Feeds:
ប្រកាស
មតិ

Archive for the ‘រឿង​ហ្គេយ៍(Boys’Love)’ Category


ផ្កាយNoveLs*– ក្នុងនាមជាអ្នកនិពន្ធម្នាក់ គ្មានអ្វីរំភើបជាងបានអានសៀវភៅដែលល្អមួយក្បាលនោះទេ។ សៀវភៅល្អអាចមាននិយមន័យផ្សេងៗគ្នា ទៅតាមទស្សនៈ និងរសនិយមរបស់អ្នកអានដែលមានច្រើនសណ្ឋានខុសៗគ្នាដែរ។ ចំពោះខ្ញុំ ស្នាដៃដែលល្អ ក្រៅពីប៉ះទង្គិចផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ខ្ញុំហើយ សៀវភៅ ឬស្នាដៃនោះតែងតែរួមចំណែកជំរុញទឹកចិត្តខ្ញុំ ដែលបាត់បង់អារម្មណ៍ ឬកម្លាំងចិត្តក្នុងការសរសេរសៀវភៅឱ្យមានកំសួលចិត្តពុះកញ្ជ្រោលឡើងវិញ។

ក្រៅពីស្នាដៃរបស់អ្នកនិពន្ធចាស់ៗ ដូចជា លោក នូ ហាច អ្នកស្រី ម៉ៅ សំណាង… និងអ្នកនិពន្ធបរទេសជាច្រើនរូបទៀត ខ្ញុំកម្រពើបប្រទះនឹងស្នាដៃដែលធ្វើឱ្យខ្ញុំលិចលង់ក្នុងជម្រៅមនោសញ្ចេតនា ឬក៏សិល្ប៍វិធីក្នុងការពិពណ៌នាអារម្មណ៍ភ្ជាប់ជាមួយនឹងធម្មជាតិ ក៏ទេដែរ។ អ្នកនិពន្ធថ្មីៗ ក្រៅពី សុខ ចាន់ផល ក្នុងស្នាដៃរឿង «សង្សារ១៤ថ្ងៃ» អ្នកនិពន្ធ ព្រុំគន្ធារ៉ូ ម្ចាស់ស្នាដៃរឿងខ្លី ចំ«ណែកដែលខ្វះ» និង «មនុស្សក្រៅបញ្ជី» ក្នុងសៀវភៅ នារីសក់ខ្លី… ពុំទាន់មានអ្នកនិពន្ធស្រករក្រោយណាធ្វើឱ្យខ្ញុំរំជើបរំជួល និងស្លុងជ្រៅទៅក្នុងរូបារម្មណ៍ដែលអ្នកនិពន្ធបានបង្កើតឡើងនៅឡើយទេ។

ថ្មីៗនេះ ខ្ញុំទើបតែបានអានស្នាដៃរឿង «ទេពច្យុតក្លែងក្លាយ» របស់អ្នកនិពន្ធ ធឿន វុទ្ធី ដែលជាអ្នកនិពន្ធដ៏ក្មេងខ្ចីម្នាក់ គឺក្មេងយកតែមែនទែន តែទឹកដៃនិពន្ធចាស់ទុំ និងប្រៀបបានជាស្នាដៃដែលពេញដោយបទពិសោធន៍មួយ ដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងមិននឹកស្មានទាល់តែសោះថា ប្អូនប្រុសម្នាក់នេះអាចសរសេររឿងបានល្អិតល្អន់ និងស៊ីជម្រៅដល់ថ្នាក់នេះ។ គាត់សរសេរសាមញ្ញៗ ខ្លីៗ តែគ្រប់ពាក្យពេចន៍សុទ្ធសឹងដិតដាម ជ្រួតជ្រាបដោយមនោសញ្ចេតនាស៊ីជម្រៅ។ គាត់ជាអ្នកនិពន្ធម្នាក់ដែលពូកែសង្កេត និងពិពណ៌នាពីបុគ្គលិកលក្ខណៈ រូបសម្បត្តិ ការស្លៀកពាក់ សកម្មភាព រួមទាំងអារម្មណ៍របស់តួអង្គបានច្បាស់លាស់ និងស៊ីជម្រៅ។ គ្រប់យ៉ាងសុទ្ធសឹងតែដូចការពិតទាំងអស់។ ខ្ញុំក៏ធ្លាប់អានរឿង «អារក្សខ្មៅ» របស់គាត់ដែរ តែបានតែ ៤,៥វគ្គ ក៏ទុកសិនព្រោះរវល់ពេក និងបានត្រឹមនឹកស្ងើចសរសើរថា ជាស្នាដៃល្អមួយ។ បើប្រៀបធៀបនឹងរឿង «ទេពច្យុតក្លែងក្លាយ» គឺប្រៀបធៀបមិនកើតទេ ព្រោះរឿងទាំងពីរស្ថិតនៅក្នុងប្រភេទផ្សេងគ្នា។

អ្វីដែលខ្ញុំអត់សរសើរមិនបាននៅក្នុងស្នាដៃរឿង «ទេពច្យុតក្លែងក្លាយ» គឺអ្នកនិពន្ធសរសេរ និងរៀបចំឆ្អឹងរឿងបានល្អិតល្អន់ខ្លាំងណាស់។ អ្នកនិពន្ធមិនដែលភ្លេចសូម្បីតែកម្ទេចរឿងដ៏ល្អិតល្អោចតូចតាចមួយ តែមានឥទ្ធិពលអាចធ្វើឱ្យរង្គោះរង្គើដល់ផ្ទៃរឿងទាំងមូលបាន។ ជាក់ស្តែងនៅក្នុងឃ្លាមួយអ្នកនិពន្ធបានលើកឡើងថា «…ដើមណូអែលមួយដើមធំនោះ គេយកចេញទៅបាត់ហើយ គ្រាន់តែគេមិនបានយកអនុស្សាវរីយ៍របស់ខ្ញុំ និងមុនិន្ទទៅជាមួយ។ […]» អ្នកខ្លះអាចនឹងគិតថាធម្មតាៗ តែបើគេបានអានរឿងតាំងពីដើមដោយយកចិត្តទុកដាក់ ខ្ញុំគិតថាគេនឹងភ្ញាក់ផ្អើល ហើយគិតថាមិនធម្មតាដូចខ្ញុំដែរ។ និយាយទៅ បើអ្នកនិពន្ធមិនបានដាក់អារម្មណ៍ និងរៀបចំប្លង់រឿងបានល្អិតល្អន់ទេនោះ គាត់អាចមិនបាច់សរសេរពីដើមណូអែលនេះក៏បាន។ គាត់អាចសរសេរពីទេសភាពសួនច្បារ សរសេរពីយប់ងងឹត សរសេរពីអាកាសធាតុដែលអួរអាប់ សរសេរពីមេឃពីផ្កាយ… ឬអ្វីផ្សេងទៀតដែលមិនមែនជាដើមណូអែល ហើយអាចពិពណ៌នាបានរាប់សិបទំព័រផងក៏មិនដឹង។ តែសួរថា សរសេរហើយបានអ្វីមកវិញទេ? សរសេរហើយវាប៉ះទង្គិចអារម្មណ៍អ្នកអាន និងរង្គោះរង្គើដល់ផ្ទៃរឿងទាំងមូលដូចសរសេរពីដើមណូអែលដែលអ្នកនិពន្ធបានបង្ហើប និងបង្ហាញ(តែមិនប្រាប់) ពីខាងដើមមកទេ?

និយាយទៅ គ្រប់យ៉ាងនៅក្នុងស្នាដៃនេះ គាត់ពិតជាធ្វើបានល្អិតល្អន់ខ្លាំងណាស់ មិនថាមនោសញ្ចេតនា មិនថាការដាក់អារម្មណ៍ រួមទាំងទឹកមុខ កាយវិការ និងសកម្មភាពរបស់តួអង្គម្នាក់ៗ។ ក្រៅពីនេះ អ្នកនិពន្ធបានប្រើសិល្ប៍វិធីថ្មីមួយបែបទៀតដែលអ្នកនិពន្ធជំនាន់មុនមិនធ្លាប់ធ្វើ និងមិនហ៊ានធ្វើ តែអ្នកនិពន្ធស្រករក្រោយបានធ្វើច្រើនគ្នាដែរហើយ។ នោះគឺការ ប្រើសិល្ប៍វិធីនិទានបែបបុរសទី១ដែលឆ្លាស់តួអង្គឱ្យនិយាយម្តងម្នាក់។ ចំណុចនេះគាត់ធ្វើបានល្អខ្លាំងណាស់ គឺល្អរហូតហ៊ាននិយាយបានថាឥតខ្ចោះ ឥតចន្លោះ ឥតច្រឡំត្រង់ណាទាល់តែសោះ។ តួម្នាក់ៗចែកអារម្មណ៍គ្នាដាច់ មិនច្រឡំតួ មិនច្រឡំភេទ មិនច្របូកច្របល់បុគ្គលិកលក្ខណៈគ្នា គឺម្នាក់ដឹងម្នាក់ អ្នកណានិយាយ គឺច្បាស់ជាអ្នកនោះ។ នេះជាចំណុចដ៏ពិសេសមួយរបស់អ្នកនិពន្ធ ដែលធ្វើបានយ៉ាងល្អ អត់ស្ងើចសរសេរមិនបាន។

បើនិយាយពីតួអង្គឬ? អ្ហឺម… ខ្ញុំមិនចង់និយាយសោះ ព្រោះបើរំឭកពីរឿងរ៉ាវរបស់ពួកគេ គឺតែងតែធ្វើឱ្យខ្ញុំឈឺគ្រប់ពេលដែលនឹកឃើញ! សូមមិននិយាយពីតួឯកប្រុសទាំងពីរទេ តែសូមនិយាយពីតួអង្គស្រីពីរនាក់វិញគឺ នាថ និងលីកា។ និយាយដល់ចំណុចនេះ ខ្ញុំអត់មិនសរសើរពីអ្នកនិពន្ធមិនបានទៀតហើយ! ហេតុអីក៏ពូកែម្ល៉េះ? ហេតុអីក៏បង្ហាញអារម្មណ៍របស់នាថបានច្បាស់ៗម្ល៉េះ? ខ្ញុំជាមនុស្សប្រុសម្នាក់ ដែលគួរណាស់តែចូលអារម្មណ៍តួប្រុសទាំងពីរនោះជាង តែតាមរយៈសិល្ប៍វិធីបញ្ជ្រាបមនោសញ្ចេតនាដ៏ប៉ិនប្រសប់របស់អ្នកនិពន្ធក៏ធ្វើឱ្យខ្ញុំចូលតួ ស្លុងអារម្មណ៍នឹកអាណិតនាថយ៉ាងដក់ចិត្ត។ ពោលគឺខ្ញុំឈឺចាប់ជំនួសនាថ ហើយពេលអានដល់វគ្គដែលនាងព្យាយាមធ្វើល្អយកចិត្តទុកដាក់ចំពោះមុនិន្ទ គឺខ្ញុំតែងតែនឹកភ័យបុកពោះ បារម្ភខ្លាចក្រែងការពិតនាថបានស្រឡាញ់មុនិន្ទដែរ តែលាក់ទុកក្នុងចិត្ត និងភូតកុហកថានាងមិនស្រឡាញ់គេ តែស្រឡាញ់បុរសផ្សេងវិញ ដើម្បីកុំឱ្យមុនិន្ទរារែកចិត្តក្នុងការស្វែងរកសេចក្តីសុខរបស់គេជាមួយមនុស្សដែលខ្លួនស្រឡាញ់។ និយាយទៅ គឺខ្ញុំបារម្ភខ្លាចនាថលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ ដោយសុខចិត្តបៀមទុក្ខឈឺចាប់តែម្នាក់ឯង។

ចំណែកតួអង្គលីកាវិញ ស្តាយដែលអ្នកនិពន្ធមិនបានផ្តល់ឱកាសឱ្យនាង បានរៀបរាប់អារម្មណ៍ និងរឿងរ៉ាវខ្លួនឯងដល់អ្នកអានជាច្រើន ដែលខ្ញុំជឿថាមិនមែនមានតែខ្ញុំ ដែលរង់ចាំចង់ដឹងពីអារម្មណ៍ និងរឿងរ៉ាវជីវិតរបស់នាងតាមរយៈសម្តីរបស់នាងផ្ទាល់ឱ្យបានលម្អិតជាងនេះ។ ទោះយ៉ាងណា អ្នកនិពន្ធក៏មិនបោះបង់នាងចោលកណ្តោលទីដែរ គឺអ្នកនិពន្ធនៅតែបង្ហាញតួនាទីដ៏សំខាន់របស់នាងនៅក្នុងផ្ទៃរឿងរហូតដល់ចុងបញ្ចប់។ នេះមិនទាន់និយាយពី «ពូម៉ា» អ្នកក្រឡុកស្រាដ៏ពូកែ និងក្មេងប្រុសទុរគតឈ្មោះ «សុជាតិ» ផងទេ ព្រោះបើអ្នកនិពន្ធបំភ្លេចតួអង្គទាំងពីរនេះចោល «ភាពល្អឥតខ្ចោះ» នៃស្នាដៃនេះ នឹងថមថយទៅតាមនោះដែរ។

ខាងលើនេះ ខ្ញុំគ្រាន់តែនិយាយត្រួសៗពីទឹកដៃ និងសិល្ប៍វិធីក្នុងការនិពន្ធប៉ុណ្ណោះ មិនទាន់បាននិយាយពីកំហុសឆ្គងផ្នែកអក្ខរាវិរុទ្ធនៅក្នុងសៀវភៅនៅឡើយទេ។ សៀវភៅមួយក្បាលនេះ មានកំហុសអក្ខរាវិរុទ្ធដោយអន្លើ ដែលខ្ញុំជឿថាពុំមែនជាចេតនារបស់អ្នកនិពន្ធ និងក្រុមផលិតសៀវភៅឡើយ។ អ្នកនិពន្ធ និងក្រុមការងារពិតជាសោកស្តាយដូចគ្នាដែលមានកំហុសឆ្គងទាំងនោះកើតឡើង។ ដូច្នេះខ្ញុំជឿជាក់ថា បើមានការបោះពុម្ពលើកទី២ ឬមានស្នាដៃថ្មីផ្សេងទៀត អ្នកនិពន្ធ និងក្រុមការងារ នឹងខិតខំសម្រិតសម្រាំង ពិនិត្យផ្ចិតផ្ចង់ ព្រមទាំងព្យាយាមកាត់បន្ថយកំហុសឆ្គងទាំងនោះឱ្យបានតិចបំផុត តាមដែលអាចធ្វើទៅបានជាក់ជាពុំខាន។ ដោយក្តីស្រឡាញ់រាប់អាន! 🙂  #ទេពច្យុតក្លែងក្លាយ #ធឿនវុទ្ធី #វិភាគសៀវភៅ #BookReview #ចំណាប់អារម្មណ៍

 

Read Full Post »


តៀម​កាហ្វេ​ផ្តើម​ស្នេហ៍​

O

The last sentence… when I was confused.

កាពូជីណូ

«អាឡូ ម្ចាស់​ចិត្ត​?»

[«អាឡូ ជីណូ សុំ​ទោស​ផង​ ថ្ងៃ​នេះ​​ខ្ញុំ​​ប្រហែល​មិន​អាច​ទៅមើល​កុន​ជាមួយ​បាន​ទេ។»]

«អា… ហេតុ​អី​ទៅ?»

[«មាន​ការងារ​បន្ទាន់​ សុំ​ទោស​ផង​ណ៎ា!»]

«មិន​អីទេៗ ចាំ​មើលថ្ងៃ​ក្រោយ​ក៏​បាន​។»

[«ចុះ​ពេល​នេះ​ ជីណូ​នៅ​ឯណា?»]

«អឺម… នៅ​ផ្ទះ​។»

[«អូខេ… អ៊ីចឹង ប៉ុណ្ណឹង​សិន​ចុះ សុំ​ទោស​ពិត​មែនណ៎ា!»]

«បាទ! Happy 6 months Anniversary ​ណ៎ា បាយៗ។»

[«បាយ… Happy 6 months Anniversary!»]

«ស្រឡាញ់​ណ៎ា!»

[«បាទ…»]

ទូតៗ…

សុំ​ទោស​​ផង​ ផ្កាយ! ការ​ពិត​ខ្ញុំ​កុហក…​ ពេល​នេះ​ខ្ញុំ​បាន​មក​ដល់​​មុខ​រោង​កុន​ទៅ​ហើយ។ គួរ​ឲ្យ​ស្តាយ​ណាស់ ថ្ងៃ​គម្រប់​ខួប​៦​ខែ​ បែរ​ជា​មិន​បាន​ជួប​គ្នា​។ រយៈ​ពេល​​ប៉ុន្មាន​ខែ​កន្លង​មក​​នេះ​ គេ​ដូច​ជា​រវល់​ខ្លាំង​ណាស់។ ថ្ងៃ​ខ្លះ​ ក៏​មិន​បាន​មក​រក​ខ្ញុំ​ បើ​មិន​អ៊ីចឹង​ក៏​មិន​បាន​ទាក់​ទង​មក​ខ្ញុំ​សោះ​… មាន​រឿង​អី​ទេ​ដឹង?

ខ្ញុំ​ឈរ​ម្នាក់​​ឯង​ នៅ​មុខ​រោង​កុន​ លេជេន ក្នុង​ផ្សារ​ស៊ីធី​ម៉ល​។ សង្សារ​ក៏​មិន​មក​ កក់​សំបុត្រ​រួច​ទៀត​ ធ្វើ​យ៉ាង​ម៉េច​ល្អ​?… ហៅ​មិត្ត​ភក្តិ​មក​មើល​ជា​មួយ​សិន​ល្អ​ជាង​។ ខ្ញុំ​លូក​យក​ទូរស័ព្ទ​ដៃ​​ចេញ​ពី​ហោប៉ៅ​ រួច​ខល​រក​មិត្ត​ស្និទ្ធ​ស្នាល​របស់​ខ្ញុំ​។

«អាឡូ!»

«ហេ វិបុល ឯង​ទំនេរ​ទេ?»

«អឺ ទំនេរ​តើ យ៉ាង​ម៉េច?»

«មក​មើល​កុន​ជាមួយ​យើង​បន្តិច​មើល៍!»

«អារម្មណ៍​ស្អី​ឯង​ មក​បបួល​យើង​មើ​លកុន?»

«សង្សារ​យើង​រវល់​ ហើយ​យើង​ក៏​បាន​កក់​សំបុត្រ​រួច​ហើយ​ដែរ​ ឯង​នៅ​ជិត​ជាង​គេ​បំផុត​ មក​មើល​ជាមួយ​យើង​បន្តិច​មក៍!»

«អឺៗ ចាំ​យើង​ទៅ! ស្អីទេ រញ៉េ​រញ៉ៃ​​ដល់​ហើយ!»

«អឺ លឿនៗ​ឡើង​វ៉ឺយ!»

«អឺម បាយ​ ជួប​គ្នា​បន្តិច​ទៀត​!»

«អឺ បាយ!»

ទូតៗៗ…

ទម្រាំ​តែ​អូស​ក្បាល​វា​​ចេញ​មក​បាន ចង់​យ៉ាប់​ ហ៊ឺយ!!​ >_<!! ខ្ញុំ​បបួល វិបុល មិត្ត​នៅ​ក្នុង​ក្រុម​របស់​ខ្ញុំ​ម្នាក់​ ដែល​មាន​ផ្ទះ​នៅ​ក្បែរ​នេះ​​។ ខ្ញុំ​និង​វា​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា លុះ​ចូល​មហាវិទ្យាល័យ ​ក៏​ផ្លាស់​ទៅរៀន​កន្លែង​ផ្សេង​គ្នា​ តែ​ក៏​នៅ​ទាក់​ទង​គ្នា​រហូត​ ព្រោះ​វា​​មាន​និស្ស័យ​ល្អ​។ ខ្ញុំ​ប្រឹក្សា​ជាមួយ​វា​ស្ទើរ​តែ​គ្រប់​រឿង​ ​​ហើយ​ត្រូវ​វា​បង្អាប់​រាល់​តែ​លើក​ហ្នឹង​ តែ​យ៉ាង​ណា​វា​​នៅ​តែ​ជា​មិត្ត​សំខាន់​ម្នាក់​របស់​ខ្ញុំ​។

ចាំ​មិន​យូរ​ប៉ុន្មាន​ មនុស្ស​​ក្បាល​ក្រហម​ក៏​ដើរ​មក​ដល់​។ សក់​លាប​ពណ៌​ឆើត​ចម្លែក​ខុស​គេ​ ហើយ​ក៏​មិន​ខ្ចី​សិត​ទៀត ពាក់​អាវ​យឺត​ដៃ​វែង​ឆ្នូត​​​លឿង​ និង​ស្លៀក​​ខោរឹបខ្មៅ​ធម្មតាៗ។​ តែ​មើល​​មុខ​វា​ចុះ​ ​ដូច​ជា​ទើស​ទាល់​ណាស់ ​ដែល​ត្រូវ​ខ្ញុំ​អូស​ចេញ​មក​ដូច្នេះ​​។

«ម៉េច​ ជីណូ?»

ដៃ​វែង​ចាប់​រលាក់​ដៃ​ខ្ញុំ​ជា​ការ​រាក់​ទាក់​។

«ល្អ​ណាស់​ ដែល​មក!»

«កុន​លេង​ម៉ោង​ប៉ុន្មាន?»

«១២​កន្លះ។»

«អាក្របី​ ឯង​ហៅ​យើង​មក​ធ្វើ​អី ទើប​តែ​ម៉ោង​១១​ហ្នឹង?»

«​ព្រោះ​យើង​មិន​ចង់​ឈរ​ម្នាក់​ឯង​! នែ៎ យើង​ខំចេញ​សំបុត្រ​​កុនឲ្យ​​ហើយ​​ នៅ​​រអ៊ូអី​ទៀត!»

«មិន​រអ៊ូ​ក៏​បាន​ដែរ តែ​យើង​ឃ្លាន ឥឡូវ​ទៅ​រក​អី​​ញ៉ាំ​សិន​!»

«អឺម ថ្លៃ​បាយ​ ឯង​ចេញ​ដោយ​ខ្លួន​ឯង​វ៉ឺយ!»

«យើង​ដឹង​ហើយ ស៊ី​ប៊ឺ​ហ្គ័រ​ក៏​បាន​ដែរ ទៅលឿន​ឡើង!»

ខ្ញុំ​ដើរ​តាម​វា​ទៅ​ហាង​ហ៊ែម​ប៊ឺហ្គ័រ​ដែល​នៅជិត​នោះ​។ ហ៊ឺម… បើ​ផ្កាយ​​មក​ជាមួយ​ មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ នឹក​ដល់​ហើយ!​ T_T

នៅ​ក្នុង​ហាង​ មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ ​ល្មម​អាច​​រក​​កន្លែង​​អង្គុយ​បាន​​។ ខ្ញុំ​និង​វិបុល ​កម្មង់​អាហារ​ដោយ​ឡែក​ពី​គ្នា​ម្នាក់​មួយ​ឈុត​ រួច​ដើរ​មក​អង្គុយ​​ជាមួយ​គ្នា​នៅ​​​តុ​។

«ប្លែកៗ​វ៉ឺយ មក​អង្គុយ​ស៊ី​អី​ជាមួយ​មនុស្ស​បុរស​ដូច​គ្នា!»

«​ក្រែង​សំណប់​ចិត្ត​​​របស់​ឯង​ក៏​ប្រុស​ដែរ​ មែនទេ?»

«អឺ មែន​ហើយ តែ​មិន​ពាក់​ព័ន្ធ​ទេ សង្សារ​យើង​ស្អាត!»

មាត់​ទំពា​បណ្តើរ​និយាយ​បណ្តើរ​ពី​ភាព​ស្រស់​ស្អាត​របស់​សង្សារ​ខ្លួន​ឯង​។ គួរ​ឲ្យ​ជិន​​ឫក​​វា​មែនទែន​។

«ផ្កាយ​ ចុះ​ជាមួយ​សង្សារ​ឯង​ យ៉ាង​ម៉េច​ដែរ?»

«មិន​ដឹង​ទេ មួយ​រយៈ​នេះ​មិន​សូវ​បាន​ជួប​គ្នា​ប៉ុន្មាន​ផង​។ និយាយ​ទៅ​ថ្ងៃ​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​របស់​យើង​និង​គេ​​ តែ​គេ​ប្រាប់​ថា​ជាប់​រវល់​។»

«​ឯង​អស់​អី​ប្រូ​ទេ​ដឹង​ បាន​ជា​គេ​មិន​សូវ​មក​រក​ឯង?»

«ប្រូ​អី យើង​គ្មាន​ប្រូបូរ​បាច់​អីទេ យើង​ល្អ​ជាមួយ​គេ​ស្មើ​ចុង​​ស្មើ​ដើម!»

ទ្រឺត…

ទូរស័ព្ទ​ដៃ​របស់ខ្ញុំ​ញ័រ​នៅ​ក្នុង​ហោប៉ៅ​ខោ។​ ​ខ្ញុំ​ប្រញាប់​លូក​​មក​មើល​…

[វិសាល]

«អាឡូ!»

[«អាឡូ ឯង​នៅ​ឯណា?»]

«នៅស៊ីធី​ម៉ល!»

[«ចុះ​សង្សារ​ឯង?»]

«មិន​​ដឹង​ទេ អត់​​នៅ​ជាមួយ​គ្នា​ផង។»

[«សង្សារ​ឯង​ គឺ​ម្នាក់​ដែល​ភ្នែក​ធំៗ​ មាឌ​ល្អិត​ នោះ​ មែនទេ?»]

«អឺ មែន​ហើយ ហេតុអី?»

[«យើង​នៅ​ប្រោន​កាហ្វេ ឃើញ​មនុស្ស​មុខដូច​សង្សារ​របស់​ឯង ​នៅ​ជាមួយ​មនុស្ស​​ប្រុស​ម្នាក់​ រាង​ខ្ពស់​សង្ហា ភ្នែកធំៗ​ កំពុង​អង្គុយ​ផឹក​កាហ្វេ​ជាមួយ​គ្នា​ មើល​ទៅដូចជា​ផ្អែម​ល្ហែម​ណាស់។»]

«ហាសហាស… ចំណាំ​មនុស្ស​ច្រឡំ​ទេដឹង?»

[«មិន​ច្បាស់​ដែរ តែ​ចាំ​យើង​ថត​រូប​ ហើយ​ផ្ញើ​ទៅ​ឲ្យ​មើល។»]

«អ្ហឺម… ធ្វើ​ម៉េច​ធ្វើ​ទៅ!»

មិត្ត​ពូកែ​សម្តី​​ដូច​យ៉ាង​ វិសាល​ ដាក់​ទូរស័ព្ទ​ចុះ​ តែ​មិន​យូ​រ​ប៉ុន្មាន​ សារ​​រូប​ភាព​មួយ​ក៏​​ផ្ញើ​មក​ដល់​​ខ្ញុំ​។

«មាន​រឿង​អី?»

«វិសាលផ្ញើ​រូប​មក​ឲ្យ​​មើល​ វា​ប្រាប់​ថា ​ឃើញ​សង្សារ​យើង​ឈរ​ជាមួយ​មនុស្ស​ប្រុស​មក​ពីណា​ក៏​មិន​ដឹង​នៅ​ប្រោន​។»

«ឯណា យក​មក​មើល​មើល៍!»

វិបុ​ល ​ដែល​កំពុង​ញាប់​មាត់​​ញ៉ាំ​ដំឡូង​បារាំង​​​ យក​ទូរស័ព្ទ​ខ្ញុំ​ទៅ​មើល​ដោយ​មិន​ខ្វល់​អ្វី​ច្រើន​​។

«អឺ ដូច​ដែរ​តើ!»

វិបុល ហុច​ទូរស័ព្ទ​មក​ឲ្យ​ខ្ញុំ​វិញ​។

រូប​ដែល​ខ្ញុំ​ទទួល​បាន​ ថត​ចេញ​​ពី​ជ្រុង​ម្ខាង​នៃ​ហាង​ ​ តែ​ក៏​ល្មម​​អាច​​មើល​ច្បាស់​​។ បុរស​មាឌ​ល្អិត​នៅ​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស​ សក់​ពណ៌​ត្នោត​ ភ្នែក​ធំៗ​កំពុង​អង្គុយ​ផឹក​កាហ្វេ​​ ញញឹម​ដាក់​​បុរស​ម្នាក់​ទៀត​​ដែល​អង្គុយ​​ក្បែរ​។ បុរស​ម្នាក់​នោះ​​ខ្ពស់​សង្ហា​ ​សក់​ពណ៌​ត្នោត​ ពាក់​អាវ​យឺតស​​ និង​ស៊ក​អាវ​រងា​ពណ៌​ផ្ទៃមេឃ​ពី​ក្រៅ​។ ខ្ញុំ​ទទួល​ស្គាល់​ថា បុរស​មាឌ​ល្អិត​ក្នុង​រូប ​ដូច​ផ្កាយ​​របស់​ខ្ញុំ​ខ្លាំង​ណាស់​… ចុះ​អា​​​មនុស្ស​ប្រុស​​ដែល​អង្គុយ​ក្បែរ​គេ​នោះ​ជា​នរណា?… មិត្ត​ភក្តិ? ហ្វែន​សៀវភៅ? ច្បាស់​​ជា​មិត្ត​ហើយ​…

ខ្ញុំ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ខោ​វិញ​ និង​​សម្រេចចិត្ត​ឈប់​ញ៉ាំ​ប៊ឺ​ហ្គឺ​ដែល​នៅ​សល់​។ ចិញ្ចើម​ខ្ញុំ​ជ្រួញ​ចូល​គ្នា​​ ព្រម​ជាមួយ​សំណួរ​ជា​ច្រើន ​ដែល​វិល​វ​ល់​ក្នុង​ខួរ​ក្បាល​​… តើ​អា​​ម្សៀ​​នោះ​ជា​នរណា?

…ល្ងាច​ថ្ងៃ​នោះ…

«​រឿ​ងកុន​​នេះ​ល្អ​​មើល​តើ​​ ឯង​ថា​អ៊ីចឹង​ទេ​ ជីណូ?… ជីណូ… ជីណូ!»

«អ្ហ៎ា?  អឺ… អឺម មែន​ហើយ​ ពោត​លីង​នៅ​ទី​នេះ​ឆ្ងាញ់​ណាស់។»

«ឯង​ស្តាប់​អ្វី​ដែល​យើង​និយាយ​ទេ​នៀក​? ប្រាកដ​ជា​អត់ហើយ​… ឯង​បាន​មើល​រឿង​អត់? តាំង​ពី​វិសាល​​ផ្ញើ​រូប​មក​ឲ្យ​ឯង​ ឯង​ក៏​បាត់​មាត់​បាត់​ក​ដូច​ឆ្កែ​ឈឺ​អ៊ីចឹង!»

«អឺ… យើង​មិន​អី​ទេ។»

«​កុំ​គិត​ច្រើន​អី គ្មាន​រឿង​អី​នោះទេ!»

«អឺៗ អ៊ីចឹង​ យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ បែក​គ្នា​ត្រឹម​នេះ​ចុះ។»

«អឺ អរគុណ​ណាស់​ដែល​បាន​ចេញ​សំបុត្រ​កុន​ឲ្យ!»

«បាយ…»

«បាយ… កុំ​គិត​ច្រើន​ពេក​វ៉ឺយ!»

ខ្ញុំ​ញញឹម​តប​វិញ​ទាំង​មិន​សម​ ព្រម​ទាំង​បក់​ដៃ​លា​ឲ្យ​មិត្ត​របស់​ខ្ញុំ​ មុន​នឹង​ហៅ​​​តាក់​ស៊ី​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​… ម្នាក់​ឯង​។

មែន​ហើយ… ​គ្មាន​រឿង​អី​ទេ តែ​បើ​ទៅ​ជាមួយ​មិត្ត​ភក្តិ​ គួរ​​ណាស់​តែ​​ប្រាប់​ឲ្យ​ត្រង់ៗ​ក៏​បាន​ មិន​​បាច់​កុហក​ថារវល់​ទេ។ ប្រហែល​គេ​​ខ្លាច​ខ្ញុំ​ខឹង​ទេ​ដឹង?​ តែ​ទាក់​ទង​​គ្នា​​មក​ដល់​ថ្នាក់​នេះ​ហើយ​ គួរ​ណាស់​តែ​ដឹង​ហើយ​ថា ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​​ង៉ក់​ងរ​ងាយៗ​នោះ​​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ធ្លាប់​ខឹង​គេ​ដែរ​​។ មិនតែ​ប៉ុណ្ណោះ​ ៦​ខែ​កន្លង​មក​នេះ​ ខ្ញុំ​តែង​តែ​​ធ្វើ​ល្អ​ជាមួយ​គេ​រហូត។ ដូច្នេះ​គេ​ប្រហែល​ជា​មិន​ក្បត់​ខ្ញុំ​ទេ… មែន​ហើយ​ ប្រហែល​ជា​មាន​ការ​ងារ​រវល់ ​ជា​មួយ​មិត្ត​ភក្តិ​ក៏​ថា​បាន​ កុំ​គិត​ច្រើន​អី​​ជីណូ គ្មាន​​​ស្អី​ទេ…

សំណួរ​ និង​ពាក្យ​លួង​លោម​ចិត្ត​ខ្លួន​ឯង​ជា​ច្រើន ​លេច​ឡើង​ពេញ​ក្បាល​របស់​ខ្ញុំ​គ្រប់​ពេល​ មិន​ថា​ពេល​ដើរ​ អង្គុយ​ ងូត​ទឹក​ មើល​ទូរទស្សន៍​ ឬ​ពេល​គេង​។ រូបថត​មួយ​សន្លឹក​​នោះ​ នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​វិល​វល់​ពេញ​មួយ​យប់​ រហូត​ភ្ញាក់​ឡើង​ទទួល​​ថ្ងៃ​ថ្មី​… ថ្ងៃ​ដែល​មិន​ស្រស់​ថ្លា​ដូច​សព្វ​មួយ​​ដង​ រហូត​ដល់​ល្ងាច​ថ្ងៃ​នោះ​។

ទ្រឺតៗ…

ទូរស័ព្ទ​ខ្ញុំ​ញ័រ​នៅ​លើ​ថត​ក្បាល​ដំណេក ​រង់​ចាំ​ឲ្យ​ខ្ញុំ​ទទួល​។ តើ​ជា​ផ្កាយ​​ ឬ​មិន​មែន?

[អ្នក​ចាត់​ការ​]

ខ្ញុំ​ខក​ចិត្ត​តិចៗ ​នៅពេល​​ឈ្មោះ​ដែល​លេច​ឡើង​នៅ​លើ​​អេ​ក្រង់​ទូរស័ព្ទ ​មិន​មែន​​ជា​ឈ្មោះ​របស់​ម្ចាស់​ចិត្ត​​ខ្ញុំ​។

«ជម្រាប​សួរ​ចៅហ្វាយ!»

«ជីណូ​ ខ្ញុំ​មាន​រឿង​ឲ្យ​ឯង​​ជួយ​បន្តិច​ណ៎ា!»

«បាទ​ អ្វី​ទៅ?»

«គឺ​ថ្ងៃ​ទី​៣​ ខែ​ក្រោយ​ ភាគ​ហ៊ុន​ហាង​របស់​យើង​ នឹង​ទៅ​បើក​សា​ខា​ថ្មី​​​មួយ​ទៀត​​នៅ​ខេត្ត​សៀមរាប។ តែ​​​មួយ​រយៈ​នេះ ​ខ្ញុំ​មិន​ទំនេរសោះ​​ ដូច្នេះ​​ខ្ញុំ​ត្រូវ​ការ​ឯង​​យក​​ឯកសារ​​ទៅ​ចុះ​កុង​ត្រា​​ជំនួស​ខ្ញុំ​​។ ម្យ៉ាង​ទៀត​ ខ្ញុំ​ទុក​ចិត្ត​ឯង​ជាង​គេ​ ចាំ​ខ្ញុំ​ចេញ​ថ្លៃ​​សំបុត្រ​យន្ត​ហោះ និង​កន្លែង​ស្នាក់​នៅ​ឲ្យ​។ ជួយ​ខ្ញុំ​បន្តិច​ទៅ ជីណូ!»

សំឡេង​ថ្ងូរ ​របស់​បុរស​វ័យ​កណ្តាល​ ដែល​ជា​ម្ចាស់​ហាង​ដែល​ខ្ញុំ​កំពុង​ធ្វើ​ និយាយ​​អង្វរ​ក​។ សៀមរាប​​ឬ? គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​តើ!

«ចុះ​ថ្ងៃ​ណា​ខ្លះចៅ​ហ្វាយ?»

«ថ្ងៃ​១៥ ដល់​ ១៨​ ខែ​មិថុនា​។ ថ្ងៃ​ទី​១៥​ ឯង​ត្រូវ​ទៅជួប​ម្ចាស់​ភាគ​ហ៊ុន​ ចំណែក​​​​ថ្ងៃ​នៅ​សល់​ ឯង​អាច​ដើរ​លេង​តាម​សប្បាយ​បាន​។»

១៥ ដល់​ ១៨…? តែ​ថ្ងៃ​ទី​១៦ គឺ​ជា​គម្រប់​ខួប​៧​ខែ​របស់​ខ្ញុំ​ និង​ផ្កាយ​​តើ។ ល្អ​ណាស់ យក​ពេល​នេះ​ទៅ​ហាន់​នីមូន​តែ​ម្តង​ទៅ​! ហិហិ

«​យល់​ព្រម​​លោក​ចៅហ្វាយ​! ប៉ុន្តែ​… ខ្ញុំ​អាច​នាំ​មិត្ត​ភក្តិ​ទៅ​ជាមួយ​បាន​ទេ?»

«បានៗ ចាំ​ខ្ញុំ​ជួយ​ចេញ​ថ្លៃ​យន្ត​ហោះ​ឲ្យ​មិត្ត​​​ភក្តិ​ឯង​ដែរ​​។»

«​ពិត​មែនឬ? អរគុណ​ខ្លាំង​ណាស់!»

«​មិន​អី​ទេ អ៊ីចឹង​ចង់​នាំ​មិត្ត​ភក្តិ​ទៅប៉ុន្មាន​នាក់?»

«​ម្នាក់​! តែ​ម្នាក់​ប៉ុណ្ណោះ។»

«អូខេ! ចាំ​ខ្ញុំ​ឲ្យ​លេខា​កក់​សំបុត្រ​យន្ត​ហោះ​ឲ្យ​២​កន្លែង​ ហើយ​ជួប​គ្នា​​នៅ​ព្រលាន​​​យន្ត​ហោះ ​ចាំ​ខ្ញុំ​យក​ឯកសារ​ទៅ​ឲ្យ​នៅទីនោះ​ អរគុណ​ខ្លាំ​ង​ណាស់​ជីណូ។»

«បាទ​ អរគុណ​លោក​ចៅ​ហ្វាយ​ដូច​គ្នា​​។»

«សំណាង​ល្អ!»

ទូតៗៗ…

វ៉ៅ… សំណាង​ដល់​ហើយ ​ដែល​បាន​ធ្វើ​ការ​ជាមួយ​មនុស្ស​ចិត្ត​ល្អ​​បែប​នេះ​។ អរគុណ​​លោក​ប៉ា ​ដែល​មាន​​មិត្ត​ភក្តិ​​ល្អ​ៗ​បែប​នេះ​។ ណ្ហើយ​ ចាំ​ជួប​​ផ្កាយ​​ល្ងាច​នេះ​ ហើយ​​ចាំ​បបួល​គ្នា​។ ផ្កាយ​​ច្បាស់​ជា​​ត្រេក​អរ​មិន​ខាន​។ សួរ​សិន​ល្អ​ជាង​​ថាមក​ហាង​កាហ្វេ​ឬ​អត់​។ ខ្ញុំ​ចុច​ទូរស័ព្ទ​ដៃ​ដោយ​ក្តីរំភើប​​ទៅកាន់​​ ផ្កាយ​​ មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​តាមឡាញន៍។

(Cappuccino: ផ្កាយ​​ ថ្ងៃ​នេះ​មក​ហាង​ទេ?)

(Phkay: អឺម ទៅ!)

(Cappuccino: អ៊ីចឹង​ចាំ​ជួប​គ្នា​ណ៎ា ម្ចាស់​ចិត្ត​! ^^)

…គេ​មិន​តប​​មក​ខ្ញុំ​វិញសោះ​ ​ទោះ​ជា​អាន​ហើយ​ក៏​ដោយ​… ណ្ហើយ​ ទៅ​ងូត​ទឹក​ត្រៀម​ទៅ​ធ្វើ​ការ​វិញ​​ល្អ​ជាង​។ ខ្ញុំ​ងូត​ទឹក​សម្អិត​សម្អាង​ខ្លួន​​យ៉ាង​ស្អាត​ ស្លៀក​ពាក់​​ឯកសណ្ឋាន​​របស់​ហាង​​យ៉ាង​សម​សួន ហើយ​ក៏​មិន​ភ្លេច​ ស៊ក​អាវ​​ពី​ក្រៅ​ថែម​មួយ​ជាន់​​​ទៀត​ដែរ​ មុន​នឹង​​ចេញ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ដើម ​​ដែល​ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ជា​ទី​បំផុត​។

???????????????????????????????

ម៉ោង​ដប់​ហើយ ហាង​នៅ​តែ​ដូច​ដើម​ដូច​រាល់ៗ​ថ្ងៃ​ គ្មាន​មនុស្ស​ មាន​តែ​ខ្ញុំ​ម្នាក់​ឯង​នៅ​ក្នុងហាង​ ​ជាមួយ​បទ​ភ្លេង​ដែល​ប្រគំតិចៗ​ រង់​ចាំ​ឲ្យ​មនុស្ស​ម្នាក់​បើក​ទ្វារ​ចូល​មក​។

គ្រឺងៗ…

«មក​ដល់​ហើយ​ឬ ម្ចាស់​ជីវិត​?»

«អឺម មាន​រឿង​អ្វី មែនទេ?»

មនុស្ស​មាឌ​ល្អិត​ គួរ​ឲ្យ​ស្រឡាញ់​ដើរ​ចូល​មក​ក្នុង​ហាង​។ បបូរ​មាត់​ស្តើង​ញញឹម​​ស្រាល​ដាក់​ខ្ញុំ។ ហេតុ​អ្វី​គេ​​ដូចជា​មិន​រីករាយ​សោះ?… ឬ​មួយ​មិន​ចង់​ជួប​ខ្ញុំ?​

«អា… អង្គុយ​សិន​ទៅ ចាំ​ខ្ញុំ​យក​កាពូជីណូ​មក​ឲ្យ​។»

«អត់​ទេ​ ថ្ងៃ​នេះ​ចង់​ប្តូរ​រស​ជាតិ ចង់​ផឹក​ឡាតេវិញ!»

«ម៉េច​អ៊ីចឹង?»

«…»

ផ្កាយ​​មិន​តប​អ្វី​មក​ខ្ញុំ​។ វា​ជា​រឿង​ចម្លែក​ដែល​គេ​​ប្តូរ​មក​ផឹក​ឡាតេ ព្រោះ​តាំង​ពីស្គាល់​គេ​មក​ ខ្ញុំ​ឃើញ​គេ​ផឹក​​តែ​កាពូជីណូ​ប៉ុណ្ណោះ។ ​គេ​​ដើរ​ទៅ​អង្គុយ​នៅ​តុ​ដដែល​ យ៉ាង​ស្ងៀម​ស្ងាត់​។ ភ្នែក​ធំ​សម្លឹង​ចេញ​ទៅ​ក្រៅ​បង្អួច ​យ៉ាង​អណ្តែង​អណ្តូង។​ គ្មាន​ស្នាម​ញញឹម​ដូច​ដែល​ធ្លាប់​មាន។ គ្មាន​ខ្សែ​ភ្នែក​ដែល​បញ្ជាក់​ថា ​មានសេចក្តី​សុខ។ គ្មាន​​អ្វី​ដូច​ដើម​សោះ…

ខ្ញុំ​ធ្វើ​ឡាតេតម្រូវ​ចិត្ត​គេ​​ មុន​នឹង​យក​ទៅ​ជូន​គេ​នៅ​តុ​ ហើយ​អង្គុយ​ចុះ​ទល់​មុខ​​គ្នា​​។

«សុខ​សប្បាយ​ទេ ផ្កាយ​?»

«អ… អឺម សុខ​ធម្មតា​ សុំ​ទោស​ផង​ ដែល​ម្សិលមិញ​មិន​បាន​ទៅជួប​។»

«មិន​អីទេ…»

គ្រាន់​តែ​ឮ​​ពាក្យ​ថា «ម្សិល​មិញ​» រូប​ភាព​របស់​ផ្កាយ​​ និង​បុរស​​មិន​ធ្លាប់​ស្គាល់​ម្នាក់​នោះ​ក៏លេច​ឡើង​ក្នុង​ខួរ​​ក្បាល​ខ្ញុំ​​ជា​ថ្មី។ តែ​ជីណូ…​ នេះ​មិន​មែន​ជា​ពេល​ដែល​ឯង​ត្រូវ​​មក​កើត​ទុក្ខ​នឹង​រឿង​ចាស់​ទេ។ ឯង​មាន​រឿង​ផ្សេង​​ ដែល​ត្រូវ​និយាយ​ប្រាប់​ផ្កាយ​!

«អឺ… ផ្កាយ​​ គឺ​ខែ​ក្រោយ​ ចៅហ្វាយ​​នឹង​ឲ្យ​ខ្ញុំ​ទៅ​ពិនិត្យ​មើល​សាខា​នៅ​សៀមរាប​​ គឺ​នៅ​ថ្ងៃ​ទី ១៥ ដល់​ ១៨។ ខ្ញុំ​ក៏​ចង់​បបួល​ផ្កាយ​​ទៅជាមួយដែរ​​ នឹង​បាន​ឆ្លង​ខួប​៧​ខែ​របស់​យើង​ផង​​… ទៅជាមួយ​​គ្នា​ទេ?»

«ចុះ​ថ្លៃ​សំបុត្រ​យន្ត​ហោះ…»

«​គឺ​ចៅ​ហ្វាយ​ខ្ញុំ​នឹង​ចេញ​ឲ្យ​ទាំង​អស់​ ផ្កាយ​​មិន​បាច់​បារម្ភ​ពី​រឿង​នេះ​ទេ។»

«អូ… មែនឬ?»

ទ្រឺត…

សំឡេង​ទូរស័ព្ទ​របស់​ផ្កាយ​ លាន់​ឡើង​ពី​ក្នុង​ហោប៉ៅ​។ ខ្សែ​ភ្នែក​របស់ខ្ញុំ​ក្រឡេក​​ទៅ​ឃើញ​ឈ្មោះ​របស់​​អ្នក​ដែល​ខល​មក​​ម្ចាស់​ចិត្ត​ខ្ញុំ​​។

[ឡាតេ]

«​សុំ​ទោស​ផង​ជីណូ ចាំ​ខ្ញុំ​ប្រាប់​ចម្លើយ​ពេល​ក្រោយ​ណា ពេល​នេះ​ខ្ញុំ​មាន​ការ​​ត្រូវ​ប្រញាប់​ទៅ​ហើយ​​! បាយៗ ជួប​គ្នា​ពេល​ក្រោយ…»

គេ​ប្រញាប់​ប្រញាល់​ក្រោក​ចេញ​ពី​តុ​ ទទួល​ទូរស័ព្ទ​ហើយ​ចេញ​ទៅ​ខាង​ក្រៅ​យ៉ាង​រហ័ស​ ទុក​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​សំឡេង​គ្រឺងៗ​ដែល​ជា​សញ្ញា​ថា មនុស្ស​ម្នាក់​បាន​ចេញ​ទៅ​ហើយ​។ ឡាតេនៅសល់​ដដែល​ មិន​ឡើង​មិ​នចុះ​ ខុស​ពីសេចក្តី​សុខ​របស់​ខ្ញុំ​ដែល​ថយ​ចុះ​ និង​សេចក្តីទុក្ខ​ដែល​ឡើង​ទ្វេ​… តើ​មាន​រឿង​​អី​ផ្កាយ​​ ហេតុ​អ្វី​… ប្រែ​ប្រួល​ដល់​ថ្នាក់​នេះ?

រាត្រី​ដ៏​ស្ងប់​ស្ងាត់​ លាក់​កំបាំង​​រូប​ខ្ញុំ​ទុករហូត​ដល់​ពេល​​ជិត​ចេញ​ពី​ធ្វើ​ការ​។ ទូរស័ព្ទ​​ដៃ​របស់​ខ្ញុំ​ញ័រ​ ជា​សញ្ញា​ប្រាប់​ថា មាន​មនុស្ស​ផ្ញើ​សារ​មក។​ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ គឺ​អ្នក​ដែល​ផ្ញើ​មក​ជា​​ម្ចាស់​ជីវិត​​របស់​ខ្ញុំ​ និង​កាន់​តែ​សប្បាយ​ចិត្ត​ទៅ​ទៀត​នៅពេល​ឃើញ​​គេ​សរសេរ​ថា…

(Phkay: សរុប​មក… ​គឺ​អាច​ទៅ​បាន​! ចេញ​ពី​ធ្វើ​ការ​ហើយ​ មែនទេ? ត្រឡប់​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព​ណ៎ា!)

យេស!! តែ​ប៉ុណ្ណេះ​បាន​ទៅ​ហាន់​នី​មូន​ហើយ​! ផ្កាយ​​របស់​ខ្ញុំ​គួរ​ឲ្យ​ស្រឡាញ់​បំផុត​~!!

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


Menu Coffee

L

The last sentence…when we are in love.

គ្រឺង​ៗ!!

​កំលោះ​ដែល​ឈរ​នៅ​ខាង​ក្រោយ​តុ​បេឡា ចោល​ខ្សែ​ភ្នែក​ងាក​មក​​មើល​តាម​សំឡេង​កណ្តឹង​​។ ស្នាម​ញញឹមនោះ​​សែន​កក់​ក្តៅ​ និង​ពោរ​ពេញ​ដោយ​ភាពរីករាយ។​ ជា​ស្នាម​ញញឹម​ដែល​ខ្ញុំ​​បាន​ទទួល​​ចំនួន​ពីរ​អាទិត្យ​កន្លង​មក​ហើយ។​​ ពីរ​អាទិត្យ​ដែល​ខ្ញុំ​មក​ទីនេះ​រាល់​ថ្ងៃ​ ពីរ​អាទិត្យ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​បុរស​​ម្នាក់​នេះ​ និង​ពីរ​អាទិត្យ​… ដែល​បេះ​ដូង​ខ្ញុំ​ចាប់​ផ្តើម​ញាប់​ញ័រ​។

«សួស្តី​ ជីណូ!»

«សួស្តី! ចូល​មក​ខាង​ក្នុង​សិន​មក៍ ខាង​ក្រៅ​ត្រជាក់​ណាស់​ ភ្លៀង​​រលឹម​ដូច្នេះ​​។»

បុរស​រាង​ខ្ពស់​​ដើរ​យ៉ាង​ប្រញាប់​ប្រញាល់​​មក​រក​ខ្ញុំ​។ ស្នាម​ញញឹម​ដែល​លេច​ឡើង​លើ​ផ្ទៃ​មុខ​​របស់​គេ​ ធ្វើ​ឲ្យ​ខ្ញុំ​​ទទួល​អារម្មណ៍​កក់​ក្តៅ​​ភ្លាម​មួយ​រំពេច​ ផ្ទុយ​នឹង​អាកាស​ធាតុ​ខាង​ក្រៅ​ដែលកំពុង​មាន​ភ្លៀង​រលឹម​ស្រិចៗ។

«ពង​ចៃ​ពេញ​ក្បាល​ ជូត​ចេញ​ទៅ​​ ប្រយ័ត្ន​ឈឺ​ណ៎ា!»

ដៃ​មាំ​របស់​គេ​​បោស​លម្្អង​ភ្លៀង​ដែល​ទើ​លើ​សក់​ខ្ញុំ​​យ៉ាង​ស្រាល​ដៃ​។ ហេតុ​អ្វី​ហ៎្ន… គ្រប់​ពេល​ដែល​ឃើញ​ ខាភូស៊ីណូ​ ខ្ញុំ​តែង​តែញាប់​ញ័រ​បែប​នេះ​?​ ហេតុ​អ្វី ខ្ញុំ​ចង់បញ្ឈប់​ពេល​វេលា​ឲ្យនៅ​ទ្រឹង​ត្រង់​នេះ​? ហេតុ​អ្វី… ខ្ញុំ​ទទួល​អារម្មណ៍​មាន​សេចក្តីសុខ​ខុស​ប្លែក​ពីធម្មតា? ហេតុ​អ្វី​ បេះ​ដូង​ខ្ញុំ​លោត​ខុស​ចង្វាក់?​ គិត​ហើយ​ បាន​ត្រឹម​តែ​ញញឹម​យ៉ាង​ស្ងៀម​ស្ងាត់​​ បណ្តោយ​ឲ្យ​​បុរស​រាង​ខ្ពស់​ បោស​លម្អង​ភ្លៀង​ចេញ​ពី​សក់​ពណ៌​ត្នោត​របស់​ខ្ញុំ​ ទាល់​តែ​ស្ងួត​​អស់​។

«ទៅ​អង្គុយ​សិន​ទៅ​ ចាំ​ខ្ញុំ​យក​កាហ្វេ​ក្តៅ​ៗ​ឲ្យ​​ញ៉ាំ​។»

«អូខេ…»​

​ខ្ញុំ​ដើរ​យឺត​ៗ​ ទៅ​អង្គុយ​នៅ​តុ​ក្បែរ​មាត់​បង្អួច​ដដែល​​។ បរិយាកាស​នៅ​ក្នុង​ហាង​នៅ​រក្សា​សភាព​ដូច​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​មក​ទី​នេះ​។ គ្មាន​មនុស្ស​ មាន​តែ​បទ​ភ្លេង​ប្រគំ​ល្វើយៗ​កំដរ​អារម្មណ៍​​។ ខ្ញុំ​យក​ Macbook មក​បើក​ត្រៀម​សរសេរ​ប្រលោមលោក​​ស្នេហា​បន្ត​។ ខ្ញុំ​ចាប់​ផ្តើម​បាន​ខ្លះៗ​ហើយ​។ អរគុណ ខាភូស៊ីណូ ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​អ្វីៗ​ជា​ច្រើន​អំពី​ស្នេហា​។ តែ​ពេល​នេះ​ចាប់​ផ្តើម​​​ទ័ល​គំនិត​ទៀត​ហើយ​… តើ​គួរ​សរសេរ​អ្វី​បន្ត​ហ្ន៎?

“មក​ដល់​ហើយ​ ខាភូស៊ីណូ​ក្តៅៗ!”​

“អឺម… អរគុណណ៎ា!” ខ្ញុំ​ញញឹម​ដាក់​ជា​ការ​អរគុណ​។ ខាភូស៊ីណូ​ នៅក្នុង​ពែង​ក្តៅ ចុះ​ខាភូស៊ីណូ​នៅខាង​ក្រៅ Hot ដែរ​ឬ​អត់​ហ្ន៎? ^Q^~

ខាភូស៊ីណូ​អង្គុយ​ចុះ​​ទល់​មុខ​ខ្ញុំ​។​

“សរសេររឿង​ដល់​ណា​ហើយ?”

“ហ៊ឺម?… គឺ​បាន​ខ្លះៗ​ហើយ តែឥឡូវ​​ចាប់​ផ្តើម​ទល់​គំនិត​ទៀត​ហើយ!” ខ្ញុំ​សើច​​ដាក់​គេ​យ៉ាង​សោះ​កក្រោះ​។

“អូ! មែន​ហើយ​ គូសង្សារ​មិត្ត​ភក្តិ​ខ្ញុំ​ ពួក​គេ​កំពុង​នាំ​គ្នា​ទៅ​ Date ​ហើយ​ណា!”

“Date?… ដេតអ៊ីចឹងឬ?”

“មែន​ហើយ​ ដេត!”

“ចុះ​ដេត​នេះគេ​ធ្វើ​អី​ខ្លះ​ទៅ?»

«ប្រហែល​ជា… មើល​កុន​ ដើរ​លេង​ ញ៉ាំ​​អាហារ​… គឺ​ប្រហែលៗ​​បែប​នេះ​ឯង​!»

ការ​ Date ​ស្អី​គេ​នេះ​ ស្តាប់​ទៅ​គួរ​ឲ្យ​សប្បាយ​ណាស់​ តែ​​តួ​អង្គ​គួរ​មាន​អារម្មណ៍​បែប​ណា​ខ្លះ​ទៅ? កុំ​ថា​ខ្ញុំ​ល្ងង់​អី​ណា ព្រោះ​មនុស្ស​មិន​ធ្លាប់​មាន​ផង​! T_T

«ចុះ​ពេល​ដេត តើ​គេ​មាន​អារម្មណ៍​បែប​ណា​ខ្លះ?»

ខ្ញុំ​បិទ Macbook ទុក​មួយ​ឡែក​សិន មុន​នឹង​អង្គុយ​ច្រត់​ចង្កា​សម្លឹង​មនុស្ស​ចំពោះ​មុខ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

«ហាហា… សួរ​ត្រូវ​មនុស្ស​ខ្លាំង​ណាស់ ខ្ញុំ​ក៏មិន​ដឹង​ដែរ​ ខ្ញុំ​មិន​ធ្លាប់​មានសង្សារ​ទេ ម៉េច​ក៏​ឆាប់​ភ្លេច​ម្ល៉េះ!»

អឺ​… មែន​ហើយ! ខាភូស៊ីណូសើច​ហាក់​ដូច​ជា​ហួស​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង​។ បើ​អ៊ីចឹង​ តើ​គួរ​ធ្វើ​ដូច​ម្តេច​ល្អ​? ខ្ញុំ​ជ្រួញ​ចិញ្ចើម​សញ្ជឹង​គិត​។ តើ​ធ្វើ​ដូច​ម្តេច​ទើប​ខ្ញុំ​អាច​យល់​ពី​អារម្មណ៍​នេះបាន​?

«អឺ! ធ្វើ​អ៊ីចេះ​ទៅ… ចាំ​ខ្ញុំ​នាំ​ផ្កាយទៅ​ដើរ​លេង​តែ​ម្តង!»

«អ្ហ៎ា?? … បាន​ន័យថា លោក​… លោក​ចង់​នាំ​ខ្ញុំ​ទៅ ដេត​ឬ??»

ខ្ញុំ​បើក​ភ្នែក​ធំៗ​… O.O~ នេះ​​គេ​កំពុង​… បបួល​ខ្ញុំ​ចេញ​ទៅ​ដេត​​អ៊ីចឹង​ឬ??

«អ… អឺ… គឺថា​មិន​ត្រូវ​ដែរ​​ ​គ្រាន់​តែចង់​​ឲ្យ​ដឹង​ថា Date នោះ​ គេ​​ធ្វើ​អ្វី​ខ្លះ!»

«អ៊ីចឹង​ហ៎?»

ខ្ញុំ​ផ្តេក​ខ្លួន​លើ​ធ្នាក់​កៅ​អី​។ ហេតុ​អ្វី​ខ្ញុំ​ទទួល​អារម្មណ៍​រសាប់​រសល់​បែប​នេះ​… តែ​ក៏​​​ល្អ​ម្យ៉ាង​​ដែរ​ បើ​​បាន​ទៅ​ដេត​ជាមួយ​ជីណូ។ ហ៊ឺយ! មិន​មែន​​ទេ​… នេះ​គេ​​មិន​ហៅ​ថា​​​ដេត​ទេ គេហៅ​ថា​ដើរ​​លេង​តើ!! ~.~

«អឺម… អ៊ី​ចឹង​ថ្ងៃ​ណា​ដែរ?»

«​មែនហ៎? ខ្ញុំ​ទំនេរ​… ខ្ញុំ​ទំនេរ​ ថ្ងៃ​សៅ​រ៍ និង​អាទិត្យ តើ​លោក​ទំនេរ​ថ្ងៃ​ណា​ដែរ?»

«អ៊ីចឹង… យក​ថ្ងៃ​សៅរ៍ចុះ ម៉ោង​បី​រសៀល​ល្អ​ទេ?»

«អូខេ ម៉ោង​៣​ណា៎! មែន​ហើយ ថ្ងៃសៅរ៍​នេះ​ នៅ​​ម្តុំ​មាត់​ទន្លេ​​ មាន​គេ​ប្រគំតន្ត្រី​​និង​តាំង​ពិព័រណ៍​ផលិត​ផល​ច្រើន​ណាស់ ព្រោះ​​ជា​ថ្ងៃ​​បុណ្យ​អុំ​ទូកដំបូង​ផង​។​ យើង​​នាំ​គ្នា​ទៅ​ទីនោះ​​តែ​ម្តង​ ល្អ​ទេ?»

«ស្រេច​តែ​ចិត្ត​​ទេ ទៅណា​ក៏​បាន​!»

«អ៊ីចឹង​ចាំ​ជួប​គ្នា​ណា នៅ​មុខ​ហាង​នេះ​ចុះ។»

«ម៉ោង​បី?»

«បាទ​ ម៉ោង​បី​។ នេះ​ជា​លេខ​ទូរស័ព្ទ​របស់​ខ្ញុំ​ បើ​មក​ដល់​មុន​ ខល​រក​ផង​ណ៎ា!»

កាពូជីណូ ​ហុច​ក្រដាស​​ពណ៌​ស​ដែល​មាន​លេខ​ទូរស័ព្ទ​​​នៅ​ក្នុង​នោះ​។ ហាសហាស.. នៅ​សុខ​ៗ​ ក៏​ឲ្យ​លេខ​ទូរស័ព្ទ​​យ៉ាង​ស្រួល​ មនុស្ស​អី​​ក៏​ចម្លែក​ម្ល៉េះ! ខ្ញុំ​​ទទួល​យក​មក​មើល​ ហើយ​ចុច​លេខ​ទូរស័ព្ទ​​នោះ​សេវ​ទុក​មួយ​រំពេច​។

«អឺម… អរគុណ​ណាស់​ដែល​ជួយ​ខ្ញុំ​!»

«មិន​អីទេ ខ្ញុំ​ពេញចិត្ត​នឹង​ធ្វើ​ ដើម្បី​អ្នក​និពន្ធ​សំណប់​ចិត្ត​របស់​ខ្ញុំ​ ^_^។ អ៊ីចឹង​ ថ្ងៃ​សៅរ៍​ជួប​​គ្នា​ ប្រញាប់​ទៅចុះ ប្រយ័ត្ន​បន្តិច​ទៀតភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង​។»

ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រៅ​បង្អួច​ រលឹម​ផ្សែង​ក្រូច​​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់​។ ខែ​កក្តឹក​ចូល​មក​ដល់​​ឆាប់ៗ​នេះ​ហើយ​ តែ​​រដូវ​ភ្លៀង​នៅតែ​​មិន​ទាន់​អស់​អាល័យ​​ពី​មនុស្ស​ស្រឡាញ់​តំណក់​ភ្លៀង​ដូច​ជា​ខ្ញុំ​នេះ​សោះ​។ ព្រឹក​មិញ​ទូរទស្សន៍​ផ្សាយ​ថា មាន​ព្យុះ​នៅ​ចិន​ និង​វៀត​ណាម​ ដូច្នេះ​​កម្ពុជា​​យើង​​ក៏​ទទួល​ឥទ្ធិពល​ខ្លះៗ​ពី​ព្យុះ​នេះ​ដែរ​។ នរណា​ទៅ​ដឹង​ថា ព្យុះ​មូសុង​វស្សា​​ត្រជាក់​បែប​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចង់​ឃ្លាត​​ឆ្ងាយ​​ពី​កាហ្វេ​ក្តៅ​ៗ​មួយ​កែវ​នេះ​សោះ​។ ^_^

«អឺម… អ៊ីចឹង​ខ្ញុំ​ត្រឡប់​ទៅ​សិន​ហើយ​ណ៎ា។»

«យក​​ឆ័ត្រ​របស់ខ្ញុំ​ទៅសិន​ទេ?»

ខ្ញុំ​មិន​ទាន់​ឆ្លើយ​ផង​ បុរស​ខ្ពស់​សង្ហា​​ក៏​ប្រញាប់​ដើរ​ទៅ​យក​ឆ័ត្រ​មកឲ្យ​ខ្ញុំ​។

«កុំ​អី​ល្អ​ជាង​ ប្រយ័ត្ន​លោក​គ្មាន​ឆ័ត្រ​ទទូរ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។»

«មិន​អី​ទេ  ផ្កាយ​ យក​ទៅ​ចុះ​ ទម្រាំ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ​ភ្លៀង​ប្រហែល​ជា​ដាច់​គ្រាប់​់​ហើយ​។»

«អ៊ីចឹង​ អរគុណ​ណ៎ា!»

ខ្ញុំ​ញញឹម​ដាក់​អ្នក​ឆុង​កាហ្វេ​ចិត្ត​ល្អ​​ មុន​នឹង​រៀប​ចំ​សម្ភារៈ​ដាក់​កាតាប​​ត្រៀម​ត្រឡប់​ទៅ​ផ្ទះ​… ផ្ទះ​ដ៏​សែន​រងា​របស់​ខ្ញុំ​​។

«សុបិន​ល្អ​… ជួប​គ្នា​ពេល​ក្រោយ​ ស៊ូៗ​ណ៎ា!»

«បាទ​ បាយៗ​។»

បុរស​រាង​​ខ្ពស់​​​ឈរចាំ​​​ជូន​ដំណើរ​ខ្ញុំ​​នៅ​មាត់​ទ្វារ​ហាង។​ គេ​ញញឹម​ចេញ​ធ្មេញ​​ច្រពើស​ស​​​ បក់​ដៃ​លាខ្ញុំ​​ទៅ​មក​ រហូតខ្ញុំ​​ដើរ​​ចេញ​ផុត​​ពី​ហាង​។ ភាព​រងា​ញ័រញាក់​គ្រប​ដណ្តប់​​រាង​កាយ​របស់​ខ្ញុំ​មួយ​រំពេច​។ ហេតុអ្វី​ក៏​ខុស​ប្លែក​គ្នា​ម្ល៉េះ ទោះ​ជា​សីតុណ្ហភាព​នៅ​ក្នុង​ហាង​មិន​ក្តៅ​ជាង​ខាង​ក្រៅ​ប៉ុន្មាន​ តែ​ហេតុ​អ្វី​ខ្ញុំ​​មាន​អារម្មណ៍​រងា​ដល់​ថ្នាក់​នេះ…

Cappuccino

ថ្ងៃ​សៅ​រ៍​ ទី​ ១៦​ វិច្ឆិកា ២០១៣

[«អាឡូ នរណាដែរ?»]

«អាឡូ គឺ​ខ្ញុំ​… ផ្កាយ។»

[«អ៎… ដល់​ហើយ​ឬ? សុំ​ចាំ​មួយ​ភ្លែត​ណ៎ា ខ្ញុំ​ជិត​ដល់​ហើយ!»]

«អឺម ខ្ញុំ​ចាំ​នៅ​មុខ​ហាង​ណ៎ា!»

[«បាទ ចាំខ្ញុំ​មួយ​ភ្លែត​!»]

ទូតតត…

សំឡេង​របស់​ កាពូជីណូ ហាក់​ដូច​ជា​ប្រែ​ប្រួល​មួយ​រំពេច​ នៅពេល​ដឹង​ថា ខ្ញុំ​ជ​ា​អ្នក​ខល​ទៅ​។ នេះ​ជាលើក​ដំបូង​ដែលខ្ញុំ​​ជួប​ ជីណូ ​ក្នុង​ពេល​ដែល​មិន​មែន​ជា​ពេល​ធ្វើ​ការ​របស់​គេ​ និង​ជា​លើក​ដំបូង​ដែល​ខ្ញុំ​​ចេញ​ Date​ ។ អូ… មិន​មែនទេៗៗៗ!! គឺ​​នឹង​បាន​ដឹង​ថា ការ​ចេញ​ដេត​មាន​លក្ខណៈបែប​ណាទៅវិញ​តើ! អាផ្កាយ​ឡប់​ ឯង​កំពុងគិត​អីវ៉ឺយ!! >_<!!

«ផ្កាយ ខ្ញុំ​មក​ដល់​ហើយ! ^Q^/»

បុរស​​រាង​ខ្ពស់​រត់​សំដៅ​​ចូល​មក​ព្រម​ទាំង​បក់​ដៃ​ដាក់​​ខ្ញុំ​។ ស្នាម​ញញឹម​ដដែល ​ដែល​ខ្ញុំ​​ចង់​ឃើញ​លេច​ឡើង​ម្តង​ទៀត​ ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​តាម​ដោយ​មិន​ដឹង​ខ្លួន​​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដំបូង​ដែល​ខ​្ញុំ​ធ្វើ​​​ឲ្យ​គេស្លៀក​សម្លៀក​បំពាក់​​ផ្ទាល់​ខ្លួន។​ អាវ​យឺត​ដៃ​វែង​ មាន​ឆ្នូត​ពណ៌​ខៀវ​ និង​ក្រហម ស៊ី​គ្នា​​នឹង​អាវ​រងា​ពណ៌​ផ្ទៃ​មេឃ​ក្រាស់​​ ខោខូវ​ប៊យ និង​ស្បែក​ជើង​ប៉ាត់តា សម​សួន​តាម​បែប​​យុវវ័យ​​។ សំណាង​ល្អ​ដែល​ថ្ងៃ​នេះ មេឃ​នៅ​តែ​ស្រទុំ​មិន​បើក​ថ្ងៃ​ ​អាកាស​ធាតុ​ត្រជាក់​​ស្រួល​ មិន​ក្តៅ​ខ្លាំង​​ពេក​ ស័ក្តិ​សម​ណាស់​សម្រាប់​ការ​ចេញ​ដេត… ហ៊ឺយ! ​ទៅ​ដើរ​លេង​ទេ!!

«ហេះៗ… ចាំ​ខ្ញុំ​​យូរ​​ហើយ​ឬនៅ?»

ខ្ញុំ​គ្រវី​ក្បាល​ញញឹម​។

«មិន​យូរ​ទេ មិនចាំ​​បាច់​រត់​មក​បែប​នេះក៏​បាន​ដែរ​។ ហាសហាស… មើល​ចុះ សក់​បះ​កន្ទ្រើង​អស់​ហើយ។»

សក់​ដែល​បះ​ខ្ញុកខ្ញូវ​​​គ្មាន​ភ្លី​របស់​ជីណូ​ ធ្វើ​ឲ្យ​គេ​មើល​ទៅ​កាន់​តែគួរ​ឲ្យ​ស្រឡាញ់​មួយ​បែប​ទៀត​។ ខ្ញុំ​ខំ​ជំទើត​ ហើយ​លូក​ដៃ​ទៅ​វែក​ភ្លី​សក់​ឲ្យ​បុរស​ចំពោះ​មុខ​… កុំ​មើល​មុខ​ខ្ញុំ​បែប​នេះ​មើល៍! រាង​ខ្ពស់​ហាក់​ដូច​ជា​កំពុង​សម្លឹង​មើល​គ្រប់​ផ្នែក​លើ​ផ្ទៃ​មុខ​របស់​ខ្ញុំ​ តែ​មិន​បាន​និយាយ​អ្វី​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ បេះ​ដូង​ខ្លួន​ឯង​កំពុង​លោត​ញាប់​ ពេល​សម្លឹង​ចំ​កែវ​ភ្នែក​មុត​ស្រួច​នោះ​។ ខ្យល់​ដង្ហើម​ក្តៅៗ​របស់​គេ​ភាយ​មក​លើ​ផ្ទៃ​មុខ​ខ្ញុំ​។ មួយ​វិនាទី​នោះ ផែន​ដី​ហាក់​ដូច​ជា​​ឈប់​ទ្រឹង​មួយ​កន្លែង​។ ខ្ញុំ​ប្រញាប់​សម្រួល​អារម្មណ៍​គេច​មុខ​ចេញ​ទៅទិស​ផ្សេង ហើយ​និយាយ​បន្លប់​។

«រួច​ហើយ… នាំ​គ្នា​ទៅ​ឥឡូវ​ទេ?»

ពេល​មិន​ឮ​សំឡេង​ឆ្លើយ​ ខ្ញុំ​វាស​កន្ទុយ​ភ្នែកងាក​ទៅរក​ កាពូជីណូ ​ដែលមើល​ទៅគេ​​ដូច​ជា​កំពុង​រវើរវាយ​​នៅ​ឡើយ​។

«អឺ… អរគុណ​ តោះ​នាំ​គ្នាទៅ!»

គេ​ស្ទាប​សក់ខ្លួន​ឯង​តិចៗ មុន​នឹង​ងក់​ក្បាល​ដាក់​ខ្ញុំ​។ តើ​គេ​កំពុង​ភាំង​ដូច​ខ្ញុំ​ មែន​ទេ??​ អារម្មណ៍​មួយ​នេះ​ ប្រាប់​មិន​ត្រូវ​…

«ផ្កាយ​ តើ​យើង​គួរ​ទៅ​​មាត់​ទន្លេ​បែប​ណា​ល្អ?… ជិះ​ឡាន​ទ្រុង​ជាមួយ​គេ​ឯង​ ​ល្អ​ទេ?»

«ល្អ​តើ​! មិន​ធ្លាប់​ជិះ​ប្រជ្រៀត​គ្នា​បែប​នេះ​ផង​ សាក​ម្តង​ក៏​​ល្អ​ដែរ​!»

ខ្ញុំ​ញញឹម​ស្រស់​ដាក់​​ជីណូ ដូច​កូន​ក្មេង​បាន​របស់​លេង​ថ្មី​ តែ​ហេតុ​អ្វី​​ក៏​មិ​នដឹង​ ជីណូ​ព្យាយាម​គេចភ្នែក​ពី​ខ្ញុំ​ ហាក់​ដូច​ជា​ខ្លាច​អ្វីម្យ៉ាង​។ ខ្ញុំ​ និង​​បុរស​រាង​ខ្ពស់​ដើរ​តាម​​ផ្លូវ​ថ្មើរ​ជើង​ដើម្បី​​ទៅ​ឈរ​ចាំ​​ស្ទាក់​ឡាន​ទ្រុង​ ដែល​ដឹក​កម្មករ​កម្មការិនី​ពី​សង្កាត់​​ផ្សេងៗ​ មក​​លេង​បុណ្យ​អុំ​ទូក​​​។ អ្នក​ដំណើរ​មួយ​ចំនួន​ក៏​កំពុង​រង់​ចាំ​ឡាន​​ទ្រុង​ និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​​ដូច​គ្នា​។ ផ្លូវ​ឆ្អៀត​បែប​នេះ​ ជិះ​ម៉ូតូឌុប​ ឬ​តាក់​ស៊ី​ពិបាក​ណាស់ មាន​តែ​ដើរ​ប៉ុណ្ណោះ​ស្រួល​ តែ​ខ្ញុំ​ក៏​ចង់​សាក​ជិះ​ឡាន​ទ្រុង​ប្រជ្រៀត​គ្នា​ម្តង​ដែរ​។ មិន​យូ​រ​ប៉ុន្មាន​ឡាន​ទ្រុង​ពីរ​បី​បើក​បន្ត​កន្ទុយ​គ្នា​​​មក​ដល់​។ ហ៊ូ… មនុស្ស​ច្រើន​ដល់​ហើយ​! ខ្ញុំ​និង​ជីណូ​ ព្យាយាម​​​ប្រជ្រៀត​ចូល​ទៅឈរ​នៅ​ក្នុង​ឡាន​។ គ្មាន​កន្លែង​​ចន្លោះ​ប្រហោង​​ទំនេរ​ទេ​ ថែម​ទាំង​មនុស្ស​ក៏​ច្រើន​​ទៀត​។​ ឡាន​ចាប់​ផ្តើម​ចេញដំណើរ​​ ខ្ញុំ​និង​ជីណូ​ឈរ​បែរ​មុខ​រក​គ្នា​ ប្រជ្រៀត​ជា​មួយ​​គេ​ឯង​​ដូច​ត្រី​ខកំប៉ុង​។ ខ្ញុំ​ងើយ​មុខ​ឡើង​លើ​ព្រោះថប់​ដង្ហើម​ពេក​ ហើយ​ព្យាយាម​​រក​កន្លែង​តោង​ផង​​​។

«តោង​ខ្ញុំ​ក៏​បាន​ដែរ​!» ជីណូ និយាយ​ប្រាប​់ខ្ញុំ​។

«អឺម… អ៊ីចឹង សុំ​តោង​បន្តិច​ណ៎ា!»

ខ្ញុំ​ងើយ​មុខ​ឡើង​ញញឹម​ដាក់​​បុរស​រាង​ខ្ពស់​។ រំពេច​​នោះ​ ខ្សែ​ភ្នែក​របស់​គេ​​ប្រទាក់​នឹង​ខ្សែ​ភ្នែក​របស់​​ខ្ញុំ​ដោយ​ចៃ​ដន្យ​​ម្តង​ទៀត​។ មុខ​របស់​យើង​នៅ​ឆ្ងាយ​ពី​គ្នា​មិន​ដល់​មួយ​ធ្នាប់​ដៃ​ ធ្វើ​ឲ្យ​ខ​្ញុំ​​មើល​ឃើញ​ផ្ទៃ​​មុខ​របស់​គេ​បាន​យ៉ាង​ច្បាស់​។

ងឺតតត…

«អ៎ា!!»

ឡាន​ទ្រុង​​ចាប់​ហ្វ្រាំង​យ៉ាង​ទាន់​ហន់​ធ្វើ​ឲ្យ​មនុស្ស​លើ​រថយន្ត​ទាំងអស់​ជ្រុល​ជំហរ​ដួល​លើ​​គ្នា​ រួម​ទាំង​ខ្ញុំ​ដែរ​… ទម្រាំ​ដឹង​ខ្លួន​ម្តង​ទៀត​ បបូរ​មាត់​​របស់​ខ្ញុំ​​ផ្អឹប​ជាប់​នឹង​បបូរ​មាត់​របស់​ជីណូ​ទៅ​ហើយ​… ហើយ​រាង​កាយ​ខ្ញុំ​ទាំង​មូល​ស្ថិត​នៅ​ក្នុង​លង្វែក​ទ្រូង​ដ៏​ហាប់​ណែន​របស់​គេ​​រួច​ទៅ​ហើយ​។ រង្វង់​ដៃ​ទាំង​ទ្វេ​របស់​គេ ចាប់​ក្រសោប​រាង​កាយ​ខ្ញុំ​ជាប់​មិន​ឲ្យ​ខ្ញុំ​រលំ​ដួល​…។ យើង​ទាំង​ពីរ​ភាំង​អស់​មួយ​ភ្លែត​ មុន​នឹង​ភ្ញាក់​ក្រញាង​ទាំង​អស់​គ្នា​។ O,O~

«អឺ… សុំ​ទោសៗ!!» ខ្ញុំ​ប្រញាប់​ដក​មាត់​ចេញ​ពី​បបូរ​មាត់​គេ ហើយ​បំរះខ្លួន​ចេញ ពីរង្វង់​ដៃ​ដ៏​កក់​ក្តៅ​នោះ​ តែ​… ខ្ញុំ​បែរ​ជា​បានឮ​ប្រយោគ​មួយ​ដែល​ស្ទើរ​តែ​មិន​ជឿ​ត្រចៀក​ខ្លួន​ឯង​។

«មិន​អី​ទេ ផ្កាយ​… មក៍!​ ខ្ញុំ​ទប់​ ប្រយ័ត្ន​ដួល​ទៀត​។»

ដៃ​វែង​មាំ​របស់​គេ​ក្រសោប​យក​រាង​កាយ​ខ្ញុំ​ទៅ­ឱប​​ជាប់​ ប្រៀប​ដូច​ខ្ញុំ​ជា​កូន​ឆ្កែ​តូច​មួយ​ដែល​គួរ​ឲ្យ​ថ្នាក់​ថ្មម។ សំឡេង​ស្រទន់​ ​ពោល​សួរ​ខ្ញុំ​ដោយ​ក្តី​ព្រួយ​បារម្ភ​។ ផែន​ទ្រូង​ដ៏​ហាប់​ណែន​ដែល​ទទួល​​យក​ខ្ញុំ​យ៉ាង​កក់​​ក្តៅ​ ​ធ្វើ​ឲ្យ​ខ្ញុំ​ស្តាប់​ឮ​សូម្បី​តែ​សំឡេង​បេះ​ដូង​របស់​​បុរស​រាង​ខ្ពស់​ដែល​កំពុង​​លោត​ញាប់​… ព្រោះ​ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ ខ្ញុំ​​អាច​ដឹង​នូវ​ឈាម​ដែល​រត់​រសឹប​ឡើង​ដល់​មុខ​ ​និង​សំឡេង​បេះ​ដូង​ដែល​លោត​ខុស​ចង្វាក់​។ ផ្កាយ​ ឯង​កំពុង​ផ្តេក​ខ្លួន​លើ​ទ្រូង​មនុស្ស​ប្រុស​ដូច​គ្នា​​នៅ​កន្លែង​សាធារណៈ​វ៉ឺយ! ទីបំផុត​ខ្ញុំ​​ក៏​​សម្រេច​ចិត្ត​​ដកខ្លួន​ចេញ​មក​ឈរ​ធម្មតា​វិញ នៅពេល​​នឹក​ដល់​រឿង​នេះ​​​។

«មិន​អីទេ មែនទេ?»

«អ… អឺម… មិន​អីទេ ហេះៗ។»

«ក្រែង​ប្រាប់​ហើយ​តើ​ មែនទេ ថា​ឲ្យ​តោង​ខ្ញុំ​ឲ្យ​ជាប់​?»

«…សុំ​ទោស Y_Y ។»

«មិន​បាច់​សុំ​ទោស​ទេ ខ្ញុំ​មិន​បាន​បន្ទោស​ឯណា?»

ខ្ញុំ​ងក់​ក្បាល​តិចៗ មុន​នឹង​យក​ដៃ​​តោង​អាវរងា​ពណ៌​ផ្ទៃ​មេឃ​របស់​គេ​ ហើយ​យើង​ក៏​លែង​មាន​​អ្វី​​​និយាយ​គ្នា​បន្ត​ទៀត​។ ខ្ញុំ​ឈ្ងោក​មុខ​សម្លឹង​ខាង​ក្រោម​ តែ​​ទទួល​អារម្មណ៍​ថា បុរស​ម្នាក់​នេះ​​ នៅ​តែ​លួច​​សម្លឹង​​មើល​ខ្ញុំ​ម្តង​ម្កាល ​រហូត​យើង​មក​ដល់​គោល​ដៅ​។ ខ្ញុំ​និង​បុរស​​រាង​ខ្ពស់​ រួម​ទាំងអ្នក​ដទៃ​ទៀត​​ប្រជ្រៀត​គ្នា​ចុះ​ពី​រថយន្ត​​យ​៉ាង​ពិបាក​។ ពេល​​ចុះ​មក​ដល់​ដី​ ខ្ញុំ​ក៏​បើក​ភ្នែក​ធំៗ​នឹង​អ្វី​ដែល​ឃើញ​ចំពោះ​មុខ​។

«អូហូ​… មនុស្ស​ច្រើន​ណាស់​!»

«​មែន​ហើយ​ មាន​​គេ​តាំង​ពិព័រណ៌​​ផលិត​ផល​ ​ហ្គេម ​នំ​ចំណី​ និង​មាន​ប្រគំតន្រ្តី​ទៀត​ផង!»

​នេះ​គឺ​ជា​ការ​តាំង​ពិព័រណ៍​ដ៏​ធំ​​មួយ​ ដែល​​​លាត​សន្ធឹង​​ស្ទើរ​តែ​ពេញ​ទី​ធ្លា​តាម​មាត់​​ទន្លេ​​​​ទាំង​​អស់​​។ ទំនិញ​ជា​ច្រើន​ប្រភេទ ​ដាក់​តាំង​លក់​​​ព្រោង​ព្រាត​ស្ទើរ​តែ​រើស​មិន​ត្រូវ​ មាន​តាំង​ពី​​របស់​តូច​តាច​ដល់​របស់​ធំ​។ ចំណីចំណុក​ក៏​មាន​ចម្រុះ ​ចោល​ក្លិ​ន​ក្រអូប​ឈ្ងុយ​ឈ្ងប់ ​​ពេញ​បរិវេណ​​ទាំង​អស់។ សំឡេង​​សើច​សប្បាយ​ និង​ហ៊ោ​កញ្ជ្រៀវ​​លាន់​ឮ​ពេញ​បរិវេណ​លេង​ហ្គេម​ផ្សេងៗ​​​​មិន​ដាច់​សូរ​។ ការ​ចេញ​មក​ Date ​​គឺ​​សប្បាយ​បែប​នេះ​ឬ?? ^Q^~

«តោះ​នាំ​គ្នា​ទៅ​​ខាង​នោះ ជីណូ​ ខ្ញុំ​ចង់​លេង​ហ្គេម​​ទាំង​នោះ​​ខ្លាំង​ណាស់!!»

ខ្ញុំ​ចាប់​អង្រួន​ដៃ​មាំ​ព្រម​ទាំង​លោត​ចុះ​ឡើង​​ដូច​ក្មេង​សាលា​មតេ្តយ្យ​​។ ចំណែក​ ជីណូ​​​ងក់​ក្បាល​ញាប់​ស្អេក​ មុន​នឹង​ដើរ​ជ្រែក​ហ្វូង​មនុស្ស​​ជាមួយ​ខ្ញុំ​។

«ប្រយ័ត្ន​វង្វេង​ណា មនុស្ស​ច្រើន​ណាស់។»

«នែ៎! ខ្ញុំ​មិន​មែន​កូន​ក្មេង​ទេ ថែម​ទាំង​ចាស់​ជាង​លោក​ផង​ តាម​​ពិត​លោក​​គួរ​តែ​ហៅ​ខ្ញុំ​​ថា​បង​ផ្កាយ​ទើប​ត្រូវ! O.O~… អ្ហ៎ា! ជីណូ មើលហ្គេម​នោះ!​ តោះ​ទៅ​លេង​ហ្គេម​នោះ​ជាមួយ​ខ្ញុំ​!»

«ហាសហា… ធ្វើ​ខ្លួន​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ​ តើ​ចង់​ឲ្យ​ខ្ញុំ​ហៅ​ថា​បង​ទៀត​ឬ? ខ្ញុំមិន​ហៅ​ថា​កូន​ក្មេង​ ល្អ​ណាស់​ទៅ​ហើយ!»

«…អ៊ីចឹង​ខ្ញុំ​ទៅ​លេង​ម្នាក់​ឯង​ក៏​បាន​ដែរ​! >.<!!»

ខ្ញុំ​ធ្វើ​មុខ​ក្រញ៉ូវ​ មុន​នឹង​ងាកចេញ​ពីគេ​ ហើយ​ដើរ​សំដៅ​កន្លែង​លេង​ហ្គេម​ដែល​ខ្ញុំ​ដៅ​ទុក​ តែ​ក៏​ត្រូវ​ដៃ​មាំ​​​ចាប់​ដើម​ដៃ​ខ្ញុំ​ជាប់​។

«ហ៊ឺុយ… កុំ​ប្រញាប់​ងរ​មើល៍ បង​ផ្កាយ​ ចាំ​ខ្ញុំ​ទៅ​លេង​ជាមួយ​ណ៎ាៗៗ…»

បុរស​រាង​ខ្ពស់​តែ​ក្មេង​ជាង​ខ្ញុំ​អង្វរ​ មុន​នឹងដើរ​តាម​ខ្ញុំ​ទៅ​កាន់​កន្លែង​លេងហ្គេម​។ ហិហិ… ធ្វើ​បែប​​នេះ​ទើប​សម​ជា​ក្មេង​ល្អ! ^_^~

«អញ្ជើញ​ចូល​ៗ ល្បែង​​គប់​ប៉េត​ប៉ោង​ ១០​គ្រាប់​ ពីរពាន់ៗ។​ សូម​អញ្ជើញ​ចូលៗ​ បាញ់​ប៉េត​ប៉ោង​​ត្រូវ​លើស​ពី​​៧ នឹង​​ជូន​តុក្កតា​ធំ​មួយ​​នេះ!​ សូ​មអញ្ជើញ​ចូល​ៗ​…»

លោក​អ៊ំ​​ម្នាក់​នោះ​ ទំនងជា​មនុស្ស​​មាន​សន្តាន​ចិត្ត​ល្អ​ ​ឈរ​ហៅ​មនុស្ស​ឲ្យ​ចូល​ដោយ​សំឡេង​ខ្លាំងៗ​។ អូហូ… តុក្កតា​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់ ផ្កាយ​​ឯង​ត្រូវ​តែ​​យក​វា​​ឲ្យ​បាន​! @_@

«អ៊ំ ឲ្យ​ខ្ញុំ​ដប់​គ្រាប់!»

«យក​ទៅ​ចុះ​អាល្អិត​ សូម​ឲ្យ​សំណាងល្អ​។»

​ម្ចាស់​ហាង​ហុច​កាំ​ភ្លើង​ខ្ទប់​ខ្យល់ និង​គ្រាប់​ជ័រ​ចំនួន​ដប់​គ្រាប់​​​មក​ឲ្យ​ខ្ញុំ​។ រង្វង់​មូល​ពណ៌​​ក្រហម​លាយ​ស​វិល​ទៅ​វិល​មក​​ពិបាក​ក្នុង​ការ​តម្រង់​។ ខ្ញុំ​បិទ​ភ្នែក​ម្ខាង​ដើម្បី​តម្រង់​ឲ្យ​ត្រូវ​គោល​ដៅ​ មុន​នឹង​តាំងសមាធិ​ ហើយ​កេះ​កៃ​កាំ​ភ្លើង​បាញ់!!!

ប៉ាំង! ភ្លុច!!

ត្រូវ​ហើយៗ!! រង្វង់​ពណ៌​ក្រហម​ដួល​ទៅក្រោយ​។ ខ្ញុំ​ងាក​ទៅ​ញាក់​ចិញ្ចើម​ដាក់​​រាង​ខ្ពស់​ដែល​មក​ជាមួយ​ខ្ញុំ​។ គេ​កំពុង​ទះ​ដៃ​តិចៗ​ ហើយ​ធ្វើ​កាយ​វិការ​ហាក់​ចង់​ប្រាប់​ខ្ញុំ​ថា ‘មាន​ទៅ​អន់​ឯណា!’ ខ្ញុំ​កេះ​កៃ​ ហើយ​បាញ់​បន្ត​ទៀត​ជា​ច្រើន​គ្រាប់​រហូត​អស់​​។ ៩គ្រាប់​​​ដែល​នៅ​សល់​… មិន​ត្រូវ​មួយ​គ្រាប់​ណាសោះ!​ T^T ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​ធ្លាក់​ក​​ដក​ខ្លួន​ត្រឡប់​ទៅវិញ​។

«តោះ! នាំ​គ្នា​ទៅវិញ​ ជីណូ!»

«ឈប់​សិន​មើល អ៊ំ​ឲ្យ​ខ្ញុំ​ដប់​គ្រាប់​ទៀត​មក៍!»

«ណេះ យក​ទៅៗ!»​

ចាំ​​មើល​បើ​ជីណូ​​បាញ​់ត្រូវ​ គេ​នឹង​យក​តុក្កតា​មក​អួត​ខ្ញុំ​​មិ​នខាន ដូច្នេះ​មិន​មើល​ល្អ​ជាង​! >.<~ ខ្ញុំ​ធ្វើ​ជា​ងាក​ទៅមើល​តូប​ផ្សេងៗ​… ប៉ាំង! ភ្លុត! ប៉ាំង! ភ្លុច! ប៉ាំង! ភ្លុច!!…

«យើង​រក​ឃើញ​​ម្ចាស់​តុក្កតា​នេះ​ឃើញ​ហើយ!! ពិត​ជា​ពូកែ​មែន​!! ដប់​គ្រាប់​ បាញ់​មិន​ខុស​បែប​នេះ​ យក​តែ​ម្តង​ទៅ!!!»

«ហ៎…ណេះ!»​

ជីណូ ​ហុច​តុក្កតា​ខ្លាឃ្មុំ​​ធំ​មក​ឲ្យ​ខ្ញុំ​។

«ហះ? ឲ្យខ្ញុំ​ឬ?? O,O~»

«ហ្នឹង​ហើយ​ ខ្ញុំ​ឃើញ​លោក​ចង់​បាន​ ឥឡូវ​ខ្ញុំ​ឲ្យ!»

បុរស​​រាង​ខ្ពស់​ញញឹម​ដាក់​ខ្ញុំ​ដោយ​ក្តី​​ពេញ​ចិត្ត។ ជយោ! សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ^Q^/ ។ ខ្ញុំ​ទទួល​តុក្កតា​ដ៏​គួរ​ឲ្យស្រឡាញ់​​មក​ឱប​យ៉ាង​ណែន​។ កាពូជីណូ​… លោក​​ពិត​ជា​មនុស្ស​ល្អ​ខ្លាំង​ណាស់! ^_^

«អរគុណណ៎ា!»

​«បាទ! ^_^»

គ្រូក! គ្រូក!!

សំឡេង​កូរ​ពោះ​របស់​រាង​ខ្ពស់​លាន់​ឡើង​ ទោះ​ជា​នៅ​ខាងក្រៅ​មាន​សំឡេង​អ៊ូអរ​ក៏​ដោយ​ តែខ្ញុំ​នៅ​តែ​​ឮ​ច្បាស់​។

«ហាសៗៗ ឃ្លាន​ហើយ​ មែនទេ?»

«ហេះៗ ខ្ញុំ​ក្រោក​ខក​បន្តិច​ព្រឹក​នេះ​… ទើប​មិន​បាន​ញ៉ាំ​បាយ​»

កាពូជីណូសើច​ធ្វើ​ញឹមៗ​​ ព្រម​ទាំង​ក្តោប​​ពោះ​​ខ្លួន​ឯង​​ដោយ​ក្តីខ្មាស​អៀន​។

«ហាសៗ​ អ៊ីចឹង​នាំ​គ្នា​ទៅ​ញ៉ាំ​អី​ទៅ!»

«អូខេ!»

យើង​ទាំង​ពីរ​នាក់​ ដើរ​ចូល​ហាង​នេះ​បន្តិច​​ ហាង​នោះ​បន្តិច​ និយាយ​គ្នា​ខ្លះ​ លេង​ហ្គេម​ខ្លះ​ ទិញ​ឥវ៉ាន់​​ខ្លះ​​។ ប្រហែល​ជា​ការ​​ពិត​ហើយ​ដែល​គេ​និយាយ​ថាពេលវេលា​ដែល​​យើង​មាន​សេចក្តីសុខ​ គឺ​តែង​តែ​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស។​ ​ផ្តើម​ពី​​មនុស្ស​អ៊ូអរ​ ឥឡូវ​សេសសល់​​តែ​ប៉ុន្មាន​នាក់​។ ព្រះ​អាទិត្យ​ដែល​​ធ្លាប់​តែ​រះ​បំភ្លឺ​លំហ​​មេឃ​ ពេល​នេះ​បែរ​ជា​លិច​ខ្លួន​បាត់​ទៅ​ក្នុង​​ជើង​​មេឃម្ខាង​ទៀត​។

ខ្ញុំ​ និង​​បុរស​រាង​ខ្ពស់​ ដើរ​ទៅរកន្លែង​គួរ​សម​អង្គុយ​​​​នៅ​ត្រង់​បង់​​ ក្បែរ​មាត់​ទន្លេ​​។ ប្រទីប​ជ្វាលា​ ​និង​ភ្លើង​គោម​ដែល​អណ្តែត​ផ្លុងៗ​​លើ​ផ្ទៃ​ទន្លេ​​ ​ឆ្លុះ​នឹង​រលក​តូចៗ​​រមៀល​រមេញ​ ចេញ​​ជា​រស្មី​ព្រិចៗ​។ នេះ​​ជា​ទិដ្ឋភាព​មួយ​​ដ៏​ស្រស់​ស្អា​ត​ ​គយ​គន់​​ហើយ​មិ​នជិន​ណាយ​។

«ផ្កាយ ចាំ​ខ្ញុំ​នៅទីនេះ​ហើយ​ បន្តិច​ទៀត​ខ្ញុំ​មក​ណ៎ា!»

«អឺមៗ…»

នៅ​សុខៗ​ជីណូក៏​សុំ​​ទៅ​កន្លែង​ណា​មួយ​ ទុក​ឲ្យ​ខ្ញុំ​អង្គុយ​ចាំ​មើលទេស​ភាព​ដ៏​ស្រស់​ត្រកាល​នេះ​តែ​ម្នាក់​ឯង​។ ថ្ងៃ​នេះ​យើង​បាន​នៅ​ជាមួយ​គ្នា​ពេញ​មួយ​ថ្ងៃ​តែ​ម្តង​… មិន​ដឹង​ហេតុ​អ្វី​ខ្ញុំ​អត់​ញញឹម​មិន​បាន​គ្រប់​ពេលដែល​ខ្ញុំ​នឹក​​ដល់​គេ​​។ ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ខ្លាំង​ណាស់​ ចង់​នៅ​បែប​នេះជា​​រៀង​រាល់​ថ្ងៃ​​… តើ​​អារម្មណ៍​បែប​នេះ​គឺ​… ជា​អ្វីហ្ន៎??

«មក​ដល់​ហើយ!»

«ទើប​តែ​មក​ពីណា?»

«មិន​បាន​ទៅ​ណា​ទេ… ផ្កាយ… ខ្ញុំ​មាន​អ្វី​ម្យ៉ាង​ចង់​ជូន​លោកណ៎ា!»

ជើង​វែង​ដើរ​វាង​មក​អង្គុយ​ក្បែរ​ខ្ញុំ​។ ដៃ​ដែល​កំពុង​ក្រពាត់​ទៅ​ក្រោយ ធ្វើ​ឲ្យ​ខ្ញុំ​មើល​មិន​ដឹង​ថា​ គេ​ចង់​ជូនអ្វី​ដល់ខ្ញុំ។​ តែ​អ្វីដែល​ខ្ញុំ​ឃើញ​… គឺ​ស្នាម​ញញឹម​ដែល​គេ​តែង​តែ​ឲ្យ​ខ្ញុ​ំ​រហូត​មក​។

«អីគេ?»

«នេះអី… ខ្ញុំ​ជូន​…»

កាហ្វេ​ដ៏​ឆ្ងាញ់​របស់​ខ្ញុំ​ ហុច​សៀវភៅ​ស្បែក​ពណ៌​ត្នោត​​ និង​ប៊ិក​ពណ៌​ខៀវមួយ​ដើម​​ដល់​ខ្ញុំ​។ គេ​បាត់​ទៅ​អម្បាញ់​មិញ​ គឺ​ដើម្បី​ទៅ​ទិញ​សៀវភៅ​ និង​ប៊ិក​នេះ​​មក​ជូន​ខ្ញុំ​​ឬ? ខ្ញុំ​លូក​ដៃ​ទទួលដោយ​ក្តី​​ងឿង​ឆ្ងល់​។​​

«ខ្ញុំ​គិត​ថា អ្នក​និពន្ធ​ដូច​លោក​ គ្មាន​ចង់​បាន​​អ្វី​​ក្រៅ​ពី​សៀវភៅ​ និង​ប៊ិកទេ?»

ហ៊ឹះ​! នរណា​ថា ខ្ញុំ​ចង់​បាន​ស្នេហា​ឡើង​ញ័រ​ខ្លួន​ទៅហើយ! ហុហុហុ… ^Q^/

«ហាសៗ ខ្ញុំ​លែង​​ប្រើ​សៀវភៅ​ និង​ប៊ិក​​សរសេរ​ប្រលោម​លោក​ទៀត​ហើយ​ ឥឡូវ​​ខ្ញុំ​ប្រើ​កុំ​ព្យូទ័រ​​ហើយ​ ​ងាយ​ស្រួល​ជាង។»

«អូ… តែ​ខ្ញុំ​បាន​ទិញ​ទៅ​ហើយ​ មិន​ដឹង​ថា​ប៊ិក​នេះ​ល្អ​ឬ​ក៏អត់​ទេ សាក​សរសេរ​មើលមើល៍!»

ខ្សែ​ភ្នែក​មុត​មាំ​​សម្លឹង​ប៊ិក និង​សៀវភៅ​នៅ​ក្នុង​ដៃ​ខ្ញុំ​ មុន​នឹង​ងាក​ទៅ​​ទិស​ផ្សេង​ធ្វើ​ជា​លួច​មើល​ខ្ញុំ​ដោយ​កន្ទុយ​ភ្នែក​វិញ​… តើ​គេ​ចង់​ធ្វើ​អី​ហ្នឹង?

ខ្ញុំ​បើក​ក្រប​សៀវភៅ​ ឃើញ​សន្លឹក​ក្រដាស​ពណ៌សរលោង​នៅ​ខាង​ក្នុង​… តែ​បែរ​ជា​មិន​មែន​ក្រដាស​ទទេ​ដូចអ្វី​ដែល​ខ្ញុំ​គិត​។ មាន​ទឹក​ប៊ិក​ពណ៌​ខៀវ​សរសេរ​រំលេច​​នៅ​លើ​ក្រដាស​ស។

ជូន​ចំពោះ​ បង​ផ្កាយ​

ទី​បំផុត​យើង​ក៏​បាន​ជួប​គ្នា​ម្តង​ទៀត។​

ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​បាន​នៅ​ជាមួយ​បង​​ពេញ​មួយ​ថ្ងៃ​បែប​នេះ​។

តើ​បងដឹង​ខ្លួន​ឬ​ទេ ថា​គ្រប់​សកម្មភាព​របស់​បង​​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​។

ស្នាម​ញញឹម​ សំឡេង​សើច សំដីសំដៅ សំឡេង​ដក​ដ្ហើម​ធំ​​អស់​សង្ឃឹម

​ពេល​លេង​ហ្គេម…

តើ​បង​ដឹង​ឬ​ទេ​ថា ​កាយវិការ​ទាំង​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​​ញាប់​ញ័រ​ក្នុង​ចិត្ត​កម្រិត​ណា​?

មិ​ន​នឹក​ស្មាន​សោះ​ថា ​ខ្ញុំ​បាន​ស្គាល់​អ្នក​និពន្ធ​​ឈ្មោះ​ ផ្កាយ​ ម្នាក់​នេះ​។ ​

បន្ទាប់​ពី​ ស្គាល់​បង​​ក្នុង​ឋានៈ​អ្នក​និពន្ធ​ ខ្ញុំ​ក៏​បាន​ស្គាល់​បង​ក្នុង​ឋានៈ

​ជា​មិត្ត​ភក្តិ​វិញ​ម្តង​។ ​

ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​យើង​​បាន​និយាយ​គ្នា​ ខ្ញុំ​ក៏​ជាប​់ចិត្ត​នឹង​​បង​​ទៅ​ហើយ​។

ខ្ញុំ​មិន​ដឹង​ថា ចិត្ត​បង​​ដូច​ខ្ញុំ​ឬ​ក៏​អត់​នោះ​ទេ។

តាំង​ពី​ថ្ងៃ​នោះ​ រហូត​មក​ដល់​​ថ្ងៃ​​នេះ​ ខ្ញុំ​តែង​​តែ​សួរ​ខ្លួន​ឯង​ថា ​តើ​អារម្មណ៍​បែប​នេះ

​ជា​អារម្មណ៍​​អ្វី​…?

រហូត​​នៅ​ទីបំផុត​ ខ្ញុំ​ក៏យល់​​ចិត្ត​ខ្លួន​ឯង…​ នៅ​ទីបំផុត​ខ្ញុំ​ក៏​ឆ្លើយ​សំណួរ​នោះ​បាន​…

…ហើយ​ចម្លើយ​នោះ​គឺ​

…ខ្ញុំ​ស្រឡាញ់​បង​​…

តើ​បង​ធ្វើ​សង្សារ​ខ្ញុំ​ បានទេ?

ពីខ្ញុំ កាពូជីណូ​…

ដៃ​​ញ័រទទ្រើក… ​​ព្រោះ​បេះដូង​លោត​ញាប់​ដូច​ព្យុះ​បោក​បក់​ ខ្ញុំ​បិទ​គ្រប​សៀវភៅ​ស្បែក​​សន្សឹមៗ​យ៉ាង​ស្រាល​ដៃ​។ ខ្ញុំ​ដឹង​ខ្លួន​ច្បាស់​ថា ពេល​នេះ​ខ្ញុំ​មុខ​ក្រហម​​ប៉ុណ្ណា។ ខ្ញុំ​​ញញឹម​​​​រីក​ថ្ពាល់ រាង​កាយ​ទាំង​មូល​​ស្ទើរ​តែ​អណ្តែត​ផុត​ពី​ដី​ពេល​អាន​ខ្លឹម​សារ​ទាំង​នេះ​ចប់​។ នេះ​​គេ​​ពិត​ជា​មាន​អារម្មណ៍​បែប​នេះ​ចំពោះ​ខ្ញុំ​ មែនឬ? ខ្ញុំ​មិន​មែន​​យល់​សប្តិ​ទេ មែនទេ?…

«…យ៉ាង… យ៉ាង​ម៉េចដែរ​ ល្អ​ទេ?»

«អឺម…»

«ចុះ… ចម្លើយនោះ?»

ខ្ញុំ​ងើប​មុខ​​ក្រហម​ងាំង​សន្សឹមៗ​ មក​ប្រទាក់​ភ្នែកនឹង​​បុរស​​ក្បែរ​កាយ​ ដែល​មុខ​គេ​ក៏​​ក្រហម​មិន​ចាញ់​​គ្នា​ប៉ុន្មាន​ដែរ​​។ ខ្សែ​ភ្នែក​​មុត​ដែល​សម្លឹង​ជ្រៅ​​​ចូល​មក​ក្នុង​កែវ​ភ្នែក​ខ្ញុំ​ ធ្វើ​ឲ្យ​​ខ្ញុំ​​គេច​ភ្នែក​ចេញ​ជា​និច្ច​​… ចំណែក​ចម្លើយ​របស់​ខ្ញុំ​នោះឬ…?

«អូខេ…»

«ពិត​មែនឬ??!»

ដៃ​មាំ​ស្ទុះឱប​ខ្ញុំ​យ៉ាង​ណែន​ ចំហាយ​ក្តៅ​របស់​យើង​ទាំង​ពីរ​​ផ្ទេរ​ទៅកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ការ​ឱប​ដ៏​យូរ​អង្វែង​ និង​មាន​តម្លៃ​… នេះ​ហើយ​ឬ ស្នេហា??…

​បុរស​រាង​ខ្ពស់​សម្លឹង​ភ្នែក​ខ្ញុំ​ដែល​នៅ​ក្នុង​រង្វង់​ដៃ​របស់​គេ​។

«​ខ្ញុំ​ស្រឡាញ់​​បង​ផ្កាយ​ខ្លាំង​ណាស់។»

«ខ្ញុំ​ក៏​ស្រឡាញ់​លោក​ដែរ…ជីណូ…»

រង្វង់​មុខ​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​មាន​សេចក្តី​សុខ​គ្រប់​ពេល​ដែល​បាន​ឃើញ​ កំពុង​រំកិល​ចូល​មក​ជិត​ខ្ញុំ​។ ខ្ញុំ​ជ្រួត​ជ្រាប​នូវ​ចំហាយ​ក្តៅ​ពី​ខ្យល់​ដង្ហើម​រោល​រាល​… បបូរ​មាត់​របស់​ខ្ញុំ​ក៏​បាន​ប៉ះ​បបូរ​មាត់​ក្រាស់​ដែល​ជម្ពិត​យ៉ាង​ទន់​ភ្លន់​ និង​យឺត​យូរ​… យូរ​ល្មម​នឹង​ជ្រួត​ជ្រាប​ចូល​ទៅ​ក្នុង​ជម្រៅ​​បេះ​ដូង​របស់​ខ្ញុំ​បាន​។ លោក​…គឺ​ជា​អ្ន​កដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​សុខ​ណ៎ា… កាពូជីណូ…

បបូរមាត់​ក្រាស ដក​ចេញ​សន្សឹមៗ​យ៉ាង​សោកស្តាយ​​ មុន​នឹង​ប្តូរ​ពី​ស្នាម​ថើប​ដ៏​ផ្អែម​ល្ហែម​ មក​ជា​ស្នាម​ញញឹម​ដ៏​កក់​ក្តៅ​ជំនួស​វិញ​។

«យប់​ហើយ នាំ​គ្នា​ទៅ​ផ្ទះ​វិញ​ណ៎ា!»

ខ្ញុំ​ចាប់​ផ្តើម​ក្រសោប​បុរស​​នៅ​ចំពោះ​មុខ​យ៉ាង​ណែន​ ​ហើយ​សសុល​ក្បាល​ចូល​ក្នុង​លង្វែក​ទ្រូង​មា​ំ ​មុន​នឹង​គ្រវី​ក្បាល​​តិចៗ​។

«មិន​ទាន​់ចង់​ត្រឡប់​ទៅ​វិញ​ទេ… ខ្ញុំ​ចង់​នៅ​ជាមួយ​លោក…»

«ហាសហា… អាកាស​ធាតុ​ចាប់​ផ្តើម​ត្រជាក់​ហើយ បើ​ បង​ផ្កាយ​​របស់​ខ្ញុំ​ឈឺ​ តើ​ធ្វើ​ដូច​ម្តេច​ទៅ ខ្ញុំ​បារម្ភ​​ណ៎ា!»

អ៊ីចឹង​ហ៎ កាហ្វេ​ដ៏​ឆ្ងាញ់​របស់ខ្ញុំ​? ហិហិ… កំប្លែង​ណាស់​តើ តែ​ក៏បានសប្បាយ​ចិត្ត​​…

«អ៊ីចឹង​ក៏​បាន តោះ​នាំ​គ្នា​ទៅវិញ​។»

ខ្ញុំ​ងើយ​មុខ​ញញឹម​ដាក់​បុរស​​ចំពោះ​មុខ​ ដែល​​ពេល​នេះ​ខ្ញុំ​អាច​ហៅ​គេ​ថា… ជា​សង្សារ​បាន​ហើយ​…

«អឺម… តោះ​​ទៅវិញ​។»

យើង​ទាំង​ពីរ​នាំ​គ្នា​ក្រោក​ឈរ​សន្សឹមៗ ចែក​គ្នា​កាន់​ឥវ៉ាន់​ម្នាក់​បន្តិចៗ ដើម្បី​ទុក​​ដៃ​ម្ខាង​​​កាន់​ដៃ​គ្នា​​តាម​ផ្លូវ​​ជាប់​រហូត​…

ខ្ញុំ​ក៏​ចង់​ជូន​​អ្វី​ម្យ៉ាង​ដល់​គេ​​ដែរ​ ហើយ​រំពេច​ដែល​ខ្ញុំ​នឹក​ដល់​រឿង​កាដូ​ ខ្សែ​ភ្នែក​របស់​ខ្ញុំ​ក៏​ប្រទាក់​នឹង​វត្ថុ​ភ្លឺ​ផ្លេក​ម្យ៉ាង​… ខ្សែ​ក​គួរ​ឲ្យ​ស្រឡាញ់​មាន​បន្តោង​ជាអក្សរ​ឡាតាំង​! O_O~

«ជីណូ ខ្ញុំ​ចង់​ទៅ​ទិញ​អី​បន្តិច​។»

«​ទៅចុះ!»

ខ្ញុំ​លែង​ដៃ​ចេញ​ពី​ដៃ​ធំ​ក្រាស់​ មុន​នឹង​ដើរ​ញាប់​ឆ្មេញ​ទៅ​តូប​លក់​ខ្សែ​ក។

«អ៊ំ​ស្រី​ ខ្សែ​ក​មួយ​ខ្សែ​ប៉ុន្មាន?»

«មួយ​ខ្សែ​២ដុល្លារ​អូន!»

«ខ្ញុំ​យកពីរ​ខ្សែ។»

«រើស​មើល​ទៅ យក​មួយ​ណា​ខ្លះ? ម៉ូត​នេះ​មាន​រូប​បេះ​ដូង​តូចៗ​ជាប់​តួ​អក្សរទៀត​ផង​ ។»

គួរ​ឲ្យ​ស្រឡាញ់​ណាស់! យក​មួយ​ណា​ល្អ​? អឺម… យក​អក្សរ N…Cappuccino និង​  P…Phkay ទៅចុះ ហើយ​នឹង​ឲ្យ​ជីណូ​ពាក់​អក្សរ​ P ចំណែក​ខ្ញុំ​ពាក់​អក្សរ​ N ដើម្បី​ឲ្យ​មាន​ខ្ញុំ​នៅ​ជាប់​តាមខ្លួន​គេ​រហូត​។ ៃយ៉ៗៗ… អៀន​ណាស់​វ៉ឺយ!!! >///<

ខ្ញុំ​យក​ខ្សែ​ក​អក្សរ​ P និង​ N តាម​អ្វី​ដែល​គិត​ទុក​។

«យក​ពីរ​ខ្សែ​នេះ​លោក​អ៊ំ!»

«អូ… ពាក់​គូ​ជាមួយ​សង្សារ​ មែនទេ?»

«អឺ… អឺ… បាទ!»

«ហាហា គួរ​ឲ្យ​ស្រឡាញ់​ណាស់អ្នក​កំលោះ​ ស្រឡាញ់​គ្នា​ឲ្យ​បាន​យូរ​ណាស់ នេះ​ខ្សែ​ក!»

«អរគុណ​ណាស់ លោក​អ៊ំ!»

ខ្ញុំ​ហុច​លុយ​ និង​ទទួល​ខ្សែ​ក​ពីរ​ខ្សែ​នោះ​មក​។ ​ខ្ញុំ​ដើរ​ត្រឡប់​ទៅ​រក​គូស្នេហ៍​របស់​ខ្ញុំ​… អៀន​ដល់​ហើយ​ ពេលប្រើ​ពាក្យ​នេះ​។ ហុហុហុ >///<

«យ៉ាង​ម៉េច ទិញ​អី​មក?»

«បិទ​ភ្នែក​សិន​ទៅ!»

កាពូជីណូ ​ធ្វើ​មុខ​ងឿង​ឆ្ងល់​​បន្តិច​ មុន​នឹង​ព្រម​បិទ​ភ្នែក​តាម​ខ្ញុំ​យ៉ាង​ស្រួល​។

ខ្ញុំ​យក​ខ្សែ​ក​បន្តោង​អក្សរ​ P ពណ៌​ប្រាក់​ ​​ពាក់​​ឲ្យ​គេ​ មុន​នឹង​​ពាក់​បន្តោង​ N ឲ្យ​ខ្លួន​ឯង​។

«បើក​ភ្នែក​បាន​ហើយ!»

ភ្នែក​មុត​ចាប់​ផ្តើម​បើក​បន្តិចម្តងៗ ម្រាម​ស្រឡូន​ចាប់​បន្តោង​មក​មើល​។

«អក្សរ​ P ?»

«អឺម គឺ​… ផ្កាយ​​ នោះអី!»

គេសម្លឹង​មក​កាន់​ខ្ញុំ​ម្តង​។

«អក្សរ​ N?» ​

«គឺ… គឺ កាពូជីណូ​ នោះ​អី មនុស្ស​ឆ្កួត! >_<!!»

«ហាសៗ អរគុណ​ណ៎ា ខ្ញុំ​នឹង​​ពាក់​វា​ជាប់​រហូត​មិ​នដោះ​ទេ ខ្ញុំ​សន្យា។»

បុរស​រាង​​ខ្ពស់​ដើរ​មក​ជិត​ខ្ញុំ​ មុន​នឹង​ឱន​មក​ថើប​ថ្ពាល់​របស់​ខ្ញុំ​យ៉ាង​ស្រាល​។

«តោះ នាំ​គ្នា​ទៅ​ផ្ទះ​ ផ្កាយ​របស់​កាពូជីណ!»

«តោះ!»

យើង​ដើរ​កាន់​ដៃ​​គ្នា​​ ហើយ​បែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។ ដំបូង​ជីណូ​ចង់​​ជូន​​ខ្ញុំ​ទៅ​ផ្ទះ​សិន តែ​ពេល​នេះ​យប់​ជ្រៅ​ហើយ ទើប​ខ្ញុំ​សុំ​ទៅ​ដោយ​ខ្លួន​ឯង​វិញ​ល្អ​ជាង។ ​…មាន​សង្សារ​គឺ​អារម្មណ៍​បែប​នេះ​សោះ!​ មាន​អ្នក​ចាំ​ព្រួយ​បារម្ភ​ និង​ផ្តល់​មនោសញ្ចេតនា​ល្អៗ​ចំពោះ​គ្នា​​ទៅវិញ​ទៅ​មក​។ ខ្ញុំ​ទទួល​អារម្មណ៍​ដឹង​ភ្លាម​ថា បេះ​ដូង​ខ្ញុំ​កំពុង​លោត​ញាប់​​ដូច​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​។… មាន​សេចក្តី​សុខ​ដល់​ហើយ! ^_^

…រាត្រី​ថ្ងៃ​នោះ…

អ្ហ៎ា… ងូត​ទឹក​ក្តៅ​ស្រួល​ខ្លួន​ខ្លាំង​ណាស់។ ពេល​ត្រឡប់​មក​ពី​ដើរ​លេង​បុណ្យ​អុំ​ទូក​​វិញ​ ខ្ញុំ​ក៏​ប្រញាប់​ងូត​ទឹក​ភ្លាម​ តែ​ពេល​​កំពុង​ជូត​សក់​…

ទីង! ទីង!

នរណា​ផ្ញើ​ឡាញន៍​មក​អ៊ីចេះ?

(Cappuccino: ដល់​ផ្ទះ​ហើយ​ឬនៅ?)

បែក​ពី​គ្នា​មិន​ដល់​មួយ​ម៉ោង​ផង​ ក៏​បាន​និយាយ​គ្នា​ទៀត​ហើយ​ ^Q^។

(Phkay: ដល់​ហើយ!)

(Cappuccino: កំពុង​ធ្វើ​អីហ្នឹង?)

(Phkay: កំពុង​ជូត​សក់ ទើប​តែ​ងូត​ទឹក​រួច​ ចុះ​ជីណូ ដល់​ផ្ទះ​ហើយ​ឬនៅ?)

(Cappuccino: ដល់​ហើយ​ៗ បន្តិច​ទៀត​ចូល​គេង​ហើយ!)

(Phkay: ចាំ​ខ្ញុំ​ផង​ ខ្ញុំ​ជូត​សក់​សិន!)

(Cappuccino: អឺម មិន​ទៅណាទេ!)

(Phkay: អ៊ឺៗ…)

(Cappuccino: នឹក​សង្សារ​ដល់​ហើយ!)

អាឆ្កួត… អៀនវ៉ឺយ!​ >///<

(Cappuccino: ស្អែក​នេះ ជួប​គ្នា​បាន​ទេ?)

(Phkay: មិន​ទាន់​ដឹង​ទេ អាច​អត់​ច្រើន​ជាង ព្រោះ​ត្រូវ​សរសេរ​ប្រលោម​លោក​បន្ត​!)

(Cappuccino: អ៎… មែន​ហើយ ចុះ​ថ្ងៃ​ចន្ទ​នោះ?)

(Phkay: ប្រាកដ​ជា​ជួប​បាន ចាំ​ទៅ​រក​នៅ​ហាង​ណ៎ា!)

(Cappuccino: ហ្នឹង​ហើយ បើមិន​បាន​ជួប​គ្នា​​មួយ​ថ្ងៃ​ នឹក​ស្លាប់​ហើយ​…T_T)

(Phkay: បើ​នឹក​ មើលខ្សែ​ក​នោះ​ជំនួស​សិន​ទៅ! ^_^)

(Cappuccino: តែ​វា​មិ​នដូច​បាន​ជួប​​រូប​ពិត​ឯណា! Y_Y)

(Phkay: ណ៎ា… មិន​យូរ​ទេ​បាន​ជួប​គ្នា​ហើយ​ អត់​ធន់​បន្តិច​ទៅ​…សង្សារ​សម្លាញ់​​! ^_^)

អៃៗៗ… អៀន​ខ្លួន​ឯង​ >///< ។

(Cappuccino: ក៏​បាន​ ខ្ញុំ​នឹង​រង់​ចាំ​ណ៎ា ជូត​សក់​ហើយ​ឬនៅ?)

(Phkay: រួច​ហើយៗ!!)

ខ្ញុំ​យក​កន្សែង​ពោះ​គោ​ទៅ​ព្យួរ​ហាល​ មុន​នឹង​មក​គេង​កាន់​ទូរស័ព្ទ​និយាយ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​លើ​គ្រែ​… នៅ​អៀន​មិន​ទាន់​បាត់​ផង​ ពេលប្រើ​ពាក្យ​នេះ​! ហិហិហិ >///<

(Cappuccino: អ៊ីចឹង​នាំ​គ្នាគេង​ណ៎ា ខ្ញុំ​ងងុយ​ហើយ។)

(Phkay: សុបិន​ល្អ​!)

(Cappuccino: សុបិនល្អ​ បាយៗ​…)

(Phkay: បាយៗ!!)

(Cappuccino: ស្រឡាញ់​ណ៎ា!)

(Phkay: ស្រឡាញ់​ដូច​គ្នា។)

(Cappuccino: ជុបៗៗ -3-)

(Phkay: ដេក​ទៅ​មនុស្ស​ឆ្កួត! >.<)

(Cappuccino: ហាសហា សុបិន​ល្អ​!)

អារម្មណ៍​បែប​នេះ​ ពិត​ជា​ចូល​ចិត្ត​ខ្លាំង​ណាស់… ចូល​ចិត្ត​ពេល​ដែល​បេះ​ដូង​ខ្ញុំ​លោត​ញាប់…​ ចូល​ចិត្ត​ពេល​ដែល​ខ្ញុំ​ញញឹម​ភ្លឹក​ ហើយ​ក៏​ចូលចិត្ត​… អ្នក​ដែល​ធ្វើ​ឲ្យខ្ញុំ​ក្លាយ​ជា​បែប​នេះ​… សុបិន​ល្អ​ណា៎ កាហ្វេ​ដ៏​ឆ្ងាញ់​​របស់​ខ្ញុំ​… ♥__♥

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

Read Full Post »


តៀម​កាហ្វេ​ផ្តើម​ស្នេហ៍​

I

The last sentence… when I first met you.

«អាឡូ​ បង​​ប្រធាន?»

[«អឺ… ផ្កាយ​ ជួយ​មក​ក្រុម​ហ៊ុន​បន្តិច​មើល៍​​ លោក​នាយក​មាន​រឿង​ចង់​និយាយ​ជាមួយ​ឯង!»]

«បាទ? រឿង​អ្វី​ទៅ?»

[«យើង​ក៏​មិន​ដឹង​ដែរ​ តែ​​ទំនង​ដូច​ជា​មិន​សូវ​រឿង​ល្អ​ប៉ុន្មាន​ទេ ​មុខ​គាត់​​ដូច​ជា​តាន​តឹង​ណាស់​តាំង​​ពី​ប្រជុំ​រួច​… យ៉ាង​ណា​ៗ​ត្រូវ​​ប្រញាប់​មក​បន្តិច​ណ៎ា!»]

«ពេល​នេះ​តែ​ម្តង​ឬ?… តែ​នេះ​… ម៉ោង​៨​យប់​​ហើយ​!»

[«មក​ឥឡូវ​នេះ​តែ​ម្តង​ លឿន​ៗ​ឡើង​!»]

ទូត…

រឿង​ស្អី​ទៀត​ហើយ! ខ្ញុំ​ចុច​ Save ​ប្រលោម​រឿងខ្មោច​​ថ្មី​​​ដែល​កំពុង​សរសេរ​ រួច​ចុច​កុំ​ព្យូទ័រ​​​លើ​តុ​បិទ​ មុន​នឹង​​ដើរ​ឆ្លង​កាត់​​គំនរ​សៀវភៅ​​ប្រលោម​លោក​ដែល​​គរ​លិច​ក្បាល​​​​។ ខ្ញុំ​លូក​ដៃ​យក​កុំ​ព្យូទ័រ​ MacBook និង​អាវ​ក្រៅ​ក្រាស់​​ធំ​ មុន​នឹង​ចេញ​ទៅ​កន្លែង​ណាត់​​ទាំង​កណ្តាល​​អធ្រាត្រ​​ដ៏សែន​​ត្រជាក់​​។ ហេតុ​អ្វី​ក៏​ហៅ​ទៅ​​ធ្វើ​ការ​ទាំង​​យប់​ទាំង​អធ្រាត្រ​បែប​នេះ​? រឿង​ដែល​​ហៅ​ទៅ​និយាយ​ ច្បាស់ជាម​ិន​ល្អ​នោះទេ។ ខ្ញុំ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ​​ដែល​មាន​​គូ​កំលោះ​ក្រមុំ​ដើរ​កៀក​ដៃ​គ្នា​ជា​ហូរ​ហែ​។ ហ៊ឺយ! តើ​ខ្ញុំ​ជា​មនុស្ស​​ដែល​នៅ​ទំនេរ​តែ​ម្នាក់​ឯង​ក្នុង​លោក​នេះ​ឬ?

នៅទីបំផុត ​ខ្ញុំ​ក៏​​ដើរ​មក​ឈប់​​នៅ​ត្រង់​អគារ​ខ្ពស់​មួយ ​នៅ​ក្បែរ​​វិទ្យាល័យព្រះ​​ស៊ីសុវត្ថិ​​។ ទូរស័ព្ទ​រក​បង​ប្រធាន​​សិន​ល្អ​ជាង!

[«អាឡូ ឯង​មក​ដល់​ណា​ហើយ?»​]

«ខ្ញុំ​មក​ដល់​​មុខ​អគារ​ហើយ​ កំពុង​ដើរ​ចូល​ទៅ!»

[«អូខេ អ៊ីចឹង​ឡើង​មក​ជាន់​ទី​៦តែ​ម្តង​មក៍​ ចាំ​យើង​ទៅ​ទទួល​នៅ​មុខ​ជណ្តើរ​យន្ត!»]

«បាទ!»

ចប់សម្តី​របស់​​​បង​ប្រធាន​ ឬ​ GM​ ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ខ្ញុំ​ក៏​ដើរ​ចូល​ទៅ​ក្នុង​អគារ​ ហើយ​សំដៅ​ឡើង​ជណ្តើរ​យន្ត​​ឆ្ពោះ​ទៅ​កាន់​ជាន់​ដែលបាន​​ណាត់​ទុក​។

ទិង​…

ទ្វារ​ជណ្តើរ​យន្ត​បើក​ បង​ប្រធាន​​កំពុង​ឈរ​ចាំ​ខ្ញុំ​ដោយ​ក្តី​អន្ទះ​សារ​។ គាត់​​មាន​កាយវិការ​ជ្រួល​ច្រាល​ និង​តាន​តឹង​ជា​ខ្លាំង។​ តាម​មើល​​រឿង​ដែល​ហៅ​ខ្ញុំ​មក​ ទំនង​ជា​មិន​សូវ​ល្អ​ទេ។

«តាម​យើង​មក​ខាង​នេះ​មក៍!»

«អឺ… បាទៗ!»

ខ្ញុំ​ដើរ​តាម​លោក GM មាឌ​ល្អិត​​ដែល​បោះ​ជំហាន​ដើរ​ញាប់​ស្អេក​ ក្នុង​ទឹក​មុខ​ដ៏​សែន​តាន​តឹង​។ ខ្ញុំ​ដើរ​​កាត់​​បន្ទប់​ធ្វើ​ការ​នានា ​ដែល​មាន​បុគ្គលិក​បីបួន​នាក់​ ​កំពុង​ធ្វើ​ការ​​ភ្លេច​បាយ​ភ្លេច​ទឹក​ ភ្លេច​យប់​ភ្លេច​ថ្ងៃ។​ គ្មាន​នរណា​ត្រឡប់​ទៅ​ផ្ទះ​… ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ញញឹម​ដែរ​!

«លោកនាយក​ ផ្កាយ​មក​ដល់​ហ​ើយ!»

«ចូល​មក​!»

បង​ប្រធាន​ឱន​គំនាប់​ មុន​នឹង​​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​​របស់​ CEO ក្រុម​ហ៊ុន​​។ ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ មុន​​នឹង​​លើក​ដៃ​សំពះ​​។ បុរស​វ័យ​កណ្តាល ​មាឌធំ​​ខ្ពស់​​លើក​ដៃ​សំពះ​តប​​ខ្ញុំ​វិញ​យ៉ាង​មាន​សុជីវធម៌​។

«​អង្គុយ​ចុះ​សិន​ទៅ​​ ផ្កាយ​… GM ​ក៏​ចូល​មក​ស្តាប់​​ដែរ​មក៍!»

ខ្ញុំ​អង្គុយ​ទល់​មុខ​​លោក​នាយក​ ដែល​មើល​ទៅគាត់​ ​ហាក់​ដូច​ជា​ហត់​នឿយ​ខ្លាំង​ណាស់​។ ក្រវាត់​ក​​យារ​ធ្លាក់​ ពុក​មាត់​ពុក​ចង្កា​​មិន​បាន​កោរ​ វ៉ែន​តា​កញ្ចក់​ក្រាស់​​បិទ​បាំង​ស្នាម​ជាំ​ខ្មៅ​​ក្រោម​ភ្នែក​ និង​ទឹក​មុខស្លេក​ស្លក់​​ដ៏​តាន​តឹង​​ កំពុង​សម្លឹង​មើល​គំនរ​ក្រដាស​ដែល​ទុក​នៅ​លើ​តុ​។

«អឺម…ចូ​ល​រឿង​​យើង​តែ​ម្តង​ណា​ ផ្កាយ!»

ដៃ​វែង​លូក​យក​ក្រដាស​មួយ​សន្លឹក​​ហុច​មក​ឲ្យ​ខ្ញុំ​។​​ ខ្ញុំ​ទទួល​យក​មក​មើល… គឺ​ជា​​តារាង​​បញ្ជី​លក​់ស្នាដៃ​​ប្រលោម​លោក​​របស់​ខ្ញុំ​ដែល​ធ្លាប់​​បោះ​ពុម្ព​ផ្សាយ​​កន្លង​មក​។

«ឃើញ​ហើយ​មែន​ទេ​​​ ថា​អត្រា​ការ​លក់​ធ្លាក់​ចុះ​ជា​លំដាប់​​? ពីរ​បី​​​ខែ​​កន្លង​មក​​នេះ​ ស្នាដៃ​របស់​​ឯង​​​ ​​​លក់​មិន​សូវ​ដាច់​សោះ!​ មាន​​​ការ​រិះ​គន់​ពី​អ្នក​អាន​មក​ថា ស្នាដៃ​របស់​ឯង​​ដូច​គ្នា​ទាំង​អស់​… តែ​ឯង​​ផ្ទាល់​ក៏គួរ​តែ​ដឹងច្បាស់​​ថា ឯង​​គឺ​​ជា​អ្នក​និពន្ធ​ដៃ​ឯក​​​ប្រចាំ​ក្រុម​ហ៊ុន​នេះ!»

ខ្ញុំ​ងើប​មុខ​ចេញ​ពី​ក្រដាស ប្រទាក់​ភ្នែកនឹង​​បុរស​​មាន​អំណាច។ បរិយាកាស​នៅ​ក្នុង​បន្ទប់​​ពិត​ជា​តាន​តឹង​ខ្លាំង​ណាស់​​​។

«ប្រាកដ​ណាស់​ បើ​ក្រុម​ហ៊ុន​​របស់​យើង​បាត់​បង់​​ឯង​​ ​មិន​យូរ​មិន​ឆាប់​ច្បាស់​ជា​​រលំរលាយ​​មិន​ខាន​​។ ពេល​ប្រជុំ​ ខ្ញុំ​បាន​លើក​រឿង​​ប្រាក់​ចំណូល​ឲ្យ​​អ្នក​​គ្រប់​គ្រង​ផ្សេងៗ​​​ដឹង។​ ពួក​គេ​មិន​សូវ​សប្បាយ​​ចិត្ត​ទេ​​… តែ​ខ្ញុំ​នៅ​​មាន​សំណើ​​ថ្មី​​មួយ​ទៀត​មក​ឲ្យ​ឯង​​ពិចារណា​​។»

ដៃ​វែង​ហុច​គំនរ​ក្រដាស ​ដែល​មាន​មតិ​រិះ​គន់​ពី​អ្នក​អាន​មក​ឲ្យ​ខ្ញុំ​។ ក្នុង​ក្រដាស​សរសេរ​​​ថា ‘ចង់​ឲ្យ​បង​ផ្កាយ​​ សរសេររឿង​​ស្នេហា​​​ខ្លះ​ដល់​ហើយ…’​ ‘ហេតុ​អ្វី​រឿង​ដដែលៗ​អ៊ីចឹង​បង?’ ‘ខ្ញុំ​ធុញ​ទ្រាន់​​នឹង​​រឿង​​ខ្មោច​អស់​នេះដល់​​ហើយ​!’…

«ឃើញ​ហើយ​មែនទេ​ ថា​អ្នក​អាន​របស់​ឯង​​សរសេរ​មក​ដូចម្តេច​ខ្លះ​? ហេតុ​ដូច្នេះ​​ទើប​ខាង​យើង​ចង់​ឲ្យ​ឯង​ផ្លាស់​ប្តូរ​ style ​នៃ​ការ​សរសេរ​ខ្លះ​។»

«តែ​ខ្ញុំ​មិន​ជំនាញ​សរសេរ​រឿង​ប្រភេទ​ផ្សេង​ផង​!»

«តែ​ឯង​​ក៏​មិន​ទាន់​សាក​ល្បង​ដែរ​ មែន​ទេ? ​តាម​រយៈ​ការ​​ប្រជុំ​ គ្រប់​គ្នា​បាន​​ឯក​ភាព​​ឲ្យ​​ឯង​ សាក​ល្បង​មក​​​សរសេរ​ប្រភេទ​រឿង​ស្នេហា​​រ៉ូមែន​ទិក​វិញ​ម្តង ​ដើម្បី​ឲ្យ​តារាង​លក់​​​មាន​សំទុះ​កើន​ឡើង​វិញ​។ ផ្កាយ​… សូម​ជួយ​ក្រុមហ៊ុន​របស់​យើង​ ឲ្យ​​ងើប​ខ្លួន​ឡើង​វិញ​ផង​!»

«ត… តែ​ខ្ញុំ​…»

«សូម​អង្វរ​ទៅ​ចុះ!»

រាង​ខ្ពស់​ក្រោក​​ឈរឡើង​​ ហើយ​​លើក​ដៃ​សំពះ​​ខ្ញុ​ំ​​ត្រឹម​ទ្រូង​ រហូត​ខ្ញុំ​ និង​បង​ប្រធាន​ស្រឡាំង​កាំង​​។ មនុស្ស​មាន​អំណាចដូច​លោក​នាយក​​ ចេះ​លើក​ដៃ​សំពះ​អង្វរ​កូន​ក្មេង​ដូច​ជា​​ខ្ញុំ​​នេះ​ដែរ​? ខ្ញុំប្រញាប់​ក្រោក​ឡើង​ឈរ​​ ហើយ​លើក​ដៃ​សំពះ​តប​វិញ​​។

«អឺ… លោក​នាយក​ មិន​ចាំ​បាច់​សំពះ​ទេ​​ ចាំ​​ខ្ញុំ​និយាយ​ជាមួយ​​​ផ្កាយ​​ដោយ​ខ្លួន​ឯង​។»

បង​ប្រធាន​​មាឌ​ល្អិត ​និយាយ​តតាក់​តតុប ​​ចំពោះ​កាយ​វិការ​ឱន​លំទោន​របស់​លោក​នាយក​។ បុរស​វ័យ​ចំណាស់​ឮ​ដូច្នោះ ក៏​​ត្រឡប់អង្គុយ​ចុះ​ធម្មតា​​វិញ​។

«សុំ​អង្វរ​ណា ផ្កាយ​!»

«បាទ…​ ចាំ​ខ្ញុំ​សាក​ល្បង​មើល។»

ខ្សែ​ភ្នែក​របស់​បុរស​រាងខ្ពស់​ចាប់​ផ្តើម​មាន​រស្មី​នៃ​ក្តី​សង្ឃឹម​។

«អរគុណ​ខ្លាំង​ណាស់​! ជា​កិត្តិយស​របស់​ពួក​យើង​មែន ​ដែល​បាន​រួម​ការ​ងារ​ជាមួយ​ឯង​​ បើ​មាន​រឿង​អី​ សូម​ទាក់​ទង​មក​​GMចុះ!»

«បាទ! អ៊ីចឹង​ខ្ញុំ​ស​ុំ​ខ្លួន​សិន​ហើយ សុំ​ទោស​​​​ផង​ដែល​​ធ្វើ​ឲ្យ​​​គ្រប់​គ្នា​ជ្រួល​ច្របល់​។»

«អឺម… យ៉ាង​ណាៗ​​ សូមព្យាយាម​ផង​​ណា​ សូម​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​!»

«បាទ​ ដូច​គ្នា​។»

ខ្ញុំ​ និង​បង​ប្រធាន​​ដែល​ឈរ​ក្បែរ​​​គ្នា​​ ឱន​គំនាប់​​លោក​នាយក​​ មុន​នឹង​ដើរ​ចេញ​ពី​បន្ទប់​។

«ហ៊ឺុយ…»

«អាច​ទៅ​រួច​ទេ រឿង​​​ប្តូរ style សរសេរ​ថ្មី?»

«​ប្រហែល​ជា​ត្រូវ​ព្យាយាម​​បន្តិច​ហើយ តែ​ខ្ញុំ​មិន​ដឹងថា​​គួរ​​ចាប់​ផ្តើម​យ៉ាង​ណា​ទេ?»

«​និយាយ​អ៊ីចឹង ឯង​ប្រហែល​ជា​មាន​សង្សារ​ហើយ​មែនទេ? យក​រឿង​ពិត​​របស់​ឯង​មក​សរសេរ​ក៏​បាន។»

«អឺ… គឺ​ខ្ញុំ​… មិន​ធ្លាប់​មាន​សង្សារ​ផង​!»

ខ្ញុំ​និយាយ​នៅ​ក្នុង​​បំពង់​ក​យ៉ាង​ស្រាល​បំផុត​ តែ​ក៏​ល្មម​ឲ្យ​បង​ប្រធាន​មាឌ​ល្អិត​ម្នាក់​នេះ​ ស្តាប់​​ឮ​​បាន​។ អ្វី​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ គឺ​​ទឹក​មុខ​របស់​​គាត់​កាន់​តែ​​ប្តូរ​​ទៅ​ជា​​អាក្រក់​​លើស​ដើម​។

«…ស្លាប់​ហើយ​ដូច​គ្នា​​ម្ល៉េះ! ​យើង​ក៏​មិន​ធ្លាប់​មានស្នេហា​​ដែរ​ អ៊ីចឹង​ហើយ​ទើប​មិន​ដឹង​ថា​​គួរ​ជួយ​ឯងរបៀបណា?»

យើង​ទាំង​ពី​រ​ឈប់​ដើរ​​មួយ​រំពេច​។ ខ្ញុំ​​​បើក​ភ្នែក​ធំៗ​ងាក​ទៅ​សម្លឹង​​​បង​ប្រធាន។​​ គ្មាន​​ការ​​សន្ទនា​អ្វី​ទាំង​អស់​បន្ទាប់​ពី​នោះ​។ គឺ​មាន​តែ​ស្លាប់​ទេ​បែប​នេះ​!​ តើ​ជួយ​គ្នា​ដូច​ម្តេច​ បើ​អត់​ដូច​តែ​គ្នា​​អ៊ីចឹង​ អ្វី​ដែល​ធ្ងន់​ក​គឺ​បាន​​​ទទួល​ពាក្យ​ពី​លោក​​នាយក​​ទៀត​។ ស្លាប់​ហើយ​ខ្ញុំ! T_T!

«តែ​មិន​អី​ទេ​ ឯង​សាក​ទៅ​រកអ្វី​ដែល​ជួយ​បណ្តាល​ចិត្ត​​ឯង​ឲ្យ​សរសេរ​ចេញ​ ឬ​មិន​ក៏​សាក​មាន​សង្សារ​នឹង​គេ​​ទៅ! បើ​មាន​បញ្ហា​អី​ ខល​មក​ចុះ​ យើង​ទៅ​ធ្វើ​ការ​បន្ត​សិន​​ហើយ​ សំណាង​​ល្អវ៉ឺយ!​»

បុរស​ជើង​ខ្លី​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​បាត់​ ទុក​ឲ្យ​ខ្ញុំ​នៅ​ឈរ​មិង​មាំង​ម្នាក់​ឯង​។ ប្រាស​យក​តែ​អាយុះ​មែន ទុក​គ្នា​ចោល​ឆ្កុយ​! ហ៊ឹះ… ទៅ​វិញ​ល្អ​ជាង​…!!

ខ្ញុំ​ដើរ​ចូល​ជណ្តើរ​យន្ត​ រួច​​ចុះ​ចេញ​ពី​អគារ​​។ ពេល​នេះ​ម៉ោង​​ដប់​យប់​ទៅហើយ​ តែ​មិន​ទាន់​ចង់​​​ត្រឡប់​ទៅ​ផ្ទះ​​វិញ​សោះ​។ ​ភ្លៀង​រលឹម​ផ្សែង​ក្រូច រងា​ណាស់​… រក​ហាង​កាហ្វេ​អង្គុយ​កម្តៅ​ខ្លួន​​​សិន​ល្អ​ជាង​!

ខ្ញុំ​ដើរ​​កាត់​ជំនោរ​ត្រជាក់​​​ និង​ហ្វូង​មនុស្ស​ដែល​កាន់​តែ​ថយ​ចុះ​ជា​លំដាប់​។ ​ដើរ​លេងៗ​​ទី​បំផុត​ ខ្ញុំ​ក៏​មក​ដល​់​បឹង​កេង​កង​ដោយ​មិន​ដឹង​ខ្លួន​។ ​​ខ្ញុំ​ដាក់​ឈ្មោះ​ទីនេះ​ដោយ​ខ្លួន​ឯង​​ថា​​ Coffee Street ព្រោះ​មាន​​ហាង​កាហ្វេ​បារាំង​ជា​ច្រើន​នៅ​តាម​​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ​ និង​ផ្លូវ​នានា​ផ្សេង​ទៀត​ក្នុង​សង្កាត់​នេះ​។ ជា​ធម្មតា​​ ខ្ញុំ​ចូលចិត្ត​ជ្រើស​រើស​ហាង​កាហ្វេ​ទាំង​នេះ ដើម្បី​សរសេរ​រឿង​ មិន​ថា Brown, Costa, True Coffee ឬ Glorea Jean​។ ​ថ្មើរ​នេះ​ ហាង​ទាំង​នោះ​​បិទ​ទ្វារ​អស់​​ហើយ ប៉ុន្តែ​មាន​ហាង​មួយ​ទៀត​​ដែល​​នៅ​បើក​​។

The Last Sentence IMoon Light 24 ជាហាងកាហ្វេ​​ដែល​បើ​ក​បម្រើ​ពេញ​​​២៤​ម៉ោង។​ ពេល​ថ្ងៃ​​ឃើញ​មាន​មនុស្ស​ចូល​​ច្រើនតើ​ តែ​ពេល​នេះ​បែរ​ជា​​​គ្មាន​មនុស្ស​សោះ។​ អ៊ីចឹង​ល្អ​ហើយ​ ដើម្បី​មាន​សមាធិ​​គិត​ពី​​រឿង​ការ​ងា​រៀង​​។ ខ្ញុំ​ដើរ​ឆ្លង​ថ្នល់​​ទៅ​កាន់​ហាង​កាហ្វេ​​នោះ​ ​​ដែលមាន​តែ​បុគ្គលិក​​ម្នាក់កំពុង​​អង្គុយ​​​​​នៅ​ខាង​ក្រោយ​តុ​បេឡា។

គ្រឺង​ៗ​…

«ឌឹ​ មូន​ ឡាយថ៍ សូម​ស្វាគមន៍​!»

បុគ្គលិក​រាង​ខ្ពស់​ សម្បុរ​សណ្តែក​បាយ​ ញញឹម​ដាក់​ខ្ញុំ​ ហើយ​ឱន​គំនាប់​។ ក្នុង​ហាង​តុប​តែង​បែប​ក្លាស៊ីក​ជាប់​ចំហាយ​ក្លិន​បែប​​​អឺរ៉ុប​តិចៗ​​។ បរិយាកាស​បែប​នេះ​ ​នាំឲ្យ​ចង់​អង្គុយ​​ក្រេប​រស​​កាហ្វេ​ខ្លាំង​ណាស់​។

«សួស្តី​ ​ត្រូវ​ការ​កម្មង់​​អ្វី​​ដែរ​?»

«សុំ​ ខាភូស៊ីណូ ​ក្តៅ​មួយ​កែវ​​!»

«បាទ​ ​អស់​ ២ដុល្លារ​ ៦០​សេន!»

ខ្ញុំ​យក​កាបូប​ដក​​ប្រាក់​ឲ្យ​គេ​។ ​ក្នុង​ចិត្ត​នៅ​តែ​តប់​ប្រមល់​​មិន​ស្រស់​ស្រាយ​​… តើ​រ៉ូមែនទិក​ដូចម្តេច​ទៅ? ខ្ញុំ​មិន​ធ្លាប់​សូម្បី​តែ​មាន​សង្សារ​ តើឲ្យ​សរសេរ​រឿង​ស្នេហា​​​យ៉ាង​ម៉េច​​កើត?

«សូម​អញ្ជើញ​ទៅ​អង្គុយ​ចាំ​នៅ​ឯតុ​បាន​។»

ខ្ញុំ​ងក់​ក្បាល​ មុន​នឹង​កាន់​​ Macbook ​ទៅ​អង្គុយ​​នៅ​តុ​​ជាប់​មាត់​បង្អួច​។ គូស្នេហ៍​ដែល​ឱប​គ្នា​​ នឹង​ផ្តល់​ភា​ព​កក់​ក្តៅ​ដល់​គ្នា​ទៅវិញ​ទៅ​មក។ ស្នាម​​ញញឹម​របស់​ពួក​គេ​​រីក​ស្រស់​ជាង​បុប្ផា​​ពេល​ព្រឹក​ព្រលឹម​​…។ ហ៊ឺយ! ធ្វើ​យ៉ាង​ណា​ក៏​មិន​យល់​​ពី​អារម្មណ៍​​មនុស្ស​មាន​ស្នេហា​ដែរ​​។ ខ្ញុំ​បើក​កុំ​ព្យូទ័រ​ ត្រៀម​​ខ្លួន​ជា​​ស្រេច​ដើម្ប​ី​ធ្វើ​ការ​… តែ​មិ​នដឹង​ថាគួរ​សរសេរ​ពី​អ្វី​ល្អ​។ ខ្ញុំ​អង្គុយ​ច្រត់​ចង្កា​ ជ្រួញចិញ្ចើម​សម្លឹង​អេក្រង់​កុំ​ព្យូទ័រ​​ដែល​ទទេ​ស្អាត​។ ហេតុ​អ្វី​ក៏​ពិបាក​បែប​នេះ? រឿង​ស្នេហា​ស្អី​គេ​នេះ​!

«បាន​ហើយ​ៗ ខាភូស៊ីណូ​ក្តៅៗ!»

«បាទ​ អរគុណ!»

ខ្ញុំ​ញញឹម​ដាក់​បុគ្គលិក​កំលោះ​ មុន​នឹង​អង្គុយ​គិត​យ៉ាង​តប់​ប្រមល់​បន្ត​ទៀត​​។ បែប​នេះ​ត្រូវ​គិត​ពី​​ឆ្អឹង​រឿង​សិន​… តែ​បុគ្គលិក​ម្នាក់​នេះ​… ម៉េច​ក៏​នៅ​តែ​ឈរ​សម្លឹង​ខ្ញុំ​អ៊ីចឹង?? គួរ​ឲ្យ​រំខាន​មែន…!! >_<!!

«សុំទោស… តើ​លោក​គឺ​… ផ្កាយ​ ដែល​ជា​អ្នក​និពន្ធ​​នោះ​ មែនទេ?»

ខ្ញុំ​ងាក​សម្លឹង​មុខ​​បុរស​រា​ង​ខ្ពស់ ហើយ​ងក់​ក្បាល​តប។​ ស្គាល់​យើង​ដែរ​ឬ? O.o?

«ពិត​មែនឬ??​»

«បាទ​ ខ្ញុំ​គឺ​ ផ្កាយ​។»

«លោក​ចាំ​ខ្ញុំ​បាន​ទេ? ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី​បើក​សម្ពោធ​សៀវភៅ​​របស់​លោក​កាល​ពី​ខែ​វិច្ឆិកា​​ តើ​ចាំ​ខ្ញុំ​បាន​ទេ?»

បុរស​រាង​ខ្ពស់​បើក​ភ្នែក​ធំៗ​ពេល​ដឹង​ថា​ ខ្ញុំ​ជា​នរណា។

«អឺម… ចុះ​លោក​ឈ្មោះ​…»

«បាទ ឈ្មោះ​ខ្ញុំ​គឺ​មួយ​កែវ​នៅ​ចំពោះ​មុខ​លោក​នេះ​ហើយ!»

«អឺម… ខាភូស៊ីណូ ឬ?»

«បាទ ល្វីង​តែ​ផ្អែម រស​ជាតិ​​នេះ​ សម្រាប់​អ្នក​និពន្ធ​​ពូកែៗ​ដូច​ជា​លោក​អ៊ីចឹង!»

ខាភូស៊ីណូ… កាល​ពី​ខែ​វិច្ឆិកា​​… គ​ឺជា​​ពេល​ដែល​ខ្ញុំ​សម្ពោធ​សៀវភៅ​ Phnom Penh Noir តើ​!… ខាភូស៊ីណូ…

«អូ… លោក​គឺ​ជា​ខ្មែរ​​តែ​ម្នាក់​ដែល​មក​សុំ​ហត្ថលេខា​ខ្ញុំ​នៅ​ថ្ងៃ​នោះ ខ្ញុំ​ចាំ​បាន​ហើយ​!»

«ហ្នឹង​ហើយៗ គឺ​ខ្ញុំ​ហ្នឹង​​ហើយ​ អឺម… មិន​គួរ​ឲ្យ​ជឿ​សោះ​ថា នឹង​បាន​ជួប​លោក​ ផ្កាយ​នៅ​ទីនេះ។ អឺ​… ខ្ញុំ​សុំ​ហត្ថលេខា​មួយ​​ទៀត​​មក៍!»

បុគ្គលិក​ ដឹ​ មូន​ ឡាយថ៍ ​ដើរ​សំដៅ​ទៅ​តុ​បេឡា​ ​យក​សៀវភៅ​ប្រលោម​លោក​ដែល​ខ្ញុំ​ជា​អ្នក​និពន្ធ​​ចេញ​មក​ ហើយ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ព្រម​ជាមួយ​ប៊ិក។

«ក្រែង​​លោក​ធ្លាប់​បាន​ហើយ​ មែនទេ?»

«តែ​ខ្ញុំ​ចង់​បាន​ទៀត​ណ៎ា!»

«ហាសហាស… អ៊ីចឹងមក៍ ​ខ្ញុំ​ចុះ​ហត្ថលេខា​ឲ្យ​… ជូន​ចំពោះ​លោក ខាភូស៊ីណូ រីករាយ​ដែល​បាន​ជួប​គ្នា​ម្តង​ទៀត ផ្កាយ… រួច​ហើយ!»

ខ្ញុំ​ញញឹម​ដាក់​បុរស​នៅ​ចំពោះ​មុខ​ ហើយ​ហុច​សៀវភៅ​ឲ្យ​គេ​វិញ​។ និយាយ​ទៅ​ ​ទោះ​ខ្ញុំ​សរសេរ​តែ​រឿង​ខ្មោច​ តែ​ខ្ញុំ​ក៏​នៅ​មាន​ហ្វែន​ដែរ​តើ! ហេតុ​អ​ី​​ចាំ​បាច់​ត្រូវប្តូរ​ប្រភេទ​រឿងទៀត? ហ៊ឹះ​… តែ​យ៉ាង​ណា​ក៏​ទទួល​ពាក្យ​គេ​រួច​​ទៅ​ហើយ​!​ >.<

«អរគុណ​ខ្លាំង​ណាស់ ខ្ញុំ​នឹង​ថែ​រក្សាទុក​យ៉ាង​ល្អ​!»

មើល​ទៅ ខាភូស៊ីណូ​ ដូច​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ខ្ញុំ​ញញឹម​តប​ ហើយ​​ក៏​ងាក​មក​អង្គុយ​សម្លក់​សម្លឹង​អេក្រង់​កុំ​ព្យូទ័រ​បន្ត​។

«ចុះនេះ​… លោក​កំពុង​ធ្វើ​អ្វី?»

«គឺ​…»

ហ៊ឺយ!

ខ្ញុំ​ងើប​មុខ​ឡើង​ ស្រាប់​តែ​ភ្ញាក់​ព្រើត ​នៅពេល​ឃើញ​បុរស​​រាង​ខ្ពស់​​ មក​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ​ដោយ​មិន​បាន​ប្រាប់​ជាមុន​​។ មិន​តែ​ប៉ុណ្ណោះ​ គេ​នៅ​​ញញឹម​ញញែម​ដូច​ជា​ស្និទ្ធ​ស្នាល​នឹង​ខ្ញុំ​ខ្លាំង​ណាស់​អ៊ីចឹង​​។ O.O~

«គឺ​… និពន្ធ​រឿង​ថ្មី​។»

«រឿង​ខ្មោច​ទៀត​ហើយ​ មែនទេ?»

«អត់​ទេ… ព្រោះ​ប្រធាន​ខ្ញុំ​ ចង់​ឲ្យ​​ខ្ញុំ​សរសេរ​រឿង​ស្នេហា​វិញ​ម្តង​។»

«អ្ហ៎ា! អស្ចារ្យ​ខ្លាំង​ណាស់ ខ្ញុំ​ក៏​ចូលចិត្ត​អាន​រឿង​ស្នេហារ៉ូមែនទិក​​ដែរ​ និយាយ​សាច់​រឿង​ឲ្យ​ខ្ញុំ​ស្តាប់​បន្តិច​មើល៍ តែ​បន្តិច​ក៏​បាន​ដែរ!»

ខាភូស៊ីណូ អង្គុយ​ចាំ​ស្តាប់​សម្តី​ខ្ញុំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

«អឺ​… គឺ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ទេ​ថា គួរ​​សរសេរ​ដូចម្តេច​ល្អ​ ព្រោះ​ខ្ញុំ​មិ​នសូវ​ជំនាញ​រឿង​ប្រភេទ​នេះផង​។»

«អ៊ីចឹង​ហ៎?​ =.=»

​និយាយ​អ៊ីចឹង បុគ្គលិក​ហាង​កាហ្វេ​ម្នាក់​នេះ​​ មុខ​មាត់​មាន​ទៅ​អាក្រក់ឯណា សង្ហាគួរ​សម។ បែប​​មាន​សង្សារ​ហើយ​មើល​ទៅ​ សាកសួរ​មើល​បន្តិច​សិន ក្រែង​បាន​សាច់​រឿង​ខ្លះ​ទុក​សរសេរ​។

«សុំ​ទោស​ផង​ តើ​លោក​មាន​សង្សារ​ហើយ​ឬនៅ?»

«ហ៊ឺម?»

ចិញ្ចើម​ក្រាស​់​លើក​​ខ្ពស់​ម្ខាង​ដោយ​ក្តីងឿង​ឆ្ងល់​។ យើង​សួរ​បែប​នោះ​​មិន​មែន​ចង់​ញ៉ែ​ទេ​​វ៉ឺយ កុំ​ប្រញាប់​យល់​ច្រឡំ​អី​! >_<!!

«អឺ… គឺ​ខ្ញុំ​មិ​ន​ធ្លាប់​មាន​សង្សារ​ទេ ទើប​មិ​នដឹង​ថា​ គួរ​សរសេរ​រឿង​ស្នេហា​ដូចម្តេច​? ហេតុ​ដូច្នេះ​ហើយ​ ទើប​ខ្ញុំ​សួរ​លោក​ ក្រែង​លោក​មាន​បទ​ពិសោធន៍​ អាច​ចែក​រម្លែក​ដល់​ខ្ញុំ​ខ្លះ។»

«គឺ​… ខ្ញុំ​​ក៏​មិន​ធ្លាប់​មាន​ដែរ។»

«អ្ហា?… ពិត​មែន​​ឬ?»

«បាទ… ខ្ញុំ​ធ្វើ​ការ​កណ្តាល​យប់ កណ្តាល​អធ្រាត្រ​​បែប​នេះ​ មាន​ពេល​ឯណា​ទៅមាន​ស្នេហា​? ចំណែកពេល​ថ្ងៃ​ក៏សម្រាក​ គ្មាន​ពេល​​បាន​ជួប​នរណា​ទេ។»

បុរស​រាង​ខ្ពស់​ញញឹម​ដាក់​ខ្ញុំ​។ ពិត​ជាមិន​ទាន់​មាន​មែនឬ? អ៊ីចឹង​ តើ​គួរ​ចាប់​ផ្តើម​សរសេរ​ដូចម្តេច​​ទៅ​ខ្ញុំ​? រឿង​ស្នេហា​យ៉ាប់​សរសេរ​ដល់​ថ្នាក់​នេះ​ឬ??

«តែ​ខ្ញុំ​ក៏​ធ្លាប់​ដឹង​ខ្លះៗ​ពី​​មិត្ត​ភក្តិ​​របស់​ខ្ញុំ​ ដែល​ធ្លាប់​មាន​សង្សារ​​ដែរ​។»

«ពិតមែនឬ? អ៊ីចឹងជួយ​និយាយ​ឲ្យ​ខ្ញុំ​ស្តាប់​បន្តិច​បាន​ទេ?»

ភ្នែក​ធំ​ៗ​របស់ខ្ញុំ​ សម្លឹង​​បុរស​​ចំពោះ​មុខ​ដោយ​ក្តី​អង្វរក។ ចាប់​ផ្តើម​មាន​​សង្ឃឹម​​ខ្លះៗ​​ហើយ​។

«បាន​តើ… គឺ​មិត្ត​ភក្តិ​របស់​ខ្ញុំ​​ធ្លាប់​មាន​សង្សារ​ប៉ុន្មាន​នាក់​​រួច​ហើយ ហើយ​វា​ក៏​…»

ខាភូស៊ីណូ ​ចាប់​ផ្តើម​និយាយ​រឿងរ៉ាវ​​ស្នេហារបស់​​មិត្ត​ភក្តិ​គេ​ឲ្យ​ខ្ញុំ​ស្តាប់​។ គេ​ពិត​ជា​ជួយ​ខ្ញុំ​បាន​ច្រើន​ណាស់​​។ ខ្ញុំ​សើច​ និងស្លុង​អារម្មណ៍​​ជាមួយ​​នឹង​រឿង​ដែល​គេ​និយាយ​។ ជីវិត​ស្នេហា​ ​ក៏​មិនប្រាកដ​ថា​មាន​សេចក្តី​សុខ​រហូ​ត​នោះ​ដែរ​។​ ពេលចាប់​ផ្តើម​​ស្រឡាញ់​គ្នា​​ក៏​សារភាព​ស្នេហ៍​ដោយ​ពាក្យ​ផ្អែម​ល្ហែម​ តែ​ពេល​ឈ្លោះ​គ្នា​ក៏​ធ្វើ​ឲ្យ​​ទឹក​ភ្នែក​​ហូរ​បាន​ភ្លាម​…។ ខ្ញុំ​អង្គុយ​ស្តាប់​គេ​និយាយ​ឡើង​ភ្លឹក​ ​រហូត​​ពេលវេលា​កន្លង​ទៅដោយ​មិ​នដឹងខ្លួន។​ ពេល​នេះ​ជាង​ពាក់​កណ្តាល​អធ្រាត្រ​ទៅ​ហើយ​ យប់​ជ្រៅ​ណាស់​ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ហើយខ្ញុំ​​។​

«សុំ​ទោស​ផង​ ណូ គឺ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះវិញ​ហើយ​។»

«អ៊ីចឹង​ហ៎?… មិន​អីទេ។»

«ចាំ​​ថ្ងៃ​ស្អែក​ ខ្ញុំ​នឹង​​មក​ទៀត​!»

«ពិត​មែនឬ? អ៊ីចឹងខ្ញុំ​នឹង​រង់​ចាំ​៎!»

«បាទ ជួប​គ្នា​ពេល​ក្រោយ​…»

ខ្ញុំ​បិទ​កុំ​ព្យូទ័រ​ដែល​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​បន្ថែម​សរសេរ​ចូល​នៅ​ឡើយ​។ ស៊ក​​អាវ​រងា​រួច​ ខ្ញុំ​ក៏​ក្រោក​ឈរ​ព្រម​គ្នា​​ជាមួយ​រាង​ខ្ពស់​។

«អ៊ីចឹង​ខ្ញុំ​ទៅសិន​ហើយ​ណា ខិត​ខំ​ធ្វើ​ការ​ងារ​!»

«បាទ សូម​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ សុបិន​ល្អ!»

យើង​​ឱន​គំនាប់​ដាក់​គ្នា​ទៅវិញ​ទៅ​មក​ មុន​នឹង​បក់​ដៃ​លា​គ្នា​។ ខ្ញុំ​ដើរ​ចេញ​ពី​ភាព​កក់​ក្តៅ​នៅ​ក្នុង​ហាង​មក​ប្រឈម​នឹង​ភាព​រងាញ័រ​ញាក់​នៅ​ខាង​ក្រៅ​។ ភ្លៀង​រលឹម​ផ្សែង​ក្រូច​នៅ​តែ​បន្ត​ធ្លាក់​ តែ​ទោះ​យ៉ាង​ណា​ក៏​ត្រូវ​ត្រឡប់​ទៅ​ផ្ទះដែរ។ ហ៊ឺម​… បើ​ខ្ញុំ​ទៅ​បែប​នេះ ខាភូស៊ីណូ​​ច្បាស់​ជា​​ឯកោ​ខ្លាំង​ណាស់​… កណ្តាល​អធ្រាត្រ​ មាន​តែ​គេ​ម្នាក់​អង្គុយ​ក្នុង​ហាង​។ តែ​​ស៊ូៗ​ណា​ កាហ្វេ​ដ៏​សែន​ឆ្ងាញ់​របស់​ខ្ញុំ​! ^_^

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


សំឡេង​​វត្ថុ​មួយ​រមៀល​ឮ​សូរ​តុកៗ…

បុរស​សម្តែង​​ទឹក​មុខ​ភ្ញាក់​​​ នៅ​ពេល​ឃើញ​ដប​ថ្នាំ​​​​ ជ្រុះ​ចេញ​ពី​​ថង់​ក្រដាស​នៅ​ក្នុង​ដៃ​ ដោយ​សារ​គូទ​​ថង់​ដាច់​​​ដោយ​មិន​ដឹង​ខ្លួន​។

«យី​អើ…!»

សន្សើម​​លាន់​មាត់​​ ព្រម​ជាមួយ​​អារម្មណ៍​​មួហ្មង​ ​​ដែល​ខ្លួន​​ព្យាយាម​ប្រញាប់​ទៅ​ផ្ទះ ​​តែ​​បែរ​ជា​មក​ខាត​ពេល​វេលា​ជាមួយ​នឹង​ភាព​​សស្លក់សស្លើត​​របស់​ខ្លួន​​ទៅ​វិញ​។ កំលោះ​រើស​ដប​ថ្នាំ​ពីរ​ដប​​ ដែល​​ជ្រុះ​ទៅ​លើ​ដី​​ ហើយ​ងាក​​ទៅ​រកគោល​​ដៅ​របស់​ខ្លួន​ម្តង​​ទៀត​… រថយន្ត​ក្រុង​ដែល​គេ​ត្រូវ​ជិះ​… ​​ស្រាប់​តែ​បើក​ហួស​​ចេញ​​​ទៅ​!

***

ចង់​អាន​វគ្គ​បញ្ចប់ សូម​សរសេរ​ចំណាប់​អារម្មណ៍​ផ្ញើ​មកកាន់​ phkaynovels@gmail.com

Read Full Post »


***នេះ​ជា​អត្ថបទ​គំរូ ចំពោះ​ចំណាប់​អារម្មណ៍​រឿង​ «​សន្សើម​រាត្រី»។ ពេល​ខ្លះ​អត្ថបទ​មិន​ចាំ​បាច់​វែង​ដល់​ពីរទំព័រ​ក៏​បាន​ដែរ​ សុំ​ត្រឹម​ឲ្យ​មាន​ន័យ​គ្រប់​គ្រាន់​បែប​នេះ​ គឺ​បាន​ហើយ​។

          សុបិន…

ខ្ញុំ​មិន​ដឹងថា​លោក​មាន​អាយុ​ប៉ុន្មាន​ទេ មិន​ដឹង​ថា​លោក​ ​ប្អូន​ខ្ញុំ ​ឬ​បង​ខ្ញុំ​ តែ​ខ្ញុំ​សូម​​គោរព​លោក​ដោយ​​ប្រើ​ពាក្យ ​«​លោក​» ​សម្រាប់​ហៅ​លោក​ទៅ​ចុះ! លោក​មាន​លក្ខណៈ​គ្រប់​គ្រាន់​បរិបូរ​​សម្រាប់​ឲ្យ​ខ្ញុំ​​គោរព​និង​​ កោត​ស្ញប់​ស្ញែង​​។​ ​ប្រលោម​លោក​​របស់​លោក​​ ​​បាន​អន្ទង​ចិត្ត​ខាប​យក​​ព្រលឹង​ខ្ញុំ​ ឲ្យ​លិច​លង់​ក្នុង​មនោ​សញ្ចេត​នា​​រហូត​​ងើប​មុខ​មិន​រួច​។

​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​មនុស្ស​ពីរ​នាក់​​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យំ​រាល់​ថ្ងៃ​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មិន​សុខ​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​រឭ​ក​គ្រប់​ពេល​វេលា​​ ថ្វី​បើ​ពីរ​នាក់​នោះ​ខ្ញុំ​មិន​​ធ្លាប់​ជួប​មុខ​ មិន​ធ្លាប់​ឃើញ​តែ​ខ្ញុំ​ស្គាល់​ពីរ​នាក់​នោះ​ច្បាស់​ដូច​ថ្ងៃ​។

សន្សើម​រាត្រី​…

មែន​ហើយ​! គេ​ឈ្មោះ​ សន្សើម ​និង ​រាត្រី…​ មនុស្ស​ពីរ​នាក់​ដែល​ខ្ញុំ​ស្រលាញ់​ស្ទើរ​លេប​​។​ ​ពិតណាស់​…​ គេ​គ្រាន់​តែ​ជា​តួអង្គ​នៅ​ក្នុង​រឿង​ «​សន្សើម​រាត្រី​​» ​របស់​លោក​ប៉ុណ្ណោះ​។ តែ​ព្រោះ​ការ​ចេះ​បញ្ជ្រាប​មនោសញ្ចេត​នា ​យ៉ាង​ប៉ិន​ប្រសប់​របស់​លោកទៅ​ក្នុង​សាច់​រឿង​​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្នេហ៍​នឹង​ពួក​គេ​​រហូត​ងើប​មុខ​មិន​រួច​។ ​ជឿ​ទេ​ ថា​ពេល​នេះ​ខ្ញុំ​កំពុង​យំ​នឹកពួក​​គេ​ នឹក​ខ្លាំង​ណាស់​ នឹក​រហូត​ធ្វើ​អ្វី​លែង​បាន​ក្រៅ​ពីបង្ហូរ​មនោ​សញ្ចេត​នា​​​​​ខ្លីៗ​​របស់​ខ្លួន​ចូល​ក្នុង​កំណត់​ហេតុ​​​ខ្លួន​ឯង​។​

តើ​លោក​អាច​ធ្វើ​បាន​ទេ? អាច​សរសេរ​បន្ត​ភាគ​បាន​ទេ? ខ្ញុំ​ពិតជា​មិន​ចង់​ឲ្យ​រឿង​រ៉ាវ​របស់​គេ​បញ្ចប់​ទៅ​​ត្រឹម​នេះ​ទេ​? ខ្ញុំ​ចង់​ជួប​ពួក​គេ​ ខ្ញុំ​នឹក​ពួកគេ​ណាស់​ ខ្ញុំ​ចង់​ឲ្យ​ជីវិត​របស់ ​សន្សើម​ ​បន្ត​ទៅ​ទៀត​… តើ​ពេល​នេះ​គេ​សុខ​ទុក្ខ​យ៉ាង​ណា​ហើយ​? ក្រោយ​ពី​ រាត្រី​ ស្លាប់​ទៅ​ តើ​គេ​រស់​នៅ​យ៉ាង​ម៉េច​??? ជួយ​ខ្ញុំ​បាន​ទេ​? ជួយ​បន្ត​ជីវិត​ខ្ញុំ​ឲ្យ​រស់​នៅ​បាន​យូរ​ជាង​នេះ​ទៀត​បាន​ទេ?… ខ្ញុំ​ពិត​ជា​ដាច់​ខ្យល់​ស្លាប់​មិន​ខាន​បើ​ខ្ញុំ​មិន​ដឹង​ពី​សុខ​ទុក្ខ​របស់​ពួក​គេ​…

ពេល​នេះ​ ខ្ញុំ​បាន​ទិញ​វីយូឡុង​មួយ​​… ខ្ញុំ​ស្រលាញ់​វីយូ​ឡុង ​ព្រោះ​ខ្ញុំ​លង់​ស្នេហ៍​នឹង ​សន្សើម​… សន្សើម ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​សំឡេង​វីយូឡុង​។ សំឡេង​វីយូឡុង​ទន់​ភ្លន់​លន្លង់​លន្លោច​… ស្តាប់​វីយូឡុង​ម្តង​ៗ ​ខ្ញុំ​​គេច​មិន​ផុត​ពី​ហូរ​ទឹក​ភ្នែក​ទេ។ អរគុណ ​សុបិន ​ដែល​នាំ​ឲ្យ​ខ្ញុំ​ស្គាល់ ​សន្សើម​ ហើយ​អរគុណ​ សន្សើម ​ដែល​នាំ​ឲ្យ​ខ្ញុំ​ស្រលាញ់​វីយូឡុង។​ វីយូឡុង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ពន្លឺ​ជា​ថ្មី​ មែន​ហើយ​… ពេល​​នេះ​វីយូឡុង​ គឺ​ជា​ចង្កៀង​ជីវិត​របស់​ខ្ញុំ​!

អ្នក​ខ្លះ​ពិត​ជា​គិត​ថា​ខ្ញុំ​ឆ្កួត​ហើយ​មែន​ទេ ដែល​មក​លង់​ស្នេហ៍​នឹង​តួអង្គ​បែប​នេះ?? តែ​សុំ​​ទោស​ផង​ចុះ​ ខ្ញុំ​សុខចិត្ត​ទទួល​ថា​ខ្ញុំ​ឆ្កួត​ ឲ្យ​តែ​​ខ្ញុំ​បាន​ស្គាល់​មនុស្ស​ដែល​​ខ្ញុំ​ស្រលាញ់​…

Read Full Post »


១១

អវសាន​​ជាមួយ​គ្នា

គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​នៅ​មិន​សុខ​ ជាង​ការ​​មិន​បាន​​ឆ្លុះ​កញ្ចក់​​​ មើល​មុខ​ខ្លួន​ឯង​​ច្រើន​ជាង​បី​ថ្ងៃ​មក​ហើយ​នោះ​ទេ។ ខ្ញុំ​មិន​ចង់​មើល​មុខ​ក្នុង​សភាព​បែប​នេះ​ឡើយ​… ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា​​ មុខ​មាត់​របស់​ខ្ញុំ​ពេល​នេះ​​ ប្រហែល​ជា​មិន​ខុស​​ប្លែក​អ្វី​ពី​សម្បុរ​ស្បែករបស់​រាង​កាយ ​ដែល​ក្លាយ​ជា​​ស្លេក​ស្លាំង​ ឃើញ​ច្បាស់​នឹង​ភ្នែក​នោះ​ទេ​​​។ រោគ​​សញ្ញា​របស់​ភាព​ទ្រុឌ​ទ្រោម​​បាន​ប្រាប់​ខ្ញុំ… អាការៈ​ចុក​សៀត​ក្នុង​ដើម​ទ្រូង​ក៏​នៅ​​តែ​បន្ត​ឈឺ​ឥត​ស្រាក​ស្រាន្ត​ ទោះ​បី​ជា​ព្រិល​ឈប់​ធ្លាក់​រុះ​រោយ​​ច្រើន​ ដូច​ថ្ងៃ​មុន​ៗ​ហើយ​ក៏​ដោយ​​ តែ​ខ្ញុំ​នៅ​តែមាន​​អារម្មណ៍​​តាន​តឹង ​​និងដក​ដង្ហើម​ថប់​ៗ​គ្រប់​ពេល​វេលា។

​ខ្ញុំ​ប្រើ​ពេល​វេលា ​បញ្ចុះ​បញ្ចូល​លោក​​សន្សើម ​​ពេញ​រយៈពេល​​បី​ថ្ងៃ​ ថា​ខ្ញុំ​ចង់​ចេញ​ទៅ​​ដើរ​​លេង​តាម​​សួន​សាធារណៈ​ ដែល​នេះ​ក៏មិន​ខុស​អ្វី​​ពី​​ការ​សម្លាប់​ខ្លួន​ឯង​​​ដែរ​… តែ​ក៏​មិន​​ដឹង​ថា ​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​​ចេញ​ពី​ផ្ទះ​​ខ្លាំង​យ៉ាង​នេះ​​។ ខ្ញុំ​ចង់​ចេញ​ទៅ​ដើរ​លេង​ខ្លាំង​មែន​ទែន​នៅ​ថ្ងៃ​នេះ​! ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​លោក​សន្សើម​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើលសភាព​នៅ​ខាង​ក្រៅ​ផ្ទះ​ជិត​មួយ​ម៉ោង​​ ហើយ​ត្រឡប់​​មក​ម្តង​ទៀត​មុន​នឹង​ប្រាប់​ខ្ញុំ​ថា ថ្ងៃ​នេះ​ព្រិល​​ធ្លាក់​តិច​តួច​បំផុត​… និង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ដើរ​លេង ​នៅ​ក្នុង​សួន​សាធារណៈ​ជាមួយ​គេ​ បាន។

​យើង​ទាំង​ពីរ​នាក់ ​មិនបាន​ធ្វើ​អ្វី​ជា​ពិសេស​ឡើយនៅ​ក្នុង​ឧទ្យាន​​ ដែលគ្រប​ដណ្តប់​ដោយ​​​ពណ៌​ស​ក្បុស​ទាំង​អស់​។ តែ​សំណាង​នៅ​ល្អ​ ដែល​ក្រុម​ភ្នាក់​ងារ​កើប​ព្រិល​ បាន​​សម្អាតព្រិល​តាម​កម្រាល​ឥដ្ឋ​ចេញ​ជិត​អស់​​ ដែល​​នេះ​ជា​ការ​មួយ​ល្អ​ធ្វើ​ឲ្យ​អាកាស​ធាតុ​ត្រជាក់​ល្ម​ម​ស្រួល​ខ្លួន ​និង​​​មិន​សូវ​ពិបាក​ក្នុង​ការ​ដើរ​លំហែ ឬ​រត់​ត្រឹក​ៗ​លេង​របស់​ប្រជា​ជន​ក្នុង​ក្រុង​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​មើល​មក​ខ្ញុំ​ចុះ គួរ​ឲ្យ​​សោក​​​       ​ស្តាយ​ខ្លាំង​ណាស់​​ដែល​ពេល​នេះ​ ខ្លួន​​ឯង​ត្រឡប់​​ជា​មក​​អង្គុយ​លើ​រទេះ​រុញ ដែល​​លោក​សន្សើម​រក​ត្រៀម​ទុក​ឲ្យ ​​ក្រោយ​ពី​ត្រឡប់​​​មក​ផ្ទះ​កាល​ពី​បី​ថ្ងៃ​មុន​​នោះ… ជា​រឿង​ពិត​ណាស់​​ បើ​ខ្ញុំ​គ្មាន​រទេះ​រុញ​មួយ​គ្រឿង​នេះ​​ ខ្ញុំ​អាច​ដើរ​បាន​មិនដល់​​​ប៉ុន្មាន​ជំហាន​ឡើយ​… ខ្ញុំ​ទ្រាំ​ទ្រ​​មិន​រួច​ពិត​មែន!

​«​ឯង​​​ត្រូវ​ញ៉ាំ​ស្ពៃ​ខ្មៅ​ឲ្យ​បាន​​ច្រើន​ជាង​មុន​​… រួម​ទាំង​ខ្ទឹម​ស​ផង​!»

«​ហេតុ​អី​ទៅ?»

«​ព្រោះ​ថា​ខ្ទឹម​ស​និង​បន្លែ​បៃ​តង​ ឬ​បើ​​ល្អ​ជាង​នេះ​ គឺ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​លឿង​… ​វា​អាច​​​ជួយ​ឯង​​​បង្កើន​គ្រាប់​ឈាមបន្ថែម​​បាន​…»

«​… ខ្ញុំ​មិន​យល់​សោះ… ​ហេតុ​អ្វី​ខ្លួន​ខ្ញុំ​​ប្រែ​ជា​​ស្លេក​ស្លាំង​លឿន​ម្ល៉េះ​?…»

​សំណួរ​ដែល​ខ្ញុំ​ឆ្ងល់​​ ​ធ្វើ​ឲ្យ​​បុរស​សម្តែង​ទឹក​មុខ​ គិត​ត្រិះរិះ​​ដូច​គ្នា…

«​… មិន​ដឹង​ដែរ… ​ខ្ញុំ​គិត​ថា… ​យើង​គួរតែ​​នាំ​គ្នា​ទៅ​រក​គ្រូ​ពេទ្យ​ល្អ​ជាង​ណា ​រាត្រី…»

«… ម… មិន​បាច់​ទេ… ខ្ញុំ​​​​មិន​បាន​កើត​អី​ច្រើន​ឯណា​​ ក្រៅ​ពី​ចុក​ក្នុង​ទ្រូង​​ដូច​​​​រាល់​​ថ្ងៃ​​… ម្យ៉ាង​​​​​ខ្ញុំ​ចង់​នៅ​ផ្ទះ​របស់​​លោក​​​… ជា​កន្លែង​​ចុង​ក្រោយ…»

លោក​សន្សើម​​ឈ្ងោក​មុខ​សម្លឹង​ខ្ញុំ​… ខណៈ​កំពុង​រុញ​រទេះ​​ទៅ​មុខ​រឿយៗ។

«​និយាយ​អីដូច្នេះ​…​ ឯង​​​ត្រូវ​​នៅ​ទីនេះ​​រហូត ​ទាល់​​តែ​ផ្ទះ​របស់​ខ្ញុំ​​​​បាក់​រលំ​…»

«​ហ៊ឹះ… ទម្រាំ​តែ​ផ្ទះ​លោក​​​រលំ… ក៏​ប្រហែល​ជា​​មួយ​រយ​​ឆ្នាំ​ទៀត​ទេ​ដឹង?…»

កំលោះ​ញញឹម​ស្ងួត។ ប្រាប់​តាម​ត្រង់​ទៅ​ចុះ ​គ្រប់​ពេល​ដែល​ខ្ញុំ​ក្រឡេក​ឃើញ​ដៃ​ខ្លួន​ឯង​ ខ្ញុំ​តែង​តែ​ទទួល​អារម្មណ៍មួយ​ ដែល​​អាក្រក់​ហួស​​ពី​​ការ​និយាយ​ទៅ​ទៀត… តើ​នេះ​ជា​រោគ​​សញ្ញា​​អ្វី​ឲ្យ​ប្រាកដ​ទៅ?… តាម​ដែល​​ដឹង​ បើ​ខ្ញុំ​​កើត​រោគ​​ខ្វះ​ការ​​ការ​ពារ​ដូច​អ្នក​ដទៃដូច្នេះ​​​​​ ខ្ញុំ​នឹង​ត្រូវ​​មាន​កន្តួល​ក្រហម​ៗ ​​កើត​ឡើងពេញ​ខ្លួន​​ជា​មិន​ខាន​ ​មែន​ទេ?… ឬ​បើ​មិន​ដូច្នោះ​ ខ្ញុំ​ក៏​ត្រូវ​ចុះ​​ស្គម​ស្គាំង​​​ ឃើញ​​តែ​ស្បែក​  ដណ្តប់​ឆ្អឹង ​ដូច​​អ្នក​កើត​រោគ​ខួរ​ឆ្អឹងខ្នង​ជា​មិន​ខាន​។

តែ​ក៏​ចង់​អរគុណ​ទេវតា​ដូច​គ្នា​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​រង​ទុក្ខ​វេទនា​ត្រឹម​តែ​​ប៉ុណ្ណេះ… ឬ​មួយ​​ការ​ពិត​… វា​​មិន​ទាន់​ដល់​​ពេល​វេលា​នោះ​?…

 

ត្រឹម​ពីរ​ម៉ោង​ប៉ុណ្ណោះ​ ដែល​លោក​សន្សើម​ព្រម​​ឲ្យ​ខ្ញុំ​​ នៅ​ក្នុងសួន​​សាធារណៈ។​ បន្ទាប់​ពី​នោះ​គេ​ក៏​​នាំ​ខ្ញុំ​ត្រឡប់​​ទៅ​ផ្ទះ ​ដេក​​​​ទទួល​​កម្តៅ​​នៅ​ក្នុង​បន្ទប់វិញ​តាម​ទម្លាប់…

«​​ខ្ញុំ​មាន​ការ​​ចេញ​ទៅ​ក្រៅ… បន្តិច​ទៀត​​នឹង​ត្រឡប់​​មក​វិញ​…»

«​… លោក​ទៅ​ណា?…​»

ខ្ញុំ​សួរ​ ខណៈ​ដែល​កំលោះ​កំពុង​បី​ខ្ញុំ​ឡើង​មក​ជាន់​ទី​ពីរ… ច្បាស់​ណាស់​​… ខ្ញុំ​កំពុង​ទទួល​​អារម្មណ៍​ថា​ ខ្លួន​ឯង​ចាប់​ផ្តើម​កម្រើក​រាង​កាយ​លែង​បាន​ហើយ… ភាព​ស្ពឹក​ស្រពន់​តាម​សន្លាក់​ដៃ​ជើង​កើត​ឡើង​ញឹក​ញាប់​ណាស់​ឥឡូវ​នេះ។ តែ​ក៏​ប្លែក​ដែល​វា​មិន​​ឈឺ​ តែ​ត្រឡប់​​ជាស្ពឹក​​ លែង​ដឹង​អារម្មណ៍​​​អី​ទាំង​អស់​​​នៅ​តាម​ជើង​ទាំង​ពីរ… ​គឺ​គ្រាន់​តែ​កម្រើក​ម្រាម​ក៏​​ធ្វើ​មិន​បានផង​។

«​ខ្ញុំ​នឹង​ចេញ​ទៅ​រកថ្នាំ​​បំប៉ន​​​​មក​ឲ្យ​​​ឯង​​​នោះអី…»

«​​… កុំ​នាំ​ឲ្យ​ពិបាក​អី…»

«​និយាយ​ច្រើន​ណាស់… ដេក​ឲ្យ​ស្ងៀមៗ​ទៅ… ហើយ​កុំ​គិត​ចង់​ចេញ​ទៅ​ក្រៅ​ដាច់​ខាត…!»

«​… ខ្ញុំ​​​នឹង​​ចេញ​ទៅ​ណាកើត​?… ខ្ញុំ​​​​ស្ទើរ​តែ​គ្មាន​កម្លាំងនៅសេសសល់​​​ទៅ​ហើយ…»

«​ខ្ញុំ​​​នឹង​ប្រញាប់​ទៅ​ប្រញាប់​មក… ទៅហើយ​ណ៎ា…!»

បុរស​​និយាយ​ចប់​ ក៏​ឈ្ងោក​មុខ​មក​ថើប​ខ្ញុំ​ត្រង់​ថ្ងាស​ស្រាល​ៗ​ មុន​នឹង​ប្រញាប់​រត់​ចុះជណ្តើរ​​ និង​ចេញ​ពី​ផ្ទះ​​មួយ​រំពេច។​ ពិត​ណាស់​… ម្នាក់​ៗ​ក៏​សុទ្ធ​តែ​ដឹង​… ថា​នៅ​សល់​ពេល​មិន​យូរ​ទៀត​ទេ…

***

ពេលវេលា​កន្លង​ទៅ​ជិត​ពីរ​ម៉ោង… ខ្ញុំ​ទទួល​អារម្មណ៍​ថា​ មាន​នរណា​មក​ចុច​កណ្តឹង​នៅ​មុខ​ផ្ទះ។ ស្លាប់​ហើយ!… ច្បាស់​ជា​​មិន​មែន​លោក​សន្សើម​ទេ នរណា​អ៊ីចេះ​​… មក​​ចំ​ពេល​បែប​នេះ​ តើ​ឲ្យ​ខ្ញុំ​ចុះ​​ទៅ​​បើក​ទ្វារ​ម្តេច​កើត​?…

តែ​​ទី​បំផុត​​ ខ្ញុំ​ក៏​ព្យាយាម​ចាប់​បង្កាន់​ដៃ​ជណ្តើរ​ និង​រំកិល​ជើង​ដែល​នៅ​មាន​អារម្មណ៍​ដឹង​តិច​តួច​ចុះ​​មក​ដល់​ខាង​ក្រោម ហើយ​ក៏​ដើរ​ចាប់​តុ​ចាប់​ទូ​ និង​អ្វី​ៗ​ផ្សេង​ទៀត​​​បន្ត​ទៅ​មុខ​ រហូត​​ដល់​មាត់​ទ្វារ​ផ្ទះ​។ នៅ​ពេល​ខ្ញុំ​ទាញ​​​ទ្វារ​បើក​ ក៏​លេច​​រូប​ភ្ញៀវ​តូចច្រមក់​​ឈរ​ញញឹម​នៅ​ចំពោះ​មុខ។

«Good afternoon Reatrey, what’s the matter?»

សួស្តី​​បង​រាត្រី!… តើ​បង​​​​កើតអីហ្នឹង?​

អេម៉ា​សួរ​ខ្ញុំ​​ ទំនង​​ជា​ដឹង​ថា​ ខ្ញុំ​ឈឺ។ ​មែន​ហើយ​… ខ្ញុំ​ទ្រុឌ​ទ្រោម​ដល់​ថ្នាក់​នេះ​ បើ​នរណា​មិន​ដឹង​មាន​តែ​​​ខ្វាក់​​ភ្នែក​! …ណា​ឈរ​ខ្លួន​មិន​ត្រង់​ ព្រោះ​គ្មាន​កម្លាំង​… ណា​ពាក់​ម៉ាស​បិទ​មាត់ ហើយ​ដែល​មើល​ឃើញ​ច្បាស់​ជាង​នោះ​គឺ សម្បុរ​ស្បែក… ដែល​ស​ស្លេក​ស្លាំង​គួរ​ឲ្យ​ខ្លាច​ជាង​មៃ​​ខើល​ជែក​សាន់​​​​​(Michael Jackson)ទៅ​ទៀត​។​​

«Hi, Emma. Ummm… I’m very bad…umm… I’m sick.»

សួស្តីអេម៉ា! អឺមបង​មិនស្រួលខ្លួនទេគឺបង​ឈឺ។

«May I come in please, I want to talk with you.»

តើ​ខ្ញុំអាចចូលទៅខាងក្នុងបានទេ, ខ្ញុំចង់និយាយជាមួយបង

«Um… sure… come in.»

អឺមបានតើចូលមក!

ខ្ញុំ​នឹក​​ចម្លែក​ចិត្ត​ថា ហេតុ​អ្វី​នៅ​សុខៗ​ អេម៉ា​ចង់​មក​និយាយ​ជាមួយ​ខ្ញុំ…?

​កុមារី​​​​តូច​ដើរ​ឆ្ពោះ​​សំ​ដៅ​ទៅ​កណ្តាល​បន្ទប់​អង្គុយ​លេង​​​។​ នាង​ហាក់​ដូច​ជា​​ដឹង​ថា​លោក​សន្សើម​​មិន​នៅ​​ផ្ទះ​ក្នុង​ពេល​នេះ… អេ៎… ឬ​មួយ​អ្នក​កំលោះ ​​បញ្ជូន​ក្មេង​ស្រី​ម្នាក់​នេះ មក​ធ្វើ​ជា​អង្គរក្ស​របស់​ខ្ញុំ? ហាស​​ហា… នេះបែប​​គិត​ចង់​យក​​ក្មេង​មក​យាម​ខ្ញុំ ​មិន​​ឲ្យ​​ចេញ​ពី​ផ្ទះ​​ហើយ​​! តែ​ថា​ទៅ… ​​ជួន​កាល​​ក៏​​អាច​​មិន​មែន ព្រោះ​នេះ​កន្លង​ទៅជិត​​ពីរ​ម៉ោង​ហើយ​ ឯ​អេម៉ា​ទើប​តែ​មក​​ដល់​។​

«OK, girl…»

ខ្ញុំ​ហៅ​ស្រី​តូច​​​ ខណៈ​ដែល​នាង​កំពុង​​ឈរ​លោត​​លេង​នៅ​កណ្តាល​ផ្ទះ… អេ៎​… ឬ​មួយ​នាង​គ្រាន់​តែ​មក​ដើម្បីកម្តៅ​​ខ្លួន​ជាមួយ​ម៉ាស៊ីន​កម្តៅ​ដ៏​សែន​កក់​ក្តៅ​​​របស់​ផ្ទះ​នេះ… ហាស​​ហា… ឆ្កួតមែន​! ផ្ទះ​​​អេ​ម៉ា​​​ក៏​មាន​​​​ឋានៈ​​​មិន​ធម្មតា​​ដែរ​… រឿង​អី​ផ្ទះ​នាង​គ្មាន​ម៉ាស៊ីន​កម្តៅ​​ល្អ​ៗ​បែប​នេះ​ប្រើ?

«The truth… I will only want to ask that… When the Christmas Day ago… you’d gone to see me in school… am I dance well?»

ការពិត​… ខ្ញុំគ្រាន់តែចង់មកសួរបងថា ថ្ងៃបុណ្យគ្រិស្ត​ម៉ាស​​កន្លងមក​​​នេះ បង​​បានទៅមើល​​ខ្ញុំសម្តែងអត់​…​ តើខ្ញុំរាំស្អាត​​​​ទេ?

នេះ​ឬ​អ្វី​ដែល​នាង​ច្រមក់​​ត្រូវ​ការ​សួរ​ខ្ញុំ… ហាស​ហា​… ខ្ញុំ​ចង់​តែ​សើច​​ទេ​ព្រះ​​អើយ! សរុប​មក តើ​​នាង​​ដឹង​​​ឬ​​មិន​ទាន់​ដឹង​ឲ្យ​ប្រា​កដ​​​ ដែល​ប្រញាប់​សួរ​ខ្ញុំ​ថា​ នាង​រាំ​ស្អាត​ឬអត់?

«​Of course, you’re pretty and very excellent!»

ប្រាកដណាស់​​​ ប្អូន​រាំបានស្អាត​​ និងពូកែ​​ខ្លាំងណាស់​!

«​Really?»

មែន?

«Yes, you’re very cute girl!»

មែន, ប្អូន​ជាក្មេងស្រីគួរឲ្យស្រឡាញ់​ខ្លាំងណាស់!

អេ​ម៉ា​ ធ្វើ​កាយ​វិការ​លោត​កញ្ឆេង​សប្បាយ​ចិត្ត​… មាន​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​ចង់​ប្រាប់ដល់​​ក្មេង​ស្រី​ម្នាក់​នេះ…​ តែ​​… នាង​នឹង​ធ្វើ​តាម​​អ្វី​ដែល​ខ្ញុំ​ប្រាប់​និង​អង្វរ​នាងឬ​ក៏​អត់​នោះ ខ្ញុំ​មិន​ដឹង​ទេ។

***

ហ៊ឹះ… ពេល​នេះ​ខ្ញុំ​បាន​តែ​ដេក​ញញឹម​​យ៉ាង​សប្បាយ​ចិត្ត​​ នៅ​លើ​គ្រែ​របស់​ខ្លួន​តាម​ទម្លាប់​។​​ ការ​ពិត​​ ខ្ញុំ​បាន​​ផ្តាំ​ផ្ញើ​អ្វី​ម្យ៉ាង​នឹង​អេម៉ា​រួច​ហើយ… នាងជា​ក្តី​​សង្ឃឹម​​របស់​ខ្ញុំ​តែមួយ​គត់    ​នៅ​ពេល​ដែល​ខ្ញុំ​គ្មាន​ជីវិត​រស់​នៅលើ​លោក​នេះ​បន្ត​​ទៀត​។

ខ្ញុំ​ទទួល​អារម្មណ៍​ថា​ រាង​កាយ​របស់​ខ្ញុំ​ ចាប់​ផ្តើម​មាន​រោគសញ្ញា​ប្លែក​ៗ​ ចេញ​មក​ទៀត​ហើយ… សំឡេង​​​ដក​ដង្ហើម​​ឮខ្លាំង​​ខុស​ពី​ប្រក្រតី​​ ស្បែក​សាច់​ប្រែ​សម្បុរ​ស្លេក​ស្លាំង​លើស​ដើម គួរ​ឲ្យ​ខ្លាច​និង​ខ្ពើម​រអើម​។ ខ្ញុំ​ព្យាយាម​ក្រោក​ចុះ​ពី​លើ​គ្រែ​ម្តង​ទៀត… ដើម្បី​ទៅរក​​ទូរស័ព្ទលើ​តុ​ និង​ខល​ហៅ​រថយន្ត​សង្គ្រោះ​​បន្ទាន់​​…

​តែ​នៅ​ក្នុង​ខណៈ​នោះ​ គំនិត​មួយ​ទៀត​របស់​ខ្ញុំ… បែរ​ជា​ហាម​មិន​ឲ្យ​ធ្វើ​ដូច្នោះ!

ខ្ញុំ​បាន​តែ​លួច​ញញឹម​តិចៗ​យ៉ាង​ស្ងៀម​ស្ងាត់​ នៅ​ក្នុង​ពេលដែល​កំពុង​ឈឺ​ចុក​ចាប់យ៉ាង​វេទនាពេញ​រាង​កាយ​… ខ្ញុំ​មិន​គួរ​​​​​ទៅ​ស្លាប់​នៅ​កន្លែង​ណា​ផ្សេង​ ក្រៅ​​ពី​ផ្ទះ​មួយ​ខ្នង​នេះ​ទេ… ព្រោះ​ខ្ញុំ​… ត្រូវ​រង់​​ចាំ​​គេ​ត្រឡប់​​មក​វិញ…

 

♫♫ ដើម​ទ្រូង​ផ្តល់​ភាព​កក់​ក្តៅ ទៅណា​បាត់​ហើយ

ដៃ​បង​អូន​ធ្លាប់​តែ​គេង​កើយ ស្រី​ដង្ហោយ​ឲ្យ​ប្រញាប់​​វិល​មក​

បង​អើយ​កុំ​ភ្លេច​ពាក្យ​សន្យា ដង្ហើម​សង្ខារ​ចាំ​ប្រុស​ពន្លក

មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ឲ្យ​បង​វិល​មក សុំ​ត្រឹម​ឃើញ​មុខ​មុន​នឹង​បិទ​ភ្នែក​ផុត​ទៅ។

ចង្វាក់​បេះ​ដូង​ស្រែក​ហៅ​រក​បង​ឲ្យ​ត្រឡប់​​

ទឹក​ភ្នែក​លើ​ថ្ពាល់​ក៏​ស្រែក​ហៅ​បង​ឲ្យ​ត្រឡប់​​

ស្នេហ៍​មិន​អាច​ត្រូវ​បញ្ចប់ ស្នេហ៍​ស្នង​បង​ឮ​ទេ​ពៅ​

ទឹក​ភ្នែក​លើ​ថ្ពាល់​ហៅ​ប្រុស​និមល​ឲ្យ​ត្រឡប់​​

ឃើញ​មុខ​មុន​ពេល​ឃ្លាត​ទៅ សម​ចិត្ត​ពៅ​ដែល​នៅ​ត្រូវ​ការ​បង​។

ក្តី​ស្នេហ៍​ប្រែ​ប្រួល​មិន​បាន​​ទោះ​ប្រាណ​ត្រូវ​សូន្យ​

ដង្ហើម​ត្រូវ​ផុត​តែ​រូប​អូន​ មាន​បេះ​ដូង​ជូន​ពេល​បង​វិល​មក​

ដួង​វិញ្ញាណ​ហោះ​ហើរ​​​ទាំង​ទឹក​ភ្នែក​​ស្រែក​ទាំង​ស្តាយ

ហៅ​រក​ប្រុស​ឆោម​ឆាយ​សម្បក​កាយ​ដេក​ចាំ​បង​

ម្តេច​មិន​ឃើញ​ថ្លើម​ថ្លៃវិល​មក​រក​អូន បេះ​ដូង​អូន​ផ្ញើ​ទុក​នៅ… ហ៊ឺ… ♫♫

P.S: នេះ​ជា​វគ្គ​ចុង​ក្រោយ​ដែល​ប្លក់​នេះ​ដាក់​ផ្សាយ​ ដូច្នេះ​ប្រិយ​មិត្ត​អ្នក​ដែល​ដែល​ចង់​បាន​វគ្គ​បន្ត​ និង​ វគ្គ​បញ្ចប់​ក្នុង​ពេល​ជាមួយ​គ្នា​ សូម​សរសេរ​ចំណាប់​អារម្មណ៍​​ផ្ទាល់​ខ្លួន ​ចំពោះ​រឿង​នេះ​ឲ្យ​បាន​យ៉ាង​តិច ​ពីរ​ទំព័រ ​(បញ្ជាក់​ម្តង​ទៀត​ គឺ​យ៉ាង​តិច​ ពីរ​ទំព័រ​) រួច​ផ្ញើ​មក​កាន់​អាសយដ្ឋាន​អ៊ីមែល​ phkaynovesls@gmail.com។ ប្រិយ​មិត្ត​ដប់​នាក់​ដំបូង​ នឹង​ទទួល​បាន​វគ្គ​បញ្ចប់​រឿង​នេះ ​ដោយ​គ្មាន​លក្ខខណ្ឌ​ ចំណែក​ដប់​នាក់​បន្ទាប់ នឹង​ស្ថិត​ក្នុង​ការ​ពិចារណា។ សូម​អរគុណ! 😀

Read Full Post »


១០

ព្រោះតែ​ស្រឡាញ់​

 [សន្សើម​]

***

«លោកសន្សើម…»

ខ្ញុំ​… ហៅ​គេ​ខណៈ​ដែល​យើង​ទាំង​ពីរ​នាក់ ​កំពុង​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់​​នៅ​ក្នុង​​បន្ទប់​ដដែល​​… នៅ​​ម៉ោង​ប្រមាណ​ជា​ប្រាំ​បី​​យប់។

«​… យ៉ាង​ម៉េច?…»

«… ខ្ញុំ​​​ចង់​ត្រឡប់​​ទៅ​ផ្ទះ… ផ្ទះ​របស់​យើងវិញ…»

សូមអភ័យទោស ផ្នែកខ្លះនៃវគ្គនេះត្រូវបានលុបចេញ​!

Read Full Post »


លា…

សូមអភ័យទោស រឿងនេះបានលុបចេញហើយ!

Read Full Post »


 

ជម្រាបសួរផ្កាយ!

នេះជាចំណាប់អារម្មណ៍របស់ខ្ញុំចំពោះ រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់»។ ខ្ញុំគឺមិនដែលចូលចិត្តអានសៀវភៅ​ ឬរឿងប្រលោមលោកទេ តែពេលបានអានរឿង​         «សង្សាប្រុស» ក៏ជាប់ចិត្ត ហើយក៏ខំស្វែងរករឿងប្រលោមលោកបែបនះទៀត តែអត់បានសោះ សំណាងល្អមិត្តម្នាក់បានណែនាំ https://archphkai.wordpress.com ដល់ខ្ញុំ ហើយប្រាប់ឲ្យ​អានរឿងមួយនេះ។ ដំបូងខ្ញុំខ្ជិលណាស់ តែពេលបានអានហើយ បែរជាចាញ់បោកសាច់រឿង ធ្វើឲ្យ​ខ្ញុំពេលខ្លះយំ ពេលខ្លះសើច ពេលខ្លះខឹង​ ទៅតាមអត្ថន័យនៃសាច់រឿងដែលអ្នកនិពន្ធប្រឌិតឡើង​។ ទោះដឹងថា ចាញ់បោកសាច់រឿង​ តែនៅតែចង់អាន ហើយ​មិនចង់ឲ្យ​ចប់សោះ ព្រោះពិតជាជក់ចិត្តណាស់។ ពិសេស​ខឹងអ្នកនិពន្ធណាស់ពេល​ដាក់វគ្គបពា្ចប់មកបោក(Sad Ending) ពេលអានហើយចង់តែបោក ​Laptop ចោលព្រោះខឹងអ្នកនិពន្ធ។

ខ្ញុំទើបតែស្គាល់ប្លក់ថ្មីៗនេះដែរទេ។ រឿងដែលខ្ញុំបានអានដំបូង នៅក្នុងប្លក់របស់បង គឺរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និងរឿង «សន្សើមរាត្រី​» ប៉ុន្តែរឿងនោះអាន​មិនបានចប់ទេ។ មិនមែនមិនចង់អានទេ តែអ្នកនិពន្ធ​ចិត្ត​អាក្រក់​មិនដាក់ឲ្យ​អាន​។

ចូលដល់សាច់រឿងយើងវិញ! រឿងនេះបានបង្ហាញពីទិដ្ឋភាពពិតៗនៃស្នេហារបស់ ប្រុសនិងប្រុស រួមទាំងវគ្គ XXX ។ សង្ស័យ​តែអ្នកនិពន្ធធ្លាប់ទេ បានដឹងច្បាស់យ៉ាងនេះ ^_^។ ខ្ញុំចូលចិត្ត ទី និង សមុទ្រណាស់ ព្រោះពួកគេស្មោះ​ត្រង់​រវាង​គ្នានិង​គ្នា ហើយក៏មិនដែលមានចិត្តក្បត់​ដែរ​។ និយាយតាមត្រង់ មិនដឹងថាវាអាចមានដែរអត់ទេ ខ្ញុំគិតថាមិនមានទេដូចពីរ​នាក់នេះ តែក៏ច្រណែននិងពួកគេដែរ។ ​ខ្ញុំអាណិតទីណាស់ ដែលតែង​តែត្រូវសមុទ្រយល់ច្រឡំ ហើយក៏ច្រណែន​ទីដែរ ដែលមានមនុស្សជាច្រើនមកស្រឡាញ់​តែសូមសរសើរនូវចិត្តស្មោះរបស់ទី។ ចំណែកសមុទ្រ ជាមនុស្សឆេវឆាវឆាប់ខឹង តែចរិត​អ៊ីចឹង​ៗ​ ​គួឲ្យ​ស្រឡាញ់​ណាស់ សង្សារនរណា​គេ​ហ្ន៎! ហិហិ​​… បើខ្ញុំបានសង្សាដូចសមុទ្រមួយ​ជីវិតនេះ ស្កប់ស្កល់ហើយ បានត្រឹមតែយល់សប្តិទេ ហាសហា…។

ខ្ញុំចង់ដឹងណាស់ តើស្នេហារបស់ពួកគេនឹងក្លាយជាយ៉ាងណា នៅទីបញ្ចប់នៃសាច់រឿងនេះ? តើពួកគេបានសមបំណងទេ? ឬក៏បែកគ្នាបន្ទាប់ពីរៀនចប់? តែបើអាចសូម Happy Ending ណ៎ា។ សង្ឃឹមថាអ្នកនិពន្ធផ្កាយមុខស្អាត រាងសង្ហា និងយល់ចិត្តហើយផ្ញើវគ្គបញ្ចប់ឲ្យ​អាន ​ហិហិ…។

Read Full Post »

Older Posts »