Feeds:
ប្រកាស
មតិ

Archive for the ‘អត្ថបទសាកល្បង(Essay)’ Category


154482_527582503926185_1748725007_n

បើ​នរណា​​ម្នាក់​ចង់​ប្រើ​ចង្កឹះដើម្បី​ចាប់​ចំណី​អាហារ​​ មុន​ដំបូង​គេ​ច្បាស់​ជា​​យកចង្កឹះ​មួយ​គូ​​មក​ប្រៀប​ផ្ទឹម​គ្នា​មើល​ ដោយ​យក​មក​បញ្ឈរ​ទន្ទឹម​គ្នា​ដើម្បី​ពិនិត្យ​មើល​ថា ចង្កឹះ​មួយ​គូ​នេះ​វែង​ខ្លី​​ស្មើ​គ្នា​​ឬទេ បើ​មិន​ស្មើ​គ្នា​ គេ​ច្បាស់​ជា​​រក​ចង្កឹះ​ថ្មី​​មួយ​ទៀត​មក​ផ្ទឹម​គ្នា​​​នឹង​ចង្កឹះ​ដែល​នៅ​នឹង​ដៃ​​ រើស​ទៅរើស​មក​ទាល់​តែ​បាន​ចង្កឹះ​ដែល​មាន​ប្រវែង​​ស្មើ​គ្នា​។ បើ​រើស​​ឱ្យ​ល្អ​ជាង​នេះ​ទៀត​គឺ​ទាល់​តែពេល​​​ដាក់​​​​ចង្កឹះ​មួយ​គូ​នោះ​​ទន្ទឹម​គ្នា​ ចង្កឹះ​ទាំង​ពីរ​​ផ្អឹប​ជាប់​​គ្នា​​ល្អ ​មិន​មាន​ចន្លោះ​ប្រហោង​​ មិន​កោង​ចេញ​ពី​គ្នា ដែល​អាច​ចាប់​សរសៃ​មី​ គុយ​ទាវ ​បាន​ល្អ​ មិន​របូតធ្លាក់​ ​ឬ​ជ្រុះ​។ ហេតុ​នេះ​​ទើប​ចង្កឹះ​តែង​តែ​មាន​រូប​រាង​ «ដូច​គ្នា» តែ​នេះ​មិន​មែន​ជា​លក្ខណៈ​របស់​សម​ និង​ស្លាប​ព្រា​ទេ ព្រោះ​មាន​ឈ្មោះ​ថា «សម​ ស្លាប​ព្រា» គឺ​មិន​មែន​ជា​វត្ថុ​តែ​មួយ​ទេ គឺ​សម​នៅ​តែ​ជា​សម ស្លាប​ព្រា​ នៅ​តែ​ជា​ស្លាប​ព្រា​។

ស្លាប​ព្រា​ មិន​បាន​ព្យាយាម​ធ្វើ​​ខ្លួន​ឱ្យ​មាន​ចុង​ស្រួចៗ​ដូច​សម។​ ដូច​គ្នា​នេះ​ សម​ក៏​មិន​ដែល​ធ្វើ​ឱ្យ​ចុង​ស្រួចៗ​​របស់​ខ្លួន​ក្លាយ​ជា​​សំប៉ែត​ជាប់​គ្នា ​ដើម្បី​ឱ្យ​មាន​រូប​រាង​ដូច​ស្លាប​ព្រា​នោះ​ដែរ​។​ ពេល​នៅ​ឆ្ងាយ​ពី​គ្នា ​ស្លាប​ព្រា​នៅ​ដោយ​ស្លាប​ព្រា​ សម​នៅ​ដោយ​សម​។ ​តែ​អាច​មាន​ពេល​ខ្លះ​ ស្លាប​ព្រា​អាច​នឹក​ដល់​សម «បើ​មាន​សម​ ប្រហែល​ជា​ដួស​អាហារ​ញ៉ាំបាន​ស្រួល​ជាង​នេះ​…» ហើយ​សម​ក៏​អាច​នឹក​ឃើញ​ស្លាប​ព្រា «​បើ​មាន​ស្លាប​ព្រា​ ប្រហែល​ជា​អាច​ដួស​ទឹក​សម្ល​ហុត​បាន​…»

ស្លាប​ព្រាមាន​តម្លៃ​ក្នុង​លក្ខណៈ​ជា​ស្លាប​ព្រា។ សម​ក៏​មាន​តម្លៃ​ក្នុង​លក្ខណៈ​ជា​សម​របស់​ខ្លួន​ដែរ​​។ នៅពេល​របស់​ទាំង​ពីរ​នេះ​មក​នៅ​​ជាមួយ​​គ្នា ក៏​ធ្វើ​ឱ្យ​មាន​តម្លៃ​ពិសេស​​ថ្មី​មួយ​កើត​ឡើង​​។ ជា​តម្លៃ​នៃ​ការ​រួប​​រួម និង​​រស់​នៅ​​​ជាមួយ​គ្នា​ ព្រម​ទាំង​​ប្រើ​ប្រាស់​រួម​គ្នា​គួរ​ឱ្យ​ទាក់​ទាញ​​។ ស្លាប​ព្រា បាន​​កាត់​បន្ថយ​មុខ​ងារខ្លះ​ៗ​​របស់ខ្លួន​ ដោយ​ផ្អៀង​​ទៅ​រក​សម​ដើម្បី​ឱ្យ​សមប្រមូល​អាហារ​ដាក់​​មាត់​ស្លាប​ព្រា​បាន​ស្រួល​។ ចំណែក​សម​ ក៏​កាត់​បន្ថយ​តួនាទី​​ខ្លះ​ៗ​របស់ខ្លួន ដោយ​​ប្តូរ​មក​​​ឆ្កឹះ ឬ​ទប់​ម្ហូប​អាហារ​នៅ​ក្នុង​ចាន​ឱ្យ​នៅ​នឹងថ្កល់ ​ដើម្បី​ឱ្យ​ស្លាប​ព្រា​​ដួសចំណី​អាហារ​​បានកាន់​តែ​​ស្រួល។

ម្នាក់​ៗ ​ពឹង​អាស្រ័យ​គ្នា​ទៅវិញ​ទៅ​មក ដោយ​​មិ​ន​ទាម​ទារ​ឱ្យនរណា​ ​កែ​ប្រែ​ខ្លួន​ឱ្យ​​មាន​លក្ខណៈ​សម្បត្តិ​ដូច​​ខ្លួន​ឯង​។ ម្នាក់ៗ​គោរព​ភាព​ខុស​គ្នា​​​នោះ​ទៅវិញ​ទៅ​មក ​ព្រោះ​​​ភាព​ខុស​គ្នា​រវាង​សម និង​​ស្លាប​ព្រា​នេះ​ឯង ​ដែល​ធ្វើ​ឱ្យ​ពេល​វេលា​​នៅ​ជាមួយ​គ្នា ​​កាន់​តែ​មាន​​ន័យ​​ទ្វេ​ឡើង​។ ​វត្ថុ​ទាំង​ពីរ​ជួយ​បំពេញ​បន្ថែម​នូវ​អ្វី​ដែល​ដៃ​គូ​​ម្ខាង​ទៀត​គ្មាន​។ ស្លាប​ព្រា​គ្មាន​ចុង​ស្រួច​ដើម្បី​ចាក់​ចំណី​អាហារតែ​អាច​ពឹង​ពាក់​សម​បាន​​ ចំណែក​សម​ក៏​មិន​អាច​ដួស​ទឹក​សម្ល​បាន តែ​ក៏​នៅ​មាន​ស្លាប​ព្រា​ដើម្បី​ជួយ​​។ ដៃ​គូ​ដែល​ខុស​គ្នា​ដូច​សម​ និង​ស្លាបព្រា​ គឺ​ល្អ​ជាង​ដៃ​គូ​ចង្កឹះ​ដែល​ដូច​គ្នា ហើយ​ក៏​​​​ល្អ​ជាង​ស្លាប​ព្រា​ គូនឹង​ស្លាប​ព្រា សម​គូ​នឹង​សម ព្រោះ​ភាព​ដូច​គ្នា​នេះ​ ​មិន​អាច​ជួយ​អ្វី​គ្នា​បានឡើយ​​។​

ភាព​ខុស​គ្នា តែ​​ស្ថិត​នៅ​ជាគូ​រួ​ម​គ្នា​​ដ៏​គួរ​ឱ្យ​ស្រឡាញ់​រវាង​សម​ និង​ស្លាប​ព្រា ​បាន​ខ្សឹប​ប្រាប់​យើង​​​ថា គូស្នេហ៍​ដែល​គួរ​ឱ្យ​ស្រឡាញ់​ ក៏​គួរ​តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​​សមជាមួយ​​ស្លាប​ព្រា​ ជា​ជាង​ចង្កឹះដែរ​​។ …គឺ​មិន​មែនជា​​គូ​ដែល​ដូច​គ្នា​ស្ទើរ​តែ​គ្រប់​ចំណុច​ និស្ស័យ​ដូច​គ្នា គំនិត​ដូច​គ្នា រស​និយម​ដូច​គ្នា​ ចូល​ចិត្ត​អ្វីៗ​ដូច​ៗ​គ្នា​។ គូស្នេហ៍​… មិន​ចាំ​បាច់​ទាល់​តែ​ដូច​គ្នា​បែប​នេះរហូត​​នោះ​ទេ។ ហើយ​អ្វី​ដែល​សំខាន់​ គូស្នេហ៍​ដែល​មាន​និស្ស័យ​ស្ទើរ​តែ​ដូច​គ្នា​១០០%បែប​នេះ​ ប្រហែល​ជា​គ្មាន​ទេ​នៅ​​លើ​លោក​នេះ​។

មនុស្ស​យើង​កើត​នៅ​កន្លែង​ផ្សេង​គ្នា​ មាន​ឪពុកម្តាយ​ផ្សេង​គ្នា មាន​បទ​ពិសោធន៍ជីវិត​ខុស​គ្នា​ ពិបាក​នឹង​មានលក្ខណៈឱ្យ​​ដូច​គ្នា​ស្ទើរ​តែ​គ្រប់​ចំណុច​ណាស់​។ គូស្នេហ៍​ជា​ច្រើន​គូ​បែក​គ្នា​ ព្រោះតែ​​ភាគី​ម្ខាង​​ៗ​ទាម​ទារ​​ឱ្យ​ភាគី​ម្ខាង​ទៀត​ដូចខ្លួន​ឯង​។ គូស្នេហ៍​​ខ្លះ ​បែក​គ្នា​ដោយ​លើក​យក​​ហេតុ​ផល​ថា និស្ស័យ​យើង​ខុស​គ្នា​ឆ្ងាយ​​ពេក​​។ ​ខុស​គ្នា​ឆ្ងាយពេក ​តែង​តែ​ក្លាយ​ជា​ហេតុ​​ផល​ដែល​ធ្វើ​ឱ្យ​មនុស្ស​នៅ​ជាមួយ​គ្នា​​គ្មាន​សុភមង្គល។ ផ្ទុយ​មក​វិញ​ ដូច​គ្នា​ពេក​ក៏​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធុញ​ទ្រាន់​ ព្រោះ​ប្រៀប​ដូច​ឆ្លុះ​កញ្ចក់​មើល​ឃើញ​ខ្លួន​ឯង​គ្រប់​ពេលវេលា។ ​​នរណា​ទៅ​ដឹង​ ជួន​កាល​ភាព​ខុស​គ្នា​ដែលមិន​ច្រើន​ពេក​ មិន​តិច​ពេក​ អាច​​ជា​​ហេតុ​ផល​ធ្វើ​ឱ្យ​​មនុស្ស​ពីរ​នាក់​​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅ​មក​រហូត​ខ្វះ​​គ្នា​​មិន​បាន​​។ ហើយ​… ​ចន្លោះ​ប្រហោង​នៃ​ភាព​​ខុស​គ្នា​នោះ​ ​គឺ​ត្រូវ​ការ​ពេលវេលាដើម្បី​​សម្រប​ខ្លួន​។

 

នៅ​ក្នុង​ចំណុច​ដែល​ខុស​គ្នា មាន​ចំណុចដែល​​ដូច​គ្នា​

នៅ​ក្នុង​ចំណុច​ដែល​ដូច​គ្នា​ មាន​ចំណុច​ដែល​ខុស​គ្នា​

ហើយ​នៅ​ចន្លោះ​កណ្តាល​នោះ​ គឺ​សេចក្តី​ស្រឡាញ់​។

 

សេចក្តីស្នេហា ​គឺ​​ជា​ការព្រម​ទទួល​យក​ចំណុច​ខុស​គ្នា​របស់​មនុស្ស​ ដែល​យើង​ស្រឡាញ់​ ហើយ​​​ព្យាយាម​សម្រប​ខ្លួន​​​ឯង​​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ដោយ​មិន​ប្រកាន់​ថា នរណា​ជា​​ធំ។ នៅ​ពេល​​ស្រឡាញ់​នរណា​ម្នាក់​ យើង​តែ​ង​​តែ​ព្រម​​លះ​បង់​បុគ្គលិក​លក្ខណៈ​​​របស់ខ្លួន​ ​​ដើម្បី​​ផ្តល់​ឱកាស​​ឱ្យ​ភាគី​ម្ខាង​ទៀត ​បាន​បង្ហាញ​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួន​របស់​គេ​ ដូច​ដែល​គេ​​ព្រម​លះ​បង់​បុគ្គលិកលក្ខណៈរបស់​ខ្លួន​​ម្តង​ម្កាល​ ដើម្បី​ឱ្យ​យើង​បាន​បញ្ចេញ​បុគ្គលិកលក្ខណៈ​ ឬ​និស្ស័យ​​របស់​ខ្លួន​ដែរ។

ស្នេហា​ គឺ​ជា​ការ​លះបង់ តែ​ជា​ការ​លះ​បង់​ដែល​ស្ថិត​នៅ​​ក្នុង​លក្ខណៈ​​មួយ ​ដែល​សម​ស្រប​។ បើ​លះ​បង់​ខ្លាំង​ពេក​ ក៏​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​​តាន​តឹង​ ចង្អៀត​ចង្អល់​។​ បើ​លះ​បង់​តិច​ពេក​ ភាគី​ម្ខាង​ទៀត​ក៏​មិន​ស្រួល​ចិត្តដែរ​​។ សេចក្តី​ស្រឡាញ់​ គឺ​នៅ​ចន្លោះ​កណ្តាល​នៃ​ភាព​ខុស​គ្នា​នោះ​ ហើយ​សេចក្តីស្រឡាញ់​ធ្វើ​ឱ្យ​ចន្លោះ​ប្រហោង​នៃ​ភាព​ខុស​គ្នា​នោះ​ បាន​ទទួល​ការ​បំពេញ​​​​បន្ថែម​ទៅវិញ​ទៅ​មក​​៕

 

Read Full Post »


spoon-fork

ស្លាបព្រា៖ សម!! បង​ថាយើង​​មិន​ស័ក្តិ​សម​នឹង​​គ្នា​​ទេ!

សម៖ ហេតុ​អី​ទៅ?

ស្លាបព្រា៖ ព្រោះ​អូន​មាន​​​ក្បាល​ស្រួចៗ​ ចំណែក​​បង​មាន​​​ក្បាល​មូល ហើយ​សំប៉ែត​! យើង​ទាំង​ពីរ​ខុស​គ្នា​ឆ្ងាយ​ណាស់!​

សម៖ ចុះ​យ៉ាង​ម៉េច? យើង​​ខុស​គ្នា ​មិន​អាចស្រឡាញ់​គ្នា​បាន​​ទេឬ?

ស្លាបព្រា៖ ​មិន​បាន​ទេ! អូន​មើលចង្កឹះ​មួយ​គូ​នោះ​ចុះ​ ពួក​គេ​វែង​ស្មើ​គ្នា កម្ពស់​កម្ពរ​ដូច​គ្នា​ ​ក្បាល​ក៏​​​ដូច​គ្នា រាង​ក៏​ដូច​គ្នា​ ពេល​ប្រើ​ ឬ​ទៅ​ណា​មក​ណា​ក៏​​ប្រដំ​ប្រសង​​គ្នា គឺ​សម​គ្នា​ណាស់​។

សម​៖ បង​​ភ្លេច​អ្វី​ម្យ៉ាង​ទេដឹង?

ស្លាបព្រា៖ ស្អីទៅ?

សម៖ បង​ប្រហែល​ជា​ភ្លេច​ហើយ​ថា យើង​តែង​តែ​ធ្វើ​អ្វីៗ​រួម​គ្នា ប្រើ​រួម​​គ្នា ហើយតែង​តែ​​នៅ​លើ​ចាន​តែ​​មួយ​។ យើង​ទាំង​ពីរ​​ស័ក្តិ​សម​នឹង​គ្នា​ជាងចង្កឹះ​មួយ​គូ​នោះ​ទៅ​ទៀត​​!

ស្លាបព្រា៖ ស័ក្តិ​សម​ត្រង់​ណា?

សម៖ គឺ​បងជា​​ស្លាប​ព្រាមាន​​តួនាទី​ដួស​ចំណី​អាហារ​​ ចំណែក​​អូន​ជា​សម​​មាន​តួនាទី​ចាំ​ប្រមូល​ អាហារ​ឱ្យ​​បង​ គឺដូច​យើង​ទាំង​ពីរ​កំពុង​បញ្ចុក​អាហារ​គ្នា​ទៅវិញ​ទៅ​មក​អ៊ីចឹង! និយាយ​រួម​ គឺ​​អូន​មិន​អាច​ខ្វះ​បង ហើយ​បង​ក៏​មិន​អាច​ខ្វះ​អូន​។ ចំណែក​ចង្កឹះមួយ​គូ​នោះវិញ​​ ​បើ​ពួក​គេ​​មិនចុះ​សម្រុង​នឹង​​គ្នា អាហារ​ដែលកៀប ឬ​​ចាប់​មក​នោះ​ នឹង​របូត​ជ្រុះ​មិន​ខាន​ គឺ​ពិបាក​ជាង​យើង​ទាំង​ពីរ​ឆ្ងាយ​ណាស់ ពិត​ទេ? ^_^

អូន​ចង់​ប្រាប់​បង​ថា បើ​យើង​​​ស្រឡាញ់​គ្នា​ ​គឺ​មិន​ចាំ​បាច់​ត្រូវ​តែ​ដូច​គ្នា​គ្រប់​យ៉ាង​នោះទេ។ បើ​​យើង​​មាន​ចិត្ត​ចំពោះ​​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ ទោះ​ជា​យើង​ខុស​គ្នា មាន​និស្ស័យ​មិន​ដូច​គ្នាយ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​​​នៅ​តែ​អាច​ស្រឡាញ់​​គ្នា និង​ចុះ​សម្រុង​នឹង​គ្នា​បាន​​។ គូស្នេហ៍​ដែល​មាន​អ្វី​ៗ​ដូច​គ្នា​ មិន​មាន​​​ន័យ​ថា គូ​ស្នេហ៍​​មួយ​គូ​នោះស័ក្តិ​សម​នឹង​គ្នាជានិច្ច​នោះទេ។​ ថា​មិន​ត្រូវ​ ពួក​គេ​អាចពិបាក​​ជាង​យើងដែល​មាន​និស្ស័យ​ខុស​គ្នា​​ទៅ​ទៀត​។ អ្វី​ដែល​សំខាន់​ យើង​ទាំង​ពីរ​​ត្រូវ​ធ្វើ​​តួនាទី​របស់​ខ្លួន​ឱ្យ​ល្អ​បំផុត​ទៅ​គឺ​គ្រប់​គ្រាន់​ហើយ​។ ត្រឹម​​តែ​ប៉ុណ្ណេះ យើង​នឹង​លែង​មាន​អ្វី​ដែល​ថា​មិន​ចុះ​សម្រុង​នឹង​គ្នា​ទៀត​ហើយ​! ^_^

ស្លាបព្រា៖ អរគុណ​អូន​សមណាស់ ដែល​បានពន្យល់​​បង​! បង​សន្យា​ថា នឹង​រួម​រស់​ជាគូ​នឹង​​អូន​​រៀងរហូត… ​​ ^oT

Read Full Post »


Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

រូបភាព Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

ផ្កាយNoVeLs*– ប្រិយ​មិត្ត​អ្នក​អាន​មាន​ចាំ​ហេតុ​ការណ៍​ចាប់​ជំរិត​ក្មេង​មួយ​នៅ​ខេត្ត​សៀមរាប​ទេ? ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៥ នៅ​សាលា​អន្តរជាតិ​មួយ​ ក្នុង​ខេត្ត​សៀម​រាប ដែល​ជាព័ត៌មាន​​ផ្ទុះ​មួយសម្រាប់​គ្រប់​ស្ថាប័ន​ក្រសួង​ពាក់​ព័ន្ធ​ រួម​ទាំង​ប្រជាជន អ្នក​យក​ព័ត៌មាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ក្មេងៗ​ចំនួន​៧០​នាក់​អាយុ​ក្រោម​៦​ឆ្នាំ​ និង​គ្រូ​បង្រៀន​៣,៤នាក់​ផ្សេង​ទៀត​ បាន​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​ពី​ក្រុម​ចោរ​ចាប់​ជំរិត​ដែល​ទើប​តែ​ទម្លាយគុក​​​។ ប៉ុន្តែ​ក្មេងៗ​៤០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ចោរ​។ ក្មេង​ប្រុស​ សញ្ជាតិ​កាណាដា អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ ខណៈ​ដែល​មាន​ការ​ដោះ​ដូរ​ប្រាក់​ ៣​ម៉ឺនដុល្លារ​សហរដ្ឋ​អាម៉េរិគ​ និង​​រថយន្ត​១២​កៅ​អី​១​គ្រឿង​ដើម្បី​ពួក​គេ​អាច​គេច​ខ្លួន​ទៅ​កាន់​ព្រំ​ប្រទល់​ថៃ​បាន​។

រឿង​ «វិញ្ញាណ​គ្មាន​រូប» ទទួល​បាន​​គំនិត​ និង​ការ​ជំរុញ​ទឹក​ចិត្ត​(inspire)​ ​ពីហេតុ​ការណ៍​នេះ​។ តួអង្គ​ឈ្មោះ​ វីរៈ គឺ​ជា​ក្មេង​ប្រុស​សញ្ជាតិ​កាណាដា​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​។ ដំបូង​ឡើយ​ ខ្ញុំ​ដាក់​ចំណង​ជើង​រឿង​នេះ​ថា «ក្មេង​បាត់ខ្លួន» តែ​ដោយ​ខ្លាច​ជាន់ ឬ​ស្រដៀង​គ្នា​នឹង​ភាព​យន្ត​ខ្មែរ​មួយ​ដែល​មាន​ចំណង​ជើង​ថា «បាត់ខ្លួន» ខ្ញុំ​ក៏​ដូរ​ដាក់​ជា «គេ​ចាប់​ជំរិត​ក្មេង​ម្នាក់»។ លុះ​ក្រោយ​មក​ទៀត​ នៅពេល​រឿង​នេះ​ធ្លាក់​ដល់​ដៃ​ «សប្បាយ» ក្រុម​ការ​ងារ​ខាង​នោះ​ប្រាប់​ថា ចំណង​ជើង​នេះ​ស្រដៀង​គ្នា​នឹង​រឿង​មួយ​ដែល​សប្បាយ​បាន​ផ្សាយ​ទៅ​ហើយ គឺ​រឿង​ «គេ​ចាប់​ជំរិត​មនុស្ស​ម្នាក់»(?)។ ដូច្នេះ​គេ​ក៏​សំណូម​ពរ​ដូរ​ចំណង​ជើង​ដាក់ថា «អាថ៌កំបាំង​ផ្ទះតូច​» វិញ។ តែ​ដោយ​ចំណង​ជើងរបស់​សប្បាយ​ អាច​ធ្វើ​ឲ្យ​អ្នក​អាន​ដឹង​សាច់​រឿង​មុន ថា​តួ​អង្គ​ក្មេង វីរៈ អាច​មិន​ទាន់​ស្លាប់ ហើយ​កំពុង​រង់​ចាំ​ឪពុកម្តាយ​គេ​នៅ​ផ្ទះតូច​ ទើប​ចុង​ក្រោយ​ ខ្ញុំ​ក៏​ឲ្យ​គេ​ដូរ​ដាក់ «វិញ្ញាណ​គ្មាន​រូប​» វិញ​។

ក្រៅ​ពី​រឿង​ចំណង​ជើង​ នៅ​មាន​សាច់​រឿង​ត្រង់​ចំណុច​ខ្លះ​ៗ​ត្រូវ​បាន​ដូរ​ តែ​នៅ​ពេល​សប្បាយ​ចេញ​ផ្សាយ សាច់​រឿង​បែរ​ជា​នៅ​ដដែល​ សង្ស័យ​រឿង​ដែល​អ្នកនិពន្ធ​ផ្ញើ​ទៅ​មាន​ច្រើន​ពេក​ទើប​ធ្វើ​ឲ្យ​ក្រុម​ការងារ​សប្បាយ​​ភ្លេច​ក៏​មិន​ដឹង? 😀 ជាក់​ស្តែង​ដូច​ជាត្រង់​ហេតុ​ការណ៍​ផ្ទុះ​រថយន្ត​ តាម​ពិត​សាច់​រឿង​បាន​ប្តូរ​ឲ្យ​ផ្ទុះ​នៅ​ប៉ោយ​ប៉ែត​ ព្រំ​ប្រទល់​ខ្មែរ-ថៃ តែ​ពេល​រឿង​ចេញមក ហេតុ​ការណ៍​នៅ​តែ​កើត​ឡើង​នៅ​សៀមរាប​ដដែល​។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ចំណុច​តូចៗ​មួយ​ចំនួន​ទៀត​ ដែល​បាន​ដូរ​ដែរ តែ​សូម្បី​តែ​ខ្ញុំ​ជា​អ្នកនិពន្ធ​ក៏​ភ្លេច​ដែរ គឺ​ទាល់​តែ​យក​រឿង​ដែល​កែ​ថ្មី​មក​អាន​ឡើង​វិញ ទើប​ដឹង​ថា​រឿង​នេះ​បាន​កែ​ត្រង់​ចំណុច​ណា​ខ្លះ? យ៉ាង​ណាៗ​ រឿង​នេះ​បាន​ចេញ​ផ្សាយ​ទៅហើយ ទោះ​បីជា​មិន​បាន​ផ្សាយ​រឿង​ដែល​បាន​កែ​សម្រួល​រួច​ តែ​ក៏​មាន​អ្នក​អាន​ដ៏​ច្រើន​លើស​លប់បាន​អាន​រឿង​មួយ​នេះ​។ អរគុណ​សប្បាយ អរគុណ​អ្នក​អាន​ជា​ទី​ស្រឡាញ់​ទាំង​អស់! 😀

Read Full Post »


lkh9189_4c2r_ckh10304.psd

ផ្កាយ​NoVeLs*– ​Ads– ក្រោយ​រយៈ​ពេល​១៦​ឆ្នាំ​ ជាមួយ​នឹង​សេវា​ទន្តសាស្ត្រ​ទំនើប​នៅ​កម្ពុជា​ គ្លីនិក​ទន្ត​សាស្ត្រ​ រំចង់​ បាន​ក្លាយ​ជា​ មន្ទីរ​ពេទ្យ​ទន្ត​សាស្ត្រ​ & សម្ផស្ស​ រំចង់​ នៅ​ថ្ងៃ​ទី ១២​ ធ្នូ ២០១១​ ដែល​ជា​មន្ទីរ​ពេទ្យ​​ទ​ន្ត​សាស្ត្រ​ដំបូងគេ​​​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​​។ រំចង់​ មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​ជា​មន្ទីរ​ពេទ្យ​ មាន​គុណ​ភាព​ខ្ពស់​ បំពាក់​ដោយ​​​ឧបករណ៍​បរិក្ខារ​ពេទ្យ​​ថ្មី​ៗ​ទំនើបៗ​ ​និង​ក្រុម​គ្រូពេទ្យ​បាន​សិក្សា​ជំនាញ​ជាលក្ខណៈ​ជាតិ​ និង​ អន្តរ​ជាតិ​​ប្រកប​ដោយ​ក្រម​សីលធម៌​​វិជ្ជាជីវៈ​ខ្ពស់​​។ រំចង់​ បាន​ទទួល​ស្គាល់​ជា​ស្ថាប័ន​ផ្តល់​សេវា​ពេទ្យ​ធ្មេញ​​គុណ​ភាព​​ខ្ពស់​កម្រិត​ស្តង់​ដារ​អន្តរជាតិ​ ISP 9001 នៅ​ឆ្នាំ​ ២០០៨​។

រំចង់​បាន​ផ្តល់​ក្តី​ទុក​ចិត្ត​បំផុត​សម្រាប់​អតិថិជន​ជាតិ​និង​អន្តរ​ជាតិ​ បាន​ទាក់​ទាញ​អ្នក​ជំងឺ​មក​ពី​បណ្តា​ប្រទេស​​អឺរ៉ុប​ អាមេរិក​ អូស្ត្រាលី​ ចិន​ ជប៉ុន​ និង​ អាស៊ាន​ធ្វើ​ដំណើរ​ឆ្លង​ទ្វី​ប​មក​ទស្សនា​កម្ពុជា​ និង​ ធ្វើ​ការ​ព្យាបាល​​កែ​សម្ផស្ស​​មាត់​ធ្មេញ​នៅ​ មន្ទីរ​ពេទ្យ​ទន្ត​សាស្ត្រ​ & សម្ផស្ស​ រំចង់​។

កាល​ពី​មុន​ ប្រជា​ជន​កម្ពុជា​​យើង​បាន​ធ្វើ​ដំណើរ​​ចេញ​ក្រៅ​ប្រទេស​​ ដើម្បី​បាន​ស្វែ​ង​រក​សេវាកម្ម​ព្យាបាល​ជំងឺ​​មាត់​ធ្មេញ​ដែល​មានគុណ​ភាព​ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ រំចង់​បាន​កែ​ប្រែ​ផ្នត់​គំនិត​ទាំង​នោះ​ ហើយ​នឹង​កំពុង​ធ្វើ​ឲ្យ​ជន​បរទេស​​ធ្វើ​ដំណើរ​មក​ព្រះរាជាណាចក្រ​កម្ពុជា​​​ ទទួល​យក​សេវា​​ព្យាបាល​​ពី​ទន្ត​​បណ្ឌិត​​ជំនាញៗ​នៅ​កម្ពុជា​យើង​វិញ​។​ ទាំង​នេះ​គឺ​ជា​ការ​សបញ្ជាក់​យ៉ាង​ច្បាស់​​ ពី​ឯករាជ្យ​ភាព​ លើ​សេវាកម្ម​គុណ​ភាព​ និង​ សមត្ថភាព​ជំនាញ​ដ៏​ពិត​ប្រាកដ​របស់​ក្រុម​គ្រូពេទ្យ​និង​បុគ្គលិក​​ មន្ទីរ​ពេទ្យ​ទន្ត​សាស្ត្រ​ & សម្ផស្ស​ រំចង់ ដែល​បាន​​ផ្តល់​ការ​ទុក​ចិត្ត​ដល់​អតិថិ​ជន​គ្រ់​ទិស​ទី​ជុំ​វិញ​ពិភព​លោក​។ ដូច​នេះ​ ជាមួយ​នឹង​មន្ទីរពេទ្យ​រំចង់​​ លោក​អ្នក​មិនចាំ​បាច់​ចំណាយ​ពេល​វេលា​​​និង​ប្រាក់​កាស​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ទៀត​ឡើយ​។

យើង​ខ្ញុំ​ជឿ​ជាក់​ថា បើ​លោក​អ្នក​បាន​មក​កាន់​ទីនេះ​ម្តង​ លោក​អ្នក​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​យក​មន្ទីរ​ពេទ្យ​ទន្ត​សាស្ត្រ​ & សម្ផស្ស​ រំចង់​ជា​មន្ទីរ​ពេទ្យ​ធ្មេញ​ប្រចាំ​គ្រួសារ​អស់​មួយ​ជីវិត​។

Read Full Post »


សុំសួរបន្តិចបានទេ…

តាមការយល់ឃើញ​របស់អ្នក តើ​មិត្ត​ភក្តិ​គឺជាអ្វី?

គេមានភាពសំខាន់ចំពោះអ្នកកម្រិតណា?

«អាចប្រៀបសង្សាររបស់អ្នកបានដែរឬទេ?»

ខ្ញុំគ្រាន់តែមានរឿងខ្លះៗចង់និយាយប្រាប់ប៉ុណ្ណោះ…

មាននាឡិការោទ៍មួយ

បំពេញតួនាទីរបស់វារៀងរាល់ថ្ងៃ

មិនថាទ្រនិចវែងឬទ្រនិចខ្លី

នៅតែដើរដដែលៗមិនចេះនឿយហត់

រៀងរាល់ពេលព្រឹក…

វាតែងតែស្រែករំខាន

ស្រែកធ្វើឲ្យយើងភ្ញាក់ពីការដំណេកដ៏ស្កប់ស្កល់

យើងតបស្នងទៅវាវិញ​ដោយ «ទះ ឬចុចបិទវាខ្លាំងៗ!!»

ព្រោះថ្លង់នឹងសំឡេងរំខាន

ទាំងដែលវាជួយយើងមិនឲ្យទៅខកណាត់សំខាន់ៗរៀងរាល់លើក

ហើយបើវាច្រឡំដាស់យើងនៅក្នុងថ្ងៃឈប់សម្រាក

ជួនកាលយើងអាចនឹងចាប់វាគ្រវែងចោលក៏មាន

ទាំងដែលយើងជាអ្នកដាក់ម៉ោងឲ្យវារោទ៍ដោយខ្លួនឯងសោះ។

ជួនកាលយើងរវល់ធ្វើអ្វីផ្សេងដែលគិតថាសំខាន់

ច្រើនជាង…

«នាឡិកា» ដែលស្ថិតនៅកន្លែងដើមរបស់វារាល់ថ្ងៃ

យើងមិនសូវជាយកចិត្តទុកដាក់នឹងវាប៉ុន្មានទេ តែ​ចាប់អារម្មណ៍នឹងវាតែពេលដែលយើង

«ចង់ដឹងពេលវេលាប៉ុណ្ណោះ!»

រហូតដល់ថ្ងៃមួយ…

នាឡិកានោះក៏នៅស្ងៀមលែងកម្រើក

អ្នកមិនដឹងទេថាវានៅ​ស្ងៀមបែប​នេះតាំងពីពេលណា

អ្នកចាំមិនបានទេថា វាឈប់ដើរលើកចុងក្រោយនៅពេលណា

អ្នកបានត្រឹមតែបន្ទោសវានៅព្រឹកនោះថា

«អានាឡិកាចង្រៃ​… ហេតុអីមិនដាស់យើង!!»

ទាំងដែលវាគាំងបែបនេះក៏​ព្រោះតែ​អ្នក…

អ្នកធ្លាប់​គិតទេថា…

«មិត្តភក្តិ​ក៏​ដូចនាឡិការោទ៍នេះដែរ!»

ហេតុអ្វីឬ?

អ្នកសាកគិតទៅមើល…

ក្តីស្រឡាញ់របស់មិត្តភក្តិគឺប្រៀបដូចនឹងការដើររបស់ទ្រនិចនាឡិកា

ដើរដដែលៗ តែក៏នៅបន្តដើរទៅមុខ ដោយមិនចេះនឿយហត់ឬធុញទ្រាន់

ពេលខ្លះមិត្តភក្តិក៏ដាស់តឿនយើង

ប្រាប់យើង ណែនាំយើង ចំពោះរឿងខ្លះដែលយើងគួរស្តាប់

តែយើងបែរជាធុញទ្រាន់

និយាយបំផ្លាញទឹកចិត្តរបស់គេ ឬធ្វើឲ្យគេអន់ចិត្ត

ព្រោះគិតថាសម្តីដាស់តឿនរបស់គេបែរជាធ្វើឲ្យអ្នកទើសទាល់

ថ្វីបើពេលខ្លះអ្នកធ្វើដោយមិនបានតាំងចិត្ត

តែសាកល្បងសង្កេតមើល៍

រឿងដែលមិត្តភក្តិអ្នកដាស់តឿនដោយបំណងល្អនោះ

ជួនកាលអាចជួយអ្នកបានច្រើនណាស់។

ច្រើនលើកច្រើនសា

ដែលអ្នករវល់តែធ្វើរឿងផ្សេង

ផ្តល់ភាពសំខាន់ចំពោះអ្នកផ្សេង

ហើយមើលរំលងភាពសំខាន់របស់មិត្តភក្តិ

ព្រោះអ្នកគិតជានិច្ចថា…

ក្តីស្រឡាញ់របស់មិត្តភក្តិគឺជារឿងធម្មតា

ដូចគ្នានឹងនាឡិកា…

ដែលវាតែងតែដើរបែបនោះ… ដដែលៗរាល់ថ្ងៃ

តែអ្នកប្រហែលជាភ្លេចថាថ្ងៃណាមួយ

ថ្មនៅក្នុងនាឡិកានឹងអស់

នាឡិកាមិនបានភ្លេចតួនាទីរបស់ខ្លួន​ទេ

គ្រាន់តែយូរៗ​ទៅ​

តើឲ្យវាទៅយកកម្លាំងមកពីណាដើរ បើគ្មានថ្ម?

ដូចគ្នានឹងមិត្តរបស់អ្នកដែរ

បើទោះជាគេស្រឡាញ់ និងមានបំណងល្អចំពោះអ្នកច្រើនប៉ុណ្ណាក៏ដោយ

បើអ្នកមិនធ្លាប់យកចិត្តទុកដាក់

ភ្លេចថានៅមានគេម្នាក់ដែរ…

គឺប្រៀបដូចនឹងនាឡិកា

ដែលវាមិនបានភ្លេចតួនាទីរបស់ខ្លួន​

តែគឺអ្នកទៅវិញទេ ដែលមិនបានយកចិត្តទុកដាក់​នឹង​

នាឡិកាកញ្ចាស់មួយនោះសោះ!

ដល់ពេលហើយឬនៅ ដែលអ្នកត្រូវងាកទៅមើល

នាឡិកាកញ្ចាស់​នោះ

មិនយឺតពេលទេមែនទេ បើអ្នកដាក់ថ្មឲ្យវាម្តងទៀត

និងបង្វិលឲ្យវាដើរដូចដើម

ដើម្បីឲ្យនាឡិកាដដែលនោះ

ត្រឡប់មកបំពេញតួនាទីដ៏គួរឲ្យធុញទ្រាន់របស់វា

ម្តងទៀត…

ដើម្បីអ្នក!

ដោយក្តីស្រឡាញ់ពី ផ្កាយNoVeLs* 😀

Read Full Post »


ខ្ញុំជានិស្សិតខ្មែរម្នាក់ ដែលមកបន្តការសិក្សានៅប្រទេសលាវដ៏ស្ងប់សុខមួយនេះ។ បាយដំណើបនិងបុកល្ហុងនៅទីនេះឆ្ងាញ់ជាប់ចិត្ត និងស្អិតជាប់ទាំងបេះដូង។ រៀងរាល់ចុងសប្តាហ៍ខ្ញុំចូលចិត្តជិះឡានក្រុងពីរដ្ឋធានីវៀងចន្ទន៍ ទៅចាំងហ្វាត់ណងខាយប្រទេសថៃ ដើម្បីទៅរកទិញសៀវភៅមួយចំនួនដែលគ្មានលក់នៅប្រទេសលាវ។ ថ្ងៃនេះក្រោយពេលធ្វើដំណើរត្រឡប់ពីប្រទេសថៃវិញ ខ្ញុំក៏ឆ្លៀតឈប់នៅពាក់កណ្តាល ផ្លូវដើម្បីចុះមើលរូបសំណាក និងពុទ្ធបដិមានានានៅវត្តសៀងឃួន ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយរបស់អ្នកក្រុងវៀងចន្ទន៍ និងប្រជាជននានាមកពីប្រទេសថៃ។

រសៀលជ្រេបន្តិច ក្រោយពីដើរទស្សនារូបសំណាកបុរាណអស់ចិត្តអស់ចង់ហើយ ខ្ញុំក៏មកឈរនៅមាត់ផ្លូវ ដើម្បីរង់ចាំរថយន្តក្រុង សំដៅទៅរដ្ឋធានីវៀងចន្ទន៍វិញ។ នៅប្រទេសលាវ ឲ្យតែល្ងាចបន្តិច គឺអត់ឡានជិះហើយ ដូច្នេះខ្ញុំមិនបណ្តែតបណ្តោយឲ្យល្ងាចជ្រុលទេ។ ខណៈពេលដែលខ្ញុំកំពុងរង់ចាំក៏មានរថយន្តក្រុងក្នុងស្រុកមួយ ធ្វើដំណើរពីវៀងចន្ទន៍ សំដៅទៅស្ពានមិត្តភាពលាវ-ថៃ ដែលជាទិសដៅផ្ទុយពីខ្ញុំ។ រំពេចនោះ រថយន្តក្រុងដែលមានមនុស្សប្រជ្រៀតគ្នាឈរផងអង្គុយផង ក៏ឈប់នៅឆ្ងាយពីខ្ញុំប្រមាណជា១០ម៉ែត្រ។ ដូនចាស់ម្នាក់ ខំប្រឹងទប់ខ្លួនញញីញញ័រចុះពីឡានក្រុង ហើយដើរសំដៅមកកន្លែងដែលខ្ញុំឈរយ៉ាងយឺតៗ។

«ចៅអើយ… តើឡានក្រុងជើងថ្មី ពេលណាទើបមកដល់?» ស្ត្រីជរាម្នាក់នោះសួរខ្ញុំ ទើបខ្ញុំសួរបញ្ជាក់ទៅគាត់វិញ។

«ចុះលោកយាយអញ្ជើញទៅណា?»

«ស្ពានមិត្តភាពលាវ-ថៃ…»

ឮចម្លើយគាត់ ខ្ញុំបើកភ្នែកធំៗ ឧទានឡើងស្ទើរភ្លាត់សំឡេង។

«អ្ហ៎ា!!! គឺឡានដែលលោកយាយទើបតែចុះអម្បាញ់មិញនោះអី!»

«អឺ…» ដូនចាស់ឆ្លើយមកវិញយ៉ាងស្ទាក់ស្ទើរទំនងជាខ្មាសអៀន «គឺ… នៅលើឡានអម្បាញ់មិញមានក្មេងកំលោះពិការជើងម្នាក់ឡើងមកជិះ តែគ្មាននរណាក្រោកឲ្យគ្នាអង្គុយសោះ។ យាយដឹងថា បើមនុស្សចាស់ជរាដូចយាយក្រោកឲ្យគ្នាអង្គុយ គ្នាច្បាស់ជាអៀនមិនខាន ទើបយាយធ្វើជាចុះនៅត្រង់នេះ តែម្តងទៅ។ លុះយាយចុចកណ្តឹងឲ្យឡានឈប់ គ្នាក៏អាចដើរមកអង្គុយនៅកន្លែងរបស់យាយបាន ដោយមិនបាច់ទើសទាល់ ឬខ្លាចចិត្តអ្វី។ ចំណែកយាយ… អឺ… ក្រែងឡានក្រុងមានរាល់តែម៉ោងតើ មែនទេ ចៅប្រុស?…»

Read Full Post »


ផ្កាយ​​NoVeLs*– ខ្ញុំ​មិន​ដឹងថា ​មិត្ត​ម្នាក់​នោះ​​យក​​ហេតុ​ផល​អ្វី​មក​និយាយ​នឹង​ខ្ញុំ​នោះទេ។ គេ​ថា​ មិត្ត​ភាព​ដែល​ខ្ញុំ​មាន​ចំពោះ​គេ​ គឺ​សុទ្ធ​តែ​ជា​​ឆាក​ល្ខោន​ និង​ជា​ការ​​លេង​ល្បិច​កិច្ច​កល​ទាំង​អស់​។ ខ្ញុំ​មិន​យល់​សោះ​ ហេតុ​អ្វី​គេហ៊ាន​និយាយ​ពាក្យ​នេះ​ដាក់​ខ្ញុំ​ តើ​គេ​សំអាង​លើ​ហេតុ​ផល​អ្វី? ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​ភាព​ខុស​គ្នា​រវាង​មិត្ត​ភក្តិ​ទូ​ទៅ និង​មិត្ត​ពិត​ប្រាកដ​។ សង្ឃឹម​ថា​ ប្រិយ​មិត្ត​ទាំង​អស់​គ្នា​នឹង​អាច​រក​មិត្ត​​ពិត​ប្រាកដ​​បាន​ កុំ​ឲ្យ​រង​គ្រោះ​ដូចខ្ញុំ​ ដែល​ធ្លាប់​​សង្ឃឹម​​ថា «​ការ​អភ័យ​ទោស» នឹង​​អាច​ផ្សះ​ផ្សា​មិត្ត​ភាព​​របស់​យើង​ឲ្យ​ប្រសើរ​​ឡើង​វិញ​បាន តែ​ ការ​អភ័យ​ទោស​របស់​ខ្ញុំ​ បែរ​ជា​ទទួល​បាន​មក​វិញ​នូវ​ការ​ «​ប្រមាថ​​យ៉ាង​ចុក​ចាប់​​…» បំផុត​។

​១. មិត្ត​ភក្តិ​​​ទូទៅ​មិន​ធ្លាប់​ឃើញ​អ្នក​យំ​ទេ​​

តែ​មិត្ត​ពិត​​​ប្រាកដ​មាន​ស្មា​​ទុក​ឲ្យ​អ្នក​ទ្រាប់​​​​ទឹក​ភ្នែក​ជូត​។​

​២. មិត្ត​​ភក្តិ​ទូ​ទៅ​មិន​ស្គាល់​​ឈ្មោះឪពុក​ម្តាយ​របស់​អ្នក​ទេ

តែ​មិត្ត​ពិត​ប្រាកដ​​មាន​​លេខ​ទូរស័ព្ទ​របស់​ពួក​គាត់​​នៅ​ក្នុង​សៀវភៅ​ទូរស័ព្ទ​របស់គេ​។

៣. មិត្ត​ភក្តិ​ទូ​ទៅ​នឹង​កាន់​​កាដូ​មក​ចូល​រួម​ពិធី​ជប់​លៀង​របស់អ្នក​

តែ​មិត្ត​ពិត​​ប្រាកដ​នឹង​​មក​តាំង​ពី​ថ្ងៃ​ដើម្បី​ជួយ​រៀប​ចំ​ពិធី​ជប់​លៀង​​​នោះ​​។​

៤. មិត្ត​ភក្តិ​​ទូ​ទៅចង់​ជជែក​ជា​មួយ​អ្នក​​ពី​បញ្ហា​របស់​គេ​ ​

តែ​មិត្ត​ពិត​ប្រាកដ​ចង់​ជួយដោះ​ស្រាយ​រាល់​​បញ្ហា​របស់​អ្នក​​។

៥. មិត្ត​ភក្តិ​​ទូ​ទៅ​តែង​តែយក​ទោស​ពៃរ៍​អ្នក​​​​នឹងរឿង​​រ៉ាវ​ចាស់​ៗ​

តែ​មិត្ត​ពិត​ប្រាកដ​​អាច​យក​រឿង​ទាំង​នោះ​មក​សើច​លេង​​នឹង​អ្នក​បាន​។

៦. មិត្ត​​ភក្តិ​ទូ​ទៅ​ពេល​មក​លេង​អ្នក​ធ្វើខ្លួន​ដូច​ជា​ភ្ញៀវ

តែ​មិត្ត​ពិត​​ប្រាកដនឹង​ដើរ​តម្រង់​ទៅ​ទូ​ទឹក​កក​យក​​​ទឹក​ចាក់​​ផឹក​ដោយ​ខ្លួន​ឯង​។

៧. មិត្ត​ភក្តិ​​ទូ​ទៅ​​នឹង​គិត​ថា ​មិត្ត​ភាព​បាន​បញ្ចប់​ហើយ​ពេល​មានការ​ឈ្លោះទាស់​ទែង​គ្នា​​កើត​ឡើង​

តែ​មិត្ត​​ពិត​ប្រាកដ​ដឹង​យ៉ាង​​ច្បាស់​ថា វា​មិន​មែន​ជា​មិត្ត​ភាព​ទេ ដរាប​ណា​​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ឈ្លោះ​គ្នា​។

៨. មិត្ត​ភក្តិ​ទូទៅ​ប្រាថ្នា​​ចង់​ឲ្យ​អ្នក​នៅ​ក្បែរ​គេ​រហូត

តែ​មិត្ត​ពិត​ប្រាកដ​ប្រាថ្នា​ចង់​នៅ​កំដរ​អ្នក​លុះ​ដង្ហើម​ចុង​ក្រោយ​។

*** មិត្ត​​ភក្តិ​ទូ​ទៅ​ ក្រោយ​ពេល​អាន​​អត្ថបទ​នេះ​ហើយ​ នឹង​គ្រវែង​ចោល​ចូល​ធុង​សំរាម(បិទ​ចោល​ឈប់​អាន)​ តែ​មិត្ត​ពិត​ប្រាកដ​​នឹង​ព្យាយាម​​ផ្ញើ​ជូន​តៗ​គ្នា(Linkតំណ​ភ្ជាប់​ទៅ​កាន់​មិត្ត​ភក្តិ​)​ រហូត​ច្បាស់​ក្នុង​ចិត្ត​ថា​​​ បាន​ទៅ​ដល់​ដៃ​អ្នក​បាន​ទទួល​ហើយ​។ …ផ្ញើ​ទៅ​អ្នក​ណា​ក៏​បាន​ដែល​អ្នក​​តែង​តែ​ព្រួយ​បារម្ភ​ និង​នឹក​រឭក​ដល់​គេ​។​ បើ​អ្នក​បាន​ទទួល​​អត្ថបទ​​នេះ​ត្រឡប់​មក​វិញ​ បាន​ន័យ​ថា អ្នក​រក​ឃើញ មិត្ត​ភក្តិ​ពិត​ហើយ​៕ 😉

Read Full Post »


          ភ្នំ​ពេញ​​, ថ្ងៃ​ទី ១៤​វិច្ឆិកា ២០០៦

ចុច​ទីនេះ ​ដើម្បី​អាន​សំបុត្រ​មួយ​ច្បាប់​ដែល​មាន​មុខ​ពីរ!

តែ​អាន​ហើយ កុំ​ភ្លេច​ខំមិន​ផង!!! ហិហិ.. 😉

Read Full Post »


ផ្កាយ​NoVeLs*— ឮ​សំឡេង​ខ្ញុំ​ស្រែក ​កុំ​ប្រញាប់​ភ្ញាក់​ផ្អើល​អី មិន​មែន​ភ្លើង​ឆេះ​ភូមិ WordPress ទេ^^​ តែ​ខ្ញុំ​មាន​ដំណឹង​​បន្ទាន់​មួយ​ចង់​ស្នើ​សុំ​បង​ប្អូន​ឲ្យ​ជួយ​ (ប្រសិន​បើ​បង​ប្អូន​គិត​ថា​ស័ក្តិ​សម)​។

គឺ​ខែ​នេះ​ ខ្ញុំ​ទើប​តែ​ដាក់​អត្ថបទ​ចំនួន​៥​ ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ Sabaywrite របស់​វេបសាយថ៍​ http://news.sabay.com.kh ។ ដូច្នេះ ​ប្រសិន​បើ​បង​ប្អូន​ពេញចិត្ត​អត្ថប​ទ​ណា​មួយ​​ សូម​បង​ប្អូន​ជួយ​​ផ្ញើ​សារ​ទៅ​កាន់​លេខ​ 7222 តាម​លេខ​កូដ​របស់​អត្ថបទ​នីមួយ​ៗ​ដូច​ខាង​ក្រោម​៖

១. មនុស្ស​ស្រី​មាត់​មិន​ដូចចិត្ត​:​ លេខ​កូដ​ sw 114905

២. មនុស្ស​​ប្រុស​មិន​ដែល​យល់​ចិត្ត​ស្រី​: លេខ​កូដ​ sw 115182

៣. អាម៉ុក​, ម្ហូប​ខ្មែរ​ជាប់​ខ្សែ​ស្រលាយ​ថៃ?: លេខ​កូដ​ sw 114848

៤. បណ្តុះ​និស្ស័យ​ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ​(១): លេខ​កូដ​ sw 115156

៥. បណ្តុះ​និស្ស័យ​ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ​(២): លេខ​កូដ​ sw 115158

សូម​ចូល​ទៅ​កាន់​ Write Message ហើយ​​ចុច​លេខ​កូដ​អត្ថបទ​ដែល​អ្នក​ពេញ​ចិត្ត​ រួច​ផ្ញើ​ទៅ​កាន់​លេខ​ ជា​ការ​ស្រេច​។

***កុំ​ភ្លេច!!!​ វិធី​បែប​នេះ​សម្រាប់​តែ​ប្រព័ន្ធ​ទូរស័ព្ទ​ Metfone, Beeline, Hello, qb, Mfone និង Smart Mobile ប៉ុណ្ណោះ​។ សម្រាប់​ប្រព័ន្ធ​ផ្សេង​ សូម​ចូល​ទៅ​កាន់​គេ​ហទំព័រ​របស់​​​អត្ថបទ​នីមួយ​ៗ ហើយ​វាយ​លេខ​ទូរស័ព្ទ​ខ្លួន​ឯង​ចូល​ទៅ​ក្នុង​ប្រអប់ [Like] ​នៅ​ខាង​ក្រោម​​អត្ថបទ​ទាំង​នោះ​ជា​ការ​ស្រេច​។ មិន​តែ​ប៉ុណ្ណោះ​ បង​ប្អូន​ក៏​អាច​​មាន​ឱកាស​ឈ្នះ​រង្វាន់​​ដែរ ប្រសិន​បើ​អត្ថបទ​ដែល​លោក​អ្នក​​បោះ​ឆ្នោត​ បាន​ជាប់​ចំណាត់​ថ្នាក់​ប្រចាំខែ។

អរគុណ​សម្រាប់​សំឡេង​ឆ្នោត​របស់​លោក​អ្នក​! (^_^)

Read Full Post »


[សូម​អភ័យ​ទោស ចំពោះ​ការ​ដូរ​ឈ្មោះ​តួអង្គ​ពី រតនៈអូកាវ៉ា>រតនៈ​អូសាគិ ព្រោះ​អ្នក​និពន្ធ​យល់​ថា​ពិរោះ​ជាង ^^]

 រតនៈ​អូសាគិ អាច​​ប្រៀប​មិន​ស្មើ​​នឹង​អច្ឆរិយាក.០០៥​កំពូល​បុរស​ចារកម្ម​របស់​លោក​វង់​ផឿង​ក៏​ដោយ​ចុះ តែ​បុរស​ខ្មែរ​​កូន​កាត់​ជប៉ុន​មួយ​នេះ​ក៏​មាន​សមត្ថភាព​លើ​​រឿង​ក្តី​ចារកម្ម​ផ្សេង​ៗ​មិន​ធម្មតា​ដែរ។

រតនៈអូសាគិ មាន​​រាង​ខ្ពស់​ស្គមស្ទើរ​តែ​លង់​ទ្រនេស​​ទៅ​ហើយ ដូច្នេះ​មិន​ចាំ​បាច់​​មាន​ដើម​ទ្រូង​ស្រាល​​តែ​ត្រគាក​ធ្ងន់​ៗ​ដូច​អច្ឆរិយា​ក៏​បាន។

​បើ​និយាយ​ពី​សមត្ថភាព​ដៃ​ឯក​ ភ្នែក​ឥន្ទ្រី​ ជើង​រន្ទះ បេះ​ដូង​ថ្ម ​និង​គំនិត​ប្រតិកម្មវិញ​នោះ រតនៈ​អូសាគិ​ អាច​នឹង​ដាក់​ពាក្យ​លើក​ទង់​ស​សុំ​ចុះ​ចាញ់​មុន ព្រោះ​សមត្ថភាព​របស់​អច្ឆរិយា​លឿន​និង​រហ័ស​ដូច​ផ្លេក​បន្ទោរ។

រតនៈអូសាគិ​សុខចិត្ត​​ប្រើ​ជំហានគីង្គក់ ដំណើរ​អណ្តើក ជើង​ដង្កូវ និង​ភ្នែកមាន់ ក្នុង​ដំណើរ​ការ​ក្តី​ចារកម្ម​របស់​ខ្លួន​ តែសួរ​មក​ចុះបើ​រតនៈ​អូសាគិ​ធ្លាប់​ភ្លាត់​ស្នៀត​ម្តង​ ព្រោះ​យុទ្ធ​វិធី​ទឹក​ត្រជាក់​ត្រី​កុំ​របស់​គេ​មាន​ប្រយោជន៍​ណាស់​​​សម្រាប់​គ្រប់​រឿង​ក្តី​។ នេះ​ក៏​ដោយ​សារ​គេ​​ជា​ចារបុរស ​ដែល​មាន​បេះដូង​ជា​ទឹក​កក​ព្រិលដែរ។

នរណា​ថាអច្ឆរិយា​មិន​ធ្លាប់​សុំ​ទិដ្ឋាការ ឬលិខិត​ឆ្លង​ដែន ទៅលេង​ឋាននរក​នោះ? នៅ​ពេល​នេះ​អច្ឆរិយា​បាន​បាត់​មុខ​ពី​ពិភព​ចារកម្ម​ទៅ​ហើយ! ដូច្នេះ​នាទី​នេះ​ ប្រហែល​ជា​ដល់​ពេល​ដែល​រតនៈ​អូសាគិ ចារជន​កូន​កាត់​ខ្មែរ-ជប៉ុន​បញ្ចេញ​ស្នាដៃ​ ឲ្យ​ពិភព​លោក​បាន​ស្គាល់​ម្តង​ហើយ។

សូម​បញ្ជាក់​ថាអច្ឆរិយា​ក.០០៥​ ចុះចាញ់​និង​គោរពបុគ្គល​តែ​ម្នាក់​គត់​ គឺ​​នាង​កាម​ទេព​០៧៧ តែ​​រតនៈអូសាគិ​សូម្បី​តែ​ទេព​ធីតា​មក​ពីឋាន​ព្រះ​ឥន្ទ្រ​ ក៏​​មិន​អាច​ធ្វើ​ឲ្យ​ចារបុរស​​ម្នាក់​នេះ​​ញ័រ​ក្បាល​ជង្គង់​បាន​ដែរ ព្រោះ​នារី​រាប់​ភ្លេច​ទៅ​ហើយ​ដែ​លគេ​ធ្លាប់​ឆ្លង​កាត់​ គឺយ៉ាង​ច្រើន​​​បាន​ត្រឹម​​ដើ​រ​កាត់​មុខ​!!!

សូម​ស្វែង​រក​អាន​រឿង​ «ប្រស្នាឃាតកម្ម» នៅ​ទីនេះ ដើម្បី​ជ្រាប​ថា រតនៈ​អូសាគិ​មាន​សមត្ថភាព​ប៉ុណ្ណាក្នុង​​​ពិភព​ចារកម្ម!!

អាន​អត្ថបទ​ទាក់​ទង៖ អច្ឆរិយាក.០០៥ជា​នរណា?

Read Full Post »

Older Posts »