Feeds:
ប្រកាស
មតិ

Archive for the ‘ទឹកខ្មៅកវី’ Category


សេចក្ដីជូនដំណឹង

            អំឡុងពេលនៃការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យប្រោន លោកខូ តារាឫទ្ធិ អ្នកនិពន្ធ​មកពីប្រទេសកម្ពុជា នឹងរៀបចំបោះពុម្ពផ្សាយសៀវពីរ ដែលមានការចូលរួមពីអ្នកនិពន្ធ ពីបណ្ណា​ប្រទេសផ្សេងៗជាច្រើន។ សៀវភៅទាំងពីរនេះនឹងត្រូវផ្សាយ នៅប្រទេសកម្ពុជា និងនៅសហរដ្ឋ​អាមេរិកក្នុងឆ្នាំ២០១០ និង២០១១ មានសៀវភៅ​កំណាព្យ និងសៀវភៅរឿងខ្លីៗ។

            សូមជូនដំណឹងដល់អ្នកនិពន្ធខ្មែរ ដែលមានបំណងរំលែកស្នាដៃរបស់ខ្លួន ចូលរួមផ្សព្វផ្សាយ​ក្នុង​សៀវភៅទាំងពីរនេះ អាចសរសេរជាភាសាខ្មែរ ឬភាសាអង់គ្លេសក៏បាន។

          ប្រធានបទ៖ សរសេរដោយសេរី ជាប្រភេទអក្សរសិល្ប៍ទំនើប ដែលនិយាយពីរឿងរ៉ាវ​សម័យបច្ចុប្បន្ន។

          កំណាព្យ៖ មួយអត្ថបទមិនលើសប្រាំទំព័រ ទទួលត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០

          រឿងខ្លី៖ មួយអត្ថបទមិនលើសដប់ទំព័រ ទទួលត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០

            ការចូលរួមរបស់កវី អ្នកនិពន្ធខ្មែរ ជាផ្នែកមួយដ៏សំខាន់ ដើម្បីលើកស្ទួយវិស័យអក្សរសិល្ប៍

            អក្សរសាស្រ្ដ​ជាតិ។

            សូមទាក់ទងផ្ញើសា្នដៃរបស់ខ្លួនតាមអាសយដ្ឋានខាងក្រោម៖

KHO Tararith

Watson Institute
Brown University
111 Thayer Street, Box 1970
Providence, RI 02912
Tel: 401.863.9744

ឬតាមអ៊ីម៉ែលៈ khmerlite@gmail.com

សូមអរគុណ!

Read Full Post »


ឆ្ងល់​នឹង​សាន់​ដេ… បើ​គង់​នឹង​កូពី​គេ​ដដែល​ ហេតុ​អី​មិន​ធ្វើ​ឲ្យ​ដូច​គេ​តែ​ម្តង​ទៅ បើ​យើង​វា​គ្មាន​គំនិត​ច្នៃ​ប្រឌិត​ទៅ​ហើយ!!?

          សម្រាប់​ចម្រៀង​តភាគ​២បទ ​របស់​ផលិត​កម្ម​សាន់​ដេ​ ​ដែល​បទ​ទី​១​មាន​ចំណង​ជើង​ថា ​​«​បើ​អូន​រស់​តើ​ដើម្បី​អ្នក​ណា?»​ និង​បទ​ទី​២​ «បេះ​ដូង​បង​គូស​សន្យា​គ្មាន​អូន»​ ច្រៀង​ដោយ​កញ្ញា​សុខ​ ពិសី ជា​បទ​ដែល​ចម្លង​ចេញ​ពី​MV​ទាំង​ដុល​​របស់​ថៃ គ្រាន់​​តែ​ក្រលៃ​ទំនុក​ភ្លេង​ឆ្លាស់​គ្នា​ប៉ុណ្ណោះ។

          ចំពោះ​បទ​ថៃ​ «เหตุผล » (ហេតុ​ផល)ត្រូវ​បាន​សាន់​ដេ​ចម្លង​យក​MV​មក​ដាក់​ក្នុង​បទ ​​«​បើ​អូន​រស់​តើ​ដើម្បី​អ្នក​ណា?» ដោយ​ប្រើ​ទំនុក​ភ្លេង​របស់​បទ​ «เหตุการณ์ยังไม่เปลี่ยนแปลง» (​ហេតុ​ការណ៍​នៅ​មិន​ប្រែ​ប្រួល)​ ដែល​MVរបស់​បទ​នេះ​ត្រូវ​បាន​​សាន់​ដេ​​យក​មក​ប្រើ​ក្នុង​បទ «បេះ​ដូង​បង​គូស​សន្យា​គ្មាន​អូន» ដោយ​ប្រើ​ទំនុក​ភ្លេង​របស់​បទ​ផ្សេង។​

          បើ​សាន់​ដេ​ថត​បាន​ល្អ​ប្រហាក់​ប្រហែល​នឹង​គេ​ខ្ញុំ​មិន​ថា​ទេ តែ​នេះ​​ថត​មិន​បាន​មួយ​ចំណិត​គេ​​ទេ!​ ទាំង​តួ​សម្តែង​ក៏​ឆ្គង​មហាឆ្គង ទាំង​ប្លង់​ថត​ក៏​ត្រលប់​ត្រលិន​មិន​​ច្បាស់​ការ​មួយ​ណា​ ជាមួយ​ណា ពិសេស​ត្រង់​ប្លង់​ដែល​តួអង្គ​ស្រី​​ក្រឡេក​មើល​មិន​ឃើញ​​ខ្លួន​ឯង​ក្នុង​កញ្ចក់ គឺ​ខុស​ទាំង​ដុល​គ្មាន​ឡូស៊ិក។

          សម្រាប់​​ផលិត​កម្ម​ដែល​ចម្លង​រឿង​ ឬ​ចម្រៀង​ពី​​គេ​តែ​​ថត​បាន​ល្អ​ ខ្ញុំ​នឹង​សរសើរ​ថ្វី​​បើ​មាន​ឈ្មោះ​កូពី​គេ​ក៏ដោយ​!      ដូច​ជារឿង «កតញ្ញូ» ​របស់​ខេម​ប្រូ «គ្មាន​ផ្លូវ​» របស់​ហង្សមាស និង ​«​SarangHae» របស់​Mជា​ដើម។

          សូម​ចុច​មើល​ចម្រៀង​ទាំង​៤​បទ​នេះ ​បង​ប្អូន​នឹង​ឃើញ​​អ្វី​ជា​អ្វី…

»»» ​បទ ​​«​បើ​អូន​រស់​តើ​ដើម្បី​អ្នក​ណា?»

»»» បទ «បេះ​ដូង​បង​គូស​សន្យា​គ្មាន​អូន»​

»»» បទ «เหตุผล » (ហេតុ​ផល)

»»» បទ «เหตุการณ์ยังไม่เปลี่ยนแปลง» (​ហេតុ​ការណ៍​នៅ​មិន​ប្រែ​ប្រួល)

Read Full Post »


យប់​នេះស្ងប់ស្ងាត់​គួរ​ឲ្យ​ចម្លែក

ទឹក​ភ្នែកហូរជ្រែកស្បៃរាត្រី

ទឹកភ្នែកបងស្រក់​ព្រោះរឿងហេតុអ្វី

ក្រំហឫទ័យកណ្តាលភពល្វឹងល្វើយ។

 

បង​អង្គុយ​ញ៉ាំស្រាលាយទឹកភ្នែក

នឹក​អូនពេកស្ទើរបែកទ្រូង​ហើយ

តើ​ដឹង​ទេ មាសមេ​បង​នឹ​កត្រាណត្រើយ

អធ្រាត្រជ្រៅណាស់​ហើយ នឹក​បង​ទេព្រលឹង?

 

ទឹកភ្នែក​បង​ស្រក់​មិនមែន​គ្មានបញ្ហា

ហេតុ​អ្វីជីវាហាក់ដូចជាធ្វើ​មិនដឹង

ហេតុ​អ្វីនិស្ស័យស្នេហ៍ បានត្រឹម​តែប៉ុណ្ណឹង

ហេតុអ្វីព្រលឹង អូនដាច់ចិត្ត​ចាកចោល​បង?

 

បេះដូង​មួយ​នេះ​ ឆេះខ្លោចអស់​ហើយ

គ្នាន​ថ្ងៃណាស្បើយ​ពីទុក្ខសោកសៅហ្មង

វិញ្ញាណស្នេហ៍ពិត ក្លាយ​ជាផេះផង់

ជីវិតលិចលង់ក្នុងអន្លង់ទឹកភ្នែកស្នេហ៍ អន្លង់ទឹកភ្នែកស្នេហ៍។

[ស្នេហ៍​ដែល​បង​មាន បង​បានជូន​អូនអស់​ហើយ… អូនដឹងទេ? បង​ស្រឡាញ់​អូន​ខ្លាំង​ណាស់! ក៏​ប៉ុន្តែ​ បង​មិន​ស្តាយ​ក្រោ​យទេ បង​គ្រាន់តែ​ចង់​ប្រាប់​អូន​ថា ទឹក​ភ្នែកបងស្រក់​នេះ​ មិន​មែន​គ្មានបញ្ហា​នោះទេ អូនចាំទុកណ៎ា… បង​នឹក​អូនខ្លាំង​ណាស់! ស្រឡាញ់អូនខ្លាំង​ណាស់! បង​លាអូនហើយ…]

Read Full Post »


១.​ កបកាលសិរី

មង្គលសួស្តី

រស្មីសោភា

សោភ័ណសម្ផស្ស

នារីគ្រប់គ្នា

ក្នុង​ខែមីនា

ថ្ងៃទីប្រាំបី។

២. ជាថ្ងៃ​កបយស

នារីខ្ពង់​ខ្ពស់

មានសិទ្ធិសេរី

អាច​ធ្វើកិច្ចការ

តំណែង​មន្ត្រី

សេនាបតី

កុង្សីយ៍មានសក្តិ។

៣. ជាថ្ងៃ​ជ័យ​ជោគ​

នារីក្នុង​លោក

ទាមទារសស្រាក់

នូវសិទ្ធិសេរី

ពីពួកអប្បលក្ខណ៍

ដែល​ឲ្យ​ឋានៈ

ស្រីស្មើទាសី។

៤. គេតែង​ពោល​ថា

ស្រី​រាល់​រូបា

ទន់ខ្សោយ​ឥត​បី

ខ្សោយ​ទាំង​កំលាំង​

អាប់​ទាំង​ស្មារតី

មិន​អាច​ធ្វើ​អ្វី

បោះបង់​ជើង​ក្រាន។

៥. ស្រី​ជា​ជើង​ក្រោយ​

តែ​ជើង​មុខ​ធ្លោយ​

មិន​អាច​ទប់​បាន​

មុខ​ជា​ក្រឡាប់​

ក្រឡះ​ទាំង​ប្រាណ

សូម្បី​ជើង​ក្រាន

វិល​មិន​ជុំ​ផង​។

៦.​ ស្រី​ជា​បង្អែម

គេ​ញ៉ាំ​បន្ថែម​

ពេល​បាយ​កន្លង​

គ្រាន់​ជា​បង្អែម

ចំអន់​ផ្ទៃ​ផង​

ញ៉ាំ​រួច​បោះ​បង់

ឲ្យ​រង​ទុក្ខា។

៧. ប្រុស​ជា​កន្លង់​

រូប​ស្រី​ផូរ​ផង់

ប្រៀប​បាន​បុប្ផា

ពេញ​វ័យ​ក្រពុំ

កន្លង់​ត្រូវ​ការ

ស្រពោនកាល​ណា

ហិចហើរ​ទៅ​ឆ្ងាយ។

៨. ការ​ពិត​ពំនោល​

នេះ​ចេះ​តែ​ពោល​

ចេះ​តែ​បរិយាយ

មិន​គិត​មិនគូរ

មិន​គន់​នាយ​អាយ

មិន​មើល​ឲ្យ​ឆ្ងាយ

មុន​នឹង​ហាស្តី។

៩. ឯការ​ពិត​នោះ

ស្រី​មិន​ជជុះ

ដូច​គេ​ស្រដី

ស្រី​អាច​បង្វិល

វិល​ទាំង​ផែន​ដី

ទំរាំ​បើ​អី

ចង្ក្រាន​តូច​មួយ។

១០. ការពិត​ស្រីៗ

ជា​អ្នក​មាន​ថ្វី-

ដៃ​ខាង​ជំនួញ

អាច​ខាប​ព្រលឹង​

ប្រុសៗ​ឲ្យ​ព្រួយ

ឲ្យ​ញ័រ​រញ្ជួយ

រលួយកោះថ្លើម។

១១. ដូច​អង្គក្សត្រា

នាម​ជ័យ​ជេដ្ឋា

អស់​ដី​សំបើម

ដោយ​ស្នាដៃ​ស្រី

អង្គ​ចូវ​ដ៏​ឆ្នើម​

ខ្មែរ​ឡុង​ចុង​ដើម

ដោយ​ចាញ់​កិច្ចកល។

១២. ស្រី​អាច​រក្សា

តំណែង​រាជការ

ដោយ​មិន​កង្វល់

មិន​មាន​កង្វះ

ពលានុពល-

ភាព​ជា​បុគ្គល

សម្បូរគ្រប់​ប្រាណ។

 ១៣. សម្បូរ​ដោយ​គុណ-

សម្បត្តិ​ធ្ងរ​ធ្ងន់

រក​ប្រៀប​ពុំ​បាន

ដូច​កាល​សម័យ​

គោក​ធ្លក​ថ្កើង​ថ្កាន

ស្រុក​យើង​បាន​ក្សាន្ត

ដោយ​នាង​លីវយី។

១៤. នាង​អាច​រក្សា

សុខចិត្ត​រៀប​ការ​

ជាមួយ​អ្នក​ជី-

ព្រាហ្មណ៍ឈ្មោះហ៊ុនទៀន

ជាជាតិ​ឥណ្ឌា

ដើម្បីការ​ពារ

នគរ​ថ្កើង​ថ្កាន។

១៥. ខ្លួន​ចាញ់​គេ​ហើយ

មិន​សុខ​ចិត្ត​ឡើយ​

ស៊ូបូជា​ប្រាណ

ដើម្បី​ទឹកដី

ប្រជាជាតិ​បាន

ជួប​សុខក្សេមក្សាន្ត

​ផុតភាព​ហាយនៈ។

១៦. ស្រី​មាន​ប្រាជ្ញា

ស្មារតី​ក្លៀវក្លា

ចេះ​ឆ្លៀត​ចេះ​ឆ្កាក់

ចេះ​កល​ចេះ​ស្នៀត​

គន្លៀត​គន្លាក់

មិន​ដែល​អន់​អាក់

ធ្លាក់​ដល់​អន្ធការ។

១៧. ដូច​រឿង​ភ្នំ​ប្រុស-

ភ្នំ​ស្រី​ខ្ពង់​ខ្ពស់

ខ្ពស់​ជាង​ក្រៃ​មហា

ដោយ​ប្រុសៗ​ឆោត​

ចាញ់​កលមាយា

ស្រី​ប្រើ​ប្រាជ្ញា

ឈ្នះ​បាន​ដោយ​ងាយ។

១៨. ស្រី​ជា​ប្រមុខ

នាំ​រាស្រ្ត​ឲ្យ​សុខ

ដូច​នៅ​ឯនាយ

ប្រទេស​អង់គ្លេស

នាកាល​សម័យ​

ម៉ាការ៉ែត​ថ្លៃ

រាស្រ្ត​ផង​ផុត​ទុក្ខ។

១៩. ស្រី​ជា​មាតា

មនុស្ស​គ្រប់​អាត្មា

លើ​ពិភព​លោក

ប្រៀប​បាន​ចង្វា

ជួយ​ចែវ​ជួយ​ចូក​

ដើម្បី​ឲ្យ​ទូក​

ឆ្លង​បាន​ដល់​ត្រើយ។

២០. ដូច្នេះ​សង្គម

មាន​ស្រី​ជា​ធំ

ខ្វះ​មិន​បាន​ឡើយ

ដើម្បី​ដឹកនាំ

ប្រទេស​ឲ្យ​ស្បើយ

ជាតិ​បាន​ដល់​ត្រើយ​

រុង​រឿង​សន្តិភាព។

២១. ដូច្នេះ​ប្រុសៗ​

គួរ​ឈប់​យល់​ខុស​

ឲ្យ​សិទ្ធិ​ស្រី​ទាប

រាល់​មនុស្ស​ទាំង​អស់

មាន​សិទ្ទិ​ស្មើ​ភាព

មិន​ចែក​ខ្ពស់​ទាប

ក្មេង​ចាស់​ប្រុស​ស្រី។

២២. សូម​អប​អរ​សិទ្ធិ

នារី​ពិតៗ

ថ្ងៃ​ទី​ប្រាំបី

ក្នុង​ខែ​មីនា

សូម​ជូន​ពរ​ជ័យ​

មង្គល​សួស្តី

សិរីថ្លៃ​ថ្លា។

២៣. អាយុវណ្ណៈ

សុខៈពលៈ

ពរ​បួន​ប្រការ

សូម​កើត​មានដល់

ស្រី​រាល់​រូបា

ក្នុង​កម្ពុជា

និង​លោក​សកល។

 

 

Read Full Post »


ស្វាព្រាហ្មណ៍​ទាំង​បី

(លំនាំ​បទៈ លលក​ញីឈ្មោល)

រៀបរៀង​ដោយៈ ទូច​ គិម​សួគ៌

១. ស្វាព្រាហ្មណ៍​ទាំង​បី​ ខ្លាច​អ្វី​ពេក​ហោង

ឬខ្លាច​ដំបង​ សំពង​វាយ​ដំ។

២.​ ខ្លាចភ្លើង​ឆេះ​ខ្ទម​ រញម​អា​ស្រម​

តើគេ​បង្ខ​? សម្ងំ​យក​សុខ​ទាំង​បី!

៣. ខ្ទប់​មាត់​ត្រចៀក​ ពព្រៀក​រស្មី​

បិទ​បាំង​ប្រស្រី​ អ្វី​ក៏​លែង​ដឹង​។

៤. ភូមិ​ជ្រោយ​ចង្វារ​ ខ្លោច​ផ្សាដល់​ម្ល៉ឹង​

យួន​ខ្មែរ​ចាម​ប្រឹង កូន​ពឹង​ទឹក​ដោះ​ម៉ែ​យើង​អើយ។

បន្ទរ​ស្ទួនៈ ១. ដែក​ជោរ​ទោរ​ទន់​ បន្ទន់​ដោយ​ភ្លើង​

ដុត​ឆេះ​ភូមិ​យើង​ រលើង​ទ្រេល​ទ្រម

២. ឆេះ​ភ្លឺ​រន្ទាល​ រងាល​ក្រហម​

ដែក​ជោរ​ទោរ​ព្រម​ ប្រឈម​ហូរ​ទៅ។

៣. ដែក​ជោរ​ហូរ​ធ្លាយ​ រលាយ​ថ្មក្តៅ​

ធ្លាក់​ចាក​លំនៅ​ សំ​ដៅ​ទំនាប។

៤. ទំនាយ​ខ្មែរ​ផ្តាំ ចំនាំ​រៀង​រៀប

ចង្រៃ​រូប​ភាព រូប​បី​គួរ​ជ្រាប​ហាម​ថត។

សូម​ចាប់​យក​ឯកសារ​ដទៃ​ទៀត​ នៅ​ទីនេះ

Read Full Post »


សាដៀវជាឧបករណ៍ តន្ត្រី មួយ ប្រភេទ មាន ខ្សែ លួស ស្ពាន់តែ មួយ មាន សម្បក ឃ្លោក មួយ កំណាត់ទ្រភ្ជាប់ ពី ក្រោម ដង មាន ប៉ោលសម្រាប់ រឹត បន្ធូរខ្សែ ជា គ្រឿង ដេញ មាន សូរស័ព្ទ មូលរងំ តន្រ្តី ករ ដែល ចេះ ដេញ ស្តាប់ ទៅ ពិរោះលន្លង់ លន្លោច ណាស់។តំណរៀង មកគេ និយម ហៅថា «ដេញសាដៀវ » ខ្លះ ថា «ដេញ ឯកតន្ត្រី»

សាដៀវ,ខ្សែដៀវឬសាយ ដៀវ នេះ មាន អាយុរាប់ ពាន់ ឆ្នាំមកហើយ នៅ ក្នុង សង្គម កម្ពុជា យើង ឧបករណ៍នេះ មាន ឆ្លាក់ រូបភាពជាប់ នឹង ក្បាច់ ផ្តែរ រចនាបថសម្បូរព្រៃគុក នៅ សតវត្សទី៧ ឆ្លាក់ នៅ ជញ្ជាំង ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ដែលបានកសាង តាំងពី សតវត្សទី៩ រហូត ដល់ សតវត្សទី១៣។

សាដៀវប្រគុំ សូរសម្លេង មិន រាបសារ ដូច ឧបករណ៍ដទៃ ទៀត ទេ គឺ ប្រគុំ ចេញ សំឡេង ផ្តក់ មុខ ផ្តក់ ក្រោយ ឮសូរ លេច ធ្លោ ជាង គេ ក្នុង ចំនោម ឧបករណ៍ដទៃ។ វាមាន សារៈសំខាន់ ណាស់ ក្នុង សង្គម ខ្មែរ ដូច្នេះ ទើប បុព្វបុរស យើង យក មក ឆ្លាក់ ជាប់នឹង ជញ្ជាំង ប្រសាទនានា។ បើយើង ឃើញ រូប ភាព នៅ លើ ជញ្ជាំង ប្រាសាទ បែបណា នោះ បច្ចុប្បន្ននេះ រូប រាង សាដៀវ នៅ តែ រក្សា រូប រាង ដើម ដដែល។ នៅ សតវត្ស ទី ២០ នេះ លោក តា ភិរម្យ ង៉ុយ កវី ដ៏ កំពូល កេះ សាដៀវ ផង ច្រៀ ផង ពី កន្លែង មួយ ទៅ កន្លែង មួយ រហូត ដល់ លោក មរណភាព(១៨៦៥១៩៣៦)

តាម វចនានុក្រម សម្តេចព្រះ សង្ឃរាជ ជួនណាត បានបញ្ជាក់ ប្រាប់ថា ពាក្យ សាដៀវ សាយ ដៀវ នេះ ជាពាក្យ សៀម(សាយ=ខ្សែ, ដៀវ=មួយ) និង បានបញ្ជាក់ ថា គួរហៅខ្សែមួយ ឯកតន្រ្តីវិញ។

ស្តាប់សូរ សាដៀវ

. ស្តាប់ ភ្លេង សាដៀវសូរស័ព្ទទូងៗ

ដេញស្អំដើម ទ្រូង បំពេរ ជាតិ ខ្មែរ

ឲ្យ ឮឲ្យចាំបណ្តាំពុក ម៉ែ

ផ្តាំឲ្យ កូន ថែ មាតុភូមិ កម្ពុជា។

. សាដៀវ ថ្នាក់ ថ្នម អម ដោយ ឈើប៉ី

ច្រៀង ដាស់ ប្រុស ស្រី ដែល ធ្លាប់ វេទនា

ភ្ញាក់ ឡើង សាង ជាតិ ឲ្យ បាន គ្រប់គ្នា

កុំនៅរេរានាំគ្នាមូលមិត្ត។

. ប្រទេសឈានបានរុង រឿង ថ្កុំថ្កើង

ត្រូវ ខំឈានឡើង សាមគ្គីរួម ចិត្ត

ភ្ញាក់ រឭកខ្ពស់ស្មោះត្រង់ស្នេហ៍ស្និទ្ធ

ខុសត្រូវ ចេះគិត ត្រង់ទៅ ត្រង់ មក។

ម៉ៅ អាយុទ្ធ

១៩៧៩

បញ្ជាក់ៈ

  • ប្រភពៈ សៀវភៅ​«សម្លេង​សាដៀវ» ម៉ៅ​ អាយុទ្ធ, ២០០៦​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​, និង​«វចនានុក្រមខ្មែរ» សម្តេច​ជួន ណាត, ១៩៦៧
  • ពាក្យ«សម្លេង»សរសេរ​ខុស​ទេ, ពាក្យ​ត្រូវ​គឺ «សំឡេង», ការ​ដែល​ខ្ញុំ​សរសេរ«សម្លេង» ដោយ​ហេតុ​គោរព​ស្នា​ដៃ​អ្នក​និពន្ធ​ប៉ុណ្ណោះ។

Read Full Post »


សួស្តី ប្អូនប្រុស!

បងមានកិត្តិយសសូមអោយប្ងូនចុះផ្សាយនូវកំណាព្យមួយ, បងសង្ឃឹមថាប្អូនមិនជំទាស់ចំពោះសំណូមពររបស់បងទេ។ កំណាព្យនេះវាជាផ្នែកមួយនៃការតែងនិពន្ធសាកល្បងរបស់ខ្ញុំ មានច្រើនចំនុចដែលប្អូនអាចបំពេញបន្ថែមជូនបង…..។

មច្ឆាឈ្លក់ទឹក

(បទពាក្យ៧)

១.. រថយន្តខ្វែងខ្វាត់ដូចសត្វខ្វែក             សូរស័ព្ទសម្រែកហែករាត្រី

គូកនបាវសាវមិត្តថ្មីៗ(១)                         ស្រស់ស្រីស្រើបស្រោបឱបកាយា ។

២.. ខ្លះជិះសូនិចក្លិចមីអូ(២)                    តាមផ្លូវហែរហូរថេក(៣)បនបារ

រាត្រីយប់ស្ងាត់បាត់សុរិយា                       នាំគ្នាចូលបារដាក់មួយសិន ។

៣.. ខ្លះផឹកខ្លះជក់វក់យ៉ាបា(៤)                ពុកម៉ែមិនថាព្រោះមិនប៉ិន

តាមពិតមាសមុំធំក្លែបក្លិន                        ដាក់មួយកែវសិនស៊ឹមគិតក្រោយ ។

៤.. ស្រីស្នេហ៍អូនបងឆ្លងរហ័ស                រោគនេះកាចណាស់កុំបណ្តោយ

បើសិនមិនស្វែងយល់អោយហើយ           បងប្អូនកូនអ្ហើយសោយអាសន្ន ។

៥.. ព្រោះតែវប្បធម៌លោកខាងលិច          ក្រមុំធំប្រ៉ិចលេចសុដន់

ក្រមុំពេញខ្លួនត្រគាកហំ                           ទ្រូងទ្រើសមូលក្លំសមទេពី ។

៦.. ងងុលងងល់វល់វង្វេង                        លោតហក់កញ្ឆេងលែងស្តាឌី(៥)

កាមរាគរឹតរួតកាយនារី                             ស្តាឌីធ្វើអ្វីមិនសប្បាយ ។

៧.. ១៤កុម្ភះបុណ្យសង្សារ                        ប្តូរផ្លាស់កាយាអូនមិនស្តាយ

បានជូបរូបបងសេ្នហ៍មិនណាយ                 ប្តូរកាយរួមរស់ទាំងពីរប្រាណ ។

៨.. រាត្រីទឹកឃ្មុំមុំជូនបង                            ស្នេហ៍ស្នងបងអើយយើងសុខសាន្ត

ថ្ងៃនេះទៅមុខសុខទុក្ខបាន                         ប្រគល់ប្រុសប្រាណគ្មានសល់អ្វី ។

៩.. ចេញពីសាលាសង្សារចាំ                      កុំភ្លេចបណ្តាំណាពិសី

បាក់ខែងព្រែកលាភហាងបើកថ្មី                 ទឹកដីស្ថានសួគ៌នៃភូមិសុខ ។

១០.សែនស្ទាត់ជំនាញទាញទាក់យក          នួននាងពន្លកអោយស្រណុក

ទៅរៀនទីក្រុងដូចផុងថ្លុក                          ងង៉ក់ងងក់ឈ្លក់វង្វេង….។

១១.ចន្រ្ទាផូរផង់ស្រង់រស្មី                           មានមារចង្រៃមកលលេង

ពពកខ្មាញ់ខ្មៅបាំងកំហែង                         ចន្រ្ទអើយអ្នកលែងមានពន្លឺ ។

១២.កំហុសទាំងនេះជាអ្វីទៅ?                    គ្រានេះពាលពៅអូនដេកឈឺ

បាត់មិត្តគូកនបនធ្លាប់ហ៊ឺ(៦)                       ជម្ងឺបៀតបៀនជីវិតស្រី…។

ដោយ ឡឹក ជំនោរ (វាយោ)

0១/09/2007

សកលវិទ្យាល័យជាតិលាវ, វៀងច័ន្ទ, ប្រទេសលាវ

កំណត់

១.បាវសាវៈ ក្រមុំកំលោះ

២.សូនិចក្លិចមីអូៈ យីហោម៉ូតូ

៣.ថេកៈ ឌិស្កូ(Disco)

៤.យ៉ាបាៈ ថ្នាំឆ្កូត

៥.ស្តាឌីៈ សិក្សា

៦.ហ៊ឺៈ ហ៊ឺហា

Read Full Post »


l.pngll.png

ប្រភពៈសមាគមខ្មែរសាកល

Read Full Post »


ink.png

poetrynic.png

ទំព័រនេះខ្ញុំនឹងបង្ហាញជូនលោកអ្នកនូវកម្រងកំណាព្យល្អៗ

របស់កវីខ្មែរយើងទាំងថ្មីទាំងចាស់ដែលពេញទៅដោយ

សិល្ប៍តម្លៃចម្រុះគ្រប់បែប  សម្រាប់លោកអ្នកត្រិះរិះ

ពិចារណាទៅតាមការគួរ។  

     ទន្ទឹមនឹងនេះ ខ្ញុំរីករាយស្វាគមន៍ជានិច្ចនូវរាល់កម្រងកំណាព្យ

ល្អៗរបស់ប្រិយមិត្តដែលចង់ផ្សាយតាមគេហទំព័ររបស់ខ្ញុំ។

លោកអ្នក អាចផ្ញើមកតាមរយៈអាស័យដ្ឋានអ៊ីម៉ែលៈ

archphkai.secretwriter@yahoo.com

Read Full Post »