្រវត្តិ​ដូច​ម្តេច​? ហើយ​ហេតុ​អ្វី​បាន​ជាហៅ​ដូច្នេះ​? រឿង​នេះ​គណៈ​កម្មការ​រៀប​ចំ​វចនានុក្រម​សាសនា​សាកល​​ បាន​​រៀប​រាប់​ពី​ប្រវត្តិ​របស់​ហាឡូវីន ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ត​ទៅ​នេះ​៖

នៅ​ក្នុង​សាសនា​​គ្រិស្ត​​និកាយ​កាតូលិក ពាក្យ​ថា Halloween ជា​ភាសា​​អង់​គ្លេស ​ក្លាយ​មក​ពី​ពាក្យ​​ All Hallows Evs ដែល​មាន​ន័យ​ថា មុន​ថ្ងៃ​ឆ្លង​​អ្នក​​មាន​បុណ្យ​ទាំង​ឡាយ​។ ពាក្យ​នេះ​​ត្រូវ​កាត់​ឲ្យ​នៅ​សល់​ខ្លី​​ដោយ​ប្រើ​វិធី​ Hallow + Eve = Halloween​ ។ ពាក្យ​ថា Hallow ជា​ពាក្យរបស់​ជនជាតិ​ដើម​អង់​គ្លេស​​(Ango-Saxon) មាន​ន័យ​ថាធ្វើ​ឲ្យ​ស័ក្តិ​សិទ្ធិ​​ ត្រូវ​នឹង​ភាសា​អាឡឺ​ម៉ង់​ថា heiligen តែ​បច្ចុប្បន្ន​គេ​និយម​​ប្រើ​​ពាក្យ​ដែល​ខ្ចី​​មក​ពី​ភាសាឡាតាំង​ថា sanctify។ ពាក្យ​ Hallow នៅ​មាន​ប្រើ​នៅ​ក្នុង​អត្ថបទ​អធិដ្ឋាន​ចាស់​ៗ​ ដូច​ជា​ Hallowed be thy Name (សូម​ព្រះ​នាម​ក្លាយ​ជា​ទី​សក្ការៈ)។

ពាក្យ​ Hallow អាច​ប្រែ​ន័យ​ផ្សេង​ៗ​បាន​ទៀត​ដូចជា​ វត្ថុ​ស័ក្តិ​សិទ្ធិ មនុស្ស​ស័ក្តិ​សិទ្ធិ​ ​ឬ​ អ្នក​មាន​បុណ្យ​។ ដូច្នេះ​ទើប​ពាក្យ​ All Hallowmas ប្រែ​ថា ថ្ងៃ​បុណ្យ​ឆ្លង​​អ្នក​មាន​បុណ្យទាំង​ឡាយ​។ ក្នុង​បច្ចុប្បន្ន​គេ​ប្រើ​ពាក្យ​ All Saints Day គូ​ជាមួយ​ពាក្យ​ Christmas ថ្ងៃ​បុណ្យ​ព្រះ​​គ្រិស្ត​ ​ឬ​ថ្ងៃ​​គ្រិស្ត​ម៉ាស​ នោះ​ឯង​។​ មុន​ថ្ងៃ​​គ្រិស្តម៉ាស​​ មាន​ Chrismas Eve ដែល​និយម​នាំ​គ្នា​ហៅ​ថា រាត្រីមុនថ្ងៃគ្រិស្តម៉ាស​។ មុន​ថ្ងៃ​ឆ្លង​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ ក៏​មាន​ All Hallowmas Eve​ ដែល​ក្រោយ​មក​កាត់​នៅ​សល់​ត្រឹម​ Halloween​ ដោយ​មាន​​ពិធី​បុណ្យ​កម្សាន្ត​រីក​រាយ​ និង​កម្មវិធី​បែប​សាសនា​​ ដូច​រាត្រី​ថ្ងៃ​គ្រីស្ត​ម៉ាស​ដែរ​​។ ជន​កាតូលិក​ទាំង​ឡាយ​បាន​​នាំ​គ្នា​លើក​កម្មវិធី​សាសនា ​​ទៅ​ប្រារព្ធ​ធ្វើ​នៅ​ក្រោយ​ ថ្ងៃ​ឆ្លង​​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ ហើយ​ហៅ​ថា​ ថ្ងៃវិញ្ញាណក្នុងដែនស្ងប់​ (All Souls Day) ដើម្បី​ជា​​គូ​នឹង​ថ្ងៃ​ឆ្លង​​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ (All Saints Day)។

ថ្ងៃ​​ឆ្លង​​អ្នក​មាន​បុណ្យ​​​ទាំង​ឡាយ​ បាន​​ផ្តើម​ប្រារព្ធ​ធ្វើ​ដំបូងដោយ ​​សន្តតិ​វង្ស​​ប៉ាប៉ា​ បូនីហ្វេស​​ទី៤ (Boniface IV គ.ស​ ៦០៨-​៦១៥) ដោយ​កំណត់​យក​ថ្ងៃទី​១៣​ឧសភា​​ រៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​គ.ស​ ៦១៣​មក​។ ដោយ​ហេតុ​ផល​ថា ថ្ងៃ​នោះ​ប៉ះ​លើ​ថ្ងៃ​បើក​ព្រះវិហារ​​ ភែន​ធីអាន់ (Pantheon) ដែល​ជា​ព្រះ​វិហារ​ថ្នាក់​ខ្ពស់​របស់ជនជាតិ​រ៉ូម៉ាំង​ ​ ហើយ​ចក្រពត្តិ​ ហ្វូកាស (Phocas) ប្រគល់​​​ទៅ​ឲ្យ​សាសនា​គ្រិស្ត ទើប​​ត​មក ​​សន្តតិវង្ស​​ប៉ាប៉ា គ្រីហ្គូរី​ ទី​៤ (Gregory IV​ ​គ.ស​ ៨២៧-៨៤៤)​ បាន​ប្តូរ​ទៅ​ថ្ងៃ​ទី​ ០១​ វិច្ឆិកា​ វិញ​ដោយ​ផ្តើម​ពី ​​​គ.ស​ ​៨៣៥ រៀង​​មក​។

ជន​កាតូលិក​ក្នុង​សម័យ​នោះ ​បាន​ចាត់​ទុក​ថ្ងៃ​ ហាឡូវីន​ ជាថ្ងៃ​សំខាន់​គូ​នឹង​ ថ្ងៃគ្រិស្ត​ម៉ាស​ និង ​ថ្ងៃ​​អ៊ីស្ទ័រ(Easter) ទើប​ពិធី​​ត្រូវ​ចាប់​ផ្តើម​​​មុន​​​។ ខណៈ​នោះ​កោះ​អង់​គ្លេស​ នៅ​ទទួល​អំណាច​ពី​​សន្តតិវង្ស​ប៉ាប៉ា​ ​នៅ​ឡើយ ទើប​ជនជាតិ​អង់គ្លេស​​ទទួល​យក​នយោបាយ​របស់​ សន្តតិវង្ស​ប៉ាប៉ា ​ទៅ​ប្រតិបត្តិ​តាម​។

  • ប្រវត្តិថ្ងៃហាឡូវីន Halloween

ថ្ងៃ​ទី​៣១ តុលា ជា​ថ្ងៃ​ដែល​ជន​ជាតិ​ ខេល (Celt) ដែល​​ជា​ជន​ជាតិ​ភាគ​តិច​មួយ​នៅ​កោះ​ Ireland ចាត់​ទុក​ថា ជា​ថ្ងៃ​ចុង​បញ្ចប់​នៃរដូវ​ក្តៅ​ ហើយ​ថ្ងៃបន្ទាប់​មកគឺ​ជាថ្ងៃ​ទី ០១​ វិច្ឆិកា​​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ដោយ​នៅ​ថ្ងៃ​ទី​ ៣១​ តុលា​ នេះ​ឯង​ ដែល​ជនជាតិ​ ខេល​ ជឿ​ថា ​​ជាថ្ងៃ​ដែល​ពិភព​របស់​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់​ត​ភ្ជាប់​គ្នា​ ហើយ​វិញ្ញាណ​របស់​អ្នកដែល​​​បាត់​បង់​ជីវិត​ក្នុងឆ្នាំ​កន្លង​មក ​នឹង​ដើរ​រក​រាង​កាយ​របស់​មនុស្ស​រស់​ដើម្បី​ចូល​សណ្ឋិត​​ ក្នុង​គោល​បំណង​មានជីវិត​រស់​​ម្តងទៀត​​។ ​ការ​នាំ​ភាព​ក្តៅ​ក្រហាយ​ដល់​មនុស្ស​រស់​ ធ្វើ​ឲ្យ​ពួក​គេ​ព្យាយាម​​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​កុំ​ឲ្យ​ខ្មោច​ចូល​មក​សណ្ឋិត​នៅ​ក្នុង​ខ្លួន​​។ ដូច្នេះ​ជន​ជាតិ​ ខេល​ ក៏​នាំ​គ្នា​បិទ​ភ្លើង​គ្រប់​ប្រភេទ​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ឲ្យ​អាកាស​ធាតុ​ប្រែ​ជា​រងា​ត្រជាក់​ ​​ ដែល​មិន​មែន​ជា​ទី​ប៉ង​ប្រាថ្នា​របស់​ពពួក​ខ្មោច​។ ក្រៅ​ពី​​នេះពួក​គេ​​នៅ​នាំ​គ្នា​តែង​ខ្លួន​ចម្លែក​ៗ​ បន្លំ​ខ្លួនធ្វើ​ជា​ខ្មោច​ និង​បន្លឺ​សំឡេង​លាន់​អ៊ឹក​ធឹក​ ដើម្បី​ឲ្យ​ខ្មោច​ពិត​ប្រាកដ​​ភ័យ​ខ្លាច ​ហើយ​រត់​គេច​ខ្លួន​ទៅ​វិញ​។

រឿង​ គោម​រូប​ផ្លែ​​ល្ពៅ​ Jack-O’-Lanterns ​ខ្លះ​​ មាន​និយាយ​ដល់​ថ្នាក់​​ ដុតមនុស្ស​ដែល​គិត​ថា​ខ្មោច​ចូល​សណ្ឋិត​ ​ឬ​អា​រ​ក​មាន់​ទាំង​រស់​ឲ្យ​ខ្មោច​ខ្លាច​ទៀត​ផង​។ តែ​នោះ​ជា​ហេតុ​ការណ៍​ដែល​កើត​ឡើង​តាំង​ពី​មុន​គ្រិស្ត​សករាជ​ដែល​ជំនឿ​រឿង​ខ្មោច​ព្រាយ​បិសាច ​នៅ​ចាក់​ឫស​​ជ្រៅ​​នៅ​ក្នុង​​ផ្នត់​គំនិត​មនុស្ស​។ ត​មក​​នៅ​សតវត្សរ៍​ដំបូង​នៃ​គ្រិស្ត​សក​រាជ​ ជន​ជាតិ​រ៉ូម៉ាំង​​បាន​ទទួល​ប្រពៃ​ណី​​ហាឡូវីន​ពី​ជន​ជាតិ​ ខេល​​ តែ​បាន​កាត់​ការ​ដុត​​រាង​កាយ​មនុស្ស​ដែល​ត្រូវ​ខ្មោច​ស​ណ្ឋិត​ចេញ ប្តូរ​មក​ដុត​ទីង​មោង​ជំនួស​វិញ​។ កាល​វេលា​កន្លងទៅ ជំនឿ​​​​​​​​រឿង​ខ្មោច​សណ្ឋិតក្នុង​រាង​កាយ​មនុស្ស​បាន​ថម​ថយ​ចុះ​ជា​លំដាប់​ ហាឡូ​វីន​ បាន​ក្លាយមក​​​ត្រឹម​ជា​ពិធីការ​ស្លៀក​ពាក់​​ជា​រូប​ខ្មោច មេមត់​ សត្វ​ចម្លែក ​តាម​តែ​​គំនិត​ច្នៃ​ប្រឌិត​​ម្នាក់ៗ​។ ប្រពៃ​ណី​ហាឡូ​វីន​ បាន​ធ្វើ​ដំណើរ​មក​​ដល់​សហរដ្ឋ​អាមេរិក​​ក្នុង​ទស​វត្ស​រ៍​ទី ១៨៤០​ តាម​រយៈ​ជន​ជាតិ ​​អៃ​រីស (Irish) ដែល​ភៀស​ខ្លួន​មក​​នៅ​អាមេរិក​។ ចំពោះ​ប្រពៃ​ណី​ Trick or Treat​ (ប្រែ​ថា លង​ ឬ​លៀង​​) វិញ ចាប់​ផ្តើម​មាន​នៅកំឡុង​​គ្រិស្ត​សតវត្សរ៍​​ទី៩ ដោយ​ជនជាតិ​អឺរ៉ុប​ដែល​ចាត់​ទុក​ថ្ងៃទី​ ០២​ វិច្ឆិកា​ ជា​ថ្ងៃ​ ‘All Souls’ ពួក​គេនឹងដើរស្រែក​សុំ «​នំសម្រាប់វិញ្ញាណ​» (Soul Cake) ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ដោយ​ជឿ​ថា ​កាន់​តែ​ឲ្យ​នំខេក​ច្រើន​ប៉ុណ្ណា​ វិញ្ញាណ​របស់​ញាតិ​​អ្នក​​បរិច្ចាគនឹង​​​​ទទួល​បាន​ផល​​បុណ្យ​​ ធ្វើ​ឲ្យ​មាន​ឱកាស​ឡើង​ឋាន​សួគ៌​​​​បាន​ច្រើន​ប៉ុណ្ណោះ​។

  • ការលេង​Trick or Treat

តាម​ផ្ទះ​ប្រជាកសិករ​ រឿង​និទាន​ដែល​ពាក់​ព័ន្ធ​នឹង​​ផ្លែ​ល្ពៅ​នោះ ជា​រឿង​ប្រជាប្រិយ​របស់​ជនជាតិ​ អៃរីស​ ដែល​និយាយ​ពីបុរស​ឈ្មោះ​ ជែក​(Jack) ​ជា​អ្នក​​លេង​សៀក​កំពូលប្រមឹក​។ ថ្ងៃ​មួយ​គាត់​​បាន​បោក​បញ្ឆោត​ឲ្យ​​​បិសាច​ឡើងទៅ​លើ​ដើម​ឈើ​ ហើយ​ក៏​គូស​សញ្ញា​​ខ្វែង​លេខ​បូក​នៅ​នឹង​គល់​ឈើ​​ ធ្វើ​ឲ្យ​បិសាច​​នោះ​មិន​អាច​ចុះ​មក​បាន​។ បន្ទាប់​មក​ទៀត​ គេបាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​បិសាច​ «​ឈប់​នាំ​រឿង​មិន​ល្អ​មក​លង​បន្លាច​គេ​ទៀត!» ហើយ​គេ​​ក៏​ឲ្យ​ខ្មោច​ចុះ​ពី​ដើម​ឈើ​វិញ​។ នៅពេល ​ជែក ​ស្លាប់ គេ​បដិសេធ​មិន​​ឡើង​ឋានសួគ៌​ ទន្ទឹម​នឹង​នេះ​ក៏​​បដិសេធ​មិ​នចុះ​នរកដែរ​​ ទើប​បិសាច​ប្រគល់​ធ្យូង ដែល​កំពុង​ឆេះ​គគុក​ដល់​គេ​ដើម្បី​យក​ទុក​​បំបាត់​ភាព​រងា​​​កណ្តាល​ភព​​ងងឹត​ ហើយ​ ជែក ​បាន​យក​ធ្យូង​នេះ​ទៅដាក់ក្នុង​មើម​​ស្ពៃ ​Turnip ដែល​ចោះ​ឲ្យ​ប្រហោង​ ដើម្បី​ឲ្យ​ភ្លើង​ឆេះ​បាន​​កាន់​តែ​យូរ​។

ហេតុ​ដូច្នេះ​ទើប​ជន​ជាតិ​ អៃ​រីស ឆ្លាក់​​មើម​​ស្ពៃ​ Turnip ហើយ​ដាក់​ភ្លើង​នៅ​ខាង​ក្នុង​ ដែល​ជា​និម្មិត​សញ្ញា​មួយ​ នៅ​ក្នុង​ថ្ងៃ​ហាឡូវីន ​ជា​ការ​​រម្លឹក​ដល់​ការ​បញ្ឈប់​អំពើ​អាក្រក់​​ Trick or Treat​ ដើម្បី​បញ្ជូ​ន​ផល​បុណ្យ​​ទៅ​ឲ្យ​​ញាតិ​មិត្ត​ដែល​បានចែក​ឋានទៅ និង​ពិធី​ខាង​សាសនា ​ដើម្បី​​ធ្វើ​បុណ្យ​ថ្ងៃ​ឆ្នាំ​ថ្មី។​ តែ​នៅ​ពេល​មាន​​ពិធី​ឆ្លង​ ថ្ងៃ​ហាឡូវីន​នៅ​សហរដ្ឋ​អាមេរិក​ ជន​ជាតិ​អាមេរិក​ឃើញ​ថា ផ្លែ​ល្ពៅ​​ងាយ​រក​ជាង ​​មើម​ស្ពៃ​ Turnip​ ខ្លាំង​ណាស់​ ទើប​នាំ​គ្នា​ប្តូរ​មក​ប្រើ​ផ្លែ​ល្ពៅ​ជំនួសវិញ​​។

ប្រពៃ​ណី​ trick or treat​ នៅ​សហរដ្ឋ​អាមេរិក ​គឺ​ជា​ល្បែង​លេង​មួយ​បែប ​ដែល​ក្មេង​ៗ​តែង​តែ​ទន្ទឹង​រង់​ចាំ​។ នៅ​ថ្ងៃ​ហាឡូវីន តាម​ផ្ទះ​នីមួយៗនឹង​តុប​តែង​ដោយ​ភ្លើង​គោម​​ផ្លែ​ល្ពៅ​ និង​រូប​ទីងមោង​ចំបើង​ដែល​ជា​​​ផ្នែក​មួយ​នៃ​បុណ្យ​ប្រមូល​ផល​ (Harvest)។ ក្នុង​ពេល​ជាមួយ​គ្នា​នោះដែរ តាម​ផ្ទះ​នីមួយ​ៗ​នឹង​ត្រៀ​ម​នំ​ដែល​ធ្វើ​ជា​រាងគ្រាប់​ពោត​ពណ៌​ស ​លឿង ​ទឹក​ក្រូច ​លើ​​គ្រាប់​តែ​មួយ​​​ហៅ​ថា Corn Candy និងនំ​ផ្សេងៗ​ទៀត ទន្ទឹង​​រង់​ចាំ​។ ចំណែក​ក្មេង​ៗ​នៅ​តាម​ភូមិ ​ក៏​នាំគ្នា​តែង​ខ្លួនប្លែក​ៗ​ (fancy) ជា​ខ្មោច​ព្រាយ​​បិសាច      ​ម​ក​គោះ​ទ្វារ​​​តាម​ផ្ទះ​ ដោយ​សង្កត់​ធ្ងន់​​លើ​​ផ្ទះ ​ដែល​មាន​គោម​ផ្លែ​ល្ពៅ​​តុប​តែង​ (ព្រោះ​មាន​ន័យ​​ជាទូទៅថា ស្វាគមន៍​​​ពួក​គេ​) ព្រម​ទាំង​សួរ​ថា​ trick or treat? ម្ចាស់​ផ្ទះ​មានសិទ្ធិ​ឆ្លើយ​ treat ដោយ​ការ​ព្រម​ចុះចាញ់​​ប្រគល់​នំ​ទៅ​ឲ្យ​ពួក​ខ្មោច​ព្រាយ​(កូន​ក្មេង​)​ទាំង​នោះ ទំនង​ក្នុង​ន័យ​​ថា ពិត​ជា​គួរ​ឲ្យ​ខ្លាច​មែន។ ឬ​ជ្រើស​រើស​ឆ្លើយ​ trick ដើម្បីផ្គើន​​ដាក់​ពួក​ខ្មោច​ទាំង​នោះ​ឲ្យ​សម្តែង​ឫទ្ធិ​ ដូច​ជា​ ​លៀន​អណ្តាត​ ធ្លាក់​គ្រាប់​ភ្នែក លង​បន្លាច​​ រហូតដល់​ការវាយ​បំផ្លាញ​​របស់​របរ​​​តូច​តាច​ ហើយ​អាច​បញ្ចប់​ដោយ​ការ​ ​ treat ក្មេង​ៗ​ឲ្យ​ញ៉ាំ​នំ​​នៅ​ទីបំផុត​។​

ស្រាវ​ជ្រាវ​ និង​ ប្រែ​សម្រួល​ដោយ​ ផ្កាយ​NoVeLs*

http://en.wikipedia.org/wiki/Halloween

http://www.halloween-adventure.com/

Read Full Post »

Older Posts »