Feeds:
ប្រកាស
មតិ

Archive for the ‘រឿង​ស៊ើប​អង្កេត(Detective)’ Category


ចោរ ប្លន់ ធនាគារ

រឿង​រ៉ាវ​កើត​ឡើង​​លឿន​ហួសពី​​​អ្វី​ ​​ដែល​ខ្ញុំ​អាច​​ត្រៀម​កាយ​ត្រៀម​ចិត្ត ​បាន​ទៅ​ទៀត​​ ព្រោះ​ពេល​ដែល​ខ្ញុំ​ដើរ​ជ្រែក​ហ្វូង​មនុស្ស​ ចេញ​ពី​ធនាគារ​​មក​​ដល់​រថយន្ត​ ចាក់​សោ​ចូល​ទៅ​អង្គុយ​​កន្លែង​​បើក​​ ​មិន​ទាន់​បាន​បិទ​ទ្វារ​ផង​ ស្រាប់​តែ​មាន​បុរស​​ម្នាក់​មក​ប្រាកដ​ខ្លួន ​យ៉ាង​ ស្ងាត់​ៗ​នៅ​ក្បែរ​រថយន្ត​របស់​ខ្ញុំ​ ហើយ​លូក​ដៃ​​ទាញ​​ទ្វារ​​ចូល​មក​អង្គុយ​ក្បែរ​ខ្ញុំ ធ្វើ​​ដូចមិត្ត​ភក្តិ​ស្និទ្ធ​ស្នាល​​នឹង​គ្នា​រាប់​សិប​ឆ្នាំ​។

ខ្ញុំ​ភ្ញាក់​ព្រើត​ បេះ​ដូង​លោត​ខុស​ចង្វាក់​មួយ​រំពេច​។ ឯង​ចង់​យ៉ាង​ម៉េច​ ជាមួយ​យើង​វ៉ឺយ!!

«​បើក​ឡាន​ចេញ​ភ្លាម​!» គេ​សម្លុត​បញ្ជា​ ព្រម​ទាំង​ផ្តេក​​ពូក​ឡាន​​ទៅ​ក្រោយ​ឲ្យ​ទាប​ជាង​មុន​។ ខ្ញុំ​ទើប​តែ​សង្កេត​ឃើញ​ថា ដៃ​ម្ខាងរបស់​គេ ​ដាក់​នៅ​ក្នុង​ថង់​ក្រដាស​កាតុង​ពណ៌​ត្នោត ដែល​​ទុក​​​នៅ​លើ​ភ្លៅ។ នៅ​ក្នុងនោះ ​អាច​មាន​កាំ​ភ្លើង​ខ្លី​ ​ដែល​អាច​បាញ់​​​បំបែក​ក្បាល​ខ្ញុំ​​បាន​​​គ្រប់​ពេល​! ចុះ​នរណា​ទៅ​ហ៊ាន​​ប្រថុយ??

ខ្ញុំ​​​ឈ្ងោក​​មើល ​ថង់​ក្រដាស​​​កាតុង​​ពណ៌​ត្នោត ​​នៅ​លើ​ភ្លៅ​ខ្លួន​ឯង​ម្តង​។​ វា​​ជា​​ថង់​​ដែល​មាន​តម្លៃ​ថោកៗ​​ រក​ទិញ​​បាន​ងាយ​​ និង​មាន​លក្ខណៈ​ស្រដៀង​​គ្នា ​នឹង​ថង់​របស់​​ជន​ពាល​ម្នាក់​នេះ​ដែរ។​ ​ខ្ញុំ​លួច​ដក​ដង្ហើម​ស្រាលៗ​ ដោយ​ក្តី​កង្វល់​ រួច​ប្រឹង​ជាន់​ហ្គែរ​សន្សឹម​ៗ​ស៊ីញ៉ូ​ភ្លើង​បត់​ស្តាំ​ បញ្ជា​​រថយន្ត​ចេញ​យឺតៗ​ ខួរ​ក្បាល​វិល​វល់​​តែ​នឹង​រឿង​រក​វិធី​កែ​ប្រែ​ស្ថានការណ៍​។

«​​ចង់​ពន្យារ​ពេ​លឬ?» គេ​កម្រើក​ដៃ​ម្ខាង​ដែល​នៅ​ក្នុង​ថង់។​ ខ្ញុំ​គិត​ថា​ នឹងមាន​សំឡេង​លាន់​ក្រឹក​ របស់​កៃ​កាំ​ភ្លើង​ តែ… ​ក៏​គ្មាន​។

ពិតជាល្ងង់ណាស់ ប្រសិនបើអ្នកព្រមចុះចាញ់​​ជនពាលដែលភ្ជង់អ្នកនឹងដបទឹកបរិសុទ្ធ​​​

ខ្ញុំ​បញ្ជា​​រថយន្ត ​​ធ្វើ​ដំណើរ​បន្ត​ចូល​ទៅ​​ក្នុង​​ចរាចរណ៍​​​លើ​ដង​វិថី​មួយ​។ មើល​តាម​កញ្ចក់​ក្រោយ ​​​ឃើញ​​ក្រុម​អ្នក​ទោស ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ខោ​ខ្លី​ អាវ​ដៃ​ខ្លី​ពណ៌​ខៀវ​រាប់សិប​នាក់​ ​កំពុង​បំបែក​គ្នា​​​ស្តារ​លូ​ទឹក​​ ដោយ​​មាន​ប៉ូលីស​​ចាំ​ត្រួត​ត្រា​ កំពុង​​ឈរ​​ជុំក្បាល​​គ្នា​ជក់​បារី​​សើច​ក្អាក​ក្អាយ​ នៅ​ក្បែរ​សួន​ច្បារ​សាធារណៈ។ ការ​ត្រួត​ត្រា​មិន​សូវ​តឹង​រឹង​​ប៉ុន្មាន​ទេ បញ្ជាក់​ថា ​ពួក​នេះ​ប្រហែល​ជាក្រុម​​អ្នក​ទោស​លំដាប់​ថ្នាក់​គ្រាន់​បើ​មិន​ខាន​។

«​ឯង​​ជា​អ្នក​ទោស​ឬ?» សំឡេង​ខ្ញុំ​ស្ងួត​ ព្រោះ​តែ​​ភ័យ​ខ្លាំង​ពេក​ ទើប​​​ត្រូវ​គ្រហែម​តិច​ៗ​មុន​ពេល​និយាយ​​។

គេ​មិន​ឆ្លើយ​ វាយ​ទឹក​មុខ​​​ស្មើ​ ព្យាយាម​​អង្កុញ​ខ្លួន​ចុះ​ក្រោម ​​ដើម្បី​គេច​ពី​ខ្សែ​ភ្នែក​របស់​​ប៉ូលីស​​ត្រួត​ត្រា​។ ​មើល​ទៅគេ ​ជា​មនុស្ស​ចិត្ត​ត្រជាក់​ខ្លាំង​ណាស់ ហើយ​ការ​ពិត ​ខ្ញុំ​​ក៏​មិន​ចាំបាច់​​សួរ​សំណួរដ៏​​ភ្លី​ភ្លើ​នេះ​ដែរ​ ព្រោះ​ឯកសណ្ឋាន​ដែល​គេ​កំពុង​ស្លៀក​ពាក់​នេះ បាន​បញ្ជាក់​យ៉ាងច្បាស់​​ទៅ​ហើយ​។

«​បើក​ឲ្យ​លឿន​ជាង​នេះ!» គេ​បញ្ជា​។

«​ទៅ​ផ្លូវណា?»

«ចេញ​ពីទីប្រជុំ​ជន!»

​រថយន្តបង្កើន​ល្បឿន​ទៅ​មុខ​​លឿន​ជាង​មុន​។ ខ្ញុំ​បត់​ឆ្វេង​ចូល​តាម​ច្រក​ផ្លូវ​តូចៗ​ ឮ​សំឡេង​សឺរ៉ែន​ឡាន​ប៉ូលីស​បើក​លឿន​ដូច​ព្យុះ​ សម្រុក​ចេញ​ពី​អង្គ​ភាព​រាជធានី ​តាម​មាត់​ផ្លូវធំ​មិន​ឆ្ងាយ​ប៉ុន្មាន​។ ប្រហែល​ជា​បាន​ទទួល​ដំណឹង​​មិន​ខាន​! ​ខ្ញុំ​គិត​ក្នុង​ចិត្ត​។ បុរស​ប្លែក​មុខ​ អើត​ក្បាល​លឹមៗ​ងាក​ទៅ​​មើល​។ កាយ​វិការ​​នោះ ​ប្តូរ​ទៅ​ជា​​​​តាន​តឹង​មួយ​រំពេច​​។ លុះ​រថយន្ត​បើក​ចេញ​មក​ឆ្ងាយ​បន្តិច​ ទើប​គេ​​សម្តែង​អាកប្ប​កិរិយា​ធូរ​ទ្រូង​ឡើងវិញ​។

តាម​ផ្លូវ​​ស្រឡះ​ល្អ ​ល្មម​អាច​ឲ្យ​ខ្ញុំ​ងាក​ទៅ​មើល​បុគ្គល​ ដែល​​​ចូល​មក​​ឈ្លាន​ពាន​បាន​យ៉ាង​​ពេញ​ភ្នែក​។ ខ្ញុំ​ដាក់​ឈ្មោះ​​ឲ្យ​គេ​ថា អ្នក​ទោស​កំលោះ​វ័យ​២៥​ឆ្នាំ។​ គេ​មាន​មាឌ​ធំ​​ក្រអាញ សម្បុរ​ខ្មៅ​ស្រគាំ​ សក់​រួញ​ដុះ​រ៉ុយៗ​ មើល​ទៅរឹង​មាំ​ ក្លៀវ​ក្លា​បែប​អ្នក​លេង​។ រូប​រាង​មុខមាត់ មាន​លក្ខណៈ​​ស្រដៀង​​ខ្ញុំ​ច្រើន​ផ្នែក​ដែរ​ បើ​ប្រាប់​ថា ជា​បង​ប្អូន​នឹង​គ្នា​ គ្រប់​គ្នា​ប្រាកដ​ជា​ជឿ​។

ខ្ញុំ​ហុច​បារី​កញ្ចប់​ទក់​ៗ​ឲ្យ​ទៅគេ​ ​មុន​នឹង​ដក​មួយ​ដើម​យក​មក​ជក់​ខ្លួន​ឯង​។ គេ​យក​ដៃ​ចេញ​ពី​ក្នុ​ង​ថង់​ ទទួល​យក​បារី​យ៉ាង​ក្រហល់​ក្រហាយ​​ដូច​មនុស្ស​ញៀន​ថ្នាំ​។ ខ្ញុំ​សង្កេត​ឃើញ​ថា វត្ថុ​នៅ​ក្នុង​ថង់​នោះ ​មាន​ទម្ងន់​គួរ​សម​ អាច​ជា​កាំភ្លើង​ ឬ​ដុំ​ថ្ម​ ដែលខ្ញុំ​មិន​ហ៊ាន​ប្រថុយ​ប្រថាន​ទេ​​ លើក​លែង​​​គ្មាន​ការ​​ចាំបាច់​។

«​​ហេតុ​អ្វី​បាន​ជា​ឯង​ជាប់​គុក?»

គេ​ងាក​មក​សម្លឹងមុខ​ខ្ញុំ​មួយ​ភ្លែត​ ហើយ​ឆ្លើយ​ដោយ​មិន​ខ្ចី​​មើល​មុខ​។

«​ប្លន់!»

ពុទ្ធោពុទ្ធំ…!!! ចម្លើយ​​នោះ ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ផ្តើម​បែក​ញើស​ចេញ​គ្រាប់​ធំៗ​​នៅ​លើ​ថ្ងាស​ ទទួល​អារម្មណ៍​​ថា​ ថង់​ក្រដាស​នៅ​លើ​ភ្លៅ​ខ្លួន​ឯង ​កំពុង​ក្លាយ​ជា​​ដុំ​ភ្លើងក្តៅ​ឆៀបៗ​​។ តើ​គេ​ដឹង​ឬ​អត់​ថា នៅ​ក្នុង​ថង់​នេះ​ មាន​លុយ​ចំនួន​ប៉ុន្មាន​? គេបាន​​តាមដាន​​មើល​ខ្ញុំ​តាំង​ពី​ចេញ​ពី​ធនាគារ​ ឬ​គ្រាន់​តែ​ជា​ការ​ជួប​ដោយ​ចៃ​ដន្យ?

​ខ្ញុំ​នឹក​​បន់​ស្រន់​ សូម​​​ឲ្យ​ជា​ចំណុច​ចុងក្រោយ​នេះ​ទៅចុះ! បើ​ពិនិត្យ​មើលទៅ​​​ ថង់​នេះ​​​គ្រាន់​តែ​ជា​ថង់​សំរែៗ​ធម្មតា ​ដែល​​មនុស្ស​ភាគ​ច្រើន​គិត​ថា ​គ្មាន​នរណា​ឆ្កួត​យក​លុយ​ដប់​ម៉ឺន​ដុល្លារ មក​ដាក់​ក្នុង​​ថង់​បែប​នេះ​ទេ។​​ តែ​​អា​ឆ្កួត​ម្នាក់​នោះ គឺ​អ្នក​ដែល​កំពុង​បើក​ឡាន​​នៅពេល​នេះឯង​!

រថយន្ត​បើក​វាង​វង់​​ចុះ​ឡើង ​រហូត​មក​ដល់​ផ្លូវ​ធំ​ម្តង​ទៀត​។ ​អ្នក​ទោស​កំលោះ​ ​បញ្ឈរ​ពូក​អង្គុ​យ​ឲ្យ​ត្រង់​​ ងាក​មើល​ជុំ​វិញ​ខ្លួន​ដើម្បី​កំណត់​ទិស​ដៅ។

«​ផ្លូវ​ណា?»

«​ផ្លូវទៅ​ខេត្ត​កំពង់​ឆ្នាំង។»

«​ល្អ… បើ​ក​ត្រង់​ៗ​ទៅមុខ​រហូត​ទៅ តែ​ត្រូវ​ប្រើ​ផ្លូវ​ដែល​ស្ងាត់​បំផុត!»

កម្តៅ​​ព្រះអាទិត្យ​នៅខាង​ក្រៅ ជះ​ចំហាយ​​ចូលមក​ក្នុង​រថយន្ត​ ​រហូត​​ម៉ាស៊ីន​ត្រជាក់​ទប់​ទល់​លែង​ឈ្នះ​។ ក្លិន​ញើស​ផ្សំ​នឹង​​ទឹកលូ​​ជាប់​នៅ​លើ​ដៃនិងជើង​ ភាយ​លាយ​ឡំ​គ្នា​ ដូច​មាន​ត្រី​ងៀត​ហាល​​នៅ​ក្នុង​ឡាន​។ តាម​សង​ខាង​ផ្លូវ​​ ជា​ផ្ទះអ្នក​ភូមិ​ឆ្លាស់​គ្នា​​ជាមួយ​វាល​ស្រែ និង​សួន​បន្លែ​ ដែល​មាន​ស្លាក​ស្នាម​នៃ​ការ​ខូច​ខាត​ដោយ​សារ​​ទឹក​ជំនន់​។​ យើង​អង្គុយ​ស្ងៀម​ស្ងាត់ដោយ​ភាព​តាន​តឹង អស់​ពេល​មួយ​សន្ទុះ​ធំ​​។ ខ្ញុំ​ឈ្ងោក​មើល​ថង់​ក្រដាស​ នៅ​លើ​ភ្លៅ​ខ្លួន​ឯង​​ជា​ច្រើន​លើក​ជា​ច្រើន​សា ​រហូត​​ក្លាយ​ជា​ពិរុទ្ធ​ដោយ​មិន​អាចចៀស​ផុត​បាន​​។ តែ​សំណាងល្អ​ ដែល​វា​រវល់​តែ​ចាប់​អារម្មណ៍​​នឹងកញ្ចក់​ឡាន​ខាង​ក្រៅ​ ដើម្បី​ពិនិត្យ​មើល​ថា​មាន​រថយន្ត    ​ប៉ូលីស​តាម​មក​ឬ​អត់?

តើ​វា​ត្រូវការ​អ្វី? នេះ​ជា​សំណួរ​ដែល​នៅ​​​វិល​វល់​​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​រហូត​មក​​។ បើ​​មើល​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ​​បំផុត​នោះ គឺ​ប្រហែល​ជា​វា​ឲ្យ​ខ្ញុំ​ជូន​ទៅកន្លែងដែល​​​​អាច​គេច​ផុត​ពី​ខ្សែ​ភ្នែក​ប៉ូលីស​បាន។​ តែ​បើ​​គិត​មក​ផ្លូវ​អាក្រក់​​វិញ​​ គឺវា​​​នាំ​ខ្ញុំ​ទៅ​ដុត​សម្លាប់​ចោល​ ​ដើម្បី​ប្លន់​យក​លុយ​ដប់​ម៉ឺន​ដុល្លារ​ នៅ​លើ​ភ្លៅ​​នេះ​។ បេះដូងស្ទើរ​តែ​លោត​ចេញ​តាម​ប្រហោង​មាត់​ ពេលគិត​​ដល់​ចំណុច​ចុង​ក្រោយ​​នេះ​។

ចុះ​បើ​អាវុធ ដែល​វា​កំពុង​កាន់​នៅ​ក្នុងថង់​មិន​មែន​ជា​កាំ​ភ្លើង​? យើង​ប្រហែល​ជា​ប្រវាយ​ប្រតប់​គ្នា​ដោយ​ដៃ​ទទេ​​។ ខ្ញុំ​ដៀង​ភ្នែក​មើល​​កម្ពស់​កម្ពរ​​របស់​វា ​ដើម្បី​ប្រៀប​ធៀប​កម្លាំង​​គ្នា។​ វា​ប្រហែល​ជា​ទាប​ជាងខ្ញុំ​ បួន​ឬ​ប្រាំ​សង់​ទីម៉ែត្រ​ តែ​សរសៃ​ឈាម​ខៀវ​ស្រងាត់​ត្រង់​​គល់ក​​ និង​ដើម​ដៃ​បញ្ជាក់​ឲ្យ​ដឹងថា​​ វារឹង​មាំ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់​។ ​ភ្នែក​មុត​ពណ៌​ត្នោត​ចាស់​ មាន​ស្នាម​សម្លាក​តូចៗ​ពី​រ​បី​កន្លែង​​​នៅ​​លើ​ថ្ពាល់​។

ខ្ញុំ​​ប្រញាប់​រក​នឹក​​មើល​លទ្ធភាព​របស់ខ្លួន​ឯង​យ៉ាង​ច្រួល​ច្រាល​​​។ ក្រៅ​ពី​ប្រាក់​ដប់​​ម៉ឺន​ដុល្លារ​ពី​ធនាគារ​​ក្នុង​ថង់​ក្រដាស​ ខ្ញុំ​នៅ​មាន​​ថ្ម​​មួយ​ដុំ​ ដែក​ជើង​ក្អែក និង​ដែក​ដង​វែង​សម្រាប់​​ ប្តូរ​​​កង់​រថយន្ត​ ដែក​គ្រីប និងខ្សែ​ទង់​ដែង​សរសៃ​ធំ​មួយ​ចង្វាយ​សម្រាប់​បញ្ចូល​ភ្លើង​ ដែល​អាច​ប្រើ​សម្រាប់​រឹត​ក​បាន​ បើ​មាន​ឱកាស​!

អ៎… កាំ​បិត​… ពិតមែនហើយ! ព្រះ​អើយ​ជួយ​ផង​… ខ្ញុំ​មាន​កាំ​បិត​ចិត​ផ្លែ​ឈើ​មុខ​ស្រួច​មួយ​នៅ​ក្នុង​​​​ថតទុក​សម្ភារៈ​ក្បែរ​ដៃ​​​ ប្រវែង​ប្រហែល​មួយ​ចម្អាម​ មិន​មុត​ប៉ុន្មាន​ទេ តែ​អាច​ប្រើ​សម្លាប់​មនុស្ស​​បាន​! ខ្ញុំ​ប្រឹង​ក្តាប់​​​ចង្កូត​ឡាន​រហូត​ឈឺ​ដៃ​ នៅ​ពេល​នឹក​ទៅដល់ ​ការ​​ប្រតាយ​ប្រតប់​គ្នា​។

រំពេច​នោះ​ ហេតុ​ការណ៍ស្មាន​មិន​ដល់​ក៏​កើត​ឡើង​។ ខណៈ​ដែល​ខួរ​ក្បាល​ខ្ញុំ​កំពុង​វិល​វល់​នឹង​ការ​​រក​​មធ្យោបាយ​យក​​រួច​ខ្លួន​ រថយន្ត​ដឹក​ទំនិញ​ខាងមុខ ក៏​បង្អង់​ល្បឿន​​យ៉ាង​ឆាប់       ​រហ័ស។​ សភាវគតិ​ បញ្ជា​ខ្ញុំ​ឲ្យ​ជាន់​​ហ្វ្រាំង​មួយ​អស់​ជើង​។ រថយន្ត​ឈប់​យ៉ាង​ទាន់​ហន់​ស្ទើរ​ដាំ​​ក្បាល តែ​ទោះយ៉ាង​នោះ​ក្តី​ កម្លាំង​អូសនៅ​តែ​ទាញ​រថយន្ត​ឲ្យ​រំកិល​ទៅខាង​មុខ។​ កង់​រថយន្ត​កកិត​នឹងថ្នល់​កៅ​ស៊ូ​លាន់​សូរ​គ្រូក​យ៉ាង​វែង​​ ក្បាល​អ្នក​ទោស​រត់​ចេញ​ពីគុក​ បោក​ភុស​ទៅ​នឹង​​ប្រអប់​គ្រឿង​យន្ត​ខាង​មុខ​។ សំណាង​ល្អ​ដែល​ខ្ញុំ​ពាក់​ខ្សែ​ក្រវាត់​ ទើប​មិន​​ស្ថិត​នៅ​ក្នុង​សភាព​ដូចគេ​។ រថយន្ត​រេពេញ​ផ្លូវ​ដូច​ពស់​វារ​​ មុន​នឹងជ្រុល​ចូល​ទៅ​បុក​​កន្ទុយ​​រថយន្ត​ដឹក​ទំនិញ​​នៅ​ខាង​មុខ​តែ​​មិន​​ត្រូវ​ខ្លាំង​ប៉ុន្មាន​ទេ។

«ចង្រៃ​យក៍… បើក​ឡាន​ឆ្កួត​ឡប់អីអ៊ីចឹង??» គេ​គំរាម​​ដោយ​អារម្មណ៍​​​ក្តៅក្រហាយ​។ ថង់​នៅ​លើ​ភ្លៅ​របស់​គេ ​ខ្ទាត​ជ្រុះ​ទៅលើ​កម្រាលរថយន្ត​ ប៉ុន្តែ​ជ្រុះ​ទៅតែ​ថង់ប៉ុណ្ណោះ។ គេ​នៅ​​ក្តាប់​កាំ​ភ្លើង​ខ្លី​ខ្មៅ​គ្រីក​នៅ​ក្នុង​ដៃ​​ខាង​ឆ្វេង​ជាប់​ ម្រាម​ចង្អុល​ស៊ក​ចូល​ក្នុង​​​ប្រហោង​កៃ​ ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​​ប្រុងប្រៀប​តប​ត​​។

មិន​បាច់​សង្ស័យ​ទៀត​ទេ​ថា អ្វី​នៅ​ក្នុងថង់​!

អ្នក​បើក​រថយន្ត​នៅ​ខាង​មុខ​ ជា​បុរស​ចំណាស់​ម្នាក់ ​ក្បាល​ពោះ​ធំ​កំប៉ោង​ ទំនង​ជា​ចិត្ត​ល្អ​ ពាក់​មួក​ស្លឹក​ត្នោត ចង​ក្រមា​ចាស់​ៗ​​នៅ​​ចង្កេះ​ សន្និដ្ឋាន​ថា​ ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​នៅ​ម្តុំ​នេះ​។ គាត់​ដើរ​ទីង​ទាម​ៗ​មក​មើល​​កន្ទុយ​រថយន្ត​​​​របស់ខ្លួន​ឯង​ ហើយ​ងាក​មក​មើល​ខ្ញុំ​បន្តិច​​ ​ទំនង​ជា​ឆ្ងល់​ថា​ ហេតុ​អ្វីបាន​ជា​ខ្ញុំ​នៅ​អង្គុយរឹង​​ខ្លួន​​ស្តូក​នៅ​លើ​រថយន្ត​​។

«​ចុះ​ទៅចរចា​ភ្លាម​​ទៅ តែ​កុំ​លេង​ល្បិច​ឲ្យ​សោះ បើ​មិន​ដូច្នោះ​បែក​សន្ទះ​ក្បាល​មិន​ខាន​!»

ខ្ញុំ​បើក​ភ្លើ​ង​ស៊ីញ៉ូ​ឲ្យ​ញាក់​​ចោល​ រួច​​ចុះ​ពីរថយន្ត​ធ្វើ​គើម​ៗ​​។ អ្នក​ទោស​​យក​ថង់​ក្រដាស​រុំ​កាំភ្លើង​​ដូច​មុន​ តែដាក់​​ថង់​បាំង​​កញ្ចក់​ខាង​មុខ​ ​ងាក​តាម​​ទិស​ដៅ ​ដែល​​ខ្ញុំ​ដើរ​​គ្រប់​​ពេល          ​វេលា​​។​

«​យ៉ាង​ម៉េច​អ្នក​កំលោះ​!» អ៊ំ​​កសិករ​​ស្រែក​សួរ​​ «រវល់​អណ្តែត​អណ្តូង​ទៅណា បាន​ជា​បើក​មក​បុក​កន្ទុយ​ឡាន​អ៊ំដូច្នេះ?» គាត់​យក​ជើង​គោះ​គូទ​ឡាន​ត្រង់​កន្លែង​បុក​ ធ្វើ​ឲ្យ​កម្ទេចថ្នាំ​ និង​ស្នឹម​ច្រែះ​​ជ្រុះ​ក្ឌុកៗ។

ខ្ញុំ​ព្យាយាមស៊ីញ៉ូ​​ភ្នែកដាក់​គាត់ និង​បូញ​មាត់​ជីបអូចៗ ​​ក្នុង​ន័យ​ចង់​ប្រាប់​ថា មាន​អ្នក​ទោស​ហែក​គុក​​ កំពុង​តម្រង់​កាណុង​កាំ​ភ្លើង​មក​កាន់​យើង​ទាំង​ពីរ​ តែ​គាត់​គិត​តែ​រអ៊ូ​រឿង​​រថយន្ត​ហេង​ស៊យ​របស់​ខ្លួន​ឯង​ និង​ផល​ដំណាំ​ដែល​ខូចខាត​ព្រោះទឹក​ជំនន់​ ម្យ៉ាង​​មើល​ទៅគាត់​ដូចជា​ភ្នែក​ងងឹត​​ផង​។ យានយន្ត​នៅខាង​ក្រោយ​​​បើក​វាង​ពួក​យើង​ចេញទៅមុន​​រពុយ​ៗ​។

«ណ្ហើយ!» ទីបំផុត​គាត់​ក៏​និយាយ​បន្ត​ «តាម​យថា​កម្ម​​ទៅចុះ! ពីដើមវា​​ក៏​មិន​មែន​ស្អាត​ល្អ​អី​ប៉ុន្មាន​ដែរ​ មនុស្ស​យើង​ត្រូវធ្វើចិត្ត​ខ្លាំងខ្លះ មែនទេ?» គាត់​ទះស្មា​ខ្ញុំ​ខ្លាំងៗដើម្បី​បង្ហាញ​ថា ទោះបីគាត់​ចាស់ តែ​កម្លាំង​​កំហែង​នៅមាំ​ទាំ​​ល្អ​​ណាស់ រួច​​ដើរ​សើច​ហ៊ឹះៗ​ ​ត្រឡប់​ទៅ​រថយន្ត​វិញ​ ដោយ​អា​រម្មណ៍​រីក​រាយ​ចំពោះ​ភាព​ចិត្ត​ទូលាយ​របស់ខ្លួន​ឯង​។

ឱកាស​មាស​កន្លង​ផុត​ទៅ… ខ្ញុំ​ត្រឡប់​មក​បើក​ឡាន​បន្ត​ យក​បារី​មក​ជក់​មួយ​ដើម​ទៀត​ គ្រហែមតិចៗ មុន​នឹង​សួរ​ថា៖

«​ឯង​​ត្រូវ​ការ​អ្វី​ឲ្យ​ប្រាកដ​?»

វា​ងាក​មក​សម្លឹង​​ខ្ញុំ​យ៉ាង​យូរ ​ដោយ​​ខ្សែ​ភ្នែក​មុត​គួរ​ឲ្យ​ខ្លាច​ តែ​​ក៏​មិន​បាន​​ចេញ​ស្តី​​ថា​ម៉េច​។

ខ្ញុំ​ឈ្ងោក​មើល​កម្ទេច​​បារី​នៅ​ក្នុង​ដៃ ​​​ជ្រុះ​ទៅលើ​កម្រាល។ ជើងដែល​​ខំ​ទប់​ជាន់​ហ្គែរ​ប្រែ​ជា​រឹង​​​រហូត​ឈឺ​។ ខ្ញុំ​លេប​ទឹក​មាត់​​ជាញឹក​ញាប់ព្រោះ​ស្ងួត​ក​។ អារម្មណ៍​ខ្វល់​ខ្វាយ​ចាប់       ​ផ្តើម​កើន​ឡើង​ជា​លំដាប់​ ខណៈ​ដែល​វា​ងាក​មើល​ជុំវិញ​ខ្លួន​ដោយ​គ្មាន​ទុក្ខព្រួយ​អ្វី។

រំពេច​នោះ វា​ក៏​បូញ​មាត់​ឲ្យ​ខ្ញុំ​បត់​រថយន្ត​ចូល​តាម​ផ្លូវ​លំ​មួយ​​នៅខាង​ស្តាំ​ដៃ​​។ បេះ​ដូង​ខ្ញុំ​លោត​ញាប់​​ខុស​ចង្វាក់ ​លាន់​សូរ​ឌឹប​ឌាក់ៗ ប្រឹង​បន្ថយ​ល្បឿន​រថយន្ត​យឺតៗ បត់​​ចុះ​តាម​បញ្ជា គិត​នៅ​ក្នុង​ចិត្ត​ថា វាលេង​មែនទែន​ហើយ​។ ចំហាយ​នៃ​សេចក្តីស្លាប់​ភាយ​​​ឆួល​ ចេញ​​មក​ក្នុង​អាកាស​​។ សេចក្តីសង្ឃឹម​តែមួយ​ដែលមាន​នៅពេល​​នេះ​ គឺ​នៅ​ក្នុង​ថត​ទុក​សម្ភារៈ​​ក្បែរ​ដៃ​ខ្ញុំ​។ ខ្ញុំត្រូវ​បើកថត​​នោះ ស្រវា​យក​កាំ​បិត​ចាក់​ទៅលើ​​បំពង់​ក​វា​ មុន​​នឹង​វា​កេះ​កៃ​កាំ​ភ្លើង​ទាន់​។

វា​បញ្ជា​ឲ្យ​​ខ្ញុំ​បើក​ចូលទៅ​ជ្រៅ​​​​ក្នុងព្រៃ​​ ​​រហូត​ដល់​កន្លែង​ដែលគ្មាន​មនុស្ស​ ​ហើយ​ចង្អុល​ដៃទៅក្រោយ​ដើម​ឈើ​​ធំ​​​​​​នៅ​ខាង​​មុខ​។

«វាង​ទៅឈប់​នៅត្រង់​នោះ!»

ខ្ញុំ​ពន្យារ​ពេល​។ ខ្លួន​ញ័រ​ទទ្រើក​ដូច​ឃើញ​​​នរក​កំពុង​បើក​ទ្វារ​​រង់​ចាំ។​ ក្នុង​​បំពង់​ក​​ស្ទះ​ណែន​ដូច​មាន​អ្វី​មក​ចុក​ មុន​នឹង​ប្រឹង​​និយាយ​ចេញ​មក​ថា៖

«លោក​កុំ​ធ្វើអីខ្ញុំ​ណ៎ា!…» ខ្ញុំ​លើក​ដៃ​សំពះ​​ញ័រ​ៗ។​ សេច​ក្តី​ភ័យ​ខ្លាច​រត់​ចូល​មក​ក្នុង​​ខួរ​ក្បាល ​រហូត​​ចង់​​រាក​នោម​។ គុម្ពោត​ព្រៃ​ត្រង់​នេះ​ ស័ក្តិ​សម​នឹង​ការចាក់​ក​មនុស្ស​សម្លាប់​ចោល ​ដោយ​គ្មាន​នរណា​រក​សាក​សព​ឃើញ​រាប់​អាទិត្យ​។

«​ចង់​យក​អ្វី​ក៏​យក​ចុះ ខ្ញុំ​មិន​ប្តឹង​ប៉ូលីស​ទេ!» ខ្ញុំ​​​មាន​ន័យ​ដូច្នេះ​ពិតមែន និង​ប្រឹង​សូត្រ​ធម៌​ភាវនា​ក្នុងចិត្ត​សុំ​ឲ្យ​រួច​ជីវិត​។

«​ឈប់​ឡាន​ ហើយ​ចុះទៅ!» វា​និយាយ​សំឡេង​កាច​។

ខ្ញុំ​ឈាន​​ចុះ​យឺតៗ រឹងជើងស្តូក។ វា​តាម​ភ្ជង់​ពី​ក្រោយ​ បញ្ជា​ឲ្យ​ខ្ញុំ​លើកដៃ​ទាំង​ពីរ​​ឡើងលើ​​ បង្គាប់​​ឲ្យ​ងាក​មុខ​​ផ្អឹប​នឹង​តួ​រថយន្ត​​។ ខ្ញុំ​បិទ​​ភ្នែក​មីរ មិន​ដឹង​សំឡេងកាំភ្លើង​នឹង​​លាន់​ឡើង​នៅ​ក្នុង​វិនាទី​ណា​ បេះដូង​ស្ទើរ​តែ​ឈប់​ដើរ​ទៅហើយ​។

«​ស្រាត​ខោ​អាវ​ចេញ!» វា​បញ្ជា​។

ខ្ញុំ​ភ្ញាក់​ព្រើត ស្រៀវ​រន្ធ​គូទមួយ​រំពេច​។ ឮ​គេ​និយាយ​ថា អ្នក​ទោសនៅ​ក្នុង​គុក​​​ភាគ​​ច្រើន ​ចូលចិត្ត​​ខូច​ខ្លួន​ឲ្យ​ពួកគ្នា​វាណាស់​​។ តែ​កាំភ្លើង​ខ្លី​ដែល​ភ្ជង់​ខ្នង​ខ្ញុំ​ជាប់​នោះ​ មិនអនុញ្ញាត​​ឲ្យ​ខ្ញុំ​ប្រកែ​ក​បាន​​។ ខ្ញុំ​ដោះ​អាវ​ស្រាត​ខោ​ចេញ​ ឃើញ​វា​ស្រាត​ខោ​ជើង​ខ្លី​បោះ​ទៅ​លើ​ដី​ទួល​។

វា​យក​ខោ​អាវ​ខ្ញុំ​ពាក់​ជំនួស​ឯក​សណ្ឋាន​អ្នក​ទោស​ ខណៈ​ដែល​ខ្ញុំ​នៅ​ឈរ​ស្រាត​ននល​គក។

«​អរគុណ​ណាស់សម្លាញ់​ ដែល​នាំ​រត់​គេច​​បាន​ឆ្ងាយ​​យ៉ាង​នេះ​ បើ​មិន​ស្អប់​ខ្ពើមខោ​អាវអ្នក​ទោស​ទេ អញ្ជើញ​​តាម​សម្រួល​ចុះ!»

ការ​ពិត​វាត្រូវ​ការ​ក្លែង​​ខ្លួន​ដើម្បីរត់​គេច​​សោះ។

«​ឡាន​មួយ​គ្រឿង​នេះ សុំ​ហើយ​វ៉ឺយ!» វា​ចូល​ទៅអង្គុយ​កន្លែង​​ខ្ញុំ​ ហើយ​បញ្ឆេះ​ម៉ាស៊ីន​លាន់​ទ្រីនៗ​។ ខ្ញុំ​សម្លឹង​មើល​​​ធ្វើ​​ភ្នែក​ភ្លឹះ​ៗ​យ៉ាង​អាណោច​អាធ័ម​​​​។

«អូ! ចុះ​នេះ ​ថង់​អីរបស់​ឯង?»  វា​គ្រវែង​ថង់​ក្រដាស ដែល​ខ្ញុំ​ទុក​​​​លើ​​ពូក​ឡាន​​មក​ឲ្យ​ «យក​វិញ​ចុះ! ក្រែង​មាន​ប្រយោជន៍​​សម្រាប់​ឯង​!» ខ្ញុំ​ស្ទើរ​តែ​សើច​ទាំង​ទឹក​ភ្នែក ប្រញាប់​ស្រវា​ចាប់​មុន​នឹងថង់​​ធ្លាក់​ដល់​ដី។

***

 

បន្ទាប់​ពី​វា​បើក​ឡាន​ចេញ​ផុត​ ខ្ញុំ​ក៏​​យក​ឯក​សណ្ឋា​ន​អ្នក​ទោស​មកពាក់​ ដើរ​កាត់​តាម​​ព្រៃ​​ចូល​ទៅ​ចម្ការ​ចេក​រហូត​ឃើញ​ផ្ទះ​អ្នក​ភូមិ​។ ខ្ញុំ​លួច​យក​ខោអាវ​ដែល​ហាល​ចោល​នៅ​លើ​ស្នួល​មក​ប្តូរ​។

ល្ងាច​ទៅ​ហើយ​ ទម្រាំ​ខ្ញុំ​ដើរ​​មក​ដល់​ទី​ប្រជុំ​ជន ​ព្រម​ជាមួយ​ថង់​​ដែល​ផ្ទុក​លុយ​​ក្រដាស​​​​មួយ​រយ​ៗថ្មី​ច្រឺង ​​​ដប់​​ម៉ឺន​ដុល្លារ​។ ខ្ញុំ​​ជិះ​ម៉ូតូឌុប​បន្ត​ពីរ​បីតំណ ​ដើម្បី​បង្វែង​ដាន​​ រហូត​ដល់​កន្លែង​​​មាន​សុវត្ថិភាព​។

យប់​នោះ​ ខ្ញុំ​​ឆ្លង​អប​អរ​ភាព​ជោគ​ជ័យ​​​របស់​ខ្លួន​ ដោយ​ការ​ដេកទម្រេតកាយ​​ ក្រេប​រស​ជាតិ​​​​ស្រា​វិស្គី​​ យ៉ាង​ត្រជាក់​ចិត្ត​នៅ​លើ​សាឡុង​ ​​មើល​ព័ត៌​មាន​ប៉ូលីស​ចាប់​ចោរ​ប្លន់​ធនាគារ​ ដែល​ទើប​តែ​ទទួល​​ព័ត៌មាន​បន្ថែម​​ថា ជា​អ្នក​ទោស​​ជើង​ខ្លាំង​ម្នាក់ ​ដែល​បាន​រត់​ចេញ​​ពីគុក​។ ​ខ្លឹម​សារ​ព័ត៌​មាន​​​ប្រាប់​ថា អ្នក​ទោសរូប​នេះ លួច​​រត់​​ពេល​កំពុង​​​ស្តារ​​​​លូ និង​​បាន​ត្រៀម​ខ្លួន​ទុកជាមុន​ ដោយ​លាក់​អាវុធ​ និង​សម្លៀក​បំពាក់​​នៅ​ក្នុង​រថយន្ត​ដឹក​ទំនិញ​។ ក្រោយ​ពី​ប្តូរ         ​សម្លៀក​បំពាក់​រួច​ ក៏​សម្រុក​ចូល​ទៅ​ប្លន់​ធនាគារ​​កណ្តាល​ក្រុង​ ប្រមូល​បាន​លុយ​ជាង​​ដប់​​ម៉ឺន​ដុល្លារ​​សហរដ្ឋ​អាមេរិក​។ ក្រោយ​​ពី​ប៉ូលីស​តាម​ទាន់ ក៏​កើត​មា​ន​ការ​បាញ់​​​តទល់​​គ្នា​ រហូត​​ជន​ល្មើស​ស្លាប់​​បាត់​​បង់​ជីវិត​។

រាង​កាយ​មាន​របួស​សុស​សាច់​​ស្ទើរ​តែ​ចាំ​មុខ​​មិន​បាន​។

ប៉ុន្តែ​ប៉ូលីស​រក​លុយ​មិន​​ឃើញ​សោះ​។

ហាសហាសហា… ទទួល​កម្ម​ពៀរ​ទៅចុះ​ អាសម្លាញ់!!!

 

ចប់

Read Full Post »


កំពង់ស្ពឺៈ ចៅ​ក្រម​តុលាការ​ខេត្ត​កំពង់​ស្ពឺ មាន​គម្រោង​ចុះ​ទៅ​ជួប​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier ជន​ជាតិ​បារាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង

លោក Laurent Vallier កាល​នៅ​មាន​ជី​វិត

លោក Laurent Vallier កាល​នៅ​មាន​ជី​វិត

​ខេត្ត​កំពង់ចាម ប៉ុន្តែ​មន្រ្តី​តុលាការ​ដែល​កាន់​សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បាន​កំណត់​កាល ​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​។

លោក ឆែម រិទ្ធី ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​ជា​ថ្មី​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ បាន​ឲ្យ​ដឹង​ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថ្មី​ពី​ក្រុម​ស៊ើប​អង្កេត​ បារាំង​ដែល​បាន​ចុះ​មក​ស្រុក​ខ្មែរ​ដើម្បី​អង្កេត​ករណី​ការ​ស្លាប់​របស់​លោក Laurent Vallier នៅ​ឡើយ​ទេ​។

លោក​ថ្លែង​បន្ត​ថា​៖«​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថ្មី​ណា​មួយ​ពី​ ក្រុម​ស៊ើប​អង្កេត​បារាំង​ដែល​បាន​ចុះ​មក​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​នៅ​ ឡើយ​ប៉ុន្តែ​ខ្ញុំ ក៏​មាន​គម្រោង​ចុះ​ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ណា​មួយ​ដើម្បី​ជួប​ បុរស​ដែល​ជា​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier»​។

លោក ឆែម រិទ្ធី បាន​ថ្លែង​បន្ត​ថា​លោក​មិន​ស្គាល់​ឈ្មោះ​បុរស​នោះ​ទេ ប៉ុន្តែ​ដឹង​ថា គាត់​ជា​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​។

លោក​ថ្លែង​បន្ត​ថា​៖«​ខ្ញុំ មិន​មាន​ព័ត៌មាន​ច្រើន​ពាក់​ព័ន្ធ​នឹង​ប្អូន​ថ្លៃ​របស់​ជន​រង​គ្រោះ​នេះ​ទេ សូម្បី​តែ​ឈ្មោះ​ក៏​មិន​ស្គាល់​ដែរ​។ ខ្ញុំ នឹង​ទៅ​ជួប​គាត់​សាក​សួរ​ក្នុង​នាម គាត់​ជា​សាក្សី​ក្នុង​ករណី​នេះ។ ខ្ញុំ មិន​ដឹង​ថា​តើ​នៅ​ពេល​ណា​ខ្ញុំ​ទៅ​ទី​នោះ​ទេ ព្រោះ​ខ្ញុំ រវល់​កិច្ច​ការ​ច្រើន​ណាស់»។

សាក​សព​បុរស​ជាតិ​បារាំង​ពោះម៉ាយ Vallier និង​កូន​តូច​៤​នាក់​របស់​លោក ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​រថយន្ត SUV ដែល​លិច​ទឹក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១២ រយៈ​ពេល​៤​ខែ ក្រោយ​ការ​បាត់​ខ្លួន​ចុង​ក្រោយ​។ កាល​ពី​ចុង​ខែ​មុន​ក្រុម​អ្នក​ស៊ើប​អង្កេត​សម្រេច​ថា ការ​ស្លាប់​ជា​អំពើ​ឃាតកម្ម​មិន​មែន​អត្តឃាត​នោះ​ទេ​។

អ្នក​ស៊ើប​អង្កេត​បារាំង និង​កម្ពុជា​មួយ​ក្រុម​បាន​ច្រាន​ចោល​ការ​ធ្វើ​អត្តឃាត ដោយ​សារ​តែ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក Laurent Vallier។

លទ្ធផល​រក​ឃើញ​ក្នុង​ការ​សាក​សួរ​ចុង​ក្រោយ​បំផុត ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ក្រោម​ការ​ឃ្លាំ​មើល​ពី​ចៅ​ក្រម​ស៊ើប​សួរ​បារាំង​លោក​ស្រី Claudine Enfoux បាន​ច្រាន​ចោល​ការ​ស៊ើប​អង្កេត​បឋម​មួយ​ដែល​គេ​បាន​ធ្វើ​កាល​ពី​ខែ​មករា​ដែល ​ថា លោក Vallier វ័យ​៤២​ឆ្នាំ បាន​សម្លាប់​ខ្លួន​និង​កូន​របស់​លោក ដោយ​បើក​ឡាន​ចូល​ក្នុង​ស្រះ​ទឹក​មាន​ជម្រៅ​៩​ម៉ែត្រ ទំនង​មក​ពី​មាន​បញ្ហា​ហិរញ្ញវត្ថុ​។

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ បាន​សរសេរ​ថា​៖«​ដោយ​សារ​តែ​កិច្ច​សហការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជា​ប្រចាំ​ការ​ដោះ​ដូរ​ឯកសារ​និង​សកម្មភាព​នីតិវិធី​ផ្សេងៗ​ពាក់​ព័ន្ធ​ នឹង​ករណី​នេះ ការ​ស្រាវ​ជ្រាវ​តាម​លក្ខណៈ​ជឿន​លឿន ព្រម​ទាំង​សវនាការ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​យ៉ាង​ប្រាកដ​ដែល​នាំ​ឲ្យ​មាន​ ការ​រក​ឃើញ​ចំណុច​សំខាន់ៗ ដែល​កំពុង​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​ធ្វើ​អត្តឃាត​»៕ NR

ប្រភព​៖ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ចេញ​ផ្សាយ​ថ្ងៃ​ទី ០២ មេសា ២០១៣

»»»អាន​អត្ថបទ​ទាក់​ទង​

Read Full Post »


130326_05

កូន​កាត់​ខ្មែរ​ទាំង ​៤​ នាក់​របស់​លោក​ Laurent Vallier នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​នៅ​រស់​។ រូបថត សហ​ការី

កំពង់​ស្ពឺៈ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​​​មាន​ការ​បង្ហាញ​ពី​លទ្ធ​ផលនៃ​ការ​​ស៊ើប​អង្កេត​ ឡើង​វិញ​​រួម​គ្នា ​​រវាង​សមត្ថ​កិច្ច​កម្ពុជា​‑​បារាំង​​​​ដែល​បាន​បង្ហា​ញ​ថា ការ​ស្លាប់​​ដ៏​អាថ៌កំបាំង របស់​បុរស​បា​រាំង​​លោក​ Laurent Valli​​e​r និង​កូន​កាត់​ខ្មែរ​ ៤ នាក់​របស់​គាត់​ មិន​មែន​ជា​ការ​ធ្វើ​អត្តឃាត ចៅ​ក្រម​ម្នាក់​​​និយាយ​ថា ពួក​គេ​រក​​ឃើញ​ជនសង្ស័យ​​ម្នាក់​។

លោក ឆែ​ម រិទ្ធី​ ​​ចៅ​​​ក្រម​ស៊ើប​អង្កេត ​​នៅ​​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​​ ​បាន​ថ្លែង​ថា​ ​ក្រុម​​​​ស៊ើប​អង្កេត​​​ បាន​​ចេញ​​ដីកា​​កោះ​មួយ​ ទៅ​​​បង​ប្អូន​ប្រុស​សាច់​​ថ្លៃ​​ របស់​លោក​​ ​Vallier មក​សាក​សួរ ​​ពាក់​ព័ន្ធ​នឹង​ករណី​ស្លាប់​នោះ។ ​

លោក​​បន្ត​ថា​​៖ «​​យើង​នឹង​សាក​សួរ​បុរ​ស​ម្នាក់​ ដែល​ជា​បង​ប្អូន​ប្រុស​​​​​របស់​​ប្រពន្ធ​លោក​ Vallier ​​ ពី​ព្រោះ​គាត់​ធ្លាប់​មាន​ជម្លោះ​ជា​មួយ​​​លោក​ Vallier កាល​ពី​ពេល​មុន​»។

លោក​បញ្ជាក់​​៖ «​យើង​មិន​ចោទ​​​​ប្រកាន់​​គាត់​ទេ​ ប៉ុន្តែ​​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែ​ម​​​ ពី​ព្រោះ​ថា បុរស​ម្នាក់នោះ​ ក៏​ធ្លាប់​​ប្រើ​ថ្នាំ​ញៀន​ផង​ដែរ​កាលពីមុន​»​។

​កាល​ពី​ថ្ងៃ​សុក្រ​ស្ថាន​ទូត​បារាំង​ នៅ​​កម្ពុជា បាន​ប្រកាស​​លទ្ធ​ផល​​​នៃ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​មួយ​​ ទៅ​លើ​​ករណី​ស្លាប់​​​ដ៏​អាថ៌កំបាំង របស់​​បុរស​បា​រាំង​មួយ​គ្រួសារ​នេះ ដោ​យ​​បាន​​ច្រាន​ចោល​​​​ការ​សន្និដ្ឋា​ន​​ដំបូង​​​​ ចេញ​កាល​ពី​​ឆ្នាំ​មុន ​​​​ដែល​​​​ថា ​ការ​ស្លាប់ ​ជា​ករណី​​​​​ធ្វើ​អត្ត​​ឃាត​​សម្លាប់​​ខ្លួន​។

សាក​សព​របស់​​​លោក​ Vallier និង​កូន​​​កាត់​ខ្មែរ​បួន​នាក់​​របស់​គាត់​​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ឡាន​មួយ ​ដែល​លិច​នៅ​ក្នុង​ស្រះ​ទឹក​​​ក្រោយ​ផ្ទះ​របស់​គាត់​​ កាល​ពី​ខែ​មករា​​ ឆ្នាំ​២០១២​ ​បួន​ខែ​បន្ទាប់​ពី​ការ​បាត់​ខ្លួន​របស់​ពួក​គេ​​​​។ លោក ឆែម​​ រិទ្ធី​ បាន​ប្រាប់​ភ្នំ​ពេញ ​ប៉ុស្តិ៍​​ កាល​ពី​ដើម​សប្តាហ៍​​នេះ​ថា ​ក្រុម​ស៊ើប​អង្កេត​​​​សង្ស័យ​ទៅ​លើ​​មនុ​ស្ស​​​​​ពី​ ៣​ ទៅ ​​៥ ​នាក់​​ថា​ ពាក់​ព័ន្ធ​នឹង​ករណី​​​ឃាត​កម្ម​នេះ​។

លោក ទិត​ ឈួន ដែល​ជា​​ឪពុក​ក្មេក ​របស់​លោក​​ Vallier ​បាន​ថ្លែង​ថា​ ​​លោក​​មិន​​ទាន់​បាន​ទទួល​​​ព័ត៌​មាន​​​​ពាក់​ព័ន្ធ​​នឹង​​ការ​សាក​សួរ​​​​ កូន​​ប្រុស​របស់​​លោក​​​ទេ ​ហើយ​ក៏​មិន​មាន​ព័ត៌​មាន​បន្ថែម​​​ អំពី​ករណី​​​នោះ​​ដែរ​៕ PS

ប្រភព​៖ ភ្នំពេញ​ប៉ុស្តិ៍​ ចេញ​ផ្សាយ​ថ្ងៃទី ២៦ មីនា ២០១២​

»»» អាន​អត្ថបទ​ទាក់​ទង

 

Read Full Post »


ក្មេង​ប្រុស​ម្នាក់​កំពុង​អើត​មើល​ឡាន​របស់​បុរស​បារាំង ដែល​សមត្ថ​កិច្ច​ទើប​ស្រង់​ចេញ​ពី​ស្រះ​ទឹក​​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។ រូបថត ភ្នំពេញ ​ប៉ុស្តិ៍

ក្មេង​ប្រុស​ម្នាក់​កំពុង​អើត​មើល​ឡាន​របស់​បុរស​បារាំង ដែល​សមត្ថ​កិច្ច​ទើប​ស្រង់​ចេញ​ពី​ស្រះ​ទឹក​​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។ រូបថត ភ្នំពេញ ​ប៉ុស្តិ៍

ផ្កាយ​NoVeLs*– រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ដែល​ការ​ស្លាប់​របស់​លោក ឡូរ៉ង់ វ៉ាលីយេ និង​ ក្រុម​គ្រួសារ​ស្ថិត​នៅ​ក្នុង​មន្ទិល​សង្ស័យ​។ ពេល​នេះ​​ក្រុម​ប៉ូលីស​ និង​ អ្នក​ស៊ើប​អង្កេត​ទាំង​ភាគី​ខ្មែរ​និង​បារាំង​ កំពុង​មាន​តម្រុយ​ថ្មី​ខ្លះៗ​​ពី​ការ​ស្លាប់​ដ៏​អាថ៌​កំបាំង​នេះ​។ ខាង​ក្រោម​ គឺ​ជា​អត្ថបទ​ដែល​បាន​ដក​ស្រស់​ទាំង​ស្រុង​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ចេញ​ផ្សាយ​ថ្ងៃ​ទី ០៤ មករា ២០១២​។ តើ​រឿង​រ៉ាវ​ឃាត​កម្ម​ដ៏​សាំ​ញ៉ាំ​មួយ​នេះ ទទួល​បាន​ពន្លឺ​អ្វី​ខ្លះ​ហើយ? សូម​តាម​ដាន​ទាំង​អស់​គ្នា​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​។

កំពង់ស្ពឺៈ មនុស្ស​៥​នាក់ ក្នុង​នោះ​មាន​សាច់​ញាតិ​នឹង​ត្រូវ​កោះ​ហៅ​ដើម្បី​សាក​សួរ​នៅ​ចុង​ខែ​នេះ ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​រយៈ​ពេល​១ ឆ្នាំ​មក​ហើយ លើ​ករណី​ការ​ស្លាប់​ដ៏​អាថ៌កំបាំង របស់​បុរស​ជន​ជាតិ​បារាំង​ម្នាក់ ​ប្រពន្ធ​ខ្មែរ​និង​កូន​បួន​នាក់​របស់​គាត់​។ នេះ​បើ​យោង​តាម​មន្រ្តី​តុលាការ​បាន​ឲ្យ​ដឹង​ កាល​ពី​ម្សិលមិញ។

នៅ ថ្ងៃ​ពុធ ប្អូន​ស្រី​ថ្លៃ ឪពុក​ក្មេក និង​ម្តាយ​ក្មេក​របស់​លោក Laurent Vallier ត្រូវ​បាន​សួរ​ចម្លើយ បន្ទាប់​ពី​បាន​ដាក់​ពាក្យ​សុំ​ប័ណ្ណ​កម្មសិទិ្ធ លើ​ទ្រព្យ​សម្បតិ្ត​ពីរ​កន្លែង​ របស់​ Laurent Vallier ដែល​ទ្រព្យ​សម្បតិ្ត​មួយ​កន្លែងៗ​មាន​ទំហំ​ប្រហែល​១​ហិកតា និង​មាន​ផ្ទះ​ធំ និង​រោង​គោ។

សាកសព​របស់​លោក Vallier និង​កូន​តូច​៤​នាក់ ត្រូវ​បាន​ទាញ​ចេញ​ពី​រថយន្ត​ ដែល​លិច​ក្នុង​ស្រះ​ទឹក​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​លោក កាល​ពីខែ​មករា ឆ្នាំ​មុន​គឺ​៤​ខែ បន្ទាប់​ពី​គ្រួសារ​នេះ​ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ។ ការ​ស៊ើប​អង្កេត​បឋម​ បាន​បង្ហាញ​ថា ​លោក Vallier បាន​ធ្វើ​អត្ត​ឃាត និង​មនុស្ស​ឃាត ប៉ុន្តែ ការ​ស៊ើប​អង្កេត​ដែល​មាន​ជំនួយ​ពី​បារាំង​នៅ​កំពុង​បន្ត។​

លោក ចឹម រិទ្ធី ចៅក្រម​ស៊ើប​អង្កេត បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​នឹង​ចេញ​ដីកា​កោះ​ហៅ​ដើម្បី​សាកសួរ​ឪពុក​ម្តាយ​លោក ទិត្យ ឈួន និងអ្នក​ស្រី សរ សាវី និង​កូន​ស្រី លូ អូន ​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ព្រម​ទាំង​មេ​ឃុំ និង​សាក្សី។

លោក​ចៅក្រម រិទ្ធី បាន​បន្ថែម​ថា៖ «​កាល​ពី​ម្សិលមិញ​ យើង​បាន​សួរ​ចម្លើយ ឪពុក​ម្តាយ​ក្មេង និង​ប្អូន​ស្រី​ថ្លៃ លើ​ប័ណ្ណ​កម្មសិទិ្ធ​ដី​ធ្លី ​ប៉ុន្តែ​ពួក​គេ​មិន​មែន​ជា​ជន​សង្ស័យ​ជា​ផ្លូវ​ការ​ឡើយ ព្រោះ តុលាការ​មិន​មាន​ភស្តុតាង​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ នៅ​ឡើយ​ទេ»។ «យើង​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​ហ្មត់ចត់ និង​ច្បាស់​លាស់ ទាក់ទង​នឹង​ចំណុច​ទាំង​អស់ រាប់​ទាំង​ករណី លោក ទិត្យ ឈួន ​ទាមទារ​ប័ណ្ណកម្ម​សិទិ្ធ សម្រាប់​កម្ម​សិទិ្ធ​ខ្លួន​។

វាជា​ចំណុច​ដែល​យើង​ត្រូវ​កត់​សម្គាល់​»។

ចៅក្រម រិទ្ធី បាន​ថ្លែង​ថា លោក​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​អាជ្ញាធរ​បារាំង ហើយ​រំពឹងថា ​ចៅក្រម​ស៊ើប​អង្កេត​បារាំង​នឹង​មក​ដល់​នៅ​ចុង​ខែ​នេះ ឬ​ដើម​ខែ​ក្រោយ។

លោក Dominique Mas ទីប្រឹក្សា​ទី១​នៃ​ស្ថានទូត​បារាំង បាន​ថ្លែង​តាម​អ៊ីមែល​ថា ការ​ស៊ើប​អង្កេត​នៅ​កំពុង​បន្ត ហើយ​ថា៖ «ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​បារាំង និង​កម្ពុជា​មាន​ផែន​ការ​ធ្វើ​ការ​រួម​គ្នា និង​ផ្លាស់​ប្តូរ​ព័ត៌មាន យោង​តាម​ដីកា​ឲ្យ​សួរ​ជំនួស​ដែល​បញ្ជូន​ដោយ​ចៅក្រម​បារាំង​ទៅ​ចៅក្រម​ កម្ពុជា។ នេះ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហ​ប្រតិបតិ្ត​ការ​រឹងមាំ ចាប់​តាំង​ពី​ចាប់​ផ្តើម​រឿង​ក្តី​រវាង​នគរបាល និង​ចៅក្រម​កម្ពុជា និង​បារាំង»។

ប្រពន្ធ​ខ្មែរ​របស់​លោក Vallier បាន​ស្លាប់​ក្នុង​ខែ​តុលា ឆ្នាំ២០១០ ក្នុង​អំឡុង​សម្រាល​កូន​ប្រុស​ពៅ។ នៅ​ពេល​នគរបាល​ឆែក​ឆេរ​ផ្ទះ​លោក Vallier ​បន្ទាប់​ពី​រក​ឃើញ​សាកសព ពួក​គេ​បាន​រក​ឃើញ​តែ​មួយ​គត់ គឺ​កោដ្ឋ​របស់​ប្រពន្ធ​ត្រូវ​បាន​យក​ទៅ​បាត់។

ក្រោយ​មក រក​ឃើញ​កោដ្ឋ​នោះ​ ក្នុង​រថយន្ត​នីសាន់​របស់​គ្រួសារ​លោក Vallier។

ថ្លែង ​តាម​ទូរស័ព្ទ លោក ឈួន បាន​បញ្ជាក់​ថា លោក និង​គ្រួសារ ត្រូវ​បាន​សាក​សួរ​ លើ​ការ​ទាមទារ​ប័ណ្ណ​កម្មសិទិ្ធ ហើយ​ថា ចៅក្រម​ចោទ​ថា អ្នក​ទាំង​បី ​អាច​មាន​ពិរុទ្ធភាព​ ពីបទ​មនុស្ស​ឃាត។ «​ចៅក្រម​បាន​ចោទ​ប្រកាន់​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ថា ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​កូន​ប្រសា ចៅ​ប្រុស​និង​ចៅ​ស្រី​។ ខ្ញុំ​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​បែប​នោះ​បាន​ឡើយ។ តើ​ខ្ញុំ​ធ្វើ​បែប​នោះ​យ៉ាង​ម៉េច? ខ្ញុំ​ពិត​ជា​ស្រឡាញ់​ពួក​គេ​»។ លោក​បាន​បន្ត​ថា៖ «មូលហេតុ​អ្វី​ខ្ញុំ​មិន​អាច​ទាម​ទារ​កម្មសិទិ្ធ​លើ​ដី នោះ ដែល​ជា​របស់​កូន​ស្រី​ខ្ញុំ​»៕

អត្ថបទ​ទាក់​ទង​៖

១. លទ្ធផល​ DNA របស់​គ្រួសារ​លោក ឡូរ៉ង់ វ៉ាលីយេ

២. រឿង​ក្តី​​ឃាត​កម្ម​លើ​គ្រួសារ​បារាំង​

៣. ព័ត៌​មាន​បន្ថែម​ពី​រឿង​ក្តី វា​លី​យេ ឡូ​រ៉ង់

Read Full Post »


ខ្ចី​រូប «​ច្យុតិ» ដែល​ធ្លាប់​លុប​ចោល​ពី​លើក​មុន! 😀

*** [ 😆 😆 😆 សុំ​បើក​វង់​ក្រចក​សើចឲ្យ​ចុក​ពោះ​បន្តិច​សិន! ហេស​ហេ… អរគុណ​ប្រិយ​មិត្ត​គ្រប់​គ្នា​ដែល​ចូល​រួម​បញ្ចេញ​មតិ​យោបល់​ប្លែកៗ​ពី​គ្នា​ ពិសេស​លោក​អ៊ំ​ កែវ​ឈុន និង​ រ៉ាវី​, សង្ឃឹម​ថា​អ្នក​ទាំង​ពីរ រួម​ទាំង​ប្រិយ​មិត្ត​ដទៃ​ទៀត​ មិន​ខឹង​រហូត​ទទួល​ទាន​​​បាយ​លែង​ចូល​ទេ​ណា​ បន្ទាប់​ពី​បាន​អាន​វគ្គ​បញ្ចប់​នេះ!]​ ស៊ូ! ស៊ូ! 😉

«​លោក​គ្រូ​ពេទ្យ​សំណាង​ណាស់ ​ដែល​នាង​ស្លាប់​​!» កំលោះ​អ្នក​មាន​ដក​ដង្ហើម​ធំ « តែ​ខ្ញុំ​ប្រហែល​ជា​មិន​សំណាង​ល្អ​ដូច្នោះ​ទេ!»

«​មនុស្ស​សម័យ​ថ្មី​ដូច​លោក​ ដេក​​រង់​ចាំ​ព្រេង​សំណាង​​​ដែរ​ឬ?» ពេទ្យ​ឆ្មប​ញញឹម​ស្រស់​ កែវ​​ភ្នែក​​បញ្ចេញ​​រស្មី​​ភ្លឺ​ថ្លា​។

ហ៊ឹះរាប់ថយក្រោយចុះ មិនលើសពី​​ប្រាំនាទីទេ!

«​ពេល​លោក​ធ្វើ​ជំនួញ​ ​តើ​លោក​អង្គុយ​រង់​ចាំ​ព្រេង​វាសនា​រត់​មក​បុក​ ឬ​មួយ​លោក​រត់​​ទៅ​រក​វា?»

អ្នក​កំលោះ​​សម្លឹង​មុខ​ពេទ្យ​ឆ្មប​​ធ្វើ​ភ្នែក​ស្លឺ​។ កាយ​វិការ​សម្តែង​ភាពស្មុគ​ស្មាញ​​​មួយ​សន្ទុះ​។

«​លោក​គ្រូ​បាន​ន័យ​ថា…» កំលោះ​អង្គុយ​ត្រង់​ខ្លួន​ កែវ​ភ្នែក​បង្ហាញ​ក្តី​សង្ឃឹម​ «​ពិត​មែន​ឬ? លោក​គ្រូ​ពេទ្យ​​អាច​ជួយ​ខ្ញុំ​បាន​ឬ? លោក​គ្រូពេទ្យធ្វើ​បាន​មែន…?»

«​ចាត់​ទុក​ថា​​យើ​ងមាន​​ជតា​ជីវិត​​​​រួម​គ្នា​ទៅ​ចុះ…» គេ​ធ្វើ​ជា​ដក​ដង្ហើម​ធំ ភ្នែក​នៅ​នឹង​ថ្កល់​ «​​ខ្ញុំ​យល់​ពី​អារម្មណ៍​​លោក​ច្បាស់ណាស់!»

កំលោះ​​សាច់​ឈាម​អ្នក​មាន​​​ ស្រស់​ស្រាយ​ជាង​មុន​មើល​ឃើញ​យ៉ាង​ច្បាស់ បើ​ទោះ​ជា​នៅ​ស្ទាក់​ស្ទើរ​ខ្លះ​ក៏​ដោយ​ «តើ​បាប​ឬ​ទេ លោក​គ្រូពេទ្យ?»

«​ស្រេច​តែ​លោក​គិត​ទេ រវាង​ប្រពន្ធ​កូន​នៅ​ឯផ្ទះ និង​អនាគត​របស់​លោក​ រួម​ជាមួយ​ស្រី​ស្អាត​ម្នាក់​ ខ្ញុំ​ប្រហែល​ជា​មិន​អាច​ជួយ​សម្រេច​ចិត្ត​ឲ្យ​លោក​បាន​ទេ!» ពេទ្យ​ឆ្មប​​​ធ្វើ​ងាក​​មុខ​ចេញ​ទៅ​ទិស​ផ្សេង​ តែ​ការ​ពិត​គឺ​ចង់​លាក់​បាំង​ស្នាម​ញញឹម​ដ៏​ពិស​ពុល​របស់​ខ្លួន​​ប៉ុណ្ណោះ​​។

«​ចុះ​រឿង​​បញ្ហា​ផ្លូវ​​ច្បាប់​​នោះ? ស្លាប់​ហើយ! នេះ​​យើង​កំពុង​​​មាន​​គម្រោង​​​សម្លាប់​មនុស្ស​​​មែន​ទេ?»

«​ស្តាប់​ណា​អ្នក​កំលោះ​! រឿង​ដែល​នឹង​​កើត​ឡើង​គឺ នាង​ម្នាក់​នេះ​ទៅទិញ​ថ្នាំ​​រាំង​រដូវ​​ពី​ហាង​ថ្នាំ​ណា​ក៏​មិន​ដឹង​​។ នាង​ញ៉ាំ​ហើយ​ស្រាប់​តែ​ធ្លាក់​​ឈាម​យ៉ាង​​ខ្លាំង​ ទើប​មក​គ្លីនិក​នេះ​​។ ពេទ្យ ព្យាយាម​ផ្តល់​ការ​ព្យាបាល​យ៉ាង​អស់​ពីសមត្ថភាព​ តែ​ឈាម​នៅ​តែ​ហូរ​មិន​ឈប់​ ទើប​ បញ្ជូន​​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​​បង្អែក​ ហើយ​ខាង​មន្ទីរពេទ្យ​ក៏​ផ្តល់​លិខិត​ធ្វើ​កោសល្យ​វិច្ច័យ​មក​ថានាង​ស្លាប់​ដោយ​សារ​បាត់​បង់​ឈាម​ច្រើន​ពេក ព្រោះ​លេប​ថ្នាំ​រាំង​រដូវ​លើស​កម្រិត​ ពិសេស​ទាំង​​នៅ​ក្នុង​កាបូប​របស់​នាង​​ មាន​​កំប៉ុង​ថ្នាំ​រាំង​រដូវ​នៅ​សេស​សល់​ទៀត​។»

«​ចុះ​ខាង​មន្ទីរពេទ្យ​ពិតជា​ព្រម​ផ្តល់​លិខិត​ធ្វើ​កោសល្យ​វិច្ច័យ​តាម​នេះ​ឬ?»

ពេទ្យ​ឆ្មប​សើច «នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​លោក ធ្លាប់​មាន​អ្នក​មករួម​​​ជតា​ជីវិត​​ជា​មួយ​យើង​​បែប​នេះ​ច្រើន​នាក់​ហើយ​ ប៉ុន្តែ​​ខ្ញុំ​ជ្រើស​រើស​ជួយ​តែ​ចំនួន​ខ្លះ​ប៉ុណ្ណោះ​ ឯ​រឿង​មន្ទីរពេទ្យ​ លោក​មិន​បាច់​ខ្វល់​​ទេ ខ្ញុំ​មាន​មិត្ត​ភក្តិ​ដែល​រួម​ដៃ​ជា​មួយ​នៅ​ទីនោះ​ច្រើន​នាក់​ណាស់ អ្វី​ដែល​​លោក​ត្រូវ​ធ្វើ​គឺ…» ពេទ្យ​ឆ្មប​បើក​ថត​តុ​យក​កំប៉ុង​​ថ្នាំ​​ហុច​ឲ្យ​អ្នក​កំលោះ​បី​កំប៉ុង​ «​យក​កំប៉ុង​ថ្នាំ​រាំង​រដូវ​នេះ ទៅ​បោះ​ចោល​ក្នុង​បន្ទប់​គេង​របស់​នាង​ ឲ្យ​អ្នក​ដទៃ​គិត​ថា​នាង​ទិញ​មក​លេប។ លោក​ប្រហែល​ជា​អាច​ធ្វើ​បាន​ មិន​ពិបាក​ទេណា!»

«​បាទ!» កំលោះ​ទទួល​ពាក្យ​យ៉ាង​ម៉ឺង​ម៉ាត់​ «​ចុះ​ខ្ញុំ​ត្រូវ​តប​ស្នង​លោក​គ្រូពេទ្យ​​ដូច​ម្តេច?»

«​មនុស្ស​យើង​ត្រូវ​​រស់​ត្រូវ​ស៊ី លោក​ថា​អ៊ីចឹង​ទេ? ម្យ៉ាង​​ខ្ញុំ​ត្រូវ​ចែក​រម្លែក​ដល់​ក្រុម​ការងារ​​របស់​ខ្ញុំ​ទៀត​ ដូច្នេះ​ខ្ញុំ​សុំ​តម្លៃ​សេវាកម្ម​ ពាក់កណ្តាល​​ចំនួន​ដែល​នាង​ទាម​ទារ… ប្រហែល​ជា​សម​ហេតុ​សម​ផល​ណ៎ា!»

កំលោះ​មុខ​ចិន​លូក​យក​កាបូប​ប្រាក់​។

«​សុំ​ទោស​ ខ្ញុំ​មិន​ទទួល​សែក​ទេ សុំ​លុយ​សុទ្ធ​ល្អ​ជាង!»

«​អត់​ទេ មិន​មែន​សែក​ទេ មើល​សិន​ទៅ!» គេ​ហុច​​កាត​​ប៉ូលីស​ដល់​គ្រូពេទ្យ​មាឌ​ល្អិត​មើល​។

«​អរគុណ​លោក​គ្រូពេទ្យ​ខ្លាំងណាស់​ ដែល​​ជួយ​ស្រាយ​បំភ្លឺ​ដល់​​ខ្ញុំ​ និង​ វរៈសេនី​យ៍​ឯក​ កន្យាណី​។ យើង​ទាំង​ពីរ​នាក់​តាម​ហិត​ក្លិន​ឃាតករ​​ សម្លាប់​ក្មេង​ស្រី​​កូន​ខ្ចី​ ជិត​មួយ​​ឆ្នាំ​ហើយ​។ ទីបំផុត​ថ្ងៃ​នេះ​ ​​យើង​នឹង​បាន​​​បញ្ចប់​រឿង​ក្តី​នេះ​!»

គេ​ញញឹម​​យ៉ាង​មាន​ប្រៀប​​ តាម​បែប​អ្នក​ស៊ើប​អង្កេត​អាជីព​៕

*បះ​សក់​ឬ​អត់??? :mrgreen:

Read Full Post »


«​លោក​គ្រូពេទ្យ​ និយាយ​មើល​តែ​គ្មាន​​ការ​ភ្លាត់​ស្នៀត​ ឬ​ការ​រំខាន​អ្វី​សោះ!» កន្យាណី​សម្លឹង​មុខ​ភ្លឹះ​ៗ​ ដោយ​ក្តី​មិន​ទុក​ចិត្ត​​​។

«មាន​តើ​! ពេទ្យ​ត្រូវ​​មាន​សីលធម៌​របស់​ខ្លួន​ណា​នាង! គ្រប់​យ៉ាង​មាន​ត្រូវ​​មាន​ខុស​ បើ​នាង​ចាញ់​ថ្នាំ​ស្ពឹក​ អាច​ធ្វើ​ឲ្យ​បេះ​ដូង​ឈប់​លោត​​ទាន់ហន់បាន​។​ តើ​នាង​ធ្លាប់​ដក​ធ្មេញ​ហើយ​ចាក់​ថ្នាំ​ស្ពឹក​ឬ​ទេ? បើ​ធ្លាប់​ គួរ​តែ​គ្មាន​​បញ្ហា​ទេ។ គ្រោះ​ថ្នាក់​ដ​ទៃ​​ទៀត​អាច​កើត​មក​ពី​​​ជំនាញ​របស់​ពេទ្យ​ផ្ទាល់​ តែ​សុំ​ឲ្យ​​នាង​សប្បាយ​ចិត្ត​ចុះ​ចំពោះ​រឿង​នេះ​ ព្រោះ​សញ្ញាបត្រ​ធំៗ​នៅ​ជាប់​ជញ្ជាំង​នោះ​ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​នាង​កក់​ក្តៅ​បាន!» ពេទ្យ​ឆ្មប​ចង្អុល​​ទៅ​កាន់​ផ្ទាំង​ក្រដាស​នៅ​​​​លើ​ជញ្ជាំង​ក្នុង​ស៊ុម​​រូប​ថត​ជា​ច្រើន​ផ្ទាំង​។

កន្យាណី​នៅ​តែ​ធ្វើ​ព្រងើយ​ ហាក់​ដូច​អ្វី​ដែល​គ្រូ​​ពេទ្យ​និយាយ ​​នាង​​ធ្លាប់​​ឮ​ច្រំ​ដែល​ៗ​មក​ហើយ​​។ នាង​​គ្មាន​​ប្រតិកម្ម​អ្វី​ទាំង​អស់​ លុះ​ត្រា​តែ​បុរស​សាច់​ឈាម​អ្នក​មាន ​​ដែល​អង្គុយ​នៅ​ក្បែរ​​នោះ​ ត្រដុស​ដៃ​ទៅ​មក​ដោយ​ភាព​តាន​តឹង​។

«​ខ្ញុំ​សុំ​អនុញ្ញាត​ចេញ​ទៅ​និយាយ​គ្នា​ខាង​ក្រៅមួយ​ភ្លែត​​សិន​ បាន​ទេ?»

«​តាម​សប្បាយ​ចុះ​ និយាយ​គ្នា​ក្នុង​បន្ទប់​ខ្ញុំ​តែ​ម្តង​ក៏​បាន​ ខ្ញុំ​ក៏​ចង់​សម្រាក​បន្តិច​ដែរ​។ អ្នក​ជំងឺ​ច្រើន​គ្នា​មក​ហើយ​ តែង​តែ​ធ្វើ​បែប​នេះ​!» គ្រូពេទ្យ​ញញឹម ​ដូចមនុស្ស​មាន​ទឹក​ចិត្ត​ តែ​ការ​ពិត​ញញឹម​ព្រោះ​ដឹង​​​រឿង​​ច្រើន​ជាង​។

នៅ​ក្នុង​បន្ទប់​សល់​តែ​ពួកគេ​ពីរនាក់​។ គ្រូពេទ្យ​រាង​ល្អិត​ ដើរ​ចេញ​ទៅ​បាត់​តាម​ទ្វារ​​នៅ​​ចំហៀង​បន្ទប់​។ មាន​សំឡេង​ជជែក​គ្នា​តិចៗ​ឮ​ចេញ​មកដោយ​អន្លើ​​ ​ហើយ​ពាក្យ​សន្ទនាក៏​​ឮ​​​កាន់​តែ​ខ្លាំង​ឡើង​ៗ​​ដូច​មនុស្ស​ឈ្លោះ​គ្នា​។ ឮ​ខ្លាំង​ល្មម​អាច​ដឹង​ថា​ ពួក​គេទាំងពីរ​កំពុង​ប្រកែក​គ្នា​រឿង​លុយ​កាក់​ និង​ ការ​​គំរាម​ជំរិត​ផ្សេង​ៗ​។ ទីបំផុត ​ភាគី​ស្រី​ក៏​ដើរ​ងរ​ខ្ទើត​ចេញ​ពី​បន្ទប់​    ពិនិត្យ​ជំងឺ​ទៅ​អង្គុយ​នៅ​សាឡុង​ខាង​ក្រៅ​។ កំលោះ​អ្នក​មាន​ដើរ​ចេញ​ទៅ​តាម​ ហើយ​ត្រឡប់​មក​ឈរ​ឆ្លេឆ្លា​​ក្នុង​បន្ទប់​ត្រួត​វិញ​​ ដោយ​​កា​យ​វិការ​ទើស​ទាល់​យ៉ាងខ្លាំង​។

សំឡេង​ក្អក​គ្រហែម​លាន់​ឡើង​។ គ្រូ​ពេទ្យ​ដើរ​ចូល​មក​ម្តង​ទៀត​។

«​យ៉ាង​ម៉េច​ហើយ​នាអ្នក​កំលោះ​​ សម្រេច​ចិត្ត​បាន​ហើយ​ឬនៅ? ប្រហែល​មិន​ស្រួល​សម្រាប់​ខ្ញុំ​ទេ ​​ដែល​ត្រូវ​មក​​ធ្វើ​រឿង​នេះ​ជា​មួយ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​។ ​ស្រួល​មិន​ស្រួល​​ ​ថ្ងៃ​ក្រោយ​​​ស្រាប់​តែ​មក​ប្តឹង​ផ្តល់​ខ្ញុំ​ទៅ​ តើ​ធ្វើ​យ៉ាង​ម៉េច​?​» គ្រូ​ពេទ្យ​​វាយ​ឫក​  និង​ មិន​ទ្រ​អ្នក​ជំងឺ​។

«​នាង​មិនព្រម​ធ្វើ​ទេ​!»​ ​អ្នក​កំលោះ​​ចាប់​ផ្តើម​មួម៉ៅ​​ គ្រាប់​ញើស​ធំៗ​លេច​ឡើង​នៅ​លើ​ថ្ងាស​។ ពេទ្យ​​ឆ្មប​ដើរ​ចូល​មក​ជិត​ រហូត​​មើល​ឃើញ​​ខ្សែ​ក​​ធំ​នៅ​ជាប់​នឹង​ក​នោះ​​យ៉ាង​ច្បាស់​។ យ៉ាងហោចណាស់ក៏ប្រាំ​​ដំឡឹងដែរ!

ពេទ្យ​ឆ្មប​ទម្លាក់​​សំឡេង​ទាប​​ដូច​ខ្សឹប​ មុខ​នៅ​ឆ្ងាយ​ពី​កំលោះ​មិន​ដល់​មួយ​ហត្ថ​ «​នាង​មិន​ព្រម​ធ្វើ​ព្រោះ​ខ្លាច​ស្លាប់​ ឬ​​ព្រោះ​ហេតុ​ផល​ផ្សេង?» ខ្សែ​ភ្នែក​បង្ហាញ​ភាព​ចង់​ដឹងចង់​ឮ​យ៉ាង​ច្បាស់​ក្រឡែត​។

កំលោះ​មុខ​ចិន​ភ្ញាក់​ព្រើត​ «​លោក​គ្រូពេទ្យ​ដឹង​ឬ?» អាមាន់សម្លអើយស្គាល់ពេទ្យឆ្មបអាជីពស្តើងពេកហើយ!

«​ខ្ញុំ​ថាយើង​ដូច​ជា​ មាន​អ្វី​ប្រហាក់​ប្រហែល​គ្នា​​។ ខ្ញុំ​ធ្លាប់​មាន​បញ្ហា​រឿង​គ្រួសារ​ពីមុន​មក​ដែរ​ បើ​លោក​ទុក​ចិត្ត​ខ្ញុំ​ ខ្ញុំ​​អាច​ជួយ​លោក​បាន​ អង្គុយ​ចុះ​សិន​ទៅ!»

កំលោះ​អ្នក​មាន​អង្គុយ​ចុះ​យ៉ាង​តាន​តឹង​​ ទឹកមុខ​នៅ​មាន​​កំហឹង​ដិត​ជាប់​​ ឃើញ​យ៉ាង​ច្បាស់​។ ពេទ្យ​ឆ្មប​សម្លឹងមើល​យ៉ាង​ពេញ​ចិត្ត​។ គេ​ទាញ​កៅ​អី​មក​អង្គុយ​ក្បែរ ធ្វើ​ដូច​មនុស្ស​ស្និទ្ធ​ស្នាល​នឹង​គ្នា​។

«​អាជីព​ជា​គ្រូពេទ្យ​រក​ចំណូល​បានច្រើន​ណាស់ ថ្វី​បើ​ខ្ញុំ​រៀប​ចប់​ដុកទ័រ​​ពី​អាមេរិក​ក៏​ពិត​មែន​…» គេ​ដក​ដង្ហើម​ធំ «តែ​ខ្ញុំ​មិន​មែន​ជា​គ្រូពេទ្យ​នៅ​ស្រុក​​​ខ្មែរ​ទេ។ ពេល​មក​ដល់​​ទីនេះ​​ថ្មី​ៗ​ មាន​ពេទ្យ​ក្រមុំ​ៗ​ជា​ច្រើន​នាក់​ មក​​ប្រគល់​​ខ្លួន​ឲ្យ​ជ្រើស​រើស​​ ខ្ញុំ​ក៏​សប្បាយ​នឹង​ស៊ី​អ្នក​នេះ​បន្តិច​ អ្នក​នោះ​បន្តិច​ ហើយ​សុខ​ៗ​នាង​ពេទ្យ​ម្នាក់​​ក៏​មាន​ផ្ទៃ​ពោះ​។ នាង​អះអាង​ថា​មាន​កូន​ជាមួយ​ខ្ញុំ​ ហើយ​ទាមទារ​ឲ្យ​ខ្ញុំ​រៀប​ការ​ជាមួយ​ បើ​មិន​ដូច្នោះ​នាង​នឹង​ប្តឹង ដែល​អាច​ប៉ះពាល់​ដល់​អាជីព​ជា​គ្រូ​ពេទ្យ​​របស់​ខ្ញុំ​ ឬ​នាង​អាច​យកកូន​ចេញ​ តែ​​ខ្ញុំ​ត្រូវ​​ប្រគល់​​ប្រាក់​ឲ្យ​​នាង​ពីរម៉ឺដុល្លារ​…» សំឡេង​គ្រូពេទ្យ​ស្ងាត់​ទៅវិញ​ កំលោះ​មុខ​ចិន​ប្រឹង​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

«​ចុះ​លោក​គ្រូ​​ដោះ​ស្រាយ​​បញ្ហា​ដូចម្តេច?» ទឹក​មុខ​សម្តែង​ការ​យល់​ចិត្ត​​មនុស្ស​ប្រុស​ដូច​គ្នា​។ ហ៊ឹះត្រីស៊ីនុយហើយតើ!

«​ខ្ញុំ​ទទួល​ពាក្យ​ព្រម​ប្រគល់​ប្រាក់​ឲ្យ​នាង​ ដោះ​ដូរ​ជាមួយ​អនាគត​របស់​ខ្លួន​ឯង។​ បើ​ជា​លោក​ តើ​លោក​ព្រម​​ប្រគល់​​ឲ្យ​នាង​ទេ?»

«​ទេ! ខ្ញុំ​មិន​ព្រម​ប្រគល់​ឲ្យ​ដាច់​ខាត!» គេ​តប​ទៅវិញ​ខ្លាំង​ៗ កំហឹង​ឆេះ​ឆួល​ឡើង​ម្តង​ទៀត​ «​ខ្ញុំ​មិន​ជឿ​ទេ​ ថា​ពេល​ប្រគល់​លុយ​ឲ្យ​នាង​ហើយ រឿង​នឹង​ចប់​ត្រឹម​នេះ​។ លោក​គ្រូ​ពេទ្យ​និង​ខ្ញុំ​ ជួប​បញ្ហា​ដូច​គ្នា​ដែរ​។»

ត្រូវតែដូច​… រឿងនេះ​​ដូច​​ស្រាប់ហើយអាល្ងង់នរណាមិនស្គាល់ពេទ្យឆ្មបអាជីពវ៉ឺយ!

«​លោក​គ្រូ​ប្រហែល​ជា​អាច​មើល​ដឹង​ ការ​ពិត​កន្យាណី​ មិន​មែន​ជា​ភរិយា​របស់​ខ្ញុំ​ទេ​។ នាង​ម្នាក់​នេះ​ស្អាត​តែ​រូប​… ខ្ញុំ​មិន​គួរ​ចាញ់​កល​ល្បិច​នាង​សោះ!» គេ​ដក​ដង្ហើម​ធំ ចាប់​​ផ្តើម​និយាយ​​ច្របូក​ច្របល់​ចុះឡើង​ «​ខ្ញុំ​ជួប​នាង​ នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​។ នាង​ជា​មនុស្ស​ល្បី​ម្នាក់… ការ​ពិត​ខ្ញុំ​មាន​ប្រពន្ធ​កូន​រួច​ហើយ មុខ​របរ​ខ្ញុំ​ក៏​កំពុង​​រីកចម្រើន​ទៅមុខ​។ ខ្ញុំ​វង្វេង​ដើរ​ផ្លូវខុស​អស់​មួយ​រយៈ ទទួល​ស្គាល់​ថា​ឈ្លក់​នឹង​នាង​ខ្លាំងណាស់ ទិញ​ផ្ទះ​ឲ្យ​នៅ​ ទិញ​ឡាន​ឲ្យ​ជិះ​ ខ្ញុំ​សុំ​ឲ្យ​នាង​លេប​ថ្នាំ​ការ​ពារ​ តែ​នៅ​ជាមួយ​គ្នា​បាន​កន្លះ​ឆ្នាំ​ ស្រាប់​តែ​មាន​ផ្ទៃ​ពោះ​!» គេ​បាត់​​មាត់​មួយ​សន្ទុះ​ ឈ្ងោក​មុខ​ស្ងៀម​ ទំនង​ជា​​កំពុង​ព្យាយាម​រម្លឹក​រឿង​រ៉ាវ «នាង​មាន​ចេតនា​ចង់​ឲ្យ​មាន​កូន​ លោក​គ្រូ​ជឿ​អ៊ីចឹង​ទេ? គឺ​ដើម្បី​​ដោះ​ដូរ​ជាមួយ​ប្រាក់​​ប្រាំ​ម៉ឺនដុល្លារ​ក្នុង​ការ​យក​ក្មេង​ចេញ​… នាង​មិន​មែន​ជា​មនុស្ស​ទេ!»

«​លោក​គ្រូ​យល់​ទេ​ ខ្ញុំ​មាន​ប្រពន្ធ​មាន​កូន​រួចហើយ ជំនួញ​ក្រៅ​ប្រទេស​របស់​ខ្ញុំ​ក៏​កំពុង​រីកចម្រើន​ លុយបណ្តាក់​ទុន​ទាំង​អស់​ក៏​ជា​របស់​ភរិយា​ខ្ញុំ​ បើ​នាងដឹង​រឿង​ ខ្ញុំ​នឹង​មិន​នៅ​សេស​សល់​អ្វី​ទាំង​អស់!» គេ​ស្ងាត់​ម្តង​ទៀត​ ដៃ​ទាំង​ពីរ​ត្រដុស​គ្នា​គួរ​ឲ្យ​រំខាន​ «​ខ្ញុំ​មិន​ជឿ​ទេ ថា​បាន​ប្រាក់​ប្រាំ​ម៉ឺនដុល្លារ​នេះ​ហើយ រឿង​នឹង​ចប់។ នាង​នឹង​តាម​តោង​ខ្ញុំ​​ដូច​ឈ្លើង​ជញ្ជក់​ឈាម!​ នាង​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្ញុំ​ច្បាស់​ណាស់ ខ្ញុំ​កំសាក បើ​ខ្ញុំ​ក្លាហាន​​ជាង​នេះ​… នាង​​​​មិន​​បាន​នៅ​ជា​មនុស្ស​​ទៀត​ទេ នាងច្បាស់​ជា​ស្លាប់​យូរ​ហើយ​។ ខ្ញុំ​មិន​ជឿ​ពិត​មែន​ថា​រឿង​នឹង​ចប់​ងាយៗ​ ត្រឹម​ការរំលូត​​នេះ។ ពិត​មែន​ ខ្ញុំ​មិន​ជឿ​ទេ! ចុះ​រឿង​របស់​លោក​គ្រូ ពេល​រំលូតរួច​​ហើយ​ តើ​ចប់​ទេ?»

«ចប់​តើ! ក្រោយ​ពី​ខ្ញុំ​សន្យា​ថា​នឹង​ប្រគល់​លុយ​ឲ្យ​នាង​ នាងក៏​ព្រម​ទៅរំលូត។ នាង​ស្លាប់​ ព្រោះ​ធ្លាក់​ឈាម​ច្រើន​ពេក ​ហើយ​រឿង​ក៏​ចប់​ត្រឹម​នេះ​ ខ្ញុំ​មិន​បាច់​អស់​លុយ​មួយសេន​​ផង!»

សូម​រង់​ចាំអាន​វគ្គ​បញ្ចប់!

តើ​បុរស​ពីរនាក់​នេះ​មាន​គម្រោង​ដូច​ម្តេច​ទៀត?

តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​កន្យាណី?

ជឿថា នឹង​ បះសក់!!!

សាក​ល្បង​ទាយ​សាច់​រឿង​ចុង​បញ្ចប់​លេង​ៗ ដើម្បីឈ្នះ​រង្វាន់សៀវភៅ «ច្យុតិ​» [The Unborn] ដែល​នឹង​ត្រៀម​ចេញ​លក់​ចុង​ឆ្នាំ​នេះ!!!

Read Full Post »


១២

អវសាន

 

បរិយាកាសក្នុងពេលរសៀល អាចជាពេលដែលអ្នកខ្លះចង់សម្រាកក្រោយពីស្រស់ស្រូបអាហារថ្ងៃត្រង់ដ៏មានឱជារសស្ទើរតែហល់រួចមក។ ថ្ងៃក្តៅក្នុងវេលានេះ ជះមកប៉ះស្បែកស្ទើរតែខ្លោចសាច់។ បុគ្គលិកការិយាល័យ នៅតែដើរទៅដើរមកគួរឲ្យវិលមុខ។

រតនៈ អូសាគិ អង្គុយនៅក្នុងហាងដែលបើកម៉ាស៊ីនត្រជាក់ ត្រជាក់ល្ហឹម ទើបមិនដឹងក្តៅត្រជាក់នឹងអាកាសធាតុក្តៅហែងនៅខាងក្រៅ។ កាយវិការរសាប់រសល់មើលឆ្វេងមើលស្តាំ ពេលខ្លះដកកវែងហាក់ដូចជាកំពុងរង់ចាំនរណាម្នាក់។ ពេលវេលាកន្លងទៅកាន់តែយូរប៉ុណ្ណា ភាពតានតឹងកាន់តែកើនទ្វេឡើងប៉ុណ្ណោះ។ ទឹកកកនៅក្នុងកែវភេសជ្ជៈ ស្ទើរតែរលាយមិនសល់ដុំ។

ថ្ងៃនេះជាថ្ងៃចុងក្រោយ ដែលគេត្រូវតែឃ្លាតឆ្ងាយពីមនុស្សដែលធ្លាប់មានមនោសញ្ចេតនាល្អៗនឹងគ្នា និងជាថ្ងៃចុងក្រោយដែលការពិតទាំងអស់ត្រូវបើកកកាយ។ អ្នកកំលោះព្យាយាមបិទភ្នែករួបរួមសេចក្តីក្លាហានទាំងអស់ដែលមានដើម្បីប្រាប់រឿងសំខាន់នេះដល់មនុស្សម្នាក់។

«ជម្រាបសួរ សូមអញ្ជើញ!» សំឡេងទទួលរាក់ទាក់របស់បុគ្គលិកស្រីប្រចាំហាង លាន់ឡើង ព្រមជាមួយរាងកាយរបស់នារីក្រមុំ ដែលគេកំពុងរង់ចាំដើរចូលមក។ ភាពតានតឹងកាន់តែកើនទ្វេឡើងជាលំដាប់តាមជំហានដើររបស់នាង។

«ជម្រាបសួរលោកគ្រូ អូសាគិ!» សំឡេងពីរោះស៊ាំត្រចៀកលាន់ចូលមកក្នុងសោតប្បសាតរបស់អ្នកកំលោះ។

«ជ… ជម្រាបសួរអ្នកនាងហេរិកា!» រតនៈ អូសាគិ ក្រោកឡើង បង្ហាញកន្លែងអង្គុយ។ នារីក្រមុំឱនចុះបន្តិចសម្តែងការអរគុណ។។

«លោកគ្រូអញ្ជើញមកយូរហើយឬ?» រង្វង់មុខរៀវ កែវភ្នែកស្រស់ថ្លារបស់នាង ធ្វើឲ្យបេះដូងកំលោះលោតមិនត្រូវចង្វាក់។

«មិនយូរទេ ប្រហែលដប់ប្រាំនាទីប៉ុណ្ណោះ អ្នកនាងមិនបានមកយឺតទេ តែព្រោះខ្ញុំមកមុនម៉ោងប៉ុណ្ណោះ!» អ្នកកំលោះលើកដៃជ្រោងសក់ដោយកាយវិការអៀនប្រៀនដូចស្រីក្រមុំ។

បុគ្គលិកស្រី ដើរមកហុចបញ្ជីអាហារជូនភ្ញៀវទាំងពីរ ព្រមទាំងកត់ទុកក្នុងកូនសៀវភៅតូចមួយ មុននឹងដើរចេញទៅបាត់ដើម្បីកម្មង់អាហារដល់ភ្ញៀវ។

«មិនដឹងថា ថ្ងៃនេះលោកគ្រូមានរឿងអ្វី ទើបបានជាណាត់ខ្ញុំចេញមកញ៉ាំអាហារបែបនេះ?» ស្រស់ស្រីផ្អៀងកសួរតាមនិស្ស័យគួរឲ្យស្រឡាញ់។

«គ្មានអ្វីធំដុំទេ គ្រាន់តែខ្ញុំមានរឿងតិចតួច ចង់ជជែកជាមួយអ្នកនាងប៉ុណ្ណោះ!» ដៃទាំងពីររបស់កំលោះក្តោបគ្នាណែនដោយក្តីញាប់ញ័រ។

«រឿងអ្វីទៅ?» ហេរិកា ឈ្ងោកមុខមកជិតកំលោះនៅរយៈចម្ងាយប្រហែលមួយធ្នាប់ដៃ។

«ការពិត ខ្ញុំគឺ… ខ្ញុំគឺជាប៉ូលីស!» ព្រោះភាពញាប់ញ័រទើបធ្វើឲ្យសំឡេងដែលនិយាយចេញមកមិនដូចប្រក្រតី តែអានុភាពរបស់វាធ្វើឲ្យមនុស្សនៅក្នុងហាងទាំងអស់ងាកមកមើលគេគ្រប់គ្នា។

«លោកគ្រូថាម៉េច! លោកគ្រូលេងសើចនឹងខ្ញុំមែនទេ? ហាសហា បែបនេះ កំប្លែងដែរតើ!» ស្រីតូចសើចខឹកៗដោយភាពហួសចិត្ត ព្រោះគិតថាកំលោះលេងសើចនឹងខ្លួន។

«ខ្ញុំមិនបានលេងសើចទេ ខ្ញុំពិតជាប៉ូលីសមែន នេះគឺជាប័ណ្ណសម្គាល់ខ្លួនរបស់ខ្ញុំ!» គេហុចអត្តសញ្ញាណប័ណ្ឌឲ្យនាងមើល ដើម្បីពិសោធន៍ថា សម្តីដែលគេនិយាយជាការពិត។

«តើរឿងយ៉ាងម៉េច? លោកជាប៉ូលីស ហេតុអ្វីលោកមកបោកប្រាស់ខ្ញុំដូច្នេះ?» ទឹកមុខរបស់ស្រស់ស្រី ប្តូរពីស្នាមញញឹមស្រទន់មកជាភាពអស់សង្ឃឹម កែវភ្នែកមានទឹកថ្លាៗច្រាលចេញមក។

«ខ្ញុំមិនបានតាំងចិត្តកុហកទេ តែស្ថានការណ៍ជុំវិញខ្លួន បង្ខំខ្ញុំមិនឲ្យប្រាប់ការពិតបាន!» រតនៈ អូសាគិ ព្យាយាមរកហេតុផលផ្សេងៗ មកពន្យល់ប្រាប់ហេរិកា ដើម្បីឲ្យនាងបាត់ខឹង។

«ឯណា លោកសាកប្រាប់មកមើល៍ ស្ថានការណ៍អ្វីខ្លះ ដែលបង្ខំលោកមិនឲ្យប្រាប់ការពិតបាន?» ហេរិកាលើកដៃស្តាំមកជូតទឹកភ្នែកដែលហូរស្រោចថ្ពាល់ទាំងសងខាង។

«មានរឿងឃាតកម្ម កើតឡើងនៅក្នុងសាកលវិទ្យាល័យ របស់លោកប៉ាអ្នកនាង។ រឿងហេតុទាំងអស់ត្រូវលាក់ជាការសម្ងាត់ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់សាកលវិទ្យាល័យ ប្រសិនបើរឿងនេះលេចឮទៅដល់ខាងក្រៅ!»

«រឿងឃាតកម្ម!!» ហេរិកា ឧទានដោយក្តីភ្ញាក់ផ្អើល។

«បាទ! ឃាតកម្មដែលកើតឡើងនៅក្នុងអន្តេវាសិកបុរស តែពេលនេះគ្រប់យ៉ាងបានបញ្ចប់ហើយ ឯឃាតករក៏ចាប់បានដែរ!» រតនៈ អូសាគិ លូកដៃមកក្តោបដៃឆ្វេងរបស់ភាគីស្រី ដើម្បីផ្តល់ភាពកក់ក្តៅឲ្យនាងបានស្បើយក្នុងចិត្ត។

«ពិតមែនឬ? ចុះអាឃាតករម្នាក់នោះជានរណា?» ហេរិកា ឈ្ងោកមុខចូលកាន់តែជិតដោយការចង់ដឹង។ ប៉ូលីសកំលោះមិនតប តែនៅឈ្ងោកមុខស្ងៀម រហូតភាគីម្ខាងទៀតហើបមាត់និយាយ។

«មិនអីទេ បើលោកមិនចង់ប្រាប់ ខ្ញុំផ្ទាល់ក៏មិនចង់ដឹងប៉ុន្មានដែរ!» ហេរិកាដកដៃចេញពីអ្នកកំលោះ តែមិនបានដូចចិត្ត គេក្តោបដៃនាងជាប់មិនឲ្យនាងដករួច។

«លែងដៃខ្ញុំភ្លាម! ខ្ញុំឈឺ!» ហេរិកាស្រែកដោយក្តីឈឺចាប់។

«ពេលនេះ ខ្ញុំមិនអាចលែងអ្នកនាងបានទេ ហេរិកា!» ប៉ូលីសកំលោះងើបមុខឡើងដោយទឹកមុខមាំ។

«លែងខ្ញុំភ្លាម! ខ្ញុំឈឺណ៎ា! ប្រាប់ឲ្យលែង បើមិនអ៊ីចឹង ខ្ញុំនឹងស្រែកឲ្យគេជួយ!» ហេរិកាងាកឆ្វេងងាកស្តាំដើម្បីរកមនុស្សឲ្យជួយ។

«ព្រមប្រគល់ខ្លួនទៅ អ្នកនាងហេរិកា ទោសធ្ងន់នឹងក្លាយជាស្រាល!» ខ្សែភ្នែកអស់សង្ឃឹមផុសចេញពីក្នុងជម្រៅចិត្ត។

«លោកឯងនិយាយស្អី! ប្រគល់ខ្លួនអី លោកកំពុងនិយាយពីរឿងអ្វី?» ហេរិកាព្យាយាមកន្ត្រាក់ដៃចេញយ៉ាងខ្លាំង តែមិនបានផល ព្រោះកាន់តែប្រឹងកន្ត្រាក់ខ្លាំងប៉ុណ្ណា កម្លាំងច្របាច់កាន់តែខ្លាំងប៉ុណ្ណោះ។

«អ្នកនាងផ្សំគំនិតជាមួយភិរម្យ សម្លាប់កុលបុត្រ និងអ៊ំដែន… ខ្ញុំមានភ័ស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថានាងគឺជាឃាតករ!» ប៉ូលីសកំលោះ លូកដៃឆ្វេងចូលទៅក្នុងហោប៉ៅអាវក្រៅ យករូបថតមកដាក់នៅលើតុ។

«អ្នកនាងប្រហែលជាមិនបដិសេធទេណា ថានារីនៅក្នុងរូបនេះមិនមែនជាអ្នកនាង!» ក្នុងរូបថតគឺជាបុរសនារីពីរនាក់ឈរកៀកកិតគ្នាប្រៀបដូចគូស្នេហ៍។ នៅខាងក្រោយជាចំណោតភ្នំសិប្បនិម្មិតសម្រាប់ឲ្យអ្នកទេសចរវារឡើងដើម្បីពិសោធភាពក្លាហាន។ មនុស្សស្រីគឺជាហេរិកា ឯមនុស្សប្រុសមិនអាចជានរណាផ្សេងក្រៅពីភិរម្យបានទេ។

«បើអ្នកនាងបដិសេធ ខ្ញុំមានរូបពីរសន្លឹកទៀត ដែលអ៊ំដែនបន្សល់ទុកឲ្យ។ រូបថតនោះបញ្ជាក់ថា អ្នកនាង និង ភិរម្យ មានទំនាក់ទំនងស៊ីជម្រៅនឹងគ្នា ហើយបូកផ្សំនឹងពាក្យសារភាពរបស់ភិរម្យអាចបញ្ជាក់បានថា អ្នកទាំងពីរផ្សំគំនិតគ្នាសម្លាប់កុលបុត្រ ព្រោះត្រូវការកម្ចាត់សត្រូវបេះដូង។ ចំណែកអ៊ំដែន ដឹងរឿងរបស់អ្នកទាំងពីរច្រើនពេក ទើបអ្នកនាងក៏មិនទុកឲ្យគាត់រួចខ្លួនដែរ!» រតនៈ អូសាគិ បង្អាក់សម្តីបន្តិច។

«ការដែលជនល្មើស ព្យាយាមចូលក្នុងបន្ទប់កុលបុត្រ គឺដើម្បីស្វែងរករូបថតទាំងនេះ រួមនឹងស៊ីឌីដែលកុលបុត្រគំរាមភិរម្យឲ្យឈប់ទាក់ទងអ្នកនាង។ នៅពេលកុលបុត្រលើកសំណើដែលអ្នកនាងមិនអាចទទួលយកបានបែបនេះ មានតែសេចក្តីស្លាប់ប៉ុណ្ណោះ ដែលអាចបញ្ឈប់កុលបុត្របាន ទើបអ្នកនាងសម្លាប់គេដោយប្រើភិរម្យជាឧបករណ៍!»

«ចំណែកអ៊ំដែន ដឹងឮរួចហើយថា អ្នកទាំងពីរមានទំនាក់ទំនងនឹងគ្នា ទើបជួយលាក់បាំងរឿងនេះជាការសម្ងាត់ព្រោះយល់ថា អ្នកនាងជាកូនស្រីរបស់ចៅហ្វាយនាយ ដែលគាត់គោរពស្រឡាញ់ជាទីបំផុត តែរឿងបែរជារីកដុះដាលកាន់តែធំឡើង នៅពេលអ៊ំដែនព្យាយាមប្រាប់ការពិតអំពីរឿងក្តីនេះដល់ខ្ញុំ ទើបគាត់ត្រូវផ្តាច់ជីវិតដោយមនុស្សគ្មានបេះដូងដូចអ្នកនាងម្នាក់ទៀត!»

«តែអ្នកនាងភ្លាត់ស្នៀតដោយខ្លួនឯង ព្រោះអ៊ំដែនបានបន្សល់ទុក កូនសោដែលប្រើសម្រាប់ដោះប្រស្នារឿងក្តីនេះទាំងអស់។ អ្នកនាងប្រហែលជាមិនដឹងទេថា ខ្ញុំបានរូបទាំងនេះមកពីណា? អ៊ំដែនជាអ្នកយករូបទាំងនេះមកពីបន្ទប់កុលបុត្រ ដែលលាក់ទុកនៅក្នុងសៀវភៅអាន។ គឺអ្នកទាំងពីរជាអ្នកវាយស្មៅបង្អើលពស់ តាមរយៈការដែលភិរម្យព្យាយាមចូលទៅស្វែងរកអ្វីម្យ៉ាង នៅក្នុងបន្ទប់កុលបុត្រ ធ្វើឲ្យអ៊ំដែននឹកសង្ស័យ គាត់ក៏យកពេលដែលអន្តេវាសិកគ្មាននរណានៅ ចូលទៅស្វែងរករបស់ដែលពួកអ្នកនាងត្រូវការ រហូតបានឃើញ តែព្រោះគាត់ខ្លាចមានគេមកឃើញ ទើបគាត់ប្រញាប់ដាក់សៀវភៅពីរក្បាលនោះឆ្លាស់កន្លែងគ្នា ហើយនៅថ្ងៃដែលអ៊ំដែនត្រូវសម្លាប់ គាត់បានលាក់កូនសោប្រស្នានៅចង្កេះខោ ដើម្បីប្រាប់ឲ្យខ្ញុំដឹងថា មានអាថ៌កំបាំងអ្វីម្យ៉ាងលាក់ទុកនៅកន្លែងណាមួយ។»    រតនៈ អូសាគិ ងើបមុខឡើងប្រសព្វភ្នែកនឹងហេរិកាម្តងទៀត។

«អ្នកនាងប្រើភាពស្ទាត់ជំនាញក្នុងការឡើងចំណោតភ្នំដើម្បីបង្កើតបន្ទប់ជាប់សោ!»

«លោកប៉ូលីស លោកមកចោទប្រកាន់ខ្ញុំបែបនេះមិនបានទេ!» ហេរិកាគ្រវីក្បាលទៅមក។

«បន្ទប់ជាប់សោដែលនិយាយនោះ គឺបន្ទាប់ពីភិរម្យសម្លាប់កុលបុត្ររួចហើយ គេក៏ចេញទៅហៅអ្នកនាងពីកន្លែងលាក់ខ្លួន។ បន្ទាប់ពីនោះ ពេលអ្នកនាងចូលទៅក្នុងបន្ទប់រួចហើយ អ្នកនាងក៏ចាត់ការដាក់គន្លឹះបន្ទប់យ៉ាងរៀបរយ ដោយច្រកដែលអ្នកនាងចេញ គឺតាមមាត់បង្អួចត្រង់តុអានសៀវភៅ!» រតនៈ អូសាគិ រៀបរាប់ពីការបង្កើតបន្ទប់ជាប់សោតាមការសន្និដ្ឋានរបស់ខ្លួន។

«ហ៊ឹះ! កំប្លែងណាស់ គ្រាន់តែលោកឃើញរូបថតខ្ញុំទៅឡើងភ្នំប៉ុណ្ណឹង លោកក៏ប្រឌិតរឿងប្រលោមលោកមួយបានយ៉ាងហូរហែតែម្តង!»

«បាទមិនមែនតែប៉ុណ្ណឹងទេ ព្រោះមានស្លាកស្នាមនៃការដោះកញ្ចក់ចេញ ហើយដាក់ទៅវិញ។ អ្នកនាងបិទវា ដោយប្រើកាវវិទ្យាសាស្ត្រដែលគ្មានពណ៌ បើមិនសង្កេតឲ្យបានច្បាស់តាមរយៈរង្វាស់អង្សាដែលផ្លាស់ប្តូររបស់វា នឹងមិនដឹងទេថាកញ្ចក់ទើបតែដោះចេញមុននោះ មិនយូរប៉ុន្មាន។ បន្ទាប់មកអ្នកនាងក៏ទម្លាក់ខ្លួនចុះតាមរបងអគារគេចចេញទៅបាន!»

«តើទៅរួចម្តេចបាន បើពេលចុះមកដល់ខាងក្រោម គឺជាបន្ទប់សាកសួរព័ត៌មាន ហើយអ៊ំដែនក៏អង្គុយនៅក្នុងបន្ទប់ គាត់ច្បាស់ជាចាប់ខ្ញុំបានមិនខាន!» ហេរិកាសើចចំអក នឹងការសន្និដ្ឋានរបស់    ប៉ូលីសកំលោះ។

«ហេតុអ្វីមិនអាចទៅរួច បើពេលនោះអ៊ំដែនឡើងទៅត្រួតពិនិត្យភាពរៀបរយតាមជាន់នីមួយៗបាត់ទៅហើយ!» ហេរិកាភ្ញាក់ក្រញាង ព្រោះនឹកស្មានមិនដល់ដែលគេសន្និដ្ឋានត្រូវ។ ទឹកមុខដែលធ្លាប់ក្អេងក្អាងត្រឡប់ជាស្លេកស្លាំងដោយក្តីកង្វល់។

«អ្នកនាងហេរិកា ខ្ញុំសុំចាប់អ្នកនាងពីបទផ្សំគំនិតគ្នាជាមួយភិរម្យ ក្នុងការសម្លាប់កុលបុត្រ និង អ៊ំដែន!» ប៉ូលីសកំលោះឈ្ងោកមុខដើម្បីយកខ្នោះមកដាក់កដៃរៀវស្អាត។

«លោកគិតថា អាចចាប់ខ្ញុំចូលគុកបានដោយងាយៗដូច្នេះឬ លោកប៉ូលីស?» រតនៈ អូសាគិ ងើបមុខឡើងសម្លឹងស្រីស្រស់ហេរិកា ដែលធ្លាប់តែទន់ភ្លន់ចំពោះគេ។

នៅក្នុងដៃរបស់នាង មានកូនដបតូចមួយ។ ក្នុងនោះមានផ្ទុកវត្ថុរាវដែលគ្មានពណ៌។ ហេរិកាលើកដៃឡើង ដើម្បីផឹកថ្នាំពុលធ្វើអត្តឃាត គេចពីទោសកំហុសដែលខ្លួនបានបង្ក។

«ស្រីកា! ធ្វើបែបនេះមិនបានទេកូន!» សំឡេងដ៏ស៊ាំត្រចៀករបស់នាងលាន់ពីក្រោយខ្នង។

«លោកប៉ា!» តូចតន់ភ្ញាក់ រហូតធ្វើឲ្យដបនៅក្នុងដៃ ធ្លាក់ទៅលើឥដ្ឋបែកខ្ចាយ។

«ប្រគល់ខ្លួនឲ្យលោកប៉ូលីសទៅ កុំព្យាយាមគេចវេះអី ប៉ាសុំអង្វរ!» លោកវង្សស័ក្តិពោលឡើង ទឹកភ្នែកហូរជោកថ្ពាល់ទាំងសងខាង។

«លោកប៉ា កូនសុំទោស ព្រោះកូនខុសដោយខ្លួនឯង! ភិរម្យជារបស់កូនតែម្នាក់ប៉ុណ្ណោះ កូនរស់នៅមិនបានទេបើគ្មានគេ! រៀងរាល់ថ្ងៃកូនតែងតែតាមដានគេគ្រប់ទីកន្លែង មិនថាគេទៅណា ធ្វើអ្វី ជាមួយនរណា គេត្រូវតែនៅក្នុងខ្សែភ្នែករបស់កូនជានិច្ច!» ហេរិកា ខ្សឹកខ្សួលធ្លាយរឿងក្នុងចិត្តចេញមកទាំងអស់។

«អត់ទេកូន ប៉ាជាអ្នកខុសដោយខ្លួនឯង! តាំងពីម៉ាក់កូនស្លាប់ទៅ ប៉ាគិតតែពីការងារ មិនធ្លាប់មានពេលវេលាឲ្យកូន ប៉ាដឹងថាកូនត្រូវការសេក្តីស្រឡាញ់ ត្រូវការមនុស្សយល់ចិត្ត។ បើប៉ាផ្តល់ពេលវេលា ផ្តល់សេចក្តីស្រឡាញ់ កូនក៏មិនទៅទាមទារមនោសញ្ចេតនាទាំងនេះពីនរណាទៀតដែរ ប៉ាសុំទោស ស្រីកាលើកទោសឲ្យប៉ាផង!» វង្សសក្តិដើរមកក្រសោបរាងកាយកូនស្រីតែម្នាក់ ជាលើកចុងក្រោយ។

«អញ្ជើញទៅប៉ុស្តិ៍ប៉ូលីសជាមួយគ្នាទៅ អ្នកនាងហេរិកា!» រតនៈ អូសាគិ វាយខ្នោះដាក់កដៃស្រស់ស្រី។ ហេរិកាបំរះតិចៗ…

«ខ្ញុំសុំពេលបន្តិច លោកប៉ូលីស…» រាងកាយរបស់តូចតន់ ស្រុតចុះទៅលើឥដ្ឋ។ នាងលើកដៃប្រណម្យផុតក្បាល មុននឹងក្រាបសំពះអ្នកមានគុណដើម្បីសុំទោសនូវកំហុសឆ្គងជាលើកចុងក្រោយ៕

**ចប់**

 

សូមរង់ចាំអានរឿងស៊ើបអង្កេតថ្មី ដែលបំបែករឿងក្តីដោយ

រតនៈ អូសាគិ

ប៉ូលីសកូនកាត់ ខ្មែរ-ជប៉ុន

នៅក្នុងរឿង

«ឃាតកម្មក្នុងស្បៃងងឹត»

ឆាប់ៗនេះ…

Read Full Post »


នៅក្នុងបន្ទប់ពណ៌សស្អាត បុរសរាងស្តើងម្នាក់ស្ថិតក្នុងវ័យក្បែរហាសិបឆ្នាំ ពាក់អាវឃ្លុំស អង្គុយរង់ចាំកំលោះក្រមុំទាំងពីរ ដោយឫកពាលឹបលមិនគួរឲ្យទុកចិត្ត ប៉ុន្តែប្រដាប់      ស្តាប់ជីពចរ ដែលពេទ្យចូលចិត្តពាក់ជាប់នឹងក ធ្វើឲ្យអាចជឿបានថា គេគឺជាគ្រូពេទ្យ ឬយ៉ាងហោចណាស់ក៏ធ្លាប់រៀនផ្នែកនេះ និងអាចទាយបានថា គេគឺជាម្ចាស់គ្លីនិកមួយនេះ។ គ្លីនិកតូចៗនៅក្នុងប្រជុំជនដែលពោរពេញទៅដោយមនុស្សម្នាកកកុញ គ្មានអ្វីទាក់ភ្នែកជាពិសេសឡើយ ក្រៅពីស្លាក «មន្ទីរសម្ភព មានអ្នកជំនាញការមកពីសហរដ្ឋអាមេរិក ផ្តល់ការប្រឹក្សា ដោះស្រាយវិបត្តិ និងរៀបចំផែនការគ្រួសារ»

នារីជំទង់ភ្ញាក់ព្រើត នៅពេលកំភួនដៃប៉ះត្រូវកៅអី ដែលធ្វើពីសំណ ត្រជាក់ស្រឹប។ បុរសមុខចិនអង្គុយចុះក្បែរនោះ ខណៈដែលពេទ្យឆ្មប យកបញ្ជីអ្នកជំងឺអាន។ ត្រឹមតែមួយភ្លែត គេក៏ងើបមុខឡើងសម្លឹងមើល កន្យាណី ដោយខ្សែភ្នែកមិនសុភាពសោះ រហូតធ្វើឲ្យនាងមានអារម្មណ៍ទើសទាល់។

«ប្រហែលជានាងហើយឈ្មោះ កន្យាណី… នាំនរណាមកអើយ?» សំឡេងឆ្មាររបស់ពេទ្យស្តាប់ហើយគួរឲ្យអស់សំណើច។ ភ្នែកនោះបើកក្រឡើតសម្លឹងទៅកំលោះខ្សែស្រឡាយអ្នកមានដែលអង្គុយទល់មុខ។

«អ៎…ខ្ញុំគឺជាសង្សាររបស់នាង…អឺ… ខ្ញុំប្រហែលជាអាចនៅបាន មែនទេ?» គេសម្តែងកាយវិការរសាប់រសល់ ហាក់ដូចជាគ្មានភាពជឿជាក់ក្នុងខ្លួនសោះ។ ខ្សែដៃដាំពេជ្ររបស់គេធ្វើឲ្យពេទ្យឆ្មបញញឹមយ៉ាងពេញចិត្ត។

«គ្មានបញ្ហាទេអ្នកកំលោះ! បែបនេះ កាន់តែល្អទៀតផង ដើម្បីមានគ្នាប្រឹក្សា ប៉ុន្តែពិតជាធ្វើមែនឬ?» ភ្នែករបស់ពេទ្យងាកទៅសម្លឹង កន្យាណីយ៉ាងរហ័ស រហូតធ្វើឲ្យនាងភ្ញាក់ក្រញាងព្រោះមិនបានត្រៀមខ្លួនមុន។

«ចាស៎?» សំណួរវាយប្រហាររហ័សពេក ធ្វើឲ្យកញ្ញារៀបចំខ្លួនមិនទាន់។

«នាងពិតជាសម្រេចចិត្តយកក្មេងចេញមែនឬ?»

«បាទ យើងចង់យកចេញ!» បុរសជាសង្សារដណ្តើមឆ្លើយ។

«នរណាប្រាប់ថា ខ្ញុំពិតជាយកចេញ? បងបង្ខំឲ្យខ្ញុំមក ប្រាប់ថាមកសួរលេងៗទេ បងកុំភ្លេចលក្ខខណ្ឌយើងឲ្យសោះ!» ស្រីស្រស់សំឡេងមាំ។

ភាពស្ងប់ស្ងាត់គ្របដណ្តប់បន្ទប់ទាំងមូលអស់មួយដង្ហើម។

«ឈប់សិនៗ បន្តិចទៀតចាំសម្របសម្រួលគ្នាក៏បាន ប៉ុន្តែប្រាកដក្នុងចិត្តដូចម្តេចថាពិតជាទម្ងន់មែន?»

«ពិនិត្យទឹកនោម!» កន្យាណីឆ្លើយខ្លីៗ ដោយក្តីតប់ប្រមល់។

«នាងប្រើថ្នាំអ្វីជាប្រចាំ? ឬមានប្រើប្រាស់គ្រឿងញៀនឬទេ? ការដែលពេទ្យសួរបែបនេះ មិនមែនជាការមើលងាយទេ តែថ្នាំឬគ្រឿងញៀន អាចធ្វើឲ្យការពិនិត្យគភ៌តាមរយៈទឹកនោម ផ្តល់លទ្ធផលខុសបាន!»

«បាទមិនខុសទេ បើខុស មិនមែនខ្ញុំចលាចលបែបនេះទេ!» កំលោះមុខចិននិយាយកាត់តិចៗ «ខ្ញុំនាំនាងទៅពិនិត្យពីរដងហើយ ចំណែករដូវក៏លែងមកបីខែដែរ!» កន្យាណីងាកមុខទៅម្ខាង។ ភាពស្ងប់ស្ងាត់ចូលមកម្តងទៀត។ ពេទ្យរាងស្តើង សម្លឹងមើលខ្សែដៃមាសរបស់កំលោះអ្នកមានដោយក្តីពេញចិត្ត។ បទពិសោធន៍ធ្វើឲ្យគ្រូពេទ្យនេះ អាចប៉ាន់ស្មានដំណើររឿងបានព្រាលៗ។

ប្រហែលជាមិនពិបាកពេកទេ!

«អ៊ីចឹងសម្រេចឲ្យពេទ្យធ្វើដូចម្តេច?» គេផ្អែកខ្នងទៅនឹងធ្នាក់កៅអី ភ្នែកសម្លឹងមើលខ្សែកធំដែលចាំងព្រាកៗតាមប្រឡោះកអាវរបស់អ្នកកំលោះ។

«អឺ… ខ្ញុំចង់ឲ្យលោកគ្រូពេទ្យជួយពន្យល់នាងពីវិធីយកក្មេងចេញផង នាងមិនហ៊ានយកចេញព្រោះខ្លាចស្លាប់!» សំឡេងនោះបង្ហាញការអង្វរករ និងកំពុងរង់ចាំក្តីសង្ឃឹម ដូចមនុស្សអស់ទីពឹង។

ពេទ្យរាងល្អិតសើចតិចៗ បែបនេះហើយដែលយើងត្រូវការ! គេធ្វើទឹកមុខម៉ឺងម៉ាត់យ៉ាងរហ័ស រហូតមើលឃើញទើសភ្នែកយ៉ាងខ្លាំង មិនខុសពីមនុស្សលេងប៉ាហ៊ីទេ។

«បើនាងទៅរំលូតជាមួយឆ្មបបុរាណខុសច្បាប់ ដូចជាដាប់ដុំឈើចូលទៅក្នុងស្បូន ឬយកថ្នាំបុរាណញាត់ចូលទ្វារមាស ឱកាសដែលបាត់បង់ជីវិត ពិតជាមានខ្ពស់ជារឿងធម្មតាទេ…» ពេទ្យឆ្មបបង្អាក់សម្តីបន្តិច សម្លឹងមើលកញ្ញារូបស្រស់ ដែលអង្គុយធ្វើព្រងើយៗ «ប៉ុន្តែសម្រាប់វិធីសាស្ត្រ របស់គ្រូពេទ្យសម័យថ្មីដូចដែលខ្ញុំប្រើនេះ គ្រោះថ្នាក់ពីការរំលូតអាចមានត្រឹមតែមួយក្នុងមួយសែនប៉ុណ្ណោះ បានន័យថា ធ្វើមួយសែននាក់  មានឱកាសគ្រោះថ្នាក់តែម្នាក់ទេ។ អត្រាការស្លាប់ នៃការវះកាត់ដុំសាច់បំពង់ក ខ្ពស់ជាងប្រាំដងនៃការរំលូតកូន។ ចំណែកការវះកាត់ពោះវៀនដុះខ្នែង ប្រថុយនឹងការស្លាប់ខ្ពស់ជាងការរំលូតកូន ដល់ទៅបីរយហាសិបពីរដងឯនោះ ជាពិសេសពេលនាងធ្វើការរំលូតជាមួយខ្ញុំ!» គេសង្កត់ពាក្យ ខ្ញុំ  ច្បាស់ៗ ហើយឈប់បន្តិច ប្រៀបដូចពាណិជ្ជករ កំពុងឃោសនាលក់ផលិតផល «ព្រោះខ្ញុំរៀនចប់ដុកទ័រពីអាមេរិក ហើយរដ្ឋដែលខ្ញុំទៅរៀននោះ ការរំលូតកូន គឺជារឿងស្របច្បាប់។ ដូច្នេះខ្ញុំបានអនុវត្តការងារដល់ទៅប្រាំឆ្នាំពេញ។ និយាយមិនអួតទេ ខ្ញុំគឺជាអ្នកជំនាញអាជីពតែម្តងរឿងការរំលូតកូន!»

«ឃើញទេ បងប្រាប់អូនហើយ ថាគ្មានគ្រោះថ្នាក់ទេ ចេះខ្លាចទៅកើត!» កំលោះអ្នកមានព្យាយាមបញ្ចុះបញ្ចូល។

«ក្រៅពីនេះ ខ្ញុំប្រើបច្ចេកវិទ្យាពេទ្យដែលទាន់សម័យ នាងអាចជ្រើសរើសយកការហិតថ្នាំសន្លប់ ឬប្រើថ្នាំចាក់ក៏បាន ហើយក្រោយពីធ្វើរួច នាងអាចត្រឡប់ទៅផ្ទះបាននៅក្នុងថ្ងៃនេះតែម្តង!»

«មិត្តភក្តិរបស់កន្យាណីប្រាប់ថា ឈឺចាប់ខ្លាំងណាស់ ទើបនាងខ្លាចបែបនេះ!» បុរសជាសង្សារនិយាយបន្ថែមក្នុងន័យបន្ទោស។

«ខុសហើយ… នាងអាចឈឺចាប់តែមួយភ្លែតប៉ុណ្ណោះ ឬឈឺពោះតិចៗ ដូចឈឺពេលមានរដូវអ៊ីចឹង គឺអាស្រ័យលើវិធីដែលប្រើ និង អាយុក្មេងនៅក្នុងពោះ។ តែចំពោះគ្លីនិករបស់ខ្ញុំគឺប្រើបច្ចេកទេសទំនើប ដែលពេញនិយមជាខ្លាំងនៅសហរដ្ឋអាមេរិក ដូច្នេះខ្ញុំហ៊ានធានាថា នាងនឹងមិនមានគ្រោះថ្នាក់អ្វីទាំងអស់!»

សូមរង់ចាំអានវគ្គបន្ត!

Read Full Post »


ជារឿងស៊ាំភ្នែកទៅហើយសម្រាប់នាងលម្អ ដែលឃើញបុរសនារីមួយគូ ឬនារីតែម្នាក់អង្គុយរសាប់រសល់ លើកនាឡិកាដៃមើលម៉ោង ម្តងហើយម្តងទៀត។ ជួនកាលសិស្សសាលាស្រីវ័យជំទង់ដែលជាអ្នកជំងឺនៅគ្លីនិកនេះ ក៏មិនបានពាក់នាឡិកាដៃមកដែរ ដូច្នេះនាងតែងតែត្រូវគេសួរសំណួរដដែលៗដូចជា «ម៉ោងប៉ុន្មានហើយ?» រួចនាងក៏ឆ្លើយដោយសម្តីគំរោះគំរើយ គ្មានជាតិជូវថា «ម៉ោងប្រាំកន្លះ!» ឬប្រហាក់ប្រហែលនេះ។ ប៉ុន្តែមួយនាទី ពីរនាទីបន្ទាប់មក នាងក៏ត្រូវសួរម្តងទៀត «ម៉ោងប៉ុន្មានហើយ?» បើនាងទើសទាល់ពេក នាងនឹងឆ្លើយថា «ពីរនាទីបន្ទាប់ពីនាងសួរអម្បាញ់មិញនេះ!»

ប្រហែលមិនអាចនិយាយបានទេថា នាងលម្អជាមនុស្សចិត្តខ្មៅ ព្រោះនាងអង្គុយបំពេញតួនាទីច្រំដែលៗ ដ៏គួរឲ្យធុញទ្រាន់នៅកន្លែងនេះរាល់ថ្ងៃ។ នារីក្មេងៗរាប់ភ្លេច ម្នាក់ហើយម្នាក់ទៀត ដើរចូលមកដោយកាយវិការប្រភេទតែមួយ អង្គុយរង់ចាំនៅត្រង់សាឡុងនោះ ដោយកាយវិការខ្វាយខ្វល់ដូចគ្នា ដើម្បីរង់ចាំពេលហៅឈ្មោះ។

«ពេលពិសោធន៍ចិត្តម្តាយ!» នាងចូលចិត្តហៅបែបនេះ នៅក្នុងក្រុមមិត្តភក្តិគ្នាឯង។ នាងធ្លាប់ឃើញអ្នកជំងឺស្រីជាច្រើននាក់ រុញទ្វារចូលមកហើយត្រឡប់ទៅវិញ រួចក៏រុញចូលមកជាថ្មីបីដងបួនដង ដូចមនុស្សសម្រេចចិត្ត មិនទាន់ដាច់ស្រេច។ អ្វីដែលលម្អធ្វើគឺឈរមើលធ្វើព្រងើយៗ នាងមិនធ្លាប់និយាយទទួល ឬអញ្ជើញឲ្យចូលមកខាងក្នុងទេ។

«ល្ងង់អញ្ជើញឲ្យចូលមកធ្វើអី!» នោះគឺជាគំនិតរបស់នាង «ដល់ថ្នាក់ចូលមកធ្វើសំបុត្រ អង្គុយចាំរួចរាល់ហើយ នៅរត់ត្រឡប់ចេញទៅវិញក៏មាន។ បើមិនចង់យកចេញ នៅខាងក្រៅទៅល្អហើយ មិនចាំបាច់ខាតពេលនិយាយឲ្យហត់មាត់។»

តែកំលោះក្រមុំពីរនាក់ ដែលអង្គុយចាំនៅត្រង់សាឡុងពេលនេះ មានអ្វីម្យ៉ាងខុសប្លែកពីអ្នកជំងឺមុនៗ។ និយាយងាយៗ គ្រាន់តែពីរនាក់នេះមកអង្គុយជាមួយគ្នាក៏ចាត់ទុកថាប្លែកទៅហើយ ព្រោះតាមធម្មតាច្រើនមានតែក្មេងស្រីជំទង់មកអង្គុយចាំតែម្នាក់ឯង បើមានកំលោះដៃគូមកជាមួយដែរ ក៏ច្រើនតែឃើញលឹបលៗនៅខាងមុខគ្លីនិក ឬដែលអាក្រក់ជាងនេះ គឺបណ្តោយឲ្យសង្សារចុះពីលើរថយន្ត ដើរមករកគ្លីនិកដោយខ្លួនឯង នៅចម្ងាយផ្លូវប្រហែលពីរបីបង្គោលភ្លើង។

«ប្រុសសម្អុយ!» លម្អចូលចិត្តហៅបែបនេះនៅពេលមានជាតិស្រវឹងនៅក្នុងខ្លួន «នៅពេលចង់បានខ្លូនប្រាណ ខំរៀបឫកពាម៉ឺងម៉ាត់ តាមយកចិត្តយកថ្លើមសព្វសារពើ លុះផើមភ្លែត មិននាំគ្នាជួយទទួលខុសត្រូវទេ បែរជាដាក់មេប្រុចលាក់ក្បាលលាក់កន្ទុយ សម្ងំស្ងាត់ឈឹង!»

ក្រៅពីភាពខុសប្លែក ដែលកំលោះក្រមុំមួយគូនេះ ប្រាកដខ្លួននៅក្នុងគ្លីនិកជាមួយគ្នាហើយ ខាងស្រីក៏មើលឃើញស្រស់ស្អាតដូចនារីមកពីត្រកូលជាន់ខ្ពស់ ខុសពីខាងប្រុសដែលចាប់ផ្តើមដុះក្បាលពោះ និងឆកក្បាលតិចៗ ទោះបីជាអាយុ មិនលើសពីសាមសិបប្រាំក៏ដោយចុះ។ ឯស្បែកសដូចចិន  តែគ្មានអ្វីគួរឲ្យទាក់ភ្នែកទេ ក្រៅពីនាឡិកាទឹកមាសម៉ាកល្បី ខ្សែដៃដាំពេជ្រ និងខ្សែកធំៗលេចចេញប្រឡោះកអាវ។

សំឡេងកណ្តឹងចេញពីបន្ទប់ពិនិត្យជំងឺ ធ្វើឲ្យលម្អភ្ញាក់ពីអារម្មណ៍រវើរវាយ។ នាងយកបញ្ជីឈ្មោះអ្នករង់ចាំមកអាន។

«កន្យាណី សូមអញ្ជើញ!» លម្អ ចង្អុលទៅកាន់បន្ទប់ត្រួតពិនិត្យជំងឺ ដែលមានសភាពបិទជិតខុសប្លែកពីបន្ទប់ត្រួតពិនិត្យជំងឺទូទៅ។

បុរសមុខចិន ក្រោកឡើងតាមសង្សារ សម្តែងកាយវិការរារែក។

«អឺ… តើខ្ញុំចូលទៅដែរបានទេ?»

«អញ្ជើញ!» លម្អតបដូចមនុស្សយន្ត។

សូមរង់ចាំអានវគ្គបន្ត!

Read Full Post »


១១

បិទរឿងក្តី

         »»» សូម​អភ័យ​ទោស​ វគ្គ​នេះ​ត្រូវ​បាន​លុប​ចេញ​!!

Read Full Post »

Older Posts »