Feeds:
ប្រកាស
មតិ

Archive for the ‘ភាព​យន្ត​ខ្មែរ​’ Category


តួអង្គក្នុងរឿង Beauty and the Beast

ផ្កាយNoVeLs*– ចង់ប្រាប់ថា មានសេចក្តីសុខយ៉ាងខ្លាំងដែលបានទស្សនារឿងនេះ គឺចូលតួ ចូល អារម្មណ៍យ៉ាងខ្លាំងទៅនឹងភាពពីរោះរណ្តំនៃបទចម្រៀង ដែលរៀបរាប់ដំណើររឿង ទាំងមូល។ បទចម្រៀងនីមួយៗមានភាពលេចធ្លោ ពីរោះ មានអត្តសញ្ញាណ និង រូបារម្មណ៍ដែលអន្ទងព្រលឹងអ្នកមើលឲ្យចូលតួ លង់ស្នេហ៍ ស្លុងអារម្មណ៍ចូលទៅកាន់ សម័យកាល ដែលរឿងរ៉ាវ BEAUTY AND THE BEAST កកើតឡើង។ Walt Disney បានយកចម្រៀងគ្រប់បទដែលមាននៅក្នុងគំនូរជីវចលមករៀបរាប់សាច់រឿងសាជាថ្មី ប៉ុន្តែនៅតែមិនថ្មី ព្រោះប្លង់ខ្លះគឺដូចគ្នាស្ទើរចាប់ដាក់តែម្តង។ កាយវិការ និងបទចម្រៀង នីមួយៗក្នុងរឿងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចកំពុងទស្សនាល្ខោននិយាយបែបលោក ខាងលិច ដែលអាចនិយាយបានថា នេះគឺជាល្ខោន និយាយសុទ្ធសាធ ដោយគ្រាន់តែមិនមែនសម្តែងលើឆាក ប៉ុណ្ណោះ។

ទទួលស្គាល់ថា BEAUTY AND THE BEAST ដែលសម្តែងដោយមនុស្សនេះ មិនអាច ប្រៀបធៀបជាមួយគំនូរជីវចលបានទេ តែក៏ល្អនៅក្នុងកម្រិតមួយដែលអាចទទួលយក បាន ព្រោះខ្លឹមសាររឿងទាំងមូលគឺល្អស្រាប់តាំងពីដើមម្ល៉េះ ជាពិសេសតួស្រី Emma Watson សម្តែងជាតួ Belle បានយ៉ាងល្អឥតខ្ចោះ និងស្រស់ស្អាត ស័ក្តិសមជាតួអង្គ ក្នុងទេវកថា គឺប្រៀបដូចនាងកើតមកដើម្បីក្លាយជាតួអង្គ Belle តែម្តង។ ភាពពីរោះ រណ្តំនៃបទភ្លេង និងចម្រៀង ធ្វើឲ្យខ្ញុំស្តាប់ឡើងព្រឺរោម និងរំជួលអារម្មណ៍ស្ទើរ តែស្រក់ ទឹកភ្នែក ដ្បិតរំភើបពេក រំភើបដែលបានត្រេក ត្រអាលនឹងមនោសញ្ចេតនាដ៏ស៊ីជម្រៅ តាមរយៈបទភ្លេង ទំនុកច្រៀង និងពាក្យពេចន៍សន្ទនា ដែលពោរពេញដោយរូបារម្មណ៍ សិល្បៈ។

សុខ ស្រីមុំ តួនាងពៅ ក្នុងរឿង នាងពៅម្លិះលា

ចំពោះដំណើររឿងវិញ គ្មានអ្វីប្លែកថ្មីនោះទេ គ្រប់គ្នាប្រហែលជាធ្លាប់ដឹងខ្លះៗមកហើយ តាមរយៈគំនូរជីវចល។ ប៉ុន្តែសម្រាប់ខ្ញុំ រឿងនេះធ្វើឲ្យខ្ញុំនឹកដល់ខ្សែភាពយន្តខ្មែរជំនាន់ ឆ្នាំ៩០មួយគឺរឿង «នាងពៅម្លិះលា» ដែលមានសាច់រឿងស្ទើរតែដូចគ្នាទាំងស្រុងនឹងរឿងនេះ។ ខុសត្រង់ថា នៅក្នុងរឿងខ្មែរ តាដង្ខៅមានកូនស្រី៥នាក់ ពេលចេញទៅធ្វើជំនួញ កូនស្រីច្បង៤នាក់ សុំឪចង់បានប្តី ខុសតែស្រីពៅប្រាថ្នាចង់បានផ្កាម្លិះលា (#ផ្កាកុលាប)។ តាមផ្លូវតាដង្ខៅបានជួបយក្ស(#ចចក) រហូតបានទៅដល់វិមានអារក្ស (#សត្វកំណាច) និងបានលួចកាច់ផ្កាម្លិះលារបស់អារក្សទុកផ្ញើកូនស្រីពៅ។ តាដង្ខៅត្រូវ មានកម្មពៀរដល់ស្លាប់ ព្រោះលួចកាច់ផ្កាអារក្សដោយមិនបានសុំអនុញ្ញាត។ តាដង្ខៅ អាចឆ្លងផុតគ្រោះកាចនេះបាន លុះត្រានាំកូនស្រីព្រហ្មចារីយ៍មកបូជាជូនអារក្ស។ កូនស្រីពៅដឹងដូច្នោះ ក៏ធ្វើ ដំណើរមកជួបអារក្ស។ ដើម្បីបញ្ជាក់ថា ឪពុករបស់នាងបានរួច ផុតពីសេចក្តីស្លាប់ដូចការសន្យា អារក្សបានឲ្យនាងពៅមើលឃើញឪពុកតាមកញ្ចក់ទិព្វ ។ លុះនាងពៅនៅរួមរស់ជាមួយអារក្សបានមួយរយៈ អ្នកទាំងពីរក៏កើតមានសេចក្តី ស្រឡាញ់រវាងគ្នានឹងគ្នា។ មួយរយៈក្រោយមក ឪពុកនាងពៅក៏ធ្លាក់ខ្លួនឈឺដោយសារ ជរាភាព។ អារក្សបានអនុញ្ញាតឲ្យនាងពៅទៅមើលថែឪពុកក្នុងរយៈពេល៧ថ្ងៃ បើនាង មិនវិលវិញ អារក្សនឹងស្លាប់។ លុះរំលង៧ថ្ងៃ នាងពៅមកមិនទាន់ អារក្សក៏ស្លាប់មែន។ តែដោយសារអំណាចទឹកភ្នែកព្រហ្មចារីយ៍ និងក្តីស្នេហ៍ដ៏បរិសុទ្ធរបស់នាងពៅចំពោះ អារក្ស អារក្សក៏រស់ឡើងវិញ និងប្រែរូបជាព្រះរាជបុត្រដ៏ស្រស់សង្ហា។ សូមបញ្ជាក់ថា រឿង «នាងពៅម្លិះលា» របស់ខ្មែរ ផលិតនៅឆ្នាំ១៩៩៣ និពន្ធដោយ លោក ប្រាក់ ច័ន្ទមុន្នី ដឹកនាំរឿងដោយ លោក ម៉ៅ សំអាងណុប សម្តែងដោយ អារុណ រស្មី(អារក្ស) សុខ ស្រីមុំ(នាងពៅ) និង តារាសម្តែងល្បីៗនៅជំនាន់នោះ ជាច្រើននាក់ទៀត ដូចជា អម្ពរ ទេវី នារីរ័ត្ន គន្ធា ពិសិដ្ឋ ពិលិកា ច័ន្ទ សេរីរ័ត្ន ទេពរិន្ទដារ៉ូ ខៃ ប្រសិទ្ធិ សម តារា…។

ទេពរិន្ទ ដារ៉ូ និង ពិសិដ្ឋ ពិលិកា ក្នុងរឿង នាងពៅម្លិះលា

និយាយពីខ្សែភាពយន្តរឿង BEAUTY AND THE BEAST ឆ្នាំ២០១៧នេះវិញ គឺគេប្រើ សិល្ប៍វិធីរៀបរាប់សាច់រឿងបានល្អ តាមលំដាប់លំដោយងាយយល់ ងាយចាប់បាន ដោយមិនបាច់ប្រើខួរក្បាលគិតច្រើន។ រីឯ ពាក្យពេចន៍សន្ទនាក៏វិចិត្រដោយរូបារម្មណ៍ សិល្បៈ ដែលមួយម៉ាត់ៗ សុទ្ធតែមានន័យខ្លឹមសារ អប់រំ ប្រៀបធៀប ស្តាប់ហើយត្រូវតែ យកទៅគិត វិភាគ និងវាយតម្លៃ តាមការយល់ឃើញរៀងៗខ្លួន ពោលគឺពាក្យមួយ ម៉ាត់ៗសុទ្ធតែមានប្រយោជន៍។ ការវិវឌ្ឍរបស់តួអង្គ ការប្រែប្រួលបុគ្គលិកលក្ខណៈ និងការរៀនស្វែងយល់របស់តួអង្គនីមួយៗគឺល្អ មានហេតុមានផល ធ្វើឲ្យយើងស្លុង អារម្មណ៍ ចូលតួ និងជ្រួតជ្រាបនូវមនោសញ្ចេតនារបស់តួអង្គសំខាន់ៗបានយ៉ាងងាយ ដោយឥតប្រកែកបាន។ ជាក់ស្តែងយើងយល់អារម្មណ៍របស់តួអង្គ Belle ដែលសេចក្តី ស្នេហាបានកកំណើតឡើងបន្តិចម្តងៗ នៅក្នុងក្រអៅបេះដូងរបស់នាង ហើយយើងក៏ យល់ពីកាយវិការដ៏ទន់ភ្លន់របស់តួអង្គសត្វកំណាច ដែលបេះដូងគេកាន់តែទន់ជ្រាយ ទៅៗ បន្ទាប់ពីបានស្គាល់អ្វីដែលហៅថា ស្នេហាពិត។

តារាសម្តែង Emma Watson ស័ក្តិសមនឹងតួអង្គ Belle ខ្លាំងណាស់។ នាងជា Belle ដែលស្អាតបំផុត មានអត្តសញ្ញាណ មានភាពលេចធ្លោ មាននិស្ស័យចចេសរឹងរូស តែមានមន្តស្នេហ៍ឆាបឆក់គួរឲ្យស្រឡាញ់។ ចំណែកតួអង្គសត្វកំណាចដែលសម្តែង ដោយ Dan Stevens ក៏ទទួលស្គាល់ថា សង្ហា ទោះជាឃើញមុខពិតតែប៉ុន្មានឈុតក៏ ដោយ តែកាយវិការដែលសម្តែងតាមរយៈខ្សែភ្នែកនោះ គឺជាអ្វីដែលអត់សរសើរមិន បានពិតមែន។ រីឯតារាសម្តែង Luke Evans ដែលសម្តែងជាតួអង្គ Gaston ក៏សង្ហាមិន ធម្មតា សង្ហាបែបពិសពុល រូបកាយសង្ហាតែចិត្តអាក្រក់ ប៉ុន្តែក៏មានមន្តស្នេហ៍ឆាបឆក់ បេះដូងគួរឲ្យខ្លាច។ 😱😂😱😂

ចំណែកបច្ចេកទេសប្រើក្រាហ្វិកកុំព្យូទ័របញ្ជាឲ្យទៀន នាឡិកា ប៉ាន់តែ ពែងតែ ដើរ បាន និយាយបាន… ចាត់ទុកជាធាតុដ៏សំខាន់មួយ ដែលធ្វើឲ្យរឿងទាំងមូលកាន់តែ គួរឲ្យចង់មើល ព្រោះក្រាហ្វិកល្អ សម ស្តែង ពិសេសតួអង្គវត្ថុទាំងនោះមានបុគ្គលិក លក្ខណៈច្បាស់លាស់ មិនភ្លាវ និងសុទ្ធតែគួរឲ្យស្រឡាញ់។ នេះមិនទាន់និយាយពី ការរៀបចំឆាក ក្រាហ្វិកប្រាសាទ និងការច្នៃម៉ូដសម្លៀកបំពាក់នៅក្នុងសម័យកាល ដែលរឿងបានកើតឡើងផង។

សរុបមក BEAUTY AND THE BEAST គឺជាខ្សែភាពយន្តមួយដែលមិនគួរមើលរំលង សម្រាប់យុវវ័យទាំងឡាយ ទាំងអ្នកដែលកំពុងមានស្នេហា និងមិនទាន់មានស្នេហា ឬសូម្បីតែអ្នកស្រឡាញ់ការសិក្សា ការរៀនសូត្រ ពិសេសស្រីៗដែលចូលចិត្តអានសៀវ ភៅ អានប្រលោមលោក… ពេលទស្សនារឿងនេះចប់ ស្នេហានឹងកកើតឡើងដោយ ឯងៗ ពេញក្រអៅបេះដូងមិនខានឡើយ 😘😘 ។ គ្រប់គ្នានឹងមិនស្តាយលុយទេ សូម្បី តែមួយសេន ព្រោះគ្រាន់តែទៅអង្គុយមើលមុខតួសម្តែងស្អាតៗ សង្ហាៗ និងស្តាប់ ចម្រៀងពីរោះៗ ក៏លើសតម្លៃសំបុត្រទៅហើយ! ចុះទម្រាំតែគិតពីតម្លៃនៃខ្លឹមសាររឿង ទាំងមូល បូករួមទាំងទេពកោសល្យសម្តែងដ៏ល្អឥតខ្ចោះរបស់តួអង្គនីមួយៗទៀត? ខ្ញុំ ជឿថា អ្នកដែលចំណេញកប់ក្តោងគឺទស្សនិកជន!!! 😉😉 មួយទៀត បើអ្នកទាំងអស់គ្នា មានពេលវេលាគ្រប់គ្រាន់ កុំភ្លេចរកមើលរឿង «នាងពៅម្លិះលា» របស់ខ្មែរដែលមាន នៅក្នុងយូធូបស្រាប់ ហើយកុំភ្លេចមកនិយាយប្រាប់វិញផង ថារឿងទាំងពីរដូចគ្នា និង ខុសគ្នាដូចម្តេចខ្លះ?

Read Full Post »


តារាចម្រៀង លាង សុផាឡែន ថតរូបអនុស្សាវរីយ៍មុខរូបតួវិកលចរិត

តារាចម្រៀង លាង សុផាឡែន ថតរូបអនុស្សាវរីយ៍មុខរូបតួវិកលចរិត

ផ្កាយNoVeLs*– ថ្មីៗនេះ ខ្សែភាពយន្តរឿង «វិកលចរិត» ដែលជាប្រភេទខ្សែភាពយន្តភ័យរន្ធត់ដ៏ពេញលក្ខណៈដំបូងគេរបស់ខ្មែរ បានដាក់បញ្ចាំងហើយតាមបណ្តារោងភាពយន្តនានា ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គ្រាន់តែចាក់បញ្ចាំងបានរយៈពេលត្រឹម៤ថ្ងៃគត់ គេសង្កេតឃើញថា ខ្សែភាពយន្តនេះ មានគេជជែកវែកញែក វិភាគ និងពិភាក្សាយ៉ាងផុសផុលតាមបណ្តាញសង្គមហ្វេសប៊ុក ដែលពុំធ្លាប់មានខ្សែភាពយន្តណា មានទស្សនិកជនលើកយកនិយាយច្រើនបែបនេះឡើយក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តខ្មែរ។

ក្នុងនោះដែរ តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត កញ្ញា លាង សុផាឡែន បានសរសេរស្ងើចសរសើររឿង «វិកលចរិត» តាមរយៈបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាថា៖ «មើលហើយយប់មិញ… ដល់ពេលមើលទៅរឿងគាត់ថតល្អអ៊ីចឹង ទៅ ចង់សម្តែងរឿងរបស់គាត់ដែរ… ព្រោះថាទាំងបច្ចេកទេសថត បច្ចេកទេសកាត់ត បច្ចេកទេសសំឡេងច្បាស់ល្អណាស់។» ម្ចាស់បទ «ជីវិតគ្រួសារ» រូបនេះបានបន្តក្នុងសំណេរខ្លីៗនោះទៀតថា៖ «មាតុចក្រ» ខ្ញុំមិនដែលសូវបានមើលរឿងខ្មែរប៉ុន្មានទេ… ប៉ុន្តែរឿងនេះ ខ្ញុំសុំសរសើរដែលធ្វើឲ្យខ្ញុំចេះភ្ញាក់ ហើយស្រែកទៀត ទើបតែរឿងនេះមួយទេ សូមបងប្រុស «មាតុចក្រ» បន្តការបង្កើតរឿងបែបនេះ ហើយនិងអ្វីៗដែលប្លែកៗបន្តទៀត… ខ្ញុំគាំទ្រdirector «ហ៊ុយ យ៉ាឡេង» ។15555963_10210625967380909_981103860_n

មិនប៉ុន្មានម៉ោងក្រោយមកផង តារាសម្តែង និងពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក ខាត់ សម្បត្តិកិត្យា ក៏បានកោតស្ញប់ស្ញែងចំពោះខ្សែភាពយន្តខ្មែរដែលកំពុងផ្ទុះខ្លាំងនេះផងដែរ។ លោកបានសរសេរថា៖ «សូមសរសើរដោយស្មោះ ជាប្រភេទរឿងបែបចិត្តសាស្រ្តដំបូងរបស់កម្ពុជា ជារឿងដែលប្រើបចេ្ចកទេសប្លង់ខ្ពស់ ចិត្តសាស្រ្តជ្រៅ ប្រើវេយ្យាករណ៍នៃការចង និងស្រាយសាច់រឿងបានយ៉ាងល្អ សាច់រឿងប្រទាក់ក្រឡាល្អ ជារឿងដែលធ្វើឲ្យទស្សនិកជនទាយខុសថា អ្នកណាវិកលចរិត អបអរសាទរដែលភាពយន្តខែ្មរមានប្រភេទរឿងចិត្តសាស្រ្ត រោគចិត្តបែបនេះ ព្រោះសាច់រឿងបែបនេះ ច្រើនតែរឿងបរទេស Congratulation Cambodia Film 👍👍👍សង្ឃឹមថា ថៃ្ងណាមួយខ្ញុំមានឱកាសសម្តែងតួវិកលចរិតបែបនេះ 😂😂😂 កី្តស្រមៃ។»

 

15571010_10210625967500912_460000198_n.jpg

ទោះយ៉ាងណាក៏ដោយ គេពុំទាន់ឃើញមានការឆ្លើយតបពីម្ចាស់ផលិតកម្ម មាតុចក្រហ្វីលម៍លោក ហ៊ុយ យ៉ាឡេង នៅឡើយទេ បន្ទាប់ពីតារាទាំងពីរប្រកាសចង់ចូលខ្លួនសម្តែងក្នុងរឿងរបស់លោក។ ប៉ុន្តែតាមរយៈទំព័រផ្លូវការរបស់ម្ចាស់ផលិតកម្មរូបនេះ គេសង្កេតឃើញថា លោកកំពុងបាក់ទឹកចិត្ត ដែលចំនួនទស្សនិកជនទៅគាំទ្ររឿងរបស់លោក នៅមានចំនួនតិចតួចនៅឡើយបើប្រៀបធៀបជាមួយខ្សែភាពយន្តបរទេស ឬខ្សែភាពយន្តខ្មែរដទៃទៀតដែលមានគុណភាពអន់ជាងនេះ៕

Read Full Post »


11222193_1723161484570726_6155562132936623738_n

ផ្កាយNoVeLs*– កាលពីល្ងាចម្សិលមិញ (ថ្ងៃទី០៤ កញ្ញា ២០១៥) ខ្ញុំ​បាន​ទៅ​មើល​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ» ឬThe Last Reel នៅរោងភាពយន្ត Legend TK បន្ទាប់​ពី​រង់​​ចាំ​អស់​រាប់​ខែ​នៃ​ការ​មក​ដល់​របស់ខ្សែភាពយន្តខ្មែរមួយនេះ។ មុន​ពេល​រឿង​នេះ​ចាក់​បញ្ចាំងមួយថ្ងៃ ខ្ញុំចង់ទៅទិញសំបុត្រទុក ព្រោះខ្លាចកន្លែងពេញ មិន​បាន​មើល​មុន​​គេ។ ប៉ុន្តែដោយសាររវល់ពេកខ្ញុំក៏មិនបានទិញទុក ហើយ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​បញ្ចាំង​ទើបទៅទិញ។ ព្រឹកថ្ងៃ​ម្សិល​មិញ​​ ខ្ញុំ​ប្រញាប់​​រូត​រះ​ទៅ​ធ្វើ​ការ​តាំង​ពី​​​ព្រលឹម​​លឿន​​​​​ខុស​​​​រាល់​​​ដង ដើម្បីឆ្លៀតទៅទិញសំបុត្រទុកមើលនៅ​ម៉ោង​៥​កន្លះ ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ។ ក៏​ប៉ុន្តែ​ពេលខ្ញុំទៅដល់លេជេន គេ​ប្រាប់​ថា​ថ្មើរ​នេះ​​មិន​ទាន់​បើក​លក់​សំបុត្រ​ទេ គឺ​​​ទាល់​​​តែ​​​ម៉ោង​​​៩​(ពេល​​ខ្ញុំ​​ទៅ​​ម៉ោង​ប្រហែល​​៧​កន្លះ)​ ឮ​ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ក្រុម​ហ៊ុន​​ធ្វើ​ការ​សិន​ទម្រាំ​ដល់​ម៉ោង​គេបើកលក់ ទើប​មក​ទិញ​ម្តង​ទៀត។ ការ​ពិត​ទៅ ខ្ញុំ​មិន​​ចាំ​​បាច់​​ទៅ​ទិញកក់​មុន​ពីរ​បី​ដង​ក៏​បាន​ដែរ តែ​ដោយ​ខ្លាច​គ្មានកន្លែងអង្គុយ និង​អស់​ម៉ោងបញ្ចាំង ទើប​ខ្ញុំ​ចេះ​តែ​តស៊ូ​មក​ទិញ​មួយ​លើក​ជា​ពីរ​លើកទៅ ដ្បិត​អី​រឿង​នេះ​ទើប​តែ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​ផង។ ម៉ោង​៩​កន្លះ ពេល​ខ្ញុំ​ទៅ​ទិញ​សំបុត្រ​ម្តង​ទៀត ខ្ញុំ​ឃើញ​​កៅអី​ដែល​គេ​ទិញ​រួច​ហើយ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​ ដូច្នេះ​ខ្ញុំ​អាច​រើស​កន្លែង​អង្គុយ​ល្អ​តាម​សេចក្តី​ត្រូវ​ការ​បាន​យ៉ាង​ស្រួល ហើយចិត្តមួយក៏គិតថា ដោយ​សារ​ពេល​ព្រឹក និង​ថ្ងៃ​រសៀល​មាន​ម៉ោង​បញ្ចាំង​រឿងនេះដែរ ទើបប្រហែលជាមានគេចូលមើលម៉ោងទាំងនេះសិន ទើប​បាន​ជា​​ម៉ោង​៥​កន្លះមិនទាន់មានអ្នកមកកក់ ឬទិញច្រើន។

ឈុត​មួយ​នៅ​ក្នុង​រឿង​

ឈុត​មួយ​នៅ​ក្នុង​រឿង​

ថ្ងៃទៅមើលរឿងនេះ ខ្ញុំ​បាន​ចេញ​ពី​ធ្វើ​ការ​មុន​កន្លះ​ម៉ោង​ដើម្បី​ទៅ​ឱ្យ​ទាន់​ម៉ោង​ចាក់​បញ្ចាំង។ ពេល​ខ្ញុំ​ទៅ​ដល់​ឃើញ​ក្មេងៗ​យុវវ័យកុះករឈរប្រជ្រៀតគ្នារង់ចាំនៅមុខ Hall ពេល​នោះ​ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា ឃើញទេ រឿង​បញ្ចាំង​ថ្ងៃ​ដំបូង​មាន​​មនុស្ស​មក​មើល​ច្រើនអ៊ីចឹង សំណាង​ហើយ​ដែល​បាន​ទិញ​សំបុត្រ​ពី​ព្រឹក ខំ​អី​រក​កន្លែង​អង្គុយ​គ្មាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំគិតគឺខុសស្រឡះ ព្រោះ​ពេល​ដល់​​ម៉ោង​ចាក់​បញ្ចាំង​ Hall បើក យុវវ័យដែលខ្ញុំឃើញឈរព្រោងព្រាតមុននេះ នាំគ្នាដើរចូលទៅ Hall មួយ​​ទៀត​ដែល​​ចាក់​បញ្ចាំង​រឿង​ថៃ «តត កំលោះសម្បូរស្នេហ៍» ចំណែក Hall ដែល​ខ្ញុំ​មើល​ មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដើរ​ចូល។ នៅ​ពេល​មនុស្ស​ចូល​អង្គុយ​តាម​កន្លែង​រៀងៗ​ខ្លួនអស់ ខ្ញុំឃើញថា នៅ​ក្នុង​Hall ទាំង​មូល​គឺ​ស្រឡះ​ល្វឹង ពោល​គឺ​មាន​តែ​កៅអី​៤ជួរប៉ុណ្ណោះដែលមានអ្នកអង្គុយ ហើយ​​ក៏​​អង្គុយ​​មិន​​គ្រប់​​កៅអី​​ដែរ។ ពេល​នោះ​​​ខ្ញុំ​​ក៏​នឹក​ស្រងាក​ចិត្ត​ភ្លាម​មួយ​រំពេច ហេតុ​អ្វី​យុវវ័យ​ខ្មែរ​មិន​ចូល​ចិត្ត​មើល​ខ្សែ​ភាព​យន្ត​របស់ខ្លួន? បើ​រឿង​នេះ​មិនល្អ មិនល្បីខ្ញុំមិនថាទេ តែ​នេះ​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​ពាន​​រង្វាន់​ពី​បរទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ និង​បាន​ទទួល​ការ Vote (បោះឆ្នោត ឬ​ដាក់​ពិន្ទុ) ពី​បរទេស​ដល់​​ទៅ​​ ៧,៤/១០​ ឯ​នោះ ហើយ​អ្នក​វិភាគ​កុន​ល្បីៗ​របស់​ថៃ​​​​ក៏​ហ៊ាន​​ឱ្យពិន្ទុដល់ទៅ ​១០/១០​ទៅ​ទៀត ដែល​​​នេះ​​​ជា​​​តួ​​លេខ​​មួយ​កម្រ​មាន​ខ្សែ​ភាព​យន្ត​ណា​ទទួល​បាន​ខ្លាំង​ណាស់​។ ចុះ​​ហេតុ​អ្វី​បាន​​ជា​​យុវវ័យ​​ខ្មែរ​​នាំ​​គ្នា​​មើល​​រំលង​បែប​នេះទៅវិញ?

ខ្ញុំមិនចង់និយាយថា កម្រិត​នៃ​ការ​យល់​ដឹង​អំពី​គុណ​ភាព​ខ្សែ​ភាព​យន្ត​របស់​យុវវ័យ​ខ្មែរ​យើង នៅ​មាន​កម្រិត​នោះ​ទេ ប៉ុន្តែ​ចៀស​មិន​ផុត។ ខ្ញុំសូមរម្លឹកថា ក្រោយ​ពី​ខ្ញុំ​ចុះ​ផ្សាយ​​ពី​ការ​វិភាគ​ភាព​យន្ត​របស់​ខ្ញុំ​ទៅ​លើ​រឿង​ថៃ​មួយ​ដែល​មាន​ចំណង​​ជើង​ថា «តត កំលោះសម្បូរស្នេហ៍» រួចមក គឺ​មាន​ហ្វែនៗ​អ្នក​គាំទ្រ​របស់​តួ​ឯក​ប្រុសជាច្រើន មក​តាម​បាញ់​វាយ​ប្រហារខ្ញុំយ៉ាងចាស់ដៃ និង​ឈឺៗ​ទៀត​ផង។ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា រឿង «តត កំលោះសម្បូរស្នេហ៍» សូម្បី​តែ​នៅ​ប្រទេស​​ថៃ​ផ្ទាល់​ក៏​គ្មាន​អ្នក​មើល​ដែរ ហើយ​ចំពោះ​តួឯកប្រុសវិញ ក៏គេមិនសូវស្គាល់មុខ និង​មិន​ល្បី​ដល់​ថ្នាក់​​ផ្អើល​ភ្លូក​​​ទឹក​​ភ្លូក​​ដី​ដូច​​នៅ​ស្រុក​ខ្មែរ​យើង​នោះ​ទេ។ នៅប្រទេសថៃ តួ​ឯក​ប្រុស​ម្នាក់​នេះ​គេ​សឹង​តែ​មិន​ស្គាល់​ឈ្មោះផង ហើយ​​បើ​មាន​អ្នក​ស្គាល់ ឬអ្នកនិយាយថារឿងតតនេះល្អមើល ច្បាស់​ជា​មាន Comment ឈ្លេច​សួរ​ពី​​ទស្ស​និក​​ជន​ដទៃៗ​​​ទៀត​ថា តើ​ខាង​ផលិត​កម្ម​នេះ​ឱ្យ​ប៉ុន្មាន​ទើប​បាន​ជា​និយាយ​បំភ្លើស​ខុស​ពី​ការ​​ពិត​បែប​នេះ?

មហោស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន​នៅ​ប្រទេស​ថៃ​

មហោស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន​នៅ​ប្រទេស​ថៃ​

នៅប្រទេសថៃដដែលនេះ កាលពីសប្តាហ៍មុន មាន​រៀប​ចំ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន ដែល​ក្នុង​នោះ​រឿង «ដុំហ្វីលចុងក្រោយ» របស់​ខ្មែរ​យើង​ក៏​បាន​ចាក់​​បញ្ចាំង​​ឱ្យ​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ រឿង​របស់​ខ្មែរ​​យើង​​មួយ​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​​កោត​​សរ​សើរ​​ជា​​ខ្លាំង​ពី​ទស្សនិក​ជន​ថៃ។ អ្នក​វិភាគ​​ភាព​យន្ត​ល្បីៗ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ បាន​ឱ្យ​ពិន្ទុ​រឿង​នេះ​ដល់​ទៅ​ ១០/១០ ឯនោះ ហើយ​ខ្លះ​ថែម​ទាំង​និយាយ​ថា ច្រណែន​​ប្រទេស​​ខ្មែរ​​ខ្លាំង​ណាស់​​​​ដែល​​មាន​រឿងកុនល្អៗបែបនេះ។ ចុះហេតុអ្វី បាន​ជា​យុវវ័យ​ខ្មែរ​មួយ​ចំនួន​​ធំ​(សូម​​បញ្ជាក់​ថា​មួយ​ចំនួន​ធំ​មិន​មែន​មួយ​ចំនួន​តូច​ទេ) បែរ​ជា​មិន​យល់​ពី​​គុណ​​តម្លៃ​របស់​​ភាព​យន្ត​ខ្មែរ​មួយ​នេះ​ទៅ​វិញ?

ជាក់ស្តែង តាមរយៈគណនេយ្យហ្វេសប៊ុកមួយឈ្មោះ [ឧស្សាហ៍ ស៊ិន] បានប្រាប់ឱ្យ​​ដឹង​ថា ពេល​កំពុង​ទស្សនា​ខ្សែ​ភាព​យន្ត​រឿង «ដុំហ្វីលចុងក្រោយ» ​សង្សារ​មួយ​គូ​​បាន​​ខ្វែង​គំនិត​គ្នា​អំពី​គុណ​ភាព​របស់​រឿង «ដុំហ្វីលចុងក្រោយ» និង «តត កំលោះ​សម្បូរ​ស្នេហ៍» ថា៖ [មើល​បាន​ប្រហែល​ជា​ពាក់​កណ្ដាល​រឿង ម្នាក់​​ស្រី​​គេ​រអ៊ូ​ព្រោះ​មិន​ចង់​មើល​រឿង​ខ្មែរ ដោយនិយាយថា «រឿង​ហ្នឹង​​គេ​ចង់​និយាយ​ពី​ស្អី មើល​​មិន​យល់​​សោះ មើល​យូរ​ហើយ ដូច​គ្មាន​ល្អ​មើល​អី​ស្អី​ផង!» ចំណែក​​ម្នាក់​​ប្រុស​ក៏​ថា​ឱ្យ​​វិញ «ស្អី! សាច់រឿងគេប៉ុណ្ណឹងហើយនៅមើលមិនយល់ទៀត រឿង​គេ​ល្អ​ប៉ុណ្ណឹង​ហើយ​​អត់ល្អមើលទៀត ហ្អែងបានតែទៅមើលអាតតស្អីនោះទេ បានល្អមើល ឆ្កួតៗ​ឡប់ៗ!» ក្រោយ​​មក​ម្នាក់​ស្រី​ក៏​ស្ងាត់​មាត់​ឈឹង ព្រោះ​គេ​ថា​ឱ្យត្រូវសាច់រឿង ដល់​ហើយ​​ឃើញ​អង្គុយ​ចុ​ច​ហ្វេស​ប៊ុគដល់ចប់រឿង។]

Comment របស់​ ឧស្សាហ៍ ស៊ិន ដែល​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​របស់​សង្សារមួយ​គូ​ពេល​កំពុង​ទស្សនារឿង «ដុំហ្វីលចុងក្រោយ»​

Comment របស់​ [ឧស្សាហ៍ ស៊ិន] ដែល​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​របស់​សង្សារមួយ​គូ​ពេល​កំពុង​ទស្សនារឿង «ដុំហ្វីលចុងក្រោយ»​

ខ្ញុំដឹងថា មនុស្សម្នាក់ៗគិតមិនដូចគ្នាទេ តែ​មនុស្ស​គ្រប់​គ្នា​ក៏​គួរ​តែ​គិត​ពី​សិទ្ធិ​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​របស់​គេ​ដែរ មិនគួរ​ប្រើ​សម្តី​គ្រោត​គ្រាត និង​អសុរស​ដោយ​គ្រាន់​តែ​ការ​យល់​ឃើញ​​ខុស​ៗ​​គ្នា​​នោះ​ឡើយ។ ជា​ទស្សនៈ​​​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ(បញ្ជាក់​ដដែល​ៗ​ថា​នេះ​ជា​ទស្សនៈ​បុគ្គល) ក្រោយ​ពី​ទស្សនា​រឿង «ដុំ​​ហ្វីល​​ចុង​​ក្រោយ» រួច​​ខ្ញុំ​យល់​ឃើញ​ថា នេះជា The Best Khmer Movie Ever ក្នុង​ចំណោម​រឿង​ល្អៗមួយចំនួនទៀតដូចជា រឿង «គ្រាប់​ពេជ្រ» ជាដើម នៅ​ក្នុង​ទសវត្សរ៍​ថ្មីនេះ។​ ខ្ញុំ​សូម​​និយាយ​ខ្លីៗ​ថា រឿងខ្មែរមួយនេះគឺ AMAZING! រំភើប… រហូត​និយាយ​មិន​ត្រូវ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្មែរ​យើង​ក៏​មានភាពយន្តល្អៗ បែបនេះមើល។ ខ្ញុំ​លែង​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​រឿង​នេះ​ទទួល​បាន​ពាន រង្វាន់ពីបរទេស សន្ធឹកសន្ធាប់យ៉ាងនេះ? ហេតុ​អ្វីក៏រឿងនេះថតបានល្អិតល្អន់យ៉ាងនេះ? (សុំ​មិន​និយាយ​ប្លង់​មួយ​ដែល​ថត​ជាប់​កៅអីជ័រ ក្នុងឈុតព្រះរាជា និង នារីស្រុកស្រែ)។ រឿង​នេះ​បាន​បញ្ចូល​ព្រលឹង​ស្ទើរ​តែ​គ្រប់ឈុតទាំងអស់ ដែល​ធ្វើ​ឱ្យ​បេះ​ដូង​ខ្ញុំ​ញ័រ​រំជើប​រំជួល​គ្រប់​វិនាទី​ដែល​ហ្វីល​រឿង​ដើរ។ គ្រប់តួម្នាក់ៗ មានអត្តសញ្ញាណច្បាស់លាស់ សម្តីមួយម៉ាត់ៗ សុទ្ធ​តែ​បង្កប់​នូវអាថ៌កំបាំង និងពន្លកបញ្ហា ហើយគ្រប់បញ្ហាទាំងនោះសុទ្ធតែ បាន​ដោះ​ស្រាយ​យ៉ាងលម្អិត រហូត​រឿង​បាន​​បញ្ចប់​។ ​ខ្ញុំ​​ក៏​​លែង​ឆ្ងល់​ទៀត​ដែរ ហេតុ​អ្វី​ក៏​អ្នក​វិភាគ​កុនរឿងថៃល្បីៗ នាំ​គ្នា​ពោល​សរសើរ​រឿង​នេះ ហើយ​​នឹក​​ច្រណែន​​ខ្មែរ​​ដែល​មាន​ខ្សែភាពយន្តល្អៗបែបនេះ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​ទស្សនា​ខ្សែ​​ភាព​យន្ត​ម្នាក់ ខ្ញុំ​សូម​​លើកទឹកចិត្តទស្សនិកជនខ្មែរទាំងអស់ នាំ​គ្នា​ទៅ​មើល​រឿង​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ក្រៅពីដើម្បីគាំទ្រដល់វិស័យភាពយន្តខ្មែរ ក៏ដើម្បីដឹងថា យ៉ាង​ហោច​ណាស់​ខ្មែរ​យើង​ក៏​មាន​រឿង​កុន​ល្អៗ​មើល​នឹង​គេ​ក្នុង​ទសវត្សរ៍ឆ្នាំ ២០១៥ នេះដែរ។ រឿងនេះ ខ្ញុំជូនពិន្ទុ ៩/១០ ព្រោះ​នៅ​មាន​ចំណុចតូចៗមួយចំនួនទៀតត្រូវកែតម្រូវ ពិសេស​ឈុត​ថត​ជាប់​កៅ​អី​ជ័រ នៅក្នុងឈុត «ផ្លូវ​​​ឆ្ងាយ​ពី​ផ្ទះ»៕

Read Full Post »


Blood in Dispute

ផ្កាយ​NoVeLs*– ល្ងាចម្សិលមិញ(០៩​ សីហា ២០១៥) ខ្ញុំមានឱកាសបានទៅមើលរឿង «សង្គ្រាម​បង​​ប្អូន» ឬ Blood in Dispute។ តាំង​ពី​​លេច​​ឮ​​ដំណឹង​ថា រឿង​នេះ​ចូល​រួម​សហការ​ថត​ជា​មួយ​ហ្វីលីពីន និងជាខ្សែភាពយន្តខ្មែរដែលមានលក្ខណៈអន្តរជាតិ ខ្ញុំ​​ក៏​​គុំ​​ចាំ​​មើល​រឿង​​​​នេះ​តាំង​ពី​ពេល​នោះ​មក ដូច្នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​រំពឹង​ទុក​ខ្ពស់ខ្លាំងណាស់ទៅលើរឿងមួយនេះ។ នៅ​ពេល​មាន​ការ​រំពឹង​ទុក​ខ្ពស់ ការ​ខក​​ចិត្ត​ក៏​ខ្ពស់​ទៅ​តាម​នោះ កាល​បើ​អ្វី​ដែល​ចេញ​មក​មិន​ដូច​ទៅ​នឹង​ការ​រំពឹង​ទុក​ទាល់​តែ​សោះ។

មុនពេលទៅមើល ខ្ញុំបានបបួល Movie Mate របស់ខ្ញុំទៅមើលដែរ តែ​គេ​បដិសេធ​ព្រោះ​គេ​ថា​គ្រប់​រឿង​របស់​ស៊ីធីអិន​គឺ​មើល​មិន​​កើត សូម្បី​​តែ​រឿង​ដែល​ចូល​រួម​សហការ​ថត​ដោយ​​សិង្ហ​បុរី​​ (រឿង​​ដំរី​​មរកត​)​ពី​​មុន​ក៏​មើល​មិន​យល់។ ចុងក្រោយ ខ្ញុំ​ក៏​ទៅ​មើល​រឿង​នេះ​ជា​មួយ​មិត្ត​​ភក្តិ​ចាស់​កាល​រៀន​នៅ​វិទ្យា​ល័យ​ជា​មួយ​គ្នា។ នៅ​ក្នុងរោងមានមនុស្សមើលច្រើន គឺ​ទំនេរ​តែ​ជួរ​កៅអី​មុខ​ប៉ុណ្ណោះ តែ​នៅ​ក្នុង​រោង​ទាំង​​មូល​​ស្ងាត់ច្រៀប អាចមកពីពួកគេគេងលក់អស់ក៏មិនដឹង ព្រោះ​ជា​រួម​រឿង​ទាំង​​មូល​​គ្មាន​​ឈុត​​ណា​​មួយ​​ដែល​​ធ្វើ​​ឱ្យ​​ទស្សនិក​ជន​​បាន​រំភើប ភ្ញាក់ផ្អើល ឬចង់តាមដានអ្វីសូម្បីតែបន្តិច។

និយាយទៅ ក្នុងនាមខ្ញុំជាទស្សនិកជនម្នាក់ គឺមិនដល់ថ្នាក់ស្តាយលុយទេ ព្រោះ​តម្លៃ​ត្រឹម​តែ​៣​ដុល្លារ​ដូច​គេ​ដូច​ឯង​ដែរ ចាត់​​ទុក​​ថា ជា​ការ​​ចំណាយ​ដើម្បីជួយគាំទ្រវិស័យភាពយន្តខ្មែរទៅចុះ! (ព្រោះ​ផលិត​កម្ម​ខ្លះ ហ៊ាន​យក​ដល់​ទៅ​៤​ដុល្លារ​ឯណោះ អត់​​ចេះ​​មើល​​គុណ​ភាព​កុនខ្លួនឯងទេ មុន​នឹង​ចង់​ស៊ី​ថ្លៃ​ខុស​គេ!)។ ជា​ទស្សនៈ​ខ្ញុំ ក្នុង​នាម​ទស្សនិក​ជន​ម្នាក់​ដដែល​(បញ្ជាក់ គឺ​ក្នុង​នាម​ទស្សនិក​ជន​ម្នាក់) ខ្ញុំ​ថា រឿង​នេះ មិន​គួរ​យក​មក​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ទេ ព្រោះ​ទំនាស់​បញ្ហា​(Conflict) នៅ​​ក្នុង​​រឿង វា​តូច​ពេក តូច​​រហូត​​រក​​មិន​​ឃើញ​ថា ចំណុច​កំពូល​(Climax)​នៅ​ក្នុង​សាច់​រឿង​ស្ថិត​នៅ​ត្រង់​ណា?

ទំនាស់ (Conflict) និងចំណុចកំពូល (Climax)របស់រឿងមួយ គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ចិត្ត​ទស្សនិកជន​ឱ្យ​ចង់​មើល និង​តាម​ដាន​រឿងរបស់ខ្លួន។ ចុះបើរឿងនោះមានទំនាស់នៅស្រាល គ្មានចំណុចដែលធ្វើឱ្យទស្សនិកជន រំភើប កម្សត់ ចង់​សើច ឬចង់យំជាមួយ តើ​ឱ្យគេទៅមើលស្អី? ម្យ៉ាងទៀតនៅពេលមានទំនាស់នេះហើយ តួអង្គ​ត្រូវ​រិះ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយហេតុ និងផល ដែល​អាច​បញ្ចប់​រឿងបានដោយធ្វើឱ្យទស្សនិកជន រំភើប តក់ស្លុត ទុក្ខសោក ក្រៀមក្រំ សើច ឬ​ដល់​ថ្នាក់យំ និង​ខឹង​ទៅ​តាម​ដំណើរ​រឿង​របស់​ខ្លួន​ផង​ដែរ។ តែនៅក្នុង «សង្គ្រាមបងប្អូន» ឬ Blood in Dispute ទំនាស់​បញ្ហា​នៅ​តូចណាស់ សឹង​តែ​មិន​គួរ​បង្កើត​បាន​ជា​ដំណើរ​រឿង​មួយ​បាន។​ ហេតុ​អ្វី​ពីរ​នាក់​បង​ប្អូន​ហ្នឹង ដល់​​ថ្នាក់​​វាយ​​ប្រយុទ្ធ​​គ្នា​​ស្លាប់​​រស់​​ដោយ​សារ​តែ​សម្តី​ញុះ​ញង់​មិន​ទំនង របស់​មនុស្ស​ខិល​ខូច​ម្នាក់? ដោយ​​សារ​ភាព​អាម៉ាស? ដោយ​សារ​ប្រចណ្ឌ? តើ​​រឿង​​កុន​​មួយ​រឿង មាន​ត្រឹម​ប៉ុណ្ណឹង​ឬ? អ្នក​មើល​គេ​បាន​អី? សប្បាយ កម្សត់ ឬ​ការ​អប់រំ?

មិត្តអ្នកអាន ធ្លាប់ឮគេនិយាយថា សិល្បៈភាពយន្តជាចំណីចក្ខុរបស់ទស្សនិកជនទេ? ខ្ញុំ​ជឿ​ថា គ្រប់​គ្នា​ពិត​ជា​ធ្លាប់​ឮ តែ​​ខ្ញុំ​​សុំ​​ប្រាប់​​ថា រឿង​​មួយ​នេះ​មិន​ទាន់​អាច​ក្លាយ​ជា​ចំណី​​ចក្ខុ របស់​អ្នក​ណា​បាន​នៅ​ឡើយ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​សម្ល​កកូរ​មួយ​ឆ្នាំង ដែល​​មាន​​បន្លែ​​ត្រី​សាច់​​គ្រប់​មុខ តែ​នៅ​ខ្វះ​អង្ករ​លីង​ប្រហុក និង​ចុង​ភៅ​ចំណា​ន​មក​ចម្អិន​ម្ហូប​មួយ​មុខ​នេះ ឱ្យ​​មាន​​ឱជា​រស​​ឆ្ងាញ់​​ត្រូវ​​មាត់​​ត្រូវ​​ចិត្ត​​មនុស្ស​​​ភាគ​​ច្រើន​។​

មុន​​ពេលទៅមើល ខ្ញុំធ្លាប់ដឹងសាច់រឿងសង្ខេបខ្លះៗ តាម​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​ក្រុម​ផលិតករ​ដល់​អ្នក​សារព័ត៌មាន​រួច​ហើយ។ លុះ​បាន​ទៅមើលផ្ទាល់ គឺគ្មានអ្វីលើសលស់គ្នាសោះ គ្មាន​ឈុត​ពិសេស គ្មាន​ឈុត​អស្ចារ្យ គ្មាន​ឈុត​រំជួល​អារម្មណ៍ គឺ​​សាច់​​រឿង​​ស្មើ​​តាំង​​ពី​ដើម​​ដល់​ចប់។ ខ្ញុំ​មិន​បាន​ទទួលអ្វីដែលថ្មី ក្រៅពីសាច់រឿងដែលខ្ញុំធ្លាប់ដឹងតាមសារព័ត៌មាន និង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​រោង​កុន​នានា​ទាល់​តែសោះ។ បើដំណើររឿងទាំងមូល មិនខុសគ្នាពីរឿងសង្ខេបដដែល តើ​គេ​ចាំ​បាច់​ទៅ​អង្គុយ​មើលឱ្យខាតពេលខាតលុយធ្វើអី?

រូបភាពដោយសប្បាយ

រូបភាពដោយសប្បាយ

តាម​ដំណើររឿងដែលខ្ញុំធ្លាប់ដឹង* គឺ លោក​ទេព រិន្ទ​ដារ៉ូ ជា​ជន​ជាតិ​ខ្មែរ​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា ក្នុង​​សម័យ​​សង្គ្រាម​​​ទៅ​​បន្ត​ការ​​សិក្សា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​លោក​បាន​រៀប​ការ​ជា​មួយ​នារី​ជន​ជាតិ​ហ្វីលីពីន​ម្នាក់ បង្កើត​​បាន​​កូន​​​ប្រុស​​គឺ​​លោក​​មីកាអែល​។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោកក៏មានទំនាក់ទំនងជាមួយនារីខ្មែរម្នាក់ ដែល​​ជា​​សង្សារ​​កាល​​នៅ​​​រៀន បង្កើត​បាន​កូន​ប្រុស​ម្នាក់​ដែរ ដែល​​​សម្ដែង​​ដោយ​​លោក ខាត់ វ៉ៃ​ហាំង។ ក្មេង​​ប្រុស​​ទាំ​ង​​ពីរ បន្ទាប់​​​ពី​​​ពេញ​​​វ័យ​​​ទៅ​​​សុទ្ធ​​​តែ​​​​មាន​​ចំណូល​​ចិត្ត​​ហាត់​​ល្បុក្កតោ​​របស់​​ខ្មែរ​​ដូច​​គ្នា ដោយ​លោកមីកាអែល បាន​ទាំង​ជិះ​យន្ត​មក​ហាត់​រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទៀតផង។ បន្តបន្ទាប់មកបងប្អូនទាំងពីរ ក៏​បាន​ប្រកួត​គ្នា​ហើយ​​ដោយ​មាន​​ការ​​បញ្ឆេះ​​កំហឹង ​ពី​​សំណាក់​​អ្នក​​រក​​ស៊ី​​ចាក់​​ភ្នាល់​​​កីឡា​ម្នាក់ ពួក​គេ​ក៏​ក្លាយ​ជា​គូ​សត្រូវ នៅ​ក្រៅ​សង្វៀន​ជា​មួយ​គ្នា។ លោក​​ទេព រិន្ទដារ៉ូ និង​តារា​ហ្វីលីពីន នាង Andrea Torres ក៏​​ត្រូវ​​សាច់​​រឿង​​តម្រូវ​​ឱ្យ​​មក​​ប្រទេស​​កម្ពុជា​​ផង​​ដែរ នៅ​​ក្នុង​​បុព្វ​ហេតុ​​ផ្សេង​​គ្នា ហើយ​​​​ក៏​​​បាន​​​បង្កើត​​សាច់​​រឿង​​ជា​​មួយ​​តួ​​អង្គ​​ខ្មែរ និង​ធ្វើ​ជា​អ្នក​ឃាត់​ឃាំង​មិន​ឱ្យ​លោក ខាត៉ វ៉ៃ​ហាំង និង​លោក​មីកាអែល បន្ត​​ធ្វើ​​ជា​​គូ​សត្រូវ​​គ្នា​ព្រោះ​តែ​ចង់​ចាញ់​ឈ្នះ។

គឺ​​​រឿងមានតែប៉ុណ្ណឹងឯង ទោះទៅមើល Full Movie នៅក្នុងរោងកុន ក៏ដឹងត្រឹមប៉ុណ្ណឹងដែរ គ្មាន​អ្វី​លើស​ពី​នេះ​ទេ។ ក្រៅពីនេះ នៅ​មាន​ចំណុច​​មិន​សម​ហេតុ​ផល​មួយ​ចំនួន​ដូច​ជា៖

១. លោក ទេព រិន្ទដារ៉ូ នៅ​ហ្វីលីពីន ២៥​ឆ្នាំ អត់​ចេះ​ភាសា​ហ្វីលីពីន​ឬ បាន​ជា​ឪពុក និង​កូន​(មីកា​អែល)​​ពីរ​​នាក់​ហ្នឹង និយាយ​​គ្នា​​តែ​​ភាសា​អង់គ្លេស?

២. មីកាអែល និង Andrea ហេតុ​អី​មិន​ឱ្យ​និយាយ​ភាសា​ហ្វីលីពីន ហើយ​ដាក់​អក្សរ​ខ្មែរ​រត់​ពី​ក្រោម​ដូច​តួ​ផ្សេងៗ​ទៀត? ដឹង​​អត់​​ថា ធ្វើ​បែប​នេះ នាំ​ឱ្យ​រឿង​នេះ​បាត់​សម្ផស្ស​សិល្បៈ? មួយ​ទៀត​ផលិតករ និង​អ្នក​ដឹក​នាំ​រឿង ដូច​​មិន​​ទាន់​​ស្រុះ​​ស្រួល​​គ្នា​​ពី​​រឿង​​តួ​អង្គ​​ពីរ​​នាក់​​នេះ​​ទាល់​តែ​​សោះ​​ថា គួរ​ឱ្យ​និយាយ​ភាសា​អី? ព្រោះ​ពេល​ខ្លះ ឮ​ពីរ​នាក់​នេះ​និយាយ​ភាសា​ហ្វីលីពីន​ដែរ តែ​​អត់​​មាន​​អក្សរ​​ខ្មែរ​​រត់​​ពី​​ក្រោម​​(សង្ស័យ​ភ្លេច​​បក​ប្រែ?)។

៣. កីឡាករល្បុក្កតោ៖ តួ​ហ្វីលីពីន​មាន​រូប​រាង​ស័ក្តិ​សម​ហើយ ព្រោះ​គេ​មាន​សាច់​ដុំ និង​រាង​កាយ​មាំ​មួន​ស្រាប់ ចម្លែក​​អី​​តែ​​តួ​​ខ្មែរ​​(ខាត់ វ៉ៃ​ហាំង) តួ​ល្បុក្ក​តោ​ប៉ុណ្ណា​ណី ស្រាប់​តែ​រាង​ឱ្យ​ស្វែល​ដូច​ស្រី រាប​​ស្មើ​​តាំង​​ពី​​លើ​​ដល់​​ក្រោម គ្មាន​​សាច់​​ដុំ​​អី​​សោះ គឺ​​​មិន​​​ស័ក្តិ​​​សម​​​ជា​​​អ្នក​​​ចេះ​ល្បុក្ក​តោ ឬ​ជា​កីឡាករ​អី​បន្តិច។ បើ​រឿង​នេះ​ផ្តោត​សំខាន់​លើ​ការ​វាយ​តប់ ពិសេស​​ប្រើ​​ក្បាច់​​គុន​​ល្បុក្កតោ​​ទៀត​ ហេតុ​​អី​​មិន​​ឱ្យ​​តួ​ហ្នឹង​​ទៅ​ហាត់​កីឡា ឬលេង gym ឱ្យ​មាន​សាច់ ដុំ​សិន​ទៅ​ចាំ​មក​ថត?

៤. ការប្រកួតល្បុក្កតោ៖ ការប្រកួតជាលក្ខណៈអន្តរជាតិរវាងកីឡាករល្បុក្កតោ ខ្មែរ និងហ្វីលីពីន មាន​តែ​ប៉ុន្មាន​នាក់​ហ្នឹង​មក​មើល? ហើយ​​អ្នក​​មើល​អង្គុយ​ចំហ​មាត់​ស្ងាត់​ច្រៀប​អ៊ីចឹង? ចំណែក​ឈុត​វាយ​គ្នា​ក៏​វាយ​មិន​សម ឬ​មួយ​ល្បុក្ក​តោ​វាយគ្នា​ស៊ើកៗ ស្ទក់ៗ ដូច​កូន​ក្មេង​​ប្រលែង​គ្នា​បែប​នេះ​ឬ? ការ​ប្រកួត រួម​ទាំង​ក្បាច់​គុន​ផង ដូច​ជា​គ្មាន​ក្បួន​ខ្នាត​អី​សោះ វ៉ៃ​ឡេះ​ឡោះ​ៗ ចុង​​ដៃ​​ចុង​​ជើង ព្រោះ​ខ្ញុំ​គិត​ថា ឈុត​​ល្បុក្ក​តោ គឺ​ជា​ឈុត​ធំ​របស់​រឿង ហេតុ​អី​ធ្វើ​មិន​បាន​ល្អ​សោះ​អ៊ីចឹង ឬ​ធ្វើ​ល្អ​បាន​ត្រឹម​ប៉ុណ្ណេះ?

៥. ឈុតម្តាយមីកាអែលស្លាប់៖ ម្តាយស្លាប់ទាំងមូល ហេតុអ្វីអ្នកដែលយំសោកចូលតួសម មានតែ ទេព រិន្ទដារ៉ូ ដែល​ជា​ប្តី​ម្នាក់​ទៅ​វិញ? កូន​ប្រុសទាំងមូលអត់មានទឹកភ្នែកសូម្បីមួយតំណក់ឬ? ឬ​ហ្វីលីពីន កូន​ប្រុស​គេ​មិន​ឱ្យ​យំ ខ្លាចគេថាទន់ជ្រាយ? (តែ​តាម​ធ្លាប់​មើល​រឿង​ហ្វីលី​ពីនកន្លងមក គ្រាន់តែសង្សារបែកចិត្តក៏យំបោកខ្លួនដែរ) សូម្បី​តែ​ទឹក​មុខ​ក៏​សម្តែង​មិន​សម​បរិយាកាស ដូចជា​បារម្ភ​រឿង​ការ​ហាត់​ល្បុក្កតោ​ខ្លាំងជាងបុណ្យសពម្តាយយ៉ាងម៉េចក៏មិនដឹង តួ​សង្សារ​ទៀត​សោត ក៏​​មក​​ញញឹម​​ញញែម អត់កាន់ទុក្ខអីសោះ។ ឬ​មួយ​ប្រពៃណី​​បុ​ណ្យសពហ្វីលីពីនបែបនេះ?

សរុបមក ចំណុចល្អរបស់រឿងនេះ មានត្រឹមតែប៉ុន្មានប្លង់ប៉ុណ្ណោះ ដែលប្រើប្រាស់អង្គកាមេរ៉ាបានល្អ កាត់តបានគ្រាន់បើ (បញ្ជាក់ គឺ​មាន​តែប៉ុន្មានប្លង់ប៉ុណ្ណោះ) ហើយតួដែលលេចធ្លោក្នុងរឿងនេះ សូម​ជូន​ទៅ លោក ទេព រិន្ទដារ៉ូ ក្រៅ​ពី​នោះ តួ​​ហ្វីលីពីន​​(មីកាអែល) ក៏​គ្រាន់​​បើ ពេល​គាត់​ខឹង​សម្តែង​បាន​សម ចំណែកតួខ្មែរ វ៉ៃហាំង​នៅ​ស្ទើរ​នៅ​ឡើយ​គឺ​សម្តែង​មិន​ទាន់​អស់ បើតួស្រីវិញស្អាត មិន​ចាញ់​តួ​បរទេស​ប៉ុន្មានទេ។ រឿងនេះ ខ្ញុំជូនពិន្ទុ ៥/១០ បើនិយាយពីក្នុងចិត្តពិតប្រាកដ គឺខ្ញុំចង់ឱ្យតែ ៤/១០ ប៉ុណ្ណោះ ប៉ុន្តែ​មិន​ចង់​ឱ្យ​ផលិតករ​បាក់​ទឹកចិត្តខ្លាំង ឬខ្លាចគេថាខ្ញុំមិនឱ្យតម្លៃភាពយន្តខ្មែរ 😀 ៕

*សង្ខេបរឿងដោយ VOD

Read Full Post »


0

ផ្កាយ​NoVeLs*– វីរបុរស​ ឬ The Hero គឺ​ជា​ស្នាដៃ​វីដេអូឯកសារ​ដំបូង​ដែល​ខ្ញុំ​បាន​ចេញ​ថត​ក្នុង​នាម​ជា​​អ្នកនិពន្ធ​ និង​ អ្នក​ដឹកនាំ​រឿង​។ វីរបុរស​ និយាយពី​វីរភាព​ដ៏​អង់អាច​របស់​កងរាជអាវុធហត្ថ​ខ្មែរ​ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត​ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជារបស់​យើង​។

ខាង​ក្រោម​គឺ​ជា​ Voice Over នៅ​ក្នុង​វីដេអូ និង​ ទិដ្ឋភាព​ខ្លះៗ​​នៅ​ក្នុង​ពេល​ថត​។ វីដេអូឯកសារ​​នេះ បាន​ និង​ កំពុង​​យក​ទៅ​ចាក់​ផ្សាយ​នៅ​តាម​បណ្តាខេត្ត​ក្រុង​ចំនួន​១២​ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​សន្តិភាព​ប្រចាំ​ឆ្នាំ​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថាន​ទូត​អាមេរិក​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ​០៥ ​មករា​២០១៣ ​នេះ​តទៅ​​។

បន្ទាប់​ពី​កាត់​ត និង​ ធ្វើ​ Subtitle រួច ខ្ញុំ​នឹង​យក​វីដេអូ​នេះ មក​ដាក់​ផ្សាយ​ជា​បន្ត​​នៅ​ទីនេះ​។

  • Voice Over

យើង​​ទាំង​អស់​គ្នា​ បូជា​ការ​ពារ​បូរណភាព​ទឹក​ដី​​។

          យើង​តែង​តែ​​ម៉ឺង​ម៉ាត់​​។

យើង​ហ្វឹក​ហាត់​​យ៉ាង​ខ្ជាប់​ខ្ជួន​​។

យើង​ខិត​ខំ​ព្យាយាម​​។

យើង​គឺជា​មនុស្ស​ យើង​មាន​បេះ​ដូង​។

យើង​ប្តេជ្ញា​ការ​ពារ​

យើង​​​បម្រើ​​ប្រជាជន​​​។

យើង​រក្សា​សន្តិភាព​​នៅ​ក្នុង​ប្រទេស​របស់​យើង​…

ដោយ​​មិន​ប្រកាន់​សាសនា​ ​ពណ៌​សម្បុរ​ និង​ និន្នាការ​នយោបាយ​។

គឺ​យើងស្ថិត​​នៅ​ទីនេះ​ដើម្បី​ព្រះរាជាណាចក្រក​ម្ពុជា​។

  • ទិដ្ឋភាព​ខ្លះៗក្នុង​ពេល​ថត​៖

1 2 3 4 6 7

8

5

Read Full Post »


ភាពយន្តថៃរឿង 407 ដែលអះអាងថាជាខ្សែភាពយន្ត 3D ពេញលក្ខណៈដំបូងគេក្នុងប្រទេសថៃ

ផ្កាយNoVeLs*– ភាពយន្ត3Dរបស់ថៃចំនួនពីរ(Mae Nak និង 407) បានដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា រួចហើយ ដោយមួយក្នុងចំណោមនោះ បានធ្លាយមកដល់ស្រុកខ្មែរដែរគឺ នាងណាត(Mae Nak)។ ផលិតកររបស់ភាពយន្តទាំងពីរ សុទ្ធតែអះអាងដូចៗគ្នាថា ខ្សែភាពយន្តរបស់ខ្លួន ជាភាពយន្ត3Dដំបូងគេ នៅក្នុងប្រទេសថៃ។ ហេតុផលដែលភាពយន្តរឿង (407) អះអាងថា ជាភាពយន្ត 3D ដំបូងគេ ខណៈដែល (Mae Nak) ជាភាពយន្តដែលថតមុន ព្រោះគេវាយតម្លៃថា (Mae Nak) មិនមែនជាភាពយន្ត 3D ពេញលក្ខណៈដូច(407) របស់ខ្លួនទេ។ ប៉ុន្តែក្រោយពីការដាក់បញ្ចាំងរួច ភាពយន្ត3D(407) នៅតែទទួលបានការរិះគន់ដូចភាពយន្តនាងណាតដែរ ព្រោះតែបច្ចេកទេស3Dនៅអន់ និងមិនពេញលក្ខណៈជាខ្សែភាពយន្ត3Dដូចប្រទេសលោកខាងលិចផលិត។

ក្រឡេកមកមើលស្រុកខ្មែរវិញ បន្ទាប់ពីមានការយកភាពយន្ត3Dបរទេសមកដាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងស្រុក ធ្វើឲ្យមានការចាប់អារម្មណ៍ និងពេញនិយមគួរឲ្យកត់សម្គាល់ពីសំណាក់យុវវ័យដែលនិយមវិស័យភាពយន្ត។ ហេតុផលមួយ ដែលពួកគេជ្រើសរើសទស្សនាភាពយន្តបែប3D ជាង2D ឬភាពយន្តធម្មតា អាចមិនមែនមកពីគុណភាពភាពយន្ត និងវ៉ែនតាដែលពាក់នោះទេ តែមកពីភាពថ្មីប្លែក ឬនិយាយបែបងាយស្តាប់ថា ឡូយ! រោងភាពយន្ត3Dស្រុកខ្មែរ ទោះបីជាខ្សែភាពយន្តដែលដាក់បញ្ចាំង មានគុណភាពល្អ និងគ្រប់លក្ខណៈជាភាពយន្ត3D ក៏ដោយ តែនៅពេលយក វ៉ែនតា(ដ៏សែនធម្មតា)មកពាក់, 3D ក៏ក្លាយជា 2D ធម្មតាមួយរំពេច!(Sic)

ភាពយន្តថៃរឿង Mae Nak ដែលថតមុន 407 និង អះអាងថាជាភាពយន្ត 3D ដំបូងគេនៅថៃដែរ

នេះមិននិយាយដល់ភាពយន្ត 4D ដែលនរណាៗក៏ស្ងើចសរសើរប្រាប់ខ្ញុំ(លើកលែងម្នាក់ចេញ)ថាឡូយ អស្ចារ្យ រន្ធត់… តែដល់ខ្ញុំបានភក្ស4Dស្រុកខ្មែរ… ព្រះអើយមិនស្មើនឹងជិះរទេះគោទៅលេងស្រែផង និងហ៊ាននិយាយដោយមិនបាច់គិតច្រើនថា ស្តាយលុយ! [កោតពួកគេ(?)ហ៊ានបោកប្រាស់ប្រជាជនស្រស់ៗបែបនេះហ្ន៎!]

ត្រឡប់មកនិយាយពីភាពយន្ត 3D ដែលផលិតករខ្មែរមួយចំនួន(តូច) កំពុងនាំគ្នាជ្រួលជ្រើមផលិត (សុំទោសដែលប្រើពាក្យថា ជ្រួលជ្រើម ព្រោះអត់មិនបាន មិនដឹងថា លោក/លោកស្រីផលិតករទាំងនោះ ស្គាល់អ្វីថាជាភាពយន្ត 3D ហើយឬនៅ មុននឹងនាំគ្នាជ្រួលជ្រើមផលិត?) មិនដឹងថា ភាពយន្ត3Dទាំងនោះ មានគុណភាពបែបណាទេ ព្រោះគ្រាន់តែ2D ឬភាពយន្តធម្មតា ឬនិយាយឲ្យទាបមែនទែនទៅ គឺគ្រាន់តែ MV ក្នុងខារ៉ាអូខេក៏ថតមិនត្រូវផង តើ3D នឹងទៅជាយ៉ាងណាវិញ?

ភាពយន្ត3D ក្រៅពីបច្ចេកទេសធ្វើឲ្យរូបភាពលេចធ្លោ អណ្តែតលើផ្ទាំងកំណាត់សហើយ គឺត្រូវទាមទារឲ្យមានវ៉ែនតា3D (ដែលមិនមែនជារបស់ក្លែងក្លាយ ឬជាវ៉ែនតាការពារពន្លឺព្រះអាទិត្យ របស់រោងកុនខ្លះ! lolz…) គឺត្រូវតែមានឈុតឆាកណាមួយ ដែលមានកាំបិត គ្រាប់កាំភ្លើង ឬអ្វីក៏ដោយ ខ្ទាតមកត្រូវមុខទស្សនិកជន(ពេលថតជាក់ស្តែងគឺផ្លោងមកលើកាមេរ៉ា) ដែលធ្វើឲ្យទស្សនិកជនភើតពោះភ្ញាក់, ស្រែក ឬ បះជើងហើបគូទពីកៅអី។

សកម្មភាពថតភាពយន្ត 3D ស្រុកខ្មែរ (រូបភាព៖ សប្បាយ)

តាមបទពិសោធដែលមើល ភាពយន្ត3Dរបស់ហូលីវូដ គឺមិនបាច់ពាក់វ៉ែនតា ឬមើលតែលើអេក្រង់កុំព្យូទ័រ ក៏ឃើញរូបភាពលេចធ្លោ ស្រឡះភ្នែក និងមានវត្ថុខ្ទាតត្រូវមុខស្តែងៗដែរ តែភាពយន្តថៃពីររឿងខាងលើ នេះ អង្គុយមើលស្ទើរតែធ្លុះវ៉ែនតា ក៏ស្ទើរតែរកមិនឃើញប្លង់3Dដែលគេអះអាងនោះដែរ។ ថៃធ្លាប់មានស្នាដៃល្អៗ ដែលអន្តរជាតិ និង ហូលីវូដទទួលស្គាល់ ច្រើនមកហើយ… តែភាពយន្ត3Dដែលដាក់បញ្ចាំងរួចហើយនេះ ទទួលការរិះគន់ពីសំណាក់ទស្សនិកជនជាច្រើន។

ចុះភាពយន្ត3Dខ្មែរពីររឿង ដែលសុទ្ធតែនិយាយពីអាប និងល្បីថា ប្រើបច្ចេកវិទ្យា 3D ពេញលក្ខណៈ នឹងទៅជាយ៉ាងណាវិញ? ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ ទើបដឹងថា វិស័យខ្សែភាពយន្តយើង កំពុងតែរីកចម្រើនដល់កំពូល ឬយើងដែលជាទស្សនិកជនត្រូវចាញ់បោកប្រជាភិថុត ដូចភាពយន្តថៃពីរខាងលើនេះ???

Read Full Post »


ប៉ុស្ត័រភាពយន្តរឿង «ស្នេហ៍គ្រាដំបូង» ឬ First Love

ផ្កាយ​NoVeLs*– តាម​រយៈ​ លោក​​​ ម៉ៅ រតនា  ចាង​ហ្វាង​​​ផលិត​កម្ម​​​  SRGBMEDIB  បាន​ឱ្យ​ដឹង​​ថា រឿង​«​​​ស្នេហ៍​គ្រា​​ដំបូង​​» ឬ​ First Love នឹង​សម្ពោធន៍​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២១ មករា ២០១២​ នេះ​ នៅ​​សាល​មហោស្រព​ចេនឡា​។

ចាង​ហ្វាង​ផលិត​កម្ម​រូប​នេះ​  បាន​​បញ្ជាក់​ទៀត​​ថា រឿង​«​​​ស្នេហ៍​គ្រា​​ដំបូង​​» ​​​នេះ​​ដំណើរ​​​​ការ​​​ថត​ដោយ​​​​បច្ចេក​​​វិទ្យា​ទំនើប​​​អ្នក​​ដឹកនាំ​ រឿង​​មាន​​​គំនិត​​​ច្នៃ​ប្រឌិត​​​​​ខ្ពស់​​​ធ្វើ​ទៅ​តាម​​​សេនារីយោ​របស់​ អ្នក​​និពន្ធ​​ ដែល​មាន​ស្នា​ដៃ​​​ក្នុង​ការ​​​និពន្ធ​​សរសេរ​រឿង​​​​ បែប​​​មនោ​សញ្ចេត​នា​​ ​និង​​កំប្លែង​​ តម្រូវ​​​ទៅ​តាម​​​ស្រទាប់​​​យុវវ័យ​​​សម័យ​ថ្មី​​ចូល​ចិត្ត​​​​ទស្សនា​​​។

លោក ​ម៉ៅ​ រតនា ​​​​បន្ត​ថា  ​រឿង​​​ «ស្នេហ៍​​​គ្រា​ដំបូង» ​​​​​ដែល​​​ជា​​ស្នា​​ដៃ​​លើក​​ទី១​​នេះ​​មាន​ តារា​​សម្តែង​​​ថ្មីៗ​ ​​​​​វ័យក្មេង​ ​​​ស្រស់ស្អាត ​​​មាន​​​សមត្ថ​ភាព​​​​ និង ​មាន​ទេព​​​កោសល្យ​​សម្តែង​​​បាន​​​ល្អ​​បំផុត​​​ ដូច្នេះ​​​​​​លោក​​សង្ឃឹម​ ​​ថា​ នឹង​​មាន​ការ​​​ចាប់​អាររម្មណ៍​​​ពី​ប្រិយ​មិត្ត​​​ទស្សនិកជន​​ដែល​​​ ចូល​​​ទស្សនា​​​ហើយ​គាំទ្រ​​ជាក់​​ជាមិន​​ខាន​​។

  • ភាពយន្ត​ trailer ឈុតខ្លះៗក្នុងរឿង

លោក​​ចាង​ហ្វាង​​​​​ផលិតកម្ម​​ បាន​​បន្ថែម​ថា​​ ភាពយន្ត​​​រឿង​​​ «ស្នេហ៍​​​គ្រា​ដំបូង» ​​នេះ ​ផលិតឡើង​​ចង់​បង្ហាញ​​ពី​តថភាព​ សង្គម​​​​ពិត​​ ដែល​​​ចម្រុះ​​​​​គ្រប់​​​ជាតិ​​សាសន៍​​​មនុស្ស​​​រស់​នៅ​​​ ហើយ​​​ក៏បង្ហាញ​​​ពី​មនុស្ស​​​ដែល​​​មាន​​​ស្នេហា​​​ដំបូង​​​ ពិសេស​​​​គឺ​ចង់​​​អប់រំ​​ដល់​​​យុវវ័យ​​​​សម័យ​​​ថ្មី​​​ឱ្យ​​​ចេះ​​​​គិត​ គូរ​​បាន​វែង​​ឆ្ងាយ​​​មុន​ពេល​​​​​​សម្រេច​​​​ចិត្ត​​​ប្រឡូក​​​ក្នុង​​រឿង​​​ស្នេហា។

មួយ​​វិញ​​ទៀត​​ភាព​យន្ត​​​រឿង​ «​​ស្នេហ៍​​​​គ្រា​ដំបូង​​» នេះ​​មាន​​​គោល​​បំណង​​ចង់​​ឱ្យ​​យុវវ័យ​​​ខិតខំ​​​​​សិក្សា​​​រៀន​​សូត្រ​​ ឱ្យ​បាន​​​ច្រើន​​​ហើយ​​យល់​ពីអត្ថ​ន័យ​​​ពាក្យ​ថា «​ស្នេហា » ផងដែរ។

តាម​រយៈ​​ឈុត​​ឃោសនា​ខ្លះៗ​ខាង​លើ​ឃើញ​ថា ភាព​យន្ត​នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន ពិសេស​ថត​​ប្រើ​​ប្រព័ន្ធ​HD ដែល​មើល​ទៅ​ធ្វើ​ឲ្យ​ត្រជាក់​ភ្នែក​ រូប​ភាព​ភ្លឺ​ច្បាស់​ បើ​ទោះ​ជា​​សកម្ម​ភាព​សម្តែង​របស់​តារា​មួយ​​ចំនួន​នៅ​មាន​សភាព​ឆ្គង​មិន​​ដូច​ធម្មជាតិ​ក៏​ដោយ​។

តោះ! នៅ​ចាំ​អីទៀត ទៅ​មើល​​រឿង​ «​ស្នេហ៍​គ្រា​ដំបូង» ឬ​ First Love ទាំង​អស់​គ្នា ដើម្បី​គាំ​ទ្រ​វិស័យ​ភាពយ​​ន្ត​ខ្មែរ​ និង​ ដើម្បី​ខ្មែរមាន​ភាព​យន្ត​ខ្មែរ​មើល!!! 😀

(ដក​ស្រង់​ និង​កែ​សម្រួល​ពី​កាសែត​កោះ​សន្តិ​ភាព)

Read Full Post »

Older Posts »