Feeds:
ប្រកាស
មតិ

Archive for the ‘ភាព​យន្ត​កូរ៉េ​’ Category


1

#វិភាគត្រួសៗ

#លោកយាយអាយុ២០ឆ្នាំ ឬ Suddenly Twenty

#មិនមែនជារឿងដែលកម្សត់ខ្លាំងតែជារឿងដែលចាក់ចំបេះដូង

#ពិន្ទុ៨/១០

លោកយាយអាយុ២០ឆ្នាំ ឬ Suddenly Twenty មិនមែនជារឿង Remake ពីរឿងកូរ៉េ Miss Granny ទី១ ដែលខ្ញុំធ្លាប់ទស្សនាកន្លងមកនោះទេ។ បើចាំមិនខុសនេះជារឿងលើកទី៥ហើយ បន្ទាប់ពីរឿងកូរ៉េ ចិន ជប៉ុន និងវៀតណាម។ ថ្វីបើរឿងទាំងនេះមានគ្រោងរឿងដូចគ្នាតែមួយនឹងរឿង Miss Granny របស់កូរ៉េ តែរឿងនីមួយៗសុទ្ធតែមានរសជាតិ និងអត្តសញ្ញាណដោយឡែកៗពីគ្នាទៅតាមវប្បធម៌ និងរបៀបរបបរស់នៅរបស់ប្រទេសទាំងនោះរៀងៗខ្លួន។

រឿង “Miss Granny” និយាយពីស្រ្តីមេម៉ាយម្នាក់ដែលក្លាយទៅជានារីវ័យក្មេងអាយុ ២០ឆ្នាំ បន្ទាប់ពីគាត់បានទៅថតរូបនៅហាងថតរូបដ៏អាថ៌កំបាំងមួយ។ អាចថាចម្លែកក៏ថាបានដែល៤រឿងមុនៗ មិនបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកខ្លាំងប៉ុន្មានទេ តែរឿងដែលថៃផលិតឡើងវិញនេះ ស្រាប់តែធ្វើឲ្យខ្ញុំយំច្រើនកន្លែងដោយនឹកស្មានមិនដល់។ តែខ្ញុំក៏ដឹងខ្លួនឯងនូវហេតុផលមួយដែលធ្វើឲ្យខ្ញុំយំខ្សឹកខ្សួលរហូតទប់លែងជាប់។ ហេតុផលនោះ គឺតួអង្គយាយប៉ានដែលជាតួឯកក្នុងរឿង គឺដូចម្តាយខ្ញុំខ្លាំងណាស់! គាត់លះបង់គ្រប់បែបយ៉ាងដើម្បីចិញ្ចឹមកូនប្រុសគាត់ឲ្យរៀនបានខ្ពស់ រហូតមានអនាគតល្អ។ គាត់បូជាជីវិតវ័យក្មេងរបស់គាត់ទាំងអស់ ដើម្បីអនាគតកូន ទោះបីជាត្រូវបំផ្លាញអនាគត និងក្តីសុបិនរបស់ខ្លួនឯងក៏ដោយ។

083

សម្តីមួយរបស់យាយប៉ាន ដែលស្ទើរតែធ្វើឲ្យខ្ញុំគាំងបេះដូងស្លាប់នៅនឹងកន្លែង គឺគាត់និយាយថា៖ «យុវភាពដ៏ល្អផូរផង់របស់ខ្ញុំបានយកទៅមើលថែ និងចិញ្ចឹមបីបាច់កូនអស់ហើយ…» ។ ភ្លាមៗនោះ ខ្ញុំស្រាប់តែនឹកដល់ម្តាយខ្ញុំមួយរំពេច។ ខ្ញុំចាំបានថា ម៉ែធ្លាប់ធាក់កង់ដឹកអង្ករ ក្នុងចម្ងាយផ្លូវរាប់គីឡូដើម្បីយកមកឲ្យកូនប្រុសដែលរៀននៅទីរួមខេត្ត។ មិនតែប៉ុណ្ណោះ នៅមានការលះបង់ជាច្រើនទៀត ដែលវានៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំតាំងពីដឹងក្តី រហូតមកដល់ថ្ងៃនេះ ហើយខ្ញុំជឿថា ខ្ញុំនឹងចងចាំពលិកម្មដ៏ធំធេងនោះទុកក្នុងក្រអៅបេះដូង និងសម្បជញ្ញៈជាមនុស្សរហូតដល់ដង្ហើមចុងក្រោយ។

មូលន័យសំខាន់របស់រឿង «លោកយាយអាយុ២០ឆ្នាំ» ផ្តោតលើរឿងរ៉ាវជីវិតរបស់មនុស្សចាស់ជរា។ សព្វថ្ងៃនេះ មានមនុស្សមិនតិចនាក់ទេ ដែលមិនសូវយកចិត្តទុកដាក់នឹងឪពុកម្តាយ និងតាយាយ ដែលចាប់ផ្តើមចាស់ជរា ភ្លេចភ្លាំង រអ៊ូច្រើន គួរឲ្យរំខាន រហូតភ្លេចគិតថាជីវិតរបស់ពួកគាត់កន្លងមក តើត្រូវឆ្លងកាត់អ្វីខ្លះ ដើម្បីចិញ្ចឹមកូនៗឲ្យរស់រានមានអនាគតល្អ រហូតដល់សព្វថ្ងៃនេះ?

20mai-02-600x339

ជាក់ស្តែង យាយប៉ានដែលជាតួឯកក្នុងរឿងក៏ដូចគ្នា។ គាត់មិនអាចសម្រេចក្តីសុបិនរបស់ខ្លួន ដែលចង់ក្លាយជាអ្នកចម្រៀងបាន ព្រោះបរិបទសង្គមសម័យនោះ មិនចូលចិត្តមនុស្សស្រីដើរច្រៀងរាំដើម្បីចិញ្ចឹមជីវិត។ គាត់បានរត់តាមប្តីដោយក្តីសង្ឃឹមថា នឹងអាចសម្រេចក្តីប្រាថ្នានោះ តែដឹងអីពេលមានប្តីក៏មានកូន ហើយប្តីក៏ស្លាប់ចោលទៀត ធ្វើឲ្យគាត់ត្រូវបូជាយុវភាពរបស់ខ្លួនទាំងអស់ ដើម្បីចិញ្ចឹមកូនឲ្យមានអនាគតល្អដោយបាតដៃទាំងពីររបស់ស្ត្រីមេម៉ាយម្នាក់។ ទីបំផុតកូនប្រុសរបស់គាត់ក៏បានក្លាយជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ។ ទម្រាំនឹកឃើញម្តងទៀត គាត់ក៏ចាស់ជរា ក្លាយជាយាយចាស់សម្តីអាក្រក់ ចូលចិត្តរអ៊ូរទាំ ភ្លេចភ្លាំងច្រើន ធ្វើឲ្យកូនចៅទើសទាល់រហូតចង់យកទៅឲ្យនៅមណ្ឌលចាស់ជរា។ តែអព្ភូតហេតុបានធ្វើឲ្យលោកយាយត្រឡប់វ័យ ក្លាយជាក្រមុំអាយុ២០ឆ្នាំម្តងទៀត ធ្វើឲ្យគាត់ដើរតាមក្តីស្រមៃរបស់ខ្លួន ក្លាយជាអ្នកចម្រៀង និងផ្តើមស្នេហ៍ជាថ្មីជាមួយបុរសដែលខ្លួនស្រឡាញ់។

2

សរុបមក «លោកយាយអាយុ២០ឆ្នាំ» ជារឿងរ៉ាវជីវិតគ្រួសារ ដែលមានស្ទើរគ្រប់រសជាតិ មិនថាកំប្លែង កម្សត់ មនោសញ្ចេតនា និងលាយឡំដោយអាថ៌កំបាំងខ្លះៗ ដែលមិនត្រឹមផ្តល់តែជាចំណីអារម្មណ៍សម្រាប់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងផ្តល់តម្លៃអប់រំជាច្រើនទៀត ទាក់ទងនឹងវដ្តជីវិតមនុស្ស ជីវិតគ្រួសារ និងការពុះពារស្វែងរកក្តីសុបិន រហូតដល់ទីបំផុត៕#SuddenlyTwentyKH

Advertisements

Read Full Post »


ផ្កាយNoVeLs*– កាលពីថ្ងៃទី ០៨ មីនា កន្លងទៅនេះ ដែលជាថ្ងៃ ទិវានារីអន្តរជាតិ ខ្ញុំបានយកខ្សែភាពយន្តកូរ៉េរឿង Mother ដែល​ជា​ប្រភេទ​ភាពយន្ត​ជីវិត​សោក​បែប​ស៊ើបអង្កេត មកណែនាំដល់ប្រិយមិត្តទាំងអស់គ្នា ឲ្យបានស្គាល់ពីទំហំទឹកចិត្ត និងបេះដូងរបស់ម្តាយម្នាក់ ដែលមានចំពោះកូនប្រុស មិនថាកូននោះ ឆ្កួត​លីលា​ ឬ​មិនគ្រប់ទឹកយ៉ាងណាក៏ដោយ ក៏នាមជាម្តាយមិនបណ្តោយឲ្យជីវិតកូនរសាត់អណ្តែតតាមយថាកម្មដែរ។ ថ្ងៃនេះ ខ្ញុំ​សូម​ធ្វើ​ការ​វិភាគ​ខ្លះៗ​ទៅ​តាម​ខ្លឹម​សារ​របស់​សាច់រឿងដែលបានមើល បើទោះជារឿងនេះមិនសូវល្បីខ្លាំង តែមានការទទួលស្គាល់មិនតិចទេ ថាជាខ្សែភាពយន្តដ៏ល្អមួយប្រចាំឆ្នាំ២០០៩។

តួសម្តែងសំខាន់ពីររូបនៅក្នុងរឿង «Mother» គឺមួយ ហ៊ីចា(Hye-ja) តួសម្តែងម្តាយវ័យចំណាស់ដែលរកស៊ីចិញ្ចឹមខ្លួនឯង និងកូនប្រុសដោយការលក់ថ្នាំប៉ូវ និង​រក​កម្រៃ​បន្ថែមដោយការដើរចាក់​ម្ជុលវិទ្យាសាស្រ្ត។ តួអង្គទីពីរគឺ ដូចុន(Do-joon) កូនប្រុសវ័យកំលោះរបស់ ហ៊ីចា ដែលមានអាការៈខុសប្រក្រតីផ្នែកខួរក្បាល ធ្វើ​ឲ្យ​គេ​មានឫកពា ការនិយាយស្តី និងការដើរហើរ ដូចមនុស្សមិនគ្រប់ទឹក (តែបើនរណាហ៊ានទៅថាឲ្យគេថា «អាមិនគ្រប់ទឹក!» ដូចុន នឹង​លោត​ធាក់​អ្នក​នោះ​ដោយ​មិន​ខ្លាចស្លាប់មិនខាន) ថែមទាំងសមត្ថភាពនៃការចងចាំ និងចាត់លំដាប់ហេតុការណ៍ផ្សេងៗរបស់គេ ស្ថិតក្នុងស្ថានភាពមួយដែលពិបាកទទួលយកបានណាស់។

ម៉ែ.. ដើរកាត់ភ្លៀង ទៅស៊ើបរកមុខឃាតករដើម្បីកូន!

ភាពយន្តទាំងមូលបែងចែកដំណើររឿងជា៣រយៈពេលធំៗ។ ៣០នាទីដំបូង គឺជាបង្ហាញពីទំនាក់ទំនងរបស់តួសម្តែងទាំងពីរ។ ម្តាយបីបាច់ថ្នាក់ថ្នម ដូចុន ជាង​កូន​ង៉ែត​ទៅទៀត។ ពេលណាក៏ដោយដែល ដូចុន ស្ថិតនៅក្នុងរយៈចម្ងាយ ដែលខ្លួនអាចមើលឃើញដោយខ្សែភ្នែក ស្ត្រីជាម្តាយតែងតែចាំឃ្លាំមើលកូន រហូត​ស្ទើរ​តែ​មិន​អាចធ្វើការងារអ្វីបានសោះ។ ពេលណាដែលកូនប្រុសនៅឆ្ងាយពីខ្សែភ្នែក គាត់តែងតែព្រួយបារម្ភនៅមិនសុខរកកលចង់ឆ្កួតម្តងៗ។ ទង្វើអស់ទាំងនេះ ធ្វើ​ឲ្យ​រូប​ភាព​របស់គាត់ប្រៀបដូចជាម្តាយវិកលចរិតម្នាក់ដូច្នោះដែរ។ ហេតុការណ៍នៅរយៈពេលដំបូងបានបញ្ចប់ទៅដោយ ដូចុន ត្រូវ​ប៉ូលីស​ចាប់​ពី​បទ​ធ្វើ​ឃាត​សិស្ស​សាលា​ស្រីម្នាក់ ហើយការដែលខួរក្បាលរបស់គេមិនសូវធ្វើការបានល្អនោះ ក៏ធ្វើឲ្យគេព្រមចុះហត្ថលេខាទទួលកំហុស មុននឹងមកប្រាប់ម្តាយតាមក្រោយថា គេ​មិន​មែនជាអ្នកសម្លាប់ក្មេងស្រីម្នាក់នោះទេ។

រយៈពេលបន្ទាប់មក រឿងបានបង្ហាញពី វីរភាពរបស់ស្ត្រីជាម្តាយដែលត្រូវប្រែខ្លួនជាអ្នកស៊ើបអង្កេត ដើម្បីពិសោធភាពបរិសុទ្ធរបស់កូនប្រុស។ ខ្សែភាពយន្ត ប្រាប់​អ្នក​ទស្សនាតាមរយៈបទសន្ទនារបស់តួសម្តែង ប៉ូលីសដែលប្រចាំការនៅក្នុងក្រុងតូចៗមួយនោះថា ក្រុងតូចដ៏ស្ងប់ស្ងាច់មួយនេះ មិនធ្លាប់មានរឿងក្តីធំៗដូចជា រឿង​ឃាតកម្មជាដើម កើតឡើងច្រើនឆ្នាំមកហើយ។ ហេតុដូច្នេះ ទើបប៉ូលីសនៅទីនោះខ្វះទាំងបទពិសោធន៍ ខ្វះទាំងជំនាញក្នុងការស៊ើបអង្កេតរឿងក្តីនេះ។ ចំពោះ​ប៉ូលីស ពាក្យសារភាពរបស់ដូចុន ចាត់ទុកថាគ្រប់គ្រាន់ហើយ សម្រាប់ការបញ្ជូនគេបញ្ចូលគុក និងបញ្ចប់រឿងក្តីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះ ហ៊ីចា ​ដែលជាម្តាយ ការសរុបសេចក្តីខាងលើ គឺជារឿងដែលគាត់មិនអាចទទួលយកបាន ហើយហេតុផលនោះ គឺជា​សារ​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​តាម​ស៊ើប​រកឃាតករពិតប្រាកដដោយខ្លួនឯង។ គាត់គ្មានប្រាក់កាស និងចំណេះដឹងគ្រប់គ្រាន់ផ្នែកស៊ើបអង្កេតទេ តែគាត់ប្រើកម្លាំងចិត្ត និងបេះដូងក្នុងនាមជាម្តាយ ជា​ឧបករណ៍សំខាន់ក្នុងការស្វះស្វែងតាមប្រមាញ់រកការពិតនៅក្នុងលើកនេះ។

ម៉ែ.. មកសួរសុខទុក្ខកូនរាល់ថ្ងៃ ព្រោះខ្លាចកូនឯកោ..

រយៈពេលចុងក្រោយដែលស៊ីពេលប្រហែល១៥នាទី គឺជាការយកការពិតមកបង្ហាញដល់ទស្សនិកជន និងតួសម្តែងក្នុងរឿងផ្សេងៗទៀតឲ្យបានដឹង។ ទន្ទឹម​នឹង​នេះ ​ខ្សែភាពយន្តនេះក៏បានសរុបខ្លឹមសាររឿងទាំងមូលថា ការពិតដែលរកឃើញនោះ បានផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះ ហើយ​តួ​សម្តែង​ក្នុង​រឿង​មាន​វិធី​ដោះ​ស្រាយ​យ៉ាងដូចម្តេច?

អារម្មណ៍សំខាន់ នៅក្នុងរយៈពេលផ្សេងៗនៃរឿង ហាក់បែងចែកដាច់ដោយឡែកពីគ្នា ប៉ុន្តែត្រូវបានរៀបចំពង្រាយយ៉ាងលម្អិត។ រយៈកាលដំបូង គឺ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​អ្នកមើលកើតអារម្មណ៍តានតឹងយ៉ាងខ្លាំង ព្រោះខ្សែភាពយន្តបានបង្ហាញព័ត៌មានផ្សេងៗបែបស្រពិចស្រពិល និង​បង្ក​ឲ្យ​កើត​មន្ទិល​សង្ស័យ​ពាក់​ព័ន្ធ​នឹង​តួ​សម្តែង​សំខាន់ទាំងពីរ ដល់អ្នកមើលជាច្រើនរឿងដូចជា ការដែលដូចុននិយាយដដែលៗជាច្រើនលើកច្រើនសាថា គេ «ដេកជាមួយម៉ែ» រួមទាំងអាកប្បកិរិយា និង​ការ​ហួង​ហែងរបស់ម្តាយ ដែលមានចំពោះកូនលើសលប់ពេកនោះ ក៏ធ្វើឲ្យអ្នកទស្សនាសង្ស័យយ៉ាងខ្លាំងដែរថា ពាក្យថា «ដេក» របស់ ដូចុន នោះ តើ​មាន​ន័យ​ដូច​ម្តេច​ឲ្យប្រាកដ?

ម៉ែ.. ខំដើរតត្រុកមករោងបុណ្យ ដើម្បីប្រាប់គេឯងថា កូនខ្លួនមិនមែនជាឃាតករ

រយៈកាលទីពីរ រឿងនេះធ្វើឲ្យអ្នកទស្សនាចាប់ផ្តើម រំភើបញាប់ញ័រ និង ព្រឺព្រួច កន្ត្រាក់អារម្មណ៍ទៅតាមលក្ខណៈរបស់ភាពយន្តបែបស៊ើបអង្កេត ខណៈ​ដែល​ដំណាក់កាល​ចុងក្រោយនោះ សាច់រឿងស្រាប់តែក្រឡាប់ចាក់ ធ្វើឲ្យអ្នកមើលចង់ស្ទះដង្ហើមស្លាប់ភ្លាមៗ នៅពេលរឿងលេងជិតដល់វិនាទីចុងក្រោយ។

«ការពិត» ពីរបីចំណុចដែលរឿងនេះបានបង្ហាញនៅរយៈពេល១៥នាទី ចុងក្រោយធ្វើបាបទឹកចិត្តទស្សនិកជនខ្លាំងណាស់។ វា​​​ជាការពិត​ដែល​នឹក​ស្មាន​មិនដល់ហើយការពិតមួយចំនួនរបស់អ្នកខ្លះក៏យើងមិនចង់ដឹងដែរ

បើប្រៀបធៀបនឹងស្នាដៃភាពយន្តបីផ្សេងទៀត Mother មានលក្ខណៈប្រហាក់ប្រហែលនឹង Memmories of Murder បំផុត ទាំងផ្នែកអត្ថន័យ ខ្លឹមសារ បរិយា​កាស ​និង ពិសេសការឆ្លុះបញ្ចាំងឲ្យឃើញភាពមិនបានការរបស់រដ្ឋអំណាច ដែលនៅក្នុងខ្សែភាពយន្តនេះមាន ប៉ូលីស ជាតំណាង ដោយ​ប្រជាជន​ស្លូត​ត្រង់​ទាំង​ឡាយ ​ត្រូវមកទទួលលទ្ធផលអាក្រក់ ពីការធ្វេសប្រហែសរបស់រដ្ឋអំណាច។ Memories of Murder និយាយពីការស៊ើបអង្កេតរឿងក្តីឃាតកម្ម ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់នៅក្នុងតំបន់តូចមួយ ដោយវិធីនៃការស៊ើបអង្កេត និងឧបករណ៍ប្រើប្រាស់ ប្រសិទ្ធិភាពរបស់អ្នកពាក់ព័ន្ធ និងការគាំទ្រពីរដ្ឋអំណាច អាចនិយាយបានថា នៅ​ឯ​ជើងមេឃម្ខាងម្នាក់នៃផែនដី។ មិនតែប៉ុណ្ណោះភាពយន្តរឿងនេះ នៅបង្កប់ទៅដោយអារម្មណ៍អស់សំណើចបែបសាហាវព្រៃផ្សៃ ដែល​ជា​លក្ខណៈ​ពិសេស​មួយ​នៅ​ក្នុងស្នាដៃផលិតភាពយន្តរបស់ បង ជុនហូ(Bong Joon Ho) ថ្វីបើមានចំណុចភ្លាវដោយអន្លើខ្លះៗ(ឆាកមួយក្នុងរឿង Barking Dogs Never Bite ដែល​ខ្ញុំ​នៅ​ចាំជាប់នឹងភ្នែកស្រស់ៗ គឺតួឯកនៅក្នុងរឿងចាប់ឆ្កែយកទៅសម្លាប់ដោយការចងព្យួរក តែកុនស្រាប់តែធ្វើឲ្យអ្នកមើល ផ្ទុះ​សំណើច​នឹង​ការ​ធ្វើ​ទារុណកម្ម​លើ​សត្វ​ ដោយស្មានមិនដល់ទៅវិញ)។

មិនថាថ្ងៃឬយប់.. ម៉ែខំដើម្បីកូន..

យ៉ាងណាក៏ដោយ ចំណុចដែលខ្ញុំមើលឃើញថា ល្អវិសេសបំផុត សម្រាប់ខ្សែភាពយន្ត Mother គឺ ការពង្រាយសេចក្តីលម្អិតផ្សេងៗ មួយចំនួននៅឆាកដំបូង ហើយ​ត្រឡប់មកប្រមូលទៅប្រើវិញនៅក្នុងសាច់រឿងចុងក្រោយ បានគ្រប់ចំណុចដោយមិនខ្វះចន្លោះត្រង់ណា។ ការពង្រាយសេចក្តីលម្អិតដែលថានោះ ខ្លះ​ប្រាកដ​ឡើងតែម្តង និងមើលទៅហាក់ដូចជាមិនសំខាន់។ ខ្លះបញ្ជាក់ម្តងហើយម្តងទៀត ល្មមធ្វើឲ្យអ្នកមើលសង្កេតដឹងថា វាមានភាពសំខាន់ តែ​មិន​ប្រាប់​គន្លឹះ​ច្រើន​ប៉ុន្មាន​ទេ គឺគ្រប់គ្រាន់ឲ្យយើងដឹងថា វាសំខាន់ចំពោះរឿងបែបណា។

មានបីចំណុច ដែលអ្នកដឹកនាំរឿង ប្រើវិធីពង្រាយសេចក្តីលម្អិតម្តងមួយៗ ហើយយកមកសរុបវិញនៅចុងបញ្ចប់រឿងគឺ ការស្អប់ពាក្យ «អាមិនគ្រប់ទឹក!» របស់​ដូចុន, ការរាំរបាំរបស់តួសម្តែងម្តាយ, និង ការចាក់ម្ជុលនៅលើភ្លៅ។

រឿងបានបង្ហាញទស្សនិកជនឲ្យដឹងថា តួអង្គ ដូចុន នេះ ស្អប់ពាក្យ «មនុស្សមិនគ្រប់ទឹក!» នេះខ្លាំងណាស់ គឺឲ្យតែឮនរណាថាឲ្យខ្លួនបែបនេះ មិន​ថា​នរណា​ក៏​ដោយ​ គឺគេតែងតែហក់ទៅវាយជានិច្ច។ អ្នកមើលខ្លះអាចគិតថា ចំណុចនេះគ្មានសំខាន់អីផង! តែនរណាទៅដឹងថា ចំណុចឥតបានការមួយនេះ ធ្វើ​ឲ្យ​រឿង​ឡើង​ដល់​ចំណុចកំពូល នៅពេលឃាតករពិតប្រាកដត្រូវបានវែកមុខឃើញ។ ប្រសិនបើទស្សនិកជនមិនចាប់ភ្លឹកថា ដូចុន ស្អប់ពាក្យនេះទេ(មនុស្សមិនគ្រប់ទឹក) គេ​ពិត​ជា​គ្មានថ្ងៃជឿជាដាច់ខាតថា ដូចុន ជាឃាតករពិតប្រាកដ ព្រោះគេអាចជឿថា តាចាស់លក់អេតចាយម្នាក់នោះ ទើបជាឃាតករពិតប្រាកដ ព្រោះ​មាន​រូប​ថត​គាត់​នៅ​ក្នុងទូរស័ព្ទដៃសាកសព ដែលជាភស្តុតាងបញ្ជាក់ថា គាត់ធ្លាប់ដេកជាមួយនាងមុនពេលស្លាប់ ហើយរឿងដែលគាត់និយាយប្រាប់ម្តាយដូចុនថា បាន​ឃើញ​ដូចុន​លើកដុំថ្មគប់ទៅលើសិស្សស្រីនោះដោយផ្ទាល់ភ្នែក អាចជាការប្រឌិតរឿងដើម្បីលាបពណ៌លើដូចុនក៏ថាបាន។ ខ្ញុំជឿថា អ្នក​មើល​ភាគ​ច្រើន​ពិត​ជា​គិត​ថា​ដូច្នេះ​ ប្រសិនបើគេមិនបានចាប់ភ្លឹកថា សិស្សស្រីនោះបានជេរដូចុនមួយម៉ាត់ជាលើកចុងក្រោយថា «អាមនុស្សមិនគ្រប់ទឹក!» ដែលនេះជាហេតុផលសំខាន់មួយ អាច​ធ្វើ​ឲ្យដូចុន លើកដុំថ្មគប់ទៅលើនាង ដោយមិនបានតាំងចិត្តឲ្យស្លាប់បាន។

ចំពោះការរាំរបាំរបស់ម្តាយវិញ លេចឡើងក្នុងពេលបើកឆាកភាពយន្ត។ ភាពយន្តបានបង្ហាញពីស្ត្រីចំណាស់ម្នាក់ ដើរកាត់វាលស្មៅធំល្វឹងល្វើយយ៉ាងយឺតៗ ហាក់​គ្មាន​គោលដៅច្បាស់លាស់ ស្រាប់តែរំពេចនោះ ក៏មានសំឡេងភ្លេងល្វើយៗលាន់ឡើង។ គាត់ចាប់ផ្តើមលើកដៃឡើងរាំ តាមចង្វាក់ភ្លេងនោះយឺតៗ ដោយ​បញ្ចេញ​ទឹក​មុខ​ចង់យំផង ចង់សើចផងក្នុងពេលតែមួយ។ បន្ទាប់មកផ្ទាំងទស្សនីយភាពនេះក៏បានបង្វែរទៅនិយាយពីដំណើររឿងធំវិញ ដោយ​គ្មាន​ពាក់​ព័ន្ធ​អ្វី​បន្តិច​សោះ​នឹង​ការរាំរបាំលើកនេះ។

ចំណែកការដោតម្ជុលនៅលើភ្លៅវិញ តួអង្គម្តាយលើកមកនិយាយជាច្រើនលើកច្រើនសា ជាមួយតួសម្តែងផ្សេងៗទៀតនៅក្នុងបរិយាកាសខុសៗគ្នា ហើយ​តាម​រយៈ​​សម្តីរបស់គាត់ ការដោតម្ជុលនៅត្រង់ចំណុចខាងលើ នឹងផ្តល់ផលប៉ះពាល់ខ្លះៗដល់ខួរក្បាល និងការចងចាំ។ សារភាពតាមត្រង់ លើក​ដំបូង​ដែល​ឃើញ​ឈុត​គាត់រាំរបាំ ខ្ញុំគ្រាន់តែគិតថា ខ្សែភាពយន្តនេះប្រហែលគ្រាន់តែចង់ រកឆាកបង្ហាញរឿងដែលល្អប្លែកប៉ុណ្ណោះ ហើយក្នុងផ្លូវមួយទៀត វា​ក៏​អាច​ប្រាប់​ពី​លក្ខណៈ​ខុស​ប្រក្រតីរបស់តួសម្តែងនេះផងដែរ។

ខណៈដែលការដោតម្ជុល គ្រប់ពេលដែលស្ត្រីចំណាស់និយាយ គឺហាក់ដូចជាគាត់ចេះតែនិយាយផ្តេសផ្តាស អួតអាងពីចំណេះដឹងដែលខ្លួនមាន ដោយ​គ្មាន​អ្វី​មក​ធានា​អះអាងថា តើវាពិតជាផ្តល់លទ្ធផលដូចគាត់និយាយមែនឬអត់?

យ៉ាងណាក៏ដោយនៅទីបំផុត ការដោតម្ជុល ការរាំរបាំ និងបទភ្លេងដដែលនោះ បានប្រាកដឡើងម្តងទៀតក្នុងពេលជាមួយគ្នា អ្នក​ទស្សនា​ក៏​យល់​ច្បាស់​នៅ​ទី​បំផុត​ថា ការដោតម្ជុលមានភាពសំខាន់ដូចម្តេច? ហើយហេតុអ្វីបានជាតួសម្តែងម្តាយនោះ រាំរបាំ? ជាការបើកបង្ហាញ ដែល​ធ្វើ​ឲ្យ​កើត​អារម្មណ៍​ស្លុត​ចិត្ត​ហ៊ឹង​ត្រចៀក​ហួស​បរិយាយ រហូតដល់ថ្នាក់ខ្ញុំមើលចប់ ចង់ដើរទៅសួរអ្នកដឹកនាំរឿងថា បើលោកថតកុនយ៉ាងនេះ ហេតុអ្វីមិនសម្លាប់អ្នកមើលតែម្តងទៅ!!!

Read Full Post »


ផ្កាយNoVeLs*– Mother ជាស្នាដៃដឹកនាំភាពយន្តខ្នាតវែងទី៤ របស់ បង ជុនហូ(Joon-ho Bong) អ្នកដឹកនាំរឿងជនជាតិកូរ៉េដែលកាលពីប៉ុន្មានឆ្នាំមុនទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈរឿង The Host(២០០៦) ។ ចំណែកភាពយន្តខ្នាតវែងពីររឿងទៀតដែលថតមុន The Host គឺ Barking Dogs Never Bite(២០០០) និង Memories of Murder(២០០៣) ទោះបីមិនសូវទទួលបានប្រាក់ចំណូលច្រើនដូច The Host តែក៏ទទួលបានការចាប់អារម្មណ៍ និងការវិភាគថាជាភាពយន្តល្អប្រចាំឆ្នាំដែរ។

Mother ជាភាពយន្តមួយដែលនិយាយពីរឿងរ៉ាវរបស់អ្នកម្តាយមួយរូប ដែលរស់នៅជាមួយកូនប្រុស ដែលមានសតិបញ្ញាមិនប្រក្រតី។ គាត់ធ្វើការនៅហាងលក់ឱសថបុរាណមួយកន្លែង។ ចំពោះរូបគាត់ ដូចុន(Do-joon) ដែលជាកូនប្រុសតែម្នាក់នោះ គឺជាជីវិតទាំងមូលរបស់គាត់។

ដូចុន, កំលោះអាយុ ២៨ ឆ្នាំ ជាមនុស្សដែលកើតមកមានសតិបញ្ញាមិនប្រក្រតី ឬហៅឲ្យស្រួលស្តាប់ថា មិនគ្រប់ទឹក ធ្វើឲ្យម្តាយរបស់គេត្រូវរង់ចាំមើលថែរក្សាយ៉ាងជិតដិតរហូតមក ព្រោះ ដូចុន មិនអាចមើលថែខ្លួនឯងបាន។ គេចូលចិត្តបង្កបញ្ហាធ្វើឲ្យម្តាយខ្វាយខ្វល់រហូត។

ថ្ងៃមួយមានសិស្សនារីនៅក្នុងភូមិម្នាក់ត្រូវឃាតករសម្លាប់ ហើយ ដូចុន ត្រូវបានគេសង្ស័យថាជា ឃាតករ។ អ្នកម្តាយរបស់ ដូចុន ព្យាយាមរកគ្រប់មធ្យោបាយដើម្បីជួយកូនប្រុស។ ប៉ុន្តែខាងប៉ូលីសប្រញាប់សរុបសេចក្តីថា ដូចុន ជាឧក្រិដ្ឋជន ហើយ សូម្បីតែមេធាវីដែលអ្នកម្តាយបានជួល, ពេលទទួលលុយរួចហើយ ក៏មើលទៅហាក់មិនអាចជួយអ្វីបានឡើយ។

នៅទីបំផុត ដើម្បីជួយការពារកូនប្រុសតែម្នាក់គត់របស់ខ្លួន ស្ត្រីជាម្តាយបានចេញទៅតាមរកឃាតកររូបពិតដោយខ្លួនឯង។ តើទឹកចិត្តរបស់អ្នកម្តាយម្នាក់ បង្ហាញឡើងតាមរយៈរូបភាពបែបណានោះ សូមអញ្ជើញស្វែងរកឌីវីឌីរឿងនេះទស្សនាទាំងអស់គ្នា ក្នុង ទិវានារីអន្តរជាតិ ឆ្នាំនេះ!!!

»»» ទស្សនាភាពយន្ត Trailler

»»» ទស្សនាប៉ុស្ត័រភាពយន្ត និងរូបភាពខ្លះៗក្នុងរឿង៖

Read Full Post »