Feeds:
ប្រកាស
មតិ

Archive for the ‘ជីវិត​សោក(Drama)’ Category


f498c9aa1136cb1d33921ca8c150529c

រូប​គំនូរ «ទេវបុត្រ​ភព​ផ្កាយ​»​ កាន់​តែ​ជិត​ក្លាយ​ជា​រូប​រាង​​គ្រប់​ពេល​ សល់​តែគូរ​​លម្អិត​​បន្ថែម​​​​បន្តិច​ទៀត​ប៉ុណ្ណោះ​ ខ្ញុំ​នឹង​អាច​ផ្ញើ​ទៅតាំង​​ពិព័រណ៌​​ នៅ​វិចិត្រសាល​របស់​រៀម​​ច្បង​បាន​ហើយ​។ កាន់​តែ​រាប់​ថ្ងៃ​ ខ្ញុំ​ក៏​កាន់​តែភ័យ​ខ្លាច​លទ្ធផល​របស់​រូប​គំនូរ​នេះខ្លាំង​ឡើង​ ឬ​​បើ​និយាយ​ឲ្យ​ត្រូវ ​គឺ​ខ្ញុំ​ខ្លាច​មនុស្ស​នៅ​ក្នុង​រូប​គំនូរ​ ឃ្លាត​ឆ្ងាយ​​ពី​ភព​ផែន​ដី​​នេះ  ​ដូច​ដែល​អ្វី​ដែល​គេ​ធ្លាប់​និយាយ​​​។

រាល់​ថ្ងៃ​នេះ​យើង​នៅ​តែ​និយាយ​គ្នា​​តាម​​ទម្លាប់​ នៅ​តែ​​​មក​ជួប​គ្នា​នៅ​សួន​សាធាណៈ នៅ​តែ​​និយាយ​គ្នា​ពី​នេះ​ពី​នោះ​សព្វ​សារពើ​ នៅ​តែ​មិន​បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង​ពិភព​លោក​​របស់​​គេ​ នៅ​តែ​ធ្វើ​គ្រប់​យ៉ាង​ដូច​មួយ​ឆ្នាំ​កន្លង​មក​។ បើ​ប្រៀប​ធៀប​ការ​ស្គាល់​គ្នា​របស់​យើង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ ខ្ញុំ​ថា ​យើង​មិ​នធ្លាប់​ដើរ​ទៅណា​ឆ្ងាយ​ពី​កន្លែង​​ដើម​ឡើយ​សូម្បី​តែ​បន្តិច​ គឺ​នៅ​ដូច​ដើម… ដូច​ថ្ងៃ​ដំបូង​​ដែលយើង​​​ចាប់​ផ្តើមស្គាល់​គ្នា​​។

«មិន​គូរ​រូប​ទេឬ ថ្ងៃ​នេះ?»

«អត់​ទេ ថ្ងៃ​នេះ​ចង់​សម្រាក​ ចង់​​ធ្វើ​អារម្មណ៍​សិន​មុន​នឹង​បង្ហើយ​​ការងារលើក​​ចុង​ក្រោយ​ ទើប​ការងារចេញ​មក​ល្អ​។ ចុះ​លោកវិញ​ ថ្ងៃ​នេះ​មិន​អាន​សៀវភៅ​ទេឬ បានជាមិន​ឃើញ​កាន់​សៀវភៅ​មក​អ៊ីចឹង?»

«ចង់​សម្រាក​​ដូច​គ្នា​ ខ្ញុំបាន​អាន​ច្រើន​មក​ហើយ ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ជាមួយ​ចន្ទ្រ​​ច្រើន​ជាង​។»

«អ៊ីចឹង​យើង​ចេញ​​ទៅដើរលេងជាមួយ​គ្នា​ទៅ ល្អ​ទេ?» ខ្ញុំ​និយាយ​បបួល​ងាយៗ​​។ គេ​នៅ​ស្ងៀម​បន្តិច​មុន​នឹង​ងក់​ក្បាល​ទទួល​។

ពេលវេលា​មួយ​ថ្ងៃ ​គឺ​ខ្លី​ខ្លាំង​ណាស់​​សម្រាប់​ខ្ញុំ។ ​នៅ​មាន​កន្លែង​​ជា​ច្រើន​ទៀត​ ​ដែលខ្ញុំ​ចង់​​ទៅ​ជាមួយ​គេ​ តែ​ដោយ​អស់​ពេល​ យើង​ទាំង​ពីរ​ ក៏​នាំ​គ្នា​ត្រឡប់​មក​កន្លែង​ដើមវិញ​ គឺ​សួន​     សាធារណៈ​ដែល​យើង​ទាំងពីរ​ជួប​គ្នា​លើក​ដំបូង​​។ វត្ថុអនុស្សាវរីយ៍​ ដែល​បាន​មក​ពីការ​ទៅដើរ​លេង​ជាមួយ​គ្នា​ថ្ងៃ​នេះ​ គឺ​មាន​តែ​បន្តោង​សោ​រូប​ព្រះ​ចន្ទ្រ​ និង​ភព​តូច​មួយ ​ដែល​គេ​ដណ្តើម​ចេញ​លុយ​​កាត់​មុខ​យ៉ាង​រហ័ស​ តែ​ខ្ញុំ​បែរ​ជា​មិន​បាន​ទិញ​អ្វី​ឲ្យ​គេ​ទុក​ជា​អនុស្សាវរីយ៍ ​សម្រាប់​ថ្ងៃ​ដើរ​លេង​ដំបូង​របស់​យើង​ទាំង​ពីរ​​សោះ​។

«ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ អរគុណ​សម្រាប់ថ្ងៃ​នេះ!»

«បាទ! អរគុណ​ដូច​គ្នា​ ខ្ញុំ​ក៏​សប្បាយ​ដែរ​ យូរ​មក​ហើយ​ដែលខ្ញុំ​មិន​បាន​ដើរ​លេង​បែបនេះ​។» គេញញឹមស្រាល​ដាក់​ខ្ញុំ​។ ស្នាមញញឹម​ដ៏​កក់ក្តៅបែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ពន្យារ​ពេល​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

«អ៊ីចឹង​ចាំពេលក្រោយ​ យើងទៅដើរលេងជាមួយ​គ្នា​ទៀត​ណ៎ា! ខ្ញុំ​នឹង​មាន​​វិស្សមកាល​​ប្រចាំ​​ឆ្នាំ​ ក្រោយ​ពី​បញ្ជូន​ការងារ​ចុង​ក្រោយ​ទៅ​ឲ្យ​គេ។​ ចង់​ទៅ​លេង​សមុទ្រ​ជាមួយ​ខ្ញុំ​ទេ?»

«ប្រហែល​ជា​គ្មាន​ពេល​ក្រោយ​ទៀត​ទេ…»

«បានន័យថាម៉េច?» ខ្ញុំ​ប្រញាប់​សួរ​គេ​នៅពេលឃើញ​ទឹកមុខ​របស់​គេ​ប្រែ​ជាក្រៀម​ក្រំ​ ហើយ​ទទួល​អារម្មណ៍​ក្តុកក្តួល​នឹង​កែវ​ភ្នែកមុត​របស់គេ​ ដែល​ពេល​នេះ​ប្រែ​ជា​ស្រទន់​គួរ​ឲ្យ​ខ្លាច​។

«ខ្ញុំ​ត្រូវ​ទៅហើយ​ ទៅភព​កំណើត​​របស់ខ្ញុំ​វិញ​។» គេប្រាប់​ធ្វើ​ញឹមៗ​ តែការ​និយាយ​លេង​របស់គេលើក​នេះ​មិន​បាន​ធ្វើឲ្យ​ខ្ញុំ​អស់​សំណើច​ដូច​មុន​នោះ​ទេ តែ​បែរជា​ធ្វើ​ឲ្យ​ខ្ញុំ​ក្រៀម​ក្រំ​ខុស​ពី​ធម្មតា​។

«​នេះ​ជា​ពេល​ដែល​ត្រូវ​លេង​សើច​ឬ? មិន​កំប្លែង​ទេ!»

«ខ្ញុំ​មិន​បាន​លេង​សើច​​ទេ ចាប់​ពី​ពេល​នេះ​ទៅខ្ញុំ​នឹង​មិន​បាន​មក​ទីនេះ​ទៀត​ទេ អរគុណ​ស​ម្រាប់​គ្រប់​យ៉ាង…​ ​ចន្ទ្រ​គឺ​ជា​ការ​ចង​ចាំចុង​ក្រោយ​របស់​ខ្ញុំ​នៅលើ​ភព​​​ផែន​ដី​នេះ។» គេញញឹម​ពព្រាយ​ តែ​​ស្នាម​ញញឹម​នោះ​ខុស​ពី​មនុស្ស​ម្នា​ផង​ទាំង​ពួង​។ ខ្ញុំ​ខំទប់​ទឹក​ភ្នែក​ដែល​កើត​ឡើង​ដោយ​អារម្មណ៍​ភ័យ​ខ្លាច ​និង​ក្តុក​ក្តួល​ តែទប់​យ៉ាង​ណា​ក៏​មិន​ជាប់​។ អារម្មណ៍​ក្រៀ​ម​ក្រំរីកដុះ​ដាល​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​ហេតុ​ផល​នោះ​ ​ធ្វើ​ឲ្យ​ទឹក​ភ្នែកខ្ញុំ​ហូរ​កាន់​តែខ្លាំង​ដូចទឹក​​បាក់​ទំនប់​។

«តើ​លោក​ជាមនុស្ស​ភព​ផ្កាយ​ពិត​មែនឬ?» ខ្ញុំ​សួរ​បញ្ជាក់​គេទាំងខ្សឹកខ្សួល​ ចំណែក​គេ​សើចតិចៗ​ ហាក់​អាសូរ​នឹង​សំណួររបស់ខ្ញុំ​។

«ពិតមែនហើយ ក្រែង​ខ្ញុំ​ធ្លាប់​ប្រាប់​​ចន្ទ្រ​ហើយ​ មែនទេ ថាខ្ញុំ​មក​ពី​ភព​អង្គារ… ថ្ងៃ​ណាមួយ​ ​ខ្ញុំ​នឹងត្រឡប់​ទៅភព​កំណើត​របស់ខ្ញុំវិញ​ ឥឡូវ​ថ្ងៃ​នោះ​បាន​​មក​ដល់​ហើយ​… ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ទៅដោយ​ឥត​ប្រកែក​​បាន​។»

«ចុះ… ចុះ​បើ​ខ្ញុំ​សុំ​អង្វរ​លោក​ឲ្យ​នៅបន្ត?»

«​ចន្ទ្រ​​ សូម​កុំ​អង្វរ​ខ្ញុំ​អី នេះ​ជា​តួនាទី​ដែល​មិន​អាច​ប្រកែក​បាន​ទេ គឺ​ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅវិញ​ឲ្យ​ខាន​តែ​បាន​… ត្រឡប់​ទៅរក​ប្រភព​ដើម​​​វិញ​លើ​ដែន​ដី​មួយ​នោះ…​ ឲ្យ​ខ្ញុំ​សុំ​ទោស​ផង​ណ៎ា!»

អ្វី​ដែល​គេ​ប្រាប់​ខ្ញុំ​ ហាក់​ដូច​គ្រប់​យ៉ាង​នោះ​ជា​រឿង​ពិត​ តែ​ខ្ញុំ​ដឹង​ច្បាស់ថាវា​គ្មាន​ពិត​ទេ គ្មាន​មនុស្ស​ភព​ផ្កាយ​នៅ​លើ​លោក​នេះ​ឡើយ​។ បើដូច្នោះ​ តើ​គេ​ទៅណា? សំណួរ​នេះ​លេច​ឡើងភ្លាម​ៗ​នៅ​​ក្នុង​ចិត្ត​ខ្ញុំ​។

«អ៊ីចឹង​ បើ​ខ្ញុំ​នឹក​លោក តើ​ខ្ញុំ​ទាក់​ទង​លោកតាម​របៀបណា?» ខ្ញុំ​បង្អាក់​សម្តី ហើយ​​ដកដង្ហើម​បន្តិច ​​ដើម្បី​កាត់​បន្ថយ​ភាព​ខ្សឹកខ្សួល​ដែល​​និយាយ​ស្តាប់​គ្នា​មិន​បាន​នោះ​ចេញ​ មុននឹង​ប្រាប់​គេដោយ​ប្រយោគ​ដែល​​ផុស​ចេញ​មក​ពី​អារម្មណ៍​ពិតៗ «ខ្ញុំ​មិន​ចង់​ឲ្យ​យើង​ត្រូវ​ឃ្លាត​ឆ្ងាយពីគ្នា​បែប​នេះ​ទេ…»

«និស្ស័យ​នាំ​យើង​ឲ្យ​បាន​ជួប​គ្នាត្រឹម​ប៉ុណ្ណេះ សូម​ឲ្យ​ខ្ញុំ​បាន​ត្រឹម​ជា​សំណល់​អនុស្សា     វរីយ៍ ​របស់​​ចន្ទ្រ​​​ក៏​គ្រប់​គ្រាន់​ដែរ ហើយ​ថ្ងៃ​ណាមួយ… ​ចន្ទ្រ​​នឹងទម្លាប់​បាន​នឹង​ការ​ឃ្លាត​ទៅរបស់ខ្ញុំ​ដោយ​ខ្លួន​ឯង​!»

សម្តី​របស់គេ ធ្វើ​ឲ្យ​ទំនប់​ទឹកភ្នែក​ដែលខ្ញុំ​ខំទប់​​ បាក់​ធ្លាយ​ចេញ​មក​ម្តង​ទៀត​។ ខ្ញុំ​សម្រេចចិត្តស្ទុះ​ទៅឱប​គេ​យ៉ាងណែន ​ដោយ​សង្ឃឹម​ក្នុង​ចិត្ត​ថា អាច​​ឃាត់​បុរស​ម្នាក់​នេះ​ទុក​ឲ្យ​បាន​យូរ​បំផុត ហើយ​បើ​គេ​យល់​​ ខ្ញុំ​នឹង​ឃាត់​គេ​ទុក​អស់​មួយ​​ជីវិត​ ដោយ​មិន​គិតថានឹងលែង​ឡើយ​។ តើ​បុរស​នៅ​ក្នុង​រង្វង់​ដៃខ្ញុំ​ពេល​នេះ​យល់ខ្លះ​ឬទេថា អ្វី​ដែលខ្ញុំ​ស្អប់បំផុត​គឺ​ការ​បាត់​បង់​មនុស្ស​ដែលខ្លួន​ស្រឡាញ់​​ ហើយ​នៅថ្ងៃ​នេះ​ គេ​បាន​ក្លាយ​ជាមនុស្ស​ម្នាក់​នោះ​ទៅ​​ហើយ​។ តើ​គេ​មានយល់ខ្លះ​ទេ? យល់​ពីអារម្មណ៍​ និង​សេចក្តីស្រឡាញ់​របស់ខ្ញុំ​ចំពោះ​គេ…

«តើ​លោក​ដឹង​មុន​ហើយ​មែនទេ ថា​ថ្ងៃណាមួយ​ លោក​នឹង​ត្រូវ​​ឃ្លាតទៅបែប​នេះ?»

«ខ្ញុំ​… ខ្ញុំ​សុំ​ទោស! សុំ​ទោស​ដែលចាប់​ផ្តើម​គ្រប់​យ៉ាង!​ សុំ​ទោស​ដែល​អាត្មានិយម​! តែ​ខ្ញុំ​ចាំបាច់ត្រូវ​ទៅពិតមែន​​។ ការ​ឃ្លាត​ទៅលើក​នេះ​ គឺ​ជា​តួនាទីចុងក្រោយ​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ​ ខ្ញុំ​ចង់​ឲ្យចន្ទ្រ​​យល់​!» ខ្ញុំ​ប្រឹង​ញញឹម​នឹង​ចម្លើយ​របស់គេ ខណៈ​ដែល​ទឹក​ភ្នែកនៅតែហូរ​មិន​ឈប់​។ ខ្ញុំ​យល់​… យល់​ពី​ន័យ​ដែលគេ​ចង់​ប្រាប់…

«ច៎ាស! ខ្ញុំ​យល់!​ ខ្ញុំ​យល់​… ម៉ារស៍! បើ​ភព​អង្គារ​របស់​លោក​មាន​ប្រអប់​សំបុត្រ​ប្រៃសណីយ៍ ដែល​អាច​ផ្ញើ​សេចក្តីនឹក​រឭកបាន​ សូម​ផ្ញើ​ដំណឹង​មក​ឲ្យ​ខ្ញុំខ្លះ​ផង​ ខ្ញុំ​ចង់​ឲ្យ​លោកដឹង​ថា នៅ​លើ​ភពផែន​ដី​មួយ​នេះ​ នៅ​មាន​មនុស្ស​ម្នាក់​ដែល​រង់​ចាំ​លោក!»​

«ចន្ទ្រ​!» គេរំជួល​ចិត្ត​ភ្ញាក់ផ្អើល​នឹង​សម្តីរបស់ខ្ញុំ​ មុននឹង​ងក់​ក្បាល​ទទួល​យឺតៗ ​ដោយ​ខ្សែភ្នែក​​ដឹងខុស «បាទ… ខ្ញុំ​នឹងព្យាយាម​ស្វែង​រក​ប្រអប់​សំបុត្រ​ឲ្យ​ឃើញ​ អរគុណ​ណា​ចន្ទ្រ​… អរគុណ​សម្រាប់​គ្រប់​យ៉ាង។»

«អរគុណ​ដូច​គ្នា ម៉ារស៍!» ខ្ញុំ​ឱបគេកាន់​តែ​ណែន​ជាងមុន​ មុននឹង​ឈ្ងោកមុខ​ជ្រក​​ក្នុង​លង្វែក​ទ្រូង​គេ​ ហើយ​បណ្តោយ​ឲ្យ​ទឹកភ្នែក​ហូរ​ចេញ​មក​ម្តងទៀត​។ ខ្ញុំ​សុំ​ឲ្យ​ពេលវេលាដែលនៅសេសសល់​​មិន​ច្រើន​នេះ ឱប​យក​ភាព​កក់​ក្តៅ​ពីគេទុក​ជាកម្លាំង​ចិត្ត ​ដើម្បី​​​ខ្ញុំ​អាច​មាន​ជីវិតរស់​នៅ​​បន្ត​ទៀត​។ ត​ទៅនេះ​ ពេល​គ្មាន​គេ​ចូល​មក​ផ្លាស់​ប្តូរ​ពិភព​លោក​របស់ខ្ញុំ​ ជីវិត​ប្រហែលជា​​ឯកោ​ខ្លាំង​ណាស់​ តែ​ខ្ញុំសន្យា​ថា​​នឹងព្យាយាម​រឹង​មាំ​ឲ្យ​ទាល់​តែ​បាន​ ព្រោះ​យ៉ាងហោចណាស់ ក៏​ខ្ញុំ​​នៅ​មាន​រូប​គេ​ក្នុង​ការ​ចង​ចាំដែរ​​។

«យប់​នេះ​លោក​មិន​បាច់​ជូនខ្ញុំ​ទៅផ្ទះ​ទេ យើង​បែក​គ្នា​នៅ​កន្លែង​នេះ​ល្អ​ហើយ​!» និយាយ​ចប់ ខ្ញុំ​ក៏​រំកិល​ខ្លួន​ចេញ​ពីរង្វង់ដៃ​របស់គេ ហើយ​ញញឹម​ដាក់​… ញញឹម​ទាំង​ទឹក​ភ្នែក​នៅហូរ​ជោកថ្ពាល់​ទាំង​សងខាង។

«ហេតុអ្វី?»

«យើង​ជួប​គ្នានៅទីនេះ​ ខ្ញុំ​ក៏​ចង់​ឲ្យ​យើង​បែក​គ្នានៅទីនេះ​ដូច​គ្នា​ ចាត់​ទុក​ថាជាសំណូម​ពរចុង​ក្រោយ​ចុះ!»

«យល់​ព្រម…»

«យើង​បែក​គ្នាត្រឹម​នេះ​ចុះ ទោះ​យ៉ាង​ណា ​យើង​នៅ​តែ​​មិន​អាចឃាត់​ពេលវេលាបានដដែល​…» សំឡេង​ដកដង្ហើម​ធំ​លាន់​ចេញ​ពីគេ​យ៉ាងសោះកក្រោះ​។ ទឹកមុខ​ និង​ខ្សែភ្នែក​ដ៏​សោកសៅ​បញ្ជាក់​​គ្រប់​យ៉ាងបាន​យ៉ាង​​ច្បាស់​ថា គ្មាន​នរណា​ ចង់​ឲ្យការ​បែក​គ្នា​លើក​នេះ​​កើត​ឡើង​ឡើយ​ មិន​ថា​គេ ​ឬ​ខ្ញុំ​…

«សំណាង​ល្អ​ណា​ចន្ទ្រ​​ ហើយ​សូម​បំភ្លេច​មនុស្សប្រុស​ម្នាក់​នេះ​ចោល​ចុះ ខ្ញុំ​មិន​ចង់​ឃើញ​ចន្ទ្រ​​ខូចចិត្ត​នឹង​ការ​ឃ្លាត​ទៅ​​ឆ្ងាយ​របស់ខ្ញុំ​ទេ…»

«ខ្ញុំ​ធ្វើ​មិន​បាន​ទេ! ខ្ញុំ​គ្មាន​ថ្ងៃបំភ្លេច​លោកឡើយ… ដូច្នេះ​ខ្ញុំ​មិន​ទទួល​ពាក្យ​អ្វី​ទាំង​អស់​​ដែលខ្ញុំ​ធ្វើ​មិន​បាន។​​ តែខ្ញុំ​សន្យា ខ្ញុំ​នឹងព្យាយាមមិន​ខូចចិត្ត​ ឬ​មួយ​ក៏​យំ​ដោយ​សារ​ការ​ឃ្លាត​ទៅ​របស់​លោក​ទៀត​ឡើយ​។ អនុស្សាវរីយ៍​របស់​យើង ធំធេង​ណាស់​ ហើយ​​​មាន​តម្លៃ​ជាង​ការ​ឲ្យ​ភាព​ខូចចិត្ត​មក​បំផ្លាញ​ទៅ​ទៀត​​។ លោក​មិន​បាច់​បារម្ភ​ពី​ខ្ញុំ​ទេ ម៉ារស៍​… សូម​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​កំណើត​របស់​លោក​ប្រកប​ដោយ​សេចក្តីសុខ​ លោក​ត្រូវ​តែ​ជឿជាក់​លើ​ភាព​រឹង​មាំ​របស់ខ្ញុំ​!»

«បាទ ខ្ញុំ​ជឿជាក់​លើ​ចន្ទ្រ​​ ថ្ងៃ​ណាមួយ​យើង​អាច​នឹង​បាន​ជួប​គ្នា​ជាថ្មី​​…»

«សំណាង​ល្អ​ដូច​គ្នាម៉ារស៍ ខ្ញុំ​នឹង​រង់​ចាំ​ថ្ងៃ​ដែល​យើង​នឹង​បាន​ជួប​គ្នា​នោះ!»

ការបែក​គ្នា ​ប្រព្រឹត្ត​​ទៅយ៉ាង​ងាយ​ស្រួល។​ ខ្ញុំ​សម្រេចចិត្ត​ដើរ​បែរខ្នង​ចេញ​មក​ ហើយ​ព្យាយាម​យ៉ាងខ្លាំង ដើម្បី​មិន​ឲ្យ​គេ​មើល​ឃើញ​ស្មា​របស់ខ្ញុំ​ ដែល​កំពុង​​តែ​ញ័ររញ្ជួយ​ដោយ​សារ​ការ​យំ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន។ នៅពេលបែរខ្នង​ដើរចេញ​មក​ដូច្នេះ​ គេ​ច្បាស់​ជា​ឃើញ​តែ​ផែន​​ខ្នង​ដែល​រឹង​មាំ​ នឹង​ធឹង​ មិន​មែន​​ជា​ភាព​ទន់​ជ្រាយ…​ យើង​ទាំង​ពីរ​នឹង​បាន​លាគ្នា​ដោយ​ភាព​រីករាយ​។ ខ្ញុំ​បាន​ត្រឹម​តែ​សង្ឃឹមថា គេ​នឹង​អស់​បារម្ភ​នៅពេល​ឃើញ​ភាព​រឹង​មាំ ​ដែលខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​នេះ​។

ចប់​ហើយ… ​ គ្រប់​យ៉ាង​ចប់​ហើយ ​មែនទេ?… លាហើយមនុស្ស​ភព​ផ្កាយ!

***

 m192392

ពេលវេលា​ដើរ​ទៅមុខ​មិន​ឈប់​ នាំ​យក​ទាំង​​ក្តី​ទុក្ខ​ទាំង​ឡាយ​​ទៅ​ជាមួយ​។ ខ្ញុំ​​លាក់​កំបាំង​គ្រប់​យ៉ាង​​ទុក​បាន​យ៉ាង​ល្អ ​ដោយ​មិន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំ​វិញខ្លួន​ព្រួយ​បារម្ភ​ឡើយ​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​មួយ​ទៀត​ ដែល​ខ្ញុំ​​សម្រេច​ចិត្ត​ទៅ​​លេង​នៅវិចិត្រ​សាល​របស់​រៀម​​ច្បង ​ដូច​មនុស្ស​ដែល​​គ្មាន​កន្លែង​ទៅ​។ ថ្វី​បើ​ធម្មតា​​ពេល​ទំនេរ​ខ្ញុំ​ចូលចិត្ត​ទៅ​សម្ងំ​អាន​សៀវភៅ​ ឬ​គូររូប​​នៅ​សួន​សាធារណៈ​ដើម្បី​​រង់​ចាំ​ «គេ» ក៏​ដោយ​ តែ​ដោយ​មាន​អារម្មណ៍​ហត់​នឿយនឹង​ភាព​កណ្តោច       ​កណ្តែង​ និង​ការ​រង់​ចាំ​ដែល​​គ្មាន​គោល​ដៅ​ពេក ខ្ញុំ​ក៏​ចង់​មក​លំហែ​កាយ​នៅ​កន្លែង​ផ្សេងខ្លះ​ដែរ ហើយ​វិចិត្រ​សាល​មួយ​នេះ​ជា​កន្លែង​ដែលខ្ញុំ​ជ្រើស​រើស។

«មក​ទៀត​ហើយ​ឬចន្ទ្រ​? ចុះរូប​ឯង​កាល​ណា​ទើប​ព្រម​លក់​ មាន​មនុស្ស​មក​សុំ​ទិញ​ច្រើន​នាក់​ហើយ​ណ៎ា!» លោកវិទូ​​ ដែល​ជា​រៀម​ច្បង​ផ្នែក​គំនូរ​វិចិត្រ​កម្ម​ និង​ជា​ម្ចាស់​ទីកន្លែង​​នេះ​ ពោលរាក់​ទាក់​លាយឡំ​​នឹង​ការ​​រអ៊ូរទាំតិចៗ​។ ថ្ងៃ​នេះ​គាត់​ស្លៀក​ខោខូវ​ប៊យ​ និង​ពាក់​អាវ​យឺត​រូប​ខ្លាឃ្មុំ​ដែល​មើល​ទៅ​ទើស​ភ្នែក​​យ៉ាងខ្លាំង ​រហូត​ខ្ញុំ​ទប់​សំណើច​មិន​បាន​សើច​កខឹក​ ហើយ​ឆ្លើយ​សំណួរ​គាត់។​

«ទុក​ចាំ​ដល់​​ជួប​មនុស្ស​ដែល​ស័ក្តិ​សម​សិន​ទើប​លក់​ ចំណែក​ប្រាក់​ដែលបាន​ពីការ​លក់​ នឹង​បរិច្ចាគ​ជូន​បង​សម្រាប់​ការងារ​មនុស្ស​ធម៌​ទាំង​អស់ ខ្ញុំ​មិន​យក​មួយ​រៀល​ទេ។»

«ឲ្យ​ពិត​ចុះ… អូ! មែនហើយ បើ​មាន​រូប​ថ្មីៗ​យក​មក​ដាក់​តាំង​ចុះ​ ព្រោះ​មាន​ភ្ញៀវ​ច្រើន​ណាស់​ដែល​គេ​ចូលចិត្ត​ស្នាដៃ​ឯង!»

«បាន​តើ​បង! អ៊ីចឹង​ខ្ញុំ​សុំ​ទៅមើល​រូប​នៅខាង​ក្នុង​សិន​ណ៎ា!»

«អឺ… តាម​សប្បាយ​ចុះ​!» លោក​វិទូ​តប​តែ​ប៉ុណ្ណេះ ​ក៏​ឈ្ងោក​មុខ​​ធ្វើ​កិច្ច​ការ​ដែល​កំពុង​ធ្វើ​តាំង​ពី​​ខ្ញុំ​មិន​ទាន់​ចូល​មក​ដល់​ម្ល៉េះ​។ ខ្ញុំ​ដើរ​ចូល​​ទៅ​ក្នុង​សាល​​ធំ​ ដែល​ជា​ល្វែង​បន្ទប់​ធំទូលាយ​សម្រាប់​ដាក់​តាំងបង្ហាញ​​រូប​​​ទាំង​អស់​ រហូត​ទីបំផុត​ក៏​មក​ឈប់​នៅ​នឹង​មុខ​រូប​គំនូរពណ៌​ទឹក ​ខ្នាត​ធំ​ កណ្តាល​សាល​ដែល​​ដាក់​តាំង​លម្អ​យ៉ាង​ទាក់​ភ្នែក​រាប់​ខែ​មក​ហើយ​ …ជា​រូប​បុរស​ម្នាក់​កំពុង​បិទ​ភ្នែក​លង់​លក់​នៅ​ក្នុង​ឯក​សណ្ឋាន​​មេទ័ព​ខ្មែរ​បុរាណ ​ដោយ​រូប​ភាព​ទាំង​មូល​លាប​ពណ៌​ទង់​ដែង​​លឿង ​ដូច​ពេល​​ព្រះ​អាទិត្យ​អស្តង្គត មើល​ទៅ​ត្រជាក់​ភ្នែក​។ ខ្ញុំ​បណ្តោយ​ឲ្យ​ទឹកភ្នែក​ហូរ  យឺតៗ​ដោយ​សេចក្តី​នឹក​រឭកចំពោះ​បុរស​នៅ​ក្នុង​រូប​គំនូរ​​នេះ​។ តើ​ពេល​នេះ​គេ​នៅ​ឯណា?

វិនាទីចុង​ក្រោយ​ មុន​នឹង​យក​រូប​គំនូរ​នេះ​ចូល​រួម​ដាក់​ដេញ​ថ្លៃ​ ក្នុង​កម្មវិធី​តាំង​ពិព័រ​​ណ៍​សប្បុរស​ធម៌​ ខ្ញុំ​បាន​​ដូរ​ចិត្ត​យ៉ាង​រហ័ស​ ដោយ​សម្រេចចិត្ត​រក្សារូប​គំនូរ​នេះ​ទុក​រង់​ចាំ​នរណា​ម្នាក់​ដែល​ស័ក្តិ​សម​នៅ​ថ្ងៃ​ណា​មួយ ​ដោយ​នឹក​សង្ឃឹម​ក្នុង​ចិត្ត​ថា មនុស្ស​ម្នាក់​នោះ​គឺ​ជា​រូប​គេ «ម៉ារស៍ បុរស​មក​ពី​ភ​ពផ្កាយ​»។ គំនិត​ឆ្កួតៗ​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​រៀម​​ច្បង​​ស្តី​បន្ទោស​ឲ្យ​យ៉ាង​ខ្លាំង​ តែ​គាត់​ក៏​ឈប់​រអ៊ូ​រទាំ​មួយ​រំពេច ​នៅពេល​ខ្ញុំ​យក​រូប​គំនូរ​មួយ​ផ្ទាំង​ទៀត ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជំនួស ហើយ​យក​រូប​នេះ​មក​តាំង​នៅ​វិចិត្រ​សាល​របស់​គាត់ ​ដើម្បី​តាម​រក​មនុស្ស​ដែល​ស័ក្តិសម​​បន្ត​ទៀត​។ ខ្ញុំ​បាន​ត្រឹម​តែ​សង្ឃឹម​ថា គេ​នឹង​បាន​មក​ឃើញ​វា​ ឬ​អាច​មាន​នរណា​ម្នាក់​ដែល​ស្គាល់​គេ​មក​ឃើញ​ ហើយអាច​​នាំ​ខ្ញុំ​ទៅជួប​គេ​​បាន។​ តែ​ចាំ​ហើយ​ចាំ​ទៀត​… ខ្ញុំ​ក៏​នៅ​តែ​មិន​បាន​ជួប​នរណាម្នាក់​ ដែល​អាច​នាំ​តម្រុយ​ទៅ​រក​មនុស្ស​ដែល​ទៅ​បាត់​សូន្យ​ឈឹង​ពី​ជីវិត​ខ្ញុំ…​ មនុស្ស​ដែល​ប្រាប់​ខ្ញុំ​ថា គេ​ត្រឡប់​ទៅភព​កំណើត​វិញ…​ ភព​ដែល​គេ​បែក​​យូរ​មក​ហើយ​។

«ម៉ារស៍!!!» ខ្ញុំ​ងាក​ខ្វាប់​ទៅ​រក​មនុស្ស​ក្បែរ​នោះ​មួយ​រំពេច​។ បុរស​រាង​ខ្ពស់​ស្ថិត​នៅ​ក្នុង​ឯកសណ្ឋាន​បែប​ពាណិជ្ជករ ​ឈរ​ភាំង​សម្លឹង​រូបគំនូររបស់ខ្ញុំ​ដោយ​ខ្សែភ្នែក​ដែល​ដិត​ដាម​ដោយ​ភាព​ក្រៀម​ក្រំ​។ ខ្ញុំ​មិនប្រាកដ​ក្នុង​ចិត្ត​ទេថា​ ត្រចៀកខ្ញុំ​ស្តាប់​ច្រឡំ​ឬ​មួយ​ក៏​អត់​ដែល​បាន​ឮ​ឈ្មោះ​របស់​មនុស្ស​ដែលខ្ញុំ​កំពុង​នឹក​ លុះ​ត្រាបុរស​ម្នាក់​នោះ​ហៅ​ឈ្មោះ​របស់​គេ​ម្តង​ទៀត​ទើប​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​។

«លោក​ស្គាល់​មនុស្ស​នៅ​ក្នុង​រូប​នេះ​ឬ?» អាច​មក​ពី​កាយវិការ​រញីរញ័រ​ចង់​ដឹង​ចង់​ឮ​របស់ខ្ញុំ​ ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ងាក​មក​សម្លឹង​មុខ​ខ្ញុំ​ដោយ​ទឹក​មុខ​ភ្ញាក់​ផ្អើល​។

«អូ… ខ្ញុំ​មិន​ប្រាកដ​ដែរ​ថា​ស្គាល់​ឬ​អត់​ តែ​ស្រដៀង​ខ្លាំង​ណាស់​ គឺ​ស្រដៀង​នឹង​ប្អូន​ប្រុស​របស់​ខ្ញុំ​​ស្ទើរ​តែ​ដូច​បេះ​បិទ​តែ​ម្តង​!»

«ប្អូន​របស់​លោក ឈ្មោះ​ម៉ារស៍ឬ?» ខ្ញុំ​អត់​ដង្ហើម​សួរ​គេ​ដោយ​ក្តី​រំភើប​​ស្ទើរ​​​ប្រាប់​មិន​ត្រូវ​។

«បាទ! ចុះ​អ្នក​នាងស្គាល់​ប្អូន​ប្រុស​របស់ខ្ញុំដែរឬ?» គេ​បង្ហាញ​កាយវិការ​សង្ស័យ​បន្តិច​ មុន​នឹង​និយាយ​បន្ត​ដោយ​សំឡេង​ញាប់​ញ័រ «ឬ​មួយ​អ្នក​នាង​ជា​… អ្នក​នាង​ចន្ទ្រថ្លា​???»

«លោក​ស្គាល់​ខ្ញុំ​ដែរ​ឬ?» មើល​ទៅគេ​ដូច​ជា​ស្គាល់​ឈ្មោះ​ខ្ញុំ​ច្បាស់​ណាស់​ ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​សួរ​ទៅវិញ​​ដោយ​ក្តី​ភ្ញាក់​ផ្អើល​មិន​បាន​។

«ប្អូន​ប្រុស​របស់ខ្ញុំ​ឧស្សាហ៍​និយាយ​ពី​អ្នក​នាង​ញឹក​ញាប់​ណាស់ ហើយ​គេ​ក៏​បាន​ផ្ញើ​របស់​ទុក​ជូន​​អ្នក​នាង​​ផងដែរ​​។»

«ចុះ​គេ​នោះ​ សុខ​សប្បាយ​ជាទេ?» សំណួរ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​បុរស​នៅ​ចំពោះ​មុខ​ធ្លាក់​ទឹក​មុខ​មួយ​រំពេច។ កែវ​ភ្នែក​មុត​ថ្លារបស់​គេ​បង្ហាញ​ភាព​សោក​សៅ​យ៉ាងខ្លាំង ​​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​​នឹក​ខ្លាច​ ហើយ​បើ​អាច​ដក​សំណួរ​នេះ​មក​វិញ​បាន​ ខ្ញុំ​នឹង​មិន​សួរ​ឡើយ​។

«គិត​ថា… ​ប្រហែលជា​​សុខ​សប្បាយហើយ​​! និយាយ​អ៊ីចឹង តើ​​ខ្ញុំ​អាច​សុំ​ទិញ​គំនូរ​មួយ​ផ្ទាំង​​នេះ​បាន​ទេ? គំនូរ​របស់​អ្នក​នាង​ចន្ទ្រ​​ដូច​គេ​ខ្លាំង​ណាស់ ម៉ាក់​ខ្ញុំ​ច្បាស់ជា​សប្បាយ​ចិត្ត​ប្រសិន​បើ​បាន​ឃើញ​រូប​នេះ​។» សំឡេង​ដែល​ពោរពេញ​ដោយ​ភាព​ក្រៀម​ក្រំ​របស់​គេ​ ​ធ្វើ​ឲ្យ​ខ្ញុំចាប់​ផ្តើម​​ច្បាស់​ក្នុង​ចិត្ត​។ ជួន​កាល​ម្ចាស់​រូបគំនូរ​​ដែលខ្ញុំ​តាម​រក ​អាច​ជាគេ​ម្នាក់​នេះ​ក៏​ថា​បាន​។ នេះ​អាច​ជា​បំណង​របស់​ម៉ារស៍​ ដែល​សណ្ឋិត​នៅ​ក្នុង​រូប​គំនូរ​នេះ​…​ ​​​គេ​ប្រហែល​ជា​​​ចង់​​ត្រឡប់​ទៅ​រស់​នៅ​​ជាមួយ​ក្រុម​គ្រួសាររបស់​គេ​វិញ…​ ជា​កន្លែង​​ដែលស័ក្តិ​សម ​ជា​មួយ​​​មនុស្ស​ដែលស័ក្តិសម​។

«ច៎ាស ខ្ញុំ​រីករាយ​នឹង​លក់​ជូន​ តែ​អាច​ជួយ​ប្រាប់ខ្ញុំ​បន្តិច​បានទេ ថា​ពេល​នេះ​គេនៅទីណា? ខ្ញុំ​​ពិត​ជា​ចង់​ជួប​គេ​ណាស់​!» សំណូម​ពរ​របស់ខ្ញុំ​ប្រហែលជា​ធ្វើ​ឲ្យ​អនាគត​ម្ចាស់​ផ្ទាំង​គំនូរ​​​នេះ​តាន​តឹង​ចិត្ត​យ៉ាង​​ខ្លាំង ព្រោះខ្ញុំ​ឃើញ​គេ​ដកដង្ហើម​ធំ​យ៉ាង​វែង​ មុន​នឹង​ឆ្លើយ​​។

«គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង​ទៅ​ហើយ​ គឺ​ឃ្លាត​ទៅកាន់​ភព​របស់គេវិញ​ គ្មាន​នរណា​អាច​តាម​ទៅជួប​គេ​បាន​ទេ មិន​ថា​អ្នក​នាង​ ឬ​ក៏​ខ្ញុំ!»

«អរគុណ​ខ្លាំង​ណាស់​សម្រាប់ចម្លើយ​នេះ​។» ខ្ញុំ​និយាយ​បណ្តើរ​ ដកដង្ហើម​ជ្រៅ​ចូល​ទៅក្នុង​សួត​បណ្តើរ​​ដើម្បី​ទប់​ទឹកភ្នែក។ ការ​សង្ស័យ​របស់ខ្ញុំ​ត្រូវ​បាន​ស្រាយ​បំភ្លឺ​តាម​រយៈ​សម្តី​​របស់​គេ​នេះ​ឯង​។ នៅ​ពេល​តាំង​ស្មារតី​ឡើង​វិញ​បាន​ ខ្ញុំ​ក៏​ប្រឹង​ញញឹម​បន្តិច​ មុន​នឹង​ប្រាប់​បង​ប្រុស​របស់​ម៉ារស៍​បន្ត​​ ​ «មិន​ថា​រឿង​កំប្លែង​​ដែល​គេ​​និយាយ​ប្រាប់ខ្ញុំ​យ៉ាង​ម៉េច​​​ក៏​ដោយ​ តែ​នោះ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ មែនទេ? ថា​ខ្ញុំ​និង​គេ​មិន​បាន​ដក​ដង្ហើម​រួម​គ្នា ​នៅ​លើ​ភពផែនដី​​នេះ​ទៀត​ទេ​… ខ្ញុំ​យល់… ខ្ញុំ​យល់ហើយ!»

«អ្នក​នាង​រង់​ចាំ​ខ្ញុំ​នៅទីនេះ​មួយភ្លែតណ៎ា ខ្ញុំ​នឹង​ទៅ​យក​របស់ដែលគេ​ផ្ញើ​ទុក​មក​ជូន!»

«ច៎ាស!» ពេល​ឮ​ខ្ញុំ​ទទួល​ពាក្យ​ហើយ​ បុរស​ម្នាក់​នោះ​ក៏​ប្រញាប់​ចេញទៅ​។ ខ្ញុំ​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ល្អ​ពេល​កំពុង​រង់​ចាំ​ ទើប​បាន​ត្រឹម​តែ​ឈរ​សម្លឹង​មើល​បុរស​នៅ​ក្នុង​រូប​គំនូរ​​ប៉ុណ្ណោះ​។ គេ​ប្រហែល​ជា​រក​ប្រអប់​សំបុត្រ​ប្រៃ​សណីយ៍​លើ​ភព​អង្គារ​មិន​ឃើញ​ទេ ទើប​បាន​ជា​ផ្ញើ​របស់​តាម    ​រយៈ​បង​ប្រុស​បែប​នេះ​។ បើចៃដន្យ​ថ្ងៃ​នេះ ​ខ្ញុំ​មិន​បាន​មក​ទីនេះ​ តើ​ខ្ញុំ​នឹង​បាន​ជួប​បង​ប្រុស​របស់​គេ​ដែរឬ​ទេ? ហើយ​តើ​ខ្ញុំ​នឹង​បាន​ទទួល​ដំណឹង​​ពី​គេ​ដែរឬទេពេញ​មួយ​ជីវិត​នេះ?

«ម៉ារស៍! តើ​ការ​ដែលខ្ញុំ​បាន​ជួប​បង​ប្រុស​របស់​លោក គឺ​​គ្រាន់​តែ​​ជា​រឿង​​ចៃដន្យ​ ឬ​មួយ​ដល់​ពេលវេលា​ដែល​ស័ក្តិ​សម​ហើយ ​ដែល​យើង​​នឹង​បាន​និយាយ​គ្នា?» ខ្ញុំ​បាន​ត្រឹម​តែ​សួរ​រូប​គំនូរ​ ហើយ​ប្រាកដ​ណាស់ ខ្ញុំមិន​បាន​ទទួល​ចម្លើយ​មកវិញ​ទេ… ពេល​នេះ​មិន​ថា​ដោយ​ហេតុ​ផល​អ្វី​ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ខ្លះ​ដែរ​​​ ព្រោះយ៉ាង​ហោច​ណាស់​ខ្ញុំ​ក៏​នៅ​សេស​សល់​អ្វីខ្លះពីគេដែរ​ ទោះ​បី​នោះ​ត្រឹម​តែ​ជា​សរសៃ​ឆ្មារៗ​ចុង​ក្រោយ​ដែល​ភ្ជាប់​ទំនាក់​ទំនង​យើង​ទាំង​ពីរ​​ក៏ដោយ​។

«នេះ​ជា​របស់​ដែលគេ​ផ្ញើទុក​​ជូន​អ្នក​នាង!» បង​ប្រុស​របស់​ម៉ារស៍ហុច​កញ្ចប់​ពណ៌​ត្នោត​ក្រាស់មក​ឲ្យខ្ញុំ​។ មិន​បាច់​ទាយ​ ខ្ញុំ​ក៏​ដឹង​ថាវា​គឺ​ជា​សៀវភៅ​ដែល​គេ​ធ្លាប់​ចូលចិត្ត​អាន​ដែរ​។

«ច៎ាស អរគុណ! តើ​ខ្ញុំ​អាច​សុំ​ហែក​មើលត្រង់​នេះ​តែ​ម្តង​បាន​ទេ?»

«តាម​សប្បាយ​ចុះ​ គេ​មាន​បំណង​ជូន​​អ្នក​នាង​​ទៅហើយ ហែកមើល​នៅឯណា​ក៏​ដូច​គ្នា​ដែរ។» ចម្លើយ ​និង​ស្នាមញញឹម​របស់​បុរស​ចំពោះ​មុខ ​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ហែក​កញ្ចប់​នោះ​មួយ​រំពេច​។ វត្ថុ​ដែល​នៅ​ក្នុង​កញ្ចប់​នោះ ​គឺ​ជា​សៀវភៅ​មួយ​ក្បាល ​ដែលខ្ញុំ​ចាំ​​ចំណង​ជើង​យ៉ាង​ច្បាស់​ ព្រោះ​ធ្លាប់​​ឃើញ​គេ​កាន់​មក​អាន​ជា​ញឹក​ញាប់​។

«សៀវភៅ​របស់ ​KAHLIL GIBRAN​ ឬ?»

«ខ្ញុំ​មិន​សូវ​ស្គាល់​ទេ ​ព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ដូច​ម៉ារស៍​ឡើយ!» គេ​ញញឹម​បន្តិច មុន​នឹង​និយាយ​បន្ត​ «អ្នក​នាង​ចន្ទ្រ​! ខ្ញុំ​បាន​បំពេញ​តួនាទី​ជា​បុរស​ប្រៃ​សណីយ៍​រួច​រាល់​ហើយ​ ដូច្នេះ​ខ្ញុំ​​ប្រហែល​ជា​ត្រូវ​សុំ​លា​ទៅវិញ​ហើយ​ ចំណែក​រឿងរូប​គំនូរ​នោះ ខ្ញុំ​អាចសុំ​ទិញ​បាន មែនទេ?»

«ច៎ាស​បាន ខ្ញុំ​រីករាយ​នឹង​លក់​ជូន​ តែ​យ៉ាង​ណា សូម​លោក​ទៅ​និយាយ​ជាមួយ​បង​វិទូ ម្ចាស់​​​​វិចិត្រ​សាល​នេះ​ចុះ!»

«បាទ!​ អរគុណ​ បើ​មាន​ឱកាស​យើង​​នឹង​បាន​ជួប​គ្នា​ទៀត​!»

«ច៎ាស! អរគុណ​ដូច​គ្នា​សម្រាប់​របស់​នេះ​។»

ខ្ញុំ​ញញឹម​លាគេ​ជា​លើក​ចុង​ក្រោយ​ មុន​នឹង​បុរស​ម្នាក់​នោះ​ ដើរ​ទៅផ្នែកខាង​មុខ​វិចិត្រសាល​ដែល​បង​វិទូ​​កំពុង​ធ្វើ​ការ​​។ ខ្ញុំ​ងាក​មើល​រូប​គំនូររបស់ខ្លួន​ឯង​ម្តង​ទៀត​… នេះ​អាច​ជា​លើក​ចុង​ក្រោយ​ដែល​យើង​​បាន​ជួប​គ្នា​​ មុន​នឹង​​ផ្លាស់​ទៅ​នៅ​កន្លែង​ផ្សេង។ សៀវភៅ​មួយ​ក្បាល​​ដែល​បន្សល់​ទុក​ពី​មនុស្ស​ដែល​ឃ្លាត​ទៅ​ជា​រៀង​រហូត ​ប្រហែលជា​មានអ្វី​ម្យ៉ាង ​ដែល​លាក់​ទុក​ក្នុង​នោះ​ អាច​ឲ្យ​ខ្ញុំ​​ស្វែង​យល់​បន្ថែម​បាន​​​។ ចាប់​ពីពេល​នេះ​តទៅ​ គេ​នឹង​ក្លាយ​ជា​ការ​ចង​ចាំ​មួយ​ជា​រៀង​រហូត​… យើង​នឹង​មិន​បាន​ជួប​គ្នា​ទៀត​ទេ។ តទៅនេះ​ខ្ញុំ​នឹង​មិន​រង់​ចាំគេ​ទៀត​ឡើយ​ គេ​នឹង​មិន​ត្រឡប់​មក​វិញ​ទេ គឺ​គ្មាន​ថ្ងៃ​នឹង​ត្រឡប់​… ​

«លាហើយ​ម៉ារស៍! លាហើយ​ស្នេហា​របស់ខ្ញុំ!»

ខ្ញុំ​ឱបសៀវភៅ​ដើរ​ចេញ​មកជាមួយ​​ពាក្យ​លា​ចុង​ក្រោយ។​ ទោះ​ជា​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ដល់​គេ​ តែ​ «ម៉ារស៍» គឺ​នៅ​តែ​លេច​រូប​រាង​នៅ​ក្នុង​ការ​ចង​ចាំ​របស់ខ្ញុំ​ជា​រៀង​រហូត​។

***

 20100708233500

ខ្ញុំ​ទាញ​ខ្លួន​ឯង​ត្រឡប់​មក​ក្នុង​ពិភព​បច្ចុប្បន្ន​វិញ​។ ខណៈ​នេះ​ ខ្ញុំ​កំពុងអង្គុយ​​នៅ​កន្លែង​ធ្វើ​ការ​ និង​ទើប​តែ​ត្រូវ​ចៅ​ហ្វាយ​ស្តី​បន្ទោស​រហូត​យំ​។ ការនឹក​ដល់​រឿង​រ៉ាវ​​ក្នុង​អតីតកាល​ជួយ​ផ្តល់​កម្លាំ​ង​ចិត្ត​យ៉ាងច្រើនដល់​ខ្ញុំ​​ តែ​ប្រហែលជា​មិន​ស្មើនឹង​ការបាន​ឃើញ​អ្វី​ ដែលម៉ារស៍​​ផ្ញើ​មក​ឲ្យខ្ញុំ​នោះ​ទេ​​។ ខ្ញុំ​យក​សៀវភៅ​តូច​ចេញ​​ពី​កាបូប​ដៃ​ មុន​នឹង​បើក​រក​វត្ថុ​សំខាន់​នៅ​ខាង​ក្នុង​។

«សម្រាប់ខ្ញុំ​… ចន្ទ្រ​​… គឺជា​… សេចក្តីស្នេហ៍​… ដែលចក្រវាឡប្រទានឲ្យ​»

អក្សរ​ដៃ​មាន​របៀប ​​ងាយស្រួល​អាន​​ សរសេរ​ទុកនៅខាងក្រោយ​រូប​ថតតូច​ ដែល​ខ្ទាស់​មក​​ជាមួយ​សៀវភៅ ​ដែលម៉ារស៍​ផ្ញើ​តាម​បង​ប្រុស​របស់​គេ​មក​ឲ្យ​។ ខ្ញុំ​ចាំសៀវភៅ​មួយ​ក្បាល​នេះ​បាន​យ៉ាង​ច្បាស់​ ព្រោះថ្ងៃ​ដំបូង​ដែលយើង​បាន​ស្គាល់​គ្នា​ជា​ផ្លូវ​ការ​ សៀវភៅ​រឿង​ស្នេហា​បាក់ស្លាប​ (The Broken Wings) របស់ ​KAHLIL GIBRAN​ មួយ​ក្បាល​នេះ ​ក៏​​នៅ​ជាមួយ​គេ​       ​ដែរ។ ចំណែក​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ដោត​ជាប់​នឹង​ទំព័រដំបូង​ក្នុង​សៀវភៅ​ ដែលខ្ញុំ​​បើក​ឃើញ​វា​ដោយ​ចៃ​ដន្យ។​ ការ​ពិត​… ​​គេ​ប្រហែល​ជា​មាន​ចេតនា ចង់​ឲ្យ​ខ្ញុំ​ឃើញ​រូប​ថត​នេះ​បានយ៉ាង​​​ងាយ​ដោយមិន​ធ្វើ​ឲ្យ​វា​ជ្រុះ​បាត់​មុន​។ ខ្ញុំ​សម្លឹង​មើល​រូប​ថត​ ដែល​មាន​តែ​មួយ​សន្លឹកនេះ​កាត់​ដំណក់​ទឹកភ្នែក​។ ​ពិត​ជា​ចាំ​មិន​បានសោះ​​​ថា តើ​ពេលណា​ដែលខ្ញុំ​​បាន​កត់​ត្រា​អនុស្សាវរីយ៍​​មួយ​នេះ​រួម​ជាមួយ​គេ​… រូប​ថត​ដែល​យើង​​ថត​ជាមួយ​គ្នា ​ក្នុង​ថ្ងៃ​​ចុង​ក្រោយ មុន​នឹង​យើង​​​បែកគ្នា ​ហើយ​រូប​ថត​មួយ​សន្លឹក​នេះ​អាច​ជា​ភ័ស្តុតាង​តែមួ​យ​​គត់​ ដែល​ជួយ​អះ​អាង​បាន​ថា…

…ខ្ញុំ​បាន​ជួប​មនុស្ស​ភព​ផ្កាយ​…

…ខ្ញុំ​បានស្គាល់​សេចក្តីស្នេហា…

ស្លាកស្នាម​អនុស្សាវរីយ៍​​របស់​​មនុស្ស​ភព​ផ្កាយ ​ដែល​គេ​បន្សល់​ទុក​សម្រាប់​ខ្ញុំ​ គឺ​​មាន​​តែ​ប៉ុណ្ណេះ​ ខ្ញុំ​មិន​បាន​រក​ឃើញ​អ្វី​ផ្សេង​ទៀត​ឡើយ​។ ការ​បែក​គ្នា​ជា​រៀង​រហូត​​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យំ​ខ្លាំង​ទៀត​ទេ​​។ ខ្ញុំ​ជឿ​ថា ម៉ារស៍​នឹង​នៅ​ជាមួយ​ខ្ញុំ​ជា​រៀង​រហូត​ ព្រោះ​គេ​គឺ​ជា​ការ​ចង​ចាំ​ដែល​មាន​តម្លៃ​បំផុត​របស់​ខ្ញុំ​៕

 

សរសេរចប់ សុក្រ ១៨ កក្កដា ២០១៤

Read Full Post »


Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

រូបភាព Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

ផ្កាយNoVeLs*– ប្រិយ​មិត្ត​អ្នក​អាន​មាន​ចាំ​ហេតុ​ការណ៍​ចាប់​ជំរិត​ក្មេង​មួយ​នៅ​ខេត្ត​សៀមរាប​ទេ? ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៥ នៅ​សាលា​អន្តរជាតិ​មួយ​ ក្នុង​ខេត្ត​សៀម​រាប ដែល​ជាព័ត៌មាន​​ផ្ទុះ​មួយសម្រាប់​គ្រប់​ស្ថាប័ន​ក្រសួង​ពាក់​ព័ន្ធ​ រួម​ទាំង​ប្រជាជន អ្នក​យក​ព័ត៌មាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ក្មេងៗ​ចំនួន​៧០​នាក់​អាយុ​ក្រោម​៦​ឆ្នាំ​ និង​គ្រូ​បង្រៀន​៣,៤នាក់​ផ្សេង​ទៀត​ បាន​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​ពី​ក្រុម​ចោរ​ចាប់​ជំរិត​ដែល​ទើប​តែ​ទម្លាយគុក​​​។ ប៉ុន្តែ​ក្មេងៗ​៤០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ចោរ​។ ក្មេង​ប្រុស​ សញ្ជាតិ​កាណាដា អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ ខណៈ​ដែល​មាន​ការ​ដោះ​ដូរ​ប្រាក់​ ៣​ម៉ឺនដុល្លារ​សហរដ្ឋ​អាម៉េរិគ​ និង​​រថយន្ត​១២​កៅ​អី​១​គ្រឿង​ដើម្បី​ពួក​គេ​អាច​គេច​ខ្លួន​ទៅ​កាន់​ព្រំ​ប្រទល់​ថៃ​បាន​។

រឿង​ «វិញ្ញាណ​គ្មាន​រូប» ទទួល​បាន​​គំនិត​ និង​ការ​ជំរុញ​ទឹក​ចិត្ត​(inspire)​ ​ពីហេតុ​ការណ៍​នេះ​។ តួអង្គ​ឈ្មោះ​ វីរៈ គឺ​ជា​ក្មេង​ប្រុស​សញ្ជាតិ​កាណាដា​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​។ ដំបូង​ឡើយ​ ខ្ញុំ​ដាក់​ចំណង​ជើង​រឿង​នេះ​ថា «ក្មេង​បាត់ខ្លួន» តែ​ដោយ​ខ្លាច​ជាន់ ឬ​ស្រដៀង​គ្នា​នឹង​ភាព​យន្ត​ខ្មែរ​មួយ​ដែល​មាន​ចំណង​ជើង​ថា «បាត់ខ្លួន» ខ្ញុំ​ក៏​ដូរ​ដាក់​ជា «គេ​ចាប់​ជំរិត​ក្មេង​ម្នាក់»។ លុះ​ក្រោយ​មក​ទៀត​ នៅពេល​រឿង​នេះ​ធ្លាក់​ដល់​ដៃ​ «សប្បាយ» ក្រុម​ការ​ងារ​ខាង​នោះ​ប្រាប់​ថា ចំណង​ជើង​នេះ​ស្រដៀង​គ្នា​នឹង​រឿង​មួយ​ដែល​សប្បាយ​បាន​ផ្សាយ​ទៅ​ហើយ គឺ​រឿង​ «គេ​ចាប់​ជំរិត​មនុស្ស​ម្នាក់»(?)។ ដូច្នេះ​គេ​ក៏​សំណូម​ពរ​ដូរ​ចំណង​ជើង​ដាក់ថា «អាថ៌កំបាំង​ផ្ទះតូច​» វិញ។ តែ​ដោយ​ចំណង​ជើងរបស់​សប្បាយ​ អាច​ធ្វើ​ឲ្យ​អ្នក​អាន​ដឹង​សាច់​រឿង​មុន ថា​តួ​អង្គ​ក្មេង វីរៈ អាច​មិន​ទាន់​ស្លាប់ ហើយ​កំពុង​រង់​ចាំ​ឪពុកម្តាយ​គេ​នៅ​ផ្ទះតូច​ ទើប​ចុង​ក្រោយ​ ខ្ញុំ​ក៏​ឲ្យ​គេ​ដូរ​ដាក់ «វិញ្ញាណ​គ្មាន​រូប​» វិញ​។

ក្រៅ​ពី​រឿង​ចំណង​ជើង​ នៅ​មាន​សាច់​រឿង​ត្រង់​ចំណុច​ខ្លះ​ៗ​ត្រូវ​បាន​ដូរ​ តែ​នៅ​ពេល​សប្បាយ​ចេញ​ផ្សាយ សាច់​រឿង​បែរ​ជា​នៅ​ដដែល​ សង្ស័យ​រឿង​ដែល​អ្នកនិពន្ធ​ផ្ញើ​ទៅ​មាន​ច្រើន​ពេក​ទើប​ធ្វើ​ឲ្យ​ក្រុម​ការងារ​សប្បាយ​​ភ្លេច​ក៏​មិន​ដឹង? 😀 ជាក់​ស្តែង​ដូច​ជាត្រង់​ហេតុ​ការណ៍​ផ្ទុះ​រថយន្ត​ តាម​ពិត​សាច់​រឿង​បាន​ប្តូរ​ឲ្យ​ផ្ទុះ​នៅ​ប៉ោយ​ប៉ែត​ ព្រំ​ប្រទល់​ខ្មែរ-ថៃ តែ​ពេល​រឿង​ចេញមក ហេតុ​ការណ៍​នៅ​តែ​កើត​ឡើង​នៅ​សៀមរាប​ដដែល​។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ចំណុច​តូចៗ​មួយ​ចំនួន​ទៀត​ ដែល​បាន​ដូរ​ដែរ តែ​សូម្បី​តែ​ខ្ញុំ​ជា​អ្នកនិពន្ធ​ក៏​ភ្លេច​ដែរ គឺ​ទាល់​តែ​យក​រឿង​ដែល​កែ​ថ្មី​មក​អាន​ឡើង​វិញ ទើប​ដឹង​ថា​រឿង​នេះ​បាន​កែ​ត្រង់​ចំណុច​ណា​ខ្លះ? យ៉ាង​ណាៗ​ រឿង​នេះ​បាន​ចេញ​ផ្សាយ​ទៅហើយ ទោះ​បីជា​មិន​បាន​ផ្សាយ​រឿង​ដែល​បាន​កែ​សម្រួល​រួច​ តែ​ក៏​មាន​អ្នក​អាន​ដ៏​ច្រើន​លើស​លប់បាន​អាន​រឿង​មួយ​នេះ​។ អរគុណ​សប្បាយ អរគុណ​អ្នក​អាន​ជា​ទី​ស្រឡាញ់​ទាំង​អស់! 😀

Read Full Post »


Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

រូបភាព Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

ផ្កាយ​NoVeLs*– តាំ​ង​ពី​ថ្ងៃ​​សៅរ៍​ សប្តាហ៍​មុន​ម្ល៉េះ ទំព័រ​​ ប្រលោម​លោក​សប្បាយ ឬ​ Sabay Novel (https://www.facebook.com/sabaynovel) បាន​ប្តូរ​ Cover ទំព័រ​របស់​ខ្លួន​ មក​ដាក់​រូប​ភាព​នៃ​រឿង​ «វិញ្ញាណ​គ្មាន​រូប​» ជំនួស​វិញ​ ដោយ​បញ្ជាក់​ថា នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍​នេះ​ រឿង​ «វិញ្ញាណ​គ្មាន​រូប​» នឹង​ចេញ​ផ្សាយ​ជា​​ផ្លូវ​ការ​ហើយ​។

គេ​សង្កេត​ឃើញ​ថា រឿង​នេះ​ហាក់​ទទួល​បាន​ចំណាប់​អារម្មណ៍​ ពី​ប្រិយ​មិត្ត​អ្នក​អាន​ជា​ច្រើន​ ទោះ​​បី​ជា​មិន​ទាន់​បាន​ដាក់​ផ្សាយ​នូវ​​សាច់​រឿង​ទាំង​មូល​ក៏​ដោយ​។ ក្នុង​នោះ​ គេ​សង្កេត​ឃើញ​មាន​ការ​ Like & Share ​ជា​ច្រើន​ ខុស​ប្លែក​ពីស្នាដៃ​មុន​ រឿង​ «តុក្កតា​ប្រឡាក់​ឈាម» របស់​ខ្ញុំ ។ អ្នក​អាន​ខ្លះ ឈ្លោះ​ប្រកែក​​គ្នា​​ពី​រឿង​មូល​ហេតុ​នៃ​ការ​បាត់​ខ្លួន​របស់​ក្មេង​តូច​នៅ​ក្នុង​សាច់​រឿង​ រហូត​អ្នក​ខ្លះ​ដល់​ថ្នាក់​គិត​ថា​ រឿង​​នេះ​ជា​រឿង​ពិត​ទៀត​ផង​។

រឿង​ពិត​ ឬ​ប្រឌិត​ ខ្ញុំ​នឹង​ប្រាប់​ប្រិយ​មិត្ត​អ្នក​អាន​ បន្ទាប់​ពីរឿង​នេះ​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​សប្បាយ​​រួច​។ មាន​អាថ៌​កំបាំង​មួយ ​នៅ​ពីក្រោយ​ខ្នង​រឿង​នេះ​។ តើ​ក្មេង​ប្រុស​នោះ​បាត់ខ្លួន​ទៅណា? សូម​​រង់​ចាំ​អាន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ សុក្រ​ ទី១៦​ ឧសភា​នេះ!!!

 

 

Read Full Post »


មិត្ត​ភាព​មួយ​

វិប្បដិសារី​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​…

រឿងហេតុដែលបានកើតឡើងទៅហើយនេះ  ពុំមែនជាការស្រមើស្រមៃរបស់អ្នកនិពន្ធ​ទេតែជាស្រមោលអតីតកាលពិតមួយ ដែលបានកើតឡើងចំពោះមិត្តសម្លាញ់​ពីរនាក់រស់នៅក្នុងខេត្តកំពង់ចាម។ពួកគេគឺជាមិត្តចិត្តមួយថ្លើមមួយដែលបានចងសម្ព័ន្ធភាពជាមួយគ្នាតាំង​​ពីនៅកុមារភាពម៉្លេះ។នារសៀលមួយម៉ោងប្រហែលជាពីរកន្លះណារ៉ាបានស្រែកឆោឡោ ដោយ​​​​ក្តី​សប្បាយ​រត់មកកាន់ផ្ទះឈើដ៏តូចមួយ។ក្រោយមកណារ៉ាបានផ្តួលកង់ចោលនៅក្បែរមាត់​របងហើយ​រត់សំដៅចូលទៅក្នុងផ្ទះបំណងទៅជួបខេមរិន្ទដែលកំពុងអង្គុយអានសៀវភៅនៅ​លើរាន​ក្រោមផ្ទះនោះ។ ណារ៉ារត់បណ្តើរស្រែកបណ្តើរថាជាប់​ហើយ! ជាប់​ហើយ! ។ លុះមកដល់ទល់​នឹងមុខខេមរិន្ទទើបគេ​និយាយ​បន្ត៖

«នែ៎!ខេមរិន្ទគ្នាប្រលងជាប់ហើយណានៅពេលនេះគ្នាបានទៅរៀនបន្តនៅភ្នំពេញហើយ តើឯងសប្បាយចិត្តដូចគ្នាដែរទេ សម្លាញ់?»

«ឆ្កួត!មិត្តភក្តិប្រលងជាប់ទាំងមូល  មិនសប្បាយចិត្តម៉េចនឹងកើត។ឯងនេះគ្រាន់តែរៀនក៏ចាំ​បាច់ទៅមើលឈ្មោះ​ដែរ។ គេគ្រាន់តែប្រលងហើយគេដឹងថាជាប់ឬក៏ធ្លាក់បាត់ទៅហើយមិនមែន​ត្រូវមកអត់បាយក្រហាយទឹកព្រោះតែរង់ចាំមើលឈ្មោះយ៉ាងនេះទេ។ ហ្នឹងហើយមកពីមិនខំរៀន!»

«ខ្ជិលនិយាយជាមួយឯងណាស់ឲ្យ​តែនិយាយរឿងរៀនម្តងណាគ្នាត្រូវមាត់រហូតអ៊ីចឹង! គ្នា​​គិត​រកទៅផ្ទះសិនហើយព្រោះពុកម៉ែកំពុងរង់ចាំដំណឹង​ផង។»

«អើទៅចុះ! លំបាកដល់ឪពុកម្តាយឯងទៀតចំមែន!»

ណារ៉ាត្រឡប់​មកផ្ទះដោយនាំសេចក្តីសប្បាយមកជាមួយ ប៉ុន្តែ​សេចក្តី​សប្បាយ​សម្រាប់​ថ្ងៃ​នេះ​ មិន​​មែន​បាន​ន័យ​ថា នឹង​បាន​សប្បាយ​តទៅ​​រហូត​នោះ​ទេព្រោះបន្តិចទៀតណារ៉ាត្រូវចាកចេញ​​ពីស្រុកកំណើត​ជាមួយនឹងខេមរិន្ទដើម្បីបន្តការសិក្សានៅភ្នំពេញជាបន្តទៀត។ ដំណើរ​រឿងត​ទៅយ៉ាងណាគ្មាននរណាម្នាក់ដឹងទេ… មានតែទុកឲ្យ​ព្រហ្មលិខិតជាអ្នកកំណត់ជោគជតារបស់ពួកគេទៅចុះ។

មួយខែក្រោយមកណារ៉ានិងខេមរិន្ទបានមកដល់ផ្ទះចាស់មួយនៅឯជាយក្រុងដែលផ្ទះនោះ​ស្ថិតក្នុងដីឡូត៍មួយកន្លែងតូចល្មម។ ខណៈដែលមកដល់ណារ៉ាក៏និយាយ៖

«មកដល់ផ្ទះថ្មីហើយខេមរិន្ទឯងឃើញទេ?នេះជាកន្លែងដែលយើងត្រូវតស៊ូជាមួយគ្នាដើម្បី​​ស្វែងរកអនាគតរបស់ពួកយើង។ តែគ្នាគិតចង់ដើរមើលស្រុកទេសគេបន្តិចសិនឯងទៅទេ?»

«មកដល់ភ្លាមចង់ដើរលេងភ្លាមឯងនេះ!  គ្នាមិនទៅទេ  គ្នានៅមើលសៀវភៅវិញព្រោះត្រូវ​ត្រៀមខ្លួនចូលរៀនមហាវិទ្យាល័យផង  បើរៀនមិនចេះគ្នាខ្មាសគេស្លាប់ហើយ។»

«ស្រេចចិត្តឯងចុះ!គ្នាមិនរំខានទេព្រោះឯងនេះដូចជាខ្មោចសៀវភៅទៅហើយមួយ​​​ថ្ងៃៗបើ​មិនបានអានសៀវភៅទេ ឯងវាងាប់។»

ខេមរិន្ទគ្រវីក្បាលហើយពោលតិចៗថាផ្តាស​មែន!​ ។ តាមពិតទៅពួកគេចូលចិត្តលេងសើច​​ជាមួយគ្នាណាស់ អាចនិយាយបានថាស្ទើរគ្រប់ពេលទៀតផង។អ្វីដែលខុសប្លែកគ្នាស្រឡះ​​រវាងពួកគេទាំងពីរនោះគឺខេមរិន្ទចូលចិត្តអានសៀវភៅនិងជាមនុស្សស្ងប់ស្ងាត់ពោរពេញដោយមនោសញ្ចោតនា។ ទាំងនោះខុសពីណារ៉ាស្រឡះ​ ព្រោះណារ៉ាចូលចិត្តលេងសើចច្រើននិងមិនចូល​ចិត្តអានសៀវភៅទេព្រោះគេយល់ថាក្តីសប្បាយជាវត្ថុសំខាន់ទីមួយនៃជីវិតរបស់គេ។

លុះពេលណារ៉ាត្រឡប់​មកវិញ ខេមរិន្ទក៏សួរ៖

«មកវិញហើយឬ?  បានអីផ្ញើគ្នាខ្លះ?  ហើយសប្បាយទេ?»

«គ្មានទេ! ព្រោះមិនមែនជាកាតព្វកិច្ច។ រឿងអីដែលគ្នាត្រូវចំណាយពេលយួរឥវ៉ាន់មកផ្ញើឯងនោះ?»

«ត្រូវហើយ! ឯងធ្វើម៉េចនឹងមានចិត្តល្អបែបនោះទៅ។…ហើយឯងយួរស្អីមកហ្នឹង?»

ណារ៉ាទាញថង់ដាក់ត្របែកលាក់ក្រោយខ្នងហើយពោលថាគ្មានទេតែតាមការពិតណារ៉ា​​មានបំណងយកមកផ្ញើខេមរិន្ទព្រោះដឹងថាខេមរិន្ទចូលចិត្តខ្លាំងណាស់។   បើនិយាយទៅទោះ​បី​ណារ៉ាលេងសើចច្រើននិងមិនសូវជាម្ចាស់ការក៏ពិតមែនប៉ុន្តែគេមិនដែលភ្លេចតួនាទីជាមិត្តដ៏ល្អ​​នោះ​ទេ។

«ត្របែក! គ្នាឃើញថាត្របែកណា៎   យកមកភ្លាមហេតុអីក៏ចាំបាច់លាក់?»

«គ្នាចង់ដឹងថាមនុស្សអាក្រក់ដូចឯងនឹងស្តីឲ្យ​គ្នាបែបម៉េចបើគ្នាមិនបានទិញអីផ្ញើនោះ។»

«តាមពិតគ្នាដឹងហើយថាឯងមិនមែនជាមិត្តចិត្តយ៉ាងនោះទេ  គ្នាធ្វើលេងទេតើសម្លាញ់! យក​​កាំបិតមកចិតញ៉ាំទាំងអស់គ្នា គ្នាកំពុងតែឃ្លានស្រាប់ផង។»

ពួកគេអង្គុយញ៉ាំបណ្តើរជជែកគ្នាបណ្តើរ។   ក្រោយមកខេមរិន្ទក៏សួរទៅណារ៉ា​៖

«ឯងមានចាំកាលពួកយើងអង្គុយញ៉ាំត្របែកនៅក្រោមដើមត្នោតមួយដែលដុះនៅក្បែរភ្លឺស្រែនោះទេ?…  តើពួកយើងបានសន្យាអ្វីខ្លះជាមួយគ្នា?»

«អឺ! ពួកយើងបានសន្យាថាពួកយើងនឹងសាងក្តីស្រមៃមួយនោះឲ្យ​បានសម្រចដែលថាពួក​យើងត្រូវតែមានជីវភាពធូរធារ   ពួកយើងត្រូវមានផ្ទះធំ  មានរថយន្ត មានគ្រប់សព្វដែលអ្នក​ដទៃកំពុងមានតែពួកយើងនៅមិនទាន់មានពិសេសឯងមានបំណងមួយចង់ក្លាយជាអ្នកនិពន្ធ​ដ៏​​ល្បី​ល្បាញម្នាក់​។ សម្លាញ់! គ្នាពិតជាចង់បានថ្ងៃនោះខ្លាំងណាស់។»

«អ៊ីចឹងម៉េចក៏ឯងមិនខំរៀន?»

«មិនដឹងយ៉ាងម៉េច ឃើញសៀវភៅចេះតែខ្ជិល! ប៉ុន្តែមិនអីទេ  គ្នានឹងខំ។»

«នឹង! នឹង! នឹង!   គ្នាស្តាប់ឡើងទ្រលាន់ទៅហើយប៉ុន្តែមិនដែលឃើញអនុវត្តទាល់តែសោះ។ឯងត្រូវសន្យានឹងគ្នាមួយទៀតថា បើ​ថ្ងៃ​ក្រោយ​គ្មាន​គ្នា​នៅ​ក្បែរ​ ក៏​ឯង​ត្រូវ​តែ​តស៊ូ​សាង​ក្តី ស្រមៃ​​​មួយ​នេះ​ឲ្យ​ទាល់​តែ​បាន​ណា​សម្លាញ់​។»

«អឺ! គ្នាដឹងហើយ។»

ខេមរិន្ទទម្លាក់​ទឹកមុខចុះ ព្រោះក្នុងខ្លួនរបស់គេកំពុងតែអស់សង្ឃឹម។ គេដឹងថាគេមិនអាចបាននៅមើលថែមិត្តជាទីស្រឡាញ់​របស់គេបានជារៀងរហូតទេ ប៉ុន្តែគេពិតជាត្រូវការឲ្យ​មិត្តរបស់គេមានសេចក្តីសុខលើគ្រប់អ្វីៗ​ ដែលពួកគេបានគិតទុកជាមួយគ្នា។ខេមរិន្ទមានជំងឺដែល​មិនអាចព្យាបាលបាន ព្រោះសុខភាពរបស់គេមិនអំណោយផលតាំងពីនៅកុមារភាពមក​ម៉្លេះ។ ខេមរិន្ទ​លួច​​សម្លឹង​មើលណារ៉ាដែលគិតតែពីលេងសើចដូចកូនក្មេងដោយ​មិនបានដឹងរឿងអ្វីសោះ   ហើយ​​ខេមរិន្ទគិតជាបណ្តើរៗនៅក្នុងចិត្តថា «គ្នា​ចង់​ឲ្យ​ឯង​ជា​មនុស្ស​ដែល​មាន​តែ​ស្នាម​ញញឹម ​និង​ក្តីសប្បាយ​ជា​រហូត​តទៅ​ ព្រោះ​ទាំង​អស់​នេះ​ជា​វត្ថុ​សំខាន់​ទីមួយ​នៅ​ក្នុង​ជីវិត​របស់​ឯង​។»

គ្រប់អនុស្សាវរីយ៍នៃពួកគេទាំងពីរ គឺតែងតែត្រូវស្តែងចេញនូវភាពស្មោះត្រង់និងការលះ​បង់ ដើម្បីបំពេញតម្លៃ​ឲ្យ​មិត្តភាពដ៏វិសេសវិសាលរបស់ពួកគេ។ នាព្រឹកមួយ ខេមរិន្ទក្រោកពីគេងទាំង​មមិងមមាំងព្រោះឮសូរសំឡេងណារ៉ាដាស់៖

«ខេមរិន្ទ! ខេមរិន្ទ! ក្រោកឡើងមកញ៉ាំថ្នាំ  គ្នាទើបតែទិញមកផ្ញើឯង។ មិនដឹងជាហេតុអីទេ?…យប់មិញនេះឯងក្អករកតែគ្នាដេកពួនមិនបានទាល់តែសោះ។»

«សុំទោស!»

«ឯងច្រឡំ​ទេដឹង?… មនុស្សឯងនេះចេះសុំទោសដែរ! ប្លែកមែន។ អឺ! គ្នាត្រូវទៅរៀនគួរហើយយប់នេះជួយបង្រៀនគ្នាបន្ថែមផង។»

«មិនអីទេឲ្យ​តែឯងចង់រៀន   ណាស់តែហៅមកឲ្យ​រៀនហើយមិនចង់រៀនទេតើ!»

និយាយគ្នាចប់ណារ៉ាក៏ដើរចេញទៅឯខេមរិន្ទយកថ្នាំដាក់ក្នុងមាត់បណ្តើរសម្លឹងមើលណារ៉ា​​ដែលកំពុងតែដើរទៅបណ្តើរ។ ព្រឹកនេះ  ខេមរិន្ទបានសម្រេច​ចិត្តទៅមន្ទីរពេទ្យដើម្បី   ពិនិត្យថាតើទាំងអស់នេះជាជំងឺ​អ្វី?ខណៈនោះលោកគ្រូពេទ្យមានប្រសាសន៍បញ្ជាក់៖

«វាជាជំងឺគ្រាំក្នុងដែលពាក់ព័ន្ធជាមួយសួតជំងឺនេះអាចព្យាបាលបានតែក្នុងករណីដែលប្អូន​​មិនទាន់ធ្ងន់ធ្ងរតែប៉ុណ្ណោះ។  តែនេះប្អូនទុកវារហូតដល់ក្អកមានឈាមទៅហើយ   ដូច្នេះ​បញ្ហានេះ​សម្រាប់គ្រូពេទ្យនៅប្រទេសរបស់យើងមិនអាចមានលទ្ធភាពគ្រប់គ្រាន់ទេ។មធ្យោបាយដែល​ល្អគឺប្អូនត្រូវចេះមើលថែសុខភាពរបស់ខ្លួនឲ្យ​បានល្អតែប៉ុណ្ណោះ ទើបធ្វើឲ្យ​ប្អូនមានឱកាសរស់នៅ​បានយូរតទៅទៀត។»

«បាទ! អរគុណលោកគ្រូពេទ្យខ្លាំងណាស់ ខ្ញុំប្រាកដជាអនុវត្តតាមប្រសាសន៍របស់លោកគ្រូ។ អ៊ីចឹងខ្ញុំគិតជម្រាបលាលោកគ្រូសិនហើយ។»

«បាទ! សូមអញ្ជើញ។»

ខេមរិន្ទដើរចេញពីមន្ទីរពេទ្យដោយក្តីអស់សង្ឃឹម។ មួយជំហានៗខេមរិន្ទគ្មានបារម្ភអ្វីក្រៅ​​តែអំពីណារ៉ាទេព្រោះខេមរិន្ទជាកូនកំព្រាដែលរស់នៅជាមួយម្តាយមីង ហើយខេមរិន្ទមានតែ​ណារ៉ា​ម្នាក់គត់ដែលជាមិត្តដ៏សែនល្អរបស់គេ។….

ឲ្យ​តែរាត្រីចូលមកដល់ខេមរិន្ទតែងបង្រៀនណារ៉ារាល់យប់ ដោយមិនខ្វល់អំពីសុខភាព​របស់​ខ្លួនឯងឡើយ។   ពីរខែក្រោយមក   ណារ៉ាបានក្លាយទៅជានិស្សិតដ៏ពូកែនៅក្នុងថ្នាក់ ប៉ុន្តែ​ទន្ទឹម​នឹងនោះសុខភាពរបស់ខេមរិន្ទក៏ចុះខ្សោយណាស់ទៅហើយដែរទើបនៅក្នុងយប់មួយពេល​ដែលកំពុងបង្រៀនណារ៉ា   ខេមរិន្ទ​ស្រាប់​​​តែក្អក​ជាខ្លាំងរហូតធ្វើឲ្យ​ណារ៉ាបានដឹង។

«ឯងយ៉ាងម៉េចហ្នឹងខេមរិន្ទ?… អូ៎! ឈាមហេតុអីបានក្លាយទៅជាអ៊ីចឹង? ដូរខោអាវទៅ  គ្នា​នាំឯងទៅពេទ្យ។»

«អត់ប្រយោជន៍ទេ… គ្នាដឹងថាគ្នាមានបញ្ហាអ្វីឯងមិនចាំបាច់បារម្ភអំពីគ្នាទេ។ តោះ!​ យើង​រៀន​តទៅទៀត​។»

«ឯងឆ្កួតទេឬ?  ឲ្យ​គ្នារៀនយ៉ាងម៉េចបើឯងក្អករហូតដល់មានឈាមបែបនេះ? បើ​គ្នា​គិត​តែ​អំពី​​អនាគត​របស់​គ្នា​ មិន​គិត​ពី​ឯង​គ្នា​មិន​ព្រម​ទេ ព្រោះ​វា​ជា​ក្តីស្រមៃ​របស់​ពួក​យើង​ទាំង​ពីរមិន​មែន​​របស់​គ្នា​តែ​ម្នាក់​ឯណា ដូច្នេះ​បើ​ចង់​ឲ្យ​វា​សម្រេច​ទៅបាន​ ក៏​ទាល់​តែ​មាន​ឯង​នៅក្បែរ     ​ដែរ។»

«បាន! គ្នាប្រាប់ឯងចុះ។»

ខេមរិន្ទរៀបរាប់អំពីស្ថានភាពនៃជំងឺឲ្យ​ណារ៉ាបានដឹងទាំងអស់ ព្រមទាំងពេលវេលាដែល​នឹង​មកដល់ក្នុងពេលខាងមុខនេះទៀតផង។ ណារ៉ាស្ទុះឱបខេមរិន្ទហើយយកដៃទះខ្នងខេម​រិន្ទតិចៗរួចនិយាយ៖

«ពុទ្ធោសម្លាញ់! ឯងជាមិត្តតែម្នាក់របស់គ្នាបើ​គ្នា​គ្មាន​ឯង​ឲ្យ​គ្នា​រស់​យ៉ាង​ម៉េចទៅ?»

          រាត្រីនោះបានកន្លងផុតទៅ… ឯពេលវេលាក៏មិននៅស្ងៀម  ធ្មេចបើកៗមួយខែបានកន្លងផុត​ទៀតហើយ។ ជំងឺខេមរិន្ទបានបង្ខំឲ្យ​គេសម្រាកនៅតែលើគ្រែឯណារ៉ាវិញមួយថ្ងៃៗគិតតែពីការងារ​លែងខ្វល់ពីការសិក្សាព្រោះចង់ស្វែងរកប្រាក់ទិញថ្នាំនិងអាហារដែលសម្បូរ​ដោយវីតាមីន​​សម្រាប់ថែរក្សាសុខភាពរបស់ខេមរិន្ទ។ ប៉ុន្តែគេមិនឲ្យ​ខេមរិន្ទដឹងទេថាការសិក្សារបស់គេមានការថយចុះ។ ណារ៉ាពេលនេះលែងខ្វល់អ្វីទាំងអស់   ហើយក៏ចេះស្គាល់ការតស៊ូជា    បណ្តើរៗនៅពេលដែលជីវិតជួបបញ្ហា។

នាយប់មួយពេលដែលណារ៉ាមកដល់ផ្ទះខេមរិន្ទ​បាន​ហៅណារ៉ាឲ្យ​​មកក្បែរដោយបំណង​និយាយពាក្យជា​ច្រើនប្រាប់ទៅគេ​៖

«ឈប់ប្រឹងតទៅទៀតទៅសម្លាញ់!  គ្នាដឹងថាឯងហត់ហើយ។  គ្នាចង់ឲ្យ​ឯងគេងលក់ស្កប់ស្កល់ក្នុងយប់នេះ។»

ណារ៉ាទម្លាក់​ទឹកមុខដើរទៅជិតខេមរិន្ទដោយក្តីអស់សង្ឃឹម   ហើយគេបានអង្គុយបែរខ្នងលើក​ដៃក្តោបមុខដោយមិនមាននិយាយអ្វីក្រៅពីការដកដង្ហើមធំនោះឡើយ។ ខេមរិន្ទលើកដៃដាក់​លើខ្នងណារ៉ាហាក់ដូចជាបញ្ជាក់នូវភាពជូរចត់នៅក្នុងខ្លួនហើយខំប្រឹងហាមាត់និយាយ​ជា​មួយ​ណារ៉ា៖

«ទោះ​បី​ថ្ងៃ​ស្អែក​ ឯង​ត្រូវ​គ្មាន​គ្នា​នៅ​ក្បែរ​ក៏​ដោយ​ ក៏​ឯង​ត្រូវ​ចាំ​សន្យា​ថា​ នឹង​សាង​ក្តីស្រមៃ​របស់​​ពួក​យើង​ឲ្យ​លេច​ចេញជារូប​រាង​ឡើង​។នៅពេលដែលឯងធ្វើបានសម្រេចនោះ ឯងនឹងមានភាព​សប្បាយរីករាយព្រមជាមួយមុខមាត់ក្នុងសង្គមមួយនេះ។ឯងត្រូវធ្វើជាមនុស្សមានប្រយោជន៍​​​នៅក្នុងសង្គមមិនមែនបញ្ញើសង្គមទេ។  គ្នាដឹងថាឯងមានសារជាតិជាមនុស្សស្លូតបូត  ដូច្នេះសូមឯងកុំប្រែសារជាតិព្រោះតែរបស់កង្វក់ឲ្យ​សោះ។»

«គ្នាយល់ហើយ!ប៉ុន្តែ​គ្នា​ត្រូវ​ការ​ឯង​ជា​ង​អ្វីៗ​ទាំង​អស់​។ គ្នា​មិន​យល់​ទេ ហេតុ​អី​បាន​ជា​ព្រហ្ម​លិខិត​លេង​សើច​នឹងពួក​យើង​ខ្លាំង​​ម្ល៉េះ? តើ​វា​មាន​បេះ​ដូង​ទេ?… ទោះ​បី​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​​មិត្ត​ភាព​មួយ​ ប៉ុន្តែ​​តម្លៃ​នៃ​ពាក្យ​ថា​មិត្ត​នេះ​ គឺ​វា​មាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​គ្នា​ ហើយ​គ្នា​ក៏​រីក​រាយ​​បើ​គ្នា​អាច​ដូរ​ជីវិត​​គ្នា​​យក​ជីវិត​ឯង​មក​វិញ​បាន​។»

«បំភ្លេចចោលចុះ ទោះបីតទៅគ្នាជាព្រលឹងដែលគ្មានសម្បក​ ក៏គ្នានៅរង់ចាំមើលការប្រព្រឹត្ត​​របស់ឯងជានិច្ច។»

«សម្លាញ់!…»

ណារ៉ានិយាយបណ្តើរ  ងាកស្ទុះឱបខេមរិន្ទបណ្តើរ។ ពួកគេយំឱបគ្នាទាំងពីរនាក់ ប៉ុន្តែ​ពួក​គេ​​មិន​គិត​ថា​វា​ជា​ភាព​ទន់​ជ្រាយ​ទេ  ហើយ​ពួក​គេ​បែរ​ជា​យល់​ថា មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​​នៃ​ពួក​​គេ​ទាំង​ពីរ​ គឺ​ជា​ជម្រៅ​ចិត្ត​ដ៏​សែន​ជ្រៅ​ ហើយ​កប់​កំបាំង​ដោយ​អារម្មណ៍​ និង​អនុស្សា​ដ៏​ក្រាស់​ក្រែល​។

នាព្រឹកឡើង  ណារ៉ាក្រោករៀបចំថ្នាំនិងបបរសម្រាប់ខេមរិន្ទតាំងពីម៉ោងប្រាំ។ ពេលរៀប​ចំ​រួច​ ណា​រ៉ា​ក៏​ដើរ​ទៅ​រក​ខេមរិន្ទ ​រួច​ដាស់​តិច​ៗ​ដោយ​ក្តីបារម្ភ​ ក៏​ប៉ុន្តែ​សំឡេង​ស្រែក​ហៅ​មិន​អាច​ធ្វើ​ឲ្យ​​ខេមរិន្ទ​ទទួល​បាន​ទៀត​ឡើយ​ ព្រោះ​ខេមរិន្ទ​នៅពេល​នេះ ​មាន​តែ​សម្បក​ខ្លួន              ​ប៉ុណ្ណោះ​។

«ខេមរិន្ទក្រោកឡើង! ក្រោកឡើង! ឯងកុំធ្វើឲ្យ​គ្នាភ័យណា៎…។ ខេមរិន្ទ! ឯងមិនត្រូវទុកគ្នាចោលទេក្រោកឡើង។ អត់ទេ!… ឯងមិនត្រូវស្លាប់ទេ…ឯងចង់បានអី?ឯងប្រាប់គ្នាមកគ្នាបំពេញឲ្យ​ តែឯងមិនត្រូវទៅចោលគ្នាទេណាសម្លាញ់…»

ណារ៉ាអង្រួនសាកសពខេមរិន្ទជាមួយនឹងសំឡេងស្រែកហៅទាំងគ្មានន័យ។ ណារ៉ាយំផង  ឱប​សពមិត្តផងហើយជេរ​បន្ទោស​ខ្លួន​ឯង​ផង​។

«គ្នា​នេះ​អាក្រក់​ណាស់! គ្នា​មិន​ដែល​បាន​បំពេញ​តួនាទី​ជា​មិត្ត​ដ៏​ល្អ​​ទេ… គ្នា​សុំ​​ទោស!      ត្រឡប់​មក​វិញ​មក​ គ្នា​ភ័យ​ណាស់ ឯង​ត្រឡប់​មក​! គ្នា​ត្រូវ​ការ​ឯង​ គ្នា​នឹក​ឯង​ណាស់​សម្លាញ់​…»

ស្លឹក​ឈើ​ជ្រុះ​ហើយ មិន​អាច​ត្រឡប់​ទៅដុះ​ជាប់​ដើម​វិញ​បាន​ទេ… រីឯកូន​បក្សី​ក៏​ហោះចោល​​សម្បុក​ អ្វី​ៗ​មិន​អាច​ស្ថិត​ស្ថេរ​ជា​និរន្តរ៍​បាន​ឡើយ​។ គ្រប់​យ៉ាង​ត្រូវ​តែ​បណ្តោយ​ទៅតាម​ព្រហ្មលិខិត ​ទោះ​បី​ពេលខ្លះ​ វា​ត្រូវ​ការ​ទាម​ទារ​យក​ជីវិត​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​ក៏ ដោយ​។

ចាប់​តាំង​ពីថ្ងៃ​នោះ​មក​ ណារ៉ា​ហាក់​ដូច​ជា​មនុស្ស​ឯកោ​ម្នាក់​ដែល​គ្មាន​គោល​ដៅ​។ គេ​គិត​តែ​​ពី​អង្គុយ​ផ្អែក​ជញ្ជាំង​ឱប​ធាតុ​របស់​ខេមរិន្ទ​ ដែល​មើល​ទៅគេ​ហាក់​ដូច​ជា​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​​ទាល់​តែ​សោះ​។ ទឹក​ដែល​រលាយ​ចេញ​ពី​កែវ​ភ្នែករបស់​ណារ៉ា គឺ​បញ្ជាក់​មក​ជាមួយ​នូវ​ភាព​ក្រៀម​​ក្រំ និង​ការ​ឈឺ​ចាប់​ហួស​បរិយាយ ហើយ​ពេល​នោះ​គេ​បាន​គិត​នៅ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​៖

«ចាប់​តាំង​ពី​ពេល​ដែល​គ្នា​គ្មាន​ឯង​ គ្នា​ពិត​ជា​វេទនាណាស់​… គ្នា​តែង​នឹក​ឃើញ​រាល់​អនុស្សា ដែល​កន្លង​មក​ គ្នា​ចង់​បាន​វា​ម្តង​ទៀត​។ គ្នា​មិន​ចង់​យំ​ តែ​គ្នា​ធ្វើ​មិន​បាន​ព្រោះមិត្ត​ភាពយើង​វា​កប់​ជ្រៅ​ពេក​ គ្នា​មិន​ដឹង​ថា​ត្រូវ​បំភ្លេច​ឯង​ដោយ​វិធីណា​ទេ។ នៅពេល​នេះ​ អ្វីដែល​គ្នា​ចង់​ដឹង​ខ្លាំង​បំផុត​នោះ ​គឺ​សុខ​ទុក្ខ​របស់​ឯង​ តើ​ឯង​នៅទីណា? ឯង​កំពុង​តែធ្វើ​អ្វី? ចុះ​គ្នា​នឹក​ឯង​នោះ​ ឯង​មាន​ដឹង​​ទេ? គ្នា​សូម​សន្យា​ថា ​ត្រូវ​តែ​សាង​ក្តីស្រមៃ​របស់​ពួក​យើង​ឲ្យ​បា​នសម្រេច​ តែ​ឯង​ត្រូវ​សន្យា​ថាឯង​​ត្រូវ​ត្រឡប់​មក​រក​គ្នា​វិញ ទោះ​បី​ត្រឹម​ក្តីស្រមៃ​ក៏​ដោយ​ណា​សម្លាញ់។»

ក្រោយ​ពី​បាន​សន្យា​នឹង​ខេមរិន្ទ​រួច​មក ណារ៉ា​ចាប់​ផ្តើម​ខិត​ខំ​ម្តង​ទៀត​ដើម្បីសម្រេច​អ្វីដែល​ពួក​គេ​ចង់​បាន​ ហើយ​នៅរាល់​ពេល​ដែល​ណារ៉ា​សម្រេច​បាន​មួយ​កម្រិតៗ​ ណារ៉ា​តែង​ឈរ​មុខរូបថត​​វិញ្ញាណក្ខ័ន្ធ​ខេមរិន្ទ​ ដើម្បី​ប្រាប់​អំពីជោគជ័យ​របស់​គេ។ នៅទីបំផុត​ ណារ៉ា​ក៏​ធ្វើ​បាន​សម្រេច​មែន។ ណារ៉ា​ជា​មនុស្ស​ល្អ​ខ្លាំង​ណាស់ ញាតិ​មិត្ត​ណា​ក៏​ស្រឡាញ់ ​និង​រាប់​អាន​គេ ព្រោះគេ​តែង​ធ្វើ​ល្អ​​ចំពោះ​មនុស្ស​គ្រប់​គ្នា​។ នាល្ងាច​មួយ​ ក្រោយ​ពិធីជប់​លៀង​សម្ពោធ​ផ្ទះ​ថ្មីរបស់​ណារ៉ា​ចប់​ ណារ៉ា​បាន​​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ ​ដែល​រៀប​ចំ​យ៉ាង​ស្អាត​សម្រាប់​ខេមរិន្ទ។ ណារ៉ាបាន​ឈរ​សម្លឹង​រូប​ថត​ខេមរិន្ទ​ ហើយ​និយាយ​គ្នា​លេង​៖

«គ្នា​ធ្វើ​បាន​សម្រេច​ហើយ គ្នា​អរគុណ​ដែល​រាល់​លើក​គ្នា​​សម្លឹង​មើល​ទៅឯង​ គ្នា​ឃើញ​ឯង​ញញឹម​មក​កាន់​គ្នា​ជា​និច្ច​ ប៉ុន្តែ​គ្នាបែរ​ជា​យំ​ទៅកាន់​ឯង​វិញ​។ ដូច្នេះ​​ចាប់​ពីថ្ងៃ​នេះ​តទៅ គ្នា​គួរ​តែមាន​ស្នាម​​ញញឹម​សម្រាប់​ឯង​ដែរ​។ ឯង​ញ៉ាំ​ត្របែក​ទេ គ្នា​ចិត​ឲ្យ​ ព្រោះ​រាល់​លើក​ឯង​ជា​អ្ន​កចិត​ឲ្យ​គ្នា​។ ទោះវា​ជា​របស់​ដែល​ឯង​ចូលចិត្ត​ ប៉ុន្តែ​ឯង​មិ​នដែល​ភ្លេច​គ្នា​ទេ មាន​ពេល​ខ្លះ​គ្នា​ញ៉ាំ​ច្រើន​ជាង​ឯង​ទៀត​។ បើ​គិត​ទៅ ពេល​នោះ​គ្នា​ចង់​តែ​សើច​ទេ ហើយ​គ្នា​ចង់​ត្រឡប់​ទៅ​កាល​ពី​ក្មេង​វិញ​ ព្រោះពេល​​នោះ ​គ្នា​មាន​អារម្មណ៍ថាសប្បា​យខ្លាំង​ណាស់​។ ពួក​យើង​ធ្លាប់​ងូត​ទឹកប្រឡាយ​ជា​មួយ​​គ្នា​ ពួក​យើង​ធ្លាប់​លួច​បេះ​ស្វាយ​គេ​ ពួក​យើង​ដាំ​ត្របែក​ដើម្បី​ញ៉ាំ​ទាំង​អស់​គ្នា​។ មាន​ពេល​មួយ​ ឯង​ធ្វើ​ឲ្យ​​គ្នា​ខឹង​ណាស់​ ព្រោះ​ឯង​យក​សៀវភៅ​របស់​គ្នា​ហែក​ចោល តែ​គ្នា​ក៏​មាន​អារម្មណ៍​ល្អ​​វិញ​នៅពេល​ដែល​​ឯង​ជួយ​សរសេរ​អក្សរ​​ទាំង​អស់​ឡើង​វិញសង​ឲ្យ​គ្នា​។ ថ្ងៃ​ស្អែក​គ្នា​រៀប​ការ​ហើយ តើ​ឯង​មក​ចូល​​​រួម​ដែរ​ទេ? តែ​កុំ​បារម្ភ​ ទោះជា​យ៉ាង​ណា​ក៏​ឯង​ត្រូវ​តែចូល​រួម​ដែរ​ ព្រោះចាប់​​ពី​ថ្ងៃ​នេះ​តទៅ ពួក​យើង​នឹង​រស់​នៅក្នុង​ផ្ទះ​នេះ​ជុំ​ជាមួយ​គ្នា​រហូត​ ហើយ​បន្តិច​ទៀត​ ឯង​នឹង​ឃើញ​​ក្មេងៗ​ដែល​ត្រូវ​ជា​ក្មួយ​​របស់​ឯង​ ពួក​គេ​នឹង​រត់​លេង​នៅទីនេះ​ទៀត​ផង​។ ក្រែង​ឯង​ចូលចិត្តក្មេង​នោះអី? ម៉េច​ក៏​មិ​ន​ឆ្លើយ​នឹង​គ្នា​មក​? ត្រូវ​ហើយ ​ព្រោះ​ឯង​ពេល​នេះលែង​ចង់​និយាយ​ហើយ ឯង​គិត​តែ​ពីសើច​ប៉ុណ្ណោះ​។ សម្លាញ់​ជឿ​ទេ? បើ​សិន​ជា​ពេល​នេះ​ គ្នា​អាច​ដូរ​គ្រប់​យ៉ាង​ទោះ​បីជីវិត​អាពាហ៍​ពិពាហ៍​ ឬ​ក៏​​ជីវិត​របស់​គ្នា​ផ្ទាល់ ​ក៏​គ្នា​ព្រម​ដូរ​ដែរ​ ឲ្យ​តែ​ឯង​មាន​ជីវិត​រស់​ឡើង​វិញ​ ហើយ​​យើង​នឹង​ត្រឡប់​ទៅស្រុក​​កំណើត​វិញ​ជាមួយ​គ្នា​ យើង​នឹងរស់​នៅតាម​ជីវភាព​ធម្មតា​ជា​មួយ​​នឹង​ការ​លេង​សើច​ដូច​ពេល​មុន​។ គ្នា​អាច​ចាំ​បាន​ នៅរាល់​យប់​ដែល​គ្នា​រងា​គេង​ឱប​ដៃ​ គឺ​ឯង​ជា​អ្នក​យក​ភួយ​មក​ដណ្តប់​ឲ្យ​គ្នា​។ ពេល​គ្នា​មាន​របួស គ្នា​មើល​ទៅឯង​ដូច​ជា​ឈឺ​ជាង​គ្នា​ទៅ         ​ទៀត​​។ ពេល​គ្នា​សើច​ គឺ​ជា​​សេចក្តីសុខ​របស់​ឯង​ តើ​មែនទេ? មែន​ហើយ ឯង​ធ្លាប់​ប្រាប់​គ្នា​ថា​ ឯង​សប្បាយ​​ចិត្ត​ណាស់​ នៅពេល​ឃើញ​គ្នា​សើច​​យ៉ាង​នេះ​។ ចុះពេល​ដែល​គ្នា​យំ តើ​ឯង​លំបាក​ចិត្ត​ខ្លាំង​​យ៉ាង​ណា? ឲ្យ​គ្នាសុំ​​ទោសដែល​កន្លង​មក​ ​គ្នា​ធ្វើ​ឲ្យ​ឯង​មិ​នសប្បាយ​ចិត្ត ប៉ុន្តែ​តទៅគ្នា​លែង​ឲ្យ​ឯង​ឃើញ​ទឹក​ភ្នែក​របស់គ្នា​ទៀត​ហើយ​។ គ្នា​​សូម​អរគុណ​ដែល​ឯង​មា​នទឹក​ចិត្ត​សម្រាប់​គ្នា​រហូត​មក ហើយ​គ្នា​ប្រាកដ​ជា​ចង​ចាំ​នូវ​គ្រប់​ទង្វើ​ល្អ​របស់​​ឯង​។ ឯង​ជា​វត្ថុ​ដែល​មា​នតម្លៃ​បំផុត​ក្នុង​ជីវិត​របស់​គ្នា​ ឯង​ជា​មនុស្ស​ទីមួយ ​ដែល​បង្ហាញ​ឲ្យ​គ្នា​ស្គាល់​​សេចក្តីសុខ​ពិត ​តាម​រយៈ​ស្នាម       ញញឹម​ និង​តម្លៃ​ពិត​របស់​មិត្ត​ល្អ​។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ណាស់​ ដែល​​ក្នុង​ពេល​នេះ​សូម្បី​តែ​សាច់​របស់​​ឯង​ត្រជាក់​ឬ​ក្តៅ ក៏​គ្នា​មិន​អាច​ស្ទាបដឹង​ផង​។ យប់​ណាស់​ហើយ… រាត្រី​សួស្តី​ណាសម្លាញ់​!»

ណារ៉ា​ទាញទ្វារ​បន្ទប់​បិទ​ រួច​ដើរ​ទៅកាន់​បន្ទប់​របស់​គេ​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ ហើយ​ណារ៉ា​​ក៏​យំ​ម្តង​ទៀត​ដោយ​ស្ងាត់ៗ​ ព្រោះ​គេ​មិន​ចង់​យំ​នៅចំពោះ​មុខ​រូប​ថត​ខេមរិន្ទ​ទេ។

ពេលវេលា​មិន​អាច​ត្រឡប់​ក្រោយ​បាន​ទេ ហេតុ​ដូចនេះ​ចូរ​មិត្ត​ទាំងអស់​គ្នា ​ធ្វើ​ល្អ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ មុន​ពេល​អ្វីៗ​ទាំង​អស់​សល់​ត្រឹម​ពាក្យ​ថា «យឺតពេល» ៕

Read Full Post »


តៀម​កាហ្វេ​ផ្តើម​ស្នេហ៍​

O

The last sentence… when I was confused.

កាពូជីណូ

«អាឡូ ម្ចាស់​ចិត្ត​?»

[«អាឡូ ជីណូ សុំ​ទោស​ផង​ ថ្ងៃ​នេះ​​ខ្ញុំ​​ប្រហែល​មិន​អាច​ទៅមើល​កុន​ជាមួយ​បាន​ទេ។»]

«អា… ហេតុ​អី​ទៅ?»

[«មាន​ការងារ​បន្ទាន់​ សុំ​ទោស​ផង​ណ៎ា!»]

«មិន​អីទេៗ ចាំ​មើលថ្ងៃ​ក្រោយ​ក៏​បាន​។»

[«ចុះ​ពេល​នេះ​ ជីណូ​នៅ​ឯណា?»]

«អឺម… នៅ​ផ្ទះ​។»

[«អូខេ… អ៊ីចឹង ប៉ុណ្ណឹង​សិន​ចុះ សុំ​ទោស​ពិត​មែនណ៎ា!»]

«បាទ! Happy 6 months Anniversary ​ណ៎ា បាយៗ។»

[«បាយ… Happy 6 months Anniversary!»]

«ស្រឡាញ់​ណ៎ា!»

[«បាទ…»]

ទូតៗ…

សុំ​ទោស​​ផង​ ផ្កាយ! ការ​ពិត​ខ្ញុំ​កុហក…​ ពេល​នេះ​ខ្ញុំ​បាន​មក​ដល់​​មុខ​រោង​កុន​ទៅ​ហើយ។ គួរ​ឲ្យ​ស្តាយ​ណាស់ ថ្ងៃ​គម្រប់​ខួប​៦​ខែ​ បែរ​ជា​មិន​បាន​ជួប​គ្នា​។ រយៈ​ពេល​​ប៉ុន្មាន​ខែ​កន្លង​មក​​នេះ​ គេ​ដូច​ជា​រវល់​ខ្លាំង​ណាស់។ ថ្ងៃ​ខ្លះ​ ក៏​មិន​បាន​មក​រក​ខ្ញុំ​ បើ​មិន​អ៊ីចឹង​ក៏​មិន​បាន​ទាក់​ទង​មក​ខ្ញុំ​សោះ​… មាន​រឿង​អី​ទេ​ដឹង?

ខ្ញុំ​ឈរ​ម្នាក់​​ឯង​ នៅ​មុខ​រោង​កុន​ លេជេន ក្នុង​ផ្សារ​ស៊ីធី​ម៉ល​។ សង្សារ​ក៏​មិន​មក​ កក់​សំបុត្រ​រួច​ទៀត​ ធ្វើ​យ៉ាង​ម៉េច​ល្អ​?… ហៅ​មិត្ត​ភក្តិ​មក​មើល​ជា​មួយ​សិន​ល្អ​ជាង​។ ខ្ញុំ​លូក​យក​ទូរស័ព្ទ​ដៃ​​ចេញ​ពី​ហោប៉ៅ​ រួច​ខល​រក​មិត្ត​ស្និទ្ធ​ស្នាល​របស់​ខ្ញុំ​។

«អាឡូ!»

«ហេ វិបុល ឯង​ទំនេរ​ទេ?»

«អឺ ទំនេរ​តើ យ៉ាង​ម៉េច?»

«មក​មើល​កុន​ជាមួយ​យើង​បន្តិច​មើល៍!»

«អារម្មណ៍​ស្អី​ឯង​ មក​បបួល​យើង​មើ​លកុន?»

«សង្សារ​យើង​រវល់​ ហើយ​យើង​ក៏​បាន​កក់​សំបុត្រ​រួច​ហើយ​ដែរ​ ឯង​នៅ​ជិត​ជាង​គេ​បំផុត​ មក​មើល​ជាមួយ​យើង​បន្តិច​មក៍!»

«អឺៗ ចាំ​យើង​ទៅ! ស្អីទេ រញ៉េ​រញ៉ៃ​​ដល់​ហើយ!»

«អឺ លឿនៗ​ឡើង​វ៉ឺយ!»

«អឺម បាយ​ ជួប​គ្នា​បន្តិច​ទៀត​!»

«អឺ បាយ!»

ទូតៗៗ…

ទម្រាំ​តែ​អូស​ក្បាល​វា​​ចេញ​មក​បាន ចង់​យ៉ាប់​ ហ៊ឺយ!!​ >_<!! ខ្ញុំ​បបួល វិបុល មិត្ត​នៅ​ក្នុង​ក្រុម​របស់​ខ្ញុំ​ម្នាក់​ ដែល​មាន​ផ្ទះ​នៅ​ក្បែរ​នេះ​​។ ខ្ញុំ​និង​វា​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា លុះ​ចូល​មហាវិទ្យាល័យ ​ក៏​ផ្លាស់​ទៅរៀន​កន្លែង​ផ្សេង​គ្នា​ តែ​ក៏​នៅ​ទាក់​ទង​គ្នា​រហូត​ ព្រោះ​វា​​មាន​និស្ស័យ​ល្អ​។ ខ្ញុំ​ប្រឹក្សា​ជាមួយ​វា​ស្ទើរ​តែ​គ្រប់​រឿង​ ​​ហើយ​ត្រូវ​វា​បង្អាប់​រាល់​តែ​លើក​ហ្នឹង​ តែ​យ៉ាង​ណា​វា​​នៅ​តែ​ជា​មិត្ត​សំខាន់​ម្នាក់​របស់​ខ្ញុំ​។

ចាំ​មិន​យូរ​ប៉ុន្មាន​ មនុស្ស​​ក្បាល​ក្រហម​ក៏​ដើរ​មក​ដល់​។ សក់​លាប​ពណ៌​ឆើត​ចម្លែក​ខុស​គេ​ ហើយ​ក៏​មិន​ខ្ចី​សិត​ទៀត ពាក់​អាវ​យឺត​ដៃ​វែង​ឆ្នូត​​​លឿង​ និង​ស្លៀក​​ខោរឹបខ្មៅ​ធម្មតាៗ។​ តែ​មើល​​មុខ​វា​ចុះ​ ​ដូច​ជា​ទើស​ទាល់​ណាស់ ​ដែល​ត្រូវ​ខ្ញុំ​អូស​ចេញ​មក​ដូច្នេះ​​។

«ម៉េច​ ជីណូ?»

ដៃ​វែង​ចាប់​រលាក់​ដៃ​ខ្ញុំ​ជា​ការ​រាក់​ទាក់​។

«ល្អ​ណាស់​ ដែល​មក!»

«កុន​លេង​ម៉ោង​ប៉ុន្មាន?»

«១២​កន្លះ។»

«អាក្របី​ ឯង​ហៅ​យើង​មក​ធ្វើ​អី ទើប​តែ​ម៉ោង​១១​ហ្នឹង?»

«​ព្រោះ​យើង​មិន​ចង់​ឈរ​ម្នាក់​ឯង​! នែ៎ យើង​ខំចេញ​សំបុត្រ​​កុនឲ្យ​​ហើយ​​ នៅ​​រអ៊ូអី​ទៀត!»

«មិន​រអ៊ូ​ក៏​បាន​ដែរ តែ​យើង​ឃ្លាន ឥឡូវ​ទៅ​រក​អី​​ញ៉ាំ​សិន​!»

«អឺម ថ្លៃ​បាយ​ ឯង​ចេញ​ដោយ​ខ្លួន​ឯង​វ៉ឺយ!»

«យើង​ដឹង​ហើយ ស៊ី​ប៊ឺ​ហ្គ័រ​ក៏​បាន​ដែរ ទៅលឿន​ឡើង!»

ខ្ញុំ​ដើរ​តាម​វា​ទៅ​ហាង​ហ៊ែម​ប៊ឺហ្គ័រ​ដែល​នៅជិត​នោះ​។ ហ៊ឺម… បើ​ផ្កាយ​​មក​ជាមួយ​ មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ នឹក​ដល់​ហើយ!​ T_T

នៅ​ក្នុង​ហាង​ មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ ​ល្មម​អាច​​រក​​កន្លែង​​អង្គុយ​បាន​​។ ខ្ញុំ​និង​វិបុល ​កម្មង់​អាហារ​ដោយ​ឡែក​ពី​គ្នា​ម្នាក់​មួយ​ឈុត​ រួច​ដើរ​មក​អង្គុយ​​ជាមួយ​គ្នា​នៅ​​​តុ​។

«ប្លែកៗ​វ៉ឺយ មក​អង្គុយ​ស៊ី​អី​ជាមួយ​មនុស្ស​បុរស​ដូច​គ្នា!»

«​ក្រែង​សំណប់​ចិត្ត​​​របស់​ឯង​ក៏​ប្រុស​ដែរ​ មែនទេ?»

«អឺ មែន​ហើយ តែ​មិន​ពាក់​ព័ន្ធ​ទេ សង្សារ​យើង​ស្អាត!»

មាត់​ទំពា​បណ្តើរ​និយាយ​បណ្តើរ​ពី​ភាព​ស្រស់​ស្អាត​របស់​សង្សារ​ខ្លួន​ឯង​។ គួរ​ឲ្យ​ជិន​​ឫក​​វា​មែនទែន​។

«ផ្កាយ​ ចុះ​ជាមួយ​សង្សារ​ឯង​ យ៉ាង​ម៉េច​ដែរ?»

«មិន​ដឹង​ទេ មួយ​រយៈ​នេះ​មិន​សូវ​បាន​ជួប​គ្នា​ប៉ុន្មាន​ផង​។ និយាយ​ទៅ​ថ្ងៃ​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​របស់​យើង​និង​គេ​​ តែ​គេ​ប្រាប់​ថា​ជាប់​រវល់​។»

«​ឯង​អស់​អី​ប្រូ​ទេ​ដឹង​ បាន​ជា​គេ​មិន​សូវ​មក​រក​ឯង?»

«ប្រូ​អី យើង​គ្មាន​ប្រូបូរ​បាច់​អីទេ យើង​ល្អ​ជាមួយ​គេ​ស្មើ​ចុង​​ស្មើ​ដើម!»

ទ្រឺត…

ទូរស័ព្ទ​ដៃ​របស់ខ្ញុំ​ញ័រ​នៅ​ក្នុង​ហោប៉ៅ​ខោ។​ ​ខ្ញុំ​ប្រញាប់​លូក​​មក​មើល​…

[វិសាល]

«អាឡូ!»

[«អាឡូ ឯង​នៅ​ឯណា?»]

«នៅស៊ីធី​ម៉ល!»

[«ចុះ​សង្សារ​ឯង?»]

«មិន​​ដឹង​ទេ អត់​​នៅ​ជាមួយ​គ្នា​ផង។»

[«សង្សារ​ឯង​ គឺ​ម្នាក់​ដែល​ភ្នែក​ធំៗ​ មាឌ​ល្អិត​ នោះ​ មែនទេ?»]

«អឺ មែន​ហើយ ហេតុអី?»

[«យើង​នៅ​ប្រោន​កាហ្វេ ឃើញ​មនុស្ស​មុខដូច​សង្សារ​របស់​ឯង ​នៅ​ជាមួយ​មនុស្ស​​ប្រុស​ម្នាក់​ រាង​ខ្ពស់​សង្ហា ភ្នែកធំៗ​ កំពុង​អង្គុយ​ផឹក​កាហ្វេ​ជាមួយ​គ្នា​ មើល​ទៅដូចជា​ផ្អែម​ល្ហែម​ណាស់។»]

«ហាសហាស… ចំណាំ​មនុស្ស​ច្រឡំ​ទេដឹង?»

[«មិន​ច្បាស់​ដែរ តែ​ចាំ​យើង​ថត​រូប​ ហើយ​ផ្ញើ​ទៅ​ឲ្យ​មើល។»]

«អ្ហឺម… ធ្វើ​ម៉េច​ធ្វើ​ទៅ!»

មិត្ត​ពូកែ​សម្តី​​ដូច​យ៉ាង​ វិសាល​ ដាក់​ទូរស័ព្ទ​ចុះ​ តែ​មិន​យូ​រ​ប៉ុន្មាន​ សារ​​រូប​ភាព​មួយ​ក៏​​ផ្ញើ​មក​ដល់​​ខ្ញុំ​។

«មាន​រឿង​អី?»

«វិសាលផ្ញើ​រូប​មក​ឲ្យ​​មើល​ វា​ប្រាប់​ថា ​ឃើញ​សង្សារ​យើង​ឈរ​ជាមួយ​មនុស្ស​ប្រុស​មក​ពីណា​ក៏​មិន​ដឹង​នៅ​ប្រោន​។»

«ឯណា យក​មក​មើល​មើល៍!»

វិបុ​ល ​ដែល​កំពុង​ញាប់​មាត់​​ញ៉ាំ​ដំឡូង​បារាំង​​​ យក​ទូរស័ព្ទ​ខ្ញុំ​ទៅ​មើល​ដោយ​មិន​ខ្វល់​អ្វី​ច្រើន​​។

«អឺ ដូច​ដែរ​តើ!»

វិបុល ហុច​ទូរស័ព្ទ​មក​ឲ្យ​ខ្ញុំ​វិញ​។

រូប​ដែល​ខ្ញុំ​ទទួល​បាន​ ថត​ចេញ​​ពី​ជ្រុង​ម្ខាង​នៃ​ហាង​ ​ តែ​ក៏​ល្មម​​អាច​​មើល​ច្បាស់​​។ បុរស​មាឌ​ល្អិត​នៅ​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស​ សក់​ពណ៌​ត្នោត​ ភ្នែក​ធំៗ​កំពុង​អង្គុយ​ផឹក​កាហ្វេ​​ ញញឹម​ដាក់​​បុរស​ម្នាក់​ទៀត​​ដែល​អង្គុយ​​ក្បែរ​។ បុរស​ម្នាក់​នោះ​​ខ្ពស់​សង្ហា​ ​សក់​ពណ៌​ត្នោត​ ពាក់​អាវ​យឺតស​​ និង​ស៊ក​អាវ​រងា​ពណ៌​ផ្ទៃមេឃ​ពី​ក្រៅ​។ ខ្ញុំ​ទទួល​ស្គាល់​ថា បុរស​មាឌ​ល្អិត​ក្នុង​រូប ​ដូច​ផ្កាយ​​របស់​ខ្ញុំ​ខ្លាំង​ណាស់​… ចុះ​អា​​​មនុស្ស​ប្រុស​​ដែល​អង្គុយ​ក្បែរ​គេ​នោះ​ជា​នរណា?… មិត្ត​ភក្តិ? ហ្វែន​សៀវភៅ? ច្បាស់​​ជា​មិត្ត​ហើយ​…

ខ្ញុំ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ខោ​វិញ​ និង​​សម្រេចចិត្ត​ឈប់​ញ៉ាំ​ប៊ឺ​ហ្គឺ​ដែល​នៅ​សល់​។ ចិញ្ចើម​ខ្ញុំ​ជ្រួញ​ចូល​គ្នា​​ ព្រម​ជាមួយ​សំណួរ​ជា​ច្រើន ​ដែល​វិល​វ​ល់​ក្នុង​ខួរ​ក្បាល​​… តើ​អា​​ម្សៀ​​នោះ​ជា​នរណា?

…ល្ងាច​ថ្ងៃ​នោះ…

«​រឿ​ងកុន​​នេះ​ល្អ​​មើល​តើ​​ ឯង​ថា​អ៊ីចឹង​ទេ​ ជីណូ?… ជីណូ… ជីណូ!»

«អ្ហ៎ា?  អឺ… អឺម មែន​ហើយ​ ពោត​លីង​នៅ​ទី​នេះ​ឆ្ងាញ់​ណាស់។»

«ឯង​ស្តាប់​អ្វី​ដែល​យើង​និយាយ​ទេ​នៀក​? ប្រាកដ​ជា​អត់ហើយ​… ឯង​បាន​មើល​រឿង​អត់? តាំង​ពី​វិសាល​​ផ្ញើ​រូប​មក​ឲ្យ​ឯង​ ឯង​ក៏​បាត់​មាត់​បាត់​ក​ដូច​ឆ្កែ​ឈឺ​អ៊ីចឹង!»

«អឺ… យើង​មិន​អី​ទេ។»

«​កុំ​គិត​ច្រើន​អី គ្មាន​រឿង​អី​នោះទេ!»

«អឺៗ អ៊ីចឹង​ យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ បែក​គ្នា​ត្រឹម​នេះ​ចុះ។»

«អឺ អរគុណ​ណាស់​ដែល​បាន​ចេញ​សំបុត្រ​កុន​ឲ្យ!»

«បាយ…»

«បាយ… កុំ​គិត​ច្រើន​ពេក​វ៉ឺយ!»

ខ្ញុំ​ញញឹម​តប​វិញ​ទាំង​មិន​សម​ ព្រម​ទាំង​បក់​ដៃ​លា​ឲ្យ​មិត្ត​របស់​ខ្ញុំ​ មុន​នឹង​ហៅ​​​តាក់​ស៊ី​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​… ម្នាក់​ឯង​។

មែន​ហើយ… ​គ្មាន​រឿង​អី​ទេ តែ​បើ​ទៅ​ជាមួយ​មិត្ត​ភក្តិ​ គួរ​​ណាស់​តែ​​ប្រាប់​ឲ្យ​ត្រង់ៗ​ក៏​បាន​ មិន​​បាច់​កុហក​ថារវល់​ទេ។ ប្រហែល​គេ​​ខ្លាច​ខ្ញុំ​ខឹង​ទេ​ដឹង?​ តែ​ទាក់​ទង​​គ្នា​​មក​ដល់​ថ្នាក់​នេះ​ហើយ​ គួរ​ណាស់​តែ​ដឹង​ហើយ​ថា ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​​ង៉ក់​ងរ​ងាយៗ​នោះ​​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ធ្លាប់​ខឹង​គេ​ដែរ​​។ មិនតែ​ប៉ុណ្ណោះ​ ៦​ខែ​កន្លង​មក​នេះ​ ខ្ញុំ​តែង​តែ​​ធ្វើ​ល្អ​ជាមួយ​គេ​រហូត។ ដូច្នេះ​គេ​ប្រហែល​ជា​មិន​ក្បត់​ខ្ញុំ​ទេ… មែន​ហើយ​ ប្រហែល​ជា​មាន​ការ​ងារ​រវល់ ​ជា​មួយ​មិត្ត​ភក្តិ​ក៏​ថា​បាន​ កុំ​គិត​ច្រើន​អី​​ជីណូ គ្មាន​​​ស្អី​ទេ…

សំណួរ​ និង​ពាក្យ​លួង​លោម​ចិត្ត​ខ្លួន​ឯង​ជា​ច្រើន ​លេច​ឡើង​ពេញ​ក្បាល​របស់​ខ្ញុំ​គ្រប់​ពេល​ មិន​ថា​ពេល​ដើរ​ អង្គុយ​ ងូត​ទឹក​ មើល​ទូរទស្សន៍​ ឬ​ពេល​គេង​។ រូបថត​មួយ​សន្លឹក​​នោះ​ នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​វិល​វល់​ពេញ​មួយ​យប់​ រហូត​ភ្ញាក់​ឡើង​ទទួល​​ថ្ងៃ​ថ្មី​… ថ្ងៃ​ដែល​មិន​ស្រស់​ថ្លា​ដូច​សព្វ​មួយ​​ដង​ រហូត​ដល់​ល្ងាច​ថ្ងៃ​នោះ​។

ទ្រឺតៗ…

ទូរស័ព្ទ​ខ្ញុំ​ញ័រ​នៅ​លើ​ថត​ក្បាល​ដំណេក ​រង់​ចាំ​ឲ្យ​ខ្ញុំ​ទទួល​។ តើ​ជា​ផ្កាយ​​ ឬ​មិន​មែន?

[អ្នក​ចាត់​ការ​]

ខ្ញុំ​ខក​ចិត្ត​តិចៗ ​នៅពេល​​ឈ្មោះ​ដែល​លេច​ឡើង​នៅ​លើ​​អេ​ក្រង់​ទូរស័ព្ទ ​មិន​មែន​​ជា​ឈ្មោះ​របស់​ម្ចាស់​ចិត្ត​​ខ្ញុំ​។

«ជម្រាប​សួរ​ចៅហ្វាយ!»

«ជីណូ​ ខ្ញុំ​មាន​រឿង​ឲ្យ​ឯង​​ជួយ​បន្តិច​ណ៎ា!»

«បាទ​ អ្វី​ទៅ?»

«គឺ​ថ្ងៃ​ទី​៣​ ខែ​ក្រោយ​ ភាគ​ហ៊ុន​ហាង​របស់​យើង​ នឹង​ទៅ​បើក​សា​ខា​ថ្មី​​​មួយ​ទៀត​​នៅ​ខេត្ត​សៀមរាប។ តែ​​​មួយ​រយៈ​នេះ ​ខ្ញុំ​មិន​ទំនេរសោះ​​ ដូច្នេះ​​ខ្ញុំ​ត្រូវ​ការ​ឯង​​យក​​ឯកសារ​​ទៅ​ចុះ​កុង​ត្រា​​ជំនួស​ខ្ញុំ​​។ ម្យ៉ាង​ទៀត​ ខ្ញុំ​ទុក​ចិត្ត​ឯង​ជាង​គេ​ ចាំ​ខ្ញុំ​ចេញ​ថ្លៃ​​សំបុត្រ​យន្ត​ហោះ និង​កន្លែង​ស្នាក់​នៅ​ឲ្យ​។ ជួយ​ខ្ញុំ​បន្តិច​ទៅ ជីណូ!»

សំឡេង​ថ្ងូរ ​របស់​បុរស​វ័យ​កណ្តាល​ ដែល​ជា​ម្ចាស់​ហាង​ដែល​ខ្ញុំ​កំពុង​ធ្វើ​ និយាយ​​អង្វរ​ក​។ សៀមរាប​​ឬ? គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​តើ!

«ចុះ​ថ្ងៃ​ណា​ខ្លះចៅ​ហ្វាយ?»

«ថ្ងៃ​១៥ ដល់​ ១៨​ ខែ​មិថុនា​។ ថ្ងៃ​ទី​១៥​ ឯង​ត្រូវ​ទៅជួប​ម្ចាស់​ភាគ​ហ៊ុន​ ចំណែក​​​​ថ្ងៃ​នៅ​សល់​ ឯង​អាច​ដើរ​លេង​តាម​សប្បាយ​បាន​។»

១៥ ដល់​ ១៨…? តែ​ថ្ងៃ​ទី​១៦ គឺ​ជា​គម្រប់​ខួប​៧​ខែ​របស់​ខ្ញុំ​ និង​ផ្កាយ​​តើ។ ល្អ​ណាស់ យក​ពេល​នេះ​ទៅ​ហាន់​នីមូន​តែ​ម្តង​ទៅ​! ហិហិ

«​យល់​ព្រម​​លោក​ចៅហ្វាយ​! ប៉ុន្តែ​… ខ្ញុំ​អាច​នាំ​មិត្ត​ភក្តិ​ទៅ​ជាមួយ​បាន​ទេ?»

«បានៗ ចាំ​ខ្ញុំ​ជួយ​ចេញ​ថ្លៃ​យន្ត​ហោះ​ឲ្យ​មិត្ត​​​ភក្តិ​ឯង​ដែរ​​។»

«​ពិត​មែនឬ? អរគុណ​ខ្លាំង​ណាស់!»

«​មិន​អី​ទេ អ៊ីចឹង​ចង់​នាំ​មិត្ត​ភក្តិ​ទៅប៉ុន្មាន​នាក់?»

«​ម្នាក់​! តែ​ម្នាក់​ប៉ុណ្ណោះ។»

«អូខេ! ចាំ​ខ្ញុំ​ឲ្យ​លេខា​កក់​សំបុត្រ​យន្ត​ហោះ​ឲ្យ​២​កន្លែង​ ហើយ​ជួប​គ្នា​​នៅ​ព្រលាន​​​យន្ត​ហោះ ​ចាំ​ខ្ញុំ​យក​ឯកសារ​ទៅ​ឲ្យ​នៅទីនោះ​ អរគុណ​ខ្លាំ​ង​ណាស់​ជីណូ។»

«បាទ​ អរគុណ​លោក​ចៅ​ហ្វាយ​ដូច​គ្នា​​។»

«សំណាង​ល្អ!»

ទូតៗៗ…

វ៉ៅ… សំណាង​ដល់​ហើយ ​ដែល​បាន​ធ្វើ​ការ​ជាមួយ​មនុស្ស​ចិត្ត​ល្អ​​បែប​នេះ​។ អរគុណ​​លោក​ប៉ា ​ដែល​មាន​​មិត្ត​ភក្តិ​​ល្អ​ៗ​បែប​នេះ​។ ណ្ហើយ​ ចាំ​ជួប​​ផ្កាយ​​ល្ងាច​នេះ​ ហើយ​​ចាំ​បបួល​គ្នា​។ ផ្កាយ​​ច្បាស់​ជា​​ត្រេក​អរ​មិន​ខាន​។ សួរ​សិន​ល្អ​ជាង​​ថាមក​ហាង​កាហ្វេ​ឬ​អត់​។ ខ្ញុំ​ចុច​ទូរស័ព្ទ​ដៃ​ដោយ​ក្តីរំភើប​​ទៅកាន់​​ ផ្កាយ​​ មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​តាមឡាញន៍។

(Cappuccino: ផ្កាយ​​ ថ្ងៃ​នេះ​មក​ហាង​ទេ?)

(Phkay: អឺម ទៅ!)

(Cappuccino: អ៊ីចឹង​ចាំ​ជួប​គ្នា​ណ៎ា ម្ចាស់​ចិត្ត​! ^^)

…គេ​មិន​តប​​មក​ខ្ញុំ​វិញសោះ​ ​ទោះ​ជា​អាន​ហើយ​ក៏​ដោយ​… ណ្ហើយ​ ទៅ​ងូត​ទឹក​ត្រៀម​ទៅ​ធ្វើ​ការ​វិញ​​ល្អ​ជាង​។ ខ្ញុំ​ងូត​ទឹក​សម្អិត​សម្អាង​ខ្លួន​​យ៉ាង​ស្អាត​ ស្លៀក​ពាក់​​ឯកសណ្ឋាន​​របស់​ហាង​​យ៉ាង​សម​សួន ហើយ​ក៏​មិន​ភ្លេច​ ស៊ក​អាវ​​ពី​ក្រៅ​ថែម​មួយ​ជាន់​​​ទៀត​ដែរ​ មុន​នឹង​​ចេញ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ដើម ​​ដែល​ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ជា​ទី​បំផុត​។

???????????????????????????????

ម៉ោង​ដប់​ហើយ ហាង​នៅ​តែ​ដូច​ដើម​ដូច​រាល់ៗ​ថ្ងៃ​ គ្មាន​មនុស្ស​ មាន​តែ​ខ្ញុំ​ម្នាក់​ឯង​នៅ​ក្នុងហាង​ ​ជាមួយ​បទ​ភ្លេង​ដែល​ប្រគំតិចៗ​ រង់​ចាំ​ឲ្យ​មនុស្ស​ម្នាក់​បើក​ទ្វារ​ចូល​មក​។

គ្រឺងៗ…

«មក​ដល់​ហើយ​ឬ ម្ចាស់​ជីវិត​?»

«អឺម មាន​រឿង​អ្វី មែនទេ?»

មនុស្ស​មាឌ​ល្អិត​ គួរ​ឲ្យ​ស្រឡាញ់​ដើរ​ចូល​មក​ក្នុង​ហាង​។ បបូរ​មាត់​ស្តើង​ញញឹម​​ស្រាល​ដាក់​ខ្ញុំ។ ហេតុ​អ្វី​គេ​​ដូចជា​មិន​រីករាយ​សោះ?… ឬ​មួយ​មិន​ចង់​ជួប​ខ្ញុំ?​

«អា… អង្គុយ​សិន​ទៅ ចាំ​ខ្ញុំ​យក​កាពូជីណូ​មក​ឲ្យ​។»

«អត់​ទេ​ ថ្ងៃ​នេះ​ចង់​ប្តូរ​រស​ជាតិ ចង់​ផឹក​ឡាតេវិញ!»

«ម៉េច​អ៊ីចឹង?»

«…»

ផ្កាយ​​មិន​តប​អ្វី​មក​ខ្ញុំ​។ វា​ជា​រឿង​ចម្លែក​ដែល​គេ​​ប្តូរ​មក​ផឹក​ឡាតេ ព្រោះ​តាំង​ពីស្គាល់​គេ​មក​ ខ្ញុំ​ឃើញ​គេ​ផឹក​​តែ​កាពូជីណូ​ប៉ុណ្ណោះ។ ​គេ​​ដើរ​ទៅ​អង្គុយ​នៅ​តុ​ដដែល​ យ៉ាង​ស្ងៀម​ស្ងាត់​។ ភ្នែក​ធំ​សម្លឹង​ចេញ​ទៅ​ក្រៅ​បង្អួច ​យ៉ាង​អណ្តែង​អណ្តូង។​ គ្មាន​ស្នាម​ញញឹម​ដូច​ដែល​ធ្លាប់​មាន។ គ្មាន​ខ្សែ​ភ្នែក​ដែល​បញ្ជាក់​ថា ​មានសេចក្តី​សុខ។ គ្មាន​​អ្វី​ដូច​ដើម​សោះ…

ខ្ញុំ​ធ្វើ​ឡាតេតម្រូវ​ចិត្ត​គេ​​ មុន​នឹង​យក​ទៅ​ជូន​គេ​នៅ​តុ​ ហើយ​អង្គុយ​ចុះ​ទល់​មុខ​​គ្នា​​។

«សុខ​សប្បាយ​ទេ ផ្កាយ​?»

«អ… អឺម សុខ​ធម្មតា​ សុំ​ទោស​ផង​ ដែល​ម្សិលមិញ​មិន​បាន​ទៅជួប​។»

«មិន​អីទេ…»

គ្រាន់​តែ​ឮ​​ពាក្យ​ថា «ម្សិល​មិញ​» រូប​ភាព​របស់​ផ្កាយ​​ និង​បុរស​​មិន​ធ្លាប់​ស្គាល់​ម្នាក់​នោះ​ក៏លេច​ឡើង​ក្នុង​ខួរ​​ក្បាល​ខ្ញុំ​​ជា​ថ្មី។ តែ​ជីណូ…​ នេះ​មិន​មែន​ជា​ពេល​ដែល​ឯង​ត្រូវ​​មក​កើត​ទុក្ខ​នឹង​រឿង​ចាស់​ទេ។ ឯង​មាន​រឿង​ផ្សេង​​ ដែល​ត្រូវ​និយាយ​ប្រាប់​ផ្កាយ​!

«អឺ… ផ្កាយ​​ គឺ​ខែ​ក្រោយ​ ចៅហ្វាយ​​នឹង​ឲ្យ​ខ្ញុំ​ទៅ​ពិនិត្យ​មើល​សាខា​នៅ​សៀមរាប​​ គឺ​នៅ​ថ្ងៃ​ទី ១៥ ដល់​ ១៨។ ខ្ញុំ​ក៏​ចង់​បបួល​ផ្កាយ​​ទៅជាមួយដែរ​​ នឹង​បាន​ឆ្លង​ខួប​៧​ខែ​របស់​យើង​ផង​​… ទៅជាមួយ​​គ្នា​ទេ?»

«ចុះ​ថ្លៃ​សំបុត្រ​យន្ត​ហោះ…»

«​គឺ​ចៅ​ហ្វាយ​ខ្ញុំ​នឹង​ចេញ​ឲ្យ​ទាំង​អស់​ ផ្កាយ​​មិន​បាច់​បារម្ភ​ពី​រឿង​នេះ​ទេ។»

«អូ… មែនឬ?»

ទ្រឺត…

សំឡេង​ទូរស័ព្ទ​របស់​ផ្កាយ​ លាន់​ឡើង​ពី​ក្នុង​ហោប៉ៅ​។ ខ្សែ​ភ្នែក​របស់ខ្ញុំ​ក្រឡេក​​ទៅ​ឃើញ​ឈ្មោះ​របស់​​អ្នក​ដែល​ខល​មក​​ម្ចាស់​ចិត្ត​ខ្ញុំ​​។

[ឡាតេ]

«​សុំ​ទោស​ផង​ជីណូ ចាំ​ខ្ញុំ​ប្រាប់​ចម្លើយ​ពេល​ក្រោយ​ណា ពេល​នេះ​ខ្ញុំ​មាន​ការ​​ត្រូវ​ប្រញាប់​ទៅ​ហើយ​​! បាយៗ ជួប​គ្នា​ពេល​ក្រោយ…»

គេ​ប្រញាប់​ប្រញាល់​ក្រោក​ចេញ​ពី​តុ​ ទទួល​ទូរស័ព្ទ​ហើយ​ចេញ​ទៅ​ខាង​ក្រៅ​យ៉ាង​រហ័ស​ ទុក​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​សំឡេង​គ្រឺងៗ​ដែល​ជា​សញ្ញា​ថា មនុស្ស​ម្នាក់​បាន​ចេញ​ទៅ​ហើយ​។ ឡាតេនៅសល់​ដដែល​ មិន​ឡើង​មិ​នចុះ​ ខុស​ពីសេចក្តី​សុខ​របស់​ខ្ញុំ​ដែល​ថយ​ចុះ​ និង​សេចក្តីទុក្ខ​ដែល​ឡើង​ទ្វេ​… តើ​មាន​រឿង​​អី​ផ្កាយ​​ ហេតុ​អ្វី​… ប្រែ​ប្រួល​ដល់​ថ្នាក់​នេះ?

រាត្រី​ដ៏​ស្ងប់​ស្ងាត់​ លាក់​កំបាំង​​រូប​ខ្ញុំ​ទុករហូត​ដល់​ពេល​​ជិត​ចេញ​ពី​ធ្វើ​ការ​។ ទូរស័ព្ទ​​ដៃ​របស់​ខ្ញុំ​ញ័រ​ ជា​សញ្ញា​ប្រាប់​ថា មាន​មនុស្ស​ផ្ញើ​សារ​មក។​ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ គឺ​អ្នក​ដែល​ផ្ញើ​មក​ជា​​ម្ចាស់​ជីវិត​​របស់​ខ្ញុំ​ និង​កាន់​តែ​សប្បាយ​ចិត្ត​ទៅ​ទៀត​នៅពេល​ឃើញ​​គេ​សរសេរ​ថា…

(Phkay: សរុប​មក… ​គឺ​អាច​ទៅ​បាន​! ចេញ​ពី​ធ្វើ​ការ​ហើយ​ មែនទេ? ត្រឡប់​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព​ណ៎ា!)

យេស!! តែ​ប៉ុណ្ណេះ​បាន​ទៅ​ហាន់​នី​មូន​ហើយ​! ផ្កាយ​​របស់​ខ្ញុំ​គួរ​ឲ្យ​ស្រឡាញ់​បំផុត​~!!

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


Menu Coffee

L

The last sentence…when we are in love.

គ្រឺង​ៗ!!

​កំលោះ​ដែល​ឈរ​នៅ​ខាង​ក្រោយ​តុ​បេឡា ចោល​ខ្សែ​ភ្នែក​ងាក​មក​​មើល​តាម​សំឡេង​កណ្តឹង​​។ ស្នាម​ញញឹមនោះ​​សែន​កក់​ក្តៅ​ និង​ពោរ​ពេញ​ដោយ​ភាពរីករាយ។​ ជា​ស្នាម​ញញឹម​ដែល​ខ្ញុំ​​បាន​ទទួល​​ចំនួន​ពីរ​អាទិត្យ​កន្លង​មក​ហើយ។​​ ពីរ​អាទិត្យ​ដែល​ខ្ញុំ​មក​ទីនេះ​រាល់​ថ្ងៃ​ ពីរ​អាទិត្យ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​បុរស​​ម្នាក់​នេះ​ និង​ពីរ​អាទិត្យ​… ដែល​បេះ​ដូង​ខ្ញុំ​ចាប់​ផ្តើម​ញាប់​ញ័រ​។

«សួស្តី​ ជីណូ!»

«សួស្តី! ចូល​មក​ខាង​ក្នុង​សិន​មក៍ ខាង​ក្រៅ​ត្រជាក់​ណាស់​ ភ្លៀង​​រលឹម​ដូច្នេះ​​។»

បុរស​រាង​ខ្ពស់​​ដើរ​យ៉ាង​ប្រញាប់​ប្រញាល់​​មក​រក​ខ្ញុំ​។ ស្នាម​ញញឹម​ដែល​លេច​ឡើង​លើ​ផ្ទៃ​មុខ​​របស់​គេ​ ធ្វើ​ឲ្យ​ខ្ញុំ​​ទទួល​អារម្មណ៍​កក់​ក្តៅ​​ភ្លាម​មួយ​រំពេច​ ផ្ទុយ​នឹង​អាកាស​ធាតុ​ខាង​ក្រៅ​ដែលកំពុង​មាន​ភ្លៀង​រលឹម​ស្រិចៗ។

«ពង​ចៃ​ពេញ​ក្បាល​ ជូត​ចេញ​ទៅ​​ ប្រយ័ត្ន​ឈឺ​ណ៎ា!»

ដៃ​មាំ​របស់​គេ​​បោស​លម្្អង​ភ្លៀង​ដែល​ទើ​លើ​សក់​ខ្ញុំ​​យ៉ាង​ស្រាល​ដៃ​។ ហេតុ​អ្វី​ហ៎្ន… គ្រប់​ពេល​ដែល​ឃើញ​ ខាភូស៊ីណូ​ ខ្ញុំ​តែង​តែញាប់​ញ័រ​បែប​នេះ​?​ ហេតុ​អ្វី ខ្ញុំ​ចង់បញ្ឈប់​ពេល​វេលា​ឲ្យនៅ​ទ្រឹង​ត្រង់​នេះ​? ហេតុ​អ្វី… ខ្ញុំ​ទទួល​អារម្មណ៍​មាន​សេចក្តីសុខ​ខុស​ប្លែក​ពីធម្មតា? ហេតុ​អ្វី​ បេះ​ដូង​ខ្ញុំ​លោត​ខុស​ចង្វាក់?​ គិត​ហើយ​ បាន​ត្រឹម​តែ​ញញឹម​យ៉ាង​ស្ងៀម​ស្ងាត់​​ បណ្តោយ​ឲ្យ​​បុរស​រាង​ខ្ពស់​ បោស​លម្អង​ភ្លៀង​ចេញ​ពី​សក់​ពណ៌​ត្នោត​របស់​ខ្ញុំ​ ទាល់​តែ​ស្ងួត​​អស់​។

«ទៅ​អង្គុយ​សិន​ទៅ​ ចាំ​ខ្ញុំ​យក​កាហ្វេ​ក្តៅ​ៗ​ឲ្យ​​ញ៉ាំ​។»

«អូខេ…»​

​ខ្ញុំ​ដើរ​យឺត​ៗ​ ទៅ​អង្គុយ​នៅ​តុ​ក្បែរ​មាត់​បង្អួច​ដដែល​​។ បរិយាកាស​នៅ​ក្នុង​ហាង​នៅ​រក្សា​សភាព​ដូច​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​មក​ទី​នេះ​។ គ្មាន​មនុស្ស​ មាន​តែ​បទ​ភ្លេង​ប្រគំ​ល្វើយៗ​កំដរ​អារម្មណ៍​​។ ខ្ញុំ​យក​ Macbook មក​បើក​ត្រៀម​សរសេរ​ប្រលោមលោក​​ស្នេហា​បន្ត​។ ខ្ញុំ​ចាប់​ផ្តើម​បាន​ខ្លះៗ​ហើយ​។ អរគុណ ខាភូស៊ីណូ ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​អ្វីៗ​ជា​ច្រើន​អំពី​ស្នេហា​។ តែ​ពេល​នេះ​ចាប់​ផ្តើម​​​ទ័ល​គំនិត​ទៀត​ហើយ​… តើ​គួរ​សរសេរ​អ្វី​បន្ត​ហ្ន៎?

“មក​ដល់​ហើយ​ ខាភូស៊ីណូ​ក្តៅៗ!”​

“អឺម… អរគុណណ៎ា!” ខ្ញុំ​ញញឹម​ដាក់​ជា​ការ​អរគុណ​។ ខាភូស៊ីណូ​ នៅក្នុង​ពែង​ក្តៅ ចុះ​ខាភូស៊ីណូ​នៅខាង​ក្រៅ Hot ដែរ​ឬ​អត់​ហ្ន៎? ^Q^~

ខាភូស៊ីណូ​អង្គុយ​ចុះ​​ទល់​មុខ​ខ្ញុំ​។​

“សរសេររឿង​ដល់​ណា​ហើយ?”

“ហ៊ឺម?… គឺ​បាន​ខ្លះៗ​ហើយ តែឥឡូវ​​ចាប់​ផ្តើម​ទល់​គំនិត​ទៀត​ហើយ!” ខ្ញុំ​សើច​​ដាក់​គេ​យ៉ាង​សោះ​កក្រោះ​។

“អូ! មែន​ហើយ​ គូសង្សារ​មិត្ត​ភក្តិ​ខ្ញុំ​ ពួក​គេ​កំពុង​នាំ​គ្នា​ទៅ​ Date ​ហើយ​ណា!”

“Date?… ដេតអ៊ីចឹងឬ?”

“មែន​ហើយ​ ដេត!”

“ចុះ​ដេត​នេះគេ​ធ្វើ​អី​ខ្លះ​ទៅ?»

«ប្រហែល​ជា… មើល​កុន​ ដើរ​លេង​ ញ៉ាំ​​អាហារ​… គឺ​ប្រហែលៗ​​បែប​នេះ​ឯង​!»

ការ​ Date ​ស្អី​គេ​នេះ​ ស្តាប់​ទៅ​គួរ​ឲ្យ​សប្បាយ​ណាស់​ តែ​​តួ​អង្គ​គួរ​មាន​អារម្មណ៍​បែប​ណា​ខ្លះ​ទៅ? កុំ​ថា​ខ្ញុំ​ល្ងង់​អី​ណា ព្រោះ​មនុស្ស​មិន​ធ្លាប់​មាន​ផង​! T_T

«ចុះ​ពេល​ដេត តើ​គេ​មាន​អារម្មណ៍​បែប​ណា​ខ្លះ?»

ខ្ញុំ​បិទ Macbook ទុក​មួយ​ឡែក​សិន មុន​នឹង​អង្គុយ​ច្រត់​ចង្កា​សម្លឹង​មនុស្ស​ចំពោះ​មុខ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

«ហាហា… សួរ​ត្រូវ​មនុស្ស​ខ្លាំង​ណាស់ ខ្ញុំ​ក៏មិន​ដឹង​ដែរ​ ខ្ញុំ​មិន​ធ្លាប់​មានសង្សារ​ទេ ម៉េច​ក៏​ឆាប់​ភ្លេច​ម្ល៉េះ!»

អឺ​… មែន​ហើយ! ខាភូស៊ីណូសើច​ហាក់​ដូច​ជា​ហួស​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង​។ បើ​អ៊ីចឹង​ តើ​គួរ​ធ្វើ​ដូច​ម្តេច​ល្អ​? ខ្ញុំ​ជ្រួញ​ចិញ្ចើម​សញ្ជឹង​គិត​។ តើ​ធ្វើ​ដូច​ម្តេច​ទើប​ខ្ញុំ​អាច​យល់​ពី​អារម្មណ៍​នេះបាន​?

«អឺ! ធ្វើ​អ៊ីចេះ​ទៅ… ចាំ​ខ្ញុំ​នាំ​ផ្កាយទៅ​ដើរ​លេង​តែ​ម្តង!»

«អ្ហ៎ា?? … បាន​ន័យថា លោក​… លោក​ចង់​នាំ​ខ្ញុំ​ទៅ ដេត​ឬ??»

ខ្ញុំ​បើក​ភ្នែក​ធំៗ​… O.O~ នេះ​​គេ​កំពុង​… បបួល​ខ្ញុំ​ចេញ​ទៅ​ដេត​​អ៊ីចឹង​ឬ??

«អ… អឺ… គឺថា​មិន​ត្រូវ​ដែរ​​ ​គ្រាន់​តែចង់​​ឲ្យ​ដឹង​ថា Date នោះ​ គេ​​ធ្វើ​អ្វី​ខ្លះ!»

«អ៊ីចឹង​ហ៎?»

ខ្ញុំ​ផ្តេក​ខ្លួន​លើ​ធ្នាក់​កៅ​អី​។ ហេតុ​អ្វី​ខ្ញុំ​ទទួល​អារម្មណ៍​រសាប់​រសល់​បែប​នេះ​… តែ​ក៏​​​ល្អ​ម្យ៉ាង​​ដែរ​ បើ​​បាន​ទៅ​ដេត​ជាមួយ​ជីណូ។ ហ៊ឺយ! មិន​មែន​​ទេ​… នេះ​គេ​​មិន​ហៅ​ថា​​​ដេត​ទេ គេហៅ​ថា​ដើរ​​លេង​តើ!! ~.~

«អឺម… អ៊ី​ចឹង​ថ្ងៃ​ណា​ដែរ?»

«​មែនហ៎? ខ្ញុំ​ទំនេរ​… ខ្ញុំ​ទំនេរ​ ថ្ងៃ​សៅ​រ៍ និង​អាទិត្យ តើ​លោក​ទំនេរ​ថ្ងៃ​ណា​ដែរ?»

«អ៊ីចឹង… យក​ថ្ងៃ​សៅរ៍ចុះ ម៉ោង​បី​រសៀល​ល្អ​ទេ?»

«អូខេ ម៉ោង​៣​ណា៎! មែន​ហើយ ថ្ងៃសៅរ៍​នេះ​ នៅ​​ម្តុំ​មាត់​ទន្លេ​​ មាន​គេ​ប្រគំតន្ត្រី​​និង​តាំង​ពិព័រណ៍​ផលិត​ផល​ច្រើន​ណាស់ ព្រោះ​​ជា​ថ្ងៃ​​បុណ្យ​អុំ​ទូកដំបូង​ផង​។​ យើង​​នាំ​គ្នា​ទៅ​ទីនោះ​​តែ​ម្តង​ ល្អ​ទេ?»

«ស្រេច​តែ​ចិត្ត​​ទេ ទៅណា​ក៏​បាន​!»

«អ៊ីចឹង​ចាំ​ជួប​គ្នា​ណា នៅ​មុខ​ហាង​នេះ​ចុះ។»

«ម៉ោង​បី?»

«បាទ​ ម៉ោង​បី​។ នេះ​ជា​លេខ​ទូរស័ព្ទ​របស់​ខ្ញុំ​ បើ​មក​ដល់​មុន​ ខល​រក​ផង​ណ៎ា!»

កាពូជីណូ ​ហុច​ក្រដាស​​ពណ៌​ស​ដែល​មាន​លេខ​ទូរស័ព្ទ​​​នៅ​ក្នុង​នោះ​។ ហាសហាស.. នៅ​សុខ​ៗ​ ក៏​ឲ្យ​លេខ​ទូរស័ព្ទ​​យ៉ាង​ស្រួល​ មនុស្ស​អី​​ក៏​ចម្លែក​ម្ល៉េះ! ខ្ញុំ​​ទទួល​យក​មក​មើល​ ហើយ​ចុច​លេខ​ទូរស័ព្ទ​​នោះ​សេវ​ទុក​មួយ​រំពេច​។

«អឺម… អរគុណ​ណាស់​ដែល​ជួយ​ខ្ញុំ​!»

«មិន​អីទេ ខ្ញុំ​ពេញចិត្ត​នឹង​ធ្វើ​ ដើម្បី​អ្នក​និពន្ធ​សំណប់​ចិត្ត​របស់​ខ្ញុំ​ ^_^។ អ៊ីចឹង​ ថ្ងៃ​សៅរ៍​ជួប​​គ្នា​ ប្រញាប់​ទៅចុះ ប្រយ័ត្ន​បន្តិច​ទៀតភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង​។»

ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រៅ​បង្អួច​ រលឹម​ផ្សែង​ក្រូច​​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់​។ ខែ​កក្តឹក​ចូល​មក​ដល់​​ឆាប់ៗ​នេះ​ហើយ​ តែ​​រដូវ​ភ្លៀង​នៅតែ​​មិន​ទាន់​អស់​អាល័យ​​ពី​មនុស្ស​ស្រឡាញ់​តំណក់​ភ្លៀង​ដូច​ជា​ខ្ញុំ​នេះ​សោះ​។ ព្រឹក​មិញ​ទូរទស្សន៍​ផ្សាយ​ថា មាន​ព្យុះ​នៅ​ចិន​ និង​វៀត​ណាម​ ដូច្នេះ​​កម្ពុជា​​យើង​​ក៏​ទទួល​ឥទ្ធិពល​ខ្លះៗ​ពី​ព្យុះ​នេះ​ដែរ​។ នរណា​ទៅ​ដឹង​ថា ព្យុះ​មូសុង​វស្សា​​ត្រជាក់​បែប​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចង់​ឃ្លាត​​ឆ្ងាយ​​ពី​កាហ្វេ​ក្តៅ​ៗ​មួយ​កែវ​នេះ​សោះ​។ ^_^

«អឺម… អ៊ីចឹង​ខ្ញុំ​ត្រឡប់​ទៅ​សិន​ហើយ​ណ៎ា។»

«យក​​ឆ័ត្រ​របស់ខ្ញុំ​ទៅសិន​ទេ?»

ខ្ញុំ​មិន​ទាន់​ឆ្លើយ​ផង​ បុរស​ខ្ពស់​សង្ហា​​ក៏​ប្រញាប់​ដើរ​ទៅ​យក​ឆ័ត្រ​មកឲ្យ​ខ្ញុំ​។

«កុំ​អី​ល្អ​ជាង​ ប្រយ័ត្ន​លោក​គ្មាន​ឆ័ត្រ​ទទូរ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។»

«មិន​អី​ទេ  ផ្កាយ​ យក​ទៅ​ចុះ​ ទម្រាំ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ​ភ្លៀង​ប្រហែល​ជា​ដាច់​គ្រាប់​់​ហើយ​។»

«អ៊ីចឹង​ អរគុណ​ណ៎ា!»

ខ្ញុំ​ញញឹម​ដាក់​អ្នក​ឆុង​កាហ្វេ​ចិត្ត​ល្អ​​ មុន​នឹង​រៀប​ចំ​សម្ភារៈ​ដាក់​កាតាប​​ត្រៀម​ត្រឡប់​ទៅ​ផ្ទះ​… ផ្ទះ​ដ៏​សែន​រងា​របស់​ខ្ញុំ​​។

«សុបិន​ល្អ​… ជួប​គ្នា​ពេល​ក្រោយ​ ស៊ូៗ​ណ៎ា!»

«បាទ​ បាយៗ​។»

បុរស​រាង​​ខ្ពស់​​​ឈរចាំ​​​ជូន​ដំណើរ​ខ្ញុំ​​នៅ​មាត់​ទ្វារ​ហាង។​ គេ​ញញឹម​ចេញ​ធ្មេញ​​ច្រពើស​ស​​​ បក់​ដៃ​លាខ្ញុំ​​ទៅ​មក​ រហូតខ្ញុំ​​ដើរ​​ចេញ​ផុត​​ពី​ហាង​។ ភាព​រងា​ញ័រញាក់​គ្រប​ដណ្តប់​​រាង​កាយ​របស់​ខ្ញុំ​មួយ​រំពេច​។ ហេតុអ្វី​ក៏​ខុស​ប្លែក​គ្នា​ម្ល៉េះ ទោះ​ជា​សីតុណ្ហភាព​នៅ​ក្នុង​ហាង​មិន​ក្តៅ​ជាង​ខាង​ក្រៅ​ប៉ុន្មាន​ តែ​ហេតុ​អ្វី​ខ្ញុំ​​មាន​អារម្មណ៍​រងា​ដល់​ថ្នាក់​នេះ…

Cappuccino

ថ្ងៃ​សៅ​រ៍​ ទី​ ១៦​ វិច្ឆិកា ២០១៣

[«អាឡូ នរណាដែរ?»]

«អាឡូ គឺ​ខ្ញុំ​… ផ្កាយ។»

[«អ៎… ដល់​ហើយ​ឬ? សុំ​ចាំ​មួយ​ភ្លែត​ណ៎ា ខ្ញុំ​ជិត​ដល់​ហើយ!»]

«អឺម ខ្ញុំ​ចាំ​នៅ​មុខ​ហាង​ណ៎ា!»

[«បាទ ចាំខ្ញុំ​មួយ​ភ្លែត​!»]

ទូតតត…

សំឡេង​របស់​ កាពូជីណូ ហាក់​ដូច​ជា​ប្រែ​ប្រួល​មួយ​រំពេច​ នៅពេល​ដឹង​ថា ខ្ញុំ​ជ​ា​អ្នក​ខល​ទៅ​។ នេះ​ជាលើក​ដំបូង​ដែលខ្ញុំ​​ជួប​ ជីណូ ​ក្នុង​ពេល​ដែល​មិន​មែន​ជា​ពេល​ធ្វើ​ការ​របស់​គេ​ និង​ជា​លើក​ដំបូង​ដែល​ខ្ញុំ​​ចេញ​ Date​ ។ អូ… មិន​មែនទេៗៗៗ!! គឺ​​នឹង​បាន​ដឹង​ថា ការ​ចេញ​ដេត​មាន​លក្ខណៈបែប​ណាទៅវិញ​តើ! អាផ្កាយ​ឡប់​ ឯង​កំពុងគិត​អីវ៉ឺយ!! >_<!!

«ផ្កាយ ខ្ញុំ​មក​ដល់​ហើយ! ^Q^/»

បុរស​​រាង​ខ្ពស់​រត់​សំដៅ​​ចូល​មក​ព្រម​ទាំង​បក់​ដៃ​ដាក់​​ខ្ញុំ​។ ស្នាម​ញញឹម​ដដែល ​ដែល​ខ្ញុំ​​ចង់​ឃើញ​លេច​ឡើង​ម្តង​ទៀត​ ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​តាម​ដោយ​មិន​ដឹង​ខ្លួន​​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដំបូង​ដែល​ខ​្ញុំ​ធ្វើ​​​ឲ្យ​គេស្លៀក​សម្លៀក​បំពាក់​​ផ្ទាល់​ខ្លួន។​ អាវ​យឺត​ដៃ​វែង​ មាន​ឆ្នូត​ពណ៌​ខៀវ​ និង​ក្រហម ស៊ី​គ្នា​​នឹង​អាវ​រងា​ពណ៌​ផ្ទៃ​មេឃ​ក្រាស់​​ ខោខូវ​ប៊យ និង​ស្បែក​ជើង​ប៉ាត់តា សម​សួន​តាម​បែប​​យុវវ័យ​​។ សំណាង​ល្អ​ដែល​ថ្ងៃ​នេះ មេឃ​នៅ​តែ​ស្រទុំ​មិន​បើក​ថ្ងៃ​ ​អាកាស​ធាតុ​ត្រជាក់​​ស្រួល​ មិន​ក្តៅ​ខ្លាំង​​ពេក​ ស័ក្តិ​សម​ណាស់​សម្រាប់​ការ​ចេញ​ដេត… ហ៊ឺយ! ​ទៅ​ដើរ​លេង​ទេ!!

«ហេះៗ… ចាំ​ខ្ញុំ​​យូរ​​ហើយ​ឬនៅ?»

ខ្ញុំ​គ្រវី​ក្បាល​ញញឹម​។

«មិន​យូរ​ទេ មិនចាំ​​បាច់​រត់​មក​បែប​នេះក៏​បាន​ដែរ​។ ហាសហាស… មើល​ចុះ សក់​បះ​កន្ទ្រើង​អស់​ហើយ។»

សក់​ដែល​បះ​ខ្ញុកខ្ញូវ​​​គ្មាន​ភ្លី​របស់​ជីណូ​ ធ្វើ​ឲ្យ​គេ​មើល​ទៅ​កាន់​តែគួរ​ឲ្យ​ស្រឡាញ់​មួយ​បែប​ទៀត​។ ខ្ញុំ​ខំ​ជំទើត​ ហើយ​លូក​ដៃ​ទៅ​វែក​ភ្លី​សក់​ឲ្យ​បុរស​ចំពោះ​មុខ​… កុំ​មើល​មុខ​ខ្ញុំ​បែប​នេះ​មើល៍! រាង​ខ្ពស់​ហាក់​ដូច​ជា​កំពុង​សម្លឹង​មើល​គ្រប់​ផ្នែក​លើ​ផ្ទៃ​មុខ​របស់​ខ្ញុំ​ តែ​មិន​បាន​និយាយ​អ្វី​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ បេះ​ដូង​ខ្លួន​ឯង​កំពុង​លោត​ញាប់​ ពេល​សម្លឹង​ចំ​កែវ​ភ្នែក​មុត​ស្រួច​នោះ​។ ខ្យល់​ដង្ហើម​ក្តៅៗ​របស់​គេ​ភាយ​មក​លើ​ផ្ទៃ​មុខ​ខ្ញុំ​។ មួយ​វិនាទី​នោះ ផែន​ដី​ហាក់​ដូច​ជា​​ឈប់​ទ្រឹង​មួយ​កន្លែង​។ ខ្ញុំ​ប្រញាប់​សម្រួល​អារម្មណ៍​គេច​មុខ​ចេញ​ទៅទិស​ផ្សេង ហើយ​និយាយ​បន្លប់​។

«រួច​ហើយ… នាំ​គ្នា​ទៅ​ឥឡូវ​ទេ?»

ពេល​មិន​ឮ​សំឡេង​ឆ្លើយ​ ខ្ញុំ​វាស​កន្ទុយ​ភ្នែកងាក​ទៅរក​ កាពូជីណូ ​ដែលមើល​ទៅគេ​​ដូច​ជា​កំពុង​រវើរវាយ​​នៅ​ឡើយ​។

«អឺ… អរគុណ​ តោះ​នាំ​គ្នាទៅ!»

គេ​ស្ទាប​សក់ខ្លួន​ឯង​តិចៗ មុន​នឹង​ងក់​ក្បាល​ដាក់​ខ្ញុំ​។ តើ​គេ​កំពុង​ភាំង​ដូច​ខ្ញុំ​ មែន​ទេ??​ អារម្មណ៍​មួយ​នេះ​ ប្រាប់​មិន​ត្រូវ​…

«ផ្កាយ​ តើ​យើង​គួរ​ទៅ​​មាត់​ទន្លេ​បែប​ណា​ល្អ?… ជិះ​ឡាន​ទ្រុង​ជាមួយ​គេ​ឯង​ ​ល្អ​ទេ?»

«ល្អ​តើ​! មិន​ធ្លាប់​ជិះ​ប្រជ្រៀត​គ្នា​បែប​នេះ​ផង​ សាក​ម្តង​ក៏​​ល្អ​ដែរ​!»

ខ្ញុំ​ញញឹម​ស្រស់​ដាក់​​ជីណូ ដូច​កូន​ក្មេង​បាន​របស់​លេង​ថ្មី​ តែ​ហេតុ​អ្វី​​ក៏​មិ​នដឹង​ ជីណូ​ព្យាយាម​គេចភ្នែក​ពី​ខ្ញុំ​ ហាក់​ដូច​ជា​ខ្លាច​អ្វីម្យ៉ាង​។ ខ្ញុំ​ និង​​បុរស​រាង​ខ្ពស់​ដើរ​តាម​​ផ្លូវ​ថ្មើរ​ជើង​ដើម្បី​​ទៅ​ឈរ​ចាំ​​ស្ទាក់​ឡាន​ទ្រុង​ ដែល​ដឹក​កម្មករ​កម្មការិនី​ពី​សង្កាត់​​ផ្សេងៗ​ មក​​លេង​បុណ្យ​អុំ​ទូក​​​។ អ្នក​ដំណើរ​មួយ​ចំនួន​ក៏​កំពុង​រង់​ចាំ​ឡាន​​ទ្រុង​ និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​​ដូច​គ្នា​។ ផ្លូវ​ឆ្អៀត​បែប​នេះ​ ជិះ​ម៉ូតូឌុប​ ឬ​តាក់​ស៊ី​ពិបាក​ណាស់ មាន​តែ​ដើរ​ប៉ុណ្ណោះ​ស្រួល​ តែ​ខ្ញុំ​ក៏​ចង់​សាក​ជិះ​ឡាន​ទ្រុង​ប្រជ្រៀត​គ្នា​ម្តង​ដែរ​។ មិន​យូ​រ​ប៉ុន្មាន​ឡាន​ទ្រុង​ពីរ​បី​បើក​បន្ត​កន្ទុយ​គ្នា​​​មក​ដល់​។ ហ៊ូ… មនុស្ស​ច្រើន​ដល់​ហើយ​! ខ្ញុំ​និង​ជីណូ​ ព្យាយាម​​​ប្រជ្រៀត​ចូល​ទៅឈរ​នៅ​ក្នុង​ឡាន​។ គ្មាន​កន្លែង​​ចន្លោះ​ប្រហោង​​ទំនេរ​ទេ​ ថែម​ទាំង​មនុស្ស​ក៏​ច្រើន​​ទៀត​។​ ឡាន​ចាប់​ផ្តើម​ចេញដំណើរ​​ ខ្ញុំ​និង​ជីណូ​ឈរ​បែរ​មុខ​រក​គ្នា​ ប្រជ្រៀត​ជា​មួយ​​គេ​ឯង​​ដូច​ត្រី​ខកំប៉ុង​។ ខ្ញុំ​ងើយ​មុខ​ឡើង​លើ​ព្រោះថប់​ដង្ហើម​ពេក​ ហើយ​ព្យាយាម​​រក​កន្លែង​តោង​ផង​​​។

«តោង​ខ្ញុំ​ក៏​បាន​ដែរ​!» ជីណូ និយាយ​ប្រាប​់ខ្ញុំ​។

«អឺម… អ៊ីចឹង សុំ​តោង​បន្តិច​ណ៎ា!»

ខ្ញុំ​ងើយ​មុខ​ឡើង​ញញឹម​ដាក់​​បុរស​រាង​ខ្ពស់​។ រំពេច​​នោះ​ ខ្សែ​ភ្នែក​របស់​គេ​​ប្រទាក់​នឹង​ខ្សែ​ភ្នែក​របស់​​ខ្ញុំ​ដោយ​ចៃ​ដន្យ​​ម្តង​ទៀត​។ មុខ​របស់​យើង​នៅ​ឆ្ងាយ​ពី​គ្នា​មិន​ដល់​មួយ​ធ្នាប់​ដៃ​ ធ្វើ​ឲ្យ​ខ​្ញុំ​​មើល​ឃើញ​ផ្ទៃ​​មុខ​របស់​គេ​បាន​យ៉ាង​ច្បាស់​។

ងឺតតត…

«អ៎ា!!»

ឡាន​ទ្រុង​​ចាប់​ហ្វ្រាំង​យ៉ាង​ទាន់​ហន់​ធ្វើ​ឲ្យ​មនុស្ស​លើ​រថយន្ត​ទាំងអស់​ជ្រុល​ជំហរ​ដួល​លើ​​គ្នា​ រួម​ទាំង​ខ្ញុំ​ដែរ​… ទម្រាំ​ដឹង​ខ្លួន​ម្តង​ទៀត​ បបូរ​មាត់​​របស់​ខ្ញុំ​​ផ្អឹប​ជាប់​នឹង​បបូរ​មាត់​របស់​ជីណូ​ទៅ​ហើយ​… ហើយ​រាង​កាយ​ខ្ញុំ​ទាំង​មូល​ស្ថិត​នៅ​ក្នុង​លង្វែក​ទ្រូង​ដ៏​ហាប់​ណែន​របស់​គេ​​រួច​ទៅ​ហើយ​។ រង្វង់​ដៃ​ទាំង​ទ្វេ​របស់​គេ ចាប់​ក្រសោប​រាង​កាយ​ខ្ញុំ​ជាប់​មិន​ឲ្យ​ខ្ញុំ​រលំ​ដួល​…។ យើង​ទាំង​ពីរ​ភាំង​អស់​មួយ​ភ្លែត​ មុន​នឹង​ភ្ញាក់​ក្រញាង​ទាំង​អស់​គ្នា​។ O,O~

«អឺ… សុំ​ទោសៗ!!» ខ្ញុំ​ប្រញាប់​ដក​មាត់​ចេញ​ពី​បបូរ​មាត់​គេ ហើយ​បំរះខ្លួន​ចេញ ពីរង្វង់​ដៃ​ដ៏​កក់​ក្តៅ​នោះ​ តែ​… ខ្ញុំ​បែរ​ជា​បានឮ​ប្រយោគ​មួយ​ដែល​ស្ទើរ​តែ​មិន​ជឿ​ត្រចៀក​ខ្លួន​ឯង​។

«មិន​អី​ទេ ផ្កាយ​… មក៍!​ ខ្ញុំ​ទប់​ ប្រយ័ត្ន​ដួល​ទៀត​។»

ដៃ​វែង​មាំ​របស់​គេ​ក្រសោប​យក​រាង​កាយ​ខ្ញុំ​ទៅ­ឱប​​ជាប់​ ប្រៀប​ដូច​ខ្ញុំ​ជា​កូន​ឆ្កែ​តូច​មួយ​ដែល​គួរ​ឲ្យ​ថ្នាក់​ថ្មម។ សំឡេង​ស្រទន់​ ​ពោល​សួរ​ខ្ញុំ​ដោយ​ក្តី​ព្រួយ​បារម្ភ​។ ផែន​ទ្រូង​ដ៏​ហាប់​ណែន​ដែល​ទទួល​​យក​ខ្ញុំ​យ៉ាង​កក់​​ក្តៅ​ ​ធ្វើ​ឲ្យ​ខ្ញុំ​ស្តាប់​ឮ​សូម្បី​តែ​សំឡេង​បេះ​ដូង​របស់​​បុរស​រាង​ខ្ពស់​ដែល​កំពុង​​លោត​ញាប់​… ព្រោះ​ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ ខ្ញុំ​​អាច​ដឹង​នូវ​ឈាម​ដែល​រត់​រសឹប​ឡើង​ដល់​មុខ​ ​និង​សំឡេង​បេះ​ដូង​ដែល​លោត​ខុស​ចង្វាក់​។ ផ្កាយ​ ឯង​កំពុង​ផ្តេក​ខ្លួន​លើ​ទ្រូង​មនុស្ស​ប្រុស​ដូច​គ្នា​​នៅ​កន្លែង​សាធារណៈ​វ៉ឺយ! ទីបំផុត​ខ្ញុំ​​ក៏​​សម្រេច​ចិត្ត​​ដកខ្លួន​ចេញ​មក​ឈរ​ធម្មតា​វិញ នៅពេល​​នឹក​ដល់​រឿង​នេះ​​​។

«មិន​អីទេ មែនទេ?»

«អ… អឺម… មិន​អីទេ ហេះៗ។»

«ក្រែង​ប្រាប់​ហើយ​តើ​ មែនទេ ថា​ឲ្យ​តោង​ខ្ញុំ​ឲ្យ​ជាប់​?»

«…សុំ​ទោស Y_Y ។»

«មិន​បាច់​សុំ​ទោស​ទេ ខ្ញុំ​មិន​បាន​បន្ទោស​ឯណា?»

ខ្ញុំ​ងក់​ក្បាល​តិចៗ មុន​នឹង​យក​ដៃ​​តោង​អាវរងា​ពណ៌​ផ្ទៃ​មេឃ​របស់​គេ​ ហើយ​យើង​ក៏​លែង​មាន​​អ្វី​​​និយាយ​គ្នា​បន្ត​ទៀត​។ ខ្ញុំ​ឈ្ងោក​មុខ​សម្លឹង​ខាង​ក្រោម​ តែ​​ទទួល​អារម្មណ៍​ថា បុរស​ម្នាក់​នេះ​​ នៅ​តែ​លួច​​សម្លឹង​​មើល​ខ្ញុំ​ម្តង​ម្កាល ​រហូត​យើង​មក​ដល់​គោល​ដៅ​។ ខ្ញុំ​និង​បុរស​​រាង​ខ្ពស់​ រួម​ទាំងអ្នក​ដទៃ​ទៀត​​ប្រជ្រៀត​គ្នា​ចុះ​ពី​រថយន្ត​​យ​៉ាង​ពិបាក​។ ពេល​​ចុះ​មក​ដល់​ដី​ ខ្ញុំ​ក៏​បើក​ភ្នែក​ធំៗ​នឹង​អ្វី​ដែល​ឃើញ​ចំពោះ​មុខ​។

«អូហូ​… មនុស្ស​ច្រើន​ណាស់​!»

«​មែន​ហើយ​ មាន​​គេ​តាំង​ពិព័រណ៌​​ផលិត​ផល​ ​ហ្គេម ​នំ​ចំណី​ និង​មាន​ប្រគំតន្រ្តី​ទៀត​ផង!»

​នេះ​គឺ​ជា​ការ​តាំង​ពិព័រណ៍​ដ៏​ធំ​​មួយ​ ដែល​​​លាត​សន្ធឹង​​ស្ទើរ​តែ​ពេញ​ទី​ធ្លា​តាម​មាត់​​ទន្លេ​​​​ទាំង​​អស់​​។ ទំនិញ​ជា​ច្រើន​ប្រភេទ ​ដាក់​តាំង​លក់​​​ព្រោង​ព្រាត​ស្ទើរ​តែ​រើស​មិន​ត្រូវ​ មាន​តាំង​ពី​​របស់​តូច​តាច​ដល់​របស់​ធំ​។ ចំណីចំណុក​ក៏​មាន​ចម្រុះ ​ចោល​ក្លិ​ន​ក្រអូប​ឈ្ងុយ​ឈ្ងប់ ​​ពេញ​បរិវេណ​​ទាំង​អស់។ សំឡេង​​សើច​សប្បាយ​ និង​ហ៊ោ​កញ្ជ្រៀវ​​លាន់​ឮ​ពេញ​បរិវេណ​លេង​ហ្គេម​ផ្សេងៗ​​​​មិន​ដាច់​សូរ​។ ការ​ចេញ​មក​ Date ​​គឺ​​សប្បាយ​បែប​នេះ​ឬ?? ^Q^~

«តោះ​នាំ​គ្នា​ទៅ​​ខាង​នោះ ជីណូ​ ខ្ញុំ​ចង់​លេង​ហ្គេម​​ទាំង​នោះ​​ខ្លាំង​ណាស់!!»

ខ្ញុំ​ចាប់​អង្រួន​ដៃ​មាំ​ព្រម​ទាំង​លោត​ចុះ​ឡើង​​ដូច​ក្មេង​សាលា​មតេ្តយ្យ​​។ ចំណែក​ ជីណូ​​​ងក់​ក្បាល​ញាប់​ស្អេក​ មុន​នឹង​ដើរ​ជ្រែក​ហ្វូង​មនុស្ស​​ជាមួយ​ខ្ញុំ​។

«ប្រយ័ត្ន​វង្វេង​ណា មនុស្ស​ច្រើន​ណាស់។»

«នែ៎! ខ្ញុំ​មិន​មែន​កូន​ក្មេង​ទេ ថែម​ទាំង​ចាស់​ជាង​លោក​ផង​ តាម​​ពិត​លោក​​គួរ​តែ​ហៅ​ខ្ញុំ​​ថា​បង​ផ្កាយ​ទើប​ត្រូវ! O.O~… អ្ហ៎ា! ជីណូ មើលហ្គេម​នោះ!​ តោះ​ទៅ​លេង​ហ្គេម​នោះ​ជាមួយ​ខ្ញុំ​!»

«ហាសហា… ធ្វើ​ខ្លួន​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ​ តើ​ចង់​ឲ្យ​ខ្ញុំ​ហៅ​ថា​បង​ទៀត​ឬ? ខ្ញុំមិន​ហៅ​ថា​កូន​ក្មេង​ ល្អ​ណាស់​ទៅ​ហើយ!»

«…អ៊ីចឹង​ខ្ញុំ​ទៅ​លេង​ម្នាក់​ឯង​ក៏​បាន​ដែរ​! >.<!!»

ខ្ញុំ​ធ្វើ​មុខ​ក្រញ៉ូវ​ មុន​នឹង​ងាកចេញ​ពីគេ​ ហើយ​ដើរ​សំដៅ​កន្លែង​លេង​ហ្គេម​ដែល​ខ្ញុំ​ដៅ​ទុក​ តែ​ក៏​ត្រូវ​ដៃ​មាំ​​​ចាប់​ដើម​ដៃ​ខ្ញុំ​ជាប់​។

«ហ៊ឺុយ… កុំ​ប្រញាប់​ងរ​មើល៍ បង​ផ្កាយ​ ចាំ​ខ្ញុំ​ទៅ​លេង​ជាមួយ​ណ៎ាៗៗ…»

បុរស​រាង​ខ្ពស់​តែ​ក្មេង​ជាង​ខ្ញុំ​អង្វរ​ មុន​នឹងដើរ​តាម​ខ្ញុំ​ទៅ​កាន់​កន្លែង​លេងហ្គេម​។ ហិហិ… ធ្វើ​បែប​​នេះ​ទើប​សម​ជា​ក្មេង​ល្អ! ^_^~

«អញ្ជើញ​ចូល​ៗ ល្បែង​​គប់​ប៉េត​ប៉ោង​ ១០​គ្រាប់​ ពីរពាន់ៗ។​ សូម​អញ្ជើញ​ចូលៗ​ បាញ់​ប៉េត​ប៉ោង​​ត្រូវ​លើស​ពី​​៧ នឹង​​ជូន​តុក្កតា​ធំ​មួយ​​នេះ!​ សូ​មអញ្ជើញ​ចូល​ៗ​…»

លោក​អ៊ំ​​ម្នាក់​នោះ​ ទំនងជា​មនុស្ស​​មាន​សន្តាន​ចិត្ត​ល្អ​ ​ឈរ​ហៅ​មនុស្ស​ឲ្យ​ចូល​ដោយ​សំឡេង​ខ្លាំងៗ​។ អូហូ… តុក្កតា​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់ ផ្កាយ​​ឯង​ត្រូវ​តែ​​យក​វា​​ឲ្យ​បាន​! @_@

«អ៊ំ ឲ្យ​ខ្ញុំ​ដប់​គ្រាប់!»

«យក​ទៅ​ចុះ​អាល្អិត​ សូម​ឲ្យ​សំណាងល្អ​។»

​ម្ចាស់​ហាង​ហុច​កាំ​ភ្លើង​ខ្ទប់​ខ្យល់ និង​គ្រាប់​ជ័រ​ចំនួន​ដប់​គ្រាប់​​​មក​ឲ្យ​ខ្ញុំ​។ រង្វង់​មូល​ពណ៌​​ក្រហម​លាយ​ស​វិល​ទៅ​វិល​មក​​ពិបាក​ក្នុង​ការ​តម្រង់​។ ខ្ញុំ​បិទ​ភ្នែក​ម្ខាង​ដើម្បី​តម្រង់​ឲ្យ​ត្រូវ​គោល​ដៅ​ មុន​នឹង​តាំងសមាធិ​ ហើយ​កេះ​កៃ​កាំ​ភ្លើង​បាញ់!!!

ប៉ាំង! ភ្លុច!!

ត្រូវ​ហើយៗ!! រង្វង់​ពណ៌​ក្រហម​ដួល​ទៅក្រោយ​។ ខ្ញុំ​ងាក​ទៅ​ញាក់​ចិញ្ចើម​ដាក់​​រាង​ខ្ពស់​ដែល​មក​ជាមួយ​ខ្ញុំ​។ គេ​កំពុង​ទះ​ដៃ​តិចៗ​ ហើយ​ធ្វើ​កាយ​វិការ​ហាក់​ចង់​ប្រាប់​ខ្ញុំ​ថា ‘មាន​ទៅ​អន់​ឯណា!’ ខ្ញុំ​កេះ​កៃ​ ហើយ​បាញ់​បន្ត​ទៀត​ជា​ច្រើន​គ្រាប់​រហូត​អស់​​។ ៩គ្រាប់​​​ដែល​នៅ​សល់​… មិន​ត្រូវ​មួយ​គ្រាប់​ណាសោះ!​ T^T ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​ធ្លាក់​ក​​ដក​ខ្លួន​ត្រឡប់​ទៅវិញ​។

«តោះ! នាំ​គ្នា​ទៅវិញ​ ជីណូ!»

«ឈប់​សិន​មើល អ៊ំ​ឲ្យ​ខ្ញុំ​ដប់​គ្រាប់​ទៀត​មក៍!»

«ណេះ យក​ទៅៗ!»​

ចាំ​​មើល​បើ​ជីណូ​​បាញ​់ត្រូវ​ គេ​នឹង​យក​តុក្កតា​មក​អួត​ខ្ញុំ​​មិ​នខាន ដូច្នេះ​មិន​មើល​ល្អ​ជាង​! >.<~ ខ្ញុំ​ធ្វើ​ជា​ងាក​ទៅមើល​តូប​ផ្សេងៗ​… ប៉ាំង! ភ្លុត! ប៉ាំង! ភ្លុច! ប៉ាំង! ភ្លុច!!…

«យើង​រក​ឃើញ​​ម្ចាស់​តុក្កតា​នេះ​ឃើញ​ហើយ!! ពិត​ជា​ពូកែ​មែន​!! ដប់​គ្រាប់​ បាញ់​មិន​ខុស​បែប​នេះ​ យក​តែ​ម្តង​ទៅ!!!»

«ហ៎…ណេះ!»​

ជីណូ ​ហុច​តុក្កតា​ខ្លាឃ្មុំ​​ធំ​មក​ឲ្យ​ខ្ញុំ​។

«ហះ? ឲ្យខ្ញុំ​ឬ?? O,O~»

«ហ្នឹង​ហើយ​ ខ្ញុំ​ឃើញ​លោក​ចង់​បាន​ ឥឡូវ​ខ្ញុំ​ឲ្យ!»

បុរស​​រាង​ខ្ពស់​ញញឹម​ដាក់​ខ្ញុំ​ដោយ​ក្តី​​ពេញ​ចិត្ត។ ជយោ! សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ^Q^/ ។ ខ្ញុំ​ទទួល​តុក្កតា​ដ៏​គួរ​ឲ្យស្រឡាញ់​​មក​ឱប​យ៉ាង​ណែន​។ កាពូជីណូ​… លោក​​ពិត​ជា​មនុស្ស​ល្អ​ខ្លាំង​ណាស់! ^_^

«អរគុណណ៎ា!»

​«បាទ! ^_^»

គ្រូក! គ្រូក!!

សំឡេង​កូរ​ពោះ​របស់​រាង​ខ្ពស់​លាន់​ឡើង​ ទោះ​ជា​នៅ​ខាងក្រៅ​មាន​សំឡេង​អ៊ូអរ​ក៏​ដោយ​ តែខ្ញុំ​នៅ​តែ​​ឮ​ច្បាស់​។

«ហាសៗៗ ឃ្លាន​ហើយ​ មែនទេ?»

«ហេះៗ ខ្ញុំ​ក្រោក​ខក​បន្តិច​ព្រឹក​នេះ​… ទើប​មិន​បាន​ញ៉ាំ​បាយ​»

កាពូជីណូសើច​ធ្វើ​ញឹមៗ​​ ព្រម​ទាំង​ក្តោប​​ពោះ​​ខ្លួន​ឯង​​ដោយ​ក្តីខ្មាស​អៀន​។

«ហាសៗ​ អ៊ីចឹង​នាំ​គ្នា​ទៅ​ញ៉ាំ​អី​ទៅ!»

«អូខេ!»

យើង​ទាំង​ពីរ​នាក់​ ដើរ​ចូល​ហាង​នេះ​បន្តិច​​ ហាង​នោះ​បន្តិច​ និយាយ​គ្នា​ខ្លះ​ លេង​ហ្គេម​ខ្លះ​ ទិញ​ឥវ៉ាន់​​ខ្លះ​​។ ប្រហែល​ជា​ការ​​ពិត​ហើយ​ដែល​គេ​និយាយ​ថាពេលវេលា​ដែល​​យើង​មាន​សេចក្តីសុខ​ គឺ​តែង​តែ​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស។​ ​ផ្តើម​ពី​​មនុស្ស​អ៊ូអរ​ ឥឡូវ​សេសសល់​​តែ​ប៉ុន្មាន​នាក់​។ ព្រះ​អាទិត្យ​ដែល​​ធ្លាប់​តែ​រះ​បំភ្លឺ​លំហ​​មេឃ​ ពេល​នេះ​បែរ​ជា​លិច​ខ្លួន​បាត់​ទៅ​ក្នុង​​ជើង​​មេឃម្ខាង​ទៀត​។

ខ្ញុំ​ និង​​បុរស​រាង​ខ្ពស់​ ដើរ​ទៅរកន្លែង​គួរ​សម​អង្គុយ​​​​នៅ​ត្រង់​បង់​​ ក្បែរ​មាត់​ទន្លេ​​។ ប្រទីប​ជ្វាលា​ ​និង​ភ្លើង​គោម​ដែល​អណ្តែត​ផ្លុងៗ​​លើ​ផ្ទៃ​ទន្លេ​​ ​ឆ្លុះ​នឹង​រលក​តូចៗ​​រមៀល​រមេញ​ ចេញ​​ជា​រស្មី​ព្រិចៗ​។ នេះ​​ជា​ទិដ្ឋភាព​មួយ​​ដ៏​ស្រស់​ស្អា​ត​ ​គយ​គន់​​ហើយ​មិ​នជិន​ណាយ​។

«ផ្កាយ ចាំ​ខ្ញុំ​នៅទីនេះ​ហើយ​ បន្តិច​ទៀត​ខ្ញុំ​មក​ណ៎ា!»

«អឺមៗ…»

នៅ​សុខៗ​ជីណូក៏​សុំ​​ទៅ​កន្លែង​ណា​មួយ​ ទុក​ឲ្យ​ខ្ញុំ​អង្គុយ​ចាំ​មើលទេស​ភាព​ដ៏​ស្រស់​ត្រកាល​នេះ​តែ​ម្នាក់​ឯង​។ ថ្ងៃ​នេះ​យើង​បាន​នៅ​ជាមួយ​គ្នា​ពេញ​មួយ​ថ្ងៃ​តែ​ម្តង​… មិន​ដឹង​ហេតុ​អ្វី​ខ្ញុំ​អត់​ញញឹម​មិន​បាន​គ្រប់​ពេលដែល​ខ្ញុំ​នឹក​​ដល់​គេ​​។ ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ខ្លាំង​ណាស់​ ចង់​នៅ​បែប​នេះជា​​រៀង​រាល់​ថ្ងៃ​​… តើ​​អារម្មណ៍​បែប​នេះ​គឺ​… ជា​អ្វីហ្ន៎??

«មក​ដល់​ហើយ!»

«ទើប​តែ​មក​ពីណា?»

«មិន​បាន​ទៅ​ណា​ទេ… ផ្កាយ… ខ្ញុំ​មាន​អ្វី​ម្យ៉ាង​ចង់​ជូន​លោកណ៎ា!»

ជើង​វែង​ដើរ​វាង​មក​អង្គុយ​ក្បែរ​ខ្ញុំ​។ ដៃ​ដែល​កំពុង​ក្រពាត់​ទៅ​ក្រោយ ធ្វើ​ឲ្យ​ខ្ញុំ​មើល​មិន​ដឹង​ថា​ គេ​ចង់​ជូនអ្វី​ដល់ខ្ញុំ។​ តែ​អ្វីដែល​ខ្ញុំ​ឃើញ​… គឺ​ស្នាម​ញញឹម​ដែល​គេ​តែង​តែ​ឲ្យ​ខ្ញុ​ំ​រហូត​មក​។

«អីគេ?»

«នេះអី… ខ្ញុំ​ជូន​…»

កាហ្វេ​ដ៏​ឆ្ងាញ់​របស់​ខ្ញុំ​ ហុច​សៀវភៅ​ស្បែក​ពណ៌​ត្នោត​​ និង​ប៊ិក​ពណ៌​ខៀវមួយ​ដើម​​ដល់​ខ្ញុំ​។ គេ​បាត់​ទៅ​អម្បាញ់​មិញ​ គឺ​ដើម្បី​ទៅ​ទិញ​សៀវភៅ​ និង​ប៊ិក​នេះ​​មក​ជូន​ខ្ញុំ​​ឬ? ខ្ញុំ​លូក​ដៃ​ទទួលដោយ​ក្តី​​ងឿង​ឆ្ងល់​។​​

«ខ្ញុំ​គិត​ថា អ្នក​និពន្ធ​ដូច​លោក​ គ្មាន​ចង់​បាន​​អ្វី​​ក្រៅ​ពី​សៀវភៅ​ និង​ប៊ិកទេ?»

ហ៊ឹះ​! នរណា​ថា ខ្ញុំ​ចង់​បាន​ស្នេហា​ឡើង​ញ័រ​ខ្លួន​ទៅហើយ! ហុហុហុ… ^Q^/

«ហាសៗ ខ្ញុំ​លែង​​ប្រើ​សៀវភៅ​ និង​ប៊ិក​​សរសេរ​ប្រលោម​លោក​ទៀត​ហើយ​ ឥឡូវ​​ខ្ញុំ​ប្រើ​កុំ​ព្យូទ័រ​​ហើយ​ ​ងាយ​ស្រួល​ជាង។»

«អូ… តែ​ខ្ញុំ​បាន​ទិញ​ទៅ​ហើយ​ មិន​ដឹង​ថា​ប៊ិក​នេះ​ល្អ​ឬ​ក៏អត់​ទេ សាក​សរសេរ​មើលមើល៍!»

ខ្សែ​ភ្នែក​មុត​មាំ​​សម្លឹង​ប៊ិក និង​សៀវភៅ​នៅ​ក្នុង​ដៃ​ខ្ញុំ​ មុន​នឹង​ងាក​ទៅ​​ទិស​ផ្សេង​ធ្វើ​ជា​លួច​មើល​ខ្ញុំ​ដោយ​កន្ទុយ​ភ្នែក​វិញ​… តើ​គេ​ចង់​ធ្វើ​អី​ហ្នឹង?

ខ្ញុំ​បើក​ក្រប​សៀវភៅ​ ឃើញ​សន្លឹក​ក្រដាស​ពណ៌សរលោង​នៅ​ខាង​ក្នុង​… តែ​បែរ​ជា​មិន​មែន​ក្រដាស​ទទេ​ដូចអ្វី​ដែល​ខ្ញុំ​គិត​។ មាន​ទឹក​ប៊ិក​ពណ៌​ខៀវ​សរសេរ​រំលេច​​នៅ​លើ​ក្រដាស​ស។

ជូន​ចំពោះ​ បង​ផ្កាយ​

ទី​បំផុត​យើង​ក៏​បាន​ជួប​គ្នា​ម្តង​ទៀត។​

ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​បាន​នៅ​ជាមួយ​បង​​ពេញ​មួយ​ថ្ងៃ​បែប​នេះ​។

តើ​បងដឹង​ខ្លួន​ឬ​ទេ ថា​គ្រប់​សកម្មភាព​របស់​បង​​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​។

ស្នាម​ញញឹម​ សំឡេង​សើច សំដីសំដៅ សំឡេង​ដក​ដ្ហើម​ធំ​​អស់​សង្ឃឹម

​ពេល​លេង​ហ្គេម…

តើ​បង​ដឹង​ឬ​ទេ​ថា ​កាយវិការ​ទាំង​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​​ញាប់​ញ័រ​ក្នុង​ចិត្ត​កម្រិត​ណា​?

មិ​ន​នឹក​ស្មាន​សោះ​ថា ​ខ្ញុំ​បាន​ស្គាល់​អ្នក​និពន្ធ​​ឈ្មោះ​ ផ្កាយ​ ម្នាក់​នេះ​។ ​

បន្ទាប់​ពី​ ស្គាល់​បង​​ក្នុង​ឋានៈ​អ្នក​និពន្ធ​ ខ្ញុំ​ក៏​បាន​ស្គាល់​បង​ក្នុង​ឋានៈ

​ជា​មិត្ត​ភក្តិ​វិញ​ម្តង​។ ​

ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​យើង​​បាន​និយាយ​គ្នា​ ខ្ញុំ​ក៏​ជាប​់ចិត្ត​នឹង​​បង​​ទៅ​ហើយ​។

ខ្ញុំ​មិន​ដឹង​ថា ចិត្ត​បង​​ដូច​ខ្ញុំ​ឬ​ក៏​អត់​នោះ​ទេ។

តាំង​ពី​ថ្ងៃ​នោះ​ រហូត​មក​ដល់​​ថ្ងៃ​​នេះ​ ខ្ញុំ​តែង​​តែ​សួរ​ខ្លួន​ឯង​ថា ​តើ​អារម្មណ៍​បែប​នេះ

​ជា​អារម្មណ៍​​អ្វី​…?

រហូត​​នៅ​ទីបំផុត​ ខ្ញុំ​ក៏យល់​​ចិត្ត​ខ្លួន​ឯង…​ នៅ​ទីបំផុត​ខ្ញុំ​ក៏​ឆ្លើយ​សំណួរ​នោះ​បាន​…

…ហើយ​ចម្លើយ​នោះ​គឺ​

…ខ្ញុំ​ស្រឡាញ់​បង​​…

តើ​បង​ធ្វើ​សង្សារ​ខ្ញុំ​ បានទេ?

ពីខ្ញុំ កាពូជីណូ​…

ដៃ​​ញ័រទទ្រើក… ​​ព្រោះ​បេះដូង​លោត​ញាប់​ដូច​ព្យុះ​បោក​បក់​ ខ្ញុំ​បិទ​គ្រប​សៀវភៅ​ស្បែក​​សន្សឹមៗ​យ៉ាង​ស្រាល​ដៃ​។ ខ្ញុំ​ដឹង​ខ្លួន​ច្បាស់​ថា ពេល​នេះ​ខ្ញុំ​មុខ​ក្រហម​​ប៉ុណ្ណា។ ខ្ញុំ​​ញញឹម​​​​រីក​ថ្ពាល់ រាង​កាយ​ទាំង​មូល​​ស្ទើរ​តែ​អណ្តែត​ផុត​ពី​ដី​ពេល​អាន​ខ្លឹម​សារ​ទាំង​នេះ​ចប់​។ នេះ​​គេ​​ពិត​ជា​មាន​អារម្មណ៍​បែប​នេះ​ចំពោះ​ខ្ញុំ​ មែនឬ? ខ្ញុំ​មិន​មែន​​យល់​សប្តិ​ទេ មែនទេ?…

«…យ៉ាង… យ៉ាង​ម៉េចដែរ​ ល្អ​ទេ?»

«អឺម…»

«ចុះ… ចម្លើយនោះ?»

ខ្ញុំ​ងើប​មុខ​​ក្រហម​ងាំង​សន្សឹមៗ​ មក​ប្រទាក់​ភ្នែកនឹង​​បុរស​​ក្បែរ​កាយ​ ដែល​មុខ​គេ​ក៏​​ក្រហម​មិន​ចាញ់​​គ្នា​ប៉ុន្មាន​ដែរ​​។ ខ្សែ​ភ្នែក​​មុត​ដែល​សម្លឹង​ជ្រៅ​​​ចូល​មក​ក្នុង​កែវ​ភ្នែក​ខ្ញុំ​ ធ្វើ​ឲ្យ​​ខ្ញុំ​​គេច​ភ្នែក​ចេញ​ជា​និច្ច​​… ចំណែក​ចម្លើយ​របស់​ខ្ញុំ​នោះឬ…?

«អូខេ…»

«ពិត​មែនឬ??!»

ដៃ​មាំ​ស្ទុះឱប​ខ្ញុំ​យ៉ាង​ណែន​ ចំហាយ​ក្តៅ​របស់​យើង​ទាំង​ពីរ​​ផ្ទេរ​ទៅកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ការ​ឱប​ដ៏​យូរ​អង្វែង​ និង​មាន​តម្លៃ​… នេះ​ហើយ​ឬ ស្នេហា??…

​បុរស​រាង​ខ្ពស់​សម្លឹង​ភ្នែក​ខ្ញុំ​ដែល​នៅ​ក្នុង​រង្វង់​ដៃ​របស់​គេ​។

«​ខ្ញុំ​ស្រឡាញ់​​បង​ផ្កាយ​ខ្លាំង​ណាស់។»

«ខ្ញុំ​ក៏​ស្រឡាញ់​លោក​ដែរ…ជីណូ…»

រង្វង់​មុខ​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​មាន​សេចក្តី​សុខ​គ្រប់​ពេល​ដែល​បាន​ឃើញ​ កំពុង​រំកិល​ចូល​មក​ជិត​ខ្ញុំ​។ ខ្ញុំ​ជ្រួត​ជ្រាប​នូវ​ចំហាយ​ក្តៅ​ពី​ខ្យល់​ដង្ហើម​រោល​រាល​… បបូរ​មាត់​របស់​ខ្ញុំ​ក៏​បាន​ប៉ះ​បបូរ​មាត់​ក្រាស់​ដែល​ជម្ពិត​យ៉ាង​ទន់​ភ្លន់​ និង​យឺត​យូរ​… យូរ​ល្មម​នឹង​ជ្រួត​ជ្រាប​ចូល​ទៅ​ក្នុង​ជម្រៅ​​បេះ​ដូង​របស់​ខ្ញុំ​បាន​។ លោក​…គឺ​ជា​អ្ន​កដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​សុខ​ណ៎ា… កាពូជីណូ…

បបូរមាត់​ក្រាស ដក​ចេញ​សន្សឹមៗ​យ៉ាង​សោកស្តាយ​​ មុន​នឹង​ប្តូរ​ពី​ស្នាម​ថើប​ដ៏​ផ្អែម​ល្ហែម​ មក​ជា​ស្នាម​ញញឹម​ដ៏​កក់​ក្តៅ​ជំនួស​វិញ​។

«យប់​ហើយ នាំ​គ្នា​ទៅ​ផ្ទះ​វិញ​ណ៎ា!»

ខ្ញុំ​ចាប់​ផ្តើម​ក្រសោប​បុរស​​នៅ​ចំពោះ​មុខ​យ៉ាង​ណែន​ ​ហើយ​សសុល​ក្បាល​ចូល​ក្នុង​លង្វែក​ទ្រូង​មា​ំ ​មុន​នឹង​គ្រវី​ក្បាល​​តិចៗ​។

«មិន​ទាន​់ចង់​ត្រឡប់​ទៅ​វិញ​ទេ… ខ្ញុំ​ចង់​នៅ​ជាមួយ​លោក…»

«ហាសហា… អាកាស​ធាតុ​ចាប់​ផ្តើម​ត្រជាក់​ហើយ បើ​ បង​ផ្កាយ​​របស់​ខ្ញុំ​ឈឺ​ តើ​ធ្វើ​ដូច​ម្តេច​ទៅ ខ្ញុំ​បារម្ភ​​ណ៎ា!»

អ៊ីចឹង​ហ៎ កាហ្វេ​ដ៏​ឆ្ងាញ់​របស់ខ្ញុំ​? ហិហិ… កំប្លែង​ណាស់​តើ តែ​ក៏បានសប្បាយ​ចិត្ត​​…

«អ៊ីចឹង​ក៏​បាន តោះ​នាំ​គ្នា​ទៅវិញ​។»

ខ្ញុំ​ងើយ​មុខ​ញញឹម​ដាក់​បុរស​​ចំពោះ​មុខ​ ដែល​​ពេល​នេះ​ខ្ញុំ​អាច​ហៅ​គេ​ថា… ជា​សង្សារ​បាន​ហើយ​…

«អឺម… តោះ​​ទៅវិញ​។»

យើង​ទាំង​ពីរ​នាំ​គ្នា​ក្រោក​ឈរ​សន្សឹមៗ ចែក​គ្នា​កាន់​ឥវ៉ាន់​ម្នាក់​បន្តិចៗ ដើម្បី​ទុក​​ដៃ​ម្ខាង​​​កាន់​ដៃ​គ្នា​​តាម​ផ្លូវ​​ជាប់​រហូត​…

ខ្ញុំ​ក៏​ចង់​ជូន​​អ្វី​ម្យ៉ាង​ដល់​គេ​​ដែរ​ ហើយ​រំពេច​ដែល​ខ្ញុំ​នឹក​ដល់​រឿង​កាដូ​ ខ្សែ​ភ្នែក​របស់​ខ្ញុំ​ក៏​ប្រទាក់​នឹង​វត្ថុ​ភ្លឺ​ផ្លេក​ម្យ៉ាង​… ខ្សែ​ក​គួរ​ឲ្យ​ស្រឡាញ់​មាន​បន្តោង​ជាអក្សរ​ឡាតាំង​! O_O~

«ជីណូ ខ្ញុំ​ចង់​ទៅ​ទិញ​អី​បន្តិច​។»

«​ទៅចុះ!»

ខ្ញុំ​លែង​ដៃ​ចេញ​ពី​ដៃ​ធំ​ក្រាស់​ មុន​នឹង​ដើរ​ញាប់​ឆ្មេញ​ទៅ​តូប​លក់​ខ្សែ​ក។

«អ៊ំ​ស្រី​ ខ្សែ​ក​មួយ​ខ្សែ​ប៉ុន្មាន?»

«មួយ​ខ្សែ​២ដុល្លារ​អូន!»

«ខ្ញុំ​យកពីរ​ខ្សែ។»

«រើស​មើល​ទៅ យក​មួយ​ណា​ខ្លះ? ម៉ូត​នេះ​មាន​រូប​បេះ​ដូង​តូចៗ​ជាប់​តួ​អក្សរទៀត​ផង​ ។»

គួរ​ឲ្យ​ស្រឡាញ់​ណាស់! យក​មួយ​ណា​ល្អ​? អឺម… យក​អក្សរ N…Cappuccino និង​  P…Phkay ទៅចុះ ហើយ​នឹង​ឲ្យ​ជីណូ​ពាក់​អក្សរ​ P ចំណែក​ខ្ញុំ​ពាក់​អក្សរ​ N ដើម្បី​ឲ្យ​មាន​ខ្ញុំ​នៅ​ជាប់​តាមខ្លួន​គេ​រហូត​។ ៃយ៉ៗៗ… អៀន​ណាស់​វ៉ឺយ!!! >///<

ខ្ញុំ​យក​ខ្សែ​ក​អក្សរ​ P និង​ N តាម​អ្វី​ដែល​គិត​ទុក​។

«យក​ពីរ​ខ្សែ​នេះ​លោក​អ៊ំ!»

«អូ… ពាក់​គូ​ជាមួយ​សង្សារ​ មែនទេ?»

«អឺ… អឺ… បាទ!»

«ហាហា គួរ​ឲ្យ​ស្រឡាញ់​ណាស់អ្នក​កំលោះ​ ស្រឡាញ់​គ្នា​ឲ្យ​បាន​យូរ​ណាស់ នេះ​ខ្សែ​ក!»

«អរគុណ​ណាស់ លោក​អ៊ំ!»

ខ្ញុំ​ហុច​លុយ​ និង​ទទួល​ខ្សែ​ក​ពីរ​ខ្សែ​នោះ​មក​។ ​ខ្ញុំ​ដើរ​ត្រឡប់​ទៅ​រក​គូស្នេហ៍​របស់​ខ្ញុំ​… អៀន​ដល់​ហើយ​ ពេលប្រើ​ពាក្យ​នេះ​។ ហុហុហុ >///<

«យ៉ាង​ម៉េច ទិញ​អី​មក?»

«បិទ​ភ្នែក​សិន​ទៅ!»

កាពូជីណូ ​ធ្វើ​មុខ​ងឿង​ឆ្ងល់​​បន្តិច​ មុន​នឹង​ព្រម​បិទ​ភ្នែក​តាម​ខ្ញុំ​យ៉ាង​ស្រួល​។

ខ្ញុំ​យក​ខ្សែ​ក​បន្តោង​អក្សរ​ P ពណ៌​ប្រាក់​ ​​ពាក់​​ឲ្យ​គេ​ មុន​នឹង​​ពាក់​បន្តោង​ N ឲ្យ​ខ្លួន​ឯង​។

«បើក​ភ្នែក​បាន​ហើយ!»

ភ្នែក​មុត​ចាប់​ផ្តើម​បើក​បន្តិចម្តងៗ ម្រាម​ស្រឡូន​ចាប់​បន្តោង​មក​មើល​។

«អក្សរ​ P ?»

«អឺម គឺ​… ផ្កាយ​​ នោះអី!»

គេសម្លឹង​មក​កាន់​ខ្ញុំ​ម្តង​។

«អក្សរ​ N?» ​

«គឺ… គឺ កាពូជីណូ​ នោះ​អី មនុស្ស​ឆ្កួត! >_<!!»

«ហាសៗ អរគុណ​ណ៎ា ខ្ញុំ​នឹង​​ពាក់​វា​ជាប់​រហូត​មិ​នដោះ​ទេ ខ្ញុំ​សន្យា។»

បុរស​រាង​​ខ្ពស់​ដើរ​មក​ជិត​ខ្ញុំ​ មុន​នឹង​ឱន​មក​ថើប​ថ្ពាល់​របស់​ខ្ញុំ​យ៉ាង​ស្រាល​។

«តោះ នាំ​គ្នា​ទៅ​ផ្ទះ​ ផ្កាយ​របស់​កាពូជីណ!»

«តោះ!»

យើង​ដើរ​កាន់​ដៃ​​គ្នា​​ ហើយ​បែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។ ដំបូង​ជីណូ​ចង់​​ជូន​​ខ្ញុំ​ទៅ​ផ្ទះ​សិន តែ​ពេល​នេះ​យប់​ជ្រៅ​ហើយ ទើប​ខ្ញុំ​សុំ​ទៅ​ដោយ​ខ្លួន​ឯង​វិញ​ល្អ​ជាង។ ​…មាន​សង្សារ​គឺ​អារម្មណ៍​បែប​នេះ​សោះ!​ មាន​អ្នក​ចាំ​ព្រួយ​បារម្ភ​ និង​ផ្តល់​មនោសញ្ចេតនា​ល្អៗ​ចំពោះ​គ្នា​​ទៅវិញ​ទៅ​មក​។ ខ្ញុំ​ទទួល​អារម្មណ៍​ដឹង​ភ្លាម​ថា បេះ​ដូង​ខ្ញុំ​កំពុង​លោត​ញាប់​​ដូច​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​។… មាន​សេចក្តី​សុខ​ដល់​ហើយ! ^_^

…រាត្រី​ថ្ងៃ​នោះ…

អ្ហ៎ា… ងូត​ទឹក​ក្តៅ​ស្រួល​ខ្លួន​ខ្លាំង​ណាស់។ ពេល​ត្រឡប់​មក​ពី​ដើរ​លេង​បុណ្យ​អុំ​ទូក​​វិញ​ ខ្ញុំ​ក៏​ប្រញាប់​ងូត​ទឹក​ភ្លាម​ តែ​ពេល​​កំពុង​ជូត​សក់​…

ទីង! ទីង!

នរណា​ផ្ញើ​ឡាញន៍​មក​អ៊ីចេះ?

(Cappuccino: ដល់​ផ្ទះ​ហើយ​ឬនៅ?)

បែក​ពី​គ្នា​មិន​ដល់​មួយ​ម៉ោង​ផង​ ក៏​បាន​និយាយ​គ្នា​ទៀត​ហើយ​ ^Q^។

(Phkay: ដល់​ហើយ!)

(Cappuccino: កំពុង​ធ្វើ​អីហ្នឹង?)

(Phkay: កំពុង​ជូត​សក់ ទើប​តែ​ងូត​ទឹក​រួច​ ចុះ​ជីណូ ដល់​ផ្ទះ​ហើយ​ឬនៅ?)

(Cappuccino: ដល់​ហើយ​ៗ បន្តិច​ទៀត​ចូល​គេង​ហើយ!)

(Phkay: ចាំ​ខ្ញុំ​ផង​ ខ្ញុំ​ជូត​សក់​សិន!)

(Cappuccino: អឺម មិន​ទៅណាទេ!)

(Phkay: អ៊ឺៗ…)

(Cappuccino: នឹក​សង្សារ​ដល់​ហើយ!)

អាឆ្កួត… អៀនវ៉ឺយ!​ >///<

(Cappuccino: ស្អែក​នេះ ជួប​គ្នា​បាន​ទេ?)

(Phkay: មិន​ទាន់​ដឹង​ទេ អាច​អត់​ច្រើន​ជាង ព្រោះ​ត្រូវ​សរសេរ​ប្រលោម​លោក​បន្ត​!)

(Cappuccino: អ៎… មែន​ហើយ ចុះ​ថ្ងៃ​ចន្ទ​នោះ?)

(Phkay: ប្រាកដ​ជា​ជួប​បាន ចាំ​ទៅ​រក​នៅ​ហាង​ណ៎ា!)

(Cappuccino: ហ្នឹង​ហើយ បើមិន​បាន​ជួប​គ្នា​​មួយ​ថ្ងៃ​ នឹក​ស្លាប់​ហើយ​…T_T)

(Phkay: បើ​នឹក​ មើលខ្សែ​ក​នោះ​ជំនួស​សិន​ទៅ! ^_^)

(Cappuccino: តែ​វា​មិ​នដូច​បាន​ជួប​​រូប​ពិត​ឯណា! Y_Y)

(Phkay: ណ៎ា… មិន​យូរ​ទេ​បាន​ជួប​គ្នា​ហើយ​ អត់​ធន់​បន្តិច​ទៅ​…សង្សារ​សម្លាញ់​​! ^_^)

អៃៗៗ… អៀន​ខ្លួន​ឯង​ >///< ។

(Cappuccino: ក៏​បាន​ ខ្ញុំ​នឹង​រង់​ចាំ​ណ៎ា ជូត​សក់​ហើយ​ឬនៅ?)

(Phkay: រួច​ហើយៗ!!)

ខ្ញុំ​យក​កន្សែង​ពោះ​គោ​ទៅ​ព្យួរ​ហាល​ មុន​នឹង​មក​គេង​កាន់​ទូរស័ព្ទ​និយាយ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​លើ​គ្រែ​… នៅ​អៀន​មិន​ទាន់​បាត់​ផង​ ពេលប្រើ​ពាក្យ​នេះ​! ហិហិហិ >///<

(Cappuccino: អ៊ីចឹង​នាំ​គ្នាគេង​ណ៎ា ខ្ញុំ​ងងុយ​ហើយ។)

(Phkay: សុបិន​ល្អ​!)

(Cappuccino: សុបិនល្អ​ បាយៗ​…)

(Phkay: បាយៗ!!)

(Cappuccino: ស្រឡាញ់​ណ៎ា!)

(Phkay: ស្រឡាញ់​ដូច​គ្នា។)

(Cappuccino: ជុបៗៗ -3-)

(Phkay: ដេក​ទៅ​មនុស្ស​ឆ្កួត! >.<)

(Cappuccino: ហាសហា សុបិន​ល្អ​!)

អារម្មណ៍​បែប​នេះ​ ពិត​ជា​ចូល​ចិត្ត​ខ្លាំង​ណាស់… ចូល​ចិត្ត​ពេល​ដែល​បេះ​ដូង​ខ្ញុំ​លោត​ញាប់…​ ចូល​ចិត្ត​ពេល​ដែល​ខ្ញុំ​ញញឹម​ភ្លឹក​ ហើយ​ក៏​ចូលចិត្ត​… អ្នក​ដែល​ធ្វើ​ឲ្យខ្ញុំ​ក្លាយ​ជា​បែប​នេះ​… សុបិន​ល្អ​ណា៎ កាហ្វេ​ដ៏​ឆ្ងាញ់​​របស់​ខ្ញុំ​… ♥__♥

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

Read Full Post »


តៀម​កាហ្វេ​ផ្តើម​ស្នេហ៍​

I

The last sentence… when I first met you.

«អាឡូ​ បង​​ប្រធាន?»

[«អឺ… ផ្កាយ​ ជួយ​មក​ក្រុម​ហ៊ុន​បន្តិច​មើល៍​​ លោក​នាយក​មាន​រឿង​ចង់​និយាយ​ជាមួយ​ឯង!»]

«បាទ? រឿង​អ្វី​ទៅ?»

[«យើង​ក៏​មិន​ដឹង​ដែរ​ តែ​​ទំនង​ដូច​ជា​មិន​សូវ​រឿង​ល្អ​ប៉ុន្មាន​ទេ ​មុខ​គាត់​​ដូច​ជា​តាន​តឹង​ណាស់​តាំង​​ពី​ប្រជុំ​រួច​… យ៉ាង​ណា​ៗ​ត្រូវ​​ប្រញាប់​មក​បន្តិច​ណ៎ា!»]

«ពេល​នេះ​តែ​ម្តង​ឬ?… តែ​នេះ​… ម៉ោង​៨​យប់​​ហើយ​!»

[«មក​ឥឡូវ​នេះ​តែ​ម្តង​ លឿន​ៗ​ឡើង​!»]

ទូត…

រឿង​ស្អី​ទៀត​ហើយ! ខ្ញុំ​ចុច​ Save ​ប្រលោម​រឿងខ្មោច​​ថ្មី​​​ដែល​កំពុង​សរសេរ​ រួច​ចុច​កុំ​ព្យូទ័រ​​​លើ​តុ​បិទ​ មុន​នឹង​​ដើរ​ឆ្លង​កាត់​​គំនរ​សៀវភៅ​​ប្រលោម​លោក​ដែល​​គរ​លិច​ក្បាល​​​​។ ខ្ញុំ​លូក​ដៃ​យក​កុំ​ព្យូទ័រ​ MacBook និង​អាវ​ក្រៅ​ក្រាស់​​ធំ​ មុន​នឹង​ចេញ​ទៅ​កន្លែង​ណាត់​​ទាំង​កណ្តាល​​អធ្រាត្រ​​ដ៏សែន​​ត្រជាក់​​។ ហេតុ​អ្វី​ក៏​ហៅ​ទៅ​​ធ្វើ​ការ​ទាំង​​យប់​ទាំង​អធ្រាត្រ​បែប​នេះ​? រឿង​ដែល​​ហៅ​ទៅ​និយាយ​ ច្បាស់ជាម​ិន​ល្អ​នោះទេ។ ខ្ញុំ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ​​ដែល​មាន​​គូ​កំលោះ​ក្រមុំ​ដើរ​កៀក​ដៃ​គ្នា​ជា​ហូរ​ហែ​។ ហ៊ឺយ! តើ​ខ្ញុំ​ជា​មនុស្ស​​ដែល​នៅ​ទំនេរ​តែ​ម្នាក់​ឯង​ក្នុង​លោក​នេះ​ឬ?

នៅទីបំផុត ​ខ្ញុំ​ក៏​​ដើរ​មក​ឈប់​​នៅ​ត្រង់​អគារ​ខ្ពស់​មួយ ​នៅ​ក្បែរ​​វិទ្យាល័យព្រះ​​ស៊ីសុវត្ថិ​​។ ទូរស័ព្ទ​រក​បង​ប្រធាន​​សិន​ល្អ​ជាង!

[«អាឡូ ឯង​មក​ដល់​ណា​ហើយ?»​]

«ខ្ញុំ​មក​ដល់​​មុខ​អគារ​ហើយ​ កំពុង​ដើរ​ចូល​ទៅ!»

[«អូខេ អ៊ីចឹង​ឡើង​មក​ជាន់​ទី​៦តែ​ម្តង​មក៍​ ចាំ​យើង​ទៅ​ទទួល​នៅ​មុខ​ជណ្តើរ​យន្ត!»]

«បាទ!»

ចប់សម្តី​របស់​​​បង​ប្រធាន​ ឬ​ GM​ ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ខ្ញុំ​ក៏​ដើរ​ចូល​ទៅ​ក្នុង​អគារ​ ហើយ​សំដៅ​ឡើង​ជណ្តើរ​យន្ត​​ឆ្ពោះ​ទៅ​កាន់​ជាន់​ដែលបាន​​ណាត់​ទុក​។

ទិង​…

ទ្វារ​ជណ្តើរ​យន្ត​បើក​ បង​ប្រធាន​​កំពុង​ឈរ​ចាំ​ខ្ញុំ​ដោយ​ក្តី​អន្ទះ​សារ​។ គាត់​​មាន​កាយវិការ​ជ្រួល​ច្រាល​ និង​តាន​តឹង​ជា​ខ្លាំង។​ តាម​មើល​​រឿង​ដែល​ហៅ​ខ្ញុំ​មក​ ទំនង​ជា​មិន​សូវ​ល្អ​ទេ។

«តាម​យើង​មក​ខាង​នេះ​មក៍!»

«អឺ… បាទៗ!»

ខ្ញុំ​ដើរ​តាម​លោក GM មាឌ​ល្អិត​​ដែល​បោះ​ជំហាន​ដើរ​ញាប់​ស្អេក​ ក្នុង​ទឹក​មុខ​ដ៏​សែន​តាន​តឹង​។ ខ្ញុំ​ដើរ​​កាត់​​បន្ទប់​ធ្វើ​ការ​នានា ​ដែល​មាន​បុគ្គលិក​បីបួន​នាក់​ ​កំពុង​ធ្វើ​ការ​​ភ្លេច​បាយ​ភ្លេច​ទឹក​ ភ្លេច​យប់​ភ្លេច​ថ្ងៃ។​ គ្មាន​នរណា​ត្រឡប់​ទៅ​ផ្ទះ​… ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ញញឹម​ដែរ​!

«លោកនាយក​ ផ្កាយ​មក​ដល់​ហ​ើយ!»

«ចូល​មក​!»

បង​ប្រធាន​ឱន​គំនាប់​ មុន​នឹង​​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​​របស់​ CEO ក្រុម​ហ៊ុន​​។ ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ មុន​​នឹង​​លើក​ដៃ​សំពះ​​។ បុរស​វ័យ​កណ្តាល ​មាឌធំ​​ខ្ពស់​​លើក​ដៃ​សំពះ​តប​​ខ្ញុំ​វិញ​យ៉ាង​មាន​សុជីវធម៌​។

«​អង្គុយ​ចុះ​សិន​ទៅ​​ ផ្កាយ​… GM ​ក៏​ចូល​មក​ស្តាប់​​ដែរ​មក៍!»

ខ្ញុំ​អង្គុយ​ទល់​មុខ​​លោក​នាយក​ ដែល​មើល​ទៅគាត់​ ​ហាក់​ដូច​ជា​ហត់​នឿយ​ខ្លាំង​ណាស់​។ ក្រវាត់​ក​​យារ​ធ្លាក់​ ពុក​មាត់​ពុក​ចង្កា​​មិន​បាន​កោរ​ វ៉ែន​តា​កញ្ចក់​ក្រាស់​​បិទ​បាំង​ស្នាម​ជាំ​ខ្មៅ​​ក្រោម​ភ្នែក​ និង​ទឹក​មុខស្លេក​ស្លក់​​ដ៏​តាន​តឹង​​ កំពុង​សម្លឹង​មើល​គំនរ​ក្រដាស​ដែល​ទុក​នៅ​លើ​តុ​។

«អឺម…ចូ​ល​រឿង​​យើង​តែ​ម្តង​ណា​ ផ្កាយ!»

ដៃ​វែង​លូក​យក​ក្រដាស​មួយ​សន្លឹក​​ហុច​មក​ឲ្យ​ខ្ញុំ​។​​ ខ្ញុំ​ទទួល​យក​មក​មើល… គឺ​ជា​​តារាង​​បញ្ជី​លក​់ស្នាដៃ​​ប្រលោម​លោក​​របស់​ខ្ញុំ​ដែល​ធ្លាប់​​បោះ​ពុម្ព​ផ្សាយ​​កន្លង​មក​។

«ឃើញ​ហើយ​មែន​ទេ​​​ ថា​អត្រា​ការ​លក់​ធ្លាក់​ចុះ​ជា​លំដាប់​​? ពីរ​បី​​​ខែ​​កន្លង​មក​​នេះ​ ស្នាដៃ​របស់​​ឯង​​​ ​​​លក់​មិន​សូវ​ដាច់​សោះ!​ មាន​​​ការ​រិះ​គន់​ពី​អ្នក​អាន​មក​ថា ស្នាដៃ​របស់​ឯង​​ដូច​គ្នា​ទាំង​អស់​… តែ​ឯង​​ផ្ទាល់​ក៏គួរ​តែ​ដឹងច្បាស់​​ថា ឯង​​គឺ​​ជា​អ្នក​និពន្ធ​ដៃ​ឯក​​​ប្រចាំ​ក្រុម​ហ៊ុន​នេះ!»

ខ្ញុំ​ងើប​មុខ​ចេញ​ពី​ក្រដាស ប្រទាក់​ភ្នែកនឹង​​បុរស​​មាន​អំណាច។ បរិយាកាស​នៅ​ក្នុង​បន្ទប់​​ពិត​ជា​តាន​តឹង​ខ្លាំង​ណាស់​​​។

«ប្រាកដ​ណាស់​ បើ​ក្រុម​ហ៊ុន​​របស់​យើង​បាត់​បង់​​ឯង​​ ​មិន​យូរ​មិន​ឆាប់​ច្បាស់​ជា​​រលំរលាយ​​មិន​ខាន​​។ ពេល​ប្រជុំ​ ខ្ញុំ​បាន​លើក​រឿង​​ប្រាក់​ចំណូល​ឲ្យ​​អ្នក​​គ្រប់​គ្រង​ផ្សេងៗ​​​ដឹង។​ ពួក​គេ​មិន​សូវ​សប្បាយ​​ចិត្ត​ទេ​​… តែ​ខ្ញុំ​នៅ​​មាន​សំណើ​​ថ្មី​​មួយ​ទៀត​មក​ឲ្យ​ឯង​​ពិចារណា​​។»

ដៃ​វែង​ហុច​គំនរ​ក្រដាស ​ដែល​មាន​មតិ​រិះ​គន់​ពី​អ្នក​អាន​មក​ឲ្យ​ខ្ញុំ​។ ក្នុង​ក្រដាស​សរសេរ​​​ថា ‘ចង់​ឲ្យ​បង​ផ្កាយ​​ សរសេររឿង​​ស្នេហា​​​ខ្លះ​ដល់​ហើយ…’​ ‘ហេតុ​អ្វី​រឿង​ដដែលៗ​អ៊ីចឹង​បង?’ ‘ខ្ញុំ​ធុញ​ទ្រាន់​​នឹង​​រឿង​​ខ្មោច​អស់​នេះដល់​​ហើយ​!’…

«ឃើញ​ហើយ​មែនទេ​ ថា​អ្នក​អាន​របស់​ឯង​​សរសេរ​មក​ដូចម្តេច​ខ្លះ​? ហេតុ​ដូច្នេះ​​ទើប​ខាង​យើង​ចង់​ឲ្យ​ឯង​ផ្លាស់​ប្តូរ​ style ​នៃ​ការ​សរសេរ​ខ្លះ​។»

«តែ​ខ្ញុំ​មិន​ជំនាញ​សរសេរ​រឿង​ប្រភេទ​ផ្សេង​ផង​!»

«តែ​ឯង​​ក៏​មិន​ទាន់​សាក​ល្បង​ដែរ​ មែន​ទេ? ​តាម​រយៈ​ការ​​ប្រជុំ​ គ្រប់​គ្នា​បាន​​ឯក​ភាព​​ឲ្យ​​ឯង​ សាក​ល្បង​មក​​​សរសេរ​ប្រភេទ​រឿង​ស្នេហា​​រ៉ូមែន​ទិក​វិញ​ម្តង ​ដើម្បី​ឲ្យ​តារាង​លក់​​​មាន​សំទុះ​កើន​ឡើង​វិញ​។ ផ្កាយ​… សូម​ជួយ​ក្រុមហ៊ុន​របស់​យើង​ ឲ្យ​​ងើប​ខ្លួន​ឡើង​វិញ​ផង​!»

«ត… តែ​ខ្ញុំ​…»

«សូម​អង្វរ​ទៅ​ចុះ!»

រាង​ខ្ពស់​ក្រោក​​ឈរឡើង​​ ហើយ​​លើក​ដៃ​សំពះ​​ខ្ញុ​ំ​​ត្រឹម​ទ្រូង​ រហូត​ខ្ញុំ​ និង​បង​ប្រធាន​ស្រឡាំង​កាំង​​។ មនុស្ស​មាន​អំណាចដូច​លោក​នាយក​​ ចេះ​លើក​ដៃ​សំពះ​អង្វរ​កូន​ក្មេង​ដូច​ជា​​ខ្ញុំ​​នេះ​ដែរ​? ខ្ញុំប្រញាប់​ក្រោក​ឡើង​ឈរ​​ ហើយ​លើក​ដៃ​សំពះ​តប​វិញ​​។

«អឺ… លោក​នាយក​ មិន​ចាំ​បាច់​សំពះ​ទេ​​ ចាំ​​ខ្ញុំ​និយាយ​ជាមួយ​​​ផ្កាយ​​ដោយ​ខ្លួន​ឯង​។»

បង​ប្រធាន​​មាឌ​ល្អិត ​និយាយ​តតាក់​តតុប ​​ចំពោះ​កាយ​វិការ​ឱន​លំទោន​របស់​លោក​នាយក​។ បុរស​វ័យ​ចំណាស់​ឮ​ដូច្នោះ ក៏​​ត្រឡប់អង្គុយ​ចុះ​ធម្មតា​​វិញ​។

«សុំ​អង្វរ​ណា ផ្កាយ​!»

«បាទ…​ ចាំ​ខ្ញុំ​សាក​ល្បង​មើល។»

ខ្សែ​ភ្នែក​របស់​បុរស​រាងខ្ពស់​ចាប់​ផ្តើម​មាន​រស្មី​នៃ​ក្តី​សង្ឃឹម​។

«អរគុណ​ខ្លាំង​ណាស់​! ជា​កិត្តិយស​របស់​ពួក​យើង​មែន ​ដែល​បាន​រួម​ការ​ងារ​ជាមួយ​ឯង​​ បើ​មាន​រឿង​អី​ សូម​ទាក់​ទង​មក​​GMចុះ!»

«បាទ! អ៊ីចឹង​ខ្ញុំ​ស​ុំ​ខ្លួន​សិន​ហើយ សុំ​ទោស​​​​ផង​ដែល​​ធ្វើ​ឲ្យ​​​គ្រប់​គ្នា​ជ្រួល​ច្របល់​។»

«អឺម… យ៉ាង​ណាៗ​​ សូមព្យាយាម​ផង​​ណា​ សូម​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​!»

«បាទ​ ដូច​គ្នា​។»

ខ្ញុំ​ និង​បង​ប្រធាន​​ដែល​ឈរ​ក្បែរ​​​គ្នា​​ ឱន​គំនាប់​​លោក​នាយក​​ មុន​នឹង​ដើរ​ចេញ​ពី​បន្ទប់​។

«ហ៊ឺុយ…»

«អាច​ទៅ​រួច​ទេ រឿង​​​ប្តូរ style សរសេរ​ថ្មី?»

«​ប្រហែល​ជា​ត្រូវ​ព្យាយាម​​បន្តិច​ហើយ តែ​ខ្ញុំ​មិន​ដឹងថា​​គួរ​​ចាប់​ផ្តើម​យ៉ាង​ណា​ទេ?»

«​និយាយ​អ៊ីចឹង ឯង​ប្រហែល​ជា​មាន​សង្សារ​ហើយ​មែនទេ? យក​រឿង​ពិត​​របស់​ឯង​មក​សរសេរ​ក៏​បាន។»

«អឺ… គឺ​ខ្ញុំ​… មិន​ធ្លាប់​មាន​សង្សារ​ផង​!»

ខ្ញុំ​និយាយ​នៅ​ក្នុង​​បំពង់​ក​យ៉ាង​ស្រាល​បំផុត​ តែ​ក៏​ល្មម​ឲ្យ​បង​ប្រធាន​មាឌ​ល្អិត​ម្នាក់​នេះ​ ស្តាប់​​ឮ​​បាន​។ អ្វី​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ គឺ​​ទឹក​មុខ​របស់​​គាត់​កាន់​តែ​​ប្តូរ​​ទៅ​ជា​​អាក្រក់​​លើស​ដើម​។

«…ស្លាប់​ហើយ​ដូច​គ្នា​​ម្ល៉េះ! ​យើង​ក៏​មិន​ធ្លាប់​មានស្នេហា​​ដែរ​ អ៊ីចឹង​ហើយ​ទើប​មិន​ដឹង​ថា​​គួរ​ជួយ​ឯងរបៀបណា?»

យើង​ទាំង​ពី​រ​ឈប់​ដើរ​​មួយ​រំពេច​។ ខ្ញុំ​​​បើក​ភ្នែក​ធំៗ​ងាក​ទៅ​សម្លឹង​​​បង​ប្រធាន។​​ គ្មាន​​ការ​​សន្ទនា​អ្វី​ទាំង​អស់​បន្ទាប់​ពី​នោះ​។ គឺ​មាន​តែ​ស្លាប់​ទេ​បែប​នេះ​!​ តើ​ជួយ​គ្នា​ដូច​ម្តេច​ បើ​អត់​ដូច​តែ​គ្នា​​អ៊ីចឹង​ អ្វី​ដែល​ធ្ងន់​ក​គឺ​បាន​​​ទទួល​ពាក្យ​ពី​លោក​​នាយក​​ទៀត​។ ស្លាប់​ហើយ​ខ្ញុំ! T_T!

«តែ​មិន​អី​ទេ​ ឯង​សាក​ទៅ​រកអ្វី​ដែល​ជួយ​បណ្តាល​ចិត្ត​​ឯង​ឲ្យ​សរសេរ​ចេញ​ ឬ​មិន​ក៏​សាក​មាន​សង្សារ​នឹង​គេ​​ទៅ! បើ​មាន​បញ្ហា​អី​ ខល​មក​ចុះ​ យើង​ទៅ​ធ្វើ​ការ​បន្ត​សិន​​ហើយ​ សំណាង​​ល្អវ៉ឺយ!​»

បុរស​ជើង​ខ្លី​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​បាត់​ ទុក​ឲ្យ​ខ្ញុំ​នៅ​ឈរ​មិង​មាំង​ម្នាក់​ឯង​។ ប្រាស​យក​តែ​អាយុះ​មែន ទុក​គ្នា​ចោល​ឆ្កុយ​! ហ៊ឹះ… ទៅ​វិញ​ល្អ​ជាង​…!!

ខ្ញុំ​ដើរ​ចូល​ជណ្តើរ​យន្ត​ រួច​​ចុះ​ចេញ​ពី​អគារ​​។ ពេល​នេះ​ម៉ោង​​ដប់​យប់​ទៅហើយ​ តែ​មិន​ទាន់​ចង់​​​ត្រឡប់​ទៅ​ផ្ទះ​​វិញ​សោះ​។ ​ភ្លៀង​រលឹម​ផ្សែង​ក្រូច រងា​ណាស់​… រក​ហាង​កាហ្វេ​អង្គុយ​កម្តៅ​ខ្លួន​​​សិន​ល្អ​ជាង​!

ខ្ញុំ​ដើរ​​កាត់​ជំនោរ​ត្រជាក់​​​ និង​ហ្វូង​មនុស្ស​ដែល​កាន់​តែ​ថយ​ចុះ​ជា​លំដាប់​។ ​ដើរ​លេងៗ​​ទី​បំផុត​ ខ្ញុំ​ក៏​មក​ដល​់​បឹង​កេង​កង​ដោយ​មិន​ដឹង​ខ្លួន​។ ​​ខ្ញុំ​ដាក់​ឈ្មោះ​ទីនេះ​ដោយ​ខ្លួន​ឯង​​ថា​​ Coffee Street ព្រោះ​មាន​​ហាង​កាហ្វេ​បារាំង​ជា​ច្រើន​នៅ​តាម​​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ​ និង​ផ្លូវ​នានា​ផ្សេង​ទៀត​ក្នុង​សង្កាត់​នេះ​។ ជា​ធម្មតា​​ ខ្ញុំ​ចូលចិត្ត​ជ្រើស​រើស​ហាង​កាហ្វេ​ទាំង​នេះ ដើម្បី​សរសេរ​រឿង​ មិន​ថា Brown, Costa, True Coffee ឬ Glorea Jean​។ ​ថ្មើរ​នេះ​ ហាង​ទាំង​នោះ​​បិទ​ទ្វារ​អស់​​ហើយ ប៉ុន្តែ​មាន​ហាង​មួយ​ទៀត​​ដែល​​នៅ​បើក​​។

The Last Sentence IMoon Light 24 ជាហាងកាហ្វេ​​ដែល​បើ​ក​បម្រើ​ពេញ​​​២៤​ម៉ោង។​ ពេល​ថ្ងៃ​​ឃើញ​មាន​មនុស្ស​ចូល​​ច្រើនតើ​ តែ​ពេល​នេះ​បែរ​ជា​​​គ្មាន​មនុស្ស​សោះ។​ អ៊ីចឹង​ល្អ​ហើយ​ ដើម្បី​មាន​សមាធិ​​គិត​ពី​​រឿង​ការ​ងា​រៀង​​។ ខ្ញុំ​ដើរ​ឆ្លង​ថ្នល់​​ទៅ​កាន់​ហាង​កាហ្វេ​​នោះ​ ​​ដែលមាន​តែ​បុគ្គលិក​​ម្នាក់កំពុង​​អង្គុយ​​​​​នៅ​ខាង​ក្រោយ​តុ​បេឡា។

គ្រឺង​ៗ​…

«ឌឹ​ មូន​ ឡាយថ៍ សូម​ស្វាគមន៍​!»

បុគ្គលិក​រាង​ខ្ពស់​ សម្បុរ​សណ្តែក​បាយ​ ញញឹម​ដាក់​ខ្ញុំ​ ហើយ​ឱន​គំនាប់​។ ក្នុង​ហាង​តុប​តែង​បែប​ក្លាស៊ីក​ជាប់​ចំហាយ​ក្លិន​បែប​​​អឺរ៉ុប​តិចៗ​​។ បរិយាកាស​បែប​នេះ​ ​នាំឲ្យ​ចង់​អង្គុយ​​ក្រេប​រស​​កាហ្វេ​ខ្លាំង​ណាស់​។

«សួស្តី​ ​ត្រូវ​ការ​កម្មង់​​អ្វី​​ដែរ​?»

«សុំ​ ខាភូស៊ីណូ ​ក្តៅ​មួយ​កែវ​​!»

«បាទ​ ​អស់​ ២ដុល្លារ​ ៦០​សេន!»

ខ្ញុំ​យក​កាបូប​ដក​​ប្រាក់​ឲ្យ​គេ​។ ​ក្នុង​ចិត្ត​នៅ​តែ​តប់​ប្រមល់​​មិន​ស្រស់​ស្រាយ​​… តើ​រ៉ូមែនទិក​ដូចម្តេច​ទៅ? ខ្ញុំ​មិន​ធ្លាប់​សូម្បី​តែ​មាន​សង្សារ​ តើឲ្យ​សរសេរ​រឿង​ស្នេហា​​​យ៉ាង​ម៉េច​​កើត?

«សូម​អញ្ជើញ​ទៅ​អង្គុយ​ចាំ​នៅ​ឯតុ​បាន​។»

ខ្ញុំ​ងក់​ក្បាល​ មុន​នឹង​កាន់​​ Macbook ​ទៅ​អង្គុយ​​នៅ​តុ​​ជាប់​មាត់​បង្អួច​។ គូស្នេហ៍​ដែល​ឱប​គ្នា​​ នឹង​ផ្តល់​ភា​ព​កក់​ក្តៅ​ដល់​គ្នា​ទៅវិញ​ទៅ​មក។ ស្នាម​​ញញឹម​របស់​ពួក​គេ​​រីក​ស្រស់​ជាង​បុប្ផា​​ពេល​ព្រឹក​ព្រលឹម​​…។ ហ៊ឺយ! ធ្វើ​យ៉ាង​ណា​ក៏​មិន​យល់​​ពី​អារម្មណ៍​​មនុស្ស​មាន​ស្នេហា​ដែរ​​។ ខ្ញុំ​បើក​កុំ​ព្យូទ័រ​ ត្រៀម​​ខ្លួន​ជា​​ស្រេច​ដើម្ប​ី​ធ្វើ​ការ​… តែ​មិ​នដឹង​ថាគួរ​សរសេរ​ពី​អ្វី​ល្អ​។ ខ្ញុំ​អង្គុយ​ច្រត់​ចង្កា​ ជ្រួញចិញ្ចើម​សម្លឹង​អេក្រង់​កុំ​ព្យូទ័រ​​ដែល​ទទេ​ស្អាត​។ ហេតុ​អ្វី​ក៏​ពិបាក​បែប​នេះ? រឿង​ស្នេហា​ស្អី​គេ​នេះ​!

«បាន​ហើយ​ៗ ខាភូស៊ីណូ​ក្តៅៗ!»

«បាទ​ អរគុណ!»

ខ្ញុំ​ញញឹម​ដាក់​បុគ្គលិក​កំលោះ​ មុន​នឹង​អង្គុយ​គិត​យ៉ាង​តប់​ប្រមល់​បន្ត​ទៀត​​។ បែប​នេះ​ត្រូវ​គិត​ពី​​ឆ្អឹង​រឿង​សិន​… តែ​បុគ្គលិក​ម្នាក់​នេះ​… ម៉េច​ក៏​នៅ​តែ​ឈរ​សម្លឹង​ខ្ញុំ​អ៊ីចឹង?? គួរ​ឲ្យ​រំខាន​មែន…!! >_<!!

«សុំទោស… តើ​លោក​គឺ​… ផ្កាយ​ ដែល​ជា​អ្នក​និពន្ធ​​នោះ​ មែនទេ?»

ខ្ញុំ​ងាក​សម្លឹង​មុខ​​បុរស​រា​ង​ខ្ពស់ ហើយ​ងក់​ក្បាល​តប។​ ស្គាល់​យើង​ដែរ​ឬ? O.o?

«ពិត​មែនឬ??​»

«បាទ​ ខ្ញុំ​គឺ​ ផ្កាយ​។»

«លោក​ចាំ​ខ្ញុំ​បាន​ទេ? ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី​បើក​សម្ពោធ​សៀវភៅ​​របស់​លោក​កាល​ពី​ខែ​វិច្ឆិកា​​ តើ​ចាំ​ខ្ញុំ​បាន​ទេ?»

បុរស​រាង​ខ្ពស់​បើក​ភ្នែក​ធំៗ​ពេល​ដឹង​ថា​ ខ្ញុំ​ជា​នរណា។

«អឺម… ចុះ​លោក​ឈ្មោះ​…»

«បាទ ឈ្មោះ​ខ្ញុំ​គឺ​មួយ​កែវ​នៅ​ចំពោះ​មុខ​លោក​នេះ​ហើយ!»

«អឺម… ខាភូស៊ីណូ ឬ?»

«បាទ ល្វីង​តែ​ផ្អែម រស​ជាតិ​​នេះ​ សម្រាប់​អ្នក​និពន្ធ​​ពូកែៗ​ដូច​ជា​លោក​អ៊ីចឹង!»

ខាភូស៊ីណូ… កាល​ពី​ខែ​វិច្ឆិកា​​… គ​ឺជា​​ពេល​ដែល​ខ្ញុំ​សម្ពោធ​សៀវភៅ​ Phnom Penh Noir តើ​!… ខាភូស៊ីណូ…

«អូ… លោក​គឺ​ជា​ខ្មែរ​​តែ​ម្នាក់​ដែល​មក​សុំ​ហត្ថលេខា​ខ្ញុំ​នៅ​ថ្ងៃ​នោះ ខ្ញុំ​ចាំ​បាន​ហើយ​!»

«ហ្នឹង​ហើយៗ គឺ​ខ្ញុំ​ហ្នឹង​​ហើយ​ អឺម… មិន​គួរ​ឲ្យ​ជឿ​សោះ​ថា នឹង​បាន​ជួប​លោក​ ផ្កាយ​នៅ​ទីនេះ។ អឺ​… ខ្ញុំ​សុំ​ហត្ថលេខា​មួយ​​ទៀត​​មក៍!»

បុគ្គលិក​ ដឹ​ មូន​ ឡាយថ៍ ​ដើរ​សំដៅ​ទៅ​តុ​បេឡា​ ​យក​សៀវភៅ​ប្រលោម​លោក​ដែល​ខ្ញុំ​ជា​អ្នក​និពន្ធ​​ចេញ​មក​ ហើយ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ព្រម​ជាមួយ​ប៊ិក។

«ក្រែង​​លោក​ធ្លាប់​បាន​ហើយ​ មែនទេ?»

«តែ​ខ្ញុំ​ចង់​បាន​ទៀត​ណ៎ា!»

«ហាសហាស… អ៊ីចឹងមក៍ ​ខ្ញុំ​ចុះ​ហត្ថលេខា​ឲ្យ​… ជូន​ចំពោះ​លោក ខាភូស៊ីណូ រីករាយ​ដែល​បាន​ជួប​គ្នា​ម្តង​ទៀត ផ្កាយ… រួច​ហើយ!»

ខ្ញុំ​ញញឹម​ដាក់​បុរស​នៅ​ចំពោះ​មុខ​ ហើយ​ហុច​សៀវភៅ​ឲ្យ​គេ​វិញ​។ និយាយ​ទៅ​ ​ទោះ​ខ្ញុំ​សរសេរ​តែ​រឿង​ខ្មោច​ តែ​ខ្ញុំ​ក៏​នៅ​មាន​ហ្វែន​ដែរ​តើ! ហេតុ​អ​ី​​ចាំ​បាច់​ត្រូវប្តូរ​ប្រភេទ​រឿងទៀត? ហ៊ឹះ​… តែ​យ៉ាង​ណា​ក៏​ទទួល​ពាក្យ​គេ​រួច​​ទៅ​ហើយ​!​ >.<

«អរគុណ​ខ្លាំង​ណាស់ ខ្ញុំ​នឹង​ថែ​រក្សាទុក​យ៉ាង​ល្អ​!»

មើល​ទៅ ខាភូស៊ីណូ​ ដូច​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ខ្ញុំ​ញញឹម​តប​ ហើយ​​ក៏​ងាក​មក​អង្គុយ​សម្លក់​សម្លឹង​អេក្រង់​កុំ​ព្យូទ័រ​បន្ត​។

«ចុះនេះ​… លោក​កំពុង​ធ្វើ​អ្វី?»

«គឺ​…»

ហ៊ឺយ!

ខ្ញុំ​ងើប​មុខ​ឡើង​ ស្រាប់​តែ​ភ្ញាក់​ព្រើត ​នៅពេល​ឃើញ​បុរស​​រាង​ខ្ពស់​​ មក​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ​ដោយ​មិន​បាន​ប្រាប់​ជាមុន​​។ មិន​តែ​ប៉ុណ្ណោះ​ គេ​នៅ​​ញញឹម​ញញែម​ដូច​ជា​ស្និទ្ធ​ស្នាល​នឹង​ខ្ញុំ​ខ្លាំង​ណាស់​អ៊ីចឹង​​។ O.O~

«គឺ​… និពន្ធ​រឿង​ថ្មី​។»

«រឿង​ខ្មោច​ទៀត​ហើយ​ មែនទេ?»

«អត់​ទេ… ព្រោះ​ប្រធាន​ខ្ញុំ​ ចង់​ឲ្យ​​ខ្ញុំ​សរសេរ​រឿង​ស្នេហា​វិញ​ម្តង​។»

«អ្ហ៎ា! អស្ចារ្យ​ខ្លាំង​ណាស់ ខ្ញុំ​ក៏​ចូលចិត្ត​អាន​រឿង​ស្នេហារ៉ូមែនទិក​​ដែរ​ និយាយ​សាច់​រឿង​ឲ្យ​ខ្ញុំ​ស្តាប់​បន្តិច​មើល៍ តែ​បន្តិច​ក៏​បាន​ដែរ!»

ខាភូស៊ីណូ អង្គុយ​ចាំ​ស្តាប់​សម្តី​ខ្ញុំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

«អឺ​… គឺ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ទេ​ថា គួរ​​សរសេរ​ដូចម្តេច​ល្អ​ ព្រោះ​ខ្ញុំ​មិ​នសូវ​ជំនាញ​រឿង​ប្រភេទ​នេះផង​។»

«អ៊ីចឹង​ហ៎?​ =.=»

​និយាយ​អ៊ីចឹង បុគ្គលិក​ហាង​កាហ្វេ​ម្នាក់​នេះ​​ មុខ​មាត់​មាន​ទៅ​អាក្រក់ឯណា សង្ហាគួរ​សម។ បែប​​មាន​សង្សារ​ហើយ​មើល​ទៅ​ សាកសួរ​មើល​បន្តិច​សិន ក្រែង​បាន​សាច់​រឿង​ខ្លះ​ទុក​សរសេរ​។

«សុំ​ទោស​ផង​ តើ​លោក​មាន​សង្សារ​ហើយ​ឬនៅ?»

«ហ៊ឺម?»

ចិញ្ចើម​ក្រាស​់​លើក​​ខ្ពស់​ម្ខាង​ដោយ​ក្តីងឿង​ឆ្ងល់​។ យើង​សួរ​បែប​នោះ​​មិន​មែន​ចង់​ញ៉ែ​ទេ​​វ៉ឺយ កុំ​ប្រញាប់​យល់​ច្រឡំ​អី​! >_<!!

«អឺ… គឺ​ខ្ញុំ​មិ​ន​ធ្លាប់​មាន​សង្សារ​ទេ ទើប​មិ​នដឹង​ថា​ គួរ​សរសេរ​រឿង​ស្នេហា​ដូចម្តេច​? ហេតុ​ដូច្នេះ​ហើយ​ ទើប​ខ្ញុំ​សួរ​លោក​ ក្រែង​លោក​មាន​បទ​ពិសោធន៍​ អាច​ចែក​រម្លែក​ដល់​ខ្ញុំ​ខ្លះ។»

«គឺ​… ខ្ញុំ​​ក៏​មិន​ធ្លាប់​មាន​ដែរ។»

«អ្ហា?… ពិត​មែន​​ឬ?»

«បាទ… ខ្ញុំ​ធ្វើ​ការ​កណ្តាល​យប់ កណ្តាល​អធ្រាត្រ​​បែប​នេះ​ មាន​ពេល​ឯណា​ទៅមាន​ស្នេហា​? ចំណែកពេល​ថ្ងៃ​ក៏សម្រាក​ គ្មាន​ពេល​​បាន​ជួប​នរណា​ទេ។»

បុរស​រាង​ខ្ពស់​ញញឹម​ដាក់​ខ្ញុំ​។ ពិត​ជាមិន​ទាន់​មាន​មែនឬ? អ៊ីចឹង​ តើ​គួរ​ចាប់​ផ្តើម​សរសេរ​ដូចម្តេច​​ទៅ​ខ្ញុំ​? រឿង​ស្នេហា​យ៉ាប់​សរសេរ​ដល់​ថ្នាក់​នេះ​ឬ??

«តែ​ខ្ញុំ​ក៏​ធ្លាប់​ដឹង​ខ្លះៗ​ពី​​មិត្ត​ភក្តិ​​របស់​ខ្ញុំ​ ដែល​ធ្លាប់​មាន​សង្សារ​​ដែរ​។»

«ពិតមែនឬ? អ៊ីចឹងជួយ​និយាយ​ឲ្យ​ខ្ញុំ​ស្តាប់​បន្តិច​បាន​ទេ?»

ភ្នែក​ធំ​ៗ​របស់ខ្ញុំ​ សម្លឹង​​បុរស​​ចំពោះ​មុខ​ដោយ​ក្តី​អង្វរក។ ចាប់​ផ្តើម​មាន​​សង្ឃឹម​​ខ្លះៗ​​ហើយ​។

«បាន​តើ… គឺ​មិត្ត​ភក្តិ​របស់​ខ្ញុំ​​ធ្លាប់​មាន​សង្សារ​ប៉ុន្មាន​នាក់​​រួច​ហើយ ហើយ​វា​ក៏​…»

ខាភូស៊ីណូ ​ចាប់​ផ្តើម​និយាយ​រឿងរ៉ាវ​​ស្នេហារបស់​​មិត្ត​ភក្តិ​គេ​ឲ្យ​ខ្ញុំ​ស្តាប់​។ គេ​ពិត​ជា​ជួយ​ខ្ញុំ​បាន​ច្រើន​ណាស់​​។ ខ្ញុំ​សើច​ និងស្លុង​អារម្មណ៍​​ជាមួយ​​នឹង​រឿង​ដែល​គេ​និយាយ​។ ជីវិត​ស្នេហា​ ​ក៏​មិនប្រាកដ​ថា​មាន​សេចក្តី​សុខ​រហូ​ត​នោះ​ដែរ​។​ ពេលចាប់​ផ្តើម​​ស្រឡាញ់​គ្នា​​ក៏​សារភាព​ស្នេហ៍​ដោយ​ពាក្យ​ផ្អែម​ល្ហែម​ តែ​ពេល​ឈ្លោះ​គ្នា​ក៏​ធ្វើ​ឲ្យ​​ទឹក​ភ្នែក​​ហូរ​បាន​ភ្លាម​…។ ខ្ញុំ​អង្គុយ​ស្តាប់​គេ​និយាយ​ឡើង​ភ្លឹក​ ​រហូត​​ពេលវេលា​កន្លង​ទៅដោយ​មិ​នដឹងខ្លួន។​ ពេល​នេះ​ជាង​ពាក់​កណ្តាល​អធ្រាត្រ​ទៅ​ហើយ​ យប់​ជ្រៅ​ណាស់​ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ហើយខ្ញុំ​​។​

«សុំ​ទោស​ផង​ ណូ គឺ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះវិញ​ហើយ​។»

«អ៊ីចឹង​ហ៎?… មិន​អីទេ។»

«ចាំ​​ថ្ងៃ​ស្អែក​ ខ្ញុំ​នឹង​​មក​ទៀត​!»

«ពិត​មែនឬ? អ៊ីចឹងខ្ញុំ​នឹង​រង់​ចាំ​៎!»

«បាទ ជួប​គ្នា​ពេល​ក្រោយ​…»

ខ្ញុំ​បិទ​កុំ​ព្យូទ័រ​ដែល​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​បន្ថែម​សរសេរ​ចូល​នៅ​ឡើយ​។ ស៊ក​​អាវ​រងា​រួច​ ខ្ញុំ​ក៏​ក្រោក​ឈរ​ព្រម​គ្នា​​ជាមួយ​រាង​ខ្ពស់​។

«អ៊ីចឹង​ខ្ញុំ​ទៅសិន​ហើយ​ណា ខិត​ខំ​ធ្វើ​ការ​ងារ​!»

«បាទ សូម​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ សុបិន​ល្អ!»

យើង​​ឱន​គំនាប់​ដាក់​គ្នា​ទៅវិញ​ទៅ​មក​ មុន​នឹង​បក់​ដៃ​លា​គ្នា​។ ខ្ញុំ​ដើរ​ចេញ​ពី​ភាព​កក់​ក្តៅ​នៅ​ក្នុង​ហាង​មក​ប្រឈម​នឹង​ភាព​រងាញ័រ​ញាក់​នៅ​ខាង​ក្រៅ​។ ភ្លៀង​រលឹម​ផ្សែង​ក្រូច​នៅ​តែ​បន្ត​ធ្លាក់​ តែ​ទោះ​យ៉ាង​ណា​ក៏​ត្រូវ​ត្រឡប់​ទៅ​ផ្ទះដែរ។ ហ៊ឺម​… បើ​ខ្ញុំ​ទៅ​បែប​នេះ ខាភូស៊ីណូ​​ច្បាស់​ជា​​ឯកោ​ខ្លាំង​ណាស់​… កណ្តាល​អធ្រាត្រ​ មាន​តែ​គេ​ម្នាក់​អង្គុយ​ក្នុង​ហាង​។ តែ​​ស៊ូៗ​ណា​ កាហ្វេ​ដ៏​សែន​ឆ្ងាញ់​របស់​ខ្ញុំ​! ^_^

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


សំណោក​ស្នេហ៍ វគ្គ​១៣

វគ្គ​៥

ជឿ​ចិត្ត​ស្នេហ៍ ស្នេហ៍​ជឿ​ចិត្ត​

 

បើ​យើង​ជឿ​ជាក់លើ​សេចក្តី​ស្នេហា​… សេចក្តី​ស្នេហា​ នឹង​ជឿ​ជាក់​លើ​យើង​វិញ​។

ក្រោម​ម្លប់​ឈើ​ លើ​បង់​អង្គុយ​ រាង​ខ្ពស់​របស់​អភិទេព​អង្គុយ​តែ​ម្នាក់​ឯង ​​ជា​មួយ​ភាព​ស្ងាត់​ជ្រងំ​។ កែវភ្នែក​ខ្មៅ​និល​សម្លឹង​ឆ្ពោះ​ទៅឆ្ងាយ​​ ​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រងាត់លាប​ពណ៌​ស​ក្បុស​ដោយ​ដុំ​ពពក​ធំៗ​​។ ​ទេស​ភាព​ស្រស់​ស្អាត​… ប៉ុន្តែ​​បេះ​ដូង​កំលោះ​កណ្តោច​កណ្តែង​ខ្លាំង​ណាស់។ ​​ជំនោរ​អនុស្សាវរីយ៍​ បក់​នាំ​យក​រឿង​រ៉ាវ​ក្នុង​អតីតកាល​ មក​រម្លឹកសា​ជា​ថ្មី​​។

ក្នុង​ថ្ងៃ​នោះ​…

តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ ក្រោយ​ពី​ត្រឡប់​មក​ពីរៀន​វិញ​ គេ​ និង​អភិចិត្រ​ កំពុង​ដើរ​នៅ​លើ​ផ្លូវ​មួយ​។ ផ្លូវ​មួយ​ខ្សែ​​នោះជា​ផ្លូវ​ដែល​​ស្អាត​ខ្លាំង​ណាស់ ដូច្នេះ​ទោះ​មិន​មែន​ជា​​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​ តែ​ពួក​គេ​​តែង​តែ​ធ្វើ​ដំណើរ​មក​ផ្លូវ​នេះ​ជា​និច្ច​។

ដើម​រាជព្រឹក្ស​អម​សងខាង​ផ្លូវ​ លាស់​ត្រួយ​​ខៀវ​ខ្ចី​​ទម្លាក់​រំយោល​ផ្កា​​​​ ពណ៌​លឿង​ឆ្អិន​ឆ្អៅ។ ម្លប់​​ត្រឈឹង​ត្រឈៃ​នៃ​ដើម​ឈើ​ធំ​​ទ្រេត​ចូល​គ្នា​ ផ្តល់​អារម្មណ៍មួ​យ​ឲ្យ​គិត​ថា​​ កំពុង​ស្ថិត​នៅ​ក្នុង​ល្អាង​ភ្នំ​ដ៏​សែន​អាថ៌កំបាំង​។

«អភិទេព បើ​ថ្ងៃ​ណា​មួយ​យើង​ទាំង​ពីរ​​ស្រឡាញ់​មនុស្ស​ស្រី​​ដូច​គ្នា​ តើ​ធ្វើ​ដូច​ម្តេច?»

អភិចិត្រ​ជា​បង​ពោលសួរ ​រួច​បន្ថយ​ល្បឿន​​ដើរ​យឺត​ជាង​មុន​ ដើម្បី​ស្ថិត​​លើ​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​យូរ​។ គេ​ស្រលាញ់​ផ្លូវ​មួយ​ខ្សែ​នេះ​ខ្លាំង​ណាស់​​។ វា​ជា​កន្លែង​ដែល​ស្អាត​បំផុត​នៅ​ក្នុង​លោក​ដែល​គេ​ចង់​ដើរ​ ​​ដោយមិន​ខ្វល់​ថា នៅ​ខាង​មុខ​​ជា​អ្វី​?

«គ្មាន​ផ្លូវ​ទេ ព្រោះ​យើង​មិន​ចេះ​ស្រឡាញ់​នរណា​ឡើយ!» គេ​ប្រាប់​តាម​អ្វី​ដែល​បេះ​ដូង​​មាន​ក្នុង​ពេល​នោះ​។

«មនុស្ស​មាន​បេះ​ដូង​ តើ​មិន​ឲ្យ​មាន​ស្នេហា​ដូចម្តេច?»

«ណ្ហើយ បើ​ដូច្នោះ​មែន យើង​សុខ​ចិត្ត​លើក​នាង​​ឲ្យ​ឯង​ចុះ ស្រី​របស់​យើង​​គ្រប់​គ្នា​ លើក​ឲ្យ​ឯង​ទាំង​អស់​ក៏​បាន​ដែរ​អភិចិត្រ ​តែ​ទោះ​ជា​មិន​លើក​ឲ្យ ​ក៏​ពួក​​នាង​​រត់​ទៅ​រក​ឯង​​ស្រាប់​ហើយ ព្រោះ​ឯង​ជា​ទេវបុត្រ​របស់​ស្រីៗ​នោះអី!»

ទោះជា​មាន​មុខមាត់​​ដូច​គ្នា​បេះ​បិទ តែ​នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ដូច​គ្នា​​គ្រប់​យ៉ាង​នោះ​ទេ។ កែវ​ភ្នែក​ និង​សរសៃ​សក់​​របស់​អភិ​ចិត្រ​មាន​ពណ៌​ត្នោត​ចាស់​ ខណៈ​ដែល​កែវ​ភ្នែក​និង​សរសៃ​សក់​របស់​គេ​មាន​ពណ៌​ខ្មៅ​ក្រិប​។ បើ​សង្កេត​ឲ្យ​ងាយជាង​នេះ​ទៀត ​គឺ​​និស្ស័​យ​ចិត្ត​គំនិត​។ អភិចិត្រ​ ទន់ភ្លន់​ សុភាព​រាប​សា​ដូច​ទេវបុត្រ​ដ៏​សែន​ល្អ​ ចំណែក​គេ​មិន​ខុស​អ្វី​ពី​បិសាច​ដ៏​កំណាច​នោះ​ទេ​។​ បើ​ឲ្យ​ជ្រើស​រើស​ នរណាៗ​ក៏​រើស​យក​អភិចិត្រ​ដែរ​។ តែ​ទោះ​ជា​ដូច្នោះ​ គេ​ក៏​មិន​ដែល​នឹក​ច្រណែន​នឹ ង​បង​ប្រុស​​ភ្លោះ​ម្នាក់​នេះ​ដែរ​​សូម្បី​តែ​បន្តិច​ ព្រោះ​អភិចិត្រ​កើត​មក​សម​គួរ​នឹង​បាន​ទទួល​ក្តី​ស្រឡាញ់​​ពី​អ្នក​ដទៃ​ពិត​មែន​។

«បើ​ឯង​​ស្រឡាញ់​នរណា​ម្នាក់​ ឯង​ប្រហែល​ជា​មិន​និយាយ​បែបនេះ​ទេ កុំ​ភ្លេច​ថា​អ្វី​ក៏​អាច​​កើត​ឡើង​បាន​ដែរ​។»

«ចុះ​បើ​យើង​… ស្រឡាញ់​មនុស្ស​ស្រី​របស់​ឯង​នោះ?»

«យើង​នឹង​ផ្ញើ​ឲ្យ​ឯងមើល​ថែ​នាង​ឲ្យ​ល្អ​បំផុត​ តែ​មក​ដល់​ថ្ងៃ​នេះ​ យើង​នៅមិន​ទាន់​តាម​រក​នាង​ឃើញ​ទេ… ជួន​កាល​…»

អភិចិត្រ​ បញ្ឈប់​ជំហាន​ដើរ​​ នៅពេល​គំនិត​មួយ​រត់​​ឆ្លង​កាត់​បេះដូង​។ វា​ជា​អ្វី​ដែល​គេ​ភាវនា​គ្រប់​វិនាទី​​​ថា​មិន​ឲ្យ​កើត​ឡើង​។ ឬ​មួយ​ជួន​កាល​… នាង​លែង​រស់​នៅ​លើ​ភព​ផែន​ដី​នេះ​​ ​ទៀត​ហើយ??

«ឯង​សំដៅ​លើ​ក្មេង​ស្រី​នៅ​មន្ទីរពេទ្យ​នោះ មែនទេ?​ ឯង​​កំពុង​រង់​ចាំ​នាង មែនទេ?»

«យើង​​ក៏​ឆ្លើយ​​នឹង​ខ្លួន​ឯង​មិន​បានដែរ​ ថា​ហេតុ​អ្វី​បាន​ជា​នៅ​រង់​ចាំ​ បើ​ទោះ​​ជា​​គ្រប់​យ៉ាង​ទទេស្អាត​ និង​មើល​មិន​ឃើញ​​តម្រុយ​អ្វី​បន្តិច​​​​ក៏​ដោយ។»

«​អាច​មក​ពី​សេចក្តី​ស្នេហា​ក៏​ថា​បាន​…» គេ​ប៉ាន់​ស្មាន​។ គួរ​ឲ្យ​អស់​សំណើច​ ដែល​គេ​ចេះ​​និយាយ​ពី​សេចក្តីស្នេហា។​ មនុស្ស​ដូច​គេ​ជឿ​លើ​សេចក្តីស្នេហា​ដែរ​ឬ?

«បើ​ដូច្នោះ​មែន… ជួន​កាល​ទេវតា​អាចចិត្ត​ល្អ​ប្រទាន​ពរ​​​ដល់​សេចក្តី​ស្នេហា​​របស់​យើង​ក៏​ថា​បាន​ ឯង​ថា​អ៊ីចឹង​ទេ?»

«ពរ​​ដែល​ឯង​ចង់​បាន​ ប្រហែល​ជា​ក្មេង​ស្រី​ម្នាក់​នោះ​ហើយ​។ មួយ​ឆ្នាំ​ទៀត​ យើង​ទាំង​ពីរ​​នឹង​មាន​អាយុ​គ្រប់​ដប់​ប្រាំ​ឆ្នាំ​ ប្រហែល​ជា​ធំ​ល្មម​អាច​ធ្វើ​ដំណើរ​ និង​ចេញ​តាម​រក​បាន។​ យើង​នឹង​ជួយ​ឯងតាម​រក​នាងដែរ​។»

អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ រាង​ខ្ពស់​ដើរ​ទន្ទឹម​គ្នា​​តាម​ផ្លូវ​ដែល​ស្ងាត់​ជ្រងំ​​ គ្មាន​មនុស្ស​ម្នា​ យូរៗ​ម្តង​ទើប​មាន​យាន​យន្ត​បើក​ឆ្លង​កាត់​ ផ្តល់​ឱកាស​ឲ្យ​បេះ​ដូង​បាន​និយាយ​គ្នា​យ៉ាង​ងាយ​ស្រួល​។

«ចុះ​ឯង​មិន​តាម​ស្វែង​រក​​ស្នេហា​របស់​ខ្លួន​ឯង​ទេឬ?» អភិ​ចិត្រ​ពោល​សួរ​។

«​យើង​ប្រហែល​ជា​កើត​មក​មាន​កម្ម​។ គ្មាន​នរណា​ស្រឡាញ់​ និង​មិន​អាច​ស្រឡាញ់​នរណា​ក៏​ថា​បាន។​ ឯង​កុំ​រាប់​ពួកស្រីៗ​ដែល​តាម​ស្រែក​​ហ៊ោ​​កញ្ជ្រៀវ​យើង​ទាំង​ពីរ​ឲ្យ​សោះ។ ស្រី​អស់​នោះ​គួរ​ឲ្យ​រំខាន​ខ្លាំង​ណាស់​ ​ហើយ​ពួក​នាង​ក៏​មិន​​បាន​ស្រឡាញ់​ពួក​យើង​ពិត​ដែរ​។»

ចាប់​ផ្តើម​ចូល​រៀន​វិទ្យាល័យ​បាន​បី​ឆ្នាំ​​ ស្រីៗ​នៅ​ក្នុង​សាលា​​តាម​គេ​ និង​អភិចិត្រ​ប្រកិត​រាប់​មិន​អស់។ តាម​យក​ចិត្ត​ យ​ក​នេះ​យក​នោះ​មក​ឲ្យ​ មក​អង្គុយចាំ​នៅ​មុខ​ថ្នាក់​​រៀន​ ពេល​ហាត់​កីឡា​ក៏​មក​ឈរ​មើល​ពេញ​សង្វៀន​ ដើរ​តាម​ដូច​មនុស្ស​ឆ្កួត​។

ក្រៅ​ពី​មិនគួរ​ឲ្យ​​ចាប់​អារម្មណ៍​ហើយ​ ថែម​ទាំង​គួរ​ឲ្យ​ធុញ​ទ្រាន់​ និង​រំខានជា​ខ្លាំង​។

មិន​គួរ​ឲ្យ​ជឿ​សោះ​ ថា​ពួក​ស្រីៗ​ពេល​ស្រឡាញ់​​ចូល​ចិត្ត​នរណា​ហើយ​ អ្វីៗ​ក៏​ហ៊ាន​ធ្វើ​​គ្រប់​បែប​យ៉ាង​ទាំង​អស់​។

«តែ​ក៏​គួរ​ឲ្យ​ស្រឡាញ់​ណាស់​ដែរ មែនទេ? ស្មាន​តែ​ចូលចិត្ត​តើ!»

«យល់​សប្តិ​ទៅ​ គ្មាន​ថ្ងៃ​បាន​មក​ប៉ះ​ចុង​ក្រចក​អភិទេព​ទេ!»

«យើង​ចង់​ដឹង​ណាស់​ថា​​ តើ​មនុស្ស​ស្រី​​​ណា​ ដែល​ធ្វើ​ឲ្យ​បេះ​ដូង​ឯង​ទន់​ជ្រាយ​និង​ញាប់​ញ័រ​បាន​? ស្រី​ណា​ដែល​អាច​​ធ្វើ​ឲ្យ​ឯង​ស្រងេះ​ស្រងោចនិង​​នឹក​ដល់​​នាងបាន?​»

អភិចិត្រ​ញញឹម​​។ គេ​រីក​រាយ​ឡើង​វិញ​ខ្លះ​ហើយ​ អារម្មណ៍​មិន​សប្បាយ​ចិត្ត​​ត្រូវ​ខ្យល់​ជំនោរ​ដែល​បក់​កាត់​… ផាត់​ទៅបាត់​អស់​​។

«គ្មាន​ថ្ងៃ​នោះ​ទេ មនុស្ស​ដូច​អភិទេព​គ្មាន​ថ្ងៃ​ស្រឡាញ់​នរណា​ដាច់​ខាត!»

នៅ​ថ្ងៃ​នោះ​សម្តី​នេះ​ដូច​ជា​ដាច់​ខាត​ណាស់ ដាច់​ខាត​រហូត​គេ​គិត​ថា នឹង​គ្មាន​ថ្ងៃ​នោះ​​មក​ដល់​ឡើយ​។

…រួច​ផែន​ដី​ក៏​វិល​មក​ដល់​ថ្ងៃ​នេះ​។

កែវ​ភ្នែក​ដ៏​ស្រទន់​ តែ​កណ្តោច​កណ្តែង​របស់​នារី​នៅ​ក្នុង​រូប​ថត​ លេច​ឡើង​នៅ​ក្នុង​បេះដូង​របស់​គេ​ស្ទើរ​តែ​គ្រប់​ដង្ហើម​ចេញ​ចូល​។

អភិចិត្រ​និយាយ​ត្រូវ​ អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​។ តើ​គេ​ឆ្កួត​ហើយ​មែនទេ ដែល​​ទទួល​អារម្មណ៍​ថា… នឹក​យ៉ាង​ខ្លាំង​ ជា​អារម្មណ៍​ដែល​មាន​ចំពោះ​មនុស្ស​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​ជួប​គ្នា​សោះ​សូម្បី​តែ​ម្តង។

វាយោបក់​មួយ​ភឹប​មក ​ធ្វើ​ឲ្យ​​ស្លឹក​ឈើ​ទុំ​រុះរោយ​​ពេញ​ដី​ ធ្លាក់​ប៉ះ​ចុង​ជើង​បុរស​​។ អភិទេព​លូកដៃ​​រើស​ស្លឹក​ឈើ​ទុំ​ពណ៌​ត្នោត​​មក​មើល។​ គេសម្លឹងភ្លឹក​យ៉ាង​យូរ​ហាក់​ដូច​ជា​​ស្វែង​រក​ឃើញ​អ្វី​ម្យ៉ាង​។

បើ​ពិភព​លោក​នេះ​ មានបាដិហារិយ៍កើត​ឡើង​ងាយៗ​នោះ ស្លឹក​ឈើ​ទុំនេះ​ នឹង​​បង្កើត​បាដិហារិយ៍​ឲ្យ​កើត​ឡើង​ដោយ​​ប្រាប់​ថា…

នារី​ដែលគេ​កំពុង​តាម​ស្វែង​រក​ កាល​ពី​អាទិត្យ​មុន​ នាង​ក៏​ធ្លាប់​មក​អង្គុយ​លើ​កៅ​អី​នេះ​​ ក្រោម​ដើម​ឈើ​​មួយ​នេះ​​ ចោល​ខ្សែ​ភ្នែក​សម្លឹង​មើល​មេឃ​ ដោយ​កែវ​ភ្នែក​ដ៏​សែន​កណ្តោច​កណ្តែង​បំផុត​។

…ហើយ​ក៏​​រង់​ចាំ​ឲ្យ​សេចក្តី​ស្នេហា​ ចូល​មក​ផ្លាស់​ប្តូរ​ពិភព​លោក​ដ៏​កណ្តោច​កណ្តែង​នេះ​ដូច​គ្នា​។

***

នៅ​លើ​តុអាហារ​​ មាន​​ម្ហូប​ម្ហា​​យ៉ាង​ច្រើន​សម្បូរ​បែប​ ទាំង​មុខ​ម្ហូប​ថ្មី​ដែល​អភិចិត្រ​ខិត​ខំ​សម្រិត​សម្រាំង​ដោយខ្លួន​ឯង​យ៉ាង​អស់​​ពី​សមត្ថភាព។​ ថាស​ផ្លែ​ឈើ​មាន​​រៀប​ផ្លែ​ផល្លាចំណិត​តូចធំ​​ល្មម​មួយ​ម៉ាត់ៗ។​ ដប​ស្រា​សំប៉ាញ​ដាក់​ក្បែរ​​កែវ​ចរណៃ​រូប​រាង​ផ្សេងៗ​។ តុ​អាហារ​ទាំង​មូល​ត្រូវ​បាន​រៀប​ចំ​យ៉ាង​វិចិត្រ​តាម​សិល្បៈ​នៃ​ការ​ទទួល​ភ្ញៀវ​។ ថ្ងៃ​នេះ​អភិចិត្រ​ចេញ​បាត់​ពី​​ផ្ទះ​តាំង​ពី​ព្រលឹម​​ ទម្រាំ​ត្រឡប់​មក​វិញ​ក៏​ព្រលប់​ល្មម​។

បន្ទាប់​មក​ គេ​ក៏​ចាប់​ផ្តើម​រៀប​ចំ​ផ្ទះ​យ៉ាង​ស្រស់​ស្អាត​ ដោយវាំង​នន​ឥន្ទធនូ​ចម្រុះ​ពណ៌ ផ្កា​ស្រស់ៗ​ ដោយ​មិន​ព្រម​ប្រាប់​អ្វី​លម្អិត​ឲ្យ​នាង​ដឹង​ ថែម​ទាំង​បង្គាប់​ទៀត​ថា​ គ្រាន់​តែ​​អង្គុយ​មើលនៅ​ពី​ចម្ងាយ​​​គឺ​គ្រប់​គ្រាន់​ហើយ​ មិន​បាច់​ជួយ​អ្វីទាំង​អស់។

លុះ​ទីបំផុត ​ពេល​នាង​ចុះ​​មក​ពី​​បន្ទប់​គេង​ម្តង​ទៀត ​ក្រោយ​ពី​ងូត​ទឹក​រួច​ដើម្បី​ស្រស់​ស្រូប​អាហារ​ពេល​ល្ងាច គេ​ក៏​​ឆ្លើយ​ប្រាប់​ថា ទាំង​អស់​នេះ​គឺ​គេ​ធ្វើ​ដើម្បី​នាង​ក្នុង​ថ្ងៃ​សំខាន់។

«លោក​ដឹង​យ៉ាង​ដូច​ម្តេច​ ថា​ថ្ងៃ​នេះ​​ជា​ថ្ងៃ​កំណើត​របស់​ខ្ញុំ​?»

«នាង​ធ្លាប់​ប្រាប់​ខ្ញុំ​ម្តង​ហើយ​ កាល​ពី​ដប់​​បីឆ្នាំ​មុន។» អភិចិត្រ​ញញឹម​ស្រាល​សម្លឹង​មើល​កែវ​ភ្នែក​ពណ៌​ត្នោត​ខ្ចី​របស់​នារី​ដែល​អង្គុយ​ទល់មុខ​។

«ដឹង​ទេ ថា​រៀង​រាល់​ឆ្នាំ​ក្នុង​ថ្ងៃ​នេះ​ ខ្ញុំ​តែង​តែ​រៀប​ចំពិធី​ខួប​កំណើតតូចៗឲ្យ​នាង​ ទិញ​នំ​ខេក​​មក ​ដុត​ទៀន​… ហើយ​បួង​សួង​។ ខ្ញុំ​តែង​តែ​សង្ឃឹម​ថា គង់​មាន​ថ្ងៃ​ណា​មួយ​ ម្ចាស់​ខួប​កំណើត​នឹង​បាន​មក​អង្គុយជាមួយ​គ្នា​ មើល​ទៅ​ដូច​ជា​ការ​ស្រមើ​ស្រមៃ​ដ៏​អណ្តែត​អណ្តូង​​។ ខ្ញុំ​រង់​ចាំ​រហូត​ដល់​ដប់​ឆ្នាំ​ពេញ​ អង្គុយ​ម្នាក់​ឯង​ ហើយ​បួង​សួង​យ៉ាង​កណ្តោច​កណ្តែង​ មិន​ចង់​ជឿ​សោះ​ថា… ថ្ងៃ​នេះ​នាង​បាន​មក​អង្គុយ​​នៅ​ចំពោះ​មុខ​ខ្ញុំ​ហើយ​។»

«លោក​បួង​សួង​ដូច​ម្តេច​ ប្រាប់​ខ្ញុំ​បាន​ទេ?»

កែវ​ភ្នែក​ធំៗ​រលីង​រលោង​ដោយ​ទឹក​ភ្នែក​ ហេតុ​ដូច​នេះ​ទើប​នាង​ធ្វើ​ជា​ញញឹម​ ហើយសួរ​ដោយ​សំឡេង​រីករា​យ ដើម្បី​កុំ​ឲ្យ​គេ​ដឹង​ថា​បេះដូង​របស់​នាង​ក្នុង​ពេល​នេះ ​គឺ​ទន់​ជ្រាយ​ខ្លាំង​ណាស់​​។ ការ​ពិត​… គឺ​សេចក្តី​បួង​សួង​របស់​អភិចិត្រ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​នាង​​ទទួល​អារម្មណ៍​កក់​ក្តៅ​ដោយ​មិន​អាច​អធិប្បាយ​បាន​។ ការ​ពិត​… នៅ​ថ្ងៃ​ខួប​កំណើត​ដែល​​មាន​តែ​នាង​ម្នាក់​ឯង​​នៅ​លើ​គ្រែ​សម្រាក​របស់​មន្ទីរពេទ្យ​ ក៏​មាន​បេះ​ដូង​មួយ​ធ្វើ​ដំណើរ​មក​នៅ​កំដរ​ក្បែរ​នាង​ជានិច្ច​។ មិន​គួរ​ឲ្យ​ជឿ​សោះ តើ​ហេតុ​អ្វី​បាន​ជា​ព្រហ្មលិខិត​​ចិត្ត​អាក្រក់​បំបែក​នាង​និង​គេ​​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​យូរ​ដល់​ថ្នាក់​នេះ។ ទម្រាំ​មក​ជួប​គ្នា​ម្តង​ទៀត​ គឺ​សល់​ពេល​តិច​តួច​ណាស់​។ អភិចិត្រ​ប្រហែល​ជា​មិនដឹង​ទេ​ថា នេះ​គឺ​ជា​ឆ្នាំ​ដំបូង​ និង​ឆ្នាំ​ចុ​ង​ក្រោយ​ដែល​បាន​នៅ​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង​។

​ថ្ងៃ​ខួប​កំណើត​របស់​នាង​នៅ​ឆ្នាំក្រោយ​ នឹង​គ្មាន​ឱកាស​បាន​នៅ​ជាមួយ​គ្នា​ មិន​បាន​ញ៉ាំ​អាហារ​ដែល​​គេ​ខិត​ខំ​ធ្វើ​ មិន​បាន​ឃើញ​ស្នាម​ញញឹម​របស់​គេ​ ហើយពាក្យ​បួង​សួង​របស់​អភិចិត្រ​នោះ​ ក៏​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​នាង​ទៀត​ដែរ​។ នេះ​ក៏​ព្រោះ​នាង​នឹង​ត្រូវ​ចាក​ចេញ​ទៅ​ទី​ឆ្ងាយសែន​ឆ្ងាយ​ហួស​វិស័យ​នឹង​អ្វីៗ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​។

«ខ្ញុំ​បួង​សួង​ថា សូម​ឲ្យ​នាង​រឹង​មាំ​ សូម​ឲ្យ​នាង​មាន​ស្នាម​ញញឹម​រាល់​ថ្ងៃ​ សូម​ឲ្យ​… យើង​បាន​ត្រឡប់​មក​ជួប​គ្នា​ម្តង​ទៀត​​ និង​សូម​ឲ្យ​… យើង​ទាំង​ពីរ​គ្មាន​ថ្ងៃ​​ដែលបែក​គ្នា។»

«…»

«កុំ​យំ​អី ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​ នាង​ត្រូវ​ញញឹម​ទើប​ត្រូវ​ បាន​ហើយ​ ញញឹម​ឲ្យ​ខ្ញុំ​ឃើញ​បន្តិច​ បាន​ទេ?» អភិចិត្រ​ប្រញាប់​និយាយ​យ៉ាង​អន្ទះសារ​ នៅពេល​ឃើញ​កែវ​ភ្នែក​របស់​វិបស្សិនី​ប្រែ​ជា​ក្រហម​ងាំង​។ ការ​ពិត​វា​មិន​មែន​ជា​ទឹក​ភ្នែក​នៃ​ក្តី​ឈឺ​ចាប់​ទេ តែ​វា​ជ្រាប​ចេញ​​ពី​បេះ​ដូង​ដែល​ពោរ​ពេញ​ដោយ​សេចក្តីសុខ​។

«ថ្ងៃ​នេះ​ ជា​ថ្ងៃ​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​ថា​មាន​សេចក្តីសុខ​បំផុត​។ ពី​មុន​ ថ្ងៃ​កំណើត​របស់​ខ្ញុំ​ គឺ​ជា​ថ្ងៃ​ដែល​ត្រូវ​ដេក​នៅ​មន្ទីរ​ពេទ្យ​។ ខ្ញុំ​ឯកោ​ខ្លាំង​ណាស់​ ទោះ​បី​ជា​មាន​ពិធី​បន្តិច​បន្តួច​រៀប​ចំឡើង​ជា​ពិសេស​ តែ​នៅ​ក្នុង​បន្ទប់​មាន​តែ​គ្រូពេទ្យ​ និង​ជំនួយការ​។ ចំណែក​គ្រួសារ​របស់​ខ្ញុំ​វិញ​នោះ ជួន​កាល​ពួក​គេ​រវល់​រហូត​ដក​ខ្លួន​​មក​មិន​បាន​ ទើប​ខ្ញុំ​ស្អប់​ពិធី​ខួប​កំណើត​ជា​ទី​បំផុត​ ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​គ្មាន​អ្នក​ណា​ តែ​ពេល​នេះ​លោក​ធ្វើ​ឲ្យខ្ញុំ​នឹក​ស្រឡាញ់​ថ្ងៃ​នេះ​ឡើង​វិញ​… អរគុណ​ខ្លាំង​ណាស់ អភិចិត្រ​។»

«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​នាង​មាន​សេចក្តីសុខ។​ តោះ​ នាំ​គ្នា​ញ៉ាំ​បាយ​សិន​ល្អ​ជាង ខ្ញុំ​ឃ្លាន​ហើយ​ ថ្ងៃ​នេះ​មាន​សុទ្ធ​តែ​ម្ហូបដែល​នាង​ចូលចិត្ត​​ទាំង​អស់ មិន​ថា​ត្រី​ចំហុយ​ទឹក​ស៊ីអ៊ីវ​ ក្តាម​ឆា​ម្រេច​ ​មីឆា​គ្រឿង​សមុទ្រ​ ឬ​បង្កង​ស្ងោរ​ជ្រក់​។» អភិចិត្រ​រៀប​ចំ​ដួស​បាយ​ដាក់​ចា​ន​ឲ្យ​នាង​ និង​ខ្លួន​គេ​ផង​ ព្រម​ទាំង​រៀប​រាប់​មុខ​ម្ហូប​ដែល​ខំ​សម្រិត​សម្រាំង​យ៉ាង​អស់​ថ្វី​ដៃ​។

តូច​តន់​បាន​ត្រឹម​តែ​ញញឹម​ សម្លឹង​ចំហៀង​មុខ​របស់​កំលោះ​មាឌ​ធំ​ ដែល​អង្គុយ​​នៅ​​ទល់​មុខ​គ្នា​ មិន​ព្រម​ប៉ះ​ពាល់​ម្ហូប​នៅ​ក្នុង​ចាន​ គិត​តែ​សម្លឹង​មុខ​គេ​តែ​ម្យ៉ាង​។

«ខ្លួន​ជា​​ស្រី​កុំ​សម្លឹង​មនុស្ស​ប្រុស​ដោយ​ខ្សែ​ភ្នែក​បែប​នេះ​!»

«នរណា​ឲ្យ​លោក​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ​ធ្វើ​អី!»

«ខ្ញុំ​ក៏​ចេះ​អៀន​ដែរ​ណា ល្មម​ឈប់​សម្លឹងហើយ មិន​ដូច្នោះ​ខ្ញុំ​នឹង​សម្លឹង​នាង​វិញ​ល្អ​ទេ? អង្គុយ​សម្លឹង​មុខ​គ្នា​បែប​នេះ​ហើយ បាយ​ទឹក​​មិន​បាច់​ញ៉ាំ​ទេ!»

គេ​ដាក់​ស្លាប​ព្រា​ក្នុង​ដៃ​ចុះ​លើ​មាត់​ចាន​ ញញឹម​ពព្រាយ​ ហើយ​សម្លឹងមើល​នាង​វិញ។ មិន​ដឹង​ខ្លួន​ខ្លះ​ទេ​ឬថា ​ខ្លួន​ឯង​គួរ​ឲ្យ​ស្រឡាញ់​ប៉ុណ្ណា នៅជាមួយ​មនុស្ស​ប្រុស​​តែ​ពីរនាក់​តទល់​​បែប​នេះ​ នៅ​ហ៊ាន​​ធ្វើ​ភ្នែក​ស្រទន់​ទៀត​។

«អឺម ​នាំ​គ្នា​ញ៉ាំ​បាយ​ល្អ​ជាង​ ទុក​ឲ្យ​ខ្ញុំ​ដួស​ឲ្យ​។» វិបស្សិនី​គេច​ចេញ​ពី​ខ្សែ​​ភ្នែក​របស់​គេ ធ្វើ​ជា​ដួស​ត្រី​​ចំហុយ​ទឹក​ស៊ីអ៊ីវ​​ដាក់​ចាន​ឲ្យ​អ្នក​កំលោះ​​ នៅពេល​ចាប់ផ្តើម​ទទួល​អារម្មណ៍​ថា​មិន​សប្បាយ​ទេ​ ដែល​ត្រូវ​គេ​សម្លឹង​បែប​នេះ​ ហាក់​ដូច​ជា​ខ្លួន​ឯង​នឹង​​ត្រូវ​​រលាយចូល​ទៅ​ក្រោម​តុ​ឆាប់ៗ​ដូច្នោះ​​។

អភិចិត្រ​មាន​ដឹង​ខ្លះ​ទេថា ការ​ដែល​គេ​សម្លឹង​នាងដោយ​ខ្សែ​ភ្នែក​បែប​នេះ តើ​មាន​ឥទ្ធិពល​បែប​ណា​ដល់​បេះដូង​របស់​នាង​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គេ​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ៗ​នៅ​ក្នុង​ជីវិត​របស់​នាង​។ គេ​កាន់​តែ​ធ្វើ​ល្អ​ដាក់​នាង​កម្រិត​ណា​ នាង​កាន់តែ​ខ្លាច​ ព្រោះ​សម្រាប់​អភិចិត្រ​ គេ​ជា​បុរស​រូប​សង្ហា​ និង​ល្អ​គ្រប់​បែប​យ៉ាង​ ​ផ្ទុយ​ពី​នាង​ដែល​មិន​ស្អា​ត​មិន​គួរ​ឲ្យ​ស្រឡាញ់​ ថែម​ទាំង​ជា​មនុស្ស​ឈឺ​ច្រើន​ មិន​ស័ក្តិ​សម​នឹង​គេ​មក​ធ្វើ​ល្អ​ដាក់​នាង​សោះ។ នៅ​ថ្ងៃ​ខាង​មុខ​​ បើ​មាន​មនុស្ស​ដែល​ស័ក្តិ​សម​ ប្រហែលជា​អភិចិត្រ​មិន​ធ្វើ​ល្អ​បែប​នេះ​ទៀត​ទេ​មើល​ទៅ។ នៅពេល​គិត​មក​ដល់​ត្រង់​នេះ ក៏អត់​តូច​ចិត្ត​មិន​បាន​…

«ញ៉ាំ​ឲ្យ​បាន​ច្រើ​នណា រាង​កាយ​នឹង​បាន​រឹង​មាំ​ បើ​ញ៉ាំ​មិន​អស់​ ខ្ញុំ​តូច​ចិត្ត​ស្លាប់​ហើយ!»

សំឡេង​ទន់​ភ្លន់​ទាញ​អារម្មណ៍​ឲ្យ​​​ងាក​​មក​រក​ពិភព​ពិត​វិញ​ម្តង​។ វិបស្សិនី​ឈ្ងោក​មុខ​ស្រស់​ស្រូប​អាហារ​ ភ្លេច​សេចក្តី​ទុក្ខ​ព្រួយ​ទាំង​ឡាយ​ដែល​ចូល​មក​រំខាន​បេះ​ដូង​។ ហេតុ​អ្វី​ចាំ​បាច់​ឈឺ​ចាប់​មុន​ កាល​បើ​ពេលវេលា​នោះ​មិន​ទាន់​ដើរ​មក​ដល់​ផង​។​ ក្នុង​ពេល​នេះ​មាន​គេ​នៅ​ជាមួយ​ សុំ​ប្រមែល​ប្រមូល​សេចក្តីសុខ​​យក​មក​ទុក​នៅ​ក្នុង​បេះ​ដូង​សិន​ ព្រោះ​ថ្ងៃ​ខាង​មុខ​​មិន​ដឹង​ថា​នៅ​មាន​វេលា​នៃ​ស្នាម​ញញឹម​នេះ​នៅ​សេស​សល់​ដែរ​ឬទេ?

លុះ​ស្រស់​ស្រូប​អាហារ​ហើយ​ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​ក្បែរ​គ្នា​លើ​សាឡុង​ស្បែក​ធំ​​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​​ មើល​កម្មវិធី​ទូរទស្សន៍​ និង​និយាយ​គ្នា​​ពី​នេះពី​នោះ​ជា​ច្រើន​។ អភិចិត្រ​​សម្លឹង​មើល​នាឡិកា​លើ​ជញ្ជាំង​ជា​រយៈៗ។ បេះ​ដូង​របស់​គេ​លោត​ញាប់​ជាលំដាប់​ ខណៈ​ដែល​ពេលវេលា​សំខាន់​ជិត​ចូល​មក​ដល់​។

«ចាំ​ខ្ញុំ​មួយ​ភ្លែត​ណ៎ា!» គេ​ក្រោក​ឡើង​ ហើយ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ​បាត់​។ បន្តិច​ក្រោយ​មក​​ភ្លើង​ទាំងអស់​ក៏​រលត់​សូន្យ​ឈឹង​។ វិបស្សិនី​ភ្ញាក់​តិចៗ ​ព្រោះ​នាង​ជា​មនុស្ស​ខ្លាចភាព​ងងឹត តែ​ក៏​ធូរចិត្ត​វិញ​នៅពេលពន្លឺ​ភ្លើង​រុង​រោចន៍​​ភ្លឺ​ចេញ​ពី​​ភ្លើង​គោម​ក្រដាស​តូច​មួយ​។ រាង​ខ្ពស់​របស់​អភិចិត្រ​ដើរ​ចេញ​ពី​ផ្ទះ​បាយ​​កាន់​អ្វី​ម្យ៉ាង​នៅ​ក្នុង​ដៃ​ទាំង​ពីរ​។ សំឡេង​ដ៏​ទន់​ភ្លន់​របស់​គេ​ចាប់​ផ្តើម​ប្រគំ​ជា​បទ​ភ្លេង មាន​ទំនុក​ពីរោះ​ក្រអួន​ក្រអៅ។

«រីករាយ​ថ្ងៃ​កំណើត​ វិបស្សិនី!»

កំលោះ​ដាក់​នំ​ខេក​ដ៏​ធំ​នៅ​លើ​តុកញ្ចក់​មុខ​សាឡុង​ រួច​បន្ទាប​​កាយ​អង្គុយ​ក្បែរ​នាង​ដូច​ដើម តែ​លើក​នេះ​គេ​តាំង​ចិត្ត​ឲ្យ​រយៈ​ចម្ងាយ​នោះ​កាន់​តែ​កៀក​ជាងមុន​។ ពេល​នេះ​ទោះ​បី​ជា​មិន​​សូវ​ភ្លឺ​ខ្លាំង​ក៏​ដោយ​ តែ​ក៏​ល្មម​ដឹង​ថា នៅ​ក្នុង​កែវ​ភ្នែក​របស់​វិបស្សិនី​នោះ ពោរ​ពេញ​ទៅ​ដោយ​ក្តី​រំភើប​ និង​រំជួល​ចិត្ត។​ គេ​ចង់​ក្រសោប​កាយ​នាង​មក​ឱប​ខ្លាំង​ណាស់ តែ​ខ្លាច​ក្រែង​នាងភិត​ភ័យ​​នឹង​ទង្វើ​របស់​គេ​ ដូច្នេះ​ទើប​ហាមឃាត់​បេះ​ដូង​ខ្លួន​ឯង​ទុក​។

«ខ្ញុំ​ធ្វើ​អ្វី​មិន​ត្រូវ​សោះ…» វិបស្សិនី​​ចោល​ភ្នែក​សម្លឹង​គេ​​កាត់​ភាព​ងងឹត​ព្រាលៗ​ សប្បាយ​ចិត្ត​រហូត​ប្រាប់​មិន​ត្រូវ​។

«មិន​ឃើញ​ពិបាក​ផង​ ដំបូង​ត្រូវ​បួង​សួង​ ហើយ​ក៏​ផ្លុំ​ទៀន​ជា​ការ​ស្រេច​។ បន្ទាប់​មក​យើង​ទាំង​ពីរ​ក៏​បាន​ញ៉ាំ​ខេក!» អភិចិត្រ​ញញឹម​ដាក់​នាង​ដោយក្តី​អាណិត​ស្រឡាញ់​​។

«លោក​ល្អ​ជាមួយ​ខ្ញុំ​ខ្លាំងណាស់!» ពន្លឺ​ភ្លើង​ទៀន​ញ័រ​រវិច ចោល​ពន្លឺ​ស្រទន់ ឃើញ​ហើយ​កក់​ក្តៅ​ ស្អាតភ្លឺ​​ពេញ​ភ្នែក​ ប្រៀប​ដូច​ពន្លឺ​​ឆ្លុះ​​ទៅ​ដល់​ក្នុង​បេះ​ដូង​របស់​នាង​។

វិបស្សិនី​សម្លឹង​អ្នក​កំលោះ​តាម​ពន្លឺ​ភ្លើង​ទៀន​​ មិន​ថា​មើល​ប៉ុន្មាន​ដង​ អភិចិត្រ​នៅ​តែ​ស្រស់​សង្ហា​ដដែល​។ កែវ​ភ្នែក​របស់​គេ​កក់​ក្តៅ​​ និង​ស្រទន់ខ្លាំង​ណាស់ គ្រាន់​តែ​បាន​សម្លឹង​ក៏​ហាក់​ដូច​ជា​សេចក្តី​សុខ​បាន​ដើរ​មក​ដល់​ក្នុង​បេះ​ដូង​។ នាង​ចង់​បំភ្លេច​អ្វីៗ​ចោល​ទាំង​អស់​ ចង់​ចាំ​ទុក​តែ​ម្យ៉ាង​ថា… វិនាទី​នេះ នាង​និង​គេ​នៅ​ជាមួយ​គ្នា​ មើល​ឃើញ​គ្នា​ បានឮ​សំឡេង​ និង​អាច​លូក​ដៃ​ដល់​គ្នា​។

កែវ​ភ្នែក​ធំ​បិទ​សន្សឹមៗ តាំង​ចិត្ត​យ៉ាង​ស្ងប់​ ភាវនា​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ទាំង​អស់។ នៅពេល​បេះ​ដូង​បាន​ទទូច​អង្វរ​អស់​ចិត្ត​អស់​ចង់​ហើយ​ ទើប​បើក​ភ្នែកឡើង​វិញ​ ហើយ​ផ្លុំ​ទៀន​ឲ្យ​រលត់​។

«បួង​សួង​ថា​ម៉េច​ខ្លះ?»​ កំលោះ​ពោល​សួរ​។

«​ប្រាប់​មិន​បាន​ទេ ព្រោះ​អ្វី​ដែល​បាន​​បួង​សួង​នឹង​លែង​ស័ក្តិសិទ្ធិ។»

«បែប​នេះ​គឺ​ខ្សែ​លើ​ហើយ​ ខ្ញុំ​ម៉េច​នៅ​ប្រាប់​​អ្វី​ដែល​ខ្លួន​ឯង​បួង​សួង​ឲ្យ​នាង​ដឹង​។»

«ខ្ញុំ​អាច​ប្រាប់​បាន​ត្រឹម​ថា អ្វី​ដែល​ខ្ញុំ​ភាវនា​នោះ​ គឺ​​ពាក់​ព័ន្ធ​នឹង​ចំណង​ទាក់​ទង​របស់​យើង​ទាំង​ពីរ​… ខ្ញុំ​ក៏បាន​សុំ​ពរ​សម្រាប់​លោកដែរ​។» ម្ចាស់​ថ្ងៃ​កំណើត​ញញឹម​ពព្រាយ​។

«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​នាង​នឹក​ដល់​ខ្ញុំ​។ …ទៅ​បើក​ភ្លើង​សិន​ល្អ​ជាង​ ពន្លឺ​ពី​ភ្លើងគោម​ស្ទើរ​តែ​មើល​អ្វី​មិន​ឃើញ​សោះ អ៊ីចឹង​ញ៉ាំ​នំខេក​មិន​ឆ្ងាញ់​ទេ។»

រាង​ខ្ពស់​កម្រើក​កាយ​ក្រោក​ឡើង​ ហើយ​ដើរ​ចេញ​ទៅ​។ ស្រស់​ស្រី​សម្លឹង​តាម​ដោយ​ស្នាម​ញញឹម​ជាប់​​ តែ​នៅ​សុខ​ៗ​ក៏​មាន​អារម្មណ៍​មួយ​រត់​មក​ប៉ះ​ទង្គិចបេះ​ដូង​យ៉ាង​ខ្លាំង​ ប្រៀប​ដូច​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ដែល​មាន​សុទ្ធ​សឹង​តែ​ទឹកកក​ត្រជាក់​ស្រេប​។

ភាព​កក់​ក្តៅ​ដែល​គ្រប​ដណ្តប់​រាង​កាយ​ ត្រូវ​កញ្ឆក់​យក​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ​ពី​វត្ថុ​ដែល​គ្មាន​រូប​រាង។​

ប្រៀប​ដូច​ជា​ អភិចិត្រ​នឹង​មិន​​ត្រឡប់​មក​រក​នាង​វិញ​យ៉ាង​ដូច្នោះ។ គេ​កំពុង​តែ​ដើរ​ទៅ​ជា​រៀង​រហូត​ នៅ​កន្លែង​ដែល​មិន​អាចតាម​រក​ឃើញ​ ទោះ​ជា​ប្រើ​ពេលវេលា​ធ្វើ​ដំណើរ​ពេញ​ ​មួយ​ជីវិត​ក៏​ដោយ​។

ភាព​ងងឹត​ដែល​លាក់​កំបាំង​រូប​គេទុក​នោះ​ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ភ័យ​​ខ្លាច​ពេញ​បេះ​ដូង​។

ជួន​កាល​… នាង​ក៏​​មាន​អារម្មណ៍​ក្រហល់​ក្រហាយ ហាក់​ដូច​ជា​គេ​នៅ​​ទី​ដ៏​ឆ្ងាយ​សែន​ឆ្ងាយ​។

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

Read Full Post »


sad

ហេតុ​ការ​ណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ប្រលង​មិន​សូវ​បាន​​សោះ ព្រោះ​ខ្ញុំ​រវល់​តែ​នឹក​ដល់​លំអង​។ ក្នុង​ល្ងាច​ថ្ងៃ​ប្រលង​ទី​ពីរ​ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ដែល​លំអង​សម្រាក​ព្យាបាល​ ដែល​ប៉ា​របស់​នាង​ជា​គ្រូពេទ្យ​នៅ​ទី​នោះ​។ ខ្ញុំ​បាន​ជួប​ប៉ា​របស់​លំអង​​។ ក្រោយ​ពី​ខ្ញុំ​សំពះ​ជម្រាប​សួរ​គាត់​រួច​ គាត់​ក៏​ប្រាប់​ថា៖

«ឈ្មោះ​កវី​មែនទេ? លំអងឧស្សាហ៍​រម្លឹក​ពី​ក្មួយ​ណាស់!»​ ខ្ញុំ​ងក់​ក្បាល​ តែ​មិន​និយាយ​អ្វី​បន្ថែម​។

«​ធ្វើ​ចិត្ត​ឲ្យ​ហើយ​ទៅ​ កវី…» ប៉ារបស់​លំអង​និយាយ​បន្ត​​។ ខ្ញុំ​ព្យាយាម​មិន​គិត​ក្នុង​​ផ្លូវ​អវិជ្ជមាន​​ តែ​ក៏​ប្រហែល​ជា​មិន​អាច​ទៅរួច​ដែរ​…

«លំអង​មាន​ជំងឺ​សាច់​ដុះ​ក្នុង​ខួរ​ក្បាល​… ពេល​នេះ​ ព្យាបាល​លែង​ទាន់​ហើយ​!» ប៉ា​របស់​លំអង​​និយាយ​ចប់​ ក៏​យក​ដៃ​ដោះ​វ៉ែន​តា​ចេញ​ ហើយ​ជូត​ទឹក​ភ្នែក​ដែល​ហូរ​ចេញ​មក​ «ប៉ា​​ជា​គ្រូពេទ្យ​ តែ​បែរ​ជា​បណ្តោយ​​ឲ្យ​រឿង​បែបប​នេះ ​កើត​ឡើងចំពោះ​កូន​ខ្លួន​ឯង​បាន​!»

ខ្ញុំ​ទន់​ជង្គង់ អស់​កម្លាំង​ និង​ទម្លាក់​ខ្លួន​អង្គុយ​លើ​សាឡុង​ក្នុង​បន្ទប់​ដែល​លំអង​គេង​ស្តូក​ស្តឹង​មិន​ដឹង​ខ្លួន​។ ​ព្រលប់​ថ្ងៃ​នោះ​ ប៉ា​របស់​លំអង​ យក​លំអង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ខ្ញុំ​គេង​មិន​លក់​ ក្នុង​យប់​នោះ​គិត​ត្រឹម​ថា​នឹង​​ព្យាយាម​ទៅ​មើល​លំអង​ឲ្យ​បាន​​រៀង​រាល់​ថ្ងៃ​ មិន​ថា​យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​​ប៉ា​របស់​លំអង​ប្រាប់​ថា លំអង​មាន​ពេល​កាន់​តែ​តិច​ហើយ​ ទើប​ខ្ញុំ​​ចង់​នៅ​ជិត​នាងឲ្យ​បាន​កាន់​តែ​ច្រើន​ មុន​នឹង​អ្វីៗ​ហួស​ពេល​។

ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រលង​​ ខ្ញុំ​មិ​នអាច​គ្រប់​គ្រង​សមាធិ​របស់​ខ្លួន​ឯង​បាន​បន្ត​ទៀត​ទេ ខ្ញុំ​ធ្វើ​វិញ្ញាសា​ទាំង​អស់​​​​ទាំង​ស្រពិច​ស្រពិល​​​។ នៅ​ក្នុង​ក្រដាស​ចម្លើយ​ ខ្ញុំ​សរសេរ​ពាក្យ​ថា «មិនដឹង​» ស្ទើរ​តែ​គ្រប់​សន្លឹក​​។ ខ្ញុំ​នៅ​ទាល់​តែ​​​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទប់​ប្រលង​បាន​​ ដើម្បី​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​ហើយ​ទៅ​រក​លំអង​បន្ត​។ ប៉ុន្តែ​ល្ងាច​ថ្ងៃ​នោះ​ ភ្លៀង​ធ្លាក់​ខ្លាំង​ណាស់​ អ្នក​ផ្ទះ​ខ្ញុំ​ មិន​អនុញ្ញាត​ឲ្យ​ចេញ​ពី​ផ្ទះ​ទេ ព្រោះខ្លាច​​គ្រោះ​ថ្នាក់​ដោយ​សារ​​ផ្គរ​រន្ទះ​។

ខ្ញុំ​រសាប់​រសល់​ក្នុង​ចិត្ត​អស់​ជា​ច្រើន​ម៉ោង​​នៅ​ក្នុង​ផ្ទះ​​ មុន​នឹង​ហ៊ាន​ប្រថុយ​លួច​ចេញ​ពី​ផ្ទះ​ក្នុង​ខណៈ​ដែល​ភ្លៀង​កំពុងធ្លាក់​ខ្លាំង​ ដោយ​មាន​តែ​កាតាប​សិស្ស​​​​មួយ​ប៉ុណ្ណោះ​​សម្រាប់​បាំង​ទឹក​ភ្លៀង​។ ខ្ញុំ​រត់​ទៅ​កាន់​​ផ្ទះ​របស់​លំអង​ដោយ​ភាព​លំបាក​ជាខ្លាំង​ ទាំង​នឿយ​ហត់​ ទាំង​​រងាញ័រ​ញាក់​។ ខ្ញុំ​ទៅ​ដល់​ផ្ទះ​របស់​លំអង​នៅ​វេលា​ម៉ោង​១០​យប់​។ នៅពេល​ទៅ​ដល់​ខ្ញុំ​សំពះ​ជម្រាប​សួរ​​ប៉ាម៉ាក់​របស់​លំអង​ ទាំង​សម្លៀក​បំពាក់​ទទឹក​ជោក​។ ម៉ាក់​របស់​លំអង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ គាត់​យក​សម្លៀក​បំពាក់​របស់​ប៉ា​លំអង​ឲ្យ​ខ្ញុំ​ស្លៀក​ពាក់​​។ បន្ទាប់​មក​ខ្ញុំ​ក៏​សុំ​គាត់​ទាំង​ពីរ​ឡើង​ទៅ​រក​លំអង​ក្នុង​បន្ទប់​ ដោយ​ពួក​គាត់​ក៏​មិន​បាន​ហាម​ឃាត់​អ្វី​ដែរ​​ ព្រោះ​លំអង​​បាន​ប្រាប់​ទុក​ហើយ​ថា ខ្ញុំ​​ច្បាស់​ជា​មក​រក​នាង​ជា​មិន​ខាន​។

ខ្ញុំ​យករបស់​​នៅ​ក្នុង​កាតាប​ដែល​ដាក់​មកតាម​ខ្លួន​​ ហើយ​ដើរ​ឡើង​ទៅ​លើ​​។ គ្រប់​ជំហាន​ពោរ​ពេញ​ដោយ​សេចក្តី​ភ័យខ្លាច​… ខ្លាច​ឃើញ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​​ ក្នុង​សភាព​ដែល​នាង​បាន​ចាក​ចេញ​ទៅ​ហើយ។​ ​បើ​អាច​ទៅរួច​ ខ្ញុំ​ចង់​ទាញ​ពេលវេលា​ដែល​នឹង​កើត​ឡើង​ឲ្យ​យឺត​ជាង​នេះ​ឲ្យ​បាន​ច្រើន​បំផុត​។

ខ្ញុំ​បើក​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លំអង​ ហើយ​បិទ​យ៉ាង​ស្រាល​ដៃ​ មុន​នឹង​ដើរ​សំដៅ​ទៅ​រកនាង​។

លំអង​ដេក​ស្តូក​ស្តឹង​ តែ​​ដង្ហើមនៅ​ដក។​ នាង​ដក​ដង្ហើម​យ៉ាង​ស្រាល​ មុខ​ស្លេក​ បបូរមាត់​ស្ងួត​ និង​ប្តូរ​ពណ៌​​។ ​ទិដ្ឋ​ភាព​នេះ​​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ល្អ​​សោះ​។ ខ្ញុំ​បាន​ត្រឹម​តែ​សម្លឹង​ អង្គុយ​ចុះ​ក្បែរ​គ្រែ​របស់​នាង​ ហើយ​លូក​ដៃ​ទៅ​ចាប់​ដៃ​​​ដែល​ទុក​នៅ​ខាង​ក្រៅ​ភួយ​ ច្របាច់​​ថ្នមៗ​យ៉ាង​ស្រាល​ដៃ​។ ខ្ញុំ​អង្គុយ​យ៉ាង​យូរ​ រហូត​ទាល់​តែ​ភ្លេច​ខ្លួន​គេង​លក់​នៅ​ត្រង់​នោះ​ ទាល់​តែ​… ខ្ញុំ​ទទួល​អារម្មណ៍​ថា​មាន​គេ​ច្របាច់​ដៃ​។ ខ្ញុំ​ភ្ញាក់​ឡើង​ក៏​ឃើញ​លំអង​កំពុង​បើក​ភ្នែក​ភ្លឹះៗ​​។

ពេល​នោះ ​ជិត​ពាក់​កណ្តាលអធ្រាត្រ​ហើយ​​ ភ្លៀង​នៅ​បន្ត​ធ្លាក់​ដដែល​តែ​មិន​ខ្លាំង​ប៉ុន្មាន​ទេ​។ នាង​ថ្ងូរ​ឲ្យ​ខ្ញុំ​ស្តាប់​ដោយ​សំឡេង​ខ្សាវ​ៗ ​ថានាង​ឈឺ​ក្បាល​ខ្លាំង​ណាស់​ ថែម​ទាំង​​ធ្ងន់​​ខ្លួន​​រហូត​ក្រោក​មិន​រួច។​ ​ខ្ញុំ​ប្រាប់​ឲ្យ​នាង​គេង​សម្រាក​ តែ​នាង​បែរ​ជា​​ប្រាប់​ខ្ញុំ​ថា៖

«កវី… មាន​បាន​សរសេរ​រឿង​​​ទុក​ឲ្យ​លំអង​អាន​ឬទេ? ​និយាយ​ឲ្យ​លំអង​ស្តាប់​បន្តិចមើល៍ ក្រែង​លំអង​អាច​ធូរ​ស្រាល​បាន​ខ្លះ​…»

ខ្ញុំ​មិន​បាន​ត្រៀម​មក​សោះ។  អ្វី​ដែល​ខ្ញុំ​យក​មក​ជាប់​ខ្លួន ​គឺ​ស្លាបប៉ាកកាបន្តោង​បេះ​ដូង​​​ដែល​នាង​ធ្លាប់​ជូន​​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​នឹង​និយាយ​អ្វី​ឲ្យ​នាង​ស្តាប់​ តែ​មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​ក៏​នឹក​ដល់រឿង​ដែល​នាង​សរសេរ​​ដើម្បី​សារភាព​ស្នេហ៍​ប្រាប់​​​ខ្ញុំ។​ ​ខ្ញុំចាប់​ផ្តើម​​និយាយ​រឿង ​ដែល​មាន​ខ្ញុំ​ និង​នាង​ជា​តួ​អង្គ។​ និយាយ​ពី​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​នាង​ស្តាប់​ តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ជួប​នាង​ រហូត​ដល់​ពេលដែល​ខ្ញុំ​ដឹង​ថា​នាងគិត​ដូចម្តេច​ចំពោះ​ខ្ញុំ​។ មាន​កន្លែង​ខ្លះ​ ខ្ញុំ​និយាយ​ដល់​ពេល​ដែល​យើង​ឈ្លោះ​គ្នា​ នាង​ក៏​សើច​ចេញ​មក​តិច​ៗ​ តែ​ក្រោយ​ពី​សើច​រួច​ ក៏​ត្រឡប់​ជា​ក្អក​ខេះៗ​បន្ត​បន្ទាប់​គ្នា​មុន​នឹង​ស្ងប់ចុះ​បន្តិច​ម្តងៗ​ ហើយ​ស្តាប់​រឿង​ខ្ញុំ​បន្ត​។

បរិយាកាស​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ក្រៀម​ក្រំ​ខ្លាំង​ណាស់  គឺ​ទាំង​សោក​សៅ​ ទាំង​ខ្លាច។​ នៅ​ទី​បំផុត​​ មុន​នឹង​ខ្ញុំ​​បញ្ចប់​រឿង​ ខ្ញុំ​ក៏​ជ្រើស​រើស​បញ្ចប់​ដោយ​ប្រយោគ​មួយ​…

«កវីស្រឡាញ់​​លំអង​… កវី​សន្យា​ថា ​នឹង​សរសេរ​ប្រលោម​លោក​ឲ្យ​លំអង​អាន​ជា​រៀង​រហូត​…»

លំអង​ញញឹម។ ក្រោយ​ពី​ខ្ញុំ​និយាយ​ចប់​ នាង​ក៏​ប្រាប់​ថា រឿង​នេះ​ល្អ​ខ្លាំង​ណាស់។ តែ​រំពេច​នោះ​ ​នាង​ក៏​ដង្ហក់​ខ្យល់​ញាប់​ឡើង​ៗ​ ដៃ​​ជើង​កន្ត្រាក់​ខ្លាំងៗ​​ រឹង​អស់​ទាំង​ខ្លួន​ ទឹក​មុខ​បញ្ជាក់​ពី​​ការ​ឈឺ​ចាប់​​។ នាង​បិទ​ភ្នែក​មីរ​ រហូត​ចេញ​ស្នាម​ជ្រួញ​តាម​កន្ទុយ​ភ្នែក​។ លំអង​ខាំ​មាត់​ណែន​ ស្រប​ពេល​ដែល​ទឹក​ភ្នែក​របស់ខ្ញុំ​ចាប់​ផ្តើម​ហូរ​ចេញ​មក​…

«លំអង!!! លំអង​កើត​អី? កុំ​កើត​អី​ឲ្យ​សោះ​ណ៎ា!» ខ្ញុំ​ស្រែក​ដោយ​ក្តី​តក់​ស្លុត​។

ខ្ញុំ​ដឹង​ថា​ទោះ​ជា​និយាយ​ដូច​ម្តេច​​ ក៏​មិន​អាច​ជួយ​នាង​បាន​ដែរ​។ ខ្ញុំ​បាន​ត្រឹម​តែ​សម្លឹង​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​​កំពុង​ឈឺ​ចាប់​ ធ្វើ​ឲ្យ​បេះ​ដូង​របស់​ខ្ញុំ​ស្ទើរ​តែ​ប្រេះ​បែក​ជា​ចម្រៀកៗ។​ ទោះ​ជា​នាង​មាន​ទឹក​មុខ​ធូរ​ស្រាល​ជាង​មុន​ តែ​ក៏​​សង្កេត​​ដឹង​ថា កំពុង​ខំ​អត់​នឹង​ភាព​ឈឺ​ចាប់​​ដែល​កំពុង​ធ្វើ​ទុក្ខ​ក្នុង​រាង​កាយ​។ នាង​ប្រាប់​ឲ្យ​ខ្ញុំ​ខិត​មុខ​ចូល​ទៅជិត​នាង​។ ខ្ញុំ​ធ្វើ​តាម​សំណើ​នោះ​​មួយ​រំពេច​។ នាង​ព្យាយាម​ងើប​ឡើង​ ហើយ​ថើប​ថ្ពាល់​ខ្ញុំ​​ដូច​ដែលនាងធ្លាប់​ធ្វើ​​គ្រប់​ពេល​ ក្រោយ​ពី​អានរឿង​​របស់​ខ្ញុំ​ចប់​ និង​ថែម​ទាំង​ខ្សឹប​ដោយ​សំឡេង​ខ្សាវ​ៗ ដែល​​ស្ទើរ​តែ​​ស្តាប់​មិន​ឮ។ បើ​ទោះ​ជា​មាន​ភ្លៀង​ធ្លាក់​បង្ក​ជា​សំឡេង​រំខាន​ក៏ដោយ​ ក៏​​ខ្ញុំ​​នៅ​តែ​ព្យាយាម​​យក​ចិត្ត​ទុក​ដាក់​ស្តាប់​សំឡេង​មនុស្ស​​ដែល​ខ្ញុំ​ស្រឡាញ់​​ឲ្យ​ខាន​តែ​បាន​។

«អរគុណណ៎ា!» នាង​ដក​ដង្ហើម​ដាច់​ៗ​ម្តង​ទៀត​ តែ​ខំ​ប្រឹង​ខាំ​មាត់​​និយាយ​បន្ត​ទៀត​ «លំអង​ ចង់​អាន​រឿង​​របស់​កវី​ឲ្យ​បាន​ច្រើន​ជាង​នេះ​ខ្លាំង​ណាស់​… តែ​គួរ​ឲ្យ​ស្តាយ​… ដែល​ធ្វើ​មិន​បាន​…»

នាង​និយាយ​​ម្តង​មួយ​ម៉ាត់ៗ។​ នៅ​ចុង​ប្រយោគ​ សំឡេង​របស់​នាង​ញ័រ​ និង​ឮ​​ខ្សាវៗ​។ ទឹក​ភ្នែក​របស់​ខ្ញុំ​​ចាប់​ផ្តើម​បាក់​ទំនប់​ហូរ​ចេញ​មក​។ ដៃ​យើង​ទាំងពីរ​នៅ​តែ​កាន់​គ្នា​ជាប់​។ ខ្ញុំ​កាន់​ដៃ​នេះ​តាំង​ពី​ម៉ោង​​ដប់​ម្ល៉េះ​។ ខ្ញុំ​មិន​លែង​វា​សោះ​សូម្បី​តែ​​មួយ​វិនាទី​ និង​ចង់​ឲ្យ​ដៃ​ម្ខាង​នេះ​នៅ​តែ​ទទួល​ដឹង​ថា​ ដៃ​របស់​លំអង​នៅ​តែ​ច្របាច់​ដៃ​ខ្ញុំ​បែប​នេះ​រហូត។​ តែ​នៅ​ទីបំផុត លំអង​ក៏​ទម្លាក់​ខ្លួន​ចុះ​លើ​គ្រែ​ ហើយ​ដៃ​របស់​នាង​​ដែល​ធ្លាប់​ច្របាច់​ដៃ​ខ្ញុំ​ ក៏​លែង​មាន​កម្លាំង​ច្របាច់​​​​ត​ទៅ​ទៀត​។ ខ្ញុំ​ព្យាយាម​ហៅ​នាង​… ទាំង​ដែល​ដឹង​ថា​… នាង​ឈប់​ដក​ដង្ហើម​ទៅ​​ហើយ!

ខ្ញុំ​ស្រែក​យំ​ខ្លាំង​ៗ​​ ទឹកភ្នែក​​ហូរ​​ច្រោកៗ​ ហើយ​ក៏​ស្រែក​មួយ​អស់​សំឡេង​ រហូត​ប៉ា​ និង​ម៉ាក់​របស់​​លំអង​​ឡើង​មក​​បន្ទប់​នេះ​។ លោក​ទាំង​ពីរ​ឈរ​នៅ​មាត់​ទ្វារ​។ ម៉ាក់​របស់​លំអង​ខ្យល់​ដួល​​ ក្រោយ​ពី​​ឃើញ​ខ្ញុំ​ងក់​ក្បាល​ជា​សញ្ញា​ឲ្យ​គាត់​យល់​​ដោយ​ងាយ​ៗ​ថា «លំអង​បាន​ចាក​ចោល​យើង​ហើយ​!»។ ប៉ា​របស់​លំអង​នាំ​ម៉ាក់​របស់​នាង​ទៅ​សង្គ្រោះ​បឋម​ ចំណែក​ខ្ញុំ​នៅ​កំដរ​រាង​​កាយ​​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​។

«​នាង​កំពុង​គេង​លង់​លក់​» ខ្ញុំ​បង្ខំ​ចិត្ត​កុហក​ខ្លួន​ឯង​​ដោយ​ក្តី​​ឈឺ​ចាប់​​ ព្យាយាម​ឈប់​យំ​ទាល់​តែ​បាន​​ ហើយ​​ក៏​ដើរ​ទៅ​យក​របស់​ដែលខ្ញុំ​ទុក​នៅ​លើ​ក្បាល​ដំណេក​លំអង​មុន​នេះ​។ វា​គឺ​ជា​ស្លាប​ប៉ាក​កា​​បន្តោង​បេះ​ដូង​ដែល​នាង​ធ្លាប់​ជូន​ខ្ញុំ​។ ខ្ញុំ​ដក​យក​សក់​មួយ​សរសៃ​របស់លំអង​​​ មក​រុំ​ជុំ​វិញដង​​ស្លាប​ប៉ាកកា ហើយ​ចូល​ទៅ​អង្គុយ​ក្បែរ​​រាង​​កាយ​របស់​​នាង​​​​ ខ្សឹប​ដាក់​ត្រចៀក​នាង​ បើ​ទោះ​ជា​ដឹង​ថា​នាង​មិន​​បាន​ឮ​ក៏​ដោយ​។

«លំអង​មិន​បាច់​បារម្ភ​ទេ… មិន​ថា​កវី​​ជួប​ឧប​សគ្គ​អ្វី​ក៏​ដោយ​ កវី​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ប្រលោម​លោក​គ្រប់​រឿង​របស់​កវី​​សរសេរ​​ចប់​ទាល់​តែ​បាន​… ព្រោះ​កវី​ដឹង​ថា លំអង​ចូល​ចិត្ត​អាន​ប្រលោម​លោក​… និង​ប្រហែល​ជា​តាម​អាន​រឿងដែល​កវី​សរសេរ​​ជានិច្ច​។ ស្លាប​ប៉ាកកា​​នេះ​ នឹង​ក្លាយ​ជា​និមិត្តរូប​របស់​លំអង​ ចូល​រួម​បង្កើត​គំនិត​ថ្មីៗ​ជាមួយ​កវី​ ហើយ​លំអង​នឹង​បាន​អាន​ប្រលោម​លោក​របស់​កវី​ជា​បន្ត​ទៀត​យ៉ាង​ប្រាកដ​ កវី​សន្យា…»

ក្រោយ​ពី​ពិធី​បុណ្យ​សព​​របស់​លំអង​កន្លង​ផុត​ទៅ​ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នឹង​​បន្ត​ជីវិតតែ​​ម្នាក់​ឯង​ត​ទៅ​ទៀត​ដោយ​របៀប​ណា​​។ ខ្ញុំ​​ប្រឹង​ជម្នះ​ភាព​ក្រៀម​ក្រំ​ ភាព​ឯកោ​យ៉ាង​ពេញ​ទំហឹង​ តាម​ដែល​មនុស្ស​ប្រុស​ម្នាក់​អាចធ្វើ​បាន​​។ តែ​ខ្ញុំ​វង្វេង​ផ្លូវ​មិន​យូរ​ប៉ុន្មាន​ លំអង​ក៏​ត្រឡប់​មក​នាំ​ផ្លូវ​ខ្ញុំ​ម្តង​ទៀត​។ លោក​ប៉ា​របស់​លំអង​យក​សំបុត្រ​ពីរ​ច្បាប់​មក​សាលា​រៀន​​។ មួយ​សម្រាប់​ខ្ញុំ​ មួយ​ទៀត​សម្រាប់​គ្រូ​ប្រចាំ​ថ្នាក់​។ ​លោក​គ្រូ​​អាន​​សំបុត្រ​ដែល​លំអង​​សរសេរ​ពេល​នាង​នៅ​រស់​​ឲ្យ​គ្រប់​គ្នា​ស្តាប់​។ ខ្លឹម​សារ​​សំបុត្រ​ គឺ​​នាង​សុំ​អង្វរ​​គ្រប់​គ្នា​​ឲ្យ​​ជួយ​មើល​ថែ​ខ្ញុំ​ជំនួស​នាង​ ​និង​កុំ​បោះ​បង់​ខ្ញុំ​ចោល​ឲ្យ​នៅ​ម៉ង់​ៗ​ម្នាក់​ឯង​ដូច​ពេល​មុន​ទៀត​​។ ពេល​ឮ​អត្ថន័យ​ក្នុង​សំបុត្រ​នេះ ខ្ញុំ​ក៏​ហូរ​ទឹក​ភ្នែក​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន​​​។ បន្ទាប់​មក​មិត្ត​ភក្តិ​ស្រីៗ​ក៏​នាំ​គ្នា​យំ​ហ៊ូ​ដែរ​ ឯ​លោក​គ្រូ​ និង​មិត្ត​ភក្តិ​ប្រុស​ៗ​ ក៏​នាំ​គ្នា​រលីង​រលោង​ទឹក​ភ្នែក​ដក​ដង្ហើម​ដាច់ៗ​ដោយ​ក្តីអួល​អាក់​។

ទោះ​បី​ជា​ពួក​គេ​មិន​បាន​យំ​ឮ​ខ្លាំង​ៗ​ តែ​ខ្ញុំ​ក៏​មើល​ដឹង​ថា គ្រប់​គ្នា​កំពុង​យំ​ស្រណោះ​លំអង​​ និង​ត្រៀម​រួច​ជា​ស្រេច​​ដើម្បី​ធ្វើ​តាម​បណ្តាំ​នាង​។ ខ្ញុំ​​​បាន​ជួប​ពេល​វេលា​ដែល​ខ្ញុំ​​​ទន្ទឹង​រង់​​​ចាំ​អស់​ជា​យូរ​មក​ហើយ​។ ខ្ញុំ​មាន​មិត្ត​ភក្តិ​ មាន​សង្គម​ គ្រប់​គ្នា​នៅ​ក្នុង​ថ្នាក់​មើល​ថែ​ខ្ញុំ​យ៉ាង​ល្អ​បំផុត​។ ពួក​យើង​សាមគ្គី​គ្នា​ខ្លាំង​ណាស់ បើ​មាន​ការ​ប្រលង​ប្រណាំង​​រវាង​ថ្នាក់​រៀន​​និង​ថ្នាក់​រៀន​ ថ្នាក់​របស់​យើង​តែង​តែ​ទទួល​បាន​រង្វាន់​លេខ​មួយ​ជា​និច្ច​។ ពេញ​មួយ​ឆ្នាំ​សិក្សា​ថ្នាក់​ទី ១១​ លំអង​មាន​ព្រះ​គុណ​ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់​ តែ​ផ្ទុយ​មក​វិញ​ ខ្ញុំ​បែរ​ជា​​ធ្វើ​​អ្វី​មិន​បាន​​ច្រើន​​ដូច​ដែល​នាង​ធ្វើ​ឲ្យ​ខ្ញុំ​។ នាង​គឺ​ជា​ទេព​ធី​តាចូល​មក​ស្រោច​ស្រង់​ជីវិត​ខ្ញុំ​។

​ក្រោយ​ពី​នោះ​មិន​យូរ​​ប៉ុន្មាន​ ខ្ញុំ​ក៏​បើក​អាន​សំបុត្រ​​ដែល​លំអង​សរសេរ​ឲ្យ​ខ្ញុំ​។ នាង​​សរសេរ​ប្រាប់​ខ្ញុំ​ថា…

កវី​… ឲ្យ​លំអង​សុំ​ទោស​ផង​ណា​… លំអង​ជា​មនុស្ស​អាត្មា​និយម​ខ្លាំង​ណាស់​​​។ ការ​ពិត​ លំ​អង​ដឹង​ខ្លួន​យូរ​ហើយ​ ថា​នឹង​ឃ្លាត​ទៅ​នៅ​ថ្ងៃ​ណា​មួយ​​។ តែ​កវី​ធ្វើ​ឲ្យ​លំអង​បាន​ស្គាល់​មនោសញ្ចេតនា​​ដ៏​ជ្រាល​ជ្រៅ​​មួយ​ រហូត​មិន​អាច​ជម្នះ​​​អារម្មណ៍​ល្អៗ ​ដែល​​មាន​ចំពោះ​កវី​បាន​។ ទីបំផុត​​ លំអង​ក៏​សារភាព​ស្នេហ៍​​ចំពោះ​កវី​ទាល់​តែ​បាន​… ហើយ​ទង្វើ​នោះ​នឹង​ធ្វើ​ឲ្យ​​អនាគត​ក្នុង​ថ្ងៃ​ណាមួយ​ លំអង​នឹង​ក្លាយ​ជា​ដើម​ហេតុ​​ដែល​ធ្វើ​ឲ្យ​កវី​ត្រូវ​រស់​នៅឯកា​ម្នាក់​ឯង​ និង​ថែម​ទាំង​អាច​​កណ្តោច​កណ្តែង​ខ្លាំង​ទៀត​ផង…។ លំអង​ពិត​ជា​សុំ​ទោស​កវី​ខ្លាំង​ណាស់​​។ លំអង​ចង់​ប្រាប់​ថា បើ​ថ្ងៃ​អនាគត​​លែង​មាន​លំអង​ទៀត​ហើយ​ លំអង​ចង់​ឲ្យ​កវី​កុំ​បិទ​ទ្វារ​បេះដូង​របស់​ខ្លួន​ឯង​ឲ្យ​សោះ​។​ គ្មាន​ប្រយោជន៍​ទេ ដែល​ឃុំ​ឃាំង​ខ្លួន​ឯង​​ឲ្យ​លិច​លង់​ក្នុង​មនោសញ្ចេតនា​ដែល​​បាន​ស្លាប់​​បាត់​ទៅ​ហើយ​​នោះ​​។ បើ​កវី​ធ្វើ​បែប​នេះ​ លំអង​នឹង​យំ​ជា​មិន​ខាន​… លំអង​ចង់​ឲ្យ​កវី​ស្វែង​រក​នារី​ណា​ដែល​កវី​គិត​ថា​ ម្នាក់​នេះ​ហើយ​​ នារី​ដែល​កវី​ជឿ​ជា​ក់​ក្នុង​ចិត្ត ​ថានាង​​ពិត​ជា​ស្រឡាញ់​កវី​មែន​ គឺ​ដូច​ដែល​លំអង​ធ្លាប់​ស្រឡាញ់​កវី​ដែរ​ ហើយ​កុំ​ភ្លេច​និយាយ​រឿង​រ៉ាវ​របស់​លំអង​ឲ្យ​នាង​ស្តាប់​​ផង​ ឲ្យ​នាង​បាន​យល់​រឿង​រ៉ាវ​របស់​យើង​​។ ចង់​ឲ្យ​កវី​ញញឹម​ និងមាន​សេចក្តីសុខ​… នេះ​ជា​សំណូម​ពរ​មួយ​ទៀត​របស់​លំអង​។ សង្ឃឹម​ថា​ មិន​ច្រើន​ពេក​ រហូត​កវី​ធ្វើ​មិន​បាន​នោះ​ទេ…​

លំអង​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​ដែល​បាន​នៅ​ក្បែរ​កវី​។ លំអង​ចូល​ចិត្ត​ប្រលោម​លោក​ដែល​កវី​តែង​ ហើយ​សង្ឃឹម​ថា កវី​នឹង​ខំ​សរសេរ​ជា​បន្ត​ទៀត សរសេរ​ឲ្យ​នារី​ម្នាក់​នោះ​អាន​ផង​។ សង្ឃឹម​ថា​នាង​នឹង​ចូល​ចិត្ត​អាន​ប្រលោម​លោក​ដូច​លំអង​ដែរ​។ ពេល​នេះ​លំអង​សល់​ពេល​កាន់​តែ​​ខ្លី​ហើយ​… នៅពេល​កវី​បាន​អាន​សំបុត្រ​មួយ​ច្បាប់​នេះ​ លំអង​ប្រហែល​ជា​​បាន​ចាក​​ឆ្ងាយ​ទៅ​ហើយ​​ ។ ប្រយោគ​​​ចុង​ក្រោយ​ដែល​​លំអង​ចង់​ឲ្យ​កវី​ដឹង​គឺ​…

លំអង​ស្រឡាញ់​កវី​ខ្លាំង​ណាស់!

បន្ទាប់​ពី​នោះ​មក​… ខ្ញុំ​ក៏​ចាប់​ផ្តើម​សរសេរ​ប្រលោម​លោក​ដោយ​ប្រើ​ស្លាបប៉ាកកា​មួយ​ដើម​នោះ​។ ខ្ញុំ​សរសេរ​ចំណង​ជើង​​ និង​ដំណើរ​រឿង​ត្រួស​ៗ​​សម្រាប់​ប្រលោម​លោក​ជា​ច្រើន​ដោយ​ប្រើ​ស្លាបប៉ាក​កា​នេះ​ ដើម្បី​​ឲ្យ​វា​ជា​កម្លាំង​ជំរុ​ញ​ទឹក​ចិត្ត​ថា ​ខ្ញុំ​ត្រូវ​តែ​សរសេរ​រឿង​ទាំង​អស់​ឲ្យ​ទាល់​តែ​ចប់​។ បច្ចុប្បន្ន​​ ខ្ញុំ​សរសេរ​ប្រលោម​លោក​ចប់​បាន​ច្រើន​រឿង​ណាស់។ រឿង​ខ្លះ​ក៏​បាន​បោះ​ពុម្ព​ផ្សាយ​ចេញ​លក់​នៅ​តាម​ទី​ផ្សារ​។ រឿង​ខ្លះ​ទៀត​ក៏​ចុះ​ផ្សាយ​នៅ​តាម​ប្លក់​ និង​វ៉ិប​សាយ​ផ្សេងៗ​។ ពិសេស​រឿង​របស់​ខ្ញុំ​មួយ​ចំនួន​ក៏​​បាន​បក​ប្រែ​ជា​ភាសា​បរទេស​ ហើយ​​ខ្ញុំ​មាន​ហ្វែន​ៗ​អ្នក​អាន​ទាំង​ជន​ជាតិ​ខ្មែរ​ទាំង​ជន​ជាតិបរទេស​។

ខ្ញុំ​សង្ឃឹម​ថា ម្ចាស់​សក់​ដែល​រុំ​ជាប់​នឹង​ស្លាបប៉ាកកា​នេះ​ នឹង​បាន​ដឹង​ពី​ជោគ​ជ័យ​​ទាំង​អស់​​នេះ​ជាក់​ជា​មិន​ខាន​​៕

Read Full Post »


sad

រឿង​នេះ​ចាប់​ផ្តើម​កើត​ឡើង​ កាល​ខ្ញុំ​នៅ​រៀន​វិទ្យាល័យ។​ ក្រោយ​ពី​ខ្ញុំ​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​​ទូទាំង​ប្រទេស​ សាលា​ក៏​បាន​ផ្ទេរ​ខ្ញុំ​ឲ្យ​មក​​រៀន​នៅ​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​​ក្នុង​ទី​ក្រុង​​ភ្នំពេញ​។ ​វិទ្យាល័យ​នេះ​ជា​វិទ្យាល័យ​​សម្រាប់​កូន​អ្នក​មាន​ ឬ​មិន​ក៏​សម្រាប់​​កូន​អ្នក​ធំ​ អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​។ ចំពោះ​ខ្ញុំ​នោះឬ? ខ្ញុំ​គ្រាន់​តែ​ជា​កូន​អ្នក​ស្រែ​ចម្ការ​ម្នាក់​ ដែល​មាន​ជីវភាព​មធ្យម​ ប៉ុន្តែ​គ្រាន់​តែ​​សំណាង​ល្អ​ដែល​ពេល​រៀនថ្នាក់​ទី​៩​ ខ្ញុំ​​ប្រឡង​ជាប់​​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ទើប​បាន​មក​រៀន​នៅទីនេះ​នឹង​គេ​ដែរ​។

ការ​រៀន​នៅ​ឆមាស​ទី១​របស់​ខ្ញុំ​ មើល​ទៅធម្មតា​ពេក​​ណាស់។ សង្គម​នៅទីនេះ​​ ខុស​ប្លែក​ឆ្ងាយ​ពី​សង្គម​នៅ​ស្រុក​ស្រែ​ គឺ​មិន​ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​នោះ​ទេ​។ ទីនេះ​អ្វីៗ​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​​ មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​រាប់​អាន​តែ​មិត្ត​ភក្តិ​ក្រុម​​គ្នា​គេ​​ ភាគ​តិច​ណាស់ដែល​រាប់​អាន​មិត្ត​ភក្តិ​ភេទ​ផ្ទុយ​គ្នា​។ តាម​ថ្នាក់​នីមួយៗ​បែង​ចែកជាក្រុម​ផ្សេងៗ​ ដែល​សង្កេត​ឃើញ​ថា​សមាជិក​នៅ​ក្នុង​ក្រុម​តែង​តែ​ស្និទ្ធ​ស្នាល​នឹង​គ្នា​ ម្នាក់ៗ​​សម្រប​ខ្លួនតាម​គ្នា​បាន​ងាយ​ មិន​ពិបាក​ទេ លើក​លែង​តែ​… ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​!

រៀន​​ថ្នាក់​ទី​១០ ក្នុង​ឆមាស​ដំបូង​ ខ្ញុំ​ទទួល​ស្គាល់​ថា​ ខ្ញុំ​ធ្វើ​ខ្លួន​មិន​សូវ​ល្អ​។ ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រៀន​សោះ ព្រោះពេល​នោះ​​ហ្គេម​តាម​ហាង​អ៊ីនធើណេត ​​កំពុង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​​ក្មេង​ស្ទាវ​ឈ្លក់​ទឹក​ម៉ាស៊ីន​ដូច​ខ្ញុំ​​ ឈ្លក់​វង្វេង​​រហូត​ស្ទើរ​តែ​ភ្លេច​ការ​រៀន​សូត្រ​។ កាល​នោះ​ ខ្ញុំ​គ្មាន​​មិត្ត​ភក្តិ​សូម្បី​តែ​ម្នាក់​ ព្រោះ​មិត្ត​ភក្តិ​នៅ​ក្នុង​ថ្នាក់​សុទ្ធ​តែ​អ្នក​រៀន​សូត្រ​ គ្មាន​នរណា​ងប់​នឹង​ហ្គេម​ដូច​ខ្ញុំ​ទេ​។ សរុប​មក ​គឺ​ខ្ញុំ​មិន​សូវ​មាន​មិត្តដែល​រាប់​អាន​គ្នា​បែប​ស្និទ្ធ​ស្នាល​ ឬ​ជា​មិត្ត​ភក្តិ​ស្លាប់​រស់​ណា​ម្នាក់​ឡើយ​។ ​ពេល​ចប់​ឆមាស​ទីមួយ​ ខ្ញុំ​ជួប​ប្រទះ​នឹង​រឿង​មិន​សូវ​ល្អ​ប៉ុន្មាន​ឡើយ​ ព្រោះ​លទ្ធ​ផល​សិក្សា​ប្រចាំ​ឆមាស ​ដែល​​ធ្លាប់​ទទួល​​បាន​ផ្លែ​ផ្កា ​​គួរ​ជា​ទី​មោទនៈ​   ត្រឡប់​ក្លាយ​ជា​បាត​ថ្នាក់​! លទ្ធផល​នេះ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​នៅ​ក្នុង​ថ្នាក់​ ចាប់​​      ផ្តើម​សម្លឹង​មើល​ខ្ញុំ​ដោយ​ខ្សែ​ភ្នែក​ចម្លែកៗ​​។ ចាប់​ពីពេល​នោះ​មក​ ​ខ្ញុំ​ក៏​ដឹង​ថា មិត្ត​ភក្តិ​​កំពុង​គិត​អ្វី​ ព្រោះ​ខ្ញុំ​​ទទួល​អារម្មណ៍​ថា ពួក​គេ​សម្លឹង​​មក​ខ្ញុំ​ដូច​​​មនុស្ស​គ្មាន​រូ​ប​រាង​នៅ​ក្នុង​ថ្នាក់​​។ ខ្ញុំ​ព្យាយាម​សាក​សួរ​មិត្ត​​រួម​ថ្នាក់​ដែល​ខ្ញុំ​គិត​ថា​ស្និទ្ធ​ស្នាល​បំផុត​ ទោះ​ជា​មិន​ច្រើន​ក៏​ដោយ​ ថា​ហេតុ​អ្វី​បាន​ជា​​មិត្ត​ភក្តិ​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​? ហើយ​គេ​ក៏​ផ្តល់​ចម្លើយ​​ដែល​ខ្ញុំ​មិន​ចង់​ឮ​ចេញ​មក​…

«ក៏​​ព្រោះ​ឯង​ជា​មនុស្ស​ថ្នាក់​ទាប​ មនុស្ស​ដូច​ពួក​យើង​ មិន​បន្ទាប​ខ្លួន​ទៅ​ថោក​ជាមួយ​​ទេ!»

នេះ​គឺ​ជា​ចម្លើយ​ដែល​ខ្ញុំ​បាន​ទទួល​ ហើយខ្ញុំ​ក៏​យល់​ភ្លាម​ថា​ ព្រោះ​តែ​ខ្ញុំ​​ ​ក្រ​ ហើយ​មិន​ខំ​រៀន​ដូច​ពួក​គេ​ ថែម​ទាំង​មិន​មែន​ជា​កូន​​​អ្នក​ធំ​ មិន​មែន​ជាកូន​ថៅ​កែ​រោង​ចក្រ​ សហគ្រាស​ ទើប​ពួក​គេ​សម្លឹង​មកខ្ញុំ​ដូចមនុស្ស​បាត​សង្គម​​។ ខ្ញុំ​ភ្ញាក់​ខ្លួន​ខុស​ចំពោះ​ទង្វើ​ខ្លួន​ឯង​ ហើយ​ព្យាយាម​កែ​ខ្លួន​ ដោយការ​បែរ​មក​ខំ​រៀន​វិញ​  កាត់​​បន្ថយ​ពេលវេលា​លេង​ហ្គេម​ និង​ព្យាយាម​ត្រឡប់​ទៅ​រក​ក្រុម​មិត្ត​ភក្តិ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​ដើម្បី​កែ​ខ្លួន​នោះ​ បែរ​ជា​បាន​ត្រឹម​តែ​មួយ​ឆាវ​ គ្មាន​តម្លៃ​អ្វី​សោះ​ ព្រោះ​ពួក​គេ​នៅ​តែ​មិន​ព្រម​ទទួល​​ខ្ញុំ​ដដែល​ ដែល​ធ្វើ​​ឲ្យ​ខ្ញុំ​ជួប​ប្រទះ​តែ​បរាជ័យ​ និង​​រឿង​រ៉ាវ​អាក្រក់​ៗ​ជាច្រើន​ចាប់​តាំងពីពេល​នោះ​មក​។

នៅពេល​មាន​កិច្ច​ការ​ដែល​ត្រូវធ្វើ​ជា​ក្រុម​ ខ្ញុំ​ច្រើន​តែ​ក្លាយ​ជា​មនុស្ស​​ជម្រើស​ចុង​ក្រោយ​សម្រាប់​រើស​ឲ្យ​ចូល​ក្រុម​ ថែម​ទាំងជា​​គ្រូ​ប្រចាំ​ថ្នាក់​​ទៀត​ដែល​ជា​អ្នក​​​ជ្រើស​រើស​ក្រុម​ឲ្យ​ខ្ញុំ​​ ព្រោះ​គ្មាន​នរណា​ព្រម​ទទួល​ខ្ញុំ​ឲ្យ​ចូល​ក្រុម​ទេ។​ ពួក​គេ​គិត​ថា​ ខ្ញុំ​ប្រហែល​ជា​ចូល​ទៅ​ស៊ី​​កម្លាំង​ញើស​ឈាម​ពួក​គេ​ ដោយមិន​ព្រម​ជួយ​ធ្វើ​កិច្ច​ការ​អ្វី​សោះ​ឡើយ​។ ខ្ញុំ​​មាន​សភាព​​ដូចជា​ក្មេង​គង្វាល​ចៀម​ ដែល​ធ្វើ​ខុស​ម្តង​ហើយ​ ក៏​លែង​មាន​នរណា​ហ៊ាន​​ទុក​ចិត្ត​ម្តង​ទៀត​។ ម៉ោង​ខ្លះ​ដែល​គ្រូ​​មិន​សូវ​តឹង​តែង​​រឿង​បែង​ចែក​​ក្រុម​ ខ្ញុំ​ក៏​ត្រូវ​ធ្វើ​កិច្ច​ការ​ក្រុម​ដែល​មាន​​តែ​​ម្នាក់​ឯង​ធ្វើ​​។ កិច្ច​ការ​ដែល​មនុស្ស​៧,៨​នាក់​ ត្រូវ​​​ជួយគ្នា​ធ្វើ​ ខ្ញុំ​ត្រូវ​ធ្វើ​ម្នាក់​ឯង​ទាំង​អស់​។ តែ​អាច​ធ្វើ​អ្វី​បាន​ សម្រាប់​ពួក​គេ​ទាំង​នោះ​ ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ក្រៅ​ខ្សែ​ភ្នែក។​ សកម្ម​ភាពប្រចាំ​ថ្ងៃ​​ផ្សេងៗ​ក្នុង​សាលា​ ខ្ញុំ​ក៏​ត្រូវ​​ធ្វើ​​ម៉ង់ៗ​តែ​ម្នាក់​ឯង​ ញ៉ាំ​អាហារ​ម្នាក់​ឯង​ ដើរ​ទៅរៀន​ថ្នាក់​​​​ផ្សេងៗ​ម្នាក់​ឯង​ ធ្វើ​វេន​បោសសម្អាត​ថ្នាក់​ម្នាក់​ឯង​។

ខ្ញុំ​ប្រើ​ជីវិត​ដោយ​​​គ្មាន​មិត្ត​ភក្តិ​ គ្មាន​សង្គម​ មាន​អារម្មណ៍​ឯកា​ និង​ឈឺ​ចាប់​គ្រប់​ពេល​ដែល​ឃើញ​អ្នក​ដទៃ​មាន​មិត្ត​ភក្តិ​ និង​សើច​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​របស់​ពួក​គេ។ ខ្ញុំ​ស្ថិត​នៅ​ក្នុង​សភាព​បែប​នេះ​ពេញ​មួយ​ឆ្នាំ​​ រហូត​ដល់​ខ្ញុំ​ឡើង​ថ្នាក់​ទី​១១ ក៏​មាន​សិស្ស​ថ្មី​ផ្លាស់​មក​​រៀន​នៅ​វិទ្យាល័យ​នេះ​​ម្នាក់​ទៀត​។ នាង​បាន​ចូល​​រៀន​នៅ​ក្នុង​ថ្នាក់​ជាមួយ​ខ្ញុំ​​។ នាង​ជា​នារី​ដែល​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់ សក់​វែង​ មាឌ​ល្អិត​ កម្ពស់​ប្រហែល​១,៦០ម៉ែត្រ​។ ស្បែក​នាង​ស​ខ្លាំង​ណាស់ រហូត​អាច​និយាយ​បាន​ថា​ «សស្លេក» តែ​ក៏​នៅ​អាច​មើល​ឃើញ​សរសៃ​ឈាម​ខៀវៗ​លេច​ឡើង​តាម​សាច់​ថ្ពាល់​ក្រហម​ប្រឿង​ៗ​ផង​ដែរ​។ ព័ត៌​មាន​មួយ​ទៀត​ដែលខ្ញុំ​ដឹង​ពី​នាង​គឺ​​ នាង​ជា​មនុស្ស​​ដែល​មាន​សុខ​ភាព​មិន​សូវ​រឹង​មាំ​ទេ តែ​នាង​រៀន​ពូកែ​ខ្លាំង​ណាស់ មាន​ពិន្ទុ​នាំ​មុខ​មិត្ត​ភក្តិ​រួម​ថ្នាក់​​រហូត​។ នាង​ទទួល​បាន​ការ​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ​​ពីមិត្ត​ភក្តិ​​គ្រប់​ៗ​គ្នា​ ព្រោះ​នាង​ជា​កូន​ស្រី​ទោលរបស់​វេជ្ជបណ្ឌិត​ល្បី​ឈ្មោះ​ម្នាក់​ ដែល​ទើប​តែ​ផ្លាស់​មក​ធ្វើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​រាជធានី ដែល​ចាត់​ទុក​ថា​មាន​ឋានៈសម​ល្មម​​អាច​ឲ្យ​ពួក​គេ​ទទួល​យក​បាន​។ ខ្ញុំ​បាន​ត្រឹម​តែ​សម្លឹង​នាង​ពី​ចម្ងាយ​ ហើយ​គិត​នៅ​ក្នុង​ចិត្ត​ម្នាក់​ឯង​​ថា នាង​សំណាង​​ខ្លាំង​ណាស់ ដែល​មាន​ឱកាស​មាន​មិត្ត​ភក្តិ​ ផ្ទុយ​ពី​ខ្ញុំ​ដែល​ត្រូវ​នៅ​ម៉ង់​ៗ​តែ​ម្នាក់​ឯង​។ ​មែន​ហើយ​ សិស្ស​ថ្មី​ម្នាក់​នេះ​ ​ឈ្មោះ​​ «លំអង​»។

ពេល​រៀន​ថ្នាក់​ទី​១១ ឆមាស​ទី​១ ក្នុង​អំឡុង​​ពេល​ដំបូង​ៗ​ ខ្ញុំ​នៅតែ​ប្រើ​​ជីវិត​ដោយ​​គ្មាន​មិត្ត​ភក្តិ​ដដែល​។ តែ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នោះ​ ត្រូវ​សង្កេត​ឃើញ​ទាល់​តែ​បាន​តាម​​   ​រយៈ​ខ្សែ​ភ្នែក​របស់​​លំអង​​។​ នាង​មើល​ដឹង​ថា ​គ្មាន​មិត្ត​ភក្តិ​​ណា​ម្នាក់​ចាប់​អារម្មណ៍​នឹង​ខ្ញុំ​   ឡើយ​។ គ្រប់​ពេល​ដែល​ខ្ញុំ​ធ្វើ​កិច្ច​ការ​សាលាម្នាក់​ឯង​ នាង​ចូល​ចិត្ត​មើល​មុខ​ខ្ញុំ​ដោយ​ខ្សែ​ភ្នែក         ​ចម្លែកៗ​​។ ខ្សែ​ភ្នែក​របស់​នាង​​ទន់​ភ្លន់​ខ្លាំង​ណាស់ ចំណែក​ខ្ញុំ​ពេល​បាន​ប្រទាក់​ខ្សែ​ភ្នែក​នោះ​ហើយ​ តែង​តែ​គេច​ភ្នែក​ចេញ​ជា​និច្ច​ បន្ទាប់មក​ក៏​ឈ្ងោក​មុខ​ធ្វើ​កិច្ច​ការ​ដែល​​មនុស្ស​ច្រើន​នាក់​ជួយ​គ្នា​ធ្វើ​ ធ្វើ​តែ​ម្នាក់​ឯង​បន្ត​ទៅទៀត​។ បន្ទាប់​ពី​នោះ​មិន​យូរ​ប៉ុន្មាន​ លំអង​​ក៏​ចាក​ចេញ​ពី​ក្នុង​​ក្រុម​របស់​នាង​ដែល​មាន​សមាជិក​៨នាក់​ រួម​ទាំង​នាង​​ដែរ​ ដោយ​ប្រាប់​ហេតុ​ផល​ថា នាង​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ​ ព្រោះ​សុខ​ភាពនាង​​ទន់​ខ្សោយ​​។​​ ការ​​​ទទួល​សំឡេង​រំខាន​ពី​មិត្ត​ភក្តិ​​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ គឺ​ជា​ការ​រំខាន​ដល់​នាង​ខ្លាំង​ណាស់​​។ តែ​ខ្ញុំ​ក៏​មិន​អាច​ស្មាន​ដឹង​ថា​ ហេតុ​អ្វី​នាង​ចាក​ចេញ​ពី​ក្រុម​ ហើយ​ទៅ​ចូល​ក្នុង​ក្រុម​ណា​បន្ត​?

នាង​… ជ្រើស​រើស​យក​ខ្ញុំ​!! នាង​មក​សុំ​ចូល​ក្រុម​ជា​មួយ​ខ្ញុំ​។ នាង​ប្រាប់​ថា​អាណិត​ខ្ញុំ​ ព្រោះ​ឃើញ​ខ្ញុំ​​មាន​តែ​ម្នាក់​ឯង​។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ រហូត​​ទប់​ចិត្ត​លែង​បាន​ក៏​ជ្រុលឱប​នាង​។ ទង្វើ​នោះ​ធ្វើ​ឲ្យ​នាង​មុខ​ក្រហម​ ហើយ​​ច្រាន​ខ្ញុំ​រហូត​ដួល​ មុន​នឹង​និយាយ​បន្លប់​​ថា​៖

«ចុះ​មាន​កិច្ច​ការ​ក្រុម​អ្វី​ខ្លះ​ទេ? ថ្ងៃ​នេះ​ខ្ញុំ​នឹង​ជួយ​ធ្វើ​ឲ្យ​អស់​តែ​ម្តង​!»

បន្ទាប់​ពី​មាន​នាង​ចូល​មក​ជួយ​ ការ​ងារ​របស់​ខ្ញុំ​ក៏​បាន​ធូរ​ស្រាល​ជាង​មុន​ច្រើន​ណាស់​។ ខ្ញុំ​​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​មុន​ លែង​ឯកោ​ដូច​មុន​ ខ្ញុំ​មាន​អ្នក​ជជែក​ជាមួយ​ មាន​ទី​ប្រឹក្សា​ មាន​​អ្នក​ដើរ​ទៅ​ណា​មក​ណា​ជាមួយ​ ដើម្បី​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ បោស​សម្អាត​ថ្នាក់​ ឬ​ផ្សេងៗ។

លុះ​មក​ដល់​ថ្ងៃ​មួយ​ នាង​ក៏​សួរ​ខ្ញុំ​ថា​ ហេតុ​អ្វី​គ្មាន​មិត្ត​ភក្តិ​រាប់​អាន​ខ្ញុំ​។ ខ្ញុំ​ព្យាយាម​គេច​វេះ​មិន​ព្រម​ឆ្លើយ​ ឬ​ដូរ​រឿង​និយាយ​ជា​និច្ច​ តែ​នាង​ក៏​មិន​បោះ​បង់​ចោល​ការ​ព្យាយាម​ នាង​តាមស៊ើប​ទាល់​តែ​ដឹង​… ថា​ខ្ញុំ​​វក់​នឹង​​ហ្គេម។ ក្នុង​ពេល​នោះ​ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​នៅ​តែ​ទៅ​លេង​​ហ្គេម​នៅ​រៀង​រាល់​ល្ងាច​ដដែល​ ទោះ​បី​ជា​​មិនសូវ​​ញឹក​ញាប់​​ដូច​កាល​ពី​មុន តែ​​ក៏​ទទួល​អារម្មណ៍​ថា​ កាន់​​តែ​​អាក្រក់​ទៅៗ​​​ ព្រោះ​ពេល​នេះ​ខ្ញុំ​មាន​មិត្ត​ភក្តិ​ហើយ​ទេដឹង? សេចក្តី​ព្យាយាម​ និង​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ធ្លាក់​ចុះ​ជា​លំដាប់​។ នាង​អះអាង​ថា នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​លេង​ហ្គេម​ឲ្យ​ទាល់​តែ​បាន​ យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​បាន​ឆ្លង​ផុត​ការ​ប្រឡង​​ដំណាច់​ឆ្នាំ​សិន​ដែរ​ ទើប​នាង​បាន​ស្រួល​ចិត្ត។ តើ​នាង​នឹង​ធ្វើ​ដូចម្តេច?​ ខ្ញុំ​ក៏​ចង់​ដឹងដែរ​!

ចម្លើយ​នៃ​ចម្ងល់​នោះ​ក៏​លេច​ឡើង​នៅ​ថ្ងៃ​បន្ទាប់​​។ នាង​ទិញ​ស្លាបប៉ាកកា​​ម៉ាក​ល្បី​ដែល​មាន​គុណភាព​ល្អ​មក​ឲ្យ​ខ្ញុំ​មួយ​ដើម​ ហើយ​ប្រាប់​ខ្ញុំ​ថា…

«ខ្ញុំ​ចូល​ចិត្ត​អាន​ប្រលោម​លោក​ខ្លាំង​ណាស់… កវី​តែង​ប្រលោម​លោក​ឲ្យ​​ខ្ញុំ​អាន​បន្តិច​មក​ ដើម្បី​កុំ​ឲ្យ​មាន​ពេល​ទៅ​លេង​ហ្គេម!»

និយាយ​តាំង​ពី​យូរ​ ភ្លេច​ប្រាប់​ឈ្មោះ​ឲ្យ​ឈឹង​​ គឺ​ខ្ញុំ​ឈ្មោះ «កវី»។ កវី​ដែល​មាន​ន័យ​ថា អ្នក​សរសេរ​កំណាព្យ​នោះ​អី! តែ​ន័យ​របស់​ឈ្មោះ​នេះ​​ ហាក់​មិន​ស៊ី​គ្នា​នឹង​ខ្ញុំ​សោះ…

នាង​ប្រើ​វិធី​នេះ​ដើម្បី​បញ្ឈប់​​ជំងឺ​ញៀន​​ហ្គេម​របស់​ខ្ញុំ​ ដែល​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ចូល​បណ្ណាល័យ​ញឹក​ញាប់​ខ្លាំង​ណាស់ ដើម្បី​ចាប់​ផ្តើម​អាន​ប្រលោម​លោក​ប្រភេទ​ផ្សេងៗ​ ហើយ​នាំ​យក​​មក​ធ្វើ​ជា​​លំនាំ​ ក្នុង​ការ​​​តែង​ប្រលោម​លោក​​​ក្នុង​សិល្ប៍​វិធី​ផ្ទាល់​ខ្លួន​។ ខ្ញុំ​ក៏​មិន​យល់​ដូច​គ្នា​ថា ហេតុ​អ្វី​ មនុស្ស​ដែល​មិន​សូវ​ចាប់​អារម្មណ៍​ការ​អាន​សៀវភៅ​ដូច​ខ្ញុំ​ បែរ​ជា​ព្រម​ចូល​បណ្ណា​​​    ល័យ​​ ដើម្បី​អាន​សៀវភៅ​ជា​ច្រើន​បែបនេះ​បាន?​ អាច​មក​ពី​ខ្ញុំ​ផ្តល់​ភាព​សំខាន់​​ចំពោះ​លំអង​​ខ្លាំង​ពេក​​ទេ​ដឹង? លំអង​​​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់​ មិ​នថា​ផ្នែក​អ្វី​​ក៏​ដោយ​។ នាង​ជា​មនុស្ស​ដែល​មាន​គុណ​​បំណាច់​ចំពោះ​ខ្ញុំ​ជា​ពន់​ពេក​​ ផ្តល់​អ្វីៗ​ជា​ច្រើន​​ដល់​ខ្ញុំ​​…​

នាង​ជួយ​ខ្ញុំ​ធ្វើ​កិច្ច​ការ​សាលា​ ព្រម​ឲ្យ​ខ្ញុំ​លួច​ចម្លង​មេរៀន​(ក្នុង​ពេល​ខ្លះ) ទិញ​នំ​មក​ចែក​ខ្ញុំ​​ ពេល​ខ្ញុំ​​អង្គុយ​ធ្វើ​កិច្ច​ការ​សាលា​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​… នាង​ព្រម​ធ្វើ​ជា​ «មិត្ត​» របស់​ខ្ញុំ​​ទៀត​​ផង​។ ដោយ​ហេតុ​ផល​នេះ​ មិន​ថា​នាង​សុំ​អ្វី​ពី​ខ្ញុំ​ ខ្ញុំ​តែ​ង​តែ​ធ្វើ​ឲ្យ​ដោយ​គ្មាន​ករណី​លើក​លែង​​។ ការ​ដែល​នាង​សុំ​ឲ្យ​ខ្ញុំ​សរសេរប្រលោម​លោក​ឲ្យ​នាង​ ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ពេល​ទៅ​លេង​ហ្គេម​​សោះ រហូត​ខ្ញុំ​ទទួល​អារម្មណ៍​ថា ទោះ​ជា​មិន​បាន​លេង​វា​ ក៏​មិន​ឃើញ​​មាន​កើត​អ្វី​ដែរ​។

ខ្ញុំ​ចាប់​ផ្តើម​សរសេរ​ប្រលោម​លោក​ឲ្យ​លំអង​អាន​គ្រប់​ប្រភេទ​ ​ប្រើ​ពេល​យូរ​ខ្លះ​ ឆាប់

​ខ្លះ​ ព្យាយាម​សរសេរ​យ៉ាង​អស់​ពី​សមត្ថភាព​ តែ​រឿង​នីមួយ​ៗ​ភាគ​ច្រើន​ជា​រឿង​ខ្លី​​ដែល​មាន​កម្រាស់​ពី​៥ ទៅ១០ទំព័រ​​។ ក្រោយ​ពី​លំអង​អាន​រឿង​របស់​ខ្ញុំ​ចប់​​ នាង​តែង​តែ​ធ្វើ​ការវិភាគ​​ យ៉ាង​ល្អិត​ល្អន់​បំផុត​ រហូត​ពេល​ខ្លះ​​ខ្ញុំ​ងើប​មុខ​លែង​រួច​​…

តួអង្គ​​មាន​​បុគ្គលិក​លក្ខណៈមិន​ច្បាស់​លាស់​ និស្ស័យ​ចិត្ត​គំនិត​តួ​អង្គ​ប្រែ​ប្រួល​ញឹក​ញាប់​ សរសេរ​ច្របូក​ច្របល់​ មិន​ចេះ​ភ្ជាប់​ដំណើរ​រឿង​ កំហុស​អក្ខរាវិរុទ្ធ​មាន​ច្រើន…​ ខ្ញុំ​ឮ​នាង​រិះ​គន់​ឲ្យ​ខ្ញុំ​បែប​នេះ​សឹង​តែ​រាល់​ពេល​។ ពាក្យ​រិះ​គន់​ទាំង​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មុជ​ជ្រៅ​ទៅក្នុង​ការ​ព្យាយាម​ ដើម្បី​សរសេរ​ប្រលោម​លោក​ ដែល​លំអង​ចូល​ចិត្ត​ឲ្យ​ទាល់​តែ​បាន​ ទោះ​ជា​ពេល​ខ្លះ​​ត្រូវ​នាង​រិះ​គន់​​ឥត​ប្រណី​បែប​នេះ​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​រំភើប​ដែល​បាន​ធ្វើ​ដើម្បី​នាង​ព្រោះនាង​… តែង​តែ​ញញឹម​ដាក់​ខ្ញុំ​ ហើយ​និយាយ​ថា «អរគុណ» គ្រប់​ពេល​។

ពេល​ខ្លះ​ដែល​យើង​ឈ្លោះ​គ្នា នាង​តែង​តែ​ហៅ​ខ្ញុំ​ថា «តា​ក្របី» ​ព្រោះ​ខ្ញុំ​ឈ្មោះ​កវី​ ដែល​ពេល​ហៅ​លឿន​នឹង​ឮ​ដូច​ «ក្របី» ចំណែក​នាង ​ខ្ញុំ​រក​​កន្លែង​បង្អាប់​លើ​ឈ្មោះ​មិន​បាន​ទេ តែ​ព្រោះ​នាង​​ជា​មនុស្ស​ដែល​មិ​នសូវ​រឹង​មាំ​ អាការៈ​ក្អក​ខេះៗ​របស់​នាង​​តែង​តែ​កើត​ជា​ញឹក​ញាប់​​ ​​ទើប​ខ្ញុំ​ក៏​ហៅ​នាង​ថា «យាយខេះ» តែ​ម្តង​ទៅ​។ ទាំង​អស់​នេះ​ គឺ​ជា​ប្រភព​នៃ​រហស្សនាម​​របស់​ខ្ញុំ​និង​នាង​ ហើយ​តែង​តែ​​ធ្វើ​ឲ្យ​យើង​ទាំង​ពីរ​សើច​ក្អាកក្អាយ​ជាមួយ​គ្នា ​រហូត​ភ្លេច​រឿង​ឈឺ​ក្បាល​ផ្សេងៗ​​បាន​។

តាំង​ពី​យើង​​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ​ ​ទំនាក់​ទំនង​របស់​ពួក​យើង​កាន់​តែ​​​ស្និទ្ធ​ស្នាល​នឹង​គ្នា​ជា​លំដាប់​។ នាង​ចូល​ចិត្ត​​និយាយ​ថា «ចូលចិត្ត​កវី​ខ្លាំង​ណាស់!»​ ទោះជា​សម្តី​នេះ ​ធ្វើ​ឲ្យខ្ញុំ​​នឹក​ចង់​លង់​នឹង​ខ្លួន​​ឯង​យ៉ាង​ណា​ក៏​ដោយ​​ ក៏​ខ្ញុំ​ព្យាយាម​ស្តាប់​ដោយ​​មិន​​​បាន​គិត​អ្វី​ច្រើន​នោះ​ទេ​។ ខ្ញុំ​នៅ​តែ​បន្ត​សរសេរ​ប្រលោម​លោក​​ឲ្យ​នាង​អាន​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​នៅ​ទីបំផុត​ ក៏​ត្រូវ​នាង​វិភាគ​​ឲ្យ​បាក់​មុខ​រហូត​។ បើ​អ្នក​ជា​មនុស្ស​ប្រុស​ដែល​កំពុង​មាន​ចិត្ត​លើ​នារី​ម្នាក់​​ ហើយ​​ត្រូវ​នាង​រិះ​គន់​ចំៗ​​បែប​នេះ​ អ្នក​ប្រហែល​ជា​ត្រូវ​ព្យាយាម​បន្ថែម​ទៀត ​ដើម្បី​​ឲ្យ​នាង​​ព្រម​ទទួល​ស្គាល់​​​សមត្ថភាព​របស់​អ្នក​។ ខ្ញុំ​ក៏​ដូច​គ្នា​! ខ្ញុំ​ព្យាយាម​សរសេរ​​ប្រលោម​លោក​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​បំផុត​​ឲ្យ​នាង​រៀង​រាល់​ថ្ងៃ​។ ថ្ងៃ​ខ្លះ​នាង​មិន​មក​វិភាគ​​ប្រលោម​លោក​របស់​ខ្ញុំ​ទេ ព្រោះ​នាង​តែង​តែ​ឈឺ​​ និង​អវត្តមាន​ជា​ញឹក​ញាប់​។ ថ្ងៃ​ដែល​គ្មាន​នាង​ គឺ​ជា​ថ្ងៃ​ដែល​ក្រៀម​ក្រំ​បំផុត​សម្រាប់​ខ្ញុំ​។ ការ​ពិត​ខ្ញុំ​ក៏​ព្រម​ទទួល​ស្គាល់​ថា​នាង​គួរ​ឲ្យ​ស្រឡាញ់​ តែ​មិន​ហ៊ាន​គិត​ថា នាង​ពិត​ជា​ស្រឡាញ់​ខ្ញុំ​មែន​នោះ​ទេ​​ ព្រោះ​នាង​ធ្លាប់​ប្រាប់​ថា នឹង​ព្រម​មក​ធ្វើ​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ​ តែ​នាង​មិន​ធ្លាប់​និយាយ​ថា​ នាង​នឹង​ព្រម​ធ្វើ​លើស​ពី​នេះ​​។ ខ្ញុំ​អាណិត​នាង​ខ្លាំង​ណាស់ ចង់​ការ​ពារ​នាង​ ចង់​មើល​ថែ​នាង​ ចង់​ឲ្យ​នាង​មាន​ស្នាម​ញញឹម​ ព្រោះ​នាង​គឺ​​ជា​កម្លាំង​ចិត្ត​តែ​មួយ​គត់​របស់​ខ្ញុំ​ក្នុង​ពេល​នេះ​។

ខ្ញុំ​មិន​ស្រួល​ក្នុង​ចិត្ត​សោះ ​នៅពេល​ឃើញ​នាង​ខ្យល់​​ដួល​។ នាង​ឧស្សាហ៍​ខ្យល់​គ​​ញឹក​ញាប់​ណាស់​ គឺ​ច្រើន​ជាង​​ការ​ខ្យល់​គ​របស់​មិត្ត​ភក្តិ​ទាំង​អស់​រួម​គ្នា​ផង​។ រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ព្រោះ​មិន​ចង់​គិត​ក្នុង​ផ្លូវ​មិន​ល្អ​ ថា​នោះ​គឺ​ជា​សញ្ញា​ដាស់​តឿន​អ្វី​ម្យ៉ាង​​។ ខ្ញុំ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ថា​ យើង​នឹង​ធ្វើ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​យូរ​អង្វែង​ទៅទៀត​ និង​គិត​ថា លំអង​ខ្យល់​គ​ញឹក​ញាប់ ​គឺ​គ្រាន់​តែ​ជា​អាការៈ​​របស់​មនុស្ស​ដែល​​មាន​រាង​កាយ​មិន​សូវ​រឹង​មាំដូច​គេ​ដូច​ឯង​តែ​ប៉ុណ្ណោះ។​​

ថ្ងៃ​មួយ​​ក្នុង​អំឡុង​ពេល​​ដែល​ជិត​​ផុត​ឆមាស​ទី ១​ ថ្នាក់​ទី ១១ ខ្ញុំ​ចាប់​ផ្តើម​ទ្រាំ​លែង​បាន​​ ព្រោះ​ប្រលោម​លោក​ដែល​ខ្ញុំ​តែង​​ មិន​ធ្លាប់​ទទួល​បាន​ពាក្យ​សរសើរ​ពី​លំអង​សោះ​ សូម្បី​តែ​មួយ​រឿង​ រហូត​ខ្ញុំ​ដាច់​ចិត្ត​សួរ​នាង​​៖

«លំអង​… ហេតុ​អ្វី​មិន​ធ្លាប់​សរសើរ​ខ្ញុំ​សោះ មាន​តែ​រិះ​គន់​រហូត​​​អ៊ីចឹង?»​ ហើយ​នាង​ក៏​ឆ្លើយ​មក​វិញ​៖

«ចុះ​កវី ធ្លាប់​សួរ​លំអង​ទេ ថា​លំអង​និយាយ​មែន ឬ​និយាយ​លេង?»

មែន​ហើយ​ ខ្ញុំ​មិន​ធ្លាប់​សួរ​នាង​ពិត​មែន ហើយ​នាង​ក៏​ប្រាប់​​ថា ការ​ដែល​នាង​មិន​ធ្លាប់​សរសើរ​ខ្ញុំ​ ព្រោះ​ខ្លាច​ខ្ញុំ​បាន​ចិត្ត​ រហូត​គិត​ថា​ខ្លួន​ឯង​ពូកែ​​គ្រប់​គ្រាន់​ហើយ​ រួច​លែង​ខ្វល់​សរសេរ​រឿង​បន្ត​ទៅ​ទៀត​ ហើយ​ត្រឡប់​ទៅ​វក់​នឹង​​ហ្គេម​សាជា​ថ្មី​​។ ការ​ដែល​នាង​ធ្វើ​បែប​នេះ​ក៏​ព្រោះ​ចង់​ឲ្យ​ខ្ញុំ​ផ្តោត​អារម្មណ៍​តែ​នឹង​ការ​តែង​រឿង​ គឺ​មាន​គម្រោង​​ជួយ​ខ្ញុំ​ដោយ​បំណង​ល្អ។​ លុះ​ស្តាប់​ពី​គម្រោង​ការណ៍របស់​នាង​រួច​ហើយ​ ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ផ្សា​ក្នុង​បេះ​ដូង​ខ្លះ​ៗ​ដែរ​ តែ​យ៉ាង​ណា​​គម្រោង​ការណ៍​របស់​នាង​ក៏​បាន​ជួយ​ខ្ញុំ​ច្រើន​ដែរ​។ ពេល​នេះ​ខ្ញុំ​មានគ្រោង​​​រឿង ​សម្រាប់​តែង​ប្រលោម​លោក​ច្រើនណាស់​ ហើយ​ខ្ញុំ​ចូល​ចិត្ត​ការ​សរសេរ​​ប្រលោម​លោម​ច្រើន​ជាង​ការ​លេង​ហ្គេម​ទៅ​ហើយ​។ នៅ​ពេល​មាន​នាង​ ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯងកាន់​តែ​ខ្លាំង​​។

នៅ​ល្ងាច​ថ្ងៃ​នោះ ​នាង​ប្រាប់​ខ្ញុំ​ថា​ នឹង​​តែង​ប្រលោម​លោក​ឲ្យ​ខ្ញុំ​ជា​ការ​សុំ​ទោស​ ហើយ​នាង​ណាត់​ខ្ញុំ​ឲ្យ​ទៅ​រក​នាងនៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ​នៅ​មាត់​ស្រះ​ទឹក​របស់​សាលារៀន​ដែល​ខ្ញុំ​និង​នាង​ធ្លាប់​អង្គុយ​ជាមួយ​គ្នា​ជា​ប្រចាំ​​ ​។

ព្រឹក​ថ្ងៃ​បន្ទាប់​ ពេល​ខ្ញុំ​ទៅ​ដល់​កន្លែង​ណាត់​ជួប​ នាង​ក៏​​យក​ក្រដាស​មួយ​សន្លឹក​ចេញ​មក​។ ក្រដាស​នោះ​មាន​អក្សរ​​ពេញ​ទំព័រ​ទាំង​សង​ខាង​ គឺ​វាវែង​ប្រហាក់​ប្រហែល​នឹង​រឿង​ដំបូង​ដែលខ្ញុំ​សរសេរ​ឲ្យ​នាងដែរ​។ នៅ​ពេល​ខ្ញុំ​ទទួល​ក្រដាស​នោះ​ពី​នាង​ ខ្ញុំ​សង្កេត​ឃើញ​​លំអង​ប្រែ​ទឹក​​មុខ​ជា​​ក្រហម​ ហើយ​នាង​ក៏​បែរ​ខ្នង​​ដាក់​ខ្ញុំ​ រួច​​គេច​ទៅ​អង្គុយ​នៅ​លើ​បង់​ថ្ម​​ដែល​ស្ថិត​នៅ​រំលង​ពីរ​កៅអី​ ទុក​ឲ្យ​ខ្ញុំ​នៅ​អាន​ប្រលោម​លោក​ដែលមាន​តួ​អង្គ​តែ​ពីរ​នាក់​ នោះ​គឺ​ខ្ញុំ​ និង​នាង​ និយាយ​សេចក្តី​លម្អិត​ និង​អារម្មណ៍​តាំង​ពី​ដំបូង​​ដែល​បាន​ជួប​ខ្ញុំ​​ រហូត​មក​ដល់​ថ្ងៃ​ម្សិល​មិញ​​។ បេះ​ដូង​ខ្ញុំ​លោត​កាន់​តែ​ញាប់​ នៅពេល​បាន​អាន​ប្រយោគ​ចុង​ក្រោយ​ដែល​នាង​សរសេរ​នៅ​ក្នុង​រឿង​ ដែល​នៅទីបំផុត​​ធ្វើ​ឲ្យ​ខ្ញុំ​ដឹងថា ហេតុ​អ្វី​នាង​មិន​សរសេរ​ចំណង​ជើង​រឿង​។

«ដឹង​ខ្លួន​ទេ កវី ខ្ញុំ​ស្រឡាញ់​កវី ស្រឡាញ់​លើស​ពី​មិត្ត​ភក្តិ​ទៅ​ទៀត​​…»​

ប្រយោគ​នេះ​​ធ្វើ​ឲ្យ​ខ្ញុំ​ហាមាត់​ភាំង​។ ខ្ញុំ​ឈរ​ ហើយ​គិត​ថា​នឹង​ដើរ​ទៅ​រក​នាង​ តែ​ខ្ញុំ​ឈាន​ជើង​ទៅ​មុខ​មិន​រួច​សោះ រហូត​ទីបំផុត​នាង​ក៏​ដើរ​មក​រក​ខ្ញុំ​ដោយ​ខ្លួន​ឯង​ ព្រោះ​ដឹង​ថា ខ្ញុំ​ប្រហែល​ជា​អាន​ចប់​ហើយ​។​ នាង​សួរ​ថា ព្រមចាប់​ផ្តើម​ទំនាក់​ទំនង​របស់​យើង​​ទេ? ខ្ញុំ​ឆ្លើយ​យល់​ព្រម​ភ្លាមៗ​។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​សង្ឃឹម​ តែ​មិន​ធ្លាប់​គិត​ថា​នឹង​បាន​នោះទេ។

បន្ទាប់​ពី​ថ្ងៃ​នោះ​ ខ្ញុំ​ក៏​ចាប់​ផ្តើម​ទាក់​ទង​នាង​ដោយ​ឥត​លាក់​លៀម​បន្ត​ទៀត​ ហើយ​មិន​បាច់​ខ្វាយ​ខ្វល់​តាម​ដោះ​សារ​​​ទីនេះ​ផង​ ទីនោះ​ផង​ ថា​ខ្ញុំ​និង​លំអង​មិន​មែន​ជា​សង្សារ​នឹង​គ្នា​​។ លំអង​ចូល​ចិត្ត​បញ្ចុក​នំ និង​ផ្លែ​ឈើ​ឲ្យ​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​រឿង​ ឬ​ធ្វើ​កិច្ច​ការ​សាលា​ ហើយ​ក៏​សរសើរ​ថា ប្រលោម​លោក​ដែល​ខ្ញុំ​តែង​ កាន់​តែ​ល្អ​ជា​លំដាប់​​។ ខ្ញុំ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់ព្រោះ​ជា​រយៈពេល​ដែល​ល្អ​បំផុតនៅ​ក្នុង​ជីវិត​ខ្ញុំ​។​ លំអង​ចូលចិត្ត​មក​ទារ​រឿង​ពី​ខ្ញុំ​ រហូត​ខ្ញុំ​ហៅ​នាង​ថា «អ្នក​នាង​នាយក​តាម​ទារ​សំណៅ​»​​  ហើយ​​តែង​តែ​​ថើប​ថ្ពាល់​​ខ្ញុំ​មួយ​ខ្សឺត​ ចំពោះ​ប្រលោម​លោក​ដែល​ខ្ញុំ​តែង​បាន​មួយ​​រឿង។ ទង្វើ​​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្កួត​ខ្លាំង​ណាស់ រហូត​ថ្ងៃ​ខ្លះ​ខ្ញុំ​តែងរឿង​ខ្លីៗ​​បាន​៣​រឿង ដើម្បី​ដោះ​ដូរ​ជា​មួយ​ស្នាម​ថើប​ដ៏​ទន់​ភ្លន់​ចំនួន​បី​ខ្សឺត​។​​

ខ្ញុំ​រស់​នៅ​ក្នុង​សេចក្តី​សុខ​បែប​នេះ​​ដោយ​គ្មាន​ភាព​ជិន​ណាយ​​ រហូត​​ដល់​ពេល​​ត្រៀម​ប្រលង​ដំណាច់​ឆ្នាំ​ប្រចាំ​​ឆមាស​ទី​២ ថ្នាក់​ទី១១ វា​ជាពេល​វេលា​ដែល​ខ្ញុំ​ និង​លំអង​​កំពុង​ប្រឹង​ទន្ទេញ​មេរៀន​ជាមួយ​គ្នា​ដើម្បី​​ត្រៀម​ប្រលង​ ព្រោះ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ប្រលង​ដំបូង​​។ ពេល​ដែល​ខ្ញុំ​កំពុង​អាន​សៀវភៅ​ លំអង​ក៏​​ដួល​ព្រូស​។ ហេតុ​ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់​ តែ​មិនខ្លាំង​ប៉ុន្មាន​​​​ទេ​ ព្រោះ​ខ្ញុំ​ឃើញ​នាង​ខ្យល់​ដួល​ញឹក​ញាប់​ស្រាប់​ហើយ​។ ខ្ញុំ​ប្រញាប់​​ស្ទុះ​ទៅ​គ្រា​នាង​ ហើយ​យក​ទៅ​បន្ទប់​ព្យាបាល​ប្រចាំ​សាលា​រៀន​។ ពេល​​កំពុង​នាំ​នាង​ទៅ​បន្ទប់​ព្យាបាល​នោះ ខ្ញុំ​ឃើញ​អ្វី​ម្យ៉ាង​​ខុស​ពី​ប្រក្រតី​។ ខ្ញុំ​ឃើញ​ឈាម​ហូរ​ចេញ​ពី​រន្ធ​ច្រមុះ​ម្ខាង​របស់​នាង​ ដែល​ជា​ធម្មតា​ខ្ញុំ​មិន​ធ្លាប់​ឃើញ​សោះ​។ ក្រោយ​ពី​នាង​ចូល​ក្នុង​បន្ទប់​ព្យាបាល​ហើយ​ ចៃ​ដន្យ​ខ្ញុំ​ក៏​បាន​​ឮ​សំឡេង​របស់​គ្រូ​ពេទ្យ​​ប្រចាំ​បន្ទប់​ព្យាបាល​និយាយ​ថា៖

«អាការៈធ្ងន់​ធ្ងរ​ណាស់ នាំ​ទៅ​មន្ទីរ​ពេទ្យ​ល្អ​ជាង​ ហើយ​ទូរស័ព្ទ​ប្រាប់​អាណា​ព្យាបាល​ផង​!»

រង់​ចាំ​យំ​ទាំង​អស់​គ្នា​ក្នុង​វគ្គ​បញ្ចប់!

Read Full Post »

Older Posts »