Feeds:
ប្រកាស
មតិ

Archive for the ‘រឿង​ប្រែ​’ Category


Read Full Post »


Read Full Post »


Read Full Post »


Read Full Post »


ទាសី

 

          “នែ៎… ហុចទឹកមកឱ្យបន្តិច!”

          “យកនំមកផង!”

          “យក ស៊ិបថូ(តុក្កតាកង្កែប ខេរ៉ូរ៉ុ) ទៅបោកផង កុំធ្វើឱ្យវាឈឺឱ្យសោះ!”

          “ខាត់ស្បែកជើងឱ្យផង!”

          “អឺ… បូមធូលីចេញផងទៅ ខ្ញុំថាបន្ទប់នេះ ដូចជាស្មោកគ្រោក បន្តិចហើយ!”

          “ធ្វើលំហាត់ឱ្យផង នៅទំព័រ ៥៩ !”

          “ចង់ញ៉ាំបុកល្ហុង បុកឱ្យបន្តិចមក៍!”

          មិនមែនទេ… នេះមិនមែនជាសំឡេងម្តាយចុងមកពីណាទេ តែជាសំឡេង ព្រះអង្គម្ចាស់ ដែលបញ្ជានេះបញ្ជានោះ មិន​ខុស​ពី​រាងកាយបែងភាគ របស់ម្តាយចុងចិត្តអាក្រក់នៅក្នុងរឿង ស៊ិនដឺរ៉េឡា ទេ។​ ចំណែកខ្ញុំនោះឬ… មាននាទីត្រឹមជាអ្នកបម្រើប៉ុណ្ណោះ!

          រយៈពេល មួយអាទិត្យមកហើយ ដែលខ្ញុំចូលជំរំជំនោរវាយោ។ តាមដែលខ្ញុំឃើញ ក្រៅពី ព្រះអង្គម្ចាស់ វែរសៃថ៍ និង ខ្ញុំ គ្មាននរណាអនុញ្ញាត​ឱ្យចូលមកក្នុងបន្ទប់នេះទេ។ ទីបំផុតអាថ៌កំបាំងដែលខ្ញុំឆ្ងល់យូរហើយថា តើជំរំនេះបង្កើតឡើងដើម្បី​អ្វី? ក៏ត្រូវស្រាយបំភ្លឺ។ ការពិតជំរំនេះ គ្មានអ្វីជាដុំកំភួនទេ ក្រៅពីអង្គុយបង្ហើរអារម្មណ៍តាម ជំនោរខ្យល់ គឺ​ស័ក្តិសមនឹងឈ្មោះគ្មានខុស។ ដោយសារ ព្រះអង្គម្ចាស់ ទើបតែទៅគំរាមគ្រូបង្រៀនកុំព្យូទ័រ ដែលទើបតែមកថ្មីឱ្យមកធ្វើជាទីប្រឹក្សា ទើបប្រធានសិស្សមិនអាចមករំសាយជំរំនេះបាន​។​

          គ្រូនោះគួរឱ្យអាណិតដល់ហើយ… តែនៅមិនបានពាក់កណ្តាលខ្ញុំផង! ហ៊ឺៗៗៗ…​ T_T

          ខ្ញុំស្ថិតនៅក្នុងស្ថានភាពជាទាសីរបស់ ព្រះអង្គម្ចាស់ អស់រយៈពេលមួយអាទិត្យមកហើយ។ចាត់​ទុក​ថាជាអាទិត្យដែលយូរបំផុត នៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់គិតថា ព្រះអង្គម្ចាស់ មិនល្អ តែខ្ញុំគិត ខុស… ព្រោះគេមហាព្រៃផ្សៃបំផុត!! TOT

          គេព្យាយាមគាបសង្កត់ខ្ញុំ គ្រប់ពេលដែលមានឱកាស និង គ្មានឱកាស។ ទោះបីជាខ្ញុំកំពុងរៀនគណិតវិទ្យា តែបើគេចង់ផឹក PEPSI ខ្ញុំត្រូវតែរកឱ្យគេឱ្យបាន។ បើគេចង់មើល ខេរ៉ូរ៉ុ ពេលខ្ញុំកំពុងរៀនវិទ្យាសាស្ត្រសង្គម​ ខ្ញុំក៏ត្រូវផ្លោះរបងទៅជួលមកឱ្យគេមើលដែរ។

          ខ្ញុំធ្លាប់ឈ្លោះប្រកែកជាមួយគេម្តងក្នុងថ្ងៃមួយ…

          “នែ៎… ខ្ញុំទ្រាំលែងបានហើយណា៎! ខ្ញុំក៏មានកិត្តិយស មានវិញ្ញាណដូចគេឯងដែរ!!”

          សម្រែករបស់ខ្ញុំ លាន់ខ្ទរពេញបន្ទប់ នៅពេលគេបញ្ជាឱ្យខ្ញុំចិតផ្លែប៉ោមហ្វូជីពីរកេះធំៗ តែគេមិនព្រមញ៉ាំ ទាល់តែផ្លែប៉ោមចាប់ផ្តើមខូច។

          “យ៉ាងម៉េច នាងស៊ិន? ឬមួយខ្ញុំឱ្យស្មៅស៊ីមិនគ្រប់គ្រាន់??”

          ព្រះអង្គម្ចាស់ ឌឺដងដាក់ខ្ញុំ​យ៉ាងឈឺចាប់ ខណៈដែល វែរសៃថ៍ កំពុងអង្គុយលេងកុំព្យូទ័រយ៉ាងស្ងៀមស្ងាត់។

          “ចុះម៉េចក៏លោកឯង ប្រើខ្ញុំអីសន្ធឹកសន្ធាប់យ៉ាងនេះ? នេះជាការងាររបស់ទាសករណា៎! ខ្ញុំឈប់ធ្វើទៀតហើយ!!”

          “ហ៊ឺយ!!! នាងនេះពូកែរអ៊ូណាស់!” ព្រះអង្គម្ចាស់ត្អូយ ព្រមទាំងធ្វើកាយវិការកេះត្រចៀក គួរឱ្យក្នាញ់ “វាជាការងាររបស់ជំរំណា៎! បើនាងមិនធ្វើ ប្រយ័ត្នគ្មានឈ្មោះក្នុងការងារក្រុម!!”

          “លោកឯង ម៉េចមិនឱ្យអ្នកផ្សេងមកធ្វើវិញ? មានស្រីៗរាប់រយនាក់រង់ចាំធ្វើជូនលោកដោយមិនបាច់រអ៊ូ! ហើយម៉្យាង តើអាការងារឆ្កួតៗអស់នេះ វាទាក់ទងនឹងជំរំត្រង់ណា??”

          “ពួកស្រីៗទាំងនោះគួរឱ្យរំខានខ្លាំងណាស់! -^- …ហើយការងារនេះ ទាក់ទងនឹងជំរំខ្លាំងណាស់ ព្រោះវាពាក់ព័ន្ធនឹងសេចក្តីសុខ របស់ប្រធានជំរំដូចខ្ញុំនោះ​អី!”

          ខ្ញុំខាំធ្មេញគ្រឺតៗយ៉ាងមួម៉ៅ និង តូចចិត្ត ចំពោះភាពលំអៀងរបស់ព្រហ្មលិខិត មុននឹងផ្ទុះកំហឹងចេញមក។

          “មិនដឹង! ខ្ញុំមិនខ្វល់ទេ!! ខ្ញុំនឹងទៅប្រាប់ប្រធានសិស្ស ឱ្យមករំសាយជំរំនេះហើយ… ខ្ញុំនឹងបកអាក្រាតការពិតទាំងអស់!!”

          ពេលនិយាយចប់ ខ្ញុំក៏ទន្ទ្រាំជើងលើព្រំជាច្រើនដង ដើម្បី​ចេញទៅ! តែពេលខ្ញុំកំពុងទាញទ្វារបើក…

          “អាឡូ! ^_^ លោកអ៊ំមេការឬ? បាទ គឺខ្ញុំ… សូមលោកអ៊ំត្រៀម អេលីកុបទែរ ឱ្យបន្តិចមក ហើយកុំភ្លេចយកខ្សែពួរមួយចង្វាយមកផង!… អឺ… ខ្ញុំគ្រាន់តែចង់យកមនុស្សម្នាក់ទៅចងផ្អោបនៅលើស្លាប​របស់​វា​ ហើយបើកហោះទៅម្តុំ មហាសមុទ្រប៉ាស៊ីភិច លេងៗប៉ុណ្ណោះ! ហិហិ…”

          មនុស្សម្នាក់នោះ គឺខ្ញុំប្រាកដណាស់!! T[]T ហ៊ឹះ!—

          ភឹបៗ!! ភឹបៗ!!!…

          មួយរំពេចដែល ព្រះអង្គម្ចាស់ ដាក់ទូរស័ព្ទចុះ សំឡេងរបស់ អេលីកុបទែរ ក៏លាន់ឡើងកក្រើកអាកាសនៅខាងក្រៅ។ ខ្ញុំអើតក្បាល​ចេញទៅមើលក៏ឃើញ អេលីកុបទែរ ពណ៌សមួយគ្រឿងកំពុងហោះនៅលើដំបូលសាលា។ ព្រះអង្គម្ចាស់ ញញឹម ហើយគ្រវីដៃដាក់ អេលីកុបទែរ យ៉ាងរីករាយ។

          ហ៊ឺយ!!! រឿងបែបនេះមានដែរឬ??? =[]=

          ទោះបីជាខ្ញុំខឹងខ្លាំងណាស់ក៏ដោយ ទីបំផុតភាពខ្លាចស្លាប់ ធ្វើឱ្យខ្ញុំវារជើងបួនទៅរក ព្រះអង្គម្ចាស់ ទាល់តែបាន! ហ៊ឺៗៗ…

          “មានអ្វី ឱ្យខ្ញុំម្ចាស់បម្រើទេ ក្រាបទូល… T-T”

          “ហាសៗៗ… ^O^ ពេលនេះខ្ញុំត្រូវការទឹកត្រជាក់ៗមួយកែវ! ហិហិ”

          ស្តាប់​ឮ​ហើយ​ ខ្ញុំក៏អេវំចុងក្រោយ ទៅរកទឹកមកឱ្យ ព្រះអង្គម្ចាស់ សេពសោយតាមព្រះរាជបំណង(ដ៏ឆ្កួតឡប់1) T-T ហ៊ឺៗៗ…

          “នែ៎ៗ… ឯងនៅមិនទាន់ស្លាប់ទេ មែនទេ?”

          ម៉ីម៉ី ហៅខ្ញុំ ដោយប្រើក្រចកដៃកេះតិចៗ។ ខ្ញុំបើកភ្នែកព្រឹមៗឡើង ហើយហើបមាត់និយាយ។

          “គ្នានៅទីណា?… =_T”

          ខ្ញុំជូតទឹកភ្នែក ដែលដក់​នៅ​លើ​ក្តោង​ច្រមុះ​ចេញ​ ព្រោះទើបតែងើបពីដេក ហើយសម្លឹងមុខ ម៉ីៗ ដូចមនុស្សដែលមិនទាន់អស់អាល័យនឹងស្លាប់។

          “ឯងទៅអត់ដេកអត់ពួនមកពីណាហ្នឹង??”

          ម៉ីម៉ី សួរ យ៉ាងព្រួយបរម្ភ នៅពេលឃើញត្របកភ្នែកខ្មៅជាំដូចខ្លាឃ្មុំភែនដារបស់ខ្ញុំ។

          “យប់មិញ គ្នារវល់​សរសេរអត្ថបទសង្គមវិទ្យាឱ្យ ព្រះអង្គម្ចាស់… ហួមមម!”

          ខ្ញុំតប ហើយស្ងាបហាមាត់ធំ មុននឹងក្រាប​ក្បាល​ទៅលើតុម្តងទៀត តែមុននឹងបិទភ្នែកដេក ម៉ីម៉ី ក៏និយាយឡើង។

          “ឯងពិតជាមិនអាចធ្វើអ្វីបាន ពិតមែនឬ? គ្នាមិនចង់ឃើញឯង ស្ថិតនៅក្នុងសភាពបែបនេះទៀតទេ! គួរឱ្យខ្លាច… គួរឱ្យខ្លាចណាស់…”

          “គ្នាមិនចង់ធ្វើទេ តែគ្នាក៏មិនចង់ឱ្យគេ បញ្ជូនទៅធ្វើជាចំណី របស់ត្រីឆ្លាមនៅទន្លេសាបសុភីរៀ ដែរ!”

          នោះគឺជាអ្វីដែលខ្ញុំនិយាយចេញមក។ ប៉ុន្មានថ្ងៃមកនេះ ព្រះអង្គម្ចាស់ ធ្វើបាបខ្ញុំរហូតខ្លាចបាក់ ​ស្បាត​តែម្តង។ គេមិនមែនត្រឹមតែគំរាមទេ តែគេលេងមែន ឈឺមែន! T-T

          “ឯងណា… ហ៊ឺយ!” ម៉ីម៉ី ទះស្មាខ្ញុំតិចៗ មុននឹងនឹកឃើញអ្វីឡើងមក “និយាយទៅ… រឿងរបស់ឯងក្លាយជា Talk of the town របស់សាលារៀនទៅហើយ! ឯងដឹងទេថា អ្នកដទៃមើលមកឯងថាយ៉ាងម៉េច?”

          ខ្ញុំគ្រវីក្បាល​។

          “នរណាៗក៏និយាយថា ឯងគឺជា ស៊ិនដឺរ៉េឡា ដ៏សំណាងល្អដែលបានចូលជិត ព្រះអង្គម្ចាស់ យ៉ាងស្និទ្ធស្នាល ដែលមិនធ្លាប់មាននរណាក្នុងប្រវត្តិសាស្ត្រធ្លាប់ធ្វើបាន! មានមនុស្សស្រីរាប់រយនាក់ ដែលសុខចិត្តយកពងមាន់នៅឯផ្ទះមកដោះដូរ ដើម្បី​បាន​ដូចឯងវ៉ឺយ!”

          “គ្នានេះឬ…? ស៊ិនដឺរ៉េឡា ខ្មោចយក៍អី!! T-T គ្នាមានឋានៈត្រឹមជាទាសីប៉ុណ្ណោះ” ខ្ញុំនិយាយយ៉ាងតប់ប្រមល់ “គ្នាផ្ទាល់ក៏ព្រមយកពងមាន់ទាំងផែនដី ទៅដោះដូរដើម្បី​កុំ​ឱ្យខ្លួនឯងស្ថិតនៅក្នុងសភាពបែបនេះដែរ​! TToTT ហ៊ឺៗៗ…”

          ម៉ីម៉ី បានត្រឹមតែញញឹមដាក់ខ្ញុំយ៉ាងយល់ចិត្ត ហើយបណ្តោយឱ្យដេកលង់លក់យ៉ាងស្ងប់សុខ…

          សប្បាយចិត្តខ្លាំងណាស់!!

          ថ្ងៃនេះ ជាថ្ងៃដំបូង ដែលខ្ញុំមិនចាំបាច់ទៅប្រណិប័តន៍ ព្រះអង្គម្ចាស់ ក្រោយពេលចេញពីរៀន។បន្ទាប់ពីគេបានទទួល អត្ថបទស្រាវជ្រាវសង្គមវិទ្យាពីខ្ញុំកាលពីព្រឹក គេក៏លែងមកបញ្ជាខ្ញុំ ឱ្យធ្វើអីទៀត ដែរ។

          តែចម្លែកដល់ហើយ… តើគេបាត់ខ្លួនទៅណាហ្ន៎??? បាន​អ៊ីចឹង​ល្អហើយ!! អាគិគិ

          ក្រោយពេលចេញពីរៀន ខ្ញុំក៏ប្រញាប់ប្រមូលសម្ភារៈត្រលប់ទៅផ្ទះយ៉ាងរួសរាន់ ដើម្បីត្រលប់ទៅដេកឱ្យបានពេញភ្នែកម្តង ព្រោះអត់ងងុយមកយូរថ្ងៃហើយ។ អៃ… គ្រែអើយ! រង់ចាំខ្ញុំសិនណា៎! ហិហិ–

          ថ្ងៃនេះអ្វីៗក៏មើលទៅឃើញមានសេចក្តីសុខទាំងអស់… អ្នកបើករថយន្តក្រុងក៏សង្ហាជាងមុនដូចទើបតែមកពីកែសម្ផស្ស ឯអ្នកប្រមូលលុយក៏គួរឱ្យស្រលាញ់ដូច Wonder Girl អៃ… មានសេចក្តីសុខដល់ហើយ!​

          ខ្ញុំត្រលប់មកដល់ផ្ទះ ក្នុងរយៈពេលមិនយូរប៉ុន្មាន។ ខណៈពេលកំពុងគ្រហឹមច្រៀងចាក់សោទ្វារផ្ទះ នៅមិននៅសេចក្តីសុខរបស់ខ្ញុំក៏ត្រូវបំផ្លាញ!

          ក្រឹក…

          សំឡេងសោផ្ទះ ជ្រុះធ្លាក់ទៅដីមួយរំពេច នៅពេលខ្ញុំបើកទ្វារទៅ ឃើញ បងសេម ឈរញញឹមស្រស់នៅចំពោះមុខ។

          “អូ… ស៊ិនសៀ ទេឬ? ^-^ សួស្តីចា៎ស!”

          បង សេម រាក់ទាក់ខ្ញុំយ៉ាងកក់ក្តៅ។ រូបភាពផុសរបស់ បង សេម ក្នុងវ័យកុមារ លេចឡើងមួយរំពេច ធ្វើឱ្យខ្ញុំចុកណែនពេញបេះដូង។

          “ចា៎ស… អឺ… ស៊ិនសៀ សុំខ្លួនសិន…”

          “ប្រុងទៅណា? តាំងពីត្រលប់មក យើងនៅមិនទាន់បាននិយាយគ្នាផង! ^^”

          “…”

          សម្តីរបស់បង សេម ធ្វើឱ្យខ្ញុំនិយាយតមិនចេញ ចង់គេចមុខក៏មិនហ៊ាន ទើបបានត្រឹមតែឈរនៅស្ងៀម។

          “ស៊ិនសៀ ចា៎… ចូលមកក្នុងលឿនឡើងមក ចាំ ចែ រកទឹកត្រជាក់ៗឱ្យញ៉ាំ– ហុហុហុ”

          ចែ!! កាលខ្ញុំនៅពីតូច បង សេម មិនដែលហៅខ្លួនឯងដោយពាក្យនេះទេ!!!

          ខ្ញុំរវល់តែឈរភាន់ភាំងនឹងពាក្យនោះ ទើបមិនបានប្រកែកអ្វី ពេលដែល​បងសេម អូសខ្ញុំឱ្យមកអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ឯខ្លួនឯងដើរចូលទៅក្នុងផ្ទះបាយ។ ទូរទស្សន៍បើកចោលក្នុងកម្មវិធីបទ ចម្រៀង តែសំឡេងចម្រៀងទាំងនោះ មិនបានចូលមកក្នុងត្រចៀករបស់ខ្ញុំទេ ព្រោះពេលនេះខ្ញុំកំពុងទទួលអារម្មណ៍យ៉ាប់! យ៉ាប់! ហើយ យ៉ាប់!

          ហ៊ឺៗៗ… ខ្ញុំសុខចិត្តក្លាយជាទាសីរបស់ ព្រះអង្គម្ចាស់ មួយជីវិត ប្រសើរជាងមកទ្រាំឃើញបងប្រុសរបស់ខ្លួនឯងស្ថិតនៅក្នុងសភាពបែបនេះ!

          មិនបណ្តោយឱ្យខ្ញុំអង្គុយយូរប៉ុន្មាន បងសេម ក៏ដើរចេញមក ព្រមជាមួយទឹកត្រជាក់មួយកែវធំ ដែលតាំងចិត្តយកមកឱ្យខ្ញុំ។ ខ្ញុំទទួលយកមកផឹកយឺតៗ ដោយមិនបានទទួលភាពត្រជាក់ចិត្ត ពីទឹកមួយកែវនោះសោះ។

          “យើងមិនបានជួបគ្នាយូរហើយ… ដល់ជួបគ្នាម្តងទៀត ស៊ិនសៀ ក៏ពេញក្រមុំស្តូក ហើយផ្លាស់ប្តូរច្រើនទៀតផង!”

          បងប្រុសរបស់ខ្ញុំនាំនិយាយ ខណៈដែលខ្សែភ្នែកសម្លឹងមើលទូរទស្សន៍។

          …បង​​ សេម ក៏ផ្លាស់ប្តូរច្រើនដូចគ្នា…

          ខ្ញុំស្ទើរតែនិយាយចេញទៅហើយ តែក៏ញាត់សម្តីនោះចូលបំពង់កវិញយ៉ាងស្ងៀមស្ងាត់។ តែមុននឹងខ្ញុំគិតអ្វីច្រើនជាងនេះទៀត បងសេម ក៏ស្រែកឧទានឡើង។

          “អៃៗៗ… >O< នោះគឺ Jonas Brother តើ! យ៉ៃ… សង្ហា hot sexy អត់ទាស់!!”

          ប្រាវវវវវ…

          រូបភាព បងសេម ឆ្លេឆ្លានឹងប្រុសបារាំងបីនាក់នៅក្នុងទូរទស្សន៍ យ៉ាងចេញមុខចេញមាត់ ធ្វើឱ្យខ្ញុំភាំងរបូតកែវពីដៃដោយមិនដឹងខ្លួន។

          “អូយ! ស្លាប់ហើយ… កើតអីឬអត់ ស៊ិនសៀ??”

          បង សេម សួរដោយក្តីបារម្ភ។ ខ្ញុំភ្ញាក់ដឹងខ្លួនវិញ ហើយប្រញាប់តប។

          “អ… អត់អីទេ… ចាំ ស៊ិនសៀ ប្រមូលដោយខ្លួនឯង!”

          ខ្ញុំឈ្ងោករើសអំបែងកែវ យ៉ាងប្រញាប់ ឯបងសេម ក៏ទៅយកអំបោសមកជួយប្រមូល។ បោសសម្អាតរួចហើយ ខ្ញុំក៏ប្រញាប់ឡើងទៅលើយ៉ាងរួសរាន់ ​ដោយមិននិយាយអ្វីទៀត។

          ព្រោះពេលនោះ… ទឹកភ្នែករបស់ខ្ញុំហូរចេញមកទៀតហើយ!

 សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


ជំរំជំនោរវាយោ

 

          ជំរំជំនោរវាយោ

          ខ្ញុំមិនធ្លាប់ដឹងពីមុនមកសោះថា មានជំរំបែបនេះនៅក្នុងសាលារៀនរបស់យើង។ តាមដឹងវាជាជំរំថ្មីបំផុតរបស់សាលារៀន ដែលបង្កើតឡើងដោយ ព្រះអង្គម្ចាស់ ផ្ទាល់តែ​ម្តង​។ ខ្ញុំ​នៅ​នឹក​មិន​ឃើញ​សោះ​ថា ឈ្មោះរបស់ជំរំ ចង់បានន័យដូចម្តេច???

          ខ្ញុំកំពុងមកសង្កេតការណ៍ នៅមុខជំរំ​នេះយ៉ាងប្រុងប្រយ័ត្ន។ ច្រើននាទីមកហើយ ដែលខ្ញុំមកឈរនៅមុខបន្ទប់នេះ តែមិនហ៊ានចូលទៅម្នាក់ឯងទេ ព្រោះខ្លាចពួកស្រីៗ និង ខ្ទើយៗ ដែលចូលទៅលស្បែកជើងនៅក្នុងបន្ទប់នោះ។ ម៉ីម៉ី ទុកខ្ញុំចោលម្នាក់ឯងអស់មួយរយៈហើយ ព្រោះនាងជាប់រវល់ទៅមើលត្រីប្រាំ​ពីរពណ៌ ដែលពិការរបស់នាង -_-; ។ ខ្ញុំកំពុងឆ្ងល់ខ្លាំងណាស់ថា តើខ្ញុំមានតម្លៃប៉ុណ្ណាសម្រាប់ មិត្តម្នាក់នេះ???

          “ព្រះអង្គម្ចាស់! មើល ទុកគី នែ៎… ពាក់ត្រូវល្មម!!”

          សំឡេងរបស់នារីម្នាក់ លាន់ចេញពីក្នុងបន្ទប់ ជំរំជំនោរវាយោ ធ្វើឱ្យខ្ញុំភ្ញាក់ព្រើតពីអារម្មណ៍រវើរវាយ។ ខ្ញុំឈ្ងោកមុខមើលតាមចន្លោះកញ្ចក់ ហើយផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់។

          “ទុកគី… នាងមកទីនេះលើកទី៥០ហើយណា៎! -_- នាងមិនមែនជាម្នាក់នោះទេ… ឈប់ព្យាយាមទៀតទៅ!”

          សំឡេង ព្រះអង្គម្ចាស់ រអ៊ូឡើងយ៉ាងធុញទ្រាន់។ គេកំពុងអង្គុយនៅលើសាឡុងមួយ​ដោយអារម្មណ៍តានតឹងបំផុត។

          “អត់ទេៗ!!! >O< លើកនេះ ទុកគី ពិតជាអាចឆ្លើយបាន!!”

          “បើ​អ៊ីចឹង​ ឆ្លើយថាម៉េចទៀតទៅ?? -_-;”

          “ទុកគី សុំឆ្លើយថា ស៊ិនដឺរ៉េឡា និយាយថា ខ្ញុំម្ចាស់ស្រលាញ់ព្រះអង្គ តែពេលវេលាមិនផ្តល់    ឱកាសឱ្យ! ខ្ញុំធានាថា លើក​នេះ​ពិតជាត្រូវ!!”

          ស៊ិនដឺរ៉េឡា ឯណា ទៅនិយាយបែបនោះ? -_-; វិកលចរិតពិតមែន!!

          ព្រះអង្គម្ចាស់ បញ្ចោញទឹកមុខនឿយណាយ មុននឹងងាកទៅប្រាប់មិត្តរបស់គេដែលឈ្មោះ វែរសៃល៍។

          “វែរ… យកនាងនេះ ចេញឱ្យឆ្ងាយទៅ! មនុស្សស្រីអី គួរឱ្យរំខានម៉្លឹងៗ!!”

          “ស្អីគេ! នៅមិនទាន់ត្រូវទៀតហ៎?? ង៉ាំង៉ាំង៉ាំ—”

          នាង ទុកគី ស្អីគេនោះ ដើរចេញមកដោយខ្លួនឯង ដោយមិនចាំបាច់មាននរណាដេញ។ ខ្ញុំលោតទៅពួននៅខាងក្រោយផើងដើមឈើ ពេលនាងដើរកាត់មក។

          ក្រៅពីនាង ទុកគី ហើយ នៅមាន គីស៊ី ស៊ូស៊ី នែននី ធីហ្វី  ឡាឡា ផូល… និង ស្រីៗផ្សេងៗទៀតជាច្រើន ដែលចូលទៅឆ្លើយសំណួរ តែច្បាស់​ណាស់ហើយ គ្មាននរណាម្នាក់ឆ្លើយ​ត្រូវទេ។

          ខ្ញុំឈរលួចស្តាប់យូរសែនយូរ ស្ទើរតែក្លាយជារូបចម្លាក់ ឈរយាមមាត់​ទ្វារទៅហើយ។ ទីបំផុត នារីចុងក្រោយក៏រត់ចេញមកទាំងយំអណ្តឺតអណ្តក ព្រោះខកបំណងដែលខ្លួនឯងឆ្លើយសំណួរមិន   ត្រូវ​។

          នេះជាពេលដែលខ្ញុំកំពុងរង់ចាំ! ខ្ញុំត្រូវតែចូលទៅនិយាយជាមួយគេឱ្យបាន!!

          អ៊ែតតតតត…

          “ស្អីគេ នៅមិនទាន់អស់ទៀតឬ?? ដឹងខ្លួនហើយថា មិនមែន ម៉េចក៏នៅតែខំមកអីម៉្លេះ!!” ព្រះអង្គម្ចាស់ រអ៊ូភ្លាមមួយរំពេច ខណៈដែលខ្ញុំឈានជើងចូលទៅក្នុងបន្ទប់ មុននឹងងើបមុខឡើងសម្លឹង “ហក៍! ចង់ លស្បែកជើង ក៏ប្រញាប់ពាក់ទៅ!”

          សំណាងល្អ ឬអ្វីក៏ដោយដែល ព្រះអង្គម្ចាស់ ចំណាំខ្ញុំមិនបាន។ ខ្ញុំពិតជាចង់អរគុណជោគ​វាសនា​នេះខ្លាំងណាស់ តែមនុស្សម្នាក់ទៀតបែរជាធ្វើឱ្យខ្ញុំស្រងាកចិត្តយ៉ាងខ្លាំង។ នោះគឺ មិត្តរបស់គេ ឈ្មោះ… វែរសៃល៍!

          គេហាក់ដូចជាចំណាំខ្ញុំបាន ព្រោះពេលដែលងាកមកឃើញខ្ញុំ ទឹកមុខរបស់គេក៏ប្រែប្រួលមួយរំពេច។ ខ្ញុំខ្លាចគេប្រាប់ថា ខ្ញុំគឺជាអ្នកដែលគប់ស្បែកជើងដាក់ ព្រះអង្គម្ចាស់ តែទីបំផុតគេក៏សម្រេចចិត្តនៅស្ងៀមវិញ។ ខ្ញុំពិតជានឹកអរគុណគេខ្លាំងណាស់ ដែលគេមិននិយាយ!

          “ខ្ញុំមិនបានមកលស្បែកជើងទេ!”

          ខ្ញុំឈ្ងោកមុខមើលឥដ្ឋបន្តិច ព្រោះមិនចង់មើលមុខ ព្រះអង្គម្ចាស់ ចំៗ ខ្លាចគេនៅចាំខ្ញុំបាន…

          “ព្រោះបានឮថាលោក… អត់ទេ!” ខ្ញុំគ្រវីក្បាល ពេលនឹកឃើញថា គួរហៅឈ្មោះគេល្អជាង “ព្រះអង្គម្ចាស់ មានកម្លាំងពិសេស ទើបខ្ញុំចង់មកសុំជំនួយ…”

          បន្ទប់ទាំងមូលស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ដែលជាសញ្ញា​បញ្ជាក់ថា ខ្ញុំអាចនិយាយបន្តទៀតបាន​។

          “មានគេប្រាប់ថា ព្រះអង្គម្ចាស់ អាចកែប្រែចិត្តរបស់មនុស្សបាន ទើបចង់សុំឱ្យជួយផ្លាស់​ប្តូរ​បងប្រុសរបស់ខ្ញុំបន្តិច!” ខ្ញុំដកដង្ហើមចូលវែងៗ មុននឹងនិយាយបន្ត “សូមជួយកែ​ប្រែ​បងប្រុសរបស់ខ្ញុំដែលជាខ្ទើយឱ្យក្លាយជាមនុស្សប្រុសវិញផង!”

          ខ្ញុំលើកដៃសំពះសុំអង្វរ ខណៈពេលដែលនិយាយប្រយោគនោះចប់។ គ្មានសំឡេងណាមួយតបមកទេ តែ ព្រះអង្គម្ចាស់ ក៏ក្រោកចេញពីសាឡុងដើរសំដៅមកកាន់ខ្ញុំ។

          “នាង…” គេហៅខ្ញុំ “ងើបមុខឡើងមើល៍!”

          អ្វីម៉្យាងនៅក្នុងសំឡេងរបស់គេ ធ្វើឱ្យខ្ញុំខ្លាច តែក៏ព្រមងើបមុខតាមបញ្ជា។ ព្រះអង្គម្ចាស់ ចាប់ចង្កា​ខ្ញុំឱ្យងើយឡើង មុននឹងញញឹមចេញមក។

          “នាងពិតមែន… មុខនេះត្រូវប៉ាច់តែម្តង!! ថែមទាំងទំហំ​ជើងក៏​មើលទៅប្រហាក់ប្រហែលគ្នាទៀត!” ព្រះអង្គម្ចាស់ និយាយដោយសំឡេងត្រជាក់ស្រឹប “នាងនេះហើយដែលយកស្បែកជើងគប់​ក្បាល​យើង​!!”

          ហ៊ឺយ!!

          ខ្ញុំភ្ញាក់ព្រើតមួយរំពេច ដែលជាប្រតិកម្ម​ដ៏​មានពិរុទ្ធបំផុត។ វីវរធំហើយខ្ញុំ!!​ T[]T

          “នាង… -_-; ” ព្រះអង្គម្ចាស់ ញញឹមចុងមាត់ ដែលធ្វើឱ្យមុខរបស់គេ មើលទៅកាចបំផុត… រំពេចនោះ គេក៏លោតមករកខ្ញុំ “ស្លាប់ទៅ!!!”

          “ហ៊ឺយ!!!… អ៊ែកកក… អូយយយ… អ៊ូកកក…​ TXT”

          ខ្ញុំស្រែកផង ក្អកផង ព្រោះព្រះអង្គម្ចាស់ហក់មកចាប់ច្របច់កខ្ញុំ ហើយគ្រញែងចុះឡើង។

          “នាងធ្វើដាក់យើង​ចុកចាប់ខ្លាំងណាស់!! >O< ហេតុអ្វីនាង​យក​ស្បែក​ជើង​ម៉ារៀលៗ​​​នោះ ​មក​គប់យើង​ទៅកើត?? នាងដឹងទេថា ខួរ និង ក្បាលដ៏សែនស្អាតនេះ មានតម្លៃមហាសាលប៉ុណ្ណា!! នាង​…”

          “នែ៎… ព្រះអង្គម្ចាស់… ខ្ញុំថា ឯងគួរតែ…”

          វែរសៃល៍… មិត្តរបស់គេនិយាយឃាត់ តែមុននឹងសម្តីរបស់គេបញ្ចប់ ទ្វារបន្ទប់ក៏របើកគ្រាំង!​ព្រះអង្គម្ចាស់ លែងខ្ញុំឱ្យរួចផុតពី​អំពើឃាតកម្ម ព្រោះងាកទៅចាប់អារម្មណ៍នឹងមនុស្ស ដែលចូលមកដល់។ គេគឺជាបុរសរាងខ្ពស់ ដែលមើលមួយភ្លែត ខ្ញុំក៏ចាំបានថា គេគឺជាប្រធានសិស្សប្រចាំសាលារបស់យើង។

          ម្នាក់នេះហើយ ដែល ម៉ីម៉ី ប្រាប់ថាធ្លាប់ជាហ្គេយ៍!​ -.-

          “ឯងទៀតហើយឬ? ថ្មើរនេះហើយ ហេតុអ្វីមិនត្រលប់ទៅផ្ទះទៅសម្បែង? =[]=”

          ព្រះអង្គម្ចាស់ ឡូឡាមួយរំពេចដែលឃើញមុខគេច្បាស់។​ ប្រធានសាលាហាក់ដូចជាតានតឹងនឹងសម្តីនោះខ្លាំងណាស់ មុននឹងខ្ជាក់​សម្តី​មកវិញ។

          “បើមិនចាំបាច់ ក៏មិនចង់មកដែរ តែចៃដន្យមានរឿងត្រូវមកនិយាយ!”

          មើលទៅពួកគេ ដូចជាស្និទ្ធស្នាលនឹងគ្នាណាស់ តើ​ប្រធានសាលាមកទីនេះ ញឹកញាប់ណាស់ឬ? មិនមែនជារឿងរបស់ខ្ញុំទេ! ពេលគិតឃើញដូច្នោះ ខ្ញុំក៏រំលៀកខ្លួនគេចចេញពីក្នុងបន្ទប់។

          “ខ្ញុំប្រាប់ពួកឯងហើយថា ជំរំនេះនឹងត្រូវរំសាយចោលនៅក្នុងថ្ងៃនេះ បើមានសមាជិកតែប៉ុណ្ណេះ ហើយនៅមិនទាន់មានគ្រូជាទីប្រឹក្សាទៀត ឯពួកឯងក៏នាំគ្នាធ្វើអីជាមួយជំរំនេះក៏មិនដឹង ទាំងមិនទាន់បានទទួលការអនុញ្ញាត​សោះ!”

          ប្រធានសាលាធ្វើទឹកមុខខ្ពើមរអើម ខណៈសម្លឹងទៅមើលសម្ភារៈប្រណីតៗនៅក្នុងបន្ទប់នេះ។ព្រះអង្គម្ចាស់ មើលទៅដូចជាមិនចូលចិត្តប្រធានសាលានេះសោះ។ គេធ្វើទឹកមុខតានតឹង មុននឹងងាកទៅរក វែរសៃល៍។

          “វែរ! ឯងរកមនុស្សចូលជំរំរបស់យើងបានហើយ មែនទេ?”

          “បើមិនយកមនុស្សដែលជា Fan Club របស់ឯង និង មិនយកមនុស្សដែលឯងថាគួរឱ្យរំខាន ពេលនេះជំរំរបស់យើង មានសមាជិកតែ ៧ នាក់ប៉ុណ្ណោះ បើរួមទាំងពួកយើងផង គឺមាន ៩ នាក់!”

          វែរ តបដោយទឹកមុខស្មើ។ ពេលប្រធានសិស្សបានឮ ក៏និយាយមួយរំពេចភ្លាម។

          “មិនគ្រប់គ្រាន់ទេ តិចពេកហើយ! ពួកឯងត្រូវមានសមាជិកយ៉ាងតិចបំផុត ១០ នាក់ ទើបអាច​បើកជំរំបាន។ ដូច្នេះជំរំរបស់ពួកឯង ត្រូវតែរំសាយនៅក្នុងថ្ងៃនេះ ឆាប់ប្រមូលរបស់ចេញទៅ ព្រោះក្លិបគណិតវិទ្យា កំពុងត្រូវការប្រើបន្ទប់នេះល្មម!”

          “យី! ឯងមករវីរវល់អីនឹងជំរំរបស់យើងខ្លាំងម៉្លេះ!!”

          ព្រះអង្គម្ចាស់ និយាយយ៉ាងធុញទ្រាន់ ឯប្រធានសាលានៅតែប្រើធម៌ត្រជាក់ដដែល។

          “បើតាមតួនាទីរបស់ប្រធានសិស្សទាំងមូល នេះគឺជាតួនាទីរបស់ខ្ញុំ! ពួកឯងមិនគួរប្រើបន្ទប់ជំរំទេ បើមិនបានធ្វើអ្វីជាដុំកំភួន ព្រោះនៅមានជំរំដទៃផ្សេងទៀត ដែលត្រូវការមានបន្ទប់ជំរំ តែគ្មាន      ឱកាសមាន។

          “តែខ្ញុំជាកូនប្រុសរបស់ម្ចាស់​សាលារៀននេះ!!”

          នៅពេលប្រកែកដោយហេតុផលមិនឈ្នះ​ ព្រះអង្គម្ចាស់ ក៏ប្រើអំណាចជំនួសវិញ តែប្រធានសិស្ស​កម្រើកវ៉ែនតាបន្តិច មុននឹងនិយាយ។

          “ខ្ញុំទូរស័ព្ទសួរប៉ា​របស់ឯងរួចហើយ ប៉ា​របស់ឯងប្រាប់ថា ឱ្យចាត់ការឯងតាមសប្បាយ!”

          នៅពេលបានឮដូច្នោះ ព្រះអង្គម្ចាស់ ក៏ខឹងច្រឡោតមួយរំពេច ហើយរអ៊ូរទាំរង៉ូវមិនព្រមឈប់។

          “បើមានសមាជិកគ្រប់គ្រាន់ ពួកយើងមិនចាំបាច់រំសាយជំរំទេ មែនទេ?” បុរសឈ្មោះវែរសៃល៍ និយាយ។

          “មែនហើយ! និងត្រូវមានគ្រូជាទីប្រឹក្សាផង បើមិនដូច្នោះពួកឯង គ្មានសិទ្ធិមកបើកជំរំបែបនេះបានទេ!”

          ចម្លើយនោះធ្វើឱ្យមិត្តជំនិតរបស់ ព្រះអង្គម្ចាស់ ងាកទៅខ្សឹបប្រាប់គេ ដែលទំនងជារឿងត្រូវចិត្ត ព្រោះឃើញ ព្រះអង្គម្ចាស់ ញញឹម ចេញមកយ៉ាងស្រស់ថ្លា។

          “បើអ៊ីចឹង ខ្ញុំបានសមាជិកបន្ថែមហើយ!” ព្រះអង្គម្ចាស់ និយាយមុននឹងងាកមករកខ្ញុំ ដែលនៅឈរ​លាក់ខ្លួនត្រង់កន្លៀតទ្វារ “នាង! ចេញមកនេះភ្លាមមក នាងត្រងោល!”

          ត្រ… ត្រងោលឬ? ហ៊ឹះ!! T^T

          មិនមែនត្រឹមតែហៅទទេៗទេ ព្រះអង្គម្ចាស់ នៅដើរចូលមកអូសខ្ញុំយកទៅទៀត។ ខ្ញុំបម្រុងរអ៊ូដាក់ តែសម្តីរបស់ ព្រះអង្គម្ចាស់ ធ្វើឱ្យខ្ញុំស្លុត​មួយរំពេច។

          “នាងម្នាក់នេះហើយ ជាសមាជិកថ្មីរបស់ជំរំយើង! ពេញចិត្ត ហើយឬនៅ??”

          “អ្ហា៎??? =[]=”

          ខ្ញុំបើកភ្នែកធំៗងាកទៅមើល ព្រះអង្គម្ចាស់ មួយរំពេច    ខណៈដែលគេញេញធ្មេញគំរាមខ្ញុំ      ​តិច​ៗ​។

          “កុំរឿងច្រើនឱ្យសោះ! បើនាងព្រមធ្វើតាមខ្ញុំពេលនេះ ខ្ញុំអាចមិនរករឿងនាងដែលយកស្បែក​ជើង​គប់ក្បាល​ខ្ញុំក៏ថាបាន!”

          សម្តីនេះ ធ្វើឱ្យខ្ញុំបិទមាត់ស្ងាត់ឈឹងតែម្តង។

          “ឯងទៅបង្ខំគេ ឱ្យមកចូលរួមជំរំបែបនេះ មិនបានទេណា៎!”

          ប្រធានសិស្សនិយាយប្រឆាំង តែ ព្រះអង្គម្ចាស់ ញញឹមយ៉ាងមានប្រៀប។

          “នាង មិនបានបង្ខំឱ្យចូលទេ មែនអត់?!! ^-^+++”

          ចុងប្រយោគនោះ ជាសម្តីគំរាមយ៉ាងច្បាស់​ក្រឡែត ធ្វើឱ្យខ្ញុំត្រូវតបទៅថា…

          “ចា៎ស! ពិតមែនហើយ… T_T គ្មាននរណាបង្ខំខ្ញុំទាំងអស់!”

          នៅពេលចប់សម្តីខ្ញុំ ប្រធានសិស្ស ងាកមកសម្លឹងមុខខ្ញុំបន្តិច មុននឹងដកដង្ហើមធំនិយាយ។

          “ហ៊ឺយ! ក៏បាន​… តែបើបីថ្ងៃបន្ទាប់មក ឯងនៅតែរកគ្រូជាទីប្រឹក្សាមិនបាន ខ្ញុំនឹងរំសាយជំរំរបស់​ឯងយ៉ាងប្រាកដ!”

          “អឺ… បើអស់កិច្ចការហើយ ក៏អញ្ជើញ​ទៅវិញចុះ!”

          ព្រះអង្គម្ចាស់ ខ្ជាក់សម្តីដេញភ្លាមៗ មុននឹងប្រធានសិស្ស ដកដង្ហើមយ៉ាងតឹងទ្រូង ហើយបើកទ្វារចេញទៅ។

          “នែ៎…​នាង!”
          មានមនុស្សកេះខ្នងខ្ញុំ ពេលងាកទៅគឺ វែរ មិត្តរបស់ ព្រះអង្គម្ចាស់ នោះឯង។ គេហុចក្រដាសមួយសន្លឹកមកឱ្យខ្ញុំ ព្រមទាំងនិយាយបន្ត។

          “នាងត្រូវស៊ីញ៉េផង ដើម្បី​ចូល​ជាសមាជិករបស់ជំរំ!”

          “តែខ្ញុំមានជំរំរួចហើយ! ខ្ញុំនៅជំរំ ដាំដើមឈើស្រលាញ់ធម្មជាតិ! -_-;”

          ខ្ញុំតបទៅវិញមួយរំពេច ហើយ ព្រះអង្គ​ម្ចាស់​ ក៏ឆ្លងសម្តីចូលមកភ្លាមៗដែរ។

          “ទៅលាចេញទៅ ខ្ញុំពិតជាត្រូវការនាង ឱ្យនៅក្នុងជំរំនេះពិតមែន! បើមិនដូច្នោះ អាប្រធាននោះ ពិតជាមិនឈប់មករញ៉េរញ៉ៃទេ!” ព្រះអង្គម្ចាស់ គ្រញែងខ្លួនមុននឹងបន្តសម្តី “ហ៊ឹះ! ប្រធានចម្កួត អើយ… លើកមុននៅតាមមកញ៉ែយើងផង ដល់ឥឡូវធ្វើដូចជាឯងធំដុំសម្បើម​ណាស់អ៊ីចឹង! នឹកដល់រឿងនោះ នៅឆ្អើមមិនទាន់បាត់ផង!!”

          -_- បានន័យថា ពាក្យចចាមអារ៉ាមរបស់ ម៉ីម៉ី គឺជាការពិតហើយ!

          ដោយសារ ព្រះអង្គម្ចាស់ និង មិត្តរបស់គេតាមសម្លឹងខ្ញុំមិនដាក់ ទើបខ្ញុំត្រូវសរសេរឈ្មោះខ្លួនឯងនៅលើក្រដាសទាំងបង្ខំចិត្ត។

          “អូខេ… នាងមានឈ្មោះលេងថាម៉េច?”

          វែរសៃល៍ សួរខ្ញុំដោយទឹកមុខនឹងធឹង តែពោរពេញដោយមេត្រីភាពជាង ព្រះអង្គ​ម្ចាស់​ ខណៈទទួលក្រដាសយកទៅវិញ ទើបខ្ញុំតបទៅថា…

          “ស៊ិនសៀ… ខ្ញុំឈ្មោះ ស៊ិនសៀ!”

          “អឺម… ស៊ិនសៀ សូមស្វាគមន៍ចំពោះការចូលរួមក្នុងជំរំ ជំនោរវាយោ របស់យើង។ ខ្ញុំឈ្មោះ  វែរសៃថ៍ ឯគេនោះនាងក៏ស្គាល់ហើយថាឈ្មោះ ព្រះអង្គ​ម្ចាស់​… តទៅនេះ នាងក្លាយជាសមាជិកជំរំរបស់យើងហើយណា៎!”

          ខ្ញុំងក់ក្បាល​ទទួល។

          “ខ្ញុំត្រលប់ទៅវិញបានហើយ មែនទេ?”

          “អញ្ជើញ!” ព្រះអង្គម្ចាស់ តប “តែកុំគិតថា ខ្ញុំលែងនាងឱ្យមានឥស្សរៈឱ្យសោះ! ហ៊ឹះៗៗៗ…”

          … ហើយសំឡេងសើច ហ៊ឹះៗ របស់ ព្រះអង្គម្ចាស់ ក៏តាមមកលងក្នុងសុបិនរបស់ខ្ញុំ ស្ទើរតែពេញមួយយប់។ ឱ! ជីវិត… T-T

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

Read Full Post »


         

          «ចង់នៅជាមួយរហូតចង់ធ្វើ​​​អ្វីដើម្បី​​​​ជាច្រើនតែ​​ទីបំផុតខ្ញុំក៏​​ធ្វើអ្វីមិនបានសោះ​…»

          ខាសឹគិ

          ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ ​​ដែល​មាន​ជំងឺ​បេះ​ដូង​តាំង​ពី​កើត​​ ចេញ​ចូល​​មន្ទីរ​ពេទ្យ​ជាប់​រហូត​​។ ទី​បំផុត​ ជំងឺ​បេះ​ដូងក៏​​កាន់​តែ​ធ្ងន់​ធ្ងរ​​ រហូត​ត្រូវ​​ធ្វើ​ការ​វះ​កាត់​ជា​​បន្ទាន់​នៅ​បំណាច់​​ខែ​ធ្នូ​។

          ខុរុ

          កូន​ឆ្កែ​​អនាថា​ ដែល​វង្វេង​ផ្លូវ​ចូល​មក​ក្រោយ​មន្ទីរ​ពេទ្យ​ ចៃ​ដន្យ​បាន​ជួប​នឹង​ខាសឹគិ ហើយពួក​គេ​​ទាំង​ពីរ​ក៏​ក្លាយ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​។

          «​បាដិហារិយ៍ ថ្ងៃគ្រីស្តម៉ាស​»​​ នឹង​ធ្វើ​ឲ្យ​លោក​អ្ន​ករំជើប​រំជួល​ទប់​ទឹក​ភ្នែក​មិន​បាន ​ដោយសារ​​​ឥទ្ធិពល​​នៃ​មិត្ត​ភាព​​​រវាង​​​មនុស្ស​ ​និង ​សត្វ​​…

          ​ឆាប់​ៗ​នេះ​ ដើម្បី​ស្វាគមន៍​ថ្ងៃ​គ្រីស្តម៉ាស​!!

Read Full Post »


ស៊ិនដឺរ៉េ​ឡា

 

          “ឯងក៏ដោះស្បែកជើងគប់ក្បាលគេតែម្តងឬ ស៊ិនសៀ?? ពិតជាសាហាវមែន!! កាកាកា!!!”

          ម៉ីម៉ី ផ្ទួនសម្តីខ្ញុំ ហើយក៏សើចកក្រើកដីដូចមនុស្សឆ្កួត(?) ក្រោយពីស្តាប់ខ្ញុំនិយាយរឿងគ្រប់យ៉ាងប្រាប់ -_-; ។ ខ្ញុំព្យាយាមគេចខ្សែភ្នែកពីនាង ដើម្បី​កុំ​ឱ្យសង្កេតដឹងថា ខ្ញុំកំពុងពិបាកចិត្តលើរឿងនេះខ្លាំងប៉ុណ្ណា។

          យប់​មិញ ហេតុ​អី​ខ្ញុំ​ធ្វើ​បែប​នោះ​ទៅ​កើត? ToT តើ​មក​ពី​ខ្ញុំ​ពុល​មូស​មែន​ទេ!!?

          “ចុះឯងគិតធ្វើយ៉ាងម៉េចបន្តទៀត? បើ ព្រះអង្គម្ចាស់ រករឿង ឯងពិតជាស្លាប់មិនខាន! ហិហិ…”

          ម៉ីម៉ី មិត្តសម្លាញ់និយាយ តែមើលទៅទឹកមុខរបស់នាង ដូចជាគ្មានព្រួយបារម្ភអីពីខ្ញុំបន្តិច​ សោះ សូម្បី​តែ​ប៉ុន​សរសៃ​សក់​។ អរគុណ​ខ្លាំង​ណាស់! -_-

          “គ្នាមិនដឹងទេ តែគេប្រហែលជាចាំមិនបានផង ថាជាគ្នា ព្រោះងងឹតខ្លាំងណាស់ ហើយម៉្យាង អាម្សៀនោះស្រវឹងជោកជាំទៀត!”

          ខ្ញុំតបទៅ ម៉ីម៉ី ហើយទាយយកសៀវភៅលំហាត់របស់នាង ដែលលួចចម្លងមកពីប្រធានថ្នាក់មកចម្លងត។ ខណៈពេលកំពុងចម្លងញាប់ដៃនោះ ស្រាប់តែឮសំឡេងហ៊ោកញ្ជ្រៀវ លាន់កងរំពងចេញពីក្រៅបង្អួច។

          “អៃៗៗៗ!!!”

          សង្ស័យ អា ព្រះអង្គម្ចាស់ ស្អីគេនោះ មកដល់ទៀតហើយ! តែពេលខ្ញុំអើតក្បាលមើលតាមបង្អួច បែរជាឃើញថា ថ្ងៃនេះមានអ្វីប្លែកខុសពីរាល់ដង។

          មនុស្សម្នានាំគ្នាចោមរោម ព្រះអង្គម្ចាស់ ជុំជិត ដោយខ្សែភ្នែកបាញ់ឆ្ពោះទៅរកគេ និង រថយន្តពណ៌ខ្មៅរលើបមួយគ្រឿង ដែលថ្ងៃនេះយកមកចតនៅកណ្តាលទីធ្លា ដើម្បី​គោលបំណងអ្វីម៉្យាងដែលខ្ញុំក្នុងចិត្តថា ដើម្បី​ទាក់​ទាញការចាប់អារម្មណ៍ពីអ្នកដទៃ ឱ្យកាន់តែខ្លាំងជាងរាល់ដង។ បុគ្គលជាទីចាប់អារម្មណ៍នោះ កាន់មេក្រូពណ៌លឿងធំមួយនៅក្នុងដៃ ហើយស្រែកប្រកាសក្តែងៗ។

          “សូមស្ងាត់អ្នកទាំងអស់គ្នា!” ដូចប្រើវេទមន្ត សំឡេងទាំងអស់ក៏ស្ងាត់ច្រៀបមួយរំពេច “ថ្ងៃនេះខ្ញុំមានកិច្ចការម៉្យាង ចង់ប្រកាសប្រាប់ឱ្យអ្នកទាំងអស់គ្នាដឹង… គឺខ្ញុំកំពុងតាមរក… ស៊ិនដឺរេឡា! -_-;”

          ខ្ញុំភ្ញាក់ព្រើត នៅពេលឮប្រកាសនោះ ហាក់ដូចជាមានប្រផ្នូល អាក្រក់អ្វីម៉្យាងកំពុងមកតាមលងខ្ញុំ។ ពិសេស នៅពេលឃើញស្នាមញញឹមចុងមាត់ ដ៏សែនពិសពុលរបស់គេ ខ្ញុំក៏ដឹងថាគេមិនបានតាមរក ស៊ិនដឺរេឡា ព្រោះសេចក្តីស្នេហាដូចក្នុងទេវកថានោះទេ -_- ។

          ព្រះអង្គម្ចាស់ ងាកទៅប្រាប់អ្វីម៉្យាងជាមួយមិត្តភក្តិ។ អេ… បុរសម្នាក់នោះ គឺជាម្នាក់ដែលនៅជាមួយគេ កាលពីម្សិលមិញតើ! ដូចជាឈ្មោះ វែរ… ទេដឹង?

          “នោះគឺ វែរសៃល៍ កូនប្រុសរបស់ពាណិជ្ជករអចលនវត្ថុ XYZ ដ៏ល្បី​ឈ្មោះទេតើ!”

          ម៉ីម៉ី និយាយរង៉ូវតិចៗ ធ្វើឱ្យខ្ញុំដឹងថា ការពិតបុរសដែល ព្រះរាជបុត្រ ហៅថា វែរ នោះ មានឈ្មោះពេញថា វែរសែល៍។

          វែរសៃល៍ យករបស់អ្វីម៉្យាងពីក្នុងរថយន្តស្ពត ដែលចតនៅក្បែរនោះ។ វាគឺជាប្រអប់កាំម្ញីពណ៌ស្វាយ ដែលមានដាក់ស្បែកជើងសិស្សស្រីម៉ាក Pop Teen ខាងឆ្វេងនៅពី​លើ ប្រៀបដូចស្បែកជើង កែវ ដែលស្បែកជើងនោះ គឺជា…

          ស្បែកជើងរបស់ខ្ញុំ! ToT

          “ឯង… នោះគឺ…”

          ម៉ីម៉ី ហាមាត់ប្រុងនិយាយ តែខ្ញុំប្រញាប់បិទមាត់គេទាន់។

          “ស៊ូត!… កុំមាត់ តិចមានគេដឹង ច្បាស់ជាវីវរធំហើយ!”

          ប្រាប់ហើយ ពួកយើងក៏នាំគ្នារង់ចាំស្តាប់បន្តទៀត។

          “នេះគឺជាស្បែកជើងដែល ស៊ិនដឺរេឡា ភ្លេចនៅមុខព្រះរាជវាំងរបស់ខ្ញុំ កាលពីយប់មិញ…”ស្នាមញញឹម ពោរពេញដោយគំនុំលេចឡើងមួយភ្លែត មុននឹងក្លែងធ្វើជាស្រពោនវិញ “គឺនាងបានទុកស្បែកជើងនៅទីនេះ… តែនាងបានយកបេះដូងរបស់ខ្ញុំទៅបាត់ហើយ…”

          ចប់ប្រយោគនោះ ស្រាប់តែមានសំឡេងហ៊ោឡើងលាន់ទ្រហឹង។ ខ្ញុំឃើញសិស្សស្រីម្នាក់សន្លប់ ព្រោះតែសម្តីដ៏សែនផ្អែមរលួយនោះ។

          ហ៊ឹះ… -_-;; បេះដូងស្អី!! ខ្ញុំដឹងថា លោកឯងគ្រាន់តែបញ្ឆោតខ្ញុំ ឱ្យចេញមុខដើម្បី​សម្លេះចោលយ៉ាងព្រៃផ្សៃប៉ុណ្ណោះ។

          “បានហើយៗ… សូមស្ងាត់សិនអ្នកទាំងអស់គ្នា!^^” ព្រះអង្គម្ចាស់ និយាយឃាត់ ព្រមទាំងចោលស្នាមញញឹមយ៉ាងស្រស់ “នរណាក៏ដោយដែលដឹងខ្លួនថាជា ស៊ិនដឺរេឡា សូមមកទទួលយកស្បែក​ជើង​នេះនៅជំរំ ជំនោរវាយោ ក្នុងពេលសម្រាកថ្ងៃត្រង់… ធានាថា ស៊ិនដឺរេឡា នឹងបានទទួលមេរៀន ដែលហ៊ានគប់ស្បែកជើង… អូ! ច្រឡំ គឺលួចបេះដូង ព្រះអង្គម្ចាស់ ម្នាក់នេះយ៉ាងប្រាកដ!”

          ព្រះអង្គម្ចាស់ វាសភ្នែកសម្លឹងមើលគ្រប់ទិស ធ្វើឱ្យខ្ញុំត្រូវគេចមុខពួន ព្រោះខ្លាចគេចំណាំមុខបាន។ ខ្ញុំក្តិចក្រចកលេងបំបាត់ភាពតានតឹង ខណៈដែល ម៉ីម៉ី ស្រែកសួរកណ្តាលសំឡេងហ៊ោកញ្ជ្រៀវលាន់ពីក្រោម។

          “ស៊ិនសៀ! ឯងគិតធ្វើយ៉ាងម៉េចនៀក?? រឿងធំហើយ!!”

          “មិនដឹង! ToT” ខ្ញុំតប “តែគ្នាគ្មានផ្លូវទៅតាមការហៅរបស់គេនោះទេ!”

          “ឯងក៏ឃើញថា គេលេងមែនទែនណ៎ា មុននិងក្រោយ គេច្បាស់​ជាតាមរកឯងឃើញមិនខាន! តើឯងគិតធ្វើយ៉ាងម៉េច? ឮថាឪពុករបស់គេជាមនុស្សមានឥទ្ធិពលទៀតផង ជួនកាលគេអាចជួលឃាតករឱ្យមកតាមរកឯងក៏ថាបាន! =O=”

          TToTT ឯងប្រាប់យឺតបន្តិចហើយណា៎! ហ៊ឺៗៗៗ…

          “<(ToT)> គ… គ្នាមិនដឹង! គ្នាឆ្កួតហើយ… គ្នាធ្វើ ព្រោះមានសំឡេងបញ្ជាប្រាប់ ពីក្នុងខួរ ក្បាល!!”

          -_-;

          ពេលនោះ ខ្ញុំភ្លេចទៅហើយថា ខ្ញុំទៅរក ព្រះអង្គម្ចាស់ ដើម្បី​អ្វី? ភ្លេចទៅហើយថា ខ្ញុំកើតទុក្ខប៉ុណ្ណាដែលបងប្រុសក្លាយជាខ្ទើយ??

          រាងកាយរបស់ខ្ញុំ… ជិតក្លាយជាសាកសពហើយ!!! ToT

          បីថ្ងៃ!

          បីថ្ងៃមកហើយ ដែល ព្រះអង្គម្ចាស់ ប្រកាសតាមរក ស៊ិនដឺរេឡា តែមិនបានជួបសោះ។ បីថ្ងៃ ដែលខ្ញុំត្រូវរស់នៅបែបលាក់ពួន ដូចចោរលួចខោទ្រនាប់គេ។ ទូទាំងសាលាពោរពេញទៅដោយភាព ចលាចល ព្រោះទាំង “ក្រមុំ” និង “កំលោះ” បាននាំគ្នាហែជាក្បួនទៅល ស្បែកជើងរាប់មិនអស់ ទាំងដឹងថា ខ្លួនឯងមិនមែនជា ស៊ិនដឺរេឡា ដែល ព្រះអង្គម្ចាស់ តាមរក។

          មានមនុស្សទាំងអស់ ៧៤ នាក់ ដែលពាក់ស្បែកជើងខ្នាតដូចខ្ញុំ…

          មានតែ ៤២ នាក់ ប៉ុណ្ណោះ ដែលមានរូបរាងស្រដៀងនឹងខ្ញុំ បើ​តាមការចងចាំរបស់ ព្រះរាជបុត្រ។

          តែគ្រប់គ្នាអស់បញ្ញា​តប នៅពេលត្រូវសួរថា… ប្រយោគចុងក្រោយ ដែលនាងនិយាយជាមួយ ព្រះរាជបុត្រ គឺអ្វី?

          ប្រាកដណាស់! ពិតជាគ្មានអ្នកទាយត្រូវទេ ថា ប្រយោគនោះគឺ អា ព្រះអង្គម្ចាស់ លង់ខ្លួនឯង!! ទៅងាប់ទៅ ទៅ!!TT_TT

          “ហ៊ឺយ!”

          ខ្ញុំស្រែកដាក់ខ្លួនឯង យ៉ាងតឹងណែនក្នុងទ្រូង ខណៈកំពុងប្រមូលសម្ភារៈដាក់ក្នុងកាតាបយ៉ាងរហ័សតាមដែលដៃទាំងពីរអាចធ្វើបាន។ ភ្លាមៗដែលសំឡេងកណ្តឹងរោទិ៍ឡើង ខ្ញុំក៏ប្រញាប់រត់ចេញទៅដើម្បី​គេចមុខមិនឱ្យ ព្រះអង្គម្ចាស់ ឃើញ ព្រោះខ្លាចគេចំណាំមុខបាន។

          “ឯងពិតជាមិនទៅរកគេ មែនឬ?”

          ម៉ីម៉ី សួរខ្ញុំម្តងទៀត ក្នុងរយៈពេលបីថ្ងៃមកនេះ។ ខ្ញុំស្ទើរតែស្រែកទៅវិញខ្លាំងៗថា…

          “អើ! មែនហើយ… ឯងចង់ឃើញមិត្តភក្តិក្លាយជា អតីតវត្ថុមានជីវិតឬ??? T^T ”

          ខ្ញុំមានជីវិតរស់នៅដោយភាពភ័យខ្លាច អស់រយៈពេលបីថ្ងៃមកហើយ។ ខ្ញុំកាន់តែខ្លាចខ្លាំងប៉ុណ្ណា ខ្ញុំក៏ឮរឿង​រ៉ាវ​ពី ព្រះអង្គម្ចាស់ ច្រើនប៉ុណ្ណោះ។

          មាននរណាម្នាក់ ប្រាប់ខ្ញុំថា ព្រះអង្គម្ចាស់ គឺជាបុត្រទោល តែម្នាក់របស់ម្ចាស់សាលារៀននេះ ដែលមានសាខាទាំងអស់ច្រើនជាង ១០ កន្លែង។

          នរណាម្នាក់ទៀត ប្រាប់ខ្ញុំថា  ព្រះអង្គម្ចាស់ គឺជាបុត្រទោល តែម្នាក់របស់អ្នកវិនិយោគទុនដ៏ធំជាងគេប្រចាំ ក្រុមហ៊ុមពាណិជ្ជកម្មថាមពលដ៏ល្បី​ឈ្មោះ ដែលគ្រប់គ្នានៅក្នុងប្រទេសនេះស្គាល់(មានព័ត៌មានបន្ថែមថា ម្តាយរបស់គេជាកូនស្រី របស់ម្ចាស់អណ្តូងប្រេងកាតក្នុងភូមិភាគអារ៉ាប់!)

          នរណាៗនៅម្តុំនេះក៏ប្រាប់ខ្ញុំថា ក្រៅពីរោងចក្រអគ្គិសនី និង ស្ថានីយ៍ប្រេងឥន្ធនៈដែលមានទូទាំងប្រទេសហើយ គ្រួសាររបស់គេនៅមានក្រុមហ៊ុនអាកាសចរណ៍ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀត    ផង។

          ថែមទាំងមានអ្នកខ្លះទៀត​ប្រាប់ខ្ញុំថា គេធ្លាប់ធ្វើឱ្យមនុស្សម្នាក់ដែលប្រឆាំងនឹងគេ រលាយសាបសូន្យពីលោកនេះទៅ ដោយមិនទាន់ទាំងរកសាកសពឃើញផង រហូតមកដល់ឥឡូវ។

          ព័ត៌មានទាំងអស់នេះ ធ្វើឱ្យខ្ញុំច្បាស់​ក្នុងចិត្តថា គេអាចនាំខ្លួនរបស់ខ្ញុំទៅចាក់ពុម្ព ហើយបញ្ជូនដាក់យន្តហោះ ទៅបញ្ចុះយកប្រេងក្នុងឈូងសមុទ្រថៃបានយ៉ាងងាយ។

          អាម្សៀនោះ… គួរឱ្យខ្លាច… គួរឱ្យខ្លាចខ្លាំងណាស់… យ៉ៃៗៗៗ!! TToTT

          ហើយវាក៏ធ្វើឱ្យខ្ញុំត្រូវដាក់ទុន ទិញស្បែកជើងថ្មីដែលមានខ្នាតខុសពីអាចាស់ ដល់ទៅបីលេខ ហើយម៉ាកក៏ខុសគ្នាដាច់ ដោយមិនស្តាយលុយមួយសេន។

          “ព្រះអង្គម្ចាស់ អាចមិនចង់សម្លាប់ឯងក៏ថាបាន គេប្រហែលគ្រាន់តែចង់ដឹងលេងៗថា ឯងជានរណាបានជាហ៊ានធ្វើបែបនោះ ឬជួនកាល…” ម៉ីម៉ី ញញឹម ជាសញ្ញា​បញ្ជាក់ថានាងកំពុងរវើរវាយ “គេ ប្រហែលជាលង់ស្នេហ៍ឯងពិតមែនក៏ថាបាន!”

          “ឆ្កួតទេអី! ឯងយកខួរក្បាលស្វាគិតទេដឹង?”

          “មិនបានឆ្កួតទេ… តែដូចនៅក្នុងរឿងកូរ៉េនោះអី ដែលតួឯកស្រី ទៅជេរតួឯកប្រុសអាក្រក់ៗ ហើយ​តួឯកប្រុសក៏និយាយថា…” ម៉ីម៉ី បង្អាក់សម្តីបន្តិច មុននឹងត្រាប់សំឡេងតាមសាច់រឿង “គ្មាននរណា ហ៊ានធ្វើបែបនេះដាក់ខ្ញុំពីមុនមកទេ… នាងធ្វើឱ្យខ្ញុំលង់ស្រលាញ់នាងហើយ! >_</// អៃៗៗៗ”

          តួឯកប្រុសរបស់នាងនេះ បែបវិកលចរិតហើយ! -_-;

          គ្រឺង! គ្រឺង!—

          សំឡេងកណ្តឹងសាលា រោទិ៍ឡើងល្មម។ ខ្ញុំប្រញាប់យកសៀវភៅលំហាត់ ចេញពីក្នុងថតតុ ហើយ​ងាកទៅនិយាយជាមួយ ម៉ីម៉ី។

          “មិនដឹងទេ… គ្នាទៅផ្ទះហើយ!”

          ខ្ញុំស្ពាយកាតាប ប្រញាប់ក្រោកឡើងដើរចេញពីក្នុងថ្នាក់ ដោយទុកឱ្យ ម៉ីម៉ី នៅដេកយល់សប្តិ ម្នាក់ឯងទាំងថ្ងៃត្រង់។

          មួយរយៈនេះ ខ្ញុំត្រលប់មកផ្ទះមិនសូវកង្វល់ចិត្តប៉ុន្មានទេ ព្រោះ បង សេម មិនសូវនៅផ្ទះ។ ប៉ា​ប្រាប់ថា គាត់កំពុងរត់ការរឿងរិនិយោគ​ទុន ដែលធ្វើឱ្យមានការងារត្រូវធ្វើច្រើន ទើបមិនបានត្រលប់មកផ្ទះ។

          ខ្ញុំនៅតែទទួលមិនបានដូចដើម… និងកំពុងតែគិតថា គួរធ្វើយ៉ាងម៉េចល្អ?? នរណាៗក៏ប្រាប់ថា ពិបាកណាស់ក្នុងការប្តូរខ្ទើយម្នាក់ឱ្យត្រលប់ក្លាយជាបុរសពេញលក្ខណៈវិញ ហើយវាស្ទើរតែមិនអាចទៅរួចផង។ តែខ្ញុំក៏មិនសុខចិត្តឱ្យក្តីសុបិនរបស់ខ្ញុំ ត្រូវរលំរលាយដោយសារ បងប្រុសក្លាយជាខ្ទើយ​ដាច់ខាត!!

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


ស្បែកជើងកែវ

ខ្ញុំ និង ម៉ីម៉ី វែកគុម្ពោតព្រៃអគារសាលា ដែលមានក្លិនទឹកនោមឆ្កែតិចៗ ដើម្បី​តាម​ដានពីក្រោយបុរសឈ្មោះ ព្រះអង្គម្ចាស់ ដែលពេលនេះកំពុងចោមរោមជុំទិសដោយ fan club របស់គេ។

“ពេលណា ទើបពួកស្រីៗទាំងនេះទៅអស់ហ្ន៎! =O= ប្រុសម្នាក់នេះជា ដុងបាំងស៊ិនគិ ឬអី??”

ខ្ញុំរអ៊ូរទាំជាមួយ ម៉ីម៉ី តិចៗ កណ្តាលសំឡេងហ៊ោកញ្ជ្រៀវដែលលាន់កងរំពង។

“ -_- មនុស្សស្រី គ្មានកិលេសជាមួយមនុស្សប្រុសដូចឯង ចេះស្គាល់ ដុងបាំងស៊ិនគិ ដែរឬ? ប្លែកណាស់!”

ម៉ីម៉ី និយាយមើលងាយខ្ញុំ តែមុននឹងខ្ញុំហែកមាត់ឈ្លោះទៅវិញ ស្រាប់តែមានសំឡេងបិទទ្វាររថយន្តលាន់គ្រាំង!

“គេឡើងឡានទៅហើយ!”

ម៉ីម៉ី បរិយាយ ព្រមគ្នានឹងអ្វីដែលខ្ញុំបានឃើញ -_- ។ ខ្ញុំស្ទុះចេញពីគុម្ពោធព្រៃយ៉ាងច្រងាប់ច្រងិល​។​ បើមិនគិតថា នេះជាផ្លូវតែម៉្យាងដែលអាចនិយាយជាមួយ ព្រះអង្គម្ចាស់ បាន ខ្ញុំមិនស៊ូមកលំបាកវេទនាបែបនេះទេ!!

ម៉ីម៉ី បក់ដៃហៅឡានតាក់ស៊ី ។ មួយរំពេច ដែលតាក់ស៊ីពណ៌ស៊ីជម្ពូឈប់ ខ្ញុំក៏ប្រញាប់បើកទ្វារចូល។

“តាមឡានមួយនោះភ្លាមទៅ!”

អ៊ំបើកតាក់ស៊ី សម្លឹងពួកយើងដោយអាការៈភ្ញាក់​ផ្អើល​ តែក៏ព្រមបើកតាមរថយន្តយូរ៉ុបពណ៌ខ្មៅមួយគ្រឿងនោះដោយមិននិយាយអ្វី​។ សំឡេងវិទ្យុ ប្រកាសព័ត៌មាននយោបាយ​ លាន់ទ្រហឹងអឺង​អាប់​គួរឱ្យរំខាន។ មិនយូរប៉ុន្មាន រថយន្តរបស់ ព្រះអង្គម្ចាស់ ក៏ឈប់ចតនៅខាងមុខទីកន្លែងមួយ។

“អស់ ៨០​វ៉ន​​!”

គ្រាន់តែឮតម្លៃតាក់ស៊ី ម៉ីម៉ី ក៏ឡូឡាមួយរំពេច។

“ស្អីគេអ៊ំ! ឆ្កួតទេឬ? អម្បាញ់​មិញឃើញតែ​ ៧៨​ វ៉ន​ សោះហ្នឹង! មកពីអ៊ំរវល់តែរ៉ែរ៉នោះហើយ… មើលចុះ តម្លៃលោតកប់ពពកតែម្តង! +O+”

ពីរ​វ៉ន​​ នេះឬ ហៅថា លោតកប់ពពក?? -_-;

ខ្ញុំយកលុយ ៨០​វ៉ន​​ ញាត់ចូលក្នុងដៃ ម៉ីម៉ី។​ មើលទៅនាង ដូចជាវីវក់នឹងការឈ្លោះជាមួយតាក់ស៊ីសម្បើម​ណាស់ ទើបមិនបានសង្កេតថា ខ្ញុំបា​នចុះពីលើឡានរួចហើយ។

ព្រះអង្គម្ចាស់ រុញទ្វាររថយន្តតម្លៃថ្លៃលាន់សូរគ្រាំង ដោយមិនខ្វល់ពីការខូចខាត។ គេស្ពាយសាក់កាដូធំមួយ​ មើលទៅដូចជាកំពុងមួម៉ៅនឹងរឿងអ្វីម៉្យាង។​ ក្នុងដៃមានកាន់ទូរស័ព្ទពណ៌សមួយគ្រឿងដាក់ផ្ទប់នឹងត្រចៀក។ ចំណែកដៃម្ខាងទៀត…

កំពុងឱបតុក្កតា ខេរ៉ូរុ ពណ៌បៃ​តង​​មួយ​! -_-;;

“អឺ! ខ្ញុំនឹងធ្វើបែបនេះ! ខ្ញុំនឹងរត់ចេញពីផ្ទះ! ទៅផឹកស្រា លេងស្រី… ខ្ញុំនឹងដើរបង្កបញ្ហា ម៉ាក់មិនអាចហាមឃាត់ខ្ញុំបានទេ! ផ្តាំប្រា​ប់ លោកប៉ា​ផងថា ខ្ញុំស្អប់គាត់!… ទេ! មិនបាច់និយាយទេ… បើគាត់មិនឈប់គិតបែបនោះ ខ្ញុំនឹងទៅទិញរបស់ថោកៗច្រាស​ច្រំ​ឱ្យខូចខ្លួនតែម្តង!”

សំឡេងនិយាយទូរស័ព្ទរបស់ ព្រះអង្គម្ចាស់ ឮមកដល់ត្រង់នេះ។ ខ្ញុំតាំងចិត្តស្តាប់យ៉ាងចង់     ដឹង… គេឈ្លោះជាមួយអ្នកផ្ទះឬ? មើលទៅដូចជាមានរឿងធំណាស់!

បុរសម្នាក់ ចុះពីលើរថយន្តតែមួយ។ តាមមើលប្រហែល​ជាមិត្តភក្តិរបស់ ព្រះអង្គម្ចាស់។ គេជាបុរសរាងខ្ពស់ មុខស្រស់ស្រទន់​​ដូចមនុស្សស្រី តែអ្វីម៉្យាង​នៅ​ក្នុង​កែវ​ភ្នែក​គេ​ប្រាប់ខ្ញុំថា គេមានលក្ខណៈជាមនុស្សស្រីច្រើន​ជាង។

“ព្រះអង្គម្ចាស់ ប៉ុណ្ណឹងបានហើយ ត្រលប់ទៅផ្ទះវិញទៅ!”

គេម្នាក់នោះឃាត់ ព្រះអង្គម្ចាស់ ដោយសំឡេងទន់ភ្លន់ តែមានអំណាច។ ព្រះអង្គម្ចាស់ សម្លឹងគេយ៉ាងតានតឹង មុននឹងខ្ជាក់សម្តីនិយាយ។

“ឯងក៏ម្នាក់ដែរឬ វែរ? កុំមកហាមនាំពិបាកអី! ខ្ញុំចង់ខូចខ្លួន ទោះបីនរណាក៏ហាមមិនបានដែរ ចង់ឱ្យលោកប៉ា​ដឹងថា ខ្ញុំមិនមែនកូនក្មេងទៀតទេ!” ព្រះអង្គម្ចាស់ តប មុននឹងងាកទៅនិយាយទូរស័ព្ទ បន្ត “ថ្ងៃនេះសុំអនុញ្ញាតរត់ចេញពីផ្ទះហើយ! មិនបាច់បញ្ជូននរណាឱ្យមកតាមទេ លើកនេះខ្ញុំខឹងពិតមែន! ហ៊ឹះ!!”

ខ្ញុំមើល ព្រះអង្គម្ចាស់ ចុចទូរស័ព្ទបិទយ៉ាងមួម៉ៅ តែមុននឹងបានធ្វើអ្វីច្រើនជាងនេះ​ ម៉ីម៉ី ក៏ដើរមកទះស្មាខ្ញុំពីក្រោយ។

“យ៉ាងម៉េចហើយ បានរឿងអីខ្លះទេ??”

“រឿងអី? គ្នាមិនទាន់បាននិយាយស្អីផង! មើលទៅ ព្រះអង្គម្ចាស់ ស្អីគេនេះ ហាក់ដូចជាកំពុងមួម៉ៅខ្លាំងណាស់!”

ខ្ញុំតបទៅ ម៉ីម៉ី តែខ្សែភ្នែកនៅផ្តោតលើបុរសទាំងពីរដដែល។ ពេលនេះពួកគេកំពុងដើរចូលទៅកាន់​កន្លែងមួយហើយ។

វាគឺ… ផាប់!

យីហោ​ឈ្មោះ​​ The Palace ឆ្លាក់​​​ជា​អក្ស​រ​ទឹក​មាស​ធំៗផុស​ចេញ​ពី​​សាច់​ឈើ​យ៉ាងវិចិត្រ​។ នៅខាងមុខច្រកចូល​ មានតុបតែងជាភ្លើងចម្រុះពណ៌យ៉ាង​ស្រស់​ស្អាត​​ រួមទាំងមានសន្តិសុខយាមយ៉ាងម៉ត់ចត់។

“ចូលមិនបា​នទេប្អូន! ស្លៀកពាក់សិស្សមកចូលផាប់ម្តេចនឹងកើត?” អ៊ំសន្តិសុខនៅច្រកចូលឃាត់ នៅពេលខ្ញុំ និង ម៉ីម៉ី ប្រញាប់​តាម​​ចូលទៅ។

“ប៉ុន្តែអ៊ំ… អឺ… បង!” ខ្ញុំប្តូរសព្វនាមហៅមួយរំពេច នៅពេលឃើញទឹកមុខរបស់ អ៊ំសន្តិសុខ​“បុរសពីរនាក់អម្បាញ់​មិញ ក៏ស្លៀក​ពាក់ឯកសណ្ឋានសិស្ស ហើយអាយុក៏​មិនគ្រប់ ម៉េចក៏អាចចូលទៅ​បាន?”

“ណា?… នៅឯណា?… ម៉េចក៏មិនឃើញ??” អ៊ំសន្តិសុខម្នាក់នោះកុហកដោយទឹកមុខ    ក្រឡិចក្រឡុច “មិនឃើញមាននរណាផង!!”

ព្រមជាមួយគ្នានោះ ម៉ីម៉ី ក៏កេះដៃខ្ញុំ ហើយខ្សឹបប្រាប់​។

“មកណេះ!” ម៉ីម៉ី អូសខ្ញុំទៅខ្សឹប “ព្រះអង្គម្ចាស់ ឱ្យលុយទៅអ៊ំសន្តិសុខ ទើបបានចូលទៅ!     អម្បាញ់​​មិញគ្នាឃើញ!!”

“ចុះយើងត្រូវធ្វើយ៉ាងម៉េចល្អ?” ខ្ញុំនិយាយទាំងអន្ទះសារ។

“ស្រេចតែឯង ចង់ចាំឬទេ ឬមួយក៏ត្រលប់ទៅផ្ទះសិន?”

ម៉ីម៉ី សួរ ខណៈដែលយើងអង្គុយនៅលើកៅអី ត្រង់ចំណតរថយន្តក្រុង។ ខ្ញុំប្រញាប់គ្រវីក្បាល​មួយរំពេច នៅពេលឮសំណួរនោះ។

“គ្នានៅមិនទាន់ចង់ត្រលប់ទៅផ្ទះទេ!”

ម៉ីម៉ី ហាក់ដូចជាយល់ចិត្តខ្ញុំ ទើបមិនសួរអ្វីត។ ខ្ញុំមិនចង់ត្រលប់ទៅផ្ទះ ឃើញបងប្រុសខ្លួនឯងជាខ្ទើយបែបនោះទេ! ហ៊ឺៗៗ…​ -_-;

“អ៊ីចឹង…” ក្រោយពីប្រើពេលគិតមួយសន្ទុះ ម៉ីម៉ី ក៏ហើបមាត់និយាយ “ពិតជារង់ចាំគេ មែនទេ?”

“ច្បាស់​ជាអ៊ីចឹងហើយ!”

សំឡេងខ្ញុំ មិនទាន់រសាត់បាត់ទៅតាមខ្យល់ផង ទូរស័ព្ទរបស់ ម៉ីម៉ី ក៏លាន់ឡើង។ ប​ទ​ចម្រៀង​សាហាវ​ៗ​ដែល​​នាង​ដាក់​ជា​សំឡេង​ទូរស័ព្ទ​រោទិ៍​នោះ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​គ្រប់​គ្នា​ដែល​ធ្វើ​ដំណើរ​ទៅ​មក​ងាក​មក​មើល​ដោយ​ខ្សែ​ភ្នែក​ប្លែក​ៗ​។

“អាឡូ! ថាម៉េច?… ម៉ារួយ មិនស្រួលខ្លួនឬ? កើតអី! ម៉េចមិននាំទៅមន្ទីរពេទ្យ? អឺ… បន្តិចទៀតខ្ញុំនឹងប្រញាប់តាមទៅ!”

ខ្ញុំសម្លឹង ម៉ីម៉ី និយាយទូរស័ព្ទ ហើយធ្វើភ្នែកភ្លឹះៗ​។ ម៉ារួយ ជា នរណា?? -_- ម៉ីម៉ី ដាក់ទូរស័ព្ទចុះ ហើយប្រញាប់ងាកមកប្រាប់ខ្ញុំ។

“សុំទោសណា ស៊ិនសៀ គ្នាត្រូវប្រញាប់ទៅហើយ! >O<”

“ហេតុអី? មានរឿងអីកើតឡើង??”

“ម៉ារួយ… ម៉ារួយ…” ម៉ីម៉ី និយាយតតាក់តតុប “គឺ… ម៉ារួយ T_T ត្រីប្រាំ​ពីរពណ៌នៅផ្ទះគ្នា ស្លាក់ចំណី ពេលនេះជិតស្លាប់ហើយ! គ្នាត្រូវតែទៅណា សុំទោស…”

ពេលពន្យល់ចប់ ម៉ីម៉ី ក៏លោតឡើងលើឡានក្រុង ដូចកញ្ចាញ់ចេកត្រូវទឹកក្តៅ។ ខ្ញុំសម្លឹងមើលមិត្តសម្លាញ់ដែលទុកខ្ញុំចោល ហើយទទួលអារម្មណ៍ហេងហាងមួយរំពេច។ T-T ហ៊ឹះ! ត្រីប្រាំ​ពីរពណ៌របស់នាង សំខាន់ជាងយើងទៅទៀតហ្ន៎!!

យ៉ាងណាក៏ដោយ ខ្ញុំនៅតែរង់ចាំតទៅទៀត ដោយក្តីសង្ឃឹមថា ព្រះអង្គម្ចាស់ នឹងជិះរាជរថចេញពីដែនដីគ្មានគោចរបែបនោះ ក្នុងពេលណាមួយមិនខាន។

កណ្តាលាអធ្រាត្រហើយ… -_-

ខ្ញុំអង្គុយរង់ចាំ រហូតទទួលអារម្មណ៍ថា ខ្លួនឯងកាន់តែចាស់ទៅហើយ។ យានយន្តនៅលើទ្រូងផ្លូវចាប់ផ្តើមរលស់ទៅបន្តិចម្តងៗ ធ្វើឱ្យផ្លូវមួយខ្សែនេះស្ងាត់ជ្រងំគួរឱ្យខ្លាច។ ថ្មើរនេះឡានក្រុងទាំងឡាយនាំគ្នាចូលដេកអស់ទៅហើយ… តែ ព្រះអង្គម្ចាស់ នៅតែមិនឃើញលេចស្រមោលចេញមកទៀត។

“ហួមមម…”

ខ្ញុំស្ងាបលើកទីមួយលានយ៉ាងងោកងុយ។ ការពិត​ វាអាចមិនគ្រប់មួយលានក៏ថាបាន តែនោះមិនមែនជារឿងសំខាន់។

រឿងសំខាន់ តើខ្ញុំត្រលប់ទៅផ្ទះវិញ ដោយរបៀបណា???

ខ្ញុំអង្គុយកេះក្រចកខ្លួនឯងយ៉ាងតប់ប្រមល់ តែរំពេចនោះខ្សែភ្នែកខ្ញុំក៏ក្រឡេកទៅឃើញ ព្រះអង្គម្ចាស់ និង មិត្តភក្តិរបស់គេដើរចេញមក ពីក្នុងផាប់ក្នុងដំណើរទ្រេតទ្រោត។

“ឈប់សិន! កុំប្រញាប់ទៅអី…”

ខ្ញុំស្ទុះស្រែកហៅពួកគេពីចម្ងាយ តែសំឡេងខ្ញុំហាក់ដូចជាមិនបានឮដល់ពួកគេសោះ ព្រោះ ព្រះអង្គម្ចាស់ ក្នុងពេលនេះ​ ក៏កំពុងស្រែកឡូឡាខ្លាំងៗផងដែរ។ ខ្ញុំប្រញាប់រត់ទៅតាមពួកគេប្រកិតៗ…

“ព… ព្រះ… ព្រះអង្គម្ចាស់!!” ខ្ញុំដង្ហក់ខ្យល់ហៅដាច់ៗ “ខ្ញុំមានរឿងចង់ឱ្យជួយ!”

ព្រះអង្គម្ចាស់ ព្យាយាមឈរឱ្យត្រង់ខ្លួន ហើយតាំងស្មារតីសម្លឹងខ្ញុំ ឱ្យច្បាស់​។

“នាង… ពាក់ឯកសណ្ឋានសិស្សបែបនេះ… គឺជាសិស្សសាលារបស់ខ្ញុំទេតើ!” គេបង្ហើបមាត់និយាយ។ ក្លិនស្រាចេញពីខ្លួនគេធ្វើឱ្យខ្ញុំវិលមុខ “នាងជានរណា? មើលពីចម្ងាយស្មានថាខ្មោចទេតើ! តែដល់មើលជិតៗ នៅតែដូចខ្មោចចច!! ហាសៗៗ…”

ហ៊ឹះ! ប្រយោគចុងក្រោយ ទុកនិយាយជាមួយខ្លួនឯងសមជាង! ខ្ញុំក្តាប់ដៃណែន ព្យាយាមរម្ងាប់អារម្មណ៍មួម៉ៅ ដែលកើតឡើងដោយប្រការជាច្រើន ទាំងការរង់ចាំគេរាប់សិបម៉ោង ការងោកងុយ និង សម្តីជេរមាក់​ងាយរបស់គេ។

“ខ្ញុំមានរឿងចង់ឱ្យលោកជួយ!”

“អ្ហា៎?”

ព្រះអង្គម្ចាស់ ជ្រួញចិញ្ចើម។ ខ្ញុំយល់ថា នោះជាសញ្ញា​ប្រាប់ឱ្យនិយាយត។

“គឺ…” ខ្ញុំចាប់ផ្តើម តែក៏និយាយមិនចេញ។

…មែនហើយ! តើខ្ញុំគួរចាប់ផ្តើមនិយាយពីត្រង់ណា? គួរនិយាយថាម៉េចល្អ? តើគេពិតជាព្រមជួយខ្ញុំទេ?…

ពេលវេលាកន្លងទៅជាងមួយនាទី ខ្ញុំក៏ចាប់ផ្តើមនិយាយជាថ្មី។

“ខ… ខ្ញុំ…”

“ទៅហើយ! បាយ… បាយ…”

មុននឹងខ្ញុំបាននិយាយអ្វីច្រើនជាងនេះ ព្រះអង្គម្ចាស់ ក៏បក់ដៃលា ហើយបែរខ្នងដើរចេញទៅ ដោយធ្វើឫកគួរឱ្យចង់វាយបំបែកក្បាល​។

-_-^ គួរឱ្យក្នាញ់ពិតមែន អាម្សៀនេះ!!

“ឈប់សិន!!”

ខ្ញុំស្រែកហៅ តែគេធ្វើដូចជាមិនបានឮ។ មិត្តរបស់គេងាកមក សម្លឹងខ្ញុំបែបខ្លាចៗ រហូតទីបំផុត ព្រះអង្គម្ចាស់ ក៏អស់ភាពអត់ធន់។

“ហ៊ឺយ! មានរឿងអីធ្ងន់ធ្ងរណាស់​ណា?? នែ៎! នាង…” គេស្រែកខ្លាំងៗ “នាងស្រលាញ់ខ្ញុំមែន​ទេ​??”

“អ្ហា៎!!?”

សំណួរនោះ ធ្វើឱ្យខ្ញុំមិងមាំង។ ខ្ញុំជ្រួញចិញ្ចើមដោយក្តីងឿងឆ្ងល់ ខណៈដែល ព្រះអង្គម្ចាស់ នៅតែនិយាយបូរបាច់ឥតឈប់។

“បើនាងស្រលាញ់ខ្ញុំ មេត្តាឈប់មករញ៉េរញ៉ៃទៀតទៅ ព្រោះខ្ញុំមិនចូលចិត្តស្រីពូកែរំខានទេ!” គេបង្អាក់សម្តីបន្តិច មុននឹងរអ៊ូដាក់ខ្លួនឯង “ហ៊ឺយ… ស្រីៗសម័យឥឡូវចេះតែយ៉ាងម៉េច បានជាចូលចិត្តតាមប្រុសៗបែបនេះ? យប់អាធ្រាត្រថ្មើរណេះ គួរណាស់តែត្រលប់ទៅផ្ទះ ទៅរកប៉ាម៉ាក់ តែ​បែរជាដើរមកទាក់ប្រុសបែបនេះទៅវិញ គួរឱ្យរំខានពិតមែន! ឯងថាអ៊ីចឹងទេ វែរ??”

“ឯងស្រវឹងហើយ ព្រះអង្គម្ចាស់… តោះ ត្រលប់ទៅវិញ!” បុរស ឈ្មោះ វែរ និយាយមុននឹងងាកមករកខ្ញុំ “មានរឿងអី ចាំនិយាយថ្ងៃស្អែកចុះ! ថ្ងៃនេះ ព្រះអង្គម្ចាស់ ស្រវឹងខ្លាំងណាស់ ហើយក៏សុំទោស ផង ដែលគេថាឱ្យនាង!”

“ស្អីគេ!! ទៅសុំទោសធ្វើអី??” ព្រះអង្គម្ចាស់ ឡូឡា ដោយសំឡេងមនុស្សស្រវឹង “មនុស្សស្រីបែបនេះ មុខក្រាស់សឹងស្លាប់ ថាឱ្យប៉ុណ្ណឹង មិនឈឺទេ!!”

ខ្ញុំក្តាប់ដៃណែន រហូតក្រចកចាក់ចូលទៅក្នុងបាតដៃ។ ពេលនេះ ខ្ញុំភ្លេចទៅហើយថា ខ្លួនឯងមកទីនេះដើម្បី​អ្វី ព្រោះសម្តីមើលងាយបែបនេះ​ ធ្វើឱ្យខ្ញុំ…

ក្តៅមុខ!!! យ៉ៃៗៗៗ…

ព្រះអង្គម្ចាស់ ត្រូវបុរសឈ្មោះ វែរ អូសចេញទៅ។ ខ្ញុំសម្លឹងមើលពួកគេ ដើរទៅឆ្ងាយរឿយៗ    ខណៈ​ពេលដែលខ្លួនឯង កំពុងឈ្ងោកដោះស្បែកជើងខាងឆ្វេង ព្រម​ទាំង​ស្រែកទ្រ​ហឹង​ដូច​ព្យុះ​សង្ឃរា។

“អៃៗៗៗៗៗ…”

ភូស!!!

ស្បែកជើង Pop Teen របស់ខ្ញុំ គប់ចោល​ទៅ​លើ​ក្បាល​ស្អាតសង្ហានោះ​យ៉ាង​ខ្លាំងបំផុត តាមដែលអាចធ្វើទៅបាន។ កំហឹង ធ្វើឱ្យខ្ញុំភ្លេចលទ្ធផលដែលមកតាមក្រោយ។ ខណៈដែលពួកគេកំពុងឈរស្រឡាំងកាំងនៅត្រង់នោះ ខ្ញុំក៏ក្រឡេកទៅឃើញ តាក់ស៊ី បើកឆ្លងកាត់មកដល់ល្មម។ ទោះបីយប់​ថ្មើរ​នេះ​ ជិះ​តាក់​ស៊ី​គ្រោះ​ថ្នាក់បន្តិច តែខ្ញុំនៅតែសម្រេចចិត្តស្ទុះទៅបើកទ្វារ ហើយលោតចូលទៅអង្គុយ​ខាង​ក្នុង​មួយរំពេច។

“អា ព្រះអង្គម្ចាស់ លង់ខ្លួនឯង!! ទៅងាប់ទៅ… ទៅ!!!”

ខ្ញុំស្រែកជេរជាលើកចុងក្រោយ មុននឹងឱ្យតាក់ស៊ីបើកចេញទៅ ដោយមិនងាកមកមើលក្រោយ​ទៀត។

ព្រោះខ្ញុំប្រា​កដក្នុងចិត្តថា បើខ្ញុំងាកទៅមើលក្រោយ ខ្ញុំច្បាស់​ជាឃើញ ខ្សែភ្នែកស៊ីសាច់ហុតឈាមរបស់គេមិនខាន!!

សូមរង់ចាំអានវគ្គបន្ត!

Read Full Post »


***អាន​ហើយ​ ជួយ​ខំមិន​ឲ្យ​កម្លាំង​ចិត្ត​បន្តិច​មិន​បាន​ឬ??? ^A^

ព្រះអង្គម្ចាស់

 

          “ហ៊ឺយ… ឱ្យគ្នាសុំទោស!” ម៉ីម៉ី មកទួញថ្ងូរដាក់ខ្ញុំនៅថ្ងៃបន្ទាប់។ ឯខ្ញុំក៏​នៅ​ងរនឹងនាងឆ្កួតនេះមិនទាន់បាត់ដែរ… មានរបៀប​នេះ​ដែរ​ឬ រវល់តែជក់មាត់ ភ្លេចជួយមិត្តភក្តិអស់រលីង!

          “មិនឮ! មិនដឹង! ងរហើយ!”

          ខ្ញុំគំហកដាក់ មុននឹងឈ្ងោកមុខធ្វើកិច្ចការសាលាបន្ត។ ព្រឹកព្រលឹម​បែបនេះ ម៉ីម៉ី មិនគួរធ្វើឱ្យខ្ញុំខូចអារម្មណ៍សោះ។

          “ហ៊ឺយ! គ្នាមិនបានតាំងចិត្តទេណ៎ា នរណាទៅដឹងថា បងរបស់ឯងជាមាតា… អ្ហូ៎! ជាបិតា​fashion បែបនេះ!” ម៉ីម៉ី ឃើញមុខគួរឱ្យខ្លាចរបស់ខ្ញុំ ទើបប្រញាប់និយាយថា “អូយ… សម្លាញ់! ដើម្បី​ជា​ការ​សុំទោស ចាំគ្នាជួយគិតផែនការថ្មីទៅចុះណា៎! T_T”

          “ផែនការស្អីទៀតហើយ! ប៉ុណ្ណឹង យើងនៅខូចឈ្មោះមិនទាន់ ល្មមទៀតឬ?”

          “ជឿគ្នាចុះ… លើកនេះ ច្បាស់​ជាបានផលប្រកដណាស់!” ម៉ីម៉ី សម្លឹងមើលមេឃ មុននឹងនិយាយពីផែនការរបស់ខ្លួនបន្ត “ឯងត្រូវតែដាស់ សតិសម្បជញ្ញៈការពារប្អូនស្រី របស់បងឯងមកវិញ!បងឯងធ្លាប់ជាបុរសពេញអង្គបែបនេះ ជឿគ្នាចុះថា បើឃើញប្អូនស្រីត្រូវគេធ្វើបាប គាត់ច្បាស់​ជាក្លាយមកជាបុរសវិញមិនខាន!”

          ខ្ញុំងាកទៅធ្វើ កិច្ចការសាលាបន្ត យ៉ាងមិនជឿទុកចិត្ត។ ផែនការរបស់នាងម្នាក់នេះ ធ្លាប់​បាន​ផលពីអង្កាល់ណា?? ឈឹះ!

***

          

          ចុះខ្ញុំមកទីនេះធ្វើអី បើមិនជឿថ្វីដៃនាង ម៉ីម៉ី ផងនោះ!?? យ៉ាប់មែន!!

          “បងសេម នៅត្រង់នេះហើយ ដែល ស៊ិនសៀ ថានោះ!”

          ខ្ញុំនិយាយបណ្តើរ ចង្អុលប្រាប់ទៅម្តុំៗដែលណាត់ជាមួយ “ជំនួយការ” ទុកបណ្តើរ។

          ដោយសារ ម៉ីម៉ី លើកយកផែនការចម្លែកនេះមកប្រាប់ខ្ញុំ ទើបខ្ញុំដាច់ចិត្តទៅជួលមនុស្សឱ្យមកសម្លុតខ្ញុំ ហើយប្រញាប់ទៅរំអួយប្តឹង បងសេម ថា មានមនុស្សរោគចិត្តតាមសម្លឹងខ្ញុំ។ ដំបូង បងសេម ក៏ភ័យ តែក៏ពេញចិត្តមកជួយខ្ញុំពេញទី។

          “នៅឯណា ចា៎…! មិនឃើញមានមនុស្សផង??”

          ខ្ញុំបម្រុងនឹងហាមាត់ប្រាប់ ស្រាប់តែមានសំឡេងចម្លែក ចេញមកពីគុម្ពោតព្រៃក្បែរ​នោះល្មម។

          អ្ហេ៎…!!!

          “យ៉ៃៗៗ…​ / អៃៗៗ…”

          សំឡេងស្រែក បែបមនុស្ស​​វិកលចរិត របស់ជំនួយការលាន់ឡើង ហើយបន្តដោយសំឡេងស្រែករបស់ខ្ញុំ ដែលបានហាត់​ត្រៀមទុកជាមុន។ ប៉ុន្តែខណៈនោះ ក៏មានសំឡេងនរណាម្នាក់ទៀត ស្រែកបន្ទរតាមក្រោយ។ គ្មាននរណាមកពីណាទេ គឺ បងសេម នេះឯង!!

          “អួយយយ… >o< សាច់ដុំស្អាតដល់ហើយ អ្នកកំលោះ!!”

          បងសេម កំពុងតែជ្រួលច្រាលនឹងដើមទ្រូងប្រាំ​ហត្ថ របស់មនុស្សដែលខ្ញុំជួលមក។ ខ្ញុំចាប់ផ្តើមនិយាយអ្វីមិនចេញ ឯជំនួយការខ្ញុំក៏ធ្វើអ្វីមិនកើតជាមួយនឹងស្ថានការណ៍បែបនេះ។ បងសេម ដើរចូលទៅលូកដៃស្ទាបក្បាល​ពោះរបស់គេយ៉ាងស្រេកឃ្លាន ធ្វើឱ្យមនុស្សដែលខ្ញុំជួលមកនោះ ដាក់មេផាយទៅបាត់ព្រោះតែទ្រាំទ្រនឹងមនុស្សស្រីក្នុងរាងកាយប្រុសមិនបាន។

          បងប្រុសរបស់ខ្ញុំ! T_T មិនអាចទេ!! យ៉ៃៗៗ…

          សរុបមក ផែនការរបស់ខ្ញុំ ក៏ត្រូវរលំរលាយម្តងទៀត។ ខ្ញុំដេកយំ ដោយការ​ឈឺចិត្ត​​អស់ពេញមួយយប់។ ហេតុអ្វី ខ្ញុំមិនអាចបានបងប្រុសដ៏សែនល្អត្រលប់មកវិញ??? ឬមួយខ្ញុំត្រូវតែ​ធ្វើចិត្តពិត មែន!!?

          ខ្ញុំអូសរាងកាយខ្លួនឯង មកសាលាយ៉ាងពិបាក។ ខ្ញុំដឹងថា សភាពរបស់ខ្លួនឯងពេលនេះ ពិបាកមើលខ្លាំង​ណាស់។ ម៉ីម៉ី ចំហ​មាត់ស្រឡាំង​កាំង​នៅពេលឃើញខ្ញុំ។

          “ស៊ិនសៀ! កុំទាន់ស្លាប់ណា៎!!”

          “យើង… យើង​មិនអីទេ +_+ កុំចូលមក… ទឹកអប់របស់ឯង ធ្វើឱ្យយើងវិលមុខណាស់!”

          ខ្ញុំលើកដៃរា ហាមឃាត់នាងមិនឱ្យចូលមកជិត ហើយក៏ដើរអូសខ្លួនទៅអង្គុយក្រាបលើតុ។ ម៉ីម៉ី ចូលទៅ​អង្គុយក្នុងតុរបស់នាង ហើយប្រញាប់សួរដោយការចង់ដឹងចង់ឮ។

          “មានរឿងអីកើតឡើង និយាយមកមើល៍??”

          “ឱ្យគ្នាសុំនៅម្នាក់ឯងសិនណា…”

          ខ្ញុំនិយាយរង៉ាំរង៉ូវ មុននឹងបិទភ្នែកគេចពីពន្លឺគ្រប់បែបយ៉ាង -_- ។ បើខ្ញុំបាន​ដេកលក់មួយស្រលេត​ពីរ មុននឹងចូលជួរប្រហែលជាល្អ។

          “យ៉ៃៗៗៗៗៗៗៗ… >o<”

          មិនទាន់បានបិទភ្នែកដេកស្រួលបួលផង សំឡេងពួកស្វាញីទាំងតូចទាំងធំ ស្រាប់តែលាន់កងរំពងឡើងស្ទើរតែបែកក្រដាសត្រចៀក។

          “នែ៎! ពួកឯងនាំគ្នាមកមើលនេះមើល៍ លឿនឡើង!!” ម្នាក់ៗនាំគ្នារត់ស្រ-ចេញទៅដក-កច្រហមាត់តាមមាត់បង្អួច -_-; ។

          ខ្ញុំដើរអូសខ្លួនគើមៗ ទៅអើតមើលត្រង់មាត់បង្អួចជាមួយ ម៉ីម៉ី ដែរ។ នៅខាងក្រោម ក្រុមមនុស្ស​មួយហ្វូងធំ ដែលភាគច្រើនជាស្រីៗ កំពុងដើរតាមដង្ហែរមនុស្សប្រុសម្នាក់ ដែលមើលទៅលេចធ្លោជាងគេ។

          ខ្ញុំមិនទាន់បានហាមាត់សួរផង ម៉ីម៉ី ក៏ប្រញាប់រាយការណ៍។

          “ស៊ិនសៀ! នោះអី… មនុស្សប្រុសម្នាក់នោះហើយ គឺជា ព្រះអង្គម្ចាស់ ណា៎!” ម៉ីម៉ី លើកដៃចង្អុលទៅមនុស្សប្រុសតែម្នាក់ ដែលខ្ញុំកំពុងមើល។

          “…មកពីប្រទេសណា?”

          ខ្ញុំសួរទៅវិញដោយស្វ័យប្រវត្តិ។ នៅពេលដឹងថា គ្រាន់តែជារឿងមនុស្សប្រុស ខ្ញុំក៏ត្រៀមខ្លួនដើម្បី​ទៅដេកក្រាបបន្តទៀត។

          “មិនមែនអ៊ីចឹងទេ! គ្នាចង់បានន័យថា គេឈ្មោះ ព្រះអង្គម្ចាស់ ជាកូនប្រុសរបស់ម្ចាស់សាលារៀននេះ! គេទើបតែត្រលប់មកពីបរទេសថ្មី​ៗ​នេះ​ឯង… ដំណឹងល្បី​ដល់ភពព្លុយតុងឯណោះ ឯងមិនដឹងទេអី??”

          “អត់ទេ!”

          ខ្ញុំតបខ្លីៗ មុននឹងយកក្រដាសជូត​មាត់​ មកញ៉ុកក្នុងត្រចៀក ដើម្បី​ការពារសំឡេងហ៊ោ          កញ្ជ្រៀវ។​ ម៉ីម៉ី កាន់តែជ្រួញចិញ្ចើម ហើយងាកមកសួរខ្ញុំ។

          “ឯងមិនស្គាល់គេទេឬ? -*-”

          “ប្រាកដ​ហើយ! នរណាទៅស្គាល់??”

          ម៉ីម៉ី មិត្តសម្លាញ់របស់ខ្ញុំ ទះតុប៉ាំងដើម្បី​ឱ្យខ្ញុំភ្ញាក់ យ៉ាងតប់ប្រមល់។

          “ចាប់អារម្មណ៍នឹងយើងបន្តិចមើល៍!”

          “ចា៎ស… -_-;; អ្នក​នាងម្ចាស់!”

          ខ្ញុំព្រមស្តាប់តាម ហើយធ្វើដូចជាយកចិត្តទុកដាក់ នឹងការលើក​ដាក់​សំឡេងឡើងចុះរបស់ ម៉ីម៉ី ដែលហាក់ដូចជាកំពុងមានរឿងអាថ៌កំបាំង​ប្រាប់​ -_- ។ តែ​ខ្ញុំ​ដឹង​ថា នោះ​គ្រាន់​តែ​ជា​សិល្ប៍​វិធី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នកដទៃ​របស់​នាង​ប៉ុណ្ណោះ​។

          “ល្បី​ថា គេមានកម្លាំងពិសេសណា៎!  នរណាៗក៏និយាយថា គេអាចបញ្ជាចិត្តរបស់អ្នកដទៃ ឱ្យបត់បែនទៅតាមគេបាន បើសម្លឹងគេយូរៗ ហើយគ្មានអីការពារ គឺអាចនឹងឆ្កួត ឬក៏លង់ទៅស្រលាញ់គេបាន… ឯងមើលនោះទៅ!”

          ម៉ីម៉ី អូសខ្ញុំទៅមាត់បង្អួច ហើយចង្អុលប្រាប់​។

          “ឯងឃើញ នាងtom ឈរនៅជិតអគារនោះទេ?”

          ខ្ញុំងាកមើលតាមដៃចង្អុលរបស់ ម៉ីម៉ី ឃើញនារីម្នាក់ស្លៀកសំពត់ខ្លី កាត់សក់ដូចមនុស្សប្រុស។នាងកំពុងសម្លឹងទៅ ព្រះអង្គម្ចាស់ ដែលមានហ្វូងស្រីៗរោមជុំជិត។

          “ស្រីម្នាក់នោះ ធ្លាប់ត្រូវ ព្រះអង្គម្ចាស់ បដិសេធ ទើប​ក្លាយជា tom បែបនោះទៅ!” ម៉ីម៉ី ពន្យល់ ឯខ្ញុំក៏ងក់ក្បាល​តាមនាងផ្ងក់ៗ “ឯនៅត្រង់នោះ គឺជាខ្ទើយមាឌដំរី!”

          ម៉ីម៉ី ប្តូរដៃមកចង្អុលទៅមនុស្សម្នាក់ ក្នុងចំណោមហ្វូងមនុស្សជាច្រើន ដែលកំពុងចោមរោមបុរសឈ្មោះ ព្រះអង្គម្ចាស់។ មនុស្សដែល ម៉ីម៉ី ចង្អុលមិនពិបាករកទេ គេជាខ្ទើយដែលមានមាឌមាំធំណាស់។

          យ៉ៃៗៗ… នៅពេលនិយាយដល់ខ្ទើយ ខ្ញុំឈឺចុកចាប់ខ្លាំងណាស់… បងប្រុសរបស់ខ្ញុំ!! T-T

          “ខ្ទើយម្នាក់នោះ ធ្លាប់ជាកីឡាករដែលmanបំផុត តែពេល​ជួប ព្រះអង្គម្ចាស់ បានតែ​ម្តង​​ គេក៏បែកប្រមាត់ រួច​ទើប​ដឹងថា ខ្លួនឯងត្រូវការអ្វី!! -.,-”

          រឿងដែល ម៉ីម៉ី និយាយប្រាប់ ធ្វើឱ្យខ្ញុំស្រឡះភ្នែកឡើងបន្តិច។ ខ្ញុំចាប់ផ្តើមលេចក្តីសង្ឃឹមឡើងវិញខ្លះៗ ហើយក៏ប្រញាប់សួរទៅវិញ។

          “ចុះមានបែប… ខ្ទើយក្លាយជាមនុស្សប្រុសវិញទេ?”

          “អឺ… មានតើ!” ម៉ីម៉ី បញ្ចោញកាយវិការ ទំនងជាចង់និយាយខ្លាំងណាស់ “ប្រធានសិស្សប្រចាំសាលារបស់យើងនេះហើយ… ពីមុនធ្លាប់ជាហ្គេយ៍ អឺ… គឺពាក់កណ្តាលជាខ្ទើយ! បានលួចស្រលាញ់ ព្រះអង្គម្ចាស់ តាំងពីនៅរៀនអនុវិទ្យាល័យ តែពេលទៅសារភាពស្នេហ៍ ហើយត្រូវព្រះអង្គម្ចាស់ បដិសេធ ក៏ត្រលប់​ក្លាយជាព្រាននារី ដើរទាក់មនុស្សស្រីលែងរើសមុខតែម្តង!”

          ហ៊ឺយ! =[]= រឿងបែបនេះមានពិតមែនឬ? មិនមែនហួសហេតុពេក ទេដឹង???

          តាមការនិយាយប្រាប់របស់ ម៉ីម៉ី ធ្វើឱ្យខ្ញុំចាប់អារម្មណ៍នឹងបុរសឈ្មោះ ព្រះអង្គម្ចាស់ កាន់តែខ្លាំងឡើង។ គេជាមនុស្សបែបណាហ្ន៎… បាន​ជា​ធ្វើឱ្យមនុស្សជាច្រើនក្លាយជាបែបនេះ???

          រឿងសំខាន់… តើគេអាចកែប្រែបងប្រុសរបស់ខ្ញុំ បានឬអត់?

          “ម៉ីម៉ី… គ្នាចង់ស្គាល់ព្រះអង្គម្ចាស់!”

          ខ្ញុំនិយាយចេញ​ទៅ​បែបនោះ ដោយមិនដឹងខ្លួន​សោះថា… ខ្ញុំកំពុងយកជីវិត​ចូលទៅពាក់ព័ន្ធក្នុង​ភាពវឹកវរហើយ!!

 សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

Read Full Post »

Older Posts »