Feeds:
ប្រកាស
មតិ

Archive for the ‘រឿង​ខ្មោច(Ghost-Horror)’ Category


Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

រូបភាព Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

ផ្កាយNoVeLs*– ប្រិយ​មិត្ត​អ្នក​អាន​មាន​ចាំ​ហេតុ​ការណ៍​ចាប់​ជំរិត​ក្មេង​មួយ​នៅ​ខេត្ត​សៀមរាប​ទេ? ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៥ នៅ​សាលា​អន្តរជាតិ​មួយ​ ក្នុង​ខេត្ត​សៀម​រាប ដែល​ជាព័ត៌មាន​​ផ្ទុះ​មួយសម្រាប់​គ្រប់​ស្ថាប័ន​ក្រសួង​ពាក់​ព័ន្ធ​ រួម​ទាំង​ប្រជាជន អ្នក​យក​ព័ត៌មាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ក្មេងៗ​ចំនួន​៧០​នាក់​អាយុ​ក្រោម​៦​ឆ្នាំ​ និង​គ្រូ​បង្រៀន​៣,៤នាក់​ផ្សេង​ទៀត​ បាន​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​ពី​ក្រុម​ចោរ​ចាប់​ជំរិត​ដែល​ទើប​តែ​ទម្លាយគុក​​​។ ប៉ុន្តែ​ក្មេងៗ​៤០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ចោរ​។ ក្មេង​ប្រុស​ សញ្ជាតិ​កាណាដា អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ ខណៈ​ដែល​មាន​ការ​ដោះ​ដូរ​ប្រាក់​ ៣​ម៉ឺនដុល្លារ​សហរដ្ឋ​អាម៉េរិគ​ និង​​រថយន្ត​១២​កៅ​អី​១​គ្រឿង​ដើម្បី​ពួក​គេ​អាច​គេច​ខ្លួន​ទៅ​កាន់​ព្រំ​ប្រទល់​ថៃ​បាន​។

រឿង​ «វិញ្ញាណ​គ្មាន​រូប» ទទួល​បាន​​គំនិត​ និង​ការ​ជំរុញ​ទឹក​ចិត្ត​(inspire)​ ​ពីហេតុ​ការណ៍​នេះ​។ តួអង្គ​ឈ្មោះ​ វីរៈ គឺ​ជា​ក្មេង​ប្រុស​សញ្ជាតិ​កាណាដា​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​។ ដំបូង​ឡើយ​ ខ្ញុំ​ដាក់​ចំណង​ជើង​រឿង​នេះ​ថា «ក្មេង​បាត់ខ្លួន» តែ​ដោយ​ខ្លាច​ជាន់ ឬ​ស្រដៀង​គ្នា​នឹង​ភាព​យន្ត​ខ្មែរ​មួយ​ដែល​មាន​ចំណង​ជើង​ថា «បាត់ខ្លួន» ខ្ញុំ​ក៏​ដូរ​ដាក់​ជា «គេ​ចាប់​ជំរិត​ក្មេង​ម្នាក់»។ លុះ​ក្រោយ​មក​ទៀត​ នៅពេល​រឿង​នេះ​ធ្លាក់​ដល់​ដៃ​ «សប្បាយ» ក្រុម​ការ​ងារ​ខាង​នោះ​ប្រាប់​ថា ចំណង​ជើង​នេះ​ស្រដៀង​គ្នា​នឹង​រឿង​មួយ​ដែល​សប្បាយ​បាន​ផ្សាយ​ទៅ​ហើយ គឺ​រឿង​ «គេ​ចាប់​ជំរិត​មនុស្ស​ម្នាក់»(?)។ ដូច្នេះ​គេ​ក៏​សំណូម​ពរ​ដូរ​ចំណង​ជើង​ដាក់ថា «អាថ៌កំបាំង​ផ្ទះតូច​» វិញ។ តែ​ដោយ​ចំណង​ជើងរបស់​សប្បាយ​ អាច​ធ្វើ​ឲ្យ​អ្នក​អាន​ដឹង​សាច់​រឿង​មុន ថា​តួ​អង្គ​ក្មេង វីរៈ អាច​មិន​ទាន់​ស្លាប់ ហើយ​កំពុង​រង់​ចាំ​ឪពុកម្តាយ​គេ​នៅ​ផ្ទះតូច​ ទើប​ចុង​ក្រោយ​ ខ្ញុំ​ក៏​ឲ្យ​គេ​ដូរ​ដាក់ «វិញ្ញាណ​គ្មាន​រូប​» វិញ​។

ក្រៅ​ពី​រឿង​ចំណង​ជើង​ នៅ​មាន​សាច់​រឿង​ត្រង់​ចំណុច​ខ្លះ​ៗ​ត្រូវ​បាន​ដូរ​ តែ​នៅ​ពេល​សប្បាយ​ចេញ​ផ្សាយ សាច់​រឿង​បែរ​ជា​នៅ​ដដែល​ សង្ស័យ​រឿង​ដែល​អ្នកនិពន្ធ​ផ្ញើ​ទៅ​មាន​ច្រើន​ពេក​ទើប​ធ្វើ​ឲ្យ​ក្រុម​ការងារ​សប្បាយ​​ភ្លេច​ក៏​មិន​ដឹង? 😀 ជាក់​ស្តែង​ដូច​ជាត្រង់​ហេតុ​ការណ៍​ផ្ទុះ​រថយន្ត​ តាម​ពិត​សាច់​រឿង​បាន​ប្តូរ​ឲ្យ​ផ្ទុះ​នៅ​ប៉ោយ​ប៉ែត​ ព្រំ​ប្រទល់​ខ្មែរ-ថៃ តែ​ពេល​រឿង​ចេញមក ហេតុ​ការណ៍​នៅ​តែ​កើត​ឡើង​នៅ​សៀមរាប​ដដែល​។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ចំណុច​តូចៗ​មួយ​ចំនួន​ទៀត​ ដែល​បាន​ដូរ​ដែរ តែ​សូម្បី​តែ​ខ្ញុំ​ជា​អ្នកនិពន្ធ​ក៏​ភ្លេច​ដែរ គឺ​ទាល់​តែ​យក​រឿង​ដែល​កែ​ថ្មី​មក​អាន​ឡើង​វិញ ទើប​ដឹង​ថា​រឿង​នេះ​បាន​កែ​ត្រង់​ចំណុច​ណា​ខ្លះ? យ៉ាង​ណាៗ​ រឿង​នេះ​បាន​ចេញ​ផ្សាយ​ទៅហើយ ទោះ​បីជា​មិន​បាន​ផ្សាយ​រឿង​ដែល​បាន​កែ​សម្រួល​រួច​ តែ​ក៏​មាន​អ្នក​អាន​ដ៏​ច្រើន​លើស​លប់បាន​អាន​រឿង​មួយ​នេះ​។ អរគុណ​សប្បាយ អរគុណ​អ្នក​អាន​ជា​ទី​ស្រឡាញ់​ទាំង​អស់! 😀

Read Full Post »


Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

រូបភាព Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

ផ្កាយ​NoVeLs*– តាំ​ង​ពី​ថ្ងៃ​​សៅរ៍​ សប្តាហ៍​មុន​ម្ល៉េះ ទំព័រ​​ ប្រលោម​លោក​សប្បាយ ឬ​ Sabay Novel (https://www.facebook.com/sabaynovel) បាន​ប្តូរ​ Cover ទំព័រ​របស់​ខ្លួន​ មក​ដាក់​រូប​ភាព​នៃ​រឿង​ «វិញ្ញាណ​គ្មាន​រូប​» ជំនួស​វិញ​ ដោយ​បញ្ជាក់​ថា នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍​នេះ​ រឿង​ «វិញ្ញាណ​គ្មាន​រូប​» នឹង​ចេញ​ផ្សាយ​ជា​​ផ្លូវ​ការ​ហើយ​។

គេ​សង្កេត​ឃើញ​ថា រឿង​នេះ​ហាក់​ទទួល​បាន​ចំណាប់​អារម្មណ៍​ ពី​ប្រិយ​មិត្ត​អ្នក​អាន​ជា​ច្រើន​ ទោះ​​បី​ជា​មិន​ទាន់​បាន​ដាក់​ផ្សាយ​នូវ​​សាច់​រឿង​ទាំង​មូល​ក៏​ដោយ​។ ក្នុង​នោះ​ គេ​សង្កេត​ឃើញ​មាន​ការ​ Like & Share ​ជា​ច្រើន​ ខុស​ប្លែក​ពីស្នាដៃ​មុន​ រឿង​ «តុក្កតា​ប្រឡាក់​ឈាម» របស់​ខ្ញុំ ។ អ្នក​អាន​ខ្លះ ឈ្លោះ​ប្រកែក​​គ្នា​​ពី​រឿង​មូល​ហេតុ​នៃ​ការ​បាត់​ខ្លួន​របស់​ក្មេង​តូច​នៅ​ក្នុង​សាច់​រឿង​ រហូត​អ្នក​ខ្លះ​ដល់​ថ្នាក់​គិត​ថា​ រឿង​​នេះ​ជា​រឿង​ពិត​ទៀត​ផង​។

រឿង​ពិត​ ឬ​ប្រឌិត​ ខ្ញុំ​នឹង​ប្រាប់​ប្រិយ​មិត្ត​អ្នក​អាន​ បន្ទាប់​ពីរឿង​នេះ​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​សប្បាយ​​រួច​។ មាន​អាថ៌​កំបាំង​មួយ ​នៅ​ពីក្រោយ​ខ្នង​រឿង​នេះ​។ តើ​ក្មេង​ប្រុស​នោះ​បាត់ខ្លួន​ទៅណា? សូម​​រង់​ចាំ​អាន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ សុក្រ​ ទី១៦​ ឧសភា​នេះ!!!

 

 

Read Full Post »


ក្មេង​បាត់​ខ្លួន​_Archphkai

ក្មេងប្រុសម្នាក់បានបាត់ខ្លួន​ដោយមិនដឹងមូលហេតុ…
ការធ្វេសប្រហែសរបស់ឪពុកម្ដាយ បាននាំគ្រោះអាក្រក់ដល់កូនរបស់ខ្លួន ព្រោះក្មេងម្នាក់នេះបានបាត់ខ្លួនទៅដោយគ្មានថ្ងៃវិលត្រឡប់…

«វិញ្ញាណគ្មានរូប»
Coming soon!

(ប្រភព​៖ ប្រលោម​លោក​សប្បាយ​, https://www.facebook.com/sabaynovel?fref=photo)

Read Full Post »


Promotion-Cover-Have-Date1

 

តើ​អ្នក​ជឿ​ទេ​ថា​ កូន​តុក្កតា​ដ៏​តូច​ច្រឡឹង​មួយ​មាន​ចលនា? វា​គឺ​ជា​កាដូ​របស់​លោក​ឪពុក​ឲ្យ​កូន​សំណព្វចិត្ត​របស់​គាត់​នៅ​ពេល​ត្រលប់​មក​ពី​បើក​រថយន្ត​បំពេញ​ការងារ​រួចរាល់។ យប់​មួយ​នោះ ​ជា​យប់​ដែល​ក្នុង​គ្រួសារ​នេះ​ហាក់​និយាយ​មិន​សូវ​យល់​ចិត្ត​គ្នា ស្រប​ពេល​នឹង​ហេតុការណ៍​តុក្កតា​ដ៏​ចម្លែក​ខាំ​ដៃ​កូន​របស់​គាត់​ផង​នោះ បុរស​ជា​ឪពុក​សម្រេច​ចិត្ត​បើក​ឡាន​ចាកចេញ​ពី​ផ្ទះ​ទាំង​យប់។

តើ​បុរស​ម្នាក់​នេះ​ នឹង​ជួប​រឿងរ៉ាវ​អ្វី​កើត​ឡើង​បន្ត​ទៀត ហើយ​តុក្កតា​នោះ​បាន​មក​ដោយ​របៀប​ណា ហេតុអ្វី​អាច​កម្រើក​មាន​ចលនា​បាន? អូ! មាន​ខ្មោច​ទេ​ដឹង? យប់​ស្ងាត់​យ៉ាង​នេះ​បើ​មាន​ខ្មោច​ព្រឺ​សម្បុរ​ណាស់!

មាន​នៅ​ក្នុង​រឿង“​តុក្កតា​ប្រឡាក់​ឈាម”​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​​ទី​២៧ សប្ដាហ៍​នេះ​ នៅ​លើ ​Sabay.com ​តែ​មួយ​គត់!

ប្រភព​អត្ថបទ​ និង​រូបភាព៖ សប្បាយ​

Read Full Post »


ខ្មោច​លាក់​សាក​សព​១៦

វគ្គ​១៦

 សាក​សព​​បន្ទាប់​

 

បណ្តាញ​អគ្គិសនី​​នៅ​ក្នុង​ផ្ទះ​របស់​កែវ​ ត្រូវ​បាន​កាច់​ផ្តាច់​ ហើយ​រលត់​សូន្យ​ឈឹង​ដែល​អាច​បណ្តាល​​​​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​។​ ផ្គរ​រន្ទះ​នៅ​តែ​បន្ត​​ស្រែក​គម្រាម​មក​កាន់​មនុស្ស​លោក​ តែ​អ្នក​ខ្លះ​​ស្តាប​់​ឮ​ដូច​មនុស្ស​កំពុង​ស្រែក​ទួញ​យំ​​។ គ្រាប់​ភ្លៀង​ធំៗ​​ធ្លាក់​ឮ​រណ្តំ​លើ​ដំបូល​​ ដូច​មាន​គេ​កំពុង​រោយ​គ្រាប់​គ្រួសលេង​យ៉ាង​សប្បាយ​រីករាយ​។ ចំពោះ​មនុស្ស​ព្រលឹង​តិច​ បាន​ត្រឹម​តែ​បន់​ស្រន់​ឲ្យ​វា​​ជា​គ្រាប់​គ្រួស​មែន​ទែន​ មិន​មែនជា​គ្រាប់​អ្វី​ផ្សេង​… ឬ​មួយ​ជា​គ្រាប់​ភ្នែក???

ខណៈ​នេះ ​អ្នក​​ទាំង​ប្រាំ​ពីរ​រូបកំពុង​​​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ស្ងៀម​ស្ងាត់ ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ ដោយ​គ្មាន​នរណា​ហ៊ាន​កម្រើក​ ឬ​និយាយ​អ្វី​ឲ្យ​កើត​ជា​សំឡេង​​ឡើយ​។ ទង្វើ​នេះ​ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​ធ្លាក់​ចូល​ក្នុង​សភាព​តានតឹង​ឡើង​ៗ​។ ម្នាក់… ​ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ​ កំពុង​វាស​ភ្នែក​ក្រឡឺត​ក្រឡាប់​ចុះ​ឡើង​សម្លឹង​មើល​ជុំ​វិញ​​ខ្លួន​ដោយ​ក្តីភ័យ​ខ្លាច​។

មិន​ឲ្យ​ខ្លាច​យ៉ាង​ម៉េច… ​បើ​នាង​ជាមនុស្ស​បន្ទាប់​ដែល​មាន​ស្នាម​គូស​រង្វង់​លើ​ក្បាល​!

«ចាំ​ខ្ញុំ​ទៅ​យក​ពិល​នៅ​ក្នុង​បន្ទប់​ដាក់​សម្ភារៈ…» នារី​ជា​ម្ចាស់​ផ្ទះ​ឧទាន​ឡើង​ទម្លុះ​ភាព​ស្ងប់​ស្ងាត់​។ នាង​សម្លឹង​មុខ​​មិត្ត​ភក្តិ​កាត់​​ភាព​ងងឹត​ មុន​នឹង​ក្រោក​ចេញ​ពី​បន្ទប់​ទទួល​ភ្ញៀវ​។

«​ឲ្យ​ខ្ញុំ​ទៅ​គ្រាន់​បាន​ជា​គ្នា​ទេ?» ដួង​ចន្ទ​​និយាយ​យក​អាសា។

«កែវ…​ គ្នា​សុំ​ទៅ​ក្នុង​បន្ទប់​គេង​របស់​ឯង​បាន​ទេ គ្នាចង់​នៅ​ស្ងាត់​ៗ​ម្នាក់​ឯង​…»​​ ​ខណៈ​នោះ​ដែរ​ម៉ាលី​ក៏​​ចាប់​ដៃ​របស់​កែវ​ជាប់​​។ កែវ​ភ្នែក​ដែល​សម្លឹង​មក​​បង្ហាញ​នូវ​ភាព​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​…

ម៉ាលី​ ជា​ប្រភេទ​មនុស្ស​ដែល​ពេល​ជួប​បញ្ហា​អ្វី​មួយ​​ តែង​តែ​ចូល​ចិត្ត​សម្ងំ​នៅ​ម្នាក់​ឯង​ស្ងាត់ៗ​​ក្នុង​បន្ទប់​ ឬ​មិន​ក៏​នៅ​កន្លែង​ដែល​មិន​សូវ​មាន​មនុស្ស​ច្រើន​។ ការ​ដក​ខ្លួន​ចេញ​របស់​នាង​ គឺ​ដើម្បី​​គិត​រក​មធ្យោបាយ​ និង​ដំណោះ​ស្រាយ​ជាមួយ​​នឹង​បញ្ហា ​​ដ៏​សែន​​ស្មុគ​ស្មាញ​នេះ​បាន។​ ​និស្ស័យ​​មួយ​នេះ​ មិត្ត​ភក្តិ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ និង​មិន​ធ្លាប់​ជំទាស់​ចំពោះ​ទង្វើ​របស់​នាងម្តង​ណា​ឡើយ​ ហើយ​លើក​នេះ​ក៏ដូច​គ្នា​។

«ម៉ាលី… ឯង​ពិតជា​អាច​នៅ​ម្នាក់​ឯង​បាន​ឬ?» ​តែ​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១៨​ឆ្នាំ​ដែល​​ដួង​ចន្ទ​មិន​​យល់​ស្រប​តាម​គំនិត​របស់​មិត្ត​ម្នាក់​នេះ​។

«ជួន​កាល…​​ ការ​គេច​ទៅ​​សម្ងំ​នៅ​​ស្ងាត់ៗ​ម្នាក់​ឯង​ អាច​ជួយ​ឲ្យ​​ធូរ​ចិត្ត​ឡើង​វិញ​ ក៏​ថា​បាន​។» នាង​តប​​ មុន​នឹង​វាស​ទឹក​ភ្នែក​ដែល​ចាប់​ផ្តើម​​​ស្រក់​ចុះ​មក​​លើ​ថ្ពាល់​របស់​នាង​។ ដួង​ចន្ទ​មិន​បាន​និយាយ​អ្វីច្រើន​ទេ​ ក្រៅ​ពី​​បណ្តោយ​តាម​ចិត្ត​នាង​។ នាង​ញញឹម​ដាក់​ដួង​ចន្ទ​មុន​នឹង​​ដើរ​វាង​ឡើង​ទៅ​​បន្ទប់​​គេង​របស់​កែវ​​ដែល​ត្រូវ​ដើរ​​ឆ្លង​កាត់​បន្ទប់​របស់​សុភ័ក្ត្រ​…

«ហ៊ឺយ! មិន​សូវ​ចូល​ចិត្ត​បរិយាកាស​បែប​នេះ​សោះ!»​

ចម្រុង​រអ៊ូ​ ហើយ​ឈរ​ឱបដៃ។ ​​អាកាស​ធាតុ​ត្រជាក់​ពី​ខាង​ក្រៅ​ រួម​ផ្សំ​នឹង​បរិយាកាស​ដ៏​ស្ងាត់​ជ្រងំ​បែប​​នេះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​ផ្តើម​រងា​ព្រឺ​ព្រួច​​​។​ កែវ​គ្រវី​ក្បាល​ហួស​ចិត្ត​នឹងសម្ត​ី​របស់​កំលោះ​ មុន​នឹង​​ឈាន​ជើង​​បន្ត​ទៅ​បន្ទប់​ដាក់​សម្ភារៈ​។​

«​នាង​ទៅតែ​ម្នាក់​ឯង​​ដូច្នេះ​ អាច​គ្រោះ​ថ្នាក់​ណា​ ឲ្យ​ខ្ញុំ​ទៅ​កំដរ​ល្អ​ជាង​!» បុរី​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ទេវបុត្រ​ជិះ​សេះ​ស​​ទៅ កំដរ​កែវ​។ នាង​ញញឹម​បន្តិច​ មុន​នឹង​បណ្តោយ​ឲ្យ​បុរី​ដើរ​តាម​។

តែ​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ​ ប្រហែល​ជា​គ្មាន​នរណា​ មាន​អារម្មណ៍​ចង់​លេង​​សើច​នឹង​​ពីរ​​នាក់​នេះ​លេង​​ទេ។ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត​គឺ​ អ្នក​ដែល​ឡើង​ទៅ​រម្ងាប់​អារម្មណ៍​នៅ​​បន្ទប់​គេង​ខាង​លើ​នោះ។ ការ​នៅ​ម្នាក់​ឯង​ នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ ​​ជា​រឿង​ដែល​​ធ្វើ​ឲ្យ​​​ម្នាក់ៗ​កើត​អារម្មណ៍​មិនសូវ​​ស្រួល​សោះ​​។

«ម៉ាលី…​ ​ពិត​ជា​មិន​អី​មែន​ឬ?» ដួង​ចន្ទ​ងាក​មក​​សម្លឹង​មយូរ៉ា​ដោយ​ក្តី​ព្រួយ​បារម្ភ​​ចំពោះ​មិត្ត​ភក្តិ​ដែល​នៅ​តែ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​ខាង​លើ​។ នាង​មិន​ចង់​ឲ្យ​ហេតុ​ការណ៍​កើត​ឡើង​ជាន់​ដាន​ចាស់​ម្តងទៀត​ទេ​។ នាង​ខ្លាច​​… ម៉ាលី​ជួប​គ្រោះ​ថ្នាក់​ដូច​ចំប៉ា​!

«បណ្តោយ​តាម​នាង​សិន​ចុះ​ល្អ​ជាង​… ខ្ញុំ​គិត​ថា​ ជួន​កាល​អាច​មិន​ដូច​អ្វី​ដែល​យើង​គិត​ក៏​ថា​បាន​…» ​ពិសិដ្ឋ​ផ្តល់​យោបល់​​។

«លោក​ចង់​បាន​ន័យថា​ម៉េច​?» មយូរ៉ា​មិន​យល់​ន័យ​ដែល​អ្នក​កំលោះ​និយាយ​បញ្ឆិត​បញ្ឆៀង​​។

«​ពេល​នេះ​យើង​​មិន​ទាន់​អាច​ពិសោធ​ដឹង​ទេ​ថា​ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មិត្ត​ភក្តិ​របស់​អ្នក​នាង​ត្រូវ​ស្លាប់​? អាច​ជា​វិញ្ញាណ…​ ឬ​ជា​​អ្វីដែលហួស​ពីធម្មជាតិ​​ ហើយ​ដែល​ពួក​នាង​ខ្លាច​ ឬ​ជួន​កាល​​អាច​ជា​ស្នាដៃ​របស់​ពួក​មនុស្ស​រោគ​ចិត្ត​ដែល​ចង់​សប្បាយ​ដោយ​ការតាម​​សម្លាប់​មនុស្ស​​ក៏​ថា​បាន​។» ពិសិដ្ឋ​ពន្យល់​។

«ចុះ​ហេតុ​អ្វី​ បាន​ជា​មាន​រូប​ថត​របស់​ពួក​នាង​ គ្រប់​ពេលដែល​មាន​ហេតុការណ៍​ស្លាប់​របស់​មនុស្ស​នៅ​ក្បែរ​ខ្លួន​? រឿង​នេះ​ឯង​ពន្យល់​ដូច​ម្តេច​​​វិញ​?» ចម្រុង​ផ្ទាល់​ក៏​ចង់​ដឹង​រឿង​នេះ​ដូច​គ្នា​។

«ខ្ញុំ​មិន​ហ៊ាន​ថា​ដូច​ម្តេច​ទេ តែ​ជួន​កាល​អា​ពួក​រោគ​ចិត្ត​អស់​នោះ​ អាច​ស្គាល់​ពួក​នាង​ក៏​ថា​បាន​… មាន​ធ្លាប់​ទៅ​ធ្វើ​អ្វី​ឲ្យ​នរណា​ក្តៅ​​ក្រហាយ​ឬ​ទេ?»

«ពួក​យើង​ មិន​ធ្លាប់​ធ្វើ​អ្វី​ឲ្យ​នរណា​ក្តៅ​ក្រហាយ​ទេ ​ប្រាកដ​ណាស់​ យើង​ពិត​ជា​​គ្មាន​សត្រូវ​​ទេ!» មយូរ៉ា​ ប្រកែក​ញ៉ាញ​​ក្រោយ​ពី​គិត​មួយ​សន្ទុះ​។ ដួង​ចន្ទ​ក៏​យល់​ដូច​គ្នា​ដែរ​។ ពិត​ណាស់​ ពួក​នាង​មិន​ធ្លាប់​​បង្ក​ភាព​ក្តៅ​ក្រហាយ​​ដល់​នរណា​​​ រហូត​ត្រូវ​ចង​គំនុំ​ដល់​ថ្នាក់​តាម​សម្លាប់​គ្នា​​នោះ​ទេ… ជួន​កាល​អ្វី​ដែល​មយូរ៉ា​កំពុង​​គិត​អាច​ជា​ការ​ពិត​ ទោះបី​ជា​មិន​សូវ​សម​ហេតុ​ផល​ក៏​ដោយ​។

វិញ្ញាណ​របស់​លក្ខណ៍​ មក​ទារ​បំណុល​វិញ​ហើយ!

ពួក​គេ​ទាំង​បួន​ដែល​នៅ​សល់​​ មិន​បាន​និយាយ​គ្នា​ទេ​បន្ទាប់​ពី​នោះ​។ អ្វី​ដែល​ពួក​គេ​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​ អង្គុយ​ចាំ​ឲ្យ​ភ្លើង​​នៅ​ក្នុង​ផ្ទះ​​ភ្លឺ​ឡើង​វិញ​។

ខ្មោច​លាក់​សាក​សព​១៦(២)

ម៉ាលី​អង្គុយ​បញ្ឈរ​ក្បាល​ជង្គង់​​​យ៉ាង​ក្រៀម​ក្រោះ​ នៅ​លើ​គ្រែ​គេង​ក្នុង​បន្ទប់​របស់​​កែវ​។ ពេល​វេលា​កន្លង​ទៅ​ជា​​ង​ដប់​នាទី​ហើយ​​ ដែល​ដាច់​ចរន្ត​​អគ្គិសនី​​​​ ហើយ​ក៏​​គ្មាន​សញ្ញា​ថា​អគ្គិសន​ី​នឹង​ត្រឡប់​មកវិញ​​ក្នុងពេល​ឆាប់ៗ​ដែរ​។ ពេល​នេះ​មាន​តែ​សំឡេង​ទឹក​ភ្លៀង​ដែល​នៅ​តែ​ធ្លាក់​មក​មិន​ដាច់​សូរ​… បង្ក​ភាព​ភ័យ​ខ្លាច​ដល់​​ស្រី​​យ៉ាង​ខ្លាំង​​ តែ​​អ្វីដែល​ធ្វើ​ឲ្យ​នាង​ជ្រើស​រើស​នៅ​ម្នាក់​ឯង​ ព្រោះ​នាង​មិន​ចូល​ចិត្ត​​ប្រើ​ខួរ​ក្បាល​គិត​ពេល​មាន​មនុស្ស​ច្រើន​ ដែល​ធ្វើ​ឲ្យ​នាង​គ្មាន​សមាធិ ​​​ក្នុង​ការ​រក​ផ្លូវ​ចេញ​​លើ​គ្រប់​បញ្ហា​ទាំង​អស់​បាន​។ នាង​ត្រូវ​ការ​រួប​​រួម​គំនិត​ទាំង​អស់​របស់​នាង​​ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​ខ្លួន​ឯង​។

តែ​នាង​នឹង​យក​អ្វី​ទៅ​តតាំង​ជា​មួយ​វិញ្ញាណ​ដែល​សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ធ្លាប់​ឃើញ​ផង​?

«កាន់​តែ​គិត​ កាន់តែ​​ស្មុគ​ស្មាញ​!» នាង​ស្រែក​គំហក​ដាក់​ខ្លួន​ឯង​ទាំង​ទឹក​ភ្នែក មុន​នឹង​ក្រោក​ចេញ​ពីគ្រែ​។

ពេលខ្លះ​ ​ការ​គិត​អ្វី​ដែល​ស្មុគ​ស្មាញ​ម្នាក់​ឯង​​ អាច​មិន​មែន​ជា​ដំណោះ​ស្រាយ​ដែល​ល្អ​ក៏​ថា​បាន​។ ជើង​ទាំង​ពីរ​ចាប់​ផ្តើម​ក្រោក​ចេញ​ពី​គ្រែ​ ហើយ​ដើរ​គើមៗ​​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​។… ជួន​កាល​ ការ​លាង​​សម្អាត​មុខ​នឹង​ទឹក​ត្រជាក់ៗ​ ក៏​​អាចជួយ​ឲ្យ​ស្រឡះ​ខួរ​ក្បាល​បាន​មួយ​កម្រិត​ដែរ​​។

នាង​ព្យាយាម​ដើរ​​​រាវ​រក​ផ្លូវ​ក្នុង​ភាព​ងងឹត​​ រហូត​ប៉ះ​ទ្វារ​បន្ទប់​ទឹក​ដែល​​ស្ថិត​នៅ​ជ្រុង​ខាង​ស្តាំ​នៃ​បន្ទប់​។ ដៃ​ទាំង​ពីរ​ព្យាយាម​តោង​របាទ្វារ​​ រហូត​ទៅ​ដល់​កន្លែង​លាង​មុខ​​ទាល់​តែ​បាន​។ ដៃ​ស្តាំ​ប្រញាប់​បើក​ក្បាល​រូប៊ីណេទឹក​ ហើយ​​ឈ្ងោក​លាង​សម្អាតមុខ​​ដែល​ប្រឡាក់​ញើស​ និង​​ល្អង​ធូលី​ពេញ​មួយ​ថ្ងៃ​។ ភាព​ស្រស់​ស្រាយ ​ចាប់​ផ្តើម​ជ្រួត​ជ្រាប​ចូល​ពេញ​ផ្ទៃ​មុខ​ដ៏​ស្រស់​ផូរ​ផង់​របស់​នាង​។ ស្នាម​ញញឹម​ចាប់​ផ្តើម​លេច​ឡើង​បន្តិច​ម្តង​ៗ​…

ប៉ុន្តែ​…

ពេល​ដែល​នាង​ងើយ​មុខ​ឡើង​ដើម្បី​​ឆ្លុះ​​កញ្ចក់​នោះ ខ្សែ​ភ្នែក​ក៏​ប្រទះ​ឃើញ​អ្វី​ម្យ៉ាង​​នៅ​ក្នុង​កញ្ចក់​​ដែលកំពុង​ស្ថិត​នៅ​ខាង​​ក្រោយ​ខ្នង​នាង!​ ញើស ​និង​ទឹក​ចាប់​ផ្តើម​ហូរ​មក​លាយ​ឡំ​គ្នា​នៅ​លើ​ផ្ទៃ​មុខ​​ រហូត​មិន​អាច​បែង​ចែក​​បាន​ថា​អ្វី ជា​អ្វី​។ កែវ​ភ្នែក​ចាប់​ផ្តើម​បើក​ធំ​ៗ​​ សុខ​ៗ​ជើង​ស្រាប់​តែ​ឈាន​ដើរ​លែង​រួច​ដែល​អាការៈ​នេះ​​​ច្រើន​តែ​កើតឡើង​​ក្នុង​ពេល​​ដែល​មនុស្ស​ភ័យ​ខ្លាំង​។ ចំណែក​នាង​ពេល​នេះ​ក៏​ស្ថិត​នៅ​ក្នុង​សភាព​ដូច​គ្នា​!

កែវ​​ភ្នែក​របស់​ម៉ាល​ី​ បើក​ធំៗ​​​សម្លឹង​​កញ្ចក់​នោះ​ឥត​ព្រិច​។​ ទោះជា​ភ្លើង​ក្នុង​បន្ទប់​ងងឹត​សូន្យ​ឈឹង​ តែ​នាង​ក៏​ល្មម​អាច​ដឹង​ថា នៅ​ក្នុង​បន្ទប់​នេះ​មិន​មែន​មាន​តែ​នាង​ម្នាក់​ទេ។ ជើង​របស់​នរណា​ម្នាក់​កំពុង​ឈរ​​លាក់​ខ្លួន​នៅ​ក្រោយ​វាំង​នន​​​ស។ ពន្លឺ​ចេញ​ពីផ្លេក​បន្ទោរ​​ធ្វើ​ឲ្យ​នាងមើល​ឃើញ​​រាងកាយ​ដែល​ឈរ​បាំង​​វាំង​នន​នោះ​​។

នេះ​ជា​លើក​ដំបូង​ដែល​នាង​មើល​​ឃើញ​… ខ្មោច!

ម៉ាលី​​ប្រញាប់​បិទ​ភ្នែក​ជា​បន្ទាន់​ នឹក​ដល់​ធម៌​ដែល​ប៉ាម៉ាក់​​ធ្លាប់​បង្រៀន​ឲ្យ​សូត្រ​មុន​ចូល​គេង​កាល​​នៅ​ក្មេងៗ​។ ធម៌​អាថ៌​ជា​ច្រើន​លេច​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​ជា​បន្ត​បន្ទាប់។​ ជួន​កាល​វា​អាច​ជួយ​នាង​បាន​!

នៅពេល​សូត្រ​ធម៌​ចប់​​​ នាង​ក៏​បើក​ភ្នែក​ឡើង​បន្តិច​ម្តងៗ​… គ្មាន​អ្វី​នៅ​ក្នុង​បន្ទប់​ទៀត​ឡើយ​ នាង​នឹក​អរគុណ​ប៉ា​និង​ម៉ាក​់​ជា​ខ្លាំង​ ​ដែល​បង្រៀន​ធម៌​ល្អៗ​ទុក​​សម្រាប់​ការ​ពារ​គ្រោះ​កំណាច​ ហើយ​លើក​នេះ​​វា​ក៏​មាន​ប្រយោជន​៍​ពិត​​មែន​។ នាង​នឹក​សប្បាយ​ចិត្ត​ម្តង​ទៀត​ មុន​នឹង​ងាក​ក្រោយ​ដើម្បី​ត្រឡប់​ទៅ​រក​មិត្ត​ភក្តិ​វិញ​​ បើ​រឹង​ទទឹង​នៅ​ម្នាក់​ឯង​បែប​នេះទៀត​ នាង​ច្បាស់​ជា​ជួប​អ្វី​ដែល​មិន​ចង់​ឃើញ​ទៀត​មិន​ខាន​។​

ខណៈ​​ដែល​នាង​បែរ​ក្រោយ​​ឈាន​ជើង​ចេញ​ទៅ​វិញ​​ ស្រាប់​តែ​ស្រមោល​នោះ ក៏​​​ត្រឡប់​មក​លេច​ឡើង​​នៅ​ចំពោះ​មុខ​យ៉ាង​ទាន់​ហន់​ ​​ដោយ​មិន​​​បាន​ត្រៀម​ខ្លួន​ទុក​​ជា​មុន​។ ដៃ​ទាំង​ពីរ​របស់​វាស្ទុះ​ចូល​មក​រក​នាង​​ពី​ខាង​មុខ​ ដោយ​​យក​​ដៃ​ម្ខាង​​ខ្ទ​ប់​មាត់​​នាង​ជាប់​ ឯ​ដៃ​ម្ខាង​ទៀត​​ចាប់​ក្របួច​​សក់​ជាប់​​។ ខ្សែ​ភ្នែក​របស់​វា​​ផ្តោត​ទៅ​លើ​កញ្ចក់​ធំ​​ មុន​នឹង​ស្នាម​ញញឹម​ប្រៀប​ដូច​មច្ចុរាជ​​ ចាប់​ផ្តើម​លេច​ឡើង​យ៉ាង​យឺត​ៗ​… រំពេច​នោះ​ ​ដៃ​​ដែល​ចាប់​ក្របួច​​សក់​របស់​តូច​តន់​ ក៏​ចាប់​កន្ត្រាក់​​ទៅ​កាន់​គោល​ដៅ​​យ៉ាង​ខ្លាំង​!!

ប៉័ង!!…​​ ប្រាវ!!​​

«សំឡេង​អី​ហ្នឹង??» រាជបុរី​​ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​​ទុក​សម្ភារៈ​ឧទាន​ឡើង​។ ដៃ​របស់​គេ​នៅ​តែ​លូក​រាវ​រក​​ពិល​នៅ​ក្នុង​បន្ទប់​ងងឹតដ៏​សែន​តូច​ចង្អៀត​​។ ខ្សែ​ភ្នែក ​សម្លឹង​​មើល​ជុំ​វិញ​បន្ទប់​យ៉ាង​ញញើត​ញញើម​។

«ម៉ាលី!» ចម្រុង​ស្រែក​ហៅ​ឈ្មោះ​នាង​ រួច​​ស្ទុះ​​រត់​ឡើង​​ទៅ​ជាន់​លើដែល​ជា​​បន្ទប់​​របស់​កែវ​។ អ្នក​ដទៃ​ទៀត ​ក៏​រត់​តាម​ពី​ក្រោយ​យ៉ាងប្រកិត​។ គេ​ព្យាយាម​​រុញ​​ទ្វារ​ចូល​​ តែ​ទ្វារ​មិន​រង្គោះ​រង្គើ​សោះ​សូម្បី​តែ​បន្តិច​។​​

ទ្វារ​ដាក់​គន្លឹះ​ពី​ខាង​ក្នុង​!

ក្បាល​របស់​ម៉ាល ី​បោក​នឹង​កញ្ចក់​​ក្នុង​បន្ទប់​ទឹក​ពេញ​មួយ​ទំហឹង​​ រហូត​កញ្ចក់​បែក​​ខ្ទេច​ខ្ទី​។ នារី​កម្សត់​​បាន​ត្រឹម​តែ​​បណ្តោយ​ខ្លួន​ទៅតាម​យថាកម្ម ​​ដោយ​មិន​អាច​តប​ត​អ្វី​បាន​។ ឈាម​ចាប់​ផ្តើម​ហូរ​ចេញ​ពី​ក្បាល​​ ព្រម​ជាមួយ​ក្លិន​ឆ្អាប​ធុំ​ឈួល​ពេញ​បន្ទប់​។

ស្រមោល​ដែល​មិន​បាន​ហៅ​មក​​ សម្លឹង​មើល​លទ្ធផល​នៃអំពើ​របស់​​ខ្លួន​យ៉ាង​មាន​សេចក្តីសុខ​។ សក់​កន្រ្ទីង​កន្ទ្រើង​ និង​សម្លៀក​បំពាក់​គេង​ដាច់​ដោច​វែង​អូស​ដី​ ធ្វើ​ឲ្យ​ម៉ាលី​នឹក​ដល់​ខ្មោច​នៅ​ក្នុង​រឿង​​កុន​ភ័យ​រន្ធត់​ដែល​នាង​ធ្លាប់​មើល​កន្លង​មក​។ តែ​លើក​នេះ​ជា​ការ​ពិត!

«លក្ខណ៍…» នាង​ពោល​ខ្សាវ​ៗ​ដាក់​ស្រមោល​ខ្មៅ​។ រូប​ភាព​ចាប់​ផ្តើម​ស្រពិច​ស្រពិល​​ ព្រោះ​ក្បាល​បោក​ត្រូវ​យ៉ាង​ខ្លាំង​នឹង​កញ្ចក់​ ប៉ុន្តែ​នេះ​​ជា​ល្បែង​ដ៏​សែន​សប្បាយ​របស់​វា​​។ វា​ឈ្ងោក​យក​បំណែក​កញ្ចក់​ធំ​មួយ​​ដែល​បែក​ជា​រាង​ធ្មេញ​ត្រី​​មក​ក្តោប​ក្នុង​ដៃ​ ខ្សែ​ភ្នែក​នៅ​តែ​ផ្តោត​សម្លឹង​រាង​កាយ​ដែល​ដេក​ស្តូក​ស្តឹង​នៅ​លើ​ឥដ្ឋ​។

ពេល​នេះ​នាង​មិន​អា​ច​តប​ត​អ្វី​នឹង​រាង​កាយ​ដែល​​កំពុង​ត្រួត​ត្រា​លើ​​ជីវិត​នាង​បាន​ឡើយ​។

ទឹក​ភ្នែក​ចាប់​ផ្តើម​ហូរ​ចេញ​មក​បន្តិច​ម្តង​ៗ​ មុន​នឹង​បាត់​ស្មារតី​។ ឈាម​នៅ​តែ​បន្ត​​ហូរ​​ចេញ​ពី​ក្បាល​ ដែល​មាន​សភាព​​ដូច​នាង​រអិល​បោក​ក្បាលនឹង​ឥដ្ឋ​។ ភាព​​​ឈឺ​ស្ពឹក​ចាប់​ផ្តើម​ចូល​ជ្រួត​ជ្រាប​​ពេញ​ក្បាល​ទាំង​មូល​ ហើយ​ទីបំផុត​នាង​ក៏​​សន្លប់លែង​ដឹង​​ខ្លួន​​។

សូមរង់​ចាំ​អាន​វគ្គ​បន្ត!​

Read Full Post »


06126-1

***វគ្គ​មុន​ អ្នក​និពន្ធ​ចង់​ដាក់​ សាក​សព​បន្ទាប់​ជា មយូរី តែ​ពេល​នេះ​សុំ​ដូរ​ជា ម៉ាលី វិញ​ ដោយ​មាន​ហេតុ​ផល​មួយ​ចំនួន​។

វគ្គ​១៥

រឿង​ដែល​ត្រូវប្រាប់

 

ទីត! ទីត!…

ទីត! ទីត!…

ទីត! ទីត!…

«អាឡូ កែវ​!»

«ម៉ាលី… ​ម៉ាលី មែន​ទេ? ពេល​នេះ​ឯង​នៅ​ឯណា?»

«ចិត្ត​ត្រជាក់ៗ តើ​មាន​រឿង​អី?»

«ចុះ​ឯង​នៅ​ឯណា?»

«គ្នា​កំពុង​ចេញ​ពី​មន្ទីរពេទ្យ​ ដួង​ចន្ទ និង​មយូរ៉ា​មក​ទទួល​។»

«​ល្អ​ណាស់អ៊ីចឹង​ ឯង​ប្រញាប់​មក​ផ្ទះ​របស់​គ្នា​ជា​ប្រញាប់​ណា… ឥឡូវ​នេះ​តែ​ម្តង​!» កែវ​ព្យាយាម​​កាត់​សេចក្តី​ឲ្យ​បាន​លឿន​ និង​ឆាប់​យល់​ន័យ​បំផុត​ មុន​នឹង​ការ​សន្ទនា​បញ្ចប់​។

 

ចាប់​តាំង​ពីការ​លេច​ខ្លួន​របស់​បុរស​ទាំង​បី​ ធ្វើ​ឲ្យ​រឿង​រ៉ាវ​កាន់​តែ​ចលាចល​ឡើងជា​លំដាប់​​។ ​ក្នុង​នោះ ​ចម្រុង​​​ជា​អ្នក​​ចង់​​ស៊ើប​ពីការ​ស្លាប់​​ដ៏​អាថ៌កំបាំង​របស់​សុភ័ក្ត្រ​ ចំណែក​ពិសិដ្ឋ​តែង​តែ​​តាម​តោង​កន្ទុយ​ចម្រុង​តាំង​ពី​ដើម​រៀង​​មក។​ មិន​តែ​ប៉ុណ្ណោះ ​នៅ​មាន​​ប្អូន​ប្រុស​​របស់​ពិសិដ្ឋ​ឈ្មោះ​​បុរី​​​ ចូល​មក​​បន្ថែម​ភាព​វឹក​វរ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នេះ​ទៀត​​ ទើប​ពួក​គេ​ទាំង​បី​ ចូល​មក​​ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​អស់​នេះ​​ដោយ​មិន​បាន​តាំង​ចិត្ត​។ គ្រាន់​តែ​ភ​ាព​ចង់​ដឹង​ចង់​ឮ​​​ប៉ុណ្ណោះ ​ធ្វើ​ឲ្យ​​​ពួក​គេ​ធ្លាក់​ចូល​ក្នុង​អណ្តូង​​គ្រោះ​ថ្នាក់​ជាមួយ​ក្រុម​ស្រីៗ​ដែរ​ ហើយ​ប្រាកដណាស់ លក្ខណ៍​ច្បាស់​ជា​មិន​បណ្តោយ​ឲ្យ​​​ជន​ដែល​បាន​​ដឹង​អាថ៌កំបាំង​ ឬ​ព្យាយាម​ស៊ើប​រឿង​នេះ​បាន​រួច​ជីវិត​ឡើយ​!

វដ្ឋចក្ក ​របស់​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់គ្នា​ពី​មុន​ ត្រូវ​មក​ពាក់​ព័ន្ធ​​នឹង​​រឿង​ហួស​ពី​ធម្មជាតិ​ដែល​ត្រូវ​​ដោះ​ដូរ​ដោយ​ជីវិត​!

«ម៉ាលី​ដឹង​រឿង​ហើយ​ មែនទេ?» ពិសិដ្ឋ​សួរ​ដោយ​ក្តី​ព្រួយ​បារម្ភ​។

«​ខ្ញុំ​មិន​ទាន់​បាន​​ប្រាប់​អ្វី​លើស​ពី​នេះ​ទេ។ ខ្ញុំ​ខ្លាច​​ម៉ាលី​​​ភ័យ ​និង​តក់​ស្លុត​ជាង​នេះ។​ ត្រឹម​រឿង​របស់​មិត្ត​នាង​ដែល​ឈ្មោះ​អាំ​​ ម៉ាលី​​ស្ទើរ​ក្លាយ​ជា​​ឆ្កួត​ទៅ​ហើយ​ ទម្រាំ​​បើ​​​​ដឹង​ថា អ្នក​បន្ទាប់​គឺ​ជា​រូប​នាង​​ ច្បាស់​ជា​យ៉ាប់​ជាង​នេះ​មិន​ខាន។» កែវ​ពន្យល់​ហេតុ​ផល​ឲ្យ​បុរស​ទាំង​ពីរ​​ស្តាប់​។

«ឈប់​សិន​បង… នេះ​ពួក​បង​កំពុង​នាំ​គ្នា​ធ្វើ​រឿង​អ្វី? តើ​រឿង​នេះ​ខ្ញុំ​គួរដឹង​ដែរ​ឬទេ?» បុរី​សម្លឹង​មុខ​​បង​ប្រុស​របស់​គេ​​យ៉ាងម៉ឺង​ម៉ាត់​​។

«​ដំបូង​​យើង​ថា​អត់​ទេ… តែ​ឥឡូវ​យើង​ថា​ឯង​ត្រូវ​តែ​ដឹង​ហើយ!»

កែវ​ចាប់​ផ្តើម​ពន្យល់​រឿង​រ៉ាវ​​ផ្សេងៗ ​​ដែល​កើត​ឡើង​​តាំង​ពី​ដំបូង​​ទាំ​ង​អស់​ ស្រប​គ្នា​នឹង​ចម្រុង​​ដែល​​ជួយ​បន្ថែម​​​ហេតុ​ការណ៍​ដែល​កើត​ឡើង​ពី​ម្សិល​មិញ​ឲ្យ​បុរី​ស្តាប់​។

គ្រឺង​… គ្រឺង​…

កណ្តាល​​កិច្ច​សន្ទនា​ដែល​ហាក់​ដូច​ជា​តាន​តឹង​នោះ សុខៗ​សំឡេង​កណ្តឹង​នៅ​មុខ​ផ្ទះ របស់​កែវ​ក៏​លាន់​ឡើង​​។ វេលា​ថ្មើរ​នេះ​ល្ងាច​ណាស់​ទៅ​ហើយ​ ប៉ា​ម៉ាក់​របស់​កែវ​ក៏​ទៅ​វត្ត​អស់​​ដែរ​ ទើប​នៅ​ក្នុង​ផ្ទះនៅ​សល់​តែ​បុរស​ទាំង​បី​​ ហើយ​និង​កែវ​ប៉ុណ្ណោះ។

«ម៉ាលី!» កែវ​ឧទាន​​ឈ្មោះ​របស់​​មិត្ត​ មុន​នឹង​ប្រញាប់​រត់​​សំដៅ​​មាត់​ទ្វា​រ​ផ្ទះ។ ពិត​ជា​មិត្ត​របស់​នាង​មែន ដែល​មក​បង្ហាញ​ខ្លួន​​នៅ​ចំពោះ​មុខ​។

«​ហេតុ​អ្វី​ឯង​ទើប​តែ​មក​ គ្នា​បារម្ភ​នឹង​ឯង​ខ្លាំង​ណាស់។» កែវ​ជជីក​សួរ​មិត្ត​ដោយ​ក្តី​ព្រួយ​បារម្ភ​។ ចំណែក​ម៉ាលី​បាន​ត្រឹម​តែ​ធ្វើ​មិងមាំង​​ងឿង​ឆ្ងល់​។

«គឺ​មក​ពី​មយូរ៉ា​សុំ​មក​គេង​នៅ​ផ្ទះ​គ្នា​ ទើប​គ្នា​ឲ្យ​​ដួង​ចន្ទ​​ឆៀង​​ទៅ​យក​សម្ភារៈ​នៅ​ផ្ទះ​របស់​មយូរ៉ា​។ ឥឡូវ​សម្ភារៈ​ទាំង​អស់​នៅ​ក្នុង​ឡាន​របស់​​ដួង​ចន្ទ​រួច​រាល់​​ហើយ​!»

«និយាយ​អ៊ីចឹង​ ហៅ​ម៉ាលី​មក​ផ្ទះ​ឯង​​​ តើ​មាន​រឿង​អ្វី​ឬកែវ?» ដួង​ចន្ទ​សួរ​រឿង​ដែល​​​មន្ទិល​ក្នុង​ចិត្ត​​​ជាប់​ក្នុង​ប៉ុន្មាន​ម៉ោង​មុន​នេះ​។​​​

«ច…ចូល​ក្នុង​​សិន​មក!» កែវ​និយាយ​ ព្រម​ទាំង​ដើរ​នាំ​មុខ​ចូល​ទៅ​ ​ដែល​បង្ក​ភាព​ងឿង​ឆ្ងល់​​ដល់​មិត្ត​ទាំង​បី​​កាន់​តែ​ខ្លាំង​។ លុះ​ចូល​ទៅ​ដល់​ក្នុង​​បន្ទប់​ទទួល​ភ្ញៀវ​ អ្វី​ដែល​អ្នក​ទាំង​បី​ឃើញ​គឺ…

«​ម៉េច​ក៏​ពួក​លោក​នៅ​​ក្នុង​ផ្ទះ​មិត្ត​របស់​ខ្ញុំ​ដែរ​??» ដួង​ចន្ទ​សួរ ​ដោយ​សំឡេង​ច្រឡោត​តាម​និស្ស័យ​​របស់​នាង​។

«កុំ​ភ្លេច​ថា​… ខ្ញុំ​គឺ​ជា​មិត្ត​របស់​អាភ័ក្ត្រ​ណា!» ពិសិដ្ឋ​​ ញាក់​ចិញ្ចើម​តប​​យ៉ាង​មាន​ប្រៀប​​ ដែល​អាច​​ពោល​ស៊ក​សៀត​​​ស្រី​ស្រស់​ដែល​​ឈរ​​ធ្វើ​មុខ​​ក្រញូវ​នៅ​ចំពោះ​មុខ​​ពេលនេះ​បាន​។​

«ឥឡូវ​ អាច​ប្រាប់​បាន​ហើយ​ឬ​នៅ​ថា… ហៅ​គ្នា​មក​ទី​នេះ​ធ្វើ​អី??» ម៉ាលី​ចាប់​ផ្តើម​រសាប់​រសល់​នៅ​មិន​សុខ​​។

ពិសិដ្ឋ ​និង​ចម្រុង​ងាក​មើល​មុខ​គ្នា ​ដោយ​គ្មាន​នរណា​ហ៊ាន​និយាយ​អ្វី ទើប​កែវ​លើក​យក​ភេសជ្ជៈ​មក​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ផឹក​រម្ងាប់​​ការ​ចង់​ដឹង​ចង់​ឮ​​ ដែល​កំពុង​ដុត​រោល​អារម្មណ៍​គ្រប់ៗ​គ្នា​ មុន​នឹង​អង្គុយ​ចុះ​​ជាមួយ​គេ​​ឯង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​។

កែវ​សម្លឹងមុខ​របស់​ម៉ាលី​ មុន​នឹង​ហុច​រូប​ថត​​ដែល​ពិសិដ្ឋ​បាន​មក​ពី​​សាក​សព​របស់​​ចំប៉ា​។ រូប​ថត​របស់​ពួក​នាង​​​ដែល​ថត​លេង​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​​​កាល​រៀន​ថ្នាក់​ទី​៥​។ ស្នាម​ញញឹម​​​ដ៏​បរិសុទ្ធ​នៅ​តែលេច​ឡើង​​គ្មាន​ថ្ងៃ​សាប​សូន្យ​។ ម៉ាលី​បាន​ត្រឹម​តែ​បើក​ភ្នែកធំៗ​​ ពេល​ឃើញ​រូប​ថត​មួយ​សន្លឹក​នោះ។

«​រូប​ដែលមាន​ស្នាម​​គូស​ក្រវេម​ក្រវាម​​គឺ​លក្ខណ៍​ និង​ចំប៉ា​… ចំណែក​អ្នក​ដែល​​មាន​គំនូស​រង្វង់​ពី​លើ​គឺ​ឯង​​…» កែវ​​ចាប់​ផ្តើម​សំឡេង​ញ័រ​។

«​ខ្ញុំ​ខ្លាច​ក្រែង​ថា អ្នក​នាង​នឹង​មាន​គ្រោះ​ថ្នាក់ ទើប​​ប្រាប់​​ឲ្យ​កែវ​ហៅ​​មក​​ទីនេះ​ ព្រោះ​ជួន​កាល​នៅ​គ្នា​ច្រើន​ប្រសើរ​​ជាង​នៅម្នាក់ឯង​ មែនទេ?…» ពិសិដ្ឋ​សម្លឹងមុខ​ម៉ាលី​យ៉ាង​ទន់​ភ្លន់​ធ្វើ​ឲ្យ​​នាង​គេ​ច​មុខ​ចេញ​ពី​ខ្សែ​ភ្នែក​​ដែល​បង្កប់​​​ដោយ​ន័យ​​ព្រួយ​បារម្ភ​មួយ​គូ​នោះ​។​​

«​តើ​នរណា​ជា​អ្នក​បង្ក​រឿង​នេះ??» ម៉ាលី​សួរ​កែវ​ដែល​អង្គុយ​នៅ​ចំពោះ​មុខ​។

«ពេល​នេះ​យើង​មិន​ដឹង​ទេ​ថា នរណា​ឬ​អ្វី ដែល​តាម​ប្រមាញ់​ពួក​យើង ដឹង​ត្រឹម​ថាវា​បាន​សម្លាប់​​ចំប៉ា​រួច​ហើយ… ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ជួប​គ្រោះ​ថ្នាក់​ បន្ត​ទៀត​ទេ… ខ្ញុំ​មិន​ចង់​បាត់​បង់​មិត្ត​​សម្លាញ់​ទៀត​ទេ!» កែវ​និយាយ​ ព្រម​ទាំង​ស្ទុះ​ទៅឱប​​ម៉ាលី​យំ​ខ្សឹក​ខ្សួល​។

គ្រប់​គ្នា​​ដឹង​ច្បាស់​ថា​ កែវ​មាន​អារម្មណ៍​បែប​ណា។ នាង​មិន​ចង់​​ឃើញ​នរណា​​ ជួប​​បញ្ហា​អ្វី​​ទៀត​ទេ​ រួម​ទាំង​អ្នក​ដទៃ​ទៀត​ដែល​កំពុង​អង្គុយ​នៅ​ទីនេះ​។ បរិយាកាស​ចាប់​ផ្តើម​តាន​តឹង​ឡើង​ជា​លំដាប់​ រហូត​គ្មាន​នរណា​និយាយ​អ្វី​​សោះ។ ខ្យល់​​​​ត្រជាក់​​ពី​ខាង​ក្រៅ​ រសាត់​ចូល​មក​ធ្វើ​ឲ្យ​​សម្លឹង​មុខ​គ្នា​ព្រឺ​សម្បុរ​គីង្គក់។ យូរៗ​ម្តង​ ខ្យល់​​បក់​បោក​​ផ្ទប់​​បង្អួច​ខ្លាំង​ៗ ​ដូច​ខឹង​សម្បារ​​​នឹង​ជន​​ទាំង​អស់​​ដែល​កំពុង​ជំនុំ​គ្នា​​ក្នុង​ផ្ទះ​ដ៏​ធំ​ស្កឹម​ស្កៃ​នេះ​។ ​ផ្គរ​លាន់​គ្រហឹម​ក្អឹលៗ​ចេញ​ពី​ក្រហែង​មេឃ​​ ហាក់​កំពុង​​ស្រែក​គម្រាម​​​ដល់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន​។ ​ផ្លេក​បន្ទោរ​ជះ​ពន្លឺ​ឆ្វាប់ៗ ដូច​ពន្លឺ​ភ្នែក​របស់​នរណា​ម្នាក់​កំពុង​សម្លក់​សម្លឹង​មក​។ ទីបំផុត ​​តំណក់​ភ្លៀង​​គ្រាប់​ធំៗ​ដូច​ដុំ​គ្រួស​ក៏​បង្អុរ​​ចុះ​​ពី​លំហ​មេឃ​​ផ្ទប់​នឹង​ដំបូល​​កើត​ជា​សំឡេង​​​ខ្ទរ​ខ្ទារ​…

…ប្រៀប​ដូច​មាន​មនុស្ស​លោត​ទន្ទ្រាំ​នៅ​លើ​ដំបូល​ផ្ទះ​យ៉ាង​សប្បាយ​រីករាយ​។

ភ្លៀង​ចាប់​​ផ្តើម​បង្អុរ​ធ្លាក់​​ខ្លាំង​ឡើង​ៗ​​ លាយឡំ​នឹង​សំឡេង​​​ផ្គរ​រន្ទះ​​មិន​ឈប់​ឈរ​។ ​ផ្លេក​បន្ទោរ​​​ជះ​ពន្លឺ​​​ព្រាកៗ​​ពេញ​ផ្ទ​ះ​របស់​កែវ​។​​ គ្រប់​គ្នាបាន​ត្រឹម​​សម្លឹង​មើល​ជុំវិញ​បន្ទប់​ទទួល​ភ្ញៀវ​​ដោយ​ភាព​តក់​ស្លុត​​ និង​ក្តី​ព្រួយ​បារម្ភ​។ គ្រាប់​ភ្លៀ​ង​​ធំៗ​ធ្លាក់​លើ​​បង្អួច​​កញ្ចក់ ​ឆ្លុះ​នឹង​ស្បៃ​ងងឹត​នៅ​ខាង​ក្រៅ ​មើល​ទៅ​ឃើញ​ដូច​ដំណក់​ឈាម​ដែល​កកឡើង​ពណ៌​ជាំ​ខ្មៅ​​។ ខណៈ​​ដែល​គ្រប់​គ្នា​កំពុង​​តក់​ស្លុត​នឹង​ហេតុការ​ណ៍​ដែល​​នឹក​ស្មាន​មិន​ដល់ អ្វី​ម្យ៉ាង​ក៏​មក​លេង​កំប្លែង​ជាមួយ​ពួក​គេ!

ភឹប!!

រំពេច​នោះ​ ភ្លើង​ក្នុង​ផ្ទះ​កែវ​ទាំង​មូល​រលត់​សូន្យ​ឈឹង​។ ភាព​ងងឹត​ចាប់​ផ្តើម​ចូល​មក​គ្រប​ដណ្តប់​​ភូមិគ្រឹះ​ទាំង​មូល​​ដោយ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។​​ …ឬ​មួយ​នេះ​ ជា​​សញ្ញា​គ្រោះថ្នាក់​​ឲ្យ​ជន​រង​គ្រោះ​បាន​ត្រៀម​ខ្លួន​ជា​មុន​ថា មិន​យូរ​ទៀត​ នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង​??

តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ក្រោយភ្លើង​ដាច់?? សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


u're-die-1

ម្រឹត្យូវ​

មាន​គេ​ខ្សឹប​ប្រាប់​ឲ្យ​ទៅសម្លាប់​ខ្លួន​..

ខណៈ​ដែល​ខ្ញុំ​​កំពុង​អង្គុយ​រង់ចាំ​​ឲ្យ​នាឡិកា​ដើរ ​​រហូត​ទ្រនិច​​វែង​​ចង្អុល​​លេខ​១២​ និង​ទ្រនិច​ខ្លី​ចង្អុល​លេខ​៥​ ​គឺ​ជា​ពេល​វេលា​មួយ​​ដែល​យឺត​យូរ​ខ្លាំង​ណាស់។​ ​អាច​ព្រោះ​មុន​នេះ​ ជីវិត​ខ្ញុំ​​គួរ​ឲ្យ​ធុញ​ទ្រាន់​ហៅ​មិន​ឮ​​​ ក្រោក​ពី​ព្រលឹម​ ងូត​ទឹក​ តុប​តែង​ខ្លួន​ ទៅធ្វើ​ការ​​អង្គុយ​​កែ​​អក្ខរាវិរុទ្ធ​​របស់​អ្នក​និពន្ធ ​​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​តិច​តួច​បំផុត។​ តែ​បើ​មើល​នៅ​ក្នុង​​ផ្លូវ​វិជ្ជមាន​ ខ្ញុំ​គឺ​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​បាន​អាន​ស្នាដៃ​​សំណៅ​​ដើម​របស់​អ្នក​និពន្ធ​​មុន​នរណា​ទាំង​អស់​ ដែល​បើ​ជា​រឿង​ល្អ​មើល​ក៏​​គ្រាន់​បើ​​ តែ​​អ្នក​និពន្ធ​ខ្លះ​ ខ្ញុំ​នៅ​នឹក​​ឆ្ងល់​ថា​ តើ​ពួក​គេ​ប្រើ​អ្វី​សរសេរ?

ទី​បំផុត​​ម៉ោង​ប្រាំ​ល្ងាច​ក៏​ចូល​មក​ដល់​។ ខ្ញុំ​រៀប​ចំ​កាតាប​ចេញ​ពី​ការិយាល័យ​​ធ្វើ​ការ​ជា​បន្ទាន់​ ដោយ​មិន​បាច់​រង់​ចាំ​ឲ្យ​នរណា​មក​ប្រាប់​ទេ​។ ការ​ពិត​​ពួក​គេ​ក៏​មិ​ន​បាន​​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​​​ដែរ​ តែ​​ម្នាក់​ៗ​សុទ្ធ​តែ​ដឹង​រៀង​ៗ​ខ្លួន​ហើយ ​នៅ​ពេល​មើល​ទៅ​អ្នក​ជុំ​វិញ​ ​ឃើញ​​​នរណា​ៗ​ក៏​រៀប​ចំ​ខ្លួន ដើម្បី​​ចេញ​​​ទៅ​​​ដោយ​​មិន​បាច់​​ណាត់​ទុក​ជាមុន​។ ខ្ញុំ​ញញឹម​​បែប​អស់​សំណើចតិច​ៗ ​​នៅពេល​​ឃើញ​គ្រប់​គ្នា​​មាន​ចិត្ត​ស្រប​គ្នា​។

ផ្លូវ​ដោយ​ថ្មើរ​ជើង​ ​ពី​កន្លែង​ធ្វើ​ការ​មក​កាន់​​បន្ទប់​ជួល​ ​ ប្រើ​ពេល​​មួយ​ម៉ោង​ល្មម​។ ហេតុ​អ្វី​មិន​ជិះ​  ម៉ូតូ​? មាន​អ្នក​ខ្លះ​ធ្លាប់​សួរ​ខ្ញុំ​អ៊ីចឹង​។ តែ​តើ​មាន​ប្រយោជន៍​អ្វី​ បើ​ពេល​​ទៅ​ដល់​បន្ទប់​ជួល​ក៏​មិន​ខុស​អ្វី​ពី​​​ពេល​​​កំពុង​ធ្វើ​ការ​​? ការ​បាន​​​​ឃើញ​មនុស្ស​ម្នា​ដើរ​ទៅមក​​នៅ​តាម​​ដង​ផ្លូវ​ ​​​​ធ្វើ​ឲ្យ​ខ្ញុំ​​​គ្រាន់​​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​រស់​នៅ​ក្នុង​សង្គម​ច្រើន​ជាង​​។ ការ​មើល​មនុស្ស​ដើរ​ឆ្លង​កាត់​ទៅ​មក​​ គឺ​ជា​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ​​ក្នុង​ពេល​ដើរ​ត្រឡប់​​មក​ផ្ទះ​។

ព្រោះ​ជួន​កាល​មនុស្ស​អស់​នោះ​​ មាន​រឿង​កំប្លែង​ៗ​ដែល​​មិន​បាច់​​រក​ទិញ​នៅ​ទី​ផ្សារ​​ឲ្យ​ខ្ញុំ​មើល​​ ដូច​ជា​អ្នក​ខ្លះ​ធ្វើ​ម៉ូដ​សក់​មិន​សម​នឹង​រូប​រាង​​ខ្លួន​សោះ ឬ​អ្នក​ខ្លះ​​មុខ​មាត់​មើល​មិន​បាន ​តែ​​​មាន​​សង្សារ​ស្អាត​​ដូច​តួ​កុន​​។ លោក​អ្នក​ស្តាប់​ហើយ​ប្រហែល​ជា​​​គិត​​​ថា​ ​គ្មាន​អី​​​កំប្លែង​ត្រង់​ណា​​ផង​! តែ​សម្រាប់​ខ្ញុំ… ​វា​កំប្លែង​ខ្លាំង​ណាស់​។

«​ទៅ​ងាប់​ទៅ!»

​រំពេច​នោះ​ ស្រាប់​តែ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ បាន​ឮ​សំឡេង​​អ្វី​ម្យ៉ាង​។ វា​ប្រៀប​ដូច​ជា​សំឡេងខ្សឹប​ក្បែរ​​ៗ​ត្រចៀក​​។ ខ្ញុំ​ព្រិច​ភ្នែក​ចុះ​ឡើង​​ពីរ​បី​ដង​ ស្រាប់​តែ​​ឃើញ​ខ្លួន​ឯង​មក​ឈរ​នៅ​កណ្តាល​ថ្នល់​ ដោយ​មាន​យាន​យន្ត​បើក​​​កាត់​​ទៅ​មក​យ៉ាង​លឿន​​ស្លេវ​។ មាន​មនុស្ស​បើក​កញ្ចក់​​ស្រែក​​ជេរ​បន្ត​កន្ទុយ​គ្នា​​ ពេល​ពួក​គេ​​បើក​រថយន្ត​​គេច​​ពី​​ខ្ញុំ​។

«​​អា​ចង្រៃ​! ​ចង់​ងាប់​ឬ​យ៉ាង​ម៉េច ​បាន​មក​ឈរ​នៅ​កណ្តាល​ថ្នល់​​!!!»

នរណា​ប្រាប់​ថា​ខ្ញុំ​ចង់​​ងាប់​ ខ្ញុំ​មិន​ចង់​ងាប់​ទេ ​តែ​ហេតុ​អ្វី​ខ្ញុំ​មក​ឈរ​នៅ​ត្រង់​នេះ? តែ​ពេល​នេះ ​មិន​មែន​ជា​ពេល​ដែលខ្ញុំ​ត្រូវ​​មក​គិត​ថា ​ហេតុ​អ្វី​នោះទេ តែ​គួរ​គិត​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ខ្ញុំ​ចេញ​ពី​កណ្តាល​ថ្នល់​មច្ចុ​រាជ​​​នេះ​។ ខួរ​ក្បាល​ខ្ញុំ​បញ្ជា​មួយ​រំពេច​។

«​បែរ​ខ្នង​ត្រឡប់​​ទៅវិញ​ទៅ​!»

ខ្ញុំ​ងាក​មើល​ឆ្វេង​ស្តាំ ​មុន​នឹង​ឆ្លង​ថ្នល់​ត្រឡប់​​ទៅ​កន្លែងដើម​ ​ដែល​ខ្លួន​ឯង​ធ្លាប់​ដើរ​មុន​នឹង​មក​ឈរ​នៅ​កន្លែង​​នេះ​។ ក្រោយ​ពី​ខ្ញុំ​ឆ្លង​មក​ដល់​ចិញ្ចើម​ថ្នល់​​មិន​ដល់​មួយ​វិនាទី​ផង​ ក៏​ឃើញ​រថយន្ត​កុង​តឺន័រ​​បើក​កាត់​កណ្តាល​ថ្នល់​មួយ​រំពេច​។ រោម​គ្រប់​កន្លែង​បះ​ច្រាង​​ភ្លាម​ៗ​​ នៅពេល​នឹក​ឃើញ​ថា ​បើ​ខ្ញុំនៅ​ឈរ​កន្លែង​​នោះ​​ រាង​កាយ​ខ្ញុំ​មិន​ដឹង​ជា​ត្រូវ​កិន​ល្អិត​​ដល់​កម្រិត​ណា​ទេ​។ ខួរ​ក្បាល​របស់​ខ្ញុំ​គិត​ចុះ​​គិត​​ឡើង​​នឹង​ហេតុ​ការណ៍​អម្បាញ់​មិញ ​រហូត​មិន​បាន​​ចាប់​អារម្មណ៍​ថា​ ជើង​របស់​ខ្លួន​ឯង​​បាន​នាំ​រាង​កាយ​មក​ដល់​បន្ទប់​ជួល​​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង​។

បន្ទប់​​នេះ​មាន​​ទំហំ​ស្មើ​នឹងខ្លួន​ខ្ញុំ​ត​គ្នា​បី​ដង​។ ខាង​ក្នុង​មាន​សភាព​​​មិន​ខុស​អ្វី ​​​ពី​​បន្ទប់​ជួល​ទូទៅទេ មាន​ តុ​ ទូ​ខោ​អាវ​ កុំ​ព្យូទ័រ​​ ​និង​ ទូរទស្សន៍​​ដែល​ដាក់​នៅ​លើ​តុ​ជប៉ុន​ខ្នាត​តូច​មួយ​​។ មាន​ថូ​លាង​ចាន​ និង​បន្ទប់​ទឹក​នៅ​ខាង​ក្រៅ​បន្ទប់​។ ខ្ញុំ​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ស្វែង​រក​ចម្ងល់ ​នឹង​ហេតុ​ការណ៍​ដែល​កើត​ឡើង​​តាម​​អ៊ីន​ធើណេត​​​​ ដោយ​វាយ​​ពាក្យ​ងាយ​ៗ​​ដូច​ជា​ ​«បាត់​ស្មារតី​»​ ក្នុង​គេហទំព័រ​Google។ លទ្ធផល​ទាក់​ទង​នឹងពាក្យ «​​បាត់​​​ស្មារតី​»​ បង្ហាញ​ឲ្យ​ឃើញ​ពី​វេបសាយថ៍​មួយ​​ ដែល​និយាយ​ពី​​បឋម​​​ព្យាបាល​​​​ចំពោះ​មនុស្ស​​ខ្យល់​គ​​។ ខ្ញុំ​អេះ​ក្បាល ​មុន​នឹង​លុប​ពាក្យ​ចាស់​ចេញ​ហើយ​គិត​រក​ពាក្យ​ថ្មី​សរសេរ​ជំនួស​។ ​ពេល​នោះ​​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ​ក៏​លាន់​ឡើង ​តែដោយ​​ដឹង​ថា​​នរណា​​ចុច​​មក​ ទើប​ខ្ញុំ​ចុច​បិទ​វិញ​ហើយ​ផ្តោត​ស្មារតី​​​ទៅ​​នឹង​អេ​ក្រង់​កុំ​ព្យូទ័រ​​បន្ត​។

សាក​ល្បង​​សរសេរ​ពាក្យ​ «បាត់​ស្មារតី​»​ និង​ ពាក្យ​ «កិន​ងាប់»​ ដាក់​ជាមួយគ្នា​សាក​មើល​។ ខ្ញុំ​សរសេរ​ហើយ​ចុច​ Enter​។ លទ្ធ​ផល​តាម​វេបសាយថ៍​ជា​ច្រើន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនុស្ស​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​​តាំង​ពី​រាប់​សិប​ឆ្នាំ​មក​ហើយ​។

«​ហេតុ​អី​ក៏​ពិបាកម្ល៉េះ​​? គិត​មិន​ចេញ​សោះ!»

រំពេច​នោះ​ ស្រាប់​តែ​មាន​ពាក្យ​មួយ​លេច​ឡើង​នៅ​ក្នុង​ប្រអប់​ Search របស់ ​Google ជំនួស​ពាក្យ​ដែល​សរសេរ​មុន​នេះ​។

«​ទៅ​ងាប់​ទៅ!»                    

ខ្ញុំ​បាត់​ស្មារតី​មួយ​រំពេច​ តែ​ជា​​រយៈ​​ពេល​មួយ​ខ្លី​ប៉ុណ្ណោះ។ នៅពេល​មាន​ខ្យល់​បក់​មក​ប៉ះ​មុខខ្ញុំ​ ត្របក​​​ភ្នែកខ្ញុំ​ក៏​បើក​ឡើង​វិញ​។

«ហ៊ឺយ! ហេតុ​​អី​ខ្ញុំ​មក​នៅ​ត្រង់​នេះ​ទៅវិញ? នរណា​ក៏​បានជួយ​ខ្ញុំ​ផង!!»

ខ្ញុំ​សម្លឹងទៅខាង​មុខ ឃើញ​តែ​លំហ​ល្វឹង​ល្វើយ​នៅ​ចំពោះ​មុខ​។ នៅពេល​សម្លឹង​ទៅខាង​ក្រោម​ ក៏​ឃើញ​ថា​ ខ្លួន​ឯង​​កំពុង​​ឈរ​នៅ​លើ​គែម​​យ៉​មុខ​បន្ទប់​ គឺ​បើ​ហ៊ាន​តែ​ឈាន​ជើង​មួយ​ជំហាន​ទៀត​ រាង​កាយ​របស់​ខ្ញុំ​នឹង​ធ្លាក់​​ចុះពី​ជាន់​ទី​២០​នេះ​មិន​ខាន​។ មិន​បាច់​គិត​ទេ​ថា​នៅ​រស់​ឬ​អត់​ ជួន​កាល​ធ្លាក់​ទៅ​​មិន​ដឹង​ថា​ឈឺ​ផង​។

ឈាន​ជើង​ចុះ​មក​វិញ​ ជា​អ្វី​ដែល​ខួរ​ក្បាល​ខ្ញុំ​បញ្ជា ​​ក្រោយ​ពី​ខ្លួន​ឯង​ដឹង​ស្មារតី​ឡើង​វិញ​។ ទី​បំផុត​ជើង​ខ្ញុំ​ក៏​បាន​​មក​​ជាន់​​លើ​​បន្ទប់​វិញ​ដូច​ដើម​។ បេះ​ដូង​ខ្ញុំ​លោត​ញ័រ​ឥត​ឈប់​ ដូច​គេ​កំពុង​ទូង​ស្គរ​​គ្រប់​ពេល​វេលា​។ វា​ជា​យប់​ដែល​គួរ​ឲ្យ​​ព្រឺ​​រន្ធត់​ខ្លាំងណាស់​។ ខ្ញុំ​មិន​អាច​ដេក​លក់​បាន​ទេ ក្រៅ​ពី​ប្រើ​ថ្នាំ​ជំនួយ​ ហើយ​ភាព​ងងឹត​ ក៏​គ្រប​ដណ្តប់​រាង​កាយ​ខ្ញុំ​ឲ្យ​ឆ្លង​ផុត​មួយ​ថ្ងៃទៀត​។

ព្រឹក​ស្អែក​ឡើង​ បន្ទាប់​ពី​ព្រះអាទិត្យ​ចាំង​ឆ្លុះ​តាម​បង្អួច​មក​ប៉ះ​មុខ​ ខ្ញុំ​ក៏​ភ្ញាក់​ទាំង​មមិង​មមាំង​​ព្រម​ជាមួយ​រឿង​ពី​ម្សិល​មិញ​ដែល​នៅ​ដក់​ជាប់​​ក្នុង​ខួរ​ក្បាល​។​ ខ្ញុំ​​ច្បាស់​ក្នុង​ចិត្ត​ថា ​វា​មិន​មែន​ជា​រឿង​យល់​សប្តិ​ទេ​ តែ​ក៏​គិត​មិន​ចេញ​ថា​វា​ជា​អ្វី​? និង​មិន​ដឹង​ទៅ​ប្រឹក្សា​ជាមួយ​​អ្នក​ណា? បើ​ទៅ​រក​ពេទ្យ​ ខ្ញុំ​នឹក​ឃើ​ញ​រូប​ភាព​រួច​ទៅហើយ​ថា​ ពេទ្យ​ច្បាស់​ជា​សើច​ ហើយ​ចាប់​ខ្ញុំ​ចាក់​ថ្នាំ​មិន​ខាន​ ហើយ​ខ្ញុំ​ក៏​​លាក់​ទុក​​រឿង​ហេតុ​ដែល​កើត​ឡើង​ពី​ម្សិល​មិញ​​ទាំង​អស់​​ទុក​ក្នុង​ថត​តុ​​ ហើយ​បើ​អាច​ទៅ​រួច​សូម​កុំ​ឲ្យ​ខ្ញុំ​អាច​បើក​វា​ចេញ​ម្តង​ទៀត​ឲ្យ​សោះ។

ការ​ងារ​កែ​អក្ខរាវិរុទ្ធ​របស់​ខ្ញុំ​នៅ​​ថ្ងៃ​​នេះ​​ ចាត់​ទុក​ថា​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាក្រក់​បំផុត​។ ខ្ញុំ​រក​ពាក្យ​ខុស​​យឺត​ខុស​ពី​ថ្ងៃ​ធម្មតា​​។ វា​អាច​មក​ពី​រឿង​​ម្សិល​មិញ​​ ដែល​ខ្ញុំ​ព្យាយាម​លាក់​ទុក​នៅ​ក្នុង​ថត​​ខួរ​ក្បាល​​​​​កំពុង​​​រើ​បំរះ​ខ្លួន​​ចេញ​មក​រត់​​​ឆ្លេ​ឆ្លា ​​​ពេញ​​ប្រអប់​ខួរ​​គ្រប់​ពេល​វេលា​។ លោក​អ្នក​ធ្លាប់​​លាក់​​ទុក​អាថ៌​កំបាំង​អ្វី​ម្យ៉ាង​ ហើយ​មាន​អារម្មណ៍​ថា​​​តឹង​​​​ទ្រូង​ទេ? ខ្ញុំ​ក៏​ដូច្នេះ​ដែរ។ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​រក​នរណា​ម្នាក់។ នរណា​ក៏​បាន​ដែល​ស្តាប់​ខ្ញុំ​​​និយាយ បើ​មិន​ដូច្នោះ​ខ្ញុំ​ច្បាស់​ជា​​ប្រេះ​​ទ្រូង​ស្លាប់​មិន​ខាន​។

លីន​ដា​!

នាង​ជា​អ្នក​កែ​អក្ខរាវិរុទ្ធ​ម្នាក់​ទៀត​នៅ​ក្នុង​រោង​ពុម្ព​​​​​ តែ​ខ្ញុំ​ចូលចិត្ត​ហៅ​នាងថា​អ្នក​កែ​គំនិត​ច្រើន​ជាង​​ ព្រោះ​ក្រៅ​ពី​​កែ​ពាក្យ​ខុស​ហើយ​ ជួន​កាល​នាង​​ឃាត់​អា​​​និស្ស័យ​នៅ​មិន​សុខ​របស់​ខ្លួន​ឯង​មិន​បាន​ ហើយ​លួច​​​កែ​​​សំនួន​​ពាក្យ​​របស់​អ្នក​និពន្ធ​​ថែម​ទៀត​ រហូត​ធ្វើ​ឲ្យ​នាង​ស្ទើរ​តែ​ត្រូវ​ដេញ​ចេញ​ជា​ច្រើន​លើក​ច្រើន​សា។ ខ្ញុំងាក​​មើល​នាង​ជា​ច្រើន​ដង​មុន​នឹង​សម្រេចចិត្ត​​​ដើរ​ទៅ​រក​នាង​។

«​លីន​ដា!»

ខ្ញុំ​ហៅ​នាងខណៈ​ដែល​នាង​កំពុង​អង្គុយ​អាន​​សៀវភៅ​ថ្មី​ដែល​កំពុង​កែ​។

«​អឺ! មាន​រឿង​អី?»

នាង​តប​ខ្លី​ៗ​តែ​ខ្សែ​ភ្នែក​របស់​នាង​នៅ​ផ្តោត​លើ​ការ​​ងារ​ដដែល​​។

«​ខ្ញុំ​មាន​រឿង​ចង់​ប្រឹក្សា​ ​ជួយ​​ស្តាប់​បន្តិច​​បាន​ទេ?»

«​វែង​ទេ?»

លីន​ដា​សួរ​ដោយ​សំឡេង​នឿយ​ណាយ​​។ នាង​​មើល​មក​​ខ្ញុំ​ដូច​​កំពុងចង់​​ប្រាប់​ថា​ ទាល់​តែ​រឿង​នោះ​សំខាន់​ណាស់ ​ទើប​នាង​ព្រម​ដក​ដៃ​ពី​ការ​ងារ​មក​ស្តាប់​បាន​។ បន្ទាប់​មក ​ខ្ញុំ​ក៏​និយាយ​រឿង​ដែល​កើត​ឡើង​ពី​ម្សិល​មិញ​ឲ្យ​លីន​ដា​ស្តាប់​យ៉ាង​លម្អិត​​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ លីន​ដា​​ស្តាប់​ខ្ញុំ​បាន​បន្តិច ​​ក៏​ងាក​ទៅ​​ធ្វើ​ការ​​វិញ​​។

«​ស្តាប់​ខ្ញុំ​សិន​មើល៍!»

«​​ស្តាប់តើ​!​ និយាយ​បន្ត​ទៅ កំពុង​ស្តាប់​!»

ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា​ សំឡេង​របស់​ខ្ញុំ​ទម្លុះ​ចេញ​​ពី​ត្រចៀក​នាង​​​​​​​យូរ​ណាស់​ហើយ​ ទើប​ខ្ញុំ​ឈប់​និយាយ​ ហើយ​នាង​ក៏​មិន​បាន​​ទទូច​ឲ្យ​ខ្ញុំ​និយាយ​បន្ត​ដែរ​ ​ទើប​​ធ្វើ​ឲ្យ​ដឹង​ថា លីន​ដា​ប្រហែល​ជា​ចង់​​​បន្ត​ការ​ងារ​​​លួច​កែ​​សំនួន​និង​គំនិត​​របស់​អ្នក​និពន្ធ​ច្រើន​ជាង​។

ម៉ោង​៥​ល្ងាច ​គ្រប់​គ្នា​ក៏​ប្រមូល​សម្ភារៈ​​ទុក​ដាក់ ​​ហើយ​ចាក​ចេញ​ពី​ការិយាល័យ​យ៉ាង​រហ័ស​​។ តែ​លើក​នេះ ​នៅ​​សល់​តែ​ខ្ញុំ​ម្នាក់​​ឯង​ដែល​នៅ​អង្គុយ​ទីនេះ​។ ខ្ញុំ​សាក​ល្បង​ស្រាវ​ជ្រាវ​នៅ​ក្នុង​ Google ម្តង​ទៀត​ តែ​លើក​នេះ​ខ្ញុំ​ខំ​រើស​ពាក្យណា​​ដែល​ពាក់​ព័ន្ធ​ខ្លាំង​បំផុត​ដូច​ជា​ ភ្លឹក​ ពិភព​​ចម្លែក​​​​ ហ៊ឹង​ត្រចៀក​ វង្វេង​ស្មារតី​សរសៃ​ប្រសាទ​…។ ខ្ញុំ​​ប្រទះ​​ឃើញ​​វេបសាយថ៍​មួយ ​​ដែល​និយាយ​ពី​អាការៈ​ដែល​ខ្ញុំ​កំពុង​កើត​​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ វា​និយាយ​ថា ​​អ្វី​ទាំង​អស់​នេះ ​​អាច​រួប​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​រោគ​សញ្ញា​មួយ​ដែល​ហៅ​ថា «​ភ្លឹក​»។ តែ​ក្រោយ​ពី​សរសេរ​ពាក្យ ​«​ភ្លឹក​»​ ​ស្រាវ​ជ្រាវ​លម្អិត​បន្ថែម​នៅ​ក្នុង​ Google ​​ក៏​មិន​ប្រទះ​ឃើញ​​នរណា​ដែល​មាន​អាការៈ​ដូច​ខ្ញុំ​​សោះ​។​ គ្មាន​នរណា​ភ្លឹក ហើយ​ស្លាប់​ដោយសារ​​រថយន្ត​បុក​ ឬ​លោត​​ពី​លើ​អគារ​​ទេ។ បើ​មាន​គឺ​មាន​តែ​ភ្លឹក​ហើយ​ដេក​លក់​​លែង​ដឹង​ខ្លួន​ជា​រៀង​រហូត​ ឬ​មិន​អ៊ីចឹង​គឺ​សម្លាប់​ខ្លួន​ឯង​ដោយ​ផ្ទាល់​។ ជួន​កាល​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ខ្ញុំ​ គឺ​ជា​ការ​បញ្ជា​របស់​ប្រព័ន្ធ​ប្រសាទ​ណា​មួយ​ដែល​ឈប់​ដំណើរ​ការ​ ឬ​ធ្វើ​ការ​ខុស​ប្រក្រតី​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែ​ឮ​សំឡេង​មនុស្ស​ខ្សឹប​ឲ្យ​ទៅ​សម្លាប់​ខ្លួន​។

«​សរសៃ​ប្រសាទ!»

ខ្ញុំ​ស្រែក​ឡើង​​ខ្លាំង​ៗ​ព្រម​ទាំង​លើក​ដៃ​គោះ​ Keyboard ពេញ​មួយ​ទំហឹង​ដើម្បី​កម្ចាត់​ចោល​គំនិត​​​ឆ្កួត​ៗ​គ្មាន​ប្រយោជន៍​របស់​ខ្លួន​ឯង។​ តែ​រំពេច​នោះ ​​ក្នុង​គេហទំព័រ​​​របស់​ Google ដែល​ខ្ញុំ​កំពុង​ស្រាវ​ជ្រាវ​ក៏​លេច​ពាក្យ​​ក្រហម​ដិត​មួយ​ដែល​មុន​នេះ​ខ្ញុំ​មិន​បាន​ឃើញ​ ឬ​មួយ​វា​ទើប​តែ​លេច​ឡើង​?

«​ម្រឹត្យូវ!»

u're-die-2

       ខ្ញុំ​យក​​ Mouse ចុច​លើ​ពាក្យ​នោះ​។ មាន​វេបសាយថ៍​ជា​ច្រើន​​និយាយ​អំពីអាការៈ​របស់​មនុស្ស​ដែល​កើត​ «​ម្រឹត្យូវ​»​ ពិសេស​វេបសាថយ៍​សារព័ត៌​មាន​អំពី​​ជីវិត​សង្គម​និងអបិយ​ជំនឿ​។ វា​ជា​រឿង​ហេតុ​ដែល​កើត​មានជា​​ហូរ​ហែ​នៅ​ក្នុង​សង្គម​កម្ពុជា​។ អ្នក​ខ្លះ​ឡើង​ទៅ​ដេក​លើ​ចុង​ត្នោត​អស់​​ពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ស្រែក​ឆោឡោ​ឲ្យ​គេ​ឯង​ជួយ​។ ខ្លះ​ផឹក​ស្រា​ស្រវឹង​ ​រួច​យក​កាំ​បិទ​អា​រ​ក​ខ្លួន​ឯង​។ ខ្លះ​ប្រាប់​ថា​មាន​គេ​នាំ​ទៅចង​ក​សម្លាប់​ខ្លួន​។ ប្រជា​ជន​ខ្មែរ​​មួយ​ចំនួន​ជឿ​ថា​ ពួក​គេ​ទាំង​នោះ​ត្រូវ​ខ្មោច​កំបុត​ក្បាល​នាំ​។​ ភាគ​ច្រើន​នៃ​អ្នក​ដែល​​គេ​​ជួយ​សង្គ្រោះ​​បាន​ សុទ្ធ​តែ​ប្រាប់​ថា​ មិន​ដឹង​ខ្លួន​ថា​បាន​ធ្វើ​អ្វី​ខ្លះ​ តែ​ចម្លើយ​ដែល​ស្រប​គ្នា​គឺ​ មាន​គេខ្សឹប​ឲ្យ​ទៅ​សម្លាប់​ខ្លួន​!

ថ្ងៃ​នេះជា​​ថ្ងៃ​ដំបូង​ ដែល​ខ្ញុំ​​ធ្វើ​ដំណើរ​ត្រឡប់​​មក​​បន្ទប់​ជួល ​​ដោយ​ជិះ​តាក់​ស៊ី​វាស់​ម៉ែត្រ។​ ថ្វី​បើ​​វា​មាន​តម្លៃ​ថ្លៃ ​តែ​ជីវិត​ខ្ញុំ​ថ្លៃ​ជាង​​។ ខ្ញុំ​គិត​ដូច្នេះ​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​ គឺ​វា​ប្រើ​ពេល​​ប្រហែល​មួយ​ម៉ោង​ដូច​ខ្ញុំ​ដើរ​ដែរ​។ ខ្ញុំ​ប្រញាប់​រត់​ឡើង​ជណ្តើរ​យន្ត​ជា​បន្ទាន់​។ នៅពេល​ឃើញ​ទ្វារ​បន្ទប់ ​ខ្ញុំ​ប្រញាប់​រត់​ទៅ​​ចាក់​សោ​បើក​ទ្វារ​យ៉ាង​ញញីញញ័រ​ ហើយ​ប្រញាប់​រត់​ចូល​ទៅក្នុង​បន្ទប់ ​បិទ​ទ្វារ​ជា​បន្ទាន់​។

ខ្ញុំ​មិន​ដឹង​ថា​អា​សំឡេង​ «​ទៅងាប់​ទៅ!» វា​នឹង​ឮ​ពេល​ណា​ទៀត​ទេ​ តែ​វា​នឹងធ្វើ​ឲ្យ​ខ្ញុំ​ឆ្កួត​នៅពេល​ណា​មួយ​មិន​ខាន​។ រំពេច​នោះ ​រូប​ភាព​​របស់​ពុក​និង​ម៉ែ ​ក៏​រសាត់​​​ចូល​មក​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​។

«​​ម៉ែ​ជួយ​កូន​ផង!»

តែ​ក្រោយ​ពេល​ខ្ញុំ​កំពុង​ចុច​ទូរស័ព្ទ​​ទៅ​អ្នក​ផ្ទះ រូប​ភាព​ក្នុង​អតីតកាល​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​មួយ​រំពេច​។ ខ្ញុំ​ញញឹម​ដាក់​មហាកិត្តិយស​ដ៏​ឆ្កួត​លីលារបស់​ខ្លួន​ឯង​​មុន​នឹង​ទម្លាក់​ទូរស័ព្ទ​ចុះ។

«​បើ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​អ្នក​និពន្ធ​អា​ជីព​ទេ ខ្ញុំ​នឹង​មិន​ត្រឡប់​​មក​ផ្ទះ​នេះ​​វិញ​ជា​ដាច់​ខាត!»

ខ្ញុំ​យំ​​ខ្សឹក​ខ្សួល ​នឹក​ទៅ​ដល់​រឿង​រ៉ាវ​នៅ​ក្នុង​អតីតកាល ​ស្រប​ពេល​ដែល​​សំឡេង​ទូរស័ព្ទ​របស់​ខ្ញុំ​លាន់​ឡើង​។ ម៉ែ​ទូរស័ព្ទមក​ តែ​ខ្ញុំ​ចុច​បិទ​វិញ​។ ពេល​នេះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ ខ្លួន​ឯង​ទន់​ជ្រាយ​ខ្លាំង​ណាស់​។ ​ខ្ញុំ​​​សម្រេច​ចិត្ត​ទទួល​ទូរស័ព្ទ​។

«​ម៉ែ…»

«​ទៅ​ងាប់​ទៅ!!!»

រំពេច​នោះ​ខ្ញុំ​​ក៏​បាត់​ស្មារតី​​លែង​ដឹង​​អ្វី​ទាំង​អស់​។ ខ្ញុំ​បើក​ភ្នែក​ឡើង។​ រូប​ភាព​ដំបូង​ដែលខ្ញុំ​ឃើញ​បែរ​ជា​ខុស​ប្លែក​ពី​រាល់​ដង​។ វា​​មិន​មែនជា​​​រូប​ភាពនៅ​កណ្តាល​ថ្នល់​ ឬ​នៅ​លើ​អគារ​កម្ពស់​២០​ជាន់​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ស្លាប់​នោះទេ តែ​ជា​រូប​ភាព​របស់​គ្រួសារ​ខ្ញុំ​។ ពួក​គេ​កំពុងយំ​សោក​។

«​ខ្ញុំ​ពេល​នេះ​គ្រាន់​​តែ​ជាអ្នក​កែ​អក្ខរាវិរុទ្ធឲ្យ​គេ​​ប៉ុណ្ណោះ តែ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ឲ្យ​បាន​ ខ្ញុំ​សន្យា​ម៉ែ!»

ចប់​សម្តី​ខ្ញុំ​សឹង​មិន​ទាន់​ រូប​ភាព​របស់​ពុក​ម៉ែ​ខ្ញុំ ​ក៏​​រលាយ​ក្លាយ​ជា​លម្អង​​ខ្យល់​​​មួយ​រំពេច​។ បន្ទាប់​ពី​នោះ​ខ្ញុំ​ស្ទើរ​តែ​ស្លុត​ស្មារតី​​ប្រកាច់​​ភ្លាម​ៗ​នៅ​នឹងកន្លែង​ ព្រោះ​រូប​ភាព​ក្នុង​​ពិភព​​ពិត​នៅ​ចំពោះ​មុខ​ខ្ញុំ​​​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​​ខ្យល់​ចាប់​ស្លាប់​​។

ខ្ញុំ​ឡើង​ទៅឈរ​​លើ​ចុង​អង់​តែន​ទូរស័ព្ទ​​តាំង​ពីពេល​ណា​ក៏​មិន​ដឹង​។ សម្លឹង​ចុះ​មក​ក្រោម​មាន​សុទ្ធ​តែ​​មនុស្ស​កក​កុញ​កំពុង​​ផ្អើល​ឆោឡោ​មើល​ខ្ញុំ​។ អ្នក​ខ្លះ​​​ស្រែក​ឃាត់​​ខ្ញុំ​ អ្នក​ខ្លះ​​​​ឡូឡា​​​ចលាចល ​​​ហៅ​គេ​ឯង​ឲ្យ​ជួយ​​។ នៅលើ​ផ្ទៃ​មេឃ​ពពក​ខ្មៅ​រសាត់​ខ្មួល​ខ្មាញ់​ ផ្លេក​បន្ទោរ​​​ជះ​ពន្លឺ​ឆ្វេច​ឆ្វាច​​ប្រណាំង​​កាំ​រន្ទះ​​ ផ្គរ​លាន់​គ្រហឹម​​​ក្អឹល​ៗ​ ដូច​​​សំឡេង​មច្ចុរាជ​កំពុង​ស្រែក​គំរាម​យក​ជី​វិត​​ខ្ញុំ​​ពី​ក្នុង​លំ​ហ​មេឃ​។ ខ្ញុំ​ញ័រ​ដៃ​ជើង ​បែក​ញើស​ជោក​ពេញ​ខ្លួន​។

«​​ក្មួយ​អើយ​ក្មួយ​​ កុំ​ប្រញាប់​​គិត​ខ្លី​អី ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ៗ​សិន​ណ៎ា​!»

សំឡេង​អ៊ំ​ស្រី​ម្នាក់​ពី​ខាង​ក្រោម​ស្រែក​​ប្រាប់​ខ្ញុំ​។ ខ្ញុំ​ទទួល​អារម្មណ៍​ថា ​មាន​អ្វី​ម្យ៉ាង​កំពុង​ជ្រាប​ចេញ​​តាម​ខោ​​។ ឯទឹក​ភ្នែក​ក៏​ហូរ​ចេញ​ម​ក​ដោយ​ក្តី​ភ័យ​ខ្លាច។​ ​ខ្ញុំ​មិន​ទាន់​ចង់​ស្លាប់​ទេ!

«​នរណា​ក៏​បានជួយ​ខ្ញុំ​ផង!»

ដៃ​និងជើង​របស់​ខ្ញុំ​​ខំ​ប្រឹង​តោង​អង់​តែ​នទូរស័ព្ទ​យ៉ាង​ណែន​។

«​ខ្ញុំ​មិន​ទាន់​ចង់​ស្លាប់​ទេ!»

«​ចុះ​ឯង​ឡើង​ទៅ​ធ្វើ​អី​ បើ​មិន​ចង់​ងាប់​!»

មែន​ហើយ តើ​ខ្ញុំ​ឡើង​មក​ធ្វើ​អី​បើ​មិន​ទាន់​ចង់​ស្លាប់​ផង?​ ហើយ​ម្យ៉ាង​ទៀត​បើ​ខ្ញុំ​រួច​ជីវិត​តើ​នរណា​នឹង​ជឿ​ថា​ខ្ញុំ​ឡើង​មក​ទីនេះ​ ​ព្រោះ​មាន​សំឡេង​បញ្ជា​ឲ្យ​ឡើង? ចំ​ជា​ល្ងី​ល្ងើ​មែន!

«​សាក​វា​រ​ចុះ​មើល​ទេ?»

ជា​គំនិត​ដែល​រត់​ចូល​មក​ក្នុង​ខួរ​ក្បាល​ខ្ញុំ​​ក្នុង​រំពេច​នោះ។ ខ្ញុំ​ឈាន​ជើង​ចុះ​សន្សឹម​ៗ​ មួយ​កាំ​ម្តង​ៗ​។ ជើង​របស់​ខ្ញុំ​ដូច​​របូត​ចេញ​ពី​សសរ​អង់​តែន​​ តែ​ក៏​​នៅ​​តោង​យឹត​បាន ​ទោះ​បី​ជា​មិន​សូវ​​ជាប់​លាប់​ប៉ុន្មាន​ក៏​ដោយ​។

«​កុំ​វារ​ចុះ​មក​អី គ្រោះ​ថ្នាក់​ខ្លាំង​ណាស់!»

សំឡេង​មនុស្ស​​នៅខាង​ក្រោម​ ស្រែក​តឿន​ប្រាប់​ខ្ញុំ​។

ប្រសិន​បើ​រឿង​នេះលេច​ឮ​​ទៅ​ដល់​ត្រចៀក​ប៉ូលីស​ ឬ​ក៏​អ្នក​កាសែត​ពេល​ណា ច្បាស់​ជា​កើត​​រឿង​ធំ​​ជា​មួយ​នឹង​​​ការ​ងារ​ខ្ញុំ​មិន​ខាន ទើប​ខ្ញុំ​សម្រេច​ចិត្ត​វារចុះ​យ៉ាង​រហ័ស​បំផុត​។ តែ​វា​មិន​ងាយ​ស្រួល​ដូច​គិត​ទេ ខ្ញុំ​ត្រូវ​វារ​ចុះ​យ៉ាង​យឺតៗ​ម្តង​មួយ​កាំៗ​រហូត​​មក​ដល់​ដី​នៅទី​បំផុត​។ គួរ​ឲ្យ​អស់​សំណើច​ ពួក​​ភ្នាក់​ងារ​ពន្លត់​អគ្គិសភ័យ ​ដែល​​​អ្នក​​នៅ​ខាង​ក្រោម​តាម​ឲ្យ​មក​ជួយ​ខ្ញុំ​ក៏​នៅ​មិនទាន់​មក​ដល់។​ តែខ្ញុំ​ក៏​មិន​រង់​ចាំ​ឲ្យ​ដល់​ពេល​នោះ​ទាន់​ដែរ​។ ​ខ្ញុំ​ប្រញាប់​រត់​គេច​ពី​ហ្វូង​មនុស្ស​ដែល​កំពុង​នាំ​គ្នា​ងឿង​ឆ្ងល់​ចំពោះ​​​ទង្វើរបស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិន​ត្រូវ​ការ​ពន្យល់​អ្វីឲ្យ​ច្រើន​ដែរ​​ថា​ហេតុ​អ្វី ព្រោះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិន​​អាច​ឆ្លើយ​បាន​ដែរ​ថា ​ខ្លួន​ឯង​កើត​អី?

«​ឯង​គិត​ថា​វា​សប្បាយ​ណាស់​​ឬ​ ដែល​ឡើង​ទៅលើ​ចុង​អង់​តែន​នោះ?»

អ្នក​​ចោម​រោម​មើល​​ម្នាក់​ស្រែក​ជេរខ្ញុំ​ តែខ្ញុំ​មិន​ចាប់​អារម្មណ៍​ ហើយ​ប្រញាប់​ហៅ​តាក់​ស៊ី​ឲ្យ​ជូន​ទៅ​បន្ទប់​ជួល​ដូច​​​ដើម​។

ខ្ញុំ​មិន​និយាយ​អ្វី​ទាំង​អស់​ក្រៅ​ពី​លាក់​ខ្លួន​នៅ​ស្ងាត់​ៗ​។ ភ្នែក​របស់​ខ្ញុំ​បញ្ឈរ​ទល់​ភ្លឺ​។ តើ​នរណា​ទៅ​ដេក​លក់​បាន​? រំពេច​នោះ​សំឡេង​ទូរស័ព្ទ​ដៃ​ខ្ញុំ​ក៏​លាន់​ឡើង​។ ខ្ញុំ​សម្លឹង​មើល​លើ​អេក្រង់​ថា​នរណា​ទូរស័ព្ទ​មក​ ក៏​ឃើញ​លេខ​របស់​ម៉ែ​ខ្ញុំ​។ ទឹក​ភ្នែកខ្ញុំ​​ហូរ​ចេញ​មក​​សន្សឹម​ៗ​។ ខ្ញុំ​បោះ​បង់​គំនិត​​ទុទិដ្ឋិ​ចេញ​​ហើយ​ប្រញាប់​ចុច​ទទួល​ទូរស័ព្ទ​ភ្លាម​។ ខ្ញុំ​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ជាមួយ​ម្តាយ​ខ្លួន​ឯងទេ។ ប្រាំ​ឆ្នាំ​ហើយ​ដែលខ្ញុំ​ផ្តាច់​ការ​ទាក់​ទង​ជាមួយ​គាត់។​ មិន​ដឹង​ថា​គួរ​ចាប់​ផ្តើម​ជាមួយ​ប្រយោគ​អ្វី​ល្អ​។

«​អាឡូ! ម៉ែ​ឬ?»

«​នេះ​ពូ​ដែន​​ទេ​!»

«​បាទ…»

«​គ្រួសារ​ឯង​ត្រូវ​ចោរ​ប្លន់​ហើយ​!»

អារម្មណ៍​ខ្ញុំ​ពេល​នោះ ​ជ្រួត​​ជ្រាប​ដល់​សម្តី​បន្ទាប់​ដែល​ពូ​ខ្ញុំ​នឹង​ប្រាប់​។ ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​ស្តាប់​ឬ​ក៏​អត់​នោះទេ?…

«​ពុក​និង​ម៉ែ​ឯង​ គាត់​…»

​សំឡេង​​ពូដែន​បាត់​សូរ​អស់​មួយ​សន្ទុះធំ​ ​តែ​ជំនួស​មកវិញ​ដោយ​សំឡេង​ខ្សឹក​ខ្សួល។

«​ពុក​ម៉ែ​ឯង​​ត្រូវ​ចោរ​សម្លាប់​អស់​ហើយ ឯង​ត្រឡប់​​មក​វិញ​មក!»

ខ្ញុំ​មិន​ទាន់​បាន​ស្តាប់​ថាពូដែន​និយាយ​អ្វី​បន្ត​ទេ។ រំពេច​នោះ​រូប​ភាព​ក្នុង​អតីតកាល ​ក៏​ត្រឡប់​​​មក​រក​ខ្ញុំ​ម្តង​ទៀត​។ វា​ច្បាស់​ខ្លាំង​ណាស់ ច្បាស់​ដូច​អង្គុយ​មើល​កុន 3D ​អ៊ីចឹង​​។

«​ហេតុ​អ្វី​​ក៏​កូន​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​​​ខ្លាំង​ម្ល៉េះ​? បើ​គ្រាន់​តែ​​ទុក​​ជា​ការងារ​កែ​​​កម្សាន្ត​មិន​បាន​​ឬ?»

«​ម៉ែ​មិន​យល់ចិត្ត​ខ្ញុំ​ទេ!»

ខ្ញុំ​និយាយ​បណ្តើរ​​រៀប​ចំ​វ៉ាលី​បណ្តើរ ​​ដោយ​មិន​ងាក​មក​​មើល​មុខ​​ពុក​និង​ម៉ែ ដែល​កំពុង​ឈរ​​សម្លឹង​ខ្ញុំ​​យ៉ាង​ស្ងៀម​ស្ងាត់​។

«​ខ្ញុំ​សន្យា​ថា ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ដែល​ល្បី​ឈ្មោះ​ឲ្យ​ទាល់​តែ​បាន​ បើ​ខ្ញុំ​មិន​ទាន់​​សម្រេច​បំណង​ ខ្ញុំ​នឹង​មិន​ត្រឡប់​​មក​ជាន់​ទីនេះ​ជា​ដាច់ខាត​!»

ម៉ែ​យំ​ខ្សឹក​ខ្សួល​តែ​ក៏មិ​នអាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​​ឈរ​ឱប​ពុក​​យ៉ាង​ណែន​។

«​កូន​វា​​ធំ​ហើយ​ម៉ែ​វា​ ថ្ងៃ​ណា​មួយ​វាគង់​តែ​ចាក​ចេញ​​ពី​យើង​​ទេ!»

ពុ​ក​សម្លឹង​​ខ្ញុំ​ ព្រម​ទាំង​ទះ​ស្មា​តិច​ៗ​ ហើយ​ញាត់​លុយ​ចូល​ហោប៉ៅ​ខ្ញុំ​។

«​ហត់​នឿយ​ពេល​ណា ត្រឡប់​​មក​វិញ​ចុះ ពុក​និង​ម៉ែ​រង់​ចាំ​ឯង​ជានិច្ច​!»

បាន​ប៉ុណ្ណេះ​ ស្មារតី​របស់​ខ្ញុំ​ក៏​ត្រឡប់​​មក​កាន់​ពិភព​​ពិត​វិញ​។ រឿង​នេះ​គ្រាន់​តែ​ជា​សុបិន​ទេ​ មែនទេ? ខ្ញុំ​សួរ​ខ្លួន​ឯង​ម្តង​ហើយ​ម្តង​ទៀត​។ ខ្ញុំ​កំពុង​យល់​សប្តិ​!

រំពេច​នោះសំឡេង​បិសាចដែលតាម​បំផ្លាញ​ជីវិត​ខ្ញុំ​ក៏​លាន់​ឡើង​។ វាខ្សឹប​តិច​ៗ​ក្បែរ​ត្រចៀក​ខ្ញុំ​។

អ្នក​និពន្ធ​… អ្នក​និពន្ធ…

ខ្ញុំ​ទន្ទេញ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​ មុន​នឹង​​​ស្មារតី​​រលត់​សូន្យ​សុង​​​ទៅ ព្រោះ​យ៉ាង​ហោច​ណាស់​វា​គឺ​​ជា​កម្លាំង​ចិត្ត​ចុង​ក្រោយ​​បំផុត​របស់​ខ្ញុំ​ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ​។

«​ទៅ​ងាប់​ទៅ!!!»

២៥ កក្កដា ២០១១

 

Read Full Post »


Leak-14

វគ្គ​១៤

 អ្នក​ដែល​ដឹង​អាថ៌​កំបាំង​ម្នាក់​ទៀត​

ពន្លឺ​​ព្រះ​អាទិត្យ​ព្រាលៗ​​ ចាប់​ផ្តើម​បញ្ចេញ​រស្មី​​​ឆ្លុះ​កាត់​​ផ្សែង​​​​​អ័ព្ទ​​ និង​​ទឹក​សន្សើម​ដែល​​ចាប់​ផ្តើម​រលាយបាត់​​​បន្តិច​ម្តង​ៗ​​​ទៅ​ក្នុង​អាកាស​។ បក្សា​បក្សី​ទាំង​ឡាយ​ ដក​ក​​ស្រែក​យំ​ចេច​ចាច​​ចេញ​ពី​សម្បុក ​មុន​នឹង​ទទះ​ស្លាប​ហោះ​​ហើរ​ទៅ​លើ​​អាកាស​វេហាស៍​​ យ៉ាង​មាន​សេរី​ភាព​ដូច​​រាល់​ថ្ងៃ​​​។

នេះ​ គឺ​ចូល​ដល់​ថ្ងៃ​ទីពីរ​ហើយ​ ចាប់​តាំង​ពី​ថ្ងៃ​កើត​រឿង​​។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​នាងត្រឡប់​មក​ពី​សំពះ​ផ្នូរ​របស់​លក្ខណ៍​។ រឿង​គ្រប់​យ៉ាង​​​ក្រឡាប់​ចាក់​អស់​​​ ​ដោយ​​ផ្តើម​ពី​មិត្ត​របស់​​ម៉ាលី​ ​​ដែល​ត្រូវ​​មក​បញ្ចប់​ជីវិត​យ៉ាង​អាណោច​​​អាធ័ម​​ នៅ​ក្នុង​ទូ​ដែក​​​​ក្លិប​កីឡា​​។ ជន​រង​គ្រោះ​ទី​មួយ​​ស្លាប់​មិន​ទាន់​​ផុត​ថ្ងៃ​ផង​​ ជន​ទី​ពីរ​ក៏​​ចូល​មក​ដល់​​។ នោះ​​គឺ​សុភក្ត្រ​… បង​ប្រុស​របស់​កែវ​ដែល​​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​​​។ បុណ្យ​សព​ថ្ងៃ​ដំបូង​ទើប​តែ​ចាប់​ផ្តើម​​ ជន​រង​គ្រោះ​ទី​បី​​​ក៏​ត្រូវ​ផ្តាច់​ជីវិត​យ៉ាង​ព្រៃ​ផ្សៃ​​​នៅ​ក្នុង​បន្ទប់​ទឹក​ ដែលនោះ​គឺ​ចំប៉ា​… មិត្ត​​​សម្លាញ់​របស់​ពួក​នាង​ទាំង​អស់​។

កែវ​​ដេក​សណ្តូក​កាយ ​នៅ​លើ​គ្រែ​​ក្នុង​បន្ទប់​គេង​របស់​នាង។​​ នេះ​ជា​ថ្ងៃ​ដំបូង​ដែល​នាង​មិន​អាច​បិទ​ភ្នែក​​ដេក​លក់​បាន​។ បណ្តាញ​ទូរទស្សន៍​ផ្សេងៗ​ បាន​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​​នៃ​ការ​ស្លាប់​របស់​​ចំប៉ា ​​​ទៅ​កាន់​ទូទាំង​ប្រទេស​ រហូត​ព័ត៌​មាន​នៃ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ​ល្បី​​ខ្ទរ​ខ្ទារ​​​គ្រប់​ទី​កន្លែង​។

ដំណឹង​មិន​ល្អ​ ​ផ្សព្វ​ផ្សាយ​រហ័ស​​ណាស់​!

«កែវ​!»​​​​ សំឡេង​របស់​ស្ត្រី​ជា​ម្តាយ ស្រែក​ហៅ​កូន​ពីជាន់​ខាង​ក្រោម​។ កែវបម្រះ​ខ្លួន​យឺតៗ​​ក្រោក​ចេញពីគ្រែ​។ ជើង​ដែល​គ្មាន​កម្លាំង​កំហែង​សោះ​​​ ចាប់​ផ្តើម​ដើរ​ចេញ​ទៅ​ក្រៅ​បន្ទប់​។ នាង​ឈ្ងោក​មុខ​អើត​មើល​​ទាំង​សក់​នៅ​កន្ទ្រី​ង​កន្ទ្រើង​។

«ពិសិដ្ឋ​ និង​ ចម្រុង​ មក​រក​កូន​!»

កែវ​សញ្ជឹង​គិត​មួយ​សន្ទុះ។ ពិសិដ្ឋ​និង​ចម្រុង​… ឈ្មោះ​​នេះ​​ដូច​ជា​ធ្លាប់​ឮ​នៅ​កន្លែង​ណា?​ តែ​នាង​មិន​ប្រាកដ​សោះ​​ ថា​​ធ្លាប់​ឮ​ឈ្មោះ​​ទាំង​នេះ​​​នៅឯ​​​ណា​​។ តែ​នេះ ​មិន​មែន​ជា​ពេល​ដែល​នាង​ត្រូវ​មក​គិត​នោះ​ទេ។​​ ជួន​កាល​ ការ​មក​ដល់​របស់​បុគ្គល​ទាំង​ពីរ​នេះ​​ អាច​មាន​អ្វីដែល​នាង​ចាំ​បាច់​​ត្រូវ​ដឹង​ក៏​ថា​បាន​​។ ​ស្រស់ ​ស្រី​​​ងក់​ក្បាល​ទទួ​ល​សម្តី​របស់​ម្តាយ​​ មុន​នឹង​ដើរ​ទៅ​យក​​​ខ្សែ​ដៃ​​ប្រចាំ​ខ្លួន​របស់​នាង ​ដែល​​ដួង​ចន្ទ​ទិញ​​ជា​អំណោយ​ថ្ងៃ​​កំណើត​កាល​ពី​ឆ្នាំ​មុន​។​ នាង​ត្រូវ​តែ​ពាក់​ជាប់​ខ្លួន​គ្រប់​ពេល​ដែល​ចេញ​ទៅខាងក្រៅ ​​ព្រោះ​នេះ​ជា​អំណោ​យ​ដំបូង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​​។ ពេល​នាងពាក់​វា​រួច​​ នាង​ក៏​ប្រញាប់​ដើរ​ទៅ​​ខាង​ក្រោម ​ដើម្បី​ទៅ​ជួប​ភ្ញៀវ​ទាំង​ពីរ​ដែល​កំពុង​រង់ចាំ​។

«សុំ​ទោស​ដែល​ឲ្យ​ចាំ​។» តូច​តន់​និយាយ​យ៉ាង​សុភាព​។ កំលោះ​ទាំង​ពីរ​ញញឹម​ដាក់​​នាង​។

«ចាំ​បង​ៗ​បាន​ទេ​កូន​? ពិសិដ្ឋ​និង​ចម្រុង​ គឺ​ជា​មិត្ត​ភក្តិ​របស់​​​សុភ័ក្ត្រ​​។​ ម្សិល​​មិញ​ពួកគេ​ក៏​ទៅ​ចូល​រួម​ពិធី​បុណ្យ​របស់​បង​កូន​ដែរ​ សោក​ស្តាយ​ដែល​មិន​បាន​ជួប​គ្នា​។» ប៉ា​សម្លឹង​មុខ​របស់​កែ​វ​ដើម្បី​ណែនាំ​​កំលោះ​ទាំង​ពីរ​ឲ្យ​នាង​បាន​ស្គាល់​។

«អ៎… មិត្ត​របស់​​បង​ភក្ត្រ​សោះ​ រីករាយ​ដែល​បាន​ស្គាល់​។» លក្ខណ៍​និយាយ​យ៉ាង​សុភាព​​។ នៅពេល​ឃើញ​ដូច្នេះ​ បុរស​ជា​ឪពុក​​ក៏​សុំ​ខ្លួន​​ចេញ​ពី​បន្ទប់​ទទួល​ភ្ញៀវ​ ព្រោះ​គិត​ថា​ក្មេង​ៗ ​​ច្បាស់​ជា​​មាន​រឿង​​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​និយាយ​គ្នា​​មិន​ខាន​។

«​កែវ​សុខ​សប្បាយ​ទេ​ មិន​បាន​ជួប​គ្នា​យូរ​ហើយ​?»​ ពិសិដ្ឋ​សួរ​រាក់​ទាក់​ ដើម្បី​​កុំ​ឲ្យ​​បរិយាកាស​តាន​តឹង​ខ្លាំងពេក​​។

«ច… ច៎ាស។»

«បង​មិន​ឃើញ​កែវ​នៅ​ក្នុង​ពិធីបុណ្យ​របស់​អាភក្ត្រ​​ ទើប​​ឆៀង​មក​សួរ​សុខ​ទុក្ខ​​ ក្រែង​​កើត​អ្វី​មិន​ស្រួល​ម្នាក់​ទៀត​។» ពិសិដ្ឋ​សម្លឹង​មុខ​តូច​តន់​ មុន​នឹង​ញញឹម​ដាក់​ដោយ​មេត្រី​ភាព។​ ​តែ​​កែវ​ក៏​មិន​មែន​ភ្នែក​ស​​មើល​​មនុស្ស​មិន​ដឹង​ដែរ​។

ការ​មក​​ដល់​ផ្ទះ​របស់​មិត្ត​ភក្តិ​​សុភក្ត្រ​ ច្បាស់​ជា​មាន​អ្វី​ច្រើន​ជាង​ការ​​មក​សួរ​សុខទុក្ខ​មិនខាន​។

«​កែវ​ដឹង​រឿង​របស់​​មិត្ត​ភក្តិ​​ឈ្មោះ​​ចំប៉ា​ហើយ​ មែនទេ?» ​លើក​នេះ​ចម្រុង​ជា​អ្នក​លើក​ប្រធាន​បទ​សំខាន់​មក​និយាយ​​​ ពេល​ដែល​ឃើញ​​ប៉ា​របស់​កែវ​​ចេញ​​ផុត​ទៅ​ឆ្ងាយ​ហើយ​​។

«ខ្ញុំ​ដឹង​ដំណឹង​នេះ​តាម​ទូរទស្សន៍​រួច​ហើយ​កាល​ពី​ព្រឹក​មិញ​។» កែវ​ឈ្ងោក​មុខ​ចុះ​ ប្រៀប​ដូច​នាង​កំពុង​ខ្សឹកខ្សួល​នឹក​អាឡោះ​អាល័យ​មិត្ត​សម្លាញ់​​។

«អ៊ីចឹង​ចូល​សាច់​រឿង​របស់​​យើងវិញ​ល្អ​ជាង​… បង​មិន​គិត​ទេ​ថា ​អាភក្ត្រ​សម្លាប់​ខ្លួន​ឯង​ បង​ថា​ច្បាស់​ជា​មាន​​​អ្វី​លើស​ពី​នេះ​​នៅ​ពី​ក្រោយ​​ការ​ស្លាប់​​នេះ​មិនខាន​។» ចម្រុង​និយាយ​​​យ៉ាង​ជឿ​ជាក់​។​

«ខ្ញុំ​ក៏​គិត​បែប​នោះ​ដែរ​… ច្បាស់​ជា​មាន​រឿង​អ្វី​លើស​ពី​ការ​សម្លាប់​ខ្លួន​មិន​ខាន បង​ភក្ត្រ​មិន​មែន​ជា​មនុស្ស​គិត​ខ្លី​ទេ។» កែវ​សម្លឹង​មុខ​បុរស​ទាំង​ពីរ​ឆ្លាស់​គ្នា​ចុះឡើង​​ ដើម្បី​​បញ្ជាក់​អំណះ​អំណាង​​លើ​សម្តី​របស់​នាង​។

កែ​វ​ស្គាល់​បង​ប្រុស​របស់​នាង​លើ​ស​នរណា​ៗ​ទាំងអស់​។ សុភក្ត្រ​មិន​មែន​ជា​មនុស្ស​ដែល​គិត​អ្វី​​ងាប់​ក្រឡា​​បែប​នេះ​ទេ​។ ជួន​កាល​ការ​ស្លាប់​របស់​សុភក្ត្រ​​​អាច​នឹង​មាន​អ្វី​លើស​ពី​ការ​សម្លាប់​ខ្លួន​។

«រឿង​របស់​អាភក្ត្រ​ និង​រឿង​របស់​​​មិត្ត​កែវ​ដែល​ឈ្មោះ​ចំប៉ា​ ច្បាស់​ជា​មាន​អ្វី​ពាក់​ព័ន្ធ​គ្នា​មិន​ខាន​​។» សំឡេង​របស់​​ចម្រុង ​ចាប់​ផ្តើម​​កាន់​តែ​ម៉ឺង​ម៉ាត់​​ ​ស្តាប់​​ហើយ​គួរ​ឲ្យ​ខ្លាច​។ គេ​លេប​ទឹក​មាត់​​មួយ​ក្អឹក​ មុន​នឹង​និយាយ​បញ្ចប់​ប្រយោគ​ «​ព្រោះ​​​​អាភក្ត្រ​ និង​​ចំប៉ា ​​សុទ្ធ​តែ​ស្គាល់​​ក្មេង​ស្រី​ឈ្មោះ​លក្ខណ៍!»

លក្ខណ៍… ​ទៀត​ហើយ!

«​ចំណែក​​បង​បាន​ឃើញ​អ្វី​ម្យ៉ាង​… នៅ​ជាមួយ​សាកសព​របស់​ចំប៉ា​។» ​ពិសិដ្ឋ​​និយាយ​ មុន​នឹង​លូក​យក​អ្វី​ម្យ៉ាង​​ពី​ក្នុង​ហោប៉ៅ​អាវ​​របស់​គេ​។​ តែ​កែវ​មិន​ទាន់​បាន​​​ទទួល​យក​មក​មើល​ផង​ សុខៗ​ស្រាប់​តែ​សំឡេង​ស៊ីផ្លេ​ឡាន​របស់​​ពិសិដ្ឋ​ ​ឮ​​រន្ថើន​​ឡើង​ជាប់​គ្នា​​ដោយ​ឥត​ព្រៀង​ទុក​។

«​សំឡេង​អី​ហ្នឹង??» កែវ​តក់​ស្លុត​នឹង​សំឡេង​ស៊ីផ្លេ​ឡាន​ដែល​គ្មាន​នរណា​ប៉ះ​ពាល់​។

«អូ! ​ភ្លេច​​ទៅ​… បង​ក៏​បាន​​នាំ​អា​ប្អូន​ប្រុស​​ជើង​ល្អ​មក​ជាមួយ​ដែរ​​ និយាយ​គ្នា​ជក់​មាត់​ពេក​រហូត​ភ្លេច​ឲ្យ​ឈឹង​។» ពិសិដ្ឋ​មិន​ទាន់​​និយាយ​អ្វី​បន្ថែម​ផង​ បុរស​ម្នាក់​ក៏​ឈាន​ឃើង​ចុះ​ពី​​រថយន្ត​ដើរ​យ៉ាង​ស្វាហាប់​ចូល​មក​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​​ក្នុង​ភាព​ងឿង​ឆ្ងល់​របស់​បុរស​ទាំង​ពីរ​។

«​ឯណា​ប្រាប់​ថា​តែ​មួយ​ភ្លែត​? ខ្ញុំ​ត្រូវ​ប្រញាប់​ទៅ​​ធ្វើ​កិច្ច​ការ​បន្ត​នៅ​មហា​វិទ្យាល័យ​ផង​​!» កំលោះ​និយាយ​បណ្តើរ​​ លើក​ដៃ​មើល​នាឡិកា​បណ្តើរ​យ៉ាង​ប្រញាប់​ប្រញាល់​ ស្រប​ពេល​ដែល​ខ្សែ​ភ្នែក​ងាក​ទៅ​សម្លឹង​នារី​​រូប​ស្រស់​ដែល​​កំពុង​សម្លឹង​មក​កាន់​អ្នក​កំលោះ​ដូច​គ្នា​។

កែវ​ធ្លាប់​ជួប​​បុរស​ម្នាក់​នេះ​…

«លោក!!»

«នាង!!»

អ្នក​ទាំង​ពីរ​​ ភ្លាត់​មាត់​​ស្រែក​ចេញ​មក​ស្ទើរ​តែ​​ព្រម​ៗ​គ្នា ​​នៅពេល​ឃើញ​មុខ​គ្នា​​។ បុរស​ជា​បង​បាន​ត្រឹម​តែ​ជ្រួញ​ចិញ្ចើម​ដោយ​​ក្តី​ងឿង​ឆ្ងល់​​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​។

«​ស្គាល់​គ្នា​ដែរ​ឬ បុរី?»

«​មិន​បាន​ស្គាល់​ជា​លក្ខណៈផ្ទាល់​ខ្លួន​ទេ​បង…» បុរី​ស្ទាក់​ស្ទើរ​។

«​គឺ​ចៃ​ដន្យ​ថ្ងៃ​មុន​ខ្ញុំ​ប្រញាប់​ពេក ​ក៏​ដើរ​បុក​​ប្អូន​របស់​បង​​​ ហើយ​​យើង​​ក៏​​ច្រឡំ​សៀវភៅ​គ្នា​។» ​កែវ​ព្យាយាម​​ពន្យល់​​ ដើម្បី​កុំ​ឲ្យ​បង​ប្រុស​របស់​គេ​យល់​ច្រឡំ​ច្រើន​ជាង​នេះ​​។

ការ​ពិត​​ប្អូន​ប្រុស​របស់​ពិសិដ្ឋ​​គឺ​ជា​ម្ចាស់​សៀវភៅ​មូលដ្ឋាន​គ្រឹះ​គណនេយ្យ​​ដែល​ធ្វើ​ឲ្យ​​កែវ​​រៀន​​មិន​ចូល​បន្តិច​​សោះ​​កាល​ពី​ថ្ងៃ​មុន​។ អ្នក​កំលោះ​សម្លឹង​មុ​ខ​នាង​​បន្តិច​ មុន​នឹង​​អង្គុយ​ចុះ​លើ​សាឡុង​​ក្បែរ​​បង​ប្រុស​របស់​គេ​​។ ពិត​ ជ​ា​រឿង​ចៃ​ដន្យ​មែន​​ដែល​ពួក​គេស្គាល់​គ្នា​ ថែម​ទាំង​រៀន​នៅ​សាកល​វិទ្យាល័យ​ជា​មួយ​គ្នា​ទៀត​។

ការ​សន្ទនា​ដែល​​បាន​កាត់​ផ្តាច់​មុន​នេះ​ ចាប់​ផ្តើម​ត្រឡប់​មក​ម្តង​ទៀត​​។ ពិសិដ្ឋ​ព្យាយាម​យល់​ដំណើរ​ដើម​ទង​ទាំង​អស់​ មុន​នឹង​ហុច​រូប​ថត​អាថ៌​កំបាំង​​ដែល​គេ​មាន​បំណង​យក​មក​ឲ្យ​នាង​ ដើម្បី​​អាច​ឲ្យ​នាង​អាច​​នឹក​អ្វី​​ឃើញ​​​ខ្លះ​​។

«​​នេះ​គឺ​…?!!» កែវ​យក​ដៃ​​​ស្ទាប​ទ្រូង​យ៉ាង​ភ្ញាក់​ផ្អើល​។

អ្វី​ដែល​ពិសិដ្ឋ​យក​មក​ឲ្យ​នាង​ គឺ​​ជា​រូប​ថត​សខ្មៅ​ ដែល​បាន​​​ថត​កាល​ពី​​វ័យ​កុមារ​​​របស់​​កែវ​​និង​មិត្ត​ភក្តិ​​ដែល​ថត​ជាមួយ​គ្នា​​មុន​រឿង​ហេតុ​​ផ្សេងៗ​បាន​កើត​ឡើង។​ ទឹក​ប៊ិក​ពណ៌​ក្រហម​គូស​ក្រវេមក្រវាម​​នៅ​លើ​មុខ​របស់​​ក្មេង​ស្រី​ពីរ​នាក់ ​រហូតមិន​សេស​សល់​​ទ្រង់​ទ្រាយ​មុខ​មាត់​​​​​​​មើល​មិន​ដឹង​ថា​ជា​នរណា​។

«​កែវ​មាន​ដឹង​ទេ​ថា​ ក្មេង​ស្រី​ទាំង​ពីរ​នាក់​នេះ​ជា​នរណា?»​ ចម្រុង​សួរ​កាត់​។

«​រូប​នេះ​ជា​រូប​របស់​​ខ្ញុំ​និង​មិត្ត​ភក្តិ​… ចំណែក​ប៊ិក​ពណ៌​ក្រហម​ដែល​​គូស​ខ្វែង​​លើ​មុខ​នេះ​ គឺ​លក្ខណ៍​ដែល​បាត់​ខ្លួន​កាល​ពី​ដប់​ឆ្នាំ​មុន​​។ ឯម្នាក់​ទៀត​ គឺ​​ចំប៉ា​ដែល​ស្លាប់​កាល​ពីម្សិល​មិញ​នេះ​… ហើយ​…» ​នាង​សម្លឹង​ក្មេង​ស្រី​ដែល​ញញឹម​ស្ញេញ​នៅ​ក្នុង​រូប។​ ​រង្វង់​មុខ​​​ញញឹម​ស្រស់​គ្មាន​ខ្វល់​ពី​ទុក្ខ​ព្រួយ​នោះ​ ​​មាន​ស្នាម​ប៊ិក​គូស​ក្រវេម​ក្រវាម​ជុំវិញ​​។

«​នេះគឺ​…»

«ដឹង​មែន​ទេ ​ថា​រូប​នេះ​ជា​នរណា​?» ចម្រុង​ព្យាយាម​​ជជីក​រក​ការ​ពិត​​​ពី​​កែវ​ ដែល​កំពុង​យំ​ខ្សឹក​ខ្សួល​​នៅ​ចំពោះ​មុខ​។ នាង​ព្យាយាម​ក្តោប​រូប​នេះ​យ៉ាង​ណែន​ ខ្លួន​ញ័រ​​​ទទ្រើក​ដោយ​ភាព​ភ័យ​ខ្លាច​​ដែល​​មិន​ធ្លាប់​ជួប​ពី​មុន​។​ ពេល​មក​ឃើញ​រូប​ថត​ចាស់​មួយ​​នេះ​​​ ធ្វើ​ឲ្យ​នាង​បះ​រោម​ច្រាង​មួយ​រំពេច​។

«​ថា​មិន​ត្រូវ​​មិត្ត​របស់​កែវ​ម្នាក់​នេះ​ អាច​នឹង​មាន​គ្រោះ​ថ្នាក់ណ៎ា!» ពិសិដ្ឋ​ព្យាយាម​ដាស់​ស្មារតី​របស់​​កែវ​។ គេ​គិត​ថា​ ជួន​កាល​នាង​​អាច​ចាំ​មិន​បាន​ថា មនុស្ស​នៅ​ក្នុង​រូប​នេះ​​ជា​នរណា​។ ចំណែក​បុរី​បាន​ត្រឹម​​តែអង្គុយ​ធ្វើ​មុខ​មិង​មាំង​នឹង​ហេតុ​ការ​ណ៍​នៅ​ចំពោះ​មុខ ​​ដោយ​គេ​មិន​ដឹង​សោះ​ថា បង​ប្រុស​របស់​គេ​​កំពុង​និយាយ​ពី​នរណា​។

គេ​ព្យាយាម​រៀប​លំដាប់​ព្រឹត្តិការណ៍​ចូល​គ្នា​… ប៉ុន្តែ​​នៅ​តែ​មិន​អាច​​​ប្រមូល​ផ្តុំ​ហេតុ​ការណ៍​ដែល​​មិន​បាន​ដឹង​តាំង​ពី​ដំបូង​បាន​ដដែល​។

«ខ្ញុំ​ស្គាល់​​ក្មេង​ស្រី​ម្នាក់​នេះ…​​ ខ្ញុំ​ដឹង​ថា​នាង​​ជា​នរណា​!» កែវ​ខ្សឹក​ខ្សួល​ ងើយ​​​មុខ​សម្លឹង​បុរស​​ទាំង​បីដែល​អង្គុយ​នៅ​ចំពោះ​មុខ​។

«​អ៊ីចឹងប្រញាប់​ប្រាប់​ពួក​បង​មក ថា​នាង​​ជា​នរណា​?… បង​គិត​ថា​ នាង​អាច​​ជា​ជន​រងគ្រោះ​ទី​បី​​ក៏​ថា​បាន​។​​» ចម្រុង​ព្យាយាម​ដាស់​ស្មារតី​កែវ​ឲ្យ​ត្រឡប់​មក​វិញ​​។ កែវ​បង្អង់​សម្តី​មុន​នឹង​បង្ហើប​ឈ្មោះ​​របស់​​ក្មេង​ស្រី​​ដែល​នាង​​ស្គាល់​ច្បាស់​ជាង​នរណា​ទាំង​អស់​។

«​ម៉ាលី​…» សំឡេង​ដែល​ពោល​ចេញ​មក​យ៉ាង​​​រអាក់​រអួល​តែ​​ឮ​​ច្បាស់ៗ ​​ទីបំផុត​​ក៏​រសាត់​ចេញ​ពី​មាត់​នាង​​។

តើ​ ម៉ាលី​ ជា​សាក​សព​បន្ទាប់​ឬ? រង់​ចាំ​អាន​វគ្គ​ប​ន្ត​…

Read Full Post »


DIGITAL CAMERA

រម្លឹក​វគ្គ​មុន​៖ ក្នុង​វគ្គ​មុន​ សុភក្ត្រ​ដែល​ត្រូវ​ជា​បង​ប្រុស​របស់​កែវ​ និង​ជា​អតីត​សង្សារ​ក្នុង​វ័យ​​កុមារភាព​​របស់​លក្ខណ៍​​ ត្រូវ​បាន​សម្លាប់​ដោយ​ឃាតករ​​​ដែល​គេ​សង្ស័យ​ថា ​ជា​ខ្មោច​នាង​លក្ខណ៍​ ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ដប់​ឆ្នាំ​មុន​។ ​ក្រោយ​មក​ ចំប៉ា​​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​ម្នាក់​ទៀត​ ​បន្ទាប់​ពី​នាង​សុំ​មិត្ត​ភក្តិ​ទៅបន្ទប់​ទឹក​។ បន្ទាប់​មក​ មិត្ត​ភក្តិ​របស់​នាង​ពីរ​នាក់​ គឺ ​មយូរ៉ា និង​ដួង​ចន្ទ​ រួម​នឹង​បុរស​​ចូលចិត្ត​ដឹង​រឿង​គេ​​ពីរ​នាក់​ទៀត ​គឺ ​ពិសិដ្ឋ ​និង​ចម្រុង​ ក៏​បាន​តាម​រក​នាង​នៅ​ក្នុង​វត្ត​ដ៏​ស្ងាត់​ជ្រងំ​។ តើ​ពួក​គេ​ទាំង​បួន​ អាច​រក​ចំប៉ា​ឃើញ​ទេ? សូម​អាន​បន្ត​…

វគ្គ​១៣

ចំប៉ា

បរិយាកាស​ត្រជាក់​ៗ ចាប់​ផ្តើម​ចូល​មក​គ្រប​ដណ្តប់​​រាង​កាយ​របស់​អ្នក​ក្លាហាន​ទាំង​បួន​​។ អ្នក​ដែល​មក​ចូល​រួម​ពិធី​បុណ្យ​សព​របស់​សុភក្ត្រ​ បាន​ចាក​ចេញ​​ពី​វត្ត​អស់​ហើយ​។ មាន​រថយន្ត​នៅ​សេស​សល់​ក្នុង​ទីធ្លា​វត្ត​​តែ​ពីរ​គ្រឿ​ង​ប៉ុណ្ណោះ​ ព្រោះ​ពេល​នេះ​ម្ចាស់​យាន​យន្ត​ទាំង​ពីរ​ មិន​ទាន់​​អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ទេ ដ្បិត​​ពួក​គេ​ត្រូវ​ការ​ស្វែង​រក​មនុស្ស​ដែល​បាត់​ខ្លួន​ឲ្យ​បាន​ឃើញ​​ជា​មុន​សិន​។

ម្នាក់​ក្នុង​ចំណោម​នោះ​ បាន​ត្រឹម​តែ​យំ​អណ្តឺត​អណ្តក​កណ្តាល​ភាព​ងងឹត​​។ ដៃ​របស់​នាង​ចាប់​ជាយ​អាវ​របស់​មិត្ត​ភក្តិ​​ រហូត​ក្លាយ​ជា​ខ្ញុក​ខ្ញូវ​​ដោយ​អន្លើ​។ កំលោះ​ពីរ​នាក់​ទៀត​បាន​ត្រឹម​តែ​មើល​មុខគ្នា​ដោយ​មិន​និយាយ​អ្វី​។

តើ​នេះ​ជា​ការ​ងារ​អ្វី​របស់​គេ ​បាន​​ជ​​ា​​ត្រូវ​មក​តាម​រក​មនុស្ស​បាត់​ខ្លួន ​ដែល​គេ​​​មិន​ស្គាល់បែប​នេះ?​ ពិសិដ្ឋ​គិត​។

ផ្ទុយ​ពីគេ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ដេក​លើ​ពូក​​យ៉ាង​ត្រជាក់​ចិត្ត​​ បែរ​ជា​មក​តាម​រក​នរណា​ក៏​មិន​ដឹង​​ ​​ព្រោះ​តែ​ភាព​ចង់​ដឹង​ចង់​ឃើញ​​របស់​​សម្លាញ់​​ជើង​ល្អ​ ធ្វើ​ឲ្យ​គេ​ត្រូវ​មក​ហាល​ខ្យល់​ហាល​រងា​ ទាំង​ដែល​ខ្លួន​​មិន​ចង់​ដឹង​រឿង​អ្វី​បន្តិច​សោះ​។

ពេល​នេះ​ខ្សែ​ភ្នែក​របស់​ពួក​គេ​ទាំង​បួន​​ ត្រូវ​ស្វែង​រក​អ្វី​ម្យ៉ាង​​​ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សារ​នោះ​​។ ពេល​វេលាកន្លង​ទៅ​ប្រាំនាទី​ហើយ​ តែ​ពួក​គេ​មិន​ប្រទះ​ឃើញ​អ្វី​​នោះ​សោះ​។

កុដិ​លេខ​៩!

«​ដើរ​តាម​រក​ជាមួយ​គ្នា​បែប​នោះ​ ទោះ​ប៉ុន្មាន​ជាតិ​ទៀត​ ក៏​រក​​កុដិ​លេខ​៩​នោះ​មិន​ឃើញ​ដែរ​!» ដួង​ចន្ទ​ ​រអ៊ូ​រទាំ​ដោយ​ក្តី​មួម៉ៅ​​ ព្រោះ​ពេល​នេះ​មិត្ត​របស់​នាង​កំពុង​រង់​ចាំ​ការ​ជួយ​សង្គ្រោះ​។

«​វា​ជា​គំនិត​ដែល​​មិន​ល្អ​ទាល់​តែ​សោះ​… បើ​បំបែក​គ្នា​តាម​រក​ គឺ​មាន​តែ​ពួក​យើង​នេះ​ហើយ​ ​ដែល​គ្រោះ​ថ្នាក់​។» ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ម៉ោង ​​ដែល​ពិសិដ្ឋ​បញ្ចេញ​យោបល់​​នឹង​គេ​ខ្លះ​ ហើយ​ហាក់​ដូច​ជា​ដាច់​ខាត​ថែម​ទៀត​។ ជា​ការ​ពិត​ យោបល់​របស់​គេមាន​ប្រសិទ្ធភាព​ ព្រោះ​មាន​​ហេតុ​ផល​ដែល​គួរ​ឲ្យ​​ជឿ​ទុក​ចិត្ត​បាន​ ថែម​ទាំង​សម្តី​សំដៅ​​ក៏​ពីរោះ​ទន់​ភ្លន់​ មិន​គំរោះ​គំរើយ​ដូច​ចម្រុង​ទេ​។

នៅ​ក្នុង​បរិយាកាសជ្រួល​ច្របល់​ពេញ​មួយ​យប់​ សំឡេង​ទូរស័ព្ទ​ក៏​លាន់​ឡើង​ម្តង​ទៀត​។ មយូរ៉ា​ប្រញាប់​រាវ​រក​ទូរស័ព្ទ​​​យ៉ាង​រហ័ស​រហួន​ ព្រោះ​នោះ​អាច​ជា​សារ​ដែល​​ចំប៉ា​ផ្ញើ​មក​ទៀត​ក៏​ថា​បាន​​។ ​រំពេច​ដែល​នាង​​រក​ឃើញ​ទូរស័ព្ទ​ ដៃ​ទាំង​ពីរ​មិន​បង្អង់​យូរ​ ប្រញាប់​ចុច​ទូរស័ព្ទ​មើល​។

«​ទេ មិន​មែន​របស់​ខ្ញុំ​ទេ។» នាង​សម្លឹង​មុខ​គ្រប់​គ្នា​ឆ្លាស់​ទៅ​មក​។ លើក​នេះ​កំលោះ​ទាំង​ពីរ​លូក​យក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​​មក​មើល​រៀង​ៗ​ខ្លួន​​​ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​។ តែ​សំឡេង​នេះ​ ​ពិត​​ជា​មិន​មែន​​សំឡេង​ទូរស័ព្ទ​របស់​ពួក​គេ​ទេ​។

«រ… របស់​ខ្ញុំ​ទេ។» ម្ចាស់​ទូរស័ព្ទ​សំឡេង​ញ័រ​​។ នាង​ប្រញាប់​រាវ​រក​ទូរស័ព្ទ​ក្នុង​កាបូប​ស្ពាយ​ពណ៌​ត្នោត​មុន​នឹង​​យក​វា​មក​ចុច​មើល​សារ​ដែល​ទើប​តែ​ផ្ញើ​ចូល​មក​​​មុន​នេះ​។

«ដួងចន្ទពេលនេះខ្ញុំ​​នៅក្នុងបន្ទប់ទឹកកុដិ​​លេខ ខ្ញុំរងាខ្លាំងណាស់ យកខ្ញុំចេញទៅផង​…»

«​ចំប៉ា​…» សំឡេងរបស់​ដួង​ចន្ទ​ចាប់​ផ្តើម​ញាប់​ញ័រ​​។ ចម្រុង​និង​ពិសិដ្ឋ ​​ព្យាយាម​សម្លឹង​រក​មើល​កុដិ​លេខ​៩​នោះ​ ​​​យ៉ាង​​លឿន​បំផុត​។ តាម​រយៈ​​សារ​នោះ ​​ហាក់​ដូចជា​​ពេល​នេះ​ម្ចាស់​​សារ​​កំពុង​​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។

«នោះ!» ចម្រុង​ចង្អុល​ទៅ​កាន់​កុដិ​ចាស់​ៗ​ដែល​នៅ​ខាង​ក្រោយ​វត្ត​។ ពន្លឺ​ព្រះ​ចន្ទ​ និង​អំពូល​តាម​បង្គោល​​ភ្លើង​​ក្នុង​វត្ត​ ធ្វើ​ឲ្យ​​​ភ្នែក​របស់​គេ​ចាប់​ផ្តើម​​​មើល​​ឃើញ​លេខ​​ដែល​លេច​ឡើង​នៅ​ចំហៀង​​កុដិ​… កុដ​ិ​​លេខ​៩!

មិន​បង្អង់​យូរ​ ពួក​គេ​ទាំង​បួន​នាក់​ប្រញាប់​រត់​ទៅ​កាន់​​កុដិ​​​នោះ​ជា​បន្ទាន់​។ មាន​តែ​ភាព​ងងឹត​សូន្យ​ឈឹង​គ្រប​ដណ្តប់​លើ​កុដិ​ទាំង​មូល​ និង​បរិវេណ​នោះ​ ធ្វើ​ឲ្យ​​បរិយាកាស​ជុំ​វិញ​នោះ ​​មើល​ទៅ​ស្ងាត់​ជ្រងំ​​​ខុស​ប្លែក​​ពី​កុដិ​ផ្សេង​ៗ​ទៀត​​នៅ​ក្នុង​វត្ត​។ នៅ​ខាង​ក្រោយកុដិ​​នោះ ​មាន​លេច​ពន្លឺ​​ព្រាល​ៗ​ចេញ​ពី​ក្នុង​បន្ទប់​ទឹក​។

សេចក្តី​សង្ឃឹម​​ដែល​ហាក់​ដូចជា​ខ្សត់​ខ្សោយ​ណាស់ ត្រឡប់​មក​មាន​ពន្លឺ​ឡើង​វិញ​ម្តង​ទៀត​​។ ពេល​នេះ​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ ​គឺ​គ្រាន់​តែ​​​ប្រញាប់​ចូល​ទៅជួយ​ចំប៉ា​ពី​ក្នុង​បន្ទប់​ទឹក​មក​វិញ​ ហើយ​នាំ​ត្រឡប់​ទៅ​ផ្ទះ​។ ក្រមុំ​ទាំង​ពីរ​​ងាក​សម្លឹង​មុខ​គ្នា​យ៉ាង​មាន​សង្ឃឹម​។ ដួង​ចន្ទ​​ប្រញាប់​ស្រវា​ចាប់​ដៃ​របស់​មយូរ៉ា​រត់​ចូល​ទៅ​ខាង​​ក្នុង​។ អំពូល​ភ្លើង​ញាក់​ចុះ​ឡើង​​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ក្រមុំ​ទាំង​ពីរ​​មិន​តិច​ទេ តែ​ទោះ​យ៉ាងណា​ ក៏​ពួក​គេ​ត្រូវ​តែ​រក​ខ្លួន​ចំប៉ា​ឲ្យ​ឃើញ​ដែរ​។

«​ចំប៉ា!» មយូរ៉ា​ស្រែក​បង្កូក​ហៅ​ពេញ​​បរិវេណ​នោះ ប៉ុន្តែ​គ្មាន​សំឡេង​ឆ្លើយ​តប​មកវិញ​សោះ។

«​អេះ?» ស្រប​ពេល​នឹងសំឡេង​ស្រែក​ហៅ​របស់​ស្រស់​ស្រី​​ បុរស​សម្តី​តិច​ហាក់​ដូចជា​បាន​ជួប​នឹង​អ្វី​​ម្យ៉ាង​ ដែល​ហូរ​ចេញ​តាម​ចន្លោះ​ទ្វារ​ មក​ស្វាគមន៍​​ពួក​គេ​​។ វត្ថុរាវ​ពណ៌​ក្រហម​ក្រមៅ​ហូរ​រឹមៗ​ចេញ​មក ​ស្ទើរ​តែ​ប៉ះ​ត្រូវ​ជើង​របស់​ចម្រុង​។

«​ស្អី​ហ្នឹង​!!?» មយូរ៉ា​ចាប់​ជាយ​អា​វ​របស់​ដួង​ចន្ទ​​ជាប់​ ខ្សែ​ភ្នែក​សម្លឹងមើល​វត្ថុ​រាវ​នោះ​​តាម​កញ្ចក់​វ៉ែន​តា​របស់​នាង​។​ មិន​មែន​តែ​នាង​ទេ ​ដែល​ផ្តោត​ខ្សែ​ភ្នែក​ទៅ​លើ​​វត្ថុ​រាវ​នោះ​ គឺ​គ្រប់​​គ្នា​​សុទ្ធ​តែ​ដូច្នេះ​ទាំង​អស់​។ ពួក​គេ​​បាន​​ត្រឹម​តែ​សង្ស័យ​ថា តើ​​មាន​អ្វី​លាក់​កំបាំង​​នៅ​ខាង​ក្រោយ​ទ្វារ​នេះ​។

Leak-13-2

កំលោះ​ទាំង​​ពីរ​ងាក​មក​មើល​មុខ​គ្នា​​។ ចម្រុង​នាំ​នារី​ទាំង​ពីរ​ ទៅឈរ​​ចាំ​នៅ​កៀន​​​ជញ្ជាំង​បន្ទប់​ទឹក​។ ចំណែក​​ពិសិដ្ឋ​ ក៏​ថយ​​​ជំហាន​មក​ទល់​​​​នឹង​ជញ្ជាំង​ដែរ​។ គេ​រួប​រួម​កម្លាំង​ដែល​មាន​​ទាំង​អស់​​ មុន​នឹង​សម្រុក​​ទៅទម្លុះ​ទ្វារ​នោះ​។​

បាន​ផល​… ទ្វារ​បាន​របើក​ចេញ​ភ្លាម​ដោយ​ស្នាដៃ​កីឡាករ​ប្រចាំ​មហាវិទ្យាល័យ​ដូច​ពិសិដ្ឋ​​​​។ ខ្សែ​ភ្នែក​របស់​​ពួកគេ​ទាំង​​អស់ ​សម្លឹង​​ស្លឺ​​ទៅ​កាន់​អ្វី​ម្យ៉ាង​ដែល​ស្ថិត​លើ​ចាន​បង្គន់។​ នោះ​​ជា​ម្ចាស់​នៃ​វត្ថុ​រាវ​ពណ៌​​ក្រហម​ខាប់​នោះ​។

«​យ៉ៃ!!!» មយូរ៉ា​ស្រែក​​យំ​ស្ទើរ​គាំង​។​ នាង​បម្រុង​​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​​នោះ​ តែ​ត្រូវ​ដួង​ចន្ទ​​ឃាត់​​ជាប់​មុន​​។

«​លែង​!! … ចំប៉ា​… ចំប៉ា​!!»​ នាង​​ហៅ​ឈ្មោះ​របស់​​ម្ចាស់​ឈាម​​ម្តង​ហើយ​ម្តង​ទៀត​​ មុន​នឹង​រំលៀក​ខ្លួន​អង្គុយ​ចុះ​ផ្ទាល់​ដី​​។ ចំណែក​ដួង​ចន្ទ ​បាន​ត្រឹម​តែ​​សម្លឹង​មើល​ទិដ្ឋ​ភាព​នោះ​ដោយ​ទឹក​មុខ​ស្លេក​ស្លាំង​​ ព្យាយាម​រម្ងាប់​អារម្មណ៍​សោក​ស្តាយ​នៅ​ក្នុង​​ចិត្ត ​​ដើម្បី​កុំ​ឲ្យ​មយូរ៉ា​​បាត់​ព្រលឹង​ច្រើន​ជាង​នេះ​ទៀត​។

«​ប្តឹង​ប៉ូលីស!» ផុត​សំឡេង​របស់​​ពិសិដ្ឋ​ ចម្រុង​ក៏​ទាញ​ទូរស័ព​្ទ​ចេញ​មក​ទូរស័ព្ទ​ប្រាប់​ប៉ូលីស​ជា​បន្ទាន់​​។ ខ្សែ​ភ្នែក​នោះ​នៅ​តែ​​សម្លឹង​សាក​សព​នោះ​មិន​​ព្រិ​ច​​។

រាង​កាយ​​​ដែល​ធ្លាប់​តែ​ស្រស់​​ផូរ​ផង់​របស់​ចំប៉ា​​ ពេល​នេះ​បាន​ក្លាយ​​ជា​សាក​សព​​​ ដេក​​ត្រាំ​ក្នុង​ថ្លុក​ឈាម​យ៉ាង​​​​អាណោចអាធ័ម​។ តាម​ដៃ​និង​ជើង​មាន​ស្លាក​ស្នាម​​មុត​របស់​មុខ​កាំ​បិត ​​ដែល​ឆូត​កាត់​តាម​រាង​កាយ​​។ ស្នាម​​របួស​នោះ​ធំ​ជ្រៅ ​ល្មម​កាត់​ដល់​សរសៃ​ឈាម​សំខាន់​​បាន​​។ អាវ​ពណ៌​ស​ដែល​នាង​ពាក់​មក​ចូល​រួម​បុណ្យ​សព​ ពេល​នេះ​បាន​​​​ជោក​ជាំ​​ទៅដោយ​ឈាម ​​​រហូត​ក្លាយ​ជា​ពណ៌​​ក្រហម​​​ក្រមៅ​។ កែវ​ភ្នែក​ទាំង​គូ​បើក​ក្រឡើត​ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ភ័យ​ខ្លាច​ក្នុង​វិនាទី​ចុង​ក្រោយ​​នៃ​ជី​វិត​​។ បរិវេណ​ដើម​ទ្រូង​មាន​មុខ​របួស​មុត​ជ្រៅ​​​ កើត​ឡើង​ដោយ​អាវុធ​មុត​ស្រួច​​បុក​ទម្លុះ​ម្តង​ហើយ​ម្តង​ទៀត​​​។ មាត់​ចាប់​ហែក​រយះ​ធំ​ រហូត​ស្បែក​បរិវេណ​មាត់ ​​ធ្លាយ​ដាច់​ទៅ​ដល់​គុម្ព​ត្រចៀក​​។​ សភាព​របស់​នារី​រូប​ស្រស់​ពេល​នេះ​​ មិន​អាច​រក្សា​បាន​នូវ​ភាព​ស្រស់​ស្អាត​នោះ​បាន​ទៀត​ទេ​។

​ស​ភាព​សាក​សព​​ដ៏​សែន​ស្លុត​រន្ធត់​នេះ​​ បាន​ធ្វើ​ឲ្យ​កំលោះ​​​ពូកែ​ដឹង​រឿង ​​​ក្អួត​ចេញ​មក​រហូត​ទប់​មិន​បាន​។ ពិសិដ្ឋ​បាន​ត្រឹម​តែ​អង្អែល​ខ្នង​សម្លាញ់​​ថ្នម​ៗ​… ព្រោះ​តែ​ការ​ដឹង​​ច្រើន​របស់​​គេ​ពិត​មែន ​ដែល​ធ្វើ​ឲ្យ​​ត្រូវ​មក​ពាក់​ព័ន្ធ​នឹង​រឿង​ស្មាន​មិន​ដល់​បែប​នេះ​​។ កំលោះ​បាន​តែ​គ្រវី​ក្បាល​ដើម្បី​កុំ​ឲ្យ​​គិត​អ្វី​ផ្តេស​ផ្តាស​។ តែ​រំពេច​នោះ​ គេ​ក៏​​សង្កេត​ឃើញ​អ្វី​​ម្យ៉ាង​នៅ​​ក្នុង​ថ្លុក​ឈាម​ដ៏​ធំ​នោះ​។

ភាព​ចង់​ដឹង​​ចង់ឮ​នោះ​​ មិន​ចាញ់​នរណា​សោះ​​។ វា​ធ្វើ​ឲ្យ​គេ​ភ្លេច​ខ្លួន​រើស​យក​របស់​​នោះ​​ឡើង​មក​ដោយ​មិន​បាន​តាំង​ចិត្ត​​។ ​នោះ​ជា​រូប​ថត​កាល​ពី​កុមារភាព​របស់​ក្រុម​ក្មេង​ស្រី​​មុខ​មាត់​គួរ​ឲ្យ​គ្រឺត​ក្នាញ់​​ទាំង​ប្រាំ​មួយ​នាក់​ ដែល​ថត​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្តី​សុខ​​។ ប៉ុន្តែ​​ក្មេង​ស្រី​ពីរនាក់​​នៅ​ក្នុង​រូប​ បែរ​ជា​ត្រូវ​ទឹក​ប៊ិក​ក្រហម​គូស​​ក្រវេម​ក្រវាម​ពេញ​​ រហូត​​មើល​ដឹង​ថា​ជា​មុខ​របស់​នរណា​​​។ ក្រៅ​ពីនោះ ​នៅ​មាន​ក្មេង​ស្រី​ម្នាក់​ទៀត ​ដែល​មាន​​ទឹក​ប៊ិក​ក្រហម​គូស​​រង្វង់​ជុំ​វិញ​ក្បាល​ទុក​គួរ​ឲ្យ​សង្ស័យ​។

ក្មេង​ស្រី​ទាំង​ប្រាំ​មួយ​នាក់​នេះ​ ច្បាស់​ជា​មាន​អ្វី​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​​មិន​ខាន​…​

កំលោះ​​ងាក​ទៅ​មើល​នារី​ទាំង​ពីរ ​ដែល​កំពុង​​អង្គុយ​សោក​សៅ​​នៅ​កៀន​ជញ្ជាំង​បន្ទប់​ទឹក​​។ គេ​សម្រេច​ចិត្ត​​​​យក​រូប​ថត​នោះ​លាក់​ទុក​សិន​ បើ​ឲ្យ​នៅ​ពេល​នេះ​​​ នារី​ទាំង​ពីរ​ច្បាស់​ជា​កាន់​តែភ័យ​ខ្លាច​មិន​ខាន​​​។​​ នេះ​អាច​ជា​​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ពួក​នាង​នៅ​ពេល​នេះ​ក៏​ថា​បាន​។

រត់​ពួន​ហើយ​ឬ​នៅ? នាង​លក្ខណ៍​នឹង​ត្រឡប់​មក​វិញ​ ម៉ោង​ប្រាំ​ល្ងាច​នេះ!

រត់​ពួន​ហើយ​ឬ​នៅ?

មិន​យូរ​ប៉ុន្មាន​ ប៉ូលីស​និង​​ក្រុម​អ្នក​ជួយ​សង្រ្គោះ​ក៏​​មក​ដល់​កន្លែង​កើត​ហេតុ​​។​ ពិត​ប្រាកដ​ណាស់​ ក្រុម​អ្នក​កាសែត ​​ក៏​បាន​មក​យក​ព័ត៌​​មាន​អំ​​ពី​​រឿង​ឃាតកម្ម​នេះ​ដែរ។​ ពួក​គេ​ព្រួត​គ្នា​​​សម្ភាសន៍​សាក្សី​​​យ៉ាង​​​​សស្រាក់​ស​ស្រាំ​​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ ​​នាំ​គ្នា​លើក​រាងកាយ​គ្មាន​វិញ្ញាណ​របស់​នារី​រង​គ្រោះ​ចេញ​ពី​បន្ទប់​ទឹក​​សន្សឹមៗ ​​ក្រោម​ក្តី​សោក​សង្រេង​របស់​នារី​​ទាំង​ពីរ​​​​ចំពោះ​ការ​ចាក​ចេញ​ទៅ​​របស់​មិត្ត​សិ្នទ្ធ​ស្នាល​នៅ​ក្នុង​ក្រុម​។

​រាប់​​ទុក​ថា ​នេះ​ជា​ជន​រង​គ្រោះ​ទីបី​​នៅ​ក្នុង​​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ក៏​ថា​បាន​ ដោយ​ចាប់​ផ្តើម​ពី​​អមរា​ មិត្ត​របស់​​ម៉ាលី​, សុភ័ក្ត្រ​ បង​​ប្រុស​របស់​កែវ​ ​ និង​​​​ទីបំផុត​ក៏​មក​ដល់​​ចំប៉ា ​មិត្ត​សម្លាញ់​របស់​​ពួក​នាង​ទៀត​។ មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ពួក​នាង​ ចាប់​ផ្តើម​ស្លាប់​ម្តង​ម្នាក់ៗ​​​យ៉ាង​គ្មាន​តម្រុយ​។

«ខ្ញុំ​សុំ​អញ្ជើញ​អ្នក​ទាំង​អស់​គ្នា ​ទៅ​សាក​សួរ​ចម្លើយ​នៅ​ប៉ុស្តិ៍​ប៉ូលីស​ផង​។ ពេល​នេះ​អ្នក​ទាំង​អស់​គ្នា​គឺ​ជា​សាក្សី​សំខាន់​នៅ​ក្នុង​រឿង​ក្តី​នេះ​។»​ ​ភ្នាក់​ងារ​ប៉ូលីស​​ម្នាក់​ដើរ​មក​ប្រាប់​ពួក​គេ​ទាំង​បួន​។

«​តើ​​អ្នក​ទាំង​អស់​គ្នា​ ដឹង​ដូច​ម្តេច​ថា​សាក​សព​នៅ​ទីនេះ?» ក្បាល​មេក្រូ​​នៅ​ក្នុង​​ដៃ​រៀវ​វែង​របស់​នារីវ័យ​កណ្តាល​ម្នាក់​​​លាន់​ឡើង។​​​ ​​កាមេរ៉ា​​នៅ​លើ​ស្មា​របស់​បុរស​មាឌ​មាំ​ម្នាក់​ក៏​បាញ់​សំដៅ​មក​កាន់​​​ពួក​គេ​ដោយឥត​បាន​ព្រាង​ទុក​​។

«​ចំប៉ា​ផ្ញើ​សារ​មក​ពួក​យើង​… ប្រាប់​ថា​នាង​ត្រូវ​ការ​ជំនួយ​!» មយូរ៉ា​និយាយ​ដោយ​សំឡេង​​ញាប់​ញ័រ​​​​​ដោយ​សារ​ការ​ខ្សឹក​ខ្សួល​ និង​ភ័យ​ខ្លាច​ចំពោះ​ហេតុ​ការ​ណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​​​​គ្រា​​នេះ​។​​ ប្រាកដ​ណាស់​ សំណួរ​របស់​ក្រុម​ភ្នែក​ម្នាស់​​ ​មិន​ទាន់​អស់​​នៅ​ត្រឹម​នេះ​ទេ​ បើ​ពួក​​គេ​មិន​​បាន​ព័ត៌​មាន​លម្អិត​​​ត្រឡប់​ទៅវិញ​​​ទេ ​​ពួក​គេ​ច្បាស់​ជា​ត្រូវ​មាត់​ចៅ​ហ្វាយ​នាយ​មិន​ខាន​។

«​តើ​ជួយ​នាង​ពី​អ្វី​?» អ្នក​កាសែត​ម្នាក់​ទៀត​សង្ខើញ​សួរ​។

«សុំ​ទោស​ផង​ ពេល​នេះពួក​យើង​មិន​ទាន់​ដឹង​អ្វី​​ច្បាស់​ទេ​ ដឹង​ត្រឹម​ថា ​ពួក​យើង​ត្រូវ​សុំ​ខ្លួន​​សិន​ ព្រោះ​​ពួក​យើង​ត្រូវ​​ទៅ​ផ្តល់​ចម្លើយ​នៅ​ប៉ុស្តិ៍​ប៉ូលីស​ បើ​ចង់​ដឹង​លម្អិត​ពី​​រឿង​​​​ឃាតកម្ម​នេះ​​ សូម​អញ្ជើញ​​​ទៅ សួរ​​ពួក​ប៉ូលីស ​ដែល​កំពុង​​ធ្វើ​កោសល្ល​វិច្ច័យ​​នៅ​ខាង​នោះចុះ​ ពួក​យើង​សុំ​ខ្លួន​សិន​ហើយ​!» ពិសិដ្ឋ​គំហក​ដាក់​​​ក្រុម​អ្នក​កាសែត​អស់​នោះ​ មុន​នឹង​​ដើរ​នាំ​មុខ​ទៅ​​កាន់​​រថយន្ត ​​ដើម្បី​ទៅ​ប៉ុស្តិ៍​ប៉ូលីស​តាមការ​បង្គាប់​ហៅ​។​​

គេ​ធុញ​ទ្រាន់​ខ្លាំង​ណាស់​ នឹងរឿង​ឥត​ប្រយោជន៍​​ដែល​គេ​មិន​គួរ​យក​ខ្លួន​មក​ពាក់​ព័ន្ធ​សោះ​។ គេ​អង្គុយ​ធ្វើ​ចិត្ត​នៅ​ក្នុង​រថយន្ត​មួយ​សន្ទុះ​ ដោយ​មាន​ចម្រុង​អង្គុយ​នៅ​ក្បែរ​​។ គេ​សម្លឹង​មុខ​មិត្ត​សម្លាញ់​បែប​ចង់​រក​រឿង​​ មុន​នឹង​ដក​ដង្ហើម​ធំ​​បើក​រថយន្ត​ចេញ​ទៅ​​ផ្តល់​ចម្លើយ​ដល់​ប៉ូលីស​​ឲ្យ​​ឆាប់​ចប់​រឿង​​​ចប់​រ៉ាវ​​។

សាក​សព​បន្ទាប់​ជា​នរណា? សូម​រង់​ចាំ​វគ្គ​បន្ត​! តែ​កុំ​ភ្លេច​… សូម​ប្រញាប់​រត​់​ពួន​ បើ​អ្នក​មិន​ចង់​ក្លាយ​ជា​សាកសព​បន្ទាប់​!

Read Full Post »


រត់​ពួន​ហើយ​ឬ​នៅ? នាង​លក្ខណ៍​នឹង​ត្រឡប់​មក​វិញ​ ម៉ោង​ប្រាំ​ល្ងាច​នេះ!

រត់​ពួន​ហើយ​ឬ​នៅ? នាង​លក្ខណ៍​នឹង​ត្រឡប់​មក​វិញ​ ម៉ោង​ប្រាំ​ល្ងាច​នេះ!

Read Full Post »

Older Posts »