Feeds:
ប្រកាស
មតិ

Archive for the ‘ភាពយន្ត’ Category


តួអង្គក្នុងរឿង Beauty and the Beast

ផ្កាយNoVeLs*– ចង់ប្រាប់ថា មានសេចក្តីសុខយ៉ាងខ្លាំងដែលបានទស្សនារឿងនេះ គឺចូលតួ ចូល អារម្មណ៍យ៉ាងខ្លាំងទៅនឹងភាពពីរោះរណ្តំនៃបទចម្រៀង ដែលរៀបរាប់ដំណើររឿង ទាំងមូល។ បទចម្រៀងនីមួយៗមានភាពលេចធ្លោ ពីរោះ មានអត្តសញ្ញាណ និង រូបារម្មណ៍ដែលអន្ទងព្រលឹងអ្នកមើលឲ្យចូលតួ លង់ស្នេហ៍ ស្លុងអារម្មណ៍ចូលទៅកាន់ សម័យកាល ដែលរឿងរ៉ាវ BEAUTY AND THE BEAST កកើតឡើង។ Walt Disney បានយកចម្រៀងគ្រប់បទដែលមាននៅក្នុងគំនូរជីវចលមករៀបរាប់សាច់រឿងសាជាថ្មី ប៉ុន្តែនៅតែមិនថ្មី ព្រោះប្លង់ខ្លះគឺដូចគ្នាស្ទើរចាប់ដាក់តែម្តង។ កាយវិការ និងបទចម្រៀង នីមួយៗក្នុងរឿងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចកំពុងទស្សនាល្ខោននិយាយបែបលោក ខាងលិច ដែលអាចនិយាយបានថា នេះគឺជាល្ខោន និយាយសុទ្ធសាធ ដោយគ្រាន់តែមិនមែនសម្តែងលើឆាក ប៉ុណ្ណោះ។

ទទួលស្គាល់ថា BEAUTY AND THE BEAST ដែលសម្តែងដោយមនុស្សនេះ មិនអាច ប្រៀបធៀបជាមួយគំនូរជីវចលបានទេ តែក៏ល្អនៅក្នុងកម្រិតមួយដែលអាចទទួលយក បាន ព្រោះខ្លឹមសាររឿងទាំងមូលគឺល្អស្រាប់តាំងពីដើមម្ល៉េះ ជាពិសេសតួស្រី Emma Watson សម្តែងជាតួ Belle បានយ៉ាងល្អឥតខ្ចោះ និងស្រស់ស្អាត ស័ក្តិសមជាតួអង្គ ក្នុងទេវកថា គឺប្រៀបដូចនាងកើតមកដើម្បីក្លាយជាតួអង្គ Belle តែម្តង។ ភាពពីរោះ រណ្តំនៃបទភ្លេង និងចម្រៀង ធ្វើឲ្យខ្ញុំស្តាប់ឡើងព្រឺរោម និងរំជួលអារម្មណ៍ស្ទើរ តែស្រក់ ទឹកភ្នែក ដ្បិតរំភើបពេក រំភើបដែលបានត្រេក ត្រអាលនឹងមនោសញ្ចេតនាដ៏ស៊ីជម្រៅ តាមរយៈបទភ្លេង ទំនុកច្រៀង និងពាក្យពេចន៍សន្ទនា ដែលពោរពេញដោយរូបារម្មណ៍ សិល្បៈ។

សុខ ស្រីមុំ តួនាងពៅ ក្នុងរឿង នាងពៅម្លិះលា

ចំពោះដំណើររឿងវិញ គ្មានអ្វីប្លែកថ្មីនោះទេ គ្រប់គ្នាប្រហែលជាធ្លាប់ដឹងខ្លះៗមកហើយ តាមរយៈគំនូរជីវចល។ ប៉ុន្តែសម្រាប់ខ្ញុំ រឿងនេះធ្វើឲ្យខ្ញុំនឹកដល់ខ្សែភាពយន្តខ្មែរជំនាន់ ឆ្នាំ៩០មួយគឺរឿង «នាងពៅម្លិះលា» ដែលមានសាច់រឿងស្ទើរតែដូចគ្នាទាំងស្រុងនឹងរឿងនេះ។ ខុសត្រង់ថា នៅក្នុងរឿងខ្មែរ តាដង្ខៅមានកូនស្រី៥នាក់ ពេលចេញទៅធ្វើជំនួញ កូនស្រីច្បង៤នាក់ សុំឪចង់បានប្តី ខុសតែស្រីពៅប្រាថ្នាចង់បានផ្កាម្លិះលា (#ផ្កាកុលាប)។ តាមផ្លូវតាដង្ខៅបានជួបយក្ស(#ចចក) រហូតបានទៅដល់វិមានអារក្ស (#សត្វកំណាច) និងបានលួចកាច់ផ្កាម្លិះលារបស់អារក្សទុកផ្ញើកូនស្រីពៅ។ តាដង្ខៅត្រូវ មានកម្មពៀរដល់ស្លាប់ ព្រោះលួចកាច់ផ្កាអារក្សដោយមិនបានសុំអនុញ្ញាត។ តាដង្ខៅ អាចឆ្លងផុតគ្រោះកាចនេះបាន លុះត្រានាំកូនស្រីព្រហ្មចារីយ៍មកបូជាជូនអារក្ស។ កូនស្រីពៅដឹងដូច្នោះ ក៏ធ្វើ ដំណើរមកជួបអារក្ស។ ដើម្បីបញ្ជាក់ថា ឪពុករបស់នាងបានរួច ផុតពីសេចក្តីស្លាប់ដូចការសន្យា អារក្សបានឲ្យនាងពៅមើលឃើញឪពុកតាមកញ្ចក់ទិព្វ ។ លុះនាងពៅនៅរួមរស់ជាមួយអារក្សបានមួយរយៈ អ្នកទាំងពីរក៏កើតមានសេចក្តី ស្រឡាញ់រវាងគ្នានឹងគ្នា។ មួយរយៈក្រោយមក ឪពុកនាងពៅក៏ធ្លាក់ខ្លួនឈឺដោយសារ ជរាភាព។ អារក្សបានអនុញ្ញាតឲ្យនាងពៅទៅមើលថែឪពុកក្នុងរយៈពេល៧ថ្ងៃ បើនាង មិនវិលវិញ អារក្សនឹងស្លាប់។ លុះរំលង៧ថ្ងៃ នាងពៅមកមិនទាន់ អារក្សក៏ស្លាប់មែន។ តែដោយសារអំណាចទឹកភ្នែកព្រហ្មចារីយ៍ និងក្តីស្នេហ៍ដ៏បរិសុទ្ធរបស់នាងពៅចំពោះ អារក្ស អារក្សក៏រស់ឡើងវិញ និងប្រែរូបជាព្រះរាជបុត្រដ៏ស្រស់សង្ហា។ សូមបញ្ជាក់ថា រឿង «នាងពៅម្លិះលា» របស់ខ្មែរ ផលិតនៅឆ្នាំ១៩៩៣ និពន្ធដោយ លោក ប្រាក់ ច័ន្ទមុន្នី ដឹកនាំរឿងដោយ លោក ម៉ៅ សំអាងណុប សម្តែងដោយ អារុណ រស្មី(អារក្ស) សុខ ស្រីមុំ(នាងពៅ) និង តារាសម្តែងល្បីៗនៅជំនាន់នោះ ជាច្រើននាក់ទៀត ដូចជា អម្ពរ ទេវី នារីរ័ត្ន គន្ធា ពិសិដ្ឋ ពិលិកា ច័ន្ទ សេរីរ័ត្ន ទេពរិន្ទដារ៉ូ ខៃ ប្រសិទ្ធិ សម តារា…។

ទេពរិន្ទ ដារ៉ូ និង ពិសិដ្ឋ ពិលិកា ក្នុងរឿង នាងពៅម្លិះលា

និយាយពីខ្សែភាពយន្តរឿង BEAUTY AND THE BEAST ឆ្នាំ២០១៧នេះវិញ គឺគេប្រើ សិល្ប៍វិធីរៀបរាប់សាច់រឿងបានល្អ តាមលំដាប់លំដោយងាយយល់ ងាយចាប់បាន ដោយមិនបាច់ប្រើខួរក្បាលគិតច្រើន។ រីឯ ពាក្យពេចន៍សន្ទនាក៏វិចិត្រដោយរូបារម្មណ៍ សិល្បៈ ដែលមួយម៉ាត់ៗ សុទ្ធតែមានន័យខ្លឹមសារ អប់រំ ប្រៀបធៀប ស្តាប់ហើយត្រូវតែ យកទៅគិត វិភាគ និងវាយតម្លៃ តាមការយល់ឃើញរៀងៗខ្លួន ពោលគឺពាក្យមួយ ម៉ាត់ៗសុទ្ធតែមានប្រយោជន៍។ ការវិវឌ្ឍរបស់តួអង្គ ការប្រែប្រួលបុគ្គលិកលក្ខណៈ និងការរៀនស្វែងយល់របស់តួអង្គនីមួយៗគឺល្អ មានហេតុមានផល ធ្វើឲ្យយើងស្លុង អារម្មណ៍ ចូលតួ និងជ្រួតជ្រាបនូវមនោសញ្ចេតនារបស់តួអង្គសំខាន់ៗបានយ៉ាងងាយ ដោយឥតប្រកែកបាន។ ជាក់ស្តែងយើងយល់អារម្មណ៍របស់តួអង្គ Belle ដែលសេចក្តី ស្នេហាបានកកំណើតឡើងបន្តិចម្តងៗ នៅក្នុងក្រអៅបេះដូងរបស់នាង ហើយយើងក៏ យល់ពីកាយវិការដ៏ទន់ភ្លន់របស់តួអង្គសត្វកំណាច ដែលបេះដូងគេកាន់តែទន់ជ្រាយ ទៅៗ បន្ទាប់ពីបានស្គាល់អ្វីដែលហៅថា ស្នេហាពិត។

តារាសម្តែង Emma Watson ស័ក្តិសមនឹងតួអង្គ Belle ខ្លាំងណាស់។ នាងជា Belle ដែលស្អាតបំផុត មានអត្តសញ្ញាណ មានភាពលេចធ្លោ មាននិស្ស័យចចេសរឹងរូស តែមានមន្តស្នេហ៍ឆាបឆក់គួរឲ្យស្រឡាញ់។ ចំណែកតួអង្គសត្វកំណាចដែលសម្តែង ដោយ Dan Stevens ក៏ទទួលស្គាល់ថា សង្ហា ទោះជាឃើញមុខពិតតែប៉ុន្មានឈុតក៏ ដោយ តែកាយវិការដែលសម្តែងតាមរយៈខ្សែភ្នែកនោះ គឺជាអ្វីដែលអត់សរសើរមិន បានពិតមែន។ រីឯតារាសម្តែង Luke Evans ដែលសម្តែងជាតួអង្គ Gaston ក៏សង្ហាមិន ធម្មតា សង្ហាបែបពិសពុល រូបកាយសង្ហាតែចិត្តអាក្រក់ ប៉ុន្តែក៏មានមន្តស្នេហ៍ឆាបឆក់ បេះដូងគួរឲ្យខ្លាច។ 😱😂😱😂

ចំណែកបច្ចេកទេសប្រើក្រាហ្វិកកុំព្យូទ័របញ្ជាឲ្យទៀន នាឡិកា ប៉ាន់តែ ពែងតែ ដើរ បាន និយាយបាន… ចាត់ទុកជាធាតុដ៏សំខាន់មួយ ដែលធ្វើឲ្យរឿងទាំងមូលកាន់តែ គួរឲ្យចង់មើល ព្រោះក្រាហ្វិកល្អ សម ស្តែង ពិសេសតួអង្គវត្ថុទាំងនោះមានបុគ្គលិក លក្ខណៈច្បាស់លាស់ មិនភ្លាវ និងសុទ្ធតែគួរឲ្យស្រឡាញ់។ នេះមិនទាន់និយាយពី ការរៀបចំឆាក ក្រាហ្វិកប្រាសាទ និងការច្នៃម៉ូដសម្លៀកបំពាក់នៅក្នុងសម័យកាល ដែលរឿងបានកើតឡើងផង។

សរុបមក BEAUTY AND THE BEAST គឺជាខ្សែភាពយន្តមួយដែលមិនគួរមើលរំលង សម្រាប់យុវវ័យទាំងឡាយ ទាំងអ្នកដែលកំពុងមានស្នេហា និងមិនទាន់មានស្នេហា ឬសូម្បីតែអ្នកស្រឡាញ់ការសិក្សា ការរៀនសូត្រ ពិសេសស្រីៗដែលចូលចិត្តអានសៀវ ភៅ អានប្រលោមលោក… ពេលទស្សនារឿងនេះចប់ ស្នេហានឹងកកើតឡើងដោយ ឯងៗ ពេញក្រអៅបេះដូងមិនខានឡើយ 😘😘 ។ គ្រប់គ្នានឹងមិនស្តាយលុយទេ សូម្បី តែមួយសេន ព្រោះគ្រាន់តែទៅអង្គុយមើលមុខតួសម្តែងស្អាតៗ សង្ហាៗ និងស្តាប់ ចម្រៀងពីរោះៗ ក៏លើសតម្លៃសំបុត្រទៅហើយ! ចុះទម្រាំតែគិតពីតម្លៃនៃខ្លឹមសាររឿង ទាំងមូល បូករួមទាំងទេពកោសល្យសម្តែងដ៏ល្អឥតខ្ចោះរបស់តួអង្គនីមួយៗទៀត? ខ្ញុំ ជឿថា អ្នកដែលចំណេញកប់ក្តោងគឺទស្សនិកជន!!! 😉😉 មួយទៀត បើអ្នកទាំងអស់គ្នា មានពេលវេលាគ្រប់គ្រាន់ កុំភ្លេចរកមើលរឿង «នាងពៅម្លិះលា» របស់ខ្មែរដែលមាន នៅក្នុងយូធូបស្រាប់ ហើយកុំភ្លេចមកនិយាយប្រាប់វិញផង ថារឿងទាំងពីរដូចគ្នា និង ខុសគ្នាដូចម្តេចខ្លះ?

Read Full Post »


1

#វិភាគត្រួសៗ

#លោកយាយអាយុ២០ឆ្នាំ ឬ Suddenly Twenty

#មិនមែនជារឿងដែលកម្សត់ខ្លាំងតែជារឿងដែលចាក់ចំបេះដូង

#ពិន្ទុ៨/១០

លោកយាយអាយុ២០ឆ្នាំ ឬ Suddenly Twenty មិនមែនជារឿង Remake ពីរឿងកូរ៉េ Miss Granny ទី១ ដែលខ្ញុំធ្លាប់ទស្សនាកន្លងមកនោះទេ។ បើចាំមិនខុសនេះជារឿងលើកទី៥ហើយ បន្ទាប់ពីរឿងកូរ៉េ ចិន ជប៉ុន និងវៀតណាម។ ថ្វីបើរឿងទាំងនេះមានគ្រោងរឿងដូចគ្នាតែមួយនឹងរឿង Miss Granny របស់កូរ៉េ តែរឿងនីមួយៗសុទ្ធតែមានរសជាតិ និងអត្តសញ្ញាណដោយឡែកៗពីគ្នាទៅតាមវប្បធម៌ និងរបៀបរបបរស់នៅរបស់ប្រទេសទាំងនោះរៀងៗខ្លួន។

រឿង “Miss Granny” និយាយពីស្រ្តីមេម៉ាយម្នាក់ដែលក្លាយទៅជានារីវ័យក្មេងអាយុ ២០ឆ្នាំ បន្ទាប់ពីគាត់បានទៅថតរូបនៅហាងថតរូបដ៏អាថ៌កំបាំងមួយ។ អាចថាចម្លែកក៏ថាបានដែល៤រឿងមុនៗ មិនបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកខ្លាំងប៉ុន្មានទេ តែរឿងដែលថៃផលិតឡើងវិញនេះ ស្រាប់តែធ្វើឲ្យខ្ញុំយំច្រើនកន្លែងដោយនឹកស្មានមិនដល់។ តែខ្ញុំក៏ដឹងខ្លួនឯងនូវហេតុផលមួយដែលធ្វើឲ្យខ្ញុំយំខ្សឹកខ្សួលរហូតទប់លែងជាប់។ ហេតុផលនោះ គឺតួអង្គយាយប៉ានដែលជាតួឯកក្នុងរឿង គឺដូចម្តាយខ្ញុំខ្លាំងណាស់! គាត់លះបង់គ្រប់បែបយ៉ាងដើម្បីចិញ្ចឹមកូនប្រុសគាត់ឲ្យរៀនបានខ្ពស់ រហូតមានអនាគតល្អ។ គាត់បូជាជីវិតវ័យក្មេងរបស់គាត់ទាំងអស់ ដើម្បីអនាគតកូន ទោះបីជាត្រូវបំផ្លាញអនាគត និងក្តីសុបិនរបស់ខ្លួនឯងក៏ដោយ។

083

សម្តីមួយរបស់យាយប៉ាន ដែលស្ទើរតែធ្វើឲ្យខ្ញុំគាំងបេះដូងស្លាប់នៅនឹងកន្លែង គឺគាត់និយាយថា៖ «យុវភាពដ៏ល្អផូរផង់របស់ខ្ញុំបានយកទៅមើលថែ និងចិញ្ចឹមបីបាច់កូនអស់ហើយ…» ។ ភ្លាមៗនោះ ខ្ញុំស្រាប់តែនឹកដល់ម្តាយខ្ញុំមួយរំពេច។ ខ្ញុំចាំបានថា ម៉ែធ្លាប់ធាក់កង់ដឹកអង្ករ ក្នុងចម្ងាយផ្លូវរាប់គីឡូដើម្បីយកមកឲ្យកូនប្រុសដែលរៀននៅទីរួមខេត្ត។ មិនតែប៉ុណ្ណោះ នៅមានការលះបង់ជាច្រើនទៀត ដែលវានៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំតាំងពីដឹងក្តី រហូតមកដល់ថ្ងៃនេះ ហើយខ្ញុំជឿថា ខ្ញុំនឹងចងចាំពលិកម្មដ៏ធំធេងនោះទុកក្នុងក្រអៅបេះដូង និងសម្បជញ្ញៈជាមនុស្សរហូតដល់ដង្ហើមចុងក្រោយ។

មូលន័យសំខាន់របស់រឿង «លោកយាយអាយុ២០ឆ្នាំ» ផ្តោតលើរឿងរ៉ាវជីវិតរបស់មនុស្សចាស់ជរា។ សព្វថ្ងៃនេះ មានមនុស្សមិនតិចនាក់ទេ ដែលមិនសូវយកចិត្តទុកដាក់នឹងឪពុកម្តាយ និងតាយាយ ដែលចាប់ផ្តើមចាស់ជរា ភ្លេចភ្លាំង រអ៊ូច្រើន គួរឲ្យរំខាន រហូតភ្លេចគិតថាជីវិតរបស់ពួកគាត់កន្លងមក តើត្រូវឆ្លងកាត់អ្វីខ្លះ ដើម្បីចិញ្ចឹមកូនៗឲ្យរស់រានមានអនាគតល្អ រហូតដល់សព្វថ្ងៃនេះ?

20mai-02-600x339

ជាក់ស្តែង យាយប៉ានដែលជាតួឯកក្នុងរឿងក៏ដូចគ្នា។ គាត់មិនអាចសម្រេចក្តីសុបិនរបស់ខ្លួន ដែលចង់ក្លាយជាអ្នកចម្រៀងបាន ព្រោះបរិបទសង្គមសម័យនោះ មិនចូលចិត្តមនុស្សស្រីដើរច្រៀងរាំដើម្បីចិញ្ចឹមជីវិត។ គាត់បានរត់តាមប្តីដោយក្តីសង្ឃឹមថា នឹងអាចសម្រេចក្តីប្រាថ្នានោះ តែដឹងអីពេលមានប្តីក៏មានកូន ហើយប្តីក៏ស្លាប់ចោលទៀត ធ្វើឲ្យគាត់ត្រូវបូជាយុវភាពរបស់ខ្លួនទាំងអស់ ដើម្បីចិញ្ចឹមកូនឲ្យមានអនាគតល្អដោយបាតដៃទាំងពីររបស់ស្ត្រីមេម៉ាយម្នាក់។ ទីបំផុតកូនប្រុសរបស់គាត់ក៏បានក្លាយជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ។ ទម្រាំនឹកឃើញម្តងទៀត គាត់ក៏ចាស់ជរា ក្លាយជាយាយចាស់សម្តីអាក្រក់ ចូលចិត្តរអ៊ូរទាំ ភ្លេចភ្លាំងច្រើន ធ្វើឲ្យកូនចៅទើសទាល់រហូតចង់យកទៅឲ្យនៅមណ្ឌលចាស់ជរា។ តែអព្ភូតហេតុបានធ្វើឲ្យលោកយាយត្រឡប់វ័យ ក្លាយជាក្រមុំអាយុ២០ឆ្នាំម្តងទៀត ធ្វើឲ្យគាត់ដើរតាមក្តីស្រមៃរបស់ខ្លួន ក្លាយជាអ្នកចម្រៀង និងផ្តើមស្នេហ៍ជាថ្មីជាមួយបុរសដែលខ្លួនស្រឡាញ់។

2

សរុបមក «លោកយាយអាយុ២០ឆ្នាំ» ជារឿងរ៉ាវជីវិតគ្រួសារ ដែលមានស្ទើរគ្រប់រសជាតិ មិនថាកំប្លែង កម្សត់ មនោសញ្ចេតនា និងលាយឡំដោយអាថ៌កំបាំងខ្លះៗ ដែលមិនត្រឹមផ្តល់តែជាចំណីអារម្មណ៍សម្រាប់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងផ្តល់តម្លៃអប់រំជាច្រើនទៀត ទាក់ទងនឹងវដ្តជីវិតមនុស្ស ជីវិតគ្រួសារ និងការពុះពារស្វែងរកក្តីសុបិន រហូតដល់ទីបំផុត៕#SuddenlyTwentyKH

Read Full Post »


តារាចម្រៀង លាង សុផាឡែន ថតរូបអនុស្សាវរីយ៍មុខរូបតួវិកលចរិត

តារាចម្រៀង លាង សុផាឡែន ថតរូបអនុស្សាវរីយ៍មុខរូបតួវិកលចរិត

ផ្កាយNoVeLs*– ថ្មីៗនេះ ខ្សែភាពយន្តរឿង «វិកលចរិត» ដែលជាប្រភេទខ្សែភាពយន្តភ័យរន្ធត់ដ៏ពេញលក្ខណៈដំបូងគេរបស់ខ្មែរ បានដាក់បញ្ចាំងហើយតាមបណ្តារោងភាពយន្តនានា ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គ្រាន់តែចាក់បញ្ចាំងបានរយៈពេលត្រឹម៤ថ្ងៃគត់ គេសង្កេតឃើញថា ខ្សែភាពយន្តនេះ មានគេជជែកវែកញែក វិភាគ និងពិភាក្សាយ៉ាងផុសផុលតាមបណ្តាញសង្គមហ្វេសប៊ុក ដែលពុំធ្លាប់មានខ្សែភាពយន្តណា មានទស្សនិកជនលើកយកនិយាយច្រើនបែបនេះឡើយក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តខ្មែរ។

ក្នុងនោះដែរ តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត កញ្ញា លាង សុផាឡែន បានសរសេរស្ងើចសរសើររឿង «វិកលចរិត» តាមរយៈបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាថា៖ «មើលហើយយប់មិញ… ដល់ពេលមើលទៅរឿងគាត់ថតល្អអ៊ីចឹង ទៅ ចង់សម្តែងរឿងរបស់គាត់ដែរ… ព្រោះថាទាំងបច្ចេកទេសថត បច្ចេកទេសកាត់ត បច្ចេកទេសសំឡេងច្បាស់ល្អណាស់។» ម្ចាស់បទ «ជីវិតគ្រួសារ» រូបនេះបានបន្តក្នុងសំណេរខ្លីៗនោះទៀតថា៖ «មាតុចក្រ» ខ្ញុំមិនដែលសូវបានមើលរឿងខ្មែរប៉ុន្មានទេ… ប៉ុន្តែរឿងនេះ ខ្ញុំសុំសរសើរដែលធ្វើឲ្យខ្ញុំចេះភ្ញាក់ ហើយស្រែកទៀត ទើបតែរឿងនេះមួយទេ សូមបងប្រុស «មាតុចក្រ» បន្តការបង្កើតរឿងបែបនេះ ហើយនិងអ្វីៗដែលប្លែកៗបន្តទៀត… ខ្ញុំគាំទ្រdirector «ហ៊ុយ យ៉ាឡេង» ។15555963_10210625967380909_981103860_n

មិនប៉ុន្មានម៉ោងក្រោយមកផង តារាសម្តែង និងពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក ខាត់ សម្បត្តិកិត្យា ក៏បានកោតស្ញប់ស្ញែងចំពោះខ្សែភាពយន្តខ្មែរដែលកំពុងផ្ទុះខ្លាំងនេះផងដែរ។ លោកបានសរសេរថា៖ «សូមសរសើរដោយស្មោះ ជាប្រភេទរឿងបែបចិត្តសាស្រ្តដំបូងរបស់កម្ពុជា ជារឿងដែលប្រើបចេ្ចកទេសប្លង់ខ្ពស់ ចិត្តសាស្រ្តជ្រៅ ប្រើវេយ្យាករណ៍នៃការចង និងស្រាយសាច់រឿងបានយ៉ាងល្អ សាច់រឿងប្រទាក់ក្រឡាល្អ ជារឿងដែលធ្វើឲ្យទស្សនិកជនទាយខុសថា អ្នកណាវិកលចរិត អបអរសាទរដែលភាពយន្តខែ្មរមានប្រភេទរឿងចិត្តសាស្រ្ត រោគចិត្តបែបនេះ ព្រោះសាច់រឿងបែបនេះ ច្រើនតែរឿងបរទេស Congratulation Cambodia Film 👍👍👍សង្ឃឹមថា ថៃ្ងណាមួយខ្ញុំមានឱកាសសម្តែងតួវិកលចរិតបែបនេះ 😂😂😂 កី្តស្រមៃ។»

 

15571010_10210625967500912_460000198_n.jpg

ទោះយ៉ាងណាក៏ដោយ គេពុំទាន់ឃើញមានការឆ្លើយតបពីម្ចាស់ផលិតកម្ម មាតុចក្រហ្វីលម៍លោក ហ៊ុយ យ៉ាឡេង នៅឡើយទេ បន្ទាប់ពីតារាទាំងពីរប្រកាសចង់ចូលខ្លួនសម្តែងក្នុងរឿងរបស់លោក។ ប៉ុន្តែតាមរយៈទំព័រផ្លូវការរបស់ម្ចាស់ផលិតកម្មរូបនេះ គេសង្កេតឃើញថា លោកកំពុងបាក់ទឹកចិត្ត ដែលចំនួនទស្សនិកជនទៅគាំទ្ររឿងរបស់លោក នៅមានចំនួនតិចតួចនៅឡើយបើប្រៀបធៀបជាមួយខ្សែភាពយន្តបរទេស ឬខ្សែភាពយន្តខ្មែរដទៃទៀតដែលមានគុណភាពអន់ជាងនេះ៕

Read Full Post »


ប៉ុស្ត័ររឿង «ដប់ម៉ឺន»

ប៉ុស្ត័ររឿង «ដប់ម៉ឺន»

ផ្កាយNoVeLs*– ប្រជាជនខ្មែរមួយចំនួនប្រហែល​ជា​ចាំ​ឈ្មោះ​ អា​ខាវ នាង​ថង​ខ្វាវ នៅ​​​ក្នុង​​រឿង​​ភាគ​ថៃ ​«មន្តស្នេហ៍ក្រមុំស្រុកស្រែ» ដែល​ធ្លាប់​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្ត៍​លេខ​៥​របស់​ខ្មែរ កាលពីជាងដប់ឆ្នាំមុន នៅឡើយទេ ពិសេស​ចាស់​ៗ​ ​​និង​យុវវ័យ​ដែល​មាន​អាយុ​ស្របាល​ៗ​ខ្ញុំ។​ កាលនោះ ល្ងាចមិនទាន់ទេ ម្នាក់ៗ​នាំ​គ្នា​ប្រញាប់​ស្រស់​ស្រូប​បាយ​ទឹក​ឱ្យ​ហើយ ដើម្បី​ត្រៀម​ចាំ​មើល​រឿង​អា​ខាវ​ (មី)​​ថង​ខ្វាវ​ឱ្យ​ទាន់។

រឿង​ភាគ​នេះ​ល្បីខ្លាំងណាស់នៅសម័យនោះ ព្រោះមានវប្បធម៌ របៀប​របប​រស់​នៅ និង​​ផ្នត់​គំនិត​ដូច​គ្នា​ខ្លាំង​ទៅ​នឹង​ប្រជាជន​ខ្មែរ​នៅតាមស្រុកស្រែចម្ការ។ ពិសេស​រឿង​នេះ​​​ជា​​ប្រភេទ​ចម្រៀង​​រឿង​ភាគ​(Musical​ Drama) ដែល​​អម​​ទៅ​​ដោយ​​បទ​​ចម្រៀង​រាប់​​​មិន​​អស់​នៅ​តាម​ឈុត​ឆាក​ពិសេស​នីមួយៗ។ បទល្បីៗក្នុងរឿងនេះមានដូចជា៖ មន្ត​​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ​(លំនាំ​បទ​ថ្នម​ស្នេហ៍) ចង់​បើក​បេះដូង​ ចាំ​​ច្រូត​​ស្រូវ​​ហើយ​សិន ដប់​ម៉ឺន​ដប់​ម៉ឺន សន្យា​មុន​លា ទឹកស្រកអូនខកចិត្ត ទឹក​ស្រក​បង​ខក​ចិត្ត​…​ ជា​ដើម។

រឿង​ «មន្ត​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ​» ដែល​ធ្លាប់​បញ្ចាំង​តាម​ទូរទស្សន៍​ខ្មែរ​កាល​ពី​ជាង​ដប់​ឆ្នាំ​មុន​

រឿង​ «មន្ត​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ​» ដែល​ធ្លាប់​បញ្ចាំង​តាម​ទូរទស្សន៍​ខ្មែរ​កាល​ពី​ជាង​ដប់​ឆ្នាំ​មុន​

ងាកមករឿង «ដប់ម៉ឺន» ឬ Love U 100K គឺជា​ប្រភេទ​ភាព​យន្ត​កំប្លែង​ថ្មី បែប​ទាន់​សម័យ​​ដែល​កាត់​យក​ផ្នែក​ខ្លះ​នៃ​រឿង​ភាគ «មន្តស្នេហ៍ក្រមុំស្រុកស្រែ» មក​ក្រឡៃ​កែ​ច្នៃ​​ធ្វើ​​ជា​ប្រភេទ​ខ្សែ​​ភាព​យន្ត​​កំប្លែង​​​ខ្នាត​​​ធំ ប្រើទំនាស់បញ្ហាតែមួយ ប៉ុន្តែ​នៅ​រក្សា​​រស​ជាតិ និង​ក្លិន​ចំហាយ​ដើម​ឱ្យ​នៅ​ដដែល។ នៅ​ក្នុង​រឿងថ្មីនេះ អ្នក​ដែល​ធ្លាប់​មើល​រឿង​ភាគ «មន្តស្នេហ៍ក្រមុំស្រុកស្រែ» អាច​នឹង​ប្លែក​ត្រចៀក​នឹង​ឈ្មោះ​តួ​ឯក​ប្រុស ព្រោះ​កាលពីមុនយើងធ្លាប់តែឮថា អាខាវ (ប្រហែល​ជា​ប្រែ​ខុស ​ឬ​​មាន​​ចេតនា​​ហៅ​​បែប​នេះ ដើម្បីស្រួលហៅ) តែពេលនេះយើងនឹងឮថា អាខ្លាវ វិញ ដែល​ជា​ឈ្មោះ​ត្រឹម​ត្រូវ​តាម​ប្រភព​ដើម។

ចង់ដឹងថា រឿង ដប់ម៉ឺន សម័យថ្មីនេះ មានរសជាតិខុសប្លែក និងល្អមើល ល្អ​សើច​កម្រិត​ណា តោះ​មក​តាមដាន ទ.អ.គ(ទាំងអស់គ្នា)! 😀

តួឯក​ប្រុស​ស្រី​ក្នុង​រឿង

តួឯក​ប្រុស​ស្រី​ក្នុង​រឿង «ដប់ម៉ឺន»

រឿងសង្ខេប

អា​ខ្លាវ កំលោះស្រុកស្រែក្រតោកយ៉ាក លង់​ស្នេហ៍​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយ​នាង​ថង​ខ្វាវ​ ដែល​ជា​កូន​ស្រី​របស់​សេដ្ឋី​ស្តុក​ប្រចាំស្រុក។ អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ តែ​មាន​អាចឺត ជា​គូ​សត្រូវ​ស្នេហា តាមបំបែកបំបាក់ ឃ្លាំមើល និង​ចាំ​តែ​ឆ្មក់​យក​ថង​ខ្វាវ ពីអាខ្លាវគ្រប់ពេលវេលា។ ​អា​​ចឺត​​ចូល​​ចិត្ត​​មើល​ងាយ​មើល​ថោក​អាខ្លាវ​ថា​ក្រ​តោក​យ៉ាកខ្លាំងណាស់។ តែអ្វីដែលសំខាន់ សេដ្ឋី​ថង​កន​ដែល​ជា​ឪពុក​បង្កើត​របស់​ថង​ខ្វាវ ក៏ស្អប់ខ្ពើមមនុស្សក្រខ្សត់ ខ្ចាត់ព្រាត់ ដូច​ជា​អា​ខ្លាវ​នេះ​ខ្លាំង​ណាស់​ដែរ និង​ព្យាយាម​រារាំងស្នេហាអ្នកទាំងពីរ គ្រប់មធ្យោបាយទាំងអស់។ លោក​សេដ្ឋី​មិន​ព្រម​​លើក​​កូ​ន​ស្រី​ឱ្យ​អា​ខ្លាវ​ជា​ដាច់​ខាត​ លុះ​​ត្រា​​តែ​​អាខ្លាវ​មាន​ប្រាក់​ដប់​ម៉ឺន​បាត​មក​ចូល​ស្តី​ដណ្តឹង។ ដូច្នេះ អា​ខ្លាវ​ត្រូវ​ព្យាយាម​រក​ប្រាក់​ចំនួន​ដប់​ម៉ឺន ដើម្បី​​ទៅ​​ស្តី​​ដណ្តឹង​នាង​​ថង​​ខ្វាវ សង្សារ​បណ្តូល​ចិត្ត។ ទន្ទឹម​នឹង​នោះ មិត្ត​ភក្តិរបស់អាខ្លាវ និងថងខ្វាវ រួម​មាន អាវ៉ែន បុប្ផា និង​មិត្ត​ភក្តិ​រួម​បក្ស​ពួក​ដទៃ​ទៀត បាន​ពិភាក្សា​គ្នា​រក​មធ្យោបាយ ជួយ​គូ​ស្នេហ៍​ទាំងពីរឱ្យបានជួបគ្នាដូចក្តីប្រាថ្នា។

09(2)
វិភាគខ្លឹមសាររឿង

ប្រាប់តាមត្រង់ចុះថា គ្រាន់តែឃើញ Trailer ភ្លាម គឺមិនចង់មើលទាល់តែសោះ​ព្រោះ​​​​របៀប​របប​រឿង​ថៃ គឺតែប៉ុណ្ណឹង និយាយ​គ្នា​ស្រែក​វ៉ូស​វ៉ាស​ៗ ចំអាសចំអូង ដើម្បី​បានសើច ដើម្បី​បាន​កំប្លែង។ ម្យ៉ាងទៀត ធ្លាប់គិតទុករួចទៅហើយថា រឿង​ថៃ​បើ​ក្រៅពីផលិតកម្ម GTH គឺមិនទៅមើលដាច់ខាត។ ប៉ុន្តែពេលជិតដល់ថ្ងៃបញ្ចាំង ក៏​មាន​​ដំណឹង​ល្អ​មក​ដល់ គឺ​មាន​គេ​ជូន​សំបុត្រ PRE-SCREENING ចំនួន​៦ ក៏​សម្រេច​ចិត្ត​បបួលមិត្តភក្តិទៅមើលលំហែខួរក្បាល ព្រោះកូនចិត្តមួយក៏ចង់ដឹងដូចគ្នាថា តើ​ភាព​យន្ត​រឿង «ដប់ម៉ឺន» ថតថ្មី ខុសពីរឿងភាគទូរទស្សន៍ «មន្ត​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ» ដូចម្តេចខ្លះ?

ពេល​​អង្គុយមើល ខ្ញុំងោកបណ្តើរស្ងាបបណ្តើរ ថាធុញក៏ធុញ តែ​ក៏​ខំ​ទ្រាំ​តាម​ដាន​សាច់​​រឿង​យ៉ាង​លម្អិត​បំផុត ក្រែងមានចំណុចណាដែលធ្វើឱ្យខ្លួនសើច ប៉ុន្តែ​អត់​​មាន​សោះ​ ​ស.រ.ខ​(សម្រាប់​ខ្ញុំ) ​:P ។ ប៉ុន្តែសម្រាប់អ្នកទស្សនាដទៃទៀតវិញ គឺ​គេ​សើច​គឹលៗ​ស្ទើរ​តែពេញរោងអត់​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​ទំនង​ជា​គេ​អង្គុយ​វិភាគ​ទាល់​តែ​ស្ត្រែសស្លេកមុខ ដូច​ជា​ខ្ញុំ​ដែរ​ហើយ​មិន​ដឹង! 😀

04(10)

ដំណើររឿង​ទាំង​មូល​ ក៏មិនបានទៅណាឆ្ងាយពីរឿងភាគទូរទស្សន៍ «មន្ត​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ» ដែរ​ គឺ​មាន អា​ខ្លាវ នាង​ថង​ខ្វាវ មានអាវ៉ែន មានបុប្ផា តែ​គេ​បំបែក​សាច់​រឿង​យ៉ាង​ល្អិត​ខ្ទេចខ្ទី ប្តូរមូលន័យ ខ្លឹមសារខ្លះៗ ប្តូរសម័យកាល ដែល​ស្ទើរ​តែ​កៀក​នឹង​​សម័យ​បច្ចុប្បន្ននេះ ព្រោះ​តាម​រយៈ​ការ​ស្លៀក​ពាក់ និង​​តុប​​តែង​​ខ្លួន​​ខុស​​ពី​​រឿង​ភាគ​​ដាច់។ មិនមានសម្លៀកបំពាក់ឈុតផ្កាធំៗ ឆើតៗ មិន​មាន​គូរ​រោម​ចិញ្ចើម​ក្រាស់ៗ​ ដិតៗ មិនមានមូរជើងសក់ខ្វេៗ ក្រងង់ៗ និងមិនមានធ្វើសក់ប៉ោងៗ ពោល​គឺ​​រឿង​​មិន​​បាន​​កំណត់​សម័យ​កាល​ច្បាស់​លាស់​នោះទេ។

ទន្ទឹមនឹងនេះ ភាពយន្តថ្មីនេះ ក៏បានធ្វើឱ្យបាត់ពណ៌សម្បុរ និង​លក្ខណៈ​ដើម​ខ្លះៗ​របស់​រឿង​ភាគដែរ ដូចជាវាជាប្រភេទភាពយន្តចម្រៀង តែចម្រៀងនៅក្នុងរឿងនេះ មាន​​មិន​​សូវ​ច្រើន គឺ​មាន​តែ​២​,៣​បទ​ប៉ុណ្ណោះ ពោល​គឺ​និយាយច្រើនជាងច្រៀង ហើយ​​ការ​​និយាយ​ស្តី​ក៏​ខុស​ដាច់​ដោយ​ឡែកពីបទចម្រៀង គឺ​មិន​និយាយ​ចូល​ឡូក​ឡំ​គ្នា​ដូចរឿងភាគ ដែល​មុន​នឹង​ច្រៀង​គឺ​មាន​ការ​និយាយ​ផ្តោះ​ផ្តង​លេប​ខាយ​​ឱ្យ​​ចូល​ន័យ​​ក្នុង​បទចម្រៀងសិន។ ចំពោះ​បទ​ចម្រៀង​នៅ​ក្នុង​រឿង​នេះ​ក៏​មិន​សូវ​ពិរោះ​ប៉ុន្មាន​ដែរ​ ចង្វាក់​ញាក់​មិន​ដល់ ខ្វះ​ភាព​រស់​រវើក បើ​និយាយ​ពី​ភាព​ពិរោះ​គឺ​នៅ​ចាញ់​រឿង​ភាគ​ឆ្ងាយ​ណាស់។

និយាយឱ្យត្រង់ទៅ រឿងនេះក៏មិនអាក្រក់អាក្រីណាស់ណាដែរ ព្រោះភាពស៊ីជោរ ធ្វើ​ឡប់ៗ និង​ប្រើ​សម្តី​អាស​អាភាស​ចំអាស​ចំអូង ដែល​ច្រើន​តែ​ឃើញ​មាន​នៅ​ក្នុង​រឿង​កំប្លែងថៃ គឺ​​​រឿង​នេះ​បាន​កាត់​បន្ថយ​ច្រើន ស្ទើរតែគ្មានទាល់តែសោះ ហើយ​ការ​រៀប​ចំ​សម្តីសន្ទនាទៀតសោត គឺ​បាន​ល្អ ដោយ​បង្កើត​កន្លែង​សើច ចំណុចកំប្លែងៗ តាម​រយៈពាក្យសម្តី ពិសេស ក.ន.យ.ក (ការ​និយាយ​កាត់)! 😛

នាយវ៉ែន តួកំប្លែង​លេច​ធ្លោ​ក្នុង​រឿង

នាយវ៉ែន តួកំប្លែង​លេច​ធ្លោ​ក្នុង​រឿង

គឺនៅក្នុងរឿងមានតួអង្គម្នាក់ឈ្មោះ វ៉ែន ដែលជាតួកំប្លែងជាងគេ ទម្លាប់​និយាយ​ពាក្យ​កាត់ៗ ដូចជា ដ.ប.ក គឺដួលបែកក្បាល ក.ស (កាត់សក់) និង​ភាព​រហ័ស​រហួន​ក្នុង​ការគ្រលាសសម្តី ដូចជា ដៃ​កាន់​ដោះ ទៅ​ជា​ដៃ​កាន់​កំប៉ុង​ទឹក​ដោះ​គោ​ជា​ដើម។ តាម​ពិត​តួឈ្មោះវ៉ែននេះ ជាតួរងទេ គឺ​ជា​តួ​ដែល​ជិត​ដិត នៅ​តាម​កៀក​កិត​នឹង​តួ​ឯក​ជា​និច្ច។ បើសរុបរឿងទាំងមូលតួវ៉ែននេះ ស្ទើរ​តែ​ចេញ​ច្រើន​ជាង​គេ សំខាន់ជាងគេ គឺដណ្តើមយកភាពលេចធ្លោពីតួឯកបានយ៉ាងងាយ ដោយ​មិន​បាច់​ប្រឹង​ប្រែង។

ចំពោះតួឯកប្រុស បើទោះជាត្រូវអាវ៉ែន ឬ​មាន់​ក្រញាស​អត់​រោម​របស់​ខ្លួន​ដណ្តើម​ភាព​​ទាក់​​ទាញ​របស់​ខ្លួន​ទៅ​ខ្លះ​ក៏​ពិត​មែន តែភាពស្រស់សង្ហា ស្នាមញញឹម ទេព​កោ​សល្យ​ និងភាពប៉ិនប្រសប់ នៅ​​តែ​​ធ្វើ​​ឱ្យ​​កាយ​​វិការ​​សម្តែង​​របស់​​ខ្លួន​​មើល​​ទៅ​​ដូច​ធម្មជាតិ​ និងទាក់ទាញការចាប់អារម្មណ៍បានច្រើន។ តែនៅក្នុងខ្សែភ្នែករបស់ខ្ញុំ គេ​មិន​​គួរ​យក​តួ​ម្នាក់​នេះ​មក​សម្តែង​ធ្វើ​ជា​កំលោះ​ស្រុក​ស្រែ​ទុរគតនោះទេ ព្រោះ​មុខ​មាត់ សាច់​ឈាម​របស់​គេ មិនស័ក្តិសមទាល់តែសោះ។ គ្រប់​ពេល​ដែល​ខ្ញុំ​ឃើញ​តួ​នេះ​​​ជិះ​ក្របី បង់សំណាញ់ ឬដើរតាមភ្លឺស្រែ គឺហាក់ដូចជាមនុស្ស និង​ធម្មជាតិ​មិន​ចូល​​គ្នា​​ទាល់​តែសោះ គឺមិនខុសពីក្អែកខ្មៅពាំពងមាន់បកនោះទេ។

14(2)

និយាយពីតួឯកស្រីវិញ គឺសម្តែងរឹងកំព្រឹស ឆ្គងមហាឆ្គង គ្មាន​រស​ជាតិ​អី​ទាល់​តែ​សោះ គឺ​ខ្វះ​មនោ​សញ្ចេត​នា​យក​តែមែនទែន។ ម្យ៉ាងទៀត ក្រៅ​ពី​មិន​បាន​ជួយ​អ្វី​ដល់​រឿងទាំងមូលហើយ តួ​ឯក​ស្រី​ហាក់​កាន់​តែ​ធ្វើឱ្យរឿងធ្លាក់គុណភាព ដោយ​សារ​តែ​ភាព​សោះកក្រោះរបស់ខ្លួនថែមទៀត។ ក្រៅ​ពី​មាន​រូប​រាងស្អាត តូច​ច្រឡឹង​គួរ​ឱ្យ​ស្រឡាញ់​ នាងហាក់ដូចជាគ្មានអ្វីលេចធ្លោសោះ។ តាម​ស្មាន ហេតុ​​​ផល​​ដែល​​គេ​ជ្រើស​រើស​នាង រួមទាំងតួប្រុសមកសម្តែងរួមគ្នា ក៏ព្រោះតែអ្នកទាំងពីរ ធ្លាប់​ទទួល​បាន​​ភាព​​ល្បី​ល្បាញរួមគ្នារួចមកហើយ តាម​រយៈ​បទ​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ​ មាន​ចំណង​ជើង​ថា «ចាញ់ក្រុងបាងកក» (ภูมิแพ้กรุงเทพ)។

និយាយរួម ភាពយន្តរឿង «ដប់ម៉ឺន» គឺពិតជាគ្មានន័យខ្លឹមសារអ្វីសំខាន់ទេ តែ​អាច​ផ្តល់​ភាពរីករាយ និងសំណើចក្អាកក្អាយដល់ទស្សនិកជនភាគច្រើនបាន។ សម្រាប់​អ្នក​ខ្លះ អាច​នឹ​ង​មាន​កន្លែង​ត្រូវ​សើច​ស្ទើរ​ពេញមួយរឿង រហូត​គ្មាន​ពេល​ដក​ដង្ហើម​ផង​ក៏​ថាបាន។ ឈុត​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្លះ​(មិន​មែន​ខ្ញុំ)​សើច​ដល់​ថ្នាក់​ហៀរ​ទឹក​ភ្នែក​ទៀត​គឺ ឈុតមាន់ក្រញាសអត់រោម ដែល​គេ​ប្រើ​កុំព្យូទ័រ​ជំនួយ​ឱ្យ​ចេះ​ធ្វើ​ទឹក​មុខ ញាក់​ភ្នែក លើកដៃ និងចេះវ៉ៃយ៉ាងសាហាវ។ បើ​​ទោះ​​ជា​​មាន់​​នេះ​​គេ​​ប្រើ​​កុំព្យូទ័រ​ជំនួយ​​បែប​​ឆ្គងៗមិនស្តែងក៏ដោយ តែ​ជឿ​ថា​នោះ​ជា​ចេតនា​របស់​អ្នក​ដឹក​នាំ​រឿង​ប៉ុណ្ណោះ ព្រោះនរណាក៏ដឹងថា រឿងបែបនេះគ្មានពិតទេលើផែនដីនេះ ហើយ​ឈុត​នេះ​ទៀតសោត គ្រាន់​តែ​ជា​ការ​បន្ថែម​រស​ជាតិ​ដល់​រឿង​ប៉ុណ្ណោះ។

13(5)

សរុបមក រឿង «ដប់ម៉ឺន» ឬ Love U 100K គឺ​ជា​ខ្សែ​ភាព​យន្ត​កំប្លែង​បែប​ថ្មី​មួយ​​ដែល​កាត់​​បន្ថយ​ឈុត​ឆាក​ស៊ាំ​ត្រប៉ែ និងភាពច្រំដែល ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​​ថៃ​​ដទៃ​ទៀត​បាន​ច្រើន ពិសេសឈុតដណ្តើមប្រុសក្នុងរឿងនេះ គឺ​គ្មាន​ទាល់​តែ​សោះ​(Sic)។ សាច់​រឿង​មិន​សូវ​ធុញ​ប៉ុន្មានទេ តែខ្វះខ្លឹមសារ និងអត្ថរស បើ​មើល​ត្រឹម​សើច​សប្បាយ មិនគិតច្រើន គឺ​អាច​ទៅ​មើល​បាន តែ​បើ​ចង់​បាន​គុណ​ភាព​គួរ​កុំ​មើ​ល​អី នាំខូចអារម្មណ៍! 😀 អាច​មិន​ស្តាយ​លុយ… តែ​អ្នក​ខ្លះ​អាច​ស្តាយ​ពេល​វេលា! 😛 រឿងនេះខ្ញុំឱ្យពិន្ទុ ៧/១០(ឱ្យ​តាម​សំឡេង​សើច​) តែ​សូម​ដាស់​តឿ​ន​ថា ពេល​ទៅ​មើល​កុំ​អង្គុយ​ពិចារណា អង្គុយ​​វិភាគ​ដូចខ្ញុំ ពេល​​នោះ​​អ្នក​​ទាំង​​អស់​​គ្នា​អាច​​នឹង ស.ច.ព (សើចចុកពោះ) ក៏​ថា​បាន!​ 😀

Read Full Post »


11222193_1723161484570726_6155562132936623738_n

ផ្កាយNoVeLs*– កាលពីល្ងាចម្សិលមិញ (ថ្ងៃទី០៤ កញ្ញា ២០១៥) ខ្ញុំ​បាន​ទៅ​មើល​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ» ឬThe Last Reel នៅរោងភាពយន្ត Legend TK បន្ទាប់​ពី​រង់​​ចាំ​អស់​រាប់​ខែ​នៃ​ការ​មក​ដល់​របស់ខ្សែភាពយន្តខ្មែរមួយនេះ។ មុន​ពេល​រឿង​នេះ​ចាក់​បញ្ចាំងមួយថ្ងៃ ខ្ញុំចង់ទៅទិញសំបុត្រទុក ព្រោះខ្លាចកន្លែងពេញ មិន​បាន​មើល​មុន​​គេ។ ប៉ុន្តែដោយសាររវល់ពេកខ្ញុំក៏មិនបានទិញទុក ហើយ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​បញ្ចាំង​ទើបទៅទិញ។ ព្រឹកថ្ងៃ​ម្សិល​មិញ​​ ខ្ញុំ​ប្រញាប់​​រូត​រះ​ទៅ​ធ្វើ​ការ​តាំង​ពី​​​ព្រលឹម​​លឿន​​​​​ខុស​​​​រាល់​​​ដង ដើម្បីឆ្លៀតទៅទិញសំបុត្រទុកមើលនៅ​ម៉ោង​៥​កន្លះ ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ។ ក៏​ប៉ុន្តែ​ពេលខ្ញុំទៅដល់លេជេន គេ​ប្រាប់​ថា​ថ្មើរ​នេះ​​មិន​ទាន់​បើក​លក់​សំបុត្រ​ទេ គឺ​​​ទាល់​​​តែ​​​ម៉ោង​​​៩​(ពេល​​ខ្ញុំ​​ទៅ​​ម៉ោង​ប្រហែល​​៧​កន្លះ)​ ឮ​ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ក្រុម​ហ៊ុន​​ធ្វើ​ការ​សិន​ទម្រាំ​ដល់​ម៉ោង​គេបើកលក់ ទើប​មក​ទិញ​ម្តង​ទៀត។ ការ​ពិត​ទៅ ខ្ញុំ​មិន​​ចាំ​​បាច់​​ទៅ​ទិញកក់​មុន​ពីរ​បី​ដង​ក៏​បាន​ដែរ តែ​ដោយ​ខ្លាច​គ្មានកន្លែងអង្គុយ និង​អស់​ម៉ោងបញ្ចាំង ទើប​ខ្ញុំ​ចេះ​តែ​តស៊ូ​មក​ទិញ​មួយ​លើក​ជា​ពីរ​លើកទៅ ដ្បិត​អី​រឿង​នេះ​ទើប​តែ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​ផង។ ម៉ោង​៩​កន្លះ ពេល​ខ្ញុំ​ទៅ​ទិញ​សំបុត្រ​ម្តង​ទៀត ខ្ញុំ​ឃើញ​​កៅអី​ដែល​គេ​ទិញ​រួច​ហើយ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​ ដូច្នេះ​ខ្ញុំ​អាច​រើស​កន្លែង​អង្គុយ​ល្អ​តាម​សេចក្តី​ត្រូវ​ការ​បាន​យ៉ាង​ស្រួល ហើយចិត្តមួយក៏គិតថា ដោយ​សារ​ពេល​ព្រឹក និង​ថ្ងៃ​រសៀល​មាន​ម៉ោង​បញ្ចាំង​រឿងនេះដែរ ទើបប្រហែលជាមានគេចូលមើលម៉ោងទាំងនេះសិន ទើប​បាន​ជា​​ម៉ោង​៥​កន្លះមិនទាន់មានអ្នកមកកក់ ឬទិញច្រើន។

ឈុត​មួយ​នៅ​ក្នុង​រឿង​

ឈុត​មួយ​នៅ​ក្នុង​រឿង​

ថ្ងៃទៅមើលរឿងនេះ ខ្ញុំ​បាន​ចេញ​ពី​ធ្វើ​ការ​មុន​កន្លះ​ម៉ោង​ដើម្បី​ទៅ​ឱ្យ​ទាន់​ម៉ោង​ចាក់​បញ្ចាំង។ ពេល​ខ្ញុំ​ទៅ​ដល់​ឃើញ​ក្មេងៗ​យុវវ័យកុះករឈរប្រជ្រៀតគ្នារង់ចាំនៅមុខ Hall ពេល​នោះ​ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា ឃើញទេ រឿង​បញ្ចាំង​ថ្ងៃ​ដំបូង​មាន​​មនុស្ស​មក​មើល​ច្រើនអ៊ីចឹង សំណាង​ហើយ​ដែល​បាន​ទិញ​សំបុត្រ​ពី​ព្រឹក ខំ​អី​រក​កន្លែង​អង្គុយ​គ្មាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំគិតគឺខុសស្រឡះ ព្រោះ​ពេល​ដល់​​ម៉ោង​ចាក់​បញ្ចាំង​ Hall បើក យុវវ័យដែលខ្ញុំឃើញឈរព្រោងព្រាតមុននេះ នាំគ្នាដើរចូលទៅ Hall មួយ​​ទៀត​ដែល​​ចាក់​បញ្ចាំង​រឿង​ថៃ «តត កំលោះសម្បូរស្នេហ៍» ចំណែក Hall ដែល​ខ្ញុំ​មើល​ មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដើរ​ចូល។ នៅ​ពេល​មនុស្ស​ចូល​អង្គុយ​តាម​កន្លែង​រៀងៗ​ខ្លួនអស់ ខ្ញុំឃើញថា នៅ​ក្នុង​Hall ទាំង​មូល​គឺ​ស្រឡះ​ល្វឹង ពោល​គឺ​មាន​តែ​កៅអី​៤ជួរប៉ុណ្ណោះដែលមានអ្នកអង្គុយ ហើយ​​ក៏​​អង្គុយ​​មិន​​គ្រប់​​កៅអី​​ដែរ។ ពេល​នោះ​​​ខ្ញុំ​​ក៏​នឹក​ស្រងាក​ចិត្ត​ភ្លាម​មួយ​រំពេច ហេតុ​អ្វី​យុវវ័យ​ខ្មែរ​មិន​ចូល​ចិត្ត​មើល​ខ្សែ​ភាព​យន្ត​របស់ខ្លួន? បើ​រឿង​នេះ​មិនល្អ មិនល្បីខ្ញុំមិនថាទេ តែ​នេះ​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​ពាន​​រង្វាន់​ពី​បរទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ និង​បាន​ទទួល​ការ Vote (បោះឆ្នោត ឬ​ដាក់​ពិន្ទុ) ពី​បរទេស​ដល់​​ទៅ​​ ៧,៤/១០​ ឯ​នោះ ហើយ​អ្នក​វិភាគ​កុន​ល្បីៗ​របស់​ថៃ​​​​ក៏​ហ៊ាន​​ឱ្យពិន្ទុដល់ទៅ ​១០/១០​ទៅ​ទៀត ដែល​​​នេះ​​​ជា​​​តួ​​លេខ​​មួយ​កម្រ​មាន​ខ្សែ​ភាព​យន្ត​ណា​ទទួល​បាន​ខ្លាំង​ណាស់​។ ចុះ​​ហេតុ​អ្វី​បាន​​ជា​​យុវវ័យ​​ខ្មែរ​​នាំ​​គ្នា​​មើល​​រំលង​បែប​នេះទៅវិញ?

ខ្ញុំមិនចង់និយាយថា កម្រិត​នៃ​ការ​យល់​ដឹង​អំពី​គុណ​ភាព​ខ្សែ​ភាព​យន្ត​របស់​យុវវ័យ​ខ្មែរ​យើង នៅ​មាន​កម្រិត​នោះ​ទេ ប៉ុន្តែ​ចៀស​មិន​ផុត។ ខ្ញុំសូមរម្លឹកថា ក្រោយ​ពី​ខ្ញុំ​ចុះ​ផ្សាយ​​ពី​ការ​វិភាគ​ភាព​យន្ត​របស់​ខ្ញុំ​ទៅ​លើ​រឿង​ថៃ​មួយ​ដែល​មាន​ចំណង​​ជើង​ថា «តត កំលោះសម្បូរស្នេហ៍» រួចមក គឺ​មាន​ហ្វែនៗ​អ្នក​គាំទ្រ​របស់​តួ​ឯក​ប្រុសជាច្រើន មក​តាម​បាញ់​វាយ​ប្រហារខ្ញុំយ៉ាងចាស់ដៃ និង​ឈឺៗ​ទៀត​ផង។ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា រឿង «តត កំលោះសម្បូរស្នេហ៍» សូម្បី​តែ​នៅ​ប្រទេស​​ថៃ​ផ្ទាល់​ក៏​គ្មាន​អ្នក​មើល​ដែរ ហើយ​ចំពោះ​តួឯកប្រុសវិញ ក៏គេមិនសូវស្គាល់មុខ និង​មិន​ល្បី​ដល់​ថ្នាក់​​ផ្អើល​ភ្លូក​​​ទឹក​​ភ្លូក​​ដី​ដូច​​នៅ​ស្រុក​ខ្មែរ​យើង​នោះ​ទេ។ នៅប្រទេសថៃ តួ​ឯក​ប្រុស​ម្នាក់​នេះ​គេ​សឹង​តែ​មិន​ស្គាល់​ឈ្មោះផង ហើយ​​បើ​មាន​អ្នក​ស្គាល់ ឬអ្នកនិយាយថារឿងតតនេះល្អមើល ច្បាស់​ជា​មាន Comment ឈ្លេច​សួរ​ពី​​ទស្ស​និក​​ជន​ដទៃៗ​​​ទៀត​ថា តើ​ខាង​ផលិត​កម្ម​នេះ​ឱ្យ​ប៉ុន្មាន​ទើប​បាន​ជា​និយាយ​បំភ្លើស​ខុស​ពី​ការ​​ពិត​បែប​នេះ?

មហោស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន​នៅ​ប្រទេស​ថៃ​

មហោស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន​នៅ​ប្រទេស​ថៃ​

នៅប្រទេសថៃដដែលនេះ កាលពីសប្តាហ៍មុន មាន​រៀប​ចំ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន ដែល​ក្នុង​នោះ​រឿង «ដុំហ្វីលចុងក្រោយ» របស់​ខ្មែរ​យើង​ក៏​បាន​ចាក់​​បញ្ចាំង​​ឱ្យ​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ រឿង​របស់​ខ្មែរ​​យើង​​មួយ​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​​កោត​​សរ​សើរ​​ជា​​ខ្លាំង​ពី​ទស្សនិក​ជន​ថៃ។ អ្នក​វិភាគ​​ភាព​យន្ត​ល្បីៗ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ បាន​ឱ្យ​ពិន្ទុ​រឿង​នេះ​ដល់​ទៅ​ ១០/១០ ឯនោះ ហើយ​ខ្លះ​ថែម​ទាំង​និយាយ​ថា ច្រណែន​​ប្រទេស​​ខ្មែរ​​ខ្លាំង​ណាស់​​​​ដែល​​មាន​រឿងកុនល្អៗបែបនេះ។ ចុះហេតុអ្វី បាន​ជា​យុវវ័យ​ខ្មែរ​មួយ​ចំនួន​​ធំ​(សូម​​បញ្ជាក់​ថា​មួយ​ចំនួន​ធំ​មិន​មែន​មួយ​ចំនួន​តូច​ទេ) បែរ​ជា​មិន​យល់​ពី​​គុណ​​តម្លៃ​របស់​​ភាព​យន្ត​ខ្មែរ​មួយ​នេះ​ទៅ​វិញ?

ជាក់ស្តែង តាមរយៈគណនេយ្យហ្វេសប៊ុកមួយឈ្មោះ [ឧស្សាហ៍ ស៊ិន] បានប្រាប់ឱ្យ​​ដឹង​ថា ពេល​កំពុង​ទស្សនា​ខ្សែ​ភាព​យន្ត​រឿង «ដុំហ្វីលចុងក្រោយ» ​សង្សារ​មួយ​គូ​​បាន​​ខ្វែង​គំនិត​គ្នា​អំពី​គុណ​ភាព​របស់​រឿង «ដុំហ្វីលចុងក្រោយ» និង «តត កំលោះ​សម្បូរ​ស្នេហ៍» ថា៖ [មើល​បាន​ប្រហែល​ជា​ពាក់​កណ្ដាល​រឿង ម្នាក់​​ស្រី​​គេ​រអ៊ូ​ព្រោះ​មិន​ចង់​មើល​រឿង​ខ្មែរ ដោយនិយាយថា «រឿង​ហ្នឹង​​គេ​ចង់​និយាយ​ពី​ស្អី មើល​​មិន​យល់​​សោះ មើល​យូរ​ហើយ ដូច​គ្មាន​ល្អ​មើល​អី​ស្អី​ផង!» ចំណែក​​ម្នាក់​​ប្រុស​ក៏​ថា​ឱ្យ​​វិញ «ស្អី! សាច់រឿងគេប៉ុណ្ណឹងហើយនៅមើលមិនយល់ទៀត រឿង​គេ​ល្អ​ប៉ុណ្ណឹង​ហើយ​​អត់ល្អមើលទៀត ហ្អែងបានតែទៅមើលអាតតស្អីនោះទេ បានល្អមើល ឆ្កួតៗ​ឡប់ៗ!» ក្រោយ​​មក​ម្នាក់​ស្រី​ក៏​ស្ងាត់​មាត់​ឈឹង ព្រោះ​គេ​ថា​ឱ្យត្រូវសាច់រឿង ដល់​ហើយ​​ឃើញ​អង្គុយ​ចុ​ច​ហ្វេស​ប៊ុគដល់ចប់រឿង។]

Comment របស់​ ឧស្សាហ៍ ស៊ិន ដែល​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​របស់​សង្សារមួយ​គូ​ពេល​កំពុង​ទស្សនារឿង «ដុំហ្វីលចុងក្រោយ»​

Comment របស់​ [ឧស្សាហ៍ ស៊ិន] ដែល​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​របស់​សង្សារមួយ​គូ​ពេល​កំពុង​ទស្សនារឿង «ដុំហ្វីលចុងក្រោយ»​

ខ្ញុំដឹងថា មនុស្សម្នាក់ៗគិតមិនដូចគ្នាទេ តែ​មនុស្ស​គ្រប់​គ្នា​ក៏​គួរ​តែ​គិត​ពី​សិទ្ធិ​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​របស់​គេ​ដែរ មិនគួរ​ប្រើ​សម្តី​គ្រោត​គ្រាត និង​អសុរស​ដោយ​គ្រាន់​តែ​ការ​យល់​ឃើញ​​ខុស​ៗ​​គ្នា​​នោះ​ឡើយ។ ជា​ទស្សនៈ​​​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ(បញ្ជាក់​ដដែល​ៗ​ថា​នេះ​ជា​ទស្សនៈ​បុគ្គល) ក្រោយ​ពី​ទស្សនា​រឿង «ដុំ​​ហ្វីល​​ចុង​​ក្រោយ» រួច​​ខ្ញុំ​យល់​ឃើញ​ថា នេះជា The Best Khmer Movie Ever ក្នុង​ចំណោម​រឿង​ល្អៗមួយចំនួនទៀតដូចជា រឿង «គ្រាប់​ពេជ្រ» ជាដើម នៅ​ក្នុង​ទសវត្សរ៍​ថ្មីនេះ។​ ខ្ញុំ​សូម​​និយាយ​ខ្លីៗ​ថា រឿងខ្មែរមួយនេះគឺ AMAZING! រំភើប… រហូត​និយាយ​មិន​ត្រូវ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្មែរ​យើង​ក៏​មានភាពយន្តល្អៗ បែបនេះមើល។ ខ្ញុំ​លែង​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​រឿង​នេះ​ទទួល​បាន​ពាន រង្វាន់ពីបរទេស សន្ធឹកសន្ធាប់យ៉ាងនេះ? ហេតុ​អ្វីក៏រឿងនេះថតបានល្អិតល្អន់យ៉ាងនេះ? (សុំ​មិន​និយាយ​ប្លង់​មួយ​ដែល​ថត​ជាប់​កៅអីជ័រ ក្នុងឈុតព្រះរាជា និង នារីស្រុកស្រែ)។ រឿង​នេះ​បាន​បញ្ចូល​ព្រលឹង​ស្ទើរ​តែ​គ្រប់ឈុតទាំងអស់ ដែល​ធ្វើ​ឱ្យ​បេះ​ដូង​ខ្ញុំ​ញ័រ​រំជើប​រំជួល​គ្រប់​វិនាទី​ដែល​ហ្វីល​រឿង​ដើរ។ គ្រប់តួម្នាក់ៗ មានអត្តសញ្ញាណច្បាស់លាស់ សម្តីមួយម៉ាត់ៗ សុទ្ធ​តែ​បង្កប់​នូវអាថ៌កំបាំង និងពន្លកបញ្ហា ហើយគ្រប់បញ្ហាទាំងនោះសុទ្ធតែ បាន​ដោះ​ស្រាយ​យ៉ាងលម្អិត រហូត​រឿង​បាន​​បញ្ចប់​។ ​ខ្ញុំ​​ក៏​​លែង​ឆ្ងល់​ទៀត​ដែរ ហេតុ​អ្វី​ក៏​អ្នក​វិភាគ​កុនរឿងថៃល្បីៗ នាំ​គ្នា​ពោល​សរសើរ​រឿង​នេះ ហើយ​​នឹក​​ច្រណែន​​ខ្មែរ​​ដែល​មាន​ខ្សែភាពយន្តល្អៗបែបនេះ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​ទស្សនា​ខ្សែ​​ភាព​យន្ត​ម្នាក់ ខ្ញុំ​សូម​​លើកទឹកចិត្តទស្សនិកជនខ្មែរទាំងអស់ នាំ​គ្នា​ទៅ​មើល​រឿង​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ក្រៅពីដើម្បីគាំទ្រដល់វិស័យភាពយន្តខ្មែរ ក៏ដើម្បីដឹងថា យ៉ាង​ហោច​ណាស់​ខ្មែរ​យើង​ក៏​មាន​រឿង​កុន​ល្អៗ​មើល​នឹង​គេ​ក្នុង​ទសវត្សរ៍ឆ្នាំ ២០១៥ នេះដែរ។ រឿងនេះ ខ្ញុំជូនពិន្ទុ ៩/១០ ព្រោះ​នៅ​មាន​ចំណុចតូចៗមួយចំនួនទៀតត្រូវកែតម្រូវ ពិសេស​ឈុត​ថត​ជាប់​កៅ​អី​ជ័រ នៅក្នុងឈុត «ផ្លូវ​​​ឆ្ងាយ​ពី​ផ្ទះ»៕

Read Full Post »


ប៉ុស្ត័ររឿង​ពី​ទំព័រ Legend Fan Page

ប៉ុស្ត័ររឿង​ពី​ទំព័រ Legend Fan Page

ផ្កាយNoVeLs*–ល្ងាចម្សិលមិញ(០២ កញ្ញា ២០១៥) ខ្ញុំបានទៅមើលរឿង «តត កំលោះ​​សម្បូរ​ស្នេហ៍» ឬ ​There​’s​ something​ about​ Tott​ រួច​ហើយ បន្ទាប់​ពី​លេច​ឮ​ពាក្យ​សរសើរ​តៗ​គ្នា​ពី​ទស្ស​និក​​ជន​​ខ្មែរ​ថា​ល្អ​មើល។​ តាម​ប​ទ​ពិសោធន៍​ខ្ញុំ រឿងដែលដឹកនាំដោយ​លោក​អានុន (អ្នក​ដឹក​នាំ​រឿង​ថៃ​ដែលមានភ្ជាប់ក្នុងរូបនេះ) ភាគច្រើនគឺមើលមិនកើតទេ ហើយពីដំបូងខ្ញុំក៏គ្មាន​បំណង​ចង់​ទៅ មើល​រឿង​នេះ​ដែរ។​ ប៉ុន្តែ​ដោយ​មិត្ត​ភក្តិ​បបួល​ង៉ូចៗ​ពេក ហើយ​ក៏​ចង់​ដឹង​ដូច​គ្នា​ថា រឿង​នេះ​ពិត​ជា​ល្អ​មើល​ដូចគេថាមែនឬអត់ ខ្ញុំក៏សម្រេចចិត្តទៅមើល។ តែ​អង្គុយ​មើល​មិន​ដល់​កន្លះ​ម៉ោង​ផង ខ្ញុំ​ធុញ​​ស្ទើរ​តែ​ក្រោក​ចេញ​ពី​រោង​កុន​ទៅ​ហើយ…

អ្វីៗមិនដូចពាក្យចចាមអារ៉ាមដែលគេសរសើរតៗគ្នានោះទេ។ រឿងស៊ីជោរ និង​សាំ​ត្រប៉ែ​​មិន​​ខុស​​ពី​រឿង​របស់​នាយពាក់មីប៉ុន្មានទេ (គ្រាន់តែបច្ចេកទេស និង​តួ​សម្តែង​របស់​គេល្អជាង) ហើយ​រឿង​ទាំង​មូល​ក៏​គ្មាន​ Plot​ ត្រឹម​ត្រូវ​ដែរ គ្រាន់​​​តែ​​​ចាប់​​​ពី​​​ត្រង់​នេះ​​បន្តិច​ ដាក់​ត្រង់​នោះ​បន្តិច អូស​បន្លាយ​រឿង​ឱ្យ​តែ​វែងៗ ដើម្បីបញ្ចប់ប៉ុណ្ណោះ។ ចំណុចដែលអាចយកជាការបានគឺ​មាន​តែ​ឈុត​យាយ​ និង​តា​នៅ​មណ្ឌល​ចាស់​ជរា និង​តួម្តាយដែលកើតជំងឺភ្លេចភ្លាំងប៉ុណ្ណោះ ក្រៅពីនោះ គឺ​មើល​មិន​ចូល​ភ្នែក​ទាល់​តែ​សោះ។

លោកអានុន អ្នកដឹកនាំរឿង

លោកអានុន អ្នកដឹកនាំរឿង

តែទន្ទឹមនឹងនេះ ខ្ញុំក៏សង្កេតឃើញអ្នកមើលស្ទើរតែពេញរោងសើចគឹលៗ អត់​​តែ​​ពួក​ខ្ញុំ​​ប៉ុន្មាន​​នាក់​ប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា នៅក្នុងផ្នត់គំនិតរបស់ទស្សនិកជនខ្មែរយើង ខ្សែ​ភាពយន្តមួយល្អ ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​នោះ​ទេ ប៉ុន្តែចំពោះខ្ញុំ វា​​ត្រូវ​​តែ​​ល្អិត​ល្អន់ និង​មាន​លក្ខណៈ​សម្បូរ​បែប​ខ្លាំង​ណាស់ ដោយដំបូងវាត្រូវផ្តើមចេញពី Plot រឿង ដែលល្អ(ដំណើររឿង ឬ​សាច់​រឿង​ដែល​មាន​ហេតុ ​និង​ផល​ច្បាស់​លាស់) ​តួ​សម្តែង​ រួម​ទាំង​បច្ចេកទេសថតដែលប្រកបដោយគំនិតច្នៃប្រឌិត។

នៅក្នុងរឿង «តត កំលោះសម្បូរស្នេហ៍» ក្រៅពីមាន Plot រឿង​មិន​ដឹង​ឯ​ណា​ឯ​ណី​ហើយ តួ​សម្តែង​ក៏​មិន​ណាស់​ណា។ តួ​ឯក​ប្រុស «តត» អាច​និយាយ​បាន​ថា​គ្រាន់​បើ សម្តែង​សម​មិ​ន​រឹង លេង​កំប្លែង​បាន​ដូច​ធម្មជាតិ ទោះ​​បី​​ជា​​មាន​​ចំណុច​​ខ្លះ​​សម្តែង​​មិន​បាន​​អស់​ក៏​ដោយ។ ចំណែក​តួ​ឯក​ស្រី សម្តែង​នៅ​រឹង​ខ្លាំង​ណាស់ ដូច​​ជា​​នៅ​​មាន​​គេ​ស្រែក​​ប្រាប់​(បោះ​ប៉ារ៉ូល)​ទើប​សម្តែង​ចេញ។ ការ​និយាយ​ស្តី​ក៏​មិន​លះ នៅ​​ស្ទាក់​ស្ទើរៗ​​ខ្លាច​ខុស​ខ្លាចត្រូវ មិនដឹងថាជារឿងដំបូងរបស់នាងក៏មិនដឹង។ ក្រៅ​ពី​នេះ​តួ​សម្តែង​រាយរងផ្សេងៗទៀតគឺធ្វើបានល្អហើយ ពិសេស​តួ​ម្តាយ​ដែល​មាន​ជំងឺ​ភ្លេច​ភ្លាំង​ និងតួយាយ និងតានៅមណ្ឌលចាស់ជរា ព្រោះ​ពួក​គាត់​សុទ្ធ​សឹង​ជា​តារា​ជើង​ចាស់។

តួឯកប្រុសស្រីក្នុងរឿង

តួឯកប្រុសស្រីក្នុងរឿង

បើនិយាយពីសាច់រឿងវិញ ខ្ញុំមិនដឹងថារឿងនេះចង់បានអ្វីឱ្យប្រាកដ? អ្វី​ជា​មូល​ន័យ​របស់​រឿង? ឬចង់​និយាយ​អំពី​រឿង​រ៉ាវ​ជីវិត​របស់​តត​ដែល​ត្រូវ​ម្តាយ​ចាក​ចោល​តាំង​ពី​ក្មេង ហើយ​​ត្រូវ​​តស៊ូ​​នឹង​ជីវិត​ដោយ​ខ្លួន​ឯង និង​​ខំ​​រក​​លុយ​​ដើម្បី​​យក​​យាយ​​នៅ​មណ្ឌល​​ចាស់​ជរា​ទៅ​រស់​នៅជាមួយ? ហ៊ឺម​… ខ្ញុំ​ថា​ណ៎ា​ សូម្បី​តែ​ចំណង​ជើង​ទាំង​ខ្មែរ ថៃ អង់គ្លេស ក៏​ពុំ​មាន​ភាព​ទាក់ទាញដែរ គឺ​ឃើញ​ហើយ​មិន​ចង់​ទៅ​មើល​តែ​ម្តង! ខ្លឹម​សារ​​​ពិសេស​​​របស់​​​រឿង​​នេះ ដែល​ខ្ញុំ​ចាប់​បាន​គឺ សេចក្តី​ស្រឡាញ់ និង​ទំនាក់​ទំនង​របស់​ចៅ និង​យាយ​។ ​យាយ​ជា​មនុស្ស​ចាស់ ហើយមនុស្សចាស់គឺឯកាខ្លាំងណាស់ តែង​តែ​ចង់​រស់​នៅ​ក្បែរ​កូន​ចៅជានិច្ច ដូច្នេះ​ហើយ​ក្នុង​រឿង​យើង​តែង​តែ​ឃើញ​យាយ​ថ្ងូរ​ង៉ូចៗ​ថា ពេល​ចៅ​រក​លុយបានច្រើន មកទទួលយាយទៅនៅជាមួយផង។ មួយ​ទៀត រឿង​នេះ​ក៏​បង្ហាញ​ពី​អារម្មណ៍​ឯកា​របស់​តា​ចាស់​ម្នាក់​នៅ​ក្នុង​មណ្ឌល​ចាស់​ជរា​ដែរ គឺ​​នៅ​ពេល​ដឹង​ថាយាយរបស់តតត្រូវចាកចេញ គឺ​គាត់​មាន​អារម្មណ៍​ហេង​ហាង​ភ្លាម ព្រោះ​​គាត់​ខ្វះ​ភាពកក់ក្តៅយូរហើយ ហើយ​នឹង​កាន់​តែ​រងា​ឯកា​ទៅ​ទៀត​នៅ​ពេល​ដែល​មនុស្ស​ដែល​ខ្លួនមានភាពស្និទ្ធស្នាល និង​មនោសញ្ចេតនា​ជា​មួយ​ត្រូវ​ចាក​​ចេញ។ ក្រៅ​ពី​ប៉ុន្មាន​ចំណុចខាងលើនេះ រឿងទាំងមូលគ្មានអ្វីពិសេសទេ គឺ​គ្រាន់​​តែ​​ចាប់​ពី​ត្រង់​នេះ​បន្តិច ពី​ត្រង់​នោះ​បន្តិច​មក​ផ្សែ​ផ្សំ​គ្នា​ដើម្បី​បាន​សាច់​រឿង​មួយ​​ប៉ុណ្ណោះ។

សរុបមក រឿងនេះខ្ញុំឱ្យពិន្ទុ ៤/១០ តែបើគ្រាន់តែមើលបែបកំប្លែងៗ ដើម្បី​សើច​លេង ត្រឹម​លំហែ​អារម្មណ៍​លំហែ​ខួរ​ក្បាល ខ្ញុំថាអាចត្រូវចិត្តនឹងយុវវ័យខ្មែរ តែ​​បើ​​យក​​ជា​ការ ខ្ញុំ​​ថា​​រឿង​​នេះ​មិន​ជាប់​ក្នុង​បញ្ជី​ទេ។ ខ្ញុំ​ឃើញ​ទស្សនិកជនភាគច្រើនសើច តែ​​ខ្ញុំ​អត់​​សើ​ច​សោះ ព្រោះ​ចំណុច​ដែល​ត្រូវ​សើច​នោះ វា​អត់​ទំនង ម្យ៉ាង​​ខ្ញុំ​​ចង់​​មើល​​កុន​ដែល​មានគុណភាព មិនមែនមើលដើម្បីតែមើល ហើយ​សើច​ហាស​ហាស​អត់​ប្រយោជន៍​នោះទេ។ អ្វី​ដែល​ខ្ញុំ​និយាយ​ទាំង​អស់​នេះ​គឺ​ក្នុង​នាម​ទស្សនិក​ជន​ម្នាក់​ប៉ុណ្ណោះ ​ពុំ​មាន​បំណង​មិន​ចង់ឱ្យនរណាម្នាក់ទៅមើលរឿងនេះទេ គឺ​​មាន​​តែ​​ចង់​​ឱ្យ​ទៅ​​មើល​គ្រប់ៗគ្នាផង ដើម្បី​ដឹង​ថា តើ​​ការ​យល់​ឃើញ​របស់​ខ្ញុំ​ដូច​គ្នា​នឹង​ការ​យល់​ឃើញ​​របស់​អ្នក​ទាំងអស់គ្នាដែរឬទេ?

Read Full Post »


Blood in Dispute

ផ្កាយ​NoVeLs*– ល្ងាចម្សិលមិញ(០៩​ សីហា ២០១៥) ខ្ញុំមានឱកាសបានទៅមើលរឿង «សង្គ្រាម​បង​​ប្អូន» ឬ Blood in Dispute។ តាំង​ពី​​លេច​​ឮ​​ដំណឹង​ថា រឿង​នេះ​ចូល​រួម​សហការ​ថត​ជា​មួយ​ហ្វីលីពីន និងជាខ្សែភាពយន្តខ្មែរដែលមានលក្ខណៈអន្តរជាតិ ខ្ញុំ​​ក៏​​គុំ​​ចាំ​​មើល​រឿង​​​​នេះ​តាំង​ពី​ពេល​នោះ​មក ដូច្នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​រំពឹង​ទុក​ខ្ពស់ខ្លាំងណាស់ទៅលើរឿងមួយនេះ។ នៅ​ពេល​មាន​ការ​រំពឹង​ទុក​ខ្ពស់ ការ​ខក​​ចិត្ត​ក៏​ខ្ពស់​ទៅ​តាម​នោះ កាល​បើ​អ្វី​ដែល​ចេញ​មក​មិន​ដូច​ទៅ​នឹង​ការ​រំពឹង​ទុក​ទាល់​តែ​សោះ។

មុនពេលទៅមើល ខ្ញុំបានបបួល Movie Mate របស់ខ្ញុំទៅមើលដែរ តែ​គេ​បដិសេធ​ព្រោះ​គេ​ថា​គ្រប់​រឿង​របស់​ស៊ីធីអិន​គឺ​មើល​មិន​​កើត សូម្បី​​តែ​រឿង​ដែល​ចូល​រួម​សហការ​ថត​ដោយ​​សិង្ហ​បុរី​​ (រឿង​​ដំរី​​មរកត​)​ពី​​មុន​ក៏​មើល​មិន​យល់។ ចុងក្រោយ ខ្ញុំ​ក៏​ទៅ​មើល​រឿង​នេះ​ជា​មួយ​មិត្ត​​ភក្តិ​ចាស់​កាល​រៀន​នៅ​វិទ្យា​ល័យ​ជា​មួយ​គ្នា។ នៅ​ក្នុងរោងមានមនុស្សមើលច្រើន គឺ​ទំនេរ​តែ​ជួរ​កៅអី​មុខ​ប៉ុណ្ណោះ តែ​នៅ​ក្នុង​រោង​ទាំង​​មូល​​ស្ងាត់ច្រៀប អាចមកពីពួកគេគេងលក់អស់ក៏មិនដឹង ព្រោះ​ជា​រួម​រឿង​ទាំង​​មូល​​គ្មាន​​ឈុត​​ណា​​មួយ​​ដែល​​ធ្វើ​​ឱ្យ​​ទស្សនិក​ជន​​បាន​រំភើប ភ្ញាក់ផ្អើល ឬចង់តាមដានអ្វីសូម្បីតែបន្តិច។

និយាយទៅ ក្នុងនាមខ្ញុំជាទស្សនិកជនម្នាក់ គឺមិនដល់ថ្នាក់ស្តាយលុយទេ ព្រោះ​តម្លៃ​ត្រឹម​តែ​៣​ដុល្លារ​ដូច​គេ​ដូច​ឯង​ដែរ ចាត់​​ទុក​​ថា ជា​ការ​​ចំណាយ​ដើម្បីជួយគាំទ្រវិស័យភាពយន្តខ្មែរទៅចុះ! (ព្រោះ​ផលិត​កម្ម​ខ្លះ ហ៊ាន​យក​ដល់​ទៅ​៤​ដុល្លារ​ឯណោះ អត់​​ចេះ​​មើល​​គុណ​ភាព​កុនខ្លួនឯងទេ មុន​នឹង​ចង់​ស៊ី​ថ្លៃ​ខុស​គេ!)។ ជា​ទស្សនៈ​ខ្ញុំ ក្នុង​នាម​ទស្សនិក​ជន​ម្នាក់​ដដែល​(បញ្ជាក់ គឺ​ក្នុង​នាម​ទស្សនិក​ជន​ម្នាក់) ខ្ញុំ​ថា រឿង​នេះ មិន​គួរ​យក​មក​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ទេ ព្រោះ​ទំនាស់​បញ្ហា​(Conflict) នៅ​​ក្នុង​​រឿង វា​តូច​ពេក តូច​​រហូត​​រក​​មិន​​ឃើញ​ថា ចំណុច​កំពូល​(Climax)​នៅ​ក្នុង​សាច់​រឿង​ស្ថិត​នៅ​ត្រង់​ណា?

ទំនាស់ (Conflict) និងចំណុចកំពូល (Climax)របស់រឿងមួយ គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ចិត្ត​ទស្សនិកជន​ឱ្យ​ចង់​មើល និង​តាម​ដាន​រឿងរបស់ខ្លួន។ ចុះបើរឿងនោះមានទំនាស់នៅស្រាល គ្មានចំណុចដែលធ្វើឱ្យទស្សនិកជន រំភើប កម្សត់ ចង់​សើច ឬចង់យំជាមួយ តើ​ឱ្យគេទៅមើលស្អី? ម្យ៉ាងទៀតនៅពេលមានទំនាស់នេះហើយ តួអង្គ​ត្រូវ​រិះ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយហេតុ និងផល ដែល​អាច​បញ្ចប់​រឿងបានដោយធ្វើឱ្យទស្សនិកជន រំភើប តក់ស្លុត ទុក្ខសោក ក្រៀមក្រំ សើច ឬ​ដល់​ថ្នាក់យំ និង​ខឹង​ទៅ​តាម​ដំណើរ​រឿង​របស់​ខ្លួន​ផង​ដែរ។ តែនៅក្នុង «សង្គ្រាមបងប្អូន» ឬ Blood in Dispute ទំនាស់​បញ្ហា​នៅ​តូចណាស់ សឹង​តែ​មិន​គួរ​បង្កើត​បាន​ជា​ដំណើរ​រឿង​មួយ​បាន។​ ហេតុ​អ្វី​ពីរ​នាក់​បង​ប្អូន​ហ្នឹង ដល់​​ថ្នាក់​​វាយ​​ប្រយុទ្ធ​​គ្នា​​ស្លាប់​​រស់​​ដោយ​សារ​តែ​សម្តី​ញុះ​ញង់​មិន​ទំនង របស់​មនុស្ស​ខិល​ខូច​ម្នាក់? ដោយ​​សារ​ភាព​អាម៉ាស? ដោយ​សារ​ប្រចណ្ឌ? តើ​​រឿង​​កុន​​មួយ​រឿង មាន​ត្រឹម​ប៉ុណ្ណឹង​ឬ? អ្នក​មើល​គេ​បាន​អី? សប្បាយ កម្សត់ ឬ​ការ​អប់រំ?

មិត្តអ្នកអាន ធ្លាប់ឮគេនិយាយថា សិល្បៈភាពយន្តជាចំណីចក្ខុរបស់ទស្សនិកជនទេ? ខ្ញុំ​ជឿ​ថា គ្រប់​គ្នា​ពិត​ជា​ធ្លាប់​ឮ តែ​​ខ្ញុំ​​សុំ​​ប្រាប់​​ថា រឿង​​មួយ​នេះ​មិន​ទាន់​អាច​ក្លាយ​ជា​ចំណី​​ចក្ខុ របស់​អ្នក​ណា​បាន​នៅ​ឡើយ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​សម្ល​កកូរ​មួយ​ឆ្នាំង ដែល​​មាន​​បន្លែ​​ត្រី​សាច់​​គ្រប់​មុខ តែ​នៅ​ខ្វះ​អង្ករ​លីង​ប្រហុក និង​ចុង​ភៅ​ចំណា​ន​មក​ចម្អិន​ម្ហូប​មួយ​មុខ​នេះ ឱ្យ​​មាន​​ឱជា​រស​​ឆ្ងាញ់​​ត្រូវ​​មាត់​​ត្រូវ​​ចិត្ត​​មនុស្ស​​​ភាគ​​ច្រើន​។​

មុន​​ពេលទៅមើល ខ្ញុំធ្លាប់ដឹងសាច់រឿងសង្ខេបខ្លះៗ តាម​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​ក្រុម​ផលិតករ​ដល់​អ្នក​សារព័ត៌មាន​រួច​ហើយ។ លុះ​បាន​ទៅមើលផ្ទាល់ គឺគ្មានអ្វីលើសលស់គ្នាសោះ គ្មាន​ឈុត​ពិសេស គ្មាន​ឈុត​អស្ចារ្យ គ្មាន​ឈុត​រំជួល​អារម្មណ៍ គឺ​​សាច់​​រឿង​​ស្មើ​​តាំង​​ពី​ដើម​​ដល់​ចប់។ ខ្ញុំ​មិន​បាន​ទទួលអ្វីដែលថ្មី ក្រៅពីសាច់រឿងដែលខ្ញុំធ្លាប់ដឹងតាមសារព័ត៌មាន និង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​រោង​កុន​នានា​ទាល់​តែសោះ។ បើដំណើររឿងទាំងមូល មិនខុសគ្នាពីរឿងសង្ខេបដដែល តើ​គេ​ចាំ​បាច់​ទៅ​អង្គុយ​មើលឱ្យខាតពេលខាតលុយធ្វើអី?

រូបភាពដោយសប្បាយ

រូបភាពដោយសប្បាយ

តាម​ដំណើររឿងដែលខ្ញុំធ្លាប់ដឹង* គឺ លោក​ទេព រិន្ទ​ដារ៉ូ ជា​ជន​ជាតិ​ខ្មែរ​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា ក្នុង​​សម័យ​​សង្គ្រាម​​​ទៅ​​បន្ត​ការ​​សិក្សា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​លោក​បាន​រៀប​ការ​ជា​មួយ​នារី​ជន​ជាតិ​ហ្វីលីពីន​ម្នាក់ បង្កើត​​បាន​​កូន​​​ប្រុស​​គឺ​​លោក​​មីកាអែល​។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោកក៏មានទំនាក់ទំនងជាមួយនារីខ្មែរម្នាក់ ដែល​​ជា​​សង្សារ​​កាល​​នៅ​​​រៀន បង្កើត​បាន​កូន​ប្រុស​ម្នាក់​ដែរ ដែល​​​សម្ដែង​​ដោយ​​លោក ខាត់ វ៉ៃ​ហាំង។ ក្មេង​​ប្រុស​​ទាំ​ង​​ពីរ បន្ទាប់​​​ពី​​​ពេញ​​​វ័យ​​​ទៅ​​​សុទ្ធ​​​តែ​​​​មាន​​ចំណូល​​ចិត្ត​​ហាត់​​ល្បុក្កតោ​​របស់​​ខ្មែរ​​ដូច​​គ្នា ដោយ​លោកមីកាអែល បាន​ទាំង​ជិះ​យន្ត​មក​ហាត់​រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទៀតផង។ បន្តបន្ទាប់មកបងប្អូនទាំងពីរ ក៏​បាន​ប្រកួត​គ្នា​ហើយ​​ដោយ​មាន​​ការ​​បញ្ឆេះ​​កំហឹង ​ពី​​សំណាក់​​អ្នក​​រក​​ស៊ី​​ចាក់​​ភ្នាល់​​​កីឡា​ម្នាក់ ពួក​គេ​ក៏​ក្លាយ​ជា​គូ​សត្រូវ នៅ​ក្រៅ​សង្វៀន​ជា​មួយ​គ្នា។ លោក​​ទេព រិន្ទដារ៉ូ និង​តារា​ហ្វីលីពីន នាង Andrea Torres ក៏​​ត្រូវ​​សាច់​​រឿង​​តម្រូវ​​ឱ្យ​​មក​​ប្រទេស​​កម្ពុជា​​ផង​​ដែរ នៅ​​ក្នុង​​បុព្វ​ហេតុ​​ផ្សេង​​គ្នា ហើយ​​​​ក៏​​​បាន​​​បង្កើត​​សាច់​​រឿង​​ជា​​មួយ​​តួ​​អង្គ​​ខ្មែរ និង​ធ្វើ​ជា​អ្នក​ឃាត់​ឃាំង​មិន​ឱ្យ​លោក ខាត៉ វ៉ៃ​ហាំង និង​លោក​មីកាអែល បន្ត​​ធ្វើ​​ជា​​គូ​សត្រូវ​​គ្នា​ព្រោះ​តែ​ចង់​ចាញ់​ឈ្នះ។

គឺ​​​រឿងមានតែប៉ុណ្ណឹងឯង ទោះទៅមើល Full Movie នៅក្នុងរោងកុន ក៏ដឹងត្រឹមប៉ុណ្ណឹងដែរ គ្មាន​អ្វី​លើស​ពី​នេះ​ទេ។ ក្រៅពីនេះ នៅ​មាន​ចំណុច​​មិន​សម​ហេតុ​ផល​មួយ​ចំនួន​ដូច​ជា៖

១. លោក ទេព រិន្ទដារ៉ូ នៅ​ហ្វីលីពីន ២៥​ឆ្នាំ អត់​ចេះ​ភាសា​ហ្វីលីពីន​ឬ បាន​ជា​ឪពុក និង​កូន​(មីកា​អែល)​​ពីរ​​នាក់​ហ្នឹង និយាយ​​គ្នា​​តែ​​ភាសា​អង់គ្លេស?

២. មីកាអែល និង Andrea ហេតុ​អី​មិន​ឱ្យ​និយាយ​ភាសា​ហ្វីលីពីន ហើយ​ដាក់​អក្សរ​ខ្មែរ​រត់​ពី​ក្រោម​ដូច​តួ​ផ្សេងៗ​ទៀត? ដឹង​​អត់​​ថា ធ្វើ​បែប​នេះ នាំ​ឱ្យ​រឿង​នេះ​បាត់​សម្ផស្ស​សិល្បៈ? មួយ​ទៀត​ផលិតករ និង​អ្នក​ដឹក​នាំ​រឿង ដូច​​មិន​​ទាន់​​ស្រុះ​​ស្រួល​​គ្នា​​ពី​​រឿង​​តួ​អង្គ​​ពីរ​​នាក់​​នេះ​​ទាល់​តែ​​សោះ​​ថា គួរ​ឱ្យ​និយាយ​ភាសា​អី? ព្រោះ​ពេល​ខ្លះ ឮ​ពីរ​នាក់​នេះ​និយាយ​ភាសា​ហ្វីលីពីន​ដែរ តែ​​អត់​​មាន​​អក្សរ​​ខ្មែរ​​រត់​​ពី​​ក្រោម​​(សង្ស័យ​ភ្លេច​​បក​ប្រែ?)។

៣. កីឡាករល្បុក្កតោ៖ តួ​ហ្វីលីពីន​មាន​រូប​រាង​ស័ក្តិ​សម​ហើយ ព្រោះ​គេ​មាន​សាច់​ដុំ និង​រាង​កាយ​មាំ​មួន​ស្រាប់ ចម្លែក​​អី​​តែ​​តួ​​ខ្មែរ​​(ខាត់ វ៉ៃ​ហាំង) តួ​ល្បុក្ក​តោ​ប៉ុណ្ណា​ណី ស្រាប់​តែ​រាង​ឱ្យ​ស្វែល​ដូច​ស្រី រាប​​ស្មើ​​តាំង​​ពី​​លើ​​ដល់​​ក្រោម គ្មាន​​សាច់​​ដុំ​​អី​​សោះ គឺ​​​មិន​​​ស័ក្តិ​​​សម​​​ជា​​​អ្នក​​​ចេះ​ល្បុក្ក​តោ ឬ​ជា​កីឡាករ​អី​បន្តិច។ បើ​រឿង​នេះ​ផ្តោត​សំខាន់​លើ​ការ​វាយ​តប់ ពិសេស​​ប្រើ​​ក្បាច់​​គុន​​ល្បុក្កតោ​​ទៀត​ ហេតុ​​អី​​មិន​​ឱ្យ​​តួ​ហ្នឹង​​ទៅ​ហាត់​កីឡា ឬលេង gym ឱ្យ​មាន​សាច់ ដុំ​សិន​ទៅ​ចាំ​មក​ថត?

៤. ការប្រកួតល្បុក្កតោ៖ ការប្រកួតជាលក្ខណៈអន្តរជាតិរវាងកីឡាករល្បុក្កតោ ខ្មែរ និងហ្វីលីពីន មាន​តែ​ប៉ុន្មាន​នាក់​ហ្នឹង​មក​មើល? ហើយ​​អ្នក​​មើល​អង្គុយ​ចំហ​មាត់​ស្ងាត់​ច្រៀប​អ៊ីចឹង? ចំណែក​ឈុត​វាយ​គ្នា​ក៏​វាយ​មិន​សម ឬ​មួយ​ល្បុក្ក​តោ​វាយគ្នា​ស៊ើកៗ ស្ទក់ៗ ដូច​កូន​ក្មេង​​ប្រលែង​គ្នា​បែប​នេះ​ឬ? ការ​ប្រកួត រួម​ទាំង​ក្បាច់​គុន​ផង ដូច​ជា​គ្មាន​ក្បួន​ខ្នាត​អី​សោះ វ៉ៃ​ឡេះ​ឡោះ​ៗ ចុង​​ដៃ​​ចុង​​ជើង ព្រោះ​ខ្ញុំ​គិត​ថា ឈុត​​ល្បុក្ក​តោ គឺ​ជា​ឈុត​ធំ​របស់​រឿង ហេតុ​អី​ធ្វើ​មិន​បាន​ល្អ​សោះ​អ៊ីចឹង ឬ​ធ្វើ​ល្អ​បាន​ត្រឹម​ប៉ុណ្ណេះ?

៥. ឈុតម្តាយមីកាអែលស្លាប់៖ ម្តាយស្លាប់ទាំងមូល ហេតុអ្វីអ្នកដែលយំសោកចូលតួសម មានតែ ទេព រិន្ទដារ៉ូ ដែល​ជា​ប្តី​ម្នាក់​ទៅ​វិញ? កូន​ប្រុសទាំងមូលអត់មានទឹកភ្នែកសូម្បីមួយតំណក់ឬ? ឬ​ហ្វីលីពីន កូន​ប្រុស​គេ​មិន​ឱ្យ​យំ ខ្លាចគេថាទន់ជ្រាយ? (តែ​តាម​ធ្លាប់​មើល​រឿង​ហ្វីលី​ពីនកន្លងមក គ្រាន់តែសង្សារបែកចិត្តក៏យំបោកខ្លួនដែរ) សូម្បី​តែ​ទឹក​មុខ​ក៏​សម្តែង​មិន​សម​បរិយាកាស ដូចជា​បារម្ភ​រឿង​ការ​ហាត់​ល្បុក្កតោ​ខ្លាំងជាងបុណ្យសពម្តាយយ៉ាងម៉េចក៏មិនដឹង តួ​សង្សារ​ទៀត​សោត ក៏​​មក​​ញញឹម​​ញញែម អត់កាន់ទុក្ខអីសោះ។ ឬ​មួយ​ប្រពៃណី​​បុ​ណ្យសពហ្វីលីពីនបែបនេះ?

សរុបមក ចំណុចល្អរបស់រឿងនេះ មានត្រឹមតែប៉ុន្មានប្លង់ប៉ុណ្ណោះ ដែលប្រើប្រាស់អង្គកាមេរ៉ាបានល្អ កាត់តបានគ្រាន់បើ (បញ្ជាក់ គឺ​មាន​តែប៉ុន្មានប្លង់ប៉ុណ្ណោះ) ហើយតួដែលលេចធ្លោក្នុងរឿងនេះ សូម​ជូន​ទៅ លោក ទេព រិន្ទដារ៉ូ ក្រៅ​ពី​នោះ តួ​​ហ្វីលីពីន​​(មីកាអែល) ក៏​គ្រាន់​​បើ ពេល​គាត់​ខឹង​សម្តែង​បាន​សម ចំណែកតួខ្មែរ វ៉ៃហាំង​នៅ​ស្ទើរ​នៅ​ឡើយ​គឺ​សម្តែង​មិន​ទាន់​អស់ បើតួស្រីវិញស្អាត មិន​ចាញ់​តួ​បរទេស​ប៉ុន្មានទេ។ រឿងនេះ ខ្ញុំជូនពិន្ទុ ៥/១០ បើនិយាយពីក្នុងចិត្តពិតប្រាកដ គឺខ្ញុំចង់ឱ្យតែ ៤/១០ ប៉ុណ្ណោះ ប៉ុន្តែ​មិន​ចង់​ឱ្យ​ផលិតករ​បាក់​ទឹកចិត្តខ្លាំង ឬខ្លាចគេថាខ្ញុំមិនឱ្យតម្លៃភាពយន្តខ្មែរ 😀 ៕

*សង្ខេបរឿងដោយ VOD

Read Full Post »

Older Posts »