Feeds:
ប្រកាស
មតិ

Archive for the ‘អាថ៌កំបាំង-អភិនិហារ(Fantasy)’ Category


ក្មេង​បាត់​ខ្លួន​_Archphkai

ក្មេងប្រុសម្នាក់បានបាត់ខ្លួន​ដោយមិនដឹងមូលហេតុ…
ការធ្វេសប្រហែសរបស់ឪពុកម្ដាយ បាននាំគ្រោះអាក្រក់ដល់កូនរបស់ខ្លួន ព្រោះក្មេងម្នាក់នេះបានបាត់ខ្លួនទៅដោយគ្មានថ្ងៃវិលត្រឡប់…

«វិញ្ញាណគ្មានរូប»
Coming soon!

(ប្រភព​៖ ប្រលោម​លោក​សប្បាយ​, https://www.facebook.com/sabaynovel?fref=photo)

Read Full Post »


វគ្គ៣

ទោះបីជាចេតសិករស់នៅឆ្ងាយពីខ្ញុំ តែខ្ញុំបែរជាមានអារម្មណ៍ថា កំពុងកាន់ដៃគេជាប់ជានិច្ច។ ចេតសិករង់ចាំធ្វើជាមិត្តពិគ្រោះយោបល់ ជាអ្នកផ្តល់ប្រឹក្សា និងជាអ្នកជួយរំលែកទុក្ខសោករបស់ខ្ញុំ។ គេហាក់ដូចជាវត្ថុតែមួយគត់ដែលបញ្ជាក់ឲ្យដឹងថា ខ្ញុំមិនបានរស់នៅឯកោតែម្នាក់ឯងដូចពីមុនទៀតទេ គឺយ៉ាងហោចណាស់ក៏មានរូបគេម្នាក់ទៀត ដែលនៅរង់ចាំជាទីពឹងសម្រាប់ខ្ញុំគ្រប់ពេលដែរ។ ប្រសិនដូចពេលមុន បើខ្ញុំមានរឿងមិនពេញចិត្តសូម្បីតែបន្តិច ក៏ធ្វើឲ្យអារម្មណ៍ខ្ញុំនៅមិនស្ងប់ ដេកមិនលក់      ដែរ។ ខ្ញុំមិនដឹងថា ពេលនេះខ្លួនឯង ចាប់ផ្តើមចេះគ្រប់គ្រងអារម្មណ៍បានល្អ តាំងពីពេលណាមកទេ។

នៅសុខៗស្រាប់តែ ចេតសិកសម្រេចចិត្តថា គេនឹងជិះឡានក្រុង ធ្វើដំណើរមកជួបខ្ញុំ។

«យើងនឹងបានជួបមុខគ្នា ហើយនិយាយគ្នាលេងឲ្យអស់ចិត្ត!»

យើងបាននិយាយគ្នាអំពីរឿង ដែលហាក់ដូចជាគ្មានប្រយោជន៍ តែវាពិតជាសំខាន់សម្រាប់យើងលើសសព្វមួយដង។ គំនិតដែលគិតថានឹងមកជួបមុខគ្នា បានចូលមករុកទន្រ្ទានអារម្មណ៍យើងទាំងពីរ យ៉ាងច្បាស់ក្រឡែត។ ការនិយាយគ្នាតាមទូរស័ព្ទ ដែលបញ្ជូនមកតាមរយៈខ្សែចិត្តនោះ ក៏ល្អ ម្យ៉ាងដែរ តែប្រសិនបើយើងបានមកអង្គុយ ក្រេបកាហ្វេនិយាយគ្នាក្នុងតុតែពីរនាក់ វានឹងកាន់តែមានអត្ថន័យ ប្លែកពីនេះទៅទៀតយ៉ាងច្រើន។

ទោះបីជាយើងទាក់ទងគ្នា ដោយទូរស័ព្ទនិម្មិតក្នុងមនោរម្មណ៍ជាញឹកញយក៏ដោយ ក៏ការពិតយើងទាំងពីរនាក់រស់នៅឆ្ងាយពីគ្នាខ្លាំងណាស់។ សម្រាប់សិស្សវិទ្យាល័យដូចចេតសិក ការចំណាយលុយធ្វើដំណើរផ្លូវឆ្ងាយមកជួបខ្ញុំ វាមិនមែនជាការងាយទេ។ ប៉ុន្តែចេតសិកប្រាប់ថា គេនឹងចំណាយប្រាក់សន្សំផ្ទាល់ខ្លួន ដើម្បីទិញសំបុត្ររថយន្តជិះមករកខ្ញុំ។

នៅថ្ងៃនោះ ខ្ញុំតាំងចិត្តថានឹងជិះរថយន្តក្រុង ទៅទទួលគេនៅស្ថានីយ៍ធំ។ ដោយយើងមិនបានផ្ញើរូបថតឲ្យគ្នាមើលទៅវិញទៅមកជាមុន ទើបស្ថានីយ៍រថយន្តក្រុងបានក្លាយជាកន្លែង ដែលយើងនឹងបានឃើញមុខមាត់គ្នាពិតជាលើកដំបូង។

មុនថ្ងៃនោះមកដល់ យើងមិនបានប្រើទូរស័ព្ទ ដោយមនោមយិទ្ធិទេ តែយើងប្រើទូរស័ព្ទពិតៗនៅផ្ទះ និយាយណាត់ទីកន្លែងគ្នា។ នេះជាលើកទីមួយដែលខ្ញុំនិងចេតសិកនិយាយគ្នាដោយគ្មានភាពខុសគ្នារវាងពេលវេលាមកពាក់ព័ន្ធ។ ទោះជាត្រូវអស់ថ្លៃទូរស័ព្ទក៏គ្មានបញ្ហាដែរ ព្រោះវាបានផ្តល់នូវអារម្មណ៍ល្អៗ ដល់ខ្ញុំច្រើនណាស់។

ដំបូងខ្ញុំទូរស័ព្ទទៅសួរលេខនៅផ្ទះរបស់ចេតសិក ដោយប្រើទូរស័ព្ទតាមខ្សែចិត្ត។ បន្ទាប់ពីនោះ ខ្ញុំក៏ប្រើទូរស័ព្ទលើតុក្នុងបន្ទប់ទទួលភ្ញៀវ ហៅទៅលេខនៅផ្ទះរបស់គេ។ ខណៈដែលកំពុងស្តាប់សំឡេងហៅចូលទៅលេខទូរស័ព្ទនោះ ខ្ញុំទទួលអារម្មណ៍ប្លែកៗជាច្រើន។ ដៃខ្ញុំក្តាប់ទូរស័ព្ទយ៉ាងណែន ហើយគ្រាប់ញើសល្អិតៗ ក៏លេចចេញដេរដាសពេញថ្ងាសរបស់ខ្ញុំ។ ខ្ញុំក៏មិនយល់ពីអារម្មណ៍របស់ខ្លួនឯងដែរ… តើទូរស័ព្ទពិត និងទូរស័ព្ទនិម្មិតខុសគ្នាយ៉ាងណា? ព្រោះមុននេះមួយម៉ោង ខ្ញុំក៏បានប្រើមនោមយិទ្ធិ និយាយទូរស័ព្ទជាមួយគេ ម្តងរួចទៅហើយដែរ។

«អាឡូ! ចិន្តនាឬ?…»

នៅពេលក្បាលទូរស័ព្ទទទួលសំឡេងនោះចូលមក ខ្ញុំក៏បានឮសំឡេងពីចុងខ្សែម្ខាងទៀត តាមទូរស័ព្ទពិត។ សំឡេងនេះហើយ! ដែលពីមុនមក ខ្ញុំបានស្តាប់ត្រឹមតែក្នុងការស្រមើស្រមៃប៉ុណ្ណោះ។

«ចិន្តនាជួយទូរស័ព្ទដាស់តឿនខ្ញុំ ឲ្យបានមុននេះមួយម៉ោងផងណ៎ា… ថាប្រយ័ត្នជំពប់ជើងដួល!…អ៎… អូ៎យ…»

ចេតសិកនិយាយចេញមក ដោយធ្វើសំឡេងហាក់ដូចជាចង់យំ។ ខ្ញុំគិតថាពិតជាមានរឿងអ្វីកើតឡើងចំពោះគេមិនខាន។

«មានរឿងអ្វីកើតឡើងឬ?»

«អម្បាញ់មិញនេះ ពេលរត់មកទទួលទូរស័ព្ទ ខ្ញុំក៏ជំពប់ជើងបុកនឹងសរសេរផ្ទះ ពេញមួយទំហឹងតែម្តង!»

ខ្ញុំខំទប់សំណើចបណ្តើរ ប្រញាប់ទូរស័ព្ទតាមមនោរម្មណ៍បណ្តើរ ដើម្បីប្រាប់ហេតុការណ៍ដែលនឹងកើតឡើងនៅក្នុងអនាគត ដល់ចេតសិកដែលកំពុងស្ថិតនៅក្នុងអតីត។ …ពេលនេះចេតសិកនៅក្នុងអតីត ក៏តបមកខ្ញុំវិញ៖

«ជួយផ្តាំប្រាប់ខ្ញុំដែលនៅក្នុងអនាគតនោះផង ថាហេតុអីក៏គេក្លាយជាមនុស្សរសេមរសាមបែបនេះ? ដឹងទេ… ថានេះជាភស្តុតាងបញ្ជាក់ថា គុណសម្បត្តិរបស់គេចាប់ផ្តើមធ្លាក់ចុះហើយ! ចុះកិច្ចការសាលា របស់ចិន្តនាយ៉ាងម៉េចដែរ? រួចរាល់ហើយមែនទេ?…»

ខណៈដែលកំពុងភ្ញាក់ផ្អើលនឹងរឿង ដែលកំពុងស្តាប់នោះ ខ្ញុំក៏នឹកភ្នកដល់រឿងសំខាន់មួយ   ភ្លាមៗ៖

«មែន… មែនហើយចេតសិក!!!» ខ្ញុំនិយាយជាមួយក្បាលទូរស័ព្ទលើតុ។

«យ៉ាងម៉េច? … មានរឿងអ្វីឬ?»

«វិធីងាយៗ ដែលចេតនានិយាយនោះ គឺវិធីនេះហើយ!!! ហេតុអ្វីពីដំបូង ខ្ញុំនឹកមិនឃើញហ្ន៎?…»

ខ្ញុំពន្យល់ឲ្យចេតសិក ដែលស្ថិតនៅក្នុងពេលវេលាដូចគ្នា ស្តាប់ដោយសំឡេងពិតៗរបស់ខ្ញុំ៖

«ដើម្បីពិសោធន៍ថា យើងទាំងពីរមានរូបរាងពិតប្រាកដមែននោះ មិនចាំបាច់ពិបាកនាំគ្នាទៅដល់ហាងលក់ទំនិញនោះទេ គឺគ្រាន់តែយើងប្រើទូរស័ព្ទមែនទែនខលរកគ្នាទៅ ក៏ដឹងបាត់ទៅហើយ!»

ខ្ញុំគិតថាចេតសិក ដែលនៅចុងខ្សែទូរស័ព្ទម្ខាងទៀត ប្រាកដជាភ្ញាក់ផ្អើលមិនខាន ព្រោះខ្ញុំស្រែកប្រាប់ទៅគេខ្លាំងៗ រហូតភ្លាត់ខ្សែសំឡេងនៅក្នុងចិត្ត។ ប៉ុន្តែគេបែរជាគ្រប់គ្រងសតិបានយ៉ាងត្រជាក់ស្រឹម។

«អ្ហូ៎!… រឿងហ្នឹងសោះ…»

«អេ៎… ចេតសិកគិតឃើញតាំងពីដំបូងឬ?»

«គឺមួយម៉ោងមុននេះ ចិន្តនាបានទូរស័ព្ទ តាមខ្សែចិត្តប្រាប់ខ្ញុំហើយនោះអី!»

ខ្ញុំដាក់ទូរស័ព្ទចុះ ក្រោយពីណាត់ជាមួយចេតសិករួចរាល់ហើយ។ ភ្លាមៗនោះខ្ញុំក៏ចុចប៊ូតុងទូរស័ព្ទនៅក្នុងក្បាលខលទៅរកចេតនា។ នៅពេលនាងចុចទទួល ខ្ញុំក៏ប្រាប់ថា ខ្ញុំដឹងហើយវិធីងាយៗ ដើម្បីពិសោធន៍ការពិតគឺអ្វី។ ម្យ៉ាងទៀតខ្ញុំក៏បានប្រាប់រឿងណាត់ជួបគ្នា រវាងខ្ញុំនិងចេតសិកឲ្យនាងដឹងផងដែរ។

«គ្រាន់តែប្រើទូរស័ព្ទពិតប្រាកដ ខលទៅរកគ្នានឹងពិសោធដឹងបានហើយ! គ្រាន់តែប៉ុណ្ណឹង សោះ ហេតុអ្វី មិនព្រមប្រាប់ខ្ញុំពីដំបូង?»

នៅពេលឮខ្ញុំនិយាយបែបនេះ ចេតនាដកដង្ហើមបង្អូសយ៉ាងវែង ហាក់បង្ហើរភាពស្មុគស្មាញទាំងឡាយ ឲ្យរសាត់ចេញពីខ្លួន៖

«ហ៊ឺម!… បើខ្ញុំធ្វើបែបនោះ រឿងរ៉ាវខ្លះ អាចនឹងធ្វើឲ្យ ចិន្តនាមិនសប្បាយចិត្តបាន!»

យើងទាំងពីរនាក់ស្ងាត់ស្ងៀមមួយសន្ទុះ ហាក់ដើម្បីឲ្យចិត្តវិញ្ញាណរបស់យើងទាំងពីរជ្រួតជ្រាបចូលគ្នាសិន។ បន្ទាប់មក ចេតនាក៏បន្លឺវាចាបែបសោកសៅថា៖

«… ថ្ងៃស្អែក ខំព្យាយាមបន្តិចណ៎ា!»

ខ្ញុំមិនយល់ពីសម្តីនេះសោះ តើចេតនាចង់បានន័យថាម៉េច? ព្យាយាម!??? តើឲ្យខ្ញុំព្យាយាមរឿងអី?

***

 

ថ្ងៃស្អែកឡើង រថយន្តក្រុងដែលខ្ញុំជិះ ស្រាប់តែត្រូវមកជាប់គាំង នៅកណ្តាលទ្រូងថ្នល់។ ពេលវេលាដែលខ្ញុំបានគិតទុក ថានឹងទៅទទួលចេតសិកនៅម៉ោងប៉ុន្មាននោះ ក៏ត្រូវបានយឺតយ៉ាវ ព្រោះតែបញ្ហាស្ទះចរាចរណ៍។ នៅក្នុងរថយន្តឆ្អៀតណែនទៅដោយអ្នកដំណើរ ដែលសុទ្ធតែប្រាថ្នាឆ្ពោះទៅកាន់ស្ថានីយ៍រថយន្តក្រុង។ អ្នកអង្គុយក្បែរខ្ញុំ គឺជានារីជំទង់ម្នាក់ នាងពាក់អាវរងាពណ៌ស្វាយខ្ចី អាយុប្រហែលជាស្របាលៗនឹងខ្ញុំ។ តែដោយនាងតែងមុខ ផាត់ក្រេមម្សៅ ទើបមើលទៅឃើញធំជាងអាយុ   បន្តិច។ យុវនារីម្នាក់នោះស្អាតណាស់ នាងអង្គុយយកកាតាបធំមួយ ដាក់បាំងពីមុខជើង។ «ខ្ញុំចង់ធ្វើខ្លួនឲ្យស្អាត ដូចនាងខ្លាំងណាស់!» ខ្ញុំគិតដូច្នេះ នៅពេលអង្គុយចុះក្បែរនាង ។

«កាលពីព្រឹកមិញ ទូរទស្សន៍បានផ្យាយថា ថ្ងៃនេះជាថ្ងៃដែលរងាបំផុតជាងរាល់ៗឆ្នាំ ហើយអាចនឹងមានភ្លៀងទឹកកកធ្លាក់ទៀតផង ព្រោះប្រទេសយើងបានទទួល ឥទ្ធិពលខ្យល់ព្យុះពីប្រទេសជិតខាង។»

ខ្ញុំប្រើទូរស័ព្ទនៅក្នុងមនោគតិ និយាយរឿងនេះឲ្យចេតសិកស្តាប់។ ពេលនេះគេកំពុងជិះលើ  រថយន្តក្រុងសំដៅមកហើយ។ តាំងពីព្រឹករហូតមកដល់ថ្មើរនេះ គឺ៨ម៉ោងកន្លងមកហើយ ដែលគេអង្គុយលើរថយន្តក្រុង។… នៅពេលគិតទៅដល់ទិដ្ឋភាព ក្នុងពេលបន្តិចទៀត ដែលចេតសិកនឹងឈរនៅចំពោះមុខខ្ញុំ ទើបអត់ញញឹមម្នាក់ឯងមិនបាន។ ការសន្ទនារបស់យើង មិនចាំបាច់បញ្ចេញសំឡេងមកក្រៅទេ  ដូច្នេះ នារីរូបស្រស់ដែលអង្គុយក្បែរខ្ញុំ ប្រហែលជាគិតថាខ្ញុំកំពុងបណ្តែតអារម្មណ៍ សម្លឹងទៅក្រៅបង្អួចហើយ។ ខ្ញុំចូលចិត្តអង្គុយយកក្បាលផ្អែកនឹងកញ្ចក់បង្អួចណាស់។ នៅពេលនេះបង្អួចនីមួយៗ មានសភាពត្រជាក់ ហើយស្អាប់ដោយទឹកសន្សើម និងផ្សែងអ័ព្ទនាហេមន្តរដូវ។ នៅពេលខ្ញុំយកដៃទៅវាសជូតលើកញ្ចក់ក្នុងផ្នែកខ្លះ ខ្ញុំក៏អាចមើលឃើញទិដ្ឋភាពនៅខាងក្រៅ បានយ៉ាងពេញ     ភ្នែក។ ផ្ទៃមេឃទាំងមូលពោរពេញទៅដោយពពកភ្នំទឹក មីរដេរដាសអណ្តែតត្រសែតទាបៗ ហាក់ដូចជាសញ្ញាប្រាប់ឲ្យដឹងថា បន្តិចទៀតនឹងមានភ្លៀងធ្លាក់មិនខាន។ គ្មានពន្លឺព្រះអាទិត្យជះចេញពីគំនរដុំពពកទាំងនោះទេ គឺមានតែភាពខ្មៅស្រទុំ និងខ្យល់ត្រជាក់បក់វូៗ គ្របដណ្តប់ទីក្រុងទាំងមូល។

«តាមត្រូវ ខ្ញុំគួរតែទៅដល់ស្ថានីយ៍រថយន្តក្រុងហើយ តែដោយសារស្ទះចរាចរណ៍ខ្លាំងពេក ទើបខ្ញុំត្រូវមកជាប់គាំងនៅកណ្តាលថ្នល់បែបនេះ។ ចង់ទៅមុខក៏មិនរួច ចង់ថយក្រោយក៏មិនកើត គឺមានតែអង្គុយរង់ចាំប៉ុណ្ណោះ។ ចុះខាងចេតសិកវិញយ៉ាងម៉េចហើយ អាចមកដល់យឺតឬទេ?»

«ខាងខ្ញុំដូចជាគ្មានបញ្ហារឿងស្ទះរថយន្តទេ  ហើយក៏គ្មានភ្លើងស្តុបរញ៉េរញ៉ៃដែរ។ បញ្ហាតែមួយគឺផ្លូវពិបាកហ៎ាស!… ហ៎ា… ជិះឡើងចង់គ្រេចចង្កេះអស់ហើយ! សង្ស័យតែពេលទៅដល់ ត្រូវឲ្យចិន្តនាជួយគ្រាហើយ! ហ៎ាស… ហ៎ាស… ហ៎ា!!!»

ខ្ញុំអស់សំណើចឃឹកៗ លាន់ចេញមកក្រៅខ្សែចិត្ត នៅពេលឮសម្តីនេះ។ អ្នកជិះនៅលើឡានទាំងអស់ ងាកមកមើលខ្ញុំលាន់៖

«ម៉េចក៏ដល់ថ្នាក់ហ្នឹងម្ល៉េះ?!!! មិនអីទេ ខ្ញុំសុខចិត្តដើរតួធ្វើយាយជួយគ្រាតាចុះ!!! ហ៎ាស… ហ៎ា!!! ចុះពេលណា ចេតសិកមកដល់?»

«ប្រហែលជាពីរម៉ោងទៀត ខ្ញុំនឹងទៅដល់ស្ថានីយ៍រថយន្តក្រុង។ បើមើលតាមនាឡិកាខ្ញុំ ពេលនេះម៉ោង [2:30] ហើយ បើដូច្នោះប្រហែលជាទៅដល់ស្ថានីយ៍ នៅម៉ោង [4:30]។ ពេលវេលារបស់យើងទាំងពីរ ដើរខុសគ្នាមួយម៉ោង មែនទេ? បើអ៊ីចឹងពេលនេះនៅខាង ចិន្តនា ប្រាកដជាម៉ោង        [3:30] ។ ប្រហែលជាមួយម៉ោងទៀត ខ្ញុំនឹងទៅបង្ហាញខ្លួននៅឯស្ថានីយ៍ធំ ក្នុងពិភពរបស់ ចិន្តនា មិនខាន។

«ប៉ុន្តែមិនដឹងថា ពេលនោះរថយន្តដែលខ្ញុំជិះ នឹងទៅដល់ ឬអត់ផងហ្នឹង?»

«ខ្ញុំនឹងទៅចាំទទួល នៅចំណតដែល ចិន្តនាចុះតែម្តង!»

«ច៎ា! រថយន្តខ្ញុំនឹងទៅឈប់ នៅខាងមុខស្ថានីយ៍រថយន្តក្រុង! បើរកមិនឃើញ ចេតសិកអាចសាកសួរអ្នកដទៃបានណ៎ា!»

រថយន្តក្រុង រំកិលខ្លួនទៅមុខសន្សឹមៗ។ ពេលមើលតាមបង្អួចចុះមកក្រោម ខ្ញុំឃើញមានរថយន្តតូចៗ វារមកគើមៗ កំពុងបង្ហុយផ្សែងពុលពណ៌សប្រផេះ ឲ្យភាយខ្មួលខ្មាញ់យ៉ាងអាប់អួរពេញបរិវេណនោះ។

«អឺ… តើយើងជួបគ្នាយ៉ាងម៉េចទៅ បើយើងមិនដែលស្គាល់មុខគ្នាផង?»

នៅសុខៗ ចេតសិកក៏លើកបញ្ហានេះនិយាយចេញមក ហើយខ្ញុំក៏កំពុងគិតបែបនេះដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ទូរស័ព្ទនៅក្នុងមនោគតិរបស់យើង ប្រាកដជាអាចទាក់ទងគ្នាបានយ៉ាង      ស្រួល។ ដូច្នេះហើយទើបខ្ញុំគិតថា យើងនឹងអាចរកគ្នាឃើញដោយមិនពិបាក។

«ស្លាប់ហើយ! មិនឃើញមានអីពិបាកផង… ចេតសិកអាចសាកសួរនារី ដែលស្អាតបំផុតនៅក្នុងស្ថានីយ៍លមើល៍ នារីនោះហើយគឺជារូបខ្ញុំ!!!»

«បើឲ្យតែបែបនេះ សង្ស័យខ្ញុំ មិនបានជួបចិន្តនារហូតហើយ!!!??»

ខ្ញុំក្លែងធ្វើជាមិនខ្វាយខ្វល់ ចំពោះរឿងដែលចេតសិក នឹងបានឃើញមុខមាត់ពិតរបស់ខ្ញុំ។ តែធាតុពិតខ្ញុំតែងតែនឹកបារម្ភជានិច្ច ទើបតែចុងក្រោយនេះទេ ដែលខ្ញុំប្តេជ្ញាចិត្តបានថា យើងត្រូវតែជួបមុខនិយាយគ្នាឲ្យខាងតែបាន។

នៅទីបំផុត រថយន្តក្រុងដែលខ្ញុំជិះ ក៏ចេញផុតពីការកកស្ទះ ហើយចាប់ផ្តើមបង្កើនល្បឿន បើកចេញទៅយ៉ាងលឿន ហាក់ដូចជាកំពុងទូរទាត់ពេលវេលា ដែលបានបាត់បង់ក្នុងខណៈដែលវារគើមៗ យ៉ាងយឺតយូរនោះ។ ទិដ្ឋភាពផ្សេងៗនៅខាងក្រៅបង្អួច នាំគ្នារត់ប្រញាយទៅក្រោយបាត់អស់។ រថយន្តតូចៗដែលនៅវារសន្សឹមៗទន្ទឹមគ្នាមុននេះ ក៏ចាប់ផ្តើមគ្រញែងខ្លួន បោះពួយទៅមុខរហូតបាត់ស្រមោល… សង្ស័យបែបមានអ្នករង់ចាំ នៅស្ថានីយ៍រថយន្តក្រុងហើយ ទើបអ្នកបើកបង្កើនល្បឿន មួយរយៗបែបនេះ។

តាមពេលវេលាដែលចេតសិកប្រាប់ រថយន្តដែលគេជិះនឹងមកដល់នៅម៉ោង[4:30] តែសម្រាប់ខ្ញុំប្រហែលមិនអាច ទៅដល់មុនម៉ោងនេះបានទេ ទើបខ្ញុំទូរស័ព្ទតាមខ្សែចិត្ត ទៅប្រាប់ចេតសិក ឲ្យបានដឹងជាមុន។

ម៉ោង [4:30] រថយន្តក្រុងដែលចេតសិកជិះមក ប្រាកដជាមកដល់ស្ថានីយ៍យ៉ាងរៀបរយ។ ខ្ញុំអង្គុយកាន់បន្តោងសោដូរេម៉ុន ដែលចងភ្ជាប់នឹងកាតាបលេងចុះឡើង ហើយនឹកគិតទៅដល់រឿងរបស់យើងទាំងពីរនាក់។ រឿងរ៉ាវផ្សេងៗដែលខ្ញុំ និងចេតសិកធ្លាប់និយាយគ្នា ភាគច្រើនជារឿងសប្បាយៗទាំងអស់ រហូតធ្វើឲ្យខ្ញុំមិនអាចលាក់ទុកស្នាមញញឹម មិនឲ្យលេចឡើងនៅលើផ្ទៃមុខបាន។ តែមិនដឹងថាហេតុអ្វី ក្រោយពីនោះខ្ញុំបែរជាគិតដល់រឿងរ៉ាវ ក្នុងអតីតដ៏សែនឈឺចាប់ ទាំងក្នុងពេលរៀននៅបឋមសិក្សា និងនៅអនុវិទ្យាល័យទៅវិញ។

នៅពេលយកក្បាលផ្អែកនឹងកញ្ចក់រថយន្ត ដ៏សែនត្រជាក់ហើយសម្លឹងមើលទៅខាងក្រៅ ទើបខ្ញុំដឹងថា រថយន្តបានបើកមកដល់ខាងមុខ ស្ថានីយ៍រថយន្តក្រុងហើយ។ ទ្រនិចនាឡិកាចង្អុលម៉ោង   [4:45] ចេតសិកប្រហែលកំពុងចុះពីលើរថយន្ត ឬបើមិនដូច្នោះក៏កំពុងដើរចេញពីស្ថានីយ៍រថយន្តក្រុង ហើយសំដៅឆ្ពោះមកកាន់ចំណតឡានដែលខ្ញុំត្រូវចុះ។

អ្នកបើករថយន្តជាន់ហ្វ្រាំងងក់ ធ្វើឲ្យតួរថយន្តទាំងមូលញ័ររញ្ជួយ ដូចគេចាប់គ្រញែង។ ក្បាលរបស់ខ្ញុំបោកទង្គិចនឹងកញ្ចក់បង្អួចលាន់សូរប៉ាំង!!! ឈឺស្ទើរសន្លប់។ នៅពេលអ្នកបញ្ជារថយន្តប្រកាសថា ឡានបានមកដល់គោលដៅហើយ អ្នកធ្វើដំណើរទាំងអស់ ក៏នាំគ្នាក្រោកស្រឡើង។ ខ្ញុំតាំងចិត្តថា នឹងរង់ចាំចុះក្រោយគេ ទើបនៅអង្គុយបន្តទៀត។ អ្នកធ្វើដំណើររំកិលខ្លួនសន្សឹមៗបន្តគ្នា សំដៅទៅត្រង់ទ្វាររថយន្តដែលចំហ។ នៅទីបំផុត សំឡេងអ៊ូអែរបស់មនុស្សម្នា ក៏ស្ងប់ស្ងាត់បន្តិចម្តងៗ។ នៅក្នុងរថយន្តមើលទៅហាក់ដូចជាធំទូលាយជាងមុន។ នារីដែលពាក់អាវរងារពណ៌ស្វាយខ្ចី អង្គុយជិតខ្ញុំ ក៏ក្រោកឈរឡើង ហើយដើរសំដៅទៅទ្វាររថយន្ត ជាមួយកាតាបយួរធំមួយ។

«រថយន្តក្រុងដែលខ្ញុំជិះមក បានមកដល់ខាងមុខស្ថានីយ៍ហើយ ខ្ញុំកំពុងរៀបនឹងចុះពីលើ    រថយន្ត។» ខ្ញុំប្រាប់ដំណឹងដល់ចេតសិក តាមទូរស័ព្ទក្នុងមនោគតិ។

«ខ្ញុំយល់ហើយ! ប្រសិនបើពេលនេះ មិនឃើញខ្ញុំឈរចាំនៅត្រង់ចំណតទេ សុំជួយប្រើទូរស័ព្ទនិម្មិតប្រាប់ផ្លូវដែលចិន្តនាកំពុងនៅផង។ តាមម៉ោងនៅខាងខ្ញុំពេលនេះ គឺប្រហែលមួយម៉ោងទៀត ខ្ញុំនឹងទៅដល់ទីនោះហើយ។»

នៅពេលអ្នកដំណើរបានចុះអស់ហើយ ខ្ញុំក៏ចាប់ផ្តើមក្រោកឈរឡើង ហើយលូកយកកាបូបប្រាក់ចេញមក ដើរសំដៅទៅទ្វារចេញរួចហុចលុយឲ្យអ្នកបើកបរ។ ពេលអើតក្បាលចុះតាមជណ្តើរ       រថយន្តចេញមក ខ្យល់ដ៏ត្រជាក់បានផាត់មួយវឹបមកប៉ះផ្ទៃមុខរបស់ខ្ញុំ រហូតធ្វើឲ្យខ្លួនប្រាណខ្ញុំ ចាប់       ផ្តើមព្រឺរងាពេញខ្លួន។ «ចេតសិកមកឈរចាំខ្ញុំ នៅចំណតនេះឬទេហ្ន៎?» ខ្ញុំគិតនៅក្នុងចិត្ត។ ពេលមើលម៉ោង ឃើញថាម៉ោង [4:50] គឺជាពេលដែលចេតសិកអាចកំពុងនៅក្នុងស្ថានីយ៍ ឬបើមិនដូច្នោះក៏កំពុងឈរចាំខ្ញុំ នៅទីចំណតនេះដែរ។ ខ្ញុំគិតថាគេកំពុងនៅក្នុងបរិវេណស្ថានីយ៍ច្រើនជាង។

ខ្ញុំចុះពីលើរថយន្ត ដើរចេញមកតាមផ្លូវថ្មើរជើង។ ភ្លាមៗនោះ ខ្ញុំក៏បានឮសំឡេងសង្គ្រឺតស្រែកលាន់ចេញពីកន្លែងណាមួយ។ ទោះបីជាបានឮថា ជាសំឡេងស្រែកសង្គ្រឺត តែក៏ប្រាប់មិនត្រូវថាជាសំឡេងមនុស្សប្រុស ឬស្រី។ មិនដល់មួយវិនាទីបន្ទាប់ផង ខ្ញុំក៏ដឹងថា វាមិនមែនជាសំឡេងសង្គ្រឺតស្រែករបស់មនុស្សទេ តែជាសំឡេងរបស់កង់រថយន្ត ដែលឆ្កូតកកិតនឹងថ្នល់កៅស៊ូ ព្រោះរថយន្តនោះជាន់ហ្វ្រាំងទាន់ហន់ពេក។

នៅពេលងាកត្រឡប់ក្រោយមើលទៅថ្នល់ ដែលអម្បាញ់មិញនេះមិនឃើញមានអ្វីសោះ ស្រាប់តែមានលេចតួរថយន្តពណ៌ខ្មៅ ដ៏ធំមហិមាកំពុងមុជក្បាលបោះពួយ សំដៅមករកខ្ញុំយ៉ាងលឿន។ ខ្ញុំមើលឃើញរូបភាពដែលវាកំពុងស្ទុះតម្រង់មក បានយ៉ាងច្បាស់គ្រប់ខណៈទាំងអស់ មិនខុសពីរូបភាពដែលស្កុបយឺតៗនៅក្នុងខ្សែភាពយន្តឡើយ។ ខ្ញុំប្រទាក់ខ្សែភ្នែកនឹងអ្នកបើករថយន្តដែលកំពុងបើកភ្នែកស្លឺធំៗដោយក្តីស្លន់ស្លោ។ ទោះបីជាដឹងថា ដៃដ៏រៀវតូចរបស់ខ្ញុំ គ្មានផ្លូវនឹងបញ្ឈប់រថយន្តយក្សនេះបាន ក៏ខ្ញុំនៅតែតាំងចិត្តថា នឹងលើកដៃរាំងវាដើម្បីការពារខ្លួន។

ប៉ុន្តែរំពេចនោះស្រាប់តែមាននរណាមិនដឹង លោតចូលមកហើយច្រានខ្ញុំចេញ ទៅជ្រុងម្ខាង រហូតធ្វើឲ្យខ្ញុំខ្ទាតដួលទៅលើចិញ្ចើមថ្នល់។ ភ្លាមនោះដែរ ក៏មានសំឡេងលាន់ខ្ទរកក្រើកដី ឮឡើងដូចគ្រាប់បែកផ្ទុះ។ ដុំលោហៈបាក់បែកខ្ទេចខ្ទី បានជ្រុះធ្លាក់មកខាងក្រោយខ្នងខ្ញុំ។ កញ្ចក់រថយន្តបែកខ្ចាត់ខ្ចាយធ្លាក់រាយពាសពេញដី។ ផ្ទៃថ្នល់ទាំងមូល ពេញទៅដោយកំទេចកញ្ចក់ ដែលធ្លាក់បាចសាចចុះមក ឯកំទេចខ្លះក៏បានធ្លាក់មកលើខ្លួនខ្ញុំ។ ខ្ញុំភាំងស្មារតីវង្វេងវង្វាន់នឹងហេតុការណ៍ ដែលបានកើតឡើង យ៉ាងទាន់ហន់បំផុតនេះ។ ក្រោយពីពិនិត្យឃើញថានឹងគ្មាន កំទេចអ្វីធ្លាក់មកពីលើទៀត ខ្ញុំក៏ក្រោកសន្សឹមៗងើបឡើង។ នៅពេលងើបមុខឡើងបានស្រួលបួលហើយ ខ្ញុំក៏បានឃើញទិដ្ឋភាពនៃឧប្បត្តិហេតុយ៉ាងច្បាស់នឹងភ្នែក។ រថយន្តមួយគ្រឿងនោះបានរេចង្កូតឆ្លងផ្លូវថ្មើរជើង ហើយជ្រុលទៅបុករបងអគារ រហូតកប់ក្បាលស្រុញជាប់យ៉ាងជ្រៅក្នុងរបង។ នៅក្បែរៗនោះ មានបុរសម្នាក់ដួលផ្កាប់មុខដេកស្ងៀមឈឹងឥតកម្រើក… គឺពិតជាអ្នកដែលស្ទុះចូលមករុញខ្ញុំ ឲ្យគេចចេញពីគ្រោះថ្នាក់អម្បាញ់មិញនេះហើយ។ បើមិនបានគេ ខ្លួនប្រាណខ្ញុំ ពិតជាត្រូវកៀបជាប់នៅចន្លោះរថយន្ត និងរបងអគារជាមិនខាន។

មនុស្សម្នាចាប់ផ្តើមឈូឆរចូលមកចោមរោមមើល។ នៅក្នុងនោះក៏មាននារីរូបស្អាតដែលអង្គុយនៅលើរថយន្តក្បែរខ្ញុំ ចូលមកមើលដែរ។ ខ្ញុំចាប់ផ្តើមទប់ខ្លួន ខំងើបឈរឡើង។ នៅលើខ្លួនប្រាណខ្ញុំគ្មានរបួសធ្ងន់ធ្ងរទេ គឺមានតែស្នាមដាច់រលាត់តូចៗត្រង់ដៃស្តាំ ដែលបណ្តាលមកពី យកដៃច្រត់ទប់ថ្នល់ ខណៈដែលខ្ញុំរលំដួលប៉ុណ្ណោះ។ ចំណែកដៃខាងឆ្វេង នៅកាន់កាតាបជាប់យ៉ាងណែនដូចដើម ទោះបីជាពេលនេះ ចង្កោមបន្តោងសោដូរេម៉ុន ដែលព្យួរជាប់ជាមួយនោះ បានដាច់ជ្រុះរាយអស់ទៅហើយក្តី។

បុរសចិត្តបុណ្យ ដែលលោតចូលមករងគ្រោះជំនួសខ្ញុំនៅដេកនឹងថ្កល់ដដែល។ គេកំពុងសម្លឹងមករកខ្ញុំ។ ខ្សែភ្នែកនោះតាមគន់មើលគ្រប់ចលនារបស់ខ្ញុំ។ មានតែមាត់គេប៉ុណ្ណោះ ដែលឃើញកម្រើកបាន ហើយហាក់ដូចជាកំពុងនិយាយអ្វីក៏មិនដឹង។ ឈាមរបស់គេហូរជោកពេញផ្ទៃថ្នល់ឡើងក្រហមច្រាល។ ខ្ញុំដើរទៅមុខមិនសូវថ្នឹកនៅឡើយ តែក៏ព្យាយាមរំកិលខ្លួនសន្សឹមៗ ដើរសំដៅទៅជិតគេ។ ខ្ញុំទទួលអារម្មណ៍ហាក់ដូចជា តឹងណែនក្នុងទ្រូងយ៉ាងខ្លាំង ស្ទើរតែដកដង្ហើមមិនចេញ ហើយក៏មិនអាចនិយាយអ្វីបានទាំងអស់។ ខ្ញុំភ្លេចការភ័យខ្លាចអស់មួយរយៈ ហើយនាំខ្លួនដើរទទីមទទាម ដូចមនុស្សយន្តសំដៅទៅរកគេ ដោយបង្អូសដង្ហើមវែងៗបណ្តើរ។

នៅពេលខ្ញុំលុតជង្គង់ចុះក្បែរខ្លួនប្រាណគេ ខ្ញុំក៏មើលឃើញថា បុរសម្នាក់នោះកំពុងដេកដកដង្ហើមដង្ហក់ដាច់ៗស្ទើរមិនដល់គ្នា។ ប៉ុន្តែនៅលើផ្ទៃមុខរបស់គេ បែរជាពេញប្រៀបទៅ ដោយស្នាម    ញញឹមយ៉ាងចម្លែក។ តាមការពិនិត្យមើលនោះ គេប្រហែលជាមានអាយុស្របាលៗនឹងខ្ញុំ ឬបើមិនដូច្នោះក៏ច្រើនជាងខ្ញុំបន្តិចបន្តួចប៉ុណ្ណោះ។ គេបញ្ចេញកាយវិការ ហាក់ដូចជាកំពុងរួបរួមប្រមូលអស់     កំលាំងកាយចិត្តជាលើកចុងក្រោយ ហើយលើកដៃសន្សឹមៗ ឡើងមកអង្អែលថ្ពាល់ខ្ញុំ។ ផ្ទៃមុខរបស់គេសម្តែងភាពស្កប់ស្កល់ ហាក់ដូចជាមនុស្សដែលមានសេចក្តីសុខខ្លាំងណាស់។ នៅក្នុងវិនាទីនោះឯង ខ្ញុំក៏ដឹងថា គេជានរណា!

«ចិន្តនា… លេខសំងាត់របស់កូនហិបនោះគឺ [450] …»

ចេតសិក និយាយចប់ ក៏ក្អួតឈាមចេញមក ហើយបិទភ្នែកសន្លឹមទៅ។

***

សូមរង់ចាំវគ្គបន្ត!

Read Full Post »


«ទូរស័ព្ទឆ្លងភព» ធ្លាប់ផ្សាយម្តងហើយក្នុងចំណងជើងថា «ទូរស័ព្ទនិម្មិត»។ រឿងនេះជា Re-Write ពីខ្សែភាពយន្តជប៉ុនរឿង Calling You..

វគ្គ

ខ្ញុំភ័យជាប់ក្នុងចិត្ត។ រឿងបែបនេះគ្មានផ្លូវកើតមានដាច់ខាត! ពិតជាមានអ្វីខុសប្រក្រតីប្រាកដណាស់! ទោះបីជាពិភពលោកទាំងមូល មិនចាប់អារម្មណ៍នឹងខ្ញុំ ហើយបោះបង់ខ្ញុំចោលក៏ដោយ ក៏ឧបករណ៍ទាក់ទង ដែលស្ថិតនៅក្នុងក្បាលរបស់ខ្ញុំមួយគ្រឿងនេះ គ្មានថ្ងៃនឹងបោះបង់ខ្ញុំចោលដែរ។ ដោយច្បាស់នៅក្នុងចិត្តខ្លួនឯងបែបនេះ ខ្ញុំក៏ត្រឡប់ជាទទួលដឹងថា ទូរស័ព្ទពិតប្រាកដដែលគេគ្រប់គ្នាប្រើជាទូទៅនោះ កាន់តែឃ្លាតឆ្ងាយចេញពីដៃខ្ញុំ បន្តិចម្តងៗហើយ។ …គឺវាជាអ្នកដើរចេញដោយខ្លួនឯង…

ទោះបីជាភ័យខ្លាចដល់ថ្នាក់ណាក៏ដោយ ក៏ខ្ញុំមិនអាចយកទូរស័ព្ទសំណព្វចិត្តមួយនេះ ទៅគ្រវែងចោលនៅទីណាបានដែរ ហើយបើខ្ញុំបណ្តោយវាឲ្យរោទ៍បែបនេះរហូតដោយមិនចុចទទួល ក៏មិនបានដែរ។ ខ្ញុំទទួលអារម្មណ៍ដឹងថា ទូរស័ព្ទដៃដែលស្ថិតនៅក្នុងមនោគតិមួយនេះ បានក្លាយជារបស់មានរូបរាងពិតប្រាកដទៅហើយ វាមិនមែនជារបស់ដែលមានតែក្នុងអារម្មណ៍ទៀតទេ។ ក្រោយពីនៅស្ទាក់ស្ទើរមួយសន្ទុះមក ខ្ញុំក៏សម្រេចចិត្តយកដៃនៅក្នុងមនោគតិ ចាប់យកទូរស័ព្ទមនោមយិទ្ធិមកចុចទទួល។ សំឡេងភ្លេងដែលរោទ៍ឥតដាច់សូរមុននេះបន្តិច ក៏ឈប់ឮទៀត។ ចិត្តខ្ញុំនៅតែរារែកដដែល… តែទោះជាយ៉ាងណាក៏ខ្ញុំតាំងចិត្តមិនឲ្យញាប់ញ័រ ហើយសាកល្បងនិយាយជាមួយទូរស័ព្ទតាមបណ្តាញខ្សែចិត្ត។

«អឺ… អាឡូ!»

«អឺ!… គឺថា…» មានសំឡេងមនុស្សប្រុសតបមក។ គឺជាសំឡេងចេញមកពីចុងខ្សែម្ខាងទៀត របស់ប្រព័ន្ធទូរស័ព្ទចម្លែកនេះ។

«ហ៊ឺយ! ពិតជាភ្ជាប់ទូរស័ព្ទចូលបានមែន!»

គេស្រែកភ្លាត់សំឡេងដោយក្តីភ្ញាក់ផ្អើល ថាទូរស័ព្ទរបស់គេ អាចភ្ជាប់ការទាក់ទងបានមែន។ ដោយឡែក ខ្ញុំមិនបានទទួលអារម្មណ៍បែបនោះទេ។ ខ្ញុំកាន់តែនឹកភ័យខ្លាំងឡើងៗ ក៏ប្រញាប់ចុចទូរស័ព្ទបិទទៅវិញ។ តិចលោមាននរណាក្លែងធ្វើទេដឹង?… ខ្ញុំសម្លឹងមើលទៅអ្នកជិះជុំវិញខ្លួន មិនឃើញថាមាននរណាសមជាម្ចាស់សំឡេង របស់បុរសអម្បាញ់មិញសោះ។ បើពិនិត្យមើលឲ្យមែនទែនឃើញថា គ្មានអ្នកដំណើរណាម្នាក់ បានឮសំឡេងទូរស័ព្ទដ៏ចម្លែកនេះទេ។ គ្រប់គ្នានៅតែអង្គុយស្ងៀមស្ងាត់ហើយរេខ្លួនចុះឡើងទៅតាមកម្លាំងញ័ររបស់រថយន្តដូចដើម។ ខួរក្បាលរបស់ខ្ញុំពិតជាខុសប្រក្រតីយ៉ាងច្បាស់ក្រឡែត! ត្រចៀករបស់ខ្ញុំច្បាស់ជាមានបញ្ហាយ៉ាងប្រាកដ! ហេតុអ្វីគេគ្រប់គ្នាមិនឮសំឡេងទូរស័ព្ទនេះរោទ៍ ដូចដែលខ្ញុំបានឮ???

រវល់តែវិលវល់នឹងអារម្មណ៍រវើរវាយឆ្កួតៗនេះ រថយន្តក៏រត់មកដល់ចំណតដែលខ្ញុំត្រូវចុះ។ ខ្ញុំហុចលុយទៅឲ្យអ្នកបើកបរ ហើយឈានជើងត្រៀមចុះពីលើរថយន្តក្រុង។ អាកាសធាតុខាងក្រៅត្រជាក់ស្រឹប ព្រោះភ្លៀងទើបតែរាំងមិនទាន់ដាច់គ្រាប់ផង។ រំពេចនោះ ខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំង ស្ទើរតែភ្ញាក់របូតខ្លួនធ្លាក់ពីលើជណ្តើរឡាន ព្រោះសំឡេងទូរស័ព្ទនៅក្នុងក្បាលរបស់ខ្ញុំ ចាប់ផ្តើមរោទ៍ជាថ្មីម្តងទៀត។ ខ្ញុំមិនបានចុចទទួលវាភ្លាមៗទេ ព្រោះត្រូវការពេលវេលាធ្វើចិត្តឲ្យបានស្ងប់សិន។ ឡានក្រុងបើកចេញទៅផុត បន្សល់ទុកឲ្យខ្ញុំនៅខាងក្រោយ ក្រោមតំណក់ភ្លៀងរលឹមស្រិចៗ។ នៅពេលបានដកដង្ហើម ស្រូបយកអាកាសដ៏ត្រជាក់ចូលពេញក្នុងសួតហើយ ចិត្តដែលចង់ទទួលទូរស័ព្ទ ក៏ចាប់ផ្តើមសន្សឹមៗចូលខ្លួនមកក្នុងគំនិតខ្ញុំ។ ខ្ញុំប្រើដៃក្នុងមនោគតិ ចុចទទួលទូរស័ព្ទនៅក្នុងក្បាល៖

«អាឡូ!…»

«កុំប្រញាប់បិទទូរស័ព្ទ! សុំទោសផង ដែលសុខៗក៏ទូរស័ព្ទមកបែបនេះ។ អ្នកនាងប្រហែលជាភ្ញាក់ផ្អើលមិនខាន តែខ្ញុំមិនមែនទូរស័ព្ទមកដើម្បីរំខានទេ!»

សំឡេងមនុស្សប្រុសដែលនិយាយនេះ គឺជាសំឡេងតែមួយនឹងបុរសពីមុន។ ខ្ញុំនឹកផ្ទួនពាក្យគេនៅក្នុងចិត្ត «មិនមែនទូរស័ព្ទមកដើម្បីរំខាន…» ស្តាប់មើលទៅ ដូចជាចង់កំប្លែងបន្តិចអត់បន្តិចយ៉ាងម៉េចមិនដឹង។ តែខ្ញុំគិតថា ខ្ញុំត្រូវតែតបទៅគេវិញតាមឧបករណ៍ ដែលកំពុងធ្វើការនៅក្នុងក្បាល។ ប្រហែលមកពីហេតុការណ៍នេះចម្លែកពេកទេដឹង ឬបើមិនក៏បណ្តាលមកពីខ្ញុំមិនទម្លាប់និយាយជាមួយអ្នកដទៃ ទើបធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថា ភ័យញាប់ញ័រខុសធម្មតា។

«អឺ… មិនដឹងថាគួរនិយាយបែបណាល្អទេ… ព្រោះពេលនេះខ្ញុំកំពុងនិយាយទូរស័ព្ទដែលខ្លួនឯងប្រឌិតឡើង តាមអារម្មណ៍រវើរវាយប៉ុណ្ណោះ។»

«ខ្ញុំក៏ដូចគ្នា ខ្ញុំកំពុងប្រើទូរស័ព្ទ ដែលខ្លួនឯងស្រមៃឡើងមកដែរ។»

«ចុះលោក ស្គាល់លេខទូរស័ព្ទរបស់ខ្ញុំដោយរបៀបណា? ហេតុអ្វីក៏ពូកែដឹងម៉្លេះ! ខ្ញុំចាំបានថា លេខខ្ញុំគ្មាននៅក្នុងប្រព័ន្ធទូរស័ព្ទទេ។»

«ខ្ញុំចេះតែចុចទៅស្មានៗដែរទេ… នេះខ្ញុំចុចជាង១០ដងហើយមិនចូលសោះ ទើបសម្រេចចិត្តថា នឹងចុចមើលម្តងទៀតជាលើកចុងក្រោយ បើមិនចូលនឹងឈប់! តែចៃដន្យក៏ចុចចូលទូរស័ព្ទអ្នកនាងល្មម។»

«សុំទោសដែលខ្ញុំផ្តាច់ទូរស័ព្ទលោកចោល នៅពេលលោកចុចចូលមកកាលពីដំបូង។»

«បាទមិនអីទេ ព្រោះទូរស័ព្ទខ្ញុំក៏មានប្រព័ន្ធរក្សាទុកតំណដែលធ្លាប់ហៅចេញដែរ។»

ចេញពីចំណត ដែលរថយន្តក្រុងដាក់អ្នកដំណើរចុះ ទៅដល់ផ្ទះរបស់ខ្ញុំ មានរយៈចម្ងាយប្រមាណបីរយម៉ែត្រ។ តាមផ្លូវគ្មានមនុស្សធ្វើដំណើរសោះ ផ្ទៃមេឃគ្របដណ្តប់ដោយដុំពពកខ្មៅដេរដាស ដែលធ្វើឲ្យលំហទាំងមូលស្ថិតនៅក្នុងសភាពងងឹតស្លុប។ ផ្ទះនីមួយៗ ដែលតម្រៀបគ្នាអមសងខាងផ្លូវ ក៏គ្មានពន្លឺភ្លើងអំពូលចាំងជះមកក្រៅដែរ។ បង្អួចនីមួយៗបិទជិតទាំងអស់ គឺហាក់ដូចជាផ្ទះដែលគ្មានមនុស្សរស់នៅ។ បើគេមើលពីចម្ងាយ មែកឈើងាប់ស្ងួតៗដែលត្រូវខ្យល់បក់ឲ្យរេរាំទៅមក ប្រៀបបាននឹងដៃមនុស្សដែលមានមាឌតូចស្គមរហូតមើលឃើញតែឆ្អឹង កំពុងបក់ដៃហៅនរណាម្នាក់។

ខ្ញុំយកកន្សែងបង់កមករុំមុខ ចាប់ពីចុងច្រមុះចុះមកក្រោម ហើយដើរចេញយឺតៗព្រមទាំងគិតស្មឹងស្មាធិ៍បណ្តើរ ទៅនឹងសំឡេងដែលនៅលាន់រងំ ក្នុងប្រអប់ក្បាលនៅឡើយ។ បុរសនោះឈ្មោះចេតសិក។ រៀងរាល់ថ្ងៃ គេតែងបញ្ជាខ្សែចិត្តនឹកគិតទៅដល់ទូរស័ព្ទដៃ ដែលគេប្រាថ្នាចង់បាន ដូចដែលខ្ញុំធ្លាប់ធ្វើជារឿយៗដែរ។ គេពន្យល់ប្រាប់ខ្ញុំថា ខ្លួនគេផ្ទាល់ក៏ទទួលអារម្មណ៍ថា ទូរស័ព្ទដែលគេនិម្មិតឃើញនោះ កំពុងចាប់ផ្តើមមានរូបរាងពិតប្រាកដហើយ។ ហេតុដូច្នេះ ទើបមុននេះ គេក៏សាកល្បងប្រើទូរស័ព្ទនោះហៅចេញសាកមើល ហើយក៏បានភ្ជាប់ខ្សែទំនាក់ទំនងជាមួយខ្ញុំ។

«មិនគួរឲ្យជឿសោះ…» ខ្ញុំរអ៊ូតិចៗចេញមក។ ក្រៅពីរូបខ្ញុំ ក៏នៅមានគេផ្សេងទៀតដែលរីករាយ នឹងការប្រើមនោគតិ ស្រមើស្រមៃទៅរកទូរស័ព្ទដែលខ្លួនប្រាថ្នាចង់បានដែរ។

ពេលដើរមកដល់មុខផ្ទះ ខ្ញុំក៏លូកយកកូនសោដែលព្យួរជាប់នឹងកាតាបមកចាក់ទ្វារ។

«អឺ… សុំទោសផង! នៅពេលកើតមានរឿងចម្លែកបែបនេះ ខ្ញុំចង់សាកល្បងពិនិត្យមើលហេតុការណ៍ទាំងឡាយឡើងវិញឲ្យបានច្បាស់បន្តិច ដូច្នេះ តើខ្ញុំសុំនិយាយប៉ុណ្ណឹងសិនបានទេ?»

«បាទមិនអីទេ! ខ្ញុំក៏កំពុងមានមន្ទិលចំពោះរឿងនេះដែរ ហើយខ្ញុំនឹងពិនិត្យមើលសាជាថ្មី ថាតើរឿងនេះកើតឡើងយ៉ាងដូចម្តេច?»

ប្រសិនបើឲ្យខ្ញុំនិយាយតាមការពិត  ខ្ញុំប្រាប់តែម្តងចុះថា នៅពេលបាននិយាយគ្នាជាមួយចេតសិក អារម្មណ៍ដែលធ្លាប់តែកណ្តោចកណ្តែងពីមុន ក៏ប្រែជាទទួលបានភាពកក់ក្តៅមួយរំពេច តែក៏ធ្វើឲ្យខ្ញុំស្មុគស្មាញព្រមៗគ្នាដែរ។

ខ្ញុំដាក់ទូរស័ព្ទនៅក្នុងមនោរម្មណ៍ចុះ ហើយដើរចូលផ្ទះ។ ផ្ទះដែលបិទទ្វារចោលគ្មានមនុស្សនៅ ស្ងាត់ឲ្យជ្រងំ។ ពេលបើកទ្វារចូលទៅ ខ្ញុំមានអារម្មណ៍ថា ភាពងងឹតកំពុងហាមាត់រង់ចាំខ្ញុំ ទោះបីរៀងរាល់ថ្ងៃ ខ្ញុំមិនដែលយកចិត្តទុកដាក់ នឹងរឿងអស់នេះក៏ដោយ។ តែមិនដឹងថាហេតុអ្វីថ្ងៃនេះ ខ្ញុំបែរជាទទួលអារម្មណ៍ថា ផ្ទះដែលមានតែខ្ញុំនៅម្នាក់ឯង គួរឲ្យភ័យខ្លាចយ៉ាងនេះ? ភាពឯកោកណ្តោច       កណ្តែង បានលេចចេញជារូបរាងមួយរំពេច រហូតធ្វើឲ្យខ្ញុំត្រូវប្រញាប់បើកភ្លើងនៅក្នុងបន្ទប់ទទួលភ្ញៀវ និងបន្ទប់ផ្ទះបាយភ្លាមៗដែរ។

ខ្ញុំរៀបចំឆុងកាហ្វេក្តៅៗដាក់កែវ ហើយក៏ចូលទៅក្រេបរសកាហ្វេឧណ្ហៗ នៅក្នុងបន្ទប់ទទួលភ្ញៀវ។ ថ្វីបើខ្ញុំបានបើកទូរទស្សន៍មើលបណ្តើរក៏ដោយ ក៏ក្រសែភ្នែករបស់ខ្ញុំមិនបានចាប់អារម្មណ៍មើលដែរ។ ខ្ញុំនៅស្ងាត់ស្ងៀមគិតទៅដល់រឿងបុរសឈ្មោះចេតសិកអស់មួយសន្ទុះធំ។ គេប្រហែលជាគ្មានរូបរាងពិតប្រាកដទេ គឺអាចជាមនុស្សដែលខ្ញុំស្រមើស្រមៃឡើងបែបតែមួយនឹងទូរស័ព្ទក៏ថាបាន។ សេចក្តីត្រូវការខាងផ្លូវចិត្ត អាចនឹងសាងតួល្ខោនឡើងមក ដើម្បីតបស្នងសេចក្តីត្រូវការរបស់ខ្ញុំ ដែលចង់មាននរណាម្នាក់មកជជែកលេងដោយខ្ញុំមិនបានដឹងខ្លួន។ គួរតែអាចទៅរួចច្រើនជាង បើថាខ្ញុំចេះប្រើខ្សែចិត្តទាក់ទងជាមួយអ្នកទៃបាន។ តែនេះមិនមែនទេ! ខ្ញុំពិតជាឆ្កួតមែនទែនហើយ! ឆ្កួតដល់ថ្នាក់ទៅបង្កើតតួល្ខោនឡើងមកម្នាក់ទៀត ដើម្បីបានគ្នាជាមិត្តមកជជែកគ្នាលេង កុំឲ្យខ្លួនឯងនៅកណ្តោច     កណ្តែងពេក។ តែវាក៏ធ្វើឲ្យខ្ញុំដឹងថា ធាតុពិតគឺខ្ញុំត្រូវការឲ្យគ្រប់គ្នា្ព្រមទទួលយករូបខ្ញុំ ចូលទៅក្នុងចំណោមពួកគេដែរ  ហើយក៏កាន់តែច្បាស់ទៀត គឺខ្ញុំត្រូវការជជែកនិយាយលេងជាមួយអ្នកដទៃខ្លាំងកម្រិតណា…។ ទោះបីជាពេលនៅក្នុងថ្នាក់រៀន ខ្ញុំក្លែងធ្វើជាព្រងើយកន្តើយ មិនចាប់អារម្មណ៍នឹងការគ្មាននរណាមកជជែកជាមួយក៏ដោយ ក៏នៅក្នុងជម្រៅចិត្តដ៏សែនជ្រៅរបស់ខ្ញុំ កំពុងពុះពោរហើយចង់យំស្រែកមកក្រៅខ្លាំងៗ ព្រោះខ្ញុំមិនចង់ឲ្យគេបោះបង់រូបខ្ញុំចោល ឲ្យនៅឯកោតែម្នាក់ឯងទេ។ ការដែលខ្ញុំគ្មានមិត្តភក្តិនិយាយលេងសូម្បីតែម្នាក់ គឺជារឿងគាបសង្កត់ផ្លូវចិត្តមួយ ដែលធ្វើឲ្យខ្ញុំផ្តាច់ខ្លួនចេញពីលោកខាងក្រៅ  ហើយស្វែងរកលោកថ្មីមួយទៀតតាមបែបមនោនិយម ដែលខ្ញុំអាចស្វែងរកបានដោយការស្រមើស្រមៃ តាមមនោគតិដោយខ្លួនឯង។

ខ្ញុំសង្ស័យខ្លាំងណាស់! ខ្ញុំត្រូវតែពិសោធន៍ឲ្យបានថា ទូរស័ព្ទនៅក្នុងចិត្តវិញ្ញាណរបស់ខ្ញុំនេះជាអ្វីឲ្យពិតប្រាកដ។ ម្តងនេះខ្ញុំត្រូវតែជាអ្នកហៅទូរស័ព្ទទៅគេវិញម្តង។ ប៉ុន្តែ… ខ្ញុំមិនបានស្គាល់លេខទូរស័ព្ទ របស់ចេតសិកទេ។ ចប់បាត់! គេម្នាក់នេះក៏មិនបានបង្ហាញ លេខរបស់ខ្លួន ឲ្យខ្ញុំឃើញដែរនៅពេលគេទូរស័ព្ទមក។ បើដូច្នេះ ខ្ញុំត្រូវតែរង់ចាំឲ្យគេជាអ្នកហៅទូរស័ព្ទមកខ្ញុំម្តងទៀត ទើបអាចនិយាយគ្នាជាថ្មី។ នៅពេលរឿងរ៉ាវប្រែក្រឡាស់ទៅជាដូច្នេះ ខ្ញុំក៏សាកល្បងចុចទៅលេខ ៨៥៥ ដើម្បីពិសោធន៍ថា នឹងមានសំឡេងប្រាប់ពីព្យាករណ៍អាកាសធាតុ ប្រចាំថ្ងៃឬទេ។ ខ្ញុំផ្ទៀងត្រចៀកស្តាប់ទូរស័ព្ទដែលខ្លួនឯងនិម្មិតឡើងមក ហើយរង់ចាំស្តាប់ដោយចិត្តអន្ទះអន្ទែង។ ភ្លាមនោះស្រាប់តែមានសំឡេងទន់ភ្លន់ យ៉ាងពិរោះរបស់នារីម្នាក់ និយាយឡើងថា៖

«សូមអភ័យទោស លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅ នៅពុំទាន់បើកឲ្យប្រើប្រាស់ជាផ្លូវការទេ…»

ខ្ញុំបន្តចុចទៅលេខ ៧៧៧ ដើម្បីស្តាប់អត្រាប្តូរប្រាក់ប្រចាំថ្ងៃ តែលទ្ធផលគឺដូចដើម។ បន្ទាប់មក ខ្ញុំក៏សាកល្បង ទូរស័ព្ទទៅលេខរបស់ស្ថានីយ៍ផ្សេងៗ ដែលមានពិតនៅក្នុងប្រទេស មិនថាជា     ស្ថានីយ៍របស់ភ្នាក់ងារប៉ូលីស ឬស្ថានីយ៍របស់ភ្នាក់ងារពន្លត់អគ្គិសភ័យទេ តែបែរជាទូរស័ព្ទមិនចូល    សូម្បីមួយកន្លែង។ បន្តមកទៀត ខ្ញុំក៏សាកល្បងចុចទៅលេខណាដែលខ្ញុំចូលចិត្ត គឺមានតែសំឡេងនារីនោះតបមកដដែលៗ ថា លេខទូរស័ព្ទនេះនៅមិនទាន់បើកឲ្យប្រើជាផ្លូវការទេ។ តែរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ គឺថា សំឡេងរបស់នារីដែលកំពុងនិយាយនេះ ជាសំឡេងរបស់នរណា???

ក្រោយពីទ្រាំស្តាប់សំឡេងរបស់នារីម្នាក់នោះ និយាយនូវសម្តីដដែលៗប្រមាណ១៥ដង ខ្ញុំក៏ចាប់ផ្តើមសម្រេចចិត្តថា នឹងសាកល្បងទូរស័ព្ទមើលមួយលេខទៀត ជាលើកចុងក្រោយ ប្រសិនបើមិនចូល នឹងឈប់ព្យាយាមហៅទូរស័ព្ទចេញទៀតហើយ។ ខ្ញុំចេះតែចុចលេខទៅស្មានៗតាមតែចិត្តនឹកឃើញ ហើយរង់ចាំស្តាប់សំឡេងទទួលដោយគ្មានសង្ឃឹមទុកសោះ។ តែភ្លាមនោះ ស្រាប់តែមានសំឡេងមួយឮឡើង ខុសប្លែកពីសំឡេងរបស់នារីលើកមុន។ គឺជាសំឡេងដែលប្រាប់ឲ្យដឹងថា ទូរស័ព្ទក្នុងមនោគតិរបស់ខ្ញុំកំពុងភ្ជាប់បណ្តាញទៅទូរស័ព្ទមួយខ្សែទៀត នៅទីណាមួយកន្លែងហើយ។ ទោះបីជាគ្មាននរណានៅក្បែរៗនោះក៏ដោយ ក៏ខ្ញុំនៅតែធ្វើកាយវិការឡឹបលៗ ព្រោះចង់លាក់បាំងមិនឲ្យនរណាដឹងថាខ្ញុំកំពុងធ្វើអ្វី។

«អាឡូ…»

នៅទីបំផុតក៏មានសំឡេងនារីម្នាក់ ឮឡើងចេញពីខ្សែទូរស័ព្ទម្ខាងទៀត។ ខ្ញុំវិលវល់រហូតធ្វើអ្វីក៏មិនត្រូវ មិនដឹងថាគួរនិយាយអ្វី ធ្វើដូចម្តេចល្អ? ខ្ញុំនៅតែគិតទៀតថា នាងអាចជាមនុស្សដែលខ្ញុំស្រមើស្រមៃឡើងមកម្នាក់ទៀតក៏ថាបាន។

«អឺ… សុំទោសណា ដែលសុខៗ ក៏ទូរស័ព្ទទៅបែបនេះ!»

«មិនអីទេ ពេលនេះខ្ញុំកំពុងទំនេរល្មម ចុះនាងឈ្មោះអ្វីដែរ!?»

នៅពេលឮនាងសួរឈ្មោះ ខ្ញុំក៏ប្រាប់ការពិតដល់នាង ហើយនាងឧទានតបមកវិញ៖

«ឈ្មោះចិន្តនាឬ… ចំណែកខ្ញុំឈ្មោះចេតនា ជានិស្សិតមហាវិទ្យាល័យ។ ស្តាប់ទៅនាង ដូចជានៅភ័យៗផ្អើលៗយ៉ាងម៉េចមិនដឹង ហាក់ដូចជាមិនទាន់ថ្នឹកនឹងការនិយាយទូរស័ព្ទ តាមរយៈខ្សែចិត្តសោះ!»

ខ្ញុំប្រាប់ចេតនាថា ពិតដូចពាក្យនាងនិយាយមែន ហើយក៏និយាយរឿងដែលបានទទួលទូរស័ព្ទពីបុរសឈ្មោះចេតសិក ដែលខ្លួនឯងក៏មិនបានស្គាល់គេពីមុនមកផងនោះ ឲ្យចេតនាស្តាប់។

«អ្នកដែលជួបនឹងរឿងបែបនេះ តែងតែបាត់ស្មារតីពីដំបូង អារម្មណ៍គេវិលវល់ និងងឿងឆ្ងល់ដោយអាការៈភ័យៗខ្លាចៗ។ នេះជារឿងធម្មតាទេ កុំយកទៅគិតច្រើនអី!»

ចេតនាប្រើទូរស័ព្ទនៅក្នុងមនោគតិ និយាយរឿងផ្ទាល់ខ្លួនប្រាប់ខ្ញុំជារឿយៗ។ នាងមានអាយុ២០ឆ្នាំ ពេលនេះបានចេញឆ្ងាយពីផ្ទះ មករស់នៅខាងក្រៅតែម្នាក់ឯង។ ចេតនានិយាយជាមួយខ្ញុំដោយសំឡេងកក់ក្តៅ ទន់ភ្លន់ និងស្ងប់ស្ងាត់ ធ្វើឲ្យខ្ញុំដែលកំពុងខ្វាយខ្វល់ចិត្តច្រើន បានរីករាយឡើងវិញខ្លះៗ ព្រោះហាក់ដូចជាបានទទួលចំហាយកក់ក្តៅពីរង្វង់ដៃនាងយ៉ាងម៉េចក៏មិនដឹង។

«ខ្ញុំក៏ធ្លាប់ដូច្នេះដែរពីមុនមក ដល់យូរៗទៅក៏ធ្វើចិត្តបានដោយខ្លួនឯង។ នាងប្រហែលជាកំពុងគិតថា ខ្ញុំនិងបុរសឈ្មោះចេតសិក ជាមនុស្សដែលនាងប្រឌិតឡើង ក្នុងមនោគតិមែនទេ?»

ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះត្រូវចេតនាមើលចិត្តធ្លុះ! នាងប្រាប់ថា វាជាគំនិតដែលគិតខុស ហើយក៏ប្រាប់ខ្ញុំពីរបៀបធ្វើពិសោធន៍ ដើម្បីឲ្យដឹងថា តើវាជារឿងពិត ឬមិនមែន។

«លើកក្រោយៗ បើចេតសិកទូរស័ព្ទមកទៀត ត្រូវសាកល្បងប្រើវិធីដែលខ្ញុំប្រាប់ពិសោធមើល… ចិន្តនានឹងដឹងថា គេមានរូបរាងពិត ឬគ្រាន់តែជាការប្រឌិត!»

«បើអ៊ីចឹង ការពិសោធន៍ មានតែវិធីដ៏ស្មុគស្មាញមួយនេះទេឬ?»

«អឺម… ការពិតមានវិធីងាយជាងនេះទៅទៀត តែខ្ញុំមិនប្រាប់ទេ ទុកឲ្យស្វែងរកដោយខ្លួនឯងចុះ!»

«គេប្រហែលជា មិនទូរស័ព្ទមកទៀតផង ក៏ថាបាន…»

«គេពិតជាទូរស័ព្ទមក ជឿចុះ!»

ចេតនានិយាយដោយក្តីជឿជាក់នៅក្នុងចិត្ត។ ក្រៅពីនេះ នាងបាននិយាយរឿងរ៉ាវផ្សេងៗ អំពីទូរស័ព្ទដែលមើលមិនឃើញនេះ ជាច្រើនរឿងដូចជា មិនថាយើងនិយាយសំឡេងខ្លាំងៗកម្រិតណា ឬនៅក្បែរៗយើងមានសំឡេងអ្វីលាន់ឮក៏ដោយ ក៏ទូរស័ព្ទនៅចុងខ្សែម្ខាងទៀត មិនអាចឮសំឡេងទាំងនោះដែរ។ ការនិយាយឆ្លើយឆ្លងតាមខ្សែចិត្ត ដោយសម្លឹងស្មឹងស្មាធិ៍ទៅទូរស័ព្ទនៅក្នុងក្បាល ឃើញថាជាវិធីតែមួយប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកទាំងសងខាង អាចទំនាក់ទំនងគ្នាបាន។ ទន្ទឹមនឹងនេះ ម្ចាស់ទូរស័ព្ទតែងតែមិនស្គាល់លេខរបស់ខ្លួនឯង ហើយលេខនេះទៀតសោតក៏គ្មាននៅក្នុងប្រព័ន្ធដែរ ទើបធ្វើឲ្យយើងមិនអាចទូរស័ព្ទ ទៅសាកសួរព័ត៌មានបន្ថែមបាន។ យើងអាចខលទៅរកអ្នកដទៃបាន ក៏ដោយសារតែភាពចៃដន្យប៉ុណ្ណោះ។ នេះជាការពិត ព្រោះខ្ញុំក៏មិនស្គាល់ លេខទូរស័ព្ទរបស់ខ្លួនឯងដូចគ្នា។

«ទូរស័ព្ទនឹងត្រូវដាក់ឲ្យហៅចេញ ដោយមិនបង្ហាញលេខនៅលើអេក្រង់ទេ។ ខ្ញុំធ្លាប់សាកល្បងចុចដូរកម្មវិធីនេះចេញ ជាច្រើនលើកច្រើនសាមកហើយ តែវានៅតែមិនអាចប្តូរប្រព័ន្ធរក្សាទុកដោយស្វ័យប្រវត្តិនេះបានដដែល!»

ខណៈដែលកំពុងស្តាប់ការពន្យល់របស់ចេតនា ខ្ញុំក៏នឹកឃើញភ្លាមៗថា លេខទូរស័ព្ទរបស់ចេតសិក ក៏មិនបានបង្ហាញឲ្យខ្ញុំឃើញដែរ នៅពេលគេទូរស័ព្ទមក។ ប្រសិនបើចេតសិកមានរូបរាងពិតប្រាកដមែន តើគេចុចលេខអ្វីខ្លះ ដើម្បីខលចូលទូរស័ព្ទខ្ញុំ? ជាងនេះទៅទៀត ចេតនាក៏បាននិយាយរឿងសំខាន់មួយទៀតប្រាប់ខ្ញុំដែរ…

«ស្តាប់ឲ្យច្បាស់ណ៎ា… ជួនកាលពេលវេលារបស់អ្នក ដែលនៅខាងចុងខ្សែទូរស័ព្ទទាំងសងខាង ដើរមិនត្រូវគ្នាទេ! និយាយអ៊ីចឹង… តើនៅខាងនោះ ពេលនេះ ត្រូវនឹងថ្ងៃខែឆ្នាំទីប៉ុន្មានហើយ?»

នៅពេលដែលខ្ញុំប្រាប់ចម្លើយទៅ ទើបដឹងថាពេលវេលារវាងខ្ញុំនិងចេតនា ដើរមុនក្រោយគ្នាជាច្រើនថ្ងៃ។ តាមពាក្យពន្យល់របស់ចេតនា ខ្ញុំអាចដឹងបានថា នាងកំពុងស្ថិតនៅក្នុងលោកអនាគត ដែលពេលវេលាដើរលឿនជាងខ្ញុំ ប្រហែលជា២ទៅ៣ថ្ងៃ។

«បើដូច្នោះគ្រប់ពេលដែលយើងប្រើទូរស័ព្ទ យើងត្រូវគិតដល់រឿងពេលវេលាផងដែរមែនទេ?»

«មិនចាំបាច់ទេ! ព្រោះភាពខុសគ្នារបស់ពេលវេលា នឹងស្ថិតនៅទៀងទាត់បែបនេះរហូតមិនផ្លាស់ប្តូរឡើយ។ ដូចនេះ នៅពេលយើងដាក់ទូរស័ព្ទចុះ បើឃើញថាពេលវេលានៅខាងយើងកន្លងទៅ៥នាទី នៅខាងនោះក៏កន្លងទៅ៥នាទីដូចគ្នា។»

តាមមើលទៅ ចេតនាក៏មិនដឹងថា ហេតុអ្វីបានជាមានភាពខុសគ្នារវាងពេលវេលា កើតឡើងបែបនេះដែរ។ ខ្ញុំគិតថា ជួនកាលមូលហេតុអាចស្ថិតនៅត្រង់ ការជាប់ទាក់ទងគ្នារវាងលេខទូរស័ព្ទហើយនិងពេលវេលា ឬបើមិនដូច្នោះ ក៏អាចកើតមកពីភាពខុសគ្នារបស់បុគ្គលម្នាក់ៗដែលប្រើទូរស័ព្ទ ដែរ។

«បន្តិចទៀតចេតសិកអាចនឹងទូរស័ព្ទមក ដូច្នេះនិយាយគ្នាប៉ុណ្ណឹងសិនចុះ! អឺ… មែនហើយ  ចិន្តនាមិនចាំបាច់ខ្លាចក្រែងចិត្តអីទេ ចង់ទូរស័ព្ទមកខ្ញុំថ្មើរណាក៏បាន គ្រាន់តែចុចលើប៊ូតុងដដែលនោះទៅ នឹងបានផលមិនខាន ព្រោះខ្ញុំក៏ចង់ជជែកគ្នាលេងជាមួយចិន្តនាឲ្យបានច្រើនទៀតដែរ។»

ខ្ញុំបានបញ្ចប់ការសន្ទនាជាមួយចេតនា ហើយទទួលអារម្មណ៍ថា រីករាយយ៉ាងខ្លាំងដែលនាងប្រាប់ថា ចង់និយាយលេងជាមួយខ្ញុំថែមទៀត។ ចេតនាមើលទៅហាក់ដូចជាមនុស្សចាស់ទុំណាស់ នាងមិនភ័យ មិនញាប់ញ័រ នៅពេលជួបជជែកគ្នាជាមួយអ្នកដទៃ ដែលមិនធ្លាប់ស្គាល់ពីមុនមក។ នាងពូកែនិយាយមែន ខុសឆ្ងាយពីខ្ញុំ ដូចមេឃនិងដីអ៊ីចឹង។

ពីរម៉ោងក្រោយមក ចេតសិកក៏ទូរស័ព្ទចូលមក។ លើកនេះ ខ្ញុំសង្កត់អារម្មណ៍ភ័យខ្លាចបានហើយ!

«បន្ទាប់ពីដាក់ទូរស័ព្ទចុះ ខ្ញុំក៏ត្រឡប់ទៅគិតសាជាថ្មីថា អ្នកនាងអាចជាមនុស្សដែលខ្ញុំស្រមើស្រមៃឡើងមកក៏ថាបាន!»

ចេតសិកនិយាយបែបនេះចេញមក។ ចេតនាក្តី បុរសម្នាក់នេះក្តី រួមទាំងអ្នកដទៃៗទៀតក្តី ប្រហែលជាគិតបែបនេះគ្រប់ៗគ្នា។ ខ្ញុំឆុងកាហ្វេថែមមួយកែវទៀត នៅពេលនិយាយរឿងដែលចេតនាប្រាប់ឲ្យចេតសិកស្តាប់។ ទោះបីពេលនេះ ប៉ាម៉ាក់មកឈរមើលខ្ញុំនៅក្បែរៗខ្លួនក៏ដោយ ក៏ពួកគាត់មិនអាចមើលដឹងឡើយថា ខ្ញុំកំពុងធ្វើអ្វី  ជាមួយអ្នកណា… ព្រោះប៉ាម៉ាក់អាចមើលឃើញត្រឹមខ្ញុំកំពុងប្រើស្លាបព្រា កូរកាហ្វេនៅក្នុងកែវទៅមកប៉ុណ្ណោះ។ ចំណែកមាត់របស់ខ្ញុំ ក៏មិនបានកម្រើកសូម្បីបន្តិច។

«ពេលនេះខាងខ្ញុំ ម៉ោង៧យប់!»

«ចំណែកខាងខ្ញុំ ម៉ោង៦!!??» ចេតសិកតបមកវិញ។

ខ្ញុំនិងចេតសិក រស់នៅក្នុងពេលវេលាខុសគ្នាមួយម៉ោង មិនខុសគ្នាច្រើនដូចពេលវេលានៅខាងចេតនាទេ។ ចេតសិកប្រើជីវិតក្នុងថ្ងៃខែឆ្នាំតែមួយជាមួយខ្ញុំ។ ជីវិតគេប្រព្រឹត្តទៅនៅក្នុងអតីតកាល ក្រោយខ្ញុំចំនួន៦០នាទីល្មម។

«បើដូច្នោះ ដើម្បីជាការពិសោធន៍ថា យើងទាំងពីរមានរូបរាងពិតប្រាកដមែន យើងសាកនាំគ្នាពិសោធន៍តាមវិធីដែលនារីនោះប្រាប់លមើល៍ ល្អទេ?» ចេតសិកស្នើខ្ញុំ ក្រោយពីគេបានស្តាប់ វិធីពិសោធន៍ដែលចេតនាប្រាប់។

ដប់នាទីក្រោយមក ខ្ញុំបានធាក់កង់មកដល់ហាងលក់ទំនិញធំមួយ។ ទោះបីជាបរិវេណជុំវិញនោះត្រូវភាពងងឹតគ្របដណ្តប់អស់ទៅហើយក្តី តែខាងក្នុងហាងមានភ្លើងភ្លឺចិញ្ចាចចាំងជះមកក្រៅដូចពេលថ្ងៃ។ ខ្ញុំនៅរក្សាភ្ជាប់ទូរស័ព្ទក្នុងមនោគតិ ជាមួយខ្សែទូរស័ព្ទរបស់ចេតសិកដូចដើម។ ពីរនាទីបន្ទាប់មក ចេតសិកក៏ប្រាប់ខ្ញុំថា គេក៏បានទៅដល់ហាងលក់ទំនិញមួយដូចគ្នា។ បើដូច្នេះ មានន័យថាមុននេះប្រមាណ៥៨នាទី ចេតសិកពិតជាបានចូលទៅក្នុងហាងលក់ទំនិញណាមួយយ៉ាងប្រាកដ។ ខ្ញុំឈរនៅមុខតូបលក់ទស្សនាវដ្តី តាមការស្នើរបស់ចេតសិក

«ថ្ងៃនេះជាថ្ងៃដែលទស្សនាវដ្តីក្របមរណៈ ចេញផ្សាយប្រចាំសប្តាហ៍។ តើហាងដែលអ្នកនាងទៅដល់ មានលក់ក្របមរណៈទេ?»

«ច៎ាស! មាន…»

«អ្នកនាងធ្លាប់អាន ក្របមរណៈទេ?»

ខ្ញុំសារភាពប្រាប់តាមត្រង់ ថាមិនធ្លាប់អានសោះពីមុនមក។

«ខ្ញុំក៏ដូចគ្នា! បើអ៊ីចឹងមានន័យថាយើងទាំងពីរនាក់ នៅមិនទាន់ដឹងពីខ្លឹមសារខាងក្នុងរបស់  ទស្សនាវដ្តីនេះ ថាសរសេរពីអ្វីខ្លះទេ។»

«វាទើបតែចេញលក់នៅថ្ងៃនេះជាថ្ងៃដំបូង គ្មានផ្លូវដែលយើងធ្លាប់អានវាពីមុនមកនោះទេ។ បើអ៊ីចឹងខ្ញុំសុំធ្វើជាអ្នកសួរមុនណ៎ា… នៅទំព័រទី២៧របស់ក្របមរណៈ មានសរសេររឿងខ្មោចមួយ មានចំណងជើងថាដូចម្តេច?»

ខ្ញុំសាកល្បងសួរទៅចេតសិក ដែលខ្ញុំខ្លួនឯងក៏មិនដឹងថា ចម្លើយយ៉ាងម៉េចផង

«ចាំមួយភ្លែត ខ្ញុំរកមើលបន្តិចសិន!»

នេះគឺជាវិធីដែលចេតនាប្រាប់ ដោយត្រូវឲ្យអ្នកម្ខាងទៀតស្វែងរកចម្លើយ ដែលសូម្បីតែខ្លួនយើងផ្ទាល់ក៏មិនដឹង តាមរយៈចម្លើយដែលឆ្លើយមក ត្រូវឬខុសនោះហើយ ដែលធ្វើឲ្យយើងដឹងថា ភាគីម្ខាងទៀតមានរូបរាងពិតប្រាកដ ឬអត់។

«រឿងខ្មោចនៅទំព័រទី២៧ គឺជាទំព័រមួយដែលមានផ្នែកខ្លះនៃរឿង អាវខ្មោច របស់អ្នកនិពន្ធយមបាល គឺជាប្រភេទរឿងខ្លីមួយភាគចប់។»

ចេតសិកឆ្លើយមកហើយ! ប្រសិនបើជាចម្លើយដែលត្រឹមត្រូវ នឹងអាចបញ្ជាក់បានថាគេដែលស្ថិតនៅខាងចុងខ្សែម្ខាងទៀតនោះ ពិតជាមានជីវិតនិងរូបរាងនៅលើលោកនេះប្រាកដមែន គឺមិនមែនស្ថិតនៅក្នុងពិភពមនោគតិរបស់ខ្ញុំទេ។

ខ្ញុំចាប់យកសៀវភៅក្របមរណៈ ដែលដាក់តាំងនៅខាងមុខខ្ញុំមួយក្បាលមកអាន ហើយបើកទៅរកទំព័រនោះ។ ពេលនោះ ខ្ញុំក៏ដឹងថាបុរសឈ្មោះចេតសិក គឺពិតជាមនុស្សដែលរស់នៅ លើលោកនេះប្រាកដមែន។

លើកនេះដល់វេនគេសួរខ្ញុំម្តងហើយ! ខ្ញុំត្រូវពិសោធឲ្យគេដឹងថា ខ្ញុំក៏មានរូបរាងពិតប្រាកដ   ដែរ។

«នៅទំព័រទី៧២ជាទំព័ររូបភាព តើនៅចន្លោះរូបនីមួយៗមានសរសេរខ្លឹមសារ ដូចម្ដេចខ្លះ?»

ខ្ញុំផ្ទាត់សន្លឹកទស្សនាវដ្តី ទៅទំព័រដែលគេប្រាប់ដោយចិត្តអន្ទះសារ៖

«មានរូបមនុស្សអត់ក្បាល និងខ្លះធ្វើកាយវិការប្លែកៗ ហើយក៏មានសរសេរពាក្យគួរឲ្យព្រឺខ្លាចនៅពីក្រោមផងដែរ…»

ពាក្យទាំងនោះគ្រោតគ្រាត ប្រើភាសាអសុរសគួរឲ្យខ្ពើមរអើម អានហើយកាលណា ខ្ញុំស្រាប់តែរន្ធត់ចិត្តស្ទើរតែគាំងបេះដូង!

«ស្អីគេ?… ឆ្លើយឲ្យច្បាស់បន្តិចមើល! …ណ្ហើយៗ!!! ចាំបន្តិច ខ្ញុំកំពុងបើកទៅទំព័រនោះ  ដែរ!»

ចេតសិកថាដូច្នោះបានបន្តិច ក៏ស្រែកឡើងបែបខកចិត្ត៖

«សុំទោស! …ដូចអ្នកនាងថាមែន។ អ៊ីចឹង អ្នកនាងក៏មានរូបរាងពិតដែរ!!!»

ស្តាប់គេហើយ ក្នុងចិត្តខ្ញុំក៏ផ្ទុះសំណើចចេញមក។ ទោះបីជាខំព្យាយាមលាក់ទឹកមុខមិនឲ្យគេដឹងក៏ដោយ ក៏សំឡេងសើចនោះ ហាក់ដូចជាបានរសាត់ទៅដល់ចេតសិករួចទៅហើយ។ ខ្ញុំនៅនឹកអៀននៅឡើយ នៅពេលដឹងថាគេបានឮសំឡេងសើចរបស់ខ្ញុំ។ បើប្រៀបធៀបការនិយាយគ្នាតទល់ចំពោះមុខធម្មតា និងការនិយាយគ្នាតាមទូរស័ព្ទក្នុងមនោគតិ ឃើញថានឹងលាក់លៀមអារម្មណ៍នៅក្នុងចិត្ត មិនឲ្យដៃគូម្ខាងទៀតដឹងបានដោយពិបាក។

ថ្វីបើយើង បានពិសោធគ្នាទៅវិញទៅមកដឹងថា ម្នាក់ៗសុទ្ធតែមានរូបរាងពិតហើយក៏ដោយ ក៏យើងនៅតែបន្តផ្លាស់ប្តូរសួរគ្នាទៅវិញទៅមកទៀតជាច្រើនសំណួរ ព្រោះការលេងស្ទាបស្ទង់ចង់ដឹងអំពីគ្នានេះ សប្បាយខ្លាំងណាស់! ដល់ពេលប្រទះពាក្យចម្លែកៗដែលយើងពុំយល់ន័យ យើងក៏នាំគ្នាសើចក្អាកក្អាយព្រមៗគ្នា ឡើងលាន់រងំពេញប្រអប់ក្បាលតែម្តង។

ចេតសិក ទូរស័ព្ទមករកខ្ញុំជាញឹកញាប់រឿយៗ។ ដំបូងយើងនិយាយគ្នាខ្លីៗ លុះតៗមកក៏ចាប់ផ្តើមវែងទៅយូរទៅជាលំដាប់ ជួនកាលមួយម៉ោង ហើយជួនកាលទៀតក៏ពីរម៉ោង។ ខ្ញុំក៏មិនដឹងដែរថា ខ្លួនឯងចាប់ផ្តើមទន្ទឹងរង់ចាំ សំឡេងទូរស័ព្ទរបស់ចេតសិកហៅចូលមក តាំងពីពេលណា។ នៅសាលារៀន ពេលម៉ោងសម្រាក ខណៈដែលគ្រប់គ្នាកំពុងប្រឡែងគ្នាលេង យ៉ាងសប្បាយរីករាយ ខ្ញុំក៏ចាប់ផ្តើមអង្គុយអណ្តែតអណ្តូង រង់ចាំឲ្យសំឡេងភ្លេងហៅចូលក្នុងទូរស័ព្ទលាន់ឮឡើង។ នៅពេលមានទូរស័ព្ទហៅចូលមក ខ្ញុំស្ទើរតែហក់ទៅចាប់សង្គ្រប់ទូរស័ព្ទ នៅក្នុងមនោគតិនោះ មិនឲ្យរបូតចេញពីដៃបាន ឡើយ។ គឺប្រៀបដូចជាអ្នកទោស ដែលបានទទួលការអនុញ្ញាតឲ្យចេញមកដើរលេងនៅខាងក្រៅគុកដូច្នោះដែរ។ ជាការពិតពាក្យថា អ្នកទោស សម្រាប់ខ្ញុំ  គ្រាន់តែជាពាក្យដែលលើកយកមកធ្វើជាឧទាហរណ៍ប៉ុណ្ណោះ ខ្លួនខ្ញុំផ្ទាល់ក៏មិនធ្លាប់ត្រូវគេចាប់ឃាំងទុកនៅក្នុងគុកដែរ។

ចេតសិកមានអាយុ១៨ឆ្នាំ ច្រើនជាងខ្ញុំមួយឆ្នាំ។ គេហាក់ដូចជារស់នៅឆ្ងាយសែនឆ្ងាយពីខ្ញុំ។ ប្រសិនបើជិះរថយន្តឈ្នួល ហើយបន្តជិះរថយន្តក្រុងមកស្ថានីយ៍ធំ គេអាចនឹងចំណាយពេលអស់ប្រមាណពី១០ ទៅ ១២ម៉ោង។

«ខ្ញុំជាមនុស្សគ្មានមិត្ត!»

ទោះបីជាចេតសិកនិយាយដូច្នេះ តែតាមការនិយាយគ្នាតាមទូរស័ព្ទជាមួយគេ មិនគួរឲ្យជឿសោះ ថាគេជាមនុស្សប្រភេទនេះ។

«ខ្ញុំក៏ដូចគ្នា!»

«ពិតមែនឬ? ខ្ញុំមិនគិតបែបនេះសោះ! តែណ្ហើយ… ចាត់ទុកថាខ្ញុំព្រមជឿក៏រួចគ្នា។  ចិន្តនាយល់ដូចខ្ញុំទេ នៅពេលយើងនិយាយគ្នាតាមទូរស័ព្ទនិម្មិត យើងហាក់ដូចជាក្លាយជាមនុស្សមាត់រអិល ពូកែនិយាយ ព្រោះមិនថាជារឿងអ្វីទេ ឲ្យតែយើងគិតដល់វាភ្លាម មាត់យើងក៏របូតនិយាយចេញមកទាំងអស់។»

ចេតសិកក៏មិនខុសពីខ្ញុំដែរ… គេគ្មានមិត្តភក្តិដែលល្មមទុកចិត្ត អាចនិយាយគ្នាលេងបានដោយភាពស្និទ្ធស្នាលឡើយ។

«និយាយនេះមិនមែនមានមោទនភាពទេណ៎ា! តែគិតទៅមើល បើពេញមួយថ្ងៃតាំងពីព្រឹកដើរចូលមាត់ទ្វារសាលារៀន រហូតដល់ពេលល្ងាចចេញពីរៀនវិញ ក៏ខ្ញុំនៅតែមិនទាន់បាននិយាយជាមួយនរណាសូម្បីតែមួយម៉ាត់។ ចំពោះខ្ញុំរឿងបែបនេះ ក្លាយជារឿងធម្មតាកើតឡើងជាប្រចាំទៅហើយ!»

មែនហើយ! វាមិនមែនជារឿង ដែលគួរឲ្យមានមោទនភាពទេ។

«កាលនោះ ខ្ញុំតែងតែគិតថា តទៅមុខជីវិតខ្ញុំប្រហែលនឹងក្លាយជាបែបនេះរហូតមិនខាន គួរឲ្យប្លែកណាស់! ពិភពលោកយើងធំទូលាយដល់ថ្នាក់នេះ បែរជាគ្មាននរណាដើរមកក្បែរខ្ញុំទៅវិញ គឺហាក់ដូចជាខ្ញុំនេះកំពុងស្ថិតនៅកណ្តាលសមុទ្រខ្សាច់ ដែលគ្មានមនុស្សរស់នៅដូច្នោះ។ ចិន្តនាប្រហែលជាគ្មានផ្លូវ នឹងយល់ពីអារម្មណ៍ភ័យខ្លាចបែបនេះទេ…។»

ខណៈដែលចេតសិកនិយាយរឿងនេះឲ្យខ្ញុំស្តាប់ គឺជាពេលដែលខ្ញុំកំពុងឈរចាំរថយន្តក្រុង នៅខាងមុខសាលារៀនតែម្នាក់ឯង។ ជំនោរកក្តិកត្រជាក់ស្រឹបជ្រាបដល់ឆ្អឹង បានផាត់មកប៉ះផ្ទៃមុខខ្ញុំ។ ខ្យល់ដង្ហើមពណ៌ស ដែលបំភាយចេញមកនោះ ហាក់ដូចជាដួងវិញ្ញាណដែលក្លាយជាទឹកកក កំពុង   អណ្តែតត្រសែតចេញមក។

«ខ្ញុំយល់ច្បាស់ណាស់ អំពីអារម្មណ៍បែបនេះ…» ខ្ញុំបង្ហើរវាចាតិចៗ តាមកំសួលអារម្មណ៍ ដែលជោកជាំ ដោយមនោសញ្ចេនា។

ក្រោយៗមក យើងក៏ទូរស័ព្ទទាក់ទងគ្នាទាំងយប់ទាំងថ្ងៃ ដោយមិនបាច់អស់ថ្លៃទូរស័ព្ទ ព្រោះទូរស័ព្ទនៅក្នុងក្បាលរបស់យើងទាំងពីរ កំពុងស្ថិតនៅក្នុងរយៈពេល បម្រើសេវាកម្មដោយមិនគិតថ្លៃគ្រប់ម៉ោង។ ខ្ញុំធ្លាប់ទូរស័ព្ទទៅសួរចេតនា នាងក៏មិនធ្លាប់ទិញកាត បញ្ចូលទឹកប្រាក់ដែរ។ យើងនិយាយរឿងផ្សេងៗ របស់គ្នាទៅវិញទៅមក មិនថាជារឿងសៀវភៅប្រលោមលោក ដែលធ្លាប់អាន រឿងដែលខ្ញុំកំពុងពិបាកចិត្តព្រោះកើតមុន រឿងម៉ាកថ្នាំដុសធ្មេញដែលកំពុងប្រើ ឬរឿងបទចម្រៀងដែលចូលចិត្តស្តាប់ ហើយពេលនេះយើងនាំគ្នាជជែករឿង ដែលខ្ញុំកំពុងប្រមែលប្រមូលសម្ភារៈផ្សេងៗ ដែលមានរូបតុក្កតាដូរេម៉ុន។ បើឲ្យនិយាយតាមត្រង់ ពេលនេះក្នុងបន្ទប់ខ្ញុំ មានដាក់តាំងតុក្កតាដូរេម៉ុន មិនតិចជាង៥០ប្រភេទនោះទេ។

ចំណែកចេតសិក ក៏និយាយរឿងរ៉ាវរបស់ខ្លួនគេ ប្រាប់ខ្ញុំយ៉ាងច្រើនដែរ ដូចជាកាលពីតូចចូលចិត្តលេងអ្វីខ្លះ? រឿងដែលគេជិះកង់ដួលបាក់ដៃ រឿងម្ហូបដែលគេចូលចិត្ត ឬរឿងរូបថតនៅក្នុង អត្តសញ្ញាណប័ណ្ណ ដែលគេថាជារូបដ៏អាក្រក់មើលបំផុត។

«រូបនោះអាក្រក់មើលណាស់! ដល់ថ្នាក់យកមកធ្វើជាកាតសម្គាល់ខ្លួនក៏មិនបាន។ នៅពេលទៅចុះឈ្មោះជាសមាជិកនៅក្នុងហាងជួលសៀវភៅ ពេលហុចអត្តសញ្ញាណប័ណ្ណឲ្យម្ចាស់ហាងមើល ម្ចាស់ហាងក៏ធ្វើមុខសង្ស័យខ្ញុំភ្លាមៗ!»

ថ្ងៃមួយនោះ ចេតសិក ក៏និយាយរឿងកន្លែងចាក់សំរាម ដែលគេចូលចិត្តឆៀងចូលមើលជា    ញឹកញាប់។

«ទោះជាប្រាប់ថា ជាកន្លែងចាក់សំរាម តែការពិតវាជាដីវាលទំនេរនៅម្តុំផ្ទះខ្ញុំ ទៅវិញទេ។ ប្រសិនបើមានគេ យកគ្រឿងអគ្គិសនីចាស់ៗទៅបោះចោលច្រើន ទីនោះក៏ក្លាយជាតំបន់ចាក់សំរាមអេតចាយម្តងម្កាល។ នៅទីនោះស្ងប់ស្ងាត់ល្អណាស់ ព្រោះមិនសូវមាននរណាដើរឆ្លងកាត់ទេ។ ខ្ញុំធ្លាប់សាកទៅអង្គុយឱបក្បាលជង្គង់ ធ្វើខ្លួនដូចទូទឹកកកចាស់ៗដែលឡើងច្រែសស៊ី ហើយត្រូវគេយកទៅបោះចោលនៅទីនោះ។ ល្អម្យ៉ាងដែរ របស់មួយចំនួនដែលគេយកមកបោះចោល ខ្លះក៏នៅប្រើការ     បាន។ ថ្ងៃមុន ខ្ញុំប្រទះឃើញទូរទស្សន៍ពណ៌មួយគ្រឿង ពេលខ្ញុំយកទៅជួសជុលលេងៗ ស្រាប់តែបើកមើលទៅ ឃើញច្បាស់ល្អជាងអាថ្មីទៀត!»

«ពិតមែនឬ? ប្រសើរហើយអ៊ីចឹង!»

ថ្ងៃមួយពេលចេតសិកប្រឡងភាសាអង់គ្លេស ខ្ញុំបានយកវចនានុក្រមអង់គ្លេស-ខ្មែរ មកដាក់ក្បែរខ្លួន ដើម្បីជួយបើករកមើលពាក្យ ហើយប្រាប់គេតាមទូរស័ព្ទ។ តែមើលទៅហាក់ដូចជាពិបាកបន្តិច ព្រោះចេតសិកជាសិស្សថ្នាក់ទី១២ ចំណែកខ្ញុំជាសិស្សថ្នាក់ទី១១ ដូច្នេះចំណេះដឹងខាងភាសាអង់គ្លេស របស់ខ្ញុំនៅខ្សោយណាស់។ ទោះជាយ៉ាងនេះក្តី អ្វីដែលខ្ញុំបានប្រាប់ទៅនោះ  ខ្ញុំគិតថា ទោះមិនបានជួយគេច្រើន ក៏បានជួយជាប្រយោជន៍ខ្លះៗសម្រាប់គេដែរ។ ការលួចប្រើល្បិចនៅក្នុងការប្រឡងបែបនេះ មិនបានធ្វើឲ្យពួកយើងភ័យខ្លាចបន្តិចសោះ ថានឹងត្រូវគេចាប់បាន។ ក្រៅពីនរណាៗក៏មើលឃើញថា ចេតសិកកំពុងឈ្ងោកមុខធ្វើវិញ្ញាសាប្រឡង យ៉ាងយកចិត្តទុកដាក់នៅក្នុងបន្ទប់រៀននោះ ក៏គ្មាននរណាអាចសង្កេតឃើញ ឬដឹងហួសលើសពីនេះបានថា នៅក្នុងក្បាលរបស់ចេតសិក កំពុងនិយាយឆ្លើយឆ្លងគ្នា ជាមួយខ្ញុំយ៉ាងប្រទាក់ក្រឡាដែរ។ លុះដល់វេនខ្ញុំប្រឡងគណិតវិទ្យាវិញម្តង ចេតសិកក៏ជួយខ្ញុំដោះស្រាយលំហាត់ផ្សេងៗដោយទាក់ទងគ្នា តាមទូរស័ព្ទដែលនិម្មិតឃើញក្នុងមនោគតិនោះ។

«ការជួយគ្នាទៅវិញទៅមកបែបនេះ ពិតជាល្អពិតមែន!!!» យើងនិយាយគ្នាក្រោយពីដឹងថា លទ្ធផលប្រឡងបានសុទ្ធតែពិន្ទុខ្ពស់ៗ។

ជាញឹកញាប់ ពេលដែលខ្ញុំប្រើខ្សែចិត្ត និយាយទូរស័ព្ទជាមួយចេតសិក  ភាគច្រើនគេកំពុងអង្គុយអណ្តែតអណ្តូងនៅកន្លែងចាក់សំរាមម៉ង់ៗ មិនព្រមទៅផ្ទះសម្បែងសោះ។ មិនដឹងថាគេកំពុងអង្គុយគិតពីរឿងអ្វី???

«លើកក្រោយ បើទៅកន្លែងចាក់សំរាមនោះទៀត កុំភ្លេចរកមើលកូនវិទ្យុតូចហើយស្រាលមួយទុកឲ្យខ្ញុំផង ខ្ញុំចង់បានវាយូរមកហើយ!»

ពេលខ្ញុំនិយាយចប់ ចេតសិកក៏សើចហើយនិយាយថា យល់ព្រម! ចេតសិកបន្តទៀតថាគេមានសេចក្តីសុខណាស់ នៅពេលបាននិយាយជាមួយខ្ញុំម្តងៗ។

«មានសេចក្តីសុខឬ?»

«បាទ!»

«នេះគឺជាលើកទីមួយហើយ ដែលមានគេនិយាយបែបនេះចំពោះខ្ញុំ។ ខ្ញុំរំភើបខ្លាំងណាស់!! កន្លងមក ខ្ញុំតែងតែគិតរហូតថា  ខ្លួនឯងជាមនុស្សដែលមានគុណវិបត្តិច្រើនណាស់ នៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។»

«គុណវិបត្តិស្អីគេ?» ចេតសិកផ្ទួនពាក្យខ្ញុំ របៀបមិនយល់ស្របតាម។

ខ្ញុំក៏រៀបរាប់រឿងរ៉ាវរបស់ខ្លួន ឲ្យចេតសិកស្តាប់។ គឺជារឿងរបស់ក្មេងស្រីដ៏ឆោតល្ងង់ម្នាក់ ដែលពេលជួបនិយាយជាមួយនរណា ច្រើនតែត្រូវគេមើលនៅក្នុងក្រសែភ្នែកអាណោចអាធម ឬបើមិនអ៊ីចឹង ក៏ត្រូវគេសើចចំអកឡកឡឺយថាល្ងង់ លង់ជឿសម្តីកុហករបស់អ្នកដទៃ ដែលគេគ្រាន់តែនិយាយលេងតាមភាសាមនុស្ស។

«ទោះនរណាមើលមកថាខ្ញុំកំសាក តែខ្ញុំក៏មិនចង់ធ្វើខុសឲ្យអ្នកដទៃសើចចំអកទៀតដែរ។ ខ្ញុំខ្លាចណាស់! ខ្លាចរហូតមិនហ៊ាននិយាយជាមួយនរណាទាំងអស់។ ពេលមានគេមកនិយាយសួរនាំម្តងៗ ខ្ញុំតែងតែមានអារម្មណ៍តក់ស្លុត ហើយញាប់ញ័រជានិច្ច។ គ្រប់ពេលដែលខ្ញុំគិតដល់រឿងនេះ ខ្ញុំរមែងទទួលដឹងថា ខ្លួនឯងប្រហែលជាមិនអាចក្លាយជាប្រក្រតី ដូចមនុស្សទូទៅឯទៀតៗបានទេ។»

«ខ្ញុំយល់…» សម្តីរបស់ចេតសិកកក់ក្តៅ និងទន់ភ្លន់ខ្លាំងណាស់ «ការដែលត្រូវអ្នកដទៃសើចចំអក គឺជារឿងមួយឈឺចាប់ណាស់! តែវាមិនមែនដោយសារចិន្តនាមានគុណវិបត្តិនោះទេ គឺដោយសារនៅជុំវិញខ្លួនចិន្តនា មានតែអ្នកនិយាយសម្តីមិនស្មោះត្រង់ច្រើនហួសពេកទៅវិញតើ!»

«សម្តីមិនស្មោះត្រង់?»

«ចិន្តនាប្រហែលជានិយាយ ជាមួយអ្នកដទៃដោយភាពស្មោះត្រង់ និងភាពបរិសុទ្ធចំពោះគេគ្រប់គ្នាហើយ មែនទេ? គឺនិយាយត្រង់ៗតាមអ្វីដែលខ្លួនគិត មិនពុតត្បុត មិនប្រើកលមាយា។ ចិន្តនាក៏ឈឺចិត្តនឹងពាក្យកុហកបោកប្រាស់ ដែលមានច្រើនហួសហេតុពេកនៅជុំវិញខ្លួន។ តែមិនចាំបាច់ទៅចាប់អារម្មណ៍នឹងរឿងទាំងនោះទៀតទេ ព្រោះពេលនេះ ចិន្តនាបានពិសោធន៍ឲ្យខ្លួនឯងឃើញច្បាស់ហើយថា ចិន្តនាគ្មានអ្វីខុសប្រក្រតីទេ គឺដូចជាពេលនេះអ៊ីចឹង! ចិន្តនាកំពុងនិយាយជាមួយខ្ញុំ ដោយគ្មានរដាក់រដុបអ្វីសោះ តើមែនទេ?»

ភាពកក់ក្តៅដែលចេញពីសម្តីរបស់ចេតសិក បានរីកសាយភាយចូលជ្រួតជ្រាបពេញខ្លួនរបស់ខ្ញុំ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថា សេចក្តីឈឺចាប់ ដែលធ្លាប់ញាំញីអារម្មណ៍របស់ខ្ញុំរហូតមក បានរលាយបាត់អស់។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ រហូតមិនដឹងថាត្រូវធ្វើដូចម្តេចល្អ ហើយមកភ្ញាក់ស្មារតីដឹងខ្លួនឡើងវិញ ក៏នៅពេលដែលទឹកភ្នែកនៃក្តីរំភើប បានហូរធ្លាក់មកសើមជោកពេញថ្ពាល់អស់ទៅហើយដែរ។

***

 

ពេលខ្លះ ខ្ញុំក៏ទូរស័ព្ទទៅលេងចេតនាចេតនាជាមនុស្សចាស់ទុំ ហើយអាចផ្តល់ការប្រឹក្សាបានគ្រប់រឿង។ ក្រៅពីនេះ ចេតនាចូលចិត្តនិយាយរឿងផ្សេងៗ ទាំងរឿងសុខទាំងរឿងទុក្ខ ដែលធ្លាប់ជួបកន្លងមក ក្រោយពេលចាកចេញមកប្រើជីវិតរស់នៅខាងក្រៅតែម្នាក់ឯង។ បើមិនដូច្នោះ ក៏និយាយរឿងសកម្មភាពផ្សេងៗ នៅក្នុងមហាវិទ្យាល័យដែលនាងកំពុងធ្វើ។ នាងបានណែនាំហ្វូមលាងមុខល្អៗ ដែលមានប្រសិទ្ធិភាពជួយបំបាត់មុនបានពូកែដល់ខ្ញុំទៀតផង។ សំឡេងរបស់ចេតនា ផ្តល់ឲ្យខ្ញុំនូវភាពកក់ក្តៅទន់ភ្លន់ ហើយខ្ញុំតែងកក់ក្តៅក្នុងចិត្តជានិច្ចនៅពេលបានស្តាប់សំឡេងនោះ។ តែទោះបីជាយ៉ាងនេះក្តី ក៏ខ្ញុំនៅតែនឹកចម្លែកក្នុងចិត្តរហូតថា សំឡេងរបស់ចេតនា ម្តេចក៏ដូចគ្នានឹងសំឡេងដែលខ្ញុំធ្លាប់ ឮពីមុនមកម្ល៉េះ? ស្តាប់មើលទៅស៊ាំហើយថ្នឹកត្រចៀកខ្លាំងណាស់ ប្រៀបដូចមានទឹកថ្លាៗដក់ជាប់នៅក្នុងក្បាលរបស់ខ្ញុំ។

«ខ្ញុំទទួលអារម្មណ៍ថា ហាក់ដូចជាធ្លាប់ឮសំឡេងរបស់ចេតនា នៅកន្លែងណាពីមុនមកក៏មិនដឹង… ឬមួយជាសំឡេងរបស់តារាភាពយន្តក្នុងទូរទស្សន៍?»

«ខុសគ្នាស្រឡះដូចមេឃនិងដីអ៊ីចឹង!» ចេតនាប្រញាប់បដិសេធភ្លាមៗ នៅពេលឮចំណាប់អារម្មណ៍របស់ខ្ញុំ។

ខ្ញុំនិងចេតនា មានចំណុចពិសេសដូចគ្នាមួយ គឺចូលចិត្តអានប្រលោមលោក។ មិនថាជារឿងខ្លី ឬរឿងវែងបែបណានោះទេ  យើងទាំងពីរនាក់ចូលចិត្តអានទាំងអស់។ ហេតុដូចនេះ ទើបខ្ញុំតែងត្រេកត្រអាល នឹងការតាមដានអានសៀវភៅល្អៗ ដែលចេតនាបានណែនាំ។

ជជែកគ្នាកាន់តែយូរ ខ្ញុំកាន់តែមានអារម្មណ៍ថា ខ្លួនឯងបានចូលទៅយ៉ាងជិតស្និទ្ធនឹងសាច់ឈាមពិតប្រាកដរបស់នារីឈ្មោះចេតនាចេតនាហាក់ដូចជាមិនខឹង ឬស្អប់ខ្ពើមនរណាឡើយ នាងស្រឡាញ់គ្រប់ៗគ្នានៅលើលោកនេះ។ បេះដូងរបស់នាងមិនស្គាល់ពាក្យថារើសអើងសេចក្តីស្រឡាញ់ ហើយតាមប្រមាញ់យកសេចក្តីស្អប់នោះទេ។ នាងផ្តល់សេចក្តីស្រឡាញ់ ភាពទន់ភ្លន់ ឲ្យតាំងពីគ្រួសថ្ម គ្រាប់ខ្សាច់តូចៗ ដែលនៅរាយជុំវិញខ្លួន រហូតដល់លំហអវកាសទាំងមូល ដែលនៅក្រៅភពផែនដី។ ចេតនាមិនធ្លាប់សើចចំអកឲ្យនរណាទេ នៅពេលដែលគេធ្វើខុស។ នាងជាប្រភេទមនុស្ស ដែលព្រមបង្ហាញនូវភាពខុសឆ្គងរបស់ខ្លួនឯង ដើម្បីឲ្យគ្រប់ៗគ្នាបានដឹងបានឃើញ បើអ្វីៗទាំងនោះអាចទាក់ទាញស្នាមញញឹម និងភាពរីករាយរបស់នរណាម្នាក់បាន។ ខ្ញុំគោរពកោតស្ញប់ស្ញែង ចំពោះសន្តានចិត្តដ៏ទូលំទូលាយរបស់ចេតនា ហើយទន្ទឹមនឹងនេះ ខ្ញុំក៏បានដឹងថា ខ្លួនឯងនៅទន់ខ្សោយខ្លាំងណាស់ ចំពោះពិភពលោកទាំងមូល និងខ្វះខាតបទពិសោធន៍យ៉ាងច្រើន ចំពោះជីវិតមនុស្សជាតិ។ ខ្ញុំលួច       ប្តេជ្ញាចិត្តថា នៅថ្ងៃណាមួយ ខ្ញុំត្រូវតែក្លាយជាមនុស្សម្នាក់ ដែលដូចនឹងចេតនាឲ្យបាន។

«ចេតនាធ្លាប់ស្រឡាញ់បុរសណាឬទេ?» ខ្ញុំធ្លាប់សាកល្បងសួរនាងបែបនេះ ដោយការចង់ដឹង តែខ្ញុំនៅតែទទួលបានចម្លើយ មិនច្បាស់លាស់មកវិញដដែល។

«ធ្លាប់! តែច្រើនឆ្នាំមកហើយ…»

សូមរង់ចាំអាចវគ្គបន្ត!

Read Full Post »


«ទូរស័ព្ទឆ្លងភព» ធ្លាប់ផ្សាយម្តងហើយក្រោមចំណងជើងថា «ទូរស័ព្ទនិម្មិត»។ នេះជារឿង Re-Write ពីខ្សែភាពយន្តជប៉ុនរឿង Calling You…

វគ្គ១

នៅក្នុងសាលារៀនមួយនេះ  ខ្ញុំប្រហែលជាសិស្សវិទ្យាល័យតែម្នាក់គត់  ដែលគ្មានទូរស័ព្ទប្រើ។ ក្រៅពីគ្មានទូរស័ព្ទ ខ្ញុំក៏មិនធ្លាប់ទៅមើលកុន ឬទៅថតរូបកម្សាន្តលេង តាមផ្សារទំនើបនានាដែលមិត្តរួមថ្នាក់ កំពុងពេញនិយមនោះដែរ។ យូរៗទៅ ខ្ញុំអង្គុយគិតតែម្នាក់ឯងថា មនុស្សដូចខ្ញុំ ប្រហែលជាខុសគេ នៅក្នុងយុគសម័យថ្មីនេះ។ ទោះបីសាលារៀនមានច្បាប់ ហាមប្រាមមិនឲ្យប្រើទូរស័ព្ទ នៅក្នុងថ្នាក់រៀនក៏ដោយ ក៏ម្នាក់ៗនៅតែដាក់ទូរស័ព្ទ មកបង្អួតគ្នាជានិច្ចកាល។

«គ្រឺង!… គ្រឺង!…» សំឡេងទូរស័ព្ទរបស់នរណាម្នាក់រោទ៍ឡើង។

«របស់នរណា!!!???» លោកគ្រូងាកមករកប្រភពសំឡេង សួរដោយទឹកមុខមាំ។

«ច៎ាស! របស់ខ្ញុំលោកគ្រូ… សុំទោសៗ!!!» សិស្សស្រីម្នាក់ ដែលអង្គុយរំលងពីតុខ្ញុំមួយងើបឈរឡើងតបទាំងភិតភ័យ។ លោកគ្រូឲ្យខ្នង ដៃសរសេរចំណងជើងមេរៀនញាប់ស្អេកនៅលើក្តារខៀន ហើយព្រលយពាក្យគំរាមតិចៗ តែមានន័យដាច់ខាត៖

«កុំឲ្យមានលើកទីពីរឲ្យសោះ!!! នេះជាវិន័យសាលា… »

ជាការពិត រាល់លើកដែលខ្ញុំឃើញមិត្តភក្តិ ដកយកទូរស័ព្ទមកចុចលេងក្នុងថ្នាក់រៀន ខ្ញុំតែងមានអារម្មណ៍លួចច្រណែន លាយឡំនឹងភាពខ្មាសអៀន អន្ទះអន្ទែងស្ទើរស្ទះដង្ហើមម្តងៗ។ កាលបើសំឡេងភ្លេងទូរស័ព្ទហៅចូល របស់នរណាម្នាក់លាន់ឮឡើង ខ្ញុំក៏ចាប់ផ្តើមទទួលអារម្មណ៍ថា ខ្លួនឯងហាក់ដូចជា ត្រូវគេបោះបង់ចោល ឲ្យនៅពិភពមួយផ្សេងទៀត ដាច់ដោយឡែកពីគេអ៊ីចឹង។ កាន់តែឃើញទិដ្ឋភាពដែលម្នាក់ៗជជែកគ្នា តាមរយៈឧបករណ៍ទំនាក់ទំនងតូចៗទាំងនោះ កាន់តែញាំញីអារម្មណ៍របស់ខ្ញុំឲ្យគិតថា ខ្លួនឯងជាមនុស្សគ្មានតម្លៃ គ្មានមិត្តភក្តិ គ្មានអ្នកយល់ចិត្ត និងគ្មានអ្នកជជែកលេងជាមួយ។ គ្រប់ៗគ្នាដែលរៀនជាមួយខ្ញុំ តែងប្រាស្រ័យទាក់ទងគ្នាដោយប្រើទូរស័ព្ទដៃដែលប្រៀបបាននឹងសំណាញ់ពីងពាង ចងភ្ជាប់ពួកគេមិនឲ្យឃ្លាតឆ្ងាយពីគ្នា។ តែនៅក្នុងនោះ បែរជាគ្មានរូបខ្ញុំចូលរួមជាមួយពួកគេទៅវិញ។ ខណៈដែលគ្រប់គ្នាកំពុងឈរជំនុំគ្នាលេង និងសើចសប្បាយយ៉ាងមានសេចក្តីសុខ ខ្ញុំបែរជាទទួលអារម្មណ៍ថា មានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះ ដែលកំពុងដើរទាត់សម្បកកំប៉ុង នៅខាងក្រៅចំណោមពួកគេ។

និយាយលាក់បាំងអី ខ្ញុំពិតជាចង់មានទូរស័ព្ទដៃប្រើ ដូចគេឯងណាស់។ តែនៅពេលគ្មានអ្នកទូរស័ព្ទចូល ទើបខ្ញុំសម្រេចចិត្តថា មិនប្រើល្អជាង។ គួរឲ្យខ្មាសអៀនទេ បើមានទូរស័ព្ទប្រើនឹងគេដែរ តែបែរជាគ្មានសំឡេងរោទ៍ទៅវិញនោះ? គ្មាននរណាម្នាក់និយាយជាមួយខ្ញុំទេ ទោះបីជាខ្ញុំនិងគេគ្មានអ្វីខុសប្លែកគ្នាក៏ដោយ។ នេះហើយ ជាមូលហេតុដែលខ្ញុំមិនចង់ទៅមើលកុន ឬទៅថតរូបលេង ព្រោះខ្ញុំគ្មានមិត្តភក្តិទៅជាមួយ!!! ជីវិតខ្ញុំមួយថ្ងៃៗកាន់តែគ្មានន័យទៅៗ ព្រោះពិភពលោកទាំងមូលហាក់ដូចជាគ្មានកន្លែងសម្រាប់ឲ្យខ្ញុំទៅសោះ។

«អ្នកបន្ទាប់ទៀត អានមេរៀនត… ចិន្តនា

«…»

«ចិន្តនា!!!… ឮគ្រូហៅទេ???» លោកគ្រូផ្ទួនសម្តីខ្លាំងៗ។ ខ្ញុំភ្ញាក់ក្រញាងពីការស្រមើស្រមៃ …មុននេះលោកគ្រូបានហៅឈ្មោះខ្ញុំ។

«ច៎ាស…???»

«អានមេរៀនតឲ្យខ្លាំងៗ!»

ខ្ញុំចាប់បើកសៀវភៅអានតាមចំណងជើងដែលមាននៅលើក្តារខៀន។ អានមិនទាន់បានប៉ុន្មានផង លោកគ្រូក៏ដើរមកជិតខ្ញុំ ហើយសង្កត់ពាក្យធ្ងន់ៗសួរ៖

«ចិន្តនា?… យល់ភាសាគ្រូនិយាយទេ?!? គ្រូប្រាប់ថាអានឲ្យខ្លាំងៗ!!! អារម្មណ៍បែបមិននៅក្នុងខ្លួនទេ បានជានិយាយស្តាប់គ្នាមិនបានសោះ??? បានហើយ! អ្នកខាងមុខអានត…»

សិស្សក្នុងថ្នាក់សើចលាន់គឹល… ខ្ញុំភ័យមិនប៉ុន្មានទេ តែខ្មាសមិត្តរួមថ្នាក់ឡើងខ្មៅមុខទៅ   ហើយ។ បើអាចជ្រែកដីបាន ខ្ញុំនឹងជ្រែកគេចពីភាពអាម៉ាសនេះមិនខាន។

ខ្ញុំជាមនុស្សមិនសូវមាត់ក។ គ្រប់ពេលដែលមាននរណាមកសួរនាំលេង ខ្ញុំតែងតែតក់ស្លុតបាត់ស្មារតីជានិច្ច ព្រោះខ្លាចគេលួចសើចចំអកពីក្រោយខ្នង។ ដូច្នេះនៅពេលមានគេមកជជែកលេងជាមួយ ខ្ញុំតែងតែឲ្យខ្នងគេជានិច្ច ហើយឆ្លើយតបទៅវិញយ៉ាងសោះអង្គើយ។ មិនមែនខ្ញុំជាមនុស្សឆ្មើងឆ្មៃទេ តែខ្ញុំមិនដឹងថាខ្លួនឯង គួរឆ្លើយតបដូចម្តេច និងដើម្បីកុំឲ្យអ្នកដទៃទៀតអាក់អន់ចិត្ត ខ្ញុំក៏សម្រេចចិត្តឈប់និយាយជាមួយនរណាទាំងអស់។

ខ្ញុំធ្លាប់សាកល្បង មកគិតសាជាថ្មីថា ហេតុអ្វីក៏ខ្លួនខ្ញុំក្លាយជាមនុស្សបែបនេះ? ចម្លើយដែលទទួលបាន គឺប្រហែលមកពីខ្ញុំជាមនុស្សត្រង់ពេក ចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនចេះភូតកុហក។ បើគ្រាន់តែសួរនាំគ្នាលេងទូទៅធម្មតាៗ ក៏ខ្ញុំមិនពិបាកឆ្លើយដែរ។ តែនៅពេលដឹងថា អ្នកនោះនិយាយមិនស្មោះត្រង់ ឬគ្រាន់តែនិយាយតាមសុជីវធម៌មនុស្ស សម្តីខ្ញុំនឹងឡើងមកស្ទះត្រង់បំពង់ក ហើយនិយាយលែងចេញភ្លាមៗ។ ខ្ញុំចូលចិត្តនិយាយស្មោះត្រង់ និងពោលពាក្យពិតជាមួយអ្នកដទៃ។ ប៉ុន្តែទម្រាំដឹងខ្លួនថា អ្នកដទៃនោះ គ្រាន់តែនិយាយដើម្បីជាការលេងសើច ក៏នៅពេលឃើញគេទប់សំណើចលែងបានទៅហើយ។

«សក់ទុកម៉ូតបែបនេះ ស្អាតណាស់ ហើយគួរឲ្យស្រឡាញ់ទៀត!»

កាលរៀននៅបឋមសិក្សា មានមិត្តស្រីម្នាក់សរសើរខ្ញុំ ពេលឃើញខ្ញុំកាត់សក់ខ្លីដូចស្រីជប៉ុន។ ពេលឮដូច្នោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ រហូតសម្រេចចិត្តថា នឹងទុកម៉ូតសក់នេះពីរឆ្នាំ តទៅមុខទៀត។ ទម្រាំនឹងខ្ញុំដឹងថា គេម្នាក់នោះគ្រាន់តែនិយាយបញ្ជោរលេង គឺយឺតពេលទៅហើយ ព្រោះខ្ញុំបានរក្សាម៉ូតសក់នេះទុកបានពីរឆ្នាំល្មម។ កាលនោះ ក្រោយពេលយើងចូលរៀននៅវិទ្យាល័យ សិស្សស្រីដដែលនោះ បានកេះមិត្តភក្តិនាងឲ្យចូលទៅជិតខ្លួន ហើយងាកមកមើលខ្ញុំមួយភ្លែត មុននឹងខ្សឹបខ្សៀវប្រាប់គ្នីគ្នា៖

«ហា៎ស!… ហា៎ស!… មើលនាងម្នាក់នោះចុះ ឃើញទុកម៉ូតសក់បែបនេះ តាំងពីយូរមកហើយ មិនឃើញស្អាតត្រង់ណាផង!»

ទោះខ្ញុំមិនចង់ឮ តែពាក្យនេះបានរសាត់មកប៉ះត្រចៀកខ្ញុំទៅហើយ។ ខ្ញុំឧស្សាហ៍ចាញ់បោក ពាក្យបញ្ចើចបញ្ចើបែបនេះ ច្រើនលើកច្រើនសាមកហើយ គឺពូកែផុតលេខតែម្តង អារឿងល្ងង់ៗៗ!!! ពេលត្រូវគេឆលេងបែបនេះម្តងហើយម្តងទៀត ខ្ញុំក៏ក្លាយទៅជាមនុស្សមិនសូវចេះនិយាយស្តី ហើយឆាប់ភ័យតក់ស្លុត ពេលជួបនិយាយជាមួយនរណាម្តងៗ។

តាំងពីមករៀននៅវិទ្យាល័យនេះ ខ្ញុំមិនទាន់ស្គាល់មិត្តភក្តិណាម្នាក់ឡើយ។ ទីបំផុតខ្ញុំក៏ក្លាយជាមនុស្សម្នាក់ ដែលខុសប្លែកពីគេឯងគ្រប់ៗគ្នា។ ថ្វីបើខ្ញុំកំពុងអង្គុយនៅក្នុងថ្នាក់រៀន តែខ្ញុំបែរជាមានអារម្មណ៍ថា ខ្លួនឯងកំពុងអង្គុយនៅខាងក្រៅថ្នាក់ តែម្នាក់ឯងទៅវិញ។ ជាពិសេសពេលឈប់សម្រាកចេញលេង ជាពេលដ៏ចង្អៀតចង្អល់បំផុតចំពោះខ្ញុំ ព្រោះនៅពេលដែលមិត្តរួមថ្នាក់ អង្គុយចាប់ក្រុមជជែកគ្នាយ៉ាងសប្បាយរីករាយ ខ្ញុំបែរជាត្រូវមកអង្គុយយ៉ាងស្ងៀមស្ងាត់ម្នាក់ឯងទៅវិញ។ បើសភាពនៅក្នុងថ្នាក់រៀនកាន់តែអ៊ូអរខ្លាំងប៉ុណ្ណា អារម្មណ៍ឯកោកណ្តោចកណ្តែងជុំវិញខ្លួនខ្ញុំ ក៏កាន់តែកើនទ្វេឡើងទៅតាមនោះដែរ។

ខ្ញុំធ្លាប់គិតថា សម័យនេះទៅហើយ បើនរណាគ្មានទូរស័ព្ទប្រើ គឺហាក់ដូចជាបញ្ជាក់ប្រាប់ថា មនុស្សម្នាក់នោះ ជាមនុស្សដែលគ្មានគេរាប់រក ពោលគឺគ្មានមិត្តភក្តិ។ បញ្ហានេះធ្វើឲ្យខ្ញុំគិតហើយគិតទៀត… រឿងដែលខ្ញុំមិនអាចនិយាយជាមួយអ្នកដទៃបានដូចគេឯងទូទៅ គឺជាភាពខុសប្រក្រតីខាងផ្លូវចិត្តមួយប្រភេទ ដែលធ្វើឲ្យខ្ញុំគិតថា ខ្លួនឯងគឺជាមនុស្សដែលមិនសូវគ្រប់ទឹក។ ជានិច្ចកាលពេលនៅក្នុងថ្នាក់រៀន បើគ្មាននរណាមកនិយាយលេងជាមួយក្តី ក៏ខ្ញុំតែងតែក្លែងធ្វើជាមិនចាប់អារម្មណ៍ បើទោះជានៅក្នុងចិត្តតែងគិតជានិច្ចថា ប្រសិនបើខ្ញុំអាចមិនអើពើនឹងរឿងនេះបានពិតមែន មិនដឹងជាល្អយ៉ាងណាទេ។ ក្រៅពីនេះនៅពេលឃើញមិត្តរួមថ្នាក់ស្រីៗ កាន់ទូរស័ព្ទដែលមានបន្តោងភ្លើងភ្លឺភ្លឹបភ្លែតៗ គួរឲ្យស្រឡាញ់ និងមានស្ទីកកឺស្អាតៗបិទយ៉ាងប្រណីតគួរឲ្យទាក់ភ្នែក ខ្ញុំតែងមានអារម្មណ៍ជ្រួលច្រាលគ្រប់ពេល ស្ទើរតែទប់ចិត្តខ្លួនឯងមិនបាន។ ខ្ញុំចូលចិត្តគិតជានិច្ចថា មិត្តរួមថ្នាក់ស្រីៗទាំងនោះ ប្រាកដជាមានមិត្តភក្តិច្រើនមិនខាន ហើយប្រហែលជាពួកគេបានកត់លេខទូរស័ព្ទ របស់មិត្តភក្តិដទៃទៀតទុកច្រើនណាស់ហើយមើលទៅ។ គិតបែបនេះពេលណា ខ្ញុំស្ទើរតែស្រែកយំចេញមកគ្រប់ពេល ព្រោះតែសេចក្តីច្រណែន និងការតូចចិត្តចំពោះខ្លួនឯង។

នៅចន្លោះម៉ោងសម្រាកថ្ងៃត្រង់ ខ្ញុំតែងតែទៅបណ្ណាល័យជានិច្ច ព្រោះនៅក្នុងថ្នាក់រៀនគ្មានកន្លែងសម្រាប់ខ្ញុំទេ។ នៅក្នុងវិទ្យាល័យនេះ ប្រហែលជាមានតែបណ្ណាល័យមួយកន្លែងប៉ុណ្ណោះ ដែលចាំបើកដៃទទួលស្វាគមន៍ខ្ញុំ។ បណ្ណាល័យដ៏សែនស្ងប់ស្ងាត់នេះ មានបង្អួចបួនបើកចំហជានិច្ច ដើម្បីឲ្យខ្យល់អាកាសចេញចូលស្រួល។ ខ្ញុំចូលចិត្តរើសកន្លែងអង្គុយ ដែលគ្មានបង្អួចនៅជិត ព្រោះខ្ញុំជាមនុស្សចាញ់អាកាសធាតុណាស់។ ខ្ញុំអាចនឹងគ្រុនផ្តាសាយបានយ៉ាងងាយ ប្រសិនបើខ្ញុំអង្គុយនៅមាត់បង្អួច ដែលស្ថិតនៅក្នុងរដូវមានភ្លៀង ឬរដូវធ្លាក់ខ្យល់រងារ។ តុដែលខ្ញុំជ្រើសរើសសម្រាប់អង្គុយអាន ភាគច្រើននៅកៀនជ្រុងទូសៀវភៅដែលងងឹតៗ មិនសូវមានមនុស្សដើរឆ្លងកាត់ច្រើន។ ក្នុងរយៈពេលជាងមួយម៉ោង មុននឹងចូលរៀនពេលរសៀល ខ្ញុំចូលចិត្តអង្គុយអានរឿងខ្លីៗ និងប្រលោមលោកផ្សេងៗ ដែលសុទ្ធសឹងជារឿងធ្លាប់អានអស់ជាច្រើនចប់ទៅហើយ។ ខ្ញុំអានវាច្រំដែលៗ មួយចប់ហើយមួយចប់ទៀត ឬបើមិនអាន ក៏ខ្ញុំទ្រាំអង្គុយងោកផ្ងក់ៗ ដើម្បីស៊ីពេលវេលាឲ្យអស់ទៅទទេៗដែរ។

មានថ្ងៃមួយនោះ  នៅពេលបិទភ្នែកមួយស្រឡេត ខ្ញុំក៏ចាប់ផ្តើមសាកល្បងគិតទៅដល់រូបរាងទូរស័ព្ទដែលខ្លួនឯងប្រាថ្នាចង់បាន។ ប្រសិនបើខ្ញុំមានសិទ្ធិ អាចទិញទូរស័ព្ទប្រើដូចអ្នកដទៃ តើខ្ញុំគួរយកបែបណាល្អ?… មួយរយៈនេះ ខ្ញុំគិតដល់រឿងដដែលៗនេះ ញឹកញាប់ណាស់។ តែវាក៏មិនបានសាងភាពក្តៅក្រហាយដល់នរណាដែរ ព្រោះវាគ្រាន់តែជាការស្រមើស្រមៃផ្ទាល់ខ្លួន របស់ខ្ញុំប៉ុណ្ណោះ។ ក្រៅពីនោះ អ្វីៗក៏ដំណើរការទៅតាមមនោគតិរបស់ខ្ញុំទាំងអស់។ ខ្ញុំមិនចាំបាច់ខ្វាយខ្វល់ឡើយថានឹងមានភាពខុសប្រក្រតីណាមួយកើតឡើងទេ។

«យកពណ៌សល្អជាង! ទំហំតូចល្មមបានហើយ។ ឯរូបរាងនិងផ្ទៃខាងក្រៅ គួរតែរាបស្មើ ហើយភ្លឺរលោងស្អាតទើបល្អ…»

ខ្ញុំស្រាប់តែចាប់ផ្តើមមានក្តីសុខ នឹងភាពរវើរវាយឃើញទូរស័ព្ទដៃ ដែលខ្លួនចង់បាន រហូតពេលខ្លះអត់ទ្រាំញញឹមម្នាក់ឯងមិនបាន។ ការប្រើមនោរម្មណ៍បែបនេះ មានភាពសំខាន់ខ្លាំងណាស់ចំពោះជីវិតខ្ញុំ។

ជារៀងរាល់ថ្ងៃ ពេលផុតម៉ោងរៀន ខ្ញុំតែងតែបាត់ខ្លួនពីក្នុងថ្នាក់លឿនបំផុត។ មិនមែនមានន័យថា ខ្ញុំដើរលឿនជាងគេនោះទេ តែព្រោះខ្ញុំមិនបាននៅជំនុំគ្នាលេងជាមួយមិត្តភក្តិ ដូចគេឯងឯ   ទៀតៗ។ ណាមួយមកពីគ្មានអ្នកលេងជាមួយផង ទើបឲ្យតែចេញពីរៀនភ្លាម  ខ្ញុំក៏ប្រញាប់ដើរឱបដៃឈ្ងោកមុខសំដៅមកផ្ទះតែឯកឯងជារឿយៗ។

ថ្ងៃនោះ តាមផ្លូវមកផ្ទះ ខ្ញុំបានឆៀងចូលហាងលក់ទូរស័ព្ទដៃមួយកន្លែង ដើម្បីចូលយកក្រដាសឃោសនាលក់ទូរស័ព្ទថ្មីៗ ជាច្រើនសន្លឹកត្រឡប់មកផ្ទះជាមួយផង។ តាមផ្លូវលើរថយន្តក្រុង ខ្ញុំគិតតែពីផ្តោតអារម្មណ៍សម្លឹងមើលទូរស័ព្ទថ្មីៗទំនើបៗ លើផ្ទាំងក្រដាសទំាំងនោះដោយមិនដាក់ភ្នែក។ សំនួនឃោសនាពីរោះៗ ដែលអធិប្បាយទាក់ទាញអតិថិជន ធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយរវល់តែភ្លើតភ្លើន ដិតអារម្មណ៍នឹងភាពទាន់សម័យរបស់ទូរស័ព្ទទាំងនោះ ខ្ញុំអង្គុយរហូតភ្លេចខ្លួនទៅហើយថា ឡានក្រុងបានរត់មកដល់គោលដៅ ដែលខ្ញុំត្រូវចុះទៅហើយ។ តាមផ្លូវទៅកាន់ផ្ទះខ្ញុំ ត្រូវឆ្លងកាត់សួនកុមារសាធារណៈមួយ ដែលជាទូទៅពេលល្ងាចដូច្នេះ តែងមានក្មេងៗមកលេងកម្សាន្តនៅទីនេះយ៉ាងកុះករមិនសូវដាច់។ ប៉ុន្តែដោយមុននេះភ្លៀងទើបតែធ្លាក់ហើយថ្មីៗ ហើយដីក៏នៅមិនទាន់បាត់សើមទៀតនោះ ទើបសភាពស្ងាត់ជ្រងំ បានចូលមកគ្របដណ្តប់សួនទាំងមូល ឲ្យនៅកណ្តោចកណ្តែងតែម្នាក់ឯង។ ក្រៅពីសូរសម្រឹបជើងរបស់ខ្ញុំ គ្មានឮសំឡេងអ្វីទៀតទេ ប៉ុន្តែភ្លាមនោះ…

«ទីត!… ទីត!… ទីត!… ទីត!…»

សំឡេងទូរស័ព្ទមួយបានរោទ៍ឡើង។ តើជារបស់នរណា? របស់ខ្ញុំ? ទេ! មិនមែនទេ ទោះបីទីនេះមានតែខ្ញុំម្នាក់ឯងក៏ដោយ។ ដំណើរខ្ញុំបានផ្អាក សូរសម្រឹបជើងខ្ញុំក៏បាត់ឮ។ ប៉ុន្តែសំឡេងទូរស័ព្ទនោះ នៅតែលាន់ឮឥតឈប់។ ខ្ញុំក៏សម្រេចចិត្តដើររកប្រភពសំឡេង។

«ឃើញហើយ!!! អ្ហ៎ា!… ទូរស័ព្ទដែលខ្ញុំតែងស្រមៃចង់បាន!!»

ខ្ញុំប្រទះឃើញទូរស័ព្ទមួយ កំពុងរោទ៍ចោលគ្មានអ្នកលើក នៅក្បែរបង្គោលទោងក្មេងលេង។ ទូរស័ព្ទនោះរាងតូចច្រឡឹងសស្អាត ដូចគ្រប់យ៉ាងនឹងទូរស័ព្ទដែលខ្ញុំតែងលួចប្រាថ្នាចង់ប្រើ។

«គួរឲ្យស្រឡាញ់ណាស់! នរណាហ្ន៎… ធ្វើឲ្យជ្រុះ?»

ខ្ញុំគិតនៅក្នុងចិត្ត នៅពេលរើសវាមកមើល។ ទម្ងន់វាស្រាលល្មមខ្ញុំប្រើបាន។ ប៉ុន្តែនៅពេលខ្ញុំចាប់វាបើកបម្រុងចុចទទួល ខ្ញុំក៏ដឹងថា វាគ្រាន់តែជារបស់ក្មេងលេងប៉ុណ្ណោះ។ នៅពេលមើលគ្រប់ទិសទី មិនឃើញមាននរណានៅក្បែរនោះ ដែលសម្គាល់ថាជាម្ចាស់របស់ទូរស័ព្ទនេះ ខ្ញុំក៏រើសយកវាមកទុក។

ប៉ានិងម៉ាក់តែងត្រឡប់មកផ្ទះយប់ៗរាល់ថ្ងៃ ហើយខ្ញុំក៏ជាកូនទោលតែម្នាក់ ដូច្នេះពេលបើកទ្វារចូលដល់ក្នុងផ្ទះកាលណា ភាពឯកាកណ្តោចកណ្តែងតែងនៅរង់ចាំខ្ញុំជានិច្ច។ ខ្ញុំដើរសំដៅទៅបន្ទប់ផ្ទាល់ខ្លួន ហើយទុកទូរស័ព្ទជ័រនោះនៅលើតុ។ នៅពេលផ្តោតភ្នែកមើលទៅកូនទូរស័ព្ទនោះ  ខ្ញុំក៏នឹកស្រមៃទៅដល់ទូរស័ព្ទដែលខ្លួនចង់បាន ដូចពេលធ្វើនៅក្នុងបណ្ណាល័យ។ ខ្ញុំសាកល្បងប្រើមនោគតិឲ្យទូរស័ព្ទដែលនិម្មិតឃើញនោះ ដូចរបស់ពិតគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន។ ទូរស័ព្ទនោះហាក់ដូចជាកំពុងស្ថិតនៅនឹងមុខខ្ញុំ។ វាជាទូរស័ព្ទដៃខ្នាតតូច លើអេក្រង់មាននាឡិកាឌីជីថលប្រាប់ម៉ោងដូចទូរស័ព្ទពិតៗគ្រប់ប្រការ ហើយថែមទាំងមានភ្លើងពណ៌ខៀវលេចឡើងលើផ្ទៃអេក្រង់ សម្រាប់ទុកមើលពេលនៅទីងងឹតទៀតផង។ ខ្ញុំចុចយកភ្លេងហៅចូល ជាភ្លេងក្នុងសម័យសង្គមចាស់  ដ៏ល្បីល្បាញ ប្រកបដោយទំនុកយ៉ាងពីរោះរណ្តំ។ សំឡេងម៉ាក់ទើបតែត្រឡប់មកពីធ្វើការ បានដាស់អារម្មណ៍ខ្ញុំឲ្យត្រឡប់ចូលពិភពពិតវិញ។ ទូរស័ព្ទកូនក្មេងដែលខ្ញុំទើបតែរើសបាននោះ មិនដឹងជារត់មកស្ថិតនៅក្នុងដៃខ្ញុំ តាំងពីថ្មើរណា? មុននេះ ខ្ញុំទុកវានៅលើតុសោះ ហេតុអ្វីពេលនេះវាមកនៅក្នុងដៃខ្ញុំទៅវិញ? ចម្លែកណាស់! តើខ្ញុំយកវាមកកាន់លេងតាំងពីពេលណា??? …នៅពេលលើកដៃមើលនាឡិកា ទើបដឹងថា ខ្ញុំរវល់នឹងការស្រមើស្រមៃអំពីរឿងទូរស័ព្ទ អស់រយៈពេលពីរម៉ោងដោយមិនដឹងខ្លួន។

ចាប់តាំងពីថ្ងៃនោះមក ខ្ញុំប្រើមនោគតិគិតទៅដល់ ទូរស័ព្ទដៃរបស់ខ្ញុំគ្រប់ពេលវេលា មិនថាជាពេលរៀន ឬពេលសម្រាកញ៉ាំបាយនោះទេ។ វាជាទូរស័ព្ទដៃខ្នាតតូចពណ៌ស រូបរាងច្រឡឹងស្រស់ស្អាត ផ្ទៃខាងក្រៅរលោងភ្លឺ បើបានសាកចាប់កាន់មើលនឹងដឹងថា ទម្ងន់ស្រាលហួសពីការស្មាន ហើយថែមទាំងងាយកាន់ថ្នឹកដៃទៀតផង។ ប៉ុន្តែទោះបីជាខ្ញុំឃើញស្តែងនឹងភ្នែកបែបនេះក៏ដោយ ក៏វានៅតែជា ទូរស័ព្ទដែលនិម្មិតឃើញក្នុងអារម្មណ៍ដដែល។ ខ្ញុំមិនអាចចាប់កាន់វា យកមកប្រើទាក់ទងគ្នា ដូចរបស់ពិតបានឡើយ។ នេះគ្រាន់តែជាការគិតមួយប៉ុណ្ណោះ… ប៉ុន្តែបើខ្ញុំសាកល្បង លូកដៃទៅកាន់ទូរស័ព្ទ ដែលស្ថិតនៅក្នុងមនោគតិនោះសាកមើល តើខ្ញុំនឹងទទួលអារម្មណ៍យ៉ាងណា?

នៅទីបំផុត ខ្ញុំក៏ចាប់ផ្តើមទទួលអារម្មណ៍ថា ទូរស័ព្ទមួយគ្រឿងនោះ ស្ថិតនៅក្នុងប្រអប់ក្បាលរបស់ខ្ញុំគ្រប់ពេល មិនថាពេលដេកលក់ ឬភ្ញាក់ទេ។ ថ្វីបើភ្នែកកំពុងសម្លឹងមើលរបស់ផ្សេង តែរូបភាពនៅក្នុងចិត្ត នៅដិតជាប់ជារូបទូរស័ព្ទពណ៌សនោះដដែល។ ខ្ញុំផ្ទាល់ក៏ប្រាប់មិនត្រូវដូចគ្នា ថាខ្លួនឯងចាប់ផ្តើមមានអារម្មណ៍ មើលឃើញទូរស័ព្ទមួយគ្រឿងនោះ មានរូបរាងច្បាស់ឡើងៗតាំងពីពេលណាមកដែរ។ សង្ស័យនៅពេលរើសបានទូរស័ព្ទមួយនោះទេដឹង? ព្រោះវាដូចគ្នាខ្លាំងណាស់ទៅនឹងទូរស័ព្ទដែលខ្ញុំនឹកស្រមៃរាល់ថ្ងៃ។ គ្រាន់តែថាវាប្រើមិនបានដូចទូរស័ព្ទរបស់គេរាល់គ្នាតែប៉ុណ្ណោះ។

តាមធម្មតាខ្ញុំចូលចិត្តនៅម្នាក់ឯង ស្ទើរតែគ្រប់ពេលវេលាទៅហើយ ដែលជាហេតុបង្កឲ្យខ្ញុំងាយស្រួលក្នុងការមមៃមើលទូរស័ព្ទ ដែលខ្លួនឯងនិម្មិតឡើងដោយគ្មាននរណាមករំខាន។ ខ្ញុំអត់ទ្រាំសប្បាយចិត្តមិនបានគ្រប់ពេល កាលបើគិតថា វាជាទូរស័ព្ទរបស់ខ្ញុំតែម្នាក់គត់ ហើយថែមទាំងជាស៊េរី ដែលគ្មាននរណាមានដូចទាំងអស់។ ខ្ញុំស្ទាបអង្អែលផ្ទៃរលោងខាងក្រៅរបស់វា ច្រើនលើកច្រើនសានៅក្នុងមនោរម្មណ៍… ថ្មមានគ្រប់គ្រាន់មិនចាំបាច់សាក អេក្រង់ភ្លឺរហូតមិនចាំបាច់យកដៃទៅចុចនាំតែ   ប្រលាក់ ចំណែកចលនាលេខនាឡិកា ក៏នៅធ្វើការជាប់ជានិច្ច ហើយដើរយ៉ាងទៀងទាត់ពេលវេលា។ នៅក្នុងខួរក្បាលរបស់ខ្ញុំ ទូរស័ព្ទមួយគ្រឿងនេះ ហាក់ដូចជារបស់ពិតខ្លាំងណាស់ រហូតខ្ញុំលែងនឹកគិតទៀតថា វាគ្រាន់តែជារបស់ដែលនិម្មិតឡើងមកប៉ុណ្ណោះ។

ព្រឹកថ្ងៃមួយ នៅក្នុងខែតុលា…

ថ្ងៃនោះ អាកាសធាតុត្រជាក់ស្រឹប ទិដ្ឋភាពនៅខាងក្រៅបង្អួចស្ងប់ស្ងាត់ ផ្ទៃមេឃស្រទុំគ្មាន    ពន្លឺ។ ថ្ងៃដែលមេឃអាប់រស្មីមួយថ្ងៃទៀត កំពុងនឹងរំកិលខ្លួនមកដល់ហើយ។ សំឡេងទូរស័ព្ទរោទ៍បានដាស់ខ្ញុំឲ្យភ្ញាក់ងើបចេញពីគ្រែ។ ខ្ញុំប្រញាប់ប្រញាល់រកមើលប្រភពទូរស័ព្ទ ដែលរោទ៍នោះ។ នៅលើតុទូរស័ព្ទសតូចច្រឡឹងមួយ កំពុងរោទ៍បញ្ចេញភ្លើងហ្វាភ្លឹបភ្លែតៗ។ រំពេចនោះនាឡិការោទ៍ក៏លាន់ឮ   ដែរ។ ខ្ញុំប្រញាប់បិទវាភ្លាមៗ ដើម្បីកុំឲ្យប្រជែងរោទ៍នឹងសំឡេងទូរស័ព្ទ។ ស្រាប់តែសំឡេងនាឡិកាស្ងាត់ សំឡេងទូរស័ព្ទក៏ដាច់ដែរ។ ខ្ញុំក្រឡេកមើលទៅលើតុ ទូរស័ព្ទនោះស្រាប់តែបាត់ទៅណាក៏មិន       ដឹង។ ឬមួយខ្ញុំច្រឡំសំឡេងនាឡិការោទ៍ ថាជាសំឡេងទូរស័ព្ទ? បើដូច្នោះមែន តើទូរស័ព្ទដែលខ្ញុំរើសបាននោះ បាត់ទៅណាដែរ?…

ខ្ញុំប្រញាប់រៀបចំខ្លួនងូតទឹកស្លៀកពាក់ ទាំងនៅមមើមមាយ លក់ពាក់កណ្តាលភ្ញាក់ពាក់        កណ្តាល។ អាកាសធាតុនៅក្នុងបន្ទប់ ត្រជាក់ស្រេបដូចទឹកកក រហូតមានចំហាយពណ៌សអណ្តែតចេញមកភាយៗជាមួយខ្យល់ដង្ហើម។ ខណៈដែលរាងកាយញ័រចំប្រប់ ដោយសារភាពរងារនេះ ខ្ញុំក៏ព្យាយាមរាវរកមើលទូរស័ព្ទ តាមគំនរសៀវភៅក្បែរៗគ្រែទាំងសងខាងផងដែរ។ លុះដល់ពេលត្រូវចុះទៅញ៉ាំអាហារនៅខាងក្រោម ខ្ញុំក៏នៅតែរកទូរស័ព្ទដៃនោះមិនឃើញដដែល។

មានសំឡេងជើងរបស់នរណាម្នាក់ កំពុងឡើងជណ្តើរដើរមក។ ខ្ញុំដឹងថាជាសំឡេងជើងរបស់អ្នកម៉ាក់។

«ចិន្តនា! ព្រឹកហើយណាកូន ភ្ញាក់ឡើង?»

«ច៎ាស… បន្តិចទៀតកូននឹងចុះទៅហើយ! កូនកំពុងរកទូរស័ព្ទណាម៉ាក់ មិនដឹងថាកូនភ្លេចដៃទុកនៅឯណាទេ រកមិនឃើញសោះ…» ខ្ញុំតបទៅម៉ាក់ នៅពេលគាត់គោះទ្វារបន្ទប់ហៅ។

«អ្ហ៎ា!???… កូនទិញទូរស័ព្ទតាំងពីពេលណា ម៉េចក៏ម៉ាក់មិនដឹងសោះអ៊ីចឹង?» សំឡេងបង្កប់ភាពសង្ស័យរបស់ម៉ាក់ បានដាស់សតិរបស់ខ្ញុំ ដែលមិនទាន់ភ្ញាក់ឲ្យភ្លឺស្វាងដូចថ្ងៃរះ។

មែនហើយ! តើខ្ញុំកំពុងរកអ្វី!???… តើខ្ញុំបានទូរស័ព្ទមកពីណា? ខ្ញុំភ្លេចឲ្យឈឹងទៅហើយថា ទូរស័ព្ទដែលខ្ញុំកំពុងរកនោះ គ្រាន់តែជារបស់ដែលនិម្មិតឃើញ តាមការរវើរវាយប៉ុណ្ណោះ។ ធាតុពិតខ្ញុំគ្មានទូរស័ព្ទប្រើទេ! ចុះទូរស័ព្ទដែលខ្ញុំរើសបាននោះ? អម្បាញ់មិញខ្ញុំឃើញវារោទ៍ច្បាស់ណាស់ គឺ      រោទ៍នៅលើតុដាក់សៀវភៅនេះ! ចុះឥឡូវបាត់ទៅណាហើយ? ឬមួយហេតុការណ៍ដែលខ្ញុំរើសបានទូរស័ព្ទនោះ ក៏គ្រាន់តែជាការស្រមើស្រមៃដែរ???

ខ្ញុំមិនមែនជាមនុស្សពូកែភ្លេចទេ តែមិនដឹងថាដោយសារហេតុផលអ្វី ទើបធ្វើឲ្យរឿងរ៉ាវបែបនេះកើតឡើងចំពោះខ្ញុំបាន។ មិនតែប៉ុណ្ណោះ នៅល្ងាចថ្ងៃដដែលនោះ ស្រាប់តែមានរឿងស្រដៀងគ្នានេះកើតឡើងម្តងទៀត…

«ចិន្តនា! ថ្ងៃនេះ កូនមិនពាក់នាឡិកាទៅរៀនទេ? ចុះពេលឈរចាំឡានក្រុងម្តងៗ មិនពិបាកស្លាប់ហើយកូន?» ប៉ាម៉ាក់សួរខ្ញុំភ្លាមៗ ពេលពួកគាត់ត្រឡប់មកពីធ្វើការវិញ។

«ច៎ាស! ថ្ងៃនេះកូនភ្លេចពាក់ទៅមែន!???» ខ្ញុំឧទានឡើង បែបតបបន្តិចសួរបន្តិច។

ខ្ញុំស្ទាបកដៃមើល… នាឡិកាខ្ញុំមិនបានពាក់ទៅទេ ប៉ុន្តែពេញមួយថ្ងៃនេះ ខ្ញុំបែរជាមិនបានខ្វាយខ្វល់សូម្បីបន្តិចពីរឿងពេលវេលា។ គួរឲ្យចម្លែកណាស់ដែរ… ព្រោះខ្ញុំហាក់ដូចជាគ្មានការពិបាកអ្វីទាំងអស់ អំពីម៉ោងពេលចាំឡានក្រុង ឬម៉ោងពេលចេញចូលរៀន។ ហេតុអ្វីហ្ន៎?… ខ្ញុំនឹកសង្ស័យ        ភ្លាមៗ។ តែមួយដង្ហើមបន្ទាប់មក ខ្ញុំក៏បានចម្លើយ។ គឺព្រោះខ្ញុំមើលម៉ោងតាមអេក្រង់ទូរស័ព្ទ នៅក្នុងមនោគតិរបស់ខ្ញុំនោះអី! ខណៈដែលកំពុងភាន់ភាំងនោះ  ខ្ញុំក៏សាកល្បងពិនិត្យមើលម៉ោងតាមទូរស័ព្ទដៃនោះម្តងទៀត។ តើឧបករណ៍ដែលត្រូវបានសាងឡើងមកដោយកម្លាំងមនោមយិទ្ធិ អាចនឹងប្រាប់ពេលវេលា បានត្រឹមត្រូវទេ? នៅលើអេក្រង់ទូរស័ព្ទបានបង្ហាញលេខម៉ោង [8:12] នាទីយប់ យ៉ាងច្បាស់ក្រឡែត។ នៅពេលខ្ញុំងាកទៅមើលនាឡិកា ដែលជារបស់ពិតព្យួរនៅលើជញ្ជាំង ទ្រនិចក៏កំពុងវាត់មកចំម៉ោង [8:12] នាទីល្មម។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបសាកល្បងប្រើម្រាមដៃក្នុងមនោគតិ ចុចប៊ូតុងលើផ្ទៃរលោងរបស់ទូរស័ព្ទនៅក្នុងក្បាលសាកមើល។ សំឡេងលាន់ទីត!!… ទីតៗៗ!… ឮរណ្តំខ្សាវៗនៅក្នុងក្បាលរបស់ខ្ញុំ ហើយវានៅតែបន្តបង្អូសសំឡេងវែងៗ ឆ្ងាយទៅៗ រហូតលែងឮអ្វីសោះ…

***

នៅលើរថយន្តក្រុងតាមផ្លូវត្រឡប់មកផ្ទះ មានសំឡេងទូរស័ព្ទរបស់នរណាម្នាក់ លាន់ឮឡើង។ សំឡេងនោះស្រដៀងគ្នា នឹងសំឡេងនាឡិការោទ៍។ ក្មេងប្រុសម្នាក់ដែលអង្គុយនៅខាងមុខខ្ញុំ ប្រញាប់រាវរកប្រភពសំឡេងនៅក្នុងកាតាបរបស់ខ្លួន។ នៅពេលប្រទះដៃនឹងរបស់ផ្ទុកសំឡេងនោះហើយ គេក៏យកវាមកចុច ហើយដាក់ក្បែរត្រចៀកនិយាយ។ នៅខាងក្រៅរថយន្ត ភ្លៀងធ្លាក់ខ្ជោកៗដូចគេចាក់    ទឹក។ សរសៃទឹកភ្លៀងពណ៌ប្រាក់ ស្រក់បន្តគ្នាបង្កើតបានជាចំហាយអ័ព្ទពណ៌សក្បុស ដែលមិនអាចឲ្យអ្នកដែលជិះក្នុងរថយន្ត មើលឃើញទិដ្ឋភាពខាងក្រៅបាន។ ខ្ញុំសម្លឹងមើលទៅអ្នកជិះជុំវិញខ្លួនយ៉ាងអណ្តែតអណ្តូង ហើយគិតរវើរវាយបណ្តើរ។ អ្នកធ្វើដំណើរនៅក្នុងរថយន្ត ក្រៅពីរូបខ្ញុំ និងក្មេងប្រុសម្នាក់នោះ  មានត្រឹមតែអ៊ំស្រីចំណាស់ម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងអង្គុយឱបកន្ត្រកដាក់ឥវ៉ាន់នៅកៅអីខាងក្រោយ។ គាត់ធ្វើមុខធុញទ្រាន់មើលទៅក្មេងប្រុស ដែលកំពុងនិយាយទូរស័ព្ទ។ ខ្ញុំមានអារម្មណ៍វិលវល់ស្មុគស្មាញណាស់ ជាមួយនឹងសុជីវធម៌ ក្នុងការប្រើទូរស័ព្ទនៅតាមទីសាធារណៈ។ មិនថានៅលើរថយន្តក្រុង ឬនៅតាមហាងលក់ទំនិញផ្សេងៗទេ ការប្រើសំឡេងខ្លាំងហួសកម្រិត ក្នុងការនិយាយទូរស័ព្ទ នឹងក្លាយជាការរំខានដល់អ្នកដទៃ។ តែស្របពេលនឹងការគិតឃើញបែបនេះ  គំនិតមួយទៀតក៏នឹកឃើញភ្លាមៗថា ខ្លួនឯងធ្លាប់ដេកយល់សប្តិចង់ធ្វើទង្វើបែបនេះ មកយូរណាស់ហើយ។ ខ្ញុំគិតរហូតដេកលង់លក់អស់មួយស្រឡេត ព្រោះអាកាសធាតុនៅក្នុងរថយន្ត ត្រជាក់ស្រួលពេក។ បន្ទាប់មកក៏មានសំឡេងទូរស័ព្ទលាន់ឡើងទៀត។ ដំបូងខ្ញុំគិតថាប្រហែលជាសំឡេងទូរស័ព្ទរបស់ក្មេងប្រុសនោះទៀតហើយ ទើបខ្ញុំមិនចាប់អារម្មណ៍ហើយបិទភ្នែកសម្ងំដេកបន្ត។ តែមិនទាន់បានប៉ុន្មាននាទីផង ខ្ញុំបែរជាមកចាប់អារម្មណ៍នឹងសំឡេងទូរស័ព្ទនោះវិញ។ អារម្មណ៍ងោកងុយទាំងប៉ុន្មានក៏រលាយបាត់អស់… ទ្រនិចនាឡិកាលើដៃខ្ញុំចង្អុលម៉ោង [4:50] នាទី។

សំឡេងទូរស័ព្ទដែលឮឡើងលើកនេះ ខុសប្លែកពីសំឡេងទូរស័ព្ទដែលឮនៅគ្រាមុន។ វាមានទំនុកភ្លេងពីរោះទន់ភ្លន់ ហើយផ្អែមល្ហែមរកថាមិនត្រូវ។ គឺជាបទចម្រៀងពីសម័យសង្គមចាស់ ដែលដកស្រង់ចេញពីខ្សែភាពយន្តដ៏ល្បីល្បាញមួយ ហើយដែលខ្ញុំនៅចាំបានថាធ្លាប់បានឮពីមុនមក។ មែនហើយ!… គឺជាបទចម្រៀងតែមួយ ដែលខ្ញុំបានរក្សាទុកនៅក្នុងទូរស័ព្ទ ដែលខ្ញុំបានស្រមើស្រមៃឡើងនោះឯង។ ចម្លែកណាស់!… វាគឺជាសំឡេងហៅចូល ដែលមានក្នុងទូរស័ព្ទនិម្មិតរបស់ខ្ញុំតើ! ម៉េចក៏…???

«ទូរស័ព្ទនរណាគេអ៊ីចែស???…»

ខ្ញុំសម្លឹងរកមើលមនុស្សនៅក្នុងរថយន្ត ដែលគួរតែមានទូរស័ព្ទប្រើ។ តៃកុងឡាន ក្មេងប្រុស អ៊ំស្រី… ក្រៅពីរូបខ្ញុំហើយ នៅក្នុងរថយន្តមានគ្នាត្រឹមតែបីនាក់នេះប៉ុណ្ណោះ។ តែមើលទៅពួកគេហាក់ដូចជាគ្មាននរណាម្នាក់ កម្រើកខ្លួន ឬធ្វើកាយវិការធុញទ្រាន់នឹងសំឡេងរំខាន ដែលកំពុងលាន់ឮរងំ មិនដាច់សូរនេះសោះ។

«លោកអ៊ំមានឮសំឡេងទូរស័ព្ទរោទ៍ទេ?» ខ្ញុំងាកទៅសួរអ៊ំស្រី ដែលអង្គុយនៅកៅអីខាងក្រោយ ។

«អត់ទេមីនាង…»

មិនអាចទៅរួចទេ ដែលថាពួកគេមិនបានឮ សំឡេងទូរស័ព្ទនេះ។ ខ្ញុំនឹកប្លែកក្នុងចិត្តយ៉ាងខ្លាំង ហើយជាមួយគ្នានោះ អារម្មណ៍មិនស្រួលក៏លេចប្រាកដឡើង។ ខ្ញុំចាប់ផ្តើមនឹកពិភាល់ក្នុងចិត្តភ្លាមៗ… ខ្ញុំមិនដឹងខ្លួនសោះថា ខ្លួនឯងយកដៃទៅចាប់ឱបកាតាបយ៉ាងណែន ដោយក្តីភ័យខ្លាចតាំងពីពេលណាមកទេ។ លុះត្រាតែចង្កោមសោ រូបបន្តោងដូរេម៉ុនដែលព្យួរភ្ជាប់នឹងកាតាប ប៉ះទង្គិចគ្នាលាន់ ក្រិកក្រកៗ… ទើបខ្ញុំភ្ញាក់ស្មារតីដឹងខ្លួន។

ខ្ញុំចាប់ផ្តើមពិនិត្យមើលទូរស័ព្ទដៃ នៅក្នុងមនោគតិរបស់ខ្លួន ដោយសេចក្តីហ៊ានផងខ្លាចផង លាយឡំគ្នា។ ដូចដែលខ្ញុំបានគិតទុកមែន! ទូរស័ព្ទដៃពណ៌សដែលខ្ញុំបាននិម្មិតឡើង មើលទៅហាក់ដូចជាកំពុងទទួលសញ្ញាហៅចូល ហើយបន្តបញ្ជូនសំឡេងរោទ៍មកក្នុងក្បាលរបស់ខ្ញុំ ដើម្បីតឿនប្រាប់ឲ្យដឹងថា មានគេកំពុងទូរស័ព្ទចូលមកហើយ!!!

***

សូមរង់ចាំអានវគ្គបន្ត!

Read Full Post »


អច្ឆរា​មិន​បាន​មក​សាកល​វិទ្យាល័យ​មួយ​សប្តាហ៍​ហើយ។

ព្រឹក​ថ្ងៃ​នោះ​ពេល​ដឹង​ខ្លួន​​រលីវ​ៗ​​ ឆ្ងល់​​ថា​ហេតុ​អ្វី​បាន​ជា​មិន​ព្រម​ភ្ញាក់​?​ លុះ​ពេល​ដឹង​ខ្លួន​ក្រោក​ឡើង​ក៏​ឃើញ​ថា ​វាំង​នន​នៅ​បិទ​ជិត​ដដែល។ វិនាទី​​ដំបូងដែល​ដឹង​ដូច្នោះ ខ្ញុំ​ស្រាប់​តែ​​កើត​មាន​ប្រផ្នូល​​មួយ​យ៉ាង​សោក​សៅ​។

ខ្ញុំ​ក្រោក​ចេញ​ពី​កន្លែង​ដេក ​ហើយ​ដើរ​រក​ជុំ​វិញ​ផ្ទះ។ បាត​ជើង​ទទេ ​ប៉ះ​នឹង​ផ្ទៃ​ក្តារ​​​​ត្រជាក់​ ជ្រាប​ដល់​​បេះ​ដូង។ នៅ​ក្នុង​ផ្ទះ​មាន​សភាព​ស្ងាត់​ជ្រងំ​ ឮ​តែ​សំឡេង​ថ្ងូរ​​​តិច​ៗ​របស់​ទូ​ទឹក​កក។

ស្ងាត់​​ៗ​សំឡេង​របស់​ឆ្មា​ក៏​លាន់​ឡើង​។ សំឡេងនោះ​​ស្តាប់​មើល​​ទៅ​ ហាក់​ដូច​ជា​​ភ័យ​ខ្លាច ​​​និង​​ខ្វល់​​​ខ្វាយ​ដូច​កូន​ឆ្មា​ព្រាត់​មេ។ លុះ​បាន​ឮ​សំឡេង​យំ​សោកសង្រេងរបស់​​ឆ្មា ខ្ញុំ​ក៏​ដឹង​ភ្លាម​ៗ​ថា ភូមរី​​មិន​បាន​នៅ​ទីនេះ​ទៀត​ទេ។

​ឆ្មា​រក​ភូមរី​មិន​ឃើញ​ ទើប​បាន​ជា​​ព្យាយាម​ស្រែក​យំ​រក​នាង។ ចំពោះ​​​ឆ្មា ថ្ងៃ​នេះ​ប្រហែល​ជា​ថ្ងៃ​ដំបូង​​ហើយ​ ដែល​វា​​ឃ្លាត​ឆ្ងាយ​​ពី​ម្ចាស់​សំណព្វ​ចិត្ត​។

ខ្ញុំ​អង្គុយ​ចុះ​លើ​កៅ​អីក្បែរ​តុ ដែល​​ភូមរី​ធ្លាប់​អង្គុយ​ស្តាប់​វិទ្យុ ក្នុង​​ពេល​កណ្តាល​អធ្រាត្រ។ ខ្ញុំ​អង្គុយ​​គិត​រឿងរ៉ាវ​​របស់​ភូមរី​ត​ទៅ​ទៀត​យ៉ាង​​យូរ​សែន​យូរ។

ខ្ញុំ​ដឹង​​ជាមុន​​ហើយ​ថា​ ថ្ងៃ​​នេះ​នឹង​មក​ដល់​​នៅ​ថ្ងៃ​ណា​មួយ និង​បាន​​រំពឹង​ទុក​រួច​ទៀត​​ថា ​​នៅ​ពេល​ថ្ងៃ​នេះ​​មក​ដល់ ខ្ញុំ​នឹង​ត្រូវ​អារម្មណ៍​ដែល​បាត់​បង់​អ្វី​ម្យ៉ាង​​ សម្រុក​ធ្វើ​បាប​ឲ្យ​ឈឺចុក​ចាប់​​យ៉ាង​ណា។​​ នេះ​ជា​ហេតុ​ផល​មួយ​ដែល​ខ្ញុំ​មិន​ចង់​ស្គាល់​នរណា​។ ស្គាល់​​មនុស្ស​ម្នាក់ ​ពិត​ជា​ចុក​ចាប់​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​។

ខ្ញុំ​ដឹង​ហើយ! គឺ​គ្មាន​អ្វី​ក្រៅ​ពី​ត្រឡប់​​ទៅរក​​ចំណុច​ចាប់​ផ្តើម​ចាស់​នោះទេ។ ខ្ញុំ​នឹង​បិទ​បង្អួច​ឲ្យ​ជិត​ ហើយ​ឃាំង​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់ ដែល​ប្រដូច​បាន​នឹងមឈូស​បួន​ជ្រុង។ គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​ទៅ​តាម​ការ​តាំង​ចិត្ត​ពី​ដំបូងរបស់ខ្ញុំ។

​តែ​បើ​ខ្ញុំ​​ពិត​ជា​ធ្វើ​បែប​នោះមែន ចាំ​បាច់​អី​​​ត្រូវ​មក​អង្គុយ​សោក​សៅ​បែប​នេះ!

សម្ព័ន្ធភាព​​ និងចំណង​ទាក់​ទង​​​គ្នា ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​យ៉ាង​នេះ​ឯង។ បើ​មិន​បាន​ស្គាល់​​នរណា​ ក៏​គ្មាន​កា​រ​ច្រណែន​ឈ្នានីស អារម្មណ៍​​ស្អប់​ខឹង ​ស្រឡាញ់​​គុំ​គួន។ បើ​មិន​បាន​ទៅ​ស្និទ្ធស្នាល​​នឹង​អ្នក​ដទៃ​ ក៏​មិន​ចាំ​បាច់​ត្រូវ​មក​ភក្ស​រសជាតិ ​នៃ​ការ​ឈឺ​ចាប់​​ក្នុង​ពេល​បែក​គ្នាដែរ​។

ក្រោយ​ពី​ភូមរី​ត្រូវ​សម្លាប់ តើ​នាង​គិត​ដូច​ម្តេច​​​ បាន​ជាបន្ត​រស់​នៅ​តាម​ធម្មតា​ដូច​ដើម? តើ​នាង​ធ្លាប់​យំ​សោក​ស្តាយ​នឹង​វាសនា​ខ្លួន​ឯង​​ឬទេ? គិត​ដល់​រឿង​នេះ​ពេល​ណា បេះ​ដូង​របស់​ខ្ញុំ​ស្ទើរ​តែ​ប្រេះ​បែក​ខ្ទេច​ខ្ទី​ក្លាយ​ជា​សំណល់​ផេះ​ផង់។

ខ្ញុំ​ធ្លាប់​គិត​រហូត​មក​ថា បើ​អាច​បែង​ចែក​ជីវិត​ដែល​នៅ​សល់​របស់​ខ្ញុំឲ្យ​ភូមរី​បាន​ ប្រហែល​ជា​ល្អ​​។ បើ​ទោះ​ជា​ឲ្យ​នាង​ត្រឡប់​​មក​មាន​ជីវិត​រស់​នៅ​វិញ ​ហើយ​ខ្ញុំ​ត្រូវ​ស្លាប់​ជំនួស​​ក៏​​គ្មាន​បញ្ហា​អ្វី​ដែរ។ ត្រឹម​តែ​បាន​ឃើញ​នាង​និង​ឆ្មា ​រស់​នៅ​យ៉ាងមានសេចក្តីសុខ ខ្ញុំ​ក៏​មិន​ទាម​ទារ​អ្វី​​ទាំង​អស់។

ខ្ញុំ​មាន​ជីវិត​រស់​នៅ តើ​មាន​តម្លៃ​អ្វី? ហេតុ​អ្វី​ក៏​មិន​មែន​ជាខ្ញុំ? ហេតុអ្វី​ភូមរី​ត្រូវ​ស្លាប់?

យូរ​ណាស់​ដែរ ទម្រាំ​តែ​ខ្ញុំ​ងាក​ទៅ​ឃើញ​ស្រោម​សំបុត្រ​មិន​ធ្លាប់​ស្គាល់​មួយ​​ទុក​ចោល​នៅ​លើ​តុ។ ខ្ញុំ​ប្រញាប់​ស្រវា​ទាញ​មក​មើល​យ៉ាង​រហ័ស។ វា​ជា​ស្រោម​សំបុត្រ​ពណ៌​ខៀវ​ធម្មតា មាន​សរសេរ​ចារ​ខ្នង​​ជូន​​មក​ដល់​ខ្ញុំ​ ជា​អក្សរ​របស់​នារី​អ្នក​ផ្ញើ… កញ្ញា ភូមរី។

ខ្ញុំ​បើក​ស្រោម​សំបុត្រ ​ដោយ​ដៃញ័រ​ទទ្រើក។ នៅ​ខាង​ក្នុង​មាន​រូប​ថត​មួយ​សន្លឹក​ ​និង​ក្រដាស​      ​សំបុត្រ។

រូប​ថត​នោះ​ គឺ​ជា​រូប​ខ្ញុំ ​និង​​ឆ្មា ដែល​ដេក​ជាមួយ​គ្នា។​ ទឹក​មុខខ្ញុំ​នៅ​ក្នុងរូប ​មើល​ទៅ​កក់​ក្តៅ​មាន សេចក្តី​ស្ងប់​សុខ​ខ្លាំង​បំផុត ​តាំង​ពី​ខ្ញុំ​មាន​ជីវិត​រស់​នៅរហូត​មក​ដល់​ពេលនេះ។ ជាផ្ទៃ​មុខ​ដែល​មិន​ធ្លាប់​ឆ្លុះ​ឃើញ​នៅ​ក្នុង​​កញ្ចក់ ​ព្រោះ​ជា​រូប​ភាពមុខ​មាត់​ខ្ញុំ​ដែល​មើល​ឃើញតាម​សន្លឹក​ហ្វីល​ ពិសេស​​នៅ​ក្នុង​កែវភ្នែក​របស់ភូមរី​តែប៉ុណ្ណោះ។

ខ្ញុំ​អាន​សេចក្តី​នៅ​ក្នុងសំបុត្រ​។

 

សុំទោសដែលលួចថតរូបលោកពេលគេង​​លក់។ តែ​លោក​ដឹង​ទេ? ពេលគេងលក់​លោកធ្វើមុខគួរឲ្យស្រឡាញ់​ខ្លាំង​ណាស់​ទើបខ្ញុំ​​អត់ទ្រាំមិនបាន។

នេះគឺជាលើកដំបូង​​ហើយ ដែលខ្ញុំសរសេរសំបុត្រ​​ជូនលោកជាផ្លូវការបែបនេះ។ ខ្ញុំទទួលអារម្មណ៍ចម្លែកខ្លាំងណាស់​ព្រោះ​​សុខៗ​យើងទាំងពីរនាក់ក៏​អាចទាក់ទងគ្នាបានដោយ​​មិនដឹងខ្លួន។ ដូច្នេះហើយទើបខ្ញុំគិតថាការសរសេរសំបុត្រគង់នឹងមិនចាំបាច់​ទៀត​ទេ ព្រោះទម្រាំតែ​ដឹងខ្លួន មនុស្សពីរនាក់​ រួមនឹងសត្វ​ឆ្មាមួយក្បាល បាន​ប្រើជីវិតរស់នៅរួមគ្នាយ៉ាងស្និទ្ធស្នាលរួច​ទៅហើយ។

ប៉ុន្តែ​​ដល់ពេលដែលខ្ញុំត្រូវទៅហើយ! ទោះបីជាខ្ញុំចង់នៅក្បែរលោកនិងកូនឆ្មាជារៀងរហូត តែក៏មិនអាចទៅរួចដែរ។ សុំទោសផង!

លោកប្រហែលជាមិនដឹងខ្លួនទេថាខ្ញុំនឹកចង់អរគុណលោកខ្លាំងប៉ុណ្ណា? ទោះបីជាខ្ញុំស្លាប់ទៅហើយតែខ្ញុំក៏នៅមានសេចក្តីសុខរៀងរាល់ថ្ងៃ។ ខ្ញុំសប្បាយចិត្តពិតមែនដែលបានជួបលោក។ ចាត់ទុកថាជាសេចក្តីប្រោសមេត្តារបស់ព្រះ​អាទិទេព​ ដែលប្រទានអំណោយដ៏វិសេសនេះមកឲ្យខ្ញុំ។ អរគុណខ្លាំងណាស់ទោះបីជាយើងមិនបានចែករម្លែក​​​អ្វីដល់គ្នាច្រើន​ ត្រឹមតែបាននៅនែបនិត្យជិតកាយគ្នាប៉ុណ្ណេះក៏​​គ្រប់គ្រាន់ហើយសម្រាប់វិញ្ញាណខ្មោចដែលគ្មានញាតិសន្តានដូចខ្ញុំ។ ខ្ញុំមានសេចក្តីសុខខ្លាំងណាស់ ក្រៅពីនោះលោកក៏មិនដែលលួចមើលចូលទៅរើរុះសម្ភារៈផ្សេងៗនៅក្នុងបន្ទប់របស់ខ្ញុំដែរ។

ទីបំផុតកូនឆ្មាក៏​ត្រូវ​ស្លាប់​​យ៉ាងអាណោចអាធ័ម។ គួរឲ្យសោកស្តាយមែនទែន! ជួនកាលវាក៏​​ប្រហែលជាមិនទាន់ដឹងខ្លួនដែរថាខ្លួនឯងបានស្លាប់ទៅហើយ គឺដូចខ្ញុំក្នុងពេលដំបូងអ៊ីចឹង ហេតុដូច្នេះ​​​បានជាខ្ញុំ​​ប្តេជ្ញា​​ចិត្តប្រើជីវិត​​រស់នៅ​​​ទៅទៀតតាម​​ប្រក្រតី។

តែទោះជាយ៉ាងណាក៏ដោយ មិនយូរទៀតទេកូនឆ្មានឹងដឹងថាខ្លួនឯងបានស្លាប់ទៅហើយ ហើយវានឹងចាកចេញពីលោក​ទៀត​។ ខ្ញុំមិនចង់ឲ្យលោកខូចចិត្តខ្លាំងពេកទេ នៅពេលថ្ងៃ​​នោះមកដល់

ខ្លួនខ្ញុំក្តី​​​ កូនឆ្មាក្តីមិនធ្លាប់គិតសោះថា ខ្លួនឯងសំណាងអាក្រក់ដល់ថ្នាក់នេះ។ ពិតមែនទៅ ​​នៅលើ​​លោកនេះមានរឿងរ៉ាវច្រើនណាស់ដែលធ្វើឲ្យយើងអស់សង្ឃឹម​​។ ពេលខ្លះខ្ញុំខ្លួនឯងក៏ធ្លាប់គិតដូចគ្នាថាបើយើងមិនបានមិនបានឃើញអ្វីសោះ តើនឹងល្អយ៉ាងណាទៅ?

តែទោះបីជាដូច្នោះនៅលើលោកនេះ​​ នៅមាន​​អ្វីៗ​​ស្រស់បំព្រងជាច្រើនទៀតឲ្យយើងបានត្រេកត្រអាលរហូតពេលខ្លះ​​រំភើបទាល់តែហៀរទឹក​​ភ្នែក។ ខ្ញុំធ្លាប់ឃើញរបស់ល្អឆើតរហូតដល់ថ្នាក់រំជើបរំជួលរួចមកហើយ។ ខ្ញុំមាន​​សេចក្តីអំណរខ្លាំងណាស់ដែលខ្លួនឯងបានរស់នៅលើលោកនេះ ហើយមានការពាក់ព័ន្ធ​​ជាមួយវត្ថុ​​ផ្សេងទៀត ទោះបីជាតិចតួចក៏ដោយ។ គ្រប់ពេលដែលបានកាន់កាមេរ៉ាហើយចុចថតយករូប​​ ខ្ញុំតែងតែទទួលអារម្មណ៍បែបនោះ។ ថ្វីបើខ្ញុំត្រូវគេសម្លាប់តែខ្ញុំក៏ស្រឡាញ់​ពិភពលោកនេះ ស្រឡាញ់​ខ្លាំងណាស់ស្រឡាញ់​លើសលប់ ហេតុដូច្នេះហើយទើបខ្ញុំមិនចង់ឲ្យលោកស្អប់ពិភពលោកដ៏ស្រស់បំព្រងនេះ​ទេ

ខ្ញុំចង់ប្រាប់លោកនៅ​​ពេលនេះថា សាកមើលរូបថតនៅក្នុងស្រោមសំបុត្រនេះមើល៍! ទឹកមុខរបស់​​លោកមើលទៅមានសេចក្តីសុខខ្លាំងណាស់។ លោកគឺជាផ្នែកមួយនៃភាពស្រស់ស្អាតរបស់ពិភពលោកនេះ។ លោកជាចំណែកមួយដែលខ្ញុំ​បាន​បាក់ចិត្តស្រឡាញ់​រួច​ទៅ​ហើយ…

                                                                                                                      កញ្ញា ភូមរី

កូន​ឆ្មា​ដើរ​ចុះ​ដើរ​ឡើង​ទៅ​មក​នៅ​ក្នុង​ផ្ទះ តែ​រក​ភូមរី​មិន​ឃើញ​​សោះ។ វាក៏​​មក​ត្រដុស​ក្បាល​ក្រឡឹង​ជើង​ខ្ញុំ​។ ខ្ញុំ​បណ្តោយ​ឲ្យ​វាធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត រួច​និយាយ​ជាមួយ​វា​ដោយ​សំឡេង​ស្រស់​   ស្រាយ។

ពេល​នេះ​ ចាប់​ផ្តើម​​ឈប់​សម្រាក​វិស្សមកាល​រដូវ​ក្តៅ​ហើយ ទើប​ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ទៅ​មហាវិទ្យា​ល័យ។ ថ្ងៃ​នេះ​ខ្ញុំ​តាំង​ចិត្ត​ថា នឹងបោស​សម្អាត​ផ្ទះ​សំបែង និង​បោក​គក់​សម្លៀក​បំពាក់។ តែ​មុន​ដំបូង​ត្រូវ​បើក​បង្អួច​ និង​វាំង​នន​​​ឲ្យមាន​​ខ្យល់​ចេញ​​ចូល​ក្នុងបន្ទប់​សិន។

ខ្ញុំ​ឈរ​នៅ​ត្រង់​រាន​ហាល​ សម្លឹង​មើល​ទៅ​ក្នុង​សួន​ច្បារ​។ ​ផ្កា និង​កូន​ឈើ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​កំពុង​​ក្តៅ​ មើល​ឃើញ​​ជារស្មី​ព្រិច​ៗ​។ នៅ​លើមេឃ​ ដុំ​​ពពក​ធំៗ​​​កំពុង​អណ្តែត​ខ្លួន​ឆ្លង​កាត់​​ព្រះអាទិត្យ​យ៉ាង​រហ័ស។​ ដំណក់​ទឹក​ ​ស្រក់​ទើ​រ​​លើ​ផ្លែ​ប៉េង​ប៉ោះ​ទុំ​ពណ៌​ក្រហម​ឆេះ ឆ្លុះ​ពន្លឺ​ថ្ងៃ​ចាំង​រស្មី​     ព្រាកៗ។

កន្លះ​ឆ្នាំមុន​​​ ភូមរី​មាន​ជីវិត​រស់​នៅ​លើ​ភព​ផែនដីនេះ។

នាង​ពាក់​ម៉ាស៊ីន​ថត​ធំជាប់​នឹង​ក ហើយ​ដើរ​ទៅមុខ​​រឿយ​ៗ​តាម​ផ្លូវ​តូចៗ យ៉ាង​វែង​ឆ្ងាយ។ អម​សង​ខាង​ផ្លូវ​ ពោរពេញ​ទៅដោយ​ដើម​ឈើ​តូច​ធំ។ គ្រប់​បែប​យ៉ាង​សុទ្ធ​តែ​ខៀវ​ស្រងាត់។ ជំនោរខ្យល់​ដ៏​សែន​​កក់​ក្តៅ ​បក់​ផាត់​យក​ក្លិន​​ប្រហើរ​​ ធ្វើ​ឲ្យ​កើត​អារម្មណ៍​ស្រស់ស្រាយ​។ គ្រប់​ជំហាន​ដើរ​របស់​នាង​ស្រាល​ស្ងើក​ប្រៀប​ដូច​ដើរ​លើ​អាកាស មាត់​ញញឹម​ញញែម​​តាម​បែប​ធម្មជាតិ កែវ​ភ្នែក​​​ឡិងឡង់ដូច​កូន​ក្មេង​​ ងើយ​មុខ​រង់​ចាំ​ការ​ផ្សង​​ព្រេងដែល​នឹង​កើតឡើង។ ផ្លូវ​ធ្វើ​ដំណើរ​​សណ្តូក​ខ្លួន​យ៉ាង​​វែង​ឆ្ងាយ​គ្មាន​​​ព្រំ​ដែន​កំណត់​ រហូត​មើល​ឃើញ​ជើង​មេឃពណ៌​ទឹក​សមុទ្រ ​បញ្ចប់​ខ្លួន​ត្រង់​ផែនដី​ពណ៌​ខៀវ។

ខ្ញុំ​​នឹក​អរគុណ​នាងដោយ​អារម្មណ៍​មួយដែល​​ផុស​ចេញ​ពី​ជម្រៅ​បេះដូង។

ថ្វី​បើ​​ជា​រយៈ​ពេល​មួយ​ដ៏​ខើច​​ខ្លី តែ​​អរគុណ​ខ្លាំង​ណាស់​ ដែល​បាន​នៅ​ក្បែរ​ខ្ញុំ៕

***

Read Full Post »


ផ្ទះគ្មានមនុស្ស… មិនប្រាកដថាគ្មានអ្នកនៅ!!!

ថ្ងៃ​ស្អែក​ឡើង ​ក្រោយ​ពេល​​ចេញ​ពី​សាលា​រៀនក្នុង​ពេល​ល្ងាច​​​ ព្រះ​អាទិត្យ​​ទន់​ទាប​បញ្ចេញ​​រស្មី​​ក្រហម​ឆ្អិន​ឆ្អៅ​លាប​ពណ៌​លើ​ផ្ទៃ​មេឃ។ មនុស្ស​ម្នា​ដែលដើរ​ឆ្លង​កាត់​ទៅ​មក​ ចាប់​ផ្តើម​​រលស់​​ចេញ​បន្តិច​ម្តង​ៗ នៅ​ទី​បំផុត​បរិវេណ​មាត់​​ស្រះ​​នៅ​សល់​តែ​​រូប​ខ្ញុំ​ម្នាក់​ឯង។ សភាព​ពេល​នេះ​​​​​​ស្ងាត់​ជ្រងំ​ខ្លាំង​ណាស់​ គ្មាន​សូម្បី​តែ​សំឡេង​ខ្យល់​បក់។ ផ្ទៃ​ទឹក​នៅ​ចំពោះ​​មុខ​ ស្ងប់​នឹង​ថ្កល់​គ្មាន​រលក ដែល​មើល​ទៅ​​ទំនង​ជា​កំពុង​​លេប​យក​សំឡេង​របស់​​​គ្រប់​សភាវៈ​ទាំង​អស់​ចូល​ទៅ​ក្នុងបាត​​ស្រះ​។ ​ភាព​ស្ងប់​ស្ងាត់​នឹង​ថ្កល់​គ្មាន​លំញ័រ​បន្តិច​នេះ​ ធ្វើ​ឲ្យ​គេ​​​​មើល​​ឃើញ​ផ្ទៃ​ទឹក​​ប្រៀប​ដូច​ផ្ទាំង​កញ្ចក់​ដ៏​ធំមហិមា​មួយ​។

បង្គោល​ភ្លើង​ដែល​ឈរ​រៀង​គ្នា​ជា​ជួរ​នៅតាម​​មាត់​ស្រះបញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច​ជុំ​វិញ​បរិវេណ​នោះ។ ដើម​ មែក​ និង​ស្លឹក​ឈើ​នៅ​ក្នុង​ព្រៃ​​ដែល​ដុះ​ហ៊ុំ​ព័ទ្ធ​ស្រះ​ មើល​ទៅ​ហាក់​ដូច​ជាមាន​ថាមពល​ និង​ត្រៀមខ្លួន​គ្រប់​គ្រាន់​ដើម្បី​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក។ ខ្ញុំ​អង្គុយ​លើ​បង់​​ថ្ម​មួយ​ក្បែរ​មាត់​ស្រះ… ទី​បំផុត​អច្ឆរា​​ក៏​លេច​ខ្លួន​​ចេញ​មក។

«​មាន​រឿង​អី​ឬ បាន​ជា​​ហៅឲ្យ​​​មក​​ជួប​នៅ​កន្លែង​បែបនេះ?»

គេ​ចត​រថយន្ត​ទុក​នៅ​​ទី​ចំណត​​ក្បែរ​មាត់ស្រះ​ ហើយ​ដើរ​សំដៅ​មករក​​ខ្ញុំ។ ខ្ញុំ​ខិត​កន្លែង​ឲ្យ​អច្ឆរា​អង្គុយ​​ចុះ​ក្បែរ​នោះ។ រំពេច​​នោះ​ឯង ​សំឡេង​យំ​របស់​ឆ្មា ក៏​លាន់​ចេញ​​ពី​​ក្នុង​កាតាប​​ដែល​ខ្ញុំ​ស្ពាយ​មក។

«​ឯង​រក​កូន​ឆ្មា​ឃើញ​ហើយ​មែនទេ?» គេ​និយាយ។

ខ្ញុំ​ងក់​ក្បាល ​ហើយ​លើក​កាតាប​យក​មក​ដាក់​លើ​ភ្លៅ។ កាតាប​នោះ​ធំ​ល្មម​ដាក់​ឆ្មា​មួយ​ក្បាល​ចូល​យ៉ាង​ស្រួល។ សំឡេង​កណ្តឹ​ង​លាន់​ឮ​តិចៗ​ តាម​ដោយ​សំឡេង​ក្រោក​ក្រាក។ ឆ្មា​​ប្រហែល​ជា​កំពុង​ខ្វេះ​ខ្ញៅ​កាតាប​លេង។

«​ខ្ញុំ​ណាត់​ឯង​​ឲ្យ​ចេញ​មក​ថ្ងៃ​នេះ​ ព្រោះ​មាន​រឿង​ចង់​និយាយ​ជាមួយ​ អំពីរឿង​មិត្ត​ជិត​ស្និទ្ធ​របស់​ឯង​ដែល​លង់​ទឹក​ស្លាប់​នៅ​ក្នុងស្រះ។ ជួន​កាល​​ឯង​អាច​​​មិន​ជឿ​ក៏​ថា​បាន តែ​ខ្ញុំ​ចង់​ប្រាប់​ឲ្យ​ឯង​​​ដឹង!»

បន្ទាប់​មក​ ខ្ញុំ​ក៏​និយាយ​រឿង​របស់​ភូមរី​ និង​ឆ្មា​ឲ្យ​អច្ឆរាដឹង​។ ​និយាយ​ប្រាប់​ថា ខ្ញុំ​​បាន​មក​​ជួល​ផ្ទះ​នេះ​​​ពី​អ៊ំ​ប្រុស ​ពេល​ចាប់​ផ្តើម​ចូល​​រៀន​នៅ​សាកល​វិទ្យាល័យ។ និយាយ​​ពី​អ្នក​ជួល​ផ្ទះ​ពី​មុន​ដែល​​ត្រូវ​គេ​សម្លាប់​​​តែ​​វិញ្ញាណ​នៅ​វិល​វល់​​ក្នុង​ផ្ទះ ពេល​ថ្ងៃដែល​ខ្ញុំ​បិទ​វាំង​នន​នាង​នឹង​ចេញ​​មក​បើក។ និយាយ​ពី​​​រឿង​​ឆ្មា​​ដែល​រត់​តាម​នាង​តែ​ខ្ញុំ​មើល​មិន​ឃើញ និង​រឿង​កំណាត់​អាវ​ចាស់​របស់​ភូមរី ដែល​​ឆ្មា​ហួង​ហែង​យ៉ាង​សម្បើម​។

បរិវេណ​ជុំវិញ​នោះងងឹត​ឡើង​ជា​លំដាប់​ តែ​នៅ​មាន​ពន្លឺ​ចេញ​ពី​បង្គោល​ភ្លើងត្រង់​នេះ​មួយ ​ត្រង់​នោះ​មួយ​។ យើង​ទាំង​ពីរ​នាក់​ស្ទើរ​តែ​មិន​បាន​កម្រើក​​ខ្លួន​​បន្តិច​សោះ។ អច្ឆរា​មិន​បាន​ហា​មាត់​និយាយ​អ្វី​ទេ តែ​គេគិតតែអង្គុយ​ស្តាប់​ខ្ញុំ​និយាយ​តែ​ម្នាក់​ឯង។

លុះខ្ញុំ​និយាយ​ចប់​គេ​ក៏​ដកដង្ហើម​ធំ៖

«​មានរឿងបែប​នេះដែរឬ?… គ្រាន់​តែចង់និយាយ​រឿង​អ៊ីចឹង​​ ឯង​ក៏​ហៅ​ខ្ញុំ​មក​ទី​នេះ?»

សំឡេង​របស់​អច្ឆរា​​ និយាយ​ចេញ​មក​មិន​សូវ​​ជា​​​ពេញ​​ចិត្ត​​សោះ។​ ខ្ញុំ​ដឹង​ភ្លាម​ថា​គេ​មិន​ជឿ​រឿង​ដែលខ្ញុំ​​ប្រាប់​​​​សូម្បី​តែ​បន្តិច។

ខ្ញុំ​ព្យាយាម​សម្លឹង​ភ្នែក​​អច្ឆរា ទោះ​បី​ជា​ក្នុង​ជម្រៅ​ចិត្ត​ពិត​​ចង់​គេច​ភ្នែក​ពី​គេ ​ហើយ​​ប្រាប់​ថា​រឿង​ដែល​និយាយ​​អម្បាញ់​មិញ​នេះ​គ្រាន់​តែ​និយាយលេង​ប៉ុណ្ណោះ​ តែ​មិន​ដឹង​ថាហេតុ​អ្វី​ទើប​ខ្ញុំ​មិន​អាច​ហាម​ឃាត់​ខ្លួន​ឯង​បាន។ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ នេះ​ជា​បញ្ហា​ដែល​យើង​មិន​អាច​​គេច​​ផុត​​​បាន​ទៀត​ទេ។

«​ក្រោយ​ពី​បង​​ម៉ុម​​​ អ្នក​ជិត​ខាង​​របស់​ខ្ញុំ​បី​ឆ្មា​យក​មក​ឲ្យ ខ្ញុំ​ក៏​ត្រឡប់​​​គិត​ទៅ​​ដល់​​ហេតុ​​ការណ៍​ផ្សេង​ៗ​ដែល​កន្លង​មក​ជា​ច្រើន​​ ដូច​ជា​ហេតុ​អ្វី​​​បាន​ជា​​ភូមរី​បណ្តោយ​ឲ្យ​ក្រដាស​​ផ្តិត​រូប​ត្រូវ​​ពន្លឺ ​រហូត​ខូច​អស់​ជា​ដើម?»

«​ចុះក្រែង​ភូមរី​​នៅ​ក្នុង​រឿង​ដែល​ឯង​និយាយ​ស្លាប់​ហើយ​តើ!!?»

«​ពីរ​ថ្ងៃ​មុន​​ដែល​ឆ្មា​​បាន​បាត់​​ខ្លួន​ ភូមរី​ធ្វើ​ឲ្យ​ផ្ទះអារាត់​អារាយ​ទាំង​អស់។ តែ​​តាម​ធម្មតា​​របស់​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ​តែង​តែ​ផ្លាស់​ទី​ជា​ញឹក​ញាប់​ស្រាប់​ទៅ​ហើយ​​​ ទើប​ខ្ញុំ​មិន​ទាន់​​បានចាប់​អារម្មណ៍​ ​​និង​គិត​ថា ​ការប្តូរ​ទី​កន្លែង​​របស់​សម្ភារៈ​​ប្រើ​ប្រាស់នៅ​ក្នុង​បន្ទប់​ងងឹត ​ក៏​​ជា​ស្នា​ដៃរបស់​នាងដែរ។ តែ​​​ភូមរី​​​​មិន​ចេះ​ប្រយ័ត្ន ​​​​រហូត​​បើក​ថត​តុ​បណ្តោយ​​​​​ឲ្យ​ក្រដាស​ផ្តិត​រូប​​ត្រូវ​ពន្លឺ​​​​ដូច្នេះ​ឬ? ថត​តុ​បើក​ចំហ​ចោល​ ហើយ​វាំង​នន​​​​បង្អួច​ក៏​មិន​បិទ​! អាច​ទៅ​រួច​ទេ បើ​​ថា​មាន​នរណា​ម្នាក់​លួច​ចូលទៅ​ក្នុង​បន្ទប់​ងងឹត​ ដើម្បី​រក​​របស់​អ្វី​ម្យ៉ាង ហើយ​យក​ហ្វីល​ផ្តិត​រូប​ចេញ​មក? មនុស្ស​ម្នាក់​នោះ​គ្មាន​ការ​យល់​ដឹង​​​ពី​ការ​ថត​រូប​ឡើយ​ ព្រោះ​មិន​ដឹង​ថា​ នោះ​គឺ​​ជា​ក្រដាស​ផ្តិត​​រូប​​ដែល​ហាម​មិន​ឲ្យ​ត្រូវ​ពន្លឺ​ ​ដ្បិត​មើល​ពី​ខាង​ក្រៅ​វា​ប្រៀប​ដូច​​ក្រដាស​​ស​ធម្មតា។ លុះ​ពេល​ម្ចាស់​ផ្ទះ​ត្រឡប់​​មក​​ទាន់​ មនុស្ស​ម្នាក់​នោះ​ក៏​ប្រញាប់​គេច​ចេញ​ពី​បន្ទប់​ងងឹត​ដោយ​មិន​បាន​រៀប​ចំ​របស់​ទាំង​នោះ​​ឲ្យ​ចូល​តាម​កន្លែង​វិញ។ នេះ​​មាន​ន័យ​ថា ​អ្នក​ដែល​រើរុះ​របស់​របរ​នៅ​ក្នុង​បន្ទប់​ងងឹត​មិន​មែន​ជា​ភូមរី​ទេ!»

«ឈប់​សិន​! ទោះ​បី​ជា​អម្បាញ់​មិញ​​ ឯង​និយាយ​រឿង​​ភូមរី​យ៉ាង​ម៉េច​ក៏​ដោយ​ តែ​វា​គ្រាន់​តែ​ជា​រឿង​​វិញ្ញាណ​ផ្តេស​ផ្តាស​​​ដែល​ឯង​​ប្រឌិត​ឡើង​ប៉ុណ្ណោះ តើ​​​មែន​ទេ?»

អច្ឆរា​និយាយ​​​ហើយ​សើច​ ដើម្បី​​​​បន្លប់​បរិយាកាស​​ដែល​​​កំពុង​កៀប​សង្កត់​គេ​​​​ខ្លាំង​ឡើង​ៗ​ឲ្យ​ថយ​ចុះ​វិញ​ ប៉ុន្តែ​គេ​នៅ​តែ​មិន​អាច​យក​ឈ្នះ​ភាព​ស្ងាត់​ជ្រងំ​របស់​ព្រៃ ​​និង​​ស្រះ​​ទឹក​នេះ​បាន។

«​ហេតុ​អ្វី​យប់​នោះ ​​​នៅ​សុខ​ៗ​ឯង​ក៏​នឹក​​ចង់​ផឹក​ស្រាបៀរ? ព្រោះ​ចង់​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ទិញ​ស្រា​នៅ​ខាង​ក្រៅ​មែន​ទេ? ដើម្បី​ខ្លួន​ឯង​នឹង​បាន​នៅ​ផ្ទះ​ម្នាក់​ឯង​ ទាំង​ដែល​ដឹងស្រាប់​ហើយ​ថា​ ខ្ញុំ​មិន​ផឹក​ស្រា ហើយ​ក៏​ដឹង​ទៀត​ថា ​​ក្នុង​ផ្ទះ​ខ្ញុំ​គ្មាន​​គ្រឿង​ស្រវឹង​ប្រភេទ​នោះ ទើប​ឲ្យ​ខ្ញុំ​ចេញទៅទិញ​ស្រាព្រោះ​ចង់​​ឆ្លៀត​ឱកាស​រក​របស់​នៅ​ក្នុង​​ផ្ទះមែនទេ?»

«​ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ធ្វើ​បែប​នោះ?»

«​គឺ​ត្រូវ​តែ​មាន​របស់​អ្វី​ម្យ៉ាង​ ដែល​ឯង​ត្រូវ​ការ​​នៅ​ក្នុង​ផ្ទះ​នោះ! ​យប់​នោះ​ ឯង​ទៅ​ឃើញ​បន្ទប់​ងងឹត​​​ហើយ​ហូត​​យក​ហ្វីល​​រូបថត​​ចេញ​មក​ផង ​តើ​មែនទេ? រយៈ​ពេ​ល​ដែលខ្ញុំ​មិន​នៅ ​ឯង​ក៏​ដើរ​រក​របស់​ដែល​ខ្លួន​​ត្រូវ​ការ​គ្រប់​ច្រក​ល្ហក​ពេញ​ផ្ទះ​​ រហូត​ទៅ​ឃើញ​​បន្ទប់​ងងឹត​នៅ​ជាន់​ទី​២។ នៅ​ក្នុង​បន្ទប់​មាន​       ​ហ្វីល​​ដែល​លាង​ហើយ​សរសេរ​ថ្ងៃ​ខែ​ថត​ទុក​​យ៉ាង​ច្បាស់ រួច​ឯង​ក៏​រក​ឃើញ​ហ្វីល​របស់​ថ្ងៃ​ខែ​​ដែល​ខ្លួន​ត្រូវ​​ការ​បាន​ភ្លាម។​​»

«មាន​​សាក្សី​ថា​ខ្ញុំ​ជា​អ្នក​ធ្វើឬ?»

«​​ពិត​ជា​មាន​! ក្នុង​ពេល​ដែលខ្ញុំ​មិន​នៅ ខណៈ​ដែល​ឯង​រក​ឃើញ​របស់​ដែល​ខ្លួន​​ត្រូវ​ការ​នៅ​ក្នុង​បន្ទប់​ងងឹត ​គឺ​ភូមរី​នៅ​ឈរ​ពី​​ខាង​ក្រោយ​ឯង។ ឯង​ប្រហែល​ជា​គិត​ថា​គ្មាន​នរណា​នៅ​ក្នុង​ផ្ទះ ​តែ​ការ​ពិត​នៅ​មាន​ម្នាក់​ទៀត​​។ ភូមរី​ក៏​ប្រហែល​ជា​ឆ្ងល់​ និង​សង្ស័យ​​​អាកប្បកិរិយា​របស់​ឯង​​ដែរ​ តែ​នៅ​ពេល​ឃើញ​ថ្ងៃ​ខែ​​សរសេរ​នៅ​លើ​ហ្វីល​​ដែល​ឯង​រក​ នាង​ក៏​យល់​។ នាង​សាកល្បង​​រក​មើល​កាសែត​​​​​ច្បាប់​​ចេញ​ផ្សាយ​ថ្ងៃ​​បន្ទាប់​​ពី​​ថ្ងៃដែល​សរសេរ​នៅ​លើ​ហ្វីល​នោះ។ ម្សិល​មិញ​​នេះនាង​បាន​​រើ​​ជជុះ​កាសែត​ហើយ​មិន​ប្រមូល​ដាក់​កន្លែង​វិញ។​ នេះ​​ឯង​កាសែត​មួយ​ច្បាប់​នោះ!»

ខ្ញុំ​លូក​​យក​កាសែត​ចាស់​ចេញ​មក។ រូប​ភាពលើ​ទំព័រ​​​មុខ​ គឺ​ជា​ស្រះ​ទឹក​ធំ​ដែល​​​ក្លាយ​ជា​ព័ត៌មាន​ថា​​ប្រទះឃើញសាកសពនិស្សិតមហាវិទ្យាល័យអណ្តែត​​ហើមក្នុងស្រះ ជា​ព័ត៌​មាន​នៃ​ការ​ស្លាប់​របស់​មិត្ត​ភក្តិ​​​អច្ឆរា។

«​ព័ត៌មាន​បាន​សរុប​ថា​ និស្សិត​ស្រវឹង​ហើយ​ធ្លាក់​ទឹក​ស្លាប់​ តែ​ការ​ពិត​ឯង​ជា​អ្នក​ឲ្យ​គេ​ផឹក​​ស្រា​​ហើយ​​ច្រាន​គេ​ទម្លាក់​​ទៅ​ក្នុង​ស្រះ ​តើ​មែនទេ? យប់​មុន​ថ្ងៃ​កើត​ហេតុ​ ឯង​មាន​ជម្លោះ​ជាមួយ​គេ។ ភាព​ល្អក់​កករ​ក្នុង​ចិត្ត​​​នៃ​យប់​នោះ​ជំរុញ​​ឲ្យ​ឯង​​ប្រព្រឹត្ត​​អំពើ​បែប​​នេះ​ តើ​មែនទេ?»​

តាម​ខ្សែ​ភ្នែករបស់​អច្ឆរា​ ខ្ញុំ​ក៏​ដឹង​ថា​គេ​ដក​ដង្ហើម​ពិបាក​ណាស់​ ហាក់​ដូច​ជា​ត្រូវ​របស់​អ្វី​ម្យ៉ាង​កៀប​រឹត​បេះ​ដូង​ជាប់។ ខ្ញុំ​ប្រទេច​ផ្តាសា​ព្រេង​វាសនា​ដែល​បង្គាប់​​ឲ្យ​ខ្ញុំ​ត្រូវ​​និយាយ​រឿង​នេះ​ចេញ​មក​​ទាំង​ដែល​គេ​គឺ​ជា​មិត្ត​ភក្តិ​តែ​ម្នាក់​គត់​របស់​ខ្ញុំ​។ សំណក​​បេះ​ដូង​ដែល​ហ៊ុំ​ព័ទ្ធ​ហទយវត្ថុ ​ត្រូវ​ច្រៀក​រហែក​ចេញ​​ពី​គ្នារហូត​មាន​ឈាម​ហូរ​​រឹមៗ។

«​​អ៊ី​ចឹង​ឯង​មាន​ភស្តុតាង​ឬ​ទេ?»

ខ្ញុំ​ហូត​យក​រូប​ថត​ដែល​ភូម​រី​​ថត​ទុក​ចេញ​មក​ ហើយ​សាក​ល្បង​ប្រៀប​ធៀប​ហ្វីល​​ដែល​នៅ​​សល់​ក្នុង​បន្ទប់​ងងឹត​​ជាមួយ​នឹង​រូប​ថត​ ដែលខ្ញុំ​យក​ទៅ​មើល​ពេល​មកពិនិត្យ​​ផ្ទះ​​​​​ជា​លើក​ដំបូង​ ធ្វើ​ឲ្យ​​​​ល្មម​អាច​​សន្និដ្ឋាន​​​បាន​ថា ​​ហ្វីល​ដែល​បាត់​ទៅ​ជារូប​អ្វី។

ហ្វីល​ដែល​បាត់​ទៅ​ គឺ​ជា​រូប​ទេស​ភាព​​របស់​ស្រះ​ទឹក​មួយ​នេះ​។ រស្មី​​ព្រះ​អាទិត្យ​នា​ពេល​ព្រឹក​​រាយ​កាំ​ពន្លឺ​​ចិញ្ចែង​ចិញ្ចាច ​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​​ទទួល​អារម្មណ៍​ថា ​បេះ​ដូង​របស់​ខ្លួន​ឯង​ត្រូវ​ឆេះ​សុស​​អស់​ទាំង​ដួង។ នៅ​ក្នុង​រូប​មាន​រថយន្ត​​ទំនើប​​តូច​ច្រឡឹង​មួយ​ចត​នៅ​មាត់​ស្រះ​។ ភូម​រី​បាន​ជ្រើស​រើសយក​​វា​ជា​តួឯក​មុន​នឹង​ចុច​​កាមេរ៉ា​ថត។

«​ហ្វីល​ដែល​ឯង​​លួច​យក​ពី​បន្ទប់​ងងឹត​ ភូមរី​បាន​ផ្តិត​វា​ទុក​រួច​រាល់​​អស់​ហើយ។ ឡាន​របស់​ឯង​​​​មើល​ឃើញ​ច្បាស់​ណាស់​ រហូត​អាន​លេខ​​ឡាន​​បាន​​​យ៉ាង​ស្រួល​។ មើល​តាម​ទិស​​របស់​​ពន្លឺ​ថ្ងៃ​ ល្មម​អាច​ដឹង​បាន​ថា ​​ខណៈ​នោះជា​ពេល​​ព្រឹក​ព្រលឹម​​ នៃ​​យប់​ដែល​និស្សិត​ម្នាក់​នោះ​ស្រវឹង ​​ហើយ​ភ្លាត់​ធ្លាក់​ទៅ​ក្នុង​​ស្រះ។​​​​​ ឡាន​ដែល​​​ចត​​នៅ​មាត់​ស្រះ​​​ត្រូវ​ថត​ជាប់​ដោយ​ចៃ​ដន្យ​។ ឯង​ដឹង​រឿង​របស់​ឡាន​​ខ្លួន​ឯង​ត្រូវ​ថត​ទុក​​ ក៏​​​នឹក​ខ្លាច​​ភូមរី​នៅ​មិន​សុខ​​ជា​មួយ​នឹង​ការពិត ដែល​លាក់​នៅ​ក្នុង​រូប ​​ហើយ​​យក​ទៅ​ប្រាប់​អ្នក ដទៃ​​​។ ​មិន​តែ​ប៉ុណ្ណោះ​ នៅ​មានមនុស្ស​​​ឃើញ​​ឯង​ឈ្លោះ​ជាមួយ​មិត្ត​ភក្តិ​ទៀត​​ បើ​ត្រូវ​គេ​ចោទ​សួរ​ថា​ហេតុ​អ្វី​ឯង​បែរ​ជា​ឈរ​មើល​ព្រងើយ ​មិន​ចូល​ទៅ​ជួយ​មិត្ត​ភក្តិ​ដែល​កំពុង​លង់​ទឹក?​​​​​​ ឯង​ប្រាកដ​ជា​ឆ្លើយ​​​មិន​​រួច​ទេ​ ទើប​ឯង​គិត​ថា ​ទោះ​ជា​យ៉ាង​ណា​ក៏​ត្រូវ​តែ​រក​ផ្លូវ​លួច​ហ្វីល​របស់​រូប​នោះ​មក​ឲ្យ​បាន។»

អច្ឆរា​​មិន​តប​ត​ថា​អ្វី​ទេសូម្បី​តែ​មួយ​ម៉ាត់។ គេ​គិត​តែ​​សម្លឹង​​មុខ​ខ្ញុំ​យ៉ាង​​ភ្លឹក​ភ្លាំង​មិន​ដាក់​ភ្នែក។

«​​រឿង​ត​ទៅ​ទៀត​នេះ​ ខ្ញុំ​អាច​នឹង​គិត​ច្រើន​ដោយ​ខ្លួន​ឯង​ក៏​ថា​បាន តែ​យ៉ាង​ណា​ក៏​​សូម​​ទទួល​ ស្តាប់​​សិន​ចុះ។ អច្ឆរា! ព្រឹក​ថ្ងៃ​នោះ ​ឯង​​តាម​ភូមរី​ជាប់​ប្រកិត​​ ក្រោយ​ពី​ដឹង​ថា​នាង​​​ថត​រូប​ឡាន​នៅមាត់​បឹង ​​រហូត​​បាន​ស្គាល់​អាសយដ្ឋាន​របស់​​នាង​​។​ ច្រើន​ថ្ងៃ​បន្ទាប់​មក​​ ឯង​ក៏​រក​ឱកាស​ទៅ​ផ្ទះ​នាង។ នាង​បើក​ទ្វារ​ឲ្យ​ឯង​ចូល​ទៅ​​ត្រង់​រាន​ហាល​មាត់​ទ្វារ​ផ្ទះ ឯង​ក៏​​លើក​កាំបិត​ចេញ​មកគំរាម។​ ដំបូង​ឯង​​​ប្រហែល​ជា​តាំង​ចិត្ត​ត្រឹម​តែ​ចង់​ដណ្តើម​យក​ហ្វីល​​ប៉ុណ្ណោះ​ តែ​ឯង​ត្រឡប់​​ជា​វង្វេងស្មារតី​​ព្រោះ​នាង​មិន​ព្រម​ស្តាប់​ ទើប​ជ្រុល​ដៃ​ចាក់​​សម្លាប់​នាង​​។​​​ ឯង​ប្រហែល​ជាពាក់​វ៉ែនតា​​ខ្មៅ​​ ឬ​​​ពាក់​អ្វី​ម្យ៉ាង​បិទ​បាំង​មុខ​ ទើប​ធ្វើ​ឲ្យ​ភូមរី​​មិន​អាច​ចាំ​មុខ​ឃាតករ​ដែល​សម្លាប់​ខ្លួន​​បាន រហូត​មក​ឃើញ​ទង្វើ​​ដ៏គួរ​ឲ្យ​សង្ស័យ​​​របស់​​ឯង​​​ នៅ​ក្នុង​បន្ទប់​ងងឹត​នោះ​​ទើប​​នាង​យល់​។»

​និយាយ​មក​ដល់​ត្រង់​នេះ​ ខ្ញុំ​​​ទទួល​អារម្មណ៍​​អាណោច​អាធ័ម​​បំផុត ញើស​ហូរ​​តក់​ៗ​រហូត​សើម​ជោក​​ពេញ​រាង​កាយ​។

«​ចាក់​សម្លាប់​នាង​រួច​ហើយ ​​ឯង​ក៏​រត់​គេច​ទៅ។ ដោយ​សារ​​គ្មាន​នរណា​ឃើញ​ហេតុការណ៍​​​​នោះ​ទើប​គ្មាន​នរណា​ចាប់​ឯង​បាន​​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ឯង​នៅ​តែ​ខ្វាយ​ខ្វល់​ នឹង​រឿង​ហ្វីល​មេបញ្ហា​ដែល​នៅ​​បន្សល់​ទុក​​ក្នុង​ផ្ទះ​នោះ​។ លុះ​ដឹង​ថា​ប៉ូលីស​មិន​បាន​សង្ស័យ​រឿង​ហ្វីល​ និង​សន្និដ្ឋាន​ថា​​រឿង​នោះ​ជា​ក្តី​​ប្លន់​សម្លាប់​ ឯង​ប្រហែល​ជា​ធូរ​ទ្រូង​​ខ្លាំង​ណាស់ ​ព្រោះ​​អ្នក​ដែល​​​អាច​ចង​ភ្ជាប់​ទំនាក់​ទំនង​​រូប​នោះ​ជា​មួយ​នឹង​ឯង ​ព្រម​ទាំង​ការ​ស្លាប់​របស់​មិត្ត​ម្នាក់​នោះ​​​ មិន​បាន​រស់​នៅ​លើ​លោក​នេះ​ទៀត​ទេ និង​មិន​ចាំ​បាច់​​ទៅ​យក​ហ្វីល​នោះ​មក​​ដែរ។ ម្យ៉ាង​ទៀត​​មួយ​រយៈ​​ចុង​ក្រោយ​នេះ​​ ប៉ូលីស​​មក​ត្រួត​ពិនិត្យ​​​ផ្ទះ​ញឹក​ញាប់​ជាង​មុន។​ ការ​លប​លួច​ចូល​ទៅ​ក្នុង​ផ្ទះ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ពិបាក​។ តែ​បន្ទាប់​មកខ្ញុំ​ក៏​ផ្លាស់​​ទៅ​នៅ​​ផ្ទះ​មួយ​ខ្នង​នោះ។ ដំបូង​បំផុត​ឯង​គ្រាន់​តែ​ចង់​ចូល​មក​ជិត​ខ្ញុំ​សិន​ប៉ុណ្ណោះ​​ តែ​បើ​រកផ្លូវ​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​​បាន​ដើម្បី​ស្វែង​រក​របស់​​​ ឯង​នឹង​​ឆ្លៀត​ឱកាស​នោះ​រក​ហ្វីល​ហើយ​​​ដក​យក​ទុក​ តើ​មែន​ទេ? ទោះ​បី​ជា​មាន​ឱកាស​តិច​តួច ​​​ដែល​នឹង​មាន​នរណា​មក​សង្ស័យ​រឿង​ហ្វីល​ក៏​ដោយ​ តែ​ឯង​អត់​ទ្រាំ​មិន​បាន​​​នៅ​មិន​សុខ​ ចង់​ចូល​ទៅ​បំផ្លាញភ័ស្តុតាង​ឃាតកម្ម​ឲ្យ​អស់មន្ទិល​សង្ស័យ​។​»

បបូរ​មាត់​របស់​ខ្ញុំ​ស្ងួត​ចែស។

«​ខ្ញុំ​មិន​ដឹង​ទេ​ថា ​ការ​ពិត​នោះ​ឯង​​មាន​អារម្មណ៍​យ៉ាង​ណា​ ចំពោះ​មិត្ត​ដែល​ស្លាប់​ទៅ​នោះ​ទេ​ តែ​ពេល​ស្តាប់​ឯង​និយាយ​នៅ​ក្នុង​ឡាន​ថ្ងៃ​នោះ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ឯង​សោក​ស្តាយ​ពិត​មែន។ បើ​ឯង​ភ្ញាក់​រឭក​ចំពោះ​រឿងដែល​បាន​ប្រព្រឹត្ត​ខុស​ ឯង​​គួរ​តែ​ទៅ​ប្រគល់​ខ្លួន​​ឲ្យ​ប៉ូលីស​​​ ​ទើប​ថ្ងៃ​នេះ​​ ខ្ញុំ​សម្រេច​ចិត្ត​និយាយ។»​

«​ល្ម​ម​ប៉ុណ្ណឹង​ចុះ! ឯង​គិត​ជ្រុល​ហួស​ហេតុ​ពេក​ហើយ…»​ អច្ឆរា​និយាយ​ព្រម​ទាំង​ងើប​ឈរ​  ឡើង។

ខ្ញុំ​​ឮ​សំឡេង​ស្រែក​យំ​របស់​ឆ្មា​​​ចេញ​ពី​កាតាប​នៅ​លើ​ភ្លៅ។

«​អច្ឆរា​! ឯង​នៅ​ចាំ​​យប់​ដែល​យើង​ចេញ​តាម​រក​ឆ្មា​ជាមួយ​គ្នា​ទេ? ថ្ងៃ​នោះ​ខ្ញុំ​ប្រាប់​ថា​ឆ្មាសម្បុរ​​ដែលអ្នកជួលផ្ទះពីមុនចិញ្ចឹមមិនព្រមត្រឡប់​​​​ចូលផ្ទះសោះ! ​ អច្ឆរាមានបានឃើញខ្លះទេ? ហើយ​ឯង​ក៏​តប​ថា បើជាឆ្មាអនាថាអម្បាញ់មិញឃើញ​​​មួយក្បាល​​សម្បុរត្នោតតែមិនឃើញកូនឆ្មាសម្បុរទេ។​»

«​ចុះ​យ៉ាង​ម៉េច?»

«​ដំបូង​បំផុត​ខ្ញុំ​មិន​បាន​សង្ស័យ​សោះ ព្រោះ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​ហៅ​ឆ្មានោះ ​ថា​កូ​ន​ឆ្មានៅឡើយ​​​ទោះ​បី​ជា​វា​ឥឡូវ​​ធំ​ហើយ​​ក៏​ដោយ​។​ តែ​ថ្ងៃ​នោះ​ខ្ញុំ​និយាយ​ថា​ «​ឆ្មា​» ​ទទេ​​ៗ​ មិន​បាន​និយាយ​ពាក្យ​​ថា     «​កូនឆ្មា»​​​​ ផង​​ តែ​ឯង​បែរ​ជា​ភ្លាត់​មាត់​​ហៅ​វា​ថា​ «កូនឆ្មា» ហេតុ​អ្វី​បាន​ជា​ឯង​ហៅ​វា​បែបនោះ?​ ព្រោះ​បើ​ឯង​បាន​ឃើញឆ្មា​​នៅ​ផ្ទះ​ខ្ញុំ​ពេល​នេះ​ ឯង​នឹង​គ្មាន​ផ្លូវ​ហៅ​វា​ថា«​កូនឆ្មា»​​ ជា​ដាច់​ខាត​។ ការ​ដែល​​ឯង​ហៅ​​វា​ថា​«កូនឆ្មា​»​ ក៏​ព្រោះ​ឯង​ធ្លាប់​ឃើញ​វា​ម្តង​កាល​​វា​នៅ​តូច។ គឺថ្ងៃ​ទី​៩​​សីហា​ ​ពេល​​ដែល​ឯង​លើក​​កាំ​បិត​ចាក់​​សម្លាប់​ភូមរី​នោះអី! កូន​ឆ្មា​នោះ​ ច្បាស់​ជា​ឈរ​នៅ​ក្បែរ​នាងមិន​ខាន។ រូប​ភាព​កូន​ឆ្មា​​ខ្លួន​តូចមួយ​នោះ​​ នៅ​ដិត​ជាប់​​ក្នុង​​កែវ​ភ្នែក​របស់​ឯងជានិច្ច​ ទើប​ឯង​របូត​មាត់​ហៅ​វា​ថា​«​កូនឆ្មា»

អច្ឆរា ​សម្លឹង​មើល​ខ្ញុំ​ដោយ​ខ្សែ​ភ្នែក​សោក​សៅ ហើយ​គ្រវី​ក្បាល​ទៅ​មក​ហាក់​ដូច​ជា​កំពុង​ខឹង​សម្បា​​អ្វី​ម្យ៉ាង​។

«​ទោះ​បី​ជាឡាន​នៅ​ក្នុងរូប​នោះ​​ ជាឡាន​របស់​ខ្ញុំ​ពិត​មែន​​ តែ​​ក៏​គ្មាន​ភ័ស្តុតាង​បញ្ជាក់​ថា ​វា​ជា​រូប​ថត​ដែល​ថត​នៅ​ថ្ងៃ​ដែល​មិត្ត​ភក្តិ​ខ្ញុំ​​​លង់​ទឹក​ស្លាប់ដែរ​។ គ្មាន​ថ្ងៃ​ខែ​​​ជាប់​នៅ​លើ​រូប​បន្តិច​សោះ ទោះ​បី​ជា​ឯង​ប្រាប់​ថាមាន​ថ្ងៃ​ខែ​នៅ​លើ​ហ្វីល ​តែ​វាក៏​មិន​​ប្រាកដ​រហូត​ថា ​ជា​ថ្ងៃ​ខែ​ដែល​ថត​រូប​នោះ​ពិត​មែនដែរ​​។ កាល​បរិច្ឆេទ​អាច​មិន​ត្រូវ​គ្នា​ក៏​ថាបាន​ ដែល​សំខាន់​នោះ ឯង​ក៏​ជឿ​រឿង​វិញ្ញាណ​​ខ្មោច​ឥត​ការ​ពិត​នេះ​ដែរ​ឬ?»

សំឡេង​យំ​របស់​ឆ្មា​ឮ​ចេញ​ពី​ក្នុង​កាតាប​ម្តង​ទៀត​ ព្រម​ជាមួយ​សំឡេង​កណ្តឹង​តូចៗដែរ​​ព្យួរ​​ជាប់​ក។​

«​រក​ឆ្មា​ឃើញ​ហើយ​តើ! ចូល​រួម​រីក​រាយ​ផង!»

ខ្ញុំ​បើក​កាតាប ​​​ហើយ​ងាក​ទៅ​រក​​អច្ឆរា ​ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ខាង​ក្នុង​បាន​ច្បាស់។ នៅ​ក្នុង​    កាតាប​ទទេ​ស្អាត បើ​មើល​ច្បោល​ៗ​អាច​នឹង​គិត​ថា​នៅ​ខាង​ក្នុង​កាតាប​គ្មាន​អ្វី​សោះ។ តែ​បើ​សាក​ល្បង​យក​ដៃ​លូក​ចូល​ទៅ ​គេ​នឹង​​អាច​ប៉ះដឹង​ដល់​ភាព​កក់​ក្តៅ​របស់​អ្វី​ម្យ៉ាង​ ដែល​មានលក្ខណៈ​​ជា​ដុំ​ខ្នាត​តូច​មួយ។​​

ទោះ​បី​ជា​មិន​អាច​ប៉ះ​ពាល់​រូប​រាង​បាន​ តែ​អារម្មណ៍​កក់​ក្តៅ​តិច​ៗ​​នោះ បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​វា​គឺ​ជា​វត្ថុ​មាន​ជីវិត​។

សំឡេង​យំ​របស់​ឆ្មានិង​សំឡេងកណ្តឹង ​លាន់​ចេញ​មក​យ៉ាង​ស្រួយ​ស្រឹប​​​ពី​ខាង​ក្នុង​កាតាប​ ទាំង​ដែល​ខាង​ក្នុង​នោះ​ទទេ​ស្អាត គ្មាន​អ្វី​ដែល​អាច​បង្កើត​សំឡេង​នោះ​បាន​ឡើយ​។

«​​ណ្ហើយ! ចេញ​មក​បាន​ហើយ។»

ចប់​សំឡេង​ខ្ញុំ​ ​ឆ្មា​ដែល​​មាន​រូប​រាង​ត្រឹម​តែ​​ជា​លំហខ្យល់ ​ ក៏​អង្រួន​កណ្តឹង​ព្យួរ​ក​ហើយ​ងើប​ចេញ​​ពី​ក្នុង​កាតាប។​ វា​លោត​ទៅ​ឈរ​ខាង​មុខ​បង់​អង្គុយ​ ដើរ​វិល​វល់​ចុះ​ឡើង​ទំនង​ជា​ពត់​ឆ្អឹង​ឆ្អែង​​​ឲ្យ​បាត់​ចុក​ស្រពន់​​ ក្រោយ​ពី​មិន​បាន​កម្រើក​ខ្លួន​​មក​យូរ​ហើយ​។ សំឡេង​ស្រែក​ម៉ែវ​ៗ​និង​សំឡេង​កណ្តឹង​​ប្រាប់​ឲ្យ​ខ្ញុំ​និង​អច្ឆរា​ ដឹង​ដល់​វត្តមាន​​របស់​​ឆ្មាដែល​យើង​មើល​មិន​ឃើញ។​

លុះ​បាន​​ឮ​សំឡេង​របស់​ឆ្មា​​ រត់​ឆ្លេ​ឆ្លា​ចុះ​ឡើង​​នៅ​លើ​វាល​ស្មៅ អច្ឆរា​ក៏​ដាក់​ខ្លួន​អង្គុយ​ចុះ​ម្តង​ទៀត​។ គេ​អង្គុយ​ញាប់​ញ័រ​យ៉ាង​ខ្សត់​ខ្សោយ​កម្លាំង​ ហើយ​លើក​ដៃ​​ទាំង​សង​ខាងក្តោប​មុខ​ជ្រប់​​។

ម្សិល​មិញ​នេះ​ បង​​ម៉ុម​បី​រាង​កាយ​គ្មាន​វិញ្ញាណ​របស់​​ឆ្មា​​មក​ឲ្យ​ខ្ញុំ​នៅ​ផ្ទះ។ កង់​ដែល​គាត់​​ជិះ​ដាច់​ហ្វ្រាំង​ ទើប​​គាត់​​​មិន​អាច​បញ្ឈប់​វា​​ទាន់ ​ក៏​ស្ទុះ​​ជ្រុល​ទៅ​​បុក​កូន​ឆ្មា​ដែល​សុខ​ៗ​​រត់​​ឆ្លង​កាត់​ថ្នល់។​

ខ្ញុំ​និង​ភូមរី​ស្លុត​​ចិត្ត​​សោក​សៅ​​មិន​ឈប់​។ តែ​បន្ទាប់​មក​រឿង​ចម្លែក​ក៏​កើត​ឡើង…។ ថ្ងៃ​មុន​ខ្ញុំ​បត់​កំណាត់​អាវ​ចាស់​របស់​​ភូមរី​ ដែល​​ឆ្មា​​ហួង​ហែង​បំផុត​ទុក​ត្រង់​ជ្រុង​បន្ទប់ តែមិន​យូរ​ប៉ុន្មាន​មក​​​កំណាត់​ទាំង​នោះ​​ ស្រាប់​តែ​ខ្ទាត​អារាត់​អារាយ​ទាំង​​អស់ គឺ​ដូចពេលដែល​កូន​ឆ្មា​ខាំកកេរ​លេងមិន​ខុស​ទេ​​។ ភ្លាម​ៗ​​នោះ​ ខ្ញុំ​ក៏​ដឹង​ដល់​វត្តមាន​របស់​សភាវៈ​​ដែល​មើល​មិន​ឃើញ ដែល​ជា​ប្រភព​កំណើត​របស់សំឡេង​​យំ និង​សំឡេង​កណ្តឹង​។ កូន​ឆ្មា​តូច​ត្រឡប់​​មក​ផ្ទះ​វិញ​ហើយ តែ​មក​​ក្នុង​រូប​ភាព​​មួយ​ដែល​ខ្ញុំ​មិន​អាច​មើល​ឃើញ​បាន ​ដូច​មិន​អាច​មើល​ឃើញ​​ភូមរីដែរ។

***

Read Full Post »


ផ្ទះគ្មានមនុស្ស… មិនប្រាកដថាគ្មានអ្នកនៅ!!!

ពេល​ញ៉ាំ​បាយ​ក្នុង​អាហារដ្ឋាន​​របស់​មហាវិទ្យាល័យ​​ ខ្ញុំ​ចូល​ចិត្ត​អង្គុយ​ញ៉ាំ​ម្នាក់​ឯង​​​​​នៅ​ឆ្ងាយ​ដាច់​ដោយ​​ឡែក​ពីអ្នក​ដទៃ​​។ គំនិត​​​​នឹក​ចង់​រក​មិត្ត​ភក្តិ​ មក​អង្គុយ​ញ៉ាំ​បាយ​ជាមួយ​គ្នា​​នាំ​ឲ្យ​រំខាន​​ មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​ឡើយ​​តាំង​ពី​ណា​ពី​ណី​មក​ម្ល៉េះ។​​

ថ្ងៃ​មួយ​ ស្រាប់​តែ​​មាន​និស្សិត​​ម្នាក់​​ ដើរ​មក​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ។ ខ្ញុំ​មិន​ធ្លាប់​ស្គាល់​គេ​​ពី​មុន​មក​ទេ។

«​ឯង​មែន​ទេ ដែល​ទើប​តែ​ផ្លាស់​មក​នៅ​ក្នុង​ផ្ទះ​​កើត​ឃាត​កម្ម?»​

​គេ​ឈ្មោះ​ អច្ឆរា​ រៀន​មុន​ខ្ញុំ​មួយ​ឆ្នាំ​។​ ដំបូង​ខ្ញុំ​ឆ្លើយ​​សំណួរ​គេ​បែប​សោះ​អង្គើយ​ តែ​មើល​​ទៅ​គេ ​ក៏​មិន​មែន​ជា​មនុស្ស​អាក្រក់​អី​ដែរ​​ ថែម​ទាំង​ជា​មនុស្ស​​​ចិត្ត​ទូលាយ​​ មាន​អធ្យាស្រ័យ​ល្អ​ ចូល​​ចុះ​ជាមួយ​​មនុស្ស​គ្រប់​គ្នា​បាន​យ៉ាង​ងាយ​ទៀត​ផង។

តាំង​ពី​ថ្ងៃ​នោះ​មក​  ខ្ញុំ​និង​អច្ឆរា​ ចាប់​ផ្តើម​សេព​គប់​គ្នា​ តែ​មិន​ដល់​ថ្នាក់​​​ជា​មិត្ត​ភក្តិ​ទេ គឺ​គ្រាន់​តែ​គេ​ឲ្យ​ខ្ញុំ​ដោយ​សារ​រថយន្ត ​​​​ដ៏​ទំនើប​ទាន់​សម័យ​របស់​គេ​ចេញ​ទៅ​ទិញ​សម្ភារៈ​ ឬ​ទៅមាន​ធុរៈ​នៅ​ម្តុំ​ពោធិ៍​ចិន​តុង។​ គ្រប់​ពេល​ដែល​រថយន្ត​​ពណ៌​ប្រាក់​មួយ​គ្រឿង​​នេះ​ ទៅ​ឈប់​ចត​តាម​ចិញ្ចើម​ថ្នល់​ម្តង​ៗ​ ខ្សែ​ភ្នែក​រាប់​រយ​គូ​ នឹង​​សម្លឹង​​​មក​មើល​​​​ព្រោង​ព្រាត ​​​ស្ទើ​រ​តែ​ភ្លេច​ដក      ​ដង្ហើម។

​អច្ឆរា​ ជា​​ទីស្រឡាញ់​របស់​មនុស្ស​គ្រប់​ៗ​គ្នា​​ និង​ជា​ទី​គោរព​រាប់​អាន​​​នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​មនុស្ស​ទូទៅ​ទៀត​ផង​។​ នៅ​ពេល​ខ្ញុំ​បដិសេធ​មិន​ញ៉ាំ​​ស្រា ​គេ​ក៏​​​​​​មិន​ដែល​​​​បង្ខំ​ខ្ញុំ​​​។​ អច្ឆរា​ចូល​ចិត្ត​​នៅ​ជាមួយ​​​មិត្ត​ភក្តិ​​ជានិច្ច ​​​​​និង​ ​​និយាយ​លេង​​​​​យ៉ាង​ស្និទ្ធស្នាល​ មិន​ដែល​ប្រកាន់​ខ្លួន     ​ទេ​។ នៅ​ក្នុង​ពេល​វេលា​បែប​នោះ ​ខ្ញុំ​ចូល​ចិត្ត​​រំលៀក​​ខ្លួន​​​ចេញ​​ពី​កន្លែង​អង្គុយ ​យ៉ាង​​ស្ងៀម​ស្ងាត់​ ដោយ​គ្មាន​នរណា​សង្កេត​ដឹង​ថា​ ខ្ញុំ​បា​ន​ក្រោក​ចេញ​ទៅ​ហើយ​ទេ​​​។ ខ្ញុំ​មិន​ធ្លាប់​នឹក​ចង់​ចូលរួម​វង់​ជជែក​គ្នា ​​​ឬ​​ពិភាក្សា​គ្នា​​ជាមួយ​នរណា​ទាំង​អស់​​​។ ចំពោះ​​​ខ្ញុំ ​បើ​បាន​អង្គុយ​​តែ​ម្នាក់​ឯង​លើ​​បង់​ក្នុង​មហាវិទ្យាល័យ ​មើល​ស្លឹក​​ឈើ ​ឫស​ឈើ តាម​អារម្មណ៍​អណ្តែត​អណ្តូង​​ គឺ​​​​​​សប្បាយ​ខ្លាំង​​​ជាង ​​នៅ​អង្គុយ​ស្តាប់​​គេ​​​ជជែក​គ្នា​​​ទៅ​ទៀត។​​​ ទោះ​បី​ជា​មិត្ត​ភក្តិ​​អង្គុយ​នៅ​ឆ្ងាយ​បន្តិច​ពិត​មែន​​ក៏​ដោយ​​ តែ​ខ្ញុំ​ក៏​​មិន​ចូលចិត្ត​​​​នៅ​ក្បែរ​កន្លែង ​ដែល​មាន​​​មនុស្ស​ម្នា​ច្រើន​ដែរ​​ ហើយ​​ចិត្ត​នឹង​បាន​ស្ងប់​ និង​បន្ធូរ​អារម្មណ៍​បាន​ច្រើន​​​ប្រសិន​បើ​បាន​​​នៅ​តែ​ម្នាក់​ឯង​​។

មិត្ត​ភក្តិ​របស់​អច្ឆរា​​​សុទ្ធ​សឹង​ជា​មនុស្ស ​​​មាន​ថាមពល​ហូរហៀរ​លើ​គ្រប់​វិស័យ​។​ ពួក​គេ​ចូល​ចិត្ត​​សើច​ឮ​ក្អាក​ក្អាយ​​គ្រប់​ពេល​វេលា​។ ម្នាក់​​ៗ​មាន​លុយ ​និង​​អំណាច​ អាច​ធ្វើ​អ្វីៗ​​​បាន​តាម​ចិត្តមិនបាច់​​រុញ​រា។​​ មើល​ទៅ​ពួក​គេ​ទាំង​នោះ ​ហាក់​ដូច​ជា​នៅ​​ពិភព​លោក​​មួយ​ ដោយ​ឡែក​​​ពី​ខ្ញុំ។

ពេល​គិត​ប្រៀប​ធៀប​​ខ្លួន​ឯង ទៅ​នឹង​​​ពួកគេទាំង​នោះ ខ្ញុំ​ទទួល​អារម្មណ៍​ថា ​ខ្លួន​ឯង​​ជា​វត្ថុ​មា​ន​ជីវិត​​ដែល​​ស្ថិត​នៅ​ថ្នាក់​ទាប​បំផុត។ ទម្លាប់​និយាយ​ត្រដិត​​ ខោអាវ​ចាស់​ខ្ញុក​ខ្ញូវ​​មួយ​រយ​ផ្នត់​ព្រោះ​​មិន​​​ធ្លាប់​ស្គាល់​រស​ជាតិ​ឆ្នាំង​អ៊ុត​ ​​​ដែលវា​ក៏​​ក្លាយ​ជា​រឿង​កំប្លែង​មួយ​ សម្រាប់ឲ្យ​​​ពួក​គេ​​យក​ទៅ​និយាយ​សើច​លេង​ទៅ​ហើយ។ ជាង​នេះ​ទៅ​ទៀត​ ខ្ញុំ​ហាមាត់​និយាយ​តែ​ពេល​ណា​ចាំបាច់​ប៉ុណ្ណោះ ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​គិត​ថា​ ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​​មាត់​ក​ និង​​​គ្មាន​​មនោសញ្ចេតនា​​។

ជួន​កាល​ពួក​នោះ​ ​ក៏​សាក​ល្បង​​ធ្វើ​ពិសោធ​នឹង​ខ្ញុំ​។ រឿង​ហេតុ​មួយ​ក៏​​បាន​កើត​ឡើង​នៅ​ត្រង់​កៅ​អី​​​អង្គុយ​ក្រោម​​​បណ្ណាល័យ…

«​ពួក​​​យើង​ទៅ​តែ​មួយ​ភ្លែត​ទេ បន្តិច​ទៀត​នឹង​​ត្រឡប់​​មក​វិញ​។ ឯង​​​ត្រូវ​ចាំ​ពួក​​យើង​នៅទី​នេះ​ណា៎!»​​

អច្ឆរា​ និង​មិត្ត​ភក្តិ​និយាយ ​មុន​នឹង​នាំ​គ្នា​​​​​ចាក​ចេញ​ទៅ។ ខ្ញុំ​អង្គុយ​អានសៀវភៅ​ចាំ​​ពួក​គេ​នៅ​ទី​នោះ​។ ក្រុម​​និស្សិត​​ដែល​​​​អង្គុយ​​នៅ​តុ​ក្បែរ​ៗ​នោះ ​​​ជំនុំ​​គ្នា​លាន់​ឮ​ចេច​ចាច​។ មួយ​ម៉ោង​កន្លង​ផុត​ទៅ​ហើយ​ ក៏​​នៅ​តែ​មិន​ឃើញ​ពួក​គេ​ត្រឡប់​​មក​វិញ​។ ខ្ញុំ​នឹក​កង្វល់​តិច​ៗ​​ តែ​ក៏​នៅ​បន្ត​​​អាន​សៀវភៅរង់​​ចាំរហូត​​អស់​ពេល​​​​​​មួយ​ម៉ោង​ទៀត។ សរុប​មក​​ខ្ញុំ​រង់​ចាំ​ពួក​គេ​អស់​រយៈ​ពេល​២​ម៉ោង​ទទេៗ​។

អច្ឆរា​ដើរ​ត្រឡប់​​មក​វិញ​តែ​ម្នាក់​ឯង។​​ គេ​ធ្វើ​មុខ​ស្អុយ​មើល​មុខ​ខ្ញុំ​ហើយ​និយាយ​ថា៖

«​​ពួក​នោះ​គ្រាន់​តែ​​​បោក​ឯង​លេង​​​ប៉ុណ្ណោះ ទោះ​ចាំ​ដល់​ថ្ងៃ​ស្អែក​​ទៀត ​ក៏​គ្មាន​នរណា​ត្រឡប់​​មក​វិញ​​ដែរ​​។ ពួក​គេ​បាន​​​​​​ទៅ​ចាំ​លួច​មើល​ឯង​​ពី​ចម្ងាយ​ រហូត​​ដល់​ធុញ​ទ្រាន់​ ក៏​នាំ​គ្នា​ជិះ​ឡាន​ត្រឡប់​​ទៅ​ផ្ទះ​​អស់​​ហើយ​!»

ខ្ញុំ​​​តប​ទៅវិញ​ត្រឹម​ថា អ៊ីចឹង? ហើយ​ក៏​បិទ​សៀវភៅ​​ក្រោក​ឈរ​ ត្រៀម​​​ត្រឡប់​​ទៅ​ផ្ទះ។

«​ឯង​​មិន​ឈឺ​ចិត្ត​ខ្លះ​ទេ​​ ដែល​ពួក​គេ​​នាំ​គ្នា​បោក​ប្រាស់​ឯង​​លេង​សើច​ ​មើល​ឯង​​​អង្គុយ     ​អន្ទះ​អន្ទែង​​ចាំ​​ពួកគេ​?»

ដោយ​សារ​រឿង​បែប​​នេះ ​​​ធ្លាប់​កើត​ឡើង​ជាមួយ​ខ្ញុំ​​ញឹក​ញាប់​​រួច​មក​ហើយ​ ទើប​ខ្ញុំ​ទទួល​អារម្មណ៍​ថា​យ៉ាង​ម៉េច​ក៏​យ៉ាង​ម៉េច​ទៅ​ ខ្ញុំ​ស្ទើរ​តែ​មិន​ចាប់​អារម្មណ៍​ទៀត​​ទេ​​ «​ខ្ញុំស៊ាំនឹងរឿងបែបនេះ​​ទៅហើយ

ខ្ញុំ​ដើរ​ចេញ​ពី​បរិវេណ​នោះ​យ៉ាង​រហ័ស ​ដោយ​មិន​រវីរវល់​នឹង​អច្ឆរា។ ពេល​កំពុងដើរ​ទទួល​អារម្មណ៍​ថា​ ខ្សែ​ភ្នែក​របស់​អច្ឆរា​កំពុង​តាម​សម្លឹង​មើល​ខ្ញុំ​។

ខ្ញុំ​ដឹង​តាំង​ពី​ដំបូង​ម្ល៉េះ ​ថា​​ពិត​ជា​​ចូល​​នឹង​​ពួកគេ​មិន​ចុះ​ទេ។ គ្រប់​យ៉ាង​ដែល​ពួក​នោះ​មាន​ ទោះ​ឲ្យ​ខ្ញុំ​​ឈោង​ដៃ​ទៅស្រវេស្រវា​ យក​​មក​យ៉ាង​ណា​ក៏​គ្មាន​ផ្លូវ​នឹង​បាន ព្រោះ​ហេតុ​នេះ​ទើប​គ្រប់​ពេល​ដែល​និយាយ​នឹង​ពួកគេ​ ខ្ញុំ​ក៏​បាន​ភ្លក្ស​រសជាតិ​នៃ​ភាព​អស់​សង្ឃឹម​​នៅ​ក្នុង​ជីវិត ​​រហូត​ស្ទើរ​តែ​ស្អប់​ពួក​គេ​ទៀត​ផង។​

ខ្ញុំ​មិន​បាន​ស្អប់​ត្រឹម​តែ​ពួក​នេះ​ទេ។ ខ្ញុំ​ស្អប់​ និង​ដាក់​បណ្តាសា​​អ្វី​ៗ​ទាំង​អស់​ ជា​ពិសេស​ព្រះ​អាទិត្យ​ ផ្ទៃ​មេឃ​ខៀវ​ស្រងាត់​ ផ្កានានា​ និង​សម្លេង​តូរ្យ​ត​ន្ត្រី​។ ខ្ញុំ​​ប្រទេច​ផ្តាសា​អ្វី​ៗ​ទាំង​នោះ ខ្ញុំ​តែង​​តែ​គិត​ថា  ​មនុស្ស​ដែល​ដើរ​កាត់​ខ្ញុំ​​ ដោយ​ទឹក​មុខ​​រីក​រាយ​ស្រស់​​ថ្លា ជា​ពួក​ម​នុស្ស​ភ្លីភ្លើ​​បញ្ញា​អន់​។ ខ្ញុំ​បដិសេធ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​​នៅ​លើ​លោក​ ហើយ​ចង់​រត់​គេច​ទៅ​នៅ​ឲ្យ​ឆ្ងាយ ​​ស្ងាត់​ៗ​​ម្នាក់​ឯង​​។

ដោយ​ហេតុ​ផល​នេះ​​ ទើប​ខ្ញុំ​នឹក​ស្ងើច​នឹង​រូប​ភាព​​ដែល​ភូមរី​ថត​។ ​ខ្ញុំ​​​​​ព្រម​​ទទួល​គ្រប់​បែប​យ៉ាង​​នៅ​ក្នុង​រូប​ថត​របស់​ភូមរី​​​​​​ តាម​​​ជម្រៅ​ចិត្ត​ដែល​កប់​ជ្រៅ​​​​​​របស់​ខ្ញុំ។ ខ្ញុំ​ទទួល​ជ្រួត​ជ្រាប​ដល់​​កម្លាំង​មហា​សាល​​​នៃ​រស្មី​ត្រចះ​ត្រចង់​​ដែល​ផុស​ចេញ​ពី​ រូប​ថត​មហា​វិទ្យាល័យ​ អគារ​ផ្ទះ​សំបែង​ រូប​ភាព​សួន​សាធារណៈ​​​ខៀវ​ស្រងាត់​ និង​រូប​ភាព​ស្រះ​ទឹក​។ ភាព​ទន់​ភ្លន់ ​មាន​សន្តាន​ចិត្ត​​ល្អ​​របស់​ភូមរី​​ បាន​រសាត់​ចេញ​មក​ពី​រូប​ភាព​កូន​ឆ្មា​​ និង​ ​​​រូប​ភាព​​ក្មេងៗ​​​លើក​ម្រាម​ដៃ​ពីរ​  ញញឹម​​រងោក។ ខ្ញុំ​មិន​ដឹង​​ទេ​ថា ​ភូមរី​មាន​មុខ​មាត់​យ៉ាង​ណា​ តែ​ក៏​ល្មម​​​​នឹក​ស្មាន​រូប​ភាព​នាង​​បាន​ថា​ នាង​ប្រហែល​ជា​ពាក់​កាមេរ៉ា​ ជាប់​នឹងក​ ហើយ​​​ក្មេង​ៗ​ក៏​នាំ​គ្នា​​រត់​ពពាក់​ពពូន​មក​សុំ​​នាង​ថត​រូប​។

ឧបមា​ថា​ខ្ញុំ​ឈរ​នៅ​ក្បែរ​នាង​ សម្លឹង​មើល​ទៅ​ទេស​ភាព​នៅ​ខាង​មុខ​ដូច​គ្នា តែ​ខ្សែ​ភ្នែក​របស់​ខ្ញុំ​ពិត​ជា​ចាប់​យក​រូប​ភាព​ខុស​​ពី​នាង​មិន​ខាន។ មនុស្ស​ចិត្ត​រឹង​ប៉ឹង​ដូច​ភូម​រី​​​ ធ្វើ​ឲ្យ​​នាង​ជ្រើស​រើស​មើល​​ពិភព​លោក​ក្នុង​ផ្នែក​ដែល​​​​ស្រឡះ​មាន​​ពន្លឺ។​ ខ្សែ​ភ្នែក​របស់​នាង​ ប្រហែល​ជា​ដូច​​ប្រព័ន្ធ​ចាប់​រូប​​របស់​ម៉ាស៊ីន​ថត ​​ដែល​ប្រមូល​យក​តែ​សេចក្តី​សុខ​​​​​​​ឲ្យ​នាង​មើល​ឃើញ​ពិភព​លោក​ល្អ​ស្រស់​​ត្រកាល​។ ចំណែក​ខ្ញុំ​គ្មាន​​ផ្លូវ​មើល​ឃើញ​បែប​នោះ​​បាន​ទេ។​ ខ្ញុំ​​មើល​តែ​ផ្នែក​ងងឹត ​​​ដែល​បាំង​ពន្លឺ​​ចូល​មិន​បាន។ ចំពោះ​ខ្ញុំ ពិភព​លោក​នេះ​​ជា​ទី​កន្លែង​ដែល​​ព្រឺ​រងា ​មាន​តែ​​របស់​​​ដែល​គួរ​​ឲ្យ​ស្អប់​ខ្ពើម​ប៉ុណ្ណោះ​។​​ ​ពិភព​លោក​នេះ​ មិន​យុត្តិ​ធម៌​សោះ!​ មនុស្ស​ដូច​​ខ្ញុំ​មិន​ស្លាប់ ​តែ​​មនុស្ស​ដូច​ភូមរី​​បែរ​ជា​ត្រូវ​គេ​សម្លាប់​ទៅ​វិញ​។

ខ្ញុំ​មក​ដល់​ផ្ទះ​ ដោយ​អារម្មណ៍​​​មិន​ល្អ​សោះ​ ដែល​ត្រូវ​គេ​បោក​បញ្ឆោត​​​​​ពី​​មហាវិទ្យា   ល័យ​ តែ​ពេល​​បាន​អង្គុយ​លេង​ជាមួយ​កូន​ឆ្មា​​ ចាប់​ខ្លួន​វា​ឲ្យ​ដេក​ផ្ងា​រ​ពោះ​ឡើង​លើ​​​ហើយ​អង្អែល​​ពោះ​​វាលេង​​ អារម្មណ៍​មិន​ល្អ​ទាំង​ប៉ុន្មាន​​ក៏​រសាត់​បាត់​​អស់។ ខ្ញុំ​នឹក​ដល់​ភូមរី…​ ​អ្នក​ដទៃ​បោះបង់​ខ្ញុំ​ចោល​ ហើយ​ក៏​​នាំ​គ្នា​ចាក​ចេញ​ទៅ តែ​ភូម​រី​​បែរ​​ជា​ត្រឡប់​​មក… ​ឬមួយ​​ខ្ញុំ​និយាយ​ខុស?

ទោះ​បី​ជា​​កើត​រឿង​កាល​ពី​លើក​មុន ​តែ​ខ្ញុំ​ក៏​មិន​បាន​ឈប់​សេព​គប់​ជាមួយ​​អច្ឆរា​ដែរ។​ ខ្ញុំ​នៅ​​តែ​ទៅ​ញ៉ាំ​បាយ​នៅអាហារដ្ឋាន​​​ជាមួយ​គេ ​និង​ដោយសារ​រថយន្ត​គេ​ទៅ​ខាង​ក្រៅ​ដូច      ​ដើម។ ​តែ​មាន​​រឿង​មួយ​ដែល​ផ្លាស់​ប្តូរ​​… គឺ​ពេល​ណា​ដែល​ខ្ញុំ​គេច​ចេញ​ពី​ក្រុម​មិត្ត​ភក្តិ​ ដែល​ចោម​រោម​គ្នា​និយាយ​ជាមួយ​គេ​​ អច្ឆរា​នឹង​ដើរ​ចេញ​ពី​ក្រុម​មិត្ត​ភក្តិ​តាម​ខ្ញុំ​​មក​​យ៉ាង​ស្ងៀម​ស្ងាត់​ដែរ​។

«​លើក​ក្រោយ​សុំ​ទៅ​លេង​ផ្ទះ​ឯង​ផង​បាន​ទេ?»

ខ្ញុំ​បដិសេធ​ពាក្យ​សុំ​របស់​អច្ឆរា​។ ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ចូល​មក​ក្នុងផ្ទះទេ​​ ព្រោះ​បើ​គេ​ចូល​មក​ឃើញ​ហេតុការណ៍​ចម្លែក​ៗ ​​​ដែល​កើត​ឡើង​ញឹកញាប់​​ក្នុង​ផ្ទះ​នេះ​ គេ​អាច​នឹង​ភ័យ​លស់​ព្រលឹង​​ហើយ​រត់​​​​បះ​សក់​ទៅ​វិញ​ផង​ក៏​មិន​ដឹង។

រៀង​រាល់​ព្រឹក​​ ពេល​ភ្ញាក់​ឡើង ខ្ញុំ​​តែង​ឃើញ​វាំង​នន​បើក​ចំហ​​ជានិច្ច។ ​ខ្ញុំ​ដឹង​ថា​នោះ​ជា​​ស្នា​ដៃ​របស់​អ្នក​ជួល​ផ្ទះ​នេះ​ពី​មុន។ ខ្ញុំ​ជ្រើស​រើស​បន្ទប់​ដេក​ ដែល​មាន​បង្អួច​បែរ​ទៅ​រក​ទិស​ខាង​ជើង​ព្រោះ ​​ព្រះ​អាទិត្យ​នឹង​មិន​អាច​ជះ​ពន្លឺ​​ចូល​បន្ទប់​បាន​ទេ​​។ តែ​​ទោះជា​យ៉ាង​នោះក្តី​ ពេល​​បើក​វាំង​នន​​ដែល​ជា​អាវ​ក្រោះ​​​ការ​ពារ​ខ្ញុំ​​ពី​ពិភព​​ខាង​ក្រៅ​​ ​ក្នុង​បន្ទប់​នឹង​ភ្លឺ​ចាំង​ភ្នែក​មួយ​រំពេច​​។ ​គួរ​ឲ្យ​សោក​ស្តាយ​​​ដែល​​ខ្ញុំ​ត្រូវ​បោះ​បង់​ចោល​ផែន​ការ ​ដែល​គិត​ចង់​រស់​នៅ​ក្នុង​ផ្ទះ​ដោយការ​​បិទ​វាំង​ននឲ្យ​​ជិត​គ្រប់​កន្លែង ព្រោះ​បើ​ទោះ​ជា​ព្យាយាម​ ចង់​រត់​គេច​ពី​ពន្លឺ​ព្រះ​អាទិត្យ​យ៉ាង​ណា​​​ក៏​ដោយ មិន​យូរ​ទាំង​បង្អួច​និង​វាំង​នន​នឹង​ត្រូវ​បើក​ចំហ​វិញ​ដូច​ដើម។ ភូមរី​នៅ​វិល​វល់​ដូច្នេះ​រហូត​ខ្ញុំ​ខ្ជិល​នឹង​តតាំង​ជាមួយ​នាង។ ខ្ញុំ​និង​ភូមរី​ប្រហែល​ជា​យល់​ឃើញ​មិន​ដូច​គ្នា​ទេ​ ពី​ការ​បិទ​បើក​បង្អួច​និង​វាំង​នន។ ពេល​កណ្តាល​អធ្រាត្រ​ដែល​ខ្ញុំ​ចូលដេក​ហើយ​ ខ្ញុំ​តែង​ឮ​សំឡេង​ជើង​របស់​នរណា​ម្នាក់​ ដើរ​តាម​រានហាល​ខាង​ក្រៅ​ផ្ទះ។ សំឡេង​បន្ទះ​​ក្តារ​ញ័ររញ្ជួយ​​ឮ​ចេញ​មក​ពីភាព​ងងឹត ​​​តាម​ដោយ​សំឡេង​បើក​ទ្វារ​បន្ទប់​ដែល​នៅ​ទល់​មុខ​​បន្ទប់​ខ្ញុំ។ បន្ទាប់​​ពី​នោះ​គ្រប់​យ៉ាង​ក៏​ស្ងាត់​ទៅ​។​ បន្ទប់​នោះ​គឺ​ជា​បន្ទប់​របស់​ភូមរី​នេះ​ឯង។

ខ្ញុំ​ក៏​នឹក​ចម្លែក​ចិត្ត​នឹង​​ខ្លួន​ឯង​ដែរ​ ថា​ហេតុ​អ្វី​ខ្ញុំ​មិន​ភ័យ​ខ្លាចនឹង​រឿង​នេះ។

ថ្វី​បើ​មើល​មិន​ឃើញ​រូ​ប​រាង​របស់​ភូមរី​ តែ​ចាន​ឆ្នាំង​ត្រូវ​បាន​លាង​សម្អាត​​ដោយ​ខ្ញុំ​មិន​ដឹង​ខ្លួន​គ្រប់​ពេល​។ ក្រដាស​ខ្ទាស់​សៀវភៅ​រំកិល​​ទៅ​ទំព័រ​បន្ទាប់​ជានិច្ចរឿយៗ។ ផ្ទះ​ដែល​គ្មាន​មនុស្ស​នៅ​​យូរ​មក​ហើយ​ត្រឡប់​​​ជា​គ្មាន​​​លម្អង​​ធូលី​សូម្បី​តែ​បន្តិច​​។ នាង​ប្រហែល​ជា​លួច​មក​បោស​សម្អាត​ផ្ទះ ​​​នៅ​ពេល​ដែល​ខ្ញុំ​មិន​​​នៅ។ ក្នុង​ពេល​ដំបូង ​ដែល​មាន​ហេតុ​ការណ៍​​ចម្លែក​ៗ​បែប​នេះ​កើត​ឡើង ខ្ញុំ​វង្វេង​វង្វាន់​រក​តែ​ធ្វើ​អ្វី​ក៏​មិន​ត្រូវ​ដែរ​ លុះ​គ្រា​ត​មក​ក៏​ចាប់​ផ្តើម​ទម្លាប់​បាន​ ដោយ​គិត​ថា​វា​ជា​រឿង​ធម្មតា។

កូ​ន​ឆ្មា​តូច​ចូលចិត្ត​ដេក​អង្កុញ​ខ្លួន ​​នៅ​លើ​កំណាត់​អា​វ​ស្ងួត​ចាស់​មួយ ធ្វើ​ភ្នែក​​ព្រឹម​ៗ​ត្បុល​ក្បាល​ចូល​ក្រោម​កំណាត់​ដែល​វា​ហួង​ហែង​ មុន​នឹង​បិទ​ភ្នែក​លក់​យ៉ាង​ឆាប់​រហ័ស។ កូន​ឆ្មា​ចូល​ចិត្ត​ងើយ​មុខ​មើល​អ្វី​ម្យ៉ាង ​ដែល​ខ្ញុំ​មើល​មិន​ឃើញ​ ហើយ​រត់​ទៅ​លេង​ជាមួយ​យ៉ាង​សប្បាយ​រីក​រាយ។ មិន​បាច់​សង្ស័យ​ច្រើន​ឡើយ​ ដៃ​គូ​ប្រឡែង​លេង​ជាមួយ​វា​គ្មាន​នរណា​ក្រៅ​ពី​ភូមរី​នោះ​ទេ។ ខ្ញុំ​ធ្លាប់សាក​ល្បង​មើល​តាម​​ទិស​ដែល​ឆ្មា​កំពុង​សម្លឹង​​ តែ​បែរ​ជា​មិន​ឃើញ​អ្វី​សោះ​ក្រៅ​ពី​លំហ​ទទេ។

​ទទួល​អារម្មណ៍​ថា ​ខ្ញុំ​និង​ភូមរី​ចូលចិត្ត​អ្វី​មិន​សូវ​ដូច​គ្នា​ប៉ុន្មាន​ទេ ដូច​ជា រយៈ​ពេល​ដំបូងដែល​ផ្លាស់​មក​ នៅ​លើ​ទូរទស្សន៍​មាន​កូន​តុក្កតា​ឆ្មា​តូចៗ​​ របស់​ភូមរី​ដាក់​តាំង​លម្អ​​ តែ​ខ្ញុំ​ដែល​​មិន​ចូលចិត្ត​តាំង​អ្វី​នៅ​លើ​ទូរទស្សន៍​ក៏​ប្រមូល​យក​ទៅ​ទុក​អស់ តែ​តុក្កតា​ត្រឡប់​​មក​​នៅ​ត្រង់​កន្លែង​ដើម​វិញ​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង។ ខ្ញុំ​តាម​ប្រមូល​យក​ទៅ​ទុក​ច្រើន​លើក​ច្រើន​សា ហើយ​ថ្ងៃ​ស្អែក​ឡើង​​ក៏​ឃើញ​​ដាក់​តាំង​​នៅ​លើ​​ទូរទស្សន៍​ដូច​ដើម។​

«​ដាក់​របស់នៅ​លើ​​ទូរទស្សន៍​បែប​នេះ​ គ្រាន់​តែ​ញ័រ​រញ្ជួយ​បន្តិច​នឹង​ជ្រុះ​ធ្លាក់​​​មិន​ខាន ឃើញ​ហើយទើស​​​ភ្នែក​ណាស់!» ដល់​ថ្នាក់​ខ្ញុំ​និយាយ​បែប​នេះហើយ ​​ក៏​នៅ​តែ​គ្មាន​        ប្រយោជន៍។

ពេល​ខ្ញុំ​ចាក់​ចម្រៀង​​សំណព្វ​​ចិត្ត​ស្តាប់ ​​​តែ​​នាង​មិន​សូវ​ចូលចិត្ត​ ជួន​​ខ្ញុំ​រវល់​ចូល​បន្ទប់​ទឹក​បន្តិច​ នាង​ក៏​ផ្លាស់​​​ដាក់​រឿង​កំប្លែង​វិញ​​ ដែល​នេះ​​បញ្ជាក់​ប្រាប់​ពី​​រស​និយម​ ក្នុង​​ជម្រៅ​ចិត្ត​របស់​នាងបាន​យ៉ាង​ច្បាស់។

បន្ទាប់​ពី​នោះ​មិន​យូរ​ប៉ុន្មាន​ ព្រឹក​ថ្ងៃ​មួយ​ខ្ញុំ​ក៏​​ភ្ញាក់​ឡើង​ព្រោះ​សំឡេង​កាំ​បិត​ធ្វើ​ម្ហូប។​ ខ្ញុំ​ដើរ​ចូល​​ទៅ​ក្នុង​​ផ្ទះ​បាយ​​ក៏​ប្រទះ​ឃើញ​​​ អាហារ​ពេល​ព្រឹក​​បាន​​រៀប​ចំ​រួច​ជា​ស្រេច​​​។ ថ្ងៃ​មួយ​ពេល​ត្រឡប់​​មក​​ពី​មហាវិទ្យាល័យ​វិញ​​​ ខ្ញុំ​ឡើង​យក​កាតាប​ទៅ​ទុក​ក្នុង​បន្ទប់​ជាន់​ទី​២​ តាំង​ចិត្ត​ថា​នឹង​ចូល​ទៅ​អង្គុយ​សម្រាក​ក្នុង​បន្ទប់​​​អង្គុយ​លេង​​បន្តិច ហើយ​បន្ទាប់​មក​​ពែង​កាហ្វេ​ផ្សែង​ហុយ​ក្តៅ​ៗ​ ក៏​ត្រូវ​បាន​យក​មក​ដាក់​នៅ​ក្បែរ​ៗ​នោះ។ ភូមរី​ចាប់​ផ្តើម​បង្ហាញ​មុខ​មាត់​កាន់​តែ​ច្បាស់​ មាន​ពណ៌​សម្បុរ​​កាន់​តែ​ខ្លាំង​ឡើង​បន្តិច​ម្តង​ៗ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​ខ្ញុំ​អាច​ដឹង​ពីវត្តមាន​របស់​ភូមរី​​ ក៏​ដោយ​សារ​លទ្ធផល​​​ដែលមើល​​​ឃើញ​ប៉ុណ្ណោះ​។ នាង​មិន​ដែល​ឆុង​កាហ្វេ​ឲ្យ​ឃើញ​នៅ​​​ចំពោះ​មុខ​ទេ។ ភាព​ប្រែ​ប្រួល​នឹង​​ចាប់​ផ្តើម​កើត​ឡើង​ នៅ​ពេល​ដែល​ខ្ញុំ​​ភ្លេច​ខ្លួន​ក្រឡេក​​ភ្នែក​ទៅ​ទិស​ផ្សេង​។  ខ្ញុំ​នឹក​ឆ្ងល់​​ថា​ ពែង​កាហ្វេ​​​ធំដូច្នេះ​​​ តើ​អាច​ផ្លាស់​ទី​ពី​ផ្ទះ​បាយ​មក​កាន់​បន្ទប់​អង្គុយ​លេង​​ បាន​​ដោយ​របៀប​ណា? តើ​វា​អណ្តែត​តាម​អាកាស​មក​សន្សឹម​ៗ​​​ ឬ​ក៏​រំកិល​មក​តាម​កម្រាល​ឥដ្ឋ? តែ​ដែល​សំខាន់​ជាង​នេះ​គឺ​​ភូមរី​តាំង​ចិត្ត​ដើម្បី​​ឆុង​កាហ្វេ​ឲ្យ​ខ្ញុំ។​

ក្រៅ​ពី​នេះ​ មើល​ទៅ​នាង​​​​​​ហាក់​ដូច​ជា​មិន​អាច​ទៅ​ណា​មក​ណា​បាន​គ្រប់​​ទី​កន្លែង​​​នោះ​ទេ ក្រៅ​ពី​ក្នុង​ផ្ទះ​និង​​​ក្នុង​សួន។ នៅ​ពេល​​ដល់​ថ្ងៃ​ប្រមូល​សំរាម​យក​ទៅ​ចោល​​ តែង​​មាន​​ថង់​សំរាម​ខ្មៅ​ធំ​មួយ​​ ចងមាត់​ជិត​យ៉ាង​រៀប​រយ​​ដាក់​ក្បែរ​មាត់​​ទ្វារ​​ផ្ទះ។ ភូមរី​ប្រហែល​ជា​​មិន​អាច យក​ទៅ​បោះ​ចោល​​នៅ​ត្រង់​កន្លែង​​ចោល​​សំរាម​​ខាង​ក្រៅ​ផ្ទះ​បាន​ទេ។​

ថ្ងៃ​មួយ ​សុខ​ៗ​ក៏​មាន​ដប​កែវ​ទទេ​មួយ​ ដែល​ប្រើ​សម្រាប់​ដាក់​កាហ្វេ​ទុក​ចោល​នៅ​លើ​តុ។ ខ្ញុំ​យល់​ពី​បំណង​របស់​នាង​ច្បាស់​ណាស់។​ «​ដល់ពេលត្រូវទៅទិញកាហ្វេហើយ​!» ​ខ្ញុំ​ក៏​ចេញ​ទៅ​ផ្សារ​​ទិញ​មក​ឲ្យ​នាង។

ភូមរី ​គឺ​ជាវិញ្ញាណ​​​អាថ៌កំបាំង​ពិត​មែន​ឬ? នាង​មិន​បាន​ធ្វើ​អ្វី​​​ឲ្យ​ស័ក្តិ​សម​ជា ​វិញ្ញាណ​ខ្មោច​សោះ។ នាង​មិន​ធ្លាប់​លង​បន្លាច​ឲ្យ​គេ​ឯង​ភ័យ មិន​ធ្លាប់​ធ្វើ​សំឡេង​គ្រលរ ថ្ងូរ​ទាម​ទារ​បំណុល​ឈាម​ដែល​ខ្លួន​​ត្រូវ​គេ​សម្លាប់ មិន​ធ្លាប់​បង្ហាញ​ខ្លួន​ជា​ព្រលឹង​ហោះ​វិល​វល់… នាង​គ្រាន់​តែ​នៅ​យ៉ាង​ស្ងៀម​ស្ងាត់​ ប្រើ​ជីវិត​​តាម​ធម្មតា​​ដូច​​​ធ្លាប់​មាន​​កន្លង​មក។ បើ​ហៅ​នាង​ថា​ស្លាប់​ទៅ​ហើយ​តែ​មិន​ដឹង​​ទៅ​ណា ប្រហែល​ជា​ត្រូវ​ជាង។ នាង​មិន​មែន​ជា​វិញ្ញា​ណអនាថា​ដែល​​ត្រូវ​តែ​ដើរ​ពនេចរ​នោះទេ។

ទោះ​បី​ជា​មើល​មិន​ឃើញ​ តែ​ខ្ញុំ​បែរ​ជា​ទទួលអារម្មណ៍​បាន​ថា​ ភូមរី​នៅ​ក្បែរ​ខ្ញុំ។ ភាព​កក់​ក្តៅ​របស់​នាងជ្រួត​ជ្រាប​​ដល់​ជម្រៅ​បេះ​ដូង​​ខ្ញុំ​បន្តិចម្តង​ៗ​។ ខ្ញុំ​មិន​ធ្លាប់គិតសោះ​​ថា​ នឹង​យក​រឿង​​របស់​នាង​និង​កូន​ឆ្មា​​​ទៅ​និយាយ​ប្រាប់​ឲ្យ​អ្នក​ផ្សេង​ស្តាប់​។

ថ្ងៃ​មួយ ​ខ្ញុំ​បាន​ដោយ​សារ​រថយន្ត​របស់​អច្ឆរា ​ទៅ​ទិញ​សម្ភារៈ​​មួយ​ចំនួន​។ រថយន្ត​ពណ៌​ប្រាក់​តូច​ច្រឡឹង​របស់​អច្ឆរា​រត់​ទៅ​មុខ​រឿយៗ។ មិន​ដល់​មួយ​ដង្ហើម​ផង ​ស្រះ​ទឹក​ធំ​ខាង​មុខ​សាកល​វិទ្យាល័យ​​ ក៏​ប្រាកដ​ខ្លួន​​​ឲ្យ​ខ្ញុំ​ឃើញ​នៅ​ខាង​ក្រៅ​បង្អួច។ ខ្ញុំ​តែង​ដើរ​សសៀរ​​​តាម​ស្រះ​​នោះ​ជា​ប្រចាំ​ ​មិន​មែន​ដើរ​លេង​ទេ តែ​​​ព្រោះ​ជា​ផ្លូវ​ដែល​ត​​ភ្ជាប់​ពី​ផ្ទះ​ខ្ញុំ​មក​សាកល​វិទ្យា ល័យ។ ពេល​ដើរ​ ខ្ញុំ​មិន​ធ្លាប់​សម្លឹង​អ្វី​​ ក្រៅ​ពី​ចុង​ក្រចក​​​របស់​ខ្លួន​ស្រាប់​​ទៅ​ហើយ ទើប​មិន​ដែល​​យក​​ចិត្ត​ទុក​ដាក់​​មើល​ស្រះ​នោះ​ ឲ្យ​បាន​ពេញ​ភ្នែក​ម្តង​សោះ។

«ធ្លាប់​​ឮ​ថា មាន​សិស្ស​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ស្រះ​នេះ?»

អច្ឆរា រួញ​​​ស្មា​ចូល​គ្នា ​ហាក់​ដូច​ជា​​​ប្រឹង​អត់​ដង្ហើម​ នៅ​ពេល​ឮ​សម្តី​ខ្ញុំ។

«​គេ​ជា​មិត្ត​របស់​ខ្ញុំ!» អច្ឆរា​ចាប់​ចង្កូត​ឡាន​យ៉ាង​ណែន ភ្នែក​សម្លឹង​មើល​ផ្លូវ​ខាង​មុខ    ខណៈ​ដែល​និយាយ​ដល់​មិត្ត​​ដែល​បាន​​ស្លាប់​ទៅ «​យើង​ជាមិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា ​តាំង​ពីរៀន​នៅ​​បឋម​សិក្សា​ម្ល៉េះ…»

ល្បឿន​របស់​រថយន្ត​យឺត​ចុះ​ជា​លំដាប់ នៅ​ទី​បំផុត​ ​អច្ឆរា ​ក៏​ចត​រថយន្ត​ស្ងៀម​ នៅលើ​​ចិញ្ចើម​ថ្នល់​។ សម្បជញ្ញៈ​របស់​គេ​មើល​ទៅកំពុងអណ្តែត​អណ្តូង​ទៅ​ឆ្ងាយ ហាក់​ដូច​ជា​​កំពុង​សម្លឹង​មើល​មិត្ត​ភក្តិ​​​កាល​នៅ​មាន​ជីវិតរស់​។

«​​ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​នៅ​ជាមួយ​គេ យើង​​ឈ្លោះ​គ្នា។ ពេល​នោះ​យើង​ញ៉ាំ​ស្រា​ច្រើន​ណាស់​ ពួក​យើង​ទាំង​ក្រុម​ នាំ​គ្នា​​សប្បាយ​​រីក​រាយ​​រហូត​ញ៉ាំ​ស្រា​ជ្រុល​បន្តិច​។ ខ្ញុំ​ស្រវឹង​ទើប​និយាយ​ស្តី​​ជ្រុល​ជ្រួស​ទៅ​លើ​គេ​​រហូត​ធ្វើ​ឲ្យ​គេ​អន់​​ចិត្ត​។​ ថ្ងៃ​ត្រង់​ស្អែក​ឡើង ​មាន​មនុស្ស​​ឃើញ​សាក​សព​របស់​គេ​អណ្តែត​នៅ​កណ្តាល​ស្រះ​។ ប៉ូលីស​ប្រាប់​ថា​គេ​ស្រវឹង​ ហើយ​ធ្លាក់​ចូល​ទៅ​ក្នុងស្រះ​នោះ ប្រហែល​​ពេល​ព្រលឹម​ស្រាង​ៗ។ មិត្ត​ម្នាក់​នោះ​​ បាន​លង់​ទឹក​ស្លាប់​ទៅ​ហើយ​ ទោះ​បី​ជា​ខ្ញុំ​ចង់​សុំ​ទោស​គេក៏​មិន​បាន​ទៀត​ដែរ។ បើ​អាច​ទៅ​រួច​​ ខ្ញុំ​ចង់​ជួប​គេ​ម្តង​ទៀត ចង់​​និយាយ​ជាមួយ​គេ​ជា​ថ្មី…»

ភ្នែក​របស់​អច្ឆរា​ក្រហម​ជាំ។

«​ឯង​កើត​អី​ឬ​ទេ?»

គេ​បិទ​ភ្នែក​ហើយ​លើក​ដៃ​ទាំង​សង​ខាង​​បិទ​មុខ។

«​មិន​អី​ទេ អ្វី​មិន​ដឹង​ចូល​ភ្នែក​ខ្ញុំ…» អច្ឆរា​កុហក​ហើយ​និយាយ​ត «មិត្ត​​ម្នាក់​នេះ​មាន​និស្ស័យ​ដូច​​ឯង​ណាស់ គ្រាន់​តែ​​មុខ​មាត់​មិន​ដូច​គ្នា​​ប៉ុណ្ណោះ។ ពេល​គេ​​ជួប​រឿង​អាក្រក់​ៗ​ដែល​មក​ពី​ចូល​មិន​ចុះ​នឹង​អ្នក​ដទៃ​​ គេ​ចូលចិត្ត​ធ្វើ​មុខ​ស្មើៗ​ហើយ​និយាយ​ថា ខ្ញុំស៊ាំនឹងរឿងបែបនេះហើយ! ហាក់​ដូច​ជា​គេ​គិត​​ថា‌‍‌​ពិភព​លោក​ដ៏​យ៉ាប់​យ៉ឺន​មួយ​នេះ​ ប្រហែល​ជា​គ្មាន​អ្វី​​ល្អ​សម្រាប់​គេ​ទេ។»

ការដែល​អច្ឆរា​មិន​បង្ខំ​ឲ្យ​អ្នក​ដទៃ​ញ៉ាំ​ស្រា ប្រហែល​ជា​មក​ពី​ហេតុ​ផល​នេះ​ឯង។ នៅ​ផ្ទះ​ គួរ​តែ​មាន​កាសែត​ចាស់​​ៗ​ ដែល​ភូមរី​មិន​ទាន់​បោះ​ចោល​មិន​ខាន​ទេ។ ខ្ញុំ​គិត​ថា​នឹងសាក​ល្បង​រក​មើល​កាសែត​ច្បាប់​​ចេញ​ផ្សាយ​ថ្ងៃបន្ទាប់​ ​ក្រោយ​​ពី​មិត្ត​របស់​អច្ឆរា​ ជួប​ឧប្បត្តិហេតុ​លង់​ទឹក។ ប្រហែល​ជា​មាន​ព័ត៌​មាន​លម្អិត​អំពី​​គេ​ម្នាក់​នោះ​ខ្លះ​ហើយ!

ក្រោយ​ពី​ថ្ងៃ​នោះ គ្រប់​ពេល​ដែល​ខ្ញុំ​ដើរ​ឆ្លង​កាត់​បរិវេណ​ស្រះ​ទឹក​ ខ្ញុំ​តែង​តែ​សម្លឹង​រក​មើល​មិត្ត​ដែល​ស្លាប់​ទៅ​ហើយ ​របស់​អច្ឆរា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ជួន​កាល ​គេអាច​នឹងនៅ​វិល​វល់​ដូច​ភូមរី​ក៏​ថា​បាន។

ថ្ងៃ​ខ្លះ ​ខ្ញុំ​ត្រឡប់​​មក​ពី​សាកល​វិទ្យាល័យ ឃើញ​សម្លៀក​បំពាក់​ ត្រូវ​បាន​បោក​ហាល​យ៉ាង​រៀបរយ​។ ​ប្រហែល​ជា​ភូមរី​ជួយ​ខ្ញុំ​ប្រមូល​ខោ​អាវ​ទៅ​បោក​ ហើយ​យក​ទៅ​ហាល​​នៅ​លើ​ស្នួល​ក្នុង​សួន​ហើយ​។ ខ្ញុំ​ទើប​តែ​ភ្ញាក់​ខ្លួន​ថា តាំង​ពី​ខ្ញុំ​មក​នៅ​ទី​នេះ​ ខ្ញុំ​មិន​ដែល​បោក​​ខោអាវ​ដោយ​ខ្លួន​ឯង​​ម្តង​ណា​សោះ​! ហេតុ​អ្វី​ពី​មុន​មក ​ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​សោះអ៊ីចឹង? អ្វី​ទៅ… ដែល​សង្កត់​ចិត្ត​ខ្ញុំ​ជាប់​យ៉ាង​នេះ? ខ្ញុំ​អង្គុយ​​លើ​រាន​ហាល សម្លឹង​មើល​ខោអាវ​​បក់​រវិចៗ​​ដោយ​សារ​​កម្លាំង​ខ្យល់​។ អា​វ​សឺមី​ស​ឆ្លុះ​ពន្លឺ​ចាំង​រស្មី​ព្រិច​ៗ ​កណ្តាល​កម្តៅ​​ថ្ងៃ។

ថ្នាល​បន្លែ​តូច​ៗ​នៅ​ក្នុង​សួន ​ចាប់​ផ្តើម​​បែក​គុម្ព​លេច​ពន្លក​ឡើង។ យូរ​សម​គួរ​​ទម្រាំ​ខ្ញុំ​​សង្កេត​ឃើញ​​ថា ​ភូមរី​នៅ​មើល​ថែសួន​​​របស់​នាង​ជា​ប្រចាំ។ ខ្ញុំ​ទទួល​អារម្មណ៍​ហាក់​ដូច​​ជា​​ទើប​តែ​ឃើញ​​ដើម​ឈើ ​កូន​ស្មៅ​នៅ​ក្នុង​សួន​នេះ​ជា​លើក​ដំបូង។ បើ​សង្កេត​ឲ្យ​ច្បាស់ ​នឹង​ឃើញ​តំណក់​ទឹក​តាម​គល់​​​បន្លែ​ហូរ​ស្រក់​ចុះ​ទៅ​លើ​ដី រហូត​ផ្ទៃ​ដី​ខាង​ក្រោម​នោះ​ក្លាយ​ជាកូន​ថ្លុក​ទឹក​តូចៗ ឆ្លុះ​ផ្ទៃ​មេឃ​​ខៀវ​ស្រងាត់​។ ភូមរី​ប្រហែល​​ជា​យក​​ទុ​យោ​ទឹក ​មក​​​ស្រោច​ជា​ប្រចាំ​ហើយ។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​ទេ​ តែ​នាង​​ច្បាស់​​ជា​ស្រោច​ទឹក​សួន​បន្លែ​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ​យ៉ាង​ប្រាកដ។

នាង​ប្រហែល​ជា ចូលចិត្ត​កូន​ឈើ ​និង​​រុក្ខ​ជាតិ​ទាំង​ឡាយ។ ច្រើន​លើក​ច្រើន​សា​ផ្កា​តែង​តែ​​​ត្រូវ​កាត់​មក​ពី​ក្នុង​សួន​​​មក​ដាក់​ផ្គុំ​​​គ្នា ហើយ​បន្ទាប់​មក​នៅ​លើ​តុ​ក្នុង​បន្ទប់​ខ្ញុំ​ ក៏​មាន​ផ្កា​មិន​ស្គាល់​ឈ្មោះ​ដាក់​តាំង​លម្អ។ បើ​ដូច​លើក​មុន​ ខ្ញុំ​នឹង​គិត​ថា​ ភូមរីចូលចិត្ត​ជ្រៀត​ជ្រែក​នឹង​រឿងអ្នក​ដទៃ​ពេក​ហើយ​ ព្រោះ​ផ្កា​ចំពោះ​​ខ្ញុំ​មាន​តែ​រឿង​​គួរ​ឲ្យ​​ធុញ​ទ្រាន់​ប៉ុណ្ណោះ។ តែ​​គួរ​ឲ្យ​ចម្លែក​នៅ​ពេល​គិត​ថា ​ភូមរី​ជា​អ្នក​យក​ផ្កា​មក​រៀប​ដាក់​​ក្នុង​ថូ​ ​ ខ្ញុំ​បែរ​ជា​អាច​​ទទួល​យក​បាន​ទៅវិញ។​​

ទោះ​បី​ជា​ភូមរី​បាន​ស្លាប់​ទៅ​ហើយ តែ​ខ្ញុំ​ឆ្ងល់​ថា​​ តើ​ពេល​នេះ​នាង​កំពុង​ធ្វើ​អ្វី? ទទួល​អារម្មណ៍​ថា​ ឥឡូវ​​នេះ​​នាង​​​ទំនេរ​ខ្លាំង​ណាស់​​ រហូត​មាន​ពេល​​រក​រឿង​មក​លេង​សើច​នឹង​ខ្ញុំ។ ពេល​ខ្លះ​ភូម​រីធ្វើ​ជា​លួច​​​​ចង​ខ្សែ​ស្បែក​ជើង​របស់​ខ្ញុំ​យ៉ាង​តឹង​ណែន​ ឬ​មិន​​ទាន់​ផុត​ខែ​វិច្ឆិកា​​​ផង​ ​នាង​ក៏​លួច​ប្តូរ​ប្រតិ​ទិន​ជា​ខែ​ធ្នូ​​ ឬ​បើ​មិន​អ៊ីចឹង​ក៏​លួច​យក​តេឡេ​ទូរទស្សន៍​​ មក​ញាត់​ក្នុង​កាតាប​​​ដែល​ខ្ញុំ​​ត្រូវ​​ស្ពាយ​ទៅ​រៀន។ ​ខ្ញុំ​មិន​​យល់​ពី​​នាងសោះ!

​ថ្ងៃ​មួយ​ខ្ញុំ​កំពុង​ឆុង​មី​ញ៉ាំ នាង​ក៏​យក​សម​និង​ចង្កឹះ​ទៅ​លាក់​​បាត់​អស់។ បី​នាទី​កន្លងទៅ​ទើ​ប​ខ្ញុំ​ដឹង​ថា​​​​បាត់​សម​និង​ចង្កឹះ​។ ខ្ញុំ​ដើរ​​រក​ពេញ​ផ្ទះ «​បើ​​​មិនបានចង្កឹះពេលនេះ​​ សរសៃមីនឹងរីកអស់ហើយ…»​ ខ្ញុំ​និយាយ។ ទី​បំផុត​​​​ ខ្ញុំ​ក៏​យក​ប៊ិច​ពី​រ​ដើម​មក​កៀប​​មី​ញ៉ាំ​ជំនួស​ចង្កឹះ។

ពេញ​មួយ​រយៈ​នោះ​ កូន​ឆ្មា​តូច​អង្គុយ​​នៅ​ក្បែរ​ៗ​ខ្ញុំ​ និង​សម្លឹង​មើល​​ខ្ញុំ​ធ្វើ​ភ្នែក​​ភ្លឹះៗ។ ពេល​ងាក​ទៅ​មើល​វា​ទើប​ខ្ញុំ​​ដឹង​ខ្លួន​ថា ខ្ញុំ​រវល់​តែ​​ក្តៅ​ក្រហាយ​អី​ នឹង​រឿង​តូចតាច​បែប​នេះ? ហើយ​ក៏​នឹក​​តូច​ចិត្ត​នឹង​​​​សន្តាន​របស់​​មនុស្ស​លោក​។ ភូមរី​ប្រហែល​ជា​នៅ​ជិត​ៗ​នោះ​ ហើយ​កំពុង​សើច​ចំអក​ឲ្យ​ខ្ញុំ​ច្បាស់ណាស់។ មើល​ទៅ​​​​នាង​ និង​កូន​ឆ្មា​ ​ហាក់​ដូច​ជា​​​នៅ​ជាមួយ​គ្នា​រហូត​​។ ដោយ​សារ​ខ្ញុំ​មើល​មិន​ឃើញ​រូ​ប​រាង​របស់​ភូមរី​ ទើប​​មិន​ដឹង​​ថា​នាង​នៅ​ត្រង់ណា តែ​ទទួល​អារម្មណ៍​ថា កូន​ឆ្មា​នឹងព្យាយាម​រត់​តាម​ពី​​ក្រោយ​ម្ចាស់​ជា​និច្ច ដូច្នេះ​ទោះ​បី​ជា​មើល​មិន​ឃើញ​​​​នាង​តែ​កូន​ឆ្មា​ក៏​អាច​ប្រាប់​​​ពី​ទី​តាំង​របស់​ម្ចាស់​​វា​បាន។ ខ្លួន​​របស់​​កូន​​ឆ្មា​បញ្ជាក់​ប្រាប់​ពី​វត្តមាន​​​របស់​ភូមរី​ ដូច​គ្នា​នឹង​បន្តោង​​កណ្តឹង​ជាប់​ក​ ដែល​បញ្ជាក់​ប្រាប់​​​ពី​​វត្ត​មាន​​របស់​​​ឆ្មា​តូច​ដូច្នោះ​ដែរ។

«​​ការ​ប្រព្រឹត្ត​របស់​នាង​ មិន​ស័ក្តិ​សម​ជា​វិញ្ញាណ​​ខ្មោច​សោះ មិន​សាក​​ល្បង​ធ្វើ​​រឿង​គួរ​ឲ្យ​ខ្លាចៗ​ខ្លះ​ទេ​ឬ?»​​​​ ខ្ញុំ​ងាក​មុខ​ទៅ​រក​​កូ​ន​ឆ្មា ហើយ​ធ្វើ​ជានិយាយ។

ថ្ងៃ​ស្អែក​ឡើង​មាន​ក្រដាស ព្រម​ជាមួយ​​នឹង​ខ្លឹម​សារ ​​ដ៏​​គួរ​ឲ្យ​ព្រឺ​ក្បាលទុក​នៅ​លើ​តុដែល​​ប្រហែល​ជា​ភូមរី​សរសេរ​ហើយ​ យក​មក​​ដាក់​ចោល។ តួ​អក្សរ​តូច​ៗ​សរសេរ​​បន្ត​ជាប់​គ្នា​ថា«​ឈឺខ្លាំងណាស់ វេទនា​​​ខ្លាំងណាស់ ឯកោខ្លាំងណាស់…» មើ​ល​ទៅ​ទំនង​​ជា​នាង​ធុញ​ទ្រាន់​​ពេក​ក៏​ឈប់​សរសេរ​ត្រឹម​នេះ​ទៅ។ ខ្លឹម​សារ​ចុង​ក្រោយ​នៅលើក្រដាស​​ ដែល​សរសេរ​មិន​ដល់​​ពាក់​កណ្តាល​ជួរ​​ផង ប្រាប់​ថា «​ខ្ញុំក៏ចង់​​​ញ៉ាំមីដែរ​!» នេះ​ជា​សំបុត្រ​ដំបូង​ដែល​នាង​សរសេរ​ដល់​​ខ្ញុំ ដែល​ខ្ញុំ​តាំង​ចិត្ត​ថា​ នឹង​រក្សា​វា​ទុក។

ក្រោយ​ពី​ថ្ងៃនោះ​មក​ ទោះ​បី​ជា​មិន​បាន​និយាយ និង​មើល​មិន​ឃើញ​រូប​រាងរបស់​ភូមរី តែ​ខ្ញុំ​ទទួល​​អារម្មណ៍​ថា ខ្លួន​ឯង​អាច​ទាក់​ទង​នាង​បាន​យ៉ាង​ចម្លែក។

រៀង​រាល់​ពាក់​កណ្តាល​អធ្រាត្រ​យប់​ថ្ងៃ​ចន្ទ ភ្លើង​នៅ​ក្នុង​ផ្ទះ​បាយ​​​តែង​​តែ​បើក​​ភ្លឺ​​ជានិច្ច ហើយកូន​​​វិទ្យុ​​តូច​មួយ​នឹង​បើក​​​ដោយ​ឯក​​ឯង។ នៅ​ក្នុង​ផ្ទះ​នេះ ផ្ទះ​បាយ​គឺ​ជា​កន្លែង​ដែល​ចាប់​​សញ្ញាណ​រលក​ធាតុ​អាកាស​បាន​ច្បាស់​បំផុត ដូច្នេះ​រៀង​រាល់​សប្តាហ៍​ឲ្យ​តែ​ដល់​ពេល ​​ភូមរី​នឹង​ចេញ​មក​អង្គុយ​ស្តាប់​កម្ម​​វិធីវិទ្យុ​​​​ដែល​នាង​ចូលចិត្ត។

យប់​នោះ ​ខ្ញុំ​​មិន​អាច​បិទ​ភ្នែក​ដេក​​លក់​បាន​ឡើយ ទទួល​អារម្មណ៍​ថា​នៅ​ខាង​ក្រៅ​មាន​​ខ្យល់​បក់ត្រសៀកៗ​ឥត​ដាច់​សូរ។ លុះ​ពេលផ្ទៀង​​ត្រចៀក​ស្តាប់​​​ ក៏​ឮ​សំឡេង​មែក​ឈើ​ញ័រ​រញ្ជួយ សំឡេង​មនុស្ស​និយាយ​គ្នា​​ ឮ​ចេញ​មក​ពី​កន្លែង​ណា​មួយ​កណ្តាល​បរិយាកាស​រាត្រី។ លុះ​ដឹង​ថា​ជា​សំឡេង​វិទ្យុ​ ខ្ញុំ​ក៏​ដើរ​ចុះ​មក​​ជាន់​ក្រោម។ ពន្លឺ​ពណ៌​ស​​ចាំង​ចេញ​ពី​អំពូល​ជះ​ចូល​ភ្នែក។ នៅ​លើ​តុមាន​​កូន​វិទ្យុ​​តូច​មួយ​អាច​​យួរ​ទៅ​មក​បាន។ ខ្ញុំ​មិន​ដឹង​ថា​ព្រោះ​អ្វី តែ​វា​​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ឡើង​ភ្លាមៗ។

ភូមរី​ប្រហែល​ជា​កំពុង​អង្គុយ​ស្តាប់​វិទ្យុ ចំណែក​កូន​ឆ្មា​ មិន​បាន​នៅ​ត្រង់​នោះ​ទេ សង្ស័យ​វា​កំពុង​ដេក​លក់​​យ៉ាង​សុខ​ស្រួល​ លើ​កំណាត់​ចាស់​​សំណព្វចិត្ត​នោះ​ហើយ។ ទោះបី​ជា​កូន​​ឆ្មាតូច​មិន​នៅ ​​​តែ​ខ្ញុំ​ដឹង​ថាភូមរី​កំពុង​អង្គុយ​ស្តាប់​វិទ្យុ​នៅ​ត្រង់​នោះ។ ភ្លើង​ក្រហម​នៅ​លើ​វិទ្យុ​​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា វិទ្យុ​កំពុង​បើក មាន​សំឡេង​ទាញ​កៅ​អី​យ៉ាង​ថ្នម​ដៃ។​

ខ្ញុំ​មើល​មិន​ឃើញ​រូប​រាងរបស់​នាង តែ​ក្នុង​រយៈ​ពេល​មួយ​ចម្រៀក​នៃ​វិនាទី​នោះ ​​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​ឃើញ​នាង​អង្គុយ​លើ​កៅ​អី ដៃ​ច្រត់​ចង្កា​ និង​យោល​ជើង​លេងទៅ​មក  ខណៈ​ដែលកំពុង​​យក​ចិត្ត​ទុក​ដាក់​ស្តាប់​កម្មវិធី​វិទ្យុ​​​ដែល​ខ្លួន​ចូលចិត្ត​។

ខ្ញុំ​អង្គុយ​ចុះ​ក្បែរ​នាង បិទ​ភ្នែក​មួយ​សន្ទុះ ​ដើម្បី​​ស្តាប់​សំឡេង​​វិទ្យុ។ នៅ​ខាង​ក្រៅ​ផ្ទះ​ខ្យល់​​បក់​ខ្លាំង​ឡើង​ជា​លំដាប់ តែ​ចិត្ត​ខ្ញុំ​ត្រឡប់​​ជា​ស្ងប់​ស្ងាត់​ហាក់​ដូ​ច​ជា ​រាង​កាយ​កំពុង​ជាប់​នៅ​​ក្នុងភ្នំ​ទឹក​កក។ ខ្ញុំ​សាកល្បង​យក​ដៃ​ទៅ​ស្ទាប​ត្រង់​បរិវេណ​ដែល​ភូមរី​អង្គុយ តែ​ក៏​បាន​ប៉ះ​ពាល់​​ត្រឹម​លំហ​ទទេ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ទទួល​អារម្មណ៍​ជ្រួត​ជ្រាប​ដល់​ចំហាយ​កក់​ក្តៅអ្វី​ម្យ៉ាង​ អាច​ជា​ចំហាយ​ក្តៅ​ចេញ​ពី​រាង​កាយ​របស់​ភូមរី​ក៏​ថា​បាន។​

***

Read Full Post »


Nong Yosui ក្មេងចម្លែកមានភ្នែកដូចឆ្មាអាចមើលឃើញនៅទីងងឹត

ផ្កាយ​NoVeLs*– មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ​ក្មេង​ម្នាក់​នេះ​មាន​កម្លាំង​ពិសេស​ដូច​ Super Hero ជាប់​ខ្លួន​​មក​តាំងពី​កំណើត​ ដោយ​កែវ​ភ្នែក​ពណ៌​ផ្ទៃ​មេឃ​​​ទាំងគូ​របស់​គេ​ អាច​មើល​ឃើញ​នៅ​ទីងងឹត​បាន​ដូច​សត្វ​​ឆ្មា​។

រឿង​រ៉ាវ​របស់​ក្មេង​ប្រុស​ចិន​ដែល​មាន​ឈ្មោះ​ថា Nong Yosui ត្រូវបាន​​ផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៅ​​លើប្រព័ន្ធអ៊ីនធើណេតដោយសារតែកែវភ្នែកពណ៌ផ្ទៃមេឃចម្លែកដូចសត្វឆ្មាមួយគូនោះ​​ ​ធ្វើឲ្យគេមានសមត្ថភាពពិសេសអាចមើលឃើញ​​វត្ថុផ្សេងនៅទីងងឹតបាន

តាមការរាយការណ៍របស់​ ​Alien Disclosure Group គ្រូពេទ្យបានចាប់ផ្តើមសង្កេតឃើញពណ៌កែវភ្នែក​​របស់ក្មេងម្នាក់នេះតាំងពីគេមាន​​ទើបតែមានអាយុពីរខែម្ល៉េះបន្ទាប់ពីNong Shihua ឪពុករបស់ក្មេងម្នាក់នេះបានសាកសួរថា កែវភ្នែករបស់កូនខ្លួនខុសប្រក្រតីទេ? នៅខណៈនោះគ្រូពេទ្យបានអះអាងថាមិន​​បាច់ព្រួយបារម្ភទេ ព្រោះពណ៌របស់កែវភ្នែកនឹងត្រឡប់មកដូចធម្មតាវិញនៅពេលក្មេងមានអាយុកាន់តែច្រើនឡើង

ពេលវេលាកន្លងទៅ Yosui ចាប់ផ្តើម​​ធំធាត់ កែវភ្នែករបស់គេ​​ ក៏ចាប់ផ្តើមបង្ហាញ​​​​សមត្ថភាពពិសេស​​ចេញមកធ្វើឲ្យការមើលឃើញនៅពេលថ្ងៃចាប់ផ្តើមមានបញ្ហា គ្រូប្រចាំថ្នាក់របស់គេសង្កេតឃើញថាពេលដែល Yosui នៅក្រៅថ្នាក់រៀនចូលចិត្តព្រិចភ្នែកញឹកញាប់​​ហើយរអ៊ូ​​ថាមើល​​ឃើញ​​វត្ថុផ្សេងយ៉ាង​​ពិបាកខណៈដែលក្មេង​​ផ្សេងទៀតគ្មានបញ្ហាអ្វី

  • ទស្សនា​វីដេអូ​ដែល​និយាយ​ពី​ក្មេង​ចម្លែក​នេះ

ថ្វីបើការប្រើជីវិតក្នុងពេលថ្ងៃមានការពិបាកបន្តិចមែនតែនៅក្នុងពេលយប់​ Yosui បែរជាអាចមើលឃើញវត្ថុផ្សេងនៅក្នុងទីងងឹតបានយ៉ាងច្បាស់​​ គេអាចចាប់ចង្រិតបានដោយមិនបាច់ប្រើ​​ភ្លើងពិល​​​ដូចអ្នកដទៃ នៅពេលព័ត៌មាននេះ បានលេចទៅដល់ស្ថានីយ៍ទូរទស្សន៍Heng County នៅក្នុងក្រុងគុយលីញពួកគេក៏​​ធ្វើពិសោធឲ្យ​​ Yosui បំពេញ​​បែបបទក្នុងបញ្ជីមួយនៅទីងងឹត ហើយគេក៏អាច​​ធ្វើបានដោយគ្មានបញ្ហា​​

ចុះអ្វីដែលជាមូលហេតុធ្វើឲ្យកែវភ្នែករបស់ក្មេងម្នាក់នេះ មានលក្ខណៈពិសេសដូច្នេះ? មួយនេះគឺជាការវិវឌ្ឍន៍​​របស់មនុស្ស​​ក្នុងដំណាក់ការថ្មីមួយនៃ​​ជីវិតសត្វលោក​​​? ជាតំណពូជពង្សថ្មីមួយជាទណ្ឌកម្មរបស់​​ធម្មជាតិ? ទោះយ៉ាងណាក៏ដោយមកដល់ពេលនេះក៏មិនទាន់មានចម្លើយតបណាមួយដែលច្បាស់លាស់ដែរ

Nong Yousui សរសេរ អក្សរ នៅ ទី ងងឹត

ភ្នែក របស់ ក្មេង ប្រុស បញ្ចេញ ពន្លឺ ពេលនៅ ទីងងឹត

Read Full Post »


វគ្គ​២

ក្មេងស្រីដែលបាត់ខ្លួន

 

វេលាថ្មើរ​​នេះ​ម៉ោង​ជិត​ ៦​ល្ងាច ​ទៅ​ហើយ​ ភ្លើង​អំពូល​តាម​បង្គោល​ភ្លើង​សាធារណៈ​ក្នុង​សាលា​រៀន​ និង​ តាម​អគារ​ផ្សេង​ៗ​ចាប់​ផ្តើម​បើក​បំភ្លឺ​​​ម្តង​មួយ​ៗ​។ គ្រប់​សភាវៈ​ទាំង​អស់​ក្នុង​សាលា​រៀន​មាន​សភាព​ស្ងប់​ស្ងាត់​ គ្មាន​អ្វី​​ធ្វើ​ចលនា​បន្តិច​ឡើយ ​​ក្រៅ​ពី​កម្ទេច​ស្លឹកឈើ​ស្ងួត​​ប៉ើង​ចេញ​ពីគំនរ​សំរាម ​​ហើយ​រមៀល​កាត់​កាតាប​ស្ពាយ​ពណ៌​ខ្មៅ​ទាំង​៦ ដែល​ទុក​នៅ​លើ​កៅអី​ថ្ម​យ៉ាង​គ្មាន​របៀប​។

ប៉ុន្តែ​ម្ចាស់​កាតាប​ទាំង​៦​មិន​ឃើញ​នៅទីនោះ​ទៀត​ទេ ពេល​នេះ​ពួក​គេ​កំពុង​សប្បាយ​រីក​រាយ​នឹង​ការ​លេង​បិទ​ពួន​យ៉ាងភ្លើត​ភ្លើន​។ ពេល​វេលា​កន្លងទៅយូរ​គួរ​សម​ អ្នក​ដែល​​ទទួល​ភារៈ​ជា​អ្នក​ចាំ​ទី ទាំង​​​មិន​ចង់​ធ្វើ​ ក៏​នៅ​តែ​តាម​រក​​មិត្ត​ភក្តិ​មិនទាន់​​គ្រប់​គ្នា​ដែរ… តែ​បើ​និយាយ​ឲ្យ​ស្រួល​យល់​បន្តិច​ គឺ​ពេល​នេះ​សូម្បី​តែ​ម្នាក់​ក៏​រក​មិ​នទាន់​ឃើញ​ដែរ​។

«​ពួក​ឯង​នៅឯណា??…» កែវ​​​បង្អូស​សំឡេង​គ្រលួច​ស្រែក​ហៅ​មិត្ត​ភក្តិ ​មុន​នឹង​លោត​ផ្លោតៗ​ ដូច​​ទន្សាយ​​ ក្នុង​ជាន់​​ទីមួយ​របស់​អគារ​A រហូត​ធ្វើ​ឲ្យ​សក់​ដែល​ចង​កៅស៊ូ​នោះ​គ្រវី​​ទៅ​មក​ចុះ​ឡើង​។

ក្មេង​ស្រី​​ ដែល​អង្គុយ​លាក់​ខ្លួន​​យ៉ាង​ស្ងៀម​ស្ងាត់ ក្នុង​បន្ទប់​ទឹកនារី​​​​ជាន់​ក្រោម ​ពេល​ឮ​សំឡេង​​​របស់​មិត្ត​ភក្តិ​ស្រែក​ហៅ​ពី​ចម្ងាយ​ ធ្វើ​ឲ្យ​នាង​មិន​ហ៊ាន​ សូម្បី​តែ ​កម្រើក​ខ្លួន​​បន្តិច។​ សំឡេង​​​ដក​ដង្ហើម​ភើត​ផត​ៗ លាន់​ចេញ​​​ពី​ម៉ាស​បិទ​មាត់​ពណ៌​ស​នោះ។

«​កែវមក​ហើយ​​…» នាង​ថ្ងូរ​តិចៗ​​ក្នុង​បំពង់​ក​ មុន​នឹង​​ប្រឹង​សង្រួម​ខ្លួន​អង្គុយតត្រុន​​​ក្នុង​បន្ទប់​ទឹក​នោះ។ ក្បែរៗ​គ្នា​ដែរ ក្មេង​ស្រី​សក់​វែង​ប៉ប្រះ​ស្មា​ម្នាក់​ទៀត​ ព្យាយាម​យក​ត្រចៀក​​​ពិត​​ស្តាប់​នឹង​ទ្វារ​បង្គន់​​ដើម្បី​ឲ្យ​ច្បាស់​​ក្នុង​ចិត្ត​ថា​ មិន​ប៉ុន្មាន​ជំហាន​ទៀត​នេះ កែវ​​នឹង​​ដើរ​មក​​​ដល់​ហើយ​​ ។

ចំពោះ​លក្ខណ៍ ​ដែល​​មិន​បាន​រត់​មក​ជាមួយ​ក្រុម​មិត្ត​ភក្តិ​ នាង​សម្រេច​ចិត្ត​​រំលៀក​ខ្លួន​ទៅ​ខាង​ក្រោយ​អគារ ​​ដើម្បី​ទៅ​រក​កន្លែង​លាក់​ខ្លួ​ន​​ប្រចាំ​របស់​នាង​​។ កន្លែង​នេះ​ជា​កន្លែង​ដែល​នាង​ចូល​ចិត្ត​មក​​ពួន​​រាល់​លើក គ្រប់​ពេល​ដែល​លេង​បិទ​ពួន ហើយ​ក៏​​មិន​ដែល​មាន​នរណា​រក​នាង​ឃើញ​ដែរ​សូម្បី​តែ​ម្តង​។

«​ត្រង់​នេះ​ហើយ…» ក្មេង​ស្រី​​និយាយ ​មុន​នឹង​ដាក់​​គូទអង្គុយ​​​លើ​​ស្មៅ​ដែល​មាន​សភាព​សើម​គគុល​។ ខ្នង​នាងពិត​ផ្អែក​នឹង​វត្ថុ​កសាង​មួយ​​​ ​សង់​ខ្ពស់​ផុត​ពីដី ​​ដែល​អាច​បិទ​បាំង​រាង​កាយ​​​របស់​ក្មេង​ស្រីខ្លួន​តូច ​ដូចជា​​នាង​បាន​យ៉ាង​ស្រួល​​។ ចំហាយ​ត្រជាក់​ចេញ​ពី​ឥដ្ឋ​​ដែល​មាន​​ស្លែ​ដុះ​ពេញ​​ បញ្ជូន​មក​ប៉ះ​ផ្ទៃ​មុខ​របស់​នាង​ធ្វើ​ឲ្យ​ទទួល​អារម្មណ៍​​រងា​គួរ​ឲ្យ​​​ព្រឺ​រោម​។

​អណ្តូង​ទឹក​ក្រោយ​សាលារៀន​…

រាង​កាយ​ក្នុង​ឯកសណ្ឋាន​សិស្ស​ ព្យាយាមឆ្លុះ​មើល​តាម​មាត់​អណ្តូង​​ ដើម្បី​សង្កេត​​មើល​សកម្មភាព​របស់​មិត្ត​ភក្តិ​​។ រំពេច​នោះ​ នាង​ឃើញ​ខ្នង​ភ្លឹប​ភ្លែត​ៗ​របស់​​ដួង​ចន្ទ​ និង​ចំប៉ា​​រត់​ទៅជាមួយ​គ្នា​ឡើង​ជាន់​​ទី២​​នៃ​អគារ​A ដែល​បើក​ភ្លើង​ចោល​​។ នៅ​ក្បែរ​នោះ​ជា​បន្ទប់​ស្នាក់​នៅ​របស់​គ្រូ​ដែល​ពេល​នេះ​មាន​តែ​២,៣​​នាក់​ទេ​ ​​កំពុង​អង្គុយ​ធ្វើ​ការ​។

«​ដួង​ចន្ទ ចាំ​ផង!» ចំប៉ា ក្មេង​ស្រី​ដែល​និយាយ​តិច​បំផុត​នៅ​ក្នុង​ក្រុម​​ឧទាន​ឡើង​ នៅ​ពេល​ទទួល​អារម្មណ៍​ថា ខ្លួន​ឯង​រត់​ទៅមុខ​មិន​រួច​ទៀត​​។ នាង​ស្រុត​ខ្លួន​​​អង្គុយ​​​​ចុះ​ដើម្បី​​ស្រូប​យក​​ខ្យល់​​បំពេញ​សួត​​។

«បើ​ដឹង​ថា លេង​បិទ​ពួន​ ហត់​បែប​នេះ ខ្ញុំ​មិន​លែង​ជាមួយ​​ទេ!»

ដួង​ចន្ទ​ងាក​មក​មើល​មិត្ត​​សម្លាញ់​​ មុន​នឹង​រត់​​​មក​ចាប់​​ដៃ ​​​អូស​ចូល​ទៅ​ក្នុង​បន្ទប់​រៀន​ដែល​នៅ​ក្បែរ​នោះ។ នាង​​រុល​ទៅ​ក្រោម​តុ​គ្រូ​ ហើយ​អង្គុយ​អង្កុញ​ជើង​។

«​សល់​ពី​នេះ ឯង​រក​កន្លែង​ពួន​ខ្លួន​ឯង​ចុះណ៎ា!» ដួង​ចន្ទ​​និយាយ​ខ្សឹប​តិចៗ ​ចេញ​​ពី​ក្រោម​តុ។​ ចំប៉ា​​ដែល​ត្រូវ​មិត្ត​ភក្តិ​អូស​ដៃ​ចូល​មក ​មិន​ដឹង​អ្វី​ជា​អ្វី ​​ធ្វើ​ភ្នែក​​ភ័យ​សស្លើត​សស្លក់​​ មុន​នឹង​​រត់​ចូល​ទៅ​ពួន​ក្រោយ​ទូសម្ភារៈ​ក្នុង​បន្ទប់​រៀន​​ ។

សំឡេង​និយាយ​គ្នា​នៅ​ខាង​ក្រោម​លាន់​មក​ដល់​លើ​ បញ្ជាក់​ថា មយូរ៉ា​ និង​ម៉ាលី​ ត្រូវ​​អ្នក​ចាំ​ទី​រក​ឃើញ​ហើយ​។​ ក្មេង​ស្រី​ទាំង​ពីរ​ដែល​នៅ​ក្នុង​បន្ទប់​ ព្យាយាម​​រក្សា​លំនឹង​ខ្លួន​ឲ្យ​ស្ងៀម​ស្ងាត់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​… តែ​ទោះ​​ជា​ដូច្នោះ​ក្តី​ ក៏​ពួក​នាង​​នៅ​តែ​មិន​អាច​គេច​ផុត​​ពី​ការ​តាម​រក​របស់​កែវ​បាន​។

«​គ្នា​ថា ​ពួក​នោះ​ច្បាស់​ជា​ឡើង​មក​ជាន់​លើ​នេះ​ហើយ​… ​គឺ​ច្បាស់​ជា​នៅ​ក្នុង​បន្ទប់​ណា​មួយ​ក្នុង​ចំណោម​បន្ទប់​នេះ​មិន​ខាន​!» សំឡេង​របស់​កែវ​លាន់​ចូល​មក​កាន់​តែ​ជិត​ត្រង់​ចំណុច​ដែល​ពួក​នាង​ទាំង​ពីរ​កំពុង​លាក់​ខ្លួន​។

នាង​នេះ​ មាត់​ទិព្វ​​មែន​ទែន​… ដួង​ចន្ទ​គិត​នៅ​ក្នុង​ចិត្ត​ មុន​នឹង​ប្រឹង​អង្កុញ​ខ្លួន​​ឲ្យ​កាន់​តែ​តូច​ជាង​មុន​។

ក្រឹក…!!!

សំឡេង​អ្វី​ម្យ៉ាង​ លាន់​ឡើង​នៅ​ក្នុង​បន្ទប់​​បង្រៀន​នៃ​អគារ​A។ វា​ឮ​ល្មម​អាច​ធ្វើ​ឲ្យ​ក្មេង​ស្រី​​ទាំង​បី​នាក់​ងាក​ទៅ​មើល​ព្រម​គ្នា ​​ហាក់​ដូច​​ជា​ដឹង​ថា​មាន​អ្វី​នៅ​ក្នុង​បន្ទប់​នោះ។

«​ចប់​បាត់​ហើយ…» ម៉ាលី​ក្តោបក្បាល​​យ៉ាង​​អស់​សង្ឃឹម ព្រោះ​នាង​គឺ​ជា​មនុស្ស​ដំបូង​ដែល​​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ល្បែង​នេះ​។

ទ្វារ​បន្ទប់​​ត្រូវ​បាន​បើកឡើង​​យ៉ាង​យឺតៗ ក្មេង​ស្រី​ទាំង​បី​នាក់​ដើរ​ចូលម​កក្នុង​បន្ទប់​ម្នាក់​ម្តង​ៗ​។ ភ្លើង​អំពូល​ក្នុង​បន្ទប់​រៀនភ្លឺចិញ្ចែង​ចិញ្ចាច​ ឆ្លុះ​​ឃើញ​ស្រមោល​​​ធំ​ខ្មៅ​​​​ ផ្លាត​ចេញ​ពី​ក្រោម​តុ​​។ កែវ​ញញឹម​ចុង​មាត់​​យ៉ាង​​ពេញ​​ចិត្ត​។ សក់កន្ទ្រីង​​កន្ទ្រើង​បែប​នេះ​ មាន​តែ​ម្នាក់​ប៉ុណ្ណោះ…

នាង​លោត​សង្គ្រប់​ទៅ​លើ​តុ​គ្រូ​​យ៉ាង​រហ័ស​ ធ្វើ​ឲ្យ​សំពត់​ខៀវ​​ខ្លី​របស់​នាង​ ស្ទើរ​តែ​​​សើយ​​​ឡើង​។ ​បន្ទាប់​មក​ក៏​ឈ្ងោក​ក្បាល​ចូល​ទៅ​ក្រោម​តុ​ មុន​នឹង​លើក​មេ​ដៃ​ឡើង​ដាក់​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត​ដោយ​ទឹក​មុខ​រីក​ថ្លា​​។

«​នាង​ខ្ចាន់​ ចេញ​មកកកក!!!»

ដួង​ចន្ទ​​ដក​ដង្ហើម​ធំ​កណ្តាល​ភាព​ងងឹត​ ធ្វើ​មុខ​ស្អុយ​ប៉ែ​ មុន​នឹង​ដោល​ខ្លួនឯង​​ចេញ​មក​​ទាំង​​មិន​​​សប្បាយ​ចិត្ត​។ នាង​ជូត​តំណក់​ញើស​​​នៅ​លើ​ថ្ងាស​ ដោយ​កន្សែង​ជូត​មុខ​ពណ៌​ក្រហម ​មុន​នឹង​​ដើរ​ទៅ​ចូល​ក្រុម​ជាមួយ ​​មយូរ៉ា ​និង​ម៉ាលី​។

«​រក​ឃើញ​​ទៀត​ហើយ​មើល​ទៅ…» ក្មេង​ស្រី​ដែល​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក​​ និយាយ​ម្នាក់​ឯង​ដោយ​ទឹក​មុខ​រីក​រាយ​ និង​មាន​សេចក្តី​សុខ​​បំផុត​។ នាង​​គិត​ទុក​​មុន​​ជា​ស្រេច​ហើយ​ថា នាង​​ត្រូវ​តែ​ជា​​​អ្នក​ដែល​កែវ​​រក​ឃើញ​ចុង​ក្រោយ​គេ​។

រយៈ​ពេល​នៃ​ការ​ទន្ទឹង​រង់​ចាំ ​មិត្ត​ភក្តិ​ទាំង​៥​នាក់​នៅ​ក្នុង​បន្ទប់​រៀន​ ខ្សែ​ភ្នែក​នោះ​តែង​រំពៃ​​មើល​គ្រប់​សកម្មភាព​​របស់​មិត្ត​សម្លាញ់​មិន​ដាក់​ភ្នែក​។

សំឡេង​សើច​​​យ៉ាង​មាន​សេចក្តី​សុខ​ ​លាន់​ចេញ​ពី​បបូរ​មាត់​តូច​ស្តើង​ ពណ៌​ស៊ី​ជម្ពូ​បង្ហាញ​ឲ្យ​ឃើញ​ធ្មេញ​​​​ស​ថ្លា​ តម្រៀប​គ្នា​យ៉ាង​មាន​របៀប​។ ក្មេងស្រី​អង្គុយ​មើល​មិត្ត​ភក្តិ​ប្រៀប​ដូច​កំពុង​អង្គុយ​មើល​គំនូរជីវចល​​ដែល​ខ្លួន​​ចូលចិត្ត​។

«​នាង​លក្ខណ៍​បាត់​ខ្លួន​ទៅណា​ហ្ន៎? នាង​នេះ​ពូកែ​លាក់​ខ្លួន​ដូច​ឈ្មោះ​អ៊ីចឹង!!» ដួង​ចន្ទ​ងាក​មើល​ឆ្វេង​ស្តាំ​ដើម្បី​រក​មើល​​តម្រុយ​របស់​មិត្ត​ភក្តិ​ស្រី​។

តែ​… គ្មាន​សូម្បី​តែ​ស្រមោល​របស់​នាង​។ ពេល​វេលា​កន្លង​ទៅជាង​កន្លះ​ម៉ោង សុខៗ​ក៏​មាន​​សំឡេង​ស៊ីផ្លេ​អាថ៌​កំបាំង​លាន់​ឡើងនៅ​មុខ​សាលា​រៀន​។ កែវដែល​ជា​អ្នក​ចាំទី​ដំបូង​គេ​ងាក​ទៅ​មើល​ប្រភព​សំឡេង​​។ ស្លាក​លេខ​រថយន្ត​​ បញ្ជាក់​​ប្រាប់​នាង​យ៉ាង​​ច្បាស់​ថា ​​នាង​ចាំ​រថយន្ត​នេះ​​ច្បាស់​​ណាស់​។

ពេល​នេះ​ម៉ោង​៦​ និង​៣០​នាទី​ទៅ​ហើយ​ ហ្វូង​ខ្លែង​ស្រាក​នាំ​គ្នា​ស្រែក​ខ្វាកៗ​មិន​ដាច់​សូរ​​ ធ្វើ​ឲ្យ​ទី​នេះ​ស្ទើរ​តែ​​ក្លាយ​ជា​សាលារៀន​ខ្មោច​ទៅ​ហើយ​។​ អំពូល​ភ្លើង​ចាស់​លោត​ញាក់​ភ្លឹប​​ភ្លែតៗ​នៅ​​ក្បែរ​អគារ​រៀន​​ ដែល​​ធ្វើ​ឲ្យ​បរិយាកាស​នោះ​កាន់​តែ​គួរ​ឲ្យ​ខ្លាច​​ទ្វេ​ឡើង​។ ​មិន​យូរ​ប៉ុន្មាន​ ក្មេង​ស្រី​ផ្សេង​ៗ​ទៀត​ នាំ​គ្នា​ចុះ​មក​ក្រោម​តាម​កែវ​។ អាណា​ព្យាបាល​របស់​ពួក​នាង​​កំពុង​ចត​រថ​យន្ត​ចាំ​នៅ​មុខ​សាលា​រៀន​​។ ខ្លះ​ក៏​ចុច​ស៊ីផ្លេ​ហៅ ខ្លះ​ទៀត​ក៏​ដើរ​មក​ទទួល​កូន​ដល់​ក្នុង​សាលា​​។ ក្រុម​ក្មេង​ស្រី​មួយ​ក្រុម​ទៀត ​ដែល​មិ​នទាន់​ត្រឡប់​ទៅ​ផ្ទះ​ ក៏​ដើរ​និយាយ​គ្នា​ឆ្លង​កាត់​ក្លោង​ទ្វារ​សាលា​ចេញ​ផុត​ទៅ។

«​តោះ! ត្រឡប់​ទៅ​ផ្ទះ​បាន​ហើយ​កូន…» ស្រ្តី​វ័យ​កណ្តាល​មនុស្ស​ ដែល​ជា​អាណា​ព្យាបាល​​របស់​កែវ​ ដើរ​មក​អង្អែល​ក្បាល​នាង​ មុន​នឹង​នាំឡើង​រថយន្ត​វែន​ពណ៌​ខ្មៅ​ចេញ​​ផុត​​ទៅ។

ចំណែក​មិត្ត​ភក្តិ​ដទៃ​ទៀត​របស់​នាង​​ ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​ម្តង​ម្នាក់ៗ​ រហូតតាចាស់​​អ្នក​យាម​​នៅ​មុខ​សាលា​ ទាញ​ក្លោង​ទ្វារ​ធំបិទ​ មុន​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​។

ម្នាក់​ៗ​ក៏​ភ្លេច​រឿងលេង​បិទ​ពួន​របស់​​ក្មេង​ស្រី​មួយ​ក្រុម​នោះ​…

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ​គេ​ក៏​លែង​ឃើញ​លក្ខណ៍​ ​មក​សាលា​រៀន​ទៀត​។ សូម្បី​តែ​នៅ​ឯ​ផ្ទះ​ក៏​គ្មាន​​នរណា​ដឹង​ថា នាង​បាត់​ខ្លួន​ទៅណាដែរ​​។ ខ្លះ​​ថា​ ត្រូវ​ខ្មោច​កំបាំង​… ខ្លះ​ទៀត​ថា រត់​ចេញ​ពី​ផ្ទះ​…

ក្មេង​ស្រី​ឈ្មោះ​លក្ខណ៍​ ក៏​បាត់​ខ្លួន​​​សូន្យ​ឈឹង​​​ចាប់​តាំង​ពី​ថ្ងៃ​នោះ…!!

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


​​

ផ្កាយ​NoVeLs*– ប្រិយ​មិត្ត​មាន​ដឹង​ទេ ថា​ថ្ងៃ​សុក្រ​កាល​ពី​៧​ថ្ងៃ​មុន​ ប៉ះ​ចំ​លើ​ថ្ងៃ​ទី១៣? បើ​ថ្ងៃ​សុក្រ​ទី១៣​ តើ​វា​យ៉ាង​ម៉េច? មាន​ហេតុ​ផល​មួយ​ចំនួន ​ដែល​ខ្ញុំ​មិន​ដាក់​ផ្សាយ​​អត្ថបទ​នេះ ​កាល​ពី​ថ្ងៃ​សុក្រ​​សប្តាហ៍​កន្លង​ទៅ។

ជំនឿ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​តាំង​ពី​តូចៗ​មក​ថា ថ្ងៃ​សុក្រ​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ជា​ថ្ងៃ​មិន​ល្អ ជា​ប្រផ្នូល​​​អាក្រក់​ និង​ជា​ថ្ងៃ​​ដែលមាន​​ខ្មោចដើរ​​ចេញ​ មក​រាត​ត្បាត​លង​បន្លាច​មនុស្ស​លោក​ ដែល​ជំនឿ​បែប​នេះ​​​កើតមាន​នៅ​ក្នុង ​បណ្តា​ប្រទេស​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ទាំង​អស់​​ ​តាម​រយៈ​​​ការ​និយាយ​​ត​​គ្នាពី​មាត់​មួយ​ទៅមាត់​មួយ​ និង​តាម​រយៈ​ភាព​យន្តរឿង​ខ្មោច​ផ្សេងៗ​(Friday 13 th)។ មិន​តែ​ប៉ុណ្ណោះ​ អគារ​​​ធំៗ​ខ្ពស់​ៗ​ជា​ច្រើន​កន្លែង​​​លើ​ពិភព​លោក​​ បែរ​ជា​មិនសូវ​មាន​​​ជាន់​ទី១៣​ទៅវិញ​​​ គឺ​មាន​ត្រឹម​​ជាន់​ទី១២​ ហើយ​ក៏​ ផ្លោះ​ទៅ​ដល់​ជាន់​ទី១៤​តែ​ម្តង​។ តែ​មនុស្ស​ភាគ​តិច​ណាស់​ដែល​បាន​ដឹង​ពី​ហេតុ​ផល​នៃ​រឿង​នេះ​ ហើយ​ក៏​មិន​សូ​វ​មាន​នរណា​ដឹង​ពី​អត្ថន័យ​ពិត​របស់​ថ្ងៃ​សុក្រ​ទី១៣ដែរ ថា​វា​​ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ខ្លាច ​ដូច​ពាក្យ​ចចាមអារាម​នេះ​ឬ​អត់?

​ប្រភព​នៃ​ជំនឿ​រឿង​ថ្ងៃ​សុក្រ​ទី១៣​នេះ ទាក់​ទង​ទៅ​នឹង​ជំនឿ​ដែល​ថា មាន​មនុស្ស​១៣​នាក់​ចូល​រួម​ទទួល​​ទាន​អាហារ​ថ្ងៃ​ចុង​ក្រោយ​ជាមួយ​ព្រះ​យេស៊ូគ្រិស្ត​(The Last Supper)មុន​នឹង​ព្រះ​អង្គ​ត្រូវ​នាំ​ខ្លួន​ទៅ​ចង​ស្នឹង​នៅ​លើ​​ឈើ​ឆ្កាង​​ក្នុង​​ថ្ងៃ​សុក្រ​ដ៏​បវរ​(Good​ Friday) ដោយ​មនុស្ស​មាន​ជំនឿ​តៗ​គ្នា​ តាំង​ពី​ពេល​នោះ​​មក​ថា ថ្ងៃ​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​មនុស្ស​១៣​នាក់​ បរិភោគ​អាហារ​រួម​​តុ​គ្នា​ ​អ្នក​ដែល​ក្រោក​​ចេញ​មុន​គេ​នោះ គឺ​ជា​មនុស្ស​ដំបូង​ដែល​ត្រូវ​ស្លាប់​។

នេះ​ចាត់​ទុក​​ជា​រឿង​​មួយ ​ដែល​មនុស្ស​ភាគ​ច្រើន​បាន​​ដឹង​ឮ​ ពី​ប្រភព​នៃ​​ការ​ជឿ​រឿង ​ថ្ងៃ​សុក្រ​ទី១៣​ ដែល​មើល​ទៅ​ដូច​ជា​មិន​ពាក់​ព័ន្ធ​អ្វី​នឹង​ហេតុ​​ផល​ដែលថា​​ មាន​ខ្មោច​ចេញ​មក​រាត​ត្បាត​លង​បន្លាច​មនុស្ស​លោក​ ឬ​ជីវិត​នឹង​ជួប​សំណាង​អាក្រក់​នៅ​ក្នុង​ថ្ងៃ​នេះ​ក៏​ទេ​ដែរ​។ តែ​ទោះ​ជឿ​ឬ​មិន​ជឿ​ គឺ​​អាស្រ័យ​ទៅ​​លើ​វិចារណញ្ញាណ​របស់​ម្នាក់ៗ​ ព្រោះ​​អ្នក​ស្រាវ​ជ្រាវ​​ផ្នែក​ចិត្ត​វិទ្យា​បាន​រក​ឃើញ​ថា អ្នក​ខ្លះ​ដែល​ច្រើន​តែ​ឈឺ​ ឬ​ជួប​គ្រោះ​ថ្នាក់​​នៅ​ក្នុង​ថ្ងៃ​សុក្រ​ទី១៣​នេះ គឺ​បណ្តាល​មក​ពី​អ្នក​នោះ​​​​មាន​អារម្មណ៍​រវើ​រវាយ​ និង​ភ័យ​ខ្លាច​​ជ្រុល​ពេក ​​រហូត​​កើត​ជា​ស្លន់​ស្លោ​ធ្វើ​អ្វី​មិន​ត្រូវ នៅពេល​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ប្រឈម​ក្នុង​ថ្ងៃ​គ្រោះ​អាក្រក់​ ឬ​ថ្ងៃ​អថ័ន​បែប​នេះ។

ត្រឡប់​មក​មើល​ប្រទេស​ថៃ ​ដែល​ជា​​ប្រទេស​ជិត​ខាង​របស់​យើង​វិញ​ ក៏​បាន​ទទួល​ឥទ្ធិពល​នៃ​ជំនឿ​នេះ​ដែរ​។ ប៉ុន្តែ​យុវវ័យ​ភាគ​ច្រើ​នបែរ​ជា​ចាត់​ទុក​ថ្ងៃ​សុក្រ​ទី​១៣​​នេះ ​ជា​ថ្ងៃ​​លេង​កម្សាន្ត​​ដ៏​សែន​សប្បាយ​រីក​រាយ​​ទៅវិញ​។ ពួក​គេ​តែង​យក​ថ្ងៃ​គ្រោះ​អាក្រក់​​នេះ​​​មក​បន្លាច​គ្នា​លេង​ តាម​រយៈ​ការ​ដើរ​កម្សាន្ត​ផ្សង​ព្រេង​នៅ​តាម​​សំណង់​បាក់​បែក​ ឬ​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល​ ឬ​កន្លែង​ដែល​ល្បី​ថា​​មាន​ខ្មោច​លង​សាហាវ​ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ​នៅតាម​ស្ថានីយ៍​វិទ្យុ​ និង​ទូរទស្សន៍​ផ្សេង​ៗ​ ក៏​មាន​ការ​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​​​អបិយ​ជំនឿ​រឿង​​វិញ្ញាណ​ មក​​ចែក​រម្លែក​​​បទ​ពិសោធន៍​របស់​ខ្លួន ​ដល់​ទស្សនិក​ជន​ដែរ​។ ក្រៅ​ពី​នេះ​​ នៅ​តាម​តំបន់​ទេសចរណ៍​ផ្សេង​ៗ​ ក៏​មាន​ការ​រៀប​ចំ​បោះ​ជំរុំ​​ ដោយ​​ឲ្យ​​អ្នក​ចូល​រួម​តែង​ខ្លួន​ធ្វើ​ខ្មោច ​​មក​ប្រកួត​ប្រជែង​គ្នា​យក​រង្វាន់​ទៀត​ផង​។

លេខ​១៣ មិន​មែន​​​សុទ្ធ​តែ​ជា​លេខ​គ្រោះ​អាក្រក់ ​សម្រាប់​ជន​ជាតិទាំង​អស់​​ នៅ​លើ​ពិភព​លោក​នោះទេ​ ព្រោះ​​​ជនជាតិ​អេស៊ីប​ជឿ​ថា​ លេខ​​១៣​ជា​លេខ​​នាំ​លាភ​​របស់​ពួក​គេ​។ តាមរយៈ​​​រឿង​និទាន​ក្នុង​សម័យ​​ផារ៉ាអុង ជឿ​​ថា ជីវិត​និងវិញ្ញាណ​មាន​​បែង​ចែក​ជា​​ជាន់​ ជា​ថ្នាក់​ គឺ​បែង​ចែក​ចេញ​​ជា​​១២​ថ្នាក់ ដោយ​ថ្នាក់​ទី១៣​នោះ​ ជា​ជីវិតដែល​អមតៈ​​ក្រោយ​ពេល​ស្លាប់។ ​​​ជំនឿ​នេះ​​ជា​កុសល​ឧបាយ​របស់​ជនជាតិ​អេស៊ីប​ដើម្បី​កុំ​ឲ្យ​មនុស្ស​មើល​ឃើញ​សេចក្តី​ស្លាប់ ​ថា​ជា​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ និង​គ្រប់​ជីវិត​ទាំង​អស់​មិន​អាច​គេច​​ផុត​ពី​សេចក្តី​ស្លាប់​បាន​ទេ​។

លេខ​១៣​ ជា​លេខ​អថ័ន​ ឬ​មិន​មែន​នោះ គ្មាន​នរណា​អាច​ពិសោធ​បាន​ទេ តែ​មនុស្ស​ភាគ​ច្រើន​មាត់​និយាយ​ថា​មិ​នជឿ តែ​បើ​ឲ្យ​ទៅ​ជួល​ផ្ទះ​ល្វែង​ ឬ​​ដេក​ក្នុង​សណ្ឋាគារ​ដែល​មាន​ជាន់​ទី១៣ ​នោះ ត្រឡប់​ជា​មិន​ហ៊ានទៅវិញ​ 😀 ​៕

Read Full Post »

Older Posts »