Feeds:
ប្រកាស
មតិ

Archive for the ‘ភាព​យន្ត​ថៃ​’ Category


ប៉ុស្ត័ររឿង «ដប់ម៉ឺន»

ប៉ុស្ត័ររឿង «ដប់ម៉ឺន»

ផ្កាយNoVeLs*– ប្រជាជនខ្មែរមួយចំនួនប្រហែល​ជា​ចាំ​ឈ្មោះ​ អា​ខាវ នាង​ថង​ខ្វាវ នៅ​​​ក្នុង​​រឿង​​ភាគ​ថៃ ​«មន្តស្នេហ៍ក្រមុំស្រុកស្រែ» ដែល​ធ្លាប់​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្ត៍​លេខ​៥​របស់​ខ្មែរ កាលពីជាងដប់ឆ្នាំមុន នៅឡើយទេ ពិសេស​ចាស់​ៗ​ ​​និង​យុវវ័យ​ដែល​មាន​អាយុ​ស្របាល​ៗ​ខ្ញុំ។​ កាលនោះ ល្ងាចមិនទាន់ទេ ម្នាក់ៗ​នាំ​គ្នា​ប្រញាប់​ស្រស់​ស្រូប​បាយ​ទឹក​ឱ្យ​ហើយ ដើម្បី​ត្រៀម​ចាំ​មើល​រឿង​អា​ខាវ​ (មី)​​ថង​ខ្វាវ​ឱ្យ​ទាន់។

រឿង​ភាគ​នេះ​ល្បីខ្លាំងណាស់នៅសម័យនោះ ព្រោះមានវប្បធម៌ របៀប​របប​រស់​នៅ និង​​ផ្នត់​គំនិត​ដូច​គ្នា​ខ្លាំង​ទៅ​នឹង​ប្រជាជន​ខ្មែរ​នៅតាមស្រុកស្រែចម្ការ។ ពិសេស​រឿង​នេះ​​​ជា​​ប្រភេទ​ចម្រៀង​​រឿង​ភាគ​(Musical​ Drama) ដែល​​អម​​ទៅ​​ដោយ​​បទ​​ចម្រៀង​រាប់​​​មិន​​អស់​នៅ​តាម​ឈុត​ឆាក​ពិសេស​នីមួយៗ។ បទល្បីៗក្នុងរឿងនេះមានដូចជា៖ មន្ត​​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ​(លំនាំ​បទ​ថ្នម​ស្នេហ៍) ចង់​បើក​បេះដូង​ ចាំ​​ច្រូត​​ស្រូវ​​ហើយ​សិន ដប់​ម៉ឺន​ដប់​ម៉ឺន សន្យា​មុន​លា ទឹកស្រកអូនខកចិត្ត ទឹក​ស្រក​បង​ខក​ចិត្ត​…​ ជា​ដើម។

រឿង​ «មន្ត​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ​» ដែល​ធ្លាប់​បញ្ចាំង​តាម​ទូរទស្សន៍​ខ្មែរ​កាល​ពី​ជាង​ដប់​ឆ្នាំ​មុន​

រឿង​ «មន្ត​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ​» ដែល​ធ្លាប់​បញ្ចាំង​តាម​ទូរទស្សន៍​ខ្មែរ​កាល​ពី​ជាង​ដប់​ឆ្នាំ​មុន​

ងាកមករឿង «ដប់ម៉ឺន» ឬ Love U 100K គឺជា​ប្រភេទ​ភាព​យន្ត​កំប្លែង​ថ្មី បែប​ទាន់​សម័យ​​ដែល​កាត់​យក​ផ្នែក​ខ្លះ​នៃ​រឿង​ភាគ «មន្តស្នេហ៍ក្រមុំស្រុកស្រែ» មក​ក្រឡៃ​កែ​ច្នៃ​​ធ្វើ​​ជា​ប្រភេទ​ខ្សែ​​ភាព​យន្ត​​កំប្លែង​​​ខ្នាត​​​ធំ ប្រើទំនាស់បញ្ហាតែមួយ ប៉ុន្តែ​នៅ​រក្សា​​រស​ជាតិ និង​ក្លិន​ចំហាយ​ដើម​ឱ្យ​នៅ​ដដែល។ នៅ​ក្នុង​រឿងថ្មីនេះ អ្នក​ដែល​ធ្លាប់​មើល​រឿង​ភាគ «មន្តស្នេហ៍ក្រមុំស្រុកស្រែ» អាច​នឹង​ប្លែក​ត្រចៀក​នឹង​ឈ្មោះ​តួ​ឯក​ប្រុស ព្រោះ​កាលពីមុនយើងធ្លាប់តែឮថា អាខាវ (ប្រហែល​ជា​ប្រែ​ខុស ​ឬ​​មាន​​ចេតនា​​ហៅ​​បែប​នេះ ដើម្បីស្រួលហៅ) តែពេលនេះយើងនឹងឮថា អាខ្លាវ វិញ ដែល​ជា​ឈ្មោះ​ត្រឹម​ត្រូវ​តាម​ប្រភព​ដើម។

ចង់ដឹងថា រឿង ដប់ម៉ឺន សម័យថ្មីនេះ មានរសជាតិខុសប្លែក និងល្អមើល ល្អ​សើច​កម្រិត​ណា តោះ​មក​តាមដាន ទ.អ.គ(ទាំងអស់គ្នា)!😀

តួឯក​ប្រុស​ស្រី​ក្នុង​រឿង

តួឯក​ប្រុស​ស្រី​ក្នុង​រឿង «ដប់ម៉ឺន»

រឿងសង្ខេប

អា​ខ្លាវ កំលោះស្រុកស្រែក្រតោកយ៉ាក លង់​ស្នេហ៍​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយ​នាង​ថង​ខ្វាវ​ ដែល​ជា​កូន​ស្រី​របស់​សេដ្ឋី​ស្តុក​ប្រចាំស្រុក។ អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ តែ​មាន​អាចឺត ជា​គូ​សត្រូវ​ស្នេហា តាមបំបែកបំបាក់ ឃ្លាំមើល និង​ចាំ​តែ​ឆ្មក់​យក​ថង​ខ្វាវ ពីអាខ្លាវគ្រប់ពេលវេលា។ ​អា​​ចឺត​​ចូល​​ចិត្ត​​មើល​ងាយ​មើល​ថោក​អាខ្លាវ​ថា​ក្រ​តោក​យ៉ាកខ្លាំងណាស់។ តែអ្វីដែលសំខាន់ សេដ្ឋី​ថង​កន​ដែល​ជា​ឪពុក​បង្កើត​របស់​ថង​ខ្វាវ ក៏ស្អប់ខ្ពើមមនុស្សក្រខ្សត់ ខ្ចាត់ព្រាត់ ដូច​ជា​អា​ខ្លាវ​នេះ​ខ្លាំង​ណាស់​ដែរ និង​ព្យាយាម​រារាំងស្នេហាអ្នកទាំងពីរ គ្រប់មធ្យោបាយទាំងអស់។ លោក​សេដ្ឋី​មិន​ព្រម​​លើក​​កូ​ន​ស្រី​ឱ្យ​អា​ខ្លាវ​ជា​ដាច់​ខាត​ លុះ​​ត្រា​​តែ​​អាខ្លាវ​មាន​ប្រាក់​ដប់​ម៉ឺន​បាត​មក​ចូល​ស្តី​ដណ្តឹង។ ដូច្នេះ អា​ខ្លាវ​ត្រូវ​ព្យាយាម​រក​ប្រាក់​ចំនួន​ដប់​ម៉ឺន ដើម្បី​​ទៅ​​ស្តី​​ដណ្តឹង​នាង​​ថង​​ខ្វាវ សង្សារ​បណ្តូល​ចិត្ត។ ទន្ទឹម​នឹង​នោះ មិត្ត​ភក្តិរបស់អាខ្លាវ និងថងខ្វាវ រួម​មាន អាវ៉ែន បុប្ផា និង​មិត្ត​ភក្តិ​រួម​បក្ស​ពួក​ដទៃ​ទៀត បាន​ពិភាក្សា​គ្នា​រក​មធ្យោបាយ ជួយ​គូ​ស្នេហ៍​ទាំងពីរឱ្យបានជួបគ្នាដូចក្តីប្រាថ្នា។

09(2)
វិភាគខ្លឹមសាររឿង

ប្រាប់តាមត្រង់ចុះថា គ្រាន់តែឃើញ Trailer ភ្លាម គឺមិនចង់មើលទាល់តែសោះ​ព្រោះ​​​​របៀប​របប​រឿង​ថៃ គឺតែប៉ុណ្ណឹង និយាយ​គ្នា​ស្រែក​វ៉ូស​វ៉ាស​ៗ ចំអាសចំអូង ដើម្បី​បានសើច ដើម្បី​បាន​កំប្លែង។ ម្យ៉ាងទៀត ធ្លាប់គិតទុករួចទៅហើយថា រឿង​ថៃ​បើ​ក្រៅពីផលិតកម្ម GTH គឺមិនទៅមើលដាច់ខាត។ ប៉ុន្តែពេលជិតដល់ថ្ងៃបញ្ចាំង ក៏​មាន​​ដំណឹង​ល្អ​មក​ដល់ គឺ​មាន​គេ​ជូន​សំបុត្រ PRE-SCREENING ចំនួន​៦ ក៏​សម្រេច​ចិត្ត​បបួលមិត្តភក្តិទៅមើលលំហែខួរក្បាល ព្រោះកូនចិត្តមួយក៏ចង់ដឹងដូចគ្នាថា តើ​ភាព​យន្ត​រឿង «ដប់ម៉ឺន» ថតថ្មី ខុសពីរឿងភាគទូរទស្សន៍ «មន្ត​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ» ដូចម្តេចខ្លះ?

ពេល​​អង្គុយមើល ខ្ញុំងោកបណ្តើរស្ងាបបណ្តើរ ថាធុញក៏ធុញ តែ​ក៏​ខំ​ទ្រាំ​តាម​ដាន​សាច់​​រឿង​យ៉ាង​លម្អិត​បំផុត ក្រែងមានចំណុចណាដែលធ្វើឱ្យខ្លួនសើច ប៉ុន្តែ​អត់​​មាន​សោះ​ ​ស.រ.ខ​(សម្រាប់​ខ្ញុំ) ​:P ។ ប៉ុន្តែសម្រាប់អ្នកទស្សនាដទៃទៀតវិញ គឺ​គេ​សើច​គឹលៗ​ស្ទើរ​តែពេញរោងអត់​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​ទំនង​ជា​គេ​អង្គុយ​វិភាគ​ទាល់​តែ​ស្ត្រែសស្លេកមុខ ដូច​ជា​ខ្ញុំ​ដែរ​ហើយ​មិន​ដឹង!😀

04(10)

ដំណើររឿង​ទាំង​មូល​ ក៏មិនបានទៅណាឆ្ងាយពីរឿងភាគទូរទស្សន៍ «មន្ត​ស្នេហ៍​ក្រមុំ​ស្រុក​ស្រែ» ដែរ​ គឺ​មាន អា​ខ្លាវ នាង​ថង​ខ្វាវ មានអាវ៉ែន មានបុប្ផា តែ​គេ​បំបែក​សាច់​រឿង​យ៉ាង​ល្អិត​ខ្ទេចខ្ទី ប្តូរមូលន័យ ខ្លឹមសារខ្លះៗ ប្តូរសម័យកាល ដែល​ស្ទើរ​តែ​កៀក​នឹង​​សម័យ​បច្ចុប្បន្ននេះ ព្រោះ​តាម​រយៈ​ការ​ស្លៀក​ពាក់ និង​​តុប​​តែង​​ខ្លួន​​ខុស​​ពី​​រឿង​ភាគ​​ដាច់។ មិនមានសម្លៀកបំពាក់ឈុតផ្កាធំៗ ឆើតៗ មិន​មាន​គូរ​រោម​ចិញ្ចើម​ក្រាស់ៗ​ ដិតៗ មិនមានមូរជើងសក់ខ្វេៗ ក្រងង់ៗ និងមិនមានធ្វើសក់ប៉ោងៗ ពោល​គឺ​​រឿង​​មិន​​បាន​​កំណត់​សម័យ​កាល​ច្បាស់​លាស់​នោះទេ។

ទន្ទឹមនឹងនេះ ភាពយន្តថ្មីនេះ ក៏បានធ្វើឱ្យបាត់ពណ៌សម្បុរ និង​លក្ខណៈ​ដើម​ខ្លះៗ​របស់​រឿង​ភាគដែរ ដូចជាវាជាប្រភេទភាពយន្តចម្រៀង តែចម្រៀងនៅក្នុងរឿងនេះ មាន​​មិន​​សូវ​ច្រើន គឺ​មាន​តែ​២​,៣​បទ​ប៉ុណ្ណោះ ពោល​គឺ​និយាយច្រើនជាងច្រៀង ហើយ​​ការ​​និយាយ​ស្តី​ក៏​ខុស​ដាច់​ដោយ​ឡែកពីបទចម្រៀង គឺ​មិន​និយាយ​ចូល​ឡូក​ឡំ​គ្នា​ដូចរឿងភាគ ដែល​មុន​នឹង​ច្រៀង​គឺ​មាន​ការ​និយាយ​ផ្តោះ​ផ្តង​លេប​ខាយ​​ឱ្យ​​ចូល​ន័យ​​ក្នុង​បទចម្រៀងសិន។ ចំពោះ​បទ​ចម្រៀង​នៅ​ក្នុង​រឿង​នេះ​ក៏​មិន​សូវ​ពិរោះ​ប៉ុន្មាន​ដែរ​ ចង្វាក់​ញាក់​មិន​ដល់ ខ្វះ​ភាព​រស់​រវើក បើ​និយាយ​ពី​ភាព​ពិរោះ​គឺ​នៅ​ចាញ់​រឿង​ភាគ​ឆ្ងាយ​ណាស់។

និយាយឱ្យត្រង់ទៅ រឿងនេះក៏មិនអាក្រក់អាក្រីណាស់ណាដែរ ព្រោះភាពស៊ីជោរ ធ្វើ​ឡប់ៗ និង​ប្រើ​សម្តី​អាស​អាភាស​ចំអាស​ចំអូង ដែល​ច្រើន​តែ​ឃើញ​មាន​នៅ​ក្នុង​រឿង​កំប្លែងថៃ គឺ​​​រឿង​នេះ​បាន​កាត់​បន្ថយ​ច្រើន ស្ទើរតែគ្មានទាល់តែសោះ ហើយ​ការ​រៀប​ចំ​សម្តីសន្ទនាទៀតសោត គឺ​បាន​ល្អ ដោយ​បង្កើត​កន្លែង​សើច ចំណុចកំប្លែងៗ តាម​រយៈពាក្យសម្តី ពិសេស ក.ន.យ.ក (ការ​និយាយ​កាត់)!😛

នាយវ៉ែន តួកំប្លែង​លេច​ធ្លោ​ក្នុង​រឿង

នាយវ៉ែន តួកំប្លែង​លេច​ធ្លោ​ក្នុង​រឿង

គឺនៅក្នុងរឿងមានតួអង្គម្នាក់ឈ្មោះ វ៉ែន ដែលជាតួកំប្លែងជាងគេ ទម្លាប់​និយាយ​ពាក្យ​កាត់ៗ ដូចជា ដ.ប.ក គឺដួលបែកក្បាល ក.ស (កាត់សក់) និង​ភាព​រហ័ស​រហួន​ក្នុង​ការគ្រលាសសម្តី ដូចជា ដៃ​កាន់​ដោះ ទៅ​ជា​ដៃ​កាន់​កំប៉ុង​ទឹក​ដោះ​គោ​ជា​ដើម។ តាម​ពិត​តួឈ្មោះវ៉ែននេះ ជាតួរងទេ គឺ​ជា​តួ​ដែល​ជិត​ដិត នៅ​តាម​កៀក​កិត​នឹង​តួ​ឯក​ជា​និច្ច។ បើសរុបរឿងទាំងមូលតួវ៉ែននេះ ស្ទើរ​តែ​ចេញ​ច្រើន​ជាង​គេ សំខាន់ជាងគេ គឺដណ្តើមយកភាពលេចធ្លោពីតួឯកបានយ៉ាងងាយ ដោយ​មិន​បាច់​ប្រឹង​ប្រែង។

ចំពោះតួឯកប្រុស បើទោះជាត្រូវអាវ៉ែន ឬ​មាន់​ក្រញាស​អត់​រោម​របស់​ខ្លួន​ដណ្តើម​ភាព​​ទាក់​​ទាញ​របស់​ខ្លួន​ទៅ​ខ្លះ​ក៏​ពិត​មែន តែភាពស្រស់សង្ហា ស្នាមញញឹម ទេព​កោ​សល្យ​ និងភាពប៉ិនប្រសប់ នៅ​​តែ​​ធ្វើ​​ឱ្យ​​កាយ​​វិការ​​សម្តែង​​របស់​​ខ្លួន​​មើល​​ទៅ​​ដូច​ធម្មជាតិ​ និងទាក់ទាញការចាប់អារម្មណ៍បានច្រើន។ តែនៅក្នុងខ្សែភ្នែករបស់ខ្ញុំ គេ​មិន​​គួរ​យក​តួ​ម្នាក់​នេះ​មក​សម្តែង​ធ្វើ​ជា​កំលោះ​ស្រុក​ស្រែ​ទុរគតនោះទេ ព្រោះ​មុខ​មាត់ សាច់​ឈាម​របស់​គេ មិនស័ក្តិសមទាល់តែសោះ។ គ្រប់​ពេល​ដែល​ខ្ញុំ​ឃើញ​តួ​នេះ​​​ជិះ​ក្របី បង់សំណាញ់ ឬដើរតាមភ្លឺស្រែ គឺហាក់ដូចជាមនុស្ស និង​ធម្មជាតិ​មិន​ចូល​​គ្នា​​ទាល់​តែសោះ គឺមិនខុសពីក្អែកខ្មៅពាំពងមាន់បកនោះទេ។

14(2)

និយាយពីតួឯកស្រីវិញ គឺសម្តែងរឹងកំព្រឹស ឆ្គងមហាឆ្គង គ្មាន​រស​ជាតិ​អី​ទាល់​តែ​សោះ គឺ​ខ្វះ​មនោ​សញ្ចេត​នា​យក​តែមែនទែន។ ម្យ៉ាងទៀត ក្រៅ​ពី​មិន​បាន​ជួយ​អ្វី​ដល់​រឿងទាំងមូលហើយ តួ​ឯក​ស្រី​ហាក់​កាន់​តែ​ធ្វើឱ្យរឿងធ្លាក់គុណភាព ដោយ​សារ​តែ​ភាព​សោះកក្រោះរបស់ខ្លួនថែមទៀត។ ក្រៅ​ពី​មាន​រូប​រាងស្អាត តូច​ច្រឡឹង​គួរ​ឱ្យ​ស្រឡាញ់​ នាងហាក់ដូចជាគ្មានអ្វីលេចធ្លោសោះ។ តាម​ស្មាន ហេតុ​​​ផល​​ដែល​​គេ​ជ្រើស​រើស​នាង រួមទាំងតួប្រុសមកសម្តែងរួមគ្នា ក៏ព្រោះតែអ្នកទាំងពីរ ធ្លាប់​ទទួល​បាន​​ភាព​​ល្បី​ល្បាញរួមគ្នារួចមកហើយ តាម​រយៈ​បទ​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ​ មាន​ចំណង​ជើង​ថា «ចាញ់ក្រុងបាងកក» (ภูมิแพ้กรุงเทพ)។

និយាយរួម ភាពយន្តរឿង «ដប់ម៉ឺន» គឺពិតជាគ្មានន័យខ្លឹមសារអ្វីសំខាន់ទេ តែ​អាច​ផ្តល់​ភាពរីករាយ និងសំណើចក្អាកក្អាយដល់ទស្សនិកជនភាគច្រើនបាន។ សម្រាប់​អ្នក​ខ្លះ អាច​នឹ​ង​មាន​កន្លែង​ត្រូវ​សើច​ស្ទើរ​ពេញមួយរឿង រហូត​គ្មាន​ពេល​ដក​ដង្ហើម​ផង​ក៏​ថាបាន។ ឈុត​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្លះ​(មិន​មែន​ខ្ញុំ)​សើច​ដល់​ថ្នាក់​ហៀរ​ទឹក​ភ្នែក​ទៀត​គឺ ឈុតមាន់ក្រញាសអត់រោម ដែល​គេ​ប្រើ​កុំព្យូទ័រ​ជំនួយ​ឱ្យ​ចេះ​ធ្វើ​ទឹក​មុខ ញាក់​ភ្នែក លើកដៃ និងចេះវ៉ៃយ៉ាងសាហាវ។ បើ​​ទោះ​​ជា​​មាន់​​នេះ​​គេ​​ប្រើ​​កុំព្យូទ័រ​ជំនួយ​​បែប​​ឆ្គងៗមិនស្តែងក៏ដោយ តែ​ជឿ​ថា​នោះ​ជា​ចេតនា​របស់​អ្នក​ដឹក​នាំ​រឿង​ប៉ុណ្ណោះ ព្រោះនរណាក៏ដឹងថា រឿងបែបនេះគ្មានពិតទេលើផែនដីនេះ ហើយ​ឈុត​នេះ​ទៀតសោត គ្រាន់​តែ​ជា​ការ​បន្ថែម​រស​ជាតិ​ដល់​រឿង​ប៉ុណ្ណោះ។

13(5)

សរុបមក រឿង «ដប់ម៉ឺន» ឬ Love U 100K គឺ​ជា​ខ្សែ​ភាព​យន្ត​កំប្លែង​បែប​ថ្មី​មួយ​​ដែល​កាត់​​បន្ថយ​ឈុត​ឆាក​ស៊ាំ​ត្រប៉ែ និងភាពច្រំដែល ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​​ថៃ​​ដទៃ​ទៀត​បាន​ច្រើន ពិសេសឈុតដណ្តើមប្រុសក្នុងរឿងនេះ គឺ​គ្មាន​ទាល់​តែ​សោះ​(Sic)។ សាច់​រឿង​មិន​សូវ​ធុញ​ប៉ុន្មានទេ តែខ្វះខ្លឹមសារ និងអត្ថរស បើ​មើល​ត្រឹម​សើច​សប្បាយ មិនគិតច្រើន គឺ​អាច​ទៅ​មើល​បាន តែ​បើ​ចង់​បាន​គុណ​ភាព​គួរ​កុំ​មើ​ល​អី នាំខូចអារម្មណ៍!😀 អាច​មិន​ស្តាយ​លុយ… តែ​អ្នក​ខ្លះ​អាច​ស្តាយ​ពេល​វេលា!😛 រឿងនេះខ្ញុំឱ្យពិន្ទុ ៧/១០(ឱ្យ​តាម​សំឡេង​សើច​) តែ​សូម​ដាស់​តឿ​ន​ថា ពេល​ទៅ​មើល​កុំ​អង្គុយ​ពិចារណា អង្គុយ​​វិភាគ​ដូចខ្ញុំ ពេល​​នោះ​​អ្នក​​ទាំង​​អស់​​គ្នា​អាច​​នឹង ស.ច.ព (សើចចុកពោះ) ក៏​ថា​បាន!​😀

Read Full Post »


11222193_1723161484570726_6155562132936623738_n

ផ្កាយNoVeLs*– កាលពីល្ងាចម្សិលមិញ (ថ្ងៃទី០៤ កញ្ញា ២០១៥) ខ្ញុំ​បាន​ទៅ​មើល​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ» ឬThe Last Reel នៅរោងភាពយន្ត Legend TK បន្ទាប់​ពី​រង់​​ចាំ​អស់​រាប់​ខែ​នៃ​ការ​មក​ដល់​របស់ខ្សែភាពយន្តខ្មែរមួយនេះ។ មុន​ពេល​រឿង​នេះ​ចាក់​បញ្ចាំងមួយថ្ងៃ ខ្ញុំចង់ទៅទិញសំបុត្រទុក ព្រោះខ្លាចកន្លែងពេញ មិន​បាន​មើល​មុន​​គេ។ ប៉ុន្តែដោយសាររវល់ពេកខ្ញុំក៏មិនបានទិញទុក ហើយ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​បញ្ចាំង​ទើបទៅទិញ។ ព្រឹកថ្ងៃ​ម្សិល​មិញ​​ ខ្ញុំ​ប្រញាប់​​រូត​រះ​ទៅ​ធ្វើ​ការ​តាំង​ពី​​​ព្រលឹម​​លឿន​​​​​ខុស​​​​រាល់​​​ដង ដើម្បីឆ្លៀតទៅទិញសំបុត្រទុកមើលនៅ​ម៉ោង​៥​កន្លះ ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ។ ក៏​ប៉ុន្តែ​ពេលខ្ញុំទៅដល់លេជេន គេ​ប្រាប់​ថា​ថ្មើរ​នេះ​​មិន​ទាន់​បើក​លក់​សំបុត្រ​ទេ គឺ​​​ទាល់​​​តែ​​​ម៉ោង​​​៩​(ពេល​​ខ្ញុំ​​ទៅ​​ម៉ោង​ប្រហែល​​៧​កន្លះ)​ ឮ​ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ក្រុម​ហ៊ុន​​ធ្វើ​ការ​សិន​ទម្រាំ​ដល់​ម៉ោង​គេបើកលក់ ទើប​មក​ទិញ​ម្តង​ទៀត។ ការ​ពិត​ទៅ ខ្ញុំ​មិន​​ចាំ​​បាច់​​ទៅ​ទិញកក់​មុន​ពីរ​បី​ដង​ក៏​បាន​ដែរ តែ​ដោយ​ខ្លាច​គ្មានកន្លែងអង្គុយ និង​អស់​ម៉ោងបញ្ចាំង ទើប​ខ្ញុំ​ចេះ​តែ​តស៊ូ​មក​ទិញ​មួយ​លើក​ជា​ពីរ​លើកទៅ ដ្បិត​អី​រឿង​នេះ​ទើប​តែ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​ផង។ ម៉ោង​៩​កន្លះ ពេល​ខ្ញុំ​ទៅ​ទិញ​សំបុត្រ​ម្តង​ទៀត ខ្ញុំ​ឃើញ​​កៅអី​ដែល​គេ​ទិញ​រួច​ហើយ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​ ដូច្នេះ​ខ្ញុំ​អាច​រើស​កន្លែង​អង្គុយ​ល្អ​តាម​សេចក្តី​ត្រូវ​ការ​បាន​យ៉ាង​ស្រួល ហើយចិត្តមួយក៏គិតថា ដោយ​សារ​ពេល​ព្រឹក និង​ថ្ងៃ​រសៀល​មាន​ម៉ោង​បញ្ចាំង​រឿងនេះដែរ ទើបប្រហែលជាមានគេចូលមើលម៉ោងទាំងនេះសិន ទើប​បាន​ជា​​ម៉ោង​៥​កន្លះមិនទាន់មានអ្នកមកកក់ ឬទិញច្រើន។

ឈុត​មួយ​នៅ​ក្នុង​រឿង​

ឈុត​មួយ​នៅ​ក្នុង​រឿង​

ថ្ងៃទៅមើលរឿងនេះ ខ្ញុំ​បាន​ចេញ​ពី​ធ្វើ​ការ​មុន​កន្លះ​ម៉ោង​ដើម្បី​ទៅ​ឱ្យ​ទាន់​ម៉ោង​ចាក់​បញ្ចាំង។ ពេល​ខ្ញុំ​ទៅ​ដល់​ឃើញ​ក្មេងៗ​យុវវ័យកុះករឈរប្រជ្រៀតគ្នារង់ចាំនៅមុខ Hall ពេល​នោះ​ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា ឃើញទេ រឿង​បញ្ចាំង​ថ្ងៃ​ដំបូង​មាន​​មនុស្ស​មក​មើល​ច្រើនអ៊ីចឹង សំណាង​ហើយ​ដែល​បាន​ទិញ​សំបុត្រ​ពី​ព្រឹក ខំ​អី​រក​កន្លែង​អង្គុយ​គ្មាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំគិតគឺខុសស្រឡះ ព្រោះ​ពេល​ដល់​​ម៉ោង​ចាក់​បញ្ចាំង​ Hall បើក យុវវ័យដែលខ្ញុំឃើញឈរព្រោងព្រាតមុននេះ នាំគ្នាដើរចូលទៅ Hall មួយ​​ទៀត​ដែល​​ចាក់​បញ្ចាំង​រឿង​ថៃ «តត កំលោះសម្បូរស្នេហ៍» ចំណែក Hall ដែល​ខ្ញុំ​មើល​ មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដើរ​ចូល។ នៅ​ពេល​មនុស្ស​ចូល​អង្គុយ​តាម​កន្លែង​រៀងៗ​ខ្លួនអស់ ខ្ញុំឃើញថា នៅ​ក្នុង​Hall ទាំង​មូល​គឺ​ស្រឡះ​ល្វឹង ពោល​គឺ​មាន​តែ​កៅអី​៤ជួរប៉ុណ្ណោះដែលមានអ្នកអង្គុយ ហើយ​​ក៏​​អង្គុយ​​មិន​​គ្រប់​​កៅអី​​ដែរ។ ពេល​នោះ​​​ខ្ញុំ​​ក៏​នឹក​ស្រងាក​ចិត្ត​ភ្លាម​មួយ​រំពេច ហេតុ​អ្វី​យុវវ័យ​ខ្មែរ​មិន​ចូល​ចិត្ត​មើល​ខ្សែ​ភាព​យន្ត​របស់ខ្លួន? បើ​រឿង​នេះ​មិនល្អ មិនល្បីខ្ញុំមិនថាទេ តែ​នេះ​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​ពាន​​រង្វាន់​ពី​បរទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ និង​បាន​ទទួល​ការ Vote (បោះឆ្នោត ឬ​ដាក់​ពិន្ទុ) ពី​បរទេស​ដល់​​ទៅ​​ ៧,៤/១០​ ឯ​នោះ ហើយ​អ្នក​វិភាគ​កុន​ល្បីៗ​របស់​ថៃ​​​​ក៏​ហ៊ាន​​ឱ្យពិន្ទុដល់ទៅ ​១០/១០​ទៅ​ទៀត ដែល​​​នេះ​​​ជា​​​តួ​​លេខ​​មួយ​កម្រ​មាន​ខ្សែ​ភាព​យន្ត​ណា​ទទួល​បាន​ខ្លាំង​ណាស់​។ ចុះ​​ហេតុ​អ្វី​បាន​​ជា​​យុវវ័យ​​ខ្មែរ​​នាំ​​គ្នា​​មើល​​រំលង​បែប​នេះទៅវិញ?

ខ្ញុំមិនចង់និយាយថា កម្រិត​នៃ​ការ​យល់​ដឹង​អំពី​គុណ​ភាព​ខ្សែ​ភាព​យន្ត​របស់​យុវវ័យ​ខ្មែរ​យើង នៅ​មាន​កម្រិត​នោះ​ទេ ប៉ុន្តែ​ចៀស​មិន​ផុត។ ខ្ញុំសូមរម្លឹកថា ក្រោយ​ពី​ខ្ញុំ​ចុះ​ផ្សាយ​​ពី​ការ​វិភាគ​ភាព​យន្ត​របស់​ខ្ញុំ​ទៅ​លើ​រឿង​ថៃ​មួយ​ដែល​មាន​ចំណង​​ជើង​ថា «តត កំលោះសម្បូរស្នេហ៍» រួចមក គឺ​មាន​ហ្វែនៗ​អ្នក​គាំទ្រ​របស់​តួ​ឯក​ប្រុសជាច្រើន មក​តាម​បាញ់​វាយ​ប្រហារខ្ញុំយ៉ាងចាស់ដៃ និង​ឈឺៗ​ទៀត​ផង។ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា រឿង «តត កំលោះសម្បូរស្នេហ៍» សូម្បី​តែ​នៅ​ប្រទេស​​ថៃ​ផ្ទាល់​ក៏​គ្មាន​អ្នក​មើល​ដែរ ហើយ​ចំពោះ​តួឯកប្រុសវិញ ក៏គេមិនសូវស្គាល់មុខ និង​មិន​ល្បី​ដល់​ថ្នាក់​​ផ្អើល​ភ្លូក​​​ទឹក​​ភ្លូក​​ដី​ដូច​​នៅ​ស្រុក​ខ្មែរ​យើង​នោះ​ទេ។ នៅប្រទេសថៃ តួ​ឯក​ប្រុស​ម្នាក់​នេះ​គេ​សឹង​តែ​មិន​ស្គាល់​ឈ្មោះផង ហើយ​​បើ​មាន​អ្នក​ស្គាល់ ឬអ្នកនិយាយថារឿងតតនេះល្អមើល ច្បាស់​ជា​មាន Comment ឈ្លេច​សួរ​ពី​​ទស្ស​និក​​ជន​ដទៃៗ​​​ទៀត​ថា តើ​ខាង​ផលិត​កម្ម​នេះ​ឱ្យ​ប៉ុន្មាន​ទើប​បាន​ជា​និយាយ​បំភ្លើស​ខុស​ពី​ការ​​ពិត​បែប​នេះ?

មហោស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន​នៅ​ប្រទេស​ថៃ​

មហោស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន​នៅ​ប្រទេស​ថៃ​

នៅប្រទេសថៃដដែលនេះ កាលពីសប្តាហ៍មុន មាន​រៀប​ចំ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​អាស៊ាន ដែល​ក្នុង​នោះ​រឿង «ដុំហ្វីលចុងក្រោយ» របស់​ខ្មែរ​យើង​ក៏​បាន​ចាក់​​បញ្ចាំង​​ឱ្យ​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ រឿង​របស់​ខ្មែរ​​យើង​​មួយ​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​​កោត​​សរ​សើរ​​ជា​​ខ្លាំង​ពី​ទស្សនិក​ជន​ថៃ។ អ្នក​វិភាគ​​ភាព​យន្ត​ល្បីៗ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ បាន​ឱ្យ​ពិន្ទុ​រឿង​នេះ​ដល់​ទៅ​ ១០/១០ ឯនោះ ហើយ​ខ្លះ​ថែម​ទាំង​និយាយ​ថា ច្រណែន​​ប្រទេស​​ខ្មែរ​​ខ្លាំង​ណាស់​​​​ដែល​​មាន​រឿងកុនល្អៗបែបនេះ។ ចុះហេតុអ្វី បាន​ជា​យុវវ័យ​ខ្មែរ​មួយ​ចំនួន​​ធំ​(សូម​​បញ្ជាក់​ថា​មួយ​ចំនួន​ធំ​មិន​មែន​មួយ​ចំនួន​តូច​ទេ) បែរ​ជា​មិន​យល់​ពី​​គុណ​​តម្លៃ​របស់​​ភាព​យន្ត​ខ្មែរ​មួយ​នេះ​ទៅ​វិញ?

ជាក់ស្តែង តាមរយៈគណនេយ្យហ្វេសប៊ុកមួយឈ្មោះ [ឧស្សាហ៍ ស៊ិន] បានប្រាប់ឱ្យ​​ដឹង​ថា ពេល​កំពុង​ទស្សនា​ខ្សែ​ភាព​យន្ត​រឿង «ដុំហ្វីលចុងក្រោយ» ​សង្សារ​មួយ​គូ​​បាន​​ខ្វែង​គំនិត​គ្នា​អំពី​គុណ​ភាព​របស់​រឿង «ដុំហ្វីលចុងក្រោយ» និង «តត កំលោះ​សម្បូរ​ស្នេហ៍» ថា៖ [មើល​បាន​ប្រហែល​ជា​ពាក់​កណ្ដាល​រឿង ម្នាក់​​ស្រី​​គេ​រអ៊ូ​ព្រោះ​មិន​ចង់​មើល​រឿង​ខ្មែរ ដោយនិយាយថា «រឿង​ហ្នឹង​​គេ​ចង់​និយាយ​ពី​ស្អី មើល​​មិន​យល់​​សោះ មើល​យូរ​ហើយ ដូច​គ្មាន​ល្អ​មើល​អី​ស្អី​ផង!» ចំណែក​​ម្នាក់​​ប្រុស​ក៏​ថា​ឱ្យ​​វិញ «ស្អី! សាច់រឿងគេប៉ុណ្ណឹងហើយនៅមើលមិនយល់ទៀត រឿង​គេ​ល្អ​ប៉ុណ្ណឹង​ហើយ​​អត់ល្អមើលទៀត ហ្អែងបានតែទៅមើលអាតតស្អីនោះទេ បានល្អមើល ឆ្កួតៗ​ឡប់ៗ!» ក្រោយ​​មក​ម្នាក់​ស្រី​ក៏​ស្ងាត់​មាត់​ឈឹង ព្រោះ​គេ​ថា​ឱ្យត្រូវសាច់រឿង ដល់​ហើយ​​ឃើញ​អង្គុយ​ចុ​ច​ហ្វេស​ប៊ុគដល់ចប់រឿង។]

Comment របស់​ ឧស្សាហ៍ ស៊ិន ដែល​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​របស់​សង្សារមួយ​គូ​ពេល​កំពុង​ទស្សនារឿង «ដុំហ្វីលចុងក្រោយ»​

Comment របស់​ [ឧស្សាហ៍ ស៊ិន] ដែល​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​របស់​សង្សារមួយ​គូ​ពេល​កំពុង​ទស្សនារឿង «ដុំហ្វីលចុងក្រោយ»​

ខ្ញុំដឹងថា មនុស្សម្នាក់ៗគិតមិនដូចគ្នាទេ តែ​មនុស្ស​គ្រប់​គ្នា​ក៏​គួរ​តែ​គិត​ពី​សិទ្ធិ​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​របស់​គេ​ដែរ មិនគួរ​ប្រើ​សម្តី​គ្រោត​គ្រាត និង​អសុរស​ដោយ​គ្រាន់​តែ​ការ​យល់​ឃើញ​​ខុស​ៗ​​គ្នា​​នោះ​ឡើយ។ ជា​ទស្សនៈ​​​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ(បញ្ជាក់​ដដែល​ៗ​ថា​នេះ​ជា​ទស្សនៈ​បុគ្គល) ក្រោយ​ពី​ទស្សនា​រឿង «ដុំ​​ហ្វីល​​ចុង​​ក្រោយ» រួច​​ខ្ញុំ​យល់​ឃើញ​ថា នេះជា The Best Khmer Movie Ever ក្នុង​ចំណោម​រឿង​ល្អៗមួយចំនួនទៀតដូចជា រឿង «គ្រាប់​ពេជ្រ» ជាដើម នៅ​ក្នុង​ទសវត្សរ៍​ថ្មីនេះ។​ ខ្ញុំ​សូម​​និយាយ​ខ្លីៗ​ថា រឿងខ្មែរមួយនេះគឺ AMAZING! រំភើប… រហូត​និយាយ​មិន​ត្រូវ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្មែរ​យើង​ក៏​មានភាពយន្តល្អៗ បែបនេះមើល។ ខ្ញុំ​លែង​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​រឿង​នេះ​ទទួល​បាន​ពាន រង្វាន់ពីបរទេស សន្ធឹកសន្ធាប់យ៉ាងនេះ? ហេតុ​អ្វីក៏រឿងនេះថតបានល្អិតល្អន់យ៉ាងនេះ? (សុំ​មិន​និយាយ​ប្លង់​មួយ​ដែល​ថត​ជាប់​កៅអីជ័រ ក្នុងឈុតព្រះរាជា និង នារីស្រុកស្រែ)។ រឿង​នេះ​បាន​បញ្ចូល​ព្រលឹង​ស្ទើរ​តែ​គ្រប់ឈុតទាំងអស់ ដែល​ធ្វើ​ឱ្យ​បេះ​ដូង​ខ្ញុំ​ញ័រ​រំជើប​រំជួល​គ្រប់​វិនាទី​ដែល​ហ្វីល​រឿង​ដើរ។ គ្រប់តួម្នាក់ៗ មានអត្តសញ្ញាណច្បាស់លាស់ សម្តីមួយម៉ាត់ៗ សុទ្ធ​តែ​បង្កប់​នូវអាថ៌កំបាំង និងពន្លកបញ្ហា ហើយគ្រប់បញ្ហាទាំងនោះសុទ្ធតែ បាន​ដោះ​ស្រាយ​យ៉ាងលម្អិត រហូត​រឿង​បាន​​បញ្ចប់​។ ​ខ្ញុំ​​ក៏​​លែង​ឆ្ងល់​ទៀត​ដែរ ហេតុ​អ្វី​ក៏​អ្នក​វិភាគ​កុនរឿងថៃល្បីៗ នាំ​គ្នា​ពោល​សរសើរ​រឿង​នេះ ហើយ​​នឹក​​ច្រណែន​​ខ្មែរ​​ដែល​មាន​ខ្សែភាពយន្តល្អៗបែបនេះ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​ទស្សនា​ខ្សែ​​ភាព​យន្ត​ម្នាក់ ខ្ញុំ​សូម​​លើកទឹកចិត្តទស្សនិកជនខ្មែរទាំងអស់ នាំ​គ្នា​ទៅ​មើល​រឿង​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ក្រៅពីដើម្បីគាំទ្រដល់វិស័យភាពយន្តខ្មែរ ក៏ដើម្បីដឹងថា យ៉ាង​ហោច​ណាស់​ខ្មែរ​យើង​ក៏​មាន​រឿង​កុន​ល្អៗ​មើល​នឹង​គេ​ក្នុង​ទសវត្សរ៍ឆ្នាំ ២០១៥ នេះដែរ។ រឿងនេះ ខ្ញុំជូនពិន្ទុ ៩/១០ ព្រោះ​នៅ​មាន​ចំណុចតូចៗមួយចំនួនទៀតត្រូវកែតម្រូវ ពិសេស​ឈុត​ថត​ជាប់​កៅ​អី​ជ័រ នៅក្នុងឈុត «ផ្លូវ​​​ឆ្ងាយ​ពី​ផ្ទះ»៕

Read Full Post »


ប៉ុស្ត័ររឿង​ពី​ទំព័រ Legend Fan Page

ប៉ុស្ត័ររឿង​ពី​ទំព័រ Legend Fan Page

ផ្កាយNoVeLs*–ល្ងាចម្សិលមិញ(០២ កញ្ញា ២០១៥) ខ្ញុំបានទៅមើលរឿង «តត កំលោះ​​សម្បូរ​ស្នេហ៍» ឬ ​There​’s​ something​ about​ Tott​ រួច​ហើយ បន្ទាប់​ពី​លេច​ឮ​ពាក្យ​សរសើរ​តៗ​គ្នា​ពី​ទស្ស​និក​​ជន​​ខ្មែរ​ថា​ល្អ​មើល។​ តាម​ប​ទ​ពិសោធន៍​ខ្ញុំ រឿងដែលដឹកនាំដោយ​លោក​អានុន (អ្នក​ដឹក​នាំ​រឿង​ថៃ​ដែលមានភ្ជាប់ក្នុងរូបនេះ) ភាគច្រើនគឺមើលមិនកើតទេ ហើយពីដំបូងខ្ញុំក៏គ្មាន​បំណង​ចង់​ទៅ មើល​រឿង​នេះ​ដែរ។​ ប៉ុន្តែ​ដោយ​មិត្ត​ភក្តិ​បបួល​ង៉ូចៗ​ពេក ហើយ​ក៏​ចង់​ដឹង​ដូច​គ្នា​ថា រឿង​នេះ​ពិត​ជា​ល្អ​មើល​ដូចគេថាមែនឬអត់ ខ្ញុំក៏សម្រេចចិត្តទៅមើល។ តែ​អង្គុយ​មើល​មិន​ដល់​កន្លះ​ម៉ោង​ផង ខ្ញុំ​ធុញ​​ស្ទើរ​តែ​ក្រោក​ចេញ​ពី​រោង​កុន​ទៅ​ហើយ…

អ្វីៗមិនដូចពាក្យចចាមអារ៉ាមដែលគេសរសើរតៗគ្នានោះទេ។ រឿងស៊ីជោរ និង​សាំ​ត្រប៉ែ​​មិន​​ខុស​​ពី​រឿង​របស់​នាយពាក់មីប៉ុន្មានទេ (គ្រាន់តែបច្ចេកទេស និង​តួ​សម្តែង​របស់​គេល្អជាង) ហើយ​រឿង​ទាំង​មូល​ក៏​គ្មាន​ Plot​ ត្រឹម​ត្រូវ​ដែរ គ្រាន់​​​តែ​​​ចាប់​​​ពី​​​ត្រង់​នេះ​​បន្តិច​ ដាក់​ត្រង់​នោះ​បន្តិច អូស​បន្លាយ​រឿង​ឱ្យ​តែ​វែងៗ ដើម្បីបញ្ចប់ប៉ុណ្ណោះ។ ចំណុចដែលអាចយកជាការបានគឺ​មាន​តែ​ឈុត​យាយ​ និង​តា​នៅ​មណ្ឌល​ចាស់​ជរា និង​តួម្តាយដែលកើតជំងឺភ្លេចភ្លាំងប៉ុណ្ណោះ ក្រៅពីនោះ គឺ​មើល​មិន​ចូល​ភ្នែក​ទាល់​តែ​សោះ។

លោកអានុន អ្នកដឹកនាំរឿង

លោកអានុន អ្នកដឹកនាំរឿង

តែទន្ទឹមនឹងនេះ ខ្ញុំក៏សង្កេតឃើញអ្នកមើលស្ទើរតែពេញរោងសើចគឹលៗ អត់​​តែ​​ពួក​ខ្ញុំ​​ប៉ុន្មាន​​នាក់​ប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា នៅក្នុងផ្នត់គំនិតរបស់ទស្សនិកជនខ្មែរយើង ខ្សែ​ភាពយន្តមួយល្អ ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​នោះ​ទេ ប៉ុន្តែចំពោះខ្ញុំ វា​​ត្រូវ​​តែ​​ល្អិត​ល្អន់ និង​មាន​លក្ខណៈ​សម្បូរ​បែប​ខ្លាំង​ណាស់ ដោយដំបូងវាត្រូវផ្តើមចេញពី Plot រឿង ដែលល្អ(ដំណើររឿង ឬ​សាច់​រឿង​ដែល​មាន​ហេតុ ​និង​ផល​ច្បាស់​លាស់) ​តួ​សម្តែង​ រួម​ទាំង​បច្ចេកទេសថតដែលប្រកបដោយគំនិតច្នៃប្រឌិត។

នៅក្នុងរឿង «តត កំលោះសម្បូរស្នេហ៍» ក្រៅពីមាន Plot រឿង​មិន​ដឹង​ឯ​ណា​ឯ​ណី​ហើយ តួ​សម្តែង​ក៏​មិន​ណាស់​ណា។ តួ​ឯក​ប្រុស «តត» អាច​និយាយ​បាន​ថា​គ្រាន់​បើ សម្តែង​សម​មិ​ន​រឹង លេង​កំប្លែង​បាន​ដូច​ធម្មជាតិ ទោះ​​បី​​ជា​​មាន​​ចំណុច​​ខ្លះ​​សម្តែង​​មិន​បាន​​អស់​ក៏​ដោយ។ ចំណែក​តួ​ឯក​ស្រី សម្តែង​នៅ​រឹង​ខ្លាំង​ណាស់ ដូច​​ជា​​នៅ​​មាន​​គេ​ស្រែក​​ប្រាប់​(បោះ​ប៉ារ៉ូល)​ទើប​សម្តែង​ចេញ។ ការ​និយាយ​ស្តី​ក៏​មិន​លះ នៅ​​ស្ទាក់​ស្ទើរៗ​​ខ្លាច​ខុស​ខ្លាចត្រូវ មិនដឹងថាជារឿងដំបូងរបស់នាងក៏មិនដឹង។ ក្រៅ​ពី​នេះ​តួ​សម្តែង​រាយរងផ្សេងៗទៀតគឺធ្វើបានល្អហើយ ពិសេស​តួ​ម្តាយ​ដែល​មាន​ជំងឺ​ភ្លេច​ភ្លាំង​ និងតួយាយ និងតានៅមណ្ឌលចាស់ជរា ព្រោះ​ពួក​គាត់​សុទ្ធ​សឹង​ជា​តារា​ជើង​ចាស់។

តួឯកប្រុសស្រីក្នុងរឿង

តួឯកប្រុសស្រីក្នុងរឿង

បើនិយាយពីសាច់រឿងវិញ ខ្ញុំមិនដឹងថារឿងនេះចង់បានអ្វីឱ្យប្រាកដ? អ្វី​ជា​មូល​ន័យ​របស់​រឿង? ឬចង់​និយាយ​អំពី​រឿង​រ៉ាវ​ជីវិត​របស់​តត​ដែល​ត្រូវ​ម្តាយ​ចាក​ចោល​តាំង​ពី​ក្មេង ហើយ​​ត្រូវ​​តស៊ូ​​នឹង​ជីវិត​ដោយ​ខ្លួន​ឯង និង​​ខំ​​រក​​លុយ​​ដើម្បី​​យក​​យាយ​​នៅ​មណ្ឌល​​ចាស់​ជរា​ទៅ​រស់​នៅជាមួយ? ហ៊ឺម​… ខ្ញុំ​ថា​ណ៎ា​ សូម្បី​តែ​ចំណង​ជើង​ទាំង​ខ្មែរ ថៃ អង់គ្លេស ក៏​ពុំ​មាន​ភាព​ទាក់ទាញដែរ គឺ​ឃើញ​ហើយ​មិន​ចង់​ទៅ​មើល​តែ​ម្តង! ខ្លឹម​សារ​​​ពិសេស​​​របស់​​​រឿង​​នេះ ដែល​ខ្ញុំ​ចាប់​បាន​គឺ សេចក្តី​ស្រឡាញ់ និង​ទំនាក់​ទំនង​របស់​ចៅ និង​យាយ​។ ​យាយ​ជា​មនុស្ស​ចាស់ ហើយមនុស្សចាស់គឺឯកាខ្លាំងណាស់ តែង​តែ​ចង់​រស់​នៅ​ក្បែរ​កូន​ចៅជានិច្ច ដូច្នេះ​ហើយ​ក្នុង​រឿង​យើង​តែង​តែ​ឃើញ​យាយ​ថ្ងូរ​ង៉ូចៗ​ថា ពេល​ចៅ​រក​លុយបានច្រើន មកទទួលយាយទៅនៅជាមួយផង។ មួយ​ទៀត រឿង​នេះ​ក៏​បង្ហាញ​ពី​អារម្មណ៍​ឯកា​របស់​តា​ចាស់​ម្នាក់​នៅ​ក្នុង​មណ្ឌល​ចាស់​ជរា​ដែរ គឺ​​នៅ​ពេល​ដឹង​ថាយាយរបស់តតត្រូវចាកចេញ គឺ​គាត់​មាន​អារម្មណ៍​ហេង​ហាង​ភ្លាម ព្រោះ​​គាត់​ខ្វះ​ភាពកក់ក្តៅយូរហើយ ហើយ​នឹង​កាន់​តែ​រងា​ឯកា​ទៅ​ទៀត​នៅ​ពេល​ដែល​មនុស្ស​ដែល​ខ្លួនមានភាពស្និទ្ធស្នាល និង​មនោសញ្ចេតនា​ជា​មួយ​ត្រូវ​ចាក​​ចេញ។ ក្រៅ​ពី​ប៉ុន្មាន​ចំណុចខាងលើនេះ រឿងទាំងមូលគ្មានអ្វីពិសេសទេ គឺ​គ្រាន់​​តែ​​ចាប់​ពី​ត្រង់​នេះ​បន្តិច ពី​ត្រង់​នោះ​បន្តិច​មក​ផ្សែ​ផ្សំ​គ្នា​ដើម្បី​បាន​សាច់​រឿង​មួយ​​ប៉ុណ្ណោះ។

សរុបមក រឿងនេះខ្ញុំឱ្យពិន្ទុ ៤/១០ តែបើគ្រាន់តែមើលបែបកំប្លែងៗ ដើម្បី​សើច​លេង ត្រឹម​លំហែ​អារម្មណ៍​លំហែ​ខួរ​ក្បាល ខ្ញុំថាអាចត្រូវចិត្តនឹងយុវវ័យខ្មែរ តែ​​បើ​​យក​​ជា​ការ ខ្ញុំ​​ថា​​រឿង​​នេះ​មិន​ជាប់​ក្នុង​បញ្ជី​ទេ។ ខ្ញុំ​ឃើញ​ទស្សនិកជនភាគច្រើនសើច តែ​​ខ្ញុំ​អត់​​សើ​ច​សោះ ព្រោះ​ចំណុច​ដែល​ត្រូវ​សើច​នោះ វា​អត់​ទំនង ម្យ៉ាង​​ខ្ញុំ​​ចង់​​មើល​​កុន​ដែល​មានគុណភាព មិនមែនមើលដើម្បីតែមើល ហើយ​សើច​ហាស​ហាស​អត់​ប្រយោជន៍​នោះទេ។ អ្វី​ដែល​ខ្ញុំ​និយាយ​ទាំង​អស់​នេះ​គឺ​ក្នុង​នាម​ទស្សនិក​ជន​ម្នាក់​ប៉ុណ្ណោះ ​ពុំ​មាន​បំណង​មិន​ចង់ឱ្យនរណាម្នាក់ទៅមើលរឿងនេះទេ គឺ​​មាន​​តែ​​ចង់​​ឱ្យ​ទៅ​​មើល​គ្រប់ៗគ្នាផង ដើម្បី​ដឹង​ថា តើ​​ការ​យល់​ឃើញ​របស់​ខ្ញុំ​ដូច​គ្នា​នឹង​ការ​យល់​ឃើញ​​របស់​អ្នក​ទាំងអស់គ្នាដែរឬទេ?

Read Full Post »


Thai Drama_Archphkai ផ្កាយ​NoVeLs*– យូរ​ក្រែល​ដែរ​ហើយ​ដែល​រឿងភាគ​ថៃ​ចាប់​ផ្តើម​វាយ​លុក​ទីផ្សារ​ភាព​យន្ត​ខ្មែរ​ជា​បណ្តើរៗ​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​កញ្ជះ​ថៃមួយ​នោះ​។ គេ​សង្កេត​ឃើញថា តាំង​ពី​ប៉ុស្តិ៍​នោះ​ឈប់​ផ្សាយ​រឿង​ថៃ​មួយ​រយៈ​ធំ​មក ស្ថានីយ​ទូរទស្សន៍​ដែលធ្លាប់​តែ​ល្បីដាច់​គេ​កាល​ពី​​ជំនាន់​មុន ​ស្ទើរ​តែ​ដាំ​ក្បាល​ដួល​ម្តងៗ​ទៅ​ហើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ​ តាំង​ពី​ចាប់​ផ្តើម​ដាក់​ផ្សាយ​រឿង​ភាគ​ថៃ​ជា​បណ្តើរ​ៗ​មក គេ​សង្កេត​ឃើញ​ថា​ប៉ុស្តិ៍​ដែល​ស្ងាត់​ច្រៀប​ដូច​ចោរ​លួច​សេះ​មួយ​នេះ​ ស្រាប់​តែ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ទាក់​ទង​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ខ្លួន ​​យ៉ាង​ព្រោង​ព្រាត​។

មាន​រឿង​សម្ងាត់​មួយ​(ហាម​ប្រាប់​អ្នកណា!😀 ) យប់​មិញ​ក្រោយ​ពី​ចប់​រឿង «ស្អែកនៅតែ​ស្នេហ៍» ដែលខ្ញុំ​ធ្លាប់​មើល​ជា​វ៉័រសឹន​ថៃ​ចប់​ម្តង​ហើយ​នោះ ពេល​ចុច​បិទ​ទូរទស្សន៍​ស្រាប់តែ​ខ្ញុំ​នៅ​តែ​ឮ​សំឡេង​ចម្រៀង​អម​របស់​រឿង​នេះ​លាន់​ឡើង​ចេញ​ពី​ផ្ទះ​អ្នក​ជិត​ខាង។ ព្រះជា​ម្ចាស់!!! (ខ្ញុំ​ប្រហោង​ពោះធ្លុង) នេះ​បានន័យ​ថា មិន​មែន​តែ​ខ្ញុំ​ទេ ដែល​បើក​ប៉ុស្តិ៍​នេះ​មើល​រឿងថៃ?(Sic) ហើយ​ខ្ញុំ​គិតថា ភាព​យន្ត​ខ្មែរ​នឹង​ដាំ​ក្បាល​ចុះ​ជា​ថ្មី បើ​គុណ​ភាព​នៅ​តែ​គ្មាន​អ្វី ប្រែ​ប្រួល​ដូច្នេះ​។

គួរ​រម្លឹក​ថា សូម្បី​តែ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះ​បាទ​នរោត្តម​សីហនុ​ ក៏​ធ្លាប់​មាន​ព្រះ​រាជឱ​ង្ការថា រឿង​ភាគ​ថៃ​ជា​រឿង​ពាលាមាន​តែ​ស្រី​វ៉ៃ​គ្នា​ដណ្តើម​ប្រុស​ ពុំ​គួរណាប្រជាជន​ខ្មែរ​​នាំ​គ្នា​ទស្សនា​សោះ​​ឡើយ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​លើក​យក​ចំណុច​ឆ្កួតៗ​ឡប់​ៗ​របស់​រឿងថៃ​ដប់​ចំណុច​​មក​បង្ហាញ​ ដើម្បីបញ្ជាក់​ថារឿង​ថៃ​គ្មាន​អ្វី​ល្អ​មើល​ឡើយ​ ក្រៅ​ពី​ផ្តល់​គំរូ​អាក្រក់​ដល់​សង្គម​ខ្មែរ​ និង​ប្រជា​ជន​ថៃ​ផ្ទាល់​។ បើ​ផលិត​ករ​ភាព​យន្ត​ខ្មែរ​ចេះ​អភិវឌ្ឍគុណភាព​ស្នាដៃ​របស់​ខ្លួន​​តែ​បន្តិច កុន​ខ្មែរ​នឹង​មាន​ប្រៀប​លើ​ថៃ​យ៉ាង​ប្រាកដ។

Archphkai_Thai Drama

១. ផ្តើម​រឿង​ដោយ​តួ​ឯក​ប្រុស​ តួឯក​ស្រី​មិន​ត្រូវ​គ្នា​

អាច​​ថា​​នេះ​ជា​ឆាកកេរ​ពី​ដូន​តា​ក៏ថា​បាន​ ព្រោះ​សាច់​រឿង​បែប​នេះ​មានស្ទើរ​តែ​គ្រប់​រឿង​ មិន​ដឹង​ថា​​មិន​ត្រូវ​គ្នា​តាំង​ពីជាតិ​ណា ចេញ​ឡើង​មិន​ដែល​ឃើញ​តួឯក​ត្រូវ​គ្នា​ ស្រាប់​តែ​ចុង​បញ្ចប់​ត្រឡប់​ជា​ស្រឡាញ់​គ្នា​ឆ្កុយ!
២. តួ​ច្រណែន​ឈ្នានីស​ត្រូវ​តែ​ផាត់​មុខ​ឲ្យ​ក្រាស់ៗ​

នេះ​ជាលក្ខណៈ​ពិសេស​​របស់​តួឆ្នាស់ថៃ​ ដែល​តួ​ត្រូវ​តែ​ផាត់​មុខ​ក្រាស់ៗ គូរ​​រោម​ចិញ្ចើម​បះ​ឆ្កឺតៗ​​ រោម​ភ្នែក​ងៗ​ ផាត់​ក្រែម​ក្រហម​ដិតៗ​ ហើយ​ចូលចិត្ត​ស្រែក​ឡូឡាស្ទើរ​បែក​ក្រដាស​ត្រចៀក។

៣. ឆាក​វ៉ៃ​គ្នា​ដណ្តើម​ប្រុស​

ឆាក​នេះ​មាន​ច្រើន​លើស​ឆាក​ស្នេហាទៅ​ទៀត​ ដោយ​ភាគ​ច្រើន​អ្ន​កដែល​ត្រូវ​គេវ៉ៃ​គឺ​តួឯកស្រី​​ ដែល​ទន់​ជ្រាយ​ហើយ​​បើ​និយាយ​ពី ស្លូត​នោះគឺ​ស្លូត​ហួស ស្ទើរ​តែ​រក​មនុស្ស​ក្នុង​លោក​នេះ​ប្រដូច​គ្មាន​។

៤. ឆាក​ចាប់​រំលោភ​

ឆាក​នេះ​ជួប​ច្រើន​នៅ​ក្នុង​រឿង​ភាគ​ថៃ​ ជា​ពិសេស​ពេល​ដែល​តួ​ឯក​ប្រុស​ខឹង​តួ​ឯក​ស្រី​ខ្លាំង​ពេក​ គ្មាន​អ្វី​ដោះ​ស្រាយ​ក៏​ធ្វើ​បែប​នេះ​។ រួច​បន្ទាប់​ពី​នោះ​តួស្រី​ក៏​ចាប់​ផ្តើម​មាន​អាការៈ​ក្អួត​ចង្អោរ​ចាញ់​កូ​ន​ភ្លាម​។

៥. តួឯកតែង​តែ​ល្ងង់

ទោះ​បី​ជា​តួ​ឯក​ប្រុស​រៀន​ចប់​បណ្ឌិត​ ឬ​​រៀន​ខ្ពស់​កម្រិត​ណាក៏​ដោយ​ ឲ្យ​តែ​តួឆ្នាស់​និយាយ​​ផ្លុំ​ត្រចៀក​បន្តិច​ គឺជឿ​ស្លុង​ដោយ​គ្មាន​ហេតុ​ផល​ បើ​ទោះ​បី​ជាមាន​ការ​ពន្យល់​បក​ស្រាយ​​ពី​តួ​ឯកស្រី ឪពុកម្តាយ​ ឬ​តួនានា។ បើ​មាន​តួស្រី​បន្លំ​ខ្លួ​ន​ជា​ប្រុស​ តួ​ឯក​ប្រុស​ជា​អ្នក​ដែល​មើល​ដឹង​ក្រោយ​គេបំផុត​(ល្ងង់​រកលេខ​ដាក់​គ្មាន)។ Lakhorn Thai_Archphkai ៦. តួឆ្នាស់​តែង​តែ​ឆ្កួត​នៅ​ចុង​បញ្ចប់

ចុង​បញ្ចប់​តួ​ឆ្នាស់​ត្រូវ​តែ​ឆ្កួត ឬ​ពេលខ្លះ​ក៏​មាន​ស្លាប់​ ឬ​ត្រឡប់​មក​ជា​ល្អ​វិញ​ដែរ តែ​មិន​ដែល​បាន​ឃើញ​តួ​ឆ្នាស់​បាន​សង​នូវ​អ្វីដែលខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក​សោះ​។

៧. «យើង​ជា​នរណា?» សំណួរ​ប្រចាំ​ត្រកូលរបស់​តួឆ្នាស់

តួឆ្នាស់​ចូលចិត្ត​​សួរ​​​ថា «នាង​ដឹង​ទេថា​យើង​ជា​នរណា??» បន្ទាប់​ពី​នោះ ក៏​ស្រែក​ជំទាល​ស្ទើរ​បែក​ក្រដាស​ត្រចៀក ឬ​ក៏​យក​ស្បែក​ជើង​កែង​វាយ​ប្រកាប់​ប្រចាក់​គ្នា​រញ្ជួយ​ផែនដី។

៨. តួឯក​តែង​តែ​ត្រចៀកស

តួ​ឯក​ទាំង​ប្រុស​ទាំង​ស្រី​តែង​តែ​ជឿ ឬ​ស្តាប់​ពាក្យ​ញុះ​ញង់​របស់​តួ​ឆ្នាស់​ជា​និច្ច​ ដែល​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ពួកគេ​តែ​ង​តែ​ប្រេះ​ឆា​​ជា​ច្រើន​លើក​ច្រើន​សា។

៩. អ្នក​មាន​ជា​អ្នក​ក្រ អ្នក​ក្រ​ជា​អ្នក​មាន​

បើ​តួ​ឯក​ជា​កូន​អ្នក​ក្រី​ក្រ​តោកយ៉ាក កុំ​បារម្ភ​ឲ្យ​សោះ​ មិន​យូរ​មិន​ឆាប់​គេ​នឹងរក​ឃើញ​ថា ការ​ពិត​គេ/នាង​​ជាកូន​សេដ្ឋី​ដែល​ឆ្មប ឬ​តួ​ខូច​ចាប់​ពង្រត់​ទៅ។

១០. ស្រីចាប់​រំលោភ​ប្រុស​

រឿង​ដែល​តួ​ស្រី​ចាប់​រំលោភ​ប្រុសអាច​កម្រ​ឃើញ​នៅ​ក្នុង​រឿង​ប្រទេស​នានា​​ តែ​ក្នុង​រឿង​ភាគ​​ថៃ​ រឿង​ដប់​ស្ទើរ​តែ​មាន​ប្រាំ​បីក្នុង​នោះ​។ តួ​ឯក​ប្រុស​តែងតែ​ត្រូវ​តួ​ឆ្នាស់ចាប់​​បង្អក​ស្រា ឬ​​លប​លួច​ដាក់ថ្នាំ​ បើ​ចាប់​រំលោភ​មិន​បាន​សម្រេច​ យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​តួ​ឯកស្រី យល់​ច្រឡំដែរ​៕

Read Full Post »


Tai Hong

ផ្កាយ​NoVeLs*– និយាយ​តាម​ត្រង់​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​មើល​កុន​ តែ​​មុន​នឹង​សម្រេច​ចិត្ត​ទិញ​សំបុត្រ​ចូល​អង្គុយ​មើល​ក្នុង​រោង​ម្តង​ៗ​ ខ្ញុំ​គិត​វែង​ឆ្ងាយ​ណាស់​ មិន​មែន​ចេះ​តែ​មើល​ឲ្យ​តែ​មាន​កុន​ចេញថ្មី​នោះ​ទេ។ ជា​ធម្មតា​ខ្ញុំ​ចូល​ចិត្ត​ទិញ​ឌីស ឬ​ដោន​ឡូត​ពី​អ៊ីនធើណេត​​ ហើយ​អង្គុយ​មើល​ម្នាក់​ឯង​ ជាជាង​ចូល​មើល​ក្នុង​រោង​។ហេតុ​ផល​គឺ​មើល​ម្នាក់​ឯង​អាច​ផ្តោត​អារម្មណ៍​​បាន​ច្រើន​លើ​រឿង​ដែល​កំពុង​មើល ហើយ​បើ​ឈុត​ណា​មើល​មិន​ទាន់​អាច​សាដើម​មើល​ជា​ថ្មី​បាន​។ ចំណែក​មើល​ក្នុង​រោង​ ក្រៅ​ពី​ឮសំឡេង​មនុស្ស​ជជែក​គ្នា​រញ៉េរញ៉ៃ​ហើយ សំបុត្រ​កុន​ក៏​តម្លៃ​ខ្ពស់​ទៀត​។ ហេតុ​ផល​ពីរ​​ដែល​អាច​​ទាក់​ចិត្ត​ខ្ញុំ​ឲ្យ​សម្រេច​ចិត្ត​ទិញ​សំបុត្រ​មើល។ ទី​មួយ​គឺ​លុះ​ត្រា​តែ​រឿង​នោះ​ល្បី​លំដាប់​ពិភព​លោក​។ ឯទី​ពីរ​គឺ​​បាន​មើល​រឿង​នោះ​មុន​គេ តែ​គួរ​ឲ្យ​ស្តាយ​នៅ​ស្រុក​ខ្មែរ​ការ​ចាក់​បញ្ចាំង​​កុន​មិន​ទាន់​មាន​ស្តង់ដារ​នៅ​ឡើយ​ ព្រោះ​រឿង​ភាគ​ច្រើន​ចាក់​បញ្ចាំង​ក្រោយ​គេ រឿង​ខ្លះ​គេដោន​ឡូត​បាន​ព្រោង​ព្រាត​ទៅ​ហើយ​ទើប​តែ​យក​មក​បញ្ចាំង​។ ​

ម្សិល​មិញ​ ពេល​ចេញ​ពីធ្វើ​ការ​ ខ្ញុំ​សម្រេចចិត្ត​ទិញ​សំបុត្រ​កុន​រឿង​ «តៃ​ហោង»​ របស់​ថៃ​មើល​ ដោយ​រំពឹង​ថា​ នឹង​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ស្តាយ​លុយ​ក្រោយ​ពេល​មើល​ចប់ ព្រោះ​ខ្ញុំ​ឮ​តែ​មិត្ត​ភក្តិ​សរសើរ​ថា​ល្អ​អ៊ីចេះ​ ល្អ​អ៊ីចុះ។ មិត្ត​ភក្តិ​នោះ  គ្មាន​នរណាឆ្ងាយ​ទេ គឺ​កញ្ញាសក់ក្រហម​ខុស​គេ ចាន់ ស៊ីណេត និង​ លោកអ្នកនិពន្ធ​ល្បី​ សុខ​ ចាន់ផល ដែល​នាំ​គ្នា​និយាយ​ចេចចាច​ពី​រឿង​នេះ​ កាល​បាន​ជួប​គ្នា​ផឹក​តែតាប៉ែលត​នៅ​ Chatime មាត់​ទន្លេកាល​ពីរាត្រី​ថ្ងៃ​សៅរ៍😛 ។

មាន​មនុស្ស​មិន​ច្រើន​ទេដែល​ទៅ​មើល​រឿង​នេះ​ ព្រោះ​គេ​ដាក់​បញ្ចាំង​យូរ​ហើយ ជិត​ឈប់​បញ្ចាំង​ទៀត​ទៅ​ហើយ។ មាន​កៅ​អីទំនេរ​ច្រើន​កន្លែង​ដែរ តែ​ខ្ញុំ​សម្រេចចិត្ត​ជ្រើស​រើសកៅអី​លេខ១០គត់ ព្រោះ​មក​មើល​រឿង​ខ្មោច ត្រូវ​តែ​ជ្រើស​រើស​យក​លេខ​​ខ្មោច។ មាន​អី​ បរិយាកាស​ក្នុង​រោង​កុន​ មនុស្ស​​និយាយ​គ្នា​អ៊ូ ថា​តួ​នេះ​អ៊ីចេះ​ តួនោះ​អ៊ីចុះ ហើយ​គ្រាន់​តែ​ខ្មោច​ចេញ​បន្តិច​នាំ​គ្នាស្រែក​យ៉ៃ​លាន់​រក​តែ​​ខ្ញុំ​ផ្តោត​អារម្មណ៍​ ​វិភាគ​សាច់​រឿង​ វិភាគ​តួ​អី​មិន​បាន​។ មាន​គូ​សង្សារ​មួយ​គូ​នោះ ដល់​ឈុត​តួ​គេ​បឺត​មាត់​គ្នា​ ស្រាប់​តែ​ជ្រួល​ច្របល់​បឺត​មាត់​តាម​រឿង​កុន​ដែរ ចំ​ជា​​គ្មាន​ការ​អៀន​ខ្មាស​មែន! Shit!~

បាន​ហើយ​ សុំ​និយាយ​ពី​ទិដ្ឋភាព​ក្នុង​រោង​កុន​តែ​ប៉ុណ្ណឹង​ចុះ​ ឥឡូវ​ចាប់​ផ្តើម​ចូល​សាច់​រឿង។ ភាពយន្ត​រឿង​ «តៃហោង» ឬ 14.16.15.13 ​គឺ​ជា​ប្រភេទ​រឿងខ្លីៗ​៤​​ក្នុង​រឿង​តែ​មួយ​ ដែល​បច្ចុប្បន្ន​កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​ផលិតករភាព​យន្ត​ថៃ​។

14

រឿង​ទី១ គឺ​រឿង​លេខ 14 : [ឡាន​ឈ្នួល​ធ្លាក់​ផ្លូវ]​ សាច់​រឿង​និយាយ​ពី​​និស្សិត​​ស្រីម្នាក់​​មក​ហ្វឹកហាត់​​ការ​ងារ​នៅ​ក្រុម​ហ៊ុន​មួយ​។ នាង​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក្នុង​ពេល​យប់​រំលង​អធ្រាត្រ​ តែ​ពេល​កំពុង​ធ្វើ​ដំណើរ​ដោយ​ការ​ជិះ​ឡាន​ឈ្នួល នាង​ក៏​ទទួល​អារម្មណ៍ថា មាន​អ្នក​កំពុង​តាម​នាង​។ រឿង​នេះ​​អ្នក​ផលិត​​ផ្តោត​សំខាន់​លើ​ការ​ប្រើ​ចលនាកាមេរ៉ា និង​សំឡេង​ក្ឌុង​ក្ឌាំង​ដើម្បី​ឲ្យ​អ្នក​ទស្សនាភ្ញាក់។ ខ្ញុំ​សុំ​ឲ្យ​ពិន្ទុ២/១០ ព្រោះ​សាច់​រឿង​ដូច​ជា​ធម្មតាៗ ហើយ​ធ្លាប់​មាន​ច្រើន​ហើយ​រឿង​បែប​នេះ​ គ្មាន​អ្វី​អស្ចារ្យ​ទេ ចលនា​កាមេរ៉ា​ក៏​មិន​សូវ​ល្អ​ ឯសំឡេង​ប្រើ​​​សម្រាប់​តែ​ពញ្ញាក់​អ្នក​មើល​​ប៉ុណ្ណោះ​ សំឡេង​ខ្លះ​ភូត​ហួស​ពីការ​ពិត​ ដូច​ជា​សំឡេង​ម៉ាស៊ីន​កូពី​ឯកសារ​ជា​ដើម។ នេះ​មិន​ទាន់​និយាយ​ពី​ចំណុច​មិន​សម​ហេតុ​ផល​មួយ​ចំនួន​ផង​។

16

រឿង​ទី២ គឺរឿងលេខ 16: [បន​ខ្មោច] សាច់​រឿង​និយាយ​ពីការ​ទៅ​ដើរ​លេង​បន​ស្រី​របស់​ក្មេង​កំលោះៗ​ដែល​មិន​ធ្លាប់​ដឹង​សោះ​ថា​កន្លែង​នេះ​មាន​ស្រីៗ​ជា​ច្រើន​ដែល​ត្រូវគេ​បោក​យក​មក​លក់​ ហើយ​ពួក​នាង​ក៏​បាន​ក្លា​យ​ទៅ​ជា​ខ្មោច​អស់​ដែរ​។  រឿង​នេះ​ជា​រឿង​ខ្មោច​បែប​កំប្លែង​ សាច់​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ តួ​ក៏​​កំប្លែង​សម តែ​ក៏​នៅ​រឹង​ដោយ​កន្លែង​ដែរ។ ជូន​ពិន្ទុ​៤​/​១០។

15

រឿង​ទី៣ គឺ​រឿង​លេខ 15: [ខ្មោច​​ក្នុង​ម៉ាស៊ីន​ត្រជាក់]​ សាច់​រឿង​មិន​ដឹង​ស្អី ប្តី​សម្លាប់​ប្រពន្ធ​ញាត់​ចូល​ក្នុង​ម៉ាស៊ីន​ត្រជាក់​ ហើយ​ខ្មោច​ក៏​មក​តាម​លង​សហាយ។ ហេតុ​ផល​អាច​ថា មក​ពី​សហាយ​មិន​ជួយ​នាង​ពេល​ដែល​ប្តី​ធ្វើ​បាប? ចុះ​តួ​ប្តី​បាត់​ទៅណា ហេតុ​អី​មិន​តាមសម្លាប់? ហាសហា… តែ​អ្វី ដែល​ធ្វើ​ឲ្យ​ អ្ន​កទស្សនាចង់​មើល​​ជាង​គេ​នោះ​គឺ​ តើ​ពេល​ណា​បាន​តួប្តីនោះស្រាត​ខោ ហើយ​ពេល​ណា​ទើប​តួសហាយ​របូត​កន្សែង? ឡុលលល… ពិន្ទុ២/១០។

13

រឿង​ទី៤ គឺ​រឿង​លេខ 13: [​កម្ម] ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ សាច់​រឿង​និយាយ​ពី​ព្រះ​សង្ឃ​កំលោះ​លាចាក​សិក្ខាបទ​ព្រោះ​តួស្រី​ជា​សង្សារ​អូសទាញ​។តួសម្តែង​លេង​បាន​ល្អ​ និង​មាន​លាយ​ឡំ​ដោយ​​ឈុត​ឆាក​Drama ដោយ​អន្លើ តែ​ក៏​មាន​ចំណុច​មិន​សម​ហេតុ​ផល​មួយ​ចំនួន​ដែរ​។ ខ្ញុំ​ជូន​​៦/​១០សម្រាប់​រឿង​នេះ​។

សរុប​មក​ រឿង​ «តៃ​ហោង»​ ជា​រឿង​ខ្មោច​ដែល​ល្មម​អាច​មើល​បាន មិន​អាក្រក់​រហូត​នឹក​ស្តាយ​លុយ​នោះ​ទេ។ ពិន្ទុ​សរុប​ ខ្ញុំ​សុំ​ជូន​៧/១០៕

Read Full Post »


ភាពយន្តថៃរឿង 407 ដែលអះអាងថាជាខ្សែភាពយន្ត 3D ពេញលក្ខណៈដំបូងគេក្នុងប្រទេសថៃ

ផ្កាយNoVeLs*– ភាពយន្ត3Dរបស់ថៃចំនួនពីរ(Mae Nak និង 407) បានដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា រួចហើយ ដោយមួយក្នុងចំណោមនោះ បានធ្លាយមកដល់ស្រុកខ្មែរដែរគឺ នាងណាត(Mae Nak)។ ផលិតកររបស់ភាពយន្តទាំងពីរ សុទ្ធតែអះអាងដូចៗគ្នាថា ខ្សែភាពយន្តរបស់ខ្លួន ជាភាពយន្ត3Dដំបូងគេ នៅក្នុងប្រទេសថៃ។ ហេតុផលដែលភាពយន្តរឿង (407) អះអាងថា ជាភាពយន្ត 3D ដំបូងគេ ខណៈដែល (Mae Nak) ជាភាពយន្តដែលថតមុន ព្រោះគេវាយតម្លៃថា (Mae Nak) មិនមែនជាភាពយន្ត 3D ពេញលក្ខណៈដូច(407) របស់ខ្លួនទេ។ ប៉ុន្តែក្រោយពីការដាក់បញ្ចាំងរួច ភាពយន្ត3D(407) នៅតែទទួលបានការរិះគន់ដូចភាពយន្តនាងណាតដែរ ព្រោះតែបច្ចេកទេស3Dនៅអន់ និងមិនពេញលក្ខណៈជាខ្សែភាពយន្ត3Dដូចប្រទេសលោកខាងលិចផលិត។

ក្រឡេកមកមើលស្រុកខ្មែរវិញ បន្ទាប់ពីមានការយកភាពយន្ត3Dបរទេសមកដាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងស្រុក ធ្វើឲ្យមានការចាប់អារម្មណ៍ និងពេញនិយមគួរឲ្យកត់សម្គាល់ពីសំណាក់យុវវ័យដែលនិយមវិស័យភាពយន្ត។ ហេតុផលមួយ ដែលពួកគេជ្រើសរើសទស្សនាភាពយន្តបែប3D ជាង2D ឬភាពយន្តធម្មតា អាចមិនមែនមកពីគុណភាពភាពយន្ត និងវ៉ែនតាដែលពាក់នោះទេ តែមកពីភាពថ្មីប្លែក ឬនិយាយបែបងាយស្តាប់ថា ឡូយ! រោងភាពយន្ត3Dស្រុកខ្មែរ ទោះបីជាខ្សែភាពយន្តដែលដាក់បញ្ចាំង មានគុណភាពល្អ និងគ្រប់លក្ខណៈជាភាពយន្ត3D ក៏ដោយ តែនៅពេលយក វ៉ែនតា(ដ៏សែនធម្មតា)មកពាក់, 3D ក៏ក្លាយជា 2D ធម្មតាមួយរំពេច!(Sic)

ភាពយន្តថៃរឿង Mae Nak ដែលថតមុន 407 និង អះអាងថាជាភាពយន្ត 3D ដំបូងគេនៅថៃដែរ

នេះមិននិយាយដល់ភាពយន្ត 4D ដែលនរណាៗក៏ស្ងើចសរសើរប្រាប់ខ្ញុំ(លើកលែងម្នាក់ចេញ)ថាឡូយ អស្ចារ្យ រន្ធត់… តែដល់ខ្ញុំបានភក្ស4Dស្រុកខ្មែរ… ព្រះអើយមិនស្មើនឹងជិះរទេះគោទៅលេងស្រែផង និងហ៊ាននិយាយដោយមិនបាច់គិតច្រើនថា ស្តាយលុយ! [កោតពួកគេ(?)ហ៊ានបោកប្រាស់ប្រជាជនស្រស់ៗបែបនេះហ្ន៎!]

ត្រឡប់មកនិយាយពីភាពយន្ត 3D ដែលផលិតករខ្មែរមួយចំនួន(តូច) កំពុងនាំគ្នាជ្រួលជ្រើមផលិត (សុំទោសដែលប្រើពាក្យថា ជ្រួលជ្រើម ព្រោះអត់មិនបាន មិនដឹងថា លោក/លោកស្រីផលិតករទាំងនោះ ស្គាល់អ្វីថាជាភាពយន្ត 3D ហើយឬនៅ មុននឹងនាំគ្នាជ្រួលជ្រើមផលិត?) មិនដឹងថា ភាពយន្ត3Dទាំងនោះ មានគុណភាពបែបណាទេ ព្រោះគ្រាន់តែ2D ឬភាពយន្តធម្មតា ឬនិយាយឲ្យទាបមែនទែនទៅ គឺគ្រាន់តែ MV ក្នុងខារ៉ាអូខេក៏ថតមិនត្រូវផង តើ3D នឹងទៅជាយ៉ាងណាវិញ?

ភាពយន្ត3D ក្រៅពីបច្ចេកទេសធ្វើឲ្យរូបភាពលេចធ្លោ អណ្តែតលើផ្ទាំងកំណាត់សហើយ គឺត្រូវទាមទារឲ្យមានវ៉ែនតា3D (ដែលមិនមែនជារបស់ក្លែងក្លាយ ឬជាវ៉ែនតាការពារពន្លឺព្រះអាទិត្យ របស់រោងកុនខ្លះ! lolz…) គឺត្រូវតែមានឈុតឆាកណាមួយ ដែលមានកាំបិត គ្រាប់កាំភ្លើង ឬអ្វីក៏ដោយ ខ្ទាតមកត្រូវមុខទស្សនិកជន(ពេលថតជាក់ស្តែងគឺផ្លោងមកលើកាមេរ៉ា) ដែលធ្វើឲ្យទស្សនិកជនភើតពោះភ្ញាក់, ស្រែក ឬ បះជើងហើបគូទពីកៅអី។

សកម្មភាពថតភាពយន្ត 3D ស្រុកខ្មែរ (រូបភាព៖ សប្បាយ)

តាមបទពិសោធដែលមើល ភាពយន្ត3Dរបស់ហូលីវូដ គឺមិនបាច់ពាក់វ៉ែនតា ឬមើលតែលើអេក្រង់កុំព្យូទ័រ ក៏ឃើញរូបភាពលេចធ្លោ ស្រឡះភ្នែក និងមានវត្ថុខ្ទាតត្រូវមុខស្តែងៗដែរ តែភាពយន្តថៃពីររឿងខាងលើ នេះ អង្គុយមើលស្ទើរតែធ្លុះវ៉ែនតា ក៏ស្ទើរតែរកមិនឃើញប្លង់3Dដែលគេអះអាងនោះដែរ។ ថៃធ្លាប់មានស្នាដៃល្អៗ ដែលអន្តរជាតិ និង ហូលីវូដទទួលស្គាល់ ច្រើនមកហើយ… តែភាពយន្ត3Dដែលដាក់បញ្ចាំងរួចហើយនេះ ទទួលការរិះគន់ពីសំណាក់ទស្សនិកជនជាច្រើន។

ចុះភាពយន្ត3Dខ្មែរពីររឿង ដែលសុទ្ធតែនិយាយពីអាប និងល្បីថា ប្រើបច្ចេកវិទ្យា 3D ពេញលក្ខណៈ នឹងទៅជាយ៉ាងណាវិញ? ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ ទើបដឹងថា វិស័យខ្សែភាពយន្តយើង កំពុងតែរីកចម្រើនដល់កំពូល ឬយើងដែលជាទស្សនិកជនត្រូវចាញ់បោកប្រជាភិថុត ដូចភាពយន្តថៃពីរខាងលើនេះ???

Read Full Post »


ខ្ញុំមិនដឹងថាការដែលផលិតកម្មខេមប្រូបញ្ជាក់ថារឿង​«កតញ្ញូ​» ជារឿងជីវិតពិតរបស់កុមារីសុខ ច័ន្ទមល្លិកានោះ គឹជាការពិតគ្រាន់តែជាការបន្លំភ្នែកទស្សនិកជននោះទេ ព្រោះមានរឿងមួយទៀតដែលផលិតកម្មនេះចម្លងមកពីរឿងថៃដែរនោះក៏បានបញ្ជាក់ថាជារឿងពិតរបស់ខ្មែរនៅខេត្តបាត់ដំបងនាអំឡុងឆ្នាំ​១ផង​ដែរ។ នោះគឺរឿង​«នាងនាថ» ដែលយកលំនាំតាមរឿង​«នាងណាត»​របស់ថៃ។​​ ប៉ុន្តែតាមការបញ្ជាក់ប្រាប់របស់ប្រិយមិត្តយើងម្នាក់គឺបងចាន់រឿយគាត់​បានប្រាប់ថាគាត់ធ្លាប់មើលរឿងកតញ្ញូនេះតាំងពីសង្គមចាស់ម្ល៉េះ ដូច្នេះតើថៃដែជាអ្នកលួចចម្លងយើង? ម្យ៉ាងនៅពេលដែលផលិតកម្មខេមប្រូចាប់ផ្តើមថតរឿង​«កតញ្ញូ»នេះដំបូងមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីកុមារីសុខ ច័ន្ទមល្លិកា ដែលជាតួអង្គពិតរបស់​​រឿងកតញ្ញូ។ នៅពេលនោះខ្ញុំផ្ទាល់ក៏បានតាមដានរឿងរ៉ាវរបស់កុមារីនេះ ព្រមជាមួយសកម្មភាពថតរឿងរបស់ផលិតកម្មខេមប្រូដែរ។

 កាលនោះខ្ញុំបានអានទស្សនាវដ្តីប្រជាប្រិយគេនិយាយថា ឪពុករបស់មល្លិកាមិនមែនជាមនុស្សល្អដូចសាច់រឿងទេ ឪពុកនាងជាទាហាននិងចូលចិត្តផឹកស្រាស្រវឹងវាយបាបប្រពន្ធកូនរាល់ថ្ងៃ។ជីវិតពិតម្តាយនាងមិនទាន់ស្លាប់ទេ គឺគ្រាន់តែកំពុងដេកឈឺនៅលើកន្ទេលប៉ុណ្ណោះ។ តាមទស្សនាវដ្តីគេបានថតរូបនាងម្តាយនាងនិងនាយកសាលាបង្ហាញដែរ។ បើខ្ញុំចាំមិនច្រឡំទេខ្ញុំឃើញទាំងអ្នកស្រីម៉ៅសំណាងកំពុងសម្ភាសន៍ពីជីវិតនាងទៀត។ ត្រង់ចំណុចនេះហើយដែលនៅ ជាបញ្ហាដែលថា តើរឿង«កតញ្ញូ»​នេះមានចំណែករបស់អ្នកស្រី ម៉ៅសំណាងឬមួយក៏អត់។ នេះគឺជាប្រវត្តិខ្លះដែលនិយាយពី ជីវិតពិតរបស់តួអង្គ​«កតញ្ញូ»​ខ្មែរ(ខ្វះឯកសារស្រាវជ្រាវ)​ តទៅនេះគឺជាប្រវត្តិរបស់​​វណ្ណលី តួអង្គ​«កតញ្ញូ»​ថៃ។

 

សៀវភៅ​ដែល​ចុះ​ផ្សាយ​ពី​ភាព​កតញ្ញូរបស់​វណ្ណលី

សៀវភៅ ដែល ចុះ ផ្សាយ ពី ភាព កតញ្ញូរបស់ វណ្ណលី

 

តាមសៀវភៅប្រលោមលោកពីជីវិតពិតរបស់វណ្ណលី  ក្មេងស្រីតោកយ៉ាកកំពូលកតញ្ញូដែលធ្វើឲ្យ​​មាតារាប់លាននាក់ស្រក់ទឹកភ្នែកនោះ បានធ្វើឲ្យខ្ញុំស្គាល់​​ឈ្មោះ​​ពេញរបស់នាង។ នាងមានឈ្មោះថា​«វណ្ណលី នរង្គវេទយ៍» (วัลลี ณรงค์เวทย์) កើតនៅផ្ទះលេខ៣៧ ក្រុមទី៥ ឃុំបានប្រុក ស្រុកមឿងខេត្តសាមុតសុងក្រាម។ ម្តាយនាងឈ្មោះថា វិល័យ នរង្គវេទយ៍ (วิไล ณรงค์เวทย์) ចំណែកឪពុកឈ្មោះ មាណព នរង្គវេទយ៍ (มานพ ณรงค์เวทย์) ទាំងអស់គ្នាមានរបរស៊ីឈ្នួលគេ(ឪពុកស៊ីឈ្នួលបេះផ្លែដូង​, ម្តាយស៊ីឈ្នួលលក់ការ៉េម)

នៅពេលដែលឪពុករបស់នាងបាត់បង់ការងារធ្វើនិងស្វះស្វែងរកការងារផ្សេងទៀតធ្វើមិនបានឪពុកនាងក៏គេចទៅបួសបាត់ទៅ។ ចំណែកវិល័យនរង្គវេទយ៍ ម្តាយរបស់នាងដោយសារធ្វើការធ្ងន់ធ្ងរនិងបូមឈាមលក់ច្រើនពេកក៏ធ្លាក់ខ្លួនទៅជាពិការខ្វិនខ្វង់​​(ស្លាប់មួយចំហៀងខ្លួន)​ ហើយក៏ទទួលមរណភាព​​នៅថ្ងៃទី១៩ ឧសភា ១៩៨២

នៅពេលដែលជីវិតរបស់កុមារីវណ្ណលីស្ថិតនៅក្នុងសភាពគ្មានទីពឹងអ្នកគ្រូ ស្វាង ចន្រ្ទចម្រើន (ครูสว่าง จันทร์เจริญ) ក៏ក្លាយជាអាណាព្យាបាលថ្មីរបស់នាង។ វណ្ណលីអាច​​បន្តការសិក្សាបានដោយសារប្រាក់ឧបត្ថម្ភ ដែលសប្បុរសជនបរិច្ចាគចំពោះភាពកតញ្ញូរបស់នាង​​ មិនតែប៉ុណ្ណោះនាងបានទទួលរង្វាន់ជីវិតជា​​ច្រើនពីមជ្ឈដ្ឋាននានា រហូតបានទទួលរង្វាន់ពី​​រាជបុត្រីស្តេចថៃថែមទៀត។នៅឆ្នាំ៩៨៥ រឿងរ៉ាវជីវិតរបស់នាងក៏ត្រូវបានផលិតកម្ម ផលស្យាមភាពយន្តយកមកថតជាខ្សែភាពយន្តជីវិតពិត

វណ្ណលីពិតនិង​អ្នកគ្រូស្វាង ចន្រ្ទចម្រើន

វណ្ណលីពិតនិង អ្នកគ្រូស្វាង ចន្រ្ទចម្រើន

 ដោយសារភាពកតញ្ញូរបស់ខ្លួន វណ្ណលីអាចបន្តការសិក្សាបានខ្ពស់បន្តទៀតតាមតែចិត្ត​​ខ្លួនចង់។ នាងរៀនរហូតបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យបច្ចេកទេសសាមុតសុងក្រាម ហើយបានចូលបម្រើការងារនៅធនាគារថៃពាណិជ្ជ សាខាខេត្តសាមុតសុងក្រាម។ ឆ្នាំ១៩៩២វណ្ណលីបានរៀបការ​​ជាមួយលោក ថៈណាផ័តន៍ ប៊ុនសេង (ธนพัฒน์ บุญเส็ง) ដែល​ជា​តម្រួតដ៏មាន​យស​សក្តិម្នាក់។​

ក្រោយ​ពីធ្វើ​ការ​នៅធនាគារ​ថៃ​ពាណិជ្ជ​បាន​៨ឆ្នាំ​ វណ្ណលីក៏បាន​លាឈប់​ពីការងារ​ ហើយ​ប្តូរ​មុខ​របរ​មកបើក​ហាង​លក់​អង្ករ ក្រោយ​មក​ក៏លក់​អាហារ​សមុទ្រ​ និង​ ឆ្លៀត​លក់​គុយ​ទាវ​នៅ ពេល​ល្ងាច​ទៀត។ សព្វ​ថ្ងៃ​(២០០៩)វណ្ណលី​មាន​អាយុ​៤១​ឆ្នាំ​ហើយ និង​មាន​កូន​ចំនួន​០២​នាក់​​ ប្រុស​ម្នាក់​ស្រីម្នាក់។

វណ្ណលី​ក្នុងវ័យ​ចំណាស់

វណ្ណលី ក្នុងវ័យ ចំណាស់

Read Full Post »

Older Posts »

តាមដាន

Get every new post delivered to your Inbox.

Join 2,475 other followers