Feeds:
ប្រកាស
មតិ

Archive for the ‘ភាសា អក្សរសាស្រ្ត’ Category


ផ្កាយ​NoVeLs*–ករណី​​និយាយ​ភាសា​ខ្មែរ​​ តែ​​ប្រើ​អក្សរ​ថៃ ​គឺ​ជា​នយោបាយ​លុប​បំបាត់ ​ភាសា​ អក្សរ​សាស្ត្រ ​និង​វប្បធម៌​​​របស់​ជន​ជាតិ​ដើម​ ដែល​ថៃ​ប្រើ​មក​លើ​ជន​ជាតិ​ខ្មែរ ​ដែល​រស់​នៅ​តាម​បណ្តា​​​ខេត្ត​​នានា​របស់​ខ្មែរ​ពី​ដើម​ ​​​​ដែល​ក្នុង​នោះ​​ខេត្ត​សុរិន្ទ​​ជា​ខេត្ត​មួយ ​​ដែល​ក្រុម​និស្សិត និង​អ្នកនិពន្ធ​យើង​បាន​ទៅ​ដល់​។ នៅ​ពេល​ចុះ​ទៅ​បង្រៀន​អក្សរ​ខ្មែរ​​​ដល់​បង​ប្អូន​ខ្មែរ​សុរិន្ទ ​​​នៅ​វត្ត​ស្វាយ យើង​បាន​ប្រទះ​ឃើញ​ឯកសារ​ភាសា​ខ្មែរ​​ចាស់ៗ​ជា​​ច្រើន​​ ដែល​ឯកសារ​ទាំងនោះ​ខ្លះ ​ក៏​រក​មិន​បាន​នៅ​ស្រុក​ខ្មែរ​បច្ចប្បន្ន​។

ខាង​ក្រោម​ គឺ​ជា​ទិដ្ឋ​ភាព​នៃ​ការ​បង្រៀន និង​ ការចុះ​​ស្រាវ​ជ្រាវ​ពី​អក្សរ​ខ្មែរ​​របស់​ក្រុម​ការ​ងារ​យើង៖

ទិដ្ឋ ភាព នៅ ក្នុងសាលា រៀន ភាសា ខ្មែរ នៅវត្ត ស្វាយ , សុរិន្ទ

លោក គ្រូ មក ពី ខេត្ត សៀម រាប, ម្នាក់ ក្នុង ចំណោម ក្រុម ការងារ យើង កំពុង ពន្យល់ ពី ព្យញ្ជនៈ ខ្មែរ

បង ស្រី ចាន់ សំណាង កំពុង ពន្យល់ និមិត្តសញ្ញា ព្យ ញ្ជនៈ ខ្មែរ ទាំង ៣៣ តួ

ចាស់ ៗ ខ្មែរ សុរិន្ទ កំពុង រៀន អន ក្ខរ កម្ម

បង ប្រុស កេត្យា កំពុង សិក្សា ពី ក្រាំង បូរាណ ខ្មែរ ដែល បាន ថត ចម្លង ទុក

ក្រាំង ខ្មែរ បុរាណ ដែល នៅសេស សល់ លើ ដី សុរិន្ទ

ក្រាំង បុរាណ ដែល បាន ថត ចម្លង ទុក

សៀវភៅ ចាស់ ៗ ដែល មាន លាយ ឡំ សៀវភៅ ភាសា ខ្មែរ ដែល កម្រ

បង ប្រុស ឡឹក ជំនោរ កំពុង កកាយ រក សៀវភៅ ខ្មែរ ដែល កប់ នៅ ក្នុង ទូ

ប្រលោម លោក ចាស់ ៗ មាន សល់ នៅ បណ្ណាល័យ នេះ

រឿង មាលា ដួង ចិត្ត ដែល គិត ថាជា ច្បាប់ បោះ ពុម្ព ដំបូង

កាល វេលា, កណ្តៀ កោរ កណ្តុរ កាត់ គួរ ឲ្យ ស្តាយ ដែល គ្មាន អ្នក ថែ រក្សា

មន្ទីរ ពេទ្យ « រួម ពេទ្យ » ក្នុង ទីរួម ខេត្ត សុរិន្ទ ដែល មាន សរសេរ អក្សរ ខ្មែរ

Read Full Post »


អ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់ដូចខ្ញុំទេថា ពាក្យ «ទន្លេសាប» នេះមានកំនើត ដូចម្តេច? ហើយជា ពាក្យ​របស់ ភាសា​ណា​ឲ្យ ប្រាកដ?

ចាប់តាំង ពីខ្ញុំ បាន រៀ នភាសាថៃនិង ភាសាឡាវមក ហើយ​​ពេល​អាន ឯកសារ​នានា​ប៉ះ​លើ ពាក្យ «ទន្លេ សាប» (ថៈល៉េ សាប) ខ្ញុំក៏ចាប់ ផ្តើម ឆ្ងល់ភ្លាម តើពាក្យ នេះ ជា ពាក្យ ខ្មែរ, ថៃ ឬឡាវ? ហើយ ហេតុ ដូចម្តេច បាន​ជា​ភាសា​នានា (ក្រៅ​ពី​ភាសា​ទាំង​បី) គេប្រើពាក្យ នេះ ដែរ? ឬពាក្យ នេះ មានកំណើត ចេញពីប្រទេសណាមួយ​ ក្នុង ចំនោម​ទាំង៣ប្រទេសនេះ?

សម្រាប់ ពេល នេះ ចម្ងល់ ខាងលើ បាន ស្រាយ ចេញខ្លះៗហើយគឺនៅពេលខ្ញុំបានជួប សម្តេចព្រះសង្ឃរាជ ជួនណាត តាម វចនានុក្រម​ខ្មែរ​របស់ សម្តេច ព្រះសង្ឃរាជ ជួន ណាត ត្រង់ទំព័រ ទី​៤០៩ បាន​ពន្យល់ ថា៖

ទន្លេសាប . ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយ ស្រដៀង​សមុទ្រ តែមាន​ទឹកសាប។ ក្នុង កម្ពុរដ្ឋ យើង មាន​​ទន្លេ​​សាប មួយ នៅ ខាង ទិស ពាយព្យក្រុង ភ្នំពេញ ជា ទីសម្បូរ មច្ឆជាតិបំផុត ជាង បឹង ជាង ទន្លេ ឯទៀត ក្នុង លោក បើ ស្រាវ ជ្រាវ រក ដើម កំណើត ពាក្យ «ទន្លេ សាប» នេះ គួរ យល់ ថា សៀម ហៅ សមុទ្រ ថា ទះលេ(.. ថៈល៉េ), សាប ខ្មែរ ថា «មិនប្រៃ», សៀមថា ចឺត(.. ជឺត«មិន ប្រៃ»​, គួរ តែ សៀម ហៅ បឹង ធំស្រដៀង នឹង សមុទ្រ នេះ ថា ទះលេចឺត (ថៈ ល៉េជឺត)​=​«សមុទ្រ​​សាប», មិនដូច្នោះ ទៅ ជា ទះលេសាប, ទះលេជាពាក្យ សៀម, សាប ជា ពាក្យ ខ្មែរ, សៀម ថា ទះលេ «សមុទ្រ», ខ្មែរ ថា ទន្លេ «មហានទី», ទន្លេ សាប ថា«ទន្លេមិនប្រៃ» គឺទន្លេ មានទឹកសាប, តើមាន ទន្លេ ប្រៃ នៅ ឯណា ដែរ ឬទេ? គ្មានទេ, បើគ្មាន ទន្លេ ប្រៃ ទេ ម៉េច ក៏មាន ទន្លេ សាប? បើ ខ្មែរ ហៅ បឹង ធំ នោះ ថា សមុទ្រ សាប, សៀម ថា ទះ លេ ចឺត យ៉ាង នេះ វិញ ទើប សម។ ប៉ុន្តែ យើង កែ ពាក្យ នេះ ឲ្យ ទៅជា សមុទ្រ សាប ទះលេចឺត វិញ ពុំ កើត ទេ ព្រោះ ពាក្យ ថា ទន្លេ សាប នេះ មាន ចុះ ក្នុង ផែន ទី លោក រួច ទៅ ហើយ , ក្នុង សាកល លោក គេ ស្គាល់ ថា ទន្លេសាប ទះលេ សាប អស់ ទៅ ហើយ, ត្រូវ តែ ទុក ឲ្យ នៅ ដូចដដែល ពុំគួរ កែឡើយ។

Read Full Post »


ពាក្យ​ដូច ​វ៉ែនតាផាហ៊ុម បៃតង​ ជា​ពាក្យ​សៀម​ តែ​ពាក្យ​ជំពូក​នេះ​មាន​ចំនួន​តិច, បើទុក​ជា​ដូច​ម្តេច​ក៏​មិន​មាន​ច្រើន​ ដូច​អ្នក​ផង​ស្មាន​នោះ​ទេ ។ខ្មែរ​ខ្លះ​មិន​ដឹង​ថា​ក្នុង​សម័យ​បុ​រាណ​ ជាតិ​ខ្មែរ​យើង​ថ្កុំ​ថ្កើង​ប៉ុណ្ណា ជឿ​ថា​ប្រាសាទ​អង្គរ​វត្ត​ ព្រះ​វិស្វកម្ម​ជា​អ្នក​កសាង​, បារាំង​ខ្លះ​ក្នុង​ភាគ​ដើមនៃ​សតវត្ស​នេះ គិត​ថា​ខ្មែរ​ជា​ជាតិ​ថោក​ទាប​ធ្លាប់​ជា​ខ្ញុំ​សៀម​ ។មនុស្ស​ចំពូក​នេះ កាល​បើ​​ឃើញ​ពាក្យ​ខ្មែរ​ណា​ចំឡែក​ ក៏​ចាត់​ថា​ជា​ពាក្យ​ខ្ចី​ពី​សៀម ។​ការ​ត្រង់​នេះ​គួរ​ធ្វើ​ទៅ​ដោយ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ណាស់ ព្រោះ​អាច​មាន​ការ​ភាន់​ច្រឡំ​ទៅ​បាន​ដោយ​ងាយ ។ដូច​ពាក្យ​ យោក្ប័ត្រ ក្នុង​វចនានុក្រម​ខ្មែរ​ដាក់​ថា​មក​ពី​សៀម ។​លោក ស.​ម៉ា​ស្ប៉េរ៉ូ ក្នុង​សៀវភៅ​វេយ្យាករណ៍​ខ្មែរ(Grammaire de la langue khmere) ទំព័រ២៦​ក៏​សរសេរ​ថា​ ពាក្យ​នេះ​មក​ពី​សៀម​ដែរ ។ពាក្យ​យោក្ប័ត្រ យើង​មាន​ប្រើ​មក​តាំង​ពី​សៀម​មិន​ទាន់​តាំង​នាម​ជា​សៀម ។​ពាក្យ​នេះ​មាន​ឆ្លាក់​ក្នុង​សិលា​ចារឹក​ប្រាសាទ​ត្រពាំង​រុន គ.ស១០០៦ (​មើល​សៀវ​ភៅ​ «សិលាចារឹក​ថ្មី​នៅ​ស្រុក​ខ្មែរ» Nouvelles Inscriptions du Cambodge ទំព័រ​ទី​៥៦ និង​ ៦៧ របស់​លោក ល.ហ្វីណូត៍) ។​កាល​នោះ​ថៃ​នៅ​ណាន
ចៅ​នៅ​ឡើយ​ ក្រោ​ពី​នោះ​មាន​ស្រុក​ថៃ​តូចៗឯ​ទៀតក្នុង​បង្គាប់​ខ្មែរ ។មិន​សម​ជា​ខ្មែរ​ស្វែងទៅ​ខ្ចី​ពាក្យ​ថៃ​ ដែល​នៅ​ឆ្ងាយ
ដល់​ម្ល៉ោះ​មក​ប្រើ​ឡើយ ។​សេចក្តី​ពិត​មានតែ​ថៃ​ខ្ចី​ពាក្យ​ខ្មែរ​សម្រាប់ឋានន្តរសក្តិ៍ទៅ​ប្រើ​វិញ ។​ដល់​មក​​សម័យ​​អយុធ្យា​ហើយ​ សៀម​ក៏​នៅ​តែ​ប្រើ​របៀប​ខ្មែរ ហ្លួង​វិចិត្រវាទការ (ក្នុង​សៀវ​ភៅ​ដដែល​ទំព័រ១៣៤) បាន​សរសេរ​ថា «​សម្តេច​ព្រះរាមា​ធិបតី(អ៊ូទង)​(គ.​ស.​១៣៥០) បាន​តាំង​របៀប​ការ​គ្រប់​គ្រង​ទី​រួម​ខេត្ត​ក្រៅ​ ដូច​ដែល​សុខោទ័យ​តាំង​ទុក​មក, តែ​របៀប​ការ​ក្នុង​ទី​ក្រុងនិង​រាជពិធីក្នុង​រាជ​សំណាក់​នោះ បានទ្រង់​ចម្លង​បែប​ខ្មែរមក​ច្រើន ទ្រង់​តាំង​ចតុ​ស្តម្ភគឺ មឿង វ័ង ឃ្លាំង​ ស្រែ តាម​បែប​ខ្មែរ» ។

ពាក្យ​យោក្ប័ត្រ សរសេរ​បែប​នោះ​ដោយ​យា​ក្លាយ​មកទេ ។​ក្នុង​អក្សរ​ថ្ម​ដាក់ យុគមត៑,​ ទំនងជា​មកពី​សំស្រ្កឹត ។​យុគ ជា​ពាក្យ​ឥណ្ឌូអឺរ៉ុប ប្រែ​ថា​ នឹម សំដៅ​សេចក្តីថា អំនាច​គ្រប​សង្កត់ ។​ពាក្យ យុគ(yuga) យើង​ប្រទះ​ឃើញ​ក្នុង​ភាសា​បារាំង​​ជាពាក្យ joug ប្រែ​សេចក្តី​បាន​ពីយ៉ាង​ដូចគ្នា ។​ក្នុង​សៀវ​ភៅ​លោក​ ស.​ម៉ា​ស្ប៉េរ៉ូ ដែល​ចេញ​ឈ្មោះ​មុន​នេះ ទំព័រ​ដដែល លោក​ថា​ពាក្យ​ សូភា(juge) ជា​ពាក្យ​សៀម។​សេចក្តី​ពិត​ សូភា សរសេរ​ខុស​ហើយ​មិនអស់​ពាក្យ​ទាំង​​មូល​​ផង​ ។​​ពាក្យ​ទាំង​មូល​គឺ សភាចារបុរស​ ។​ សភា​ ជា​ពាក្យ​សំស្រ្កឹត-បាឡី ដែល​ខ្មែរ​មាន​ប្រើ​មក​យូរ​ណាស់​ហើយ ។​ក្នុង​ប្រទេស​ឥណ្ឌា​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ប្រើ​, ប្រែ​សេចក្តី​ថា ទី​ប្រជុំ ។​សភា​ចារបុរស ជា​មនុស្ស​ប្រុស​ដែល​ជា​សមាជិក​របស់​សភា​ចារ គឺ​របស់​ទី​ប្រ​ជុំ​ជំរះ​ក្តី​ បាន​ដល់​ចៅ​ក្រម​សាលា ។

ក្នុង​វចនា​នុក្រម​ខ្មែរ លោក​ថា​ពាក្យ​ លៀង ជា​ពាក្យ​សៀម ។​តាម​យោ​បល់​ឪពុក​ខ្ញុំ​ ពាក្យ​នេះ​ជា​ពាក្យ​ខ្មែរ​ សៀម​ខ្ចី​យក​ទៅ​ប្រើ ។​ហេតុ​ផល​ដែល​គាត់​អាង​ ដូច​មាន​តទៅ​នេះ ។​ពាក្យ​ លៀង ជា​ពាក្យ​គន្លាស់​កាត់៖ លេង​ + ច្រៀង > ​លៀង​​(+ច្រេង) ។​ដើម​ដំបូង​ប្រើ​សម្រាប់​អារក្ស៖ លៀង​អារក្ស ។​លៀង​អា​រក្ស​ គឺ​បញ្ចូល​អារក្ស​ឲ្យ​លេងសប្បាយ មាន​ភ្លេង​មានចំរៀង​ឲ្យ​ស្តាប់ ដើម្បី​កុំ​ឲ្យ​​វាធ្វើ​អ្នក​ជម្ងឺ​ឲ្យ​ឈឺ​តទៅ​ទៀត ។រូប​អារក្ស កាល​ខ្មោច​ចូល​មក​សណ្ឋិត​ហើយ ក៏​ផឹក​ស្រា​ហើយ​រាំ ។​ក្រោយ​ត​មក​ការ​ប្រជុំ​គ្នា​ស៊ីបាយ​ផឹក​ស្រា, លេង​ភ្លេង, ច្រៀង​តាម​ធម្មតាគ្មាន​បញ្ចូល​អារក្ស ក៏​ហៅ​ថា លៀង​ដែរ ។​ត​មក​ទៀត​ ការ​ឲ្យ​អាហារ​មិត្ត​សម្លាញ់​ច្រើន​គ្នា​បរិភោគ ទោះ​មាន​ផឹក​ស្រា​, លេង​ភ្លេង, ច្រៀងរាំក៏​ដោយ​ ឬ​គ្មាន​ក៏​ដោយ​គង់​តែ​ហៅ​ថា លៀង ។​សៀម​ខ្ចី​ពាក្យ​ខ្មែរ​នេះ​ទៅ​ប្រើ សម្រាប់​សំដែង​សេចក្តី​ថា ឲ្យ​អាហារ​ដល់​មិត្តសម្លាញ់​បរិភោគ​ដូច​ខាង​លើនេះ​ផង​ ថាឲ្យអាហារ​បរិភោគ​ជានិច្ច​គឺ​ចិញ្ចឹម​ផង ។​មិន​តែ​ប៉ុណ្ណោះ ស៊ី​សេចក្តី​ថា ថែ​ទាំ​រក្សាទៀត​ផង​​ក៏បាន​ ។

អារ្យ​ធម៌​ដែល​ហូរ​ត្រលប់​ពីទិស​ខាង​លិច​មក​វិញ​នោះ មិនមែន​នាំ​ពាក្យសៀម​សុទ្ធ​មក​ឲ្យ​យើង​តែ​ប៉ុណ្ណោះ​ទេ នាំ​ទាំង​ពាក្យ​ខ្មែរ​សុទ្ធ នឹង​ពាក្យ​សំស្រ្កឹត​ខ្លះ​ដែល​សៀមបាន​ខ្ចី​ពី​ខ្មែរ យក​ទៅ​ប្រើ​ហើយ​ប្រែ​សំឡេងឲ្យ​ស្រួល​និយាយ តាម​ច្បាប់​សូរ​សាស្រ្ត​សៀម​​មក​ឲ្យ​យើង​វិញ​ផង ។​ពាក្យចំ​ពូក​នេះ​គួរ​ហៅ​ថា ពាក្យ​សង​បំណុល ។ពាក្យ​សង​បំណុល​មាន​ច្រើន​ណាស់​ ដូច​ពាក្យ​ សំខាន់​ ឆ្លាត ក្រុត សុកាន្ត​ ហ្លួង​ ប្រ​ថាប់…

សំខាន់​ គឺ​ពាក្យ​ខ្មែរ​ សំគាល់​ នេះ​ឯង ។​សំគាល់​របស់​ខ្មែរ​ជា​កិរិយា​សព្ទ កាល​ទៅ​ជា​ សំ​ខាន់​ សៀម​ប្រើ​ជា​កិរិយា​សព្ទ​ដូច​ខ្មែរ​ក៏​បាន ប្រើជា​គុណនាម​ក៏បាន ប្រែ​សេចក្តី​ថា​ គួរ​សំគាល់(remarquable) ។​យើង​ទទួល​ពាក្យ​ សំ​ខាន់​ ជា​សំណង​ពី​សៀម ដែល​ជាគុណ​នាមមកវិញ បាន​សេចក្តី​ដូចគ្នាថា ប្រសើរ​ឬ​មាន​ខ្លឹម​សារ(important) ។

ឆ្លាត​ គឺ​ពាក្យ​ខ្មែរ ឈ្លាស ដែ​អាន​តាម​សំឡេងសៀម ។

ក្រុត គឺ​ពាក្យខ្មែរ ក្រូច ដោយ​ចំពោះ​ក្រូច​ដែល​ជូរ(argre, acide)​ អាន​តាម​សំឡេង​សៀម​ថា ក្រុត បាន​ដល់​ធាតុផ្សំ​គី​មី​មួយចំពូក​ដែល​មាន​រស​ជូរដោយ​ធម្មតា(acide) ។

សុកាន្ត ពីខ្មែរ​ សក់​ សៀម​អាន​ថា សុក និង​សំស្រ្កឹត កាន្ត​ ប្រែ​ថា ការ​កាត់​សក់ ។​ពាក្យ​ខ្មែរ​ដោយ​ចំ​នោះ​គឺ សក់កាន្ត តែ​យើង​អាន​តាម​សំឡេង​សៀម​ជា​ សុកាន្ត

ហ្លួង ជាពាក្យសំរាប់​សំគាល់​ឋានន្តរសក្តិ៍មន្ត្រី ដូច​ជា​ ហ្លួង​ជំនិត​រាជា ។គួរ​សង្ស័យ​ថាពាក្យ​នេះ​ជាពាក្យ​សង​បំណុល ព្រោះ​ឋានន្តរសក្តិ៍ខ្មែរ​បុរាណ​មាន ងារ ខ្លោញ និង​រលាញ ។​រលាញ​ អាច​ទៅជា​លួង, ហ្លួង ។​សៀម​យក​ទៅ​ប្រើ​សំ​គាល់​សេច​ក្តី​ថា ធំ ប្រពន្ធ​ធំ​ ហៅ មៀ​ហ្លួង ។រួច​ពី​នោះ​សំ​គាល់​សេចក្តី​ថា ស្តេច​គ្រង​រាជ្យ ។សំរាប់​ពាក្យ​ ខ្លោញ សូម​ឲ្យ​យក​ទៅ​ប្រៀប​មើល​នឹង​ពាក្យ​សៀម ខា​ហ្លួង

ប្រថាប់​ត្រា ប្រថាប់​ សៀម​សរសេរ ប្រទ័ប គឺ​ខ្ចី​ពាក្យ​ខ្មែរ ផ្ទាប់​ទៅ​ប្រើ រួច​យើង​យក​ពាក្យ​យើង​នេះ​មកប្រើ​វិញ​ហៅ តាម​សំឡេង​សៀម ។ប្រថាប់​ត្រា​ គឺផ្ទាប់​ត្រា​ទៅ​លើ​ក្រ​ដាស់ គឺ​បោះ​ត្រា ៕

Read Full Post »


សៀម​​ដែល​ខ្ចី​ពាក្យ​ខ្មែរ​ទៅ​ប្រើ​ ខ្ចី​យក​ទៅ​ច្រើន​ពេក​ ហើយ​ប្រើ​មក​ច្រើន​ឆ្នាំ​ ជ្រាប​ចូល​ក្នុង​សន្តាន​និស្ស័យ​សៀម​ពេក​ទៅ​ ដល់​ជា​វេលា​នេះ​នឹង​ថា​ពាក្យ​ណា​ក្នុង​ភាសា​សៀម ជា​ពាក្យ​របស់​សៀម​ដោយ​ជាក់​ច្បាស់​ ក៏មិន​មែន​ជា​ការ​ងាយឡើយ ។​ព្រះ​អង្គ​ម្ចាស់​វណ៌វៃទ្យាករ នាយក​រាជ​បណ្ឌិត្យ​ស្ថាន​ប្រទេស​សៀម ក្នុង​សៀវ​ភៅ«ជំនុំ​ព្រះ​និពន្ធ​ភាគ​២»​ របស់​ព្រះអង្គ​​ បាន​ទ្រង់​សរសេរ​ត្រង់​ទំព័រ២១៣-២១៤​ថា​ដូច្នេះ ៖ «ការ​ពិចារណា​ទី​មក​របស់​ពាក្យ​ថៃ​ដើម​នោះ ជួយ​ឲ្យ​ចូ​លចិត្ត​សេចក្តី​សំគាល់​ល្អិត​និង​ជ្រៅ​ជ្រះល្អ​ណាស់​ដែរ តែ​ជា​រឿងដែល​គប្បី​ប្រើ​សេច​ក្តី​ប្រយ័ត្ន​ប្រយែង ព្រោះ​ភាសា​ថៃ​មិន​មែន​ជា​ភាសា​ដែល​ថែម​ឧបសគ្គ​ និង​ថែម​កន្ទុយ​ពាក្យ យើង​មាន​ការថែម​ភាគ​របស់​ពាក្យ​ខាង​មុខ​ឆៀង និងឧបសគ្គ​ខ្លះ​ដែរដូច ទាំ កៈទាំ, ទប កៈទប​(អាន​ថា​ ថាំ កៈថាំ,​ ថុប កៈថុប) តែ​មាន​ចំនួន​តិច ហើយ​ដោយ​ច្រើន​ក៏​ជា​ពាក្យ​ដែល​ខ្ចី​ពី​ខ្មែរ ដូច សៈទឿន កៈទឿន​(​អាន​ថា សៈថឿន, កៈថឿន)​» ។

ពាក្យ ទាំ និង កៈទាំ ដែល​ថា​ជាពាក្យ​សៀម​សុទ្ធនេះ ក៏​នៅ​ជាបញ្ហា​នៅ​ឡើយ ។ទាំ ប្រែ​ថា​ ធ្វើ, ពាក្យ​កិរិ​យា ធ្វើ កាលទៅ​ជានាមនាម ថែម​បទ​ជ្រែក អន់ ទៅ​ ទម្វើ, ទំវើ ។សៀម​យក​តែ​មួយ​កំណាត់​ ទំ > ទាំ ​ទៅ​ប្រើ ចោល​ វើ ចេញ ។​ត្រង់​នេះ​ជា​យោបល់​របស់​ឪពុក​ខ្ញុំ ខ្ញុំ​ក៏​យល់​ថាសម​ជា​សេច​ក្តី​ពិត​មែន​ ដោយ​ហេតុផល​ដូច​តទៅនេះ ៖ ទំវើ តាម​របៀប​ខ្មែរ​ជា​នាម​នាម, ទាំ​ របស់​សៀម​ជា​កិរិយា​សព្ទ ។​ការ​ត្រង់​នេះ មិន​ជា​ប្លែក​អ្វី​ណាស់​ទេ ។​សៀម​តែង​ខ្ចី​ពាក្យ​នាម​នាម​ខ្មែរ ទៅ​ប្រើ​ជា​កិរិ​យា​សព្ទ ដូចជា​ពាក្យ​នាម​នាម ដំណើរ ពំនាក់ សៀម​យក​ទៅ​ធ្វើ​កិរិ​យា​សព្ទ ។ឯ​ពាក្យ​ខ្មែរ​ទ្វី​ព្យាង្គ​ សៀម​យក​ទៅ​កាត់​ជា​ឯក​ព្យាង្គ​នោះ ក៏មិន​មែន​មាន​ត្រឹម​តែ ទំវើ ជា ទាំ នេះ​ទេ នៅ​មាន​ទៀត​ជា​ច្រើន​ដូច​ជា​ ដូច គ្នា >​ ឌុច​ក័ន(​គ្នា > គនា > គ័នា >គ័ន >​ក័ន​)​, កន្លែង > ហ្លែង, ថ្មី​ > ម៉ៃ (ថ្មី​ > ម៉ី​ > ម៉ៃ > ហ្មៃ​), របង​ > រ > ​រួ…។​ឯ​ ទប និង កៈ​ទប ដែល​ថា​ជាពាក្យ​សៀម​សុទ្ធដែរ​នោះ គឺពាក្យ​ខ្ចី​ពី​យើង​ទៅ​ពិត​ត​ៗ គឺ​ពាក្យ​ទប់, ខ្ទប់ យើង​នេះឯង ។​ក្នុង​អំ​បូរ​ពាក្យ​ខ្ទប់ យើង​នៅ​មាន​ បន្ទប់ ទំនប់ ពីរ​ម៉ាត់​ទៀត ។​ត្រង់ពាក្យ​ សទឿន, កៈទឿន ដែលថា​ជាពាក្យ​ខ្មែរ​នោះ កៈទឿន ក្លាយ​ទៅ​ពី​ពាក្យ​ខ្មែរ ខ្ទ័រ, ឯ សទឿន នឹង​ថា​សៀម​ខ្ចី​ពី​ខ្មែរ​ដែរ នោះ​ក៏​មិន​ជាក់​ណាស់ ។​ប្រហែលជា​​ពាក្យ​នេះ​ សៀមយក​មូល​បទ​ខ្មែរ ទ័រ ទៅ​ផ្សំ​នឹង​បុព្វបទ តាម​បែប​សៀម​ក៏​មិន​ដឹង តែ​ពាក្យ ស្ទ័រ គ្មាន​ក្នុង​ភាសា​ខ្មែរ​ ។

ពាក្យ​ខ្មែរ​ដែល​សៀម​ខ្ចី​យក​ទៅ​ មិន​មែន​ត្រឹម​តែ​ពាក្យ​ខ្មែរ​សុទ្ធ​ទេ ។​ពាក្យ​ដែល​យើង​ខ្ចី​មក​ពី​សំស្រ្កឹត សៀម​ក៏​ខ្ចី​មួយ​ត​ទៅ​​ទៀត ។​ក្រោយ​មក​ កាល​ព្រះ​ពុទ្ធ​សាសនា​ចូល​មក​ស្ថិត​នៅ​ក្នុង​សុវណ្ណភូមិ ពាក្យ​បាលី​ក៏​ជ្រាប​ចូលទៅ​ក្នុង​ភាសា​សៀម​ ភាសាខ្មែរ​ព្រម​គ្នា ។​ទើប​ពាក្យ​សៀម​និង​ពាក្យខ្មែរ មាន​ដូចគ្នា​ច្រើនណាស់ ។

ហេតុ​ដែល​ញ៉ាំង​ពាក្យ​ក្នុង​ភាសា​ទាំង​ពី​រ​ ឲ្យ​ដូច​គ្នាជា​ច្រើននោះ​មាន​មួយ​ប្រការ​ទៀត ។​សៀម​ដែល​ស្រូប​យកអារ្យ​ធម៌​ខ្មែរ​ទៅ មិនមែន​តែ​ក្នុង​រយៈវេលា១០០០ឆ្នាំ ពីសតវត្សទី៣ ដល់សតវត្សទី១៣ ដែល​ថៃ​នៅ​ក្នុង​បង្គាប់​ខ្មែរ​នោះ​ទេ ។​រហូត​​​វេលា​ដែល​សៀម​វាយ​ដណ្តើម​យកក្រុង​សុខោ​ទ័យពី​ខ្មែរ​បាន​ទៅ(សតវត្សទី១៣) រួច​វាយ​យសោធរៈ(អង្គរធំ)​បែក​ទៅ​ទៀត​(ចុង​សតវត្ស​ទី​១៤ ឬដើម​សត​វត្ស​ទី​១៥) ដរាប​មក​ដល់​សៀម​វាយ​បែក​បន្ទាយ​លង្វែក(ចុង​សតវត្ស​ទី​១៦) រួម​៣០០​ឆ្នាំ សៀម​កាន់​តែ​ទទួល​អារ្យ​ធម៌​ពី​យើងទៅ​ដោយ​ពេញ​ទី ដោយ​អាស្រ័យ​គម្ពីរសត្រា​តំរា​ផ្សេងៗ ដែល​សៀម​យក​ពី​ស្រុក​យើង​ទៅ​តាម​កង​ទ័ពសៀម​កាល​ត្រឡប់​ពី​ស្រុក​ខ្មែរ​ទៅ​វិញ ហើយ​ដោយ​អាស្រ័យ​អ្នក​ប្រាជ្ញរាជ​បណ្ឌិត្យ​ខ្មែរ​ ដែល​​ត្រូវ​កៀរ​យកទៅ​នៅ​ស្រុក​សៀម។គម្ពីរ​សត្រា​តំរា​ខ្មែរ​នោះ សៀម​យក​ទៅ​សូត្រ​រៀន​ ហើយ​ប្រែ​ជាភាសាសៀម តែ​វេលា​នេះ​បាត់​បង់​ស្ទើរ​អស់ទៅ​ហើយ​ ដោយ​ភូមាដុត​ចោល​កាល​វាយ​យក​ក្រុង​អយុធ្យា​បាន​នា​ គ.ស.​១៧៦៧​(ព.ស.​២៣១០)​ ។សៀវ​ភៅ​រឿង​រាមកេរ្តិ៍​សៀម មិន​មែន​សៀម​ប្រែ​ពី​សំស្ក្រឹត​ដោយ​ត្រង់​មកទេ គឺ​ប្រែ​ពី​ខ្មែរ​សម័យ​ក្រោយ​អង្គរ ។ សេចក្តី​ត្រង់​នេះ មានឡាក់ឋានជាច្រើន ។​ឡាក់ឋាន​ដែលសំខាន់​ជាង​គេ​នោះ​ គឺពាក្យ​ ផ្កាយ​ព្រឹក ដែលមាន​និយាយ​ត្រង់​វៃយរាពណ៍ លួចយក​ព្រះរាម​នាំទៅ​បាតាល ។វៃយរាពណ៍ឡើងទៅលើកំពូលភ្នំ គ្រវីអំពង់​កែវ​ឲ្យ​មាន​ពន្លឺ​ដូច​ផ្កាយ​ព្រឹក​ បញ្ឆោត​ពួក​ពល​ស្វា​​ដែលចាំ​យាម​​រក្សាព្រះរាម​ពេល​យប់​ ឲ្យ​ស្មាន​ថា​ជិត​ភ្លឺ​ហើយ​ ហើយ​ឲ្យ​លែង​យាម​ទៅ​ព្រោះ​ពិភេក​បាន​ទាយ​ថា​ ដល់​ភ្លឺ​ឡើង​ព្រះ​រាម​នឹង​អស់​គ្រោះ ។​ក្នុង​សៀវ​ភៅ​រាម​កេរ្តិ៍​សៀម(មើល​សៀវ​ភៅ​សៀម «បទ​ល្ខោន​រឿង​រាម​កេរ្តិ៍» ក្បាល​ទី​១ ទំព័រ១៨៧ ។​​ព្រឹក្ស សរសេរ​ដាក់​ជើង​ស​ដូច្នេះ ធ្វើ​ឲ្យ​ឃើញ​ថា​អ្នក​ចំឡងជាន់​ក្រោយ មិនស្គាល់​និរុត្តិសាស្ត្រ​របស់​ពាក្យ​នេះ ឬមិន​ចង់​ឲ្យគេ​ថា សៀម​ខ្ចី​ពាក្យពី​ខ្មែរ ។) ដាក់ «ដាវប្រៈកាយព្រឹក្ស» ដាវ ជាពាក្យ​សៀម​ប្រែ​ថា ផ្កាយ , ប្រៈកាយ គឺ​ពាក្យ​ខ្មែរ ផ្កាយ ។«ដាវ​ប្រៈ​កាយ​ព្រឹក្ស»=ផ្កាយ​ផ្កាយ​ព្រឹក! ដូច​ពាក្យ​បារាំងchoucroute: chou=ស្ពៃ,​ croute ក្លាយ​ពី​ពាក្យ​អាឡឺម៉ង់ប្រែ​ថា​ ស្ពៃ​ ដែរ choucroute=ស្ពៃ​ស្ពៃ ។

ពាក្យ​ដែល​សៀម​ខ្ចី​ពី​ខ្មែរ​ទៅ​ប្រើ​ មានចំនួន​តិច​ច្រើនប៉ុណ្ណា? សេចក្តី​ត្រង់​នេះ​ បើ​នឹង​អះ​អាង​ថា​ក្នុង​លិខិត​សៀម​ណា​មួយ​ក៏ដោយ​ ពាក្យ​ខ្ចី​ពី​ខ្មែរ​មាន​នៅ​គ្រប់​បន្ទាត់ យ៉ាង​តិច​ណាស់មាន​មួយ​ម៉ាត់​ដែរ ដូច្នេះដូចជា​ហួស​ហេតុ​បន្តិចតែ​ក៏​មិន​ហួស​ណាស់​ទេ ប្រសិន​ជា​ថា​មាន​ពាក្យ​ខ្ចី​ពីខ្មែរនៅ​គ្រប់​ទំព័រវិញ នោះយើងអាច​អះអាងបានដោយពេញមាត់ ហើយ​អាច​​បន្ថែម​ពាក្យ​ថា មាន​ច្រើន​ម៉ាត់​ផង ។

តាំង​ពី​ជាតិ​យើង​ធ្លាក់​ខ្លួន​ពេញទី​ ចាប់ពី​ខូច​បង់​បន្ទាយលង្វែក​មក អារ្យធម៌ដែល​ធ្លាប់​ហូរ​ពីស្រុក​ខ្មែរទៅ​តាម​ទិសឯជើង​និង​ឯ​លិច កាល​យើង​ជា​នាយ​ចៅ​ហ្វាយ​គេ ក៏​ត្រឡប់​ហូរ​បញ្ច្រាស់​មកពី​ទិស​ឯ​លិច កាល​យើង​បរា​ជ័យ​នៅ​ក្រោម​បង្គាប់​គេ​វិញ ។

ពាក្យ​សៀម​ទើប​ចូល​មក​ក្នុង​ភាសា​ខ្មែរ​តាំង​ពី​​គ្រា​នោះ​មក ។​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ដែល​បាន​​យាង​ទៅ​រៀន​សូត្រ​នៅ​ស្រុក​​សៀម​នៅ​វ័យ​កុមារ តែង​តែ​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រើ​ភាសាសៀម ។​រួច​ទ័ព​សៀម​ដែល​ចូល​មក​ធ្វើ​សង្រ្គាម​ច្រើន​លើក​ច្រើន​គ្រា​ក្នុង​ស្រុកខ្មែរ ក៏​នាំ​ពាក្យ​សៀម​ចូល​មក​ក្នុង​ភាសា​យើង​ផង ។

សូម​រង់ចាំ​អាន​អត្ថបទ​បញ្ចប់!

Read Full Post »


ប្រភពៈ​ភាសាខ្មែរ​របស់លោក អៀវ កើស

ដើម្បី​ឲ្យ​យល់​ការ​ទាក់​ទង​គ្នា​ ដោយ​ច្បាស់​លាស់ រវាង​ភាសា​ខ្មែរ​និង​ភាសា​សៀម​ យើង​គួរ​ងាក​ទៅ​មើល​ប្រវត្តិសាស្រ្ត​បាន​មួយ​​ភ្លែត​សិន ។សៀម​ទើប​តែ​តាំង​ឈ្មោះខ្លួន​ជា​សៀម​ក្នុង​សតវត្ស​ទី​១៣​នេះ​ទេ, ពីដើម​ឈ្មោះថៃ ។​អ្នក​ប្រវត្តិសាស្រ្ត​សៀម​បាន​ខំ​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​រក​ដើម​កំណើតរបស់​ជាតិ​ថៃ ដោយ​សេចក្តី​ព្យាយាម​យ៉ាង​មុត​មាំគួរ​សរសើរ​, រក​ទាល់​តែ​ឃើញ​ថា​ជាតិ​ថៃ​មាន​​កំណើត​តាំងពី ៤៥០០ឆ្នាំមុនពុទ្ធកាល គិតទៅ​៧០០០ឆ្នាំកន្លង​ទៅ​ហើយ​ ។ដើមឡើយ ជាតិថៃ​តាំង​ទី​លំនៅ​ក្នុង​ដែន​ម៉ុងហ្គោលី​ភាគខាង​លិច នៅ​ជើង​ជួរ​ភ្នំ​អាល់តាយ ទិស​ខាងត្បូង ។​រួច​រវាង២០០០ឆ្នាំមុនពុទ្ធ​កាល​ បាន​មក​នៅ​តាម​ដង​ទន្លេ​វ៉ាង​ហូ និង​ដង​ទន្លេ​អៀង​សេ​កៀង​ខាង​លើ ក្នុង​ខេត្ត​ចិន​ដែល​ហៅ​ថា សេឈួន ហ៊ូប៉េ អាន់ហ៊ុយកៀងស៊ី សព្វថ្ងៃនេះ តែ​កាល​នោះ​ មិន​ទាន់​មានចិន​នៅ​ទេ ។​នៅទី​នោះ​បាន​៣ឬ៤០០​ឆ្នាំ ជាតិថៃ​ត្រុវ​ចិន​រុក​រាន​ដណ្ដើម​យក​ដី​នៅ​ ព្រោះទី​នោះ​ជា​ដី​ដ៏​ឧត្តម​សំបូរ ។ថៃ​ក៏ចុះមក​នៅ​ខាង​ត្បូង​មក​ទៀត​ ក្នុង​ខេត្ត​ដែល​ចិន​ហៅក្នុង​វេលា​នេះ​​ថា យុន​​ណាន គុយ​ជីវ ក្វាង​ស៊ី​ ក្វាង​ទុង ចែក​គ្នា​ជាច្រើនអាណា​ចក្រ ។​ក្នុង​ទី​ដី​នោះ​ ចិន​មិន​ទាន់​មក​នៅ​ តែ​ចិន​តាម​មក​រុក​រាន​ដណ្ដើម​យក​ដី​នោះទៀត ។​ដល់មក​ក្នុង​សម័យ​សាមកុក​ សតវត្ស​ទី៣ ខុង​ម៉ឹង​នាំ​ទ័ព​ព្រះចៅ​ឡៅពី ពីខេត្តសេឈួន មកវាយ​ដេញ​ពយក​ហ៊ន គឺ​ថៃ​​នេះ​ឯង ធ្វើឲ្យ​ថៃ​ពួក​ខ្លះរុល​មក​ទិស​ខាង​ត្បូងមកទៀត ចូលមក​ក្នុង​សុវណ្ណ​ភូមិ​(សុវណ្ណ=មាស, ភូមិ=ទីដី,ផែនដ។​សព្វ​ថ្ងៃ​នេះ​ក្នុង​សុវណ្ណ​ភូមិ​មាន​ប្រទេស​ភូមា, សៀម,​ មាឡាយូ, ខ្មែរ, យួន, លាវ។)​ ដែល​យើង​ហៅ​តាម​បារាំង​ថា ជ្រោយ​ឥណ្ឌូ​ស៊ិន ។​ដើម​ដំបូង​ចូល​មក​ដោយ​ចំនួន​តិច​,​ភាគ​ច្រើន​របស់​ជាតិ​ថៃ នៅ​តាំង​ខ្លួន​ជា​ប្រទេស​ឯក​រាជ្យ​មួយ​ឈ្មោះ​ណាន​ចៅ ក្នុង​ខេត្ត​យុនណាន មាន​រាជ​ធានី​ឈ្មោះ​ណង​សែ ។តែ​តាំងពី​សម័យ​សាមកុក​មក ជន​ជាតិ​ថៃ​ចេះ​តែ​ចោល​ទី​លំនៅ​ខ្លួន​ក្នុង​ស្រុក​ណានចៅ ចូល​មក​ក្នុង​សុវណ្ណភូមិ​បន្តិច​ម្តង​ៗ ជា​ដរាប​មក ដោយ​ហេតុ​ការ​រុក​រាន​របស់​ចិន ។

ត្រង់​នេះ​ខ្ញុំ​សូម​បើក​វង់​ក្រចក​មួយ​ ដើម្បីនិយាយ​ពី​ការ​រុក​រាន ​ដែល​ចិន​បាន​ធ្វើ​ទៅ​លើ​ជាតិ​ថៃ ក្នុង​សម័យ​បុរាណ ។​ក្នុង​សៀវ​ភៅ​«សយ៉ាម​និង​សុ​វណ្ណ​ភូមិ» ហ្លួង​វិចិត្រ​វាតការជាអ្នករៀបរៀង បានសរសេរ​ត្រង់​ទំព័រ៥០ថា​ដូច្នេះ «តែ​យើង​ត្រូវ​ចោល​ដី​ដើម​របស់​យើង​ចុះ​មក​ខាង​ក្នុង ព្រោះ​ហេតុ​តែ​មួយ​យ៉ាង​ គឺយើង​ត្រូវ​ចិន​រុក​រាន​ ការដែល​ថៃ​ត្រូវ​ចិន​រុក​រាននោះ ចែក​បាន​ជា​សម័យ៣ ហើយ​មាន​វិធី​ផ្សេង​គ្នា សម័យ​ដើម​ក្នុង​រវាង​១៦៨០​ឆ្នាំ​មុន​ពុទ្ធ​សករាជ មក​ដល់ពុទ្ធ​សក​រាជ​២០០, ក្នុង​រវាង​១៨៨០ឆ្នាំ​នោះ ជាការ​រុក​រាន​បែប​ស្ងប់​ រុករាន​ដោយ​ដណ្តើមការ​រក​​ស៊ី បើ​ទុក​ជាមាន​ច្បាំង​កាប់​សំលាប់​គ្នា​ខ្លះ​ក៏​មិន​ច្រើន​ណាស់ ។​តាំង​ពី​ពុទ្ធ​សក​រាជ​ប្រហែល​១១០០​ក្នុង​រវាង​៩០០​ឆ្នាំ ចិន​ទើប​បាន​រុក​រាន​យើង​ដោយ​ចំបាំង ។​តាំងពី​ពុទ្ធសករាជ​រវាង​១១០០​មក ក៏រុករាន​បែប​ស្ងប់​ទៀត ។តែ​គ្រានេះ​ជាអន្តរាយ​ច្រើន​ជាង​ រុក​រាន​ដោយ​ចំបាំង​ទៅ​ទៀត ព្រោះចិន​មិន​បាន​រុក​រាន​ចូល​មក​ត្រឹម​តែ​ដណ្តើម​ការ​រក​ស៊ី ចិន​រុក​រាន​ដល់​ចូលទទួល​តំណែង​នាទី​ក្នុង​រាជការ​ស្រុក​ទេស​ ម្ចាស់​ផែន​ដី​ថៃ​បាន​អ​ភិសេក​នឹង​រាជ​ធីតា​ម្ចាស់​ក្រុង​ចិន​ ដល់​ជា​ឈាម​ថៃ​ចេះ​តែ​ថយ​តិចទៅ​រាល់​ដង, ជាតិ​ថៃក្នុង​ដែន​ចិន​ក៏សូន្យ​ជាតិ​ គង់​សល់​តែ​ថៃ​ដែល​រត់​គេច​ភ័យ​ចុះ​មក​កាន់​សុវណ្ណភូមិ​ប៉ុណ្ណោះ» ។​ចិនដែល​លើក​មក​វាយ​ថៃ កាល​ពុទ្ធ​សក​រាជ១៨២៧​(គ្រិស្តសករាជ១២៨៤)​នោះ​គឺ គូប៊ិឡាយខាន់​ ​ ដែល​ជាស្តេច​ជាតិ​ម៉ុងហ្គោល មានឬទ្ធានុភាព​ក្រៃលែង វាយ​យក​បាន​ស្រុក​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ទ្វីប​អា​ស៊ី មានទាំង​ស្រុក​ចិន​ផង​ ។

ថៃ​ដែល​ចូល​មក​ក្នុង​សុ​វណ្ណ​ភូមិ​ តាំង​ពី​សតវត្ស​ទី​៣​រៀង​មក​នោះ មកតាំងទីលំនៅរាយ​គ្នា​ក្នុង​ភូមិ​ភាគ​ដែល​យើង​ហៅ​ក្នុង​សម័យ​បច្ចុប្បន្ន​ថា ស្រុក​តុង​កឹង​ភាគខាង​លើ ស្រុក​ឡាវ​ភាគ​ខាង​ជើង​ ស្រុកសៀម​ភាគ​ខាង​ជើង​ ស្រុកភូមាភាគខាង​ជើង​ឆៀង​ខាង​កើត ។​ដល់មក​សតវត្ស​ទី​៨ ទើបជាតិ​ថៃ​ចូល​មក​ក្នុង​សុវណ្ណភូមិ​បានចំនួន​ច្រើនល្មមនឹងតាំងជា​អាណា​ចក្រ​តូចៗ​បាន ។អាណាចក្រទាំងនោះចំនុះ​ខ្មែរ​ទាំងអស់ ។​ថៃ​ដែល​ទ្រាំនៅ​ស្រុក​ចិន​មិន​បាន​ ព្រោះចិនរុករាន​ដោយបែបស្ងប់​ក៏​ត្រលប់​​​មករុករាន​យើង​ ដោយ​បែប​ស្ងប់​ដូច្នេះវិញ ។ថៃ​ចូល​មក​ជ្រៀតជ្រែក​មក​ក្នុង​អាណា​និគម​ខ្មែរ ដណ្តើមយក​ដី​នៅ​បាន​កាន់​តែ​ច្រើន​ឡើង​ៗ តាំងពីសតវត្ស​ទី​៨រៀង​មក​ ដោយ​ខ្មែរ​មិន​យក​ចិត្ត​ទុក​ដាក់​ នឹង​ភ័យ​អន្តរាយ​យ៉ាងធំ​នេះ​សោះ ព្រោះ​រមិល​មិន​ឃើញ ។​ស្រាប់​តែ​ដល់៥០០ឆ្នាំ​ត​មក​ ក្នុង​សតវត្ស​ទី​១៣ថៃឃើញមានគ្នាគេ ក្នុងព្រះ​រាជាណាចក្រខ្មែរ​យើង​ភាគ​ខាង​​​ជើង​ ច្រើនល្មមគ្រប់គ្រាន់​ហើយ ក៏នាំ​គ្នាបះបោរលែង​ចំនុះយើង​ វាយ​យក​ក្រុង​សុខោទ័យ(សុខោទ័យ<សុខ(សេចក្តី​សុខ)+ឱទ័យ(ព្រះអាទិត្យកាលទើបរះ) ពីយើង​បានទៅ​ដោយ​ងាយ ។​កន្លែង​តាំង​ក្រុងសុខោទ័យ​ពីដើម​នោះ នៅ​ខាង​ត្បូង​ក្រុង​សួគ៌ាលោក​ក្នុង​ស្រុក​សៀម​សព្វ​ថ្ងៃ​នេះ ។​ក្រុង​សុខោ​ទ័យ​សម័យ​នោះ​ ហៅតាម​ពាក្យ​សាមញ្ញថា​ស្រុកសៀម​(មឿង​សៈយ៉ាម) ។ទើបថៃដែល​មក​តាំង​ខ្លួនជា​ឯក​រាជ្យ​នៅ​ទីនោះ​មាន​ឈ្មោះ​ថា​ សៀមតមក ។

ហ្លួង​វិចិត្រ​វាទ​ការ ក្នុង​សៀវ​ភៅ​«សយ៉ាម​និង​សុវណ្ណ​ភូមិ» បានពោលអំពី​លក្ខណៈ​និស្ស័យ​របស់​ជាតិ​សៀម​ថា​ ជា​ជាតិ​ដែល​ចេះ​រេ​ទៅ​តាម​កាលៈទេសៈយ៉ាង​បំផុត រក​ជាតិ​ណា​ក្នុង​លោក​មក​ប្រៀប​ផងមិន​បាន ។ត្រង់​ទំព័រ​៨២-៨៣​មាន​សរសេរ​ដូច្នេះ៖ ​«​យើង​ទទួលទាន​អាហារ​បានគ្រប់​យ៉ាង​ មិន​រើស​ថា​ជារបស់​ជាតិ​ណា យើង​ធន់​នឹង​អាកាស​បាន​គ្រប់​យ៉ាង​ មិន​ថា​ត្រជាក់​ក្តៅ​អាក្រក់យ៉ាងណា យើង​ចូល​ទៅ​ដល់​ទី​ណា​ ក៏​អាច​ធ្វើ​ខ្លួន​អោយល្មម​សម​នឹង​ទីនោះ​ យើង​ចូល​ពួកក្លឹង​យើង​ក៏ជា​ក្លឹង​បាន​ យើង​ចូល​ពួក​ចិន​យើង​ក៏ជា​ចិន យើង​ចូល​ពួក​ជាតិ​ណា​ យើងធ្វើខ្លួន​យើង​ឲ្យ​ត្រូវ​ទំនើប​ទំនៀម​​ជាតិ​នោះ​បាន​យ៉ាង​រហ័ស…​» ។​ក្នុង​សម័យ​មហា​សង្រ្គាម ដែល​​ទើប​នឹង​ផុត​ទៅ​នេះ ក្រោយ​ជប៉ុន​ចូល​ស្រុក​សៀម​បាន​មិន​យូរ​ប៉ុន្មាន សៀម​ក៏មាន​ក្បាច់រាំ​បែប​ជប៉ុន មានបទ​ច្រៀង​បែប​ជប៉ុន​សុទ្ធៗ តែ​ទំនុក​ជាសៀមច្រៀងដាក់​ក្នុង​វិទ្យុ​ផ្សាយ​ពេញទាំង​លោក,​ ធ្វើឲ្យឃើញ​ដោយ​ជាក់​ច្បាស់​ថា​លក្ខណៈ​និស្ស័យ ដែល​ហ្លួង​វិចិត្រ​វាទការពោល​មក​នេះ​ ជាការណ៍ពិត​ប្រាកដ​មែន, ហើយ​ធ្វើ​ឲ្យ​យើង​អាច​ឃើញ​បាន​តាម​មនោ​គតិ​ថា រវាង១០០០​ឆ្នាំដែលជនជាតិ​ថៃ​មក​នៅ​ប៉ះ​ពាល់​នឹ​ង​អារ្យធម៌​ខ្មែរ មកនៅជា​ស្រុក​ប្រទេស​រាជ​របស់​ចក្រវត្តិ​ខ្មែរ ហើយ​ចូល​ជ្រៀត​ជ្រែក​មក​នៅ​ក្នុង​ព្រះរាជាណាចក្រ​ខ្មែរ នោះជាតិ​ថៃ​បាន​យក​ទំនើប​ទំនៀម យក​ពាក្យ​សំដី​របស់​យើងទៅប្រើ​ប៉ុន្មាន​ទៅ ។ អក្សរដែល​សៀម​ប្រើ​សព្វ​ថ្ងៃ​ ក៏គឺ​អក្សរ​ខ្មែរយើង​នេះ​ឯង គេខ្ចីទៅ​ពីមុន​សតវត្សទី១៣ព្រម​ទាំង​ជើង​និង​សក់ ហើយ​កែប្រែ​សម្រួល​ទៅ​តាមសំលេង​គេ​រៀង​ៗ​មក​ ទើប​នឹង​ចោល​​ជើង​អក្សរ​សរសេរ​រាយ​តួក្នុង​សម័យ​ក្រោយ​នេះ កាលគេត្រូវ​ការ​បោះ​ពុម្ព​ឲ្យ​បាន​ស្រួល ។​ឯ​អក្សរ​​ខ្មែរបែប​បុរាណ ដែល​យើង​ហៅថា​អក្សរ​មូល​ អក្សរខម សៀម​ប្រើ​សម្រាប់សរសេរបាលី​ ដល់​មក​សព្វ​ថ្ងៃនេះ ក៏​មិន​​ទាន់​លើក​លែង​ប្រើ​សោះ​នៅឡើយ ។

ក្នុង​សៀវ​ភៅ​ដដែល​ ទំព័រ៩១-៩២ហ្លួងវិចិត្រវាទការ បានសរសេរ​ត្រង់​រឿង​នេះ តទៅទៀតថា៖​ «​…ដល់ជាជាតិ​ថៃ​ដែល​​​ចូល​មក​​តាំង​នៅ​ក្នុង​(ប្រទេស)​សៀម​យើង​នេះឯង​ ក៏រក​កល់ក្លាយទៅ​ជាខ្មែរ​ទៅហើយយើង​តាំងខ្លួន​យក​បែបខ្មែរ​ចូល​មកប្រើ​ក្នុង​រាជសំណាក់ យក​អក្សរ​ខម​មក​បូជា យក​ភាសាខ្មែរ​មក​ប្រើ​ជារាជ​សព្ទ(​ពាក្យ​ខ្មែរ​ដែល​សៀម​ខ្ចី​​យកទៅ​ប្រើ​ជាពាក្យ​ខ្ពស់​នោះ គឺ​ជាពាក្យ​សាមញ្ញ​របស់​ខ្មែរ ដូចជា ខ្នើយ,​ ស្តាំ,​ ឆ្វេង,​ ស្តាប់ ។ល។ ) គ្រោះជា​ដែល​យើង​រវល់​ច្បាំងនឹង​ភូមា មិន​សូវ​ទាក់​ទង​នឹង​ខ្មែរ ហើយ​ខ្មែរក៏​សាប​សូន្យទៅ​ភ្លាម បើខ្មែរ​នៅ​រុង​រឿង​តទៅ​ទៀត ប្រហែលពីររយ​ឆ្នាំ​ហើយ​យើង​ទាក់ទង​នឹង​ខ្មែរ​យ៉ាង​ល្អ​នៅ​ឡើយ យើង​ក៏គង់​ក្លាយ​ជា​ខ្មែរ​ទៅអស់» ។

សូមរង់ចាំអានបន្តទៀត!

Read Full Post »


lit1.png

អក្សរសិល្ប៍ខ្មែរតែងមានការវិវត្តន៍ជារឿយៗទៅតាមសម័យកាលផ្សេងៗ

ប៉ុន្តែមិនបានន័យថាអក្សរសិល្ប៍នេះចេះតែវិវត្តន៍រីកចម្រើនទៅមុខនោះទេ។

ជួនកាលវាក៏ត្រូវធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ហើយជួនកាលក៏បានងើបដុះ

ដាលបន្តិចវិញ។

ដើម្បីស្វែងយល់ថា អក្សរសិល្ប៍ខ្មែរក្នុងយុគសម័យរាជានិយមថ្មីនេះ

មានការវិវត្តន៍យ៉ាងណា សូមលោកអ្នកចាប់យកឯកសារនេះទៅអានដោយ

មេត្រី! (សូមចុចយកនៅទីនេះliterat1khmer.pdf )

Read Full Post »