Feeds:
ប្រកាស
មតិ

Archive for the ‘ភាព​យន្ត​ហូលីវូដ’ Category


តួអង្គក្នុងរឿង Beauty and the Beast

ផ្កាយNoVeLs*– ចង់ប្រាប់ថា មានសេចក្តីសុខយ៉ាងខ្លាំងដែលបានទស្សនារឿងនេះ គឺចូលតួ ចូល អារម្មណ៍យ៉ាងខ្លាំងទៅនឹងភាពពីរោះរណ្តំនៃបទចម្រៀង ដែលរៀបរាប់ដំណើររឿង ទាំងមូល។ បទចម្រៀងនីមួយៗមានភាពលេចធ្លោ ពីរោះ មានអត្តសញ្ញាណ និង រូបារម្មណ៍ដែលអន្ទងព្រលឹងអ្នកមើលឲ្យចូលតួ លង់ស្នេហ៍ ស្លុងអារម្មណ៍ចូលទៅកាន់ សម័យកាល ដែលរឿងរ៉ាវ BEAUTY AND THE BEAST កកើតឡើង។ Walt Disney បានយកចម្រៀងគ្រប់បទដែលមាននៅក្នុងគំនូរជីវចលមករៀបរាប់សាច់រឿងសាជាថ្មី ប៉ុន្តែនៅតែមិនថ្មី ព្រោះប្លង់ខ្លះគឺដូចគ្នាស្ទើរចាប់ដាក់តែម្តង។ កាយវិការ និងបទចម្រៀង នីមួយៗក្នុងរឿងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចកំពុងទស្សនាល្ខោននិយាយបែបលោក ខាងលិច ដែលអាចនិយាយបានថា នេះគឺជាល្ខោន និយាយសុទ្ធសាធ ដោយគ្រាន់តែមិនមែនសម្តែងលើឆាក ប៉ុណ្ណោះ។

ទទួលស្គាល់ថា BEAUTY AND THE BEAST ដែលសម្តែងដោយមនុស្សនេះ មិនអាច ប្រៀបធៀបជាមួយគំនូរជីវចលបានទេ តែក៏ល្អនៅក្នុងកម្រិតមួយដែលអាចទទួលយក បាន ព្រោះខ្លឹមសាររឿងទាំងមូលគឺល្អស្រាប់តាំងពីដើមម្ល៉េះ ជាពិសេសតួស្រី Emma Watson សម្តែងជាតួ Belle បានយ៉ាងល្អឥតខ្ចោះ និងស្រស់ស្អាត ស័ក្តិសមជាតួអង្គ ក្នុងទេវកថា គឺប្រៀបដូចនាងកើតមកដើម្បីក្លាយជាតួអង្គ Belle តែម្តង។ ភាពពីរោះ រណ្តំនៃបទភ្លេង និងចម្រៀង ធ្វើឲ្យខ្ញុំស្តាប់ឡើងព្រឺរោម និងរំជួលអារម្មណ៍ស្ទើរ តែស្រក់ ទឹកភ្នែក ដ្បិតរំភើបពេក រំភើបដែលបានត្រេក ត្រអាលនឹងមនោសញ្ចេតនាដ៏ស៊ីជម្រៅ តាមរយៈបទភ្លេង ទំនុកច្រៀង និងពាក្យពេចន៍សន្ទនា ដែលពោរពេញដោយរូបារម្មណ៍ សិល្បៈ។

សុខ ស្រីមុំ តួនាងពៅ ក្នុងរឿង នាងពៅម្លិះលា

ចំពោះដំណើររឿងវិញ គ្មានអ្វីប្លែកថ្មីនោះទេ គ្រប់គ្នាប្រហែលជាធ្លាប់ដឹងខ្លះៗមកហើយ តាមរយៈគំនូរជីវចល។ ប៉ុន្តែសម្រាប់ខ្ញុំ រឿងនេះធ្វើឲ្យខ្ញុំនឹកដល់ខ្សែភាពយន្តខ្មែរជំនាន់ ឆ្នាំ៩០មួយគឺរឿង «នាងពៅម្លិះលា» ដែលមានសាច់រឿងស្ទើរតែដូចគ្នាទាំងស្រុងនឹងរឿងនេះ។ ខុសត្រង់ថា នៅក្នុងរឿងខ្មែរ តាដង្ខៅមានកូនស្រី៥នាក់ ពេលចេញទៅធ្វើជំនួញ កូនស្រីច្បង៤នាក់ សុំឪចង់បានប្តី ខុសតែស្រីពៅប្រាថ្នាចង់បានផ្កាម្លិះលា (#ផ្កាកុលាប)។ តាមផ្លូវតាដង្ខៅបានជួបយក្ស(#ចចក) រហូតបានទៅដល់វិមានអារក្ស (#សត្វកំណាច) និងបានលួចកាច់ផ្កាម្លិះលារបស់អារក្សទុកផ្ញើកូនស្រីពៅ។ តាដង្ខៅត្រូវ មានកម្មពៀរដល់ស្លាប់ ព្រោះលួចកាច់ផ្កាអារក្សដោយមិនបានសុំអនុញ្ញាត។ តាដង្ខៅ អាចឆ្លងផុតគ្រោះកាចនេះបាន លុះត្រានាំកូនស្រីព្រហ្មចារីយ៍មកបូជាជូនអារក្ស។ កូនស្រីពៅដឹងដូច្នោះ ក៏ធ្វើ ដំណើរមកជួបអារក្ស។ ដើម្បីបញ្ជាក់ថា ឪពុករបស់នាងបានរួច ផុតពីសេចក្តីស្លាប់ដូចការសន្យា អារក្សបានឲ្យនាងពៅមើលឃើញឪពុកតាមកញ្ចក់ទិព្វ ។ លុះនាងពៅនៅរួមរស់ជាមួយអារក្សបានមួយរយៈ អ្នកទាំងពីរក៏កើតមានសេចក្តី ស្រឡាញ់រវាងគ្នានឹងគ្នា។ មួយរយៈក្រោយមក ឪពុកនាងពៅក៏ធ្លាក់ខ្លួនឈឺដោយសារ ជរាភាព។ អារក្សបានអនុញ្ញាតឲ្យនាងពៅទៅមើលថែឪពុកក្នុងរយៈពេល៧ថ្ងៃ បើនាង មិនវិលវិញ អារក្សនឹងស្លាប់។ លុះរំលង៧ថ្ងៃ នាងពៅមកមិនទាន់ អារក្សក៏ស្លាប់មែន។ តែដោយសារអំណាចទឹកភ្នែកព្រហ្មចារីយ៍ និងក្តីស្នេហ៍ដ៏បរិសុទ្ធរបស់នាងពៅចំពោះ អារក្ស អារក្សក៏រស់ឡើងវិញ និងប្រែរូបជាព្រះរាជបុត្រដ៏ស្រស់សង្ហា។ សូមបញ្ជាក់ថា រឿង «នាងពៅម្លិះលា» របស់ខ្មែរ ផលិតនៅឆ្នាំ១៩៩៣ និពន្ធដោយ លោក ប្រាក់ ច័ន្ទមុន្នី ដឹកនាំរឿងដោយ លោក ម៉ៅ សំអាងណុប សម្តែងដោយ អារុណ រស្មី(អារក្ស) សុខ ស្រីមុំ(នាងពៅ) និង តារាសម្តែងល្បីៗនៅជំនាន់នោះ ជាច្រើននាក់ទៀត ដូចជា អម្ពរ ទេវី នារីរ័ត្ន គន្ធា ពិសិដ្ឋ ពិលិកា ច័ន្ទ សេរីរ័ត្ន ទេពរិន្ទដារ៉ូ ខៃ ប្រសិទ្ធិ សម តារា…។

ទេពរិន្ទ ដារ៉ូ និង ពិសិដ្ឋ ពិលិកា ក្នុងរឿង នាងពៅម្លិះលា

និយាយពីខ្សែភាពយន្តរឿង BEAUTY AND THE BEAST ឆ្នាំ២០១៧នេះវិញ គឺគេប្រើ សិល្ប៍វិធីរៀបរាប់សាច់រឿងបានល្អ តាមលំដាប់លំដោយងាយយល់ ងាយចាប់បាន ដោយមិនបាច់ប្រើខួរក្បាលគិតច្រើន។ រីឯ ពាក្យពេចន៍សន្ទនាក៏វិចិត្រដោយរូបារម្មណ៍ សិល្បៈ ដែលមួយម៉ាត់ៗ សុទ្ធតែមានន័យខ្លឹមសារ អប់រំ ប្រៀបធៀប ស្តាប់ហើយត្រូវតែ យកទៅគិត វិភាគ និងវាយតម្លៃ តាមការយល់ឃើញរៀងៗខ្លួន ពោលគឺពាក្យមួយ ម៉ាត់ៗសុទ្ធតែមានប្រយោជន៍។ ការវិវឌ្ឍរបស់តួអង្គ ការប្រែប្រួលបុគ្គលិកលក្ខណៈ និងការរៀនស្វែងយល់របស់តួអង្គនីមួយៗគឺល្អ មានហេតុមានផល ធ្វើឲ្យយើងស្លុង អារម្មណ៍ ចូលតួ និងជ្រួតជ្រាបនូវមនោសញ្ចេតនារបស់តួអង្គសំខាន់ៗបានយ៉ាងងាយ ដោយឥតប្រកែកបាន។ ជាក់ស្តែងយើងយល់អារម្មណ៍របស់តួអង្គ Belle ដែលសេចក្តី ស្នេហាបានកកំណើតឡើងបន្តិចម្តងៗ នៅក្នុងក្រអៅបេះដូងរបស់នាង ហើយយើងក៏ យល់ពីកាយវិការដ៏ទន់ភ្លន់របស់តួអង្គសត្វកំណាច ដែលបេះដូងគេកាន់តែទន់ជ្រាយ ទៅៗ បន្ទាប់ពីបានស្គាល់អ្វីដែលហៅថា ស្នេហាពិត។

តារាសម្តែង Emma Watson ស័ក្តិសមនឹងតួអង្គ Belle ខ្លាំងណាស់។ នាងជា Belle ដែលស្អាតបំផុត មានអត្តសញ្ញាណ មានភាពលេចធ្លោ មាននិស្ស័យចចេសរឹងរូស តែមានមន្តស្នេហ៍ឆាបឆក់គួរឲ្យស្រឡាញ់។ ចំណែកតួអង្គសត្វកំណាចដែលសម្តែង ដោយ Dan Stevens ក៏ទទួលស្គាល់ថា សង្ហា ទោះជាឃើញមុខពិតតែប៉ុន្មានឈុតក៏ ដោយ តែកាយវិការដែលសម្តែងតាមរយៈខ្សែភ្នែកនោះ គឺជាអ្វីដែលអត់សរសើរមិន បានពិតមែន។ រីឯតារាសម្តែង Luke Evans ដែលសម្តែងជាតួអង្គ Gaston ក៏សង្ហាមិន ធម្មតា សង្ហាបែបពិសពុល រូបកាយសង្ហាតែចិត្តអាក្រក់ ប៉ុន្តែក៏មានមន្តស្នេហ៍ឆាបឆក់ បេះដូងគួរឲ្យខ្លាច។ 😱😂😱😂

ចំណែកបច្ចេកទេសប្រើក្រាហ្វិកកុំព្យូទ័របញ្ជាឲ្យទៀន នាឡិកា ប៉ាន់តែ ពែងតែ ដើរ បាន និយាយបាន… ចាត់ទុកជាធាតុដ៏សំខាន់មួយ ដែលធ្វើឲ្យរឿងទាំងមូលកាន់តែ គួរឲ្យចង់មើល ព្រោះក្រាហ្វិកល្អ សម ស្តែង ពិសេសតួអង្គវត្ថុទាំងនោះមានបុគ្គលិក លក្ខណៈច្បាស់លាស់ មិនភ្លាវ និងសុទ្ធតែគួរឲ្យស្រឡាញ់។ នេះមិនទាន់និយាយពី ការរៀបចំឆាក ក្រាហ្វិកប្រាសាទ និងការច្នៃម៉ូដសម្លៀកបំពាក់នៅក្នុងសម័យកាល ដែលរឿងបានកើតឡើងផង។

សរុបមក BEAUTY AND THE BEAST គឺជាខ្សែភាពយន្តមួយដែលមិនគួរមើលរំលង សម្រាប់យុវវ័យទាំងឡាយ ទាំងអ្នកដែលកំពុងមានស្នេហា និងមិនទាន់មានស្នេហា ឬសូម្បីតែអ្នកស្រឡាញ់ការសិក្សា ការរៀនសូត្រ ពិសេសស្រីៗដែលចូលចិត្តអានសៀវ ភៅ អានប្រលោមលោក… ពេលទស្សនារឿងនេះចប់ ស្នេហានឹងកកើតឡើងដោយ ឯងៗ ពេញក្រអៅបេះដូងមិនខានឡើយ 😘😘 ។ គ្រប់គ្នានឹងមិនស្តាយលុយទេ សូម្បី តែមួយសេន ព្រោះគ្រាន់តែទៅអង្គុយមើលមុខតួសម្តែងស្អាតៗ សង្ហាៗ និងស្តាប់ ចម្រៀងពីរោះៗ ក៏លើសតម្លៃសំបុត្រទៅហើយ! ចុះទម្រាំតែគិតពីតម្លៃនៃខ្លឹមសាររឿង ទាំងមូល បូករួមទាំងទេពកោសល្យសម្តែងដ៏ល្អឥតខ្ចោះរបស់តួអង្គនីមួយៗទៀត? ខ្ញុំ ជឿថា អ្នកដែលចំណេញកប់ក្តោងគឺទស្សនិកជន!!! 😉😉 មួយទៀត បើអ្នកទាំងអស់គ្នា មានពេលវេលាគ្រប់គ្រាន់ កុំភ្លេចរកមើលរឿង «នាងពៅម្លិះលា» របស់ខ្មែរដែលមាន នៅក្នុងយូធូបស្រាប់ ហើយកុំភ្លេចមកនិយាយប្រាប់វិញផង ថារឿងទាំងពីរដូចគ្នា និង ខុសគ្នាដូចម្តេចខ្លះ?

Read Full Post »


Maleficent-Poster_Archphkai

ផ្កាយ​NoVeLs*– ល្ងាច​ថ្ងៃ​ម្សិល​មិញ​ ក្រោយ​ពី​បាន​ចិញ្ចឹម​ចិត្ត​ថា​នឹង​មើល​រឿង​ Maleficent តាំង​ពី​យប់​​ម្សិល​ម្ង៉ៃ​ ខ្ញុំ​ក៏​បាន​​​ទៅ​មើល​​រឿងតាម​ភាព​ល្បី​តៗ​គ្នា​ពីមាត់​មួយ​ទៅ​មាត់​មួយ​។ ម្សិល​មិញ​ភ្លៀង​ខ្លាំង​ណាស់ តែ​ខ្ញុំ​ពុំ​មាន​​ក្តី​ព្រួយ​បារម្ភ​ថា នឹង​ខក​ខាន​ពុំ​បាន​មើល​នោះទេ ព្រោះ​កន្លែង​ធ្វើការ​នៅ​ជិត​លេជេន ស៊ីធីម៉ល​ស្រាប់​ ហើយ​ម្យ៉ាង​ខ្ញុំ​ជឿ​ថា មនុស្សសំខាន់​​ម្នាក់ដែល​នឹង​ត្រូវ​មក​អង្គុយ​មើល​កុន​ទន្ទឹម​ខ្ញុំ​ នឹង​មក​មើល​ដែរ បើ​ទោះ​បី​ជា​ត្រូវ​ជិះ​ម៉ូតូ​កាត់​ភ្លៀង​ កាត់​ទឹក​ស្ទះ​លូ យ៉ាង​ណាក៏ដោយ។​ 😀

ភ្លៀង​ពុំ​ធ្លាប់​ជា​ឧបសគ្គ​សម្រាប់​ខ្ញុំ​តាំង​ពីណាពីណី​មក​ទៅ​ហើយ​។ ផ្ទុយ​ទៅវិញ ថ្ងៃ​ណា​ដែល​មាន​ភ្លៀង ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ​អាទិទេព​ប្រោះ​ព្រំ​ពរ​ជ័យ​ដល់​​ខ្ញុំ​។ ឡើង​ជណ្តើរ​យន្ត​បណ្តើរ​ ខ្ញុំ​ផ្ញើសារ​សួរ​រក​ដៃ​គូ​បណ្តើរ​ មិន​ដឹង​ថា​គេ​មក​ដល់​ហើយ​ឬនៅ? ម៉ោង​ជិត​៧​ល្មម កុន​ជិត​ចាប់​ផ្តើម​បញ្ចាំង​ហើយ​ តែ​ខ្ញុំ​នៅ​​តែ​រក​អ្នក​ដែល​ត្រូវ​មក​មើល​ជាមួយ​ខ្ញុំ​មិន​ឃើញ​។ មិន​តែ​ប៉ុណ្ណោះ​នៅ​ឆ្លៀត​ផ្ញើ​សារ​​ដែល​ឃើញ​ហើយ​ចង់​តែ​ខោក​មួយ​ក្រញរ​​ថា​ [Want to find me?] ហាសហា… កំពុង​តែ​ត្រហេប​ត្រហប​ដក​ដង្ហើម​មិន​ចង់​ដល់​គ្នា​ផង​ នៅ​ឆ្លៀត​មក​នាំ​ឯង​លេង​បិទ​ពួន​ទៀត! ឡុលលលល…

និយាយ​ដូចជា​ក្រៅ​សាច់​រឿង​ពេក​ហើយ ឥឡូវ​ចូល​ដល់​រឿងស៊ីជម្រៅ​វិញ​ម្តង​។ សំបុត្រ​កុន​ ១​សន្លឹក​តម្លៃ​ ៥$ ព្រោះ​ជា​ប្រភេទ​រឿង​ 3D គ្មាន​ 2D លក់​ទេ(ចេះ​រក​ស៊ី​គ្រាន់​បើ ព្រោះ​ដឹង​ថា អ្នក​មើល​ភាគ​ច្រើន​នឹង​រើស​យក​ 2D បើ​មាន​ជម្រើស) ដូច្នេះ​២សំបុត្រ​ តម្លៃ​ ១០$ តែ​មាន​កាតATMរបស់​ធនាគារ​ បញ្ចុះ​១០% ដូច្នេះ​សំបុត្រ​មើល​ម្សិលមិញ​គឺអស់​៩$។ ទិញ​សំបុត្រ​បណ្តើរ​ គិត​ក្នុង​ចិត្ត​បណ្តើរ​ថា បើ​មាន​សំបុត្រ​2D ពិត​ជា​ចំណេញ​លុយ​បានច្រើន។ តែ​ខ្ញុំ​សូម​បញ្ជាក់​នៅ​ត្រង់​នេះ​ឲ្យ​ហើយថា ខ្ញុំ​ពុំ​មាន​ចិត្ត​នឹក​ស្តាយ​សូម្បី​តែ​មួយ​សេន ក្រោយ​ពីទស្សនា​រឿង​នេះ​ចប់!

ភាពយន្ត​រឿង​ Maleficent គឺ​ជា​ការ​ដក​ស្រង់​យក​ផ្នែក​ ឬ​ចម្រៀក​ដ៏​តូច​មួយ​នៃ​ទេវកថា​រឿង ​Sleeping Beauty មក​និទាន​ឡើង​វិញ​។ ចំណុច​នេះ​បង្ហាញ​ថា ភាព​យន្ត​ និង​ប្រលោមលោក ឬ​អក្សរ​សិល្ប៍​រឿង​ គឺ​មាន​វិវឌ្ឍន៍​​ដូច​គ្នា​ ដោយ​គ្រាន់​តែ​យើង​ចេះ​ច្នៃ និង​ប្រឌិត​អ្វី​ដែល​ថ្មី​ប្លែក​មិន​ឲ្យ​ដូច​អ្នក​ដទៃ​។ Sleeping Beauty រឿង​ដើម អ្នក​និពន្ធ​ប្រើ​ POV (Point of View) លើ​តួ​អង្គ ព្រះ​នាង អារ៉ូរ៉ា(Aurora) ឬ ព្រះ​នាង​ Sleeping Beauty ប៉ុន្តែ​រឿង​ Maleficent អ្នក​និពន្ធ​ប្រើ ​POV ផ្តោត​លើ​តួអង្គ​ មេមត់ ម៉ាលីហ្វីស្ហិន (Maleficent)។ តាម​រយៈ​សិល្ប៍វិធី​នេះ បង្ហាញថា តួ​អង្គ​នៅ​ក្នុង​រឿង​ប្រឌិត​ គឺ​ប្រៀប​ដូច​នឹង​ជីវិត​​ក្នុង​សង្គម​មនុស្ស​ជាក់​ស្តែង​ដែរ ពោល​គឺ​នរណាៗ​ក៏​មាន​សិទ្ធិ​សម្រេច​ និង​កំណត់​គោល​ដៅ​ជីវិត​របស់​ខ្លួន​ឯង​បាន​ដូចៗ​គ្នា បាន​ន័យថា នរណាៗ​ក៏​អាច​ក្លាយ​ជា​តួឯកបាន​​ ដោយ​គ្រាន់​តែ​ខ្លួន​យើង​ផ្តល់​តម្លៃ​ឲ្យ​ខ្លួន​យើង ឬ​ ខ្លួន​យើង​ធ្វើ​ខ្លួន​ឲ្យ​អ្នក​ដទៃ​ផ្តល់​តម្លៃ​ឲ្យ​។ មើល​ចុះ សូម្បី​តែ​តួស្រី​មេមត់​​ចិត្ត​អាក្រក់​ក្នុង​រឿង Sleeping Beauty ក៏​អាច​ក្លាយ​ជា​តួឯក​បាន ចុះ​​ទម្រាំ​មនុស្ស​គ្រប់​គ្នា​ ហេតុ​អ្វី​ធ្វើ​មិន​បាន? 😀

និយាយ​ទៅនិយាយ​មក មាន​អារម្មណ៍​ថា ដូច​ជា​ក្រៅសាច់​រឿង​ដដែល​ 😛 ។ តែសូម​បញ្ជាក់ថា កថា​ខណ្ឌ​ខាង​លើ មាន​អត្ថប្រយោជន៍​ចំពោះ​ប្រិយ​មិត្ត​ណា​ដែល​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​។​​ ជា​ថ្មី​ម្តង​ទៀត ភាពយន្ត​រឿង​ Maleficent និយាយ​ពី​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​ខ្នងនៃ​​ភាព​សាហាវព្រៃ​ផ្សៃ​របស់​ស្រី​មេមត់​​នៅ​ក្នុង​រឿង​ Sleeping Beauty ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ចិត្ត​អាក្រក់​ គ្មាន​បេះ​ដូង​ ស្អប់ ហើយ​ចង​គំនុំ​នឹង​ក្មេង​ស្រី​​ អារ៉ូរ៉ា(Aurora) បុត្រី​របស់​ស្តេច ស្តេហ្វិន(Stephan) ។ មិន​ចង់​និយាយ​ច្រើន​ទេ​ តែ​ដើម្បី​មើល​រឿង​នេះ​ងាយ​យល់ គ្រប់​គ្នា​គួរ​តែ​ស្វែង​រក​រឿង Sleeping Beauty ជាគំនូរជីវចលមើល​សិន​ក៏​បាន ទោះ​បី​មិន​បាន​ប្រាប់​អ្វី​ច្រើន តែ​នឹង​ធ្វើ​ឲ្យ​ការ​ទស្សនារឿង Maleficent កាន់​តែ​ជក់​ចិត្ត និង​មិន​មាន​ចម្ងល់​ពេល​កំពុង​មើល​។

ប៉ុស្ត័រគំនូរជីវចលរឿង Sleeping Beauty

ប៉ុស្ត័រគំនូរជីវចលរឿង Sleeping Beauty

ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួលចិត្ត​នៅ​ក្នុង​រឿង​នេះ​គឺ​ ពេល​ដែល​តួស្រី​មេមត់​ Maleficent និយាយ​ថា [យើង​សុំ​ដក​បណ្តាសាវិញ…] ពាក្យ​នេះតារាសម្តែង​​ អែនជូលីណា ជូលី និយាយ​ដោយ​អួល​ដើម​ក ​​រំជួលចិត្ត​រក​ថ្លែង​ពុំ​បាន ហើយ​បើ​និយាយ​ពី​ទឹក​មុខ​ សម្តី​សំដៅ​ការ​សម្តែង​ មិន​បាច់​និយាយ​ទេ តារា​លំដាប់​កំពូល​ពិភព​លោក​រូប​នេះ​ ពុំ​មាន​ចំណុច​ឆ្គាំ​ឆ្គង​សូម្បី​តែ​០,០១% ។ គ្រាន់​តែ​ឮ​ពាក្យ​នេះ​ភ្លាម(យើង​សុំ​ដក​បណ្តាសា!) ខ្ញុំ​ភ្ញាក់​ក្រញាង​ រំជួល​ចិត្ត​ផង រំភើប​ផង​ ហើយ​ទឹក​ភ្នែកក៏ហូរ​ចេញ​មក​តិចៗ​។ មិន​មែន​​កម្សត់​ មិន​មែនអ្វី​ទាំង​អស់ តែ​ជា​អារម្មណ៍​រំជួល​ រំភើប​មួយ​ដែល​រក​អ្វី​មក​​ថ្លែងពុំ​បាន​​។ បន្ទាប់​ពី​សម្តី​នេះ​ចប់ បណ្តាសា​ក្នុង​អតីតកាលក៏​ឮ​រណ្តំ​ក្នុង​ត្រចៀក​នាងជាថ្មី​ [បណ្តាសា​នេះ​នឹង​ស្ថិត​នៅជា​និរន្តរ៍!] សំឡេង​នេះ​ ធ្វើ​ឲ្យ​មេធ្មប់​ចិត្ត​កំណាចទប់​ទឹក​ភ្នែក​ខ្លួន​ឯង​មិ​នបាន ហើយ​ពេល​នោះ​យើង​​ឃើញ​ថា បេះ​ដូង​​របស់​ស្រី​ចិត្ត​ឃោឃៅ​នេះ​ប្រែ​ក្លាយ​ជា​ទន់​ជ្រាយ​​ស្ទើរ​រលាយ​​ជា​ផេះ​ផង់។

នាង​ចាំ​ថា បណ្តាសា​របស់​នាង​អាច​ដោះ​បាន​លុះ​ត្រា​តែ​ ព្រះ​នាង​អារ៉ូរ៉ា(Aurora) បាន​ទទួល​ការ​ជម្ពិត​​ថើប​ពី​ស្នេហ៍ពិត។ តែ​លើ​លោក​នេះ​មាន​ស្នេហា​ពិត​មក​ពីណា? នេះ​ជា​សេចក្តី​បារម្ភ​របស់​នាង​។ សេចក្តី​សង្ឃឹម​តែ​មួយ​ គឺ​ស្នាម​ថើប​ពី​ព្រះ​រាជបុត្រហ្វីលីព(Phillip)​ ដែល​យើង​ធ្លាប់​ដឹង​តាម​រយៈ​រឿង​ Sleeping Beauty រួច​មក​ហើយ​ថា នៅ​ពេល​ដែល​ព្រះ​រាជបុត្រ​ថើប ព្រះ​នាង​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញនៅ​ចុង​បញ្ចប់​រឿង​​។តែ​សាច់​រឿងថ្មី​​នេះមិន​ចប់​ត្រឹម​នេះ​ទេ ហើយ​​​ខុស​ពីមុនដូច​បាតដៃ​ និង​ខ្នង​ដៃ​​… ​នៅ​ពេល Maleficent នាំ​ព្រះ​រាជ​បុត្រ​ទៅ​ឲ្យ​ថើបព្រះនាង​ អារ៉ូរ៉ា(Aurora) នាង​នៅ​តែ​មិន​ដឹង​ខ្លួនដដែល​។ ខ្ញុំ​ជឿ​ថា ប្រិយ​មិត្ត​​ខ្លះ​មិន​សូវ​ចាប់​អារម្មណ៍​ទេ ហើយ​ក៏​មិន​ដឹង​ដែរថា ហេតុ​អ្វី​បាន​ជា​រឿង​នេះ​​ដូរ​សាច់​រឿង​ទៅ​ជា​ដូច្នេះ​? តាម​ពិត​ចុង​បញ្ចប់​របស់​រឿង​បាន​បញ្ជាក់​ច្បាស់​ណាស់ តែ​ទស្សនិកជន​ភាគ​ច្រើន​ធ្វើ​ប្រហែស​ ព្រោះ​វា​ជា​សម្តីចុង​ក្រោយ​ ដែលម្នាក់ៗ​គិត​ថា មិ​នសំខាន់។ តើ​នោះ​ជាអ្វី? ខ្ញុំ​នឹង​ប្រាប់​នៅ​ប្រយោគ​ចុងក្រោយ! 😀

បន្ទាប់​ពី​ព្រះ​អង្គម្ចាស់​ហ្វីលីព(Phillip)ថើប​ហើយ ព្រះ​នាងអារ៉ូរ៉ា(Aurora) នៅ​តែ​មិន​តើន​ភ្ញាក់ដដែល​។ ស្រី​មេមត់ Maleficent សោយ​សោក​យ៉ាង​ខ្លាំង​ តែ​ក៏​ពុំ​បាន​សុំ​ឲ្យ​អារ៉ូរ៉ា​​អភ័យ​ទោស​ឲ្យ​ដែរ។ កំហុស​គ្រប់​យ៉ាង​កើត​ឡើង​ដោយ​សារ​តែ​ចិត្ត​លោភលន់​របស់​មនុស្ស​ ដោយ​ស្នេហា​បោក​ប្រាស់ ក្បត់​ចិត្ត និង​គំនុំ​សង​សឹក​។ ចុង​ក្រោយ​ Maleficen ក៏​ជម្ពិត​ថើបព្រះ​នាង​ អារ៉ូរ៉ា(Aurora) ដោយ​ក្តី​ស្រឡាញ់​​យ៉ាង​ជ្រាលជ្រៅ​ លាយ​ឡំ​ដោយ​វិប្បដិសារី​ក្នុង​នាម​ជា​ម្តាយ​ចិញ្ចឹម(តាម​មើល​ថែ​ពី​ចម្ងាយ) ​តាំង​​ពី​ថ្ងៃ​នាង​កើតរហូត​ដល់​អាយុ​១៦​ឆ្នាំ​។ បន្តិច​ក្រោយ​មក ព្រះនាង​អារ៉ូរ៉ា(Aurora)ក៏ភ្ញាក់ដឹង​ខ្លួន ហើយ​នេះ​បញ្ជាក់ឲ្យ​ឃើញ​​ថា ស្នាម​ថើប​ដែល​កើត​ចេញ​ពី​សេចក្តីស្រឡាញ់​​ពិត(ស្នេហ៍​ពិត) គឺ​ជា​សេចក្តី​ស្រឡាញ់​​របស់​ម្តាយ​ចំពោះ​កូន​ ទោះ​បី​ជា​មិន​​មែន​ជាម្តាយ ​និងកូន​បង្កើត​ក្តី​។

ចំពោះ​មន្ទិល​ចុង​ក្រោយ​ តើ​ហេតុ​ផល​អ្វីបាន​ជា​ភាព​យន្តរឿង​​ Maleficent ប្តូរ​សាច់​រឿង​របស់​ទេវកថាល្បី​ឈ្មោះ​ Sleeping Beauty ដោយ​ប្តូរ​ឲ្យ​ការ​ថើប​របស់​ព្រះ​រាជបុត្រ ក្លាយ​ជារបស់ស្រីមេមត់ Maleficent វិញ? ហាសហា… នេះ​ជា​ភាព​យន្ត​ Twist Ending មួយ​ដែល​អ្នក​មិន​ចាប់​អារម្មណ៍​គឺ​មិន​ដឹង… ព្រោះ​ចុង​ក្រោយ​ អ្នក​និទាន​រឿង​(ដែល​ធ្លាប់​និយាយ​ពេល​បើក​ឆាករឿង​ដំបូង​ថា កាល​ពី​ព្រេង​នាយ…ប្លា… ប្លា…) បាន​​បញ្ជាក់​យ៉ាង​ច្បាស់ថា៖ [រឿង​ Maleficent ប្រហែល​ជា​មិ​នដូច​រឿង​និទាន ​ដែល​លោក​​អ្នក​ធ្លាប់​បាន​ស្តាប់​តាម​ការ​និយាយ​តៗ​គ្នា​ពីមុន​មក​នោះ​ទេ ព្រោះ​រឿង​ថ្មី​នេះ ​ខ្ញុំ​ដែល​ជា​តួ​អង្គ​ព្រះ​នាង​ Sleeping Beauty ពី​​មុន ​​ជា​អ្នក​ប្រឌិត​ឡើង​ដោយ​ខ្លួន​ឯង! ] 😀

P.S: រឿង​នេះ​ខ្ញុំ​ជូន​ពិន្ទុ ៩/១០ ៕

Read Full Post »


ផ្កាយNoVeLs*– មួយរយៈនេះ ខានបានយកខ្សែភាពយន្តរន្ធត់ៗល្បីៗមកផ្សាយ ព្រោះរវល់នោះរវល់ មិនថាការងារ ការសិក្សា ការសរសេរ គឺរវល់សឹងតែដកដង្ហើមមិនរួច(ពិសេសរវល់ត្រៀមខ្លួនដេយ៍ប្យូឆាប់ៗនេះ! 😛 ) តែថ្ងៃនេះដោយទើបតែប្រឡងចប់ថ្មីៗ ក៏យកភាពយន្តរន្ធត់មួយមកចែករម្លែក។

Husk ជាខ្សែភាពយន្តភ័យរន្ធត់មួយ ដែលនិយាយអំពីអាថ័ន របស់ពាក្យបណ្តាសា ដែលសណ្ឋិតនៅក្នុងទីងមោងចាំចាប។ ធម្មតាទីងមោងចាំចាប គឺប្រើសម្រាប់ដេញចាប ឬបង្អើលសត្វដែលចង់ចូលស៊ីភោគផលដំណាំ តែទីងមោងនេះ សូមប្រាប់ឲ្យហើយចុះ វាមិនបានរង់ចាំចាប ឬដេញសត្វដូចដែលលោកអ្នកគិតនោះទេ តែវាចាំដើម្បីយកជីវិតមនុស្សណា ដែលចូលទៅក្នុងចម្ការពោត ហើយសម្លាប់យកធ្វើជាបក្សពួកទីងមោងបន្ថែមទៀត។

Husk ផ្តើមនិយាយពីមិត្តភក្តិមួយក្រុម ដែលជួបឧប្បត្តិហេតុរថយន្តតាមផ្លូវ ដោយសារបើកបុកសត្វក្អែកបួនប្រាំក្បាលដែលហើរកាត់មុខ។ ដោយសាររថយន្តខូចទៅណាមិនកើត និងបាត់មិត្តភក្តិម្នាក់ដោយគ្មានសារហេតុ ពួកគេក៏សម្រេចចិត្តចូលទៅសុំជំនួយពីផ្ទះមួយខ្នង តែត្រូវដើរឆ្លងកាត់ចម្ការពោតដ៏ធំហើយខ្ពស់ដាច់កន្ទុយភ្នែកមួយ ដោយពួកគេមិនដឹងសោះថា នៅក្នុងនោះមាន ទីងមោងចាំចាប ដែលត្រូវបណ្តាសា រង់ចាំយកជីវិតពួកគេគ្រប់ពេលវេលា។

បើគ្រាន់តែឃើញគម្របប៉ុស្ត័រ ដែលមានតែរូបទីងមោងមួយនោះ ហាក់ដូចជាមិនល្អមើលទេ តែកុំប្រញាប់សរុបតែសម្បកក្រៅ(ដូចខ្ញុំ! ហិហិ… តាមពិតឃើញចេញលក់យូរហើយ តែទើបតែទិញមើល ព្រោះគ្មានរឿងថ្មីមើល) ព្រោះទីងមោងដេញចាបនេះ មិនមែនសម្លាប់មនុស្សស៊ើកមមើក ដូចខ្មោច Zombie នោះទេ តែវាលឿននិងរហ័សហួសពីការគិត ថែមទាំងពូកែលាក់ខ្លួនបានទៀតផង មិនដឹងថា នឹងលេចខ្លួនចេញមកពេលណា ដែលនេះ ជាចំណុចល្អរបស់ភាពយន្តរឿងនេះ ព្រោះធ្វើឲ្យរន្ធត់ស្រៀវគ្រប់ពេលវេលា ស្ទើរតែដកដង្ហើមមិនទាន់។

ខ្ញុំមើលរឿងនេះ សូម្បីតែកំពុងញ៉ាំអី ក៏ភ្លេចទំពាដែរ ព្រោះមិនដឹងថា ខ្មោចទីងមោងនោះចេញមកឆ្មក់ចាប់តួពេលណា ដ្បិតឃើញតែព្រៃពោតក្រាស់ឃ្មឹក និង ខ្ពស់មើលមិនឃើញវាល ដើរមិនស្រួលអាចវង្វេងក្នុងព្រៃពោតនោះក៏ថាបាន។ ពិសេសចុងបញ្ចប់រឿងក៏ធ្វើបានល្អ មុននឹងចប់ ធ្វើឲ្យខ្ញុំដកដង្ហើមផិតផើយៗតាមតួអង្គ ព្រោះមិនដឹងថា ខ្មោចទីងមោងនោះ នឹងចេញមកពេលណា តាមមកទាន់ឬទេ ខណៈដែលតួអង្គក៏រត់ទៅណាមិនរួច ស្រែកក៏មិនឮ បានត្រឹមតែហាមាត់ឲ្យគេជួយតែគ្មានសំឡេង! ពេលមើលឈុតនេះ ពិតជាពិបាកទ្រាំខ្លាំងណាស់ ព្រោះសឹងតែភ្លេចដកដង្ហើមតាមរឿងពិតមែន។ ចុះដឹងទេថាពេលតួខ្មោចទីងមោងនោះចេញមកវាធ្វើដូចម្តេច? ហាសហាសហា… មិនទាន់ប្រាប់ទេ ទុកឲ្យមើលខ្លួនឯងចុះ នោះនឹងដឹងថា ពេលរឿងនេះលេងចប់ បេះដូងក៏មិនទាន់ឈប់លោត!

ពិតជាសរសើរបរទេសមែន ដែលគេចេះយក [ទីងមោង] មកផលិតបានជាខ្សែភាពយន្តព្រឺរន្ធត់ដ៏ល្អមួយបែបនេះ។ ទីងមោង នៅក្នុងជំនឿ និង ផ្នត់គំនិតខ្មែរ ក៏មានរឿងរ៉ាវរាប់មិនអស់ ដែលអាចយកមកសរសេរ ឬផលិតជាខ្សែភាពយន្តបានរាប់រយរឿង ចុះហេតុអ្វីអ្នកនិពន្ធ អ្នកដឹកនាំរឿងខ្មែរ ចូលចិត្តផលិតតែរឿងច្រំដែលៗ មើលមិនចូលភ្នែកបែបនេះ!!? (Sic)

Read Full Post »


ផ្កាយ​NoVeLs*– អ្នក​ដែល​ធ្លាប់​ជាប់​ចិត្ត​ដិត​អារម្មណ៍​នឹង​រឿង​ Valentine’s Day ភាព​យន្ត​ស្នេហា​រ៉ូមែន​ទិក​​ កាល​ពី​ដើម​ឆ្នាំ​កន្លង​មក​ ច្បាស់ជា​មិន​ខក​បំណង​ទេ​នឹង​ភាព​យន្ត​​​រឿង​ New Year’s Eve ដែល​ជា​ស្នាដៃ​​ពាក់​បូ​ក្រហម​ឆ្លង​ឆ្នាំ​ថ្មី​របស់​អ្នក​ដឹក​នាំ​រឿង​ ហ្គា​រី​ ម៉ាឈែល (Garry Marshall)​ ដែល​នឹង​និយាយ​ពី​​រឿងរ៉ាវ​ស្នេហា​របស់​មនុស្ស​ច្រើន​នាក់​​ ច្រើនប្រភេទ ​ដែល​កើត​នៅ​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​​ ក្នុង​រាត្រី​​មុន​​ថ្ងៃ​ចូល​ឆ្នាំ​។ ទាំង​សំឡេង​សើច​ក្អាក​ក្អាយ​ ទាំង​​ក្រាម​ទឹក​ភ្នែក និង​ស្នាម​ញញឹម​ នឹង​នាំ​មក​ជូន​ប្រិយ​មិត្ត​​ដោយ​ ​តារា​សម្តែង​ពេញ​ដោយ​សមត្ថភាព​ប្រមាណ​​​ជាង​១០​រូប។

  • ឈុតខ្លះក្នុងរឿង​, ភាព​យន្ត​ Trailer

ភាព​យន្ត​រឿង​ New Year’s Eve នឹង​អប​អរ​សាទរ​សេចក្តី​ស្នេហា​ សេចក្តី​សង្ឃឹម​ ការ​ផ្តល់​អភ័យ​ ឱកាស​កែ​ខ្លួន និង​​ការ​ចាប់​ផ្តើ​ម​ថ្មី​ដ៏​ស្រស់​ថ្លា​ នៅ​ក្នុង​រឿង​រ៉ាវ​ដែល​មាន​បញ្ចូល​ទាំង​អ្នក​មាន​គូ​ស្នេហ៍ និង​អ្នក​នៅ​លីវ ដែល​ត្រូវ​បង្ហាញ​​ប្រាប់​តាម​រយៈ​​ពាក្យ​សន្យា​នៃ​ទីក្រុង​ញូវ​យ៉ក​​ក្នុង​រាត្រី​ដែល​មាន​ភ្លើង​ពណ៌​​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​​បំផុត​ប្រចាំ​ឆ្នាំ​។

អ្នក​ដឹក​នាំ​រឿង​ ហ្គា​រី​ ម៉ាឈែល​ និង​បណ្តា​អ្នក​សម្តែង​​ទាំង​អស់​នេះ នឹង​​ធ្វើ​ដំណើរ​​ជុំ​វិញរដូវ​កាល​​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​២០១១​​​​ តាម​រយៈ​ភាព​យន្ត​​កំប្លែង​ស្នេហា​​រ៉ូមែន​ទិក​ New Year’s Eve។

  • សង្ខេបរឿង

ហ៊ែររី(​រ៉ូបឺត​​ដឺ​នី​រ៉ូ Robert De Niro) បុរស​មាឌ​មាំ​ដែល​បៀត​បៀន​ដោយ​រោគ​កាច​សាហាវ​​ ​បាន​សម្លឹង​មើល​រយៈ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​​របស់​ខ្លួន​​​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី​​​នៅ​មន្ទីរ​ពេទ្យ​។ ចំណែកនាង​​​លេខា​ក្រមុំ​ អ៊ិង​គ្រិត​(មីឆេល​ ហ្វៃ​ហ្វ័រ Michelle Pfeiffer) កំពុង​សម្រេចចិត្ត​​បញ្ឈប់​សម្ព័ន្ធ​ភាព​ដែល​គ្មាន​សង្ឃឹម​របស់​ខ្លួន​ឯង​។ រី​ឯ ​គ្លែរ​(ហ៊ី​ឡារី​ ស្វែង​ Hilary Swank)) កំពុង​មមាញឹក​នឹង​ការ​សម្តែង​​​​​នៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ដ៏​ធំ​មួយ​នៅ​​លើ​ដង​ផ្លូវ​​ ថាម៍​ឃ្វែរ​ ខណៈ​ដែល​រ៉ែន​ឌី​(អេស្ស​​តាន់​ ឃុត​ឆ័រ Ashton Kutcher)​ជា​បុរស​ម្នាក់​ដែល​ស្អប់​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី​​ជាទីបំផុត​​៕

  • រូបភាព​​ខ្លះក្នុងរឿង

Read Full Post »


Saw VIII ដែលត្រៀមដាក់បញ្ចាំងក្នុងឆ្នាំ២០១២នេះ

ផ្កាយ​NoVeLs*– អឺមមម… សូម​សម្រួល​​ចិត្ត​ឲ្យ​បាត់​ស្រៀវ​​សិន​មុន​នឹង​និយាយ​ ហិហិ 😀 គឺ​ខ្ញុំ​ទើប​តែ​មើល​​រឿង​​ SAW ពី​វគ្គ​I ដល់​​វគ្គ​VII​ ចប់ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។ និយាយ​រួម​​ វា​ជា​ការ​​មើល​​ជម្រះ​បញ្ជី​​ចាស់​ដែល​នៅ​សេស​សល់​កាល​ពី​លើក​មុន​ បន្ទាប់​ពី​​បាន​ទស្សនា​រឿង​ Insidious រួច​មក​។ ក្រោយ​ពី​បញ្ចប់ Insidious ខ្ញុំ​​​ពិត​ជា​អត់​​ស្ងើច​សរសើរ​មិន​បាន​​មិន​ថា​អ្នក​​ដឹក​នាំ​រឿង​ ឬអ្នក​​សរសេរ​​អត្ថបទ​ភាព​យន្ត​ ​​ព្រោះ​គ្រប់​ៗ​​ឆាក​សុទ្ធ​តែ​ពញ្ញាក់​អារម្មណ៍​​អ្នក​មើលឲ្យ​ហើប​គូទ​ពី​កៅ​អី​​។​ តាម​រយៈ​ Insidious ខ្ញុំ​ក៏​ដឹង​ថា អ្នក​ដឹក​នាំ​រឿង​នេះ ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ទរ​ពិភព​លោក​ម្តង​រួច​មក​ហើយ ​​នៅ​ក្នុង​ភាព​យន្ត​ត​ភាគ ដែល​មាន​ឈ្មោះ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា Saw(SAW/ JIGSAW/  CHAIN SAW/ SEE SAW-GAME/ SEE SAW SEEN/)។​

ហេតុ​ដូច្នេះ តើ​អ្នក​ដែល​ងប់​ងល់​នឹង​ភាព​យន្ត​​បែប​រន្ធត់ៗដូច​ខ្ញុំ​នេះ​ឬ បណ្តោយ​ឲ្យ​រឿង​ល្អៗ​បែប​នេះ​រំលង​ផុត??? ហិហិ… គឺ​ពិត​ជា​មិន​ឲ្យ​ផុត​ពី​២៤​ម៉ោង​ទេ តាម​រក​ទិញ​ទាល់​តែ​បាន​គ្រប់​៧​វគ្គ​ មួយ​រំពេច​។ ឥឡូវ​កុំ​ឲ្យ​ខាត​ពេល​ ចូល​សាច់​រឿង​តែ​ម្តង​​…

ខ្សែ​ភាព​យន្ត​​ Saw​ មក​ដល់​ឆ្នាំ​២០១១​នេះ​ ផលិត​បាន​៧​វគ្គ​ហើយ ហើយ​​មិន​យូរ​មិន​ឆាប់​នេះ Saw VIII នឹង​ចេញ​មក​ទៀត​នៅ​ឆ្នាំ​២០១២​ខាង​មុខ​។ Saw​ វគ្គ​I ចាប់​កំណើត​នៅ​ក្នុង​ឆ្នាំ​ ២០០៤​ ដឹក​នាំ​រឿង​ដោយ​ James Wan អត្ថបទ​ភាព​យន្ត​ដោយ Leigh Whannell, James Wan ។ តាម​រយៈ​សាច់​រឿង​ដែល​បាន​មើល​មក​ហើយ​ទាំង​៧​វគ្គ​ ចំណង​ជើង​ Saw​ មួយ​ម៉ាត់ អាច​មាន​ន័យ​ប្រទាក់​គ្នា​លើ​៤,៥​ករណី​។ ករណី​ទី​១ អាច​មាន​ន័យ​សំដៅ​លើ ​រណា ឬ ការ​កាត់​ចៀរ​ស្បែក​ស្រស់​ៗ(SAW) ​​ដែល​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​វគ្គ​I។ ​ករណី​ទី​២ សំដៅ​​លើ​ឈ្មោះ​ឃាតករ​ក្នុង​រឿង ​ដែល​ហៅ​ខ្លួន​ឯង​ថា JIGSAW ព្រោះ​គ្រប់​ពេល​ដែល​នុយ​របស់​ខ្លួន​ស្លាប់ ឃាតករ​តែ​ង​តែ​ចៀរ​ស្បែក​សាក​សព​ជា​សញ្ញា​Jigsaw។ ឯ Saw ​ក្នុង​ករណី​ទី​៣ អាច​សំដៅ​លើ​​អង្គប់​ច្រវាក់​ ឬ​ខ្នោះ (CHAIN SAW) ​ ដែល​ឃាតករ​តែ​ង​តែ​យក​​មក​ដាក់​នុយ​របស់​ខ្លួន​។ ចំពោះ​ករណី​ទី​៤​ អាច​សំដៅ​លើ​​ ការ​មើល​ការ​លេង​ហ្គេម​ ជាប់​ខ្នោះ​ច្រវាក់ ដាក់​អង្គប់​ ឬ​អារ​កាត់​ជើង​ដោយ​ប្រើ​​រណា(SEE SAW-GAME)។ ​ចំណែក​ន័យ​ក្នុង​​ករណី​ចុង​ក្រោយ ​អាច​មក​ពី​ពាក្យ​ SEE SAW SEEN នេះ​ឯង​។ ​ សរុប​​មក​ រឿង Saw ទាំង​៧​វគ្គ​នេះ​ សុទ្ធ​តែ​ក្តោប​ន័យ​ទាំង​ប្រាំ​នេះ​ទាំង​អស់​ ហើយជឿ​ជាក់​ថា​​ Saw ក្នុង​វគ្គ​បន្ត​បន្ទាប់​ទៀត ​ក៏​មិន​ប្រាស​ចាក​ពី​ន័យ​ទាំង​នេះ​ដែរ​។

ខ្សែ​ភាព​យន្ត​អង្រួន​ព្រលឹង​ Saw មាន​​ដំណើរ​រឿងលោត​កញ្ឆក់​ ​ កន្ត្រាក់​អារម្មណ៍​​ ពី​ឆាក​មួយ​ទៅ​ឆាក​មួយ​ពេញ​ប្រៀប​​ទៅ​ដោយ​ល្បិច​លាក់​សាច់​រឿង​ យ៉ាង​ប៉ិន​ប្រសប់​​ផុត​វិស័យ ​​ធ្វើ​ឲ្យ​គ្រប់​ឆាក​កាន់​តែ​​រន្ធត់​​ស្រៀវ​​​ស្ញើប​ស្ទើរ​តែ​ភ្លេច​ដក​ដង្ហើម​។ ហេតុ​ផល​នេះ​បាន​ធ្វើ​ឲ្យ Saw  ទទួល​បាន​​ការពេញ​និយម​យ៉ាង​ខ្លាំង ពី​សំណាក់​​ប្រិយមិត្ត​ អ្នក​ស្នេហា​ភាព​យន្ត​រន្ធត់​ព្រឺ​ព្រួច​​​​ មិន​ចេះ​ឈប់​ឈរ​​។​ Saw ជា​រឿង​រ៉ាវ​របស់​កំពូល​ឃាតករ​​ ដែលមាន​គេ​តំណាល​តៗ​គ្នា​​តាម​រយៈរហស្សនាម​ Jigsaw រួម​នឹង​​សម្តី​អមតៈរបស់​ខ្លួន​គឺ «​យើង​ចង់​លេង​ហ្គេម…​»។ ផ្ទៃ​រឿង​ទាំង​មូល​ ​ពោរ​ពេញ​ទៅ​ដោយ​ ឆាកឃាតកម្ម​សាហាវ​ៗ មាន​ឈាម​ខ្ទាត​ពេញ​​អេ​ក្រង់​​ ធ្លាយ​ពោះ​វៀន​ផ្ទុះ​ខួរ​ស្រស់​ៗ ដោយ​ប្រើ​​គ្រឿង​ចក្រ​ អង្គប់​ អន្ទាក់ ​ និង​រណា​កាត់​អារជើង​ខ្លួន​ឯង​ អម​ទៅ​ដោយ​​សំឡេង​ស្រែក​​ថ្ងួច​ថ្ងូរ​​យ៉ាង​ឈឺ​ចាប់​និង​វេទនា​​​។

តុក្កតា តំណាង ឲ្យ តួ អង្គ Jigsaw, គ្រាន់ តែ ឃើញ ក៏ ព្រឺ

ដំណើរ​រឿងទាំង​៧​វគ្គ​ ​មិន​បាន​រៀប​តាម​លំដាប់​ដូច​រាប់​លេខ​ទេ គឺ​ អ្នក​និពន្ធ ​និង​អ្នក​ដឹក​នាំ​បាន​រៀប​ឆ្លាស់​គ្នា​​ពី​មុខ​ទៅ​ក្រោយ ​ពី​ក្រោយ​ទៅ​កណ្តាល​(​១,៣,៥,២,៤…) បោក​អ្នក​មើល​ឲ្យ​​ខំ​តាម​ដាន​សាច់​រឿង​រហូត​ រួច​បង្កើត​ពន្លក​បញ្ហា​ថ្មី​ ធ្វើ​ឲ្យ​អ្នក​មើល​ដឹង​ថា​ ពិត​ជា​នៅ​មាន​ភាគ​បន្ត​ ហើយ​រឿង​រ៉ាវ​ខាងមុខ​នឹងទៅ​ជា​យ៉ាង​ណាទៀត? ក្នុង​ចំណោម​វគ្គ​ទាំង​អស់​ ​ដែលបាន​​ដាក់​បញ្ចាំង​រួច​ហើយ​នេះ វគ្គ​ដែល​លេច​ឮ​ល្បី​​រន្ទឺ​រ​តៗ​គ្នា​ថា​ល្អ​បំផុត​របស់​ស៊េរី​រឿង​នេះ​ គឺ​វគ្គ​I ព្រោះ​ជា​វគ្គ​ដែល​មាន​ឆាក​អារ​ជើង​ស្រស់​ៗ ​ធ្វើ​ឲ្យ​ស្រៀវ​រន្ធត់​រហូត​អត់​ដង្ហើម​ ពិសេស​នោះ​គឺ​​​ចុង​បញ្ចប់​រឿង​​បាន​ធ្វើ​ឲ្យ​អ្នក​មើល​បះ​សក់ ដាច់​ផ្ងារ​តូង​​គ្រប់​ៗ​គ្នា ​ព្រោះ​មិន​នឹក​ស្មាន​ថា​ អ្នក​និពន្ធ​និង​អ្នក​ដឹក​នាំ​រឿង​ អាច​លាក់​សាច់​រឿង​បាន​ល្អិត​ល្អន់​ដល់​កំពូល​យ៉ាង​ដូច្នេះ​​។

«ជីវិត​របស់​មនុស្ស​យើង​មួយ​ជីវិត​មាន​តម្លៃ​ប៉ុណ្ណា​ ហើយ​ក្នុង​បច្ចុ​ប្បន្ន​មនុស្ស​យើង​ឃើញ​តម្លៃ​​របស់​ខ្លួន​ឯង​តិច​ច្រើន​កម្រិត​ណា?» នេះ​ជា​មូល​ន័យ​របស់​រឿង​។ អ្នក​ខ្លះ​ក្រោយ​ពី​មើល​រឿង​នេះ​ហើយ​ អាច​គិត​ថា តួ​អង្គ​Jigsaw គឺ​ជា​ឃាតករ​រោគ​ចិត្ត​ តែ​ការ​ពិត​​ មិន​មែន​ទេ។ Jigsaw គឺ​ជា​ឃាតករ​​ដែល​ពោរ​ពេញ​ទៅ​ដោយ​ទស្សនវិជ្ជា​ជីវិត​ និង​មាន​ការ​យល់​ដឹង​ពី​ចិត្ត​វិទ្យា​ខ្ពស់។ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រោយ​ពី​ Jigsaw បាត់​បង់​ជីវិត​នៅ​ក្នុង​វគ្គ​៤, Jigsaw នៅ​តែ​ប្រើ​អាច​​ឃាតករ​ថ្មី​ឲ្យ​មក​​បន្ត​វេន​ កម្ចាត់​មនុស្ស​ដែល​មិន​ស្គាល់​ពី​តម្លៃ​ជីវិត​តាម​ក្រិត​ក្រម​របស់​ខ្លួន​មិន​ចេះ​ចប់។ បើ​ដូច្នេះ​ តើ Saw នឹង​មាន​ដល់​វគ្គ​ប៉ុន្មាន?​​?? ចម្ងល់​នេះ​មាន​តែ​រង់​ចាំ​តាម​ដាន​ទាំងអស់​គ្នា​ប៉ុណ្ណោះ!! 😀

Read Full Post »


Warning: ការ​ទាក់​ទង​ជាមួយ​វិញ្ញាណ​គឺ​ជា​រឿង​គ្រោះ​ថ្នាក់​

កុំ​ព្យាយាម​ធ្វើ​ពិធី​ទាក់​ទង​​នឹង​ពិភព​​វិញ្ញាណ​ដោយ​ខ្លួន​ឯង​

មាន​វិធី​ច្រើន​យ៉ាងដែល​ធ្វើ​ឲ្យ​លោក​អ្នក​ប្រាកដ​​ក្នុង​ចិត្ត​ថា​

អ្វី​ដែល​កំពុង​ជួប​នោះ​ជា​ហេតុការណ៍​​លើ​ស​ពី​​ធម្មជាតិ​

សូម​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ខ្លាំង​បំផុត​ ហើយ​នៅ​ពេល​មាន​ការ​សង្ស័យ​

សូម​ទាក់​ទង​អ្នក​ជំនាញ​ដើម្បី​មក​ពិនិត្យ​ផ្ទះ​របស់​អ្នក​។

. ស្រមោលងងឹតដែល​​គ្មានពាក្យពន្យល់បាន

រូប​រាង​ដែល​ស្រដៀង​នឹង​ស្រមោល​​មនុស្ស​​ ឬ​​ស្រមោល​របស់​វត្ថុ​ដែល​មិន​អាច​រក​ពាក្យ​អ្វី​មក​ពន្យល់​បាន​។

ការណែនាំ ដើម្បី​ពិសោធ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ពួក​យើង​​សូម​ណែ​នាំ​​ឲ្យ​ប្រើ​វិធី​មួយ​ ​ហៅ​ថា «ការ​​​​រោល​ផ្សែង​​»។​ ចាប់​ផ្តើម​ដំបូង​គឺ ដាក់​​កាមេរ៉ា​វីដេអូ​នៅ​ត្រង់​ជ្រុង​ណា​មួយ​នៃ​បន្ទប់​។ បន្ទាប់​ពី​នោះ ​បើក​ម៉ាស៊ីនបង្ហុយ​ផ្សែង​​ឲ្យ​ពេញ​បន្ទប់​ បិទ​ភ្លើង​ហើយ​បើក​កាមេរ៉ា​វីដេអូ បញ្ជា​​​យក​ម៉ូដ​​ថត​ពេល​យប់​ ហើយ​ដាក់​ឲ្យ​​​ថត​យក​រូប​ភាព​​ចោល​មួយ​យប់​​​។ ពេល​ព្រឹក​ឡើង​ ទៅ​ត្រួត​ពិនិត្យ​​មើល​ថា ​តើ​មាន​ស្រមោល​​ធ្វើ​ចលនា​នៅ​ក្នុងផ្សែង​​​នោះឬ​ អត់​។

. សំឡេងដែលគ្មានពាក្យពន្យល់​​បាន

សំឡេង​​ជើង​ដើរ​​ សំឡេង​គោះ​ទ្វារ​ និង​សំឡេង​ទង្គិច​របស់​វត្ថុ ​ដែល​មិន​អាច​រក​ពាក្យ​អ្វី​​មក​ពន្យល់​​បាន​។

ការណែនាំ ​វា​អាស្រ័យ​លើ​អាយុ​របស់​ផ្ទះ​អ្នកដែរ​​ ព្រោះ​​សំឡេង​អាច​កើត​ចេញ​ពី​​ក្បាល​ម៉ាស៊ីន​ទឹក​ចាស់​ ឬ​ម៉ាស៊ីន​ត្រជាក់​ខូច​​​។ ការ​ពិសោធ​​ គឺ​​ចាក់​​ទឹក​ចូល​ទៅ​ក្នុង​កែវ​២​ភាគ​៣​​​។ បន្ទាប់​ពី​នោះ​ចាក់​ប្រេង​​ចូល​​​បន្ថែម​មួយ​ភាគ​ទៀត​​​យ៉ាង​ប្រយ័ត្ន​ប្រយែង ​​រហូត​កើត​បាន​ជា​ទឹក​​ពីរ​ជាន់​នៅ​ក្នុង​កែវ ​​​(មួយ​ជា​ទឹក​, មួយ​ជា​ប្រេង​)។​ ដាក់​​កែវ​នោះ​​ចោល​ នៅ​កន្លែង​ដែល​សង្ស័យ​ថា​ មាន​សំឡេង​​​ចេញ​​​មក​មួយ​យប់។ បន្ទាប់​ពី​នោះ​ ឲ្យ​សាក​​ពិនិត្យ​មើល​ថា​ ប្រេង​មាន​ការ​ផ្លាស់​​​ជាន់​គ្នា​ជា​មួយ​​ទឹក​ឬ​ទេ? បើ​មាន​​បញ្ជាក់​ថា សំឡេង​នោះ​​ កើត​ឡើង​ដោយ​សារ​​វិញ្ញាណ​ពិត​មែន​​​ ព្រោះ​ថាម​ពល​របស់​ពួក​វា​​ នឹង​ទាញ​ប្រេង​ឲ្យ​ចូល​ទៅ​ជិត​វា​។

​. ទទួលអារម្មណ៍ថា មានគេតាមសម្លឹងមើលគ្រប់ពេលវេលា

ថាម​ពល​​មិន​មែន​​ធម្មជាតិ​​ នឹង​កើត​ឡើង​នៅ​ផ្នែក​ណា​មួយ​នៃ​ផ្ទះ ​​និង​ក្នុង​ពេល​​​ដដែលៗរាល់​​លើក​។

ការណែនាំ​ ហេតុ​ការ​ណ៍​នេះ​​​ ច្រើន​កើត​ឡើង​ចំពោះ​​មនុស្ស​ច្រើនគ្នា​ តែ​​​​ធ្វើ​ពិសោធ​​​​ខុស​រហូត​​។ ការ​​​ពិសោធ​​ដែល​ត្រឹម​ត្រូវ ​​​គឺ​ត្រូវ​​ឈរ​នៅ​កន្លែង​ដែល​អ្នក​មាន​អារម្មណ៍​​ខុស​ប្រក្រតី​​បំផុត​នៅ​ក្នុង​ផ្ទះ​​។ យក​ត្រី​​​វិស័យ​មក​ដាក់​លើ​ដៃ​ ហើយ​ពិនិត្យ​មើល​ថា ​វា​ចង្អុល​ទៅទិស​ណា​ បើ​មាន​អ្វី​ខុស​ពី​ប្រក្រតី​​ ថាម​ពល​នឹងទៅ​​រារាំង​រលក​​មេដែក​​ ហើយ​ធ្វើ​ឲ្យ​ត្រី​វិស័យ​​វិល​​ដោយ​សេរី​គ្មាន​ការគ្រប់​គ្រង​។

. អាកាសធាតុម្តងក្តៅម្តងរងា

សីតុណ្ហភាព​ឡើងចុះ​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ដឹង​ហេតុ​ផល​។

ការណែនាំនេះ​គឺ​ជា​បញ្ហា​​ដែល​​កើតឡើង​ញឹក​ញាប់​​ នៅ​ពេល​​ត្រូវ​មក​​ជួប​នឹង​រឿង​ដែល​មិន​មែន​ធម្មជាតិ​​ តែ​ភាគ​ច្រើន​វា​កើត​ឡើងព្រោះ​បង្អួច​​ ឬ​ទ្វារ​ភ្លេច​បិទ​​។ ដំបូង​ត្រូវឲ្យ​​​ប្រាកដ​ក្នុង​ចិត្ត​សិន​ថា​ ទ្វារ​ បង្អួច​ ស្លាប​ព្រិល​ និង​ចន្លោះ​ប្រហោង​ផ្សេង​ៗ​ បិទ​ជិត​អស់​ហើយ​​។ បើ​សីតុណ្ហភាព​នៅ​តែ​​ឡើង​ចុះ​​ដោយ​មិន​ដឹង​មូល​ហេតុ​​ ឲ្យ​សាក​ល្បង​​កាន់​រោម​សត្វ​​​ នៅ​កន្លែង​ដែល​​មាន​​សភាព​ក្តៅ​ និង​​រងា​​ បើ​រោម​សត្វ​មាន​ចលនា​​បញ្ជាក់​ថា​ មាន​ខ្យល់​​ ហើយ​វា​មិន​បាន​កើត​ឡើង​ដោយ​សារ​​វិញ្ញាណ​ខ្មោច​នោះ​ទេ​។

​. សំឡេងយំនិងខ្សឹប

សំឡេង​រង៉ូវ​ៗ​ខ្សឹប​និង​យំ​​​ចេញ​ពី​ផ្នែក​ណា​មួយ​នៃ​ផ្ទះ​ដោយ​មិន​ដឹង​​ប្រភព​ច្បាស់​លាស់​។

ការណែនាំ បំពាក់​​ឧបករណ៍​ថត​សំឡេង​​ នៅ​កន្លែង​ដែល​បាន​ឮ​សំឡេង​​ញឹក​ញាប់​បំផុត​​។ បន្ទាប់​ពី​នោះ​សូម​​ធ្វើ​ពិសោធ​ ​ដោយ​ការ​បើក​ឧបករណ៍​ថត​សំឡេង​​ឲ្យ​ខ្លាំងៗ​ ​​ដើម្បី​ស្តាប់​សំឡេង​យំ​ ខ្សឹប​​ ឬ​រអ៊ូ​រទាំ​នៅ​ក្នុង​ភាសា​​ដែល​អាច​ស្តាប់​បាន​។

. ការធ្វើបាបលើរាងកាយ

​ជា​បាតុ​ភូត​ដែល​កើត​ឡើង​មិន​ញឹក​ញាប់​តែ​​កាច​សាហាវ​។​ លទ្ធផល​គឺមាន​​ស្នាម​​ក្រចៅ​ ស្នាម​​ម្រាម​ដៃ​ក្រហម​​​ជាំ​ ឬ​ត្រូវ​នរណា​រុញ​​​មួយ​ទំហឹង​ដោយមិន​ដឹង​មូលហេតុ​។

ការណែនាំ សូម​ជឿ​ការ​ណែ​នាំ​របស់​យើង​ បើ​វា​កើត​ឡើង សូម​ប្រញាប់​ទាក់​ទងទៅ​​កាន់​អ្នក​ជំនាញ​​រឿង​នេះ​ឲ្យ​បាន​​រហ័ស​បំផុត​។

. ការរំខានរបស់ចរន្តអគ្គិសនី

​ភ្លើង​អំពូល​នៅ​ក្នុង​ផ្ទះ​បិទ​បើក​ដោយ​មិន​ដឹងមូល​ហេតុ​។

ការណែនាំ បាតុភាព​នេះ​អាច​ធ្វើ​ពិសោធ​​ដោយ​ខ្លួន​ឯង​បាន​។ បើ​អ្នក​មាន​កង្វល់​នឹង​រឿង​​ដែល​កើត​​ឡើង​ ​ពួក​យើង​សូម​ណែ​នាំ​ឲ្យ​​អ្នក​​​ពិនិត្យ​មើល​​​ប្រព័ន្ធ​អគ្គិសនី​​​នៅ​ក្នុង​ផ្ទះ ​មុន​នឹង​​ទាក់​ទង​​ទៅ​អ្នក​ជំនាញ​ការ​រឿង​ដែល​មិន​មែន​ជា​ធម្មជាតិ​។

. ការលេចរូបរាងរបស់ថាមពល

​ថាម​ពល​ដែល​លេចឡើង​ជា​រូប​​រាង​​​មនុស្ស​ ​ឬ​រូប​របស់​ពន្លឺ​ និង​​ស្រមោល​។

ការណែនាំ​ ពួក​​យើង​សូម​ឲ្យ​អ្នក​សម្អាត​ផ្ទះ​ដើម្បី​ឲ្យ​​ច្បាស់​ក្នុង​ចិត្ត​ថា​​ វា​មិន​បាន​កើត​ឡើង​ដោយ​សារ​​ល្អង​ធូលី​នៅ​ក្នុង​បរិវេណ​នោះ​។ បន្ទាប់​មក​បើក​កាមេរ៉ា​វីដេអូ​​ ជ្រើស​រើស​យក​ម៉ូដ​​ថត​ពេល​យប់​ ហើយ​​ដាក់​​ឲ្យ​ថត​​​រូប​ភាព​ចោល​​មួយ​យប់​។ បន្ទាប់​ពី​នោះ​​ សូម​ត្រួត​ពិនិត្យ​ដោយ​ការ​ខារ​ទៅខាង​មុខ​​ឲ្យ​​លឿន​បំផុត​ បើ​ស្រមោល ​ឬ​បណ្តុំ​ថាម​ពល​នៅត្រង់​ចំណុច​នោះ​យូរ​ បញ្ជាក់​​ថា​ នោះ​ពិត​ជា​វិញ្ញាណ​ប្រាកដ​ណាស់​។

. ភ័ស្តុតាងដែលប៉ះ​​​ពាល់បាន

ផ្ទាំង​គំនូរ​ រូប​ភាព ស្នាម​ក្រយៅ​ដៃ​ ស្នាម​បាត​ជើង​ដែល​មិន​អាចពន្យល់​បាន​។

ការណែនាំ ដំបូង​គឺ​សូម​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ ភ័ស្តុតាង​ដែល​កើត​ឡើង​មិន​មែន​ជា​ ស្នាម​​ប្រលាក់​ភក់​​ ​ថ្នាំ​លាប​ផ្ទះ ឬ​​គូល័រ​ទៀន​។ បើ​អ្នក​​​ត្រួត​ពិនិត្យ​រហូត​​ច្បាស់​ក្នុង​ចិត្ត​ហើយ​ សូម​ដាក់​ក្រដាស​មួយ​ផ្ទាំង​​ត្រង់​កន្លែង​​កើត​ហេតុ​។ ប្រមូល​ភ័ស្តុតាង​ហើយ​បញ្ជូន​ទៅ​ឲ្យ​មន្ទីរពិសោធន៍​​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត​។

១០. កូនរបស់អ្នកធ្វើខ្លួនខុសប្លែកពីមុន

អាកប្បកិរិយា​ដែល​យក​ប្រាកដ​ប្រជា​មិន​បាន​ ខឹង​ច្រឡោត និង​អារម្មណ៍​ប្រែ​ប្រួល​ចុះ​ឡើង​ ​​ដោយ​មិន​អាច​រក​អ្វី​មក​​​អធិប្បាយ​​បាន​។ កូន​ក្មេង​ គឺ​ជា​​មនុស្ស​ដែល​អាច​ទាក់​ទង​ទៅ​នឹង ​​​ពិភព​​វិញ្ញាណ​​បាន​ងាយ​បំផុត​​។

ការណែនាំ ​នៅ​ក្នុង​ឋានៈ​ជា​អាណា​ព្យាបាល​ អ្នក​គួរ​តែ​ស្គាល់កូន​​​បាន​ច្បាស់​ស្រាប់​ហើយ។ ដំបូង​សូម​​ធ្វើ​ពិសោធ​ជាមួយ​អ្នក​ជំនាញ​ការ​​​ខាង​ផ្លូវ​ចិត្ត​សិន​​​​។ បើ​​ប្រតិកិរិយា​ដែល​កើត​ឡើង​​ នៅតែ​មិន​អាច​រក​ចម្លើយ​​បាន​ យើង​សូម​ណែ​នាំ​ឲ្យ​អ្នក​ថត​វីដេ​អូ​​ ក្នុង​បន្ទប់​ដេករបស់​កូន​មួយ​យប់​។ បើ​មាន​​ហេតុការណ៍​​ខុស​ប្រក្រតី​កើត​ឡើង​ ដំបូង​ត្រូវ​ប្តូរគ្រែ​ដេក​របស់​កូន​ទៅ​កន្លែង​ផ្សេង​ បើ​វា​នៅ​តែ​កើត​ឡើង​ទោះ​ជា​ប្តូរ​កន្លែង​ដេកក៏​ដោយ​ សូម​ទាក់​ទង​ទៅ​អ្នក​ជំនាញ​ឲ្យ​បាន​​រហ័ស​បំផុត​។

យ៉ាង​ម៉េច​ដែរ ១០​វិធី​ ដើម្បី​ត្រៀម​​ខ្លួន​ទទួល​ Insidious?​ហុហុហុ… 😀

Read Full Post »


ខ្ញុំ​ជា​មនុស្ស​ម្នាក់​ ដែល​ចូលចិត្ត​មើល​កុន​ខ្មោច និង​កុន​​ដែល​ព្រឺ​រន្ធត់​​ ខ្លាំង​​បំផុត​។ ចំពោះ​រឿង​ Insidious​ ​នេះ​ អ្នក​ណា​ដែល​ចូលចិត្ត​​​រឿង​ប្រភេទ​ខ្ញុំ​ ពិត​ជា​មិន​ខក​បំណង​ទេ តែ​ចំពោះ​អ្នក​មិន​ចូលចិត្ត​…  ហិហិ… ក៏​ថា​មិន​ត្រូវ​​ដែរ។ ​ដំបូង​ខ្ញុំ​​ស្មាន​ថា ​រឿង​នេះ​​​ ជា​រឿង​ដែល​និយាយ​ពី​ផ្ទះ​ ដែល​មាន​ខ្មោច​សណ្ឋិត​​ បើ​ទោះ​​ជា​​ឃើញ​ slogan នៅ​លើ​ប៉ុស្ត័រ​ភាព​យន្ត​​ដាក់​ថា It’s not the house that haunted ​ក៏​ដោយ​ ក៏​នៅ​​នឹក​សង្ស័យ​បន្ថែម​ទៀត​ថា​… ឬ​មួយ​ផ្ទះ​នេះ​មាន​ខ្មោច​លង​លើ​ស​ពី​ការ​រំពឹង​ទុក​របស់​ខ្ញុំ?

លុះ​បាន​មើល​ជិត​ដល់​ពាក់​កណ្តាល​រឿង ​​ទើប​ដឹង​ថា​សាច់​រឿង​និយាយ​ពី​ការ​ចង់គ្រប់​គ្រង​រាង​កាយ​របស់​កុមារ​ម្នាក់​​ពី​ពួក​ខ្មោច​ ដែល​មក​ដល់​ចំណុច​នេះ​ អ្នក​ដឹក​នាំ​រឿង​ បាន​ធ្វើ​ឲ្យ​អ្នក​មើល​កាន់​តែ​ចង់​តាម​ដាន​​សាច់​រឿង​បន្ត​ទៀត​។ ចំពោះ​ខ្ញុំ​ផ្ទាល់​មិន​សូវ​ជា​ខ្លាច​កុន​ខ្មោច​ប្រភេទ​នេះ​ប៉ុន្មាន​ទេ ព្រោះ​ខ្លួន​ឯង​ជា​អ្នក​និពន្ធ​រឿង​ខ្មោច​ស្រាប់​(ខ្មោច​ប៉ះ​ខ្មោច​ 😀 ហិហិ..) ទើប​អាច​ទាយ​​សាច់​រឿង​ដឹង​មុន​ ថា​ខ្មោច​នឹង​ចេញ​មក​នៅ​​ពេល​ណា។ ​ប៉ុន្តែ​​នៅ​ក្នុង​ Insidious នេះ​ ទោះ​បី​ជា​ទាយ​ត្រូវ​​ ​តែ​ខ្មោច​ដែល​ចេញ​មក​គឺ​បែប​ Shot ត ​Shot ដូច​យក​រូប​ភាព​មក​ត្រួត​លើ​​គ្នា​ ធ្វើ​ឲ្យ​ប្លែក​ភ្នែក​ប្លែក​អារម្មណ៍​ និង​​ជួយ​បន្ថែម​​​ភាព​ភ័យ​រន្ធត់​ដល់​សាច់​រឿង​បាន​យ៉ាង​ចាស់​ដៃ​។

ចំណែក​នៅ​ឈុត​ចុង​ក្រោយ​ រឿង​​បាន​​និយាយ​ពី​ការ​ដក​វិញ្ញាណ​​ ដើម្បី​ទៅ​ជួយ​កុមារ​តូច​ដែល​ព្រលឹង​​​បាន​ចេញ​ពី​ខ្លួន​បាត់​​ ​ដែល​មាន​​ការ​​បញ្ចប់​​រឿង​ពោរ​ពេញ​ដោយ​ភាព​ងឿង​ឆ្ងល់​​​ និង​ធ្វើ​ឲ្យ​ចង់​តាម​ដាន​​បន្ត​ទៀត​បើ​រឿង​នេះ​​មាន​វគ្គ​បន្ត​។ ​វិធី​​Surpriseបែប​នេះ​ ខ្ញុំ​​ឃើញ​កុន​ជប៉ុន​ និង​កុន​ហូលីវូដ​ចូលចិត្ត​ប្រើ​ខ្លាំង​ណាស់ ឯ​ខ្ញុំ​ក៏​ចូលចិត្ត​​យក​មក​ប្រើ​នៅ​ក្នុង​រឿង​ខ្មោច​របស់​ខ្លួន​ដែរ​។ ​សរុប​មក​ រឿង​ Insidious​ ជា​រឿង​បែប​ព្រឺ​រន្ធត់​ដ៏​ល្អ​មួយ​ មើល​​ហើយ​​ពិត​ជា​មិន​ស្តាយ​លុយ​ទេ។

***ហេតុផល៤យ៉ាងដែល​​គួរ​​មើលរឿងInsidious​:

១. ព្រោះ​ Insidious ជា​​ភាព​យន្ត​ដែល​​ថត​ចេញ​ពី រឿង​ពិត​

វីដេអូ​​​ឃ្លីប ​អំពី​រឿង​ខ្មោច​​នៅ​ក្នុង​ផ្ទះ​ដ៏​សែន​កាច​សាហាវ​ ​​បាន​លង​បន្លាច​​ប្រជាជន​ទូទាំង​សហរដ្ឋ​អាមេរិក​ រហូត​អ្នក​ខ្លះ​រន្ធត់​​ទាល់​តែ​គាំង​​​​ភ្លឹក​បាត់​​ស្មារតី​ ធ្វើ​ឲ្យ​ផលិត​ករ​រឿង​ SAW និង​ PARANORMAL ACTIVITY​ យក​មក​ផលិត​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​​​ ដែល​ឲ្យ​តែនរណា​បាន​មើល​ គឺ​សុទ្ធ​តែ​បះ​រោម​ព្រឺ​ក្បាល​ទាំង​អស់​។

២​. Insidious ជា​រឿង​ពញាក់​អារម្មណ៍​​ប្រចាំ​ឆ្នាំ​២០១១

​ភាព​យន្ត​ព្រឺ​រន្ធត់​មួយ​នេះ​ ​​បាន​បើក​បង្ហាញ​ខ្លួន​ដោយ​ប្រាក់​ចំណូល​ជាង​១៣​,៣​លាន​ដុល្លារ​សហរដ្ឋ​​អាមេរិក​​​​ ហើយ​កម្រៃ​ធ្លាក់​​ចុះ​ទាប​បំផុត​​នៅ​ត្រឹម​​១​០​សប្តាហ៍​ដំបូង​ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ទទួល​ប្រាក់​ចំណូល​ដល់​ទៅ​ ៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដោ​យ​បាន​យក​ឈ្នះ​ភាព​យន្ត​​​ប្រភេទ​ត​ភាគ​ដែល​គ្រប់​គ្នា​គិត​ថានឹងទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ដូចជា ​ Scream 4 ជា​ដើម​។

៣​. ព្រោះ​អ្នក​ដែល​មើល​រួច​ហើយ​ សុទ្ធ​តែ​និយាយ​ដូច​ៗ​គ្នា​ថា ​ខ្មោច​នៅ​ក្នុង​ Insidious ចេញ​មក​​បែប​ពេញ​លក្ខណៈ​ លង​បាន​ទាំង​ថ្ងៃ​ទាំង​យប់​ ក្នុង​ទូ ក្រោ​ម​គ្រែ លើ​ពិតាន​ ឆ្លុះ​កញ្ចក់ ចោល​សំរាម​ ឬ​សូម្បី​តែ​ដូរ​ផ្ទះ​​ក៏​នៅ​តាម​មក​លង​ដល់​ផ្ទះ​ថ្មី​​ទៀត​ ហើយ​​ការ​មក​ដល់​​លើក​នេះ ​គឺ​មក​ទាំង​គ្រួសារ​ និង​លង​ដោយ​រូប​ភាព​ប្លែក​ៗ​​គួរ​ឲ្យ​ព្រឺ​ឆ្អឹងខ្នង​។

៤.​បើ​លោក​អ្នក​ជា​មនុស្ស​​ស្រលាញ់​ក្មេង ខ្ញុំ​សូម​ណែនាំ​ឲ្យ​មើល​រឿង​នេះ​ ព្រោះ​​ខ្មោច​កូន​ក្មេង​នៅ​ក្នុង​ Insidious ចូល​ចិត្ត​លេង​បិទ​ពួន​ខ្លាំងណាស់​ លើ​កៅ​អី​ក្បែរ​ខ្លួន​អ្នក​ តាម​ជ្រុង​បន្ទប់​ ឬ​នៅ​ក្នុង​ទូ​។ បើ​លោក​អ្នក​ជា​មនុស្សចូលចិត្ត​លេង​ លោក​អ្នក​នឹង​បាន​ឃើញ​វិធី​​តាម​​រក​មិត្ត​ភក្តិ​លេង​​ជាមួយ​ ដែល​នៅ​ផ្ទះ​ជា​មួយ​​លោក​អ្នក​​តែ​មិន​ធ្លាប់​មើល​ឃើញ​​ពី​មុន​មក​ ព្រោះ​អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធ​ជាមួយ​នឹង​រឿង​នេះ​សុទ្ធ​​តែ​អះ​អាង​​ដូច​ៗ​គ្នា​ថា វិញ្ញាណមាននៅ​​គ្រប់ទីកន្លែង ហើយនៅក្នុងផ្ទះរបស់លោកអ្នក… ​ក៏មានដែរ​​!!!

Read Full Post »

Older Posts »