Feeds:
ប្រកាស
មតិ

Archive for the ‘សប្បាយៗស្តាយកូរ៉េ’ Category


Cover រឿង​ដោយ​ទំព័រ​ប្រលោម​លោកសប្បាយ

Cover រឿង​ដោយ​ទំព័រ​ប្រលោម​លោកសប្បាយ

ក្រមុំឆ្នាស់ប៉ះកំលោះមាត់ដាចនៅលើដែនកោះមួយ តើនឹងមានរឿងអ្វីកើតឡើង?

សូម​ចូល​ទៅ​កាន់​ ទីនេះ​ ហើយ​ចុច​ like ដើម្បី​បំបែក​ឯកទគ្គ​កម្ម​coverដែល​មាន​ចំនួន​ចុច​ likes ច្រើន​បំផុត! ^^ កុំ​ភ្លេច​ជួយ​ផង​ណ៎ា! 😀

Read Full Post »


រឿង​ស្នេហា​នេះ​គ្មាន​ចំណង​ជើង​(២)

រឿង​អាស្រូវ​

ខ្ញុំ​សង្ឃឹម​ថា ​វា​គ្រាន់​តែ​ជាសុបិន​អាក្រក់​ទៅ​ចុះ។​ ព្រឹក​នេះ​ពេល​ខ្ញុំ​ទៅ​ដល់​សាលា​ បែរ​ជា​មាន​សិស្ស​មួយ​ចំនួន​តាម​សម្លឹង​មើល​ខ្ញុំ​ ហើយ​ថែម​ទាំង​ងាក​ទៅ​ខ្សឹប​ខ្សៀវ​គ្នា​ទៀត​ផង​។​ តើ​​មាន​រឿង​អី​ទៅ​? ភ្លាម​ៗ​មិត្ត​ស្រីៗ​របស់​ខ្ញុំ ​​ស្រាប់​តែ​រត់​មក​ពី​ក្រោយ​យ៉ាង​ស្លន់​ស្លោ។ នេះ​ពួក​​គេ​រត់​គេច​ពី​ចោរ​ព្រៃ​មែន​ទេ​​….

“ពួកឯង​កើត​អី​? រត់​ប្រញាប់​ប្រញាល់​បែប​នេះ​ទើប​មក​ពី​ណា​?” ខ្ញុំ​សួរ​ទៅ​មិត្ត​ភក្តិ​ តែ​នាង​មិន​ព្រម​និយាយ​ស្តី​ឲ្យ​ច្បាស់​សោះ​ យ៉ាង​ម៉េច​អ៊ីចេះ​​ពួក​នេះ​ (*-*?)

“នៅ​សួរ​ស្អី​ទៀត​ ឆាប់​រត់​ទៅ​ថ្នាក់​ឲ្យ​លឿន​ទៅ​!!!”

“ណែ!!! ពួក​ឯង​យ៉ាង​ម៉េច​ហ្នឹង​???”

អា…………………..!@#$%^&*​

“គេ​ថា​ឯង​ព្រោះ​តែ​ច្រណែន​ដែល​រៀន​មិន​បាន​លេខ​១​ ទើប​ធ្វើ​រឿង​បែប​នេះ!​”

“ព្រោះ​ឯង​លួច​ស្រលាញ់​គេ​មិន​បាន​សម្រេច​ទើប​ធ្វើ​ការ​សង​សឹក!”​

“ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍…”

“………….”

“ពិត​មែន​ ឬយល់​សប្តិ​ទេ​???” ខ្ញុំ​ស្រែក​ទាំង​តក់​ស្លុត​ ព្រោះ​ខ្ញុំ​សឹង​មិន​ជឿ​លើ​អ្វី​ដែល​មិត្ត​ភក្តិ​ខ្ញុំ​កំពុង​​និយាយ។

“នៅ​មាន​បន្ត​ទៀត​..”

“បាន​ហើយ​ ខ្ញុំ​សន្លប់​មិន​ខាន​បើ​នៅ​តែ​ស្តាប់​ទៀត!”

សំណាង​ល្អ​ដែល​ដល់​ម៉ោង​ចូល​រៀន​ល្មម​ តែ​ថ្ងៃ​នេះ​គេ​ដូច​ជា​មិន​បាន​មក​រៀន​នោះ​​ទេ​ ។ មិត្ត​របស់​គេ​ និង​មិត្ត​រួម​ថ្នាក់​ឯទៀត ​​ចូល​ចិត្ត​សម្លឹង​មក​ខ្ញុំ​យ៉ាងប្លែក​ ជាពិសេស​ថ្ងៃ​នេះ​សូម្បី​តែអ្នក​គ្រូ​គណិត​វិទ្យា​ក៏​សម្លឹង​មក​ខ្ញុំ​ប្លែក​ដែរ។ នេះ​គេ​កំពុង​សង​សឹក​ខ្ញុំ​ ដោយ​ប្រយោល​មែន​ទេ? បែប​នេះ​មិន​ស្លាប់​ក៏​ដូច​ជា​ស្លាប់​ដែរ!​

ចេញ​ពី​រៀន​ថ្ងៃ​នេះ​ ខ្ញុំ​ដើរ​តែល​តោល​ទាំង​អស់កម្លាំង​នៅ​តាម​ផ្លូវ​ ស្រាប់​តែ​មាន​ក្រុម​ស្រី​ៗ​​​៤​​-៥​នាក់​មក​ឈរ​ពាំង​ផ្លូវ​ខ្ញុំ។ ពួក​គេ​ជា​ឃាតករ​មុខ​ស្រស់​មក​សង​សឹក​ខ្ញុំ​មែន​ទេ….. គួរ​ឲ្យ​ខ្លាច​ម្ល៉េះ…!!!

“សួស្តី!!!” ខ្ញុំ​និយាយ​ទាំង​ញ័រ​ៗ​ អ្នក​ណា​ក៏​បាន​ដែរ​មក​ជួយ​ខ្ញុំ​ផង! ពួក​នាង​ម៉េច​ក៏​មុខ​មាំ​ៗ​ខ្លាំង​ម្ល៉េះ​ ទៅ​ច្រលំ​ញ៉ាំ​ម្ទេ​ស​មក​ពី​ណា​មែន​ទេ?

“គឺ​នាង​មែន​ទេ​ ធ្វើ​ឲ្យ​គេ​មិន​បាន​មក​សាលា​??” ថា​ហើយ​គឺ​ពិត​ជា​បែប​នោះ…. ហ៊ឹក ហ៊ឹក…!!

“​ខ្ញុំមិន​ដឹង​ថា​ អ្នក​បង​និយាយ​ពី​អ្នក​ណា​ទេ​???” ធ្វើ​មិន​ដឹង​ល្អ​ជាង​.. (-A-!)

“នាង​កំពុង​ធ្វើ​ឲ្យ​យើង​ទ្រាំ​លែង​បាន​ហើយ​មែន​ទេ​??” ស្រី​ម្នាក់​នោះ​ ម៉េច​ក៏​ សម្លុត​ខ្ញុំ​ខ្លាំង​ម្ល៉េះ​ គាំង​បេះដូង​ឥឡូវ​ហើយ​ ជួយ​ផង​..!

“ឈប់​សិន​!” សំឡេង​​អ្នក​ណា​ម៉េច​ក៏​ដូច​ជា​ធ្លាប់​ស្គាល់? គឺ​ជា​សម្លេង​មនុស្ស​​​ប្រុស​ គេ​ប្រហែល​ជា​ទេវបុត្រ​ទើប​នឹង​ចាប់​ជាតិ​ទេ​ដឹង​ ចំ​ពេល​កំពុង​​មាន​រឿង​ល្មម ​ជួយ​យក​សេះ​ស​មក​សង្គ្រោះ​ខ្ញុំ​ផង​ទៅ​ (^_^)!! តែ​ម៉េច​ក៏​សម្លេង​នោះ​ហាក់​ដូច​ជា​មាន​ឥទ្ធិពល​ម្ល៉េះ​ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​​តែ​បិទ​​ភ្នែក​បន់​ស្រន់​ ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង​ខ្លះ​នោះ​ទេ​ ។​ តែ​ពេល​នោះ ​ស្រាប់​តែ​មាន​សំឡេង​​មួយ​ទៀត​បន្លឺ​ឡើង​ ប៉ុន្តែ​សំឡេង​​នេះ​ដូច​ជា​មិនពិរោះ​​ដូច​ជា​លើក​មុខ​សោះ​ តែ​ក៏​ដូច​ជា​ធ្លាប់​ឮ​រាល់​ថ្ងៃ​ទៀត​ផង​ អ្នក​ណា​អ៊ីចេះ​ ????

“ពេល​ណា​ឯង​សម្រេច​ចិត្ត​បើក​ភ្នែក​?” ខ្ញុំ​កាន់​តែ​ប្រហែល​សំឡេង​នេះ​ហើយ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បើក​ភ្នែក​តិច​ៗ​លប​មើល​ម្ចាស់​សំឡេង​ ប៉ុន្តែ​…

“ប៉… ប៉ា..??” ម៉េ​ច​ក៏​ជា​ប៉ា​ទៅ​វិញ​ ខំ​តែ​អរ​ (~.~)!! ខ្ញុំ​ខំ​សម្លឹង​រក​អ្នក​ឯទៀត​ តែ​ក៏មិន​បាន​ឃើញ​អ្នក​ណា​ដែរ​ សូម្បី​តែ​ស្រី​ៗ​ប៉ុន្មាន​នាក់​មុន​នេះ។

“​ចុះ​ឯង​មក​ដេកលក់​​អី​នៅ​តាម​ផ្លូវ​អ៊ីចឹង​ទៅ​វិញ​??”

“​អូ​!!! គឺ​មុន​នេះ​.. ខ្ញុំ​… អូ​!​” ខ្ញុំ​ធ្វើ​ដូច​ឡប់​ៗ​ ប៉ុន្តែ​មិន​មែន​ធ្វើ​ទេ​ គឺ​ភាំង​ពេក​រហូត​ដល់​ជិត​ឡប់​មែន​ទែន។

“បាន​ហើយ​ប្រញាប់​ទៅ​ផ្ទះ​ទៅ..!”

ខ្ញុំ​ដើរ​បណ្តើរ​គិត​បណ្តើរ​ គិត​ចុះ​គិត​ឡើង​គួរ​ឲ្យ​ស្តាយ​មែន​ទែន ​បើ​មុន​នេះ​ខ្ញុំ​ឆាប់​បើក​ភ្នែក​បន្តិច​ប្រហែល​ជា​បាន​ឃើញ​​ម្ចាស់​សំឡេង​នោះ​ហើយ​ តែ​ខ្ញុំ​ប្រាកដ​ណាស់ថា ​ម្ចាស់​សំឡេង​ដំបូង​នោះ​មិន​មែន​ជា​ប៉ា​ខ្ញុំ​ទេ​។

ម្ចាស់​សំឡេង

តាម​ទម្លាប់​ដដែល ​ខ្ញុំ​បាន​រៀប​រាប់​ដំណើរ​រឿង​ទាំង​អស់​ប្រាប់​មិត្ត​ខ្ញុំ​តាម​ទូរស័ព្ទ។ ទីបំផុត​នៅ​​ពួក​យើង​បាន​សម្រេច​គ្នា​រឿង​មួយ​ គឺ​ថា​ពួក​យើង​នឹង​​តាម​ដាន​រក​ម្ចាស់​សំឡេង​នោះ​ឲ្យ​ឃើញ​។ ថ្ងៃ​នេះ​ប្រតិបត្តិ​ការ​ស្រី​ស្អាត​​បាន​ចាប់​ផ្តើម​ហើយ​ ខ្ញុំ​និង​មិត្ត​ភក្តិ​ប្រហែល​ជា​ត្រូវ​គេ​គិត​ថា ​ជា​មនុស្ស​ឆ្កួត​ ព្រោះ​រឿង​ចាស់​នៅ​ក្នុង​សាលា​​នៅ​មិន​ទាន់​បាត់​ផង​ ឥឡូវ​ត្រូវ​ធ្វើ​ឫកឆ្កួត​ៗ​ទៅ​តាម​ស្តាប់​សំឡេង​​ប្រុសៗ​ទៀត​ នេះ​ខ្ញុំ​ត្រូវ​ខ្មោច​ចូល​មែន​ទេ…?? ពេញ​មួយ​ថ្ងៃ​ដែល​មិន​បាន​ផល​ ព្រោះ​គ្មានសំឡេង​អ្នក​ណា​ដែល​ស្រដៀង​​នឹង​សំឡេង​នោះ​សោះ​។ ពួក​ខ្ញុំ​សម្រេច​ចិត្ត​ទៅ​ញ៉ាំ​ទឹក​ត្រជាក់​ៗ​នៅ​ mart ក្បែរ​សាលា​ តើ​ខ្ញុំ​បាន​​ឃើញ​អ្នក​ណា​… មុខ​មាត់​ស្អាតសង្ហា​ ប្រហែល​ៗ​ដូច​ជា​ធ្លាប់​ស្គាល់។ លុះ​ដើរ​ទៅ​​ជិត​ទើប​បាន​ដឹង​…

“នុ៎ះគឺ​វិបុល​!!”

“ចុះ​គេ​មក​អង្គុយ​អី​នៅ​ទី​នេះ​ម្នាក់​ឯង​???” ខ្ញុំ​មិន​ទាន់​បាន​បញ្ចេញ​យោ​បល់​ឡើយ​ ទុក​ឲ្យ​មិត្ត​ខ្ញុំ​​និយាយ​មុន​សិន។ ក្រោយ​មក​ក៏​ឃើញ​​ស្រី​ៗ​មួយ​ក្រុម ​រត់​ចូល​ទៅ​រក​គេ​ ដោយ​មាន​ទឹក​ផ្លែ​ឈើ​​គ្រប់​មុខ​មក​ឲ្យ​គេ​រើស​ផង​ដែរ។

“មិន​មែន​ម្នាក់​ឯង​ទេ គឺ​មាន​ស្រី​មួយហ្វូង​​ឯណោះ!​” ខ្ញុំ​នៅ​តែ​មិន​ទាន់​មាន​យោបល់​ ស្រាប់​តែ​ខ្ញុំ​ក៏​នឹក​ឃើញ​ដូច​ជា​ប្រហែល​មុខ​ស្រី​ៗ​ទាំង​នោះ​ ។

“ពួក​នាង ​គឺ​ជា​ស្រី​ៗ​ដែល​តាម​ខ្ញុំ​ម្សិល​មិញ​នោះ​ហើយ​…” ខ្ញុំ​បន្លឺ​ឡើង​ មិត្ត​ខ្ញុំ​មើល​មក​ខ្ញុំ​ដូច​ជា​សង្ស័យ​ ការ​ចង​ចាំ​ខ្ញុំ​នៅ​ល្អ​ខ្លាំង​ណាស់​ គឺ​ប្រាកដ​ហើយ។

“ខ្ញុំ​មាន​គំនិត​មួយ​ !!!” នីតា​តែង​មាន​គំនិត​ល្អ​ជា​និច្ច​ លើក​នេះ​នឹង​បា​នការ​មិន​ខាន។

********

“ថាម៉េច​???” ខ្ញុំឧទាន​ឡើង​ ព្រោះ​សឹង​មិន​ជឿ។

“មែន​ហើយ​ ខ្ញុំ​គិត​ថា​វិបុល​ គឺ​ជា​ម្ចាស់​សំឡេង​​ ព្រោះ​ពេល​កើត​ហេតុ​ គេ​អាច​ជា​ម្ចាស់សំឡេង​ដំបូង​នោះ​ ហើយ​ក៏​ប្តូរ​នឹង​ការ​ដោះ​ដូរ​ជា​មួយ​នឹង​ស្រីៗ​ទាំង​នោះ ​ដោយ​ការ​មក​កំដរ​ពួក​នាង​​នៅ​ទី​នេះ​​ ព្រោះ​​បើ​តាម​ខ្ញុំ​ដឹង​ វិបុល​គេ​កម្រ​នឹង​ចេញ​ទៅ​ក្រៅ​ជា​មួយ​ពួក​ស្រី​ៗ​ខ្លាំង​ណាស់!​” នីតា​ នេះ​ឯង​ទៅ​​លប​ស៊ើប​ពី​វិបុល​ពី​អង្កាល់​ហ្នឹង​ (-&-“)​​​។

“ពិត​ជា​សម​ហេតុ​ផល​មែន!​” មិត្ត​ខ្ញុំ​បន្ត​ឡើង​ តែ​ខ្ញុំ​នៅ​ស្តាប់​បន្ត​ទៀត​សិន។

“ដូច្នេះ​ដើម្បី​រក​ម្ចាស់សំឡេង​​ ពេល​នេះ​មាន​តម្រុយ​ហើយ!”

“មែន​ហើយ​ ប៉ុន្តែ​ធ្វើ​ម៉េច​ទើប​យើង​អាច​បញ្ជាក់​បាន​???” វិមាន​សួរ​បន្ត​ នេះ​ក៏​ជា​សំណួរដែល​ខ្ញុំ​ចង់​សួរ​ដែរ​សម្លាញ់​​​។

“គឺ​ឯង​!!!” អ្នក​ណា​ ម៉េច​ក៏​ខ្ញុំ​មើល​មិន​ឃើញ? ខ្ញុំ​ងាក​មើល​ចុះ​ឡើង​ទាំង​ឆ្ងល់​ ថ្មីៗ​នេះ​ខួរ​ក្បាល​ខ្ញុំ​ប្រហែល​ជា​ចុះ​ខ្សោយ​ហើយ​មើល​ទៅ! (+.+)

“សម្លឹង​រក​អ្នក​ណា​ គឺ​ឯង​ហ្នឹង​ហើយ!​” ធារី​ជួយ​បន្ថែម​ឲ្យ​ខ្ញុំ​ឆាប់​ដឹង​ខ្លួន​ តាម​ពិត​ខ្ញុំ​ធ្វើ​ពុត​ជា​មិន​ដឹ​ង​តើ​…(អត់​ដឹង​ពិត​មែន)

“ម៉េច​ក៏​ជា​ខ្ញុំ​??” ខ្ញុំ​ប្រើ​ស្ទីល​អត់​ដឹង​ខ្យល់​អី​ដដែល​ទៀត​ហើយ!

“ព្រោះ​ឯង​ជា​មនុស្ស​តែ​ម្នាក់ ​ដែល​បានឮសំឡេង​​នោះ​ ព្រោះ​ឯង​មិន​បាន​ថតសំឡេង​ម្នាក់​នោះ​ទុក​ ​ដូច្នេះ​តើ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ស្តាប់​យ៉ាង​ម៉េច​ដឹង​ទៅ​?”

“តើអ៊ីចឹង​ខ្ញុំ​ត្រូវ​ធ្វើ​ម៉េច​?” ល្ងង់​មែន​ទែន​ហើយ​ឯង​នេះ!

“គឺ​ឯង​ត្រូវ​ចូល​ទៅ​ជិត​គេ​ ហើយ​ស្តាប់សំឡេង​​របស់​គេ​ទៅ​មើល​ថា​​​ ជា​សំឡេង​​នោះ​មែន​ឬ​មិន​មែន។ តែ​បញ្ហា​គឺ​ថា​ឯង​ត្រូវ​ទៅ​ម្នាក់​ឯង ​ព្រោះ​បើ​ទៅ​ច្រើន​គ្នា​ នឹង​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​មិន​ខាន!”​ នីតា​គំនិត​ឯង​លម្អិត​យ៉ាង​នេះ​ ម៉េ​ច​ក៏​មិន​ទៅ​ដាក់​ពាក្យ​ធ្វើ​អ្នក​ស៊ើប​អង្កេត​ទៅ​។

ខ្ញុំ​សម្រេច​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​ ខ្ញុំ​ត្រូវ​តែ​ក្លាហាន​ ដើម្បី​ស្វែង​រក​ម្ចាស់​សំឡេង​​នោះ​ឲ្យ​ឃើញ ​ខ្ញុំ​មិន​ត្រូវ​ធ្វើ​ឲ្យ​មិត្ត​ខ្ញុំ​អស់​សង្ឃឹម​នោះ​ទេ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ហើយ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ខ្ញុំ​ធ្វើ​បែប​នេះ​​ដើម្បី​អី​នោះ​ទេ​ ល្ងង់​មែន​។ (@.@)

ខ្ញុំ​កាន់​កា​សែត​មួយ​លើក​មើល​ចុះ​ឡើង​ៗ​ ហើយ​សសៀរៗ​ទៅ​ជិត​គេ​ម្នាក់​នោះ​ គឺ​វិបុល​នោះ​ឯង​ ដើម្បី​កុំ​ឲ្យ​កាន់​តែខ្មាស​​គេ​ខ្ញុំ​ត្រូវ​តែ​លាក់​បាំង​សមាសភាព​សិន​ទើប​បាន​។ ពុទ្ធោ​អើយ​​ ដូច​ក្នុង​រឿង​កុន​អ៊ីចឹង​​… ខ្ញុំ​រក​វិធី​ចូល​ឲ្យ​ជិត​ដើម្បី​លប​ស្តាប់​សំឡេង​​របស់​គេ​ឲ្យ​ច្បាស់​ តែ​ពិបាក​ខ្លាំង​ណាស់​ ព្រោះ​នាង​ៗ​ទាំង​នោះ​ចោម​រោម​គេ​ខ្លាំង​ពេក​។ ១ជំហាន…. ២ជំហាន….. ណ្ហើយ ១​ជំហាន​​ទៀត​ចុះ​!! ខ្ញុំ​សម្រេច​ចិត្ត​ខិត​ទៅ​ជិត​តែ​មួយ​ជំហាន​ទៀត​ទេ​ លើក​នេះ​ត្រូវ​ប្រុង​ប្រៀប​ស្តាប់​ឲ្យ​បាន​​ Bingo!!!

រឿង​ស្នេហា​នេះ​គ្មាន​ចំណង​ជើង​

ហេតុអី

ខ្ញុំ​បាន​ស្តាប់​ឮសំឡេង​មួយ​នោះ​ហើយ​ វា​គឺ​ជា​សំឡេង​ដែល​ខ្ញុំ​យល់​សប្តិ ​និង​ស្រមៃ​ដល់​រាល់​ថ្ងៃ វា​ពិត​ជាសំឡេង​របស់​វិបុល​ពិត​មែន​ តែ​ហេតុអី​គេ​ជួយ​ខ្ញុំ​​។ ពេញ​មួយ​អាទិត្យ​ដែល​ខ្ញុំ​ឃើញ​វិបុល​និង​ស្រី​ៗ​មួយ​ក្រុម​នោះ ​នៅ​ជាមួយ​គ្នា​ដោយ​ពួក​នាង​ផ្លាស់​វេន​គ្នា​បណ្តើរ​រាល់​ថ្ងៃ។ នេះ​ជា​អ្វី​ដែល​គេ​មិន​ចូល​ចិត្ត​ តែ​ហេតុ​អី​មួយ​អាទិត្យ​មុន​នេះ ​គេ​ផ្លាស់​ប្តូរ​ម្ល៉េះ​។ ខ្ញុំ​នៅ​តែ​រក្សា​ការ​តាម​ដាន​របស់​ខ្ញុំ​ចំពោះ​គេ​ជានិច្ច​ រំលង​មួយ​សប្តាហ៍​​នោះ​មក​ គេ​ក៏​បាន​ក្លាយ​ជាមនុស្ស​ធម្មតា​ដូច​កាល​ពី​មុន​វិញ​ គឺ​ស្ងប់​ស្ងាត់​ ​និង​មិន​និយាយ​ស្តី​ជា​មួយ​ស្រី​ណា​ឡើយ​ លើក​លែង​តែ​អ្នក​គ្រូ​។ បាន​ន័យ​ថា ​គេ​លះបង់​ខ្លួន​ប្តូរ​នឹង​ការ​​រំដោះ​ខ្ញុំ​ឲ្យ​រួច​ខ្លួន​នៅ​ពេល​នោះ​មែន​ទេ​ ហេតុ​អី​ ៗៗៗៗៗ!

“ព្រោះ​គេ​ស្រលាញ់​ឯង​??” គំនិត​នេះ ​ច្បាស់​ជា​មិន​អាច​យក​ជា​ការ​បានទេ ​មិត្ត​អើយ!

“ឬ​គេ​មាន​ចំណូល​ចិត្ត​ទាក់​ទង​ស្រី​ៗ​ដែរ?” វា​ក៏​មិន​អាច​ដែរ​ គំនិត​ដែល​ខ្ញុំ​ត្រៀម​ចាំ​ស្តាប់​​ពេល​នេះ​គឺ ​គំនិត​របស់​នីតា​ច្រើន​ជាង។ ខ្ញុំ​និង​មិត្ត​ពីរ​នាក់​ទៀត​ក៏​នាំ​គ្នា​សម្លឹង​មើល​នាង​មិន​ដាក់​ភ្នែក។

“ពួក​ឯង​សម្លឹង​មើល​អី​???” នីតា​សួរ​ដោយ​ចម្ងល់។ នេះ​ឯង​រត់​ទៅ​ឆ្ងាយ​ពី​ប្រធាន​បទ​តាំង​ពី​ពេល​ណា​បាន​ជា​មិន​ដឹង​អី​សោះ​អ៊ីចឹង​!

“​ឯង​គ្មាន​គំនិត​អី​ទេ​អ្ហេះ???” ធារី​សួរ​នាង។

“ពួក​ឯង​ចង់​និយាយ​ពី​អី??” នេះ​ឯង​ក្លាយ​ជា​ល្ងង់​តាំង​ពី​ពេល​ណា​មក​ !

“ណ្ហើយ​ចុះ​ ពួក​យើង​ទៅ​ផ្ទះ​វិញ​ទៅ​ ទៅ​មើល​មេរៀន​ថ្ងៃ​ស្អែក​ត្រូវ​ប្រលង​ផង…!”

ខ្ញុំ​មិន​ចង់​យក​រឿង​របស់​ខ្ញុំ​ មក​រំខាន​មិត្ត​ភក្តិ​ឡើយ​ ដូច្នេះ​ហើយ​ ក៏​សម្រេច​ចិត្ត​បំបែក​ផ្លូវ​ត្រឹម​នេះ​។ ខ្ញុំ​នៅ​តែ​គិត​ពី​គេ​ អាច​ថា​ខ្ញុំ​លួច​ស្រលាញ់​គេ​ដោយ​គ្មាន​ហេតុ​ផល​ក៏ថា​បាន។ខ្ញុំ​ក៏​ធ្លាប់​សួរ​ខ្លួន​ឯង​ដែរ​ថា ​ហេតុ​អី​ តែ​វា​ក៏​មិន​ដែល​មាន​ចម្លើយ​ដែរ​។ ខ្ញុំ​ប្រហែល​ជា​មាន​ខួរ​ក្បាល​អន់​ទើប​ចូល​ចិត្ត​​គិត​អី​ឆ្កួត​ៗ។ ប៉ុន្តែ​ពេល​ខ្លះ​​គិត​ថា ​បើ​សិន​ជា​បាន​ជួប​គេ​ បើ​សិន​ជា​អាច​នៅ​ក្បែរ​គេ​ បើ​សិន​ជា​អាច​និយាយ​ជាមួយគេ​ បើសិនៗៗៗៗៗ…… ម៉េច​ក៏​សប្បាយ​ចិត្ត​ម្ល៉េះ​!! (^.^)

ធ្មេច​បើកៗ​ ជិត​ដល់​ថ្ងៃ​ប្រលង​បញ្ចប់​វិទ្យាល័យ​ទៅ​ហើយ។ ១ឆ្នាំ​កន្លង​ហួស​ទៅ​ហើយ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្រមៃ​ ព្រោះ​ខ្ញុំ​មិន​ដែល​បាន​និយាយ​ជាមួយ​វិបុល​ឡើយ​ ហើយ​ខ្ញុំ​នៅ​​តែ​ស្ថិត​នៅ​ក្នុង​សំណួរ​​ថា​ហេតុ​អី​ដដែល​។ ប៉ុន្មាន​សប្តាហ៍​​នេះ​ជា​ពេល​សម្រាក​ត្រៀម​ប្រលង ​ដូច្នេះ​ខ្ញុំ​មិន​ដែល​បាន​ជួប​មុខ​គេ​សោះ​ ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​មើល​មេរៀន ព្រោះ​ថ្ងៃ​ស្អែក​ដល់​ពេល​ប្រលង​​ ហើយ​ក៏​លួច​​សម្លឹង​ទៅ​ផ្ទះ​របស់​គេ។ ខ្ញុំ​សង្កេត​ឃើញ​ថា ​គេ​ប្រហែល​ជា​គេង​លក់​បាត់​ទៅ​ហើយ​ព្រោះ​ផ្ទះ​​មិន​ឃើញ​បើក​ភ្លើង​ផង​។

ព្រឹក​ស្អែក​ ខ្ញុំ​ប្រញាប់​ក្រោក​ពី​ព្រឹក​ព្រោះ​ត្រូវ​ប្រលង។ ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​នឹង​លែង​បាន​រៀន​ថ្នាក់​ជាមួយ​គេ​ ពេល​ប្រលង​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​បែក​ពី​គេ​ពិត​ប្រាកដ​ហើយ​ ប៉ុន្តែ​សំណាង​ល្អ​ហើយ​ដែល​​ខ្ញុំ​នៅ​តែ​បាន​នៅ​ផ្ទះ​ក្បែរ​គេ​ ដូច្នេះ​ខ្ញុំ​នៅ​តែ​អាច​លួច​មើល​មុខ​គេ​ដដែល​ សំណាង​ល្អ​….។

ព្រោះរវល់​រឿង​ត្រៀម​ប្រលង​ តែ​ពេល​នេះ​ខ្ញុំ​បាន​ប្រលង​ចប់​រួច​រាល់​ហើយ​ ខ្ញុំ​ពិត​ជា​ចង់​ជួប​មុខ​គេ​​ខ្លាំង​ណាស់​ បន្តិច​ក៏​បាន​ដែរ​ ព្រោះ​ខ្ញុំ​ខាន​ឃើញ​​គេ​២សប្តាហ៏​ទៅ​ហើយ​។ ១ថ្ងៃ​ …. ២ថ្ងៃ… ៣ថ្ងៃ… ១សប្តាហ៏​កន្លង​មក​ ខ្ញុំ​នៅ​តែ​មិន​បាន​ជួប​គេ​ដដែល​ ខ្ញុំ​តែង​តែ​សង្កេត​មើល​អំពូល​ភ្លើង​ផ្ទះ​គេ​ជានិច្ច​ ប៉ុន្តែ​មិន​​ដែល​ឃើញ​បើក​សោះ។ ហេតុ​អី​ទៅ? តែ​ក៏​ប្រហែល​ជា​ក្រុម​គ្រួសារ​គេ​ចេញ​ទៅ​​ដើរ​លេង​ពេល​វិស្សមកាល​ក៏​ថា​បាន​​ ថ្មីៗ​នៅ​ផ្ទះ​ក៏​ស្ងប់​ស្ងាត់​ដែរ​ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​សួរ​ប៉ា​ម៉ាក់​​។ រំលង​មួយ​ថ្ងៃ​ក្រោយ​មក​ ខ្ញុំ​បាន​​ឃើញ​​មនុស្ស​ប្លែក​មុខ​មក​​លេង​នៅ​ផ្ទះ​ ប៉ា​ម៉ាក់​ខ្ញុំ​ប្រាប់​ថា​គាត់​ជា​អ្នក​ជិត​ខាង​ថ្មី​​របស់​យើង​…..។

“ហេតុ​អី​ទៅ?​ គេ​រើ​ផ្ទះ​ទៅ​បាត់​យូរ​ហើយ ​ប៉ុន្តែ​ខ្ញុំ​បែរ​ជា​មិន​ដឹង​…. ពេល​វេលា​កន្លង​ទៅ​ច្រើន​ណាស់​ ​ហេតុ​អី​ខ្ញុំ​មិន​ឆ្លៀត​ឱកាស​និយាយ​ជាមួយ​គេ​មួយ​ម៉ាត់​ទៅ! ខ្ញុំ​ចង់​ប្រាប់​គេ​ថា​ខ្ញុំ​មិន​ទាន់​បាន​និយាយ ​​សូម្បី​តែ​ពាក្យ​ថា ​សុំទោស ​ឬ​អរគុណ​នៅ​ឡើយទេ។ ត្រលប់​មក​វិញ….​ មក​ឈរ​នៅ​ត្រង់​នេះ ​ត្រឹម​តែ​មួយ​នាទី​ក៏​បាន​ ខ្ញុំ​សុំ​និយាយ​ត្រឹម​​តែ​ពាក្យ​ថា ​សួស្តី​ ក៏​អស់​ចិត្ត​ដែរ​ ហេតុ​អី​ក៏​ពេល​វេលា​ចិត្ត​អាក្រក់​ខ្លាំង​ម្ល៉េះ….” =.=”៕

ចប់​

Miss.VA Sonyka
Phnom Penh , Cambodia

Read Full Post »


kmean title-archphkai

ដុំ​ការ៉េម​

ខ្ញុំ​ជា​សិស្ស​​ថ្នាក់​វិទ្យា​ល័យ​ ជា​ធម្មតា​ខ្ញុំ​ចេញ​ទៅ​រៀន​ពេល​ព្រឹក​ ហើយ​ល្ងាច​ទើប​ត្រលប់​មក​ផ្ទះ​វិញ​។ ទោះ​​បី​ជា​ខ្ញុំ​មិន​មែន​ជា​សិស្ស​ពូកែ​ ប៉ុន្តែ​ខ្ញុំ​ក៏​រៀន​បាន​ចំណាត់​ថ្នាក់​គ្រាន់​បើ​ដែរ​។ ប៉ា​ម៉ាក់​ខ្ញុំ​មិន​​​សូវ​​យក​​ចិត្ត​ទុក​ដាក់​លើការ​សិក្សា​របស់​ខ្ញុំ​នោះ​ទេ​ ព្រោះ​ប្រហែល​​ជា​គាត់​គិត​ថា​ ខ្ញុំ​មាន​សមត្ថភាព​អាច​គ្រប់​គ្រ​ង​​ខ្លួន​ឯង​បាន​ហើយ​មើល​ទៅ​ :-))។

ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ឆ្ងល់​នោះ​គឺ​ ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ស្របាល​នឹង​ខ្ញុំ​ដែរ​ គេ​ស្នាក់​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ​ដែរ​ ប៉ុន្តែ​បើ​ប្រៀប​នឹង​ខ្ញុំ​​ គឺ​ខ្ញុំ​ទាំង​ស្អាត​ ទាំង​ឆ្លាត​​ ហើយ​ថែម​ទាំង​ជា​កូន​ល្អ​ជាង​គេម្នាក់​នោះ​ឆ្ងាយ​ណាស់ ^A^។ ក្មេង​ប្រុស​ម្នាក់​នោះ​ក៏​រៀន​នៅ​ថ្នាក់​ជាមួយ​ខ្ញុំ​ដែរ​ គេ​មិន​មែន​ជា​មនុស្ស​ល្អ​ប៉ុន្មាន​ទេ​ តែ​អ្វី​ដែល​ប្លែក​គឺ​គេ​រៀន​ពូកែ​ណាស់​ មិន​ដឹង​ជា​ខួរ​ក្បាល​ធ្វើ​ពី​ស្អី​ទេ​។ រាល់​ថ្ងៃ​គេ​មិន​ដែល​ទៅ​រៀន​គួរ​បន្ថែម​នោះ​ទេ​ ប៉ុន្តែ​បើ​ទៅ​ក៏​ទៅ​​ដេក​ដែរ​ មិន​មែន​ទៅ​ដើម្បី​រៀន​ឡើយ​។ ចំណែក​​នៅ​ក្នុង​ថ្នាក់​រៀន​គេ​ក៏​សម្ងំ​​បិទភ្នែក​ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​ដៃ​គេ​នៅ​កម្រើក ​ពេល​គ្រូ​ពន្យល់​លើក​ណា​គេ​តែង​មាន​​ចម្ងល់​​រហូត​ ចំណែក​ខ្ញុំ​មិន​ដែល​ឆ្ងល់​សោះ​ -.-​ អ៊ីចឹង​បាន​ជា​រៀន​មិន​ពូកែ​ដូច​គេ​។ កំពុង​តែ​អង្គុយ​ញ៉ាំ​ចំណី​ពេល​ចេញ​លេង​ ស្រាប់​​តែ​មិត្ត​ស្រី​របស់​ខ្ញុំ​ដែលមាន​រាង​ស្អាត​និង​ពូកែ​ខាង​ដឹង​រឿង​គេ​ បាន​រត់​មក​ប្រាប់​ពួក​យើង​ទាំង​៣នាក់​ដែល​កំពុង​អង្គុយ​ញ៉ាំ​ចំណី​ មាន​ខ្ញុំ​ វិមាន​ និង​ធីតា។​​ នាង​និយាយ​បណ្តើរ​លើក​ដៃ​ចង្អុល​ទៅ​មាត់​បង្អួច​បណ្តើរ​៖​

“មានរឿង​ហើយ​!” មិត្ត​អើយ​ដក​ដង្ហើម​ផង​ កុំ​ដោយសារ​ចង់​ដឹង​រឿង​គេ​ភ្លេ​ច​គិត​ជីវិត​ខ្លួន​ឯង​អី​!​​(^_-)

“មានរឿង​អី​ទៅ​???” ខ្ញុំ​សួរ​ដោយ​ឆ្ងល់​ អ្នក​ណា​មិន​ឆ្ងល់​ព្រោះ​នាង​​ធ្វើ​ទឹក​មុខ​ស្លន់​ស្លោ​បែប​នេះ​ទៅ​ហើយ។​

“ឆាប់​ចេញ​ទៅ​មើល​តាម​បង្អួច​សិន​ទៅ​!!” ធារី​អូស​ដៃ​ខ្ញុំ​ឲ្យ​ចេញ​ទៅ​ក្រៅ​ មិត្ត​២​នាក់​ទៀត​ក៏​ទៅ​តាម​មើល​ដែរ​ គឺ​គ្មាន​អី​ក្រៅ​ពី​ពួក​ស្រី​ៗ ​កំពុង​តែ​តាម​មើល​ក្មេង​ប្រុស​ម្នាក់​ដែល​​នៅ​ផ្ទះ​ក្បែរ​ខ្ញុំ​នោះ​ទេ។​​ គេ​ឈ្មោះ​វិបុល​ មាន​រូប​រាង​សង្ហារ​គ្រាន់​បើ ព្រោះ​មាន​សម្បុរ​ស​ពី​កំណើត​ និង​មានរាង​ខ្ពស់​​ ទើប​ពួក​ស្រីៗ​​ចាប់​អារម្មណ៏​ខ្លាំង​ ហើយ​អ្វី​ដែល​សំខាន់​គឺ​គេ​ជា​សិស្ស​ពូកែ​ដែល​មិន​គួរ​ឲ្យ​ជឿ​។ កំពុង​តែ​អើត​មើល​ក្មេង​​ប្រុស​ម្នាក់​នោះ​ភ្លេច​ខ្លួន​ស្រាប់​តែ​ ដុំ​ការ៉េម​មួយ​ដុំ​បាន​ធ្លាក់​ទៅ​ចំ​លើ​ក្បាល​គេ​ម្នាក់​នោះ​ សិស្ស​ដែល​កំពុង​ហ៊ោរ​កញ្ជ្រៀវ​ជាមួយ​វិបុល ​ក៏​ស្រាប់​តែ​ស្ងាត់​ឈឹង។​​ យី! អ្នក​ណា​ទៅ ​ម៉េច​ក៏​ហ៊ាន​លួច​ធ្វើ​ឃាត​ព្រះ​អង្គ​ម្ចាស់ ​ប្រចាំ​ចិត្ត​ស្រី​ៗ​ក្នុង​សាលា​នេះ​ផង​! ចៃដន្យអី​គេ​ក៏​ដើរ​មក​ចំ​ក្រោម​អគារ​ដែល​ខ្ញុំ​រៀន​ថែម​ទៀត​ ព្រោះ​ថ្នាក់​រៀន​របស់​​ខ្ញុំ​នៅ​ជាន់​ទី​មួយ​ ហើយ​​ក៏​ជា​ថ្នាក់​រៀន​របស់​គេ​ដែរ​។ ដោយ​ខ្លាច​មើល​មិន​ឃើញ ​ខ្ញុំ​ក៏​កាន់​តែ​ឱន​​ទៅ​មុខ​ថែម​ទៀត​ ស្រាប់​តែ​មិត្ត​របស់​ខ្ញុំ​ស្រែក​ប្រាប់៖​

“ធីតា​ ការ៉េម​ឯង​…!!!” នាង​និយាយ​បណ្តើរ​ ចង្អុល​មក​ការ៉េម​របស់​ខ្ញុំ​បណ្តើរ។ នាងនឹក​​ឃើញ​ឃ្លាន​ការ៉េម​មែន​ទេ?​ប្រហែល​ជា​មែន​ហើយ​ព្រោះ​នាង​ពូកែ​ញ៉ាំ​សឹង​អី​ (ー_ー)!!

“យ៉ាង​ម៉េច​ នេះ​ឯង​ចង់​ញ៉ាំ​ការ៉េម​មែន​ទេ​???” ខ្ញុំ​និយាយ​ទាំង​មិន​ចាប់​​អារម្មណ៍​ ស្រាប់​តែ​ធ្វើ​ភ្នែក​ស្លឺ​ទាំង​អស់​គ្នា​ ព្រោះ​ពេល​នេះ​បាន​ដឹង​ហើយ​ថា ​ការ៉េម​របស់​ខ្ញុំ​បាន​រលាយ​ហើយ​ជ្រុះ​​ចេញ​ពី​នំ​ដែល​ខ្ញុំ​កំពុង​តែ​កាន់​ទៅ​ក្រោម​ ដែល​សំខាន់​នោះ​ គឺ​ជ្រុះ​ទៅ​ត្រូវ​លើ​ក្បាល​គេ​ម្នាក់​នោះ​ ។ ពួក​យើង​​ប្រញាប់​លាក់​ខ្លួន ​នៅ​ក្រោយ​ជញ្ជាំង​ទាំង​អស់​គ្នា​ទាំង​ភិត​ភ័យ។​ នេះ​ខ្ញុំ​កំពុង​បង្ក​រឿង​មែន​ទេ​…!!! ខ្ញុំ​លប​មើល​តាម​មាត់​បង្អួច​ ឃើញ​លោក​គ្រូ​កីឡា​កំពុង​តែ​នាំ​គេ​ចេញ​ទៅ ​ប្រហែល​ជា​ទៅ​ការិយាល័យ​របស់​គាត់​ហើយ​មើល​ទៅ​ នេះ​មិនមែន​រក​មុខ​ឃាតករ​ទេ​ដឹង​…។

មួយ​​សន្ទុះ​ក្រោយ​មក ​​ក៏​មាន​គេ​មកហៅ​ខ្ញុំ​ឲ្យ​ទៅ​បន្ទប់​ការិយាល័យ​របស់​លោក​គ្រូ​វិន័យ។​ ស្លាប់​ហើយ​ខ្ញុំ…!!!

“ខ្ញុំ​មិន​នឹក​ស្មាន​ថា​មាន​ថ្ងៃ​នេះ​ទេ​មិត្ត​ភក្តិ​..” ធារី​ធ្វើ​មុខ​ដូច​ចង់​យំ​ ខ្ញុំ​មិន​មែន​​ត្រូវ​ប្រហារ​ជីវិត​ទេ។​

“​ចាំ​ខ្ញុំ​ទៅ​ជួយ​ធ្វើ​សាក្សី​ល្អ​ទេ​!!!” នីតា​និយាយ​ទាំង​មុខ​ស្មើ ព្រោះ​នាង​មិន​សូវ​ជា​ចូល​ចិត្ត​និយាយ​ច្រើន​ប៉ុន្មាន​ទេ​ ប៉ុន្តែ​នាង​តែង​តែ​មាន​គំនិត​ល្អ​ជានិច្ច។​

“សាក្សី​ថា ​ឯង​ពិត​ជា​​ធ្វើ​ជ្រុះ​ការ៉េម​មែន​ទេ​???” វិមាន​ នេះ​ឯង​ជា​មិត្ត​របស់​យើង​មែន​ឬ​មិនមែន?​

ហ៊ឺយ!!! បាន​ហើយ​ខ្ញុំ​ទៅ​ម្នាក់​ឯង​វិញ!​”

“ចាំ​ពួក​ខ្ញុំ​នៅ​ចាំ​ខាង​ក្រៅ​!!”

លោកគ្រូ​វិន័យ​ ឲ្យ​ខ្ញុំ​សុំទោស​គេ​ ទោះ​ខ្ញុំ​បង្កើត​កំហុស​នេះ ​ដោយ​អចេតនា​ក៏​ដោយ ​ក៏​ខ្ញុំ​ត្រូវ​ធ្វើ​លិខិត​ព្រមាន​រក្សាទុក​នៅ​ក្នុង​ការិយាល័យ​គាត់។​ បញ្ជាក់​ថា​ខ្ញុំ​ធ្លាប់​ជា​អ្នក​ទោស​ហើយ​មែន​ទេ​ ហ៊ឺ ហ៊ឺ…ខ្ញុំ​នឹង​ឈប់​ញ៉ាំ​ការ៉េមរហូត​មួយ​ជីវិត​ T.T។

ពេល​ចេញ​មក​វិញ​​ មិត្ត​របស់​ខ្ញុំ​ក៏​នាំ​គ្នា​ដេញ​ដោល។​ ខ្ញុំ​នៅ​ធ្វើ​មុខ​ស្អុយ​ តែ​ពេល​គេ​ដើរ​​ចេញ​មក ​ពួក​នាង​ៗ​ស្រាប់​តែ​លែង​រវល់​នឹង​ខ្ញុំ​អស់ ​ព្រោះ​លង់​សម្រស់​គេ​ម្នាក់​នោះ​ហើយ​មើល​ទៅ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ គេ​នៅ​មិន​ទាន់​ទុក​ចិត្ត​ថា​ខ្ញុំ​គ្មាន​ចេតនា​ឡើយ​ ​ឯខ្ញុំ​ក៏​មិន​ទាន់​បាន​បក​​ស្រាយ​ច្បាស់​លាស់​​ទៀត​។

មិន​ដឹង​ថា ​គេ​ដឹង​ថា​ខ្ញុំ​នៅ​ផ្ទះ​ក្បែរ​គេ​ឬ​អត់​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ​គេ​មិន​ដឹង​ច្រើន​ជាង​(=_=)​​។ ខ្ញុំ​លបៗ​ដើរ​តាម​ក្រោយ​គេ ​នៅ​តាម​ផ្លូវ​ត្រលប់​ទៅ​ផ្ទះ​ ព្រោះ​ខ្លាច​គេ​ឃើញ​ថា​ពួក​យើង​នៅ​ផ្ទះ​ក្បែរ​​គ្នា។​ ពេល​នេះ​ខ្ញុំ​ដូច​ជា​​ចោរ​ពិត​ប្រាកដ​អ៊ីចឹង​​ សូម្បី​តែ​ផ្លូវ​សាធារណៈ​ក៏​គ្មាន​សិទ្ធិ​​ដើរ​ឲ្យ​ពេញ​​ប្រអប់​ជើង​ដែរ​។ កំពុង​តែ​លប​ៗ​ក្រោយ​បង្គោល​ភ្លើង​ស្រាប់​តែ​គេ​ឈប់​ស្ងៀម។​ ខ្ញុំ​ស្មាន​ថា​គេ​ជ្រុះ​របស់​តើ!

ឱប​បង្គោល​ភ្លើង​ ប្រយ័ត្ន​​​ត្រូវ​ភ្លើង​ឆក់​ស្លាប់!​” គេ​ថា​ឲ្យ​អ្នក​ណា​ បើ​​គ្មាន​​អ្នក​ណា​នៅ​ក្បែរ​នេះ​ផង​ ប៉ុន្តែ​មាន​តែ​ខ្ញុំ​…(?_?) នេះ​គេ​ដឹង​តាំង​ពី​កាល​ណា​ថា​ខ្ញុំ​ដើរ​ពី​ក្រោយ​គេ!​ ​ប្រហែល​ជា​ខ្ញុំ​តាម​ជិត​ពេក​ទេ​ដឹង !​ (._.) ឬ​​គេ​​​ជា​មនុស្ស​អច្ឆរិយៈ​ពិត​មែន???​​ ឬក៏​គេ​តាម​ដាន​ខ្ញុំ​រាល់​ថ្ងៃ​ដែរ បាន​ន័យ​ថា ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​ចាប់​អារម្មណ៍​នឹង​គេ​ តែ​គេ​ក៏​ដូច​គ្នា​ (-__-) ហាហាហាហា ​ឬ​គេ​មមើល​ទេ​ដឹង​…???

គេ​និយាយ ​ដោយ​មិន​ងាក​ក្រោយ ​ហើយ​ក៏​ដើរ​បន្ត​ទៅ​ទៀត។ ស្រប​ពេល​នោះ ​ម៉ាក់​ខ្ញុំ​ក៏​ទូរស័ព្ទ​ហៅ​​ខ្ញុំ​ឲ្យ​ទៅ​ផ្ទះ​ឲ្យ​លឿន​បន្តិច ​ព្រោះ​មាន​ភ្ញៀវ​មក​លេង។​ ខ្ញុំ​ក៏​ផ្អាក​គិត​រឿង​នេះ​សិន ​ហើយ​ប្រញាប់​​ទៅ​ដល់​ផ្ទះ​ឲ្យ​បាន​លឿន​បន្តិច​។

1

ចៃដន្យ

ខ្ញុំ​មក​ដល់​ផ្ទះ ​ស្រប​ពេល​ដែល​ប៉ា​ខ្ញុំ​កំពុង​តែពិសាស្រា​ និង​ជជែក​គ្នា​លេង​ជា​មួយ​អ្នក​ជិត​​ខាង​របស់​គាត់​នៅ​ក្នុង​សួន​ច្បារ​មុខ​ផ្ទះ។​​ បើ​តាម​ដែល​ខ្ញុំ​ចាំ​មិន​ខុស​​ គឺ​គាត់​ជា​ប៉ា​របស់​នាយ​​វិបុល​នោះ​តើ​។ នេះ​មិន​មែន​គេ​ផ្តល់​ដំណឹង​ មក​ទូល​ពិត​ប៉ា​ម៉ាក់​គេ​ទេ​ដឹង?​ ខ្ញុំ​ចាប់​​ផ្តើម​ញ័រៗ​ក្នុង​ពេល​ដែល​គិត​រឿង​នេះ​រួច​។

“ធីតា!” លោក​ប៉ា​ខ្ញុំ​ស្រែក​ហៅ។​ ប៉ា​ដឹង​ទេ ​សម្លេង​ប៉ា​ធ្វើ​ឲ្យ​ខ្ញុំ​ប៊ិះ​គាំង​បេះ​ដូង​ទៅ​ហើយ​​​អម្បាញ់​មិញ​ ..!! (-.-!)

“ច៎ា​ប៉ា​??” ខ្ញុំ​និយាយ​ទាំង​ញ័រ​ ស្មាន​ថា​ ត្រូវ​ប្រហារ​ជីវិត​មែន​ទែន​ហើយ​តើ ​លើក​នេះ​។

“ឆាប់​ទៅ​ជួយ​ម៉ាក់​ឯង​ធ្វើ​ម្ហូប​ផង​ទៅ​ឮ​ទេ?​” ស្មាន​ថា​រឿង​អី​ ធូរ​ទ្រូង​បន្តិច​! ខ្ញុំ​អោន​លំទោន​បន្តិច​ មុន​នឹង​ចូល​ទៅ​ជួយ​ម៉ាក់​ក្នុង​ផ្ទះ​ ប្រហែល​ជា​គ្មាន​រឿង​អី​ទេ​មើល​ទៅ​។ ដល់​ពេល​ញ៉ាំ​បាយ​ល្ងាច​ល្មម​ ខ្ញុំ​សង្កេត​ឃើញ​ថា​គេ​​មិន​បាន​មក​ចូល​រួម​ទេ​ គឺ​មាន​តែ​ប៉ា​ម៉ាក់​របស់​​គេ​ប៉ុណ្ណោះ។ ខ្ញុំ​ធ្វើ​ជា​មិន​ដឹង​រឿង​ ហើយ​ចូល​រួម​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ចាស់ៗ​ដែរ​។ កំពុង​តែ​​ដួស​សម្ល​មក​ហុត​ស្រាប់​តែ​គេ​ដើរ​ចូល​មក​ដល់​ ខ្ញុំ​​ភាំង​រហូត​ដល់​ឈ្លក់ទឹក​សម្ល​។​

“ធីតា​ញ៉ាំ​ឲ្យ​ស្រួល​បួល​ទៅ​មើល​!” ម៉ាក់​ខ្ញុំ​ព្រមាន​ ហើយ​ងាក​ទៅ​ហៅ​វិបុល​ឲ្យ​ចូល​មក​​អង្គុយ​ ព្រោះ​គេ​ជា​សិស្ស​ពូកែ​មិន​ដែល​មាន​រឿង​អាស្រូវ ​ទើប​ប៉ា​ម៉ាក់​ខ្ញុំ​ ដូច​ជា​ចូល​ចិត្ត​គេ​ខ្លាំង​ណាស់​ “អង្គុយ​ចុះ​មក​ក្មួយ!”

“ម៉េច​ក៏​យូរ​ម្ល៉េះ​កូន​???” ម៉ាក់​របស់​វិបុល​សួរ​ទៅ​កូន​ប្រុស​របស់​គាត់។

“ព្រោះ​ខ្ញុំ​រវល់​កក់​សក់​” គេ​ធ្វើ​មុខស្មើ​។ ​តែ​ហេតុអី​ក៏​និយាយ​រឿង​កក់​សក់​ប្រាប់​គេ​ឯង​ទៅ​កើត​ ក្មេង​ល្ងង់!

“កក់​សក់​??” ប៉ា​ខ្ញុំ​ដូច​ជា​ឆ្ងល់​ដូច​ខ្ញុំ​ដែរ។​​ មិន​ឆ្ងល់​ទេ ​ព្រោះ​ឪពុកនិង​កូន​មាន​អារម្មណ៍​ដូច​គ្នា​នោះ​អី​!

“ព្រោះ​នៅ​សាលា​ខ្ញុំ​ត្រូវ​ការ៉េម​ជ្រុះ​ចំ​លើ​ក្បាល​!​” ស្លាប់​ហើយ​ ម៉េច​ក៏​ខ្ញុំ​មិន​ឆ្លាត​បន្តិច​ទៅ​! នេះ​គេ​កំពុង​ចាប់​ផ្តើម​រក​រឿង​ហើយ​តើ​ គេ​ជា​ក្មេង​ល្អ​មិន​សម​ចេះ​គំ​គួន​នោះ​ទេ!​​ ទេវតា​អើយ​ជួយ​ផង​… ខ្ញុំ​អោន​មុខ​ជ្រប់​មិន​និយាយ​ស្តី។​ កំពុង​តែ​បន់​ស្រន់​ក្នុង​ចិត្ត​ស្រាប់​​តែ​​ម៉ាក់​ខ្ញុំ​សួរ​បន្ថែម​ទៀត៖

“មាន​គេ​ចង់​ធ្វើ​បាប​មែន​ទេ​??”

“អត់​ទេ​ គឺ​ប្រហែល​ជា​ចៃ​ដន្យ​ច្រើន​ជាង!” ម៉េចក៏​គេ​ចិត្ត​ត្រជាក់​ ហើយ​ពូកែ​ធ្វើ​ទឹក​មុខ​​ត្រជាក់​ៗ​យ៉ាង​នេះ​ ដឹង​ទេ​តា​ឆ្កួត​អើយ​ ខ្ញុំ​ឯនេះ​ជិត​ត្រជាក់​កក​ស្លាប់​ហើយ​ដឹង​ទេ!​ (“-”)

“អ្នក​ម៉ាក់​ តោះ​ពិសាបាយ​ទៅ​!” បើ​ពេល​នេះ​ខ្ញុំ​មិន​ប្រញាប់​បញ្ចប់​ទេ​ ខ្ញុំ​ប្រហែល​ជា​ត្រូវ​​ស្លាប់​ពិត​ប្រាកដ​ហើយ​ សំណាង​ល្អ​ដែល​ខួរ​ក្បាល​ខ្ញុំ​នៅ​គិត​ទាន់​។

ខ្ញុំ​ប្រញាប់​ទូរសព្ទ​ទៅ​រៀប​រាប់​ប្រាប់​​មិត្ត​ខ្ញុំ​។ ពួក​ខ្ញុំ​បាន​ភ្ជាប់ ​conference ជាមួយ​គ្នា​​ទាំង​៤នាក់​ ហើយ​និយាយ​រហូត​ដល់​ជិត​២ម៉ោង​ឯណោះ​ សរុប​ទៅ​សុទ្ធ​តែ​និយាយ​ដើម​គេ​ទាំង​អស់​។ ខ្ញុំ​ពិត​ជា​​ចង់​ស្រែក​ប្រាប់​ពិភព​លោក​ថា​ នេះ​សុទ្ធ​តែ​ជា​ការ​ចៃ​ដន្យ​​នោះ​ទេ (-o-)​។

Miss.VA Sonyka
Phnom Penh , Cambodia
រង់​ចាំ​អាន​វគ្គ​បញ្ចប់​!

Read Full Post »


Read Full Post »


ទាសី

 

          “នែ៎… ហុចទឹកមកឱ្យបន្តិច!”

          “យកនំមកផង!”

          “យក ស៊ិបថូ(តុក្កតាកង្កែប ខេរ៉ូរ៉ុ) ទៅបោកផង កុំធ្វើឱ្យវាឈឺឱ្យសោះ!”

          “ខាត់ស្បែកជើងឱ្យផង!”

          “អឺ… បូមធូលីចេញផងទៅ ខ្ញុំថាបន្ទប់នេះ ដូចជាស្មោកគ្រោក បន្តិចហើយ!”

          “ធ្វើលំហាត់ឱ្យផង នៅទំព័រ ៥៩ !”

          “ចង់ញ៉ាំបុកល្ហុង បុកឱ្យបន្តិចមក៍!”

          មិនមែនទេ… នេះមិនមែនជាសំឡេងម្តាយចុងមកពីណាទេ តែជាសំឡេង ព្រះអង្គម្ចាស់ ដែលបញ្ជានេះបញ្ជានោះ មិន​ខុស​ពី​រាងកាយបែងភាគ របស់ម្តាយចុងចិត្តអាក្រក់នៅក្នុងរឿង ស៊ិនដឺរ៉េឡា ទេ។​ ចំណែកខ្ញុំនោះឬ… មាននាទីត្រឹមជាអ្នកបម្រើប៉ុណ្ណោះ!

          រយៈពេល មួយអាទិត្យមកហើយ ដែលខ្ញុំចូលជំរំជំនោរវាយោ។ តាមដែលខ្ញុំឃើញ ក្រៅពី ព្រះអង្គម្ចាស់ វែរសៃថ៍ និង ខ្ញុំ គ្មាននរណាអនុញ្ញាត​ឱ្យចូលមកក្នុងបន្ទប់នេះទេ។ ទីបំផុតអាថ៌កំបាំងដែលខ្ញុំឆ្ងល់យូរហើយថា តើជំរំនេះបង្កើតឡើងដើម្បី​អ្វី? ក៏ត្រូវស្រាយបំភ្លឺ។ ការពិតជំរំនេះ គ្មានអ្វីជាដុំកំភួនទេ ក្រៅពីអង្គុយបង្ហើរអារម្មណ៍តាម ជំនោរខ្យល់ គឺ​ស័ក្តិសមនឹងឈ្មោះគ្មានខុស។ ដោយសារ ព្រះអង្គម្ចាស់ ទើបតែទៅគំរាមគ្រូបង្រៀនកុំព្យូទ័រ ដែលទើបតែមកថ្មីឱ្យមកធ្វើជាទីប្រឹក្សា ទើបប្រធានសិស្សមិនអាចមករំសាយជំរំនេះបាន​។​

          គ្រូនោះគួរឱ្យអាណិតដល់ហើយ… តែនៅមិនបានពាក់កណ្តាលខ្ញុំផង! ហ៊ឺៗៗៗ…​ T_T

          ខ្ញុំស្ថិតនៅក្នុងស្ថានភាពជាទាសីរបស់ ព្រះអង្គម្ចាស់ អស់រយៈពេលមួយអាទិត្យមកហើយ។ចាត់​ទុក​ថាជាអាទិត្យដែលយូរបំផុត នៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់គិតថា ព្រះអង្គម្ចាស់ មិនល្អ តែខ្ញុំគិត ខុស… ព្រោះគេមហាព្រៃផ្សៃបំផុត!! TOT

          គេព្យាយាមគាបសង្កត់ខ្ញុំ គ្រប់ពេលដែលមានឱកាស និង គ្មានឱកាស។ ទោះបីជាខ្ញុំកំពុងរៀនគណិតវិទ្យា តែបើគេចង់ផឹក PEPSI ខ្ញុំត្រូវតែរកឱ្យគេឱ្យបាន។ បើគេចង់មើល ខេរ៉ូរ៉ុ ពេលខ្ញុំកំពុងរៀនវិទ្យាសាស្ត្រសង្គម​ ខ្ញុំក៏ត្រូវផ្លោះរបងទៅជួលមកឱ្យគេមើលដែរ។

          ខ្ញុំធ្លាប់ឈ្លោះប្រកែកជាមួយគេម្តងក្នុងថ្ងៃមួយ…

          “នែ៎… ខ្ញុំទ្រាំលែងបានហើយណា៎! ខ្ញុំក៏មានកិត្តិយស មានវិញ្ញាណដូចគេឯងដែរ!!”

          សម្រែករបស់ខ្ញុំ លាន់ខ្ទរពេញបន្ទប់ នៅពេលគេបញ្ជាឱ្យខ្ញុំចិតផ្លែប៉ោមហ្វូជីពីរកេះធំៗ តែគេមិនព្រមញ៉ាំ ទាល់តែផ្លែប៉ោមចាប់ផ្តើមខូច។

          “យ៉ាងម៉េច នាងស៊ិន? ឬមួយខ្ញុំឱ្យស្មៅស៊ីមិនគ្រប់គ្រាន់??”

          ព្រះអង្គម្ចាស់ ឌឺដងដាក់ខ្ញុំ​យ៉ាងឈឺចាប់ ខណៈដែល វែរសៃថ៍ កំពុងអង្គុយលេងកុំព្យូទ័រយ៉ាងស្ងៀមស្ងាត់។

          “ចុះម៉េចក៏លោកឯង ប្រើខ្ញុំអីសន្ធឹកសន្ធាប់យ៉ាងនេះ? នេះជាការងាររបស់ទាសករណា៎! ខ្ញុំឈប់ធ្វើទៀតហើយ!!”

          “ហ៊ឺយ!!! នាងនេះពូកែរអ៊ូណាស់!” ព្រះអង្គម្ចាស់ត្អូយ ព្រមទាំងធ្វើកាយវិការកេះត្រចៀក គួរឱ្យក្នាញ់ “វាជាការងាររបស់ជំរំណា៎! បើនាងមិនធ្វើ ប្រយ័ត្នគ្មានឈ្មោះក្នុងការងារក្រុម!!”

          “លោកឯង ម៉េចមិនឱ្យអ្នកផ្សេងមកធ្វើវិញ? មានស្រីៗរាប់រយនាក់រង់ចាំធ្វើជូនលោកដោយមិនបាច់រអ៊ូ! ហើយម៉្យាង តើអាការងារឆ្កួតៗអស់នេះ វាទាក់ទងនឹងជំរំត្រង់ណា??”

          “ពួកស្រីៗទាំងនោះគួរឱ្យរំខានខ្លាំងណាស់! -^- …ហើយការងារនេះ ទាក់ទងនឹងជំរំខ្លាំងណាស់ ព្រោះវាពាក់ព័ន្ធនឹងសេចក្តីសុខ របស់ប្រធានជំរំដូចខ្ញុំនោះ​អី!”

          ខ្ញុំខាំធ្មេញគ្រឺតៗយ៉ាងមួម៉ៅ និង តូចចិត្ត ចំពោះភាពលំអៀងរបស់ព្រហ្មលិខិត មុននឹងផ្ទុះកំហឹងចេញមក។

          “មិនដឹង! ខ្ញុំមិនខ្វល់ទេ!! ខ្ញុំនឹងទៅប្រាប់ប្រធានសិស្ស ឱ្យមករំសាយជំរំនេះហើយ… ខ្ញុំនឹងបកអាក្រាតការពិតទាំងអស់!!”

          ពេលនិយាយចប់ ខ្ញុំក៏ទន្ទ្រាំជើងលើព្រំជាច្រើនដង ដើម្បី​ចេញទៅ! តែពេលខ្ញុំកំពុងទាញទ្វារបើក…

          “អាឡូ! ^_^ លោកអ៊ំមេការឬ? បាទ គឺខ្ញុំ… សូមលោកអ៊ំត្រៀម អេលីកុបទែរ ឱ្យបន្តិចមក ហើយកុំភ្លេចយកខ្សែពួរមួយចង្វាយមកផង!… អឺ… ខ្ញុំគ្រាន់តែចង់យកមនុស្សម្នាក់ទៅចងផ្អោបនៅលើស្លាប​របស់​វា​ ហើយបើកហោះទៅម្តុំ មហាសមុទ្រប៉ាស៊ីភិច លេងៗប៉ុណ្ណោះ! ហិហិ…”

          មនុស្សម្នាក់នោះ គឺខ្ញុំប្រាកដណាស់!! T[]T ហ៊ឹះ!—

          ភឹបៗ!! ភឹបៗ!!!…

          មួយរំពេចដែល ព្រះអង្គម្ចាស់ ដាក់ទូរស័ព្ទចុះ សំឡេងរបស់ អេលីកុបទែរ ក៏លាន់ឡើងកក្រើកអាកាសនៅខាងក្រៅ។ ខ្ញុំអើតក្បាល​ចេញទៅមើលក៏ឃើញ អេលីកុបទែរ ពណ៌សមួយគ្រឿងកំពុងហោះនៅលើដំបូលសាលា។ ព្រះអង្គម្ចាស់ ញញឹម ហើយគ្រវីដៃដាក់ អេលីកុបទែរ យ៉ាងរីករាយ។

          ហ៊ឺយ!!! រឿងបែបនេះមានដែរឬ??? =[]=

          ទោះបីជាខ្ញុំខឹងខ្លាំងណាស់ក៏ដោយ ទីបំផុតភាពខ្លាចស្លាប់ ធ្វើឱ្យខ្ញុំវារជើងបួនទៅរក ព្រះអង្គម្ចាស់ ទាល់តែបាន! ហ៊ឺៗៗ…

          “មានអ្វី ឱ្យខ្ញុំម្ចាស់បម្រើទេ ក្រាបទូល… T-T”

          “ហាសៗៗ… ^O^ ពេលនេះខ្ញុំត្រូវការទឹកត្រជាក់ៗមួយកែវ! ហិហិ”

          ស្តាប់​ឮ​ហើយ​ ខ្ញុំក៏អេវំចុងក្រោយ ទៅរកទឹកមកឱ្យ ព្រះអង្គម្ចាស់ សេពសោយតាមព្រះរាជបំណង(ដ៏ឆ្កួតឡប់1) T-T ហ៊ឺៗៗ…

          “នែ៎ៗ… ឯងនៅមិនទាន់ស្លាប់ទេ មែនទេ?”

          ម៉ីម៉ី ហៅខ្ញុំ ដោយប្រើក្រចកដៃកេះតិចៗ។ ខ្ញុំបើកភ្នែកព្រឹមៗឡើង ហើយហើបមាត់និយាយ។

          “គ្នានៅទីណា?… =_T”

          ខ្ញុំជូតទឹកភ្នែក ដែលដក់​នៅ​លើ​ក្តោង​ច្រមុះ​ចេញ​ ព្រោះទើបតែងើបពីដេក ហើយសម្លឹងមុខ ម៉ីៗ ដូចមនុស្សដែលមិនទាន់អស់អាល័យនឹងស្លាប់។

          “ឯងទៅអត់ដេកអត់ពួនមកពីណាហ្នឹង??”

          ម៉ីម៉ី សួរ យ៉ាងព្រួយបរម្ភ នៅពេលឃើញត្របកភ្នែកខ្មៅជាំដូចខ្លាឃ្មុំភែនដារបស់ខ្ញុំ។

          “យប់មិញ គ្នារវល់​សរសេរអត្ថបទសង្គមវិទ្យាឱ្យ ព្រះអង្គម្ចាស់… ហួមមម!”

          ខ្ញុំតប ហើយស្ងាបហាមាត់ធំ មុននឹងក្រាប​ក្បាល​ទៅលើតុម្តងទៀត តែមុននឹងបិទភ្នែកដេក ម៉ីម៉ី ក៏និយាយឡើង។

          “ឯងពិតជាមិនអាចធ្វើអ្វីបាន ពិតមែនឬ? គ្នាមិនចង់ឃើញឯង ស្ថិតនៅក្នុងសភាពបែបនេះទៀតទេ! គួរឱ្យខ្លាច… គួរឱ្យខ្លាចណាស់…”

          “គ្នាមិនចង់ធ្វើទេ តែគ្នាក៏មិនចង់ឱ្យគេ បញ្ជូនទៅធ្វើជាចំណី របស់ត្រីឆ្លាមនៅទន្លេសាបសុភីរៀ ដែរ!”

          នោះគឺជាអ្វីដែលខ្ញុំនិយាយចេញមក។ ប៉ុន្មានថ្ងៃមកនេះ ព្រះអង្គម្ចាស់ ធ្វើបាបខ្ញុំរហូតខ្លាចបាក់ ​ស្បាត​តែម្តង។ គេមិនមែនត្រឹមតែគំរាមទេ តែគេលេងមែន ឈឺមែន! T-T

          “ឯងណា… ហ៊ឺយ!” ម៉ីម៉ី ទះស្មាខ្ញុំតិចៗ មុននឹងនឹកឃើញអ្វីឡើងមក “និយាយទៅ… រឿងរបស់ឯងក្លាយជា Talk of the town របស់សាលារៀនទៅហើយ! ឯងដឹងទេថា អ្នកដទៃមើលមកឯងថាយ៉ាងម៉េច?”

          ខ្ញុំគ្រវីក្បាល​។

          “នរណាៗក៏និយាយថា ឯងគឺជា ស៊ិនដឺរ៉េឡា ដ៏សំណាងល្អដែលបានចូលជិត ព្រះអង្គម្ចាស់ យ៉ាងស្និទ្ធស្នាល ដែលមិនធ្លាប់មាននរណាក្នុងប្រវត្តិសាស្ត្រធ្លាប់ធ្វើបាន! មានមនុស្សស្រីរាប់រយនាក់ ដែលសុខចិត្តយកពងមាន់នៅឯផ្ទះមកដោះដូរ ដើម្បី​បាន​ដូចឯងវ៉ឺយ!”

          “គ្នានេះឬ…? ស៊ិនដឺរ៉េឡា ខ្មោចយក៍អី!! T-T គ្នាមានឋានៈត្រឹមជាទាសីប៉ុណ្ណោះ” ខ្ញុំនិយាយយ៉ាងតប់ប្រមល់ “គ្នាផ្ទាល់ក៏ព្រមយកពងមាន់ទាំងផែនដី ទៅដោះដូរដើម្បី​កុំ​ឱ្យខ្លួនឯងស្ថិតនៅក្នុងសភាពបែបនេះដែរ​! TToTT ហ៊ឺៗៗ…”

          ម៉ីម៉ី បានត្រឹមតែញញឹមដាក់ខ្ញុំយ៉ាងយល់ចិត្ត ហើយបណ្តោយឱ្យដេកលង់លក់យ៉ាងស្ងប់សុខ…

          សប្បាយចិត្តខ្លាំងណាស់!!

          ថ្ងៃនេះ ជាថ្ងៃដំបូង ដែលខ្ញុំមិនចាំបាច់ទៅប្រណិប័តន៍ ព្រះអង្គម្ចាស់ ក្រោយពេលចេញពីរៀន។បន្ទាប់ពីគេបានទទួល អត្ថបទស្រាវជ្រាវសង្គមវិទ្យាពីខ្ញុំកាលពីព្រឹក គេក៏លែងមកបញ្ជាខ្ញុំ ឱ្យធ្វើអីទៀត ដែរ។

          តែចម្លែកដល់ហើយ… តើគេបាត់ខ្លួនទៅណាហ្ន៎??? បាន​អ៊ីចឹង​ល្អហើយ!! អាគិគិ

          ក្រោយពេលចេញពីរៀន ខ្ញុំក៏ប្រញាប់ប្រមូលសម្ភារៈត្រលប់ទៅផ្ទះយ៉ាងរួសរាន់ ដើម្បីត្រលប់ទៅដេកឱ្យបានពេញភ្នែកម្តង ព្រោះអត់ងងុយមកយូរថ្ងៃហើយ។ អៃ… គ្រែអើយ! រង់ចាំខ្ញុំសិនណា៎! ហិហិ–

          ថ្ងៃនេះអ្វីៗក៏មើលទៅឃើញមានសេចក្តីសុខទាំងអស់… អ្នកបើករថយន្តក្រុងក៏សង្ហាជាងមុនដូចទើបតែមកពីកែសម្ផស្ស ឯអ្នកប្រមូលលុយក៏គួរឱ្យស្រលាញ់ដូច Wonder Girl អៃ… មានសេចក្តីសុខដល់ហើយ!​

          ខ្ញុំត្រលប់មកដល់ផ្ទះ ក្នុងរយៈពេលមិនយូរប៉ុន្មាន។ ខណៈពេលកំពុងគ្រហឹមច្រៀងចាក់សោទ្វារផ្ទះ នៅមិននៅសេចក្តីសុខរបស់ខ្ញុំក៏ត្រូវបំផ្លាញ!

          ក្រឹក…

          សំឡេងសោផ្ទះ ជ្រុះធ្លាក់ទៅដីមួយរំពេច នៅពេលខ្ញុំបើកទ្វារទៅ ឃើញ បងសេម ឈរញញឹមស្រស់នៅចំពោះមុខ។

          “អូ… ស៊ិនសៀ ទេឬ? ^-^ សួស្តីចា៎ស!”

          បង សេម រាក់ទាក់ខ្ញុំយ៉ាងកក់ក្តៅ។ រូបភាពផុសរបស់ បង សេម ក្នុងវ័យកុមារ លេចឡើងមួយរំពេច ធ្វើឱ្យខ្ញុំចុកណែនពេញបេះដូង។

          “ចា៎ស… អឺ… ស៊ិនសៀ សុំខ្លួនសិន…”

          “ប្រុងទៅណា? តាំងពីត្រលប់មក យើងនៅមិនទាន់បាននិយាយគ្នាផង! ^^”

          “…”

          សម្តីរបស់បង សេម ធ្វើឱ្យខ្ញុំនិយាយតមិនចេញ ចង់គេចមុខក៏មិនហ៊ាន ទើបបានត្រឹមតែឈរនៅស្ងៀម។

          “ស៊ិនសៀ ចា៎… ចូលមកក្នុងលឿនឡើងមក ចាំ ចែ រកទឹកត្រជាក់ៗឱ្យញ៉ាំ– ហុហុហុ”

          ចែ!! កាលខ្ញុំនៅពីតូច បង សេម មិនដែលហៅខ្លួនឯងដោយពាក្យនេះទេ!!!

          ខ្ញុំរវល់តែឈរភាន់ភាំងនឹងពាក្យនោះ ទើបមិនបានប្រកែកអ្វី ពេលដែល​បងសេម អូសខ្ញុំឱ្យមកអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ឯខ្លួនឯងដើរចូលទៅក្នុងផ្ទះបាយ។ ទូរទស្សន៍បើកចោលក្នុងកម្មវិធីបទ ចម្រៀង តែសំឡេងចម្រៀងទាំងនោះ មិនបានចូលមកក្នុងត្រចៀករបស់ខ្ញុំទេ ព្រោះពេលនេះខ្ញុំកំពុងទទួលអារម្មណ៍យ៉ាប់! យ៉ាប់! ហើយ យ៉ាប់!

          ហ៊ឺៗៗ… ខ្ញុំសុខចិត្តក្លាយជាទាសីរបស់ ព្រះអង្គម្ចាស់ មួយជីវិត ប្រសើរជាងមកទ្រាំឃើញបងប្រុសរបស់ខ្លួនឯងស្ថិតនៅក្នុងសភាពបែបនេះ!

          មិនបណ្តោយឱ្យខ្ញុំអង្គុយយូរប៉ុន្មាន បងសេម ក៏ដើរចេញមក ព្រមជាមួយទឹកត្រជាក់មួយកែវធំ ដែលតាំងចិត្តយកមកឱ្យខ្ញុំ។ ខ្ញុំទទួលយកមកផឹកយឺតៗ ដោយមិនបានទទួលភាពត្រជាក់ចិត្ត ពីទឹកមួយកែវនោះសោះ។

          “យើងមិនបានជួបគ្នាយូរហើយ… ដល់ជួបគ្នាម្តងទៀត ស៊ិនសៀ ក៏ពេញក្រមុំស្តូក ហើយផ្លាស់ប្តូរច្រើនទៀតផង!”

          បងប្រុសរបស់ខ្ញុំនាំនិយាយ ខណៈដែលខ្សែភ្នែកសម្លឹងមើលទូរទស្សន៍។

          …បង​​ សេម ក៏ផ្លាស់ប្តូរច្រើនដូចគ្នា…

          ខ្ញុំស្ទើរតែនិយាយចេញទៅហើយ តែក៏ញាត់សម្តីនោះចូលបំពង់កវិញយ៉ាងស្ងៀមស្ងាត់។ តែមុននឹងខ្ញុំគិតអ្វីច្រើនជាងនេះទៀត បងសេម ក៏ស្រែកឧទានឡើង។

          “អៃៗៗ… >O< នោះគឺ Jonas Brother តើ! យ៉ៃ… សង្ហា hot sexy អត់ទាស់!!”

          ប្រាវវវវវ…

          រូបភាព បងសេម ឆ្លេឆ្លានឹងប្រុសបារាំងបីនាក់នៅក្នុងទូរទស្សន៍ យ៉ាងចេញមុខចេញមាត់ ធ្វើឱ្យខ្ញុំភាំងរបូតកែវពីដៃដោយមិនដឹងខ្លួន។

          “អូយ! ស្លាប់ហើយ… កើតអីឬអត់ ស៊ិនសៀ??”

          បង សេម សួរដោយក្តីបារម្ភ។ ខ្ញុំភ្ញាក់ដឹងខ្លួនវិញ ហើយប្រញាប់តប។

          “អ… អត់អីទេ… ចាំ ស៊ិនសៀ ប្រមូលដោយខ្លួនឯង!”

          ខ្ញុំឈ្ងោករើសអំបែងកែវ យ៉ាងប្រញាប់ ឯបងសេម ក៏ទៅយកអំបោសមកជួយប្រមូល។ បោសសម្អាតរួចហើយ ខ្ញុំក៏ប្រញាប់ឡើងទៅលើយ៉ាងរួសរាន់ ​ដោយមិននិយាយអ្វីទៀត។

          ព្រោះពេលនោះ… ទឹកភ្នែករបស់ខ្ញុំហូរចេញមកទៀតហើយ!

 សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


ជំរំជំនោរវាយោ

 

          ជំរំជំនោរវាយោ

          ខ្ញុំមិនធ្លាប់ដឹងពីមុនមកសោះថា មានជំរំបែបនេះនៅក្នុងសាលារៀនរបស់យើង។ តាមដឹងវាជាជំរំថ្មីបំផុតរបស់សាលារៀន ដែលបង្កើតឡើងដោយ ព្រះអង្គម្ចាស់ ផ្ទាល់តែ​ម្តង​។ ខ្ញុំ​នៅ​នឹក​មិន​ឃើញ​សោះ​ថា ឈ្មោះរបស់ជំរំ ចង់បានន័យដូចម្តេច???

          ខ្ញុំកំពុងមកសង្កេតការណ៍ នៅមុខជំរំ​នេះយ៉ាងប្រុងប្រយ័ត្ន។ ច្រើននាទីមកហើយ ដែលខ្ញុំមកឈរនៅមុខបន្ទប់នេះ តែមិនហ៊ានចូលទៅម្នាក់ឯងទេ ព្រោះខ្លាចពួកស្រីៗ និង ខ្ទើយៗ ដែលចូលទៅលស្បែកជើងនៅក្នុងបន្ទប់នោះ។ ម៉ីម៉ី ទុកខ្ញុំចោលម្នាក់ឯងអស់មួយរយៈហើយ ព្រោះនាងជាប់រវល់ទៅមើលត្រីប្រាំ​ពីរពណ៌ ដែលពិការរបស់នាង -_-; ។ ខ្ញុំកំពុងឆ្ងល់ខ្លាំងណាស់ថា តើខ្ញុំមានតម្លៃប៉ុណ្ណាសម្រាប់ មិត្តម្នាក់នេះ???

          “ព្រះអង្គម្ចាស់! មើល ទុកគី នែ៎… ពាក់ត្រូវល្មម!!”

          សំឡេងរបស់នារីម្នាក់ លាន់ចេញពីក្នុងបន្ទប់ ជំរំជំនោរវាយោ ធ្វើឱ្យខ្ញុំភ្ញាក់ព្រើតពីអារម្មណ៍រវើរវាយ។ ខ្ញុំឈ្ងោកមុខមើលតាមចន្លោះកញ្ចក់ ហើយផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់។

          “ទុកគី… នាងមកទីនេះលើកទី៥០ហើយណា៎! -_- នាងមិនមែនជាម្នាក់នោះទេ… ឈប់ព្យាយាមទៀតទៅ!”

          សំឡេង ព្រះអង្គម្ចាស់ រអ៊ូឡើងយ៉ាងធុញទ្រាន់។ គេកំពុងអង្គុយនៅលើសាឡុងមួយ​ដោយអារម្មណ៍តានតឹងបំផុត។

          “អត់ទេៗ!!! >O< លើកនេះ ទុកគី ពិតជាអាចឆ្លើយបាន!!”

          “បើ​អ៊ីចឹង​ ឆ្លើយថាម៉េចទៀតទៅ?? -_-;”

          “ទុកគី សុំឆ្លើយថា ស៊ិនដឺរ៉េឡា និយាយថា ខ្ញុំម្ចាស់ស្រលាញ់ព្រះអង្គ តែពេលវេលាមិនផ្តល់    ឱកាសឱ្យ! ខ្ញុំធានាថា លើក​នេះ​ពិតជាត្រូវ!!”

          ស៊ិនដឺរ៉េឡា ឯណា ទៅនិយាយបែបនោះ? -_-; វិកលចរិតពិតមែន!!

          ព្រះអង្គម្ចាស់ បញ្ចោញទឹកមុខនឿយណាយ មុននឹងងាកទៅប្រាប់មិត្តរបស់គេដែលឈ្មោះ វែរសៃល៍។

          “វែរ… យកនាងនេះ ចេញឱ្យឆ្ងាយទៅ! មនុស្សស្រីអី គួរឱ្យរំខានម៉្លឹងៗ!!”

          “ស្អីគេ! នៅមិនទាន់ត្រូវទៀតហ៎?? ង៉ាំង៉ាំង៉ាំ—”

          នាង ទុកគី ស្អីគេនោះ ដើរចេញមកដោយខ្លួនឯង ដោយមិនចាំបាច់មាននរណាដេញ។ ខ្ញុំលោតទៅពួននៅខាងក្រោយផើងដើមឈើ ពេលនាងដើរកាត់មក។

          ក្រៅពីនាង ទុកគី ហើយ នៅមាន គីស៊ី ស៊ូស៊ី នែននី ធីហ្វី  ឡាឡា ផូល… និង ស្រីៗផ្សេងៗទៀតជាច្រើន ដែលចូលទៅឆ្លើយសំណួរ តែច្បាស់​ណាស់ហើយ គ្មាននរណាម្នាក់ឆ្លើយ​ត្រូវទេ។

          ខ្ញុំឈរលួចស្តាប់យូរសែនយូរ ស្ទើរតែក្លាយជារូបចម្លាក់ ឈរយាមមាត់​ទ្វារទៅហើយ។ ទីបំផុត នារីចុងក្រោយក៏រត់ចេញមកទាំងយំអណ្តឺតអណ្តក ព្រោះខកបំណងដែលខ្លួនឯងឆ្លើយសំណួរមិន   ត្រូវ​។

          នេះជាពេលដែលខ្ញុំកំពុងរង់ចាំ! ខ្ញុំត្រូវតែចូលទៅនិយាយជាមួយគេឱ្យបាន!!

          អ៊ែតតតតត…

          “ស្អីគេ នៅមិនទាន់អស់ទៀតឬ?? ដឹងខ្លួនហើយថា មិនមែន ម៉េចក៏នៅតែខំមកអីម៉្លេះ!!” ព្រះអង្គម្ចាស់ រអ៊ូភ្លាមមួយរំពេច ខណៈដែលខ្ញុំឈានជើងចូលទៅក្នុងបន្ទប់ មុននឹងងើបមុខឡើងសម្លឹង “ហក៍! ចង់ លស្បែកជើង ក៏ប្រញាប់ពាក់ទៅ!”

          សំណាងល្អ ឬអ្វីក៏ដោយដែល ព្រះអង្គម្ចាស់ ចំណាំខ្ញុំមិនបាន។ ខ្ញុំពិតជាចង់អរគុណជោគ​វាសនា​នេះខ្លាំងណាស់ តែមនុស្សម្នាក់ទៀតបែរជាធ្វើឱ្យខ្ញុំស្រងាកចិត្តយ៉ាងខ្លាំង។ នោះគឺ មិត្តរបស់គេ ឈ្មោះ… វែរសៃល៍!

          គេហាក់ដូចជាចំណាំខ្ញុំបាន ព្រោះពេលដែលងាកមកឃើញខ្ញុំ ទឹកមុខរបស់គេក៏ប្រែប្រួលមួយរំពេច។ ខ្ញុំខ្លាចគេប្រាប់ថា ខ្ញុំគឺជាអ្នកដែលគប់ស្បែកជើងដាក់ ព្រះអង្គម្ចាស់ តែទីបំផុតគេក៏សម្រេចចិត្តនៅស្ងៀមវិញ។ ខ្ញុំពិតជានឹកអរគុណគេខ្លាំងណាស់ ដែលគេមិននិយាយ!

          “ខ្ញុំមិនបានមកលស្បែកជើងទេ!”

          ខ្ញុំឈ្ងោកមុខមើលឥដ្ឋបន្តិច ព្រោះមិនចង់មើលមុខ ព្រះអង្គម្ចាស់ ចំៗ ខ្លាចគេនៅចាំខ្ញុំបាន…

          “ព្រោះបានឮថាលោក… អត់ទេ!” ខ្ញុំគ្រវីក្បាល ពេលនឹកឃើញថា គួរហៅឈ្មោះគេល្អជាង “ព្រះអង្គម្ចាស់ មានកម្លាំងពិសេស ទើបខ្ញុំចង់មកសុំជំនួយ…”

          បន្ទប់ទាំងមូលស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ដែលជាសញ្ញា​បញ្ជាក់ថា ខ្ញុំអាចនិយាយបន្តទៀតបាន​។

          “មានគេប្រាប់ថា ព្រះអង្គម្ចាស់ អាចកែប្រែចិត្តរបស់មនុស្សបាន ទើបចង់សុំឱ្យជួយផ្លាស់​ប្តូរ​បងប្រុសរបស់ខ្ញុំបន្តិច!” ខ្ញុំដកដង្ហើមចូលវែងៗ មុននឹងនិយាយបន្ត “សូមជួយកែ​ប្រែ​បងប្រុសរបស់ខ្ញុំដែលជាខ្ទើយឱ្យក្លាយជាមនុស្សប្រុសវិញផង!”

          ខ្ញុំលើកដៃសំពះសុំអង្វរ ខណៈពេលដែលនិយាយប្រយោគនោះចប់។ គ្មានសំឡេងណាមួយតបមកទេ តែ ព្រះអង្គម្ចាស់ ក៏ក្រោកចេញពីសាឡុងដើរសំដៅមកកាន់ខ្ញុំ។

          “នាង…” គេហៅខ្ញុំ “ងើបមុខឡើងមើល៍!”

          អ្វីម៉្យាងនៅក្នុងសំឡេងរបស់គេ ធ្វើឱ្យខ្ញុំខ្លាច តែក៏ព្រមងើបមុខតាមបញ្ជា។ ព្រះអង្គម្ចាស់ ចាប់ចង្កា​ខ្ញុំឱ្យងើយឡើង មុននឹងញញឹមចេញមក។

          “នាងពិតមែន… មុខនេះត្រូវប៉ាច់តែម្តង!! ថែមទាំងទំហំ​ជើងក៏​មើលទៅប្រហាក់ប្រហែលគ្នាទៀត!” ព្រះអង្គម្ចាស់ និយាយដោយសំឡេងត្រជាក់ស្រឹប “នាងនេះហើយដែលយកស្បែកជើងគប់​ក្បាល​យើង​!!”

          ហ៊ឺយ!!

          ខ្ញុំភ្ញាក់ព្រើតមួយរំពេច ដែលជាប្រតិកម្ម​ដ៏​មានពិរុទ្ធបំផុត។ វីវរធំហើយខ្ញុំ!!​ T[]T

          “នាង… -_-; ” ព្រះអង្គម្ចាស់ ញញឹមចុងមាត់ ដែលធ្វើឱ្យមុខរបស់គេ មើលទៅកាចបំផុត… រំពេចនោះ គេក៏លោតមករកខ្ញុំ “ស្លាប់ទៅ!!!”

          “ហ៊ឺយ!!!… អ៊ែកកក… អូយយយ… អ៊ូកកក…​ TXT”

          ខ្ញុំស្រែកផង ក្អកផង ព្រោះព្រះអង្គម្ចាស់ហក់មកចាប់ច្របច់កខ្ញុំ ហើយគ្រញែងចុះឡើង។

          “នាងធ្វើដាក់យើង​ចុកចាប់ខ្លាំងណាស់!! >O< ហេតុអ្វីនាង​យក​ស្បែក​ជើង​ម៉ារៀលៗ​​​នោះ ​មក​គប់យើង​ទៅកើត?? នាងដឹងទេថា ខួរ និង ក្បាលដ៏សែនស្អាតនេះ មានតម្លៃមហាសាលប៉ុណ្ណា!! នាង​…”

          “នែ៎… ព្រះអង្គម្ចាស់… ខ្ញុំថា ឯងគួរតែ…”

          វែរសៃល៍… មិត្តរបស់គេនិយាយឃាត់ តែមុននឹងសម្តីរបស់គេបញ្ចប់ ទ្វារបន្ទប់ក៏របើកគ្រាំង!​ព្រះអង្គម្ចាស់ លែងខ្ញុំឱ្យរួចផុតពី​អំពើឃាតកម្ម ព្រោះងាកទៅចាប់អារម្មណ៍នឹងមនុស្ស ដែលចូលមកដល់។ គេគឺជាបុរសរាងខ្ពស់ ដែលមើលមួយភ្លែត ខ្ញុំក៏ចាំបានថា គេគឺជាប្រធានសិស្សប្រចាំសាលារបស់យើង។

          ម្នាក់នេះហើយ ដែល ម៉ីម៉ី ប្រាប់ថាធ្លាប់ជាហ្គេយ៍!​ -.-

          “ឯងទៀតហើយឬ? ថ្មើរនេះហើយ ហេតុអ្វីមិនត្រលប់ទៅផ្ទះទៅសម្បែង? =[]=”

          ព្រះអង្គម្ចាស់ ឡូឡាមួយរំពេចដែលឃើញមុខគេច្បាស់។​ ប្រធានសាលាហាក់ដូចជាតានតឹងនឹងសម្តីនោះខ្លាំងណាស់ មុននឹងខ្ជាក់​សម្តី​មកវិញ។

          “បើមិនចាំបាច់ ក៏មិនចង់មកដែរ តែចៃដន្យមានរឿងត្រូវមកនិយាយ!”

          មើលទៅពួកគេ ដូចជាស្និទ្ធស្នាលនឹងគ្នាណាស់ តើ​ប្រធានសាលាមកទីនេះ ញឹកញាប់ណាស់ឬ? មិនមែនជារឿងរបស់ខ្ញុំទេ! ពេលគិតឃើញដូច្នោះ ខ្ញុំក៏រំលៀកខ្លួនគេចចេញពីក្នុងបន្ទប់។

          “ខ្ញុំប្រាប់ពួកឯងហើយថា ជំរំនេះនឹងត្រូវរំសាយចោលនៅក្នុងថ្ងៃនេះ បើមានសមាជិកតែប៉ុណ្ណេះ ហើយនៅមិនទាន់មានគ្រូជាទីប្រឹក្សាទៀត ឯពួកឯងក៏នាំគ្នាធ្វើអីជាមួយជំរំនេះក៏មិនដឹង ទាំងមិនទាន់បានទទួលការអនុញ្ញាត​សោះ!”

          ប្រធានសាលាធ្វើទឹកមុខខ្ពើមរអើម ខណៈសម្លឹងទៅមើលសម្ភារៈប្រណីតៗនៅក្នុងបន្ទប់នេះ។ព្រះអង្គម្ចាស់ មើលទៅដូចជាមិនចូលចិត្តប្រធានសាលានេះសោះ។ គេធ្វើទឹកមុខតានតឹង មុននឹងងាកទៅរក វែរសៃល៍។

          “វែរ! ឯងរកមនុស្សចូលជំរំរបស់យើងបានហើយ មែនទេ?”

          “បើមិនយកមនុស្សដែលជា Fan Club របស់ឯង និង មិនយកមនុស្សដែលឯងថាគួរឱ្យរំខាន ពេលនេះជំរំរបស់យើង មានសមាជិកតែ ៧ នាក់ប៉ុណ្ណោះ បើរួមទាំងពួកយើងផង គឺមាន ៩ នាក់!”

          វែរ តបដោយទឹកមុខស្មើ។ ពេលប្រធានសិស្សបានឮ ក៏និយាយមួយរំពេចភ្លាម។

          “មិនគ្រប់គ្រាន់ទេ តិចពេកហើយ! ពួកឯងត្រូវមានសមាជិកយ៉ាងតិចបំផុត ១០ នាក់ ទើបអាច​បើកជំរំបាន។ ដូច្នេះជំរំរបស់ពួកឯង ត្រូវតែរំសាយនៅក្នុងថ្ងៃនេះ ឆាប់ប្រមូលរបស់ចេញទៅ ព្រោះក្លិបគណិតវិទ្យា កំពុងត្រូវការប្រើបន្ទប់នេះល្មម!”

          “យី! ឯងមករវីរវល់អីនឹងជំរំរបស់យើងខ្លាំងម៉្លេះ!!”

          ព្រះអង្គម្ចាស់ និយាយយ៉ាងធុញទ្រាន់ ឯប្រធានសាលានៅតែប្រើធម៌ត្រជាក់ដដែល។

          “បើតាមតួនាទីរបស់ប្រធានសិស្សទាំងមូល នេះគឺជាតួនាទីរបស់ខ្ញុំ! ពួកឯងមិនគួរប្រើបន្ទប់ជំរំទេ បើមិនបានធ្វើអ្វីជាដុំកំភួន ព្រោះនៅមានជំរំដទៃផ្សេងទៀត ដែលត្រូវការមានបន្ទប់ជំរំ តែគ្មាន      ឱកាសមាន។

          “តែខ្ញុំជាកូនប្រុសរបស់ម្ចាស់​សាលារៀននេះ!!”

          នៅពេលប្រកែកដោយហេតុផលមិនឈ្នះ​ ព្រះអង្គម្ចាស់ ក៏ប្រើអំណាចជំនួសវិញ តែប្រធានសិស្ស​កម្រើកវ៉ែនតាបន្តិច មុននឹងនិយាយ។

          “ខ្ញុំទូរស័ព្ទសួរប៉ា​របស់ឯងរួចហើយ ប៉ា​របស់ឯងប្រាប់ថា ឱ្យចាត់ការឯងតាមសប្បាយ!”

          នៅពេលបានឮដូច្នោះ ព្រះអង្គម្ចាស់ ក៏ខឹងច្រឡោតមួយរំពេច ហើយរអ៊ូរទាំរង៉ូវមិនព្រមឈប់។

          “បើមានសមាជិកគ្រប់គ្រាន់ ពួកយើងមិនចាំបាច់រំសាយជំរំទេ មែនទេ?” បុរសឈ្មោះវែរសៃល៍ និយាយ។

          “មែនហើយ! និងត្រូវមានគ្រូជាទីប្រឹក្សាផង បើមិនដូច្នោះពួកឯង គ្មានសិទ្ធិមកបើកជំរំបែបនេះបានទេ!”

          ចម្លើយនោះធ្វើឱ្យមិត្តជំនិតរបស់ ព្រះអង្គម្ចាស់ ងាកទៅខ្សឹបប្រាប់គេ ដែលទំនងជារឿងត្រូវចិត្ត ព្រោះឃើញ ព្រះអង្គម្ចាស់ ញញឹម ចេញមកយ៉ាងស្រស់ថ្លា។

          “បើអ៊ីចឹង ខ្ញុំបានសមាជិកបន្ថែមហើយ!” ព្រះអង្គម្ចាស់ និយាយមុននឹងងាកមករកខ្ញុំ ដែលនៅឈរ​លាក់ខ្លួនត្រង់កន្លៀតទ្វារ “នាង! ចេញមកនេះភ្លាមមក នាងត្រងោល!”

          ត្រ… ត្រងោលឬ? ហ៊ឹះ!! T^T

          មិនមែនត្រឹមតែហៅទទេៗទេ ព្រះអង្គម្ចាស់ នៅដើរចូលមកអូសខ្ញុំយកទៅទៀត។ ខ្ញុំបម្រុងរអ៊ូដាក់ តែសម្តីរបស់ ព្រះអង្គម្ចាស់ ធ្វើឱ្យខ្ញុំស្លុត​មួយរំពេច។

          “នាងម្នាក់នេះហើយ ជាសមាជិកថ្មីរបស់ជំរំយើង! ពេញចិត្ត ហើយឬនៅ??”

          “អ្ហា៎??? =[]=”

          ខ្ញុំបើកភ្នែកធំៗងាកទៅមើល ព្រះអង្គម្ចាស់ មួយរំពេច    ខណៈដែលគេញេញធ្មេញគំរាមខ្ញុំ      ​តិច​ៗ​។

          “កុំរឿងច្រើនឱ្យសោះ! បើនាងព្រមធ្វើតាមខ្ញុំពេលនេះ ខ្ញុំអាចមិនរករឿងនាងដែលយកស្បែក​ជើង​គប់ក្បាល​ខ្ញុំក៏ថាបាន!”

          សម្តីនេះ ធ្វើឱ្យខ្ញុំបិទមាត់ស្ងាត់ឈឹងតែម្តង។

          “ឯងទៅបង្ខំគេ ឱ្យមកចូលរួមជំរំបែបនេះ មិនបានទេណា៎!”

          ប្រធានសិស្សនិយាយប្រឆាំង តែ ព្រះអង្គម្ចាស់ ញញឹមយ៉ាងមានប្រៀប។

          “នាង មិនបានបង្ខំឱ្យចូលទេ មែនអត់?!! ^-^+++”

          ចុងប្រយោគនោះ ជាសម្តីគំរាមយ៉ាងច្បាស់​ក្រឡែត ធ្វើឱ្យខ្ញុំត្រូវតបទៅថា…

          “ចា៎ស! ពិតមែនហើយ… T_T គ្មាននរណាបង្ខំខ្ញុំទាំងអស់!”

          នៅពេលចប់សម្តីខ្ញុំ ប្រធានសិស្ស ងាកមកសម្លឹងមុខខ្ញុំបន្តិច មុននឹងដកដង្ហើមធំនិយាយ។

          “ហ៊ឺយ! ក៏បាន​… តែបើបីថ្ងៃបន្ទាប់មក ឯងនៅតែរកគ្រូជាទីប្រឹក្សាមិនបាន ខ្ញុំនឹងរំសាយជំរំរបស់​ឯងយ៉ាងប្រាកដ!”

          “អឺ… បើអស់កិច្ចការហើយ ក៏អញ្ជើញ​ទៅវិញចុះ!”

          ព្រះអង្គម្ចាស់ ខ្ជាក់សម្តីដេញភ្លាមៗ មុននឹងប្រធានសិស្ស ដកដង្ហើមយ៉ាងតឹងទ្រូង ហើយបើកទ្វារចេញទៅ។

          “នែ៎…​នាង!”
          មានមនុស្សកេះខ្នងខ្ញុំ ពេលងាកទៅគឺ វែរ មិត្តរបស់ ព្រះអង្គម្ចាស់ នោះឯង។ គេហុចក្រដាសមួយសន្លឹកមកឱ្យខ្ញុំ ព្រមទាំងនិយាយបន្ត។

          “នាងត្រូវស៊ីញ៉េផង ដើម្បី​ចូល​ជាសមាជិករបស់ជំរំ!”

          “តែខ្ញុំមានជំរំរួចហើយ! ខ្ញុំនៅជំរំ ដាំដើមឈើស្រលាញ់ធម្មជាតិ! -_-;”

          ខ្ញុំតបទៅវិញមួយរំពេច ហើយ ព្រះអង្គ​ម្ចាស់​ ក៏ឆ្លងសម្តីចូលមកភ្លាមៗដែរ។

          “ទៅលាចេញទៅ ខ្ញុំពិតជាត្រូវការនាង ឱ្យនៅក្នុងជំរំនេះពិតមែន! បើមិនដូច្នោះ អាប្រធាននោះ ពិតជាមិនឈប់មករញ៉េរញ៉ៃទេ!” ព្រះអង្គម្ចាស់ គ្រញែងខ្លួនមុននឹងបន្តសម្តី “ហ៊ឹះ! ប្រធានចម្កួត អើយ… លើកមុននៅតាមមកញ៉ែយើងផង ដល់ឥឡូវធ្វើដូចជាឯងធំដុំសម្បើម​ណាស់អ៊ីចឹង! នឹកដល់រឿងនោះ នៅឆ្អើមមិនទាន់បាត់ផង!!”

          -_- បានន័យថា ពាក្យចចាមអារ៉ាមរបស់ ម៉ីម៉ី គឺជាការពិតហើយ!

          ដោយសារ ព្រះអង្គម្ចាស់ និង មិត្តរបស់គេតាមសម្លឹងខ្ញុំមិនដាក់ ទើបខ្ញុំត្រូវសរសេរឈ្មោះខ្លួនឯងនៅលើក្រដាសទាំងបង្ខំចិត្ត។

          “អូខេ… នាងមានឈ្មោះលេងថាម៉េច?”

          វែរសៃល៍ សួរខ្ញុំដោយទឹកមុខនឹងធឹង តែពោរពេញដោយមេត្រីភាពជាង ព្រះអង្គ​ម្ចាស់​ ខណៈទទួលក្រដាសយកទៅវិញ ទើបខ្ញុំតបទៅថា…

          “ស៊ិនសៀ… ខ្ញុំឈ្មោះ ស៊ិនសៀ!”

          “អឺម… ស៊ិនសៀ សូមស្វាគមន៍ចំពោះការចូលរួមក្នុងជំរំ ជំនោរវាយោ របស់យើង។ ខ្ញុំឈ្មោះ  វែរសៃថ៍ ឯគេនោះនាងក៏ស្គាល់ហើយថាឈ្មោះ ព្រះអង្គ​ម្ចាស់​… តទៅនេះ នាងក្លាយជាសមាជិកជំរំរបស់យើងហើយណា៎!”

          ខ្ញុំងក់ក្បាល​ទទួល។

          “ខ្ញុំត្រលប់ទៅវិញបានហើយ មែនទេ?”

          “អញ្ជើញ!” ព្រះអង្គម្ចាស់ តប “តែកុំគិតថា ខ្ញុំលែងនាងឱ្យមានឥស្សរៈឱ្យសោះ! ហ៊ឹះៗៗៗ…”

          … ហើយសំឡេងសើច ហ៊ឹះៗ របស់ ព្រះអង្គម្ចាស់ ក៏តាមមកលងក្នុងសុបិនរបស់ខ្ញុំ ស្ទើរតែពេញមួយយប់។ ឱ! ជីវិត… T-T

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

Read Full Post »


ស៊ិនដឺរ៉េ​ឡា

 

          “ឯងក៏ដោះស្បែកជើងគប់ក្បាលគេតែម្តងឬ ស៊ិនសៀ?? ពិតជាសាហាវមែន!! កាកាកា!!!”

          ម៉ីម៉ី ផ្ទួនសម្តីខ្ញុំ ហើយក៏សើចកក្រើកដីដូចមនុស្សឆ្កួត(?) ក្រោយពីស្តាប់ខ្ញុំនិយាយរឿងគ្រប់យ៉ាងប្រាប់ -_-; ។ ខ្ញុំព្យាយាមគេចខ្សែភ្នែកពីនាង ដើម្បី​កុំ​ឱ្យសង្កេតដឹងថា ខ្ញុំកំពុងពិបាកចិត្តលើរឿងនេះខ្លាំងប៉ុណ្ណា។

          យប់​មិញ ហេតុ​អី​ខ្ញុំ​ធ្វើ​បែប​នោះ​ទៅ​កើត? ToT តើ​មក​ពី​ខ្ញុំ​ពុល​មូស​មែន​ទេ!!?

          “ចុះឯងគិតធ្វើយ៉ាងម៉េចបន្តទៀត? បើ ព្រះអង្គម្ចាស់ រករឿង ឯងពិតជាស្លាប់មិនខាន! ហិហិ…”

          ម៉ីម៉ី មិត្តសម្លាញ់និយាយ តែមើលទៅទឹកមុខរបស់នាង ដូចជាគ្មានព្រួយបារម្ភអីពីខ្ញុំបន្តិច​ សោះ សូម្បី​តែ​ប៉ុន​សរសៃ​សក់​។ អរគុណ​ខ្លាំង​ណាស់! -_-

          “គ្នាមិនដឹងទេ តែគេប្រហែលជាចាំមិនបានផង ថាជាគ្នា ព្រោះងងឹតខ្លាំងណាស់ ហើយម៉្យាង អាម្សៀនោះស្រវឹងជោកជាំទៀត!”

          ខ្ញុំតបទៅ ម៉ីម៉ី ហើយទាយយកសៀវភៅលំហាត់របស់នាង ដែលលួចចម្លងមកពីប្រធានថ្នាក់មកចម្លងត។ ខណៈពេលកំពុងចម្លងញាប់ដៃនោះ ស្រាប់តែឮសំឡេងហ៊ោកញ្ជ្រៀវ លាន់កងរំពងចេញពីក្រៅបង្អួច។

          “អៃៗៗៗ!!!”

          សង្ស័យ អា ព្រះអង្គម្ចាស់ ស្អីគេនោះ មកដល់ទៀតហើយ! តែពេលខ្ញុំអើតក្បាលមើលតាមបង្អួច បែរជាឃើញថា ថ្ងៃនេះមានអ្វីប្លែកខុសពីរាល់ដង។

          មនុស្សម្នានាំគ្នាចោមរោម ព្រះអង្គម្ចាស់ ជុំជិត ដោយខ្សែភ្នែកបាញ់ឆ្ពោះទៅរកគេ និង រថយន្តពណ៌ខ្មៅរលើបមួយគ្រឿង ដែលថ្ងៃនេះយកមកចតនៅកណ្តាលទីធ្លា ដើម្បី​គោលបំណងអ្វីម៉្យាងដែលខ្ញុំក្នុងចិត្តថា ដើម្បី​ទាក់​ទាញការចាប់អារម្មណ៍ពីអ្នកដទៃ ឱ្យកាន់តែខ្លាំងជាងរាល់ដង។ បុគ្គលជាទីចាប់អារម្មណ៍នោះ កាន់មេក្រូពណ៌លឿងធំមួយនៅក្នុងដៃ ហើយស្រែកប្រកាសក្តែងៗ។

          “សូមស្ងាត់អ្នកទាំងអស់គ្នា!” ដូចប្រើវេទមន្ត សំឡេងទាំងអស់ក៏ស្ងាត់ច្រៀបមួយរំពេច “ថ្ងៃនេះខ្ញុំមានកិច្ចការម៉្យាង ចង់ប្រកាសប្រាប់ឱ្យអ្នកទាំងអស់គ្នាដឹង… គឺខ្ញុំកំពុងតាមរក… ស៊ិនដឺរេឡា! -_-;”

          ខ្ញុំភ្ញាក់ព្រើត នៅពេលឮប្រកាសនោះ ហាក់ដូចជាមានប្រផ្នូល អាក្រក់អ្វីម៉្យាងកំពុងមកតាមលងខ្ញុំ។ ពិសេស នៅពេលឃើញស្នាមញញឹមចុងមាត់ ដ៏សែនពិសពុលរបស់គេ ខ្ញុំក៏ដឹងថាគេមិនបានតាមរក ស៊ិនដឺរេឡា ព្រោះសេចក្តីស្នេហាដូចក្នុងទេវកថានោះទេ -_- ។

          ព្រះអង្គម្ចាស់ ងាកទៅប្រាប់អ្វីម៉្យាងជាមួយមិត្តភក្តិ។ អេ… បុរសម្នាក់នោះ គឺជាម្នាក់ដែលនៅជាមួយគេ កាលពីម្សិលមិញតើ! ដូចជាឈ្មោះ វែរ… ទេដឹង?

          “នោះគឺ វែរសៃល៍ កូនប្រុសរបស់ពាណិជ្ជករអចលនវត្ថុ XYZ ដ៏ល្បី​ឈ្មោះទេតើ!”

          ម៉ីម៉ី និយាយរង៉ូវតិចៗ ធ្វើឱ្យខ្ញុំដឹងថា ការពិតបុរសដែល ព្រះរាជបុត្រ ហៅថា វែរ នោះ មានឈ្មោះពេញថា វែរសែល៍។

          វែរសៃល៍ យករបស់អ្វីម៉្យាងពីក្នុងរថយន្តស្ពត ដែលចតនៅក្បែរនោះ។ វាគឺជាប្រអប់កាំម្ញីពណ៌ស្វាយ ដែលមានដាក់ស្បែកជើងសិស្សស្រីម៉ាក Pop Teen ខាងឆ្វេងនៅពី​លើ ប្រៀបដូចស្បែកជើង កែវ ដែលស្បែកជើងនោះ គឺជា…

          ស្បែកជើងរបស់ខ្ញុំ! ToT

          “ឯង… នោះគឺ…”

          ម៉ីម៉ី ហាមាត់ប្រុងនិយាយ តែខ្ញុំប្រញាប់បិទមាត់គេទាន់។

          “ស៊ូត!… កុំមាត់ តិចមានគេដឹង ច្បាស់ជាវីវរធំហើយ!”

          ប្រាប់ហើយ ពួកយើងក៏នាំគ្នារង់ចាំស្តាប់បន្តទៀត។

          “នេះគឺជាស្បែកជើងដែល ស៊ិនដឺរេឡា ភ្លេចនៅមុខព្រះរាជវាំងរបស់ខ្ញុំ កាលពីយប់មិញ…”ស្នាមញញឹម ពោរពេញដោយគំនុំលេចឡើងមួយភ្លែត មុននឹងក្លែងធ្វើជាស្រពោនវិញ “គឺនាងបានទុកស្បែកជើងនៅទីនេះ… តែនាងបានយកបេះដូងរបស់ខ្ញុំទៅបាត់ហើយ…”

          ចប់ប្រយោគនោះ ស្រាប់តែមានសំឡេងហ៊ោឡើងលាន់ទ្រហឹង។ ខ្ញុំឃើញសិស្សស្រីម្នាក់សន្លប់ ព្រោះតែសម្តីដ៏សែនផ្អែមរលួយនោះ។

          ហ៊ឹះ… -_-;; បេះដូងស្អី!! ខ្ញុំដឹងថា លោកឯងគ្រាន់តែបញ្ឆោតខ្ញុំ ឱ្យចេញមុខដើម្បី​សម្លេះចោលយ៉ាងព្រៃផ្សៃប៉ុណ្ណោះ។

          “បានហើយៗ… សូមស្ងាត់សិនអ្នកទាំងអស់គ្នា!^^” ព្រះអង្គម្ចាស់ និយាយឃាត់ ព្រមទាំងចោលស្នាមញញឹមយ៉ាងស្រស់ “នរណាក៏ដោយដែលដឹងខ្លួនថាជា ស៊ិនដឺរេឡា សូមមកទទួលយកស្បែក​ជើង​នេះនៅជំរំ ជំនោរវាយោ ក្នុងពេលសម្រាកថ្ងៃត្រង់… ធានាថា ស៊ិនដឺរេឡា នឹងបានទទួលមេរៀន ដែលហ៊ានគប់ស្បែកជើង… អូ! ច្រឡំ គឺលួចបេះដូង ព្រះអង្គម្ចាស់ ម្នាក់នេះយ៉ាងប្រាកដ!”

          ព្រះអង្គម្ចាស់ វាសភ្នែកសម្លឹងមើលគ្រប់ទិស ធ្វើឱ្យខ្ញុំត្រូវគេចមុខពួន ព្រោះខ្លាចគេចំណាំមុខបាន។ ខ្ញុំក្តិចក្រចកលេងបំបាត់ភាពតានតឹង ខណៈដែល ម៉ីម៉ី ស្រែកសួរកណ្តាលសំឡេងហ៊ោកញ្ជ្រៀវលាន់ពីក្រោម។

          “ស៊ិនសៀ! ឯងគិតធ្វើយ៉ាងម៉េចនៀក?? រឿងធំហើយ!!”

          “មិនដឹង! ToT” ខ្ញុំតប “តែគ្នាគ្មានផ្លូវទៅតាមការហៅរបស់គេនោះទេ!”

          “ឯងក៏ឃើញថា គេលេងមែនទែនណ៎ា មុននិងក្រោយ គេច្បាស់​ជាតាមរកឯងឃើញមិនខាន! តើឯងគិតធ្វើយ៉ាងម៉េច? ឮថាឪពុករបស់គេជាមនុស្សមានឥទ្ធិពលទៀតផង ជួនកាលគេអាចជួលឃាតករឱ្យមកតាមរកឯងក៏ថាបាន! =O=”

          TToTT ឯងប្រាប់យឺតបន្តិចហើយណា៎! ហ៊ឺៗៗៗ…

          “<(ToT)> គ… គ្នាមិនដឹង! គ្នាឆ្កួតហើយ… គ្នាធ្វើ ព្រោះមានសំឡេងបញ្ជាប្រាប់ ពីក្នុងខួរ ក្បាល!!”

          -_-;

          ពេលនោះ ខ្ញុំភ្លេចទៅហើយថា ខ្ញុំទៅរក ព្រះអង្គម្ចាស់ ដើម្បី​អ្វី? ភ្លេចទៅហើយថា ខ្ញុំកើតទុក្ខប៉ុណ្ណាដែលបងប្រុសក្លាយជាខ្ទើយ??

          រាងកាយរបស់ខ្ញុំ… ជិតក្លាយជាសាកសពហើយ!!! ToT

          បីថ្ងៃ!

          បីថ្ងៃមកហើយ ដែល ព្រះអង្គម្ចាស់ ប្រកាសតាមរក ស៊ិនដឺរេឡា តែមិនបានជួបសោះ។ បីថ្ងៃ ដែលខ្ញុំត្រូវរស់នៅបែបលាក់ពួន ដូចចោរលួចខោទ្រនាប់គេ។ ទូទាំងសាលាពោរពេញទៅដោយភាព ចលាចល ព្រោះទាំង “ក្រមុំ” និង “កំលោះ” បាននាំគ្នាហែជាក្បួនទៅល ស្បែកជើងរាប់មិនអស់ ទាំងដឹងថា ខ្លួនឯងមិនមែនជា ស៊ិនដឺរេឡា ដែល ព្រះអង្គម្ចាស់ តាមរក។

          មានមនុស្សទាំងអស់ ៧៤ នាក់ ដែលពាក់ស្បែកជើងខ្នាតដូចខ្ញុំ…

          មានតែ ៤២ នាក់ ប៉ុណ្ណោះ ដែលមានរូបរាងស្រដៀងនឹងខ្ញុំ បើ​តាមការចងចាំរបស់ ព្រះរាជបុត្រ។

          តែគ្រប់គ្នាអស់បញ្ញា​តប នៅពេលត្រូវសួរថា… ប្រយោគចុងក្រោយ ដែលនាងនិយាយជាមួយ ព្រះរាជបុត្រ គឺអ្វី?

          ប្រាកដណាស់! ពិតជាគ្មានអ្នកទាយត្រូវទេ ថា ប្រយោគនោះគឺ អា ព្រះអង្គម្ចាស់ លង់ខ្លួនឯង!! ទៅងាប់ទៅ ទៅ!!TT_TT

          “ហ៊ឺយ!”

          ខ្ញុំស្រែកដាក់ខ្លួនឯង យ៉ាងតឹងណែនក្នុងទ្រូង ខណៈកំពុងប្រមូលសម្ភារៈដាក់ក្នុងកាតាបយ៉ាងរហ័សតាមដែលដៃទាំងពីរអាចធ្វើបាន។ ភ្លាមៗដែលសំឡេងកណ្តឹងរោទិ៍ឡើង ខ្ញុំក៏ប្រញាប់រត់ចេញទៅដើម្បី​គេចមុខមិនឱ្យ ព្រះអង្គម្ចាស់ ឃើញ ព្រោះខ្លាចគេចំណាំមុខបាន។

          “ឯងពិតជាមិនទៅរកគេ មែនឬ?”

          ម៉ីម៉ី សួរខ្ញុំម្តងទៀត ក្នុងរយៈពេលបីថ្ងៃមកនេះ។ ខ្ញុំស្ទើរតែស្រែកទៅវិញខ្លាំងៗថា…

          “អើ! មែនហើយ… ឯងចង់ឃើញមិត្តភក្តិក្លាយជា អតីតវត្ថុមានជីវិតឬ??? T^T ”

          ខ្ញុំមានជីវិតរស់នៅដោយភាពភ័យខ្លាច អស់រយៈពេលបីថ្ងៃមកហើយ។ ខ្ញុំកាន់តែខ្លាចខ្លាំងប៉ុណ្ណា ខ្ញុំក៏ឮរឿង​រ៉ាវ​ពី ព្រះអង្គម្ចាស់ ច្រើនប៉ុណ្ណោះ។

          មាននរណាម្នាក់ ប្រាប់ខ្ញុំថា ព្រះអង្គម្ចាស់ គឺជាបុត្រទោល តែម្នាក់របស់ម្ចាស់សាលារៀននេះ ដែលមានសាខាទាំងអស់ច្រើនជាង ១០ កន្លែង។

          នរណាម្នាក់ទៀត ប្រាប់ខ្ញុំថា  ព្រះអង្គម្ចាស់ គឺជាបុត្រទោល តែម្នាក់របស់អ្នកវិនិយោគទុនដ៏ធំជាងគេប្រចាំ ក្រុមហ៊ុមពាណិជ្ជកម្មថាមពលដ៏ល្បី​ឈ្មោះ ដែលគ្រប់គ្នានៅក្នុងប្រទេសនេះស្គាល់(មានព័ត៌មានបន្ថែមថា ម្តាយរបស់គេជាកូនស្រី របស់ម្ចាស់អណ្តូងប្រេងកាតក្នុងភូមិភាគអារ៉ាប់!)

          នរណាៗនៅម្តុំនេះក៏ប្រាប់ខ្ញុំថា ក្រៅពីរោងចក្រអគ្គិសនី និង ស្ថានីយ៍ប្រេងឥន្ធនៈដែលមានទូទាំងប្រទេសហើយ គ្រួសាររបស់គេនៅមានក្រុមហ៊ុនអាកាសចរណ៍ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀត    ផង។

          ថែមទាំងមានអ្នកខ្លះទៀត​ប្រាប់ខ្ញុំថា គេធ្លាប់ធ្វើឱ្យមនុស្សម្នាក់ដែលប្រឆាំងនឹងគេ រលាយសាបសូន្យពីលោកនេះទៅ ដោយមិនទាន់ទាំងរកសាកសពឃើញផង រហូតមកដល់ឥឡូវ។

          ព័ត៌មានទាំងអស់នេះ ធ្វើឱ្យខ្ញុំច្បាស់​ក្នុងចិត្តថា គេអាចនាំខ្លួនរបស់ខ្ញុំទៅចាក់ពុម្ព ហើយបញ្ជូនដាក់យន្តហោះ ទៅបញ្ចុះយកប្រេងក្នុងឈូងសមុទ្រថៃបានយ៉ាងងាយ។

          អាម្សៀនោះ… គួរឱ្យខ្លាច… គួរឱ្យខ្លាចខ្លាំងណាស់… យ៉ៃៗៗៗ!! TToTT

          ហើយវាក៏ធ្វើឱ្យខ្ញុំត្រូវដាក់ទុន ទិញស្បែកជើងថ្មីដែលមានខ្នាតខុសពីអាចាស់ ដល់ទៅបីលេខ ហើយម៉ាកក៏ខុសគ្នាដាច់ ដោយមិនស្តាយលុយមួយសេន។

          “ព្រះអង្គម្ចាស់ អាចមិនចង់សម្លាប់ឯងក៏ថាបាន គេប្រហែលគ្រាន់តែចង់ដឹងលេងៗថា ឯងជានរណាបានជាហ៊ានធ្វើបែបនោះ ឬជួនកាល…” ម៉ីម៉ី ញញឹម ជាសញ្ញា​បញ្ជាក់ថានាងកំពុងរវើរវាយ “គេ ប្រហែលជាលង់ស្នេហ៍ឯងពិតមែនក៏ថាបាន!”

          “ឆ្កួតទេអី! ឯងយកខួរក្បាលស្វាគិតទេដឹង?”

          “មិនបានឆ្កួតទេ… តែដូចនៅក្នុងរឿងកូរ៉េនោះអី ដែលតួឯកស្រី ទៅជេរតួឯកប្រុសអាក្រក់ៗ ហើយ​តួឯកប្រុសក៏និយាយថា…” ម៉ីម៉ី បង្អាក់សម្តីបន្តិច មុននឹងត្រាប់សំឡេងតាមសាច់រឿង “គ្មាននរណា ហ៊ានធ្វើបែបនេះដាក់ខ្ញុំពីមុនមកទេ… នាងធ្វើឱ្យខ្ញុំលង់ស្រលាញ់នាងហើយ! >_</// អៃៗៗៗ”

          តួឯកប្រុសរបស់នាងនេះ បែបវិកលចរិតហើយ! -_-;

          គ្រឺង! គ្រឺង!—

          សំឡេងកណ្តឹងសាលា រោទិ៍ឡើងល្មម។ ខ្ញុំប្រញាប់យកសៀវភៅលំហាត់ ចេញពីក្នុងថតតុ ហើយ​ងាកទៅនិយាយជាមួយ ម៉ីម៉ី។

          “មិនដឹងទេ… គ្នាទៅផ្ទះហើយ!”

          ខ្ញុំស្ពាយកាតាប ប្រញាប់ក្រោកឡើងដើរចេញពីក្នុងថ្នាក់ ដោយទុកឱ្យ ម៉ីម៉ី នៅដេកយល់សប្តិ ម្នាក់ឯងទាំងថ្ងៃត្រង់។

          មួយរយៈនេះ ខ្ញុំត្រលប់មកផ្ទះមិនសូវកង្វល់ចិត្តប៉ុន្មានទេ ព្រោះ បង សេម មិនសូវនៅផ្ទះ។ ប៉ា​ប្រាប់ថា គាត់កំពុងរត់ការរឿងរិនិយោគ​ទុន ដែលធ្វើឱ្យមានការងារត្រូវធ្វើច្រើន ទើបមិនបានត្រលប់មកផ្ទះ។

          ខ្ញុំនៅតែទទួលមិនបានដូចដើម… និងកំពុងតែគិតថា គួរធ្វើយ៉ាងម៉េចល្អ?? នរណាៗក៏ប្រាប់ថា ពិបាកណាស់ក្នុងការប្តូរខ្ទើយម្នាក់ឱ្យត្រលប់ក្លាយជាបុរសពេញលក្ខណៈវិញ ហើយវាស្ទើរតែមិនអាចទៅរួចផង។ តែខ្ញុំក៏មិនសុខចិត្តឱ្យក្តីសុបិនរបស់ខ្ញុំ ត្រូវរលំរលាយដោយសារ បងប្រុសក្លាយជាខ្ទើយ​ដាច់ខាត!!

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »

Older Posts »