Feeds:
ប្រកាស
មតិ

Archive for the ‘ទស្សនៈសង្គម’ Category


ដំបូងឡើយ ខ្ញុំគ្រាន់តែគិតថា នាងគឺជាក្មេងស្រីឆ្លាត គួរឲ្យស្រឡាញ់ តែនរណាទៅដឹងថា ភាពឆ្លាតរបស់នាងពោរពេញទៅដោយល្បិច ឯភាពគួរឲ្យស្រឡាញ់របស់នាងពោរពេញទៅដោយពិសពុល…។

ពីមុន ខ្ញុំធ្លាប់ប្រើពាក្យពិសពុល សម្រាប់ហៅជំពូកមនុស្សដែលចូលចិត្តធ្វើខ្លួនឲ្យគេស្រឡាញ់ ធ្វើចរិតឃ្យូតៗ សុភាពរម្យទម ចូលចិត្តឈឺឆ្អាល ជួយយកអាសារអ្នកដទៃ ឬក៏ធ្វើខ្លួនកម្សត់គួរឲ្យអាណិត តែការពិតពិសពុលខ្លាំងជាងពិសពស់ទៅទៀត។

ឥឡូវ ពាក្យពិសពុលរបស់ខ្ញុំ ស្រាប់តែមាននិយមន័យថ្មីមួយបន្ថែមទៀត។ នោះគឺសម្រាប់ហៅក្មេងស្រីសម្តីផ្អែម រៀនបានខ្ពង់ខ្ពស់ រសនិយមទាន់សម័យ តែសម្តីសម្តៅលាបដោយទឹកឃ្មុំពិស។ ពិសពុលរបៀបនាង គឺជាពិសពុលភេទញី!

Read Full Post »


Thai Drama_Archphkai ផ្កាយ​NoVeLs*– យូរ​ក្រែល​ដែរ​ហើយ​ដែល​រឿងភាគ​ថៃ​ចាប់​ផ្តើម​វាយ​លុក​ទីផ្សារ​ភាព​យន្ត​ខ្មែរ​ជា​បណ្តើរៗ​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​កញ្ជះ​ថៃមួយ​នោះ​។ គេ​សង្កេត​ឃើញថា តាំង​ពី​ប៉ុស្តិ៍​នោះ​ឈប់​ផ្សាយ​រឿង​ថៃ​មួយ​រយៈ​ធំ​មក ស្ថានីយ​ទូរទស្សន៍​ដែលធ្លាប់​តែ​ល្បីដាច់​គេ​កាល​ពី​​ជំនាន់​មុន ​ស្ទើរ​តែ​ដាំ​ក្បាល​ដួល​ម្តងៗ​ទៅ​ហើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ​ តាំង​ពី​ចាប់​ផ្តើម​ដាក់​ផ្សាយ​រឿង​ភាគ​ថៃ​ជា​បណ្តើរ​ៗ​មក គេ​សង្កេត​ឃើញ​ថា​ប៉ុស្តិ៍​ដែល​ស្ងាត់​ច្រៀប​ដូច​ចោរ​លួច​សេះ​មួយ​នេះ​ ស្រាប់​តែ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ទាក់​ទង​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ខ្លួន ​​យ៉ាង​ព្រោង​ព្រាត​។

មាន​រឿង​សម្ងាត់​មួយ​(ហាម​ប្រាប់​អ្នកណា! 😀 ) យប់​មិញ​ក្រោយ​ពី​ចប់​រឿង «ស្អែកនៅតែ​ស្នេហ៍» ដែលខ្ញុំ​ធ្លាប់​មើល​ជា​វ៉័រសឹន​ថៃ​ចប់​ម្តង​ហើយ​នោះ ពេល​ចុច​បិទ​ទូរទស្សន៍​ស្រាប់តែ​ខ្ញុំ​នៅ​តែ​ឮ​សំឡេង​ចម្រៀង​អម​របស់​រឿង​នេះ​លាន់​ឡើង​ចេញ​ពី​ផ្ទះ​អ្នក​ជិត​ខាង។ ព្រះជា​ម្ចាស់!!! (ខ្ញុំ​ប្រហោង​ពោះធ្លុង) នេះ​បានន័យ​ថា មិន​មែន​តែ​ខ្ញុំ​ទេ ដែល​បើក​ប៉ុស្តិ៍​នេះ​មើល​រឿងថៃ?(Sic) ហើយ​ខ្ញុំ​គិតថា ភាព​យន្ត​ខ្មែរ​នឹង​ដាំ​ក្បាល​ចុះ​ជា​ថ្មី បើ​គុណ​ភាព​នៅ​តែ​គ្មាន​អ្វី ប្រែ​ប្រួល​ដូច្នេះ​។

គួរ​រម្លឹក​ថា សូម្បី​តែ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះ​បាទ​នរោត្តម​សីហនុ​ ក៏​ធ្លាប់​មាន​ព្រះ​រាជឱ​ង្ការថា រឿង​ភាគ​ថៃ​ជា​រឿង​ពាលាមាន​តែ​ស្រី​វ៉ៃ​គ្នា​ដណ្តើម​ប្រុស​ ពុំ​គួរណាប្រជាជន​ខ្មែរ​​នាំ​គ្នា​ទស្សនា​សោះ​​ឡើយ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​លើក​យក​ចំណុច​ឆ្កួតៗ​ឡប់​ៗ​របស់​រឿងថៃ​ដប់​ចំណុច​​មក​បង្ហាញ​ ដើម្បីបញ្ជាក់​ថារឿង​ថៃ​គ្មាន​អ្វី​ល្អ​មើល​ឡើយ​ ក្រៅ​ពី​ផ្តល់​គំរូ​អាក្រក់​ដល់​សង្គម​ខ្មែរ​ និង​ប្រជា​ជន​ថៃ​ផ្ទាល់​។ បើ​ផលិត​ករ​ភាព​យន្ត​ខ្មែរ​ចេះ​អភិវឌ្ឍគុណភាព​ស្នាដៃ​របស់​ខ្លួន​​តែ​បន្តិច កុន​ខ្មែរ​នឹង​មាន​ប្រៀប​លើ​ថៃ​យ៉ាង​ប្រាកដ។

Archphkai_Thai Drama

១. ផ្តើម​រឿង​ដោយ​តួ​ឯក​ប្រុស​ តួឯក​ស្រី​មិន​ត្រូវ​គ្នា​

អាច​​ថា​​នេះ​ជា​ឆាកកេរ​ពី​ដូន​តា​ក៏ថា​បាន​ ព្រោះ​សាច់​រឿង​បែប​នេះ​មានស្ទើរ​តែ​គ្រប់​រឿង​ មិន​ដឹង​ថា​​មិន​ត្រូវ​គ្នា​តាំង​ពីជាតិ​ណា ចេញ​ឡើង​មិន​ដែល​ឃើញ​តួឯក​ត្រូវ​គ្នា​ ស្រាប់​តែ​ចុង​បញ្ចប់​ត្រឡប់​ជា​ស្រឡាញ់​គ្នា​ឆ្កុយ!
២. តួ​ច្រណែន​ឈ្នានីស​ត្រូវ​តែ​ផាត់​មុខ​ឲ្យ​ក្រាស់ៗ​

នេះ​ជាលក្ខណៈ​ពិសេស​​របស់​តួឆ្នាស់ថៃ​ ដែល​តួ​ត្រូវ​តែ​ផាត់​មុខ​ក្រាស់ៗ គូរ​​រោម​ចិញ្ចើម​បះ​ឆ្កឺតៗ​​ រោម​ភ្នែក​ងៗ​ ផាត់​ក្រែម​ក្រហម​ដិតៗ​ ហើយ​ចូលចិត្ត​ស្រែក​ឡូឡាស្ទើរ​បែក​ក្រដាស​ត្រចៀក។

៣. ឆាក​វ៉ៃ​គ្នា​ដណ្តើម​ប្រុស​

ឆាក​នេះ​មាន​ច្រើន​លើស​ឆាក​ស្នេហាទៅ​ទៀត​ ដោយ​ភាគ​ច្រើន​អ្ន​កដែល​ត្រូវ​គេវ៉ៃ​គឺ​តួឯកស្រី​​ ដែល​ទន់​ជ្រាយ​ហើយ​​បើ​និយាយ​ពី ស្លូត​នោះគឺ​ស្លូត​ហួស ស្ទើរ​តែ​រក​មនុស្ស​ក្នុង​លោក​នេះ​ប្រដូច​គ្មាន​។

៤. ឆាក​ចាប់​រំលោភ​

ឆាក​នេះ​ជួប​ច្រើន​នៅ​ក្នុង​រឿង​ភាគ​ថៃ​ ជា​ពិសេស​ពេល​ដែល​តួ​ឯក​ប្រុស​ខឹង​តួ​ឯក​ស្រី​ខ្លាំង​ពេក​ គ្មាន​អ្វី​ដោះ​ស្រាយ​ក៏​ធ្វើ​បែប​នេះ​។ រួច​បន្ទាប់​ពី​នោះ​តួស្រី​ក៏​ចាប់​ផ្តើម​មាន​អាការៈ​ក្អួត​ចង្អោរ​ចាញ់​កូ​ន​ភ្លាម​។

៥. តួឯកតែង​តែ​ល្ងង់

ទោះ​បី​ជា​តួ​ឯក​ប្រុស​រៀន​ចប់​បណ្ឌិត​ ឬ​​រៀន​ខ្ពស់​កម្រិត​ណាក៏​ដោយ​ ឲ្យ​តែ​តួឆ្នាស់​និយាយ​​ផ្លុំ​ត្រចៀក​បន្តិច​ គឺជឿ​ស្លុង​ដោយ​គ្មាន​ហេតុ​ផល​ បើ​ទោះ​បី​ជាមាន​ការ​ពន្យល់​បក​ស្រាយ​​ពី​តួ​ឯកស្រី ឪពុកម្តាយ​ ឬ​តួនានា។ បើ​មាន​តួស្រី​បន្លំ​ខ្លួ​ន​ជា​ប្រុស​ តួ​ឯក​ប្រុស​ជា​អ្នក​ដែល​មើល​ដឹង​ក្រោយ​គេបំផុត​(ល្ងង់​រកលេខ​ដាក់​គ្មាន)។ Lakhorn Thai_Archphkai ៦. តួឆ្នាស់​តែង​តែ​ឆ្កួត​នៅ​ចុង​បញ្ចប់

ចុង​បញ្ចប់​តួ​ឆ្នាស់​ត្រូវ​តែ​ឆ្កួត ឬ​ពេលខ្លះ​ក៏​មាន​ស្លាប់​ ឬ​ត្រឡប់​មក​ជា​ល្អ​វិញ​ដែរ តែ​មិន​ដែល​បាន​ឃើញ​តួ​ឆ្នាស់​បាន​សង​នូវ​អ្វីដែលខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក​សោះ​។

៧. «យើង​ជា​នរណា?» សំណួរ​ប្រចាំ​ត្រកូលរបស់​តួឆ្នាស់

តួឆ្នាស់​ចូលចិត្ត​​សួរ​​​ថា «នាង​ដឹង​ទេថា​យើង​ជា​នរណា??» បន្ទាប់​ពី​នោះ ក៏​ស្រែក​ជំទាល​ស្ទើរ​បែក​ក្រដាស​ត្រចៀក ឬ​ក៏​យក​ស្បែក​ជើង​កែង​វាយ​ប្រកាប់​ប្រចាក់​គ្នា​រញ្ជួយ​ផែនដី។

៨. តួឯក​តែង​តែ​ត្រចៀកស

តួ​ឯក​ទាំង​ប្រុស​ទាំង​ស្រី​តែង​តែ​ជឿ ឬ​ស្តាប់​ពាក្យ​ញុះ​ញង់​របស់​តួ​ឆ្នាស់​ជា​និច្ច​ ដែល​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ពួកគេ​តែ​ង​តែ​ប្រេះ​ឆា​​ជា​ច្រើន​លើក​ច្រើន​សា។

៩. អ្នក​មាន​ជា​អ្នក​ក្រ អ្នក​ក្រ​ជា​អ្នក​មាន​

បើ​តួ​ឯក​ជា​កូន​អ្នក​ក្រី​ក្រ​តោកយ៉ាក កុំ​បារម្ភ​ឲ្យ​សោះ​ មិន​យូរ​មិន​ឆាប់​គេ​នឹងរក​ឃើញ​ថា ការ​ពិត​គេ/នាង​​ជាកូន​សេដ្ឋី​ដែល​ឆ្មប ឬ​តួ​ខូច​ចាប់​ពង្រត់​ទៅ។

១០. ស្រីចាប់​រំលោភ​ប្រុស​

រឿង​ដែល​តួ​ស្រី​ចាប់​រំលោភ​ប្រុសអាច​កម្រ​ឃើញ​នៅ​ក្នុង​រឿង​ប្រទេស​នានា​​ តែ​ក្នុង​រឿង​ភាគ​​ថៃ​ រឿង​ដប់​ស្ទើរ​តែ​មាន​ប្រាំ​បីក្នុង​នោះ​។ តួ​ឯក​ប្រុស​តែងតែ​ត្រូវ​តួ​ឆ្នាស់ចាប់​​បង្អក​ស្រា ឬ​​លប​លួច​ដាក់ថ្នាំ​ បើ​ចាប់​រំលោភ​មិន​បាន​សម្រេច​ យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​តួ​ឯកស្រី យល់​ច្រឡំដែរ​៕

Read Full Post »


សួង ម៉ាក់៖ កុំ​គិត​ថា​ ទៅ​សិក្សា​នៅ​ឡាវ​ខ្លាច​អត់​ការងារ​ធ្វើ

និស្សិត​ខ្មែរ​ភាគ​ច្រើន​មិន​ចង់​បាន អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ស្មើ​ ឬ​ទាប​ជាង​​​កម្ពុជានោះ​​ទេ​ ដោយ​គេ​គិត​ថា​សញ្ញាប័ត្រ​ចេញ​ពី​ប្រទេស​នោះ​នឹង​មិន​សូវ​មាន​តម្លៃ​ នាំ​ឲ្យ​ពិបាក​រក​ការងារ​ធ្វើ។ ប៉ុន្តែ​យុវជន​ សួង​ ម៉ាក់ ​អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ ទើប​ត្រឡប់​មក​ដល់​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​​ពី​ចំណាយ​ពេល​សិក្សា​អក្សរ​សាស្ត្រ​ឡាវ​ នៅ​សាកល​វិទ្យាល័យ​ជាតិ​ឡាវ​ (National University of Laos) អស់​រយៈពេល​៥​ឆ្នាំ​បាន​ច្រានចោល​ទស្សនៈ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ តើ​សញ្ញាប័ត្រ​មក​ពី​ប្រទេស​ឡាវ​​អាច​ឲ្យ ​សួង​ ម៉ាក់ ​រក​បាន​ការងារ​អ្វី​ធ្វើ​ហើយ ឬ​នៅ? ថ្ងៃ​នេះ​ គេហទំព័រ​ Sabay​ បាន​សាក​សួរ​យុវជន​រូប​នេះ​ ដែល​មាន​ក្នុង​បទ​សម្ភាសន៍​ដូច​តទៅ៖

Sabay៖ តើ​ ម៉ាក់​ ដឹង​ដំណឹង​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដោយរបៀប​​ណា? ហើយ​ធ្វើ​ម៉េច​ទើប​ទទួល​បាន​អាហារូបករណ៍​នេះ?
សួង ម៉ាក់៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​កន្លែង​ផ្ដល់​ដំណឹង​ទាក់​ទង​នឹង​អាហារូបករណ៍។ ខ្ញុំ​ដឹង​ដំណឹង​អាហារូបករណ៍​នេះ​ពី​មិត្ត​ខ្ញុំ​មក។

ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ ​និស្សិត​ត្រូវ​​ប្រឡង​លើ​មុខ​វិជ្ជា​ពីរ​វិញ្ញាសា​ គឺ​​អក្សរ​សាស្ត្រ​ខ្មែរ​ និង​​ចំណេះ​ដឹង​វប្បធម៌​ទូ​ទៅ។ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​របស់​យើង​ជា​អ្នក​រៀប​ចំ​ ដោយ​​ជ្រើស​រើស​តែ​៦​នាក់​ទេ​ ហើយ​អ្នក​ជាប់​ត្រូវ​រៀន​អក្សរ​សាស្ត្រ​ឡាវ​​ កាល​នោះ។ បច្ចុប្បន្ន​ក្រសួង​រើស​ដល់​ទៅ​​១០​នាក់​ ហើយ​បេក្ខជន​​អាច​ជ្រើស​រើស​រៀន​ សេដ្ឋកិច្ច​ គណនេយ្យ​ វិស្វករ​ ឬ​កុំព្យូទ័រ​បាន​ តែ​​ក្រសួង​ក៏​បាន​បន្ថែម​មុខ​វិជ្ជា​ប្រឡង​ដែរ​ ដូច​ជា​ គណិតវិទ្យា និង​ភាសា​អង់គ្លេស​ជា​ដើម។

Sabay៖ មុន​ពេល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ តើ​ ម៉ាក់​ កំពុង​ធ្វើ​អ្វី?
សួង ម៉ាក់៖ ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​ឆ្នាំ​ទី​មួយ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រួច​ទៅ​ហើយ​ ដូច្នេះ​អាហារូបករណ៍​នោះ ​គឺ​ត្រូវ​នឹង​ជំនាញ​ខ្ញុំ​ស្រាប់។

Sabay៖ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ ខណៈ​និស្សិត​ជា​ច្រើន​ប្រាថ្នា​ចង់​​ទៅ​សិក្សា​នៅ​ប្រទេស​អភិវឌ្ឍ​ច្រើន​ជាង?
សួង​ ម៉ាក់៖ តាម​ពិត​ទៅ​ ខ្ញុំ​ស្រឡាញ់​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ដែល​ខ្ញុំ​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ណាស់​ ប៉ុន្តែ​ដោយសារ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​រ៉ាប់​រង​​ការ​ចាយ​វាយ​ផ្សេង​ៗ​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នោះ​តែ​ម្ដង​ ដើម្បី​បន្ធូរ​បន្ទុក​ក្នុង​គ្រួសារ​ខ្ញុំ ​ឯ​ខេត្ត​កំពង់​ចាម។

Sabay៖ តើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ឡាវ​​យ៉ាង​ម៉េច​ដែរ? 
សួង ម៉ាក៖ នៅ​ប្រទេស​លាវ ​និស្សិត​បរទេស​ត្រូវ​រៀន​៦​ឆ្នាំ​ ដោយ​រាប់​ទាំង​រៀន​​ត្រៀម​​ភាសា​លាវ​មួយ​ឆ្នាំ​ផង​ ព្រោះ​បរិញ្ញាបត្រ​នៅ​ស្រុក​ឡាវ​​ និស្សិត​ត្រូវ​រៀន​៥​ឆ្នាំ។ បច្ចុប្បន្ន​ ឡាវ​បាន​ប្ដូរ​មក​រៀន​៤​ឆ្នាំ​ដូច​ខ្មែរ​ដែរ​ ដូច្នេះ​និស្សិត​ដែល​ទៅ​​រៀន​នៅ​ទី​នោះ​ ត្រូវ​រៀន​តែ​៥​ឆ្នាំ​ រាប់​ទាំង​រៀន​ត្រៀម​ភាសា​ឡាវ​ផង។

Sabay៖ ចុះ​សម្រាប់​ការ​រស់​នៅ​ប្រទេស​ឡាវ​​វិញ​ មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ?
សួង​ ម៉ាក់៖ នៅ​ប្រទេស​ឡាវ​ ប្រជាជន​រួសរាយ​រាក់​ទាក់​ និង​មាន​ប្រពៃណី​ របៀប​របប​រស់​នៅ​ដូច​ខ្មែរ​យើង​ដែរ​ ហើយ​សន្តិសុខ​ទៀត​សោត​ក៏​ល្អ​ ដូច្នេះ​ខ្ញុំ​អាច​សម្រប​ខ្លួន​រស់​នៅ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ទី​នោះ។

Sabay៖ ក្រោយ​ពី​ត្រឡប់​មក​ពី​ឡាវ​​វិញ​ តើ​ជំនាញ​ដែល​រៀន​នៅ​ទី​នោះ​ជួយ​ធ្វើ​ឲ្យ​ ម៉ាក់​ ស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​ទេ?
សួង ម៉ាក់៖ ជំនាញ​ដែល​ខ្ញុំ​សិក្សា​នៅ​ប្រទេស​ឡាវ​​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ណាស់។ ពេល​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​ ខ្ញុំ​ត្រូវ​បាន​គេ​ទាក់​ទង​ផ្ដល់​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ភ្លែត។ បច្ចុប្បន្ន​ ខ្ញុំ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ O | Orange ដែល​ផ្ដល់​សេវា​រៀប​ចំ​កម្ម​វិធី​ ទទួល​ថត​ស្ពត​ ថត​កុន​ខ្នាត​ខ្លី ឬ​ចម្រៀង​ជា​ដើម​ ក្នុង​តួនាទី​ជា​ Copywriter។ ខ្ញុំ​បាន​ប្រើ​ប្រាស់​ភាសា​ឡាវ​​ សម្រាប់​បក​ប្រែក​ឯកសារ​​ផ្សេង​ៗ​ជា​ភាសា​ថៃ​ ក្នុង​កិច្ច​ការងារ​បច្ចុប្បន្ន​របស់​ខ្ញុំ។

Sabay៖ ចុះ​បើ​និស្សិត​ខ្មែរ​ណា​ចង់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដូច​អ្នក​ដែរ​ តើ​អ្នក​មាន​អ្វី​ជា​ការ​ណែ​នាំ​ទេ?

សួង ម៉ាក់៖ ខ្ញុំ​​មិន​​មាន​បទ​ពិសោធន៍​ ចំពោះ​​ការ​ដាក់​ពាក្យ​សុំ អាហារូបករណ៍ ​ទៅ​សិក្សា​សហរដ្ឋ​អាមេរិក នោះ​ទេ​ ប៉ុន្តែ​ជា​យោបល់​រួម​របស់​ខ្ញុំ​ អាហារូបករណ៍​ទៅ​ប្រទេស​ណា​ក៏​ដោយ​ សាមី​ខ្លួន​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ​​ខ្លួន​ឯង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ហើយ ​ឬ​នៅ​ ដើម្បី​ដាក់​អាហារូបករណ៍​នោះ។ បើ​មិន​ទាន់​មាន​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។ នៅ​ពេល​​ពង្រឹង​សមត្ថភាព​បាន​គ្រប់​គ្រាន់​ហើយ​(3.00/4.00 GPA, 6-6.5 IELTS, 550-570​TOEFL) និង​ជឿ​ជាក់​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ ទោះ​ជា​អាហារូបករណ៍​ប្រទេស​ណា​ក៏​ដោយ​ នឹង​មិន​ជា​ការ​ពិបាក​ទេ។

ចំពោះ​អាហារូបករណ៍​ទៅ​ប្រទេស​ឡាវ​ក៏​ដូច​គ្នា។ ដំបូង​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​លើ​អ្វី​ដែល​ក្រសួង​ត្រូវ​ការ។ មុខ​វិជ្ជា​ណា​ដែល​​ក្រសួង​តម្រូវ​ឲ្យ​ប្រឡង​ ត្រូវ​​ខិត​ខំ​រៀន​ ​រម្លឹក​ និង​ស្វែង​យល់​​ពី​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​ ឬ​ស្វះ​ស្វែង​រក​វិញ្ញា​សា​ដែល​ធ្លាប់​ប្រឡង​ចេញ​ឆ្នាំ​មុន​ៗ ដើម្បី​ត្រៀម​ខ្លួន​​បាន​កាន់​តែ​ងាយ​ស្រួល​។ នៅ​ពេល​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​ហើយ​ និង​ជឿ​ជាក់​ថា​ ខ្លួន​ឯង​ពិត​ជា​អាច​​ធ្វើ​បាន​ អ្វី​ៗ​នឹង​ដំណើរ​​ការ​យ៉ាង​ស្រួល៕

អត្ថបទ៖ មាស រ័ត្ន

ប្រភព៖ http://news.sabay.com.kh/articles/436623

 

Read Full Post »


មែនហើយ ភ្លេចៗខ្លួន តាមពិតខ្ញុំបានចូលអានក្នុងប្លក់របស់បង ប្រហែលមួយឆ្នាំហើយ! «ប្លក់​អាចម៍​​ផ្កាយ» ជា​ប្លក់​មួយ​ដំបូង​គេដែលខ្ញុំបានស្គាល់ ក្នុងបណ្តាញទំនាក់ទំនងសង្គម វ៉ឺត​ប្រែស។ ខ្ញុំ​បាន​ស្គាល់​ប្លក់របស់បងដំបូង គឺតាម​រយៈ​កាសែត​ក្នុង​ស្រុកមួយដែលគេបានចុះផ្សាយថា «និស្សិតខ្មែរ​វ័យ​ក្មេង​នៅ​ឡាវកំពុង​ប្រើប្រលោមលោករិះគន់សង្គម»។ អាន​អត្ថបទ​កាសែត​​នោះដំបូង គឺខ្ញុំចង់សរសើរបងដែល​បាន​ខិតខំសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សាដល់ឡាវ។ ទី​ពីរ​គឺ​ពេញ​ចិត្តនឹងអត្ថបទដកស្រង់ ពីរឿង «ទេពច្យុតិ» ។ «ទេពច្យុតិ» ជាចំណងជើងរឿងមួយដែលពិតជាពីរោះខ្លាំងណាស់! អត្ថបទរឿងខ្លី ដែល​ដកស្រង់នោះ​ទៀតសោត​ គឺអ្វីឲ្យខ្ញុំចម្លែក​មែនទែន តួអង្គមិនមែនជាមនុស្ស។ ខ្ញុំអានផងឆ្ងល់ផង ដល់​អាន​យូរៗទៅទើបដឹងថាបងចង់សំដៅលើអ្វី! ក្នុងអត្ថបទកាសែតនោះ គេមានបង្ហាញពីគេហទំព័រ របស់​បងផងដែរ (https://archphkai.wordpress.com)​​​ ដូច្នេះហើយទើបខ្ញុំបានស្គាល់។ ពេលខ្ញុំអាន អត្ថបទកាសែតនោះចប់ភ្លាម ខ្ញុំ​ក៏​បាន​សាកល្បងចូលក្នុងប្លក់របស់បងសាកមើល។

មិនខុសចិត្តឡើយ គ្រាន់តែចូលភ្លាមឃើញមានប្រកាសរឿងជាច្រើន ដែលចំណងជើងសុទ្ធតែ​ចាប់អារម្មណ៍ គួរ​ឲ្យ​ចង់​អាន​។​ ក្នុង​ពេលនោះខ្ញុំបានគិតក្នុងចិត្តថា ហេសហេ តែប៉ុណ្ណេះផ្អែមមាត់ហើយ ហាហាហា កំពុង​តែ​ចូល​ចិត្ត​អាន​រឿង​ផង ដល់​ចូល​មកប៉ះប្លក់ប្រលោមលោកទៀត ហេសហេ ចាំមើល អានឲ្យ​អស់!! កាលណុងអរណាស់ គឺ​អរ​ដល់​ថ្នាក់​ដូច​ពាក្យ​កំប្លែង​ដែល​គេនិយាយតគ្នាថា នេះពិតជារក អុស ប្រទះចង្រ្កានហ្គាស​​ពិតមែន​។  ក្នុង​​យប់ដែលខ្ញុំបានចូលមើលដំបូងនោះ គឹ​ជា​ថ្ងៃ​ដែលបងប្រកាស​រឿង​ខ្មោច។ ហ៊ឹស! ចូល​មក​មើល​ដំបូង​បាន​រឿងខ្មោចស្វាគមន៍ ហេសហេ ចង់បះសក់ដែលហ្នឹងណា គឺ​បះ​សក់នឹងរូបភាពខ្មោចតែម្តង ដ្បិត​មិន​ទាន់​បានអានសាច់រឿងពេញក៏ដោយ។ តាម​ពិត​រូប​ភាព​មួយ​នោះ​អាក្រក់​ខ្លាំង​ណាស់​ ខ្ញុំ​ចង​ចាំ​មក​ដល់​ឥឡូវ តែមិនចាំថាជារឿងអ្វីទេ។ កាលនោះពិតជាភ្ញាក់ខ្លាំងមែនទែន ខ្ញុំ​អានកណ្តាលអធ្រាត យប់​ស្ងាត់​ បិទ​​ភ្លើងងងឹតឈឹង អូសចុះ ហើយអូសចុះទៀតៗៗ ដើម្បីអាន មិន​នឹក​ស្មាន​ថាមានរូបថតខ្មោច អី​អាក្រក់​បែប​នេះទេ ភ្ញាក់​ព្រោះមិនដែលបានត្រៀមចិត្ត ម្យ៉ាង​មិន​ដែល​គិត​ថា​ប្លក់​នេះ ប្រកាស​រឿង​ខ្មោច​អម​ដោយ​រូប​ភាពសោះ ខ្ញុំ​ភ្ញាក់​ព្រើត​ឡើង​ចង់គ្រវែងទូរស័ព្ទចោល (និយាយ​មែន​ទែន​គ្មានបំភ្លើស​ទេ)។ ហាហាហា ដឹង​ទេខ្ញុំខ្លាច រូបភាពក្នុងរឿងនោះណាស់ តែ​ក៏​ចង់មើលដែរ ដូច្នេះ​ខ្ញុំ​បានយកដៃម្ខាងបិទ​ភ្នែក ហើយ​អូស​ចុះ​តិចៗ លបមើលយឺតៗម្តងទៀត ហាហាហា តែ​ការ​ព្យាយាម​​លប​មើល លើកទីពីរនេះ​ ក៏​នៅ​តែ​ភ្ញាក់​ដដែល ទ្រាំមិនបានក៏ចូលដេកហ្មង​ទៅ តែ​ពោះ​នៅ​បុក​ភឹបៗ​នៅ​ឡើយ​ទេ!! ចាប់​​តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម ចូលអានរឿងក្នុងប្លក់ របស់បងជាប្រចាំរហូត មកដល់សព្វថ្ងៃ!   ជាក់​ស្តែង​មក​ដល់​ឥឡូវ​អាន​​បាន​ច្រើនគួរសមហើយ តែបើទំនេរនឹងស្វែងរកមកអានបន្តថែមទៀត!

ក្នុងពេលមួយរយៈ ដែលខ្ញុំបានចូលអាន ក្នុងប្លក់របស់បង គឺខ្ញុំពេញចិត្តនឹង ស្នាដៃ​និពន្ធ​រឿង​របស់​បង​ណាស់ ពេញ​ចិត្ត​ស្ទើរ​គ្រប់រឿងតែម្តង ពិសេសគឺប្រភេទរឿងខ្លី តែថាទៅវែងក៏ចូលចិត្តដែរ ដូចជារឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និង​រឿង «ប្រស្នាឃាតកម្ម» អីជាដើម!  មាន​អត្ថបទ​រឿង​ខ្លះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កម្សត់​ ចូលតួ ស្រក់ទឹកភ្នែក  និង​អត្ថ​បទ​ខ្លះ​រំភើប​ផង​ដែរ គឺមានគ្រប់រសជាតិនៃជីវិត។ ប្លក់​របស់​បង​មាន​បាវចនារបស់​ខ្លួន​ថា «បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​» ឬ «បង្រៀន​លោកអ្នកឲ្យចេះ សរសេររឿងខ្លី និងប្រលោមលោក ដើម្បីឲ្យលោកអ្នកត្រៀមខ្លួនក្លាយជាអ្នកនិពន្ធ»​  ដូច្នេះ​ពិសេស​​​ណាស់​សម្រាប់ អ្នក​ណា​ដែលមានបំណងចង់ក្លាយខ្លួនជាអ្នកនិពន្ធ គឺប្លក់របស់បង នឹង​ក្លាយ​ជា​ចំណែក​មួយ​ដើម្បី​ជួយ​​ពួកគេ។ សូម្បីតែខ្ញុំដែលមិនចេះ និងមិនសូវចូលចិត្តសរសេរអ្វីសោះនោះឡើយ ដល់ឥឡូវបានផ្លាស់ប្តូរ បើចង់ត្រឹម សរសេរ​អត្ថបទលេងៗមួយទំព័រ ឬ​ពីរទំព័រអី ស្លាប់ហើយ គឺស្រួលល្ហុយ ហូរដូចទឹក ហាហាហា (តែ​មិន​ធានា​ថា​សរសេរ​ហើយ​ បងអានយល់ឬអត់នោះទេ ហាហាហា) 😉 ។

និយាយដោយស្មោះត្រង់ តាំង​តែ​ពីខ្ញុំចូលអានប្លក់បងមក គឺពិតជាចេះដឹងច្រើនគួរសមមែន មាន​ទាំង​វិធីសាស្ត្រ​តែងនិពន្ធ វិធី​ធ្វើម្ហូប ចំណេះដឹងទូទៅផ្សេងៗ និងជីវៈប្រវត្តិ បំនិនជីវិតផ្ទាល់ខ្លួនរបស់បង  (ហេស​ហេពិសេសគឺរឿងស្នេហា ហា​ហា​ហា) 😛 ។ អត្ថបទរឿងភាគច្រើនដែលខ្ញុំបានអាន គឺ​ខ្ញុំ​តែង​តែ​បញ្ចេញ​មតិ ព្រោះ​ខ្ញុំ​យល់​ថា​មតិ​នេះ​ហើយ គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត​ដល់​បង​ដែល​បាន​ខិត​ខំ​ចំណាយ​ពេល ដ៏មានតម្លែ របស់​បង​មក​សរសេរ និងយកមកប្រកាស ចែក​ជូន​អ្នក​គ្រប់គ្នាអានដោយសេរី (តែ​អត្ថបទមួយចំនួន ​ខ្ញុំ​ប​អាន​ហើយ តែក៏មិនបានបញ្ចេញជាមតិក៏មានដែល ព្រោះ​ពេល​ខ្លះ​ គឺ​ខ្ញុំ​ក្តៀន​យោបល់​ដែរ)។ ខ្ញុំ​យល់​ពី​ចិត្ត​របស់​ម្ចាស់​ប្លក់​គ្រប់គ្នាថា បើមានគេចូលអានច្រើន ឬបញ្ចេញមតិច្រើន នោះ​គឺ​បង​នឹងមានទឹកចិត្តក្នុងការសរសេរ​ឬ​ប្រកាសរឿងថ្មីជាបន្តបន្ទាប់ ដោយគ្មានគិតការនឿយហត់អ្វីឡើយ ទោះ​ជា​តម្រូវ​ឲ្យ​បង​ សរសេរ​រឿង​ដល់​យប់​ជ្រៅ ដល់ថ្នាក់ភ្នែករូង និងខ្មៅភ្នែកដូចខ្លាឃ្មុំ Panda (លែង​សង្ហា) ក៏ដោយ ហាហាហា។ យូនីកូត ក៏​​ជា​ចំណេះដឹងដែលខ្ញុំចេះដោយសារតែប្លក់នេះដែរ កាល​មុន​ចេះ​តែ​ហ្វុន​លីម៉ូនទេ។ ឆ្លៀត​ក្នុង​ពេល​នេះ​ផង​ដែរ ខ្ញុំ​ក៏​ចង់​សុំ​ទោស​បងផងដែរ ព្រោះរយៈពេលដែលកន្លងមក មតិរបស់ខ្ញុំដែលបានបញ្ចេញ គឺពិតជា មាន​កំហុស​ខាង​អក្ខរា​វិរុទ្ធ​ខ្លាំង​ណាស់ តែបងតែងតែជួយកែតម្រូវ និងនៅតែអនុញ្ញាត ទទូល​យក​នូវ​រាល់​មតិ​របស់ខ្ញុំ! សូមទោសផងដែរ រាល់​មតិ​ទាំង​ឡាយ​ណា ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់អារម្មណ៍របស់បង ព្រោះ​ជួន​កាលជាការលេងសើចជ្រុល និង​ជួន​កាល​ជា​ការ​ប្រើ​ពាក្យ​ឆ្គាំ​ឆ្គង  តែ​សូមជម្រាបដោយស្មោះត្រង់ថា ខ្ញុំ​ពិត​ជាគ្មានចេតនាទេ។

ជា​ចុងក្រោយ សូមជូនពរឲ្យបងផ្កាយ មានសុខភាពល្អ បញ្ញាវាង​វៃ រូបរាងកាន់តែសង្ហារ ជីវិត​ស្រស់​​ថ្លា មានសំណាងល្អ (ពិសេស​គឺរឿងស្នេហា)  😀 ។ សូមឲ្យប្លក់របស់បងក្លាយជាប្លក់មួយដែល ទទួល​បាន​នូវការគាំទ្រកាន់តែខ្លាំង ពី​សំណាក់​អ្នក​អានជារៀងដរាប។

***សំណូមពរពិសេសពីខ្ញុំ និងមិត្តអ្នកអាន គឺចង់ឃើញបងសប្បាយចិត្ត និងញញឹម។ សូម​ញញឹម​ដូច​ថ្ងៃ​ដែល​ពួក​យើង​បាន​ជួបគ្នា គឺពិតជាពិសេសក្រៃលែងណាស់ ចង់បានតែប៉ុណ្ណឹងទេ លែង​ចង់​បាន​អីទៀតហើយ! ពេលឃើញបងពិបាកចិត្ត ពួក​ខ្ញុំក៏មិនសប្បាយចិត្តដែរ!

ភ្នំពេញ, ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១២

ពីមិត្តអ្នកអានសំណប់

P.S: បងផ្កាយអ្ហើយ តាមពិតខ្ញុំធ្លាប់សរសេអត្ថបទបែបនេះផ្ញើទៅបងម្តងតាំងពីរយូរហើយ តែ​កាល​ហ្នុង​មិន ដឹងម៉េចទេ ប្រហែល​ខ្ញុំ​សែវ​មិន​បានត្រឹមត្រូវ បិទ​កំព្យូទ័រ ដល់បើកមកអត់ឃើញមានអ្វីសោះ គឺ​អត់​ជាប់ (ភ្លាមៗនោះខ្ជិលសរសេរឡើងវិញណាស់) នេះ​ទើប​តែ​នឹក​ឃើញ​សរសេរឡើង វិញសាថ្មីទេ បើ​មាន​ទាស់​ខុសអ្វី សុំអភ័យទោសផង ព្រោះមិនបានត្រួតពិនិត្យអីច្រើនទេ ឥឡូវងងុយហើយ!! អរគុណ​បង    :-D​

1:25 am

Read Full Post »


កំពង់ស្ពឺៈ ចៅ​ក្រម​តុលាការ​ខេត្ត​កំពង់​ស្ពឺ មាន​គម្រោង​ចុះ​ទៅ​ជួប​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier ជន​ជាតិ​បារាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង

លោក Laurent Vallier កាល​នៅ​មាន​ជី​វិត

លោក Laurent Vallier កាល​នៅ​មាន​ជី​វិត

​ខេត្ត​កំពង់ចាម ប៉ុន្តែ​មន្រ្តី​តុលាការ​ដែល​កាន់​សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បាន​កំណត់​កាល ​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​។

លោក ឆែម រិទ្ធី ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​ជា​ថ្មី​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ បាន​ឲ្យ​ដឹង​ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថ្មី​ពី​ក្រុម​ស៊ើប​អង្កេត​ បារាំង​ដែល​បាន​ចុះ​មក​ស្រុក​ខ្មែរ​ដើម្បី​អង្កេត​ករណី​ការ​ស្លាប់​របស់​លោក Laurent Vallier នៅ​ឡើយ​ទេ​។

លោក​ថ្លែង​បន្ត​ថា​៖«​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថ្មី​ណា​មួយ​ពី​ ក្រុម​ស៊ើប​អង្កេត​បារាំង​ដែល​បាន​ចុះ​មក​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​នៅ​ ឡើយ​ប៉ុន្តែ​ខ្ញុំ ក៏​មាន​គម្រោង​ចុះ​ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ណា​មួយ​ដើម្បី​ជួប​ បុរស​ដែល​ជា​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier»​។

លោក ឆែម រិទ្ធី បាន​ថ្លែង​បន្ត​ថា​លោក​មិន​ស្គាល់​ឈ្មោះ​បុរស​នោះ​ទេ ប៉ុន្តែ​ដឹង​ថា គាត់​ជា​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​។

លោក​ថ្លែង​បន្ត​ថា​៖«​ខ្ញុំ មិន​មាន​ព័ត៌មាន​ច្រើន​ពាក់​ព័ន្ធ​នឹង​ប្អូន​ថ្លៃ​របស់​ជន​រង​គ្រោះ​នេះ​ទេ សូម្បី​តែ​ឈ្មោះ​ក៏​មិន​ស្គាល់​ដែរ​។ ខ្ញុំ នឹង​ទៅ​ជួប​គាត់​សាក​សួរ​ក្នុង​នាម គាត់​ជា​សាក្សី​ក្នុង​ករណី​នេះ។ ខ្ញុំ មិន​ដឹង​ថា​តើ​នៅ​ពេល​ណា​ខ្ញុំ​ទៅ​ទី​នោះ​ទេ ព្រោះ​ខ្ញុំ រវល់​កិច្ច​ការ​ច្រើន​ណាស់»។

សាក​សព​បុរស​ជាតិ​បារាំង​ពោះម៉ាយ Vallier និង​កូន​តូច​៤​នាក់​របស់​លោក ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​រថយន្ត SUV ដែល​លិច​ទឹក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១២ រយៈ​ពេល​៤​ខែ ក្រោយ​ការ​បាត់​ខ្លួន​ចុង​ក្រោយ​។ កាល​ពី​ចុង​ខែ​មុន​ក្រុម​អ្នក​ស៊ើប​អង្កេត​សម្រេច​ថា ការ​ស្លាប់​ជា​អំពើ​ឃាតកម្ម​មិន​មែន​អត្តឃាត​នោះ​ទេ​។

អ្នក​ស៊ើប​អង្កេត​បារាំង និង​កម្ពុជា​មួយ​ក្រុម​បាន​ច្រាន​ចោល​ការ​ធ្វើ​អត្តឃាត ដោយ​សារ​តែ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក Laurent Vallier។

លទ្ធផល​រក​ឃើញ​ក្នុង​ការ​សាក​សួរ​ចុង​ក្រោយ​បំផុត ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ក្រោម​ការ​ឃ្លាំ​មើល​ពី​ចៅ​ក្រម​ស៊ើប​សួរ​បារាំង​លោក​ស្រី Claudine Enfoux បាន​ច្រាន​ចោល​ការ​ស៊ើប​អង្កេត​បឋម​មួយ​ដែល​គេ​បាន​ធ្វើ​កាល​ពី​ខែ​មករា​ដែល ​ថា លោក Vallier វ័យ​៤២​ឆ្នាំ បាន​សម្លាប់​ខ្លួន​និង​កូន​របស់​លោក ដោយ​បើក​ឡាន​ចូល​ក្នុង​ស្រះ​ទឹក​មាន​ជម្រៅ​៩​ម៉ែត្រ ទំនង​មក​ពី​មាន​បញ្ហា​ហិរញ្ញវត្ថុ​។

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ បាន​សរសេរ​ថា​៖«​ដោយ​សារ​តែ​កិច្ច​សហការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជា​ប្រចាំ​ការ​ដោះ​ដូរ​ឯកសារ​និង​សកម្មភាព​នីតិវិធី​ផ្សេងៗ​ពាក់​ព័ន្ធ​ នឹង​ករណី​នេះ ការ​ស្រាវ​ជ្រាវ​តាម​លក្ខណៈ​ជឿន​លឿន ព្រម​ទាំង​សវនាការ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​យ៉ាង​ប្រាកដ​ដែល​នាំ​ឲ្យ​មាន​ ការ​រក​ឃើញ​ចំណុច​សំខាន់ៗ ដែល​កំពុង​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​ធ្វើ​អត្តឃាត​»៕ NR

ប្រភព​៖ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ចេញ​ផ្សាយ​ថ្ងៃ​ទី ០២ មេសា ២០១៣

»»»អាន​អត្ថបទ​ទាក់​ទង​

Read Full Post »


ផ្កាយ​NoVeLs*– ថ្ងៃ​ទី​ ០១​ មេសា​ គឺ​ជា​ថ្ងៃ​លើក​លែង​​ពិសេស​មួយ​​ ព្រោះ​នរណា​ៗក៏​អាច​លេង​សើច​ ឬ​លេង​ភូត​កុហក​​ជាមួយ​​សមាជិក​​នៅ​ក្នុងគ្រួសារ​ អ្នក​ជិត​ខាង មិត្ត​រួម​ការងារ​ មិត្ត​ភក្តិ​ស្និទ្ធ​ស្នាល​ ឬ​សូម្បី​តែ​សត្រូវ​​ក៏​អាច​លេង​​បាន​ដែរ ដោយ​គ្មាន​​នរណា​មក​​​ចាប់​​ទោស​អូសដំណើរ​ ឬ​ខឹង​ថ្នាំ​ង​ថ្នាក់​នឹង​គ្នា​អ្វីទេ​ ​មិន​ថា​ការ​លេង​​​សរសេរ​ក្រដាស​​យក​ទៅ​បិទ​នឹងខ្នង​នរណា​ម្នាក់​ដាក់​​​​ថា «​សូម​អញ្ជើញ​ទាត់​មួយ​សេរី!»​ ឬ​ក៏​លេង​ភូត​ភរ​បោក​​កុហក​​​ផ្សេងៗ​ទៀត​​ក៏​មិន​មាន​បញ្ហា​​ទាំង​អស់​។

ចុះ​នៅ​រង់​ចាំ​អី​ទៀត?!! 😀

  • ប្រវត្ថិ​មិន​ច្បាស់​ការ​

​​ទោះ​បី​ជា​​អ្នក​​ជំនាញ​ការ​ផ្នែក​ខែ​មេសា​ មាន​ទស្សនៈ​យល់​ឃើញ​មិន​សូវ​ស្រប​គ្នាក៏​ដោយ​​ តែ​ភាគ​ច្រើន​ជឿ​ថា ​ថ្ងៃ​ភូ​ត​កុហក​ ឬ​ដែល​បារាំង​ហៅ​ថា April Fool’s Day​ នេះ​មាន​ដើម​កំណើត​មុន​គេ​​​នៅ​​ប្រទេស​បារាំ​ង​តាំង​​ពី​​គ្រិស្ត​សតវត្ស​ទី​១៦​ម្ល៉េះ​​​។ នៅពេល​ព្រះ​អង្គម្ចាស់​សន្តិវង្ស​​​ប៉ាប៉ា​ក្រេ​កហ្គូរី​ទី​១៣​ (Pope Gregory the 13th) បាន​ចេញ​ព្រះរាជ​បញ្ជា​​ឲ្យ​ប្រារព្ធ​ធ្វើ​ពិធី​​ឆ្លង​ឆ្នាំ​ថ្មី​​នៅ​ក្នុង​ថ្ងៃ​ទី ០១​ មករា​ ជំនួស​ប្រពៃ​ណី​ដើម​ដែល​តែង​ប្រារព្ធ​ធ្វើ​នៅ​​​ចុង​ខែ​មីនា​​​​​។ ចំពោះ​​អ្នក​ដែល​មិន​បាន​ប្រតិបត្តិ​តាម​ប្រតិទិន​ថ្មី​​នេះ​​នឹង​ត្រូវ​ហៅ​ថា «​​ហ្វូង​ត្រី​ខែ​មេសា​»​ (ពួក​​អឺ​រ៉ុប​ប្រៀប​ធៀប​មនុស្ស​ល្ងង់​ខ្លៅ​​ទៅ​នឹង​សត្វ​ត្រី​)​។ ​មាន​អ្ន​ក​ដែល​ដឹង​ពីរឿង​នេះ​​មួយ​ក្រុម​ទៀត​​បាន​អះអាង​ថា ថ្ងៃ​ភូត​កុហក​​មាន​ដើម​កំណើត​មក​ពី​​ពិធី​បុណ្យ​ក្នុង​រដូវ​កាល​​ផ្ការីក​នា​​សម័យ​បុរាណ​ ដែល​មាន​ការ​លេង​សើច​នឹង​​គ្នា​បែបអាក្រក់​អាក្រី​បំផុត​។​

ថ្ងៃ​ភូត​កុហក​នៅ​លាវ​(…)

រង់​ចាំ​អាន​បន្ត​វគ្គ​ក្រោយ​… 😛

Read Full Post »


130326_05

កូន​កាត់​ខ្មែរ​ទាំង ​៤​ នាក់​របស់​លោក​ Laurent Vallier នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​នៅ​រស់​។ រូបថត សហ​ការី

កំពង់​ស្ពឺៈ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​​​មាន​ការ​បង្ហាញ​ពី​លទ្ធ​ផលនៃ​ការ​​ស៊ើប​អង្កេត​ ឡើង​វិញ​​រួម​គ្នា ​​រវាង​សមត្ថ​កិច្ច​កម្ពុជា​‑​បារាំង​​​​ដែល​បាន​បង្ហា​ញ​ថា ការ​ស្លាប់​​ដ៏​អាថ៌កំបាំង របស់​បុរស​បា​រាំង​​លោក​ Laurent Valli​​e​r និង​កូន​កាត់​ខ្មែរ​ ៤ នាក់​របស់​គាត់​ មិន​មែន​ជា​ការ​ធ្វើ​អត្តឃាត ចៅ​ក្រម​ម្នាក់​​​និយាយ​ថា ពួក​គេ​រក​​ឃើញ​ជនសង្ស័យ​​ម្នាក់​។

លោក ឆែ​ម រិទ្ធី​ ​​ចៅ​​​ក្រម​ស៊ើប​អង្កេត ​​នៅ​​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​​ ​បាន​ថ្លែង​ថា​ ​ក្រុម​​​​ស៊ើប​អង្កេត​​​ បាន​​ចេញ​​ដីកា​​កោះ​មួយ​ ទៅ​​​បង​ប្អូន​ប្រុស​សាច់​​ថ្លៃ​​ របស់​លោក​​ ​Vallier មក​សាក​សួរ ​​ពាក់​ព័ន្ធ​នឹង​ករណី​ស្លាប់​នោះ។ ​

លោក​​បន្ត​ថា​​៖ «​​យើង​នឹង​សាក​សួរ​បុរ​ស​ម្នាក់​ ដែល​ជា​បង​ប្អូន​ប្រុស​​​​​របស់​​ប្រពន្ធ​លោក​ Vallier ​​ ពី​ព្រោះ​គាត់​ធ្លាប់​មាន​ជម្លោះ​ជា​មួយ​​​លោក​ Vallier កាល​ពី​ពេល​មុន​»។

លោក​បញ្ជាក់​​៖ «​យើង​មិន​ចោទ​​​​ប្រកាន់​​គាត់​ទេ​ ប៉ុន្តែ​​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែ​ម​​​ ពី​ព្រោះ​ថា បុរស​ម្នាក់នោះ​ ក៏​ធ្លាប់​​ប្រើ​ថ្នាំ​ញៀន​ផង​ដែរ​កាលពីមុន​»​។

​កាល​ពី​ថ្ងៃ​សុក្រ​ស្ថាន​ទូត​បារាំង​ នៅ​​កម្ពុជា បាន​ប្រកាស​​លទ្ធ​ផល​​​នៃ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​មួយ​​ ទៅ​លើ​​ករណី​ស្លាប់​​​ដ៏​អាថ៌កំបាំង របស់​​បុរស​បា​រាំង​មួយ​គ្រួសារ​នេះ ដោ​យ​​បាន​​ច្រាន​ចោល​​​​ការ​សន្និដ្ឋា​ន​​ដំបូង​​​​ ចេញ​កាល​ពី​​ឆ្នាំ​មុន ​​​​ដែល​​​​ថា ​ការ​ស្លាប់ ​ជា​ករណី​​​​​ធ្វើ​អត្ត​​ឃាត​​សម្លាប់​​ខ្លួន​។

សាក​សព​របស់​​​លោក​ Vallier និង​កូន​​​កាត់​ខ្មែរ​បួន​នាក់​​របស់​គាត់​​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ឡាន​មួយ ​ដែល​លិច​នៅ​ក្នុង​ស្រះ​ទឹក​​​ក្រោយ​ផ្ទះ​របស់​គាត់​​ កាល​ពី​ខែ​មករា​​ ឆ្នាំ​២០១២​ ​បួន​ខែ​បន្ទាប់​ពី​ការ​បាត់​ខ្លួន​របស់​ពួក​គេ​​​​។ លោក ឆែម​​ រិទ្ធី​ បាន​ប្រាប់​ភ្នំ​ពេញ ​ប៉ុស្តិ៍​​ កាល​ពី​ដើម​សប្តាហ៍​​នេះ​ថា ​ក្រុម​ស៊ើប​អង្កេត​​​​សង្ស័យ​ទៅ​លើ​​មនុ​ស្ស​​​​​ពី​ ៣​ ទៅ ​​៥ ​នាក់​​ថា​ ពាក់​ព័ន្ធ​នឹង​ករណី​​​ឃាត​កម្ម​នេះ​។

លោក ទិត​ ឈួន ដែល​ជា​​ឪពុក​ក្មេក ​របស់​លោក​​ Vallier ​បាន​ថ្លែង​ថា​ ​​លោក​​មិន​​ទាន់​បាន​ទទួល​​​ព័ត៌​មាន​​​​ពាក់​ព័ន្ធ​​នឹង​​ការ​សាក​សួរ​​​​ កូន​​ប្រុស​របស់​​លោក​​​ទេ ​ហើយ​ក៏​មិន​មាន​ព័ត៌​មាន​បន្ថែម​​​ អំពី​ករណី​​​នោះ​​ដែរ​៕ PS

ប្រភព​៖ ភ្នំពេញ​ប៉ុស្តិ៍​ ចេញ​ផ្សាយ​ថ្ងៃទី ២៦ មីនា ២០១២​

»»» អាន​អត្ថបទ​ទាក់​ទង

 

Read Full Post »

Older Posts »